ក្រុមហ៊ុនPT Semen Indonesia ចុះកិច្ចព្រមព្រៀងសហការជាមួយក្រុមហ៊ុនជប៉ុន ដើម្បីពង្រីកទៅផ្សារទៅកាន់ពិភពលោក

ដោយៈសុខុម

ហ្សាការតា: ក្រុមហ៊ុនគ្រប់គ្រងដោយរដ្ឋ PT Semen Indonesia ដែលជាក្រុមហ៊ុនផលិតស៊ីម៉ងត៍ធំបំផុតរបស់ប្រទេសឥណ្ឌូនេស៊ី បានឈានដល់ការចុះកិច្ចព្រមព្រៀងចាប់ដៃគូសហការជាយុទ្ធសាស្ត្រមួយ ដែលមានតម្លៃរាប់រយលានដុល្លារអាមេរិក។

យោងតាមសារព័ត៌មាន The Jakarta Post ចុះផ្សាយកាលពីសប្ដាហ៍មុនឱ្យដឹងថា ការចុះកិច្ចព្រមព្រៀងសហការ ជាមួយក្រុមហ៊ុនផលិតស៊ីម៉ងត៍ជប៉ុននេះ គឺដើម្បីបង្កើតភាពជាដៃគូយុទ្ធសាស្ត្រ ក្នុងការពង្រីកទីផ្សាររបស់ខ្លួនទៅកាន់ទូទាំងពិភពលោក។

កិច្ចព្រមព្រៀងចាប់ដៃគូសហការនេះ ក្រុមហ៊ុនផលិតស៊ីម៉ងត៍ជប៉ុន Taiheiyo Cement Corporation នឹងបោះទុនវិនិយោគក្នុងទំហំទឹកប្រាក់២២០លានដុល្លារអាមេរិក សម្រាប់ការកាន់កាប់ភាគហ៊ុន១៥.០៤% ក្នុងក្រុមហ៊ុនចុះបញ្ជីជាសាធារណៈ PT Solusi Bangun Indonesia (SBI) ដែលជាបុត្រម្ព័ន្ធរបស់ Semen Indonesia។

លោក Fadjar Judisiawan នាយកផ្នែករៀបចំយុទ្ធសាស្ត្រ និងអភិវឌ្ឍន៍អាជីវកម្មនៃក្រុមហ៊ុន PT Semen Indonesia បានធ្វើការកត់សម្គាល់ថា ការវិនិយោគ និងការចាប់ដៃគូសហការនេះ នឹងជួយឱ្យក្រុមហ៊ុនរបស់លោក មានលទ្ធភាពអភិវឌ្ឍផលិតផលរបស់ខ្លួន និងដើម្បីពង្រីកទីផ្សាររបស់ខ្លួនទៅកាន់ពិភពលោក ដូចជា ផ្សារនៅទ្វីបអាហ្វ្រិក ប្រទេសអូស្ត្រាលី និងប្រទេសចិនជាដើម។

មានប្រសាសន៍ក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃពុធ សប្ដាហ៍កន្លងទៅ លោក Fadjar Judisiawan បានគូសបញ្ជាក់ថា “យើងកំពុងស្វែងរកឱកាសពង្រីកអាជីវកម្មនៅក្នុងប្រទេសផ្សេងៗទៀត”៕

រាជរដ្ឋាភិបាលគ្រោងចំណាយទឹកប្រាក់ជាង១៤០០លានដុល្លារដើម្បីប្រយុទ្ធ នឹងជំងឺកូវីដ-១៩

ដោយៈតារា

ភ្នំពេញៈរាជរដ្ឋាភិបាលគ្រោងចំណាយទឹកប្រាក់ជាង១៤០០លានដុល្លារ សំរាប់អន្តគមន៍ប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដែលជាកញ្វប់ថវិកាជាតិ ក្នុងបរិការណ៍នៃការបន្តអូសបន្លាយការរីករាលដាល នៃព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ ដែលធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សេដ្ឋកិច្ច សុខភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

យោងតាមរបាយការណ៍ស្តីពី លទ្ធផលនៃការអនុវត្តថវិការឆមាសទី១ និងការវាយតម្លៃការអនុវត្តច្បាប់ស្តីពី ហិរញ្ញប្បទានសម្រាប់គ្រប់គ្រងឆ្នាំ ២០២១ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងនោះចំពោះស្ថានភាពចំណាយអន្តរាគមន៍ ប្រយុទ្ធនឹងជំងឺកូវីដ-១៩ របស់រាជរដ្ឋាភិបាល ក្នុងបរិការណ៍នៃការបន្តអូសបន្លាយការរីករាលដាល នៃព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ដែលធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ដល់សេដ្ឋកិច្ច សុខភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

រាជរដ្ឋាភិបាលបានធ្វើការវាយតម្លៃឡើងវិញ អំពីផលប៉ះពាល់នៃការរីករាលដាលនៃជំងឺកូវីដ-១៩ មកលើក្របខ័ណ្ឌថវិកាជាតិពេញមួយឆ្នាំ២០២១ និងបានសម្រេចធ្វើវិចារណកម្ម ចំណាយទាំងផ្នែកចំណាយចរន្ត និងផ្នែកចំណាយវិនិយោគនៃថវិកាថ្នាក់ជាតិ ដោយកាត់ព្យួរឥណទាន ថវិកាសរុបប្រមាណ៩៨លានដុល្លារ ដើម្បីបង្វែរថវិកាមកជួយសម្រាលសំពាធចំណាយនេះ។

របាយការណ៍ដដែលបានបន្តថា ពាក់ព័ន្ធចំណាយអន្តគមន៍នេះ រាជរដ្ឋាភិបាលបានគ្រោងទុកពីដើមឆ្នាំ២០២១ ចំណាយប្រមាណ៧១៩លានដុល្លារអាមេរិក តែដោយ​សារព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ បានជះឥទ្ធិពលអវិជ្ជមានយ៉ាងខ្លាំងមកលើសេដ្ឋកិច្ចជាតិ និងថវិកាជាតិ ទាំងផ្នែកចំណូល និងផ្នែកចំណាយ គឺធ្វើឲ្យការចំណាយមានតម្រូវការកើនឡើងជាគំហុក ពិសេសចំណាយអន្តគមន៍ប្រយុទ្ធនឹងជំងឺកូវីដ-១៩ ត្រូវបានប៉ាន់ស្មានថា នឹងអាចឡើងដល់ប្រមាណ១ ៤៥៤ លានដុល្លារអាមេរិកពីថវិកាជាតិ។

ជុំវិញគម្រោងចំណាយអន្តរាគមន៍នេះ បានផ្តោតលើផ្នែកសំខាន់ៗ រួមមានកម្មវិធីទប់ស្កាត់និងព្យាបាលជំងឺកូវីដ-១៩ បានគ្រោងបឋមប្រមាណ៣០លានដុល្លារ ដែលបញ្ហានេះ នឹងធ្វើឱ្យចំណាយនេះកើនរហូតដល់៧៤០លានដុល្លារអាមេរិក។ កម្មវិធីឧបត្ថម្ភស្បៀងក្នុងពេលបិទខ្ទប់ រហូតដល់ដំណាច់ឆ្នាំ២០២១ ដោយគ្រងចំណាយប្រមាណ១០ លានដុល្លារ។

កម្មវិធីបណ្តុះបណ្តាលជំនាញ និងឧបត្ថម្ភកម្មករពេលព្យួរកិច្ចសន្យាការងារ និងក្រោយការបិទខ្ទប់ រហូតដល់ដំណាច់ឆ្នាំត្រូវបានប៉ាន់ស្មាន នឹងចំណាយប្រមាណ៥៩ លានដុល្លារ។ ដោយឡែកកម្មវិធីអន្តរាគមន៍ ដើម្បីរក្សាលំនឹងជីវភាពប្រជាជនក្រីក្រ និងក្រោយបិទខ្ទប់ ត្រូវគ្រោងបឋមត្រឹម២០០លានដុល្លារ ហើយរហូតដល់ដំណាច់ឆ្នាំ ត្រូវបានប៉ាន់ស្មានចំណាយ១៣៥ លានដុល្លារថែមទៀត ដែលចំណាយនឹងកើនរហូតដល់ ៣៣៥លានដុល្លារ។

ចំណែកកម្មវិធីសាច់ប្រាក់ពលកម្ម ត្រូវបានផ្ទេរថវិកាចំនួន១៦០លានដុល្លារ តាមការគ្រោងទុក ដើម្បីអនុវត្តសកម្មភាពការងារហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ដោយដៃនៅតាមមូលដ្ឋាន ក្នុងនោះចំពោះកម្មវិធីហិរញ្ញប្បទានអន្តរាគមន៍ ផ្នែកសេដ្ឋកិច្ចដល់សហគ្រាស ធុនតូច និងមធ្យម ត្រូវបានគ្រោងចំនួន២៧០លានដុល្លារ ប៉ុន្តែរហូតដល់ចុងឆ្នាំ ២០២១ ឬដើមឆ្នាំ ២០២២ អាចនឹងចំណាយត្រឹមប្រមាណ១៥០លានដុល្លារ សម្រាប់ការចាប់ផ្តើមដំបូង នៃការអនុវត្តស្តារសេដ្ឋកិច្ចក្រោយវិបត្តិកូវីដ-១៩ (២០២១-២០២៣)។

អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ា លឹម ហេងបានមានប្រសាសន៍ថា ការរៀបចំផែនការចំណាយដ៏ម៉ត់ចត់នេះ គឺជាការគិតគូរដ៏ខ្ពង់ខ្ពស់របស់រាជរដ្ឋាភិបាល ដើម្បីគ្រប់គ្រងនិងបញ្ចៀសហានិភ័យ ជាពិសេសការរក្សាលំនឹងសេដ្ឋកិច្ច សកម្មភាពអាជី​វកម្ម និងការបន្តរក្សាលំនឹងជវីភាពប្រជាជន និងការជម្រុញកំណើនសេដ្ឋកិច្ចឡើងវិញជាដើម។

ឆ្លើយតបនឹងតម្រូវការចំណាយចំពោះមុខនេះ បន្ថែមលើឥណទានវិចារណកម្មដែ​លសន្សំបានខាងលើ រាជរដ្ឋាភិបាល ត្រូវប្រើប្រាស់ប្រាក់សន្សំរបស់រាជរដ្ឋាភិបាលបន្ថែមចំនួន៦៣៧លានដុល្លារ ដើម្បីទប់ទល់នឹងចំណាយនេះ។ លើសពីនេះ ចំណាយអន្តរា​គមន៍ប្រយុទ្ធនឹងជំងឺកូវីដ-១៩ ក៏នៅមានប្រើប្រាស់ប្រភពថវិកាផ្សេងទៀតមាន មូលនិធិទ្រទ្រ​ង់ថវិកាចំនួន៨០លានដុល្លារអាមេរិក និងហិរញ្ញប្បទានក្រៅប្រទេសចំនួន១៣០លានដុល្លារអាមេរិក និងថវិកាសប្បុរសជនប្រមាណជិត១០០លានដុល្លារអាមេរិកផងដែរ៕

ស្រុកទឹកឈូមានក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យកើនឡើងកាន់តែច្រើន ខណៈខេត្ត កំពតត្រៀមពង្រីក្រុង

ដោយៈតារា

កំពតៈ បើទោះជាស្ថិតនៅក្នុងបរិបទកូវិដ១៩ យ៉ាងណាក៏ដោយ  សកម្មភាពនៃការអភិវឌ្ឍន៍ដី នៅក្នុងខេត្តកំពតនៅតែបន្តដំណើរការជាប់ជានិច្ច។ ជាក់ស្តែងនៅក្នុងស្រុកទឹកឈូ  គិតមកដល់ថ្ងៃទី៩ ខែសីហានេះមានក្រុមហ៊ុន  អាជីវករ បាននឹងកំពុងដំណើរការគម្រោងអភិវឌ្ឍន៍ដី ចំនួនជាង២១កន្លែង ខណៈដែលក្រុមហ៊ុនថ្មីៗជាច្រើនទៀត កំពុងដាក់ពាក្យសុំធ្វើការវិនិយោគជាបន្តបន្ទាប់។

យោងតាមរបាយការណ៍របស់រដ្ឋបាលស្រុកទឹកឈូ បានបង្ហាញថា ទោះស្ថិតនៅក្នុងបរិបទកូវីដ១៩  សកម្មភាពនៃការអភិវឌ្ឍន៍ដី នៅតែមានដំណើរការទៅមុខជាបន្តបន្ទា​ប់ ដោយមិនមានក្រុមហ៊ុន ឬគម្រោងវិនិយោគណាមួយ ក្នុងស្រុកទឺកឈូរាំងស្ទះនោះទេ។ គិតត្រឹមខែឧសភាព ឆ្នាំ២០២១ ស្រុកទឹកឈូមានគម្រោងអភិវឌ្ឍន៍ដីចំនួន២១កន្លែង កំពុងធ្វើសកម្មភាព។

ក្នុងចចំណោមនោះ មានគម្រោងដីឡូតិ៍១៥គម្រោង ផ្ទះលំហែនិងដីឡូតិ៍២គម្រោង ផ្ទះល្វែងនិងដីឡូតិ៍៣គម្រោង និងគម្រោងសាងសង់បុរី១គម្រោង ដែលត្រូវចំណាយទុនវិនិយោគប្រមាណ១១លានដុល្លា។

ប្រធានអង្គភាពច្រកចេញចូលតែមួយស្រុកទឹកឈូ លោកមូល សុធា បានប្រាប់ឲ្យដឹងនាព្រឹកថ្ងៃទី៩ សីហានេះថា ទោះបច្ចុប្បន្នស្ថានភាពនៃការឆ្លងរីករាលដាល នៃជំងឺកូវីដ១៩មិនទាន់ធូរស្រាលក៏ដោយ ប៉ុន្តែសម្រាប់ខេត្តកំពត ក៏ដូចជាស្រុកទឹកឈូ ការអភិវឌ្ឍន៍ លើវិស័យអចលនទ្រព្យ ដីឡូតិ៍ សំណង់ផ្ទះលំហែ បឹងហ្គាឡូ ផ្ទះល្វែង និងគម្រោងបុរី បាននឹងកំពុងដំណើរការជាធម្មតា។ ក្រុមហ៊ុនជាច្រើនបានដាក់ពាក្យសុំ ធ្វើការវិនិយោគជាហូរហែបន្តបន្ទាប់ផងដែរ។

លោកបានបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍ដែលបានដាក់ពាក្យស្នើសុំ ក្នុងរយៈពេលចុងក្រោយនេះ ភាគច្រើនធ្វើការអភិវឌ្ឍន៍នៅតំបន់ជុំវិញក្រុងកំពត និងតំបន់អភិវឌ្ឍន៍សេវាទេសចរណ៍ ដូចជានៅតាមបណ្តោយដងព្រែកកំពង់កណ្តាល  និងព្រែកកំពង់គ្រែងជាដើម។

លោកមូល សុធាបានបន្តស្នើសុំដល់ក្រុមហ៊ុនវិនិយោគ និងអ្នកវិនិយោគទាំងអស់សូមចូលរួមសហការជាមួយនឹងអាជ្ញាធរ  ជំនាញពាក់ព័ន្ធឲ្យបានល្អ  គោរពតាមគោលការណ៍ច្បាប់នៃការអភិវឌ្ឍន៍ដី និងសំណង់ឲ្យបានត្រឹមត្រូវបន្ថែមទៀត ដើម្បីរក្សាផលប្រយោជន៍ក្រុមហ៊ុនផង និងប្រយោជន៍សង្គមផង សំដៅចូលរួមចំណែកអភិវឌ្ឍន៍មូល     ដ្ឋានឲ្យបានឆាប់រហ័ស ប្រកបដោយចីរភាព ជាមួយអាជ្ញាធរខេត្ត៕

បណ្តាក្រុមហ៊ុននៅតំបន់អាស៊ីអាស៊ីហ្វិកបានបង្ហាញការចំណាយខ្ពស់លើការ ជួលអាគារបៃតង

ដោយ សុខ ជាតា

អន្តរជាតិៈ ក្រុមហ៊ុនធំៗនៅតំបន់អាស៊ីប៉ាស៊ីហ្វិក  បានបង្ហាញឆន្ទះក្នុងការចំណា​យខ្ពស់ទៅលើអាគារជួល ដើម្បីទ្រទ្រង់អាគារបៃតងប្រកបដោយចីរភាព ស្របពេលដែលអ្នកប្រឹក្សាយោបល់បានបេ្តជ្ញាបង្កើនចីរភាពអាគារទាំងនោះ។

ខណៈដែល៧០ភាគរយ នៃអ្នកផ្គត់ផ្គង់អាគារនៅតំបន់អាស៊ីប៉ាស៊ីហ្វិក មានឆន្ទះចំណាយជួលអាគារបៃតង  ពោលគឺអត្រាទាបនៅក្នុងរង្វង់៦២ភាគរយ ក្នុងចំណោមប្រជាជនក្នុងទីក្រុងហុងកុង។

លោក James Taylor  ប្រធានការស្រាវជ្រាវដំណោះស្រាយសាជីវកម្ម សម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិកបាននិយាយថា ជិត៤០ភាគរយនៃក្រុមហ៊ុនអចលនទ្រព្យ បានកំណត់គោលដៅ ការបំសាយឧស្ម័នកាបូនសូន្យភាគរយ និងផែនការ៤០ភាគរយ  នៅត្រឹមតែ២០២៥។ ដោយលោកលើកឡើងថា អាគារបៃតង ត្រូវតែមានដើម្បីសម្រេចនូវការបេ្តជ្ញាប្រកបដោយចីរភាព។ ជាងនេះទៀត ការផ្គត់ផ្គង់អាគារបៃតង នៅទីផ្សារមិនទាន់គ្រប់គ្រាន់ដើម្បីឆ្លើយតបទៅនឹងតំរូវការ។

ក្រោមកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ២០១៥ បណ្តាប្រទេសនានា ដូចជាប្រទេសចិន ទៅសហរដ្ឋអាមេរិច ត្រូវការសហការគ្នា ដើម្បីបង្កើនអាគារបៃតង ដើម្បីឆ្លើយតបទៅនឹងបំរែបំរួលអាកាសធាតុ។

ប្រធានាធិបតីចិន XI jINGPIng បេ្តជ្ញាកាលពីខែកញ្ញាក​ន្លងមកថា ប្រទេសចិន នឹងឈានដល់គោលដៅអាគារបៃតង ត្រឹមឆ្នាំ២០៣០  និងឯករាជ្យខាងកាបូន នៅត្រឹមតែ ២០៦០។

នេះបង្ហាញអោយឃើញពីក្តីព្រួយបារម្ភ  និងគោលនយោយរបស់ប្រទេសនានានៅជុំវិញពិភពលោក ដែលបានជំរុញអោយក្រុមហ៊ុនចាត់វិធានការ ឆ្លើយតបទៅនឹងគោលដៅកាត់បន្ថយសារធាតុ កាបូនកម្រិតសូន្យ។ នេះបើតាមលោក Mark Cameron ប្រធានថាមពលនិង ចីរភាព នៅតំបន់អាស៊ីប៉ាស៊ីហ្វិច។

លោក Cameron បានលើកឡើងថា “ការកាត់បន្ថយសារធាតុកាបូន នៅក្នុងអាគារ គឺជាជំរុញអោយក្រុមហ៊ុនកំណត់ទីតាំងអាទិភាព ព្រមទាំងការវិនិយោគអាគារបៃតងផងដែរ”។

ចំពោះក្រុមហ៊ុនប្រឹក្សាយោបល់ Knight frank បាននិយាយថា ក្រុមហ៊ុនហិរញ្ញវត្ថុ និង ធនាគារ ក៏បង្ហាញពីចាប់អារម្មណ៍លើហិរញ្ញប្បទាន សំរាប់ការវិនិយោគលើអាគារបៃតង និងសញ្ញាបណ្ណផងដែរ៕

ដំណឹងល្អៈរដ្ឋបាលរាជធានីភ្នំពេញនឹងមិនបន្តបំរាមគោចរទៀតនោះទេ

ដោយៈគង់ សូរិយា

ភ្នំពេញៈ អាជ្ញាធរ​ភ្នំពេញ​មិន​បន្ត​បម្រាម​គោចរ​ទៀត​ទេ នឹងត្រូវ​បិទ​បញ្ចប់​នៅ​ត្រឹម​ថ្ងៃ​ទី​១២ខែ​សីហា​នេះ​ តែសូមឱ្យប្រជាពលរដ្ឋចូលរួមក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។

លោក​កើត​ ឆែ​ អភិបាល​រង​រាជធានី​ភ្នំពេញ​បាន​ឱ្យ​ដឹង​មុខ​នេះ​បន្តិច​ថា​ បម្រាម​គោចរ​ នឹងត្រូវ​បិទ​បញ្ចប់​នៅ​ត្រឹម​ថ្ងៃ​ទី​១២ខែ​សីហា​នេះ​ ដោយ​មិន​មានបន្តទៀត​ទេ​ ប៉ុន្ដែ​សូមបងប្អូន​ប្រជាពលរដ្ឋ​ ត្រូវ​តែមានការ​ប្រុងប្រយ័ត្ន​ និង​ការ​ពារ​ខ្លួន​ រស់​នៅតាមគន្លងថ្មី​ ជាពិសេស​ត្រូវ​អនុវត្ត វិធាន​ការ​៣កុំ៣ការពារ​ឱ្យ​បាន​ខ្ជាប់​ខ្ជួន​រស់​សម្តេច​ អគ្គ​មហា​សេនាបតី​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

យោងតាម​សេចក្ដី​សម្រេច​របស់​រដ្ឋបាល​រាជធានីភ្នំពេញ​ ដែលចុះហត្ថលេខា​ដោយ​លោក​ ឃួង​ ស្រេង​ អភិបាលរាជធានីភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​២៩​ខែ​កក្កដា​កន្លង​មក​នេះ​ បាន​សម្រេច​ដាក់ចេញ​វិធានការ​រដ្ឋបាល ​រយៈពេល១៤ថ្ងៃចាប់ពីយប់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវី ៥-១៩៕

 

នូវLand Markថ្មីមួយនៃរាជធានីភ្នំពេញ។គម្រោងហេដ្ឋារចនាសម្ព័ន្ធនិងវិនិយោគធំៗចំនួន៥នឹងជួយលើកកម្ពស់វិស័យ អចលនទ្រព្យនៅកម្ពុជា

ដោយៈ ម៉ាណេត

ភ្នំពេញៈ គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងគម្រោងវិនិយោគធំៗចំនួន៥ ដែលត្រូវបានដឹងថា ចំណាយទុនរាប់ពាន់លានដុល្លារ នឹងចូលរួមលើកកម្ពស់មុខមាត់ប្រទេសកម្ពុជា ហើយគម្រោងទាំងនេះនឹងជំរុញវិស័យអចលនទ្រព្យកម្ពុជាផងដែរ។ នេះបើយោងតាមការលើកឡើងរបស់ក្រុមហ៊ុន CBRE Cambodia កាលពីថ្មីៗនេះ។

១ ផ្លូវក្រវ៉ាត់ទី៣

សម្រេចបាន៥០%ហើយ ហើយគម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏ធំនេះ នឹងជួយសម្រួ​ល ដល់ការតភ្ជាប់ការដឹកជញ្ជូននៅជុំវិញរាជធានី ខណៈគម្រោងនេះបាននិងកំពុងបន្តសាងសង់ និងឆ្ពោះទៅរកការបញ្ចប់នាពេលមុខនេះ។

២ តំបន់ស្ថិតនៅតាមផ្លូវជាតិលេខ៦អា

តំបន់នេះបាន និងកំពុងទាក់ទាញការវិនិយោគលើលំនៅដ្ឋានប្រណីតៗ មជ្ឈមណ្ឌ​លពាណិជ្ជកម្ម អាគារសហកម្មសិទ្ឋ និងគំរោងមជ្ឈមណ្ឌលកំសាន្ត និងហេដ្ឋារចនាសម្ព័ន្ឋធំៗៗជា​ច្រើនទៀត។

តំបន់នេះ នឹងត្រៀមរៀបចំព្រឹត្តិការណ៍សំខាន់មួយ ក្នុងការរៀបចំស៊ីហ្គេមឆ្នាំ២០២៣។ គិតត្រឹមខែសីហាឆ្នាំ២០២១ វឌ្ឍនភាពនៃពហុកីឡដ្ឋានមរតកតេជោសម្រេចបាន១០០% ហើយក្រោយបញ្ចប់ការសាងសង់ពហុកីឡដ្ឋាននេះ នឹងក្លាយជាកីឡដ្ឋានធំជាងគេនៅកម្ពុជា។

, ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ

បើទោះបីជាមានបញ្ហាជំងឺកូវីដ១៩ ប៉ុន្តែការស្ថាបនាផ្លូវជាប្រវត្តិសាស្រ្តនេះនៅតែ

បន្តឆ្ពោះទៅមុខយ៉ាងសកម្ម ដែលរហូតមកទល់ពេលនេះ ការសស្ថាបនាផ្លូវនេះ​សម្រេចបានជាង៦០ភាគរយហើយ។

គម្រោងផ្លូវល្បឿនលឿន ដែលចំណាយទុនសាងសង់ជិត២០០០លានដុល្លារនេះ រំពឹងនឹងបញ្ចប់ មុនកាលកំណត់ ហើយគ្រោងនឹងបញ្ចប់ នៅខែកញ្ញា ឆ្នាំ ២០២២។

៤ ការសាងសង់នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី

ព្រលានយន្តហោះលំដាប់អន្តរជាតិ ដែលគ្រោងចំណាយទឹកប្រាក់សាងសង់១៥០០លានដុល្លារនេះ នៅតែដំណើរឆ្ពោះទៅមុខ ទោះស្ថិតក្នុងវិបត្តិកូវីដ១៩ក៏ដោយ។ គម្រោងនេះត្រូវបានរំពឹងថានឹងសម្រេចបាន៦០% នៅចុងឆ្នាំ២០២១។

ព្រលានយន្តហោះនេះ នឹងលាតសន្ធឹងលើផ្ទៃដី២.៦០០ហិកតា ដែលមានទីតាំងស្ថិតនៅខាងត្បូងរាជធានីភ្នំពេញក្នុងខេត្តកណ្តាល។ ការបញ្ចប់គម្រោងនេះនៅឆ្នាំ២០២៣ ត្រូវបានរំពឹងថា នឹងជំរុញការអភិវឌ្ឍភាគខាងត្បូងរាជធានីភ្នំពេញ ជាចង្កោមនៃតំបន់សេដ្ឋកិច្ចនាពេលអនាគត។

, ការបើកការដ្ឋានសម្រាប់គម្រោងកាស៊ីណូ និងសណ្ឋាគារណាហ្គា៣

គំរោងមជ្ឈមណ្ឌលកំសាន្តធំជាងគេនៅកម្ពុជានេះ បាននិងកំពុងបុកគ្រឹះសាងសង់យ៉ាងសកម្ម។ អាគារកំពស់៧៥ជាន់នេះ នឹងរំលេច

គម្រោងនេះត្រូវគេដឹងថា នឹងចំណាយទុនប្រមាណ៣,៥ពាន់លានដុល្លារ។ គម្រោ​ងនេះត្រូវបានរំពឹងថានឹងបញ្ចប់នៅឆ្នាំ២០២៤។

អ្នកជំនាញជាច្រើនបានលើកឡើងថា ប្រាកដណាស់ នៅពេលណាមានការអភិវឌ្ឍន៍ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ឬមានគម្រោងវិនិយោគធំៗនៅតំបន់ណាមួយ វានឹងជួយជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ច ពិសេសចូលរួមចូលរួមជំរុញកំណើនសេដ្ឋកិច្ចបន្ថែម។

លោកសំ សុខនឿនប្រធានសមាគមអចលនទ្រព្យសកល (GRA) បានថ្លែងប្រាប់ថា ជាធម្មតា នៅពេលមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅតំបន់ណាមួយ វាតែងតែងលើកកម្ពស់ដល់ចរន្តសេដ្ឋកិច្ចនៅតំបន់នោះ ពិសេសវានឹងជួយទាក់ទាញគម្រោងអភិវឌ្ឍន៍អចលនទ្រព្យតែងម្តង៕

តើហេតុផលអ្វីខ្លះដែលប្រជាជនវ័យក្មេងកម្ពុជាគួរតែធ្វើការវិនិយោគនាពេលបច្ចុប្បន្ននេះ

តើហេតុផលអ្វីខ្លះដែលប្រជាជនវ័យក្មេងកម្ពុជាគួរតែធ្វើការវិនិយោគនាពេលបច្ចុប្បន្ននេះ

ដោយៈសហការី

ភ្នំពេញៈ ប្រយោគដែលប្រជាជនខ្មែរវ័យក្មេងជាច្រើន តែងតែបានឮជាប្រចាំគឺ “ពិបា​​កមុនស្រណុកក្រោយ” ស្របបេលចំនួនប្រជាជនខ្មែរវ័យក្មេងជាច្រើន ដែលកំពុងតែសកម្មក្នុងភារកិច្ចការងារនៅតាមវិស័យផ្សេងៗ ធ្វើឲ្យប្រយោគនេះត្រូវបានយកចិត្តទុកដាក់កាន់តែខ្លាំងពីគ្រប់មជ្ឈដ្ឋាន។

មិនដូចនៅក្នុងបណ្ដាប្រទេសនៅអាស៊ីអាគ្នេយ៌ផ្សេងទៀត ដែលទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីការរីករាលដាលនៃជម្ងឺឆ្លង ទំហំផលិតផលក្នុងស្រុកសរុបរបស់ប្រទេ​សកម្ពុជា លើគ្រប់វិស័យហាក់មិនបង្ហាញនូវសញ្ញាណធ្លាក់ចុះនោះឡើយ។ សេណារីយ៉ូនេះបង្ហាញថា ប្រជាជនខ្មែរវ័យក្មេងទាំងអស់ នៅតែមានឱកាសក្នុងការទទួលបាន ចំណូ​លខ្ពស់ និងការងារកាន់តែមានភាពប្រសើរឡើង។

ដោយសារកំណើននៃប្រាក់ចំណូល អ្នកជំនាន់ក្រោយគួរតែងាកមកពិចារណាអំពីការវិនិយោគចំណូលអកម្មរបស់ពួកគេ ជាជាងការចំណាយទៅលើសម្ភារៈនិយម ដែលពួកគេមិនត្រូវការចាំបាច់ទាល់តែសោះ។ យើងអាចដឹងបានថា ប្រជាជនខ្មែរដែលមានចំណូលខ្ពស់ មានសមត្ថភាពគ្រប់គ្រាន់ ក្នុងការការវិនិយោគលើអចលនទ្រព្យ ដើម្បីទទួលបាននូវប្រាក់ចំណូលកាន់តែខ្ពស់ ដូចដែលពួកគេស្រម៉ៃចង់បាននាពេលអនាគត។

នៅក្នុងឆ្នាំ ​2021 នេះ ផ្ទះនៅក្នុងទីក្រុងភ្នំពេញ មានតម្លៃប្រហែល USD200,000 ខណៈពេលដែលតម្លៃផ្ទះ នៅតាមជាយក្រុងភ្នំពេញ មានតម្លៃប្រហែលUSD130,000។ សម្រាប់ខុនដូ ប្រណីតក្នុងតំបន់ពាណិជ្ជកម្មនៃទីក្រុងភ្នំពេញវិញ អាចមានតម្លៃជិត USD 100,000។ តម្លៃអចលនទ្រព្យខ្ពស់ទាំងនេះ បានធ្វើឲ្យប្រជាជនខ្មែរវ័យក្មេងភាគច្រើនបោះបង់ក្ដីសង្ឃឹម ក្នុងការវិនិយោគទៅលើវិស័យអចនទ្រព្យ ក៏ប៉ុន្តែវិស័យអចលនទ្រព្យមិនមែនមានត្រឹមតែផ្ទះ ខុនដូ និង ដីធ្លីប៉ុណ្ណោះទេ។

យើងបានមើលឃើញអំពីទំនោរថ្មី ដែលវិស័យអចលនទ្រព្យពាណិជ្ជកម្មកាន់តែទទួលបានការចាប់អារម្មណ៍កាន់តែខ្លាំង ពីគ្រប់មជ្ឈដ្ឋានបន្ទាប់ពីការទទួលបាន នូវការវិនិយោគផ្ទាល់ពីបរទេសជាមួយនឹង ប្រេនអន្តរជាតិល្បីៗជាច្រើន ដែលបង្កើតនូវមូលដ្ឋានគ្រឹះដ៏រឹងមាំនៅក្នុងប្រទេសកម្ពុជាយើង។ ប្រជាជនខ្មែរវ័យក្មេង គួរតែសាកល្បងធ្វើការវិនិយោគ ទៅលើគម្រោងអភិវឌ្ឍផ្សារដែលផ្ដល់ជូននូវប្លង់រឹង និងទទួលបានផលចំណេញខ្ពស់ពីការវិនិយោគ។
នាពេលបច្ចុប្បន្ននេះ មានប្រភេទនៃគម្រោងអភិវឌ្ឍ បែបពាណិជ្ជកម្មជាច្រើនដែលផ្ដល់សម្រាប់តែការជួលប៉ុណ្ណោះ ហើយកម្រមានម្ចាស់គម្រោងណា ដែលលក់តូបផ្សារព្រមជាមួយនឹងប្លង់រឹងណាស់។

ប្រភេទនៃការវិនិយោគលើតូបផ្សារនេះ ជាឱកាសដ៏ល្អបំផុតមួយក្នុងឆាកជីវិត ដោយសារតែតម្លៃ លក់សមរម្យនៅពេលចាប់ផ្ដើមគម្រោង ហើយបន្តឡើងថ្លៃមិនឈប់ពីមួយឆ្នាំ ទៅមួយឆ្នាំដោយសារតែលក្ខណៈបែបនេះ យើងបានឃើញរួចមកហើយនៅក្នុងការអភិវឌ្ឍគម្រោងផ្សារថ្មី ផ្សារអូរឫស្សី និងផ្សារអូរឡាំពិក។ នាពេលបច្ចុប្បន្ននេះ មានតែផ្សារជីស៊ី អូរឫស្សីតែប៉ុណ្ណោះ ដែលបានធានាផ្ដល់ជូននូវលក្ខខណ្ឌបែបនេះ ជាមួយនឹងតម្លៃតូបទាប ត្រឹមតែ USD2X,000។ ការអភិវឌ្ឍប្រភេទថ្មីនេះបានបើកនូវឱកាសថ្មីបន្ថែមសម្រាប់ប្រជាជនខ្មែរវ័យក្មេងទាំងអស់។

ផ្សារជីស៊ី អូរឫស្សីគឺជាគម្រោងផ្សារបោះដុំ និងលក់រាយដែលមានកម្ពស់ 6 ជាន់។ អ្នកវិនិយោគខ្មែរទទួលបាននូវអត្ថិភាពពិសេសក្នុងការវិនិយោគលើតូបផ្សារលក់អាហារស្រស់នៅជាន់ផ្ទាល់ដីហៅថា “​ផ្សារយើង” ហើយគាត់ក៏អាចទិញតូបនៅជាន់ខាងលើផងដែរ។ វិនិយោគនៅក្នុងផ្សារយើងអាចឲ្យលោកអ្នកទទួលបាននូវប្រាក់ចំណូលរហូតដល់ 15%ក្នុងមួយឆ្នាំ ជាមួយនឹងចំណូលជាងUSD300 ពីតូបដែលទិញក្នុងតម្លៃ USD 2X.000។

នេះគឺជាឱកាសដ៏ល្អបំផុតមួយ ដោយយើងមើលឃើញថា ការវិនិយោគទៅលើលំនៅឋាន និងខុនដូផ្ដល់ អត្រាចំណេញប្រចាំឆ្នាំត្រឹមតែពី 5% ទៅ 8% ប៉ុណ្ណោះ។ យើងក៏អាចមើលឃើញពីអត្រាផលចំណេញ ពីការឡើងថ្លៃនៃតូបផ្សារមានកម្រិតខ្ពស់ខ្លាំងបើធៀបទៅនឹងអចលនទ្រព្យផ្ទះ និងដីធ្លី។ ការវិនិយោគនេះ ក៏មានភាពទាក់ទាញផងដែលបើធៀបទៅនឹងរបស់របរដែលយុវវ័យភាគច្រើនចំណាយទិញ។

ឧទាហរណ៍ថា យើងចំណាយលុយទិញឡានតម្លៃ USD 20,000 ដែលមានអត្រាធ្លាក់ថ្លៃរហូតដល់ 12% ក្នុងមួយឆ្នាំ។ នេះមានន័យថាយើងខាតលុយ USD 2,400 ក្នុងមួយឆ្នាំ លើយានយន្តដែលនេះ មិនទាន់រាប់បញ្ចូលថ្លៃជួសជុលថែទាំផង។ ការទិញផលិតផលប្រណីតវិ ញក៏រឹតតែមិនល្អទៅទៀត ដោយសារតែការវិនិយោគនេះ មិនមានផលចំណេញ និងអាចត្រូវចំណាយដល់ USD 10,000 ក៏អាចថាបាន។

ប្រជាជនខ្មែរវ័យក្មេង គួរតែមានភាពរវៀសជាមួយ នឹងប្រាក់ចំណូលរបស់ពួកគេដោយសារតែនៅពេលនេះ គឺជាឱកាសមាសសម្រាប់ជួយជម្រុញសេដ្ឋកិច្ច ប្រទេសកម្ពុជា។ យើងជឿជាក់ថា ការសម្រេចចិត្តក្នុងការវិនិយោគ ចូលទៅក្នុងវិស័យអចលនទ្រព្យចាប់ពីវ័យក្មេងទៅគឺជាជំហានដ៏អស្ចារ្យមួយ។

សម្រាប់ព័ត៌មានបន្ថែមអំពីផ្សារយើង សូមចូលទៅកាន់គេហទំព័រហ្វេសប៊ុក របស់យើង៖
GC Orussey Market – ផ្សារជីស៊ីអូរឫស្សី:
https://www.facebook.com/gc.orusseymarket
ឆានែលតេឡេក្រាម – https://t.me/GCOrusseyMarket
លេខទូរស័ព្ទ និងតេឡេក្រាម: 099 331015, 098 331015
ក្រុមហ៊ុន GCC គឺជាក្រុមហ៊ុនវិនិយោគ ដែលមានទីស្នាក់ការកណ្ដាលនៅទីក្រុងហុងកុង ដែលមានជំនាញលើ វិស័យ អភិវឌ្ឍអចលនទ្រព្យ វិនិយោគដីធ្លី និងសេវាកម្មហិរញ្ញវត្ថុ (trust and fund management)។ ចក្ខុវិស័យដ៏ធំបំផុតនៃ GCC គឺក្លាយជាអ្នកអភិវឌ្ឍអចលនទ្រព្យ ផ្តល់ជូនសេវាកម្មពេញលេញ 360० នៅក្នុងប្រទេសកម្ពុជា។ បច្ចុប្បន្ននេះ GCC មានក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួន 7 ទៀត រួមមាន GC City GC Land GC Empire GC Realty GC Design GC Management និង GC Credit ។ គម្រោងបច្ចុប្បន្នរបស់ GCC រួមមាន៖ បុរី ណាឌី ដោយជីស៊ី ស៊ីធី CEO Wyndham Residence ផ្សារជីស៊ី អូរឫស្សី GC Residence ជ្រោយចង្វារ និង Lixin Century Innovation Park។

រៀបរៀងដោយការិយាល័យទីផ្សារ GCC
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង
អ្នកនាង Leong Ka Yen ប្រធានផ្នែកទីផ្សារ
លេខទំនាក់ទំនង: +855 96 820 6822 Email: [email protected]
លោកង៉ែត ឧត្តមមុន្នី ប្រធានត្រួតពិនិត្យទីផ្សារ
លេខទំនាក់ទំនង: +855 98831868 Email: [email protected]

ការសិក្សាថ្មីៈប្រតិបត្តិការទិញលក់លំនៅដ្ឋានប្រណីតនៅសិង្ហបុរីសម្រេចបានទឹកប្រាក់ជាង៥៥០០លានដុល្លារ

ការសិក្សាថ្មីៈប្រតិបត្តិការទិញលក់លំនៅដ្ឋានប្រណីតនៅសិង្ហបុរីសម្រេចបានទឹកប្រាក់ជាង៥៥០០លានដុល្លារ

ដោយៈសុខុម

សិង្ហបុរី: ការសិក្សាស្រាវជ្រាវថ្មីមួយ ធ្វើឡើងដោយក្រុមហ៊ុនប្រឹក្សាយោបល់ចលនទ្រព្យអង់គ្លេស Knight Frank កាលពីពេលថ្មីៗនេះបង្ហាញថា ខណៈកម្រិតជីវភាពពលរដ្ឋក្នុងប្រទេសសិង្ហបុរី កាន់តែប្រសើរឡើង តម្រូវការលំនៅដ្ឋានប្រណីតក្នុងប្រទេសនេះក៏កំពុងកើនឡើងជាលំដាប់។

ការសិក្សាខាងលើបង្ហាញថា នៅឆមាសទី១ ឆ្នាំ២០២១ ប្រតិបត្តិការទិញលក់អចលនទ្រព្យប្រភេទលំនៅដ្ឋាន ប្រណីតបានឈានដល់៧,៥ពាន់លានដុល្លារសិង្ហបុរី (ជាង៥,៥៣ដុល្លារមេរិក)។

ចំនួននៃការលក់សរុប សម្រាប់អចលនទ្រព្យប្រភេទលំនៅដ្ឋាន ដែលសាងសង់លើដីជួលពីរដ្ឋ (Non-landed Residential Properties) ក្នុងឆមាសទី១ ឆ្នាំ២០២១ បានឈានដល់២ពាន់លានដុល្លារសិង្ហបុរី (ជាង១,៤៧ពាន់លានដុល្លារអាមេរិក) ជាតួលេខខ្ពស់បំផុតចាប់តាំងពីឆមាសទី២ ឆ្នាំ២០១០ ដែលការលក់នៅក្នុងផ្នែកទីផ្សារលំនៅដ្ឋានប្រណីតមានចំនួនសរុប មានត្រឹមតែប្រមាណ២,៤ពាន់លានដុល្លារសិង្ហបុរី (ជាង១,៨៤ពាន់លានដុល្លារអាមេរិក)។

ដោយងើបឡើងវិញពីវិបត្តិសេដ្ឋកិច្ច ដែលបង្កឡើងដោយការរីករាលដាលនៃវីរុសកូវីដ-១៩ នៅក្នុងឆ្នាំ២០២០ សកម្មភាពលក់ក្នុងឆមាសទី១ ឆ្នាំ២០២១ បានកើនឡើងទ្វេដង បើធៀបនឹងចំនួន១ពាន់លានដុល្លារសិង្ហបុរី (៧៣៨លានដុល្លារអាមេរិក) ដែលត្រូវបានកត់ត្រាក្នុងឆមាសទី២ ឆ្នាំ២០២០ ហើយបានកើនលើស១.៧ពាន់លានដុល្លារសិង្ហបុរី (ជាង១,២៥ពាន់លានដុល្លារអាមេរិក) ក្នុងឆ្នាំ២០២០ ទាំងមូល។

ជាការកតសម្គាល់ ប្រតិបត្តិការទិញលក់លំនៅដ្ឋាន ដែលសាងសង់លើដីជួលពីរដ្ឋក្នុងឆមាសទី១ ២០២១ រួមមានទាំងការលក់យូនីតទាំងអស់នៅអគារ Eden ដោយក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Swire Properties ក្នុងតម្លៃ២៩៣លានដុល្លារសិង្ហបុរី (ជាង២១៦លានដុល្លារអាមេរិក)ផងដែរ ជាមួយនឹងតម្លៃជាមធ្យម៤.៨២៧ដុល្លារសិង្ហបុរី (៣.៥៦០ដុល្លារអាមេរិក) ក្នុងមួយហ្វីតការ៉េ (១ម៉ែត្រការ៉េ=១០,៧៦ហ្វីតការ៉េ)។ តួលេខនេះ បង្ហាញពីតម្រូវការកើនឡើងសម្រាប់ផ្ទះជាងមុន ដែលសាងសង់លើដីជួលពីរដ្ឋនៅក្នុងសង្កាត់ដែលមានដីមានហាងឆេងខ្ពស់។

ប្រតិបត្តិការទិញ លក់គួរឱ្យកត់សម្គាល់ផ្សេងទៀត នៅក្នុងផ្នែកនេះរួមមានទាំងអគារខុនដូ Les Maisons Nassim (តម្លៃ៣៩លានដុល្លារសិង្ហបុរី ឬ ២៨,៨លានដុល្លារអាមេរិក តម្លៃជាមធ្យម៥.៩៣០ដុល្លារសិង្ហបុរី ឬ៤.៣៨០ដុល្លារអាមេរិក ក្នុងមួយហ្វីតការ៉េ) និងគារខុនដូ Park Nova (តម្លៃ៣៤.៤លានដុល្លារសិង្ហបុរី ឬ ២៥,៤លានដុល្លារអាមេរិក តម្លៃជាមធ្យម៥.៨៣ដុល្លារសិង្ហបុរី ឬ ៤.៣១០ដុល្លារអាមេរិកក្នុងមួយហ្វីតការ៉េ) ផងដែរ។

ទន្ទឹមនឹងនេះ ចំនួននៃការលក់សរុប សម្រាប់អចលនទ្រព្យប្រភេទលំនៅដ្ឋាន ដែលសាងសង់លើដីឯកជន (Landed Residential Properties) មានចំនួន៤,៣ពាន់លានដុល្លារសិង្ហបុរី (ជាង៣,១៧ពាន់លានដុល្លារអាមេរិក)។ តម្រូវការនេះបានហក់ឡើងខ្ពស់ដោយសារកត្តាមួយចំនួនដូចជា អ្នកមានផ្ទះរួច ប៉ុន្តែចង់បានផ្ទះធំទូលាយជាងមុន ព្រមទាំងពលរដ្ឋ លក់ផ្ទះឯកជនរបស់ពួកគេចេញក្នុងតម្លៃខ្ពស់ ដោយសារទីផ្សារផ្ទះឯកជនមានភាពសកម្ម និងរឹងមាំ។ នេះបើយោងតាមការសិក្សាស្រាវជ្រាវដដែល៕

រដ្ឋាភិបាលនឹងបង្កើតឃុំសង្កាត់ថ្មីជាច្រើននៅពេលបោះឆ្នោតឃុំ សង្កាត់នាពេលខាងមុខ

រដ្ឋាភិបាលនឹងបង្កើតឃុំសង្កាត់ថ្មីជាច្រើននៅពេលបោះឆ្នោតឃុំ សង្កាត់នាពេលខាងមុខ

ដោយៈ ម៉ាណេត

ភ្នំពេញៈ រាជធានីរដ្ឋាភិបាលកម្ពុជា គ្រោងនឹងបង្កើតឃុំសង្កាត់ថ្មី នៅពេលបោះឆ្នោតឃុំសង្កាត់ នៅខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ។

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានថ្លែងក្នុងពិធីប្រគល់រថយន្ត Ford Ranger Pick-up ចំនួន៨៧គ្រឿង ដល់ស្នងការដ្ឋាននគរបាលក្រុងស្រុកនៅទីស្តីការក្រសួងមហាផ្ទៃ នៅចុងសប្តាហ៍កន្លងទៅថា ”យើងនឹងបង្កើតឃុំសង្កាត់ថ្មីមួយចំនួនទៀត នៅមុនការបោះឆ្នោតឃុំសង្កាត់ នៅឆ្នាំ២០២២ ខាងមុខនេះ”។

សម្តេចក្រឡាហោម បង្ហើបថា អគារប៉ស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ដែលក្រសួងមហាផ្ទៃ សាងសង់សម្រាប់ប៉ូលិសធ្វើការនៅតាមឃុំ សង្កាត់ គឺនៅតែសល់តែ៨០ឃុំសង្កាត់ទៀតទេ ក្នុងចំណោម១៦៦៤ឃុំសង្កាត់ នៅទូទាំងប្រទេស។

សម្តេចក្រឡាហោមបានបន្តថា ចំណែកសាលាឃុំសង្កាត់ គឺនៅសល់ប្រហែលជា៥០% មិនទាន់មានសាលាឃុំសង្កាត់ថ្មីតាមស្តង់ដារ ដែលក្រសួងមហាផ្ទៃ សាងសង់ឲ្យ។

ប៉ុន្តែមិនទាន់ដឹងថា តើមានឃុំសង្កាត់ប៉ុន្មាន ដែលរាជរដ្ឋាភិបាល នឹងត្រូវបង្កើតថ្មីនោះទេ។
ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ លើកដំបូង នៅឆ្នាំ២០០២ នៅទូទាំងប្រទេស មានឃុំសង្កាត់ចំនួន១៦២១ឃុំសង្កាត់។ មកដល់ការបោះឆ្នោតឃុំសង្កាត់ អាណត្តិទី២ នៅឆ្នាំ២០០៧ កម្ពុជា នៅរក្សាចំនួនឃុំសង្កាត់ ត្រឹម ១៦២១ឃុំសង្កាត់ដដែល។

រហូតដល់ការបោះឆ្នោតឃុំសង្កាត់ អាណត្តិទី៣ នៅឆ្នាំ២០១២ ឃុំសង្កាត់ កើនឡើងដល់១៦៣៣ឃុំសង្កាត់ ហើយនៅក្នុងការបោះឃុំ សង្កាត់ អាណត្តិទី៤ នៅឆ្នាំ២០១៧ កម្ពុជា មានឃុំសង្កាត់ចំនួន១៦៤៦ឃុំសង្កាត់៕

វិភាគៈភ្នំពេញបួនទសវត្សរ៍មុន និងបច្ចុប្បន្នកំពុងធ្វើដំណើរយ៉ាងដូចម្តេចលើមូលដ្ឋាននៃកំណើនសេដ្ឋកិច្ចនិងប្រជាសាស្រ្ត

វិភាគៈភ្នំពេញបួនទសវត្សរ៍មុន និងបច្ចុប្បន្នកំពុងធ្វើដំណើរយ៉ាងដូចម្តេចលើមូលដ្ឋាននៃកំណើនសេដ្ឋកិច្ចនិងប្រជាសាស្រ្ត

ដោយៈយិន លាងគង់ៈ ស្ថាបនិកនិងជាអគ្គនាយកគេហទំព័រ Propertyarea.asia

ភ្នំពេញៈ ៤៣ឆ្នាំមុន វាជាទីក្រុងខ្មោច ដែលមានមនុស្សប៉ុន្មានម៉ីននាក់ប៉ុណ្ណោះ បានចូលមករស់នៅទីក្រុងនេះ ប៉ុន្តែបច្ចុប្បន្នទីក្រុងនេះ បានរីកទំហំដល់៧០០គីឡូម៉ែត្រការ៉េ ជាមួយនឹងកំនើនប្រជាជនកើនឡើងដល់ប្រមាណ៣លាននាក់។

ជាទីក្រុងដែលមនុស្សជាច្រើន មិនចង់ចូលមករស់នៅបន្ទាប់ពីរបបអាវខ្មៅ ប៉ុន្តែពេលនេះទីក្រុងនេះ ទទួលលំហូរប្រជាពលរដ្ឋចូលមករស់នៅកើនឡើង ប្រមាណ២០ម៉ឺននាក់ជារៀងរាល់ឆ្នាំ និងប្រជាពលរដ្ឋប្រមាណ២០ម៉ឺននាក់ បានចេញចូលមកធ្វើការ មកប្រកបអាជីវកម្មប្រចាំថ្ងៃ។

ដំណើរចាកចេញពីអតីតកាល
ពីមួយឆ្នាំទៅមួយឆ្នាំ ក្រោមការដឹកនាំរបស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែនជានាយករដ្ឋមន្ត្រី និងការដឹកនាំផ្ទាល់របស់ក្រុមប្រឹក្សា ក៏ដូចគណៈអភិបាលរាជធានីភ្នំពេញ តែងបានខិតខំបំពេញ កសាង និងអភិវឌ្ឍន៏ធ្វើអោយរាជធានីភ្នំពេញ ដែលជាបេះដូងនៃប្រទេសជាតិកាន់តែមានភាពរីកចំរើន និងស៊ីវិល័យជាបន្តបន្ទាប់។

ទន្ទឹមនឹងការរីកចំរើនមិនឈប់ឈរបែបនេះ រាជធានីភ្នំពេញ ក៏បានពង្រីកខ្លួនរហូតមកដល់ឆ្នាំ២០២១នេះ មានកំណើនទ្វេរដងរាប់ទាំងផ្ទៃដី និងចំនួនប្រជាពលរដ្ឋ។

យោងតាមរបាយការណ៍របស់រដ្ឋបាល រាជធានីភ្នំពេញបានឱ្យដឹងថា រាជធានីភ្នំពេ​ញ គឺជារាជធានីមួយក្នុងចំណោមរាជធានី ខេត្ត សរុប ២៥ ជាមជ្ឈមណ្ឌលនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច ទេសចរណ៍ វប្បធម៍ និងការទូត ដែលមានការអភិវឌ្ឍលើគ្រប់វិស័យ។ រាជធានីភ្នំពេញស្ថិតនៅភាគខាងត្បូង នៃប្រទេសកម្ពុជា ត្រង់ទន្លេចតុមុខ ជាចំណុចប្រសព្វរវាង ទន្លេមេគង្គលើ ទន្លេមេគង្គក្រោម ទន្លេសាប និងទន្លេបាសាក់ ដែលមានព្រំប្រទល់ខាងលិចទល់នឹងស្រុកអង្គស្នួល ខាងកើតទល់នឹង ស្រុកគៀនស្វាយ ខាងជើងទល់នឹងស្រុកមុខកំពូល ខាងត្បូងទល់នឹងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

រយៈពេល២៣ឆ្នាំពង្រីករហូតដល់៨លើក
ឆ្លើយតបនឹងកំនើននគររូបនីយកម្ម កំនើនប្រជាពលរដ្ឋ កំនើននៃផែនការប្រជាសាស្រ្ត និងផែនការពង្រីកទីក្រុងកាន់តែមានទំហំធំ ដើម្បីពង្រីកសក្តានុពលរាជធានីរបស់ខ្លួន ភ្នំពេញបានពង្រីផ្ទៃដី និងមូលដ្ឋានខ័ណ្ឌ សង្កាត់យ៉ាងលឿនស្ទើរមិនគួរឲ្យជឿ។

នៅក្នុងឆ្នាំ២០០៦ រាជធានីភ្នំពេញមានផ្ទៃដីសរុប៣៧៥ គីឡូម៉ែត្រការ៉េ មានខណ្ឌចំនួន៧ សង្កាត់ចំនួន៧៦ ប្រជាពលរដ្ឋសរុបចំនួន១.០៥០.៦១៦នាក់។

នៅឆ្នាំ២០០៩រាជធានីភ្នំពេញ បានពង្រីកបន្ថែម ដែលកាត់ទាំងដី និងប្រជាពល រ​ដ្ឋពីខេត្តកណ្តាល គឺមានផ្ទៃដីសរុប៣៧៧,៤៦ គីឡូម៉ែត្រការ៉េ ចំនួនខណ្ឌ៨ ចំនួនសង្កាត់៧៦ ចំនួនប្រជាពលរដ្ឋសរុប១.៣២៧.៦១៦នាក់។
នៅឆ្នាំ២០១២រាជធានីភ្នំពេញ បានពង្រីកបន្ថែមដែលមានផ្ទៃដីសរុប៦៧៨,៤៦ គីឡូម៉ែត្រការ៉េ ចំនួនខណ្ឌ៩ ចំនួនសង្កាត់៩៦ ចំនួនប្រជាពលរដ្ឋសរុប១.៥០១.៧២៥នាក់។

នៅឆ្នាំ២០១៧រាជធានីភ្នំពេញ បានពង្រីកបន្ថែមដែលមានផ្ទៃដីសរុប៦៩២,៤៦ គីឡូម៉ែត្រការ៉េ ខណ្ឌកើនដល់ចំនួន១២ មានចំនួនសង្កាត់១០៥ ចំនួនប្រជាពលរដ្ឋសរុប១.៤៦១.៨៥៣នាក់។

នៅឆ្នាំ២០១៩ រាជធានីភ្នំពេញមានផ្ទៃដីសរុប៦៩២,៤៦ គីឡូម៉ែត្រការ៉េ ចំនួនខណ្ឌ១៤ ចំនួនសង្កាត់១០៥ ចំនួនប្រជាពលរដ្ឋសរុប២.១២៩.៣៧១នាក់ ដែលជាឆ្នាំបំបែកខណ្ឌ។

ឆ្នាំ២០១៩កន្លងមកនេះ រាជធានីភ្នំពេញមាន ផ្ទៃដីសរុប៦៩២,៤៦ គីឡូម៉ែត្រការ៉េ ចំនួនខណ្ឌ១៤ ចំនួនសង្កាត់១០៥ ចំនួនភូមិ១០៥ ចំនួនគ្រួសារ៣៩៩.២០៣ ចំនួនប្រជាពលរដ្ឋសរុប២.១២៩.៣៧១នាក់ ចំនួនស្រី្តសរុប១.០៩០.១៧៩នាក់។ នេះជារបាយការ ណ៍ជំរឿនឆ្នាំ២០១៩។

នៅឆ្នាំ២០២០រាជធានីភ្នំពេញ មានផ្ទៃដីសរុប៦៩២,៤៦គីឡូម៉ែត្រការ៉េ មានខណ្ឌចំនួន​​១៤ ចំនួនសង្កាត់១០៥ ចំនួនគ្រួសារ៣៩៩.២០៣ ចំនួនប្រជាពលរដ្ឋសរុប២.២៨១.៩៥១នាក់។

នៅឆ្នាំ២០២១នេះ រាជធានីភ្នំពេញ អាចមានកំណើនផ្ទៃដីដល់ទៅ ៦៩៥,៤៦ គីឡូម៉ែត្រការ៉េ ចំណែកប្រជាពលរដ្ឋ ក៏មានការកើនឡើងទៅតាមនោះដែរ។

របួសផ្លុវចិត្តត្រូវព្យាបាលដោយសុខសន្តិភាព
ពីសម្លេងហ៊ោរកញ្ចៀវ បន្ទាប់មកក្លាយជាស្ទឹងទឹកភ្នែក ថ្លុកឈាម។ ធ្លាប់ជាទីក្រុងដែលគ្មានទឹកស្អាត គ្មានអគ្គិសនី គ្មានរថយន្តទំនើបលើដងផ្លូវ និងមានតែម៉ូតូ និងកង់មួយៗសម្រាប់ធ្វើដំណើរ។ ប្រជាជនមានទឹកមុខស្លោកស្រពោន បាក់ស្បាត កែវភ្នែកល្អក់កករ ពោរពេញដោយទុក្ខសោក ភាពបាក់ស្បាតរបស់ប្រជាពលរដ្ឋ ប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញពេលនេះ បានបំភ្លេចអតីតកាលហើយ។

របូសផ្លូវចិត្ត ត្រូវបានព្យាបាលដោយសុខសន្តិភាព របួសផ្លូវចិត្តត្រូវបានព្យាបាលដោយស្នាមញញឹម និងការលើកទឹកចិត្តពីរដ្ឋាភិបាល ដែលបាននិងកំពុងគិតគូយ៉ាងខ្លាំង​ដល់ការរក្សាបាននូវសុខសន្តិភាព នូវការអភិវឌ្ឍ និងទាក់ទាញលំហូរទុនវិនិយោគពីបរទេសឲ្យបានកាន់តែច្រើន ដើម្បីសម្រេចចក្ខុវស័យរបស់ប្រមុខរដ្ឋាភិបាល ក្នុងការរុញប្រទេសទៅកាន់ប្រទេសមានប្រាក់ចំណូលមធ្យម កម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០។

ទីក្រុងដែលវិនិយោគិនអន្តរជាតិមិនអាចមើលរំលងបាន
បំភ្លេចចោលចុះ រឿងអាគារចាស់ទ្រុឌទ្រោម និងគ្មានទឹកស្អាត និងអគ្គិសនី ប៉ុន្តែពេលនេះ យើងទាំងអស់គ្នាគួរតែទះដៃអបអរសាទរ ជាមួយនឹងសមិទ្ឋផលជាច្រើន ពិសេ​សវត្តមានមជ្ឈមណ្ឌលពាណិជ្ជកម្មលំដាប់អន្តរជាតិជាច្រើន បានបង្ហាញរួបរាង និងត្រៀម​បង្ហាញរូបរាងនាពេលអនាគត។

ជាមួយនឹងការវិវត្តនទទៅមុខឥតឈប់ឈរ រាជធានីនេះបានក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្ម លំដាប់អន្តរជាតិបណ្តើរៗហើយ ដោយសារវត្តមានវិនិយោគិនអន្តរជាតិ (ពិសេសវិនិយោគិនចិន) និងអ្នកវិនិយោគ​បរទេសដទៃទៀត បាននិងកំពុងស្វះស្វែង និងបង្កើតនូវឱកាស ដើម្បីទាញផលចំណេញពីការវិនិយោគរបស់ពួកគេ។

ទីក្រុងនេះ ដែលកាលពី៤៣ឆ្នាំមុន គ្មានអាគារកំពស់លើសពី១០ជាន់ បច្ចុប្បន្នរាជធានីនេះ មានអាគារកប់ពពកជាច្រើន ដែលបាននិងកំពុងសាងសង់ និងបញ្ចប់ការសាងសង់ ដោយគិតរហូតមកទល់ពេលនេះ សំណង់អាគារកំពស់ពី៥ជាន់ដល់៦០ជាន់មានប្រមាណ២០០០អាគាររួចហើយ។

សមិទ្ឋផលធំធេង មិនអាចកាត់ថ្លៃបាននេះ មិនអាចកើតឡើងដោយចៃដន្យឡើយ ប៉ុន្តែវាកើតឡើងដោយសារការដឹកនាំដ៏វាងវៃ និងប៉ិនប្រសព្វបំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលមានផែនការ ចក្ខុវិស័យ ដោយ​បានដាក់ចេញនូវគោលនយោបាយ ច្បាប់បទដ្ឋានគតិយុត្តិនានា ដើម្បីលើកទឹកចិត្តផង ទាក់ទាញការវិនិយោគពីបរទេសផង តាមរយៈការធ្វើឲ្យប្រសើរឡើងនូវបរិយាកាសវិនិយោគនៅកម្ពុជា។

លិខិតបទដ្ឋានគតិយុត្តិ
គ្មានវិនិយោគិន មកពីប្រទេសជាមួយចូលមកកម្ពុជា ឬប្រទេសដទៃទៀត ព្រោះតែមិត្តភាព និងទំនាក់ទំនងល្អរវាងមេដឹកនាំរបស់ប្រទេស និងប្រទេសនោះទេ ប៉ុន្តែការរៀបចំគោលនយោបាយច្បាស់លាស់ ច្បាប់បទដ្ឋានគតិយុត្តិគ្រប់គ្រាន់ បានធ្វើឲ្យកម្ពុជាទាក់ទាញលំហូរទុនវិនិយោគ ទំហំរាប់ពាន់លានដុល្លារអាមេរិកជារៀងរាល់ឆ្នាំ។

កត្តាទាំងអស់នេះហើយ ទើបសេដ្ឋកិច្ចកម្ពុជាសម្រេចបានកំនើនជាមធ្យមជាង៧ភាគរយ ក្នុងរយៈពេលជាងពីរទសវត្សរ៍ចុងក្រោយនេះ(លើកលែងអំឡុងវិបត្តិកូវីដ១៩)។ ជាលទ្ឋផលបានធ្វើឲ្យកម្ពុជា ក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតទាប នៅឆ្នាំ២០១៥ (ការចាត់ចំណាត់ថ្នាក់របស់ធនាគារពិភពលោក) ហើយកម្ពុជាត្រូវបានធនា​គារអភិវឌ្ឍន៍អាស៊ីប្រសិទ្ឋនាមឈ្មោះថ្មី “កម្ពុជា ខ្លាសេដ្ឋកិច្ចថ្មីនៅអាស៊ី”។

វត្តមានខុនដូកប់ពពកជាច្រើន បានកើតចេពីច្បាប់សហកម្មសិទ្ឋ ដែលរាជរដ្ឋាភិបាលបានអនុម័តនៅឆ្នាំ២០១០។
ច្បាប់ដ៏សំខាន់ និងបានធ្វើឡើងប្រកបដោយភាពប្រាកដនិយម នៃគោលនយោបា​យជាតិ ដើម្បីលើកកំពស់សេដ្ឋកិច្ច បានធ្វើឲ្យកម្ពុជាទាក់ទាញលំហូរទុនវិនិយោគរាប់ពាន់លានដុល្លារក្នុងមួយឆ្នាំៗ ដោយសារមួយផ្នែកគឺការទាញបានផលប្រយោជន៍ ពីច្បាប់នេះ ដែលអនុញ្ញាត្តឲ្យជនបរទេស អាចទិញផ្ទះបានពីជាន់ទី១ឡើងទៅនៅកម្ពុជា ពិសេសលើអាគារសហកម្មសិទ្ឋឬខុនដូ។

ទីតាំងប្រៀបដូចជាអេប៉ុងមិនទាន់ជ្រាបទឹកពេញ
អ្នកវិនិយោគអន្តរជាតិជាច្រើន បានប្រៀបប្រដូចកម្ពុជា ពិសេសរាជធានីភ្នំពេញប្រៀបដូចជា អេប៉ុងស្នោ ដែលមិនទាន់ជ្រាបទឹកពេញ។

មានន័យថាទីក្រុងនេះ នៅមិនទាន់ឆ្អែកក្នុងការវិនិយោគនៅឡើយ ជាក់ស្តែង វត្ត​មានហាងអាហារល្បីៗ ក្រុមហ៊ុនអន្តរជាតិល្បីៗ ជាច្រើនពីជុំវិញពិភពលោក បានចូលខ្លួនមកកាន់កម្ពុជា ទោះបីប្រទេសនេះ និងពិភពលោកកំពុងជាប់ផុងក្នុងវិបត្តិជំងឺកូវីដក្តី។

រាជធានីនេះនៅតែស្វាគមន៍ និងត្រៀមស្វាគមន៍នូវលំហូរទុនវិនិយោគរាប់ពាន់លានដុល្លារអាមេរិកបន្ថែមទៀត បើទោះជាវិស័យអចលនទ្រព្យ បានទាក់ទាញលំហូរទុនរហូតដល់៦០ពាន់លានដុល្លារអាមេរិករួចហើយក៏ដោយ ក៏ប្រទេសនេះនៅតែទទួលផល​ចំណេញខ្ពស់ពីការវិនិយោគដដែល ធៀបជាមួយបណ្តាប្រទេសក្នុងតំបន់។

ហេតុអ្វីកម្ពុជា នៅតែទទួលផលចំណេញខ្ពស់ពីការវិនិយោគ? យើងនឹងវិភាគជូននៅអត្ថបទបន្តបន្ទាប់ទៀតនាពេលឆាប់ៗខាងមុខនេះ៕