លោកលី សុខឆាយ  និងក្រុមហ៊ុនសេដ្ឋីចិនអនុម័តថវិកា១០លានដុល្លារសហការជាមួយក្រុមហ៊ុនថៃ ប៊ុនរ៉ុងលើការផលិតស៊ីម៉ងត៍

         ដោយៈគង់ សូរិយា

         ភ្នំពេញៈ អគ្គនាយកក្រុមហ៊ុនLSCG លោកលី សុខឆាយបានអនុម័តទុនវិនិយោគចំនួន១០លានដុល្លារអាមេរិក សម្រាប់ស្វែងរកឱកាសហការណ៍ជាមួយក្រុមហ៊ុនថៃ ប៊ុនរ៉ុងដើម្បីបង្កើនផលិតភាពរោងចក្រស៊ីម៉ងត៍។

លោកលី សុខឆាយបានមានប្រសាសន៍ឲ្យដឹង តាមបណ្តាញតេឡេក្រាមនារសៀលថ្ងៃទី៣  ខែវិច្ឆិការនេះថា លោកនិងសេដ្ឋីចិនបានសហការគ្នា ដើម្បីចូលរួមជាមួយក្រុមហ៊ុនផលិតស៊ីម៉ងត៍ នៃក្រុមហ៊ុនថៃ ប៊ុនរ៉ុង ដើម្បីបង្កើនការផលិតស៊ីម៉ងត៍ សេវាកម្ម  គុណភាព  ក្នុងន័យឆ្លើយតបនឹងកំណើននៃតម្រូវការក្នុងស្រុក ដោយសារវិស័យសំណង់កម្ពុជាកំពុងមានភាពរីកចម្រើន និងធ្វើឲ្យមានតម្រូវការស៊ីម៉ងត៍កាន់តែច្រើន។

បច្ចុប្បន្នកម្ពុជាមានរោងចក្រផលិតស៊ីម៉ងត៍កាន់តែច្រើន ដែលឆ្លើយតបនឹងតម្រូវការក្នុងស្រុក ពិសេសបានចូលរួមកាត់បន្ថយការពឹងផ្អែក ការនាំចូលស៊ីម៉ងត៍ពីប្រទេសជិតខាងផងដែរ៕

ម៉ាឡេស៊ីស្នើឱ្យកម្ពុជា ក្នុងឋានៈជាប្រធានប្ដូរវេនអាស៊ាន រក្សាទុកបេសកជនពិសេសចាស់ដែលប្រចាំនៅមីយ៉ាន់ម៉ា

ដោយៈសុខុម

ភ្នំពេញ: ប្រទេសម៉ាឡេស៊ីបានស្នើឱ្យកម្ពុជា ក្នុងឋានៈជាប្រធានប្ដូរវេនអាស៊ាន ដែលនឹងចូលកាន់តំណែងនៅឆ្នាំក្រោយ រក្សាទុកមុខតំណែង និងការតាំងតែងលោក Erywan Yusof អនុរដ្ឋមន្ត្រីការបរទេសព្រុយណេ ជាបេសកជនពិសេសរបស់អាស៊ាន ប្រចាំនៅមីយ៉ាន់ម៉ា ឱ្យនៅដដែល។ នេះបើយោងតាមសារព័ត៌មាន The Edge Markets ដែលបានចុះផ្សាយកាលពីថ្ងៃទី២ វិច្ឆិកា។

លោក Datuk Saifuddin Abdullah រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ីបានថ្លែងថា វាចាំបាច់ណាស់ ដែលលេខាធិការដ្ឋានអាស៊ាន គួររក្សាទុកមុខតំណងរបស់លោក Erywan Yusof ដើម្បីជួយសម្រួលដល់កិច្ចខិតខំប្រឹងប្រែង និងការងារជាបន្ត ជាពិសេសនៅក្នុងការបញ្ចប់អំពើហិង្សា ក្នុងប្រទេសមីយ៉ាន់ម៉ា និងបើកកិច្ចចរចារវាងក្រុមមេដឹកនាំយោធា និងក្រុមប្រឆាំង។

លោកបានបន្ថែមទៀតថា “ការរាប់បញ្ចូលមេដឹកនាំស៊ីវិល គឺលោកស្រី អ៊ុង សានស៊ូជី ក្នុងជំនួបចរចាទាំងនេះ គឺមានសារៈសំខាន់ណាស់ ដើម្បីឆ្ពោះទៅរកការដោះស្រាយបញ្ហានានា ដែលកំពុងកើតមានឡើងនៅក្នុងប្រទេសមីយ៉ាន់ម៉ា”។

លោកបញ្ជាក់ថា អគ្គលេខាធិការនៃក្រសួងការបរទេស ក៏បានជូនដំណឹងមកកម្ពុជា ក្នុងឋានៈជាប្រធានប្តូរវេនអាស៊ាន ដើម្បីកោះប្រជុំក្រុមមន្ត្រីជាន់ខ្ពស់អាស៊ាន សម្រាប់បើកកិច្ចពិភាក្សាបន្ថែមអំពីជំហានបន្ទាប់ ដែលត្រូវធ្វើជុំវិញបញ្ហាប្រទេសមីយ៉ាន់ម៉ា។

រដ្ឋមន្ត្រីការបរទេសរូបនេះបានបន្ថែមថា រដ្ឋាភិបាលយោធារបស់មីយ៉ាន់ម៉ា ក៏ត្រូវធានាសុវត្ថិភាព សម្រាប់ក្រុមអ្នកស្ម័គ្រចិត្ត ដែលកំពុងផ្តល់ជំនួយមនុស្សធម៌ ឱ្យចូលជួយប្រជាជនក្នុងប្រទេសមីយ៉ាន់ម៉ាផងដែរ។

កិច្ចប្រជុំកំពូលអាស៊ាន លើកទី៣៨ និងលើកទី៣៩ ដែលបានបញ្ចប់កាលពីថ្ងៃព្រហស្បតិ៍ ទី២៨ តុលា បានកោះប្រជុំដោយគ្មានវត្តមាន មេដឹកនាំប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីរបបយោធាមីយ៉ាន់ម៉ា មិនព្រមបញ្ជូនតំណាង ដែលមិនមែនជាអ្នកនយោបាយ ឱ្យមកចូលរួមកិច្ចប្រជុំ ដោយសារក្រុមឧត្តមសេនីយ៍កំពូលៗរបស់ខ្លួន មិនត្រូវបានអនុ​ញ្ញាតឱ្យចូលរួមក្នុងកិច្ចប្រជុំទាំងនេះ។

ក្នុងចំណាត់ការដ៏គួរឱ្យភ្ញាក់ផ្អើល មិនធ្លាប់មានកាលពីថ្ងៃទី១៥ តុលា ក្រុមរដ្ឋមន្ត្រីការបរទេសអាស៊ាន បានសម្រេចរារាំងមេដឹកនាំយោធាមីយ៉ាន់ម៉ា គឺលោក Min Aung Hlaing ដែលបានផ្តួលរំលំរដ្ឋាភិបាលស៊ីវិលនៅថ្ងៃទី១ ខែកុម្ភៈ ដើមឆ្នាំនេះមិនឱ្យចូលរួមកិច្ចប្រជុំកំពូលប្រចាំឆ្នាំរបស់អាស៊ាន ដោយសារតែលោកមិនសូវមានសកម្មភាពចូលរួមនៅក្នុងការអនុវត្តកុងសង់ស៊ីស៥ចំណុច (Five-Point Consensus) ដើម្បីឆ្ពោះទៅរកការបញ្ចប់វិបត្តិនយោបាយ ដែលបង្កឡើងដោយរដ្ឋប្រហារ៕ The Edge Markets៕

លោកជុំ កុសលៈកម្ពុជាមិនមែនជាប្រទេសអ្នកមានទេ ប៉ុន្តែមេដឹកនាំកម្ពុជាជាអ្នកមានគំនិតនិងចក្ខុវិស័យ

ដោយៈគង់ សូរិយា

ភ្នំពេញៈ រដ្ឋលេខាធិការក្រសួងព៌ត លោកជុំ កុសលមានបានមានប្រសាសន៍ថា កម្ពុជាមិនមែនជាប្រទេសអ្នកមានទេ ប៉ុន្តែមេដឹកនាំកម្ពុជាគឺជាអ្នកមាន ។ ប្រសិនបើមេដឹកនាំកម្ពុជាមិនមានទេ ជីវិតប្រជាជនប្រាកដជាត្រូវបានមេរោគកូវីដ១៩ ឆក់យកច្រើនជាងនេះ ។

លោកជុំ កុសល ដែលជាទីប្រឹក្សាផ្ទាល់សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាផងដែរនោះ បានសរសេរលើបណ្តាញទំនាក់ទំនងសង្គម របស់លោកកាលពីថ្ងៃទី២ វិច្ឆិកាកន្លងមកថា ភាពមានរបស់មេដឹកនាំកម្ពុជាគឺ ការមានគំនិត មានចក្ខុវិស័យ មានយុទ្ធសាស្ត្រ មានគោលនយោបាយច្បាស់លាស់ និងទទួលខុសត្រូវខ្ពស់ក្នុងការចាត់ចែងវ៉ាក់សាំង ដើម្បីចាក់ជូនប្រជាជនបានទាន់ពេលវេលា និងគ្រប់ចំនួន ហើយបានបោះជំហានដើរលឿនជាងបណ្តាប្រទេសធំៗ អ្នកមានមួយចំនួននៅលើលោកថែមទៀតផង។

លោកបន្តថា បច្ចុប្បន្នកម្ពុជា បានចាប់ផ្តើមបើកឲ្យដំណើរការសេដ្ឋកិច្ចឡើងវិញក្រោយពីបានស្រោចវ៉ាក់សាំងពេញលេញ ដោយផ្សាភ្ជាប់របៀបរស់នៅតាមគន្លងថ្មីជាមួយរោគកូវីដ១៩។ ប្រជាជនកម្ពុជា ក៏ដូចជាជនបរទេស ដែលរស់នៅប្រកបការងារក្នុងកម្ពុជាបានថ្លែងអំណរគុណ និងកោតសរសើរដល់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានដោះស្រាយបញ្ហាវ៉ាក់សាំងបានយ៉ាងល្អបំផុតក្នុងស្ថានភាពដ៏លំបាកបំផុតដូចគ្នា។

លោកជុំ កុសលក៏បានផ្តល់នូវកិត្តិយសជាឧត្តមទីប្រឹក្សា ជាឋានៈខ្ពស់បំផុតរបស់គេហទំព័រ Propertyarea.asia ផងដែរ៕

កូរ៉េខាងត្បូង គ្រោងវិនិយោគ៥.៤០០លានដុល្លារអាមេរិក ដើម្បីបង្កើតមជ្ឈមណ្ឌល ផលិតវ៉ាក់សាំងកូវីដ-១៩លំដាប់ពិភពលោក

ដោយៈសុខុម

សេអ៊ូល: នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង លោក Kim Boo-kyum បានលើកឡើងកាលពីថ្ងៃអង្គារ ទី២ វិច្ឆិកា ថា វិស័យឯកជនរបស់ប្រទេសលោក គ្រោងបោះទុនវិនិយោគក្នុងទំហំទឹកប្រាក់រហូតដល់ទៅ៦,៣ទ្រីលានវ៉ុន (៥,៤ពាន់លានដុល្លារអាមេរិក) លើការផលិត និងចែកចាយវ៉ាក់សាំងកូវីដ-១៩ នៅត្រឹមឆ្នាំ២០២៤។

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA ឱ្យដឹងថា គម្រោងបោះទុនវិនិយោគ ក្នុងទំហំទឹកប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់នេះបានធ្វើឡើង ស្របពេលប្រទេសនេះ កំពុងស្វះស្វែងធ្វើយ៉ាងណាឱ្យក្លាយខ្លួន ជាមហាអំណាចពិភពលោកផ្នែកផលិតវ៉ាក់សាំង។

ប្រទេសកូរ៉េខាងត្បូង ទទួលបានកិច្ចព្រមព្រៀងរួចទៅហើយ សម្រាប់ការផលិតវ៉ាក់សាំងកូវីដ-១៩ ចំនួន៣ប្រភេទ ដែលអភិវឌ្ឍដោយក្រុមហ៊ុន AstraZeneca ក្រុមហ៊ុន Novavax និងប្រទេសរុស្ស៊ី។ ប្រទេសនេះក៏មានកិច្ចព្រមព្រៀងច្រកដប និងវេចខ្ចប់វ៉ាក់សាំងកូវីដ-១៩ ជាមួយក្រុមហ៊ុន Moderna ផងដែរ។

ទិន្នន័យរបស់រដ្ឋាភិបាលបង្ហាញថា ផែនការវិនិយោគនេះ រួមមាន ការចំណាយ ៣,៦ពាន់លានដុល្លារអាមេរិក ដោយក្រុមហ៊ុន Samsung BioLogics និង១,៥ទ្រីលានវ៉ុន (១,២៧ពាន់លានដុល្លារអាមេរិក) ដោយដោយក្រុមហ៊ុនផលិតឱសថ Celltion ផងដែរ។

ប្រធានាធិបតីកួរ៉េខាងត្បូង លោក Moon Jae-in កាលពីខែឧសភា បានបង្ហាញផែនការរបស់លោក ដែលចង់ប្រែក្លាយប្រទេសកូរ៉េខាងត្បូង ឱ្យក្លាយជាមជ្ឈមណ្ឌលផលិតវ៉ាក់សាំងពិភពលោក បន្ទាប់ពីព្រមព្រៀងជាមួយប្រធានាធិបតីអាមេរិក លោក ចៃ បៃឌិន លើការចាប់ដៃគូសហការ ដែលនឹងច្របាច់បញ្ចូលគ្នា នូវជំនាញឯកទេសរបស់សហរដ្ឋអាមេរិក និងសមត្ថភាពផលិតរបស់កូរ៉េខាងត្បូង។

កាលពីខែសីហា ប្រធានាធិបតី Moon Jae-in បានលើកឡើងថា លោកនឹងកំណត់យកវ៉ាក់សាំងកូវីដ-១៩ ជាបច្ចេកវិទ្យាមួយ ក្នុងចំណោមបច្ចេកវិទ្យាយុទ្ធសាស្ត្រជាតិចំនួន៣ រួមជាមួយការផលិតបន្ទះឈីប និងអាគុយ ដោយមានគោលបំណងបង្កើនការវិនិយោគ ផ្តល់ការបន្ធូរបន្ថយពន្ធ និងផ្តល់គ្រឿងលើកទឹកចិត្តផ្សេងៗទៀត ដើម្បីជួយក្រុមហ៊ុននានា៕ Reuters៕

ឧកញ៉ាគីម ហ៊ាងៈការមកដល់អ្នកវិនិយោគអចលនទ្រព្យថ្មីត្រូវការពេលវេលា

ដោយៈគង់ សូរិយា

ភ្នំពេញៈ លោកឧកញ៉ាបណ្ឌិតគីម ហ៊ាង ប្រធាន KW Cambodia បានថ្លែងថា ការមកដល់ នៃអ្នកវិនិយោគអចលនទ្រព្យថ្មីៗមកកាន់កម្ពុជា ត្រូវការពេលវេលាបន្ថែមទៀត ដែលគួររង់ចាំដល់ឆ្នាំ២០២៣។

លោកឧកញ៉ាបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទ កាលពីថ្ងៃទី១ វិច្ឆិកាកន្លងមកថា ការសម្រេចចិត្តបើកប្រទេសឡើងវិញរបស់ប្រមុខរដ្ឋាភិបាល ជារឿងល្អ ដែលធ្វើឲ្យវិស័យសេដ្ឋកិច្ច និងអចលនទ្រព្យមានដំណើរការងើបឡើង ល្អប្រសើរបណ្តើៗឡើងវិញ នៅត្រីមាសទី៤ឆ្នាំនេះ។

លោកបន្តថា “ការពិតបើនិយាយពីត្រីមាសទី២ ទី៣ឆ្នាំនេះ វិស័យនេះស្ទើរសន្លប់ធំទៅហើយ ប៉ុន្តែចូលមកដល់ត្រីមាសទី៤នេះ យើងរំពឹងអ្វីៗនឹងមានសកម្មភាពល្អមកវិញ បណ្តើរៗ ប៉ុន្តែមិនច្រើនពេកនោះទេ”។ លោកបន្តថា “ការចាកចេញស្រួលទេ វេចបញ្ចិច តែពីរបីវ៉ាលីចេញបានហើយ តែការត្រលប់មកវិញរបស់អ្នកវិនិយោគបរទេស ជារឿងលំបាកមួយ ព្រោះពួកគេត្រូវការពេលវេលាមួយសមស្រប”។

ទាក់ទងនឹងស្ថានភាពឆ្នាំ២០២២ លោកឧកញ៉ាគីម ហ៊ាងបានមានប្រសាសន៍ពន្យល់ថា “សម្រាប់ឆ្នាំ២០២២ខាងមុខ ខ្ញុំគិតថាអ្នកវិនិយោគចាស់ៗ និងអ្នកវិនិយោគដែលរកបានផលចំណេញនៅកម្ពុជា ពួកគេនឹងត្រលប់មកវិញ ជារឿងល្អ ប៉ុន្តែអ្នកវិនិយោគថ្មីៗត្រូវការពេលវេលា”។

ទោះជាយ៉ាងណា លោករំពឹងនិងមានក្តីសង្ឃឹមសម្រាប់ឆ្នាំ២០២៣ ទោះបីជាមាន​ការបោះឆ្នោត ក៏មិនមានអ្វីគួរឲ្យបារម្ភនោះទេ ស្ថានភាពនយោយាបាយនឹងល្អប្រសើរ ដោ យសារគ្មានបក្សណាខ្លាំង មកប្រកួតប្រជែងនោះទេ៕

ដំណឹងល្អៈក្រុមហ៊ុន OCIC កំពុងសាងសង់ផ្លូវទំហំ៦០ម៉ែត្រថ្មីមួយទៀតចេញពីព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី

ដោយៈសិរី ជេស៊ីកា

ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់នៃរដ្ឋបាលខេត្តកណ្តាលបានឲ្យដឹងថា ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​មួយ​ខ្សែ​ប្រវែង​ជាង១០គីឡូម៉ែត្រ​ តភ្ជាប់ពីព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ​កំពុង​ស្ថាបនា ត​ភ្ជាប់​ពី​គម្រោង​ព្រលានយន្តហោះ មកកាន់​រាជធានី​ភ្នំពេញ។

អភិបាល​រង​ខេត្ត ​និង​ជា​អ្នក​នាំពាក្យ​រដ្ឋបាល​ខេត្ត​កណ្តាល​លោក នូវ ប៉េងច័ន្ទ​តារា បាន​ឲ្យដឹងតាមទូរស័ព្ទ​ថា ផ្លូវ​ថ្មីមួយ​ខ្សែ​នេះ​មាន​ទទឹង​រហូត​ដល់៦០ ម៉ែត្រ និង​ប្រវែងជាង ១០គីឡូម៉ែត្រ​ សាងសង់​ចេញ​ពី​ព្រលានយន្ត​អន្តរជាតិ​ភ្នំពេញ ​នៅ​ខេត្ត​កណ្ដាល ត​ភ្ជាប់​មក​ផ្លូវក្រវាត់ក្រុង​​ មក​តំបន់ប្រជុំជន​ក្នុង​​រាជធានី​ភ្នំពេញ។

លោក​បញ្ជាក់​​ថា “ផ្លូវ​មួយ​ខ្សែ​នេះ​សំខាន់​ណាស់ ហើយ​ក៏ជា​ខ្សែ​ផ្លូវ​មេក្នុង​គម្រោងអភិវឌ្ឍ​​​ប្រព័ន្ធ​ដឹកជញ្ជូន ​របស់​គម្រោង​ព្រលាន​យន្តហោះ​ភ្នំពេញ​ថ្មី​ ដែល​គ្រោង​ដាក់​ឲ្យ​ដំណើរការ​នៅ​ឆ្នាំ​២០២៣”។

ទោះជាយ៉ាងណា ​លោក​មិន​បាន​បញ្ជាក់​ពី​តម្លៃ​កញ្ចប់​ស្ថាបនា ​​ផ្លូវ​ថ្មីមួយខ្សែ​​នេះ ពីព្រោះ​ជា​គម្រោង​របស់​ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដែលវិនិយោគដោយក្រុមហ៊ុន OCIC។

ដំបូងឡើយអ្នកឧកញ៉ាពុង ឃាវសែបានប្រកាសពីការសាងសង់ស្ពានអាកាសប្រវែងជាង១០គីឡូម៉ែត្រពីព្រលានយន្តហោះថ្មី មកកាន់រាជធានីភ្នំពេញ ប៉ុន្តែតើគម្រោងនេះផ្លាស់ប្តូរមកសាងសង់ផ្លូវនេះវិញឬយ៉ាងណា យើងមិនអាចស្វែងរកការពន្យល់ពីថ្នាក់ដឹកនាំក្រុមហ៊ុននេះបាននៅឡើយទេ។

តាមផែនការរបស់​រដ្ឋាភិបាល និងក្រុមហ៊ុន OCIC ​​ប្តេជ្ញា​ឲ្យ​គម្រោង​ព្រលានយន្តហោះ​ថ្មី​ដាក់​ឲ្យ​ដំណើរការ​ឆ្នាំ​២០២៣។ ដូច្នេះ​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់​ណាស់។ ក្រៅ​ពី​ផ្លូវ​អាទិភាព​មួយ​ខ្សែ​ដែល​កំពុង​សាងសង់ ក៏​នឹង​មានការ​ស្ថាបនា​ផ្លូវ​ជា​ច្រើន​ខ្សែ​ទៀតប្រ ទាក់ក្រឡាគ្នា​ ដែល​នឹង​ចាយ​ថវិកា​រាប់លានដុល្លារទៀត ក្នុង​ការ​សាងសង់នាពេលខាងមុខនេះ៕

ក្រុមហ៊ុនអភិវឌ្ឍន៍បុរីធំមួយចាប់ផ្ដើមកំណត់ចំនួនអ្នកទិញផ្ទះ ក្រោយមានអតិថិជនភាគច្រើនទិញសម្រាប់លក់យកចំណេញ

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ ជាការកត់សម្គាល់កាលពីពេលកន្លងទៅនេះ ឃើញថាអ្នកទិញផ្ទះពីបុរីពិភពថ្មីភាគច្រើន មិនមែនជាអ្នកទិញ ដើម្បីស្នាក់នៅឬប្រកបអាជីវកម្មអ្វីនោះទេ តែជាអ្នកទិញដើម្បីទុកលក់យកចំណេញ នៅពេលសំណង់សង់បានកាន់តែច្រើនឬសាងសង់រួច ។

ដោយមើលឃើញថាសកម្មភាពនេះ មានកាន់តែច្រើនក្រុមហ៊ុនបុរីពិភពថ្មីបានកំណត់ចំនួនអ្នកទិញផ្ទះរបស់ខ្លួន បានត្រឹមតែ១ប៉ុណ្ណោះ ក្នុងមួយគម្រោង។

យោងទៅតាមសេចក្តីជូនដំណឹងផ្សព្វផ្សាយ របស់ក្រុមហ៊ុនបុរីពិភពថ្មីរបស់អ្នកឧកញ៉ាហុង ពីវកាលពីរសៀលថ្ងៃទី២វិច្ឆិកា ២០២១នេះបានបង្ហាញ ពីលក្ខខណ្ឌចំពោះអ្នកទិញ ដោយក្នុងមួយម្នាក់អាចទិញបានតែមួយប៉ុណ្ណោះ សម្រាប់គម្រោងតាខ្មៅ២ ហើយអ្នកដែលទិញផ្ទះនោះ ហើយក៏មិនអាចលក់ដូរបានដែរក្នុងរយៈពេល២ឆ្នាំ។

អ្នកជំនាញអចលនទ្រព្យកម្ពុជាជាច្រើន បានលើកឡើងផងដែរថា តម្រូវការលំនៅឋានជាក់ស្ដែង នៅក្នុងប្រទេសកម្ពុជាគឺមិនសូវជាមានប៉ុន្មានទេ ហើយអ្នកដែលទិញលំនៅឋានមួយចំនួន ក៏មិនមែនសម្រាប់ស្នាក់នៅផ្ទាល់ខ្លួនដែរ គឺទិញសម្រាប់ទុកលក់បន្តដើម្បីយកប្រាក់ចំណេញប៉ុណ្ណោះ ។

លោកឧកញ៉ាសំ សុខនឿនប្រធានសមាគមអចលនទ្រព្យសកលបានលើកឡើងថា បើយើងក្រលេកទៅមើលតម្រូវការជាក់ស្ដែង នៃលំនៅឋាននៅក្នុងរាជធានីភ្នំពេញមិនសូវជាមានប៉ុន្មានទេ ពីព្រោះអ្នកទិញផ្ទះនៅក្នុងបុរីនានា ពីអ្នកអភិវឌ្ឍន៍ឃើញថាមួយចំនួនជាអ្នកទិញដើម្បីទុកចំណេញ។ ដូច្នេះហើយទើបយើងមើលឃើញថា ផ្ទះដែលសាងសង់រួច មិនសូវមានអ្នកចូលទៅនៅភ្លាមៗនោះទេ។

លោកបន្តថា “បើសិនជាអ្នកទិញផ្ទះនោះគេទិញ ដើម្បីទុកស្នាក់នៅផ្ទាល់ខ្លួនមែននោះ គឹនឹងចូលទៅស្នាក់នៅ ពេលផ្ទះសង់រួច តែផ្ទះនៅតាមបុរីមួយចំនួនត្រូវបានចាក់សោចោលអត់ចូលស្នាក់នៅទេ”។

ជាការកត់សម្គាល់ផ្ទះក្នុងបុរីពិភពថ្មីកំបូល ឈូកវ៉ា១ ឈូកវ៉ា២ ជាច្រើន ត្រូវបានម្ចាស់ចាក់សោចោល អត់មានស្នាក់នៅទេ ដោយអ្នកខ្លះបានជួលឱ្យអ្នកដទៃ។ ដោយឡែកម្ចាស់លំនៅឋានខ្លះ ទិញច្រើនល្វែងពេលអត់លទ្ធភាពបង់ឱ្យម្ចាស់បុរី ក៏បានលក់ផ្ទះនោះវិញក្នុងតម្លៃពាក់កណ្ដាល នៃតម្លៃដែលខ្លួនបានទិញនិងរំលស់ទៅកាន់បុរី ។

បុរីពិភពថ្មីជាក្រុមហ៊ុនមួយ ដែលផ្ដល់ការបង់រំលស់១០០ភាគរយ ជូនអតិថិជន ដោយមិនទាមទារការកក់ប្រាក់មុនឡើង ពោលគអតិថិជនមានប្រាក់កក់តែមួយខែនៃតម្លៃបង់រំលស់ប្រចាំខែ ក៏អាចទិញផ្ទះតម្លៃរាប់ម៉ឺនដុល្លារអាមេរិកបានដែរ ហើយអ្នកមានលុយមួយចំនួនទិញបី ទៅបួនល្វែង ដើម្បីទុកលក់បន្តទៅអ្នកទី៣ ទើបធ្វើឱ្យក្រុមហ៊ុនចេញគម្រោងម្ដងៗនៅតែទទួលបានជោគជ័យ៕

លោករិន ច័ន្ទរិទ្ឋយុទ្ធសាស្ត្រដឹកនាំក្រុមលក់ខុនដូអំឡុងវិបត្តិកូវីដ ដែលក្រុមហ៊ុននេះ នៅតែបន្តលក់បាន

ដោយ: ម៉ាលីស

ភ្នំពេញៈ សព្វថ្ងៃនេះ ដោយសារវិស័យអចលនទ្រព្យមានការរីកចំរើនខ្លាំង ភ្នាក់ងារបំរើសេវាកម្មផ្នែកនេះក៏មានច្រើន ដែលខ្លះទទួលបានជោគជ័យ និងខ្លះទៀតមិនសូវទទួលបានជោគជ័យ។

ប៉ុន្តែក្រុមហ៊ុន DNZ Realty បាននិងកំពុងទទួលបានជោគជ័យលើការលក់ខុនដូ ទោះបីស្ថិតក្នុងអំឡុងពេលកូវីដ១៩ក្តី។

តាមរយៈកិច្ចសំភាសពិសេសកាលពីពេលថ្មីៗនេះ លោក រិន ច័ន្ទរិទ្ធ អគ្គនាយកក្រុមហ៊ុន DNZ Realty លោកបានមានប្រសាសន៍អោយដឹងថា លោកបានបញ្ចប់ថ្នាក់បរិញ្ញាបត្រ័ ផ្នែកទំនាក់ទំនងអន្តរជាតិ ដែលផ្តោតទៅលើនយោបាយ និងទស្សនវិជ្ជាបុ       ណ្ណោះ ហើយលោកក៏ធ្លាប់ ចូលបំរើការងារក្នុងសាលាក្តីខ្មែរក្រហម អង្គការសង្គមស៊ីវិល ផ្សេងៗ ដែលមិនទាក់ទងនឹងអចលនទ្រព្យឡើយ។ ទើបតែពេលថ្មីៗនេះ លោកបានប្រឡូក ក្នុងវិស័យអចលនទ្រព្យយ៉ាងពេញទំហឹងតែម្តង ដែលជាវិជ្ជាជីវៈអាជីពរប់លោកផងដែរ។

លោកក៏បានបញ្ជាក់ពីយុទ្ធសាស្ត្រ ដែលអាចដឹកនាំក្រុមហ៊ុនលោកអាចដំណើរការបានសព្វថ្ងៃ មាន២ចំនុច ទី១ លោកតែងឈរលើសុចរិតភាព គួបផ្សំនឹងលោកមានបណ្តាញច្រើន ហើយលោកធ្លាប់ស្គាល់មនុស្សច្រើន ដូចជាអតីតអ្នកធ្លាប់ធ្វើការជាមួយគ្នាជាដើម តែងមកទាក់ទងលោក នៅពេលដឹងថាលោកធ្វើការផ្នែកសេវាកម្មនេះ។

ដូចនេះដោយភាពសុចរិតនេះឯង ដែលអាចផ្សព្វផ្សាយ អោយលោកមានអតិថិជនច្រើនផងដែរ។ ទី២ គឺភាពបត់បែន ក្នុងនាមជាអ្នកដឹកនាំ ត្រូវមានភាពបត់បែន មិនត្រូវមានតែទ្រឹស្តីឡើយ ត្រូវចេះបត់បែនទៅតាមកាលៈទេសៈនឹងពេលវេលា។

លោករិន ច័ន្ទរិទ្ឋបានបន្ថែមថា “ក្នុងសម័យកូវិតនេះ ជាពេលលំបាកខ្លាំង លោកមិនទាន់ចាត់ទុកនេះថាជាជោគជ័យទេ  ខណៈមានក្រុមហ៊ុនមួយចំនួនបានក្ស័យធុន តែសំរាប់ក្រុមហ៊ុនលោក នៅតែអាចឈរជើងបាន ដែលអាចពង្រីកនិងពង្រឹងក្រុមរបស់ខ្លួនបានទៅមុខរហូតគឺបានហើយ”។

លោកបន្តថា ទស្សនៈវិស័យរបស់ក្រុមហ៊ុនលោកទៅថ្ងៃមុខ មិនត្រឹមតែលក់ខុនដូប៉ុណ្ណោះទេ ក្រុមហ៊ុនលោកនឹងមាន ជាការលក់ទៅលើប្រភេទផ្ទះ និងដីផងដែរ ក្រៅពីនោះក៏ដូចជាសេវាកម្មជួលផង។ តែបច្ចុបន្បន្នលោកមានការផ្តោតខ្លាំង គឺការលក់ខុនដូរសិនប៉ុណ្ណោះ៕

អ្នកឧកញ៉ាលី ហួរៈការបើកប្រទេសឡើងវិញជាឱកាសមាសសម្រាប់កម្ពុជា ខណៈ វិស័យជាច្រើននឹងរីកចម្រើន

         ដោយៈសិរី ជេស៊ីកា

         ភ្នំពេញៈ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា អ្នកឧកញ៉ាលី ហួរបានថ្លែងថា ការប្រកាសបើកប្រទេសឡើងវិញរបស់សម្តេចតេជោហ៊ុន សែនកាលពីម្សិលម៉ិញ ជាឱកាសមាសសម្រាប់កម្ពុជា។

អ្នកឧកញ៉ាបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទ នារសៀលថ្ងៃទី២ វិច្ឆិកានេះថា សម្រាប់ប្រទេសក្នុងតំបន់ និងពិភពលោក កម្ពុជាបានឈរចំណាត់ថ្នាក់ទី១ ដែលបានចាក់វ៉ាក់សាំងបានច្រើនជាងគេ ក្រោមការដឹកនាំដ៏វាងវៃរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី​នៃកម្ពុជា ហើយការប្រកាសបើកប្រទេសឡើងវិញនេះ វាជាឱកាសមាសដ៏ធំធេងសម្រាប់កម្ពុជា។

អ្នកឧកញ៉ាបានបន្តថា “ខ្ញុំសូមគាំទ្រយ៉ាងពេញទំហឹង ចំពោះការបើកសេដ្ឋកិច្ចឡើង​វិញរបស់សម្តេចតេជោ ដែលវានឹងនាំមកនូវឱកាសរីកចម្រើនលើគ្រប់វិស័យពិសេស​វិស័យពាណិជ្ជកម្ម និងឧស្សាហកម្ម”។ អ្នកឧកញ៉ាបន្តថា “ចំណែកវិស័យលំនៅដ្ឋាន និងសំណង់នានានឹងងើបឡើងវិញបណ្តើរៗ ស្របពេលតម្រូវការលំនៅដ្ឋាននៅតែបន្តកើនឡើង”។

អ្នកឧកញ៉ាលី ហួរបានបន្តថា នៅពេលអនាគតឆាប់ៗនេះ ឃ្លាំងជួលនឹងមានតម្រូវការខ្ពស់ ដែលអាចរកឃ្លាំងជួលមិនបាន ដោយសារនឹងមានលំហូររោងចក្រ សហគ្រាសច្រើនមកកាន់កម្ពុជា ព្រោះប្រទេសក្នុងតំបន់ជាច្រើនកំពុងជួបបញ្ហា និងកលយុគ។

សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានមានប្រសាសន៍ឲ្យដឹងកាលពីថ្ងៃម្សិលម៉ិញនេះថា វិស័យលំនៅដ្ឋាននៅតែរីកចម្រើន និងបន្តសាងសង់ ដោយសារអ្នកមានលុយនៅក្នុងស្រុក លែងយកលុយទុកនៅធនាគារបរទេស។ ពួកគេបានទុកប្រាក់៣៧ពាន់លានដុល្លារនៅតាមធនាគារក្នុងស្រុក។

សម្តេចបន្តថា “អ្នកសាងសង់បុរីនៅតែបន្តសាងសង់ និងលក់ដាច់ ដោយសារអ្នកមានលុយទិញទុកយកចំណេញ នៅពេលផ្ទះឡើងថ្លៃ និងខ្លះទៀតទិញទុកសម្រាប់កូនរបស់ខ្លួន”៕

កម្ពុជាកំពុងត្រូវការអ្នកជំនាញផ្នែកមេកានិចយន្ដហោះឲ្យមកធ្វើការជូនរដ្ឋ

ដោយៈ សុធារី

ភ្នំពេញៈ លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលបានអះអាងថា បច្ចុប្បន្នរដ្ឋាភិបាលកំពុងត្រូវការអ្នកជំនាញ ផ្នែកមេកានិចយន្ដ​ហោះ ឲ្យមកធ្វើការជូនរដ្ឋទាក់ទងនឹងវិស័យអាកាសចរណ៍នេះ។

ខណៈនេះរដ្ឋាភិបាល ក៏បានបង្កនូវលក្ខណៈងាយស្រួលឲ្យសិស្សនិស្សិត ដែលបានរៀនចំជំនាញនេះ អាចឆ្លៀតពេលធ្វើការនៅក្រុមហ៊ុនអាកាសចរណ៍នានា តាមលទ្ធភាពដែលអាចធ្វើបានផងដែរ។

លោក ម៉ៅ ហាវណ្ណាល់ អះអាងយ៉ាងដូច្នេះ នៅក្នុងឱកាសជួបជាមួយនឹងតំណាងសមាគមនិស្សិតខ្មែរប្រចាំប្រទេសរុស្ស៊ី និងនិស្សិតចំនួន៤រូប ដែលបានទទួលអាហារូបករណ៍សិក្សារយៈពេល៥ឆ្នាំ លើមុខវិជ្ជាមេកានិកយន្ដហោះ ទាក់ទងនឹងតួ និងម៉ាស៊ីនយន្ដហោះ។

ថ្នាក់ដឹកនាំអាកាសចរស៊ីវិលរូបនេះ បានគូសបញ្ជាក់ថា ដើម្បីអាចយកចំណេះផ្នែកវិជ្ជាមេកានិកយន្ដហោះមកធ្វើការ និងប្រកបអាជីវកម្មបាន នៅក្រោយពេលបញ្ចប់ការសិក្សា សិស្សនិស្សិតត្រូវតែ សង្វាតរៀនសូត្រ និងក្រេបជញ្ជក់នូវចំណេះវិជ្ជាក្នុងវិស័យអាកាសចរនេះ ជាបីសេសឲ្យបាននូវបច្ចេកវិទ្យាថ្មីៗ ដែលទើបរកឃើញ ពិសេសគឺការសិក្សាភាសាអង់គ្លេសឲ្យបានស្ទាត់ជំនាញ។

លោក ម៉ៅ ហាវណ្ណាល់ បានបន្ថែមទៀតថា នៅពេលបញ្ចប់ការសិក្សាបរិញ្ញាបត្រផ្នែកមេកានិចយន្តនេះ ដើម្បីធ្វើការជាមួយក្រុមហ៊ុនអាកាសចរ ឬជាមួយរដ្ឋបាន និស្សិតទាំងអស់ត្រូវសិក្សាបន្ថែម ដើម្បីទទួលបានវិញ្ញាប័នបត្របញ្ជាក់ប្រភេទ Type Rating។ ឧទាហរណ៍ ប្រសិនបើគាត់ធ្វើការជាមួយក្រុមហ៊ុន ដែលប្រើប្រាស់យន្តហោះ Boeing គាត់ត្រូវរៀនយក Type Rating របស់Boeing។

លោកបន្ថែមថា “បច្ចុប្បន្ននេះ រដ្ឋក៏ត្រូវការអ្នកជំនាញទាំងអស់នោះ មកធ្វើការឲ្យរដ្ឋផងដែរ ព្រមទាំងបង្កលក្ខណៈងាយស្រួល ឲ្យគាត់ឆ្លៀតពេលធ្វើការនៅក្រុមហ៊ុនអាកា​សចរនានា តាមលទ្ធភាពដែលអាចធ្វើបាន”។

  1. ជំនាញផ្នែកមេកានិចយន្ដហោះនេះ គឺជាជំនាញកម្រមួយ ហើយមានតែការសិក្សានៅសាលាអន្តរជាតិនៅក្រៅប្រទេសប៉ុណ្ណោះ ទើបមានបង្រៀនមុខវិជ្ជានេះ៕