ដំណឹងល្អៈ គម្រោងស្ថាបនាស្ពានឆ្លងទន្លេបាសាក់ចាក់អង្រែក្រោម-ព្រែកប្រា សម្រេចបាន៥៤,២០ភាគរយហើយ

0

ដោយៈ ម៉ាលីនណា

    ភ្នំពេញៈ ក្រសួងសាធារណការ និងដឹកជញ្ជូនបានឲ្យដឹងថា គិតត្រឹមដើមខែមករា ឆ្នាំ២០២៦នេះ គម្រោងស្ថាបនាស្ពានឆ្លងទន្លេបាសាក់ចាក់អង្រែក្រោម-ព្រែកប្រា សម្រេចបាន៥៤,២០%ហើយ។

ព័ត៌មាននេះត្រូវបានបង្ហើបឲ្យដឹង ដោយលោកសួង ហេង រដ្ឋលេខាធិការ និងជានាយកគម្រោង ចុះពិនិត្យតាមដានការអនុវត្តគម្រោង ដែលគិតត្រឹមដើមខែមករា ឆ្នាំ២០២៦នេះ សម្រេចបាន ៥៤,២០% ហើយ បន្ទាប់ពីសម្ពោធបើកការដ្ឋានសាងសង់ នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

វឌ្ឍនភាពគម្រោងគិតត្រឹមដំណាច់ខែធ្នូ ឆ្នាំ២០២៥ សម្រេចបាន ៥៤,២០ % លឿនជាងផែនការ ៣,៤៥% ក្នុងនោះ ៖ ១/ ផ្នែកគ្រឹះស្ពាន សម្រេច  ១០០%។ ២/ រចនា សម្ព័ន្ធ ក្រោមស្ពានសម្រេចបាន៨៩% (ជញ្ជាំងក្បាលស្ពាន ចំនួន៤ សម្រេចបាន២ក្បាលសសរស្ពានចំនួន៤ សម្រេចបាន២។ តួសសរស្ពាន១២បានសាងសង់រួចរាល់   សសរស្ពាន៥២ បានសាងសង់រួចរាល់   និងធ្នឹមភ្ជាប់ក្បាលសសរទទឹងស្ពាន ចំនួន៣៤ សម្រេចបាន៣០ ធ្នឹម )។

៣/ រចនាសម្ព័ន្ធលើស្ពាន  សម្រេចបាន២៩% ( ធ្នឹមT តម្លើង ១៨០ ដើម សម្រេចបាន៨៣   និងធ្នឹមT ចាក់នៅកន្លែង១៨០ដើម សម្រេចបាន៦៦)។ ៤/បណ្តាញ ផ្លូវសម្រេចបាន ៣១,៣០ % (តភ្ជាប់ ប្រវែង៨០៤,៣០ម. សម្រេចបាន២៩%  និងផ្លូវបង្វែរទិស( Ram) ប្រវែង១,៥៤ម. សម្រេចបាន៣៦%)។

ក្រុមការងារបានចុះពិនិត្យស្ថានភាព ជម្រើសតម្រាយផ្លូវសម្រាប់ដឹកជញ្ជូនធ្នឹមT ពីការដ្ឋានចាក់ធ្នឹម ខាងលិចស្ពានទៅខាងកើតស្ពាន ដោយជំរុញឱ្យក្រុមហ៊ុនសាងសង់ សិក្សាគិតគូរឱ្យបានល្អិតល្អន់បន្ថែម លើជម្រើសខ្សែផ្លូវ  និងប្រភេទមធ្យោបាយដឹកជញ្ជូន ដើម្បីជៀសវាងការខូចខាតផ្លូវនិងស្ពាន ដែលមាននៅលើដងផ្លូវ ដែលត្រូវជ្រើសរើសសម្រាប់ការដឹកជញ្ជូនធ្នឹម។

ក្រុមការងារវាយតម្លៃខ្ពស់ ចំពោះក្រុមហ៊ុនសំណង់សៀងហៃ ដែលបានអនុវត្តគម្រោងដែលបញ្ចប់ និងកំពុងដំណើរការបានគោរពតាមបទដ្ឋានបច្ចេកទេស  និងកិច្ចសន្យាបច្ចេកទេសប្រកបដោយគុណភាព និងសោភ័ណភាព៕

LEAVE A REPLY

Please enter your comment!
Please enter your name here