ក្រុមហ៊ុនជប៉ុនចំនួន១៦សិក្សាស្វែងយល់ពីការវិនិយោគលើ ហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា

ដោយៈ ម៉ាណា

    ភ្នំពេញៈ ក្រុមហ៊ុនជប៉ុនធំៗចំនួន១៦បានមកសិក្សាស្វែងយល់ពីឱកាសវិនិយោគ លើវិស័យហេដ្ឋារចនាសម្ព័ន្ធ ពិសេសបញ្ហាទឹកកខ្វក់នៅកម្ពុជា។

ព័ត៌មាននេះ ត្រូវបានលើកឡើងនៅពេលលោកជំទាវកុយ សុដានី បានជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃទីក្រុង Kitakyushu ប្រទេសជប៉ុន។

លោកជំទាវ កុយ សុដានី រដ្ឋលេខាធិការប្រចាំការ អញ្ជើញដឹកនាំគណៈប្រតិភូក្រសួង ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយគណៈប្រតិភូទីក្រុងKitakyushu ដែលដឹកនាំដោយលោកEGUCHI TETSURO អភិបាលរងក្រុង Kitakyushu ប្រទេសជប៉ុន ដោយមានការអញ្ជើញចូលរួមពីមន្រ្តីពាក់ព័ន្ធ។

ជំនួបនេះ មានគោលបំណងសម្តែងការគួរសម និងណែនាំក្រុមហ៊ុនជប៉ុនចំនួន១៦ក្រុមហ៊ុន ដែលមានបំណងស្វែងរកឱកាសវិនិយោគក្នុងវិស័យសាធារណការ និងដឹកជញ្ជូន ជាពិសេសវិស័យទឹកកខ្វក់នៅកម្ពុជា៕

គម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់ក្រុងតាខ្មៅ ទំហំ២០ហិកតាសម្រេចបានវឌ្ឍនភាពប្រសើរ

ដោយៈ ម៉ាណា

    ភ្នំពេញៈ គម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់ នៅក្នុងក្រុងតាខ្មៅ កំពុ​ងដំណើរការទៅមុខយ៉ាងរលូន ជាមួយនឹងការពេញចិត្តរបស់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាន។

ការងារនេះបាននិងកំពុងគ្រប់គ្រង ដោយក្រុមការងារការដ្ឋាន និងអាជ្ញាធរខេត្តកណ្តាលបានរួមគ្នា ឱ្យលេចចេញលទ្ធផលដោយអន្លើរៗ និងសម្រេចវឌ្ឍនភាព ជារួមប្រមាណ១៥,៥០%ហើយ គិតត្រឹមដំណា​ច់ខែធ្នូ ឆ្នាំ២០២៥។

គម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់ នៅក្នុងក្រុងតាខ្មៅ រួមមាន៖ បណ្តាញលូទឹកកខ្វក់ប្រវែងសរុប ១២៥ គ.ម បណ្តាញលូទឹកភ្លៀងប្រវែងសរុប៥,៣គ.ម ស្ថានីយបូមទឹកកខ្វក់ធុនតូច-ធំចំនួន០៧ កន្លែង និងការងារតំណភ្ជាប់តាមផ្ទះចំនួន១០,០០០តំណ ស្ថិតក្នុងសង្កាត់កំពង់សំណាញ់ សង្កាត់តាក្តុល សង្កាត់តាខ្មៅ សង្កាត់ព្រែកហូរ និងសង្កាត់ព្រែកឫស្សី ព្រមទាំងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់មានសមត្ថភាពចម្រោះ១២,០០០ម៣/ថ្ងៃ ស្ថាបនាលើផ្ទៃដីទំហំ២០ហិកតា មានទីតាំង ស្ថិតនៅក្នុងភូមិសាស្ត្រភូមិព្រែកថី សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។

បន្ថែមលើទំហំការងារ គម្រោងបានទទួលគោលការណ៍ សម្រាប់ការសិក្សាបច្ចេកទេសគំនូសប្លង់លម្អិត លើការងារកែលម្អស្ថានីយបូមទឹកភ្លៀង សាងសង់ស្ថានីយបូមថ្មី និងការតម្លើងបណ្តាញបង្ហូរទឹកភ្លៀង។

គម្រោងនេះ បានចាប់ផ្តើមសាងសង់នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤ ដែលមានរយៈពេលសាងសង់៣៦ខែ គ្រោងបញ្ចប់នៅចុងឆ្នាំ២០២៧ ខាងមុខនេះ៕

ទីផ្សារអចលនទ្រព្យនៅតំបន់អាស៊ីប៉ាស៊ីហ្វិកឈានចូលដល់ឆ្នាំ២០២៦ ក្នុងទិសដៅច្បាស់លាស់ជាងមុន

ដោយ: សហសេវិក
អន្តរជាតិ: បន្ទាប់ពីជួបប្រទះកំណើនអតិផរណា ការដំឡើងអត្រាការប្រាក់ខ្ពស់ និងផលប៉ះពាល់ភូមិសាស្ត្រនយោបាយអស់ជាច្រើនឆ្នាំ ទីផ្សារអចលនទ្រព្យនៅតំបន់អាស៊ីប៉ាស៊ីហ្វិកកំពុងឈានចូលដល់ឆ្នាំ២០២៦ ដោយមានទិសដៅច្បាស់លាស់ជាងមុន។

តំបន់អាសុីប៉ាសុីហ្វិក (APAC) នឹងបន្តគ្របដណ្តប់ចំណែកជាង៥០ភាគរយនៃកំណើនសេដ្ឋកិច្ចរបស់ពិភពលោក ដែលជំរុញដោយការវិនិយោគលើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ពាណិជ្ជកម្មក្នុងតំបន់ និងតម្រូវការក្នុងស្រុកដ៏រឹងមាំ។

ទោះបីជាមានការកើនឡើងនៃការផ្គត់ផ្គង់ថ្មីយ៉ាងណាក្តី ទីផ្សារការិយាល័យនៅតំបន់អាស៊ីប៉ាស៊ីហ្វិកមានភាពធន់ជាងការរំពឹងទុក។ នៅឆ្នាំ២០២៥ ទំហំការិយាល័យថ្មីជាង១០លានម៉ែត្រការ៉េត្រូវបានផ្គត់ផ្គង់បន្ថែម ប៉ុន្តែ អត្រាការិយាល័យទំនេរបន្តស្ថិតក្នុងរង្វង់ជិត១៥ភាគរយប៉ុណ្ណោះ។

បណ្តាក្រុមហ៊ុនហិរញ្ញវត្ថុ និងបច្ចេកវិទ្យាបានជំរុញតម្រូវការជួលការិយាល័យ ដោយប្រទេសឥណ្ឌា និងទីក្រុងហុងកុងបាននាំមុខគេ។ ទោះជាយ៉ាងណា អ្នកជួលការិយាល័យកំពុងកាត់បន្ថយទំហំការិយាល័យរបស់ខ្លួន។

បណ្តាថ្នាក់ដឹកនាំក្រុមហ៊ុនអចលនទ្រព្យនៅតែផ្តោតលើការគ្រប់គ្រងថ្លៃដើម។ ការកើនឡើងនៃថ្លៃដើម ភាពមិនប្រាកដប្រជាផ្នែកសេដ្ឋកិច្ច និងបច្ចេកវិទ្យា AI បានជំរុញឱ្យក្រុមហ៊ុននានាងាកទៅផ្តល់អាទិភាពលើការជួលការិយាល័យ ដែលអាចជំរុញផលិតភាព និងទាក់ទាញបុគ្គលិកមានទេពកោសល្យ។

ជាលទ្ធផល តម្រូវការកំពុងផ្តោតលើការិយាល័យដែលមានគុណភាពខ្ពស់ និងអនុលោមតាមស្តង់ដារ ESG នៅក្នុងទីតាំងសំខាន់ៗ។

ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Knight Frank លើកឡើងថា តម្លៃជួលការិយាល័យកម្រិត A ក្នុងទីក្រុងធំៗនៅតំបន់អាស៊ីប៉ាស៊ីហ្វិក មានកម្រិតខ្ពស់ជាងតម្លៃជួលការិយាល័យកម្រិត B ចន្លោះ១៥ភាគរយទៅ២០ភាគរយ ខណៈអគារចាស់ៗ ដែលមិនមានប្រសិទ្ធភាព ប្រឈមមុខនឹងការដាំក្បាលចុះនៃតម្រូវការ៕ប្រភព: Edgeprop៕

ភាពតានតឹងជាមួយប្រទេសចិនរំពឹងអាចជះផលប៉ះពាល់លើទីផ្សារអចលនទ្រព្យរបស់ប្រទេសជប៉ុន

ដោយ: សហសេវិក
អន្តរជាតិ: ក្រុមអ្នកវិភាគបានលើកឡើងថា ទីផ្សារអចលនទ្រព្យរបស់ប្រទេសជប៉ុននឹងមិនផ្តល់ផលចំណេញខ្លាំងដល់វិនិយោគិនទេ ដោយសារភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយជាមួយប្រទេសចិនមានការកើនឡើង។

លោក Chinatsu Hani អ្នកជំនាញនៅក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ CBRE បានអះអាងថា អត្រាផលចំណេញពីការវិនិយោគអចលនទ្រព្យអាចនឹងរួមតូច ពីព្រោះទំហំមូលធនបត្រទីផ្សារ(Cap rate)ទំនងជាមិនកើនឡើងទេ។

ធនាគារកណ្តាលជប៉ុន (BoJ) បានចាប់ផ្តើមបិទបញ្ចប់គោលនយោបាយអត្រាការប្រាក់អវិជ្ជមានក្នុងរយៈពេលជិតមួយទសវត្សរ៍របស់ខ្លួនកាលពីខែមីនា ឆ្នាំមុន ខណៈដែលសេដ្ឋកិច្ចជប៉ុនបានបង្ហាញសញ្ញានៃការងើបឡើងវិញ។

ទោះបីជាអត្រាការប្រាក់មានកម្រិតខ្ពស់បំផុតក្នុងរយៈពេល១៥ឆ្នាំក្នុងរង្វង់០,៧៥ភាគរយយ៉ាងណាក្តី ក៏គោលនយោបាយរូបិយវត្ថុរបស់ប្រទេសជប៉ុននៅតែស្ថិតក្នុងចំណោមទីផ្សារទាក់ទាញបំផុតសម្រាប់បណ្តាអ្នកវិនិយោគ។

អត្រាការប្រាក់គោលរបស់សហរដ្ឋអាមេរិកស្ថិតក្នុងរង្វង់៣,៧៥ភាគរយ ខណៈអត្រាការប្រាក់របស់តំបន់ចាយប្រាក់អឺរ៉ូស្ថិតក្នុងរង្វង់២,១៥ភាគរយ ហើយអត្រាការប្រាក់គោលរបស់ចក្រភពអង់គ្លេសស្ថិតក្នុងរង្វង់៣,៧៥ភាគរយ។

ស្ថានភាពនេះបានជំរុញឱ្យវិស័យអចលនទ្រព្យរបស់ប្រទេសជប៉ុនក្លាយជាគោលដៅដ៏ទាក់ទាញសម្រាប់បណ្តាវិនិយោគិន។ ការវិនិយោគអចលនទ្រព្យសរុបនៅឆ្នាំ២០២៥ ក្នុងប្រទេសជប៉ុន ត្រូវបានប៉ាន់ប្រមាណថា មានទំហំទឹកប្រាក់លើសពី៦ទ្រីលានយ៉េន (ប្រមាណ៣៨,៣ពាន់លានដុល្លារ)។នេះបើយោងតាមក្រុមហ៊ុន CBRE។

ក្រៅពីគោលនយោបាយអត្រាការប្រាក់ ភាពតានតឹងរវាងប្រទេសចិន និងជប៉ុន ដែលជាប្រទេសមហាអំណាចសេដ្ឋកិច្ចក្នុងតំបន់អាសុី ក៏អាចជះផលប៉ះពាល់ដល់ទីផ្សារអចលនទ្រព្យ និងវិស័យទេសចរណ៍ផងដែរ រួមទាំងសណ្ឋាគារ និងហាងលក់រាយតាមដងផ្លូវធំៗ៕ប្រភព: SCMP៕

តើបុគ្គលរូបណាជាកំពូលស្ថាបត្យករទាំង៥របស់ប្រទេសចិន?

ដោយៈ ជេស៊ីកា

    ប្រទេសចិនៈ វិស័យស្ថាបត្យកម្មរបស់ចិន បានរីកចម្រើនដល់កម្រិ​តកំពូល ជាមួយនឹងវត្តមានស្ថាបត្យករល្បីៗ និងមានឥទ្ធិពលបំផុតនៅក្នុងប្រទេស និងល្បីល្បាញលើឆាកអន្តរជាតិផងដែរ។

តើបុគ្គលរូបណាជា កំពូលស្ថាបត្យករទាំង៥រូប ដែលមានទំនាក់ទំនងជាមួយប្រទេសចិន ដែលត្រូវបានគេស្គាល់ទាំងនៅក្នុងប្រទេសចិន និងនៅលើឆាកអន្តរជាតិ។

១. I. M. Pei (贝聿铭, Ieoh Ming Pei)

លោកបានកើត នៅឆ្នាំ១៩១៧ ក្រុងទីក្វាងចូវ ប្រទេសចិន (ក្រោយមកបានក្លាយជាជនជាតិចិន-អាមេរិក)។

  • កម្រិតកិត្តិនាម៖ រឿងព្រេងនិទានពិភពលោក
  • ហេតុអ្វីបានជាល្បីល្បាញ?
  • ពីរ៉ាមីត Louvre (ប៉ារីស)
  • អគារ Bank of China Tower (ហុងកុង)
  • រចនាប័ទ្ម៖ ទំនើបនិយមជាមួយនឹងធរណីមាត្ររឹងមាំ

លោកជាស្ថាបត្យករកើតនៅប្រទេសចិន ដ៏ល្បីល្បាញបំផុតក្នុងប្រវត្តិសាស្ត្រ។

២. Wang Shu (王澍)

ស្ថាបត្យកររូបនេះ បានកើតនៅឆ្នាំ១៩៦៣ ក្នុងប្រទេសចិន លោកជាអ្នកឈ្នះរង្វាន់ Pritzker (២០១២)។ លោកក៏័ជាពលរដ្ឋចិនដំបូងគេដែលឈ្នះពានរង្វាន់ខាងលើនេះ។

  • ស្នាដៃល្បីៗ៖
  • សារមន្ទីរប្រវត្តិសាស្ត្រNingbo
  • បរិវេណសាលាXiangshan (បណ្ឌិត្យសភាសិល្បៈចិន)។
  • រចនាប័ទ្ម៖ សម្ភារៈចិនបុរាណ + ស្ថាបត្យកម្មទំនើប។

៣. Ma Yansong (马岩松)

ស្ថាបត្យករលំដាប់កំពូលទី៣នេះ បានកើតនៅឆ្នាំ១៩៧៥ ទីក្រុងប៉េកាំង។

លោកជាស្ថាបនិក៖ MAD Architects និងសម្រេចបាននូវស្នាដៃល្បីៗដូចជា

  • Absolute Towers (កាណាដា)
  • Harbin Opera House
  • រចនាបថ៖ អនាគតនិយម រលូន និងបំផុសគំនិតដោយធម្មជាតិ។
  • ឋានៈ៖ ស្ថាបត្យករចិនសកម្មបំផុត លើឆាកអន្តរជាតិនាពេលបច្ចុប្បន្ន។

៤. Liu Jiakun (刘家琨)

លោកបានកើតនៅឆ្នាំ១៩៥៦ នាទីក្រុងChengdu លោកមានការទទួលស្គាល់ជាអន្តរជាតិ ដោយគេចាត់ទុកជាស្ថាបត្យករបញ្ញាដ៏គួរឱ្យគោរពយ៉ាងខ្លាំង។

  • ស្នាដៃល្បីៗ៖
  • សារមន្ទីរសិល្បៈចម្លាក់ថ្ម Luyeyuan
  • West Village ទីក្រុងChengdu
  • រចនាបថ៖ ការផ្តោតលើមាត្រដ្ឋានមនុស្ស សង្គម និងវប្បធម៌។
  • កេរ្តិ៍ឈ្មោះ៖ ស្ថាបត្យករនៃទីក្រុង “ជីវិតពិត” របស់ប្រទេសចិន។

៥. Cui Kai (崔恺)

លោកបានកើតនៅឆ្នាំ១៩៥៧ នាទីក្រុងប៉េកាំង រដ្ឋធានីរបស់មហាយក្សចិន។

  • លោកមានតួនាទី៖ ប្រធានស្ថាបត្យករនៃបណ្ឌិត្យសភា ស្រាវជ្រាវសំណង់ចិន។
  • ឥទ្ធិពល៖ 🇨🇳 គម្រោង និងគោលនយោបាយជាតិសំខាន់ៗ។
  • រចនាបថ៖ ស្ថាបត្យកម្មរដ្ឋចិនសម័យទំនើប។
  • សារៈសំខាន់៖ មានឥទ្ធិពលខ្លាំង នៅក្នុងការសាងសង់របស់ប្រទេសចិន ប្រព័ន្ធ។

ក្រៅពីស្ថាបត្យករកំពូលទាំង៥ខាងលើ គេក៏មិនភ្លេចពីស្ថាបត្យករ ដ៏មានកិត្តិយស និងល្បីល្បាញដូចជា លោកHe Jingtang (何镜堂) អ្នករចនានៃ China Pavilion, Shanghai Expo និងលោក Zhang Lei (张雷)ត្រូវបានគេស្គាល់ដោយសារស្ថាបត្យកម្មបែប Minimalist និងកំណាព្យ៕

រយៈពេល៥ឆ្នាំកម្ពុជាចុះបញ្ជីរក្រុមហ៊ុនតាមថ្នាលបច្ចេកវិទ្យាបានរហូតដល់ជាង៥៤ពាន់ក្រុមហ៊ុនជាមួយទំហំទុនជាង២១ពាន់លានដុល្លារ

ដោយៈ ចំណាន

    ភ្នំពេញៈ យោងតាមរបាយការណ៍​វឌ្ឍនភាព នៃប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មានSingle Portal របស់​ Online Business registration Service បានឱ្យ​ដឹង​ថា បើ​គិតចាប់ពី​ថ្ងៃទី១៥ ខែ​មិថុនា ឆ្នាំ​២០២០ រហូតដល់​ថ្ងៃទី៣១ ខែ​ធ្នូ​ ឆ្នាំ ​២០២៥ ​ក្រុមហ៊ុន/សហគ្រាស​​ ដែល​ទទួល​​ជោគជ័យ​លើ​ការ​​ចុះបញ្ជីអាជីវកម្ម តាមថ្នាល​បច្ចេកវិទ្យាព័ត៌មាន មាន​ចំនួនសរុប​៥៣,៤២២​ ជាមួយ​នឹង​ដើមទុនចុះបញ្ជី​សរុប​​​៨៧,៧ ពាន់ពាន់​លាន​រៀល ឬស្មើនឹង​២១,៣៩ ពាន់លាន​ដុល្លារ​។

ក្នុង​ចំណោមក្រុមហ៊ុន/សហគ្រាសទាំង៥៣,៤២២ គឺមាន​១៩, ៣៨៩ ឬ​ស្មើ​នឹង៣៦% ដែល​មាន​ម្ចាស់​ជា​ស្រ្តី។ ទំហំដើមទុន ២១,៣៩ពាន់​លានដុល្លារ គឺ​សកម្មភាព​អចលនទ្រព្យ ដោយប្រើប្រាស់​អចលនទ្រព្យផ្ទាល់ខ្លួនឬជួលពីគេ មានដើមទុនវិនិយោគ​១,៨៨ ពាន់​លាន​ដុល្លារ។ សកម្មភាព​សេវាស្នាក់នៅ​ មានដើមទុន​ ១,៦៤ ពាន់​លាន​ដុល្លារ។

ការសាងសង់អគារ​ ១,៥៤ ពាន់​លាន​ដុល្លារ, កម្មន្តសាលសម្លៀកបំពាក់លើកលែងសម្លៀកបំពាក់ធ្វើពី​រោមសត្វ​ ១,១ ពាន់​លានដុល្លារ​,សកម្ម​ភាព​​ពិគ្រោះយោបល់ ផ្នែកគ្រប់គ្រង​៩៤២លាន​ដុល្លារ​ និង​កម្មវត្ថុ​អាជីវកម្ម​ផ្សេងទៀត មានចំនួន១៤,៣ពាន់លាន​ដុល្លារ​។

របាយការណ៍បានឲ្យដឹងទៀតថា ទន្ទឹមនឹងនេះ ក៏មានក្រុមហ៊ុនចំនួន២៦,៣២៦បានទទួលជោគជ័យ លើការស្នើសុំនាមករណ៍បម្រុ​ងទុក និងក្រុមហ៊ុនចំនួន៣ ត្រូវបានបដិសេធ។

ប្រព័ន្ធ​ចុះ​បញ្ជី​អាជីវ​កម្ម ​តាម​ថ្នាល​បច្ចេក​វិទ្យា​ព័ត៌មាន​ដំណាក់​កាល​ទី១ ត្រូវ​បាន​រដ្ឋាភិបាល​ប្រកាស​ដាក់​ឱ្យ​ដំណើរ​ការ ​កាល​ពី​ថ្ងៃទី​១៥ ខែ​មិថុនា ឆ្នាំ​២០២០ ដែល​រួម​មាន​ក្រសួង-​ស្ថាប័ន​រដ្ឋ​ចំនួន ៦ចូល​រួម គឺ​ក្រសួង​មហាផ្ទៃ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញ​វត្ថុ ក្រសួង​ពាណិជ្ជ​កម្ម ក្រសួង​ការងារនិង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ អគ្គ​នាយក​ដ្ឋាន​ពន្ធដារនិង​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​។

ក្រោយ​មក​រដ្ឋាភិ​បាល ​ក៏​បាន​ប្រកាស​ដាក់​ឱ្យ​ដំណើរ​ការ​ដំណាក់​កាល ​ទី​២ នៅ​ថ្ងៃ​ទី​១៥ ខែ​កញ្ញា ឆ្នាំ​២០២១ និង​ដំណាក់​កាល​ ទី​៣ កាល​ពី​ថ្ងៃ​ទី​២២ ខែ​មិថុនា ឆ្នាំ​២០២៣ ដោយ​បាន​បន្ថែម​ក្រសួង​-ស្ថាប័ន​មួយ​ចំនួន​បន្ថែម​ទៀត។

ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន បានថ្លែងក្នុងកម្មវិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ​ “យុទ្ធសាស្ត្រស្ដីពីការអភិវឌ្ឍសេវាអេឡិចត្រូនិក សម្រាប់ធុរកិច្ចឆ្នាំ ២០២៥២០២៨” កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ ២០២៥ ថា បច្ចេកវិទ្យាឌីជីថល កំពុងចូលរួមយ៉ាងសកម្ម នៅគ្រប់សកម្មភាពសង្គម និងសេដ្ឋកិច្ចនៅស្ទើរគ្រប់ប្រទេស លើពិភពលោក​រួមទាំងប្រទេស​កម្ពុជា។ បច្ចេកវិទ្យាឌីជីថល​បានក្លាយជាកត្តាលីករ ក្នុងការជំរុញកំណើន និងការពង្រឹងភាពធន់នៃសេដ្ឋកិច្ច ដែលមិនអាចមើលរំលងបាន។

លោក​បាន​ថ្លែង​ថា “សម្រាប់វិស័យឯកជនការចាប់យក និងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល គឺជាឧត្តមភាពមួយថ្មីដែលបានចូលរួមជួយលើកកម្ពស់ប្រសិទ្ធភាពការងារ កាត់បន្ថយថ្លៃដើម តភ្ជាប់ខ្សែច្រវាក់ផលិតកម្ម និងធានានូវភាពប្រកួតប្រជែងក្នុងទីផ្សារ”។លោក​បន្ថែម “ហើយបច្ចេកវិទ្យាឌីជីថល ក៏កំពុងដើរតួនាទីសំខាន់ ក្នុងវិស័យសារធារណៈផងដែរ តាមរយៈការតភ្ជាប់ និងផ្តល់ទិន្នន័យឱ្យគ្នាទៅវិញទៅមក ដែលវាបានជួយកាត់បន្ថយភាពស្មុគស្មាញ នៃការិយាធិបតេយ្យ ការបង្កើនប្រសិទ្ធភាពនៃរដ្ឋបាលសាធារណៈ ពង្រឹង អនុលោមភាព និងកែលម្អបរិយាកាសធុរកិច្ចនៅកម្ពុជាឱ្យកាន់តែប្រសើរ”។

ប្រធាន​សមាគម​បច្ចេក​វិទ្យា​ឌីជីថល​នៃ​កម្ពុជា លោក ឈិន កេន បានលើកឡើង​ថា ការ​ពង្រឹង​ប្រព័ន្ធ​ច្បាប់​អាជីវកម្ម​ ការ​សម្រួល​នីតិវិធី​ចុះ​បញ្ជី​ដែល​មាន​ភាព​ងាយ​ស្រួល និង​ចំណេះ​ដឹង​ផ្នែក​បច្ចេក​វិទ្យា​ព័ត៌​មាន​របស់​ម្ចាស់​អាជីវកម្ម គឺ​បាន​ជួយ​លើក​ទឹក​ចិត្ត​ឱ្យ​ម្ចាស់​អាជីវកម្ម​កាន់​តែ​ច្រើន​នាំ​គ្នា​ទៅ​ចុះ​បញ្ជី។

លោកបន្តថា “នៅ​ពេល​គ្រប់​អាជីវកម្ម​ សុទ្ធ​តែ​បាន​ការ​ទទួល​ស្គាល់​ពី​អាជ្ញាធរ វា​នឹង​ជួយ​ធ្វើ​ឱ្យ​ការ​ប្រកួត​ប្រជែង ​មាន​តម្លាភាពជាង​មុន​”៕

Phnom Penh City, Cambodia
Phnom Penh City, Cambodia

តើអ្នកណាជាអ្នកឌីសាញអាគារខ្ពស់ជាងគេលើពិភពលោក Burj Khalifa និងអាគារកំពស់១០០០ម៉ែត្រនាពេលបច្ចុប្បន្ននេះ?

ដោយៈ គង់ សូរិយា

    អារ៉ាប់រួមៈ ពិភពលោកបានស្រលាំងកាំងម្តងរួចមកហើយ នូវការបង្ហាញវត្តមានអាគារBurj Khalifa ដែលមានកំពស់រហូតដល់៨២៨ម៉ែត្រ ស្របពេលអាគារកំពស់១០០០ម៉ែត្រ មួយទៀតបាននិងកំពុងសាងសង់។

ប៉ុន្តែនៅពីក្រោយការសម្រេចបាន នូវសមិទ្ឋផលដ៏ត្រចះត្រចង់ស្ទើរមិនគួរឲ្យជឿនេះ មិនត្រូវបានគេនឹកនាច្រើននោះទេ ក្រៅពីអ្នកជំនាញក្នុងវិស័យស្ថាបត្យកម្មកំពូលនានា។

តើអ្នកណាជាអ្នករចនា (គំនូរស្ថាបត្យកម្ម) លោកជាជនជាតិអាមេរិក ដែលមានឈ្មោះពេញ Adrian David Smith បានកើតនៅឆ្នាំ១៩៤៤ លោកជានាយកក្រុមហ៊ុនស្ថាបត្យកម្ម Skidmore, Owings & Merrill (SOM) សហរដ្ឋអាមេរិក។

Adrian Smith គឺជាដៃគូរចនាឈានមុខគេនៅ SOM នៅពេលដែលអគារ Burj Khalifa ត្រូវបានរចនាឡើង។ ទម្រង់នៃប៉មនេះត្រូវបានបំផុសគំនិតដោយធរណីមាត្រអ៊ីស្លាម និងផ្កាHymenocallis។

តើអ្នកណាជាអ្នកគ្រប់គ្រង និងគ្រប់គ្រងការសាងសង់? អ្នកអភិវឌ្ឍន៍ / ម្ចាស់ Emaar Properties (មានមូលដ្ឋាននៅទីក្រុងឌូបៃ)។

ក្រុមហ៊ុនអ្នកម៉ៅការសាងសង់សំខាន់Samsung C&T (កូរ៉េខាងត្បូង)សហការវិនិយោគជាមួយ BESIX (បែលហ្ស៊ិក) និង Arabtec (UAE)។

វិស្វកររចនាសម្ព័ន្ធ Bill Baker (SOM)

លោក Adrian David Smith ជាស្ថាបត្យករ អ្នកឯកទេសខាងអគារខ្ពស់ៗ និងជាអតីតដៃគូរចនានៅSkidmore, Owings & Merrill (SOM) ដែលជាក្រុមហ៊ុនស្ថាបត្យកម្ម ដ៏ល្បីល្បាញរបស់សហរដ្ឋអាមេរិក។

ស្ថាបនិក Adrian Smith + Gordon Gill Architecture (AS+GG) នៅទីក្រុងឈីកាហ្គោ សហរដ្ឋអាមេរិក។

អគារល្បីៗដែលគាត់បានរចនារូមមានដូចជា Burj Khalifa ឌូបៃ (ខ្ពស់បំផុតនៅលើពិភពលោក) ប៉មJin Mao នាទីក្រុងសៀងហៃ ប្រទេសចិន។ សណ្ឋាគារ និងប៉ម Trump International  នៅទីក្រុងឈីកាហ្គោ និងប៉ម Jeddah  អារ៉ាប៊ីសាអូឌីត (គ្រោងនឹងខ្ពស់ជាង Burj Khalifaជាដើម។

ហេតុអ្វីបានជាគាត់ល្បីល្បាញ? គាត់ត្រូវបានគេស្គាល់ថា ជាអ្នកជំនាញកំពូលម្នាក់របស់ពិភពលោក ក្នុងការរចនាអគារខ្ពស់ៗ និងប្រក​ប​ដោយនិរន្តរភាព ដោយរួមបញ្ចូលគ្នានូវវិស្វកម្ម វិទ្យាសាស្ត្រខ្យល់ និងការរចនាវប្បធម៌៕

មន្រ្តីជាន់ខ្ពស់ចុះរៀបចំសហគមន៍តំបន់ឆ្នេរចំនួន២ដើម្បីលើកកំពស់ជីវភាពសហគមន៍

ដោយៈ គង់ សូរិយា

    ខេត្តកែបៈ ក្រុមការងារចុះជួយមូលដ្ឋានខេត្តកែប ដឹកនាំដោយលោកសាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានចុះពិនិត្យសក្តានុពល សហគមន៍នេសាទឆ្នេរអង្កោល និងសហគមន៍អូរក្រសា នៅក្នុងខេត្តកែប។

ការចុះពិនិត្យនេះ ធ្វើឡើងដើម្បីតម្រង់ទិស និងដាក់ចេញនូវគម្រោងគាំទ្រការកែលម្អ ហេដ្ឋារចនាសម្ព័ន្ធទ្រទ្រង់ចាំបាច់ កម្មវិធីចិញ្ចឹមជីវិត ការអភិរក្សជីវៈចម្រុះ ការការពារធនធានធម្មជាតិ ការកែច្នៃផលិតផលជលផលនិងទីផ្សារ សេវាកម្មទេសចរណ៍ និងការពង្រឹងសមត្ថភាពអាជីពមុខរបរ ក្នុងភាពជាដៃគូរវាងដៃគូរអភិវឌ្ឍ វិស័យឯកជន អាជ្ញាធរមូលដ្ឋាន និងសហគមន៍។

គម្រោងនេះ នឹងចូលរួមប្រែក្លាយជីវិតថ្មីរបស់សហគមន៍ ហើយរក្សាបាននូវការប្រើប្រាស់ ធនធានជលផលសមុទ្រដោយចីរភាព សុវត្ថិភាពស្បៀង ពង្រឹងភាពធន់ និងលើកកម្ពស់ប្រាក់ចំណូលរបស់សហគមន៍ ព្រមទាំងទ្រទ្រង់ដង្ហើមសេដ្ឋកិច្ចតំបន់ឆ្នេរ ឱ្យកាន់តែមានភាពរឹងមាំសម្រាប់ជាជន្ទល់ដ៏រឹងមាំនៃខឿនសេដ្ឋកិច្ចជាតិ៕

ផ្លូវជាតិឆ្លងកាត់ខេត្តចំនួន៤ត្រូវបានប្រគល់ជូនក្រសួងសាធារណៈការ បន្ទាប់ពីបញ្ចប់ការស្តារ និងលើកកំពស់គុណភាព

ដោយៈ ម៉ាលីនណា

    កំពង់ស្ពឺៈ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូនលោកស៊ុយ សាន បានអញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពផ្លូវជាតិលេខ៤១ និងធ្វើការប្រគល់-ទទួលបញ្ចប់សុពលភាព ក្រោយពីបានដាក់ដំណើរការ១ឆ្នាំ។

ការចុះពិនិត្យនេះ មានការចូលរួមពីថ្នាក់ដឹកនាំ និងសមាជិក PMU PIU  ថ្នាក់ដឹកនាំ និងបុគ្គលិកក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) និងថ្នាក់ដឹកនាំ និងបុគ្គលិកក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេ​សក្វាងចូវ វ៉ានអានផងដែរ។

បេសកកម្មនាឱកាសនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីពិនិត្យមើលស្ថានភាពផ្លូវ និងសំណង់សិល្បការក្រោមការថែរទាំ រយ:ពេល១ឆ្នាំ ចាប់ពីចំណុចប្រសព្វផ្លូវជាតិលេខ៤ -ខេត្តកណ្តាល រហូតដល់ចំណុច ប្រសព្វផ្លូវជាតិលេខ៣-ខេត្តកំពត ដោយពិនិត្យលើផ្ទៃ និងភាពរឹងម៊ាំតួផ្លូវ ស្ពាន លូរំដោះទឹក និងបរិក្ខារសុវត្ថិភាពចរាចរណ៍ ដើ​ម្បីធានាឱ្យបានថាគម្រោងផ្លូវជាតិលេខ៤១ អនុវត្តទៅតាមលក្ខណៈបទដ្ឋានត្រឹមត្រូវ ប្រកបដោយគុណភាព និងអាចប្រើប្រាស់បានយូរអង្វែង។

គម្រោងពង្រីក និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤១ ត្រូវបានប្រកាសបើកការដ្ឋានជាផ្លូវការ កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ និងត្រូវបានសម្ពោធ បើកឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥។

គម្រោងស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤១ ប្រវែងសរុប ៩៥,២៧ គីឡូម៉ែត្រ(PK000+000 – PK095+270) ចាប់ផ្តើមពីភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល នៃខេត្តកណ្ដាល (ចំណុចប្រសព្វផ្លូវជាតិលេខ៤) រហូតដល់ភូមិល្អាង ឃុំល្អាង ស្រុកដងទង់ នៃខេត្តកំពត (ចំណុចផ្លូវជាតិលេខ ៣) ត្រូវបានស្ដារ និងលើកកម្រិតគុណភាព ជាប្រភេទផ្លូវក្រាល បេតុងកៅស៊ូ AC មានកម្រាស់៥សង់ទីម៉ែត្រ និងទទឹង១១ម៉ែត្រ។

គម្រោងនេះបានរួមបញ្ចូលនូវ ការសាងសង់ពង្រីកស្ពានចាស់១កន្លែង ប្រវែងប្រមាណ២០០ម៉ែត្រ ព្រមទាំងដាក់លូកាត់ទទឹងផ្លូវចំនួន១៨៥កន្លែង និងលូបណ្តោយផ្លូវសរុបប្រវែង៨ ២៤១​ម៉ែត្រ។

ផ្លូវជាតិលេខ៤១ ជាសរសៃឈាមសេដ្ឋកិច្ច ដ៏មានសារៈសំខាន់ សម្រាប់ឆ្លងកាត់ខេត្តចំនួន៤ រួមមាន ខេត្តកណ្តាល កំពង់ស្ពឺ តាកែវ និងខេត្តកំពត និងតភ្ជាប់ទៅកាន់កំពង់ផែអន្តរជាតិសំខាន់ៗ ដូចជា កំពង់ផែពហុបំណងខេត្តកំពត កំពង់ផែក្រុងព្រះសីហនុ និងមជ្ឈមណ្ឌ​លភស្តុភារកម្ម ដែលកំពុងសាងសង់កំពង់ផែទេសចរណ៍ខេត្តកំពត និងកំពង់ផែទេសចរណ៍ខេត្តកែបកោះទន្សាយ៕

តើស្ថានភាពសេដ្ឋកិច្ចកម្ពុជាវិវត្តន៍បែបណានៅឆ្នាំ២០២៦នេះ?

ដោយៈ ម៉ាណា

    ភ្នំពេញៈ អ្នកជំនាញបានព្យាករណ៍ថា កំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាកំពុងធ្លាក់ចុះ បើប្រៀបធៀបទៅនឹងការងើបឡើងវិញយ៉ាងខ្លាំងបន្ទាប់ពីជំងឺរាតត្បាត។

សង្រ្គាមឈ្លានពានរបស់ថៃមកលើកម្ពុជា បញ្ហាសេដ្ឋកិច្ច និងភូមិសាស្រ្តនយោបាយពិភពលោក បាននិងកំពុងធ្វើឲ្យសេដ្ឋកិច្ចប្រទេសនានាកាន់តែមានសញ្ញាមិនច្បាស់លាស់។

ការព្យាករណ៍ជាច្រើនបានបង្ហាញថា កំណើនសេដ្ឋកិច្ចកម្ពុជា នឹងថយចុះមកត្រឹមប្រហែល៤.០% ទៅ៥.០% ក្នុងឆ្នាំ២០២៦ ធ្លាក់ចុះពីប្រហែល៦% ក្នុងឆ្នាំ២០២៤ និងចន្លោះពី៥%ក្នុងឆ្នាំ ២០២៥។

មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្យាករថានឹងមានកំណើនប្រហែល៤% ក្នុងឆ្នាំ២០២៦ ដែលជះឥទ្ធិពលដោយការនាំចេញខ្សោយ ការធ្លាក់ចុះនៃវិស័យទេសចរណ៍ និងតម្រូវការក្នុងស្រុកទន់ខ្សោ​​យ។

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក៏បានកាត់បន្ថយការរំពឹងទុកកំណើនមកត្រឹមប្រហែល៥% ក្នុងឆ្នាំ២០២៦ផងដែរ។

ហេតុផលសម្រាប់កំណើនយឺតរួមមាន ទី១ ភាពមិនប្រាកដប្រជាផ្នែកពាណិជ្ជកម្ម និងពន្ធគយដែលប៉ះពាល់ ដល់វិស័យនាំចេញសំខាន់ៗដូចជាសម្លៀកបំពាក់។ ទី២ ភាពតានតឹងតាមព្រំដែនប៉ះពាល់ដល់វិស័យទេសចរណ៍ និងការវិនិយោគ និងទី៣ តម្រូវការក្នុងស្រុក និងលំហូរប្រាក់បញ្ញើខ្សោយ។

អតិផរណា និងស្ថិរភាពតម្លៃ អតិផរណានៅកម្ពុជានៅតែមានកម្រិតមធ្យម និងជាទូទៅត្រូវបានគ្រប់គ្រង ដែលជារឿយៗត្រូវបានព្យាករណ៍ក្នុងខ្ទង់ទាប (ប្រហែល2 ទៅ3%)។

សម្ពាធតម្លៃមានភាពរសើប ចំពោះការប្រែប្រួលតម្លៃម្ហូបអាហារ និងទំនិញសកល។

គោលនយោបាយសារពើពន្ធ និងថវិការដ្ឋាភិបាល ដោយថវិកាជាតិឆ្នាំ២០២៦ បានកើនឡើងចន្លោះពី៧ទៅ៨ភាគរយ ដែលឆ្លុះបញ្ចាំ​ងពីអាទិភាព ចំណាយរបស់រដ្ឋាភិបាលដែលបានពង្រីក។

លើសពីនេះ បំណុលសាធារណៈ នៅតែមានកម្រិតមធ្យមទាក់ទងទៅនឹងផលិតផលក្នុងស្រុកសរុប (ទាបជាងប្រទេសដទៃទៀតក្នុងតំបន់) ដែលផ្តល់កន្លែងសម្រាប់ការវិនិយោគសាធារណៈ ជាបន្តបន្ទាប់។

រដ្ឋាភិបាលកំពុងប្រើប្រាស់ថវិកានេះ ដើម្បីគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធ សេវាសង្គម និងសន្តិសុខ ដោយមានគោលបំណងរក្សាកំណើន និងកាត់បន្ថយភាពក្រីក្រ។

គណនីបច្ចុប្បន្ន និងស្ថានភាពខាងក្រៅ

ជាមួយនឹងហានិភ័យផ្នែកសេដ្ឋកិច្ចនេះ បញ្ហាឱនភាពពាណិជ្ជកម្មរបស់កម្ពុជាកំពុងកើនឡើង ដោយការនាំចូលកើនឡើងលឿនជាងការនាំចេញក្នុងរយៈពេលខ្លះ។

ការព្យាករណ៍មួយចំនួនរំពឹងថា ឱនភាពគណនីបច្ចុប្បន្ននៅឆ្នាំ 2025–26 ខណៈដែលសម្ពាធខាងក្រៅកើនឡើង។ ក្នុងពេលជាមួយគ្នានេះ ទុនបម្រុងបរទេសនៅតែមានសុខភាពល្អ ដែលជួយទប់ស្កាត់ផលប៉ះពាល់ពីខាងក្រៅ៕