ការវិនិយោគលើទីផ្សារអចលនទ្រព្យឥណ្ឌារំពឹងហក់ឡើងដល់ទឹកប្រាក់ចន្លោះពី៥ទៅ៧ពាន់លានដុល្លារនៅឆ្នាំនេះ និងឆ្នាំ២០២៦

ដោយ: សហសេវិក
អន្តរជាតិ: បណ្តាវិនិយោគិនសកលបន្តចាត់ទុកប្រទេសឥណ្ឌាជាគោលដៅវិនិយោគអចលនទ្រព្យដ៏ទាក់ទាញបំផុតមួយរបស់តំបន់អាស៊ីប៉ាស៊ីហ្វិក ដោយសារកត្តាប្រជាសាស្ត្រអំណោយផល និងស្ថិរភាពនៃបរិយាកាសគោលនយោបាយ។

ក្រុមអ្នកវិនិយោគកំពុងចាក់បញ្ចូលដើមទុនយ៉ាងសកម្មនៅក្នុងទីផ្សារអចលនទ្រព្យឥណ្ឌា តាមរយៈការទិញដីធ្លី ការសាងសង់មជ្ឈមណ្ឌលទិន្នន័យ សួនឧស្សាហកម្ម និងឡូជីស្ទីក គម្រោងការិយាល័យ និងលំនៅឋាន។

លោក Badal Yagnik នាយកប្រតិបត្តិក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Colliers India បានអះអាងថា ការវិនិយោគនៅក្នុងវិស័យអចលនទ្រព្យរបស់ប្រទេសឥណ្ឌាបានបង្ហាញពីភាពធន់គួរឱ្យកត់សម្គាល់ ដែលឆ្លុះបញ្ចាំងពីការកើនឡើងនៃទំនុកចិត្តរបស់បណ្តាវិនិយោគិន។

លោករំពឹងថា ការបណ្តាក់ទុនវិនិយោគប្រចាំឆ្នាំក្នុងវិស័យអចលនទ្រព្យរបស់ប្រទេសឥណ្ឌានឹងសម្រេចបានទំហំទឹកប្រាក់ចន្លោះពី៥ទៅ៧ពាន់លានដុល្លារអាមេរិកសម្រាប់ឆ្នាំ២០២៥ និងឆ្នាំ២០២៦។

ទីផ្សារអចលនទ្រព្យរបស់ប្រទេសឥណ្ឌាបន្តទទួលបានអត្ថប្រយោជន៍ពីកត្តានានា ដូចជាកំណើនសេដ្ឋកិច្ចក្នុងស្រុកដ៏រឹងមាំ ការកើនឡើងនៃនគរូបនីយកម្មទីក្រុង ការជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងកំណើននៃការប្រើប្រាស់។

លោក Yagnik បានគូសបញ្ជាក់ថា ខណៈក្រុមវិនិយោគិនចាប់អារម្មណ៍លើកំណើនសេដ្ឋកិច្ចរយៈពេលវែងរបស់ប្រទេសឥណ្ឌា លំហូរដើមទុនក្នុងស្រុក និងក្រៅប្រទេសត្រូវបានគេរំពឹងថា នឹងកើនឡើងបន្ថែមទៀតក្នុងរយៈពេលប៉ុន្មានត្រីមាសខាងមុខ។

លោកបន្ថែមថា បណ្តាអ្នកវិនិយោគនៅតែមានសុទិដ្ឋិនិយម ស្របពេលមានការពង្រីកខ្លួនរបស់វិនិយោគិនបរទេសក្នុងទីផ្សារអចលនទ្រព្យឥណ្ឌា ជាពិសេសមកពីសហរដ្ឋអាមេរិក និងតំបន់អាស៊ីប៉ាស៊ីហ្វិក។ ការណ៍នេះឆ្លុះបញ្ចាំងពីភាពទាក់ទាញរបស់ប្រទេសឥណ្ឌាក្នុងនាមជាទីផ្សារអចលនទ្រព្យដែលមានសក្តានុពលខ្ពស់ និងមានភាពធន់៕ប្រភព: The Economic Times៕

មន្រ្តីជាន់ខ្ពស់CDCពន្យល់ពីសក្តានុពលវិនិតយោគកម្ពុជាដល់ ប្រតិភូវិនិយោគិនបរទេស

ដោយៈ ម៉ាណា

    ភ្នំពេញៈ អគ្គលេខាធិការរងគណៈកម្មាធិការ វិនិយោគកម្ពុជា  លោកលឹម វិសាល បានលើកឡើងពីសក្តានុពល និងបរិយាកាសដ៏អំណោយផល សម្រាប់ការវិនិយោគនៅកម្ពុជា ដល់ប្រតិភូធុរកិច្ចបរទេស។

លោកបានលើកឡើង ក្នុងពេលបានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូធុរកិច្ច ដែលជាអ្នកវិនិយោគស្ថាប័នដឹកនាំដោយក្រុមហ៊ុន Cambodia Securities Plc។

សមាសភាពគណៈប្រតិភូ រួមមាន តំណាងក្រុមហ៊ុនដែលមានសកម្មភាពធុរកិច្ចក្នុងវិស័យមូលបត្រ និងវិស័យហិរញ្ញវត្ថុ។

គោលបំណងនៃដំណើរទស្សនកិច្ច មកកម្ពុជានាពេលនេះគឺដើម្បីធ្វើការសិក្សាស្វែងយល់បន្ថែម អំពីបរិស្ថានវិនិយោគនៅកម្ពុជា និងស្វែងរកកាលានុវត្តភាព សម្រាប់កិច្ចសហប្រតិបត្តិការ មិនត្រឹមតែក្នុងវិស័យមូលបត្រប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងវិស័យមួយចំនួនផ្សេងទៀតដូចជា កម្មន្តសាល កិច្ចអភិវឌ្ឍឧស្សាហកម្ម ហេដ្ឋារចនាសម្ព័ន្ធ អចល​នទ្រព្យ និងហិរញ្ញវត្ថុ។

នៅក្នុងកិច្ចពិភាក្សា លោកលឹម វិសាល បានជម្រាបជូនគណៈប្រតិភូអំពីបរិស្ថានវិនិយោគជារួមនៅកម្ពុជា និងវឌ្ឍនភាពសំខាន់ៗមួយចំនួនដែលកម្ពុជាខិតខំសម្រេចបាន ដូចជា ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុជា កំណើននៃរំហូរវិនិយោគបរទេសផ្ទាល់មកកម្ពុជា ការរីកចម្រើននៃការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស។ល។

បន្ថែមលើនេះ លោកអគ្គលេខាធិការរងក៏បានលើកឡើងពីរបបលើកទឹកចិត្តវិនិយោគ ដែលពោរពេញដោយភាពទាក់ទាញ ពន្ធដារ, កត្តាគន្លឹះនៃការទាក់ទាញវិនិយោគមកកម្ពុជា កិច្ចសម្រួលនិងការថែទាំវិនិយោគ ព្រមទាំងវិធានការគាំទ្រផ្សេងៗ ដែលរាជរដ្ឋាភិបាលបានបន្តដាក់ចេញ សម្រាប់លើកកម្ពស់បរិយាកាសវិនិយោគ និងធុរកិច្ចនៅកម្ពុជាឱ្យកាន់តែមានភាពប្រកួតប្រជែងខ្ពស់៕

ក្រុមហ៊ុនរបស់មហាសេដ្ឋីម៉ាឡេស៊ីលោក Robert Kuok ដាក់សំណើដេញថ្លៃដីលំនៅឋានក្នុងតម្លៃខ្ពស់បំផុតនៅសិង្ហបុរី

ដោយ: សហសេវិក
អន្តរជាតិ: ក្រុមហ៊ុន Allgreen Properties របស់មហាសេដ្ឋីម៉ាឡេស៊ីលោក Robert Kuok បានកំណត់តម្លៃដេញថ្លៃខ្ពស់បំផុតចំនួន៤៦៤,៨លានដុល្លារសិង្ហបុរី (ប្រមាណ៣៥៨លានដុល្លារអាមេរិក) លើទីតាំងដីលំនៅឋានដ៏ល្បីល្បាញមួយនៅក្នុងប្រទេសសិង្ហបុរី។

ការដេញថ្លៃទីតាំងដីនៅតំបន់ Bedok Rise នេះមានតម្លៃ១.៣៣០ដុល្លារសិង្ហបុរីក្នុងមួយហ្វីតការ៉េ (ប្រមាណ១១.០៨០ ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ)។នេះបើយោងតាមការរាយការណ៍របស់កាសែត The Business Times។

ទីតាំងនេះទាក់ទាញការដេញថ្លៃពីបណ្តាក្រុមហ៊ុនចំនួន១០ ដែលជាចំនួននៃការចូលរួមច្រើនបំផុតមិនធ្លាប់មានចាប់តាំងពីខែកញ្ញា ឆ្នាំ ២០២១។ ក្រុមហ៊ុនប្រកួតប្រជែងផ្សេងទៀត រួមមានក្រុមហ៊ុន Hong Leong Holdings របស់មហាសេដ្ឋីសិង្ហបុរីលោក Kwek Leng Beng ក្រុមហ៊ុន Frasers Properties និងក្រុមហ៊ុន UOL Group។

យោងតាមអាជ្ញាធរអភិវឌ្ឍន៍ទីក្រុងសិង្ហបុរី(URA) បានឱ្យដឹងថា ដីឡូតិ៍ជួលរយៈពេល៩៩ឆ្នាំនេះ មានទំហំ២០.២៩៤ម៉ែត្រការ៉េស្ថិតនៅតំបន់ Bedok Rise នៅភាគខាងកើតនៃប្រទេសសិង្ហបុរី ។

ដីឡូតិ៍នេះអាចផ្គត់ផ្គង់ការអភិវឌ្ឍខុនដូចំនួន៣៨០យូនីត និងអាចសាងសង់អគារ១២ជាន់ ជាមួយនឹងផ្ទៃក្រឡាសរុបអតិបរមាចំនួន៣២.៤៧០ម៉ែត្រការ៉េ។

ដីឡូតិ៍នេះជាដីឡូតិ៍ចុងក្រោយដែលបែរមុខទៅស្ថានីយ៍រថភ្លើងក្រោមដី Tanah Merah ដែលជាចំណុចប្រសព្វតភ្ជាប់ខ្សែរថភ្លើងក្រោមដីខាងកើត-ខាងលិចជាមួយនឹងខ្សែរថភ្លើង Thomson-East Coast ដើម្បីកែលម្អការតភ្ជាប់ទៅកាន់អាកាសយានដ្ឋាន Changi និងឧទ្យានពាណិជ្ជកម្ម Changi៕ប្រភព: Vnexpress ៕

តើអាគារដែលមានស្តង់ដាអន្តរជាតិត្រូវបានសាងសង់ដូចម្តេច និងកំពស់ពីជាន់និមួយៗមានកំពស់ប៉ុន្មាន?

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ អាគារប្រកបដោយស្តង់ដាមួយ ត្រូវបានកំណត់ដោយការគណនាច្បាស់លាស់ លើកំពស់ ទំហំ និងជាន់និមួយៗរួមទាំងរចនាសម្ព័ន្ឋស្មុគ្រស្មាញជាច្រើនទៀត។

គេហទំព័រPropertyarea.asia សូមលើកយកចំណេះដឹងថ្មី សម្រាប់សាធារណជន មុនសម្រេចចិត្តរស់នៅអាគារអាផាតម៉ិន និងខុនដូណាមួយ។

  1. ស្តង់ដារសម្រាប់លំហូរខ្យល់បរិស្ថានល្អនៅក្នុងអគារ

ដើម្បីរចនាអគារ ដែលមានខ្យល់ចេញចូលធម្មជាតិល្អ និងលំហូរខ្យល់ប្រកបដោយផាសុកភាព ស្ថាបត្យករប្រើប្រាស់គោលការណ៍ណែ​នាំល្បីៗមួយចំនួន។

ក. ទិសដៅអគារ

  • អគារគួរតែបែរមុខទៅទិសខ្យល់ (ទិសដៅខ្យល់ទូទៅបំផុតនៅក្នុងតំបន់)។
  • នៅកម្ពុជា ខ្យល់ច្រើនតែមកពីភាគនិរតី (រដូវវស្សា) ភាគឦសាន (រដូវប្រាំង)។

ទិសទាំងពីរនេះ ជាទិសដៅល្អអនុញ្ញាតឱ្យខ្យល់ចូល និងចេញពីអគារបានយ៉ាងងាយស្រួល។

ខ. ការរចនាខ្យល់ចេញចូល (សំខាន់ណាស់)

អគារត្រូវការច្រកចូលពីរផ្ទុយគ្នា សម្រាប់ខ្យល់ឆ្លងកាត់៖

  • បង្អួច ឬរន្ធខ្យល់នៅសងខាង
  • ខ្យល់អាចហូរចូលម្ខាង ហើយចេញម្ខាងទៀត ដែលនេះគឺជាវិធីសាស្ត្រខ្យល់ចេញចូលធម្មជាតិដ៏មានប្រសិទ្ធភាពបំផុត។

គ. គម្លាតរវាងអគារ

ដើម្បីជៀសវាងការរារាំងខ្យល់ ស្ថាបត្យករ និងវិស្វករត្រូវគោរពនូវ

  • រក្សាចម្ងាយរវាងអគារ និងអាគារយ៉ាងហោចណាស់2 គុណនឹង២ម៉ែត្រនៃកម្ពស់អគារ។

ឧទាហរណ៍៖ ប្រសិនបើអគារមានកម្ពស់20 ម៉ែត្រ វិស្វករសាងសង់ត្រូវទុកគម្លាត40ម៉ែត្រ ដែលស្តង់ដានេះ ជួយការពារស្រមោលខ្យល់ (តំបន់ខ្យល់ទាប)។

ឃ. រូបរាងអគារ

សម្រាប់អគារវែងៗ និងតូចចង្អៀត ស្រូបយកខ្យល់បានល្អជាង។

  • ទីធ្លា បន្ទប់ទទួលភ្ញៀវ និងចន្លោះបើកចំហ ជួយឱ្យខ្យល់ចរាចរនៅខាងក្នុង។

ង. ទំហំ និងប្រភេទបង្អួច

ខ្យល់ចេញចូលល្អតម្រូវឱ្យមាន៖

  • តំបន់ដែលអាចបើកបង្អួចបានចន្លោះពី20ទៅ30% នៃផ្ទៃជញ្ជាំង
  • ប្រើបង្អួចប្រភេទcasement ឬបង្អួចប្រភេទlouver (ពួកវាស្រូបយកខ្យល់បានល្អជាងបង្អួចរអិល)។

ច. ស្តង់ដារអគារបៃតង

ស្តង់ដារទាំងនេះ រួមមានច្បាប់សម្រាប់ខ្យល់ចេញចូលធម្មជាតិ៖

  • LEED (សហរដ្ឋអាមេរិក)
  • EDGE (IFC / ធនាគារពិភពលោក)
  • BREEAM (ចក្រភពអង់គ្លេស)
  • Green Mark (សិង្ហបុរី)

ពួកគេតម្រូវឱ្យមាននូវលក្ខខ័ណ្ឌដូចជា

  • អត្រាលំហូរខ្យល់អប្បបរមា
  • ការធ្វើតេស្តដំណើរការខ្យល់ចេញចូលធម្មជាតិ។
  • ការវិភាគផាសុកភាពកំដៅ និងខ្យល់
  1. តើជាន់នីមួយៗគួរមានកម្ពស់ប៉ុន្មាន? (កម្ពស់ជាន់ដល់ជាន់)

ប្រភេទអគារផ្សេងៗគ្នាមានកម្ពស់ជាន់ស្តង់ដារ៖

អគារលំនៅដ្ឋាន (ផ្ទះ អាផាតមិន)

  • 2.8 ម៉ែត្រ ទៅ3.2 ម៉ែត្រពីជាន់១ ដល់ជាន់១ទៀត
  • ផ្តល់ខ្យល់ចេញចូលធម្មជាតិ ប្រកបដោយផាសុកភាព និងកន្លែងសម្រាប់ពិដាន និងសេវាកម្ម។

អគារពាណិជ្ជកម្ម / ការិយាល័យ

  • មានកំពស់ពីជាន់មួយ ទៅជាន់មួយទៀត មានចន្លោះពី3.6 ម៉ែត្រ – 4.2 ម៉ែត្រ។

លក្ខខ័ណ្ឌតម្រូវនេះ ដោយសារតែអាគារត្រូវការដោយសារតែ៖

  • បំពង់ខ្យល់ម៉ាស៊ីនត្រជាក់
  • ខ្សែភ្លើង និងអ៊ីនធឺណិត
  • គ្រឿងបំភ្លឺ

លក់រាយ / ផ្សារទំនើប

  • អាគារពាណិជ្ជកម្មបែបនេះ ត្រូវមានចន្លោះកំពស់ពីជាន់មួយ ទៅកាន់ជាន់មួយទៀត មានរយៈកំពសស់ចន្លោះពី4.0ម៉ែត្រ6.0ម៉ែត្រ។
  • ត្រូវការកន្លែងទំនេរបន្ថែមសម្រាប់ចរាចរ និងភាពមើលឃើញ។

ឧស្សាហកម្ម / ឃ្លាំង

  • សម្រាប់ស្តង់ដា និងលក្ខខ័ណ្ឌសាងសង់ឃ្លាំង ត្រូវមានកំពស់ចន្លោះពី6ម៉ែត្រ ទៅ12ម៉ែត្រអាស្រ័យលើប្រតិបត្តិការ។

តើផ្លែទំពាំងបាយជូមានសារៈប្រយោជន៍ចំពោះសុខភាពបែបណា?

ដោយៈ ជេស៊ីកា

    ភ្នំពេញៈ ទំពាំងបាយជូរ ជាប្រភេទរុក្ខជាតិវល្លរ៍ ប៉ុន្តែផ្លែរបស់វា ដែលមានកញ្ចុំតូចៗ ប៉ុន្តែមានឥទ្ធិពលខ្លាំងសម្រាប់សុខភាពរបស់អ្នក។

ចំណុចទាំងអស់នេះ ជាគុណប្រយោជន៍របស់ផ្លែឈើមួយប្រភេទនេះ។

 ១. សម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម

ផ្លែទំពាំងបាយជូរ (ជាពិសេសពណ៌ក្រហម និងពណ៌ស្វាយ) មានផ្ទុកសារធាតុ resveratrol, quercetin និងសារធាតុប្រឆាំងអុកស៊ីតកម្មផ្សេងៗទៀត។

សារធាតុទាំងនេះជួយ៖

  • បន្ថយភាពចាស់ជរា
  • ការពារកោសិកាពីការខូចខាត

២. ល្អសម្រាប់សុខភាពបេះដូង

ផ្លែទំពាំងបាយជូរជួយ៖

  • បន្ថយកូឡេស្តេរ៉ុលអាក្រក់ (LDL)
  • ធ្វើអោយប្រសើរឡើងនូវលំហូរឈាម

កាត់បន្ថយហានិភ័យនៃជំងឺបេះដូង។

  • ការពារសរសៃឈាម

៣. ជំរុញប្រព័ន្ធភាពស៊ាំ

 

ពួកវាមានផ្ទុក៖

  • វីតាមីនC
  • វីតាមីន K
  • សមាសធាតុរុក្ខជាតិជំរុញប្រព័ន្ធភាពស៊ាំ និងជួយរាងកាយរបស់អ្នកប្រឆាំងនឹងការឆ្លងមេរោគ។

៤. ល្អសម្រាប់ការរំលាយអាហារ

ទំពាំងបាយជូរមានផ្ទុកជាតិសរសៃ និងទឹក ដែលជួយ៖

  • ធ្វើអោយប្រសើរឡើងនូវការរំលាយអាហារ
  • ការពារការទល់លាមក

 

៥. ផ្តល់សំណើម និងថាមពល

ទំពាំងបាយជូរមានផ្ទុកជាតិទឹកខ្ពស់ (៨០% +) ដូច្នេះវារក្សាអ្នកឱ្យមានសំណើម។ ជាតិស្ករធម្មជាតិ (មិនបង្កគ្រោះថ្នាក់) ផ្តល់ឱ្យអ្នកនូវថាមពលរហ័ស។

៦. ល្អសម្រាប់ភ្នែក

ដោយសារតែសារធាតុប្រឆាំងអុកស៊ីតកម្ម ដូចជា lutein និង zeaxanthin ទំពាំងបាយជូរជួយ៖

កាត់បន្ថយភាពតានតឹងភ្នែក

  • ការពារប្រឆាំងនឹងការបាត់បង់ការមើលឃើញ

៧. ល្អសម្រាប់ស្បែក

 

  • ធ្វើអោយប្រសើរឡើងនូវការបត់បែនស្បែក កាត់បន្ថយស្នាមជ្រួញ។
  • ការពារពីការខូចខាតដោយកាំរស្មីយូវី និងអាចជួយគ្រប់គ្រងជាតិស្ករក្នុងឈាម។

ទោះបីជាទំពាំងបាយជូរមានរសជាតិផ្អែមក៏ដោយ វាមានសន្ទស្សន៍គ្លីសេមិចទាប ដូច្នេះវាមិនធ្វើឱ្យជាតិស្ករឡើងលឿនពេកទេ (នៅពេលញ៉ាំក្នុងបរិមាណធម្មតា)៕

 

មេពន្ឋដារ និងមេសភាពាណិជ្ជកម្មជួបពិភាក្សាលើបញ្ហាក្តៅៗជាច្រើនទាក់ទងនឹងធុរកិច្ចពាក់ព័ន្ឋស្ថាប័នទាំងពីរ

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានគណៈកម្មការ សម្របសម្រួលក្រុមការងារផ្នែកឯកជន សម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (គ.ស.ឯ.រ.ជ) និងជាសហប្រធាន នៃយន្តការភាពជាដៃគូអគ្គនាយកដ្ឋានពន្ធដារ-ផ្នែកឯកជន តំណាងផ្នែកឯកជន បានដឹកនាំសមាជិក សមាជិកជាន់ខ្ពស់សភាពាណិជ្ជកម្មកម្ពុជា ចូលរួមសហដឹកនាំក្នុងកិច្ចប្រជុំពិនិត្យ ពិភាក្សាលើបញ្ហាប្រឈមពាក់ព័ន្ធនឹងពន្ធដារ និងការរៀបចំវេទិការស្តីពីពន្ធដារ។

កិច្ចប្រជុំនេះបានចូលរួមដោយសហប្រធាន ដឹកនាំដោយ លោកគង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកជាអគ្គនាយក អគ្គនាយកដ្ឋានពន្ធដារ និងជាសហប្រធាននៃយន្តការភាពជាដៃគូ អគ្គនាយកដ្ឋានពន្ធដារ-ផ្នែកឯកជន តំណាងផ្នែករដ្ឋាភិបាល។

កម្មវិធីនេះក៏មានការចូលរួមផងដែរ ពីសំណាក់មន្ត្រីពាក់ព័ន្ធនៃអគ្គនាយកដ្ឋានពន្ធដារ, តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ, តំណាងគ្រឹះស្ថាន សមាគម ក្រុមហ៊ុនឯកជន និងអ្នកពាក់ព័ន្ធជាច្រើនទៀតផងដែរ។

គោលបំណងនៃកិច្ចប្រជុំ និងវេទិការនេះគឺដើម្បីពិភាក្សាលើចំណុចមួយចំនួនដូចជា ទី១. ពិនិត្យ ពិភាក្សាលើបញ្ហាប្រឈមសេសសល់ និងបញ្ហាប្រឈមនានាដែលស្នើឡើង ដោយផ្នែកឯកជនពាក់ព័ន្ធនឹងសមត្ថកិច្ចពន្ធដារ។ ទី២. ត្រៀមសម្រាប់ការរៀបចំ “វេទិការស្តីពីពន្ធដារ” ដែលជាគំនិតផ្តួចផ្តើមរបស់អគ្គនាយកដ្ឋានពន្ធដារ ដើម្បីផ្សព្វ​ផ្សាយ និងជជែកពិភាក្សាលើប្រធានបទសំខាន់ៗ មួយចំនួនពាក់ព័ន្ធនឹងពន្ធដារ ក៏ដូចជា ដើម្បីលើកកម្ពស់អនុលោមភាពសារពើពន្ធ និងជាពិសេសទទួលយក និងដំណោះស្រាយនូវបញ្ហាប្រឈមពីផ្នែកឯកជន។

អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានលើកឡើងថា កិច្ចប្រជុំនៅថ្ងៃនេះ ពិតជាមានសារៈសំខាន់យ៉ាងខ្លាំង ដែលតាមរយៈយន្តការភាពជាដៃគូ អគ្គនាយកដ្ឋានពន្ធដារ-ផ្នែកឯកជន បានដើរតួនាទីយ៉ាងសំខាន់ ដែលផ្នែកឯកជនប្រើប្រាស់យន្តការនេះដើម្បីលើកឡើងនូវបញ្ហា ប្រឈមពាក់ព័ន្ធនឹងពន្ធដារ ដើម្បីស្នើសុំដំណោះស្រាយ ក្នុងន័យចូលរួមចំណែក ក្នុងការលើកកម្ពស់សេដ្ឋកិច្ចប្រទេសជាតិ។​

បន្ថែមពីនេះ អ្នកឧកញ៉ាប្រធាន ក៏បានស្នើសុំឱ្យផ្នែកឯកជនខ្លួនឯងផ្ទាល់ ត្រូវធ្វើយ៉ាងណាការធ្វើធុរកិច្ច ប្រកបដោយការទទួលខុសត្រូវខ្ពស់ និងគោរពច្បាប់ផងដែរ។

ឆ្លៀតក្នុងឱកាសនោះ អ្នកឧកញ៉ាប្រធានសភាពាណិជ្ជកម្មកម្ពុជា​ បានស្នើសុំ លោកអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ ក្នុងនាមជាសហប្រធាននៃយន្តការភាពជាដៃគូ បង្កើតឱ្យមានគណៈកម្មការមួយ ដើរតួនាទី ក្នុងការត្រួតពិនិត្យលើកែធ្វើកំណែទម្រង់ និងវិសោធនកម្មច្បាប់ទាក់ទងនឹងពន្ធដារ ក្នុងន័យធ្វើយ៉ាងណាទាក់ទាញបន្ថែមទៀតអ្នកវិនិយោគចូលមកក្នុងព្រះរាជាណាចក្រកម្ពុជា។

គិតចាប់ពីថ្ងៃទី២ ខែវិច្ឆិកា​ ឆ្នាំ២០២៣​ ដល់ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ បញ្ហាប្រឈមក្នុងវិស័យព​ន្ធដារ ដែលផ្នែកឯកជនបានលើកឡើងសរុបមានចំនួន៥៦។ ក្នុងនោះបញ្ហាទាំងនោះ មិនបានរាប់បញ្ចូលវិធានការទាំង៥៦ ដែលបានដោះស្រាយរួចរាល់ កាលពីឆ្នាំ២០២៤ ដែលបានដាក់ចេញ ក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩ នោះទេ។

ការរៀបចំវេទិកានេះ នឹងក្លាយជាយន្តការមួយថ្មី ដើម្បីបំពេញបន្ថែមទៀតពីលើយន្តការ នៃកិច្ចសហការជាមួយវិស័យឯកជន និងអ្នកជាប់ពន្ធដែលកំពុងអនុវត្តស្រាប់ជាធរមាន។ ក្នុងន័យនេះ បន្ទាប់ពីមានការរៀបចំ “វេទិកាស្តីពីពន្ធដារ-Tax Forum” យន្តការសហការជាមួយអ្នកជាប់ពន្ធពាក់ព័ន្ធ នឹងពន្ធដារជាធរមានក៏មានផងដែរ រួមមាន៖ ១. យន្តការ ក្រុមការងារផ្នែកនីតិកម្ម ពន្ធដារ និងអភិបាលកិច្ច (ក្រុម “ឃ”) នៃយន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន និងក្រុមការងារអគ្គនាយកដ្ឋានពន្ធដារ-ផ្នែកឯកជន ដែលជាក្រុមការងារសម្រួលដល់ក្រុម “ឃ”  ជាយន្តការទទួល ពិភាក្សា និងដោះស្រាយ បញ្ហាប្រឈម និងការស្រាយបំភ្លឺចំណុចនានា ពាក់ព័ន្ធនឹងពន្ធដារកម្រិតបច្ចេកទេសជូន ដល់សហគ្រាសជាអ្នកជាប់ពន្ធធំ ឬអ្នកជាប់ពន្ធមធ្យម ដែលយន្តការនេះ ត្រូវឆ្លងកាត់កិច្ចពិភាក្សា និងដោះស្រាយដោយលក្ខណៈបច្ចេកទេស។

២.យន្ដការ “វេទិកាស្តីពីពន្ធដារ-Tax Forum” ជាយន្តការលើកកម្ពស់ការ យល់ដឹង និងការផ្សព្វផ្សាយការងារពាក់ព័ន្ធនឹងពន្ធដារ ជូនអ្នកជាប់ពន្ធពីគ្រប់ស្រទាប់ទាំងអស់ ដែលរួមមាន សហគ្រាសអាជីវកម្ម, សហគ្រាសអ្នកជាប់ពន្ធតូចនិងមធ្យម, សហគ្រាសមីក្រូ, សហគ្រាសស្ថិតនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ, និងរូបវន្តបុគ្គលដែលជាប្រជាពលរដ្ឋទូទៅ ពោលគឺជាយន្តការផ្សព្វផ្សាយ អប់រំលក្ខណៈទូលាយ៕

រយៈពេលពីរឆ្នាំ! អាគារជាប់គាំងចំនួន១៩៤មានទុនវិនិយោគជាង៣៨០០លានដុល្លារត្រូវបានសាងសង់ឡើងវិញនៅខេត្តព្រះសីហនុ

ដោយៈ គង់ សូរិយា

    ព្រះសីហនុៈ អភិបាលរងខេត្តព្រះសីហនុ លោកឯម ភាពបានលើកឡើងថា អគារជាប់គាំងមាន១៩៤គម្រោង មានទុនវិនិយោគប្រមាណ៣៨១៦លានដុល្លារអាមេរិកត្រូវបានទទួលការលើកទឹកចិត្តពិសេសពីកម្មវិធីជម្រុញការវិ​និយោគនៅខេត្តព្រះសីហនុ។

កម្មវិធីជម្រុញការវិនិយោគនេះ ត្រូវបានប្រកាសឡើងជាផ្លូវការក្រោមអធិបតីភាពសម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជាកាលពីខែមករា ឆ្នាំ២០២៤។

លោកឯម ភាពបានលើកឡើងបែបនេះកាលពីសប្តាហ៍មុន ក្នុងសិក្ខាសលាផ្សព្វផ្សាយសេចក្តីណែនាំស្តីពី “នីតិវិធីនៃការអនុវត្តការលើកទឹកចិត្តផ្នែកពន្ធដារ ក្រោមកម្មវិធីពិសេសជំរុញការវិនិយោគ ក្នុងខេត្តព្រះសីហនុកាលពីសប្តាហ៍មុន។

លោកបញ្ជាក់ថា “ក្នុងនាមសមាជិកក្រុមការងារ ជំរុញការវិនិយោគខេត្តព្រះសីហនុ រីករាយ ព្រោះសិក្ខាសាលា ក្នុងថ្ងៃនេះ មានគោលបំណង ដើម្បីផ្សព្វផ្សាយអំពីសេចក្តីណែនាំលេខ ២៩៧២២ អពដ ស្តីពី “នីតិវិធីនៃការអនុវត្តការលើកទឹកចិត្តផ្នែកពន្ធដារ ក្រោមវិសាលភាពកម្មវិធីពិសេស”។

លោកអភិបាលរងខេត្តបានបន្ថែមថា ស្ថានភាពនៃការវិនិយោគ របស់ក្រុមហ៊ុននានា នៅទូទាំងខេត្តព្រះសីហនុ ផ្តោតលើវិស័យមួយចំនួន ដូចជា តំបន់សេដ្ឋកិច្ចពិសេស អភិវឌ្ឍន៍ទេសចរណ៍(ដីជួលរយៈពេលវែង ដីឆ្នេរ និងកោះ) កសិកម្ម កសិ-ឧស្សាហកម្ម ឧស្សាហកម្ម រោងចក្រ សហគ្រាស សិប្បកម្ម ហេដ្ឋារចនាសម្ព័ន្ធ សេវាកម្មទេសចរណ៍ និងសណ្ឋាគារ កសិដ្ឋានចិញ្ចឹមសត្វ កំពង់ផែសម្រាប់ធ្វើការនាំចេញ-ចូល ក្នុង និងក្រៅប្រទេស។

លោកឯម ភាព បានបញ្ជាក់ទៀតថា ក្រោមវិសាលភាពនៃកម្មវិធីពិសេសនេះ រហូតដល់ដំណាច់ឆ្នាំ២០២៥ ជាលទ្ធផលក្រុមការងារពិសេសជំរុញការវិនិយោគ ទទួលបានសំណើសុំលើកទឹកចិត្តចំនួន៤១៣គម្រោងក្នុងនោះគម្រោង ដែលទទួលបានលិខិតអនុញ្ញាតជាគោលការណ៍ចំនួន៤១២គម្រោង មានទុនវិនិយោគសរុបប្រមាណ ៧៩៧០លានដុល្លារ និងប៉ាន់ស្មាន អាចបង្កើតឱកាសការងារ៥២, ០០៤កន្លែង៕

រដ្ឋមន្រ្តីក្រសួងដែនដីដាក់ចេញផែនការសកម្មភាពចំនួន១៤ ដើម្បីជម្រុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គមដោយនិរន្តរភាព

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់លោក សាយ សំអាល់បានដាក់ចេញផែនការសកម្មភាពសំខាន់ៗចំនួន១៤ ដើម្បីធានាដល់ការរៀបចំដែនដី សំណ​ង់ ក្នុងន័យជម្រុញការអភិ​វឌ្ឍដោយចីរភាព។

លោកបានបង្ហាញពីផែនការនេះ ក្នុងពិធីបិទសន្និបាតការងារប្រចាំឆមាសទី១ នៅទីស្តីការក្រសូងកាលពីថ្ងៃទី២ ធ្នូកន្លងមកនេះ។

ក្រៅពីសមិទ្ធផល ដែលសម្រេចបាន​នាពេលកន្លងមក ការងារបន្ទាប់ដែល​ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ត្រូវងាកមកគិតគូរគឺការរៀបចំក្រុង និងទីប្រជុំជនឱ្យបានច្រើន និងការងារអាទិភាពផ្សេងទៀត ដើម្បីចូលរួមកសាងកម្ពុជាឱ្យមានខឿនសេដ្ឋកិច្ចនិងខឿនការពារជាតិរឹងមាំ ខ្លួនទីពឹងខ្លួន និងឯករាជ្យម្ចាស់ការ ខណៈស្ថានភាពពិភពលោកប្រែប្រួលឥតឈប់ឈរ។

លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានមានប្រសាសន៍ណែនាំពីទិសដៅការងារបន្ត ដែលក្រសួងត្រូវបន្តយកចិត្តទុកដាក់ រួមមាន ទី១ ធានាដំណើរការស្ថាប័ន ដោយរក្សាសាមគ្គីភាពផ្ទៃក្នុង ធ្វើការជាប្រព័ន្ធ សមូហភាពដឹកនាំ បុគ្គលទទួលខុសត្រូវ ទី២ គិតគូរ និងផ្តល់ឱកាសដល់មន្ត្រី បង្កលក្ខណៈងាយស្រួល ឱ្យគាត់អាចបំពេញការងារបាន លើកតម្កើងអ្នកដែលខំប្រឹងប្រែងធ្វើការ។

ទី៣ ការងារសុរិយោដី៖ ជំរុញច្បាប់គ្រប់គ្រង​ការវាស់វែង​ និងការផលិត​ផែនទី ព្រោះក្រសួងនឹងក្លាយជាអង្គភាព ដែលត្រូវរៀបចំផែនទីផ្លូវការ សម្រាប់ប្រើប្រាស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ទី៤ តំបន់បឹងទន្លេសាប ៖ ជំរុញការធ្វើវារីវប្បកម្ម និងគិតគូរអ្វីដែលត្រូវធ្វើទៅមុខទៀត ក្រៅពីស្រូវនិងដំណាំដទៃទៀត។

ទី៥ តំបន់បេតិកភណ្ឌពិភពលោកអង្គរ៖ ជាប្រភពចំណូលកម្ពុជា ដូច្នេះត្រូវរក្សាមរតកដូនតាផង និងធានាថាប្រជាជននៅអង្គរទទួលបានប្រយោជន៍ពីអង្គរ និងហៅខ្លួនឯងថាអ្នកស្រុកអង្គរ ហើយចូលរួមថែរក្សាការពារអង្គរ។

ទី៦ ការងាររៀបចំដែនដី៖ ជំរុញការរៀបចំប្លង់គោលប្រើប្រាស់ដី និងផែនការនៃការប្រើប្រាស់ដី នៅទូទាំងប្រទេស ដែលជាមុខងារចម្បងក្នុងការរៀបចំដែន​ដី ហើយផ្អែកលើមូលដ្ឋាននេះ អភិបាលរាជធានី-ខេត្ត នឹងអាចឯករាជ្យម្ចាស់ការដឹកនាំរៀបចំ ដើម្បីការរីកចម្រើនសេដ្ឋកិច្ចនៅរាជធានី-ខេត្តរបស់ខ្លួន ដោយក្រសួងនឹងគាំទ្រផ្នែកបច្ចេកទេសបន្ថែម។

ទី៧ ការរៀបចំក្រុង និងទីប្រជុំជន៖ ផ្តោតលើការរៀបចំភូមិឋានក្សេមក្សាន្ត ទ្រនំសុភមង្គល ភូមិ ឃុំ សង្កាត់មានសុវត្ថិភាពឱ្យទីក្រុងជាទីក្រុងស្រួលរស់នៅ។ ទី៨ ការងារលំនៅឋាន៖ មិនមែនផ្តោតតែលើផ្ទះ និងស្ថាបត្យកម្មប៉ុណ្ណោះទេ តែជាកន្លែងបណ្តុះនូវទំនាក់ទំនង ឥរិយាបថល្អប្រពៃ​ ប្រពៃណី ទំនៀមទម្លាប់ល្អ​ សិល្បៈ និងវិទ្យាសាស្ត្រ ក្នុងសង្គមជាតិ។

ទី៩ គោលនយោបាយសម្បទាន ដើម្បីសង្គមនិងសេដ្ឋកិច្ច៖ ប្រែក្លាយពីគម្រោង​សម្បទានដីសង្គមកិច្ច ទៅជាគោលនយោបាយសម្ប​ទាន​ដើម្បីសង្គមកិច្ចនិងសេដ្ឋកិច្ច ដោយជំរុញការវិនិយោគលើហេដ្ឋារចនាសម្ព័ន្និងផ្តល់សេវា​ចាំបាច់ ដើម្បីលើកកម្ពស់កម្រិតជីវភាពប្រជាជន។

ទី១០ ការងារសំណង់៖ ផ្តោតលើគុណភាព សុវត្ថិភាព និងសោភណភាព ដែលសំណង់មិនមែន គ្រាន់តែផ្តោតលើសំណង់អគារ តែជាវិស័យ ដើម្បីធានានូវការផ្តល់ការងារធ្វើ ចំណូល និងកំណើន​និងដំណើរការសេដ្ឋកិច្ចរួមរបស់កម្ពុជា។

ទី១១ បន្តការអប់រំ​ផ្សព្វផ្សាយអំពីសកម្មភាព និងការងារក្នុងវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ដេីម្បីជំរុញការចូលរួម។

ទី១២ ការងារមូលដ្ឋាន៖ គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា (គ.អ.ឆ.ក) គួរផ្តោតលើសហគមន៍ ដោយមានកិច្ចសហការជាមួយដៃគូអភិវឌ្ឍនានា។ ទី១៣ ការងារជាមួយវិស័យឯកជន៖ ត្រូវងាក​មកគិតគូរបន្ថែម លើឧស្សាហកម្មប្រាក់កម្ចី ក្នុងអត្រាការប្រាក់ប្រកួតប្រជែង ដើម្បីប្រែសង្គមនិងសេដ្ឋកិច្ច។ និងទី១៤ ឧស្សាហកម្មតុបតែងលម្អ៖ ជាការងារត្រូវធ្វើនិងថែរក្សានូវដង្ហើមសេដ្ឋកិច្ច៕

 

ដំណឹងល្អ! ផលិតផលខ្មែរគ្របដណ្តប់ទំនិញលើទីផ្សារចន្លោះ ពី៦០ទៅ៧០ភាគរយហើយ

ដោយៈ ម៉ាលីន

    ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មបានអះអាង ឥឡូវនេះប្រហែល៦០-៧០ភាគរ យនៃទំនិញដែលមាននៅក្នុងទីផ្សារ ជាផលិ​តផលកម្ពុជា ខណៈដែលភាគរយនៅសេសសល់ ត្រូវបាននាំចូលពីប្រទេសវៀតណាម ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងប្រទេសដទៃទៀតនៅក្នុងតំបន់។

លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានលើកឡើងកាលពីសប្តាហ៍មុន ក្នុងសន្និសីទសារព័ត៌មាន ក្នុងអំឡុងពិព័រណ៍ពាណិជ្ជកម្មកម្ពុជាលើកទី១៨ (CTExpo) ក្រោមប្រធានបទ “យុគសម័យថ្មីនៃពាណិជ្ជកម្ម៖ ការបង្កើតកិត្យានុ​ភាពផលិតផលក្នុងស្រុក”។

លោកបានបន្ថែមថា កម្ពុជាឥឡូវនេះ កំពុងនាំចូលទំនិញមិនត្រឹមតែពីប្រទេសវៀតណាមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពីប្រទេសម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងប្រទេសដទៃទៀតនៅក្នុងតំបន់ផងដែរ។

លោកបានបញ្ជាក់ថា កម្ពុជាបានឈប់នាំចូលប្រេង ឧស្ម័ន បន្លែ និងផ្លែឈើពីប្រទេសថៃ ហើយឥឡូវនេះ នាំចូលផលិតផលទាំងនេះពីប្រទេសវៀតណាម និងសិង្ហបុរីជំនួសវិញ។

កម្ពុជាក៏នាំចូលទំនិញយ៉ាងច្រើនផងដែរ ជាពិសេសគ្រឿងឧបភោ​គបរិភោគពីប្រទេសម៉ាឡេស៊ី។ យោងតាមស្ថានទូតម៉ាឡេស៊ី ប្រចាំកម្ពុជា ការនាំចូលទំនិញម៉ាឡេស៊ីរបស់កម្ពុជា បានកើនឡើងពីបីទៅបួនដង បើប្រៀបធៀបទៅនឹងរយៈពេលមុនៗ។

លោកបានបន្តថា “នេះបង្ហាញថា នៅពេលដែលប្រទេសថៃបោះបង់ចោលឱកាស គឺប្រទេសថៃជាអ្នកខាតបង់ ខណៈដែលប្រទេ​សជិតខាងរបស់ខ្លួន ទទួលបានអត្ថប្រយោជន៍”។

លោកបន្តថា កម្ពុជាយល់ពីរឿងនេះ ពីព្រោះយើងបានខិតខំប្រឹងប្រែងផលិតសម្រាប់ការប្រើប្រាស់ផ្ទាល់ខ្លួន។ ទោះបីជាផលិតផលរបស់យើង ប្រហែលជាមិនមានសោភ័ណភាព ដែលចង់បាននៅពេលនេះក៏ដោយ យូរៗទៅគុណភាពនៃការវេចខ្ចប់នឹងប្រសើរឡើង ដែលឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងរបស់យើង។

អ្នកនាំពាក្យក្រសួងបានបន្តថា រដ្ឋាភិបាលរក្សាជំហរច្បាស់លាស់ក្នុងការធ្វើពិពិធកម្ម និងពង្រឹងទីផ្សារក្នុងស្រុក ដោយលើកកម្ពស់ បង្កើន និងលើកទឹកចិត្តដល់ការប្រើប្រាស់ផលិតផលកម្ពុជា គាំទ្រដល់អ្នកផលិត និងការពារគុណភាព សុវត្ថិភាព និងសុខភាពសាធារណៈចំណីអាហារ តាមរយៈការពង្រឹងស្តង់ដារត្រួតពិនិត្យ និងវេចខ្ចប់៕

តើតម្លៃផ្ទះនៅប្រទេសចិនមានស្ថានភាពប្រែប្រួលដូចម្តេចក្នុងខែវិច្ឆិកា ខណៈវិស័យអចលនទ្រព្យចិនមិនទាន់ធ្លាក់ចុះដល់បាត?

ដោយ: សហសេវិក
អន្តរជាតិ: យោងតាមការស្ទង់មតិឯកជនដែលចេញផ្សាយនៅថ្ងៃចន្ទ ទី១ ខែធ្នូ បានឱ្យដឹងថា តម្លៃផ្ទះថ្មីនៅប្រទេសចិនបានកើនឡើងក្នុងល្បឿនលឿនជាងមុននៅខែវិច្ឆិកា ឆ្នាំ២០២៥។ ប៉ុន្តែ តម្លៃផ្ទះប្រភេទទី២ នៅតែបន្តធ្លាក់ចុះ ដែលជាសញ្ញាមួយបង្ហាញថា វិស័យអចលនទ្រព្យចិនមិនទាន់ធ្លាក់ចុះដល់បាតនៅឡើយ។

យោងតាមស្ថាប័ន ​​China Index Academy ដែលជាក្រុមហ៊ុនស្រាវជ្រាវអចលនទ្រព្យធំជាងគេមួយរបស់ប្រទេសចិន បានឱ្យដឹងថា តម្លៃផ្ទះថ្មីបានកើនឡើង០,៣៧ភាគរយក្នុងខែវិច្ឆិកា បើធៀបនឹងកំណើនក្នុងរង្វង់០,២៨ភាគរយនៅក្នុងខែតុលា។

យ៉ាងណាមិញ តម្លៃផ្ទះប្រភេទទី២ (Resale price) បានធ្លាក់ចុះ០,៩៤ភាគរយនៅខែវិច្ឆិកា បើប្រៀបធៀបទៅនឹងការធ្លាក់ចុះ០,៨៤ភាគរយកាលពីខែតុលា។

ក្រុមហ៊ុនស្រាវជ្រាវខាងលើបានលើកឡើងថា កំណើននៃការចុះបញ្ជីដាក់លក់ផ្ទះ និងការថយចុះនៃទំនុកចិត្តរបស់អ្នកទិញផ្ទះ បានធ្វើឱ្យតម្លៃផ្ទះប្រភេទទី២ ធ្លាក់ចុះរហូតដល់ដំណាច់ឆ្នាំ២០២៥។

វិស័យអចលនទ្រព្យរបស់ប្រទេសចិនបាននិងកំពុងរង្គោះរង្គើ ចាប់តាំងពីបទប្បញ្ញត្តិកាន់តែតឹងរ៉ឹងបានបង្កឱ្យមានវិបត្តិសាច់ប្រាក់ងាយស្រួលនៅឆ្នាំ២០២១ ដែលធ្វើឱ្យបណ្តាអ្នកអភិវឌ្ឍន៍អចលនទ្រព្យភាគច្រើនខកខានទូទាត់សងបំណុល។

ការស្តារឱ្យទីផ្សារអចលនទ្រព្យមានស្ថិរភាពឡើងវិញអាចជួយជំរុញការប្រើប្រាស់ក្នុងគ្រួសារ និងជួយកាត់បន្ថយការពឹងផ្អែកលើការវិនិយោគហេដ្ឋារចនាសម្ព័ន្ធរបស់រដ្ឋាភិបាល ក៏ដូចជាការនាំចេញ ដែលរងផលប៉ះពាល់ដោយសារគោលនយោបាយពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក។

អាជ្ញាធរចិនបានដាក់ចេញនូវវិធានការជាបន្តបន្ទាប់នៅឆមាសទីពីរ ឆ្នាំ២០២៤ ដើម្បីគាំទ្រដល់វិស័យអចលនទ្រព្យ។ទោះជាយ៉ាងណា ការដាក់ចេញវិធានការជំរុញសេដ្ឋកិច្ចទ្រង់ទ្រាយធំថ្មីត្រូវបានផ្អាកនៅឆ្នាំនេះ។

ក្រុមហ៊ុន China Index Academy រំពឹងថា រដ្ឋាភិបាលចិនបានដាក់ចេញគោលនយោបាយរយៈពេលខ្លី ដូចជា ការបន្ធូរបន្ថយការរឹតបន្តឹងលើការទិញផ្ទះ ការកាត់បន្ថយថ្លៃផ្ទេរលំនៅឋាន និងការពន្លឿនគម្រោងអភិវឌ្ឍន៍ជួសជុលភូមិក្នុងទីក្រុងឡើងវិញ ដើម្បីជំរុញតម្រូវការ៕ ប្រភព: REUTERS៕