លោកស៊ុន ចាន់ថុលចុះពិនិត្យហេដ្ឋារចនាសម្ព័ន្ឋនៅច្រកស្ទឹងបង់ ណងអៀន

ដោយៈគង់ សូរិយា

ភ្នំពេញៈ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូន លោកស៊ុន ចាន់ថុល បានការចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ អគាររដ្ឋបាលច្រកទ្វារអន្តរជាតិស្ទឹងបត់-បានណងអៀន នៅខេត្តបន្ទាយមានជ័យ។

ករចុះពិនិត្យនេះ ដើម្បីធ្វើយ៉ាងណាឱ្យបានសម្រេចតាមផែនការគ្រោងទុក និងជួយសម្រួលដល់ការដឹកជញ្ជូនឆ្លងកាត់ កាន់តែមានភាពងាយស្រួល។ ការចុះពិនិត្យក្នុងគោលបំណង ដើម្បីធ្វើយ៉ាងណាឱ្យបានសម្រេចតាមផែនការគ្រោងទុក និងជួយសម្រួលដល់ការដឹកជញ្ជូនឆ្លងកាត់ កាន់តែមានភាពងាយស្រួល ដែលជាសរសៃឈាម រួមចំណែកលើកស្ទួយដល់កំណើនសេដ្ឋកិច្ចដល់កម្ពុជាយើងផងដែរ។

ជាមួយគ្នានេះ លោកស៊ុន ចាន់ថុលបានបន្តចុះពិនិត្យផ្លូវ និងផ្កាត្របែកព្រៃដែលដាំអមផ្លូវជាតិលេខ៥ (ផ្លូវវាងក្រុងសិរីសោភ័ណ) នៅខេត្តបាត់ដំបង-បន្ទាយមានជ័យ ដើម្បីអាចប្រើប្រាសបានយូរ ប្រកបដោយគុណភាពតាមស្តង់ដាបច្ចេកទេស និងសម្រេចឱ្យបានតាមផែនការគ្រោងទុក។

ការចុះត្រួតពិនិត្យនេះគឺក្នុងគោលបំណង ដើម្បីធ្វើយ៉ាងណាត្រូវឱ្យមាននូវគុណភា​ព​​អាចប្រើប្រាស់យូរ ប្រកបដោយដោយស្តង់ដារបច្ចេកទេសត្រឹមត្រូវ ហើយអាចសម្រេចឱ្យបានជាលទ្ធផលសមិទ្ធផល ទៅតាមផែនការដូចគ្រោងទុក៕

 

អ្នកជំនាញសេដ្ឋកិច្ច និងទេសចរណ៍ស្នើរដ្ឋាភិបាលបើកចំហឲ្យមានការចូលរួម ពីគ្រប់មជ្ឈដ្ឋានលើប៉ូលសេដ្ឋកិច្ចទី៤

ដោយៈតារា

ភ្នំពេញៈ អ្នកជំនាញសេដ្ឋកិច្ច និងទេសចរណ៍បានលើកឡើងថា ដើម្បីសម្រេចនូវគោលដៅ លើការបង្កើតតំបន់ប៉ូលសេដ្ឋកិច្ចទី៤ នៅខេត្តមណ្ឌលគិរីជាតំបន់អេកូទេស​ចរណ៍លំដាប់អន្តរជាតិ ទាមទារឲ្យមានការចូលរួមពីភាគីពាក់ព័ន្ឋទាំងអស់។

លោកបណ្ឌិតគី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី៣០ មិថុនានេះថា ការជម្រុញបង្កើតតំបន់ទេសចរណ៍នេះកន្លងមក រដ្ឋាភិបាលកម្ពុជាហាក់ដូចជាមិនសូវជោគជ័យប៉ុន្មាននោះឡើ​យ ដោយសារខ្វះការចូលរួមរបស់ប្រជាពលរដ្ឋ នៅតាមសហគមន៍ទេសច​រណ៍ ដោយពួកគាត់មិនសូវមានការយល់ដឹងអំពីបញ្ហាទេសចរណ៍នេះ។

លោកបណ្ឌិតបន្តថា “គម្រោងរាជរដ្ឋាភិបាលជម្រុញបង្កើត តំបន់អេកូទេសចរណ៍នៅខេត្តមណ្ឌលគីរីនេះ វាជាចំណុចចាប់ផ្តើមថ្មីមួយ ហើយតំបន់ទេសចរណ៍ទាំងនោះ ភាគច្រើន គឺជាសហគមន៍អត់សូវមានមនុស្សរស់នៅ”។លោកបន្តថា “ដូច្នេះការរៀបចំសហគមន៍នេះ គឺជារឿងចាំបាច់ជម្រុញអភិវឌ្ឍន៍”។

អ្វីដែលធ្វើឲ្យប្រសើរថែមទៀត រាជរដ្ឋាភិបាលគួរគិតគូរអំពីភូតគ្គមអនាម័យ និងការលក់ដូរមានតម្លៃសមរម្យ រួមជាមួយការបង្កើតហេដ្ឋានរចនាសម្ព័ន្ធផ្លូវ នៅតាមព្រំដែនបន្ថែមទៀត នៅលើគម្រោងដែលយើងបានគ្រោងទុកទាំងនោះ ព្រោះវាគឺជាចំណុចនៃការទាក់ទាញផងដែរ ហើយអ្វីដែលសំខាន់ គឺត្រូវការចូលរួមពីគ្រប់មជ្ឈដ្ឋាន ទាំងស្ថានប័នពាក់ព័ន្ធ និងប្រជាពលរដ្ឋ ទើបរាជរដ្ឋាភិបាលនឹងទទួលបានជោគជ័យ ដែលក៏ជាផ្នែកមួយក្នុងការបង្កើតការងារ និងប្រាក់ចំណូលដល់សហគមន៍មូលដ្ឋាន និងសេដ្ឋកិច្ចសង្គមផងដែរ ។

ជាមួយគ្នានេះ លោកស្រីឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា ថ្លែងនូវការគាំទ្រពេញទំហឹង ចំពោះគម្រោងកំណត់ខេត្តមណ្ឌលគិរី ជាប៉ូលសេដ្ឋកិច្ចទី ៤  និងជាខេត្តគោលដៅអេកូទេសចរណ៍លំដាប់អន្តរជាតិ របស់រាជរដ្ឋាភិបាល ព្រោះខេត្តនៅតំបន់ភូមិភាគឥសាន្ត គឺជាខេត្តដែលស័ក្តិកសម និងសំបូរធនធានធម្មជាតិប្រកប ដោយ​​​សក្តានុពល។ លោកស្រីបន្តថា ដើម្បីទាក់ទាញភ្ញៀវទេសចរឲ្យមានកំណើនខ្ពស់ និងស្របតាមផែនការ ត្រូវទាមទាឲ្យមានហេដ្ឋារចនាសម្ព័ន្ធ និងសេវាកម្មឲ្យសំបូរបែប និងប្រកបដោយស្តង់ដារខ្ពស់ ជាពិសេសការអនុវត្តឲ្យបានលឿន ស្របតាផែនការដែលបានគ្រោងទុករបស់រាជរដ្ឋាភិបាល ។

រដ្ឋាភិបាលកម្ពុជាទើបបានប្រកាសពីផែនការមេ សម្រាប់ការអភិវឌ្ឍវិស័យទេសច​រណ៍ខេត្តមណ្ឌលគិរី (២០២១-២០៣៥)”  របស់រាជរដ្ឋាភិបាល បានកំណត់ចក្ខុវិស័យសំខាន់ៗរួមមាន៖ខេត្តមណ្ឌលគិរី ត្រូវកំណត់ជាគោលដៅអេកូទេសចរណ៍លំដាប់អន្តរជាតិ និងជាខេត្តដ៏សំខាន់ក្នុងការផ្គត់ផ្គង់ផ្កា បន្លែ និងផ្លែឈើ សម្រាប់បំពេញតម្រូវការក្នុងប្រទេស និងឈានដល់ការនាំចេញទៅទីផ្សារក្រៅប្រទេស។

រដ្ឋាភិបាលបានដាក់គោលដៅ នៅឆ្នាំ២០៣៥ ចំនួនភ្ញៀវទេសចរអន្តរជាតិមកកាន់ខេត្តមណ្ឌលគិរី នឹងកើនឡើងដល់ប្រមាណ៩០ម៉ឺននាក់ ខណៈដែលចំនួនភ្ញៀវទេសចរក្នុងស្រុក នឹងកើនឡើងដល់ប្រមាណ២លាននាក់ បង្កើតការងារក្នុងរង្វង់៨ម៉ឺនកន្លែង និងបង្កើតចំណូលដោយផ្ទាល់ប្រមាណ៥០០លានដុល្លារ និងដោយប្រយោល១.០០០ លានដុល្លារ ដើម្បីរួមចំណែកធ្វើឲ្យភូមិភាគឦសាន ដែលមានខេត្តមណ្ឌលគិរីជាស្នូល ជាប៉ូលសេដ្ឋកិច្ចទី៤ បន្ទាប់ពីតំបន់រាជធានីភ្នំពេញ តំបន់ឆ្នេរ និងតំបន់សៀមរាបផងដែរ៕

រាជរដ្ឋាភិបាលកម្ពុជាដាក់ចេញវិធានការ៤ចំណុចលើការគ្រប់គ្រងផលប៉ះពាល់វិស័យសំខាន់ៗ ដើម្បីស្តារនិងជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ

ដោយៈ ម៉ាណេត

ភ្នំពេញៈ ស្ថានភាពនៃជំងឺកូវីដ-១៩ នៅតែបន្តវិវឌ្ឍខ្លួនគួរឱ្យបារម្ភ តាមរយៈការបំប្លែងខ្លួនថ្មី នៃវីរុសកូវីដ-១៩ ដែលការណ៍នេះ បានបង្កើនបន្ថែមនូវសម្ពាធផ្នែកសង្គម-សេដ្ឋកិច្ច ដល់ប្រទេសជាច្រើននៅលើសកលលោក។

ក្រោមស្មារតីខិតខំប្រឹងប្រែងឥតឈប់ឈរ និងការទទួលខុសត្រូវខ្ពស់ រាជរដ្ឋាភិបាលបានសម្រេចដាក់ចេញនូវ វិធានការចាំបាច់នានាជាបន្តបន្ទាប់ ក្នុងគោលបំណងគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងបន្តជំរុញ លំនឹងអាជីវកម្ម-ធុរកិច្ចក្នុងវិស័យដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់រាជរដ្ឋាភិបាល ដែលគេហទំព័រ Propertyarea.asia ទទួលបាននៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១។

ជាការពិត ប្រទេសមួយចំនួនបាន និង កំពុងពន្លឿននូវយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋរបស់ខ្លួន ក្នុងគោលដៅត្រៀមខ្លួន បើកប្រទេស ក៏ដូចជាទ្រទ្រង់សេដ្ឋកិច្ចឡើងវិញ ចំណែកប្រទេសកម្ពុជាវិញ ក៏បាន និងកំពុងទទួលវ៉ាក់សាំង។ តាមរយៈជំនួយ និងការបញ្ជាទិញដោយផ្ទាល់ពីក្រុមហ៊ុនផលិតនានា ។

ទន្ទឹមនេះ រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងខិតខំប្រឹងប្រែងអនុវត្តយ៉ាងសកម្មនូវយុទ្ធនាការជាតិចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ និងទទួលបាននូវវឌ្ឍនភាពវិជ្ជមានគួរឱ្យកត់សម្គាល់ ដោយអនុលោមតាមអភិក្រម “ផ្ការីក” ដែលចាប់ផ្ដើមពីរាជធានីភ្នំពេញ និងខេត្តកណ្តាល ហើយពង្រីកជាជំហានៗឆ្ពោះទៅតំបន់ផ្សេងទៀត សំដៅបង្កើតឱ្យបានភាពស៊ាំសង្គម សេដ្ឋកិច្ច នៅត្រឹមឆ្នាំ ២០២១ ។ ជាក់ស្ដែង “ព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ ២០២១” នៅបន្តអូសបន្លាយពេលវេលា និងពង្រីកវិសាលភាព នៃការឆ្លងរាលដាលនៃជំងឺដ៏កាចសាហាវនេះ ដែលញាំងឱ្យរាជរដ្ឋាភិបាលបន្ត យកចិត្តទុកដាក់ខ្ពស់ ក្នុងការតាមដាន និងសម្រេចដាក់ចេញនូវវិធានការយ៉ាងម៉ឺងម៉ាត់នានា។

ទោះជាយ៉ាងនេះក្តី វិស័យសំខាន់ៗមួយចំនួន ដូចជា វិស័យកាត់ដេរ -វាយនភណ្ឌ, វិស័យអាកាសចរណ៍, វិស័យទេសចរណ៍ (សណ្ឋាគារ និងភោជនីយដ្ឋានជាដើម) នៅតែបន្តរងផលប៉ះពាល់ខ្លាំងជាងគេ ពីវិបត្តិនៃជំងឺកូវីដ-១៩ នេះ ។ បន្ថែមពីលើនេះ, ប្រជាពលរដ្ឋគ្រប់ស្រទាប់ ជាពិសេស គ្រួសារក្រីក្រ និងងាយរងគ្រោះ ក៏នៅតែបន្តប្រឈមនឹង បញ្ហាលំបាកផ្សេងៗក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ។

បន្ទាប់ពីបានពិនិត្យ និងថ្លឹងថ្លែងយ៉ាងល្អិតល្អន់លើគ្រប់ទិដ្ឋភាពដើម្បីបំពេញតម្រូវការចាំបាច់នានា មកលើសង្គម-សេដ្ឋកិច្ច ស្ថានភាពពាណិជ្ជកម្ម និងវិនិយោគ ទាំងក្នុងក្របខណ្ឌសកល តំបន់ និងប្រទេស រាជរដ្ឋាភិបាលសម្រេចដាក់ចេញនូវវិធានការបន្ថែមជុំទី៩ ក្នុងគោលបំណង៖ (១) កាត់បន្ថយផលប៉ះពាល់មក លើស្ថានភាពសង្គម-សេដ្ឋកិច្ច និងហានិភ័យ នៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ ក្នុង លក្ខណៈទ្រង់ទ្រាយធំ (២). បន្តសុពលភាពនៃវិធានការដែលបានដាក់ចេញនាពេលកន្លងមក ដែលនឹងផុត កំណត់សម្រាប់ការអនុវត្តក្នុងពេលឆាប់ៗខាងមុខ (៣). បន្តដាក់ចេញ និងអនុវត្តវិធានការទ្រទ្រង់ និងស្តារ អាជីវកម្ម និងធុរកិច្ច ឱ្យងើបឡើងវិញ ដើម្បីចូលរួមជំរុញកំណើនសេដ្ឋកិច្ច សំដៅបង្កើតឱ្យបានភាពស៊ាំសង្គម សេដ្ឋកិច្ចនៅក្នុងបរិការណ៍នៃការវិវឌ្ឍនៃជំងឺកូវីដ-១៩ និង (៤). បន្តជួយទំនុកបម្រុងដល់ជីវភាពប្រចាំថ្ងៃរបស់ គ្រួសារក្រីក្រ និងងាយរងគ្រោះ តាមរយៈកម្មវិធីឧបត្ថម្ភសាច់ប្រាក់។

វិធានការជុំទី៩ ដែលត្រូវបានរៀបចំឡើង ដោយមានការពិគ្រោះយោបល់យ៉ាងទូលំទូលាយជាមួយវិស័យឯកជន សហគមន៍ធុរកិច្ចនានានៅកម្ពុជា, ស្ថាប័នស្រាវជ្រាវ និងដៃគូអភិវឌ្ឍន៍នានារួមមាន ដូចខាងក្រោម ៖

១. វិធានការបន្តជួយវិស័យកាត់ដេរ-វាយនភណ្ឌ ស្បែកជើង ផលិតផលធ្វើដំណើរ កាបូប និងវិស័យទេសចរណ៍

បន្ទាប់ពីរោងចក្រ-សហគ្រាស និងអាជីវកម្ម ក្នុងវិស័យកាត់ដេរ-វាយនភណ្ឌ ស្បែកជើង ផលិតផលធ្វើដំណើរកាបូប និងវិស័យទេសចរណ៍ ទទួលបានលិខិតអនុញ្ញាតឱ្យព្យួរកិច្ចសន្យាការងារ និង/ឬលិខិត អនុញ្ញាតឱ្យពន្យារការព្យួរកិច្ចសន្យាការងារ ពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោយពីបានបំពេញ តាមលក្ខណៈវិនិច្ឆ័យ និងលក្ខខណ្ឌនៃការព្យួរកិច្ចសន្យាការងារ រាជរដ្ឋាភិបាលកម្ពុជានឹង៖

• បន្តផ្តល់ប្រាក់ឧបត្ថម្ភ៤០ដុល្លារអាមេរិក ក្នុងមួយខែ សម្រាប់កម្មករ-និយោជិត១នាក់ ដែលបំពេញការងារក្នុងវិស័យកាត់ដេរ-វាយនភណ្ឌ ស្បែកជើង ផលិតផលធ្វើដំណើរ និងកាបូប សម្រាប់រយៈពេល៣ ខែបន្ថែមទៀត ពីខែកក្កដា ដល់ខែកញ្ញា ឆ្នាំ២០២១។ ម្ចាស់រោងចក្រ-សហគ្រាស ក្នុងវិស័យនេះត្រូវបន្ថែមចំនួន៣០ ដុល្លារអាមេរិក សម្រាប់កម្មករ-និយោជិត១នាក់ (ជាសរុប កម្មករនិយោជិត១នាក់ ទទួលបាន៧០ដុល្លារអាមេរិក ក្នុងមួយខែ)។

• បន្តផ្តល់ប្រាក់ឧបត្ថម្ភ៤០ដុល្លារអាមេរិក ក្នុងមួយខែ ជូនកម្មករ-និយោជិត១ នាក់ ដែលបំពេញ ការងារក្នុងវិស័យទេសចរណ៍ ដូចជា៖ សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងភ្នាក់ងារ ទេសចរណ៍ សម្រាប់រយៈពេល៣ ខែបន្ថែមទៀត ពីខែកក្កដា ដល់ខែកញ្ញា ឆ្នាំ២០២១ ។ សហគ្រាស និងអាជីវកម្មក្នុងវិស័យទេសចរណ៍ ត្រូវរួមចំណែកតាមគោលការណ៍ស្ម័គ្រចិត្ត និងតាមលទ្ធភាព ជាក់ស្តែង បន្ថែមលើអ្វីដែលរាជរដ្ឋាភិបាលបានផ្ដល់ជូន។

• បន្តលើកលែងការបង់ពន្ធប្រចាំខែគ្រប់ប្រភេទ ចំពោះសណ្ឋាគារ,ផ្ទះសំណាក់ ភោជនីយដ្ឋាន និង ក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ ដែលបានចុះបញ្ជីជាមួយអគ្គនាយកដ្ឋានពន្ធដារ និងមានសកម្មភាព អាជីវកម្ម នៅក្នុងរាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តកែប ខេត្តកំពត ក្រុងបាវិត និងក្រុងប៉ោយប៉ែត សម្រាប់រយៈពេល៣ ខែបន្ថែមទៀត ពីខែកក្កដា ដល់ខែ កញ្ញា ឆ្នាំ ២០២១ ។ អាជីវកម្មទាំងនេះ នៅតែមានកាតព្វកិច្ចដាក់លិខិតប្រកាសពន្ធអាករ និងប្រើប្រាស់ប្រព័ន្ធអនឡាញ សម្រាប់គ្រប់គ្រងអាករលើតម្លៃបន្ថែម (E-VAT) ជារៀងរាល់ខែ ក្នុងអំឡុងពេលនៃការលើកលែងនេះ ។

• បន្តលើកលែងការបង់ភាគទានរបបសន្តិសុខសង្គម ផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព នៃ បេឡាជាតិសន្តិសុខសង្គម ក្នុងអំឡុងពេលព្យួរអាជីវកម្ម ឬផ្អាកដំណើរការអាជីវកម្ម ។

• បន្តពន្យារការចាប់ផ្តើមអនុវត្តរបបសន្តិសុខសង្គមផ្នែកសោធនៈ រយៈពេល ០៦ខែបន្តទៀត គឺរហូត ដល់ដំណាច់ ខែ ធ្នូ ឆ្នាំ ២០២១។ ការពន្យារពេលនេះនឹងត្រូវផ្អែកលើការវាយតម្លៃជាបន្តបន្ទាប់នូវ ស្ថានភាពសង្គម-សេដ្ឋកិច្ចជាក់ស្តែង ។

២. វិធានការបន្តជួយវិស័យអាកាសចរណ៍

• បន្តលើកលែងការបង់ពន្ធអប្បបរមា (Minimum Tax) សម្រាប់រយៈពេល៣ខែបន្ថែមទៀត ពីខែកក្កដា ដល់ខែកញ្ញា ឆ្នាំ២០២១ ជូនដល់ក្រុមហ៊ុនអាកាសចរណ៍ ដែលបានចុះបញ្ជីនៅកម្ពុជា ។

• បន្តពន្យារការបង់ប្រាក់ជំពាក់កម្រៃអាកាសចរស៊ីវិល សម្រាប់រយៈពេល ០៣ ខែបន្ថែមទៀត ពីខែ កក្កដា ដល់ខែ កញ្ញា ឆ្នាំ ២០២១ ជាមួយនឹងការអនុញ្ញាតឱ្យក្រុមហ៊ុនអាកាសចរណ៍ទាំងនោះរៀបចំ បង់ប្រាក់ជំពាក់នោះ ជាដំណាក់កាល ក្រោយពីរយៈពេលពន្យារនេះ ។

៣. វិធានការជួយវិស័យដឹកជញ្ជូន និងឡូជីស្ទីក

●លើកលែងកម្រៃអាជ្ញាបណ្ណជើងសាគយសម្រាប់ឆ្នាំ ២០២១ និង ២០២២ ។ ការពន្យារពេលនេះនឹង ត្រូវផ្អែកលើការវាយតម្លៃជាបន្តបន្ទាប់នូវស្ថានភាពសង្គម-សេដ្ឋកិច្ចជាក់ស្ដែង។

៤. កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ

• បន្តអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ-១៩ សម្រាប់រយៈពេល៣ខែបន្ថែមទៀត ពីខែកក្កដា ដល់ខែកញ្ញា ឆ្នាំ២០២១ ។ ក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវអនុវត្តនូវសេចក្ដីណែនាំនេះ ទៅតាមសមត្ថកិច្ចរបស់ខ្លួន ឱ្យមាន ប្រសិទ្ធភាពខ្ពស់បំផុត។

រាជរដ្ឋាភិបាលបន្តតាមដានជាប់ជាប្រចាំក្រោមស្មារតីបុរេសកម្ម និងទទួលខុសត្រូវខ្ពស់ នូវស្ថានភាពនៃ ជំងឺកូវីដ-១៩ លើស្ថានភាពសង្គម-សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងក្របខណ្ឌសកល តំបន់ និងប្រទេស ដើម្បីពិនិត្យ និងវាយតម្លៃពីផលប៉ះពាល់នៃជំងឺកូវីដ-១៩ មកលើវិស័យសំខាន់ៗនៃសេដ្ឋកិច្ចកម្ពុជា ក្នុងទិសដៅធ្វើ បច្ចុប្បន្នភាព និងត្រៀមដាក់ចេញនូវវិធានការថ្មីៗបន្ថែមចាំបាច់នានា សំដៅស្តារ និងជំរុញកំណើនសេដ្ឋកិច្ច ជាពិសេសធានាចីរភាពនៃភាពស៊ាំសង្គម-សេដ្ឋកិច្ច ក្រោមក្របខណ្ឌផែនការយុទ្ធសាស្ត្រស្តារសេដ្ឋកិច្ចឡើង វិញ ក្នុងអំឡុង និងក្រោយវិបត្តិនៃជំងឺកូវីដ-១៩៕

រដ្ឋាភិបាលអនុម័តគំរោងវិនិយោគចំនួន១២មានទឹកប្រាក់១៤០លានដុល្លារ អាមេរិកក្នុងខែមិថុនា

ដោយៈ វឌ្ឈនៈ

ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជា ដែលមានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាជាសេនាធិការបានសម្រេចអនុម័តគំរោងវិនិយោគចំនួន១២ ជាមួយទុន១៤០លានដុល្លារអាមេរិក ក្នុងខែមិថុនានេះ។

យោងតាមការចុះផ្សាយរបស់គេហទំព័រCambodiafinancialtimes.com បានឲ្យដឹងថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលចេញផ្សាយជាបន្តបន្ទាប់ ក្នុងរយៈពេល១ខែនេះ ឱ្យដឹងថាគម្រោងទាំងពីរ ដែលក្រុមប្រឹក្សាអភិវឌ្ឍន៍ចេញវិញ្ញាបនបត្រ ចុះបញ្ជីវិនិយោគជាផ្លូវការរួមមាន ទី១- គម្រោងបង្កើតរោងចក្រផលិត អំពូលភ្លើង គ្រឿងបង្គុំអំពូលភ្លើង និងគ្រឿងបង្គុំវាំងននគ្រប់ប្រភេទ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ហាយ ផាកខេត្តស្វាយរៀង មានទុនវិនិយោគប្រមាណ ៥,២លានដុល្លារអាមេរិក ។

ទី២- គម្រោងបង្កើតរោងចក្រផលិតតុក្តតា និងវត្ថុអនុស្សាវរីយ៍គ្រប់ប្រភេទ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសហាយ ផាក ខេត្តស្វាយរៀង មានទុនវិនិយោគប្រមាណ ៥,១ លានដុល្លារអាមេរិក ។ ទី៣- គម្រោងបង្កើតរោងចក្រផលិតក្តារបន្ទះ និងគ្រឿងសង្ហារឹម ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ៣,១លានដុល្លារអាមេរិក ។

ទី៤- គម្រោងបង្កើតរោងចក្រផលិតទោចក្រយាន (កង់) ទោចក្រយានអគ្គិសនី (កង់អាគុយ) និងគ្រឿងបង្គុំទោចក្រយានគ្រប់ប្រភេទ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ស៊ីន បាវិត ខេត្តស្វាយរៀង មានដើមទុនវិនិយោគប្រមាណ១៣,៩លានដុល្លារអាមេរិក ។

ទី៥-គម្រោងបង្កើតរោងចក្រផលិតកាបូប និងថង់យួរគ្រប់ប្រភេទ មានទីតាំងនៅខេត្តកំពង់ស្ពឺ មានទុនវិនិយិោគប្រមាណ៥លានដុល្លារអាមេរិក ។ ទី៦-គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ មានទីតាងនៅក្រុងតាខ្មៅខេត្តកណ្ដាល មានទុនវិនិយោគប្រមាណ២,៤លានដុល្លារអាមេរិក។ ទី៧-គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងនៅស្រុកបាទីខេត្តកណ្ដាល មានទុនវិនិយោគប្រមាណ៤,៣លានដុល្លារអាមេរិក ។

ទី៨-គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ភួយ ស្រោមពួក និងស្រោមខ្នើយ មានទីតាំងវិនិយោគនៅខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ៨,២លានដុល្លារអាមេរិក ។ ទី៩-គម្រោងបង្កើតរោងចក្រផលិតវ៉ាលី និងកាបូបគ្រប់ប្រភេទ មានទីតាំងនៅស្រុកអង្គស្នួលខេត្តកណ្ដាល មានទុនវិនិយោគប្រមាណ៥លានដុល្លារអាមេរិក ។

ទី១០- គម្រោងបង្កើតរោងចក្រផលិតកេសកាតុង ប្រអប់ក្រដាស ថង់ក្រដាស និងបោះពុម្ព មានទីតាំងនៅខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ៥,៦លានដុល្លារអាមេរិក ។ ទី១១-គម្រោងបង្កើតរោងចក្រកែច្នៃផ្លែស្វាយ មានទីតាំងនៅស្រុកសំរោងទងខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ៦,៥លានដុល្លារអាមេរិក និងទី១២-គម្រោងសាងសង់ និងអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៤ចំនួន២៧៥បន្ទប់ និងមជ្ឈ​មណ្ឌលពាណិជ្ជកម្ម មានទីនៅបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ភ្នំពេញមានទុនវិនិយោគប្រ​មាណ៧៩លានដុល្លារអា ។

លោកវង្សី វិស្សុតរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានឱ្យដឹងថា ទោះស្ថិតនៅក្នុងវិបត្តិកូវីដ១៩បែបនេះក្ដី តែកម្ពុជានៅតែទទួលបានគម្រោងវិនិយោគវិនិយោគពីបរទេសជាបន្តបន្ទាប់ ក្នុងនោះភាគច្រើននៃវិនិយោគិនបរទេសគឺជាជនជាតិចិន ដែលធ្វើឱ្យចិន ក្លាយជាដៃគូវិនិយោគនិងពាណិជ្ជកម្មដ៏សំខាន់មួយ ក្នុងការរុញកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា៕

វិស័យឧស្សាហកម្មជប៉ុនដាំក្បាលចុះខណៈសេដ្ឋកិច្ចប្រទេសនេះរំពឹងថានឹង ងើបឡើងវិញនៅឆ្នាំក្រោយ

ដោយៈ គៀតឈូ

តូក្យូៈ វិស័យឧស្សាហកម្មរបស់ជប៉ុន បានធ្លាក់ចុះយ៉ាងខ្លាំងប្រចាំខែឧសភា ដោយ​សារការផលិតរថយន្តបានធ្លាក់ចុះយ៉ាងខ្លាំង ដែលធ្វើឱ្យខូចខាតដល់ការស្ទុះងើបឡើងវិញរបស់សេដ្ឋកិច្ចប្រទេសនេះ ខណៈប៉ុន្មានសប្តាហ៍ខាងមុននេះទីក្រុងតូក្យូ គ្រោងនឹងធ្វើជាម្ចាស់ផ្ទះកីឡាអូឡាំពិក។  នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១។

ការស្ទង់មតិរបស់សេដ្ឋវិទូបានបង្ហាញថា នៅក្នុងខែឧសភានេះ ប្រទេសដែលមានសេដ្ឋកិច្ចធំលំដាប់ទី៣ នៅលើពិភពលោកមួយនេះ បានកើនឡើងក្នុងល្បឿនយឺតជាងការគិតក្នុងត្រីមាសបច្ចុប្បន្ន ដោយសារការធ្លាក់ចុះនៃការចំណាយរបស់អ្នកប្រើប្រាស់។

ទិន្ន័យផ្លូវការបានបង្ហាញ នៅពីថ្ងៃពុធនេះថា ទិន្នផលរោងចក្របានធ្លាក់ចុះ៥,៩ភាគរយនៅក្នុងខែឧសភា ធៀបនឹងខែមុន ដែលបានរងផលប៉ះពាល់ដោយការធ្លាក់ចុះនៃការផលិតរថយន្ត និងគ្រឿងម៉ាស៊ីនផលិតកម្ម និងធ្លាក់ចុះខ្លាំងធំបំផុត ធៀបនឹងខែឧសភាឆ្នាំមុន។

ការធ្លាក់ចុះដែលជាការធ្លាក់ចុះលើកដំបូង ក្នុងរយៈពេល៣ខែ គឺទាបជាងការព្យាករណ៍ធ្លាក់ចុះចំនួន ២,៤ ភាគរយនៅក្នុងការស្ទង់មតិរបស់អ្នកសេដ្ឋកិច្ច វាបានធ្វើតាមការកើនឡើង២,៩ភាគរយនៅក្នុងខែមុននេះ។ ការធ្លាក់ចុះចំនួន១៩,៤ភាគរយនៃផលិ​តកម្មយានយន្តភាគច្រើន គឺដោយសារតែបញ្ហាផ្គត់ផ្គង់បន្ទះឈីបអេឡិចត្រូនិច។

ក្រុមអ្នកផលិតដែលត្រូវបានស្ទង់មតិ ដោយក្រសួងសេដ្ឋកិច្ចពាណិជ្ជកម្ម និងឧស្សា​ហកម្ម (METI)​បានរំពឹងថា ទិន្នផលនឹងស្ទុះងើបឡើងវិញ៩,១ភាគរយនៅក្នុងខែមិថុនា បន្ទាប់មកការធ្លាក់ចុះ១,៤ភាគរយក្នុងខែកក្កដា។

រដ្ឋាភិបាលបានរក្សាការវាយតម្លៃផលិតផលឧស្សាហកម្មថា មិនផ្លាស់ប្តូរដោយនិយាយថាវាកំពុងកើនឡើងវិញ។

ទិន្នន័យដាច់ដោយឡែកកាលពីថ្ងៃអង្គារបានបង្ហាញថា ការលក់រាយបានកើនឡើងក្នុងរយៈពេលបីខែជាប់គ្នាគិតត្រឹម ខែឧសភា ប៉ុន្តែនៅតែមានការព្រួយបារម្ភក្នុងការងើបឡើងវិញនៃសេដ្ឋកិច្ច ដោយសារវិបត្តិកូវីដ១៩។

សេដ្ឋកិច្ចរបស់ប្រទេសជប៉ុន បានធ្លាក់ចុះនៅក្នុងត្រីមាសទី១ ដោយសារការចាក់វ៉ាក់សាំងយឺត និងបណ្ដាលឱ្យការឆ្លងបានកើនឡើង ហើយប៉ះពាល់ដល់តម្រូវការក្នុងស្រុក​។ ទោះបីជាមានការថយចុះក៏ដោយ ក៏រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចលោក Yasutoshi Nishimura រំពឹងថា សេដ្ឋកិច្ចនឹងវិលត្រឡប់ទៅរកកម្រិតមុន វិបត្តិជំងឺកូវីដ១៩វិញ នាខែមីនា ឆ្នាំ២០២២ ខាងមុខ៕

តើវិនិយោគិនវ័យក្មេងគួរបង្កើតគំនិតអាជីវកម្មថ្មីៗដូចម្តេចសម្រាប់ពេលបច្ចុប្បន្ននេះ

ដោយៈ ចិន្ដា

ភ្នំពេញៈ ដោយសារតែប្រជាជនកម្ពុជាភាគច្រើន មានចំណូលដែលនៅសល់ពីការចំណាយផ្សេងៗច្រើន ពួកគេតែងតែពិចារណាក្នុងការវិនិយោគថវិកា ដើម្បីទាញយកនូវផលចំណេញបន្ថែមទៀត និងបង្កើតនូវ ចំណូលជាវិជ្ជមានសម្រាប់ខ្លួនេង។

ទីផ្សារនៃអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា គឺជាការវិនិយោគដែល ធានានូវផលចំណេញខ្ពស់ ព្រមទាំងជាការវិនិយោគដ៏មានសុវត្ថិភាពបំផុតផងដែរ។ លំនៅឋាន និងដីធ្លីគឺជាប្រភេទ នៃការវិនិយោគបែបប្រពៃណីមួយ ការវិនិយោគលើអចលនទ្រព្យពាណិជ្ជកម្មក៏កំពុង តែមានសន្ទុះនៃការចាប់អារម្មណ៍ ពីសំណាក់អ្នកវិនិយោគជាតិ និងអន្តរជាតិផងដែរ។

យោងទៅតាមរបាយការណ៍ តម្លៃនៃអចលនទ្រព្យនៅក្នុងខណ្ឌដង្កោ មានកំណើនរហូតដល់17.9% ខ្ពស់ជាងគេ និងខណ្ឌកំបូល ខណ្ឌសែនសុខ និងខណ្ឌព្រែកព្នៅ មានកំណើនបន្តបន្ទាប់គ្នា 8% 7.3% និង 6.5%។ ខណ្ឌទាំងនេះទទួលបាននូវការអភិវឌ្ឍថ្មីៗជាច្រើននៅក្នុងឆ្នាំ 2020។ អ្នកវិនិយោគ វ័យក្មេងរបស់កម្ពុជាភាគច្រើន ដែលវិនិយោគនៅក្នុងតំបន់ទាំងនេះ គប្បីប្រមើលមើលទៅប្រភេទអចនទ្រព្យ ដែលផ្សេងពីលំនៅឋាន និងដីធ្លីផងដែរ។

ដោយសារតែអចលនទ្រព្យពាណិជ្ជកម្ម កាន់តែមានភាពលេចធ្លោ ការអភិវឌ្ឍផ្សារសហគមន៍ ផ្សារទំនិញ និងទីតាំងលក់ទំនិញផ្សេងៗ ក៏ហាក់មានការបង្កើតឡើងថ្មីៗជាបន្តបន្ទាប់។ ផ្សារទំនិញថ្មីៗ ដែលមានភាពល្បីល្បាញនាពេលបច្ចុប្បន្ននេះមាន ដូចជា ផ្សារជីប ម៉ុងណូរ៉ូម៉ល ដែលមានទីតាំងស្ថិត នៅតាមមហាវិថីព្រះនរោត្ដម ផ្សារជីប ម៉ុងបាក់ទូក នៅជិតវិទ្យាល័យបាក់ទូក និង New City Walk ដែលស្ថិតនៅក្នុងខណ្ឌជ្រោយចង្វារ។ នាពេលបច្ចុប្បន្ននេះ អចលនទ្រព្យបែបពាណិជ្ជកម្មចំនួន 2 ដែល កំពុងទាក់ទាញចំណាប់អារម្មណ៍ជាខ្លាំង ពីមហាជនគឺការសាងសង់ផ្សារអ៉ីអនម៉ល3 និងផ្សាជីស៊ី អូរឫស្សីដែលគ្រោងនឹងបញ្ចប់ការសាងសង់ក្នុងឆ្នាំ 2023 និង 2024។

ការប្រកាសពីគម្រោងផ្សារជីស៊ី អូរឫស្សីនៅតាមផ្លូវសហព័ន្ធរុស្សី ដែលស្ថិតនៅទល់មុខជាមួយ នឹងការិយាល័យតាំងបង្ហាញរថយន្ដTesla បាននាំមកជូននូវឱកាសសម្រា​ប់អ្នកវិនិយោគវ័យក្មេង ដោយសារតែគម្រោងនេះ បានបើកទ្វារសម្រាប់ឲ្យសារធារណៈជនមកធ្វើការទិញ និងក្លាយជាម្ចាស់នៃតូប។

មិនតែប៉ុណ្ណោះ ផ្សារនេះស្ថិតនៅក្នុងទីតាំងដ៏មានសក្ដានុពល នៅជិតជាមួយនឹងតំបន់ពាណិជ្ជកម្ម ភាគខាងត្បូងទីក្រុងភ្នំពេញ ហ៊ុមព័ន្ធដោយគម្រោងលំនៅឋានមិនតិចជាង50នៅក្នុងតំបន់នោះ។ ផ្សារ នេះអាចបំពេញនូមហិច្ឆិតារបស់អាជីវករ ដែលចង់ពង្រីកពាណិជ្ជកម្មរបស់ខ្លួន ទៅកាន់ផ្នែកផ្សេងទៀតនៃទីក្រុងភ្នំពេញ។

ក្រៅអំពីផ្សារជីស៊ីអូរឫស្សី អចលនទ្រព្យបែបពាណិជ្ជកម្ម នៅមានចំនួនតិចសម្រាប់អ្នកវិនិយោគ និងម្ចាស់ពាណិជ្ជកម្មដែលចង់ក្លាយជាម្ចាស់តូប ដោយសារតែផ្សារសហគមន៍ភាគច្រើនគ្រាន់តែដាក់ ជួលតូបតែប៉ុណ្ណោះ។ អចលនទ្រព្យបែបពាណិជ្ជកម្ម ដែលអ្នកវិនិយោគអាចទិញបានជាផ្ទះអាជីវកម្ម និងការិយាល័យដែលបានដាក់លក់ក្នុងម្លៃដ៏ខ្ពស់មួយ។

តូបនៅក្នុងផ្សារអូរឫស្សី ផ្សារអូរឡាំពិក និងផ្សារថ្មីអាចលក់ចេញវិញក្នុងតម្លៃរហូតដល់ USD 80,000 ក្នុងមួយតូប។ អត្រានៃការជួលកាន់តែខ្ពស់ ដោយជាមធ្យមគឺ USD 600 ក្នុងមួយខែសម្រាប់ តូបទំហំត្រឹមតែ 6m²។ ទៅតាមតួលេខ អ្នកវិយោគមានជម្រើសពីរក្នុងការវិនិយោគលើតូបក្នុងផ្សារ។

ជម្រើសទី 1 គឺការវិនិយោគរយៈពេលខ្លី ដែលអ្នកវិនិយោគអាចលក់ចេញតូបរបស់ខ្លួនក្នុងអត្រាចំណេញ ដ៏សមរម្យមួយ ហើយជម្រើសមួយទៀត គឺការវិនិយោគរយៈពេលវែងដោយដាក់ជួលតូបរបស់ខ្លួន។ អ្នកវិនិយោគទាំងអស់អាចពិនិត្យមើល តារាងតម្លៃខាងក្រោមអំពីផ្សារ ក្នុងស្រុកសម្រាប់ជាឯកសារយោងផងដែរ។

តារាងតម្លៃតូបផ្សារថ្មី ផ្សារអូរឫស្សី និងផ្សារអូរឡាំពិក

  ទំហំតូប តម្លៃជួលជាមធ្យមក្នុងមួយម៉ែត្រការ៉េ តម្លៃលក់ជាមធ្យមក្នុងមួយម៉ែត្រការ៉េ
ផ្សារថ្មី 4m² – 10m² $60 – $100 / m² $10,000 / m²
ផ្សារអូរឫស្សី 5m² – 10m² $120 / m² $11,000 / m²
ផ្សារអូរឡាំពិក 6m² – 18m² $100 / m² $12,000 / m²

តម្លៃតូបទាំងនេះ សបញ្ជាក់ឲ្យឃើញអំពីតម្រូវការ នៃតូបផ្សារក្នុងស្រុកនៅមានកម្រិតខ្ពស់ខណៈ ដែលការផ្គត់ផ្គង់មានចំនួនតិច។ អ្នកអភិវឌ្ឍគួរចាប់ភ្លឹកអំពីឱកាសនេះ និងបន្តតាមផ្សារជីស៊ី អូរឫស្សី ក្នុងការបង្កើតនូវផ្សារប្រភេទនេះ ដើម្បីបំពេញតម្រូវការនៃម្ចាស់ពាណិជ្ជកម្មក្នុងស្រុក អាជីវករ និងអ្នកវិនិយោគ។

តូបនៅក្នុងផ្សារមានសារៈសំខាន់ណាស់ សម្រាប់អ្នកវិនិយោគវ័យក្មេងទាំងអស់

ដោយសារតែតូប ទាំងនោះដាក់លក់ក្នុងតម្លៃសមរម្យនៅពេលសាងសង់ និងកាន់តែមានតម្លៃទ្វេរដង នៅពេលចាប់ផ្ដើមដំណើរការ។ អ្នកវិនិយោគវ័យក្មេងទាំងអស់គប្បីជ្រើសយកការវិនិយោគលើតូបទាំងនេះដើម្បីជាផ្នែក មួយនៃការបង្កើតនូវស្នាដៃរបស់ខ្លួនក្នុងវិស័យអចលនទ្រព្យ។

សម្រាប់ពត័មានលម្អិតបន្ថែមអំពីគម្រោងផ្សារ GC Orussey Market លោកអាចអាចស្វែងរកតាមរយៈ:  Facebook Page​https://www.facebook.com/gc.orusseymarket ឬ Telegram Channel: https://t.me/GCOrusseyMarket ឬទំនាក់ទំនងទៅកាន់: (+855) 099 331015, 098 331015។

ចិន្ដា គឺជាអ្នកវិភាគ និងនិពន្ធអំពីការវិនិយោគរយៈពេលវែង។ អត្ថបទនេះ គឺជាការយល់ឃើញទាំងស្រុងរបស់លោក៕

 

កន្លែងកម្សាន្តដ៏ធំរបស់ក្រុមហ៊ុនហុងកុងនៅខេត្តកោះកុងមិនទាន់កំណត់ថ្ងៃបើកដំណើរការច្បាស់លាស់

ដោយៈ ម៉ាណេត

ភ្នំពេញៈ ក្រុមហ៊ុន Century Century International Holdings Limited ដែលចុះបញ្ជីនៅក្រុងហុងកុង បានឱ្យដឹងថា ពេលវេលាជាក់លាក់នៃការបើកដំណើរការកន្លែងកម្សាន្តរបស់ខ្លួននៅរមណីយដ្ឋានតារាសាគរ ក្នុងខេត្តកោះកុង មិនទាន់ត្រូវបានបញ្ជាក់នៅឡើយទេ ដោយសារវិបត្តិកូវីដ១៩។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន ASGAM នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១។

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Century Entertainment បាននិងកំពុងដំណើរការផ្លាស់ប្តូរទីតាំងអាជីវកម្មរបស់ខ្លួនទៅកន្លែងកម្សាន្ត (កាស៊ីណូ) ថ្មី នៅដារ៉ាសាគរ នៅពេលដែលការផ្ទុះឡើងនៃជំងឺកូវីដ១៩នៅប្រទេសកម្ពុជាកាលពីខែមីនា។

ទោះបីជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនបានឱ្យដឹងថា រាល់ការរៀបចំតុបតែង និងបំពាក់សម្ភារៈចាំបាច់នៃកាស៊ីណូថ្មីត្រូវបានបញ្ចប់ តែរង់ចាំការធ្វើតេស្តប្រព័ន្ធ និងការផ្តល់ការបណ្តុះបណ្តាលដល់បុគ្គលិកកាស៊ីណូ ប៉ុន្តែដោយមើលឃើញរលកថ្មីនៃការផ្ទុះឡើងនេះជំងឺកូវីដ១៩នោះ ពេលវេលាជាក់លាក់នៃការបើកដំណើរការកន្លែងកម្សាន្តរបស់ខ្លួន មិនទាន់ត្រូវបានបញ្ជាក់នៅឡើយទេ។

ក្រុមហ៊ុនបានឱ្យដឹងទៀតថា ខ្លួននឹងបន្តធ្វើការងារត្រៀមរៀបចំ និងខិតខំបើកដំណើរការឱ្យបានឆាប់ នៅពេលស្ថានភាពជំងឺកូវីដ១៩ នៅកម្ពុជាធូរស្បើយ ហើយបុគ្គលិកអាចផ្លាស់ប្តូរទៅទីក្រុងនេះ (តារាសាគរ) បាន។

កាលពីឆ្នាំ២០១៩ ក្រុមហ៊ុនCentury Entertainment បានចុះកិច្ចព្រមព្រៀងរយៈពេល៥ឆ្នាំ ជាមួយក្រុមហ៊ុន Lion King Entertainment Company Ltd ដែលលោក Ng Man Sun ជាម្ចាស់កាន់កាប់ទាំងស្រុង និងជាក្រុមហ៊ុនដែលគ្រប់គ្រងកាស៊ីណូខាងលើនេះ ដើម្បីដំណើរការតុល្បែងជាជួរចំនួន៤នៅកាស៊ីណូ របស់លោកស្ថិតក្នុងខេត្តព្រះសីហនុ។

ទោះជាយ៉ាងណា ដំណើរការកាស៊ីណូនានា បានបង្ខំចិត្តបិទទ្វារនៅខែមេសា ឆ្នាំ២០២០ ដោយសារការឆ្លងរាតត្បាតវីរុសកូវីដ-១៩ ដែលក្រោយមកលោក Ng Man Sun បានទម្លាយឱ្យដឹងថា លោកទទួលបានកិច្ចព្រមព្រៀងដ៏គួរឱ្យជាក់ទាញជាងនេះ នោះគឺការផ្លាស់ប្ដូរទីតាំងកាស៊ីណូរបស់លោក ទៅកាន់រមណីយដ្ឋានតារាសាគរ៕

អ្នកវិនិយោគគំរោងGB Residence ចំណាយប្រាក់ ប្រមាណ១លានដុល្លារសាងសង់ផ្លូវនៅតំបន់មូលដ្ឋាន

ដោយៈគង់ សូរិយា

កណ្តាលៈ អ្នកអភិវឌ្ឍន៍បុរី GB Residence បានចំណាយប្រាក់ប្រមាណ​១លានដុល្លារអាមេរិក ដើម្បីជួយកសាងផ្លូវភ្លោះប្រវែងជាង១គីឡូម៉ែត្រ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។

តាមការឲ្យដឹងពីអ្នកជំនាញវិស្វកម្ម នៃគំរោងGB Residence បានមានប្រសាសន៍ឲ្យដឹងថា ការស្ថាបនាផ្លូវប្រឡាយ៨៨នេះ បានចាប់ផ្ដើមសាងសង់កាលពីថ្ងៃទី២៧ ឧសភា ឆ្នាំ២០២១នេះ និងគ្រោងបញ្ចប់ការសាងសង់នៅចុងឆ្នាំនេះ។ ផ្លួវដ៏សំខាន់នេះ នឹងសាងសង់ជាមួយនឹងគុណភាព ដើម្បីធានាជាប់ធន់បានយូរ ពិសេសផ្លូវនេះមានទទឹងផ្លូវទំហំរហូតដល់១០ម៉ែត្រសងខាង មានសួនច្បារកណ្តាលទំហំ៩,៦ម៉ែត្រ និងបណ្តោយសរុប១០៣៣ម៉ែត្រ។

ផ្លូវដែលកំពុងស្ថាបនានេះស្ថិតនៅចំពីមុខគំរោងបុរីGB Residence និងគំរោងលំនៅដ្ឋាន Five Stars ដែលតភ្ជាប់ពីផ្លូវក្រវ៉ាត់ក្រុងទី៣ រហូតដល់ព្រំប្រទល់រវាងខេត្ដកណ្ដាល និងខណ្ឌដង្កោ រាជធានីភ្នំពេញ ។

តំបន់ផ្លូវក្រវ៉ាត់ក្រុងទី៣ បាននិងកំពុងមានភាពរីកចម្រើន និងកំពុងទាក់ទាញគំរោងអភិវឌ្ឍន៍ជាច្រើន ដោយសារតំបន់នេះស្ថិតនៅកៀក នឹងព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី តំបន់នេះក៏ស្ថិតនៅកៀកនឹងរាជធានីភ្នំពេញ ដោយការធ្វើដំណើរចំណាយពេលត្រឹម៥នាទីប៉ុណ្ណោះនឹងចូលមកដល់រាជធានីភ្នំពេញ ពិសេសតំបន់មហាវិថីសម្តេចតេជោហ៊ុន សែនឬផ្លូវ៦០ម៉ែត្រ៕

មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលៈពេលនេះយើងចូលដល់បន្ទាត់ក្រហមហើយ និងអាចបិទសកម្មភាពសេដ្ឋកិច្ចឡើងវិញ

ដោយៈវឌ្ឈនៈ

ភ្នំពេញៈ ស្ថានភាពកូវីដ១៩នៅក្នុងប្រទេសកម្ពុជា រយៈពេលប៉ុន្មានថ្ងៃមកនេះ ឃើញថា តួលេខអ្នកឆ្លងថ្មីកាន់តែច្រើនឡើងៗ ខ្ទង៧០០ ទៅជាង៨០០នាក់ក្នុងមួយថ្ងៃ ដែលធ្វើឱ្យមន្ត្រីជាន់ខ្ពស់ នៃក្រសួងសុខាភិបាលព្រមានថា ស្ថានភាពកូវីដ១៩នៅកម្ពុជាកំពុងស្ថិតនៅក្នុងបន្ទាត់ក្រហម។

អ្នកនាំពាក្យ និងជារដ្ឋលេខាធិការក្រសួងសុខាភិបាល លោកជំទាវឱ វណ្ណឌីនបានមានប្រសាសន៍៍ថា “យើងនឹងអាចឈានទៅដល់ហូសបន្ទាត់ក្រហម ហើយអាចនឹងបិទតំបន់ជាបន្តបន្ទាប់ឡើងវិញ ដើម្បីទប់ស្កាត់ឆ្លងរាលដាលកាន់តែធំ”។

លោកស្រីឱ វណ្ឌឌីនបានបន្តថា ពេលនេះយើងចូលទៅដល់បន្ទាត់ក្រហមហើយ ហើយបើកាលណា យើងឈានលើសពីបន្ទាត់ក្រហមហើយ គឺពិបាកគ្រប់គ្រងណាស់ ។ បើសិនជាស្ថានភាពអាចឈានទៅលើសបន្ទាត់ក្រហម។ វានឹងចូលទៅដល់ការរាតត្បាតទ្រង់ទ្រាយធំនៅក្នុងសហគមន៍របស់យើង។

លោកជំទាវបន្តដោយព្រមានថា “នៅពេលនោះ មន្ទីរពេទ្យតាមមូលដ្ឋានគឺហួសពីសមត្ថភាពទៅហើយ ពីព្រោះអ្នកជំងឺកាន់តែច្រើន អ្នកស្លាប់បាត់​បង់ជីវិតក៏នឹងកើនឡើង។ អ្វីដែលពិសេសនោះ គឺប្រជាពលរដ្ឋកម្ពុជាទាំងអស់ នឹងពិបាកប្រកបរបររកទទួលទានប្រចាំថ្ងៃ”។ លោកជំទាវបន្តថា “បើកាលណាស្ថានភាពកូវីដ១៩ កាន់តែវាយលុកខ្លាំង ជៀសមិនផុតពីការបិទតំបន់បិទអាជីវកម្មបន្តទៀតនោះទេ ដើម្បីទប់កុំឱ្យមេរោគឆ្លងទៅទៀត។

ដូច្នេះផលប៉ះពាល់នេះពិតជាធំណាស់ ទាំងសេដ្ឋកិច្ចគ្រួសារ សេដ្ឋកិច្ចជាតិទាំងមូល និងបញ្ហាធំនោះគឺ ប៉ះពាលទៅដល់សុខភាពរបស់ប្រជាពលរដ្ឋកម្ពុជា”។

នៅក្នុងដំណាក់កាលនេះ បុគ្គលម្នាក់ៗគឺជាអ្នកចូលរួមទប់ស្កាត់កូវីដ១៩ ពីការវាយលុកដ៏សំខាន់ បើសិនជាមិនមានការចូលរួមពីបុគ្គលម្នាក់ៗនោះទេ ការវាយលុកនៃកូវីដ១៩នឹងកាន់តែខ្លាំងហើយការស្លាប់នឹងកើនឡើង ធ្វើឱ្យប៉ះពាល់សេដ្ឋកិច្ចកាន់តែធ្ងន់ធ្ងរ ។

មន្ត្រីជាន់ខ្ពស់នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកវង្ស៊ី វិស្សុតរដ្ឋលេខាការក៏បានបញ្ជាក់ថា បើសិនជាស្ថានភាពកូវីដ១៩ កាន់តែមានលក្ខណៈទ្រង់ទ្រាយធ្ងន់ធ្ងរ ឬដូចបច្ចុប្បន្ននេះ ការសម្រេចបាននូវកំណើន៤ភាគរយ តាមការព្យាករណ៍របស់រដ្ឋាភិបាលក៏ដូចជា ស្ថាប័នអន្តរជាតិធំៗពិបាកនឹងសម្រេចបានណាស់។ ដូច្នេះការទប់ស្កាត់កូវីដ១៩បានល្អប្រសើរ នឹងជំរុញកំណើនសេដ្ឋកិច្ចអាចសម្រេចបានទៅតាមផែនការ។

ធនាគារពិភពលោកប្រចាំកម្ពុជា រហូតមកដល់ពេលនេះ ក៏មិនទាន់ច្បាស់លាស់១០០ភាគរយពីការព្យាករណ៍របស់ខ្លួននៅឡើយ ដោយលើកយកនូវសេណារីយ៉ូពីរមកព្យាករណ៍ ពីកំណើនសេដ្ឋកិច្ចកម្ពុជា ដោយសេណារីយោទី១ គឺកើន៤ភាគរយនិងមួយទៀតគឺកើនក្នុងកម្រិត១ភាគរយប៉ុណ្ណោះក្នុងឆ្នាំនេះ៕

ក្រុមហ៊ុនផលិតកញ្ចក់ធំបំផុតក្នុងពិភពលោកប្រចាំឆ្នាំ២០២១ ស្ថិតនៅប្រទេសណា?

ដោយៈសុខុម

អន្តរជាតិៈ នៅក្នុងជីវិតប្រចាំថ្ងៃ យើងជៀសមិនផុតឡើយពីកញ្ចក់ ដែលមាននៅគ្រប់ទីកន្លែង។ វាស្ថិតនៅក្នុងអគារមិនថាខ្ពស់ទាប ជញ្ជាំង ទ្វារ បង្អួច រថយន្ត ទូសម្អាង កុំព្យូទ័រ ទូរទស្សន៍ កែវ និងគ្រឿងតុបតែងផ្សេងៗទៀត។

នេះមិនទាន់រាប់បញ្ចូលកញ្ចក់ឯកទេស ដែលត្រូវបានប្រើប្រាស់ក្នុងបច្ចេកវិទ្យាដូចជា កញ្ចក់ឡែនកាមេរ៉ា និងម៉ាស៊ីនថតចម្លងជាដើមផងទេ។ ទោះបីជាយើងប្រើប្រាស់វាជារៀងរាល់ថ្ងៃក្ដី ក៏យើងភាគច្រើនមិនដឹងថា អ្នកណាជាអ្នកផលិតផលិតផលកញ្ចក់របស់យើង និងមានប្រភពចេញពីទីណាឱ្យប្រាកដឡើយ។

ដូចនេះ តើអ្នកចង់ដឹងទេថា ក្រុមហ៊ុនផលិតកញ្ចក់ធំជាងគេបំផុត ក្នុងពិភពលោកប្រចាំឆ្នាំ២០២១ មានឈ្មោះអ្វី មានលុយច្រើនកម្រិតណា ស្ថិតនៅប្រទេសណា និងមានប្រវត្តិបែបណា? អញ្ចឹងតោះ! បើចង់ជ្រាបកាន់តែច្បាស់ សូមស្វែងយល់ត្រួសៗទាំងអស់គ្នា។

ក្រុមហ៊ុនផលិតកញ្ចក់មានច្រើនណាស់ក្នុងពិភពលោក ប៉ុន្តែក្រុមហ៊ុនដែលចំណា​ស់បំផុត និងធំជាងគេបំផុតគឺក្រុមហ៊ុន Saint Gobain ដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៦៦៥ (៣៥៦ឆ្នាំមុន) ។ បច្ចុប្បន្នក្រុមហ៊ុនយក្សមួយនេះ មានទីស្នាក់ការកណ្ដាលនៅជាយទីក្រុងប៉ារីស ប្រទេសបារាំង។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន ZIPPIA។

ក្រុមហ៊ុននេះ បានចាប់ផ្ដើមដំបូងត្រឹម តែជារោងចក្រផលិតកញ្ចក់តូចតាចមួយប៉ុណ្ណោះ ហើយចាប់ផ្ដើមមានឈ្មោះល្បីល្បាញយ៉ាងខ្លាំង ក្រោយពីបានផ្គត់ផ្គង់កញ្ចក់សម្រាប់គម្រោងសាលកណ្ដាល Hall of Mirrors នៅក្នុងព្រះបរមរាជវាំងបារាំង Palace of Versailles។

បច្ចុប្បន្ន ក្រុមហ៊ុនយក្សមួយនេះមានម៉ាកយីហោជាច្រើន ដែលផលិតកញ្ចក់ជាសម្ភារៈសំណង់ដូចជាបង្អួច និងជញ្ជាំង ព្រមទាំងកញ្ចក់រថយន្តផងដែរ។ ក្រុមហ៊ុននេះទទួលបានជោគជ័យយ៉ាងខ្លាំង រហូតមកក្លាយជាក្រុមហ៊ុនផលិតកញ្ចក់ ធំបំផុតក្នុងពិភពលោក។

គិតមកទល់នឹងឆ្នាំ២០២១ នេះ ក្រុមហ៊ុននេះមានបុគ្គលិកចំនួន១៨០.០០០នាក់ និងទ្រព្យសកម្មសរុប៥២ពាន់លានដុល្លារអាមេរិក៕