ក្រុមហ៊ុនចិនធំមួយស្វែងរកទីតាំងវិនិយោគរោងចក្រផលិតស្រោមដៃចំនួន១០ទីតាំងបន្ថែមនៅកម្ពុជា

0

ដោយៈ គង់ សូរិយា

ភ្នំពេញៈ លោកជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសហការី បានទទួលជួបពិភា​ក្សាការងារជាមួយលោក លាវ គួយស៊ី(Liu Guixi) ប្រធានក្រុមហ៊ុន Shijiazhuang Hongray Group Co., Ltd.។

លោកអគ្គលេខាធិការបានស្វាគមន៍យ៉ាងកក់ក្តៅជូន ចំពោះគណៈ​ប្រតិភូ និងបានសម្តែងនូវសេចក្តីសោមនស្សរីករាយ ដែលលោក លាវ គួយស៊ី បានដឹកនាំគណៈប្រតិភូមកទស្សនកិច្ច នៅព្រះរាជាណាចក្រកម្ពុជា ក្នុងពេលវេលាមួយដ៏សមស្របបំផុត និងបានថ្លែងអំណរគុណដល់ក្រុមហ៊ុន Shijiazhuang Hongray Group Co., Ltd. ដែលបានសហការជាមួយក្រុមហ៊ុនMedtecs MSEZ Corp.,Ltd បណ្តាក់ទុនវិនិយោគ បង្កើតរោងចក្រផលិតស្រោមដៃពេទ្យ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស មេហាតធេន ស្ថិតនៅខេត្តស្វាយរៀង។

លោកអគ្គលេខាធិការ ក៏បានជម្រាបជូនគណៈប្រតិភូពីស្ថានភាពដ៏ល្អប្រសើរនៃវិនិយោគនៅកម្ពុជា របបលើកទឹកចិត្តប្រកបដោយភាពទាក់ទាញក្រោមច្បាប់ស្តីពី វិនិយោគដែលបើកចំហ មានតម្លាភាព និងអាចប៉ាន់ប្រមាណទុកជាមុនបាន និងសក្តានុពលវិនិយោគក្នុងវិស័យអាទិភាពមួយចំនួន។

លោក លាវ គួយស៊ី បានថ្លែងអំណរគុណជូនចំពោះលោកអគ្គលេខាធិការ ដែលបានចំណាយពេលវេលាដ៏មានតម្លៃ ទទួលជួបពិភា​ក្សាការងារ និងបានជម្រាបថា ក្រុមហ៊ុនShijiazhuang Hongray Group Co., Ltd. គឺជាក្រុមហ៊ុនដ៏ធំមួយដែលមានបទពិសោធន៍ប្រមាណ៣០ឆ្នាំកន្លងមកហើយ ក្នុងការផលិតស្រោមដៃពេទ្យ និងឧប​ក​​​រណ៍ការពារផ្ទាល់ខ្លួន(PPE) នាំចេញទៅទីផ្សារអាម៉េរិក និងសហគមន៍អឺរ៉ុប។

លោកលាវ គួយស៊ី បានមានប្រសាសន៍ថា ដំណើរទស្សនកិច្ចនៅកម្ពុជានាពេលនេះ គឺក្នុងគោលបំណងស្វែងរកទីតាំងថ្មី ដើម្បីពង្រី​កការវិនិយោគ បង្កើតរោងចក្រផលិតស្រោមដៃពេទ្យ និងឧបករណ៍ការពារផ្ទាល់ខ្លួន(PPE) ដោយមានតម្រូវការពង្រីកខ្សែច្រវាក់ផលិតកម្មរហូតដល់ទៅ១០ខ្សែបន្ថែមទៀត។

លោកជា វុទ្ឋីបានសម្តែងនូវការគាំទ្រ ចំពោះគម្រោងពង្រីកការវិនិយោគរបស់ក្រុមហ៊ុន។ ទន្ទឹមនឹងនេះ លោកអគ្គលេខាធិការបានជំរុញលើកទឹកចិត្ត ឱ្យក្រុមហ៊ុនពិនិត្យលទ្ធភាព ក្នុងការយកជ័រកៅស៊ូក្នុងស្រុកឱ្យបានច្រើនជាអតិបរមា ធ្វើជាធាតុចូលផលិតកម្ម ជំនួសឱ្យការប្រើសារធាតុគីមីផ្សេងៗ ដើម្បីកាត់បន្ថយនូវហានិភ័យប៉ះពាល់បរិស្ថាន ដែលបណ្តាលមកពីដំណើរការផលិតកម្មរបស់ក្រុមហ៊ុន៕

តម្លៃផ្ទះជាមធ្យមទូទាំងទីក្រុងញូវយ៉កហក់ឡើងថ្លៃកប់ពពក ក្នុងរយៈពេល១ទសវត្សរ៍ចុងក្រោយ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមការសិក្សាថ្មីមួយរបស់ស្ថាប័នស្រាវជ្រាវ និងចងក្រងទិន្នន័យអចលនទ្រព្យ PropertyShark បានឱ្យដឹងថា តម្លៃផ្ទះនៅក្នុងសង្កាត់ចំនួន២៤ ទូទាំងទីក្រុងញូវយ៉ករបស់សហរដ្ឋអាមេរិកបានហក់ឡើងកប់ពពក ក្នុងរយៈពេល១ទសវត្សរ៍កន្លងមកនេះ។

តម្លៃផ្ទះជាមធ្យមនៅក្នុងតំបន់ Two Bridges នៃសង្កាត់ Manhattan បានហក់ឡើង២៨៨ភាគរយដល់ចំនួន១,៦៤លានដុល្លារអាមេរិកក្នុងមួយយូនីត ដោយសារការអភិវឌ្ឍន៍អគារលំនៅដ្ឋានប្រណីតដូចជា អគារ One Manhattan Square។

តម្លៃផ្ទះជាមធ្យមនៅក្នុងតំបន់ Breezy Point នៃសង្កាត់ Queens បានហក់ឡើង១៩២ភាគរយដល់ទំហំទឹកប្រាក់៧២៥.០០០ដុល្លារអាមេរិកក្នុងមួយយូនីត ខណៈតម្លៃផ្ទះជាមធ្យមនៅក្នុងតំបន់ Hamilton Beach បានហក់ឡើង១៧២ភាគរយដល់ចំនួន៤២៦.០០០ដុល្លារក្នុងមួយយូនីត។

ចំណែក តម្លៃផ្ទះជាមធ្យមនៅតំបន់ Red Hook ក្នុងសង្កាត់ Brooklyn បានហក់ឡើង១៥០ភាគរយដល់ចំនួន១,៩៧លានដុល្លារអាមេរិកក្នុងមួយយូនីត។នេះបើយោងតាមការដកស្រង់ចុះផ្សាយដោយកាសែតអាមេរិក The New York Times។

ជាមួយគ្នានោះ ពន្ធលើអចលនទ្រព្យនៅតំបន់ Gowanus ក្នុងសង្កាត់ Brooklyn បានហក់ឡើង៧៥១ភាគរយពីចំនួន៨០០ដុល្លារនៅឆ្នាំ២០១៤ ដល់ចំនួន៦.៥០០ដុល្លារនាពេលបច្ចុប្បន្ន។ ការណ៍នេះបានធ្វើឱ្យថ្លៃចំណាយលើការរស់នៅហក់ឡើងកាន់តែខ្ពស់។

នៅត្រីមាសទី២ ឆ្នាំ២០២៥ ការលក់ផ្ទះនៅក្នុងសង្កាត់ Manhattan បានកើនឡើងក្នុងអត្រាខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេលជិត២ឆ្នាំ ដោយសារការសម្រុកទិញផ្ទះពីសំណាក់ក្រុមអ្នកមានទ្រព្យសម្បត្តិ និងសាច់ប្រាក់ច្រើនសន្ធឹកសន្ធាប់។

យោងតាមភ្នាក់ងារវាយតម្លៃអចលនទ្រព្យ Miller Samuel និងក្រុមហ៊ុនឈ្មួញជើងសារ Douglas Elliman បានឱ្យដឹងថា ផ្ទះចំនួនជាង៣.០០០យូនីតត្រូវបានលក់ចេញក្នុងកំឡុងត្រីមាសទី២ ហក់ឡើង១៧ភាគរយធៀបនឹងឆ្នាំមុន។ ផ្ទះទាំងនោះមានតម្លៃមធ្យមចំនួន១,២លានដុល្លារក្នុងមួយយូនីត កើនឡើង១,៦ភាគរយ៕ប្រភព: Bloomberg & NY Times៕

តម្លៃហាងឆេងមាសបានងើបឡើងថ្លៃនៅថ្ងៃសុក្រនេះ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងថ្លៃក្នុងការជួញដូរនៅព្រឹកថ្ងៃសុក្រនេះ ក្រោយពេលតម្លៃមាសប្រភេទ Spot Gold បានជួញដូរក្នុងទំហំទឹកប្រាក់ចំនួន៣៣២៦,៣ដុល្លារអាមេរិកក្នុងមួយអោនគិតត្រឹមពេលបិទការជួញដូរកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។

តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើង០,១៥ភាគរយដល់៣៣៣១,៤៤ដុល្លារក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានធ្លាក់ចុះ០,១២ភាគរយមកនៅត្រឹម៣៣៣៨,៩០ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង១០:២៦នាទីព្រឹក។

យោងតាមឧបករណ៍ CME FedWatch បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាសចំនួន៩៣,៨ភាគរយ ដែលធនាគារកណ្តាលអាមេរិក (Fed) នឹងរក្សាទុកអត្រាការប្រាក់ឱ្យនៅថេរដដែលក្នុងកិច្ចប្រជុំគោលនយោបាយនៅថ្ងៃទី៣០ ខែកក្កដាខាងមុខ។

ចំណែក សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងប្រាក់ដុល្លារអាមេរិកធៀបនឹងរូបិយបណ្ណសំខាន់ៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានធ្លាក់ថ្លៃចុះដល់៩៧ពិន្ទុនៅព្រឹកថ្ងៃសុក្រនេះ បន្ទាប់ពីបានបិទការជួញដូរត្រឹម៩៧,១៨ពិន្ទុកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ៕

តម្រូវការស្នាក់នៅសណ្ឋាគារក្នុងរដ្ឋធានីហ្សាការតាបន្តដាំក្បាលចុះ ខណៈរដ្ឋាភិបាលឥណ្ឌូនេសុីកាត់បន្ថយការចំណាយ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ទីផ្សារសណ្ឋាគារនៅក្នុងរដ្ឋធានីហ្សាការតារបស់ប្រទេសឥណ្ឌូនេស៊ីកំពុងទទួលរងនូវផលប៉ះពាល់ពីការដាក់ចេញវិធានការគ្រប់គ្រងប្រសិទ្ធភាពលើការចំណាយរបស់រដ្ឋាភិបាលលោកប្រធានាធិបតីឥណ្ឌូនេសុី Prabowo Subianto។

អត្រាស្នាក់នៅក្នុងសណ្ឋាគារ (Occupancy Rate) របស់ទីក្រុងហ្សាកាតាបានធ្លាក់ចុះពីចំនួន៥៩ភាគរយក្នុងខែកុម្ភៈ ឆ្នាំ២០២៥ មកនៅត្រឹម៣៨ភាគរយក្នុងខែមីនា ដែលជាកម្រិតទាបបំផុតគិតចាប់តាំងពីពាក់កណ្តាលឆ្នាំ២០២១។

នៅត្រីមាសទី២ ឆ្នាំ២០២៥ អត្រាស្នាក់នៅក្នុងសណ្ឋាគាររបស់រដ្ឋធានីមួយនេះត្រូវបានគេប៉ាន់ប្រមាណថា បានថយចុះបន្ថែមទៀត មកនៅត្រឹមចន្លោះពី៣៦ភាគរយទៅ៤០ភាគរយ។ក្នុងចំណោមនោះ សណ្ឋាគារលំដាប់ផ្កាយ៤ និងសណ្ឋាគារលំដាប់ផ្កាយ៥ បានទទួលរងផលប៉ះពាល់ខ្លាំងជាងគេបំផុត។

សណ្ឋាគារនៅទីក្រុងហ្សាការតាមិនពឹងផ្អែកលើលំហូរភ្ញៀវទេសចរណ៍នោះទេ។ សណ្ឋាគារទាំងនោះពឹងផ្អែកទៅលើកិច្ចប្រជុំ ការលើកទឹកចិត្ត សន្និសីទ និងព្រឹត្តិការណ៍នានា ឬហៅកាត់ថា“MICE”។ ​អតិថិជន​សំខាន់ៗ​របស់​សណ្ឋាគារ​ ជាមន្ត្រី​​មក​ពី​ក្រសួង និង​ស្ថាប័ន​រដ្ឋ​ផ្សេង​ៗ។

លោក Sutrisno Iwantono ប្រធានសមាគមសណ្ឋាគារ និងភោជនីយដ្ឋានឥណ្ឌូនេស៊ី (PHRI) ប្រចាំរដ្ឋធានីហ្សាការតា បានអះអាងថា សណ្ឋាគារនៅក្នុងទីក្រុងមួយនេះទទួលបានប្រាក់ចំណូលចន្លោះពី២០ភាគរយទៅ៤០ភាគរយ នៃប្រាក់ចំណូលសរុបរបស់ពួកគេពីការកក់បន្ទប់សណ្ឋាគារដោយក្រុមមន្ត្រីរដ្ឋាភិបាល។

ប៉ុន្តែ វិធានការកាត់បន្ថយការចំណាយថវិកាជាតិរបស់រដ្ឋាភិបាលឥណ្ឌូនេសុី កំពុងជះផលប៉ះពាល់យ៉ាងខ្លាំងលើប្រាក់ចំណូលរបស់សណ្ឋាគារ។បច្ចុប្បន្ន ក្រុមមន្ត្រី​​របស់ក្រសួង និង​ស្ថាប័ន​រដ្ឋ​ផ្សេង​ៗ ត្រូវផ្អាកការរៀបចំកិច្ចប្រជុំ និងព្រឹត្តិការណ៍នានានៅក្នុងសណ្ឋាគារ សំដៅកាត់បន្ថយការចំណាយថវិការដ្ឋ៕ប្រភព: Nikkei asia៕

និន្នាការវិនិយោគអចលនទ្រព្យនៅទូទាំងតំបន់អាសុីប៉ាសុីហ្វិកបានប្រែប្រួល ក្នុងបរិបទសេដ្ឋកិច្ចបច្ចុប្បន្ន

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: និន្នាការសម្រាប់ការវិនិយោគអចលនទ្រព្យបានផ្លាស់ប្តូរនៅទូទាំងតំបន់អាសុីប៉ាសុីហ្វិក។ ក្នុងបរិបទសេដ្ឋកិច្ចបច្ចុប្បន្ន ផលចំណេញពីការវិនិយោគអចលនទ្រព្យអាស្រ័យ​លើ​ប្រតិបត្តិការ​រឹងមាំ និង​កំណើន​ប្រាក់​ចំណេញ​សុទ្ធពីប្រតិបត្តិការ(Net Operating Income)។

ទីផ្សារអចលនទ្រព្យភស្តុភារ និងឧស្សាហកម្មក្នុងតំបន់បានប្រឈមមុខជាមួយនឹងបញ្ហាមួយចំនួន ស្របពេលបណ្តាវិនិយោគិន និងអ្នកជួលសម្របខ្លួនទៅនឹងលក្ខខណ្ឌទីផ្សារ។ ទោះយ៉ាងណា តម្រូវការឃ្លាំង ឬរោងចក្រទំនើបនៅតែមានភាពរឹងមាំ ដោយសារកំណើនពាណិជ្ជកម្មអេឡិចត្រូនិក និងប្រសិទ្ធភាពខ្សែសង្វាក់ផ្គត់ផ្គង់។

ចំពោះទីផ្សារលំនៅដ្ឋាន ដូចជា អាផាតមុិន លំនៅដ្ឋានរបស់សិស្ស-និស្សិត និងលំនៅដ្ឋានសម្រាប់មនុស្សចាស់កំពុងរីកចម្រើនយ៉ាងឆាប់រហ័ស ដែលជំរុញដោយកត្តាប្រជាសាស្រ្ត និងនគរូបនីយកម្មទីក្រុង។

ទន្ទឹមនឹងនេះ មជ្ឈមណ្ឌលទិន្នន័យកំពុងទាក់ទាញការវិនិយោគយ៉ាងច្រើន ដោយសារតែការរីកចម្រើនយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត(AI) និងតម្រូវការសម្រាប់ការផ្ទុកទិន្នន័យ។

ចំណែក ទីផ្សារអចលនទ្រព្យការិយាល័យនៅតែជាមូលដ្ឋានគ្រឹះ និងជាឆ្អឹងខ្នងរបស់វិស័យអចលនទ្រព្យនៅតំបន់អាស៊ីប៉ាស៊ីហ្វិក ដោយគ្រប់គ្រងចំណែកជិត៤០ភាគរយនៃផលបត្រវិនិយោគសរុបក្នុងតំបន់។

នៅក្នុងបរិបទទីផ្សាររបស់បណ្តាប្រទេសអាសុីមួយចំនួន តម្រូវការអគារការិយាល័យទំនើប និងមាននិរន្តរភាពកំពុងជំរុញឱ្យតម្លៃជួល និងផលចំណេញពីការវិនិយោគកើនឡើង។

ទន្ទឹមនឹងនេះ កំណើនថ្លៃដើមសំណង់កំពុងធ្វើឱ្យបណ្តាអ្នកអភិវឌ្ឍន៍កាត់បន្ថយការសាងសង់អគារការិយាល័យថ្មី ដែលនាំឱ្យអត្រាការិយាល័យទំនេរធ្លាក់ចុះ។

បច្ចុប្បន្ន បណ្តាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យជាច្រើនក្នុងតំបន់កំពុងប្រើប្រាស់កិច្ចព្រមព្រៀងទិញថាមពលរយៈពេលវែងដោយផ្ទាល់ (PPAs) ដើម្បីប្រើប្រាស់ថាមពលកកើតឡើងវិញដែលមានតម្លៃសមរម្យ ក្នុងគោលដៅឈានទៅសម្រេចបាននិរន្តរភាព និងប្រសិទ្ធភាពលើការចំណាយ៕ប្រភព: The Business Times៕

រដ្ឋាភិបាលចិនតម្រូវឱ្យបណ្តាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យរបស់រដ្ឋបញ្ចៀសការខកខានទូទាត់សងបំណុល

0

ដោយ: គង់ លាងហួរ
ប៉េកាំង: រដ្ឋាភិបាលចិនបានតម្រូវឱ្យបណ្តាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យរបស់រដ្ឋបញ្ចៀសឱ្យបាននូវការខកខានទូទាត់សងបំណុលសាធារណៈរបស់ពួកគេ។ ការប្រកាសនេះជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយវិបត្តិអចលនទ្រព្យ។

យោងតាមប្រភពមួយចំនួនបានបង្ហើបឱ្យដឹងថា បទបញ្ជានេះបានដាក់ចេញ បន្ទាប់ពីគណៈកម្មការគ្រប់គ្រងទ្រព្យសកម្មរដ្ឋ (Sasac) បានវាយតម្លៃស្ថានភាពប្រាក់ចំណូលរបស់បណ្តាក្រុមហ៊ុនអភិវឌ្ឍន៍ចំនួន២០ ដែលគ្រប់គ្រងដោយរដ្ឋាភិបាលចិន។

ទោះបីជារដ្ឋាភិបាលមិនបានផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុបន្ថែមទៀតយ៉ាងណាក្តី ចំណាត់ការនេះបានបង្ហាញពីការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីការកើនឡើងនៃហានិភ័យឥណទាននៅក្នុងវិស័យអចលនទ្រព្យចិន ដែលកំពុងជួបប្រទះវិបត្តិបំណុល។

ចាប់តាំងពីឆ្នាំ២០២១ បណ្តាក្រុមហ៊ុនអភិវឌ្ឍន៍ឯកជនធំៗ ភាគច្រើនបានខកខានទូទាត់សងបំណុល។ ការណ៍នេះបានធ្វើឱ្យទំនុកចិត្តលើទីផ្សារលំនៅដ្ឋានដាំក្បាលចុះ និងបង្កើតបំណុលអាក្រក់(Bad debt)ជិត១៤០ពាន់លានដុល្លារ។

ផ្ទុយទៅវិញ ស្ថានភាពរបស់បណ្តាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ ដែលគ្រប់គ្រងដោយរដ្ឋាភិបាលចិននៅតែមានស្ថិរភាព ហើយមូលបត្របំណុលរបស់ពួកគេនៅតែទទួលបានទំនុកចិត្តពីបណ្តាអ្នកវិនិយោគ។

យ៉ាងណាមិញ លោកស្រី Kristy Hung អ្នកវិភាគរបស់ស្ថាប័ន Bloomberg Intelligence បានអះអាងថា បណ្តាអ្នកអភិវឌ្ឍន៍ដែលគ្រប់គ្រងដោយរដ្ឋ និងឯកជននៅក្នុងប្រទេសចិនអាចរងផលប៉ះពាល់ ប្រសិនបើការលក់អចលនទ្រព្យបន្តធ្លាក់ចុះ។

លោកស្រីបានព្រមានថា ការលក់លំនៅដ្ឋានរបស់បណ្តាក្រុមហ៊ុនអភិវឌ្ឍន៍ដែលគ្រប់គ្រងដោយរដ្ឋាភិបាលចិនអាចនឹងធ្លាក់ចុះពេញមួយឆ្នាំ២០២៥នេះ៕ប្រភព: Bloomberg៕

សម្តេចបវរធិបតី ណែនាំឱ្យរដ្ឋមន្ត្រីក្រសួងធម្មការសិក្សាពាក់ព័ន្ធប្រតិបត្តិសាសនាឱ្យបានត្រឹមត្រូវ និងច្បាស់លាស់

0

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានជំរុញឱ្យរដ្ឋមន្រ្តីធម្មការសិក្សាពាក់ព័ន្ធនឹងការប្រតិបត្តិសាសនា ឲ្យបានច្បាស់លាស់ព្រោះថា សាសនាត្រឹមត្រូវច្បាស់លាស់យើងគោរព តែសាសនាមិនត្រឹមត្រូវ ត្រូវតែតាមដានពិនិត្យមើលឱ្យច្បាស់ ដោយសារតែ សាសនានីមួយៗមានមូលដ្ឋាន និងមានក្រមប្រតិបត្តិត្រឹមត្រូវ។

ការលើកឡើងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងឱកាស សម្ដេចមហាបវរធិបតី អញ្ជើញបើកការដ្ឋានសាងសង់អគារទីស្នាក់ការ គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ នាព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៥។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងឲ្យដឹងថា «ឥឡូវនេះសាសនាយើងមានធំៗ៣យ៉ាង តែថ្មីៗនេះឃើញថា មានចេញនូវសាសនាព្រហ្មញ្ញ ចេញតាឥសីព្រាតពេញនឹង ដូច្នេះខ្ញុំបានឲ្យឯកឧត្តម ចាយ បូរិន សិក្សាឲ្យច្បាស់ក៏ព្រោះថា សាសនានីមួយៗមានមូលដ្ឋាន និងមានក្រមប្រតិបត្តិត្រឹមត្រូវ។ ពិតប្រាកដណាស់សាសនា ដែលត្រឹមត្រូវយើងគោរព ប៉ុន្ដែត្រូវសិក្សាឲ្យបានច្បាស់លាស់ជាមុនសិន ដើម្បីដឹងថាបន្ទាត់នៅត្រង់ណា ចៀសវាងអ្នកខ្លះ យកសាសនាទៅធ្វើរឿងផ្សេងៗ។ ហេតុដូច្នេះទើបថា សាសនាត្រឹមត្រូវយើងគោរព ប៉ុន្ដែសាសនាខ្លះដែលបង្ករភាពច្របូកច្របល់ ក្នុងសង្គមត្រូវតែតាមដានពិនិត្រឲ្យបានច្បាស់លាស់»។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងទៀតថា ជាក់ស្ដែងយើងជាសាសនាព្រះពុទ្ធ ប៉ុន្ដែយើងអាចយល់ខ្លះៗពីសាសនាឥស្លាម ប៉ុន្ដែសាសនាព្រហ្មញ្ញមានអ្នកយល់តិចតួចណាស់ ដូច្នេះហើយទើបថ្មីៗនេះលោកជំទាវ ភឿង សក្កុណា បានឲ្យសិក្សាជាមួយនឹងបាគូក្នុងព្រះរាជវាំង ដើម្បីយើងកំណត់សិទ្ធិឲ្យបងប្អូន ធ្វើកម្រិតណាត្រឹមត្រូវ ចៀសវៀងមានអ្នកឆ្លៀតឱកាសធ្វើរឿងមិនល្អ ព្រោះកន្លងមកឃើញថា មានតាឥសីខ្លះបិណ្ឌបាត, ចំណែកតាឥសីខ្លះទៀតរៀបការប្រពន្ធជាដើម។

សម្តេចមហាបវរធិបតីបានថ្លែងបន្ដថា «កន្លងមកឃើញថា សាសនាយើងកន្លែងខ្លះ ក៏មានបងប្អូនប្រព្រឹត្តិជ្រុលហួសហេតុ ដូច្នេះបងប្អូនដែលចង់ធ្វើក៏អ្វីធ្វើទៅ ប៉ុន្ដែកុំបង្ហោះបង្ហាញពេញនឹង កន្លងមកយើងឃើញថា មានបងប្អូនដើរតួចធ្វើជាព្រះនាឥន្ទ្រីទេវីជាដើម នេះជារឿងខុសឆ្គង និងមិនត្រូវធ្វើនោះទេ ដូច្នេះសូមក្រសួងធម្មការ ត្រូវមើលឲ្យច្បាស់ និងតាមដានឲ្យជាប់ ធានាសិទ្ធិសេរីភាពសាសនា ប៉ុន្ដែត្រូវគោរព សាសនាឲ្យបានច្បាស់លាស់ ដើម្បីការពារតម្លៃសាសនា នេះជាកតព្វកិច្ចរបស់ក្រសួង, ជាកតព្វកិច្ចរបស់សាសនា និងអ្នកដឹកនាំសាសនាទាំងអស់ ទាំងអស់រួមទាំងអស់គ្នា ដើម្បីធ្វើការសហការធ្វើយ៉ាងណា ធ្វើឲ្យតម្លៃនៃសាសនាមានភាពច្បាស់លាស់។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «តម្លៃសាសនាគឺអាស្រ័យលើភាពពិតប្រាកដ នៃការប្រតិបត្តិ ដូច្នេះប្រសិនបើយកទៅធ្វើអ្វីផ្ដេសផ្ដាស នោះនឹងនាំឲ្យមានភាពមិនល្អនៃសាសនា […..]»

សម្ដេចតេជោ៖ ទម្រាំកម្ពុជាមានថ្ងៃនេះបានឆ្លងកាត់ការខិតខំប្រឹងប្រែងច្រើនណាស់ មិនមែនធ្លាក់ពីលើមេឃនោះទេ

0

(ព្រៃវែង)៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានថ្លែងបញ្ជាក់ថា ទម្រាំព្រះរាជាណាចក្រកម្ពុជាបានឈានមកដល់ពេលបច្ចុប្បន្ននេះ បានឆ្លងកាត់រឿងច្រើនណាស់ រួមជាមួយការខិតខំប្រឹងប្រែងក្នុងការបញ្ចប់សង្គ្រាម តាមរយៈការដាក់ចេញនូវនយោបាយឈ្នះឈ្នះ ហើយក៏មានការខិតខំប្រឹងប្រែងគ្រប់ផ្នែកទាំងអស់ទម្រាំមានថ្ងៃនេះ មិនមែនទទួលបានដោយសារធ្លាក់ពីលើមេឃនោះទេ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងដូចនេះនៅព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥នេះ នាឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីភាពក្នុងពិធីជួបសំណេះសំណាលជាមួយសិស្ស និស្សិត និងលោកគ្រូ អ្នកគ្រូ នៅមជ្ឈមណ្ឌលអប់រំបណ្ដុះបណ្ដាល ជា ស៉ីមមកំចាយមារ ដែលមានទីតាំងស្ថិតនៅស្រុកកំចាយមារ ខេត្តព្រៃវែង។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងដូចនេះថា «ពីមុនយើងចាប់ផ្តើមពីអ្នកចេះច្រើន បង្រៀនអ្នកចេះតិច អ្នកចេះតិចបង្រៀនអ្នកមិនចេះ ចាប់ផ្តើមពីអាណឹង តែមកដល់ពេលនេះអត់ទេ ធនធានមនុស្សរបស់យើងដែលបានប្រឹងប្រែងក្នុងរយៈពេលជាង ៤០ឆ្នាំកន្លងផុត បានក្លាយទៅជាធនធានមនុស្សដែលមានគុណភាព គ្រូរបស់យើងនៅតាមសាលា ពីមុនយើងប្រើប្រាស់រូបមន្ត ៩+១ អាចចេញទៅបង្រៀន ប៉ុន្តែឥលូវនេះមាន ១២+១ ១២+២ ១២+៤ មានបរិញ្ញាបត្រ+១ បានចេញទៅបង្រៀនបាន ការអភិវឌ្ឍប្រែប្រួលរបស់យើង យើងប្រឹងណាស់ មិនមែនធ្លាក់ពីលើមេឃនោះទេ យើងប្រឹងស្មើដៃគ្នា»

សម្ដេចតេជោ ហ៊ុន សែន បានបន្ថែមថា គ្រប់វិស័យទាំងអស់យើងប្រឹងណាស់ ទម្រាំងនឹងប្រទេសជាតិរបស់យើងបានមកដល់ប៉ុណ្ណោះគឺពិបាកណាស់ ហើយយើងក៏បានខិតខំប្រឹងប្រែង ក្នុងការរកដំណោះស្រាយដើម្បីបញ្ចប់បញ្ហាសង្គ្រាមផងដែរ។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ដែរថា កម្ពុជាពិតជាមានមោទនភាព ដែលកម្ពុជាបានរក្សាស្ថេរភាពគង់វង្ស បើយើងគិតពីឆ្នាំ១៩៩៣ រហូតមកដល់ពេលនេះ មានរយៈពេលជាង ៣០ឆ្នាំមកហើយ ក្នុងរយៈពេលជាង ៣០មកនេះ ព្រះកូណាសព្វថ្ងៃនេះ ព្រះអង្គបានគ្រងរាជ ២០ឆ្នាំ ទាំងព្រះកូណាបិតា និងព្រះកូណាបច្ចុប្បន្ន ដែលព្រះអង្គបានគ្រងរាជ ដោយបានផ្តល់នូវភាពសុខសាន្ត និងស្ថេរភាពសម្រាប់រាជរដ្ឋាភិបាល ដែលបានជម្រុញកំណើនសេដ្ឋកិច្ចជាមធ្យម ៧% មុនពេលមានជំងឺកូវីដ១៩ ដែលនេះក៏ផ្តើមចេញពីការអនុវត្តនយោបាយឈ្នះឈ្នះ ដែលកត្តាទាំងអស់នេះហើយ យើងត្រូវប្រឹងប្រែងរួមគ្នាថែរក្សាឱ្យបានគង់វង្ស៕

ក្រុមមន្រ្តីបើកកិច្ចប្រជុំរៀបចំផែនការមេអភិវឌ្ឍន៍ច្រករបៀងព្រែកជីក ហ្វូណនតេជោ

0

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាល ដឹកនាំដោយលោកឧបនា​យករដ្ឋមន្រ្តីស៊ុន ចាន់ថុលអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានដឹកនាំកិច្ចប្រជុំ ពិភាក្សាការងារលើការរៀបចំផែនការមេ និងការអភិវឌ្ឍច្រករបៀងគម្រោងព្រែកជីកហ្វូណនតេជោ។

លោកប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញចូលរួមកិច្ចប្រជុំផងដែរ និងមានការចូលរួមពីមន្រ្តីក្រសួងពាក់ព័ន្ឋ ព្រមទាំងតំណាងក្រុមហ៊ុនសាជីវកម្មស្ពាននិងថ្នល់ចិនCRBC និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូបទៀត។

កិច្ចប្រជុំនេះធ្ចើឡើង ដើម្បីរៀបចំគម្រោងហេដ្ឋារចនាសម្ព័ន្ធដែលនៅតាមសងខាងតំបន់ព្រែកជីកហ្វូណនតេជោ ដោយនៅក្នុងនោះមានដូចជាគម្រោងផែរណប គម្រោងហេដ្ឋារចនាសម្ព័ន្ធស្ពាន-ថ្នល់ គម្រោ​ងទាក់ទងនឹងតំបន់សេដ្ឋកិច្ចពិសេស តំបន់ពាណិជ្ជកម្ម តំបន់អភិវឌ្ឍទេសចរណ៍ តំបន់តភ្ជាប់ជាមួយប្រព័ន្ធធារាសាស្រ្ត តភ្ជាប់ជាមួយច្រករបៀង និងតំបន់ប៉ូលសេដ្ឋកិច្ចផ្សេងទៀត៕

សម្ដេចតេជោ ហ៊ុន សែន៖ កម្ពុជា-វៀតណាម ឯកភាពគ្នាទម្លាក់ខ្សែព្រំដែននៅជាប់មាត់ព្រែក ទៅតំបន់ទឹកជ្រៅ ជាដំណោះស្រាយឈ្នះឈ្នះល្អបំផុត ស្របតាមនិយាមអន្តរជាតិ

0

(ព្រែវែង)៖ ថ្លែងចេញពីខេត្តព្រែវែងជាប់ព្រំដែនកម្ពុជា-វៀតណាម សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា​ ជាថ្មីម្តងទៀតបានលើកឡើងពីការឯកភាពគ្នារបស់កម្ពុជា និងវៀតណាម ក្នុងការកំណត់បែងចែកខ្សែព្រំដែន ដែលជាប់មាត់ព្រែក ទៅក្នុងតំបន់ទឹកជ្រៅថា ជាដំណោះស្រាយឈ្នះឈ្នះល្អបំផុតមួយ ដែលរក្សាបាននូវផលប្រយោជន៍ របស់ប្រជាជននៃប្រទេសទាំងពីរ។

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ការដោះស្រាយបញ្ហាព្រំដែនបែបនេះ មិនមែនជារឿងសាមញ្ញនោះទេ គឺជាដំណោះស្រាយដែលនាំមកនូវខ្សែបន្ទាប់ព្រំដែនសន្តិភាព មិត្តភាព និងការអភិវឌ្ឍ។

ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយសិស្ស និស្សិត និងលោកគ្រូ អ្នកគ្រូ នៅមជ្ឈមណ្ឌលអប់រំនិងបណ្តុះបណ្តាល ជា ស៊ីម កំចាយមារ នាព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៥។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូច្នេះថា «ការចរចារវាងយើងជាមួយមិត្តវៀតណាម ក្នុងការដោះស្រាយព្រំដែន មានរឿងដែលល្អបំផុតមួយ ត្រង់ថា ភាគីទាំងពីរស្រុះស្រួលគ្នាទម្លាក់ខ្សែព្រំដែន ដែលនៅជាប់មាត់ព្រែក ទៅក្នុងតំបន់ទឹកជ្រៅ ចំណុចនេះមិនមែនជាចំណុចសាមញ្ញទេ។ បារាំងគូសផែនទីជួនកាលរត់តាមមាត់ព្រែកកម្ពុជា បើយើងចង់ចុះទៅដងទឹកត្រូវសុំច្បាប់វៀតណាម ជួនកាលគូសព្រំដែននៅមាត់ទឹកខាងវៀតណាម អីចឹងបើវៀតណាមចង់ចុះព្រែកត្រូវសុំកម្ពុជា។ ដំណោះស្រាយនេះ ជាដំណោះស្រាយដែលល្អបំផុត តាមនិយាមអន្តរជាតិ ដែលតែងយកជ្រលងទឹកជ្រៅជាងគេ ដើម្បីកំណត់ព្រំដែន ព្រំដែនកម្ពុជា-វៀតណាម មានជាង១២០០គីឡូម៉ែត្រ»

បើតាមសម្តេចតេជោ ហ៊ុន សែន ការកំណត់បែងចែកខ្សែព្រំដែន ទៅក្នុងតំបន់ទឹកជ្រៅ ក៏កម្ពុជាបានអនុវត្តន៍ជាមួយប្រទេសឡាវ ដូចគ្នាដែរ ដើម្បីធានាថាប្រជាជនទាំងសងខាងមានទឹកប្រើប្រាស់ និងអាចនេសាទបាន ដែលជាព្រំដែនសន្តិភាព មិត្តភាព និងសហប្រតិបត្តិការ។

សូមជម្រាបថា កម្ពុជា-វៀតណាម មានព្រំដែនគោកជាមួយគ្នាប្រមាណជា ១ ២៧០គីឡូម៉ែត្រ ដែលគិតត្រឹមឆ្នាំ២០២៤ ប្រទេសទាំងពីរបានបោះបង្គោលព្រំដែនសម្រេចបានចំនួន ៨៤%ហើយ នៅសល់តែ១៦% ទៀតតែប៉ុណ្ណោះ៕