ផលទុនជាតិសរុបកម្ពុជានៅឆ្នាំ២០២២នឹងកើនដល់៣០,៥៤៤លានដុល្លារ

   ដោយៈសុផារី

         ភ្នំពេញៈ រដ្ឋាភិបាលបានព្យាករណ៍ថា ផលទុនជាតិសរុបកម្ពុជានៅឆ្នាំ២០២២​ខាងមុខនឹងកើនឡើងដល់រង្វង់១២៤១៦២ ប៊ីលានរៀល ឬសមមូលនឹងប្រមាណ៣០,៥៤៤ លានដុល្លារអាមេរិក។

​យោងតាមរបាយការណ៍ នៃការវាយតម្លៃសេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២១បានបង្ហា​ញថា សេស្ឋកិច្ចកម្ពុជាឆ្នាំនេះ ត្រូវបានស្មានថាមានកំណើនក្នុងអត្រា២,៤% ការប៉ានស្មានអត្រាកំណើននេះ គឺមាននិន្នាការស្រដៀងគ្នា ទៅនឹងការវាយតម្លៃរបស់ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិធំៗក្នុងរង្វង់ប្រមាណ ២,០% ប៉ុន្តែឆ្នាំ២០២២ខាងមុខ សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករណ៍ថា នឹងសម្រេចបានក្នុងកំណើនអត្រា ៤,៨ភាគរយ។

កំណើននេះ គាំទ្រដោយការបន្តការកើនឡើង នៃវិស័យសេដ្ឋកិច្ចសំខាន់ៗចំនួន៣ដូចជា ទី១ វិស័យឧស្សាហកម្មត្រូវបានព្យាករណ៍ថា នឹងកើនឡើងក្នុងរង្ចង់៧,៧% ក្នុងឆ្នាំ២០២២ ពីកំណើន៧,៧% ក្នុងឆ្នាំ២០២១ ដោយសារការរំពឹងទុកនៅក្នុងកំណើនល្អប្រសើរនៃអនុវិស័យកាត់ដេរ និងកម្មន្តមិនមែនកាត់ដេរ ខណៈអនុវិស័យសំណង់ត្រូវបានរំពឹងថានឹងបន្តសម្រេចបាននូវកំណើនទាប។

អនុវិស័យកាត់ដេរ ត្រូវបានដំបងថានឹងបន្តកើនឡើង ដោយសារការរំពឹងទុកនៃភាពល្អប្រសើរនៃតម្រូវការខាងក្រៅ ជាពិសេសទីផ្សារសហរដ្ឋអាមេរិចនិងចិន ស្របជាមួ​យការរំពឹងទុកការបង្វែររោងចក្រ ពីប្រទេសមីយ៉ាន់ម៉ា គួបផ្សំនឹងការដាក់ចេញនូវយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកាត់ដេរ ផលិតស្បែកជើងនិងកាបូបកម្ពុជា ២០២១-២០២៥។

ទី២ វិស័យសេវាកម្មត្រូវបានព្យាករណ៍ថា នឹងបន្តកើនឡើងក្នុងអត្រា៤,១ ភាគរយក្នុងឆ្នាំ២០២២ ដោយសារការងើបឡើងសន្សឹមៗ នៃអនុវិស័យសណ្ឋាគារ និងភោជនីយដ្ឋាន និងវិស័យគាំទ្រទេសចរណ៍ផ្សេងទៀត។

អនុវិស័យសណ្ឋាគារ និងភោជនីយដ្ឋានត្រូវបានរំពឹងថា នឹងងើបឡើង ប៉ុន្តែស្ថិតនៅក្នុងកម្រិតទាប ទាំងទំហំនិងអត្រាកំណើន ដោយសារការរំពឹងទុកនៃការងើបឡើងវិញក្នុងល្បឿនយឺតនៃភ្ញៀវទេសចរណ៍អន្តរជាតិ ខណៈដែលចំនួនភ្ញៀវទេសចរជាតិត្រូវបានងើបឡើងវិញក្នុងសន្ទុះលឿនជាង នៅពេលដែលការងារធ្វើបាន ក្នុងសហគមន៍មានការស្រាកស្រាន្ត និងគ្រប់គ្រងបាន។ ស្របពេលនឹងការងើបឡើងវិញ នៃអនុវិស័យគាំទ្រដល់សកម្មភាពដឹកជញ្ជូន និងនិន្នាការនៃការបន្តការកើនឡើង នូវការប្រើប្រាស់អ៊ីនធឺណេតគូបផ្សំនឹងការដាក់ចេញនូវក្របខ័ណ្ឌ គោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ ដែលនឹងបង្កើនការវិនិយោគហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងលើកកម្ពស់ការប្រើប្រាស់ឌីជីថលនៅកម្ពុជា។

ទី៣ វិស័យកសិកម្មត្រូវបានព្យាករណ៍ថា នឹងសម្រេចបានកំណើនក្នុងអត្រាទាប ១,១% ក្នុងឆ្នាំ២០២២ បើប្រៀបធៀបនឹងកំណើន១,៤% ក្នុងឆ្នាំ២០២១ ដោយសារការរំពឹងទុកនៃការបន្តកំណើនល្អប្រសើរ នៃអនុវិស័យដំណាំនិងអនុវិស័យចិញ្ចឹមសត្វ។ អនុវិស័យដំណាំត្រូវបានរំពឹងថា នឹងបន្តកំណើនល្អប្រសើរ ដោយសារការនាំចេញផលិតផលកសិកម្ម ជាពិសេសដំណាំរួមផ្សំ និងឧស្សាហកម្ម ដែលបន្តជំរុញដោយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី គួបផ្សំជាមួយការបង្កើនការវិនិយោគជាមួយរដ្ឋាភិបាល  ពិសេសការផ្ដល់ហិរញ្ញប្បទាន និងការជំរុញផលិតផលក្នុងស្រុក។

អត្រាអតិផរណាមធ្យមប្រចាំឆ្នាំត្រូវបានប៉ាន់ស្មានថា ស្ថិតក្នុងកម្រិតអាចគ្រប់គ្រងបានក្នុងអត្រា២,៨% ក្នុងឆ្នាំ២០២២ ដោយសារការរំពឹងទុក នៃការវិលត្រឡប់ទៅរកនិន្នាការធម្មតាវិញនៅថ្ងៃម្ហូបអាហារ។

អត្រាប្ដូរប្រាក់ភាពទៅនឹងប្រាក់ដុល្លារអាមេរិក ត្រូវប៉ាន់ស្មានថាបន្តមានស្ថិរភាព ក្នុងរង្វង់៤០៦៥រៀល ក្នុងមួយដុល្លារអាមេរិចក្នុងឆ្នាំ២០២២ ដោយសារស្ថេរភាពម៉ាក្រូសេដ្ឋកិច្ចនិងជំនឿទុកចិត្ត ពីសំណាក់សាធារណជន លើការប្រើប្រាស់ប្រាក់រៀល តាមរយៈការអនុវត្តវិធានការណ៍ លើកកម្ពស់ប្រាក់រៀលរបស់ធនាគារជាតិនៃកម្ពុជា និងការបន្តពង្រឹងគោលនយោបាយគ្រប់គ្រងសាច់ប្រាក់ក្នុងវិស័យហិរញ្ញវត្ថុ។

ឱនភាពគណនីចរន្ត(រួមបញ្ចូលបង្វែរ) ត្រូវបានព្យាករណ៍ថា រួមតូចបន្តិចមកត្រឹម ១៣,១% ផលិតផលក្នុងស្រុកសរុបសម្រាប់ឆ្នាំ២០២២ ដោយសារការរំពឹងពីការងើបឡើងវិញសន្សឹមៗ នៃការនាំចេញនិងវិស័យទេសចរណ៍៕

ដំណឹងល្អៈរដ្ឋាភិបាលសម្រេចផ្ដល់ទិដ្ឋាការទេសចរអន្តរជាតិចូលមកកម្ពុជា ឡើងវិញហើយ

ដោយៈ លក្ខិណា

ភ្នំពេញៈ រដ្ឋាភិបាលតាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានប្រកាសផ្តល់ទិដ្ឋាការឲ្យភ្ញៀវទេសចរណ៍អន្តរជាតិ ចូលមកទស្សនាកម្ពុជាឡើងវិញហើយ។

យោងតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៅថ្ងៃទី២២ តុលា២០២១នេះឱ្យដឹងថា យោងលើការវិវឌ្ឍកាន់តែប្រសើរឡើងនៃស្ថានភាព ទប់ទបល់នឹងជំងឺកូវីដ១៩ នៅកម្ពុជា រាជរដ្ឋាភិបាលបានសម្រេចបើកប្រទេសកម្ពុជាឡើងវិញជាបណ្ដើរៗ និងតាមដំណាក់កាលជាមួយនឹងភាពប្រយ័ត្នប្រយែង និងការទទួលខុសត្រូវខ្ពស់តាមគន្លងប្រក្រតីភាពថ្មី ដោយបានសម្រួលលក្ខខណ្ឌ គោលការណ៍នៃការផ្ដល់ទិដ្ឋាការ និងរបបនៃការធ្វើចត្តាឡីស័កសម្រាប់អ្នកដំណើរមកកម្ពុជា។

១.បើកឱ្យមានការផ្ដល់ឡើងវិញនូវទិដ្ឋាការទេសចរណ៍ ដែលត្រូវបានផ្អាក ក្រោយវិបត្តិនៃជំងឺកូវីដ១៩ ដើម្បីអាចទទួលភ្ញៀវបរទេស និងភ្ញៀវទេសចរទូទៅ និងដាក់ឱ្យដំណើ​រការឡើងវិញនូវគោលការណ៍លើកលែងទិដ្ឋាការ ។

២.ដាក់ដំណើរការឡើងវិញ នូវការស្នើសុំទិដ្ឋាការតាមប្រព័ន្ធអេឡិចត្រូនិក ដើម្បីសម្រួលដល់អ្នកដំណើរ ក្នុងការស្នើសុំទិដ្ឋាការចូលមកកម្ពុជា ប៉ុន្តែនៅបន្តផ្អាកការផ្ដល់ទិដ្ឋាការនៅពេលមកដល់។

៣. គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ បានកែសម្រួលលក្ខ​ខណ្ឌធ្វើដំណើរការអនុវត្តវិធានការសុខាភិបាល និងការធ្វើចត្តាឡីស័កនៅកម្ពុជា សម្រាប់អ្នកដំណើរចូលមកកម្ពុជា ស្របតាមគន្លងប្រក្រតីភាពថ្មី តាមរយៈសេចក្តីជូនដំណឹងលេខ ៤៥៣ សខលចុះថ្ងៃទី១៦ ខែតុលា២០២១ ដូចមានជូនភ្ជាប់ជាភាសាខ្មែរ និងអង់គ្លេស ។

ប្រតិបត្តិករទេសចរជាច្រើន ក៏បានត្រៀមរៀបចំរួចជាស្រេច ក្នុងការទទួលស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិឡើងវិញ ក្នុងនោះក្រសួងទេសចរណ៍កម្ពុជា ក៏បានបណ្ដុះបណ្ដាលធនធានមនុស្ស ក្នុងវិស័យទេសចរណ៍ជាបន្តបន្ទាប់មកហើយដែរ ដើម្បីមានសមត្ថភាពក្នុងការទទួលទេសចរ អន្តរជាតិ។

លោកស្រីឆាយ ស៊ីវលីនប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបានមានប្រសាសន៍ថា ប្រតិបត្តិករទេសចរកម្ពុជាជាច្រើននៅកម្ពុជា បានត្រៀមខ្លួនរួចហើយ ក្នុងការបើកដំណើរការអាជីវកម្មឡើងវិញ ជាមួយនឹងការរស់នៅតាមបែបផែនគន្លងថ្មី។ ការបើកដំណើរការអាជីវកម្មឡើងវិញនេះដែរ នឹងជួយដល់ម្ចាស់អាជីវកម្មជាច្រើ នដែលបានរងផលប៉ះពាល់ពីវិបត្តិកូវីដ១៩ អស់រយៈពេលជិត២ឆ្នាំមកហើយ ជាពិសេសចាប់តាំងពីព្រឹត្តិការណ៍២០កុម្ភៈ២០២១៕

រដ្ឋាភិបាលកំណត់ទំហំនៃកម្ចីពីដៃគូអភិវឌ្ឍន៍ក្នុងកម្រិត១៦០០លាន SDR សម្រាប់គម្រោងវិនិយោគសាធារណៈក្នុងឆ្នាំ២០២២

ដោយៈ សុផារី

ភ្នំពេញៈ សេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ ដែលត្រូវបានកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីអនុម័ត នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១នេះ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានកំណត់ទំហំនៃការខ្ចីប្រាក់ពីដៃគូអភិវឌ្ឍន៍ក្នុងកម្រិត១៦០០លាន SDR គឺមានការកើនឡើង១០០លាន SDR  ធៀបនឹងច្បាប់ថវិកាឆ្នាំ២០២១។

ការកំណត់នេះ ដោយឈរលើមូលដ្ឋាននៃការគិតគូរ និងផ្អែកលើទិដ្ឋភាពសំខាន់ៗ រួមមាន:  ទី ១. តម្រូវការវិនិយោគសាធារណៈ ដែលមានទំហំកាន់តែធំ ដើម្បីស្តារនិងជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ នៅក្រោយពេលមានការរីករាលដាល នៃជំងឺកូវីដ១៩ ស្រាកស្រាន្ត។ ទី២ គម្រោងអភិវឌ្ឍន៍ដែលនឹងចុះកិច្ចព្រមព្រៀងឥណទានសម្បទាន ក្នុងឆ្នាំ២០២១ ជាគម្រោងវិនិយោគសាធារណៈក្នុងវិស័យអាទិភាព ហើយចេះតែរំកិលពីឆ្នាំមុនៗមក តែមានចរិតយុទ្ធសាស្ត្រ ក្នុងការទ្រទ្រង់ដល់ចីរភាព នៃកំណើនសេដ្ឋកិច្ចក្នុងរយៈពេលមធ្យមនិងវែង។

ទី៣. ឥណទានមានកម្រិតសម្បទានខ្ពស់ ទី៤ ស្ថានភាពបំណុលសាធារណៈកម្ពុជាបច្ចុប្បន្ន និងក្នុងរយៈពេលមធ្យមនៅតែមានចីរភាព និងហានិភ័យកម្រិតទាប ទី៥ ការបន្តបង្កើនប្រសិទ្ធភាពខ្ពស់ ក្នុងការគ្រប់គ្រងនិងអនុវត្តគម្រោង។

សេចក្តីព្រាងច្បាប់ដដែលបានបញ្ជាក់ថា រដ្ឋាភិបាលបានចុះហត្ថលេខាខ្ចីប្រាក់សម្រាប់ហិរញ្ញប្បទានកម្មវិធី/ គម្រោងវិនិយោគសាធារណៈចំនួន៣៥ ដែលរួមមាន សាធា​រណរដ្ឋប្រជាមានិតចិន៦គម្រោង ព្រះរាជាណាចក្រថៃ១គម្រោង ប្រទេសជប៉ុន៣ គម្រោ​ង សាធារណរដ្ឋកូរ៉េ៥គម្រោង សាធារណរដ្ឋបារាំង៥គម្រោង ធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ ២គម្រោង ធនាគារអភិវឌ្ឍន៍អាស៊ី៩គម្រោង ធនាគារពិភពលោក៣គម្រោង ធនាគារវិនិយោគអ៊ឺរ៉ុប១គម្រោង ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី១គម្រោង៕

សម្តេចតេជោៈរយៈពេលបីខែកម្ពុជាផលិតមាសបានជាង៧០០គីឡូក្រាម

         ដោយៈគង់ សិរីម៉ាលីនណា

         ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១នេះ បានថ្លែងបញ្ជាក់ថា ក្នុងរយៈពេល៣ខែកន្លងមកនេះ កម្ពុជាផលិតមាសបានជាង ៧០០គីឡូក្រាម។ នេះបើតាមលោក ផៃ ស៊ីផាន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជានាំពាក្យរាជរដ្ឋាភិបាល។

លោកផៃ ស៊ីផាន បានបញ្ជាក់យ៉ាងដូច្នេះថា កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ក្នុងរយៈពេល៣ខែកន្លងមកនេះ កម្ពុជាផលិតលោហៈមាសបានជាង៧០០គីឡូក្រាម។

ការដ្ឋានអាជីវកម្មរ៉ែមាស និងរោងចក្រចម្រាញ់រ៉ែមាស ស្ថិតនៅតំបន់អូរខ្វាវ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី របស់ប្រទេសកម្ពុជា ដែលវិនិយោគដោយក្រុមហ៊ុន រ៉ឺនេសង់ មីនើរ៉ល (ខេមបូឌា) លីមីតធីត Renaissance Minerals (Cambodia) Limited ជាក្រុមហ៊ុនអូស្ត្រាលី បានចាប់ផ្តើមដំណើរការចាប់ពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១។

ក្នុងសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ផ្ញើជូនជនរួមជាតិខ្មែរ កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ អំពីជោគជ័យកម្ពុជា ក្លាយជាប្រទេសផលិតមាសជាលើកដំបូង សម្តេចនាយករដ្ឋមន្ត្រីបានថ្លែងថា កម្ពុជារំពឹងមានលទ្ធភាពទទួលបានរ៉ែមាស អាចផលិតមាសសុទ្ធបានប្រមាណ៣តោនក្នុងមួយឆ្នាំ សម្រាប់រយៈពេល៨ឆ្នាំដំបូង។

អាជីវកម្មរ៉ែមាសនេះ នឹងផ្តល់ផលប្រយោជន៍ជាចំណូលដុល ជាមធ្យម១៨៥លានដុល្លារក្នុងមួយឆ្នាំ ដែលក្នុងនោះចំណូលថវិកាជាតិពីសួយសារ និងសារពើពន្ធផ្សេងៗជាមធ្យមប្រមាណ៤០លានដុល្លារក្នុងមួយឆ្នាំ៕

 

សម្តេចតេជោៈការស្លាប់សេដ្ឋកិច្ច ពិបាកជាងស្លាប់ដោយសារកូវីដ១៩ទៅទៀត

         ដោយៈគង់ សិរីជេស៊ីកា

         ភ្នំពេញៈ  សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានមានប្រសាសន៍ថា បើយើងមិនបើកដំណើរការប្រទេសទេ ការស្លាប់សេដ្ឋកិច្ច គឺពិបាកជាងការស្លាប់ដោយសារ covid-19 ទៅទៀត។

សម្តេចបានថ្លែងបែបនេះ ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីនាព្រឹកថ្ងៃទី២២ តុលានេះថា យើងបានឃើញស្ថានភាព នៃការឆ្លងជំងឺកូវីដ១៩ មានការថយចុះ។ ជាមួយគ្នានេះ សម្ដេចថ្លែងបន្តថា យើងនឹងពិនិត្យមើលការងារមួយចំនួន ដែលយើងបានលើកកាលពីពេលមុន ដើម្បីដំណើរការឡើងវិញ ដូចជា ការសម្ពោធស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មា ការសម្ពោធសមិទ្ធផលនៅខេត្តព្រះសីហនុ ជាមួយនឹងការបើកឲ្យដំណើរការនៅការសិក្សាគ្រប់កម្រិត។

សម្ដេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ដែរថា យើងបានឃើញស្ថានភាពនៃការឆ្លងមានការថយចុះ បើយើងមិនដំណើរការទេ ការស្លាប់សេដ្ឋកិច្ច គឺពិបាកជាងការស្លាប់ដោយសារ covid-19 ទៀត៕

 

ប្រទេសថៃបើកទទួលអ្នកទេសចរមកពីប្រទេសចំនួន៤៦បន្ថែមទៀតនៅថ្ងៃទី១  ខែវិច្ឆិកាខាងមុខនេះ

ដោយៈ សុផារី

បាងកកៈ លោកប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្រ្តីប្រទេសថៃ បានថ្លែងប្រទេសថៃនឹងបើកទ្វារ ទទួលអ្នកទេសចរមកពី៤៦ប្រទេសបន្ថែមលើក្នុងបញ្ជីប្រទេស ដែលមានហានិភ័យទាបនៃជំងឺកូវីដ-១៩ ចំនួន ១០ ដែលបានប្រកាសកាលពីមុននេះ ដោយចាប់ផ្តើមពីថ្ងៃទី ១ ខែវិច្ឆិកា ក្នុងនោះក៏មានប្រទេសកម្ពុជាផងដែរ។

លោកបានសរសេរលើបណ្តាញសង្គមរបស់លោកថា “ប្រសិនបើយើងរង់ចាំរហូតដល់អ្វីៗគ្រប់យ៉ាងរួចរាល់ យើងនឹងយឺតពេល ហើយភ្ញៀវទេសចរអាចជ្រើសរើសទៅកន្លែ​ងផ្សេង”។

លោកបានបន្ថែមថា “ខ្ញុំដឹងថាការពន្លឿននេះ នាំឱ្យមានហានិភ័យនៃការឆ្លងក្នុងស្រុកបន្ថែមទៀត ប៉ុន្តែនេះគឺជាហានិភ័យដែលយើងត្រូវតែធ្វើ។ ខ្ញុំគិតថាដូចប្រទេសដទៃទៀតដែរ ឥឡូវនេះប្រទេសថៃមានឧបករណ៍ល្អប្រសើរជាងមុន ដើម្បីដោះស្រាយហានិភ័យហើយយើងត្រូវរៀនរស់នៅជាមួយវា”។

អ្នកទេសចរមកពីប្រទេសចំនួ ៤៦ ដែលត្រូវបានចាត់ទុកថា ជាក្រុមដែលមានហានិភ័យទាបដំបូង អាចចូលមកប្រទេសថៃ តាមយន្តហោះដោយគ្មានចត្តាឡីស័ក ដោយពួកគេត្រូវចាក់វ់ាកសាំងគ្រប់ដូស និងបង្ហាញលទ្ធផលតេស្តអវិជ្ជមាន មុនពេលហោះហើរ។ ពួកគេក៏ត្រូវយល់ព្រមធ្វើតេស្តមួយទៀត នៅពេលមកដល់ប្រទេសថៃផងដែរ។

ប្រទេសដែលត្រូវបានអនុញ្ញាតមានរាយឈ្មោះដូចខាងក្រោម

បណ្តាប្រទេសទាំងនោះរូមមាន ប្រទេសអូស្រ្តាលី អូទ្រីស បារ៉ែន បែលហ្ស៊ិក ប៊ូតាន ប៊្រុយណេដារូសាឡឹម ប៊ុលហ្គារី កម្ពុជា កាណាដា ឈីលី ចិន ស៊ីប សាធារណរដ្ឋឆែក ដាណឺម៉ាក អេស្តូនី ហ្វាំងឡង់ បារាំង អាល្លឺម៉ង់ ក្រិក ហុងគ្រី អ៊ីស្លង់ អៀរឡង់ អ៊ីស្រាអែល អ៊ីតាលី ជប៉ុន ឡាតវី លីទុយអានី ម៉ាឡេស៊ី ម៉ាល់ត៍ ហូឡង់ នូវែលសេឡង់ ន័រវែស ប៉ូឡូញ ព័រទុយហ្កាល់ កាតា អារ៉ាប៊ីសាអូឌីត សិង្ហបុរី ស្លូវេនី កូរ៉េខាងត្បូង អេស្ប៉ាញ ស៊ុយអែត ស្វ៊ីស អារ៉ាប់រួម ចក្រភពអង់គ្លេស សហរដ្ឋអាមេរិក ហុងកុង។

យោងតាមព័ត៌មានក្រសួងការបរទេសថៃ ទេសចរអាចទស្សនាបាន១៧កន្លែង មានដូចជា 1.  Phuket 2.  Surat Thani 3.  Bangkok 4.  Samut Prakan (Suvarnabhumi airport) 5.  Krabi 6.  Phangnga 7.  Prachuap Khiri Khan (Nong Kae, Hua Hin) 8.  Phetchaburi (Cha-am) 9.  Chon Buri (Pattaya, Bang Lamung, Jomtien, Bang Sare, Koh Sichang, Si Racha) 10.  Ranong (Koh Payam) 11.  Chiang Mai (Muang, Mae Rim, Mae Taeng, Doi Tao) 12.  Loei (Chiang Khan) 13.  Buri Ram (Muang) 14.  Nong Khai (Muang, Si Chiang Mai, Tha Bo, Sangkhom) 15.  Udon Thani (Muang, Na Yoong, Nong Han, Kumphawapi, Ban Dung) 16.  Rayong (Koh Samet)17.  Trat (Koh Chang)៕

អគ្គនាយក ERA Cambodia លើកឡើងពីគន្លឹះសំខាន់ៗទាក់ទងទីផ្សារ ការវិនិយោគខុនដូនៅកម្ពុជា

ដោយៈកុសមា

ភ្នំពេញៈ វិស័យអចនលនទ្រព្យដើរតួយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនៅកម្ពុជា ក្នុងនោះខុនដូដែលភាគច្រើនជាសំណង់អគារខ្ពស់ៗ ត្រូវបានបង្ហាញខ្លួនជាបន្តបន្ទាប់ដែលជាផ្នែកមួយជួយលើកកំពស់មុខមាត់រាជធានីភ្នំពេញផងដែរ។

ដូចនេះ ដើម្បីធ្វើការវិនិយោគលើវិស័យខុនដូ អោយចំគោលដៅ យើងត្រូវយល់ដឹងពី ស្ថានភាព និង បរិបទមួយចំនួន ដែលទាក់ទងលើវិស័យនេះ។

លោក ខន គង្គាអគ្គនាយក ក្រុមហ៊ុន ERA Cambodia លោកបានបញ្ជាក់អោដឹងក្នុងកិច្ចសម្ភាសន៍ពិសេសកាលពីថ្ងៃទី២០ តុលាកន្លងមកថា ដោយសាររាជរដ្ឋាភិបាលបានចូលរួមទប់ស្កាត់ជំងឺកូវីដ១៩បានល្អ បានធ្វើឲ្យការទិញ លក់ខុនដូល្អប្រសើរ នៅត្រីមាសចុងក្រោយនេះ ។

លោកបានបញ្ជាក់ទៀតថា “ទៅនៅតំលៃខុនដូក្នុងសម័យកូវិដនេះ បើអោយឡើងលឿនវាមិនអាចឡើងលឿនទេ ធម្មតាដោយមានការទប់ស្កាត់ និងបិទការជួបជុំផង ដូចនេះតំរូវការតែងមានការធ្លាក់ចុះ តែបើសួរថា តំលៃអចនទ្រព្យធ្លាក់ចុះទេ គឺអត់ធ្លាក់ចុះទេ តំលៃគឺនៅទ្រឹងដដែល”។

លោកបានលើកឧទាហរណ៍បញ្ជាក់ដូចនេះថា “គេមិនអាចយកខុនដូតំលៃ១០ ម៉ឺន លក់ខាតក្នុងតំលៃ៨ដុល្លារម៉ឺនទេ តែអ្នកអភិវឌ្ឍគំរោង គេនឹងគិតដើម្បីធ្វើការសំរួល តាមរយៈកាផ្តល់ជូនគ្រឿងសង្ហារឹម រឺការបង់ប្រាក់រយៈពេលវែងជាដើម។ ការបញ្ចុះតម្លៃ ឬបន្ថែមសម្ភារៈ វាអាស្រ៧យទៅតាមគំរោងនីមួយៗ។

លោកខន គង្គា បានបន្តថា មនុស្សមាន២ប្រភេទ ទី១ គាត់មានបញ្ហានៅពេលដែលបញ្ហាមួយកើតឡើង តែអ្នកទី២ គាត់មានឱកាស នៅពេលដែលមានបញ្ហា ព្រោះមនុស្សទូទៅឃើញថា Business ពិតជាមានបញ្ហាមែន តែមួយចំនួនឃើញឱកាសក្នុងការវិនិយោគ ព្រោះពេលធម្មតានរណាក៏អាចមានលទ្ធភាពទិញ ដោយគាត់ដឹងថា មិន​មាន ឱកាសណាទិញល្អ ជាងពេលនេះទេ។ ទីផ្សារធម្មតាមនុស្សអាចទិញសំរាប់រស់នៅ តែក្នុងបរិបទនេះ គឺគេទិញសំរាប់វិនិយោគ។

លោកក៏បានលើកពី តំបន់ដែលមានសក្តានុពល ក្នុងការវិនិយោគខុនដូរ សំរាប់រាជធានីភ្នំពេញ មានដូចជា ទី១ បឹងកេងកង ទី២ ទួលគោក ទី៣ ជ្រោយចង្វារ ទី៤ កោះពេជ្រ ទាំង ៤ទីតាំងនេះមានការរីចំរើនជាងគេ និងមានការទិញលក់ច្រើនជាងគេផងដែរ។ ក្រៅពីនោះយើងមានខេត្តព្រះសីហនុ ដែលមានសក្តានុពលល្អ ផ្នែកខុនដូផងដែរ។

លើសពីនេះលោកបានពន្យល់បន្ថែមទៀតថា ដើម្បីវិនិយោគខុនដូរអោយចំគោលដៅ និងទទួលឱកាសចំនេញ គួរពិនិត្យលើ ទី១ Background របស់អ្នកអភិវឌ្ឍ ទី២ ស្ថានភាពហិរញ្ញវត្ថុរបស់គំរោង ទី៣ ការដេគ័របស់គំរោង ទី៤ ទីតាំង ទី៥ ការគ្រប់គ្រង ទី៦ ប្រពន្ធផ្លូវច្បាប់ ហើយដើម្បីយល់ដឹងពីចំនុចទាំងអស់នេះ គឺមានតែភ្នាក់ងារអចលនទ្រព្យធំៗ ប៉ុណ្ណោះដែលមានជំនាញក្នុងការណែនាំអតិថិជន។

ព្រោះភ្នាក់ងារធចលនទ្រព្យទាំងអស់នោះ គេមាន qualification មួយ ដើម្បីធ្វើសហប្រត្តិបត្តិការ តបនឹងតំរូវការ ចំនុចខាងលើ ទើបគេអាចយកមកលក់អោយអតិថិជនបាន។

លោកគង្គាបានបន្ថែមថា ដើម្បីទិញខុនដូរបានតំលៃល្អ និងទំនុកចិត្តខ្ពស់ គួរជ្រើសរើសភ្នាក់ងារ ដែលមានជំនាញច្បាស់លាស់ និងធ្វើការលើវិស័យខុនដូរតែមួយមុខ ព្រោះនឹងមានតំលៃ និងការចចារល្អជាង ហើយត្រូវមានទីតាំងត្រឹមត្រូវ ចៀសវាងពេលមានបញ្ហាមិនមានដំណោះស្រាយត្រឹមត្រូវផងដែរ លោកក៏បានបញ្ជាក់ថា ក្រុមហ៊ុន ERA ជាក្រុមហ៊ុនមានជំនាញ ច្បាស់លាស់ និងធ្វើការលើវិស័យខុនដូរតែមួយមុខ ព្រមទាំងមានទីតាំងច្បាស់លាស់ ដែលផ្តល់ទំនុកចិត្តខ្ពស់ដល់អតិថិជន៕

ការសិក្សាថ្មីៈ វ៉ាក់សាំងអាមេរិក Pfizer មានប្រសិទ្ធភាពជាង៩០ភាគរយក្នុងការប្រឆាំងវីរុសបំប្លែងខ្លួនថ្មី Delta ក្នុងចំណោមក្មេងជំទង់

ដោយៈសុខុម

អាមេរិកៈ ការសិក្សាស្រាវជ្រាវថ្មីបង្ហាញថា វ៉ាក់សាំងអាមេរិក Pfizer/BioNTech មានប្រសិទ្ធភាពខ្ពស់ ក្នុងការប្រឆាំងនឹងវីរុសកូវីដ-១៩ បំប្លែងខ្លួនថ្មី Delta ក្នុងចំណោមក្មេងជំទង់អាយុចាប់ពី១២ដល់១៨។ នេះបើយោងតាមសារព័ត៌មាន The Edge Markets ចុះផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី២១ តុលា។

លទ្ធផលនៃការសិក្សាស្រាវជ្រាវ ដែលធ្វើឡើងនៅប្រទេសអ៊ីស្រាអែល និងចុះផ្សា​យក្នុងព្រឹត្តិបត្រវេជ្ជសាស្ត្រអង់គ្លេស New England Journal of Medicine នេះនឹងផ្ដល់ការធានាបន្ថែមទៀតថា វ៉ាក់សាំង Pfizer ពិតជាមានប្រសិទ្ធភាពខ្ពស់ ក្នុងការប្រឆាំងនឹងវីរុសបំប្លែងខ្លួនថ្មី ក្នុងចំណោមក្មេងជំទង់ ខណៈក្រុមហ៊ុនផលិតឱសថ របស់សហរដ្ឋអាមេរិកមួយនេះ កំពុងពិចារណាចាក់វ៉ាក់សាំងនេះដល់កុមារអាយុ៥ឆ្នាំ។

ការសិក្សាស្រាវជ្រាវនេះបានរកឃើញថា វ៉ាក់សាំងនេះ មានប្រសិទ្ធភាពប្រឆាំងនឹងវីរុសកូវីដ-១៩ ក្នុងចំណោមក្មេងជំទង់ចន្លោះពី៩០% ទៅ៩៣%នៅថ្ងៃទី៧ ដល់ថ្ងៃទី២១ ក្រោយពីចាក់ដូសទី២។

ក្រុមអ្នកសិក្សាស្រាវជ្រា វមកពីវិទ្យាស្ថានស្រាវជ្រាវផ្នែកសុខាភិបាល Clalit Research Institute នៃប្រទេសអ៊ីស្រាអែល និងសាកលវិទ្យាល័យអាមេរិក Harvard University បានធ្វើការពិនិត្យផ្ទៀងផ្ទាត់ទិន្នន័យ ពីអ្នកទទួលវ៉ាក់សាំងចំនួន៩៤.៣៥៤នាក់ដែលមានអាយុពី១២ដល់១៨ឆ្នាំ ធៀបនឹងក្មេងជំទង់ក្នុងចំនួនស្មើគ្នា ដែលមិនបានចាក់វ៉ាក់សាំង។

ការសិក្សាស្រាវជ្រាវនេះ ត្រូវបានធ្វើឡើងនៅចន្លោះខែមិថុនា ដល់ខែកញ្ញា ជាពេលដែលវីរុសបំប្លែងខ្លួនថ្មី Delta កំពុងផ្ទុះការឆ្លងខ្លាំង នៅក្នុងប្រទេសអ៊ីស្រាអែល។

វិទ្យាស្ថាន Clalit Research Institute បានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធ ទី២០ តុលា ថា ការសិក្សាស្រាវជ្រាវនេះ គឺជាការវាយតម្លៃដ៏ធំបំផុតមួយ ដែលត្រូវបានធ្វើឡើង ក្នុងចំណោមក្រុមមនុស្សអាយុដូចគ្នា លើប្រសិទ្ធភាពនៃវ៉ាក់សាំងប្រឆាំងនឹងវីរុសបំប្លែងខ្លួនថ្មី Delta។

កាលពីដើមសប្តាហ៍នេះ ការវិភាគមួយដែលចេញផ្សាយ ដោយមជ្ឈមណ្ឌលគ្រប់​គ្រង និងទប់ស្កាត់ជំងឺឆ្លង (CDC) របស់សហរដ្ឋអាមេរិក បង្ហាញថា វ៉ាក់សាំង Pfizer មានប្រសិទ្ធភាព៩៣% នៅក្នុងការការពារការឆ្លងធ្ងន់ធ្ងរ ដែលត្រូវបញ្ជូនទៅមន្ទីរពេទ្យក្នុងចំណោមក្មេងជំទង់អាយុពី១២ដល់១៨ឆ្នាំ។

វ៉ាក់សាំង Pfizer ត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ លើកុមារអាយុចាប់ពី១២ឆ្នាំឡើងទៅ ហើយក្រុមហ៊ុននេះកំពុងស្វះស្វែង សុំការអនុម័តបន្ថែមទៀត ពីរដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (US Food and Drug Administration) សម្រាប់ការប្រើប្រាស់វាលើអាយុ៥ឆ្នាំ៕ The Edge Markets៕

អបអរសាទរៈខេត្តមណ្ឌលគិរីបានទទួលពានរង្វាន់ (ដីស្អាតសម្រាប់ទីក្រុងតូច) ពីសមាជិកសមាគមន៍អាស៊ាន

ដោយៈគង់ សិរីជេស៊ីកា

មណ្ឌលគិរីៈ ខេត្តមណ្ឌលគិរី ដែលជាខេត្តមានសក្តានុពល លើវិស័យទេសចរណ៍ជាមួយវាលស្មៅខៀវស្រងាត់ មានរលកភ្នំរពើតរពើងវែងអន្លាយ និងខ្យល់អាកាសត្រជាក់ស្រេប បានទទូលពានរង្វាន់ ឌឺស្អាតសម្រាប់ទីក្រុងតូចពីសហគមន៍សេដ្ឋកិច្ចអាស៊ាន។

កាលពីរសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ លោកឈឹម កាន អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមថង សាវុន អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកកែវ សុភ៌គ ប្រធានមន្ទីរបរិស្ថានខេត្ត និងមន្រ្តីពាក់ព័ន្ឋ បានអញ្ជើញចូលរួមក្នុងពិធីប្រគល់ពានរង្វាន់ទីក្រុង និរន្តភាព បរិស្ថាន អាស៊ាន លើកទី៥ តាមរយៈប្រព័ន្ធវីដេអូ និងសំលេង (Zoom)។

ពិធីនេះរៀបចំដោយប្រទេសឥណ្ឌូនេស៊ី ជាសមាជិកនៃសមាគមន៍អាស៊ាន។ ក្នុងពិធីប្រគល់ពានរង្វាន់ទីក្រុង និរន្តភាពបរិស្ថានអាស៊ានលើកទី៥ សម្រាប់ប្រទេសកម្ពុជាយើង បានទទួលពានរង្វាន់ពី សមាជិកនៃសមាគមន៍អាស៊ាន រួមាន ទីក្រុងភ្នំពេញ ខេត្តកែប និងខេត្តមណ្ឌលគិរី (ដីស្អាតសម្រាប់ទីក្រុងតូច)៕ ប្រភព៖ រដ្ឋបាលខេត្តមណ្ឌលគិរី៕

អ្នកវិនិយោគក្នុងស្រុកបោះទុន២០លានដុល្លារសាងសង់បុរីជាលើកដំបូងនៅក្រុងកែប

ដោយៈគង់ សូរិយា

ភ្នំពេញៈ អ្នកវិនិយោគក្នុងស្រុក បានសម្រេចចិត្តបោះទុនវិនិយោគ២០លានដុល្លារអាមេរិក ដើម្បីសាងសង់បុរីមានភាពស៊ីវិល័យ ជាលើកដំបូងនៅក្នុងទីក្រុងកែប ជាទីក្រុងដែលមានសក្តានុពលខ្ពស់ផ្នែកវិស័យទេសចរណ៍៍។

តំណាងក្រុមហ៊ុន RAJINI PREMIUM RESIDENCE បានមានប្រសាសន៍ឲ្យដឹងតាមបណ្តាញតេឡេក្រាមកាលពីរាត្រីថ្ងៃទី២១ តុលាកន្លងមកថា ដោយសារយើងសង្កេតឃើញថា ខេត្តកែបកំពុងមានភាពរីកចម្រើន ប្រជាពលរដ្ឋមានជីវភាពធូរធារ និងមិនទាន់មានអ្នកវិនិយោគបុរីណាមួយទៅវិនិយោគនៅឡើយ ទើបយើងសម្រេចចិត្តវិនិយោគបុរី RAJINI PREMIUM RESIDENCE នេះឡើង ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ប្រជាពល រដ្ឋ។

តំណាងក្រុមហ៊ុនដដែលបានបន្តថា “យើងយល់ឃើញថា ខេត្តកែបមានប្រជាជនធូរធារច្រើន ដែលមានលទ្ឋភាពទិញបុរីរស់នៅបែបស៊ីវិល័យផងដែរ ស្របពេលខេត្តនេះមានសក្តានុពលសេដ្ឋកិច្ច ពិសេសតម្លៃដីធ្លីបានបន្តកើនឡើង”។ លោកបន្តថា “គោលដៅ​របស់យើងគឺនាំនូវបុរីមានភាពទំនើប ស៊ីវិល័យ និងមានសោភ័ណភាពដល់ប្រជាជននៅទីក្រុងនេះ ដែលពួកគេបានលក់ដិ ហើយមានលទ្ឋភាពទិញលំនៅដ្ឋានក្នុងបុរីនេះបាន”។

លំនៅដ្ឋានក្នុងបុរី RAJINI PREMIUM មានតម្លៃចន្លោះពី៧០,០០០ ដល់២០ម៉ឺនដុល្លារអាមេរិក។

បុរីនេះមានទីតាំងនៅលើផ្លូវជាតិ៣៣អា ដែលមានទំហំ៥០ម៉ែត្រ ជាមួយ​នឹងផ្ទះអាជីវកម្ម និងវីឡាកូនកាត់ ជាប្រភេទលំនៅដ្ឋាន ដែលកំពុងមានការពេញនិយមនៅកម្ពុជា។

តំណាងបុរីនេះបានបន្តថា រហូតមកទល់ពេលនេះ ការសាងសង់បានចាប់ផ្តើមយ៉ាងសស្រាក់សស្រាំ ប៉ុន្តែយើងមិនទាន់បើកលក់នៅឡើយទេ ដោយសារក្រុមហ៊ុនមានទុនវិនិយោគគ្រប់គ្រាន់ និងចង់ផ្តល់ទំនុកចិត្តដល់អតិថិជន។

គំរោងរបស់បុរី RAJINI PREMIUM RESIDENCE សាងសង់លើផ្ទៃដី២ហិកតា ដែលមានផ្ទះជាង១៥០ល្វែង ដែលផ្តល់ភាពស៊ិវិល័យ និងការរស់នៅបែបទាន់សម័យ​ដល់ប្រជាពលរដ្ឋរស់នៅទីក្រុងនេះ ព្រោះគោលដៅរបស់យើងចង់នាំយក នូវភាពស៊ីវិល័យដល់ប្រជាពលរដ្ឋរស់នៅក្នុងទីក្រុងដ៏តូចច្រឡឹងនេះ៕