ហេតុអ្វីត្រូវវិនិយោគនៅខេត្តព្រះសីហនុ? អានចម្លើយខាងក្រោមនេះ

ដោយៈ គង់ សូរិយា

    ព្រះសីហនុៈ ផែនការអាថ៌កំបាំង នៃគំរោងអភិវឌ្ឍន៍ជាច្រើនរបស់រដ្ឋាភិបាល នឹងបង្ហាញបណ្តើរៗនាពេលខាងមុខនៅខេត្តព្រះសីហនុ ខណៈខេត្តនេះកំពុងប្រែក្លាយខ្លួនបន្តិចម្តងៗ ជាទីក្រុងពហុបំណង។

ខេត្តនេះក្រៅពីមានសក្តានុពល លើហេដ្ឋារចនាសម្ព័ន្ឋ មានឆ្នេរខ្សាច់សក្បុរ ទឹកសមុទ្រខៀវស្រងាត់ ព្រលានយន្តហោះអន្តរជាតិ កំពង់ផែទឹកជ្រៅតែមួយគត់នៅកម្ពុជា ព្រមទាំងមានបណ្តាកោះចំនួន៣២ ដែលបាននិងកំពុងទាក់ទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិកើនឡើងជាប្រចាំ ខេត្តនេះកំពុងស្ថិតនៅក្នុងក្រសែភ្នែករបស់វិនិយោគិនអន្តរជាតិធំៗ ដែលគ្រោងបោះទុនវិនិយោគ ក្នុងទឹកប្រាក់រាប់ពាន់លានដុល្លារនាពេលអនាគតបន្ថែមទៀត។

សំណួរនៅទីនេះ តើហេតុអ្វីបានជាអ្នកធុរកិច្ចជាតិ អន្តរជាតិគួរតែវិនិយោគក្នុងខេត្តព្រះសីហនុ?។

ចម្លើយ គឺចំណុចខ្លាំងរបស់ខេត្តព្រះសីហនុមានជាច្រើន រួមមាន៖

ទី១ ជាមជ្ឈមណ្ឌលពាណិជ្ជកម្មកំពូល ដែលគាំទ្រដោយ កំពង់ផែ និងអាកាសយានដ្ឋានលំដាប់អន្តរជាតិ និងជាខេត្តអាទិភាពនៅក្នុងគោលនយោបាយជាតិ។

ទី២ ទទួលបានអត្ថប្រយោជន៍ពីតំបន់សេដ្ឋកិច្ចពិសេស និងហេដ្ឋារចនាសម្ព័ន្ធសម្រាប់ការផ្ទេរឧស្សាហកម្ម និងមានកិតិ្តនាមខាងសមាហរណកម្មទេសចរណ៍។

លើសពីនេះ ខេត្តព្រះសីហនុក៏មានសក្តានុពលជាច្រើនផងដែរដូចជា ទី១ ផ្លាស់ប្តូរខ្សែច្រវាក់ឧស្សាហកម្ម ដែលជំរុញដោយប្រព័ន្ធពាណិជ្ជកម្មថ្មី ដូចជាភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ ក្នុងតំបន់ និងឱកាសឧស្សាហកម្មថ្មីៗ នាំមកដោយស្ថានភាពម៉ាក្រូសេដ្ឋកិច្ចរឹងមាំ។ ទី២ មានគោលនយោបាយគាំទ្រពិសេស ជាមួយនឹងកាលានុវត្តភាពថ្មីៗ ដូចជាសេដ្ឋកិច្ចឌីជីថល នឹងលេចឡើងនៅកម្ពុជា។

ចក្ខុវិស័យរបស់ផែនការមេខេត្តព្រះសីហនុ : ជាច្រកទ្វាអន្តរជាតិរបស់ប្រទេសកម្ពុជា ប៉ូលអភិវឌ្ឍន៍ជាតិ និងជាទីក្រុងធំមួយនៅក្នុងតំបន់អាស៊ាន។

លោកឡុង រតនា សមាជិកសមាគមសម្ព័ន្ធវិនិយោគគិត ចិន-កម្ពុជា និងជាសមាគមអ្នកវិនិយោគ​ អ្នកសាងសង់​ និងស្ថាបត្យករកម្ពុជា​បានមានប្រសាសន៍ឲ្យដឹងកាលពីថ្ងៃទី២០ កក្កដា ថា ព្រះសីហនុ ប្រទេសកម្ពុជា ជាទីក្រុងដែលសក្តិសមបំផុត ក្នុងការវិនិយោគនៅក្នុងតំបន់អាស៊ីអាគ្នេយ៍! មិនមានការបង់ពន្ធCRS, ប្រទេសទ្រព្យសកម្មប្រាក់ដុល្លារ សេរីភាពប្តូរប្រាក់បរទេស ការលើកទឹកចិត្តគ្មានពន្ធសម្រា​ប់ការនាំចូល និងនាំចេញ និងការអនុគ្រោះចំពោះសហគ្រាសបរទេស ដោយមានការគាំទ្រពីការដឹកជញ្ជូនតាមផ្លូវទឹក ផ្លូវគោក និង ផ្លូវអាកាស នឹងបង្កើតឱកាសថ្មីសម្រាប់ការអភិវឌ្ឍន៍ឧស្សាហកម្ម។

លោកបញ្ជាក់ថា “អត្ថប្រយោជន៍ខ្ពស់ផ្ដល់ពីតំបន់សេដ្ឋកិច្ចពិសេ​ស និងហេដ្ឋារចនាសម្ព័ន្ធសម្រាប់ការផ្ទេរឧស្សាហកម្ម និងមានកេរ្តិ៍ឈ្មោះសម្រាប់សមាហរណកម្មលើវិស័យទេសចរណ៍”៕

ការអភិវឌ្ឍទីក្រុងរណបជ្រោយចង្វារកាន់តែរសរវើក ស្របពេលគំរោងជាច្រើនកំពុងលេចឡើង

ដោយៈ ម៉ាណា

    ភ្នំពេញៈ ទីក្រុងរណបជ្រោយចង្វារ “ទីក្រុងនៃអនាគត”បាននិងកំពុងបង្ហាញសកម្មភាពអភិវឌ្ឍន៍យ៉ាងរសរវើក ស្របពេលដែលគំរោងអភិវឌ្ឍន៍ថ្មីៗជាច្រើនបាននិងកំពុងលេចរូបរាង។

តាមផែនការទីក្រុងនៃអនាគតទំហំជាង១០០ហិកតានេះ នឹងអភិ​វឌ្ឍន៍ឡើង ជាតំបន់ពាណិជ្ជកម្ម ដែលមានសភាពស្រដៀងគ្នានឹងតំបន់នៅស្របមហាវិថីព្រះមុនីវង្ស ជាមួយសកម្មភាព និងការអភិវឌ្ឍបែបចម្រុះ និងទាក់ទាញស្របតាមបរិបទនៃសេដ្ឋកិច្ច សង្គមបច្ចុប្បន្ន។

អគ្គនាយករងក្រុមហ៊ុនOCIC លោកទូច សំណាងធ្លាប់បានមានប្រសាសន៍ថា អភិវឌ្ឍទីក្រុងរណបនេះ នឹងធ្វើតាមផែនការមេរបស់ខ្លួន ដោយគ្រោងចំណាយទឹកប្រាក់ ប្រមាណ៦០០០លានដុល្លារ ដើម្បីធ្វើឲ្យទីក្រុងរណបនេះ មានសភាពរសរវើក និងដំណើរការបានដោយរលូន។

លោកបន្តថា “យើងបានបញ្ចប់ការរៀបចំហេដ្ឋារចនាសម្ព័ន្ឋភាគច្រើន ដែលបំពេញតាមតម្រូវការរបស់អ្នកអភិវឌ្ឍន៍នានា”។

ជាមួយគ្នានេះ កាលពីពេលថ្មីៗក្រុមហ៊ុនOCIC ដែលបាននិងកំពុងអភិវឌ្ឍន៍ទីក្រុងនេះ បានប្រកាសលក់ដីឡូត៍បែបវីឡា និងដីឡូត៍សម្រាប់សាងសង់អាគារពាណិជ្ជកម្ម ដល់អ្នកអភិវឌ្ឍន៍នានា ដើម្បីរៀបចំគំរោងរបស់ពួកគេនាពេលអនាគតផងដែរ។

ក្រុមហ៊ុនOCIC ជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យលំដាប់កំពូលមួយនៅកម្ពុជា ដោយក្រុមហ៊ុននេះ បានសាងសង់ទីក្រុងរណបច្រើនជាងគេនៅកណ្តាលរាជធានីភ្នំពេញ ដូចជា ទីក្រុងរណបកោះពេជ្រ ទីក្រុងរណបនរា និងទីក្រុងរណបជ្រោយចង្វារ៕

ភូមិផ្កាត្រកួនចាប់ផ្តើមផ្តល់សេវាស្នាក់នៅ ជប់លៀង និងកម្មវិធី ផ្សេងៗជាថ្មី

ដោយៈ គង់ សូរិយា

    កណ្តាលៈ រមណីយដ្ឋានភូមិផ្កាត្រកួន ដែលជាបណ្តុះសហគមន៍បែបស៊ីវិល័យមួយ នាជាយរាជធានីភ្នំពេញ កំពុងចាប់ផ្តើមរៀបចំស្វាគ​មន៍ភ្ញៀវទេសចរណ៍មកស​ម្រាកកំសាន្ត និងអាចរៀបចំពិធីជប់លៀងនានាបានផងដែរ។

រមណីយដ្ឋាននេះ មានភាពល្បីល្បាញ ដោយសារការរៀបចំហេដ្ឋារចនាសម្ព័ន្ឋ នគរូបនីយកម្មបែបសហសម័យ មានបឹងធម្មជាតិ កន្លែងស្ទូចត្រី កន្លែងញាំអាហារពោរពេញ ដោយភាពមនោរម្យ ស្របពេលអ្នកមានជីវភាពធូរធារកាន់តែច្រើន បានទិញដី និងសាងសង់ផ្ទះលំហែរនៅភូមិនេះយ៉ាងព្រោងព្រាត។

ម្ចាស់រមណីយដ្ឋានភូមិផ្កាត្រកួន លោកឌិន សុមេធារិទ្ឋបានមានប្រសាសន៍ឲ្យដឹងតាមបណ្តាញតេឡេក្រាម នៅរសៀលថ្ងៃទី២១ កក្កដានេះថា កន្លងមក ភូមិបានចាប់ផ្តើមផ្តល់សេវាកម្មស្នាក់នៅជាថ្មី ដោ​យ​យើងមានអាគារស្នាក់នៅរួម ដែលអាចឲ្យមនុស្សគេងបានជាង១០០នាក់ មានវីឡាជួលជាលក្ខណៈគ្រួសារ ដែលមាន៦វីឡា ដែលវីឡានិមួយៗមានពីរ ទៅបីបន្ទប់។

ជាមួយគ្នានេះ រមណីយដ្ឋានក៏ផ្តល់សេវាកម្ម រៀបចំពិធីជប់លៀង តូច ធំបានផងដែរ។

លោកបន្តថា លើសពីនេះ យើងមានសាលប្រជុំតូច និងធំ ដែលអាចដាក់មនុស្សបានជាង៣០០នាក់ ពិសេសយើងមានកន្លែងអាចរៀប​ចំរត់ម៉ារ៉ាតុង ដែលមានចម្ងាយប្រមាណ១០គីឡូម៉ែត្រទៀតផង។

រមណីយដ្ឋានភូមិផ្កាត្រកួន បាននិងកំពុងក្លាយជាកន្លែងទាក់ទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិទៅទស្សនា និងសំរាកលំហែរជាបន្តបន្ទាប់ ស្របពេលសាលប្រជុំ ក៏បានបើកទ្វារស្វាគមន៍សហគ្រិននានា ដើម្បីរៀបចំកម្មវិធីប្រជុំ និងសិក្ខាសាលាផ្សេងៗផងដែរ។

រមណីយដ្ឋានភូមិផ្កាត្រកួន ស្ថិតនៅក្នុងស្រុកស្អាង ខេត្តកណ្តាល មានចម្ងាយប្រមាណ២៥គីឡូម៉ែត្រ ភាគខាងត្បូងរាជធានីភ្នំពេញ។ ប្រជាពលរដ្ឋចង់ទៅទស្សនា ឬសំរាកលំហែរនៅភូមិនេះ អាចស្វែងរក តាមរយៈgoogle Map បានយ៉ាងងាយ៕

ក្រុមជ្រុលនិយមថៃត្រូវបានប្រជាពលរដ្ឋរបស់ខ្លួនវាយប្រហារយ៉ាងចាស់ដៃ ករណីតានតឹងរឿងព្រំដែន

ដោយៈ និស្ស័យ

    ភ្នំពេញៈ នៅប្រទេសថៃ មានព្រឹត្តិការណ៍ធំមួយ និងជាប្រវត្តិ​សាស្រ្ត ដែលអ្នកប្រើប្រាស់បណ្ដាញសង្គមជាពលរដ្ឋថៃ បានស្ដីបន្ទោ​ស និងប្រតិកម្មយ៉ាងចាស់ដៃ ចំពោះក្រុមជ្រុលនិយម ដែលជាជនជាតិថៃខ្លួនឯង បន្ទាប់ពីពួកគេនាំគ្នាទៅបាតុកម្មតវ៉ា នៅមុខស្ថានទូតប្រទេសកម្ពុជា នាទីក្រុងបាងកក កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥ ពាក់ព័ន្ធករណីក្រុមទាហានឈុតខ្មៅថៃដើរជាន់មីន ព្រោះតែមិនដើរតាមតម្រាយផ្លូវចាស់ធ្លាប់បានឯកភាពគ្នា។

នៅពេលធ្វើបាតុកម្មតវ៉ាក្រុមជ្រុលនិយមថៃ បានប្រើប្រាស់បណ្ដា​ញសង្គមដើម្បីធ្វើការផ្សាយផ្ទាល់ (Live) និងស្រែកទាមទារនូវអ្វីដែលពួកគាត់បានត្រៀមទុក។

ប៉ុន្ដែក្នុងពេលជាមួយគ្នានោះ អ្នកប្រើប្រាស់បណ្ដាញសង្គមដែលជាជនជាតិថៃខ្លួនឯង បាននាំគ្នាចូលទៅបញ្ចេញមតិយោបល់ ដោយសម្ដែងការមិនពេញចិត្ត និងស្តីបន្ទោសខ្លាំងៗទៅក្រុមអ្នកដែលនាំគ្នាធ្វើបាតុកម្មស្រែកដាក់មេក្រូតវ៉ា ដោយពួកគាត់ចាត់ទុកថា ក្រុមអ្នកដែលធ្វើបាតុកម្មនេះ ហើយជាអ្នកបង្កបញ្ហាជាមួយកម្ពុជាមិនចេះចប់ មិនចេះហើយ។

ពលរដ្ឋថៃដែលមិនពេញចិត្តចំពោះសកម្មភាពបែបនេះ លើកឡើងទៀតថា បញ្ហាដែលបានកើតឡើង គឺថ្នាក់ដឹកនាំប្រទេសទាំងពីរជាអ្នកដោះស្រាយ ហេតុអ្វីបាននាំគ្នាទៅធ្វើបាតុកម្ម ហើយជេរប្រមាថប្រជាជនខ្មែរបែបនេះ។ ពួកគាត់ថា បើចង់តវ៉ានាំគ្នាទៅតវ៉ានៅព្រំដែន ហើយថៃវឹកវររាល់ថ្ងៃនេះ ដោយក្រុមជ្រុលនិយមនាំគ្នាបាតុកម្ម និងមានអ្នកខ្លះទៀតថា មិនស្គាល់ប្រវត្តិសាស្ដ្រកុំនិយាយល្អជាង និងប្រើពាក្យដៀលសុទ្ធតែពួកអាក្របីថែមទៀត។

ខាងក្រោមនេះ ជាខ្លឹមសារមួយចំនួនដែលបានដកស្រង់ចេញពីខំមិននៅក្នុងបណ្ដាញសង្គម ដែលប្រជាពលរដ្ឋថៃតវ៉ា ខឹងសម្បាជាមួយក្រុមជ្រុលនិយមដែលធ្វើបាតុកម្មតវ៉ា៖

* ពួកលោកអ្នកឯងសាងតែបញ្ហា
* ថ្ងៃនេះអត់រកស៊ីច្រាសច្រំអីទេឬនៅត្រង់ហ្នឹងហើយ
* ទៅជាយដែនទៅបើខ្លាំង
* ចែកគ្នាទៅឈរនៅជាយដែនទៅបែរមេក្រូទៅជេរគេទៅបើខ្លាំង
* ទៅស្រែកនៅជាយដែននោះដាក់មេក្រូទៅខាងខ្មែរ
* និយាយមិនដឹងរឿងអាអើយ
* កុំនិយាយល្អជាងបើភ្លើ
* ម្ដេចមិនទៅទាមទារនៅប្រាសាទតាមមាន់
* អាមួយវ៉ែនតាខ្មៅអានអត់ច្បាស់

* វាមិនមែនជារឿងដែលពួកលោកអ្នកមកនិយាយទេ កុំនិយាយល្អជាងប្រទេសថៃ និងប្រទេសកម្ពុជា មានអាយុកាលតាំងពីណាមកហើយ កុំនិយាយរឿងប្រវត្តិសាស្រ្តអ្នកឯងមកនិយាយបីថ្ងៃក៏អត់ចប់ផង។ មិនបាច់តាំងខ្លួនជាអ្នកចេះដឹងទេ។
* បញ្ហាកើតឡើងពីថ្នាក់ដឹកនាំនិងថ្នាក់ដឹកនាំ ហេតុអ្វីបានជាជេរប្រមាថប្រជាជនខ្មែរបែបនេះ និយាយបែបនេះមិនមែនជាប្រជាជនថៃ ប្រជាជនថៃមិនដែលមើលងាយជនជាតិសាសន៍ប្រជាជនដូចគ្នា។
* ទៅតាមកន្លែងជេរនៅប្រាសាទទៅល្អអត់
* គាត់កំពុងរួបរួមគ្នាដើម្បីសន្តិភាពប្រជាជន
* ចង់ល្បីណាស់មិនដឹងជាស្អីទេអ្ហា
* ពួកអាក្របី
* ពួកនេះធ្វើឲ្យប្រទេសជាតិឆ្ពោះទៅមុខមិនបាន
* ឆ្លាតតែរឿងល្ងង់
* ដូចជាដឹងច្បាស់ណាស់ហ្អ៎ា
* ពួកនេះពូកែខាងល្ងង់
* ប្រទេសជាតិវឹកវររាល់ថ្ងៃព្រោះពួកហ្អែង
* ពូកែខ្លាំងណាស់អាក្របីទៅស្រែកនៅជាយដែនឯណោះ
* អ្ហែងអាក្រក់ណាស់
* ម្ដេចមិនទៅប្រាសាទតាមមាន់មកព្រុសនៅក្រុងថេបធ្វើអ្វី គ្រាន់តែដឹងថាអ្ហែងពូកែព្រុស
* ពូកែខ្លាំងទៅម្ដុំជាយដែនកុំមកប្រុស។ ម្ដុំនេះអញថ្លង់
* គួរឲ្យខ្លាចចរិតពួកហ្អែងណាស់៕

តម្លៃខុនដូនៅក្នុងអគារមួយនៅទីក្រុងទេសចរណ៍ដ៏ល្បីល្បាញរបស់ប្រទេសហ្វីលីពីនបានហក់ឡើង៧១ភាគរយ

ដោយ: គង់ លាងហួរ
អន្តរជាតិ: គិតមកទល់ពេលនេះ ក្រុមហ៊ុន Megaworld Corp. សម្រេចបាននូវអត្រានៃការលក់យូនីតខុនដូជិត១០០ភាគរយនៅក្នុងអគារ La Victoria Global Residence របស់ខ្លួន ស្ថិតក្នុងទីក្រុងទេសចរណ៍ Cebu ដ៏ល្បីល្បាញនៃប្រទេសហ្វីលីពីន ខណៈតម្លៃខុនដូបានហក់ឡើង៧១ភាគរយ ចាប់តាំងពីគម្រោងនេះបានចាប់ផ្តើមបើកដំណើរការនៅឆ្នាំ២០១៨។

បច្ចុប្បន្ន ខុនដូនៅក្នុងអគារកំពស់២០ជាន់នេះមានតម្លៃជាមធ្យមចំនួន៣០០.០០០ប៉េសូ(ប្រមាណ៥.២៤៥ដុល្លារអាមេរិក)ក្នុងមួយម៉ែត្រការ៉េ បើធៀបនឹងតម្លៃជាមធ្យមត្រឹមតែ១៧៥.០០០ប៉េសូក្នុងមួយម៉ែត្រការ៉េកាលពីឆ្នាំ២០១៨។នេះបើយោងតាមការដកស្រង់ចុះផ្សាយដោយសារព័ត៌មាន Business World។

ក្រុមហ៊ុនបានវាយតម្លៃថា ការសម្រេចបានកំណើនខ្ពស់កប់ពពកនេះបណ្តាលមកពី ការអភិវឌ្ឍន៍តំបន់ទីប្រជុំជនក្នុងទីក្រុងទេសចរណ៍ Cebu ឈានចូលដល់ដំណាក់កាលជឿនលឿន និងកំណើននៃចំនួនជនបរទេស ដែលកំពុងស្វែងរកទិញលំនៅដ្ឋានក្នុងទីក្រុង Cebu។

លោក Harold Brian C. Geronimo អនុប្រធានក្រុមហ៊ុន Megaworld និងជាប្រធានផ្នែកទំនាក់ទំនងសាធារណៈ បានលើកឡើងថា “ខុនដូបានហក់ឡើងថ្លៃ ដោយសារតែការបញ្ចប់គម្រោងអភិវឌ្ឍន៍ជាច្រើន ដែលបានធ្វើឱ្យទីក្រុងនេះមានភាពទាក់ទាញ”។

លោក Geronimo បានគូសបញ្ជាក់ថា ចំនួនប្រហែល៩៥ភាគរយនៃខុនដូសរុបទាំង១៨១យូនីតត្រូវបានលក់ចេញ ខណៈក្រុមហ៊ុន Megaworld គ្រោងនឹងចាប់ផ្តើមផ្ទេរខុនដូទាំងនេះទៅកាន់អតិថិជន មុនពេលដំណាច់ឆ្នាំ២០២៥នេះ៕ប្រភព: Business World៕

ទីផ្សារអចលនទ្រព្យម៉ាឡេស៊ីរំពឹងស្ទុះងើបឡើងវិញនៅក្នុងឆមាសទី២ ឆ្នាំនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: កត្តាសំខាន់ៗចំនួន៣ រួមមានការបញ្ចុះអត្រាការប្រាក់ ស្ថិរភាពនៃតម្រូវការលំនៅដ្ឋាន និងការអភិវឌ្ឍន៍គម្រោងហេដ្ឋារចនាសម្ព័ន្ធនានា ត្រូវបានគេព្យាករណ៍ថា នឹងជំរុញឱ្យទីផ្សារអចលនទ្រព្យម៉ាឡេស៊ីស្ទុះងើបឡើងវិញនៅឆមាសទី២ ឆ្នាំនេះ។

ជាក់ស្តែង ការកាត់បន្ថយអត្រាការប្រាក់ចំនួន០,២៥ភាគរយដោយធនាគារកណ្តាលម៉ាឡេសុីនាពេលថ្មីៗនេះនឹងជួយសម្រាលបន្ទុករបស់បណ្តាក្រុមហ៊ុនអភិវឌ្ឍន៍ និងជំរុញតម្រូវការអចលនទ្រព្យ។ ជាពិសេស ការណ៍នេះអាចលើកទឹកចិត្តដល់អ្នកទិញផ្ទះលើកដំបូង។

ទីផ្សារអចលនទ្រព្យម៉ាឡេសុីក៏នឹងទទួលបានអត្ថប្រយោជន៍ពីគម្រោងតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធនាពេលខាងមុខ រួមមានដូចជា ផែនការសាងសង់ប្រព័ន្ធដឹកជញ្ជូនរហ័សស្វ័យប្រវត្តិ (e-ART) ផែនការដំឡើងរថភ្លើងអគ្គិសនីរវាងទីក្រុង Gemas និងទីក្រុង Johor Bahru និងប្លង់មេសម្រាប់ការអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេស Johor-Singapore ដែលគ្រោងបង្ហាញនៅចុងឆ្នាំនេះ។

នៅឆមាសទី១ ឆ្នាំនេះ ទីផ្សារអចលនទ្រព្យឧស្សាហកម្មរបស់ម៉ាឡេសុីបានបន្តបោះជំហានទៅមុខយ៉ាងស្វាហាប់ បន្ទាប់ពីស្រូបទាញបានទំហំទុនវិនិយោគលើមជ្ឈមណ្ឌលទិន្នន័យសរុបចំនួន១៦៣,៦ពាន់លានរីងហ្គីតក្នុងឆ្នាំ២០២៤ និងជំរុញដោយគម្រោងហេដ្ឋារចនាសម្ព័ន្ធជាយុទ្ធសាស្ត្រ ដូចជា ផ្លូវដែកល្បឿនលឿន East Coast Rail Link។

ជាមួយគ្នានេះ តំបន់ Klang Valley រាប់បញ្ចូលទាំងរាជធានីគូឡាឡាំពួរ ត្រូវបានគេព្យាករណ៍ថា នឹងទទួលបានការផ្គត់ផ្គង់ឃ្លាំងថ្មីសរុបចំនួន៤,២លានហ្វីតការ៉េនៅត្រឹមឆមាសទី២ ឆ្នាំ២០២៥។

ដោយឡែក ទីផ្សារការិយាល័យនៅតំបន់ Klang Valley រដ្ឋ Johor និងរដ្ឋ Penang នៅតែបន្តមានស្ថិរភាព។ តំបន់ Klang Valley ត្រូវ​បាន​គេ​ព្យាករ​ណ៍ថា​ នឹង​ទទួលបានការផ្គត់ផ្គង់​ទំហំ​ការិយាល័យ​ថ្មី​ជាង​២លាន​ហ្វីត​ការ៉េ​ក្នុង​ឆ្នាំនេះ។

ទន្ទឹមនឹងនោះ តម្លៃជួលការិយាល័យនៅទីក្រុង Johor Bahru បានកើនឡើងចន្លោះពី០,១រីងហ្គីត និង០,៤រីងហ្គីតក្នុងមួយហ្វីតការ៉េ ដែលជំរុញដោយការផ្គត់ផ្គង់ការិយាល័យថ្មី និងស្ថិរភាពនៃតម្រូវការ៕ប្រភព: New Straits Times៕

តម្លៃហាងឆេងមាសបានងើបឡើងថ្លៃនៅថ្ងៃចន្ទនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងថ្លៃក្នុងការជួញដូរនៅព្រឹកថ្ងៃចន្ទនេះ ក្រោយពេលតម្លៃមាសប្រភេទ Spot Gold បានជួញដូរក្នុងទំហំទឹកប្រាក់ចំនួន៣៣៤៩,២៦ដុល្លារអាមេរិកក្នុងមួយអោនគិតត្រឹមពេលបិទការជួញដូរកាលពីថ្ងៃសុក្រសប្តាហ៍មុន។

តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើង០,១៦ភាគរយដល់៣៣៥៤,៥៥ដុល្លារក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានងើបឡើង០,១៣ភាគរយដល់៣៣៦២,៧ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង១០:២៦នាទីព្រឹក។

យោងតាមឧបករណ៍ CME FedWatch បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាសចំនួន៩៥,៣ភាគរយ ដែលធនាគារកណ្តាលអាមេរិក (Fed) នឹងរក្សាទុកអត្រាការប្រាក់ឱ្យនៅថេរដដែលក្នុងកិច្ចប្រជុំគោលនយោបាយនៅថ្ងៃទី៣០ ខែកក្កដាខាងមុខ។

ចំណែក សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងប្រាក់ដុល្លារអាមេរិកធៀបនឹងរូបិយបណ្ណសំខាន់ៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានធ្លាក់ថ្លៃចុះដល់៩៨,៤៦ពិន្ទុនៅព្រឹកថ្ងៃចន្ទនេះ បន្ទាប់ពីបានបិទការជួញដូរត្រឹម៩៨,៤៨ពិន្ទុកាលពីថ្ងៃសុក្រសប្តាហ៍មុន៕

រដ្ឋាភិបាលកំពុងកសាងតំបន់លំហែរកាន់តែប្រណីតនៅ “ឆ្នេរតេជោសន្តិភាពកែប”

ដោយៈ គង់ សូរិយា

    ខេត្តកែបៈ រដ្ឋាភិបាល តាមរយៈរដ្ឋបាលខេត្តកែប កំពុងសកម្ម​ភាពភាពស្ថាបនាសាងសង់ពយទប់ទឹករលក ដែលលើសពីការការពារសុវត្ថិភាព គឺជាទីកន្លែងដែលអាចសម្រាកលំហែ និងគយគន់ទេសភាព នៃគម្រោងឆ្នេរខ្សាច់កម្សាន្តសាធារណៈ កម្រិតខ្ពស់ “ឆ្នេរតេជោសន្តិភាពកែប” ដើម្បីលើកកម្ពស់សោភ័ណភាពឆ្នេរ២៧០០ ម៉ែត្រ ស្ថិតក្នុងសង្កាត់ព្រៃធំ ក្រុងកែប។

ផែនការមេអភិវឌ្ឍខេត្តជាប់ឆ្នេរសមុទ្រកម្ពុជា គឺជាគម្រោងអភិវឌ្ឍដ៏ធំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលត្រូវអនុវត្តន៍ក្នុងរយៈពេល ១៥ឆ្នាំ ហើយត្រូវបានគិតគូរយ៉ាងពេញលេញ ពីលក្ខណៈពិសេសនៃខេត្តទាំងបួនរួមមានខេត្តកែប ខេត្តកំពត ខេត្តព្រះសីហនុ និងខេត្តកោះកុង ដែលស្ថិតក្រោមការគ្រប់គ្រងអភិវឌ្ឍរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង នឹងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា អភិវឌ្ឍឱ្យទៅជាមជ្ឈមណ្ឌលហិរញ្ញវត្ថុតំបន់ឆ្នេរដ៏ប្រណិតបំផុតនៅប្រទេសកម្ពុជា ដើម្បីទាក់ទាញភ្ញៀវទេស​ចរណ៏អន្ដរជាតិ និងភ្ញៀវទេសចរណ៍ជាតិ។

ផែនការនេះមានគោលបំណងពង្រឹងបន្ថែម នូវចំណុចខ្លាំងនិងកាលានុវត្តភាពរបស់ខេត្តនីមួយៗ ដើម្បីរៀបចំយុទ្ធសាស្ត្រអភិវឌ្ឍន៍តំបន់បំពេញឱ្យគ្នាទៅវិញទៅមក ប្រទាក់ក្រឡាគ្នា និងសម្រេចបាននូវចក្ខុវិស័យកម្ពុជា២០៥០៕

គំរោងអភិវឌ្ឍន៍លំដាប់ពិភពលោកមួយត្រៀមបង្ហាញវត្តមាននៅខេត្តកោះកុងជាមួយទុនវិនិយោគជាង១០ពាន់លានដុល្លារ

ដោយៈ គង់ សូរិយា

    កោះគុងៈ ក្រុមហ៊ុនលំដាប់យក្សមួយមកពីទីក្រុងម៉ាកាវ បានសហការជាមួយក្រុមហ៊ុនក្នុងស្រុក គ្រោងសាងសង់ទីក្រុងរណបធំមួយ ដែលមានតម្លៃជាង១០ពាន់លានដុល្លារអាមេរិក។

គម្រោងអភិវឌ្ឍដ៏ធំមួយនេះ គ្រោងអភិវឌ្ឍន៍ដោយក្រុមហ៊ុន Century Entertainment ដែលបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសហការជាមួយក្រុមហ៊ុនធំក្នុងស្រុក ដោយបោះទុនវិនិយោគក្នុងទឹកប្រាក់ប្រមាណ១០.៣៩ ពាន់លានដុល្លារអាមេរិក។

គំរោងលំដាប់យក្សនេះ គ្រោងអភិវឌ្ឈន៍បែបទំនើបចម្រុះជាមួយនឹងផែនការអភិវឌ្ឍសាងសង់ គម្រោងសណ្ឋាគារថ្នាក់ផ្កាយ៥ ខុនដូ មជ្ឈមណ្ឌលពាណិជ្ជលំដាប់អន្តរជាតិ អាផាតម៉ិន ផ្សារទំនើប កាស៊ីណូ កំពង់ផែ តំបន់សេដ្ឋកិច្ចពិសេស និងសួនឧទ្យានកម្សាន្តចម្រុះជាច្រើនទៀត។ លោកឡុង រតនា សមាជិកសមាគមសម្ព័ន្ធវិនិយោគគិត ចិន-កម្ពុជា និងជាសមាគមអ្នកវិនិយោគ​ អ្នកសាងសង់​ និងស្ថាបត្យករកម្ពុជា​ បានមានប្រសាសន៍ឲ្យដឹងកាលពីថ្ងៃទី២០ កក្កដាកន្លងមកនេះ។

លោកបន្តថា “រាល់ការអភិវឌ្ឍសេដ្ឋកិច្ចប្រទេស គឺមានប្លង់មេអភិវឌ្ឍតាមខេត្ត តាមតំបន់និមួយៗ”។ លោកបន្ថែមថា “គម្រោងខ្លះខ្ញុំមិនហ៊ានផុសទេខុសច្បាប់ ដោយរង់ចាំខាងរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធផុសជាមុន បានខ្ញុំហ៊ានផុសតាមក្រោយ”៕

ក្រសួងចាប់ផ្តើមស្តារ និងលើកកំពស់សោភណភាពស្ទឹងសៀមរាប

ដោយៈ ម៉ាណា

    សៀមរាបៈ មន្រ្តីជាន់ខ្ពស់ក្រសួងសាធារណៈការ និងដឹកជញ្ជូន​បានចុះត្រួតពិនិត្យប្រគល់-ទទួលបច្ចេកទេស គម្រោងស្តារស្ទឹងសៀ​ម​រាប ជំហាន២ (KHM-18) ក្រោមឥណទានសម្បទានរបស់ធនាគារអាហរ័ណ នីហរ័ណ សាធារណរដ្ឋកូរ៉េ (EDCF)។

លោករស់ វណ្ណា រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំគណ:ប្រតិភូក្រសួង ចុះត្រួតពិនិត្យប្រគល់-ទទួលបច្ចេកទេស គម្រោងស្តារស្ទឹងសៀមរាប ជំហាន២ (KHM-18) ក្រោមឥណទាន សម្បទានរបស់ធនាគារអាហរ័ណ នីហរ័ណសាធារ​ណរដ្ឋកូរ៉េ (EDCF) ដោយមានការអញ្ជើញចូលរួមពីមន្រ្តីពាក់ព័ន្ឋ។

ដំណើរបំពេញបេសកកម្មនេះ ធ្វើឡើងដើម្បីចុះត្រួតពិនិត្យប្រគ​ល់-ទទួលបច្ចេកទេស គម្រោងស្តារស្ទឹងសៀមរាប ជំហាន២ (KHM-18) ក្រោមឥណទានសម្បទានរបស់ធនាគារអាហរ័ណ នីហរ័ណ សា​ធារណរដ្ឋកូរ៉េ (EDCF) ដែលនឹងគ្រោងត្រៀមដាក់ជូនថ្នាក់ដឹកនាំក្រសួ​ងពិនិត្យសម្រេច ក្នុងការប្រគល់ជូនមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប នាពេលខាងមុខ ដើម្បីប្រតិបត្តិការ គ្រប់គ្រង និងថែទាំបន្តឱ្យមាននិរន្តភាព។

គម្រោងស្តារស្ទឹងសៀមរាបជំហាន២ (KHM-18)នេះ ប្រើរយ:ពេលក្នុងការសាងសង់ចំនួន៣៧ខែ ដែលចាប់ផ្តើមសាងសង់នាខែឧសភា ឆ្នាំ២០២២ និងបញ្ចប់ខែមិថុនា ឆ្នាំ២០២៥ ដែលគម្រោងទាំងមូលគ្របដណ្ដប់លើផ្ទៃដីសរុបចំនួន ៣១ហិកតា ដែលស្ថិតនៅក្នុងសង្កាត់ចំនួន០១ គឺសង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប ដែលហេដ្ឋារចនាសម្ព័ន្ធគម្រោងនេះរួមមាន៖១)ផ្លូវបេតុងមេ មានទទឹង ៦ម៉ែត្រ ប្រវែង៤,៥៣ម៉ែត្រ ២)ផ្លូវបេតុងតភ្ជាប់ ស្ថិតនៅខាងកើតស្ទឹងមានចំនួន១៦កន្លែង និងខាងលិចស្ទឹងមានចំនួន១កន្លែង ស្ពានទី១មា​ន​ប្រវែង ៣៦ម៉ែត្រ។

ស្ពានទី២ មានប្រវែង៤៤ម៉ែត្រ, ស្ពានទី៣ មានប្រវែង៣០ម៉ែត្រ,សំណង់ស្ទាក់ទឹក មានចំនួន១កន្លែង ប្រវែង៨០ម៉ែត្រ,ប្រព័ន្ធធារាសាស្រ្ត មានចំនួន៨កន្លែង,ជើងទេរស្ទឹង ប្រវែងសរុប៨,៣១ម៉ែត្រ និងផ្លូវថ្មើរជើង មានប្រវែង៣,៧០ម៉ែត្រ៕