គម្រោងបុរីថ្មីមួយត្រៀមបង្ហាញខ្លួននៅតំបន់ជ្រៃធំ ជិតច្រកទ្វារអន្តរជាតិកម្ពុជាវៀតណាម កន្លែងដែលកំពុងមានភាពរីកចម្រើនខ្លាំង

ដោយៈ គង់ សួរិយា

    កណ្តាលៈ ជាតំបន់ដែលកំពុងមានការរីកចម្រើនលឿន ជាមួយនឹងកំណើនប្រជាពលរដ្ឋ និងលំហូរពាណិជ្ជកម្មយ៉ាងរស់រវើក អ្នកអភិវ​ឌ្ឍន៍ដែលជាកូនខ្មែរបាន នឹងកំពុងរៀបចំសាងសង់គម្រោងបុរីថ្មីមួយដែលមានឈ្មោះថា អឹមអិល គ្លូរី ជ្រៃធំ (ML GLORY CHREY THOM)។

គំរោងនេះ បានផ្តោតទៅលើការអភិវឌ្ឍន៍លំនៅដ្ឋានចម្រុះ និងតម្លៃសមរម្យ ស្របតាមស្ថានភាពជីវភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងសេដ្ឋកិច្ចក្នុងតំបន់។

ជាមួយនឹងទស្សនវិស័យច្បាស់លាស់ មានទុនរឹងមាំ គម្រោង អឹមអិល គ្លូរី ជ្រៃធំ ជាគម្រោងថ្មីទី៨របស់ក្រុមហ៊ុន អឹមអិល មង្គល រៀលធី ឯ.ក។

បើទោះបីជាស្ថានភាពទីផ្សារបុរី នៅរាជធានីភ្នំពេញមិនសូវអំណោយផលលើទីផ្សារ ប៉ុន្តែក្រុមហ៊ុនអឹមអិល មង្គល រៀលធី ឯ.ក បានសម្រេចបន្តវិនិយោគទុនជាច្រើនលានដុល្លារ នៅតំបន់ខាងលើ បន្ទាប់ពីសិក្សាពីទីផ្សារ និងលក្ខខណ្ឌក៏ដូចជាភាពអំណោយផលនៃសក្តានុពលតំបន់។

គម្រោងបុរីនេះ នឹងបើកលក់ចាប់ពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦ តទៅ។

គម្រោង អឹមអិល គ្លូរី ជ្រៃធំ ជាគម្រោងអភិវឌ្ឍន៍លំនៅឋានបែបស្ថាបត្យកម្មទំនើបទាន់សម័យដំបូងគេបង្អស់ នៅក្នុងទឹកដីក្រុងសំពៅពូន ខេត្តកណ្តាល ដោយបានឆ្លងកាត់ការសិក្សាពីតម្រូវការរបស់អតិថិជន និងទីផ្សារបច្ចុប្បន្ន និងទៅថ្ងៃអនាគត។

ការអភិវឌ្ឍន៍គម្រោងបុរីនេះ មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ 21A ក្នុងភូមិកំពុងថ្កុល សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្តាល។

ទីតាំងគម្រោង៖ https://maps.app.goo.gl/dKEYtnXxVnSx71247?g_st=ipc

ដោយផ្តោតទៅលើតម្រូវការរបស់អតិថិជន គម្រោងបុរីបានសាងសង់ជម្រើសម៉ូដផ្ទះប្រណីត និងទំនើបទាន់សម័យពីរប្រភេទគឺ អិលវីឡា (L Villa) និង អឹមវីឡា (M Villa)។

លក្ខណៈពិសេសគឺ ទីតាំងមានសក្តានុពលអភិវឌ្ឍន៍ខ្ពស់ ម៉ូដផ្ទះថ្មីស្រឡាងប្រចាំឆ្នាំ២០២៦ ផ្សាភ្ជាប់ការរស់នៅទៅនឹងធម្មជាតិដែលមិនអាចខ្វះបាន និងផ្តល់ជូននូវបទពិសោធន៍រស់នៅថ្មី កាន់តែអស្ចារ្យជាងមុន។ គម្រោង អឹមអិល គ្លូរី ជ្រៃធំ មានអាជ្ញាប័ណ្ណសាងសង់ដែលធានាជូននូវលក្ខណៈបច្ចេកទេស គុណភាព និងសោភណ្ឌភាព ជាមួ​យហេដ្ឋារចនាសម្ព័ន្ធសម្បូរបែប ផ្លូវថ្នល់ខ្វាត់ខ្វែងធំទូលាយ ដើមឈើ សួនរុក្ខជាតិបៃតងស្រស់បំព្រង កន្លែងក្មេងលេងកម្សាន្ត អមដោយទេសភាពដ៏ស្រស់ត្រកាលនៃដងទន្លេបាសាក់ និងក្លឹបហាត់ប្រាណ ដែលធ្វើឲ្យការរស់នៅកាន់តែមានផាសុកភាព ភាពសុខដុមរមនា និងស្របទៅតាមបរិបទនៃការរស់នៅបែបសហសម័យ។

ក្រុមហ៊ុន អឹមអិល មង្គល រៀលធី ឯ.ក / ML Mongkul Realty Co., Ltd. ជាក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិត ដែលបានចុះបញ្ជីពាណិជ្ជកម្ម ក្នុងឆ្នាំ២០១៨។

អតិថិជនអាចទទួលយកព័ត៌មានផ្សេងៗ និងទំនាក់ទំនងតាមរយៈបណ្តាញសង្គមដូចជា៖

–  Website៖ http://MLmongkulRealty.com

–  Facebook៖ https://www.facebook.com/mlmongkulrealty

–  Telegram៖ https://t.me/mlmongkulrealty

–  TikTok៖ https://www.tiktok.com/@ml_mongkul_realty

មិនត្រឹមតែផ្តោតលើការអភិវឌ្ឍន៍គម្រោងបុរី ក្រុមហ៊ុន អឹមអិល មង្គល រៀលធី ឯ.ក បាននឹងកំពុងចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីអភិវឌ្ឍន៍លំនៅដ្ឋានដែលមានតម្លៃសមរម្យ និងមានគុណភាពរឹងមាំគង់វង្សយូរអង្វែងជូនដល់ប្រជាពលរដ្ឋ ក្នុងន័យចូលរួមគាំទ្រគោលនយោបាយអភិវឌ្ឍន៍លំនៅឋានរបស់រាជរដ្ឋាភិបាល។

ក្រុមហ៊ុន អឹមអិល មង្គល រៀលធី ឯ.ក មានការិយាល័យកណ្តាលរបស់ខ្លួន ស្ថិតលើផ្លូវ១១៥ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល និងមានគម្រោងបុរីធំៗចំនួន៨ ដូចជា៖

១. គម្រោង អឹមអិល វិមាន មង្គល ដែលស្ថិតនៅក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ ផ្តល់ជូនជាប្រភេទផ្ទះវីឡាកូនកាត់ និងលីងហៅស៍។ ២. គម្រោង ដឹ អឹមអិល ផាក ដែលស្ថិតនៅក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល ផ្តល់ជូនជាប្រភេទផ្ទះល្វែងកូនកាត់ និងដីឡូត៍។

៣. គម្រោង ដឹ អឹមអិល វីឡា ដែលស្ថិតនៅក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ ផ្តល់ជូនជាប្រភេទផ្ទះ វីឡាព្រីនស៍ វីឡាទោល វីឡាភ្លោះ និងផ្ទះអាជីវកម្ម។ ៤. គម្រោង អឹមអិល ធារ៉ា ដែលស្ថិតនៅក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល ផ្តល់ជូនជាប្រភេទផ្ទះ វីឡាឃ្វីន វីឡាព្រីនស៍ A វីឡាព្រីនស៍ B វីឡាទោល ហ្សបហៅស៍ និងលីងហៅស៍។

៥. គម្រោង អឹមអិល ហ្រ្គីន លែន ដែលស្ថិតនៅក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ ផ្តល់ជូនជាប្រភេទផ្ទះ វីឡាព្រីនស៍ A អិចអិលវីឡា អិលវីឡា វីឡារីលែក វីឡាទោល និងផ្ទះអាជីវកម្ម។ ៦. គម្រោង អឹមអិល ក្រុងព្រះសីហនុ ដែលស្ថិតនៅក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ផ្តល់ជូនជាប្រភេទផ្ទះ អិលវីឡា អឹមវីឡា និងហ្សបហៅស៍។

៧. គម្រោង អឹមអិល ស៊ីននឺរី ដែលស្ថិតនៅក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ ផ្តល់ជូនជាប្រភេទផ្ទះ ហ្រ្គេន អិចអិលវីឡា អិចអិលវីឡា ហ្រ្គេន អិលវីឡា ហ្រ្គេន អឹមវីឡា និងហ្សបហៅស៍។ ៨. គម្រោង អឹមអិល គ្លូរី ជ្រៃធំ ដែលស្ថិតនៅក្នុងក្រុងសំពៅពូន ខេត្តកណ្តាល ផ្តល់ជូនជាប្រភេទផ្ទះ អិលវីឡា និងអឹមវីឡា៕

 

រដ្ឋាភិបាលនឹងពង្រីកស្ថានីយ៍បញ្ចូលថាមពលយានយន្តគ្របដណ្តប់ ទូទាំងប្រទេស

ដោយៈ ម៉ាលីនណា

    ភ្នំពេញៈ កម្ពុជាបាន និងកំពុងជំរុញបង្កើតស្ថានីយ៍បញ្ចូលថាមព​លសម្រាប់យានយន្តអគ្គិសនី ឱ្យគ្របបណ្តប់នៅទូទាំងប្រទេស សម្រា​ប់បម្រើ ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងការធ្វើអាជីវកម្ម ជាពិសេសសហគ្រាសដឹកជញ្ជូន តាមរយៈនៃការកាត់បន្ថយនូវការចំណា​យខ្ពស់ និងការចូលរួមលើកកម្ពស់ថាមពលស្អាត។

ការលើកឡើងបែបនេះរបស់ លោក កែវ រតនៈ បានធ្វើឡើងនៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ ក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការនូវស្ថានីបញ្ចូលថាមពលរបស់ ក្រុមហ៊ុន ហ្សូ ម៉ូធ័រ ខេមបូឌា។

លោក កែវ រតនៈ បានថ្លែងថា ការដាក់ឱ្យដំណើរសាកល្បង ស្ថានីយ៍បញ្ចូលថាមពលដ៏ធំមួយ នៅរាជធានីភ្នំពេញ គឺជាការឈានទៅអនុវត្ដគោលនយោបាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដើម្បីធ្វើយ៉ាងណាយកផលប្រយោជន៍ បានមកពីការកែទម្រង់របស់វិស័យអគ្គិសនី ហើយយកមកចែកផលឱ្យដល់សេដ្ឋកិច្ច និងសង្គម ពី​ព្រោះ​ក្នុងរយៈពេលជាច្រើនឆ្នាំចុងក្រោយនេះ តាំងពីសម្តេចតេជោ ហ៊ុន សែន ដែលបានកសាងមូលដ្ឋានគ្រឹះឱ្យប្រទេសកម្ពុជា ដែលធ្វើឱ្យប្រទេសកម្ពុជា មានស្ថិរភាពក្នុងការផ្គត់ផ្គង់ថាមពលអគ្គិសនី ជាពិសេ​​សអគ្គិសនីដើរដោយថាមពលស្អាត។

លោក កែវ រតនៈ
លោក កែវ រតនៈ

លោករដ្ឋមន្ត្រី បានថ្លែងបន្ដថា ឥឡូវនេះ សម្តេចបវរធិបតី បានបន្ដការកែទម្រង់នេះ ក្នុងល្បឿនមួយដែលលឿនបន្ថែមទៀត ដែលធ្វើឱ្យប្រទេសកម្ពុជា នៅឆ្នាំ២០២៥ មានថាមពលស្អាតប្រមាណ៦៣% នៃថាមពលសរុបនៅក្នុងបណ្ដាញជាតិ មានន័យថា លើសលប់នៅក្នុងបណ្តាញជាតិ គឺប្រើថាមពលស្អាត ដូច្នេះនេះមិនមែនតែជាជោគជ័យក្នុងវិស័យអគ្គិសនីទេ ប៉ុន្តែយើងយកផលប្រយោជន៍នេះមកជំរុញឲ្យវិស័យដទៃទៀត។

លោករដ្ឋមន្ត្រីបានបញ្ជាក់ថា “ថ្ងៃនេះជាក់ស្ដែងការយកផលនូវការកែទម្រង់វិស័យអគ្គិសនី មកចែកផលឲ្យវិស័យដឹកជញ្ជូន មានន័យថា ការប្រើប្រាស់ថាមពលស្អាត មិនត្រឹមតែជួយកាត់បន្ថយនូវការបំភាយឧស្ម័នទៅបរិយាកាសនោះទេ”។ លោកបន្ថែមថា “ការប្រើប្រាស់រថយន្តអគ្គិសនី នឹងជួយកាត់បន្ថយចំណាយក្នុងការធ្វើអាជីវកម្ម ចំពោះក្រុមហ៊ុនសហគ្រាស ដែលធ្វើការដឹកជញ្ជូន ធ្វើភស្តុភារកម្ម គឺជាឱកាសក្នុងការទម្លាក់ថ្លៃ ដើម្បីសន្សំសំចៃនៅក្នុងអាជីវកម្មរបស់ខ្លួន ចំពោះ​បងប្អូនប្រជាពលរដ្ឋជាលក្ខណៈគ្រួសារ ពេលដែលប្រើប្រាស់រថយន្តអគ្គិសនី មិនត្រឹមតែចូលរួមចំណែក ក្នុងការបង្កើតឲ្យបរិស្ថានរបស់យើងកាន់តែស្អាត ដោយសារគ្មានការបំភាយឧស្ម័ននោះទេ ប៉ុន្តែគឺជាការសន្សំសំចៃ ក្នុងការចំណេញដល់ថវិការបស់ខ្លួន ដោយយកថវិកានេះទៅជួយកូនចៅរៀនសូត្រ ឬមួយក៏ធ្វើការវិនិយោគផ្សេងៗ។

ជាមួយគ្នានេះ លោកបណ្ឌិតអ៊ឹម សុធារិទ្ធ នាយកប្រតិបត្តិ ហ្សូ ម៉ូធ័រ ខេមបូឌា បានឱ្យដឹងថា ដោយមានការគាំទ្រពីរាជរដ្ឋាភិបាល និងការជួយជ្រោមជ្រែងក្រសួងរ៉ែ និងថាមពល និងស្ថាប័នពាក់ព័ន្ធ បានធ្វើឱ្យ ហ្សូ ម៉ូធ័រ ខេមបូឌា បានអភិវឌ្ឍស្ថានីយ៍បញ្ចូលថាមពលគ្រប់ទីកន្លែងនៅកម្ពុជា ក្នុងនោះសម្រាប់ជាផែនការ នឹងជំរុញពង្រាយស្ថានីយ៍បញ្ចូលថាមពល ល្បឿនលឿនឱ្យបានចំនួន៣០០ ទីតាំង នៅទូទាំងប្រទេស ក្នុងនោះនៅឆ្នាំ២០២៥ បានបង្កើតស្ថានីយ៍បញ្ចូលថាមពល មានចំនួន៣០ទីតាំង ចំណែកនៅក្នុងឆ្នាំ២០២៦នេះ គ្រោងសាងសង់ចំនួន២០០ ទីតាំង និងនៅក្នុងឆ្នាំ២០២៧ ត្រូវបានគ្រោងប្រមាណ៧០ ទីតាំងបន្ថែមទៀត ដើម្បីចូលរួមបង្កើតនូវ ហេដ្ឋារចនាសម្ព័ន្ធស្ថានីយ៍បញ្ចូលថាមពលឱ្យកាន់តែទូលាយ នៅក្នុងប្រទេសកម្ពុជា។

ហេដ្ឋរចនាសម្ព័ន្ធស្ថានីយបញ្ចូល ថាមពលដ៏ទូលំទូលាយ នឹងផ្តល់ប្រយោជន៍ជាច្រើនដូចជា ទី១៖ ផ្តល់ទំនុកចិត្តកាន់តែខ្លាំងឡើងដល់អ្នកកំពុងប្រើប្រាស់ និងអ្នកមានបំណងប្រើប្រាស់យានយន្តអគ្គិសនី
ទី២ ជួយសម្រួលដល់អាជីវកម្មលក់ និងចែកចាយយានយន្តអគ្គិសនី ឲ្យកាន់តែមានចីរភាព ទី៣ ជួយប្រើប្រាស់ថាមពលអគ្គិសនីដែលផលិតក្នុងស្រុក ទី៤ កាត់បន្ថយលំហូសាច់ប្រាក់ចេញក្រៅប្រទេស ដើម្បីទិញឥន្ធនៈពីបរទេស។

ទី៥ ជួយប្រជាពលរដ្ឋសន្សំសំចៃថវិកា ដោយប្តូរមកប្រើយានយន្តអគ្គិសនី ទី៦ លើកកម្ពស់ថាមពលស្អាត តាមរយៈការកាត់បន្ថយការបំភាយឧស្ម័នកខ្វក់ទៅលើអាកាស ទី៧ ជួយធ្វើឲ្យប្រសើរដល់សុខភាពសាធារណៈ តាមរយៈការបន្ថយជាតិពុលក្នុងបរិយាកាស និងទី៨ ធ្វើឲ្យទំនិញចុះថោក តាមរយៈតម្លៃដឹកជញ្ជូនទាបជាងមុន៕

រដ្ឋមន្ដ្រី ហួត ហាក់៖ វិស័យទេសចរណ៍កម្ពុជារក្សាបានភាពធន់ និងការប្រកួតប្រជែង

(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ របស់ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (ក.ផ.ផ.) និងលើកទិសដៅការងារបន្តឆ្នាំ២០២៦។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី សមាជិក ក.ផ.ផ. ដែលមានលោក លោកស្រី មកពីក្រសួង ស្ថាប័នរដ្ឋ និង លោកឧកញ៉ា ឧកញ៉ា លោក លោកស្រី ដែលមកពីផ្នែកឯកជន ព្រមទាំងអង្គភាពប្រតិបត្តិរបស់ ក.ផ.ផ. សរុបប្រមាណ ៣០រូប។ សូមបញ្ជាក់ថា នេះជាកិច្ចប្រជុំលើកទី៨ របស់ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា ដែលរៀបចំឡើងក្នុងគោលបំណង ១៖ ពិនិត្យលើវឌ្ឍនភាពការងារសម្រេចបានក្នុងឆ្នាំ២០២៥,២៖ ការវាយតម្លៃអំពី ចំណុចខ្លាំង, ចំណុចខ្វះខាត, បញ្ហាប្រឈម និងសំណូមពរ, និង៣៖ កំណត់ទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២៦។

អង្គប្រជុំបានកត់សម្គាល់ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារដែលសម្រេចបាននាពេលកន្លង គឺពិតណាស់កើតចេញពីការតម្រង់ទិសជាប់ជាប្រចាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងស្របតាមអភិក្រមជវភាពនៃប្រព័ន្ធតួអង្គតែមួយ, សសរស្តម្ភយុទ្ធសាស្ត្រទាំង៦របស់វិស័យទេសចរណ៍ បានខិតខំប្រឹងប្រែងបំពេញការងារទៅតាមជំនាញសមត្ថកិច្ចរៀងៗខ្លួន ក្នុងស្មារតីបុរេសកម្ម, សកម្ម និងអន្តរសកម្ម ដើម្បីរក្សាភាពធន់នៃវិស័យទេសចរណ៍កម្ពុជាទប់ទល់នឹងវិបត្តិដែលបាននិងកំពុងប្រឈម។

លោក ហួត ហាក់ ប្រធានក្រុមប្រឹក្សាភិបាល បានគូសបញ្ជាក់ថា នៅក្នុងបរិការណ៍និងអរិភាពដែលកើតមានឡើងនាពេលបច្ចុប្បន្ន ជាមួយនឹងស្ថានភាពកាន់តែប្រែប្រួលរហ័សជាងការរំពឹងទុក មានដូចជា ទស្សនវិស័យសេដ្ឋកិច្ចសកលនៅតែបន្តត្រូវបានហ៊ុមព័ទ្ធដោយហានិភ័យ, ភូមិសាស្ត្រនយោបាយនៅបន្តស្ថានភាពតាងតឹង, ការឈ្លានពានពីសំណាក់យោធាថៃមកលើដែនអធិបតេយ្យភាពកម្ពុជា គឺជាកាលៈទេសៈដ៏លំបាកដែលទាមទារឱ្យមានការចូលរួមពីគ្រប់ផ្នែក គ្រប់ថ្នាក់ ក្នុងស្មារតីសាមគ្គីភាពរួបរួមឯកភាពជាធ្លុងមួយក្រោមដំបូលរបស់រាជរដ្ឋាភិបាល ដើម្បីពង្រឹងសមត្ថភាពបន្ថែមទៀត, ពង្រឹងភាពធន់បន្ថែមទៀត និង ពង្រឹងភាពម្ចាស់ការបន្ថែមទៀត។

ក្នុងន័យនេះ, ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា បានដាក់ចេញនូវផែនការយុទ្ធសាស្ត្រ វិធានការគន្លឹះ ទិសដៅការងារបន្ត និងសកម្មភាពអនុវត្តជាក់ស្តែងសម្រាប់ឆ្នាំ២០២៦ សំដៅម៉្យាង បន្តរក្សាឱ្យបាននូវភាពធន់នៃវិស័យទេសចរណ៍កម្ពុជា, និង ម៉្យាងទៀតបន្តជំរុញសន្ទុះវិស័យទេសចរណ៍ ដើម្បីរក្សានូវភាពប្រកួតប្រជែងខ្ពស់ក្នុងតំបន់ ប្រកបដោយភាពជឿជាក់ ច្នៃប្រឌិត បត់បែនឱ្យទាន់សភាពការណ៍ និងមានភាពប្រយ័ត្នប្រយែងខ្ពស់៕

គម្រោងសួនច្បារដ៏ស្រស់ស្អាតមួយនឹងលេចឡើងនៅតាមបណ្ដោយដងស្ទឹងព្រែកត្នោតក្រុងតាខ្មៅ

ដោយ៖ សហាការី

កណ្ដាល៖ សួនច្បារស្ទឹងព្រែកត្នោត បែបស៊ីវីល័យ ស្រស់ស្អាត និង ទាន់សម័យ នៅប៉ែកខាងត្បូងស្ទឹង ក្រុងតាខ្មៅ ខេត្តកណ្តាល ត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវការ។គម្រោងស្ថាបនាកែលម្អច្រាំងស្ទឹងព្រែកត្នោតនេះ មានប្រវែងសួនសាធារណៈ ៥៩០ម៉ែត្រ និង គ្រឿងបង្គំថ្មីប្រវែង ៤៥០ម៉ែត្រ គ្រោងនឹងបញ្ចប់ការសាងសង់ ១០០% នៅចុងឆ្នាំ២០២៦។

យោងតាមរបាយការណ៍ពីអាជ្ញាធរខេត្តកណ្តាល បានគូសបញ្ជាក់ថា គម្រោងស្ថាបនាកែលម្អច្រាំងស្ទឹងព្រែកត្នោតប៉ែកខាងត្បូងស្ទឹង ក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល មានប្រវែងសួនសាធារណៈ ៥៩០ម៉ែត្រ និង គ្រឿងបង្គំថ្មីប្រវែង ៤៥០ម៉ែត្រ។រៀបចំចំនួន ៣ ថ្នាក់ ដោយថ្នាក់ទី១មានផ្លូវថ្មើរជើងដើរកំសាន្តក្នុងសួន ផ្លូវជិះកង់ និងរត់ហាត់ប្រាណ សួនបៃតង់ សួនកំសាន្តកុមារ កន្លែងហាត់ប្រាណសំរាប់មនុស្សចាស់ កន្លែងអង្គុយលំហែតាមសួន អាហារដ្ឋាន (Food Court) អំពូលភ្លើងបំភ្លឺផ្លូវ និង បំភ្លឺតាមសួនចំណតរថយន្តក្រុង ចំណតរថយន្ត និង ចំណតម៉ូត។

ចំណែកឯថ្នាក់ទី២ មានជម្រាលសម្រាប់ជនពិការ ផ្លូវដើរកំសាន្តថ្មើរជើង អគារហាងកាហ្វេ រួមជាមួយបន្ទប់ទឹកសាធារណៈ សួនស្មៅ និង រុក្ខជាតិតូចៗ ជណ្តើរ រង្គសាលសម្រាប់អង្គុយលេង ឆ័ត្រដែក ដែលមានទម្រង់ដូចផ្សិត និង មានកន្លែងអង្គុយជ្រកពីក្រោម មានអំពូលភ្លើងបំភ្លឺតាមសួន។

រីឯថ្នាក់ទី៣ មានរៀបចំជា ជម្រាលសម្រាប់មនុស្សចាស់ និង ជនពិការ ផ្លូវដើរកំសាន្តថ្មើរជើង សួនរុក្ខជាតិតូចៗ រួមជាមួយកន្លែងអង្គុយលំហែមាត់ទឹក ជាមួយ បង្កាន់ដៃបេតុង និង ដែក ហើយមានបំពាក់អំពូលភ្លើងសូឡាបំភ្លឺតាមបង្កាន់ដៃច្រាំងស្ទឹង៕

អគារការិយាល័យចាស់ៗនៅម៉ាឡេសុីប្រឈមការប្រកួតប្រជែងកាន់តែខ្លាំង ខណៈការផ្គត់ផ្គង់ថ្មីកើនឡើង

ដោយ: សហសេវិក
អន្តរជាតិ: អគារការិយាល័យចាស់ៗនៅតំបន់ Klang Valley របស់ម៉ាឡេសុីកំពុងប្រឈមមុខនឹងការជួសជុលឡើងវិញ ឬការប្រើប្រាស់ក្នុងគោលបំណងផ្សេង ខណៈស្ថានភាពទីផ្សារការិយាល័យជារួមមិនទាន់មានភាពរឹងមាំនៅឆ្នាំ២០២៦នេះ។

យោងតាមក្រុមហ៊ុនប្រឹក្សាយោបល់អចលនទ្រព្យ CBRE បានអះអាងថា អត្រាគ្របដណ្តប់ការជួលការិយាល័យជាមធ្យមនៅតំបន់ខាងលើស្ថិតក្នុងរង្វង់៧៩,២ភាគរយនៅឆ្នាំ២០២៥ ដែលឆ្លុះបញ្ចាំងពីការថយចុះនៃតម្រូវការ។

តម្រូវការការិយាល័យចាស់ៗនៅតែបន្តធ្លាក់ចុះ ដោយសារអ្នកជួលចូលចិត្តអគារលំដាប់ខ្ពស់ថ្មីទំនើបៗ និងអាចសន្សំសំចៃការប្រើប្រាស់ថាមពល និងស្ថិតនៅក្នុងទីតាំងដែលមានការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធល្អប្រសើរ។

ទោះបីជាតម្លៃជួលការិយាល័យលំដាប់ខ្ពស់បានកើនឡើងប្រហែល៤ភាគរយយ៉ាងណាក្តី ក៏ប៉ុន្តែអគារចាស់ៗនៅតែបន្តស្ថិតនៅក្រោមសម្ពាធ។

លោកស្រី Mary Kurien នាយិកាផ្នែកស្រាវជ្រាវ និងប្រឹក្សាយោបលនៅក្រុមហ៊ុន CBRE Malaysia បានលើកឡើងថា ជាលទ្ធផល អគារការិយាល័យចាស់ៗអាចនឹងត្រូវបានប្រើប្រាស់ក្នុងគោលបំណងផ្សេង ដូចជាការបំលែងការិយាល័យទៅជាសណ្ឋាគារ។

ខណៈទំហំការិយាល័យថ្មីជាង៥លានហ្វីតការ៉េ រំពឹងថា នឹងបញ្ចប់ការសាងសង់នៅឆ្នាំ២០២៦ ក្រុមហ៊ុន CBRE វាយតម្លៃថា ការប្រកួតប្រជែងនឹងកើនឡើងកាន់តែខ្លាំងឡើង និងធ្វើឱ្យស្តុកការិយាល័យចាស់ៗពិបាកប្រកួតប្រជែង។

ជាក់ស្តែង អគារ Wisma KFC ត្រូវបានបំលែងទៅជាសណ្ឋាគារ Hyatt Centric Kuala Lumpur ខណៈអគារ Wisma Lirava ត្រូវបានបំលែងទៅជាសណ្ឋាគារប៊ូទិក Else Kuala Lumpur៕ប្រភព: Edgeprop៕

តម្រូវការការិយាល័យនៅសង្កាត់ Manhattan ដ៏ល្បីល្បាញនៅទីក្រុងញូវយ៉កបានហក់ឡើងយ៉ាងគំហុក

ដោយ: សហសេវិក
អន្តរជាតិ: ការជួលការិយាល័យនៅសង្កាត់ Manhattan ក្នុងទីក្រុងញូវយ៉ករបស់សហរដ្ឋអាមេរិកបានកើនឡើងគួរឱ្យកត់សម្គាល់នៅត្រីមាសទី៤ ឆ្នាំ២០២៥ ដែលជំរុញដោយការវិលត្រឡប់មកកាន់ការិយាល័យវិញជាបន្តបន្ទាប់ និងការកើនឡើងនៃការជួលដោយបណ្តាក្រុមហ៊ុនបច្ចេកវិទ្យា។

ក្រុមហ៊ុនប្រឹក្សាយោបល់អចលនទ្រព្យ Colliers បានអះអាងថា តួលេខនៅត្រីមាសទី៤ ជាកម្រិតខ្ពស់បំផុតគិតចាប់តាំងពីត្រីមាសទី៤ នៃឆ្នាំ២០១៩។នេះបើយោងតាមការចុះផ្សាយដោយកាសែត CNBC។

យោងតាមក្រុមហ៊ុន Colliers បានឱ្យដឹងថា ការជួលការិយាល័យបានហក់ឡើងជាង២៥ភាគរយធៀបនឹងត្រីមាសទី៣ ដល់ចំនួន១១,៨៧លានហ្វីតការ៉េនៅត្រីមាសទី៤ ឆ្នាំ២០២៥។ តម្រូវការការិយាល័យបានកើនឡើង១៦ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។

លោក Frank Wallach អ្នកជំនាញមកពីក្រុមហ៊ុន Colliers បានលើកឡើងថា ស្ថានភាពទីផ្សារការិយាល័យនៅសង្កាត់ Manhattan បាននិងកំពុងងើបឡើងវិញចាប់តាំងពីឆ្នាំ២០២៤។

តម្រូវការបានកើនឡើង ខណៈក្រុមហ៊ុននានាបានងាកទៅជួលការិយាល័យដែលមានគុណភាពខ្ពស់ដើម្បីទាក់ទាញបុគ្គលិកដែលមានទេពកោសល្យ ការវិលត្រឡប់ទៅការិយាល័យវិញ ការពង្រីកអាជីវកម្មទ្រង់ទ្រាយធំដោយក្រុមហ៊ុននានាដូចជា ក្រុមហ៊ុន Amazon ក្រុមហ៊ុន NYU និងក្រុមហ៊ុន BlackRock។

ជាមួយគ្នានេះ បណ្តាក្រុមហ៊ុនបច្ចេកវិទ្យា ជាពិសេសបច្ចេកវិទ្យា AI ក្រុមហ៊ុនហិរញ្ញវត្ថុ ច្បាប់ ការអប់រំ អង្គការមិនស្វែងរកប្រាក់ចំណេញផ្នែកថែទាំសុខភាព និងភ្នាក់ងាររដ្ឋាភិបាល ក៏បានរួមចំណែកជំរុញតម្រូវការជួលការិយាល័យក្នុងសង្កាត់ខាងលើផងដែរ៕ប្រភព: CNBC៕

រមណីយដ្ឋានប្រណីតៗលេចត្រដែតឡើងនៅប្រទេសវៀតណាម ជាមួយតម្លៃស្នាក់នៅចំនួន២៥.០០០ដុល្លារក្នុងមួយយប់

ដោយ: សហសេវិក
អន្តរជាតិ: ទីផ្សារអចលនទ្រព្យនៅប្រទេសវៀតណាមបានឈានចូលដល់ផ្នែកអចលនទ្រព្យប្រណីតកម្រិតកំពូលដោយមានភូមិគ្រឹះធំៗ ត្រូវបានជួលក្នុងតម្លៃ២៥.០០០ដុល្លារអាមេរិកក្នុងមួយយប់។

រមណីយដ្ឋាន Amanoi ក្នុងឈូងសមុទ្រ Vinh Hy ក្នុងខេត្ត Khanh Hoa ភាគកណ្តាលនៃប្រទេសវៀតណាម បានទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំង ខណៈការជួលវីឡាដែលមានបន្ទប់គេង៣ និងមានទំហំ៩២៥ម៉ែត្រការ៉េ មានតម្លៃ១៥.០០០ដុល្លារក្នុងមួយយប់។

ភ្ញៀវត្រូវកក់ការស្នាក់នៅយ៉ាងហោចណាស់៣យប់។ លំនៅឋានឯកជននេះ រួមមានអាងហែលទឹកចំនួនពីរ ស្ប៉ា បន្ទប់ទទួលភ្ញៀវ បន្ទប់បរិភោគអាហារ ឆ្នេរឯកជន និងអ្នកបម្រើចំនួន២នាក់ ដែលមានវត្តមាន២៤ម៉ោង។

ជាមួយគ្នានេះ រមណីយដ្ឋាន Vias Resort Van Phong Peninsula ក្នុងខេត្ត Khanh Hoa បានបើកដំណើរការរមណីយដ្ឋានកោះឯកជនលំដាប់ផ្កាយ៥ ដោយផ្តោតលើការទាក់ទាញក្រុមអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភ។

ការជួលលំនៅឋាននៅរមណីយដ្ឋានខាងលើមានតម្លៃចាប់ពី១០.០០០ដុល្លារក្នុងមួយយប់ រហូតដល់២៥.០០០ដុល្លារក្នុងមួយយប់។នេះបើយោងតាមការដកស្រង់ចុះផ្សាយដោយកាសែត Vnexpress។

លំហូរភ្ញៀវទេសចរអន្តរជាតិជាកត្តាជំរុញដ៏សំខាន់មួយ។ ក្នុងរយៈពេល១១ខែដំបូងនៃឆ្នាំ២០២៥ ចំនួនភ្ញៀវទេសចរអន្តរជាតិមកកាន់ប្រទេសវៀតណាមបានកើនឡើងដល់កំណត់ត្រា១៩,១៥លាននាក់ ហើយពិធីមង្គលការរបស់មហាសេដ្ឋីជាច្រើនក៏ត្រូវបានធ្វើឡើងនៅតាមរមណីយដ្ឋាននានាក្នុងប្រទេសវៀតណាមផងដែរ៕ប្រភព: Vnexpress៕

ក្រសួងសាធារណការ និងអ្នកជំនាញជប៉ុនពិភាក្សាប្រែក្លាយកំពង់ផែក្រុងព្រះសីហនុ ទៅជាកំពង់ផែ និងមជ្ឈមណ្ឌលឡូជីស្ទីកថ្នាក់តំបន់

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជូនបានបើកកិច្ចប្រជុំដំបូង ជាមួយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសជប៉ុន លើការរៀបចំគម្រោងអភិវឌ្ឍន៍ផែនការមេ ដើម្បីប្រែក្លាយកំពង់ផែក្រុងព្រះសីហនុ ទៅជាកំពង់ផែ និងមជ្ឈមណ្ឌលឡូជីស្ទីកថ្នាក់តំបន់។

ព័ត៌មាននេះត្រូវបានលើកឡើងកាលពីថ្ងៃទី៦ មករា ឆ្នាំ២០២៦ ក្នុងកិច្ចប្រជុំមួយ ក្រោមអធិបតីភាពលោកជំទាវ កុយ សុដានី រដ្ឋលេខាធិការប្រចាំការ ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានធ្វើតាមរយៈវីដេអូពីចម្ងាយ លើការរៀបចំគម្រោងអភិវឌ្ឍន៍ផែនការមេ ដើម្បីប្រែក្លាយកំពង់ផែក្រុងព្រះសីហនុ ទៅជាកំពង់ផែ និងមជ្ឈមណ្ឌ​លឡូជីស្ទីកថ្នាក់តំបន់ ជាមួយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសជប៉ុន និងក្រុមជំនាញការទីភ្នាក់ងារ សហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA)​ដឹកនាំដោយលោកស្រី មីអ៊ូរ៉ា យូស៊ីកូ តំណាងជាន់ខ្ពស់ នៃទីភ្នាក់ងារ JICA ប្រចាំកម្ពុជា ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង តំណាងកំពង់ផែស្វយ័តក្រុងព្រះសីហនុ តំណាងស្ថានទូតជប៉ុនប្រចាំកម្ពុជា និងមន្ត្រីជំនាញបច្ចេកទេសពាក់ព័ន្ធជាច្រើនរូប។

លោកជំទាវ កុយ សុដានី រដ្ឋលេខាធិការប្រចាំការ ក្រសួងសាធារណការ និងដឹកជញ្ជូន
លោកជំទាវ កុយ សុដានី រដ្ឋលេខាធិការប្រចាំការ ក្រសួងសាធារណការ និងដឹកជញ្ជូន

កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណង ដើម្បីណែនាំសមាសភាពក្រុមការងារគម្រោងរវាងភាគីកម្ពុជា និងភាគីជប៉ុន ក្រុមជំនាញការនៃក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសជប៉ុន និងធ្វើបទបង្ហាញអំពីផែនការការងារសិក្សាផែនការលម្អិត លើការរៀបចំអនុវត្តគម្រោងអភិវឌ្ឍន៍ផែនការមេ ដើម្បីប្រែក្លាយកំពង់ផែក្រុងព្រះសីហនុ ទៅជាកំពង់ផែ និងមជ្ឈមណ្ឌលឡូជីស្ទីកថ្នាក់តំបន់។

លោកជំទាវរដ្ឋលេខាធិការប្រចាំការ ក៏បានថ្លែងអំណរគុណចំពោះសមាជិកអង្គប្រជុំ និងភាគីជប៉ុន ដែលបានធ្វើបង្ហាញពីការរៀបចំផែនការការងារគម្រោង ដើម្បីប្រមូលនូវធាតុចូលបន្ថែម និងការចូលរួមសហការគ្នាយ៉ាងយកចិត្តទុកដាក់ និងបន្តកិច្ចសហការគ្នាបន្ថែមទៀត ធ្វើយ៉ាងណាជំរុញឱ្យការសិក្សាផែនការលម្អិត របស់គម្រោងនេះ មានភាពច្បាស់លាស់ គ្រប់ជ្រុងជ្រោយ និងត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស សំដៅឱ្យការសិក្សាទទួលបានលទ្ធផលផ្លែផ្កា ស្របតាមផែនការដែលបានគ្រោងទុក។

តាមការគ្រោងទុក ក្រុមជំនាញការនៃក្រុមហ៊ុនទីប្រឹក្សាបច្ចេក​ទេសជប៉ុនខាងលើ នឹងចាប់ផ្តើមបំពេញបេសកកម្មអនុវត្តការងាររបស់ខ្លួននៅកម្ពុជា ចាប់ពីសប្តាហ៍ទី២ ខែមករា ខាងមុខ ហើយកិច្ចប្រជុំលើកទី១ នៃគណៈកម្មាធិការសម្របសម្រួលរួម  (1st JCC Meeting) នៃគម្រោងអភិវឌ្ឍន៍ផែនការមេ ដើម្បីប្រែក្លាយកំពង់ផែក្រុងព្រះសីហនុទៅជាកំពង់ផែ និងមជ្ឈមណ្ឌលឡូជីស្ទីកថ្នាក់តំបន់នេះ នឹងត្រូវរៀបចំឡើង ក្រោមអធិបតីភាពរបស់លោកប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នាពេលខាងមុននេះ៕

 

ដំណឹងល្អៈ គម្រោងស្ថាបនាស្ពានឆ្លងទន្លេបាសាក់ចាក់អង្រែក្រោម-ព្រែកប្រា សម្រេចបាន៥៤,២០ភាគរយហើយ

ដោយៈ ម៉ាលីនណា

    ភ្នំពេញៈ ក្រសួងសាធារណការ និងដឹកជញ្ជូនបានឲ្យដឹងថា គិតត្រឹមដើមខែមករា ឆ្នាំ២០២៦នេះ គម្រោងស្ថាបនាស្ពានឆ្លងទន្លេបាសាក់ចាក់អង្រែក្រោម-ព្រែកប្រា សម្រេចបាន៥៤,២០%ហើយ។

ព័ត៌មាននេះត្រូវបានបង្ហើបឲ្យដឹង ដោយលោកសួង ហេង រដ្ឋលេខាធិការ និងជានាយកគម្រោង ចុះពិនិត្យតាមដានការអនុវត្តគម្រោង ដែលគិតត្រឹមដើមខែមករា ឆ្នាំ២០២៦នេះ សម្រេចបាន ៥៤,២០% ហើយ បន្ទាប់ពីសម្ពោធបើកការដ្ឋានសាងសង់ នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

វឌ្ឍនភាពគម្រោងគិតត្រឹមដំណាច់ខែធ្នូ ឆ្នាំ២០២៥ សម្រេចបាន ៥៤,២០ % លឿនជាងផែនការ ៣,៤៥% ក្នុងនោះ ៖ ១/ ផ្នែកគ្រឹះស្ពាន សម្រេច  ១០០%។ ២/ រចនា សម្ព័ន្ធ ក្រោមស្ពានសម្រេចបាន៨៩% (ជញ្ជាំងក្បាលស្ពាន ចំនួន៤ សម្រេចបាន២ក្បាលសសរស្ពានចំនួន៤ សម្រេចបាន២។ តួសសរស្ពាន១២បានសាងសង់រួចរាល់   សសរស្ពាន៥២ បានសាងសង់រួចរាល់   និងធ្នឹមភ្ជាប់ក្បាលសសរទទឹងស្ពាន ចំនួន៣៤ សម្រេចបាន៣០ ធ្នឹម )។

៣/ រចនាសម្ព័ន្ធលើស្ពាន  សម្រេចបាន២៩% ( ធ្នឹមT តម្លើង ១៨០ ដើម សម្រេចបាន៨៣   និងធ្នឹមT ចាក់នៅកន្លែង១៨០ដើម សម្រេចបាន៦៦)។ ៤/បណ្តាញ ផ្លូវសម្រេចបាន ៣១,៣០ % (តភ្ជាប់ ប្រវែង៨០៤,៣០ម. សម្រេចបាន២៩%  និងផ្លូវបង្វែរទិស( Ram) ប្រវែង១,៥៤ម. សម្រេចបាន៣៦%)។

ក្រុមការងារបានចុះពិនិត្យស្ថានភាព ជម្រើសតម្រាយផ្លូវសម្រាប់ដឹកជញ្ជូនធ្នឹមT ពីការដ្ឋានចាក់ធ្នឹម ខាងលិចស្ពានទៅខាងកើតស្ពាន ដោយជំរុញឱ្យក្រុមហ៊ុនសាងសង់ សិក្សាគិតគូរឱ្យបានល្អិតល្អន់បន្ថែម លើជម្រើសខ្សែផ្លូវ  និងប្រភេទមធ្យោបាយដឹកជញ្ជូន ដើម្បីជៀសវាងការខូចខាតផ្លូវនិងស្ពាន ដែលមាននៅលើដងផ្លូវ ដែលត្រូវជ្រើសរើសសម្រាប់ការដឹកជញ្ជូនធ្នឹម។

ក្រុមការងារវាយតម្លៃខ្ពស់ ចំពោះក្រុមហ៊ុនសំណង់សៀងហៃ ដែលបានអនុវត្តគម្រោងដែលបញ្ចប់ និងកំពុងដំណើរការបានគោរពតាមបទដ្ឋានបច្ចេកទេស  និងកិច្ចសន្យាបច្ចេកទេសប្រកបដោយគុណភាព និងសោភ័ណភាព៕

កម្ពុជាសម្រេចបានទំហំពាណិជ្ជកម្មជាងង ៦៥​ពាន់លានដុល្លារកើនឡើង ១៨%

(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា ក្នុងឆ្នាំ២០២៥ កម្ពុជាសម្រេចបានទំហំពាណិជ្ជកម្ម​ ជាង៦៥.២៤ពាន់លានដុល្លារអាម៉េរិក កើនឡើង ១៧.៦៦%​ ដែលពីឆ្លុះបញ្ចាំងពីការរក្សាបាននូវទីផ្សារនាំចេញសំខាន់ៗរបស់ខ្លួន បើទោះបីជាស្ថិតក្នុងបរិបទសេដ្ឋកិច្ចមិនប្រាកដប្រជា។

លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ថា ពេញមួយឆ្នាំ២០២៥ កម្ពុជាបាននាំចេញទំនិញសំខាន់ៗសម្រេចបានទឹកប្រាក់ចំនួន ៣១.២៨ពាន់លានដុល្លារអាម៉េរិក កើនឡើង ១៦.៩៥% និងការនាំចូលសម្រេចបានទឹកប្រាក់ ៣៣.៩៦ ពាន់លានដុល្លារអាម៉េរិក កើនឡើង ១៨.៣២% ។

ថ្លែង​ពិធី​សន្និបាតបូកសរុបការងារពាណិជ្ជកម្មឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តន៍ការងារពាណិជ្ជកម្មឆ្នាំ២០២៦​របស់ក្រសួងពាណិជ្ជកម្ម នាថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥នេះលោក ប៉ែន សុវិជាតិ បានបញ្ជាក់ថា កំណើននេះ បានឆ្លុះបញ្ចាំងថា កម្ពុជានៅតែរក្សាបាននូវទីផ្សារសំខាន់ៗរបស់ខ្លួនដែលជាទីផ្សារពិភពលោក ​និងបង្កើន​សក្តានុពលកម្ពុជាក្នុងវិស័យផ្គត់ផ្គង់​ ក្នុងខ្សែច្រវ៉ាក់តម្លៃ និងធានាបាននូវជំនឿចិត្តពីអ្នកបញ្ជាទិញរបស់ខ្លួន។

បើតាមអ្នកនាំពាក្យរូបនេះ ទីផ្សារនាំចេញសំខាន់ៗរបស់ កម្ពុជា រួមមាន៖ អាស៊ាន, អូស្រ្តាលីលី, ចិន, ជប៉ុន, សាធារណរដ្ឋកូរ៉េ, ណូវែលហ្សេឡង់, សហភាពអឺរ៉ុប, ចក្រភពអង់គ្លេស, សហរដ្ឋអាម៉េរិក, កាណាដា, អេមីរាត់អារ៉ាប់រួម និង ឥណ្ឌា។

ទំនិញនាំចេញ សំខាន់ៗរបស់កម្ពុជា រួមមាន៖ ១) សម្លៀកបំពាក់ ២) វាយនភ័ណ្ឌ ៣)ស្បែកជើង ៤) សម្ភារៈធ្វើដំណើរនិង កាបូប ៥) សំបកកង់រថយន្ត ៦) ស្វាយចន្ទី ៧) អង្ករ ៨) ដំឡូងមី និង៩)គ្រឿងបង្គុំអេឡិចត្រូនិក និងគ្រឿងបន្លាស់ រថយន្ត៕