បច្ចុប្បន្នភាពព៌តមានសំខាន់ៗទាក់ទងនឹងដំណើរការសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី

ដោយៈគង់ សូរិយា

ភ្នំពេញៈ ព្រលានយន្តហោះភ្នំពេញថ្មីជាប្រភេទ 4F គឺប្រភេទព្រលានយន្តហោះធំ ដែលអាចនឹងស្រូបយក និងទទួលបានការហោះហើរពីឆ្ងាយឆ្លងទ្វីប ដែលអាចឲ្យប្រភេទយន្ត​ហោះ​ធុនយក្ស រហូតដល់ Airbus A380-800 និង យន្តហោះ Boeing 747-800 ចុះចតបាន។

ក្រុមហ៊ុនវិនិយោគមានមហិច្ឆិតា អភិវឌ្ឍន៍​ជាព្រលានយន្តហោះថ្មីនេះ​ឲ្យធំ និងទំនើបជាងគេនៅតំបន់អាស៊ី។
អ្នកឧកញ៉ាពុង ឃាវសែ អគ្គនាយកក្រុមហ៊ុន OCIC ដែលជាអ្នកទទួលបានសិទ្ធិសាងសង់ អាកាសយានដ្ឋានអន្តរជាតិថ្មីនេះ ធ្លាប់បានបង្ហាញមហិ​ច្ឆតារបស់ខ្លួន សាងសង់អាចនឹងរួចរាល់នៅឆ្នាំ២០២៣ ដែលរហូតមកដល់ពេលបច្ចុប្បន្នេះ ដំណើរការសាងសង់សម្រេចបាន ប្រមាណ២៧ភាគរយហើយ នៃគម្រោងទាំងមូល។

អគ្គនាយកក្រុមហ៊ុន OCIC ដែលជាក្រុមហ៊ុនបានចូលរួម កសាងសមិ​ទ្ធ​ផលជាច្រើននៅកម្ពុជានេះបានឱ្យដឹងថា សំណង់ដែលកំពុងសាងសង់នាពេលបច្ចុប្បន្ននេះរួមមាន ស្ថានីយអ្នកដំណើរ មានផ្ទៃក្រឡា២៤៣គីឡូម៉ែត្រក្រឡា មជ្ឈមណ្ឌលផ្គត់ផ្គង់ថាមពល ទីលានចំណតយន្តហោះទំហំ១៨៩ហិកតា ស្ថានីយត្រួតពិនិត្យចរាចរណ៍ ផ្លូវអាកាសកម្ពស់១១៨ម៉ែត្រ ការងារតភ្ជាប់ផ្លូវពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ទៅមហាវិថីសម្តេចតេជោ ហ៊ុន សែន ដោយមានផ្លូវប្រវែងជាង១១គីឡូម៉ែត្រ និងស្ពានបេតុងឆ្លងកាត់ស្ទឹងព្រែកត្នោតចំនួន២ ជីកប្រឡាយព័ទ្ធទំនប់ជុំវិញ អាកាសយានដ្ឋានប្រវែង២០គីឡូម៉ែត្រ សាងសង់អគារផ្សេងៗចំនួន១៩ មានដូចជា អគារស្ថា​នីយអ្នកដំណើរសម្រាប់ភ្ញៀវជាន់ខ្ពស់ ស្ថានីយកែច្នៃប្រព័ន្ធទឹកកខ្វក់ ស្ថានី​យ៍​ស្តុកសំណល់រឹង ស្ថានីយជួសជុលយានយន្ត ស្ថានីយស្តុកប្រេង ស្ថានីយស្តុកទំនិញ ស្ថានីយពន្លត់អគ្គិភ័យ និងអនុស្ថានីយអគ្គិសនី។ល។

គម្រោងក៏កំពុងដំណើរការ លើការងារស្តារបឹងជើងលោក ដោយសម្រេចបានទំហំ១៨ហិកតា ក្នុងជម្រៅពី៥ម៉ែត្រ ទៅ២២ម៉ែត្រ។ ក្រុមហ៊ុនគ្រោងនឹងស្តារបឹងបន្ថែមក្នុងទំហំ១០០ហិកតា។

បើតាមអ្នកឧកញ៉ា ពុង ឃាវសែ បច្ចុប្បន្នការដ្ឋានសំណង់អាកាសយានដ្ឋានអន្តរជាតិថ្មីនេះ បាននិងកំពុងប្រើប្រាស់កម្លាំងបុគ្គលិក និងកម្មករសរុប៣,៧៤០​នាក់។ ក្នុងនោះកម្លាំងបុគ្គលិក និងកម្មករក្នុងស្រុកប្រមាណ ៣,១២៥នាក់ និងបុគ្គលិក កម្មករមកពីបរទេសមកពីប្រទេសចំនួន៩ នៅអឺរ៉ុប និងអាស៊ីចំនួន ៦១៥នាក់៕

ផ្លូវជាតិលេខ១០នឹងទាក់ទាញទេសចរណ៍មិនចាញ់ផ្លូវជាតិលេខ៥៥ឡើយ

ដោយៈ ជេស៊ីកា

ភ្នំពេញៈ ការស្ថាបនាផ្លូវជាតិលេខ១០ ដែលព័ទ្ឋពេនតាមជ្រលងជើងភ្នំ និងពុះកាត់ជួរភ្នំដ៏វែងអន្លាយ នឹងបង្កើតបានទស្សនីយភាពមួយ ដែលនឹងទាក់ទាញភ្ញៀវទេសចរណ៍ ទៅទស្សនានៅតំបន់នេះច្រើននាពេលអនាគត។

ជាផ្លូវយុទ្ឋសាស្រ្តមួយ ដែលតភ្ជាប់តំបន់ភូមិភាគពាយព្យប្រទេស ទៅកាន់តំបន់ឆ្នេរ ដែលមិនធ្លាប់មានពីមុនមក នឹងធ្វើឲ្យអ្នករស់នៅភូមិភាគពាយ្យដូចជាខេត្តពោធិសាត់ បាត់ដំបង បន្ទាយមានជ័យ មិនចាំបាច់ធ្វើដំណើរមកកាន់ផ្លូវជាតិលេខ៥​ ហើយឆ្ពោះទៅកាន់ផ្លូវជាតិលេខ៣ និងលេខ៤ទើបទៅដល់តំបន់ឆ្នេរដូចពីមុនឡើយ។

តាមរយៈរូបភាពជាច្រើនសន្លឹក បង្ហាញដោយក្រសួងសាធារណៈការ និងដឹកជញ្ជូន ដែលបានបង្ហោះលើទំព័របណ្តាញ ទំនាក់ទំនងសង្គមរបស់ក្រសួងកាលពីសប្តាហ៍មុន អំឡុងពេលលោកទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូនបានបង្ហាញថា ផ្លូវជាតិដ៏សំខា​ន់នេះ មានទិដ្ឋភាពដ៏ស្រស់ត្រកាល ផ្លូវព័ទ្ឋពេនវែងអន្លាយតាមជើងភ្នំ ជាមួ​យនឹងទឹកជ្រោះស្ថិតនៅអមផ្លូវ បានបញ្ជាក់ថា ផ្លូវនេះមានទេសភាពស្អាត និងគួរជាទីគយគន់ មិនចាញ់ផ្លូវជាតិលេខ៥៥ ដែលភ្ជាប់ពីក្រុងពោធិសាត់​ឆ្ពោះទៅស្រុកវាលវែង ជាប់ព្រំដែនកម្ពុជា ថៃនោះទេ។

ផ្លូវជាតិលេខ១០ មានប្រវែង១៩៨,៧១គ.ម គិតត្រឹមដំណាច់ខែវិច្ឆិកា ឆ្នាំ២០២១ សម្រេចបាន៥៤,៨៩ភាគរយហើយ។

ផ្លូវជាតិលេខប្រវែង១៩៨,៧១គីឡូម៉ែត្រតភ្ជាប់ពីសំឡូត- វាលវែង-អូរសោមដល់កោះកុង សាងសង់ស្របតាមបទដ្ឋានបច្ចេ​កទេសកម្រិត៣ របស់សាធារណរដ្ឋប្រជាមានិតចិន មានទទឹងតួផ្លូវសរុបចំនួន៩ម៉ែត្រ ជាប្រភេទផ្លូវកៅស៊ូពីរស្រទាប់ (DBST) សាងសង់ស្ពានចំនួន២៣កន្លែងប្រវែង១៧២១,៤៦ម៉ែត្រ ក្នុងនោះមានស្ពានខ្ពស់ជាងគេមួយ ដែលមានកម្ពស់៧៥ម៉ែត្រ បណ្តោយ៥៣០ម៉ែត្រ និងទទឹង១០ម៉ែត្រ។

គម្រោងផ្លូវនេះ មានការជ្រើសរើសគន្លងផ្លូវថ្មី ប្រវែងសរុប៦៥,៨៩គីឡូម៉ែត្រ ដើម្បីធ្វើផ្លូវពង្វាងពីភ្នំក្រវាញ ព្រោះតែមិនចង់វះកាត់ភ្នំក្រវាញជាពីរនាំឱ្យប៉ះពាល់ដល់បរិស្ថាន និងជម្រកសត្វព្រៃធ្ងន់ធ្ងរ ដែលនេះជាការបង្ហាញឱ្យឃើញ ពីការយកចិត្តទុកដាក់ខ្ពស់ របស់រាជរដ្ឋាភិបាលលើការថែរក្សាបរិស្ថាន។

គម្រោងផ្លូវនេះគ្រោងចំណាយថវិកាសរុប ប្រមាណ ១៨៨,៣៨លានដុល្លារសហអាមេរិក ជាហិរញ្ញប្បទាន ពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយថវិកាបដិភាគ របស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតគ្រាប់មីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ សាងសង់ដោយក្រុមហ៊ុន សាជីវកម្មស្ពានថ្នល់ចិន(CRBC) ត្រួតពិនិត្យបច្ចេកទេសសាងសង់ ដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវ វ៉ានអាន និងគ្រោងចំណាយពេលសាងសង់ចំនួន៤៨ខែ ចាប់ពីខែធ្នូ ឆ្នាំ២០១៩ ដល់ខែធ្នូ ឆ្នាំ២០២៣៕

ក្រុមហ៊ុន Ford គ្រោងវិនិយោគ ៩០០លានដុល្លារធ្វើទំនើបកម្មរោងចក្រនៅថៃ ក្រោយសាងសង់រោងចក្រដំឡើងរថយន្តនៅកម្ពុជា

ដោយៈសុខុម

ភ្នំពេញ: ក្រុមហ៊ុន Ford Motor Co មានគម្រោងបោះទុនវិនិយោគរហូតដល់ទៅ៩០០លានដុល្លារ ដើម្បីធ្វើទំនើបកម្មរោងចក្រនានានៅប្រទេ​សថៃ ដែលផលិតរថយន្ត Pick-up ម៉ូឌែល Ford Ranger និងរថយន្ត SUV ម៉ូឌែល Ford Everest របស់ខ្លួន។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយនៅថ្ងៃពុធ ទី៨ ធ្នូ នេះ។

ដំណឹងអំពីគម្រោងបោះទុនវិនិយោគ យ៉ាងច្រើនសន្ធឹកសន្ធាប់នេះកើតមានឡើង ក្រោយពីក្រុមហ៊ុនផលិតរថយន្តអាមេរិក ទំហំយក្សមួយនេះបានបោះទុនវិនិយោគចំនួន២១លានដុល្លារ ដើម្បីសាងសង់រោងចក្រផ្គុំ និងដំឡើងរថយន្ត Ford ដំបូងបង្អស់នៅកម្ពុជា ដែលជិតបញ្ចប់ជាស្ថាពរហើយគិតត្រឹមចុងឆ្នាំ២០២១ នេះ។

ផែនការវិនិយោគក្នុងប្រទេសថៃនេះ គឺផ្ទុយគ្នាស្រឡះទៅនឹងក្រុមហ៊ុន Ford នៅប្រទេសប្រេស៊ីល ដែលបានបិទរោងចក្រចំនួន៣របស់ខ្លួន ក្នុងឆ្នាំនេះ ជាផ្នែកមួយនៃផែនការរៀបចំរចនាសម្ព័ន្ធឡើងវិញ ទូទាំងពិភពលោកក្រោមទំហំចំណាយ១១ពាន់លានដុល្លារ និងជាយុទ្ធសាស្រ្តរបស់ខ្លួនក្នុងការសម្រេចគោលដៅប្រាក់ចំណេញ ប្រតិបត្តិការទូទាំងពិភពលោកឱ្យបាន៨%។

ក្រុមហ៊ុន Ford ក៏នឹងដកខ្លួនចេញពីផលិតកម្ម ក្នុងប្រទេសឥណ្ឌាផងដែរ ដោយសារពិបាកនឹងទទួលបានប្រាក់ចំណេញ នៅក្នុងទីផ្សារនេះជាយូរមកហើយ។

ប្រទេសថៃ គឺជាមជ្ឈមណ្ឌលដំឡើង និងនាំចេញរថយន្តធំបំផុតទី៤ ក្នុងតំបន់អាស៊ី ដែលគ្របដណ្ដប់រហូតដល់ ទៅប្រមាណ១០%នៃផលិត​ផលក្នុងស្រុកសរុប (GDP) និងការងារផលិតកម្មរបស់ប្រទេសថៃ។

កាលពីឆ្នាំមុន ក្រុមហ៊ុនអាមេរិកGeneral Motors បានលក់រោងចក្ររបស់ខ្លួននៅប្រទេសថៃ ឱ្យទៅក្រុមហ៊ុនចិន Great Wall Motor ដែលបានចាប់ផ្តើមផលិតរថយន្តប្រភេទ SUV និងមានគម្រោងផលិតរថយន្តអគ្គិសនី (EV) នៅក្នុងប្រទេសនេះ។

ក្រុមហ៊ុនថាមពលរដ្ឋរបស់ប្រទេសថៃ PTT Pcl បានប្រកាសថា ខ្លួននឹងបោះទុនវិនិយោគពី ១.០០០ ទៅ២.០០០លានដុល្លារ លើការបង្កើតរោងចក្រមួយ ដើម្បីផលិតរថយន្តអគ្គិសនី ជាមួយក្រុមហ៊ុន Foxconn របស់កោះតៃវ៉ាន់៕ Reuters៕

សណ្ឋាគារ និងផ្ទះសំណាក់បើកទ្វារឡើងវិញនៅក្រុងសៀមរាប ខណៈអាកាសចរណ៍ជាច្រើនកំពុងហោះទៅកាន់ខេត្តនេះ

ដោយ: ម៉ាលីស

សៀមរាបៈ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប លោក ង៉ូវ សេងកាក់បានឱ្យដឹងថា សម្រាប់ខេត្តសៀមរាប មានសណ្ឋាគារប្រមាណជិត២ម៉ឺនបន្ទប់ និងផ្ទះសំណាក់ចំនួន ៨,០០០បន្ទប់ បានបើកដំណើរការជាផ្លូវការនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១នេះ។

លោកបន្តថា ការបើកដំណើរការឡើងវិញនូវផ្ទះសំណាក់ និងសណ្ឋា​គារនេះ ដោយសារភ្ញៀវទេសចរ នឹងចាប់ផ្តើមធ្វើដំណើរមកកម្សាន្តនៅខេត្តនេះជាបណ្តើរៗហើយ ។ លោកថា នៅថ្ងៃចុងសប្តាហ៍ ឬថ្ងៃបុណ្យជាតិ មានភ្ញៀវទេសចរមកម្សាន្ត នៅខេត្តដ៏មានសក្កានុពលមួយនេះ ប្រមាណ៦ពាន់នាក់ជារៀងរាល់សប្តាហ៍។

លោកបានបញ្ជាក់ថា នៅក្នុងវិបត្តិកូវីដ-១៩ វិស័យទេសចរណ៍នៅក្នុងខេត្តសៀមរាប រងគ្រោះធ្ងន់ធ្ងរជាងគេ ដែលក្នុងនោះវិស័យសណ្ឋាគារ និងផ្ទះសំណាក់ បានបិទដំណើរការពី៨០% ទៅ ៩០%។ ប៉ុន្តែបច្ចុប្បន្នគ្រប់ផ្នែកទាំងអស់ ដូចជាសេវាកម្មអាហារដ្ឋាន សណ្ឋាគារ និងផ្ទះសំណាក់ បានបើកដំណើរការឡើងវិញ ដែលជាផ្នែកមួយជួយជំរុញ វិស័យសេដ្ឋកិច្ចជាតិ ឲ្យកាន់តែល្អប្រសើរនាពេលឆាប់ៗនេះ។

បើតាមការជូនដំណឹងរបស់ភ្នាក់ងារអាកាសចរណ៍កម្ពុជា កាលពីពេ​លថ្មីៗនេះ មានជើងហោះហើរនៃក្រុមហ៊ុន Singapore Airline, Lanmei Airline Cambodia Angkor Air នឹងដឹកភ្ញៀវទេចរចូល មកខេត្តសៀមរាប។
ជាមួយគ្នានេះ ក្រសួងទេសចរណ៍ បានឱ្យដឹងថា ក្នុងឆ្នាំ២០២០កន្លងទៅនេះ នៅទូទាំងប្រទេស មានសណ្ឋាគារចំនួន ២៥៩ទីតាំង ស្មើនឹង ១៤,៤៥៣ បន្ទប់ និងផ្ទះភ្ញៀវចំនួន ២៩៤ទីតាំង ស្មើនឹង ៣,១៧១បន្ទប់ បានបិទទ្វារជាបន្តបន្ទាប់។

ទីតាំងដែលរងផលប៉ះពាល់ខ្លាំងជាងគេ មានរាជធានីភ្នំពេញ ខេត្តសៀមរាប ស្វាយរៀង កំពត បន្ទាយមានជ័យ និងខេត្តបាត់ដំបង៕

ស្រុកបន្ទាយស្រីត្រៀមរៀបចំពិព៌ណម្ហូបអាហារជនបទជាលើកដំបូង

ដោយៈគង់ សិរីជេស៊ីកា

ភ្នំពេញៈ ស្រុកបន្ទាយស្រីដែលមានភាពល្បីល្បាញ និងរសរវើកបានក្រោមការដឹកនាំដោយលោកឃឹម ហ្វីណង់បាននិងកំពុងត្រៀមរៀបចំ “ពិព៌ណម្ហូបអាហារជនបទ”ជាលើកដំបូង។

សរសេរលើបណ្តាញទំនាក់ទំនងសង្គមរបស់ខ្លួន លោកឃឹម ហ្វីណង់បានបង្ហាញពីការពិភាក្សា ជាមួយអ្នកភូមិព្រះដាក់ និងប្រតិបត្តិករទេសចរ​ណ៍នានានៅក្នុងស្រុក ដើម្បីសុំឱ្យមានការចូលរួម និងប្រុងប្រៀបរៀបចំកម្មវិធី “ពិព័រណ៍ម្ហូបអាហារជនបទ” ដែលគ្រោងនឹងធ្វើឡើង នៅលើកំណាត់ផ្លូវឆ្លងកាត់ភូមិព្រះដាក់ផ្ទាល់តែម្តង ក្នុងអំឡុងពេលដំណាច់ឆ្នាំនៃបុណ្យឆ្លងឆ្នាំសកលនាពេលខាងមុខនេះ។

លោកបន្តថា ក្នុងគោលបំណងបង្កើតឱកាសរកប្រាក់ចំណូល សម្រាប់អ្នកភូមិ និងរុញច្រានចរន្តសេដ្ឋកិច្ច ពីវិស័យទេសចរណ៍របស់ស្រុក ឱ្យចាប់ផ្តើមមានដំណើរការឡើងវិញ រដ្ឋបាលស្រុកបន្ទាយស្រី នឹងសហការជាមួយបងប្អូនសហគមន៍ក្នុងភូមិព្រះដាក់ ដើម្បីរៀបចំកម្មវិធីម្ហូបអាហារជនបទនេះឡើង ដើម្បីផ្តល់ជាបទពិសោធថ្មីមួយ ដល់អ្នកទេសចរបានដើរលេងកម្សាន្តក្នុងភូមិ និងភ្លក់រសជាតិម្ហូបអាហារ ធ្វើដោយអ្នកភូមិផ្ទាល់ នៅលើទីតាំងដែលត្រូវបានរំពឹងទុកថា មានភាពងាយស្រួលក្នុងការរៀបចំ និងមានលក្ខណៈអំណោយផលពីអាកាសធាតុផងដែរ។

លោកឃឹម ហ្វីណង់បានបន្តថា “ខ្ញុំបានយកឱកាសនេះ អបអរសាទរដល់អ្នកភូមិព្រះដាក់ ដែលទើបតែទទួលបានជ័យលាភី មេត្រីភាពបរិស្ថានសម្រាប់ឆ្នាំ២០២១ និងផ្សព្វផ្សាយគម្រោង ប្រលងប្រណាំងផ្ទះស្អាតប្រចាំភូមិនៅក្នុងឆ្នាំ២០២២នេះ”។

លោកបន្តថា “បើមិនមានអ្វីផ្លាស់ប្តូរទេ កម្មវិធីពិព័រណ៍ម្ហូបអាហារជនបទនេះ នឹងត្រូវបានធ្វើឡើងសម្រាប់រយៈពេល៣ថ្ងៃ ៣០-៣១ធ្នូ និង១មករា ដោយមានស្តង់ម្ហូបអាហារជាច្រើន កន្លែងអង្គុយហូប ឆាកតន្ត្រីរាំវង់ស្គរដៃ និងកន្លែងចតយានយន្តគ្រប់គ្រាន់ តែនឹងត្រូវបានធ្វើឡើង ដោយគោរពតាមវិធានសុវត្ថិភាព សុខាភិបាលយ៉ាងម៉ត់ចត់បំផុត”។

សូមជូនដំណឹងក្រៅផ្លូវការមួយទៀត រដ្ឋបាលស្រុកបន្ទាយស្រីនឹងសហការរៀបចំ ជាមួយបងប្អូនសហគមន៍ នៅក្នុងភូមិសសីរៀបចំព្រឹត្តិ​ការណ៍បុណ្យខ្លែង នៅក្នុងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១នេះផងដែរ។ កម្មវិធីនេះ នឹងអនុញ្ញាតឱ្យអ្នកទេសចរបានស្គាល់ ពីប្រពៃណីបង្ហោះខ្លែង ក៏ដូចជាផ្តល់ឱកាស ឱ្យមានការកម្សាន្តសប្បាយ តាមរយៈការបង្ហើរខ្លែងតូចៗជាលក្ខណៈគ្រួសារ នៅលើទីតាំងធំល្វឹងល្វើយ ដ៏ស្រស់ស្អាតនៃភូមិសសី និងស្រូបយកខ្យល់អាកាសបរិសុទ្ធ នៃទេសភាពដ៏ស្រស់ត្រកាល នាជើងភ្នំគូលែន៕

សម្តេចតេជោអញ្ជើញពិនិត្យការសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីនៅថ្ងៃនេះ

ដោយៈជេស៊ីកា

ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបាននិងកំពុងចុះពិនិត្យ ដំណើរការសាងសង់ព្រលានយន្តហោះអន្តរជាតិ ភ្នំពេញថ្មី ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

ដំណើរអញ្ជើញចុះ ពិនិត្យការដ្ឋានសាងសង់នៅថ្ងៃនេះ គឺជាដំណើរលើកទីពីរហើយ។ កាលពីថ្ងៃចន្ទ ទី២២ ខែមិថុនា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញចុះត្រួតពិនិត្យ ដំណើរការសាងសង់ព្រលានយន្តអន្តរជាតិនេះរួចម្តងមកហើយ។

ដំណើរអញ្ជើញពិនិត្យការដ្ឋានសាងសង់នេះ បង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ របស់សម្តេចតេជោ ចំពោះដំណើរការសាងសង់ អាកាសយានដ្ឋានដ៏ទំនើប លើកដំបូងនៅកម្ពុជា ហើយក៏ជាការផ្តល់កម្លាំងចិត្ត ដល់ក្រុមការងារសាងសង់ទាំងអស់នៅការដ្ឋា​ន ដែលបានប្រឹងប្រែងយកចិត្តទុកដាក់ខ្ពស់ លើការសាងសង់ ដើម្បីនាំមកនូវសមិទ្ធផលជាប្រវត្តិសាស្ត្រជូនជាតិម្ពុជា។

រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ មិនត្រឹមតែពង្រឹងដល់ប្រព័ន្ធ ដឹកជញ្ជូនតាមផ្លូវគោក ផ្លូវទឹកប៉ុណ្ណោះទេ ការដឹកជញ្ជូនផ្លូវអាកាស ក៏ស្ថិតក្នុងផែនការយុទ្ធសាស្ត្ររបស់ខ្លួនផងដែរ ដើម្បីពង្រីកដល់ការធ្វើពាណិជ្ជកម្ម វិនិយោគ និងឧស្សាហកម្មទេសចរណ៍។

ដើម្បីឆ្លើយតបនឹងមហិច្ឆតាដ៏មហិមានេះ សម្តេចតេជោ ហ៊ុន សែន បានសម្រេចសាងសង់ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីនេះឡើង លើផ្ទៃដីទំហំប្រមាណ ២,៦០០ហិកតា ស្ថិតនៅក្នុងក្រុងតាខ្មៅ និងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងដីខ្លះស្ថិតនៅក្នុងស្រុកបាទី ខេត្តតាកែវ។ អាកាសយានដ្ឋានអន្តរជាតិថ្មីនេះ ដែលជាគម្រោងដ៏ធំសម្បើម នៅក្នុងប្រទេសកម្ពុជានេះ វិនិយោគក្នុងទឹកប្រាក់ប្រមាណ ១,៥០០លានដុល្លារ។

គម្រោងសាងសង់អាកាសយានដ្ឋាន អន្តរជាតិភ្នំពេញថ្មីនេះ ត្រូវបានប្រកាសឡើង ក្នុងដំណើរទេស្សនកិច្ច របស់លោកនាយករដ្ឋមន្ត្រីចិន លី ខឺឈាង មកកម្ពុជា កាលពីខែមករា ឆ្នាំ២០១៨។

សម្តេចតេជោ ហ៊ុន សែន និងលោក លី ខឺឈាង បានអញ្ជើញជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាគម្រោងវិនិយោគ​រវាងក្រុមហ៊ុនសាជីវកម្មវិនិយោគក្រៅប្រទេសកម្ពុជា (OCIC) របស់អ្នកឧកញ៉ា ពុង ឃាវសែ និងក្រុមហ៊ុនចិននាពេលនោះផងដែរ៕

ក្រុមហ៊ុនអាមេរិកស្វែងរកឱកាសដាំដើមប្រេងខ្យល់នាំចេញទៅកាន់ទីផ្សារអន្តរជាតិ

ដោយៈគង់ សូរិយា

       ភ្នំពេញៈ ក្រុមហ៊ុនធំមួយរបស់សហរដ្ឋអាមេរិក កំពុងស្វែងរកឱកាសវិនិយោគដាំដើមប្រេងខ្យល់នៅកម្ពុជា ដើម្បីនាំចេញទៅកាន់ទីផ្សារអន្តរជាតិ និងទីផ្សារអាមេរិក។

ក្នុងជំនួបជាមួយលោកវេង សាខុនរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក Paul Kambur នាយកក្រុមហ៊ុន បាយអូថេរ៉ា ឃែភីថល ឯ.ក និងសហការី បានបង្ហាញពីគោលបំណង ដើម្បីស្វែងរកឱកាសវិនិយោគដាំឈើប្រេងខ្យល់ និងអាកាស្យា ធ្វើការកែច្នៃ ផ្គត់ផ្គង់ ទីផ្សារក្នុងស្រុក និងនាំចេញទៅសហរដ្ឋអាមេរិក និងទីផ្សារអន្តរជាតិ។

លោកនាយកក្រុមហ៊ុន បានស្នើសុំការណែនាំពីលោករដ្ឋមន្រ្តីអំពីដំណើរការនៃការវិនិយោគ លើឧស្សាហកម្មព្រៃឈើ ការដាំឈើឡើងវិញ ការកែច្នៃ និងនាំចេញ។

លោកវេង សាខុន បានស្វាគមន៍ចំពោះគោល បំណងអំពីការវិនិយោគដាំឈើអាកាស្យា និងប្រេងខ្យល់ រួចបង្កើតរោងចក្រកែច្នៃជាផលិតផល សម្រា​ប់បម្រើឲ្យផលិតកម្មផ្សេងៗ ផ្គត់ផ្គង់ឲ្យទីផ្សារក្នុងស្រុក និងទីផ្សារអន្តរាជាតិ រួមទាំងទីផ្សារអាមេរិកផងដែរ។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រីវេង សាខុនបានជូនយោបល់ក្រុមហ៊ុនថាលើចំណុចសំខាន់ៗមួយចំនួនដូចជា ទី១ ក្រុមហ៊ុនអាចស្វែងរកដៃគូវិនិយោគជាមួយក្រុមហ៊ុន ដែលទទួលបានដីសម្បទានសេដ្ឋកិច្ច ពីរាជរដ្ឋាភិបាល ជាពិសេសក្រុមហ៊ុនក្នុងស្រុក ដើម្បីប្រើប្រាស់ដីឲ្យអស់សក្តានុពល បង្កើនផលិត ភាពផលិតកម្មឧស្សាហកម្មឈើដាំ បង្កើតការងារសម្រាប់ពលរដ្ឋនៅមូលដ្ឋានផ្ទាល់ និងទទួលបានប្រយោជន៍ទាំងរដ្ឋ និងឯកជន។ទី២- ធ្វើការសហការវិនិយោគលើការដាំឈើឡើង នៅតាមស្ថានីយ៍ផ្សព្វផ្សា​យនិងដាំឈើឡើងវិញ ជាមួយរដ្ឋបាលព្រៃឈើ។

លោករដ្ឋមន្ត្រីបានណែនាំឲ្យក្រុមហ៊ុន ធ្វើការពិភាក្សាលម្អិតបន្ថែមជាមួយរដ្ឋបាលព្រៃឈើ លើការងារបច្ចេកទេស និងនីតិវិធី ហើយបទដ្ឋានគិតិយុត្ត ដែលមានការពាក់ព័ន្ធ។ ដោយឡែក ក្រសួងកសិកម្ម រក្ខាប្រមាញ់ និងនេសាទ នឹងរង់ចាំសហការ និងគាំទ្រលើគម្រោងនេះ ធ្វើយ៉ាងណាឲ្យក្រុមហ៊ុនសម្រេចទទួលបានជោគជ័យ៕

 

Housing market continues to grow as Cambodia’s economy remains optimistic

By: Sotheary

Phnom Penh: The Housing market continues to grow for a long time, according to experts and developers in this field.

Mr. Chrek Soknim, the president of Cambodian Valuers and Estate Agents Association, said recently that the housing market is still showing good signs as Cambodia has a large young population, with support from banks and microfinance, the living standard of the people and the increasing number of people coming to live in Phnom Penh every year.

“Growth in the market or demand for housing continues, but the speed of sales, faster or slower, depends on the fame of each project and the focused target customer,” he said.

According to a study by the Ministry of Land Management, Urban Planning and Construction, between 2015 and 2030, Cambodia needs about 850,000 homes nationwide.

Neak Oknha Ly Hour, President of Housing Development Association of Cambodia, also said that in 2022, there are good signs of optimism for both the economy and housing market, tourism, especially tourism, because as tourism increases, other sectors will perform better in parallel.

“The housing market may be risky for investment buyers, but buying for living is not a problem as demand for accommodation continues to rise,” he said. “Therefore, I would like to ask you to think carefully before you decide,” he said.

“Neak Oknha Ly Hour remains optimistic that the housing market will continue to grow as people become more affluent, buying homes for their children who are getting married and separated from their families, both old and new customers.”

According to a study by Urban Living Solution, the population of Phnom Penh will increase between 4.5 to 5 million people by 2030.

គម្រោងផ្លូវល្បឿនលឿនភ្នំពេញ បាវិតគឺជាក្ដីសង្ឃឹមសម្រាប់អភិវឌ្ឍន៍អចលនទ្រព្យខេត្តព្រៃវែង

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ រដ្ឋាភិបាលគ្រោង នឹងសាងសង់ផ្លូវល្បឿនលឿនតភ្ជាប់ពីភ្នំពេញ ទៅកាន់ក្រុងបាវិត ខេត្តស្វាយរៀង ជាប់ព្រំដែនកម្ពុជាវៀតណាម ដោយគ្រោងនឹងចំណាយ ទឹកប្រមាណរាប់រយលានដុល្លារអាមេរិក។

គម្រោងផ្លូវល្បឿននេះ គឺជាក្ដីសង្ឃឹមសម្រាប់អភិវឌ្ឍន៍វិស័យអចលនទ្រព្យក្នុងខេត្តព្រៃវែង ខណៈខេត្តមួយនេះ មិនទាន់មានសក្ដានុពលខ្ពស់ក្នុងការទាក់ទាញអ្នកវិនិយោគច្រើននៅឡើយ។

លោកឧកញ៉ានួន រឹទ្ធីអគ្គនាយកក្រុមហ៊ុន Khmer Founder Appraisal បានមានប្រសាសន៍តាមទូរសព្ទនៅថ្ងៃទី៨ ធ្នូ ២០២១នេះឱ្យដឹងថា បើសិនជាផ្លូវល្បឿនលឿនភ្នំពេញ បាវិតចេញជារូបរាងនៅពេលណានោះ វានឹងផ្ដល់ក្ដីសង្ឃឹមដល់ការអភិវឌ្ឍខេត្តព្រៃវែង ពីព្រោះថាផ្លូវល្បឿនលឿនភ្នំពេញ បាវិតនឹងត្រូវកាត់តាមខេត្តមួយនេះ ការធ្វើដំណើរទៅកាន់ព្រៃវែងរបស់វិនិយោគិន នឹងកាន់តែមានភាពងាយស្រួល ជាមួយការសាងសង់ហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀតផងដែរ ។

លោកឧកញ៉ាបន្តថា “ថ្ងៃមុននេះ ប្រមុខរដ្ឋាភិបាលក៏បានសម្ពោធផ្លូវជាតិលេខ១១ ក្នុងខេត្តព្រៃវែងហើយ វានឹងក្លាយជាចលករដ៏សំខាន់មួយក្នុងការហុចសក្ដានុពល វិនិយោគលើអចលនទ្រព្យក្នុងខេត្តព្រៃវែង ពីព្រោះថាពេលណាមានផ្លូវស្រួល វាក៏នឹងជួយតភ្ជាប់តំបន់ទីប្រជុំជនមួយ ទៅតំបន់ទីប្រជុំជនមួយទៀតដោយងាយស្រួល”។

លោកឧកញ៉ានួន រិទ្ឋីបានបន្តថា បើសិនជាគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ បាវិតបានជោគជ័យ ការធ្វើដំណើររបស់ពលរដ្ឋ វិនិយោគិន ទេសចរ កាន់តែប្រើពេលខ្លី ចំណេញពេលវេលានិងថវិកា ពីព្រោះថាផ្លូវល្បឿនលឿននឹងកាត់បន្ថយចំងាយផ្លូវ ការបើកបរក៏បានលឿនជាងការបើកបរតាមផ្លូវធម្មតា។

លោកបន្ថែមថា បច្ចុប្បន្ននេះការអភិវឌ្ឍចេញពីរាជធានី ទៅកាន់តំបន់ប៉ែកខាងកើតភ្នំពេញ កាន់តែមានការរីកលូតលាស់ ជាបន្តបន្ទាប់ហើយដែរ ។ជាក់ស្ដែងយើងឃើញគម្រោងវិនិយោគ របស់វិនិយោគិនបរទេស និងវិនិយោគិនក្នុងស្រុក នៅតំបន់តាមផ្លូវជាតិលេខជាតិលេខ១ ក៏កាន់តែរីកដុះដាលបន្តបន្ទាប់និងកាន់តែចេញពីភ្នំពេញ ។

ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវ ក៏មានការជាប់ទាក់ទងនឹងការអភិ​វឌ្ឍអចលនទ្រព្យផងដែរ ហើយបើតាមបទពិសោធន៍កន្លងមកឃើញថា នៅពេលដែលរដ្ឋាភិបាល ចេញគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ នៅទីណា ទីនោះតែងតែទទួលបាន ការអភិវឌ្ឍអចលនទ្រព្យថ្មីៗជាបន្តបន្ទាប់។ ដូច្នេះរដ្ឋាភិបាល ក៏បានខិតខំសន្សំថវិការបស់ខ្លួន ដើម្បីប្រើប្រាស់ទៅលើការកសាងហេដ្ឋារចនាសម្ព័ន្ធ។ មិនតែប៉ុណ្ណោះ កម្ចីភាគច្រើនដែលរដ្ឋាភិបាលទទួលបានពីដៃគូអភិវឌ្ឍន៍ ក៏យកទៅសាងសង់ហេដ្ឋារចនាសម្ព័ន្ធនេះដែរ។

លោកទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុលរដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូនបានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា គំរោងសិក្សាពីផ្លូវល្បឿនលឿនភ្នំពេញ បាវិត ដែលធ្វើឡើងដោយក្រុមហ៊ុនចិន នឹងបង្ហាញលទ្ឋផលនៅចុងឆ្នាំ២០២១នេះ ប៉ុន្តែលទ្ឋផលបែបណា ការសិក្សាចំណាយអស់ប៉ុណ្ណា រដ្ឋាភិបាលនឹងពិចារណា ដើម្បីរកប្រភពថវិកាមកសាងសង់នាពេលខាងមុខឬយ៉ាងណា អាស្រ័យលើទំហំចំណាយជាក់ស្តែង។

ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃរដ្ឋាភិបាលជប៉ុន(JICA)ធ្លាប់បានសិក្សាពីការសាងសង់ផ្លូវនេះរួចហើយ ដោយត្រូវចំណាយថវិការហូតដល់៣៨០០លានដុល្លារអាមរិក ខណៈផ្លូវនេះមានចម្ងាយខ្លីជាងផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុ។

សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាដែលបានអញ្ជើញជាអធិបតីបើកសម្ភោធឲ្យ ប្រើប្រាស់ផ្លូវជាតិលេខ១១កាលពីសប្តាហ៍មុនបានបង្ហាញពីបំណងសាងសង់ផ្លូវមួយខ្សែ តភ្ជាប់ពីតំបន់ល្វាឯម ក្នុងស្រុកខ្សាច់កណ្តាលឆ្ពោះទៅកាន់ខេត្តព្រៃវែង ដែលផ្លូវមួយខ្សែនេះគ្រោងចំណាយប្រាក់​ប្រមាណ៧០លានដុល្លារអាមេរិក៕

គំរោងវិនិយោគកាន់តែច្រើនហូរចូលក្នុងទឹកដីខេត្តកំពត

ដោយៈវឌ្ឍនៈ

       កំពតៈ គំរោងវិនិយោគជាច្រើនបានចាប់ផ្តើមពង្រីក និងបង្ហាញរូបរាងក្នុងខេត្តកំពត ខេត្តដែលកំពុងមានការលេចឡើង យ៉ាងលឿននូវល្បឿន នៃការវិនិយោគ ដោយសារតែសក្តានុពលរបស់មូលដ្ឋាននេះ។

គំរោងKampot River Park ដែលបោះទុនរាប់លានដុល្លារ លើផ្ទៃដីជាង៤០ហិកតា គំរោងបូកគោលែនទី២ និងទី៣បាននិងកំពុងត្រៀមបង្ហា ញរូបរាង និងគំរោងពុះដីឡូត៏លំហែរជាច្រើនបាន និងកំពុងបង្ហាញវត្តមាននៅក្រុងបូកគោ។

បច្ចុប្បន្នផ្ទះសំណាក់ បឹងហ្កាឡូ សណ្ឋាគារ នៅក្នុងទីរួមខេត្តកំពតត្រូវបានកក់ពេញៗ នៅរៀងរាល់ថ្ងៃចុងសប្តាហ៍ និងថ្ងៃធ្វើការច័ន្ទ ដល់សុក្រ ក៏នៅតែមានភ្ញៀវសំរាកច្រើនគួរឲ្យកត់សំគាល់ផងដែរ។ នេះបើតាមលោកCooler Tanអគ្គនាយកក្រុមហ៊ុនYoungSia Real Estate។

លោកកែវ សុជាតិប្រធានក្រុមហ៊ុនKW Cambodia ប្រចាំខេត្តនេះក៏បានឱ្យដឹងតាមទូរស័ព្ទកាលពីរសៀលថ្ងៃទី៨ ធ្នូនេះថា ការវិនិយោគនៅក្នុងខេត្តកំពតនៅពេលនេះ ភាគច្រើនគឺផ្គត់ផ្គង់ ទៅលើសេវាកម្មទេសចរណ៍ ដោយអ្នកអភិវឌ្ឍន៍ ផ្ដោតលើការសាងសង់ជារីសត សណ្ឋាគារ ផ្ទះសំណាក់រមណីយដ្ឋាន កន្លែងកម្សាន្តផ្សេងៗជាដើម។ បច្ចុប្បន្ននេះ កំពតក៏នៅតែមានសក្ដានុពល សម្រាប់ការអភិវឌ្ឍដែរ ដូចជាអគារខ្ពស់របស់ក្រុមហ៊ុនថៃប៊ុនរ៉ុង និងកំពង់ផែទេសចរណ៍ក្នុងខេត្តកំពត ក៏ដូចជាគម្រោងអភិវឌ្ឍន៍មួយចំនួនទៀត។

ជាមួយនឹងសកម្មភាព នៃការវិនិយោគពីអ្នកវិនិយោគក្នុងស្រុកតូច ធំ ខេត្តកំពត ក៏ស្ថិតក្នុងផែនការអភិវឌ្ឈរបស់រដ្ឋាភិបាល ដើម្បីទាក់ទាញលំហូរភ្ញៀវទេសចរណ៍ និងវិនិយោគិនពីប្រទេសចិនផងដែរ។

សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា បានមានប្រសាសន៍ក្នុងអំឡុងពេលអញ្ជើញជាអធិបតី បើកសម្ភោធហេដ្ឋារចនាសម្ព័ន្ឋនៅក្រុងព្រហសីហនុកាលពីសប្តាហ៍មុនថា រដ្ឋាភិបាលនឹងរៀបចំប្រព័ន្ឋអាងប្រព្រឹត្តកម្មទឹកស្អាត នៅតាមបណ្តាខេត្តជាប់តំបន់ឆ្នេរកម្ពុជា ដូចជា ខេត្តកែប ខេត្តកំពត និងខេត្តកោះកុងនាពេលអនាគតផងដែរ។

ខេត្តកំពតត្រូវបានអ្នកជំនាញមើលឃើញថា ក្នុងរយៈពេល៣ទៅ៥ឆ្នាំខាងមុខ ខេត្តនេះនឹងផ្លាស់ប្តូរមុខមាត់ និងបែបផែននៃការរស់នៅ និងធ្វើការរបស់ប្រជាជនមូលដ្ឋាន ដោយបច្ចុប្បន្នអាគារពាណិជ្ជកម្មខ្ពស់ៗជាច្រើន​បាននិងកំពុងសាងសង់ ដើម្បីបំពេញតម្រូការក្នុងមូលដ្ឋាន ខណៈក្រុមហ៊ុន​វិនិយោគរបស់ចិនបានចាប់ផ្តើមបង្ហាញវត្តមានបណ្តើរៗ៕