ក្រុមហ៊ុនចិនមួយសិក្សារកទីតាំងបង្កើតរោងចក្រផលិតស្រោមដៃវិជ្ជសាស្ត្រនៅកម្ពុជា

0

(ភ្នំពេញ)៖ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសហការី នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦នេះ បានទទួលជួបពិភាក្សាការងារ ជាមួយលោក តាយ ស៊ូមីង (Dai Shuming) អគ្គនាយករងក្រុមហ៊ុន Shijiazhuang Hongray Group Co., Ltd. ដោយមានការសម្របសម្រួល ពីសមាគមសហគ្រិនចិនជាំងស៊ូនៅកម្ពុជា។

ជាកិច្ចចាប់ផ្តើម លោកអគ្គលេខាធិការ បានស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះគណៈប្រតិភូ និងបានសម្តែងនូវសេចក្តីសោមនស្សរីករាយដែលលោក តាយ ស៊ូមីង បានដឹកនាំគណៈប្រតិភូមកទស្សនកិច្ច នៅព្រះរាជាណាចក្រកម្ពុជានាពេលនេះ។

លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា

អគ្គលេខាធិការ ក៏បានថ្លែងអំណរគុណដល់សមាគមសហគ្រិនចិនជាំងស៊ូនៅកម្ពុជា ដែលបានខិតខំជំរុញ និងទាក់ទាញវិនិយោគិនចិនមកពីខេត្តជាំងស៊ូ ឱ្យមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា។

លោក តាយ ស៊ូមីង បានថ្លែងអំណរគុណជូនចំពោះអគ្គលេខាធិការ ដែលបានចំណាយពេលវេលាដ៏មានតម្លៃទទួលជួបពិភាក្សាការងារ និងបានជម្រាបថា ក្រុមហ៊ុន Shijiazhuang Hongray Group Co., Ltd. គឺជាក្រុមហ៊ុនឈានមុខគេដ៏ធំមួយនៅប្រទេសចិនដែលមានបទពិសោធន៍ប្រមាណ ៣០ឆ្នាំកន្លងមកហើយក្នុងការផលិតស្រោមដៃពេទ្យ នាំចេញទៅទីផ្សារអាម៉េរិក និងសហគមន៍អឺរ៉ុប។

លោក តាយ ស៊ូមីង (Dai Shuming) អគ្គនាយករងក្រុមហ៊ុន Shijiazhuang Hongray Group Co., Ltd.
លោក តាយ ស៊ូមីង (Dai Shuming) អគ្គនាយករងក្រុមហ៊ុន Shijiazhuang Hongray Group Co., Ltd.

នេះគឺជាលើកទី២ហើយ ដែលក្រុមហ៊ុន Shijiazhuang Hongray Group Co., Ltd. បានមកសិក្សាស្វែងយល់ពីបរិស្ថានវិនិយោគនៅកម្ពុជា ដែលលើកនេះ ក្រុមហ៊ុនមានបំណងស្វែងរកទីតាំង ដើម្បីបណ្តាក់ទុនវិនិយោគបង្កើតរោងចក្រផលិតស្រោមដៃពេទ្យ ដោយមានខ្សែច្រវាក់ផលិតកម្មចំនួន១០ខ្សែ។

ជាការឆ្លើយតប អគ្គលេខាធិការបានសម្តែងនូវការគាំទ្រ ចំពោះគម្រោងវិនិយោគរបស់ក្រុមហ៊ុន Shijiazhuang Hongray Group Co., Ltd.។

ទន្ទឹមនឹងនេះ លោកអគ្គលេខាធិការ បានស្នើដល់ក្រុមហ៊ុនឱ្យធ្វើការគិតគូរ បង្កើតតំបន់សេដ្ឋកិច្ចពិសេសមួយដោយខ្លួនឯង ក្នុងគោលដៅទាក់ទាញអ្នកវិនិយោគ ក្នុងកន្សោម ឧស្សាហកម្មតែមួយ និងបង្កើតខ្សែច្រវាក់ផលិតកម្មរបស់ខ្លួន ឬអាចពិចារណាក្នុងការជ្រើសរើសទីតាំង ក្នុងតំបន់សេដ្ឋកិច្ចពិសេសណាមួយ ដែលមានហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ស្រាប់ ឬមួយរកទីតាំងណា ដែលពុំសូវមានប្រជាពលរដ្ឋ ដើម្បីកាត់បន្ថយនូវហានិភ័យប៉ះពាល់បរិស្ថាន ដែលបណ្តាលមកពីដំណើរការផលិតកម្មរបស់ក្រុមហ៊ុន។ មួយវិញទៀត ក្រុមហ៊ុនក៏ត្រូវមានការគិតគូរពីប្រភពនៃវត្ថុធាតុដើមដូចជាកំទេចឈើដែលប្រើសម្រាប់ផលិតជាថាមពលអគ្គិសនីផ្គត់ផ្គង់ដល់ខ្សែច្រវាក់ផលិតកម្មរបស់ក្រុមហ៊ុនផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here