តើទីផ្សារអចលនទ្រព្យនៅតំបន់អឺរ៉ុបក្នុងឆ្នាំ២០២៦នេះ នឹងមានស្ថានភាពប្រែប្រួលដូចម្តេចខ្លះ?

ដោយ: សហសេវិក
អន្តរជាតិ: ទិដ្ឋភាពទីផ្សារអចលនទ្រព្យរបស់តំបន់អឺរ៉ុបកំពុងឈានចូលដល់ដំណាក់កាលដ៏សំខាន់មួយ។ ទីផ្សារកំពុងបង្ហាញសញ្ញាងើបឡើងវិញ បន្ទាប់ពីជួបប្រទះបញ្ហាសេដ្ឋកិច្ចជាច្រើនឆ្នាំ រួមទាំងការដំឡើងអត្រាការប្រាក់ ការផ្លាស់ប្តូរបទប្បញ្ញត្តិ និងការថយចុះនៃតម្រូវការ។

យ៉ាងណាមិញ គេសង្កេតឃើញថា ពុំមែនគ្រប់ផ្នែក ឬទីតាំងទាំងអស់នៃទីផ្សារអចលនទ្រព្យនៅតំបន់អឺរ៉ុបស្ទុះងើបឡើងវិញនោះទេ។

តួយ៉ាង ទីផ្សារអចលនទ្រព្យនៅក្នុងទីក្រុងធំៗនៅតែបន្តទាក់ទាញលំហូរដើមទុនវិនិយោគ ខណៈទីផ្សារអចលនទ្រព្យបន្ទាប់បន្សំ(secondary market) ប្រឈមមុខនឹងការបញ្ចុះតម្លៃ និងបញ្ហាសាច់ប្រាក់។

ទីផ្សារលំនៅឋាននៅទូទាំងទ្វីបអឺរ៉ុបត្រូវបានគេព្យាករណ៍ថា នឹងមានស្ថិរភាព និងកើនឡើងក្នុងកម្រិតមធ្យមនៅឆ្នាំ២០២៦ ដែលជំរុញដោយតម្រូវការប្រជាសាស្ត្រ និងកង្វះខាតនៃការផ្គត់ផ្គង់លំនៅឋាននៅក្នុងប្រទេសអឺរ៉ុបជាច្រើន។

តម្លៃលំនៅឋានត្រូវបានគេរំពឹងថានឹងកើនឡើងជាលំដាប់នៅក្នុងទីផ្សារដូចជា អាល្លឺម៉ង់ និងអេស្ប៉ាញ ខណៈតម្លៃផ្ទះនៅអង់គ្លេសអាចសម្រេចបានកំណើនតិចតួច ដោយសារភាពប្រសើរឡើងនៃលទ្ធភាពស្វែងរកប្រាក់កម្ចីទិញផ្ទះ និងសកម្មភាពអ្នកទិញផ្ទះលើកដំបូង ខណៈអត្រាការប្រាក់ធ្លាក់ចុះ។

ជាពិសេស ទីផ្សារជួលលំនៅឋានបង្ហាញពីមូលដ្ឋានគ្រឹះដ៏រឹងមាំ។ តម្លៃជួលលំនៅឋាននៅអឺរ៉ុបត្រូវបានគេព្យាករថា នឹងកើនឡើងលឿនជាងតំបន់នានា ដោយសារស្ថិរភាពនៃតម្រូវការអ្នកជួល និងការផ្គត់ផ្គង់ថ្មីនៅមានកំណត់។

បណ្តាទីក្រុង ដែលមានកង្វះខាតលំនៅឋាន ឬកំណើនសេដ្ឋកិច្ចខ្ពស់ ដូចជាទីក្រុងម៉ាឌ្រីដរបស់អេស្ប៉ាញ ទីក្រុង Amsterdam របស់ហូឡង់ និងទីក្រុង Munich របស់អាល្លឺម៉ង់ ត្រូវបានគេរំពឹងថា ទីតាំងវិនិយោគ ដែលអាចទទួលបានផលចំណេញខ្ពស់ជាងគេ។

ទោះជាយ៉ាងណា កង្វះលទ្ធភាពទិញផ្ទះនៅតែជាបញ្ហាប្រឈម ដោយទាមទារឱ្យមានការដាក់ចេញគោលនយោបាយឆ្លើយតប ដូចជា បទប្បញ្ញត្តិកាន់តែតឹងរ៉ឹងលើការជួលរយៈពេលខ្លី ដើម្បីជួយបង្កើនការផ្គត់ផ្គង់លំនៅឋានរយៈពេលវែងនៅក្នុងតំបន់ទីក្រុងដែលមានតម្រូវការខ្ពស់៕ប្រភព: The Guardian៕

គំរោងថាមពលអគ្គិសនី៩០០មេហ្កាវ៉ាត់ដើរដោយថាមពលឧស្ម័នក្នុងខេត្តកោះកុងតម្លៃជាង១៣០០លានដុល្លារនឹងបញ្ចប់ចុងឆ្នាំនេះ

ដោយៈ ម៉ាលីនណា

    កោះកុងៈ គំរោងសាងសង់ស្ថានីយ៍ថាមពលអគ្គិសនី ដើរដោយឧស្ម័័ន ដែលមានអានុភាពរហូតដល់៩០០មេហ្គាវ៉ាត់ នឹងបញ្ចប់ចុងឆ្នាំ២០២៦នេះ។

ព័ត៌មាននេះត្រូវបានបង្ហាញឲ្យដឹង នៅពេលលោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់គម្រោងអគ្គិសនីដើរដោយឧស្ម័នLNG៩០០មេហ្កាវ៉ាត់ នៅស្រុកបុទុម​សាគរ ខេត្តកោះកុង ដែលជាគម្រោងជាប្រវត្តិសាស្ត្រ នឹងដាក់ឱ្យដំណើរការនៅចុងឆ្នាំ២០២៦ សម្រាប់ដំណាក់កាលទី១ និង២០២៧ សម្រាប់ដំណាក់កាលទី២ ដូចផែនការរបស់រាជរដ្ឋាភិបាលកាលពីម្សិលម៉ិញនេះ។

គម្រោងនេះនឹងដើរតួនាទីសំខាន់ ក្នុងការផ្តល់អគ្គិសនីបន្ថែម ពង្រឹងសន្តិសុខថាមពលជាតិ និងពង្រឹងស្ថិរភាពឱ្យបណ្តាញអគ្គិសនីកម្ពុជា។

លោកកែវ រតនៈ បានថ្លែងឱ្យដឹងថា គម្រោងអគ្គិសនីដើរដោយឧស្ម័នLNG ៩០០មេហ្កាវ៉ាត់នេះ មានទូរប៊ីនចំនួនពីរ ដែលទូរប៊ីននីមួ​យៗ មានថាមពល៤៥០មេហ្គាវ៉ាត់ ដែលជាបច្ចេកវិទ្យាក្រុមហ៊ុន Mitsubishi របស់ជប៉ុន សហការជាមួយក្រុមហ៊ុន Dongfang Electric របស់ចិន ដែលវិនិយោគដោយក្រុមហ៊ុន Royal Group របស់អ្នកឧកញ៉ា គិត ម៉េង។

លោកបញ្ជាក់ថា គម្រោងថាមពលអគ្គិសនីនេះ មិនត្រឹមតែជានិម្មិតរូបនៃការសហការគ្នាផ្នែកពាណិជ្ជកម្មបីប្រទេស គឺកម្ពុជា​ ជប៉ុន និងចិននោះទេ ប៉ុន្តែក៏បង្ហាញឱ្យឃើញពីការជឿទុកចិត្ត លើការរីកចម្រើនផ្នែកសង្គម និងសេដ្ឋកិច្ចរបស់កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចបវរធិបតី​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែតផងដែរ ។ គម្រោងនេះនឹងដាក់ឱ្យដំណើរការដំណាក់កាលទី១ ថាមពល ៤៥០មេហ្គាវ៉ាត់ នៅចុងឆ្នាំ២០២៦នេះ ហើយ៤៥០មេហ្គាវ៉ាត់ទៀត នឹងដាក់ឱ្យដំណើរការនៅឆ្នាំ២០២៧”។

លោករដ្ឋមន្ត្រីបន្តថា នៅពេលដែលគម្រោងថាមពលអគ្គិសនីនេះ ដំណើរការទៅតាមផែនការ នឹងជួយផ្តល់អគ្គិសនីបន្ថែមឱ្យកម្ពុជា ជួយពង្រឹងឯករាជ្យភាពថាមពលជាតិ ក៏ដូចជាពង្រឹងស្ថិរភាពបណ្តាញជាតិ បើកផ្លូវឱ្យមានការ ដាក់ឱ្យប្រើប្រាស់នូវថាមពលអគ្គិសនី ដើរដោយខ្យល់ និងពន្លឺព្រះអាទិត្យបន្ថែមទៀត។

កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បានបើកការដ្ឋានសាងសង់ជាផ្លូវការ រោងចក្រថាមពលអគ្គិសនី ដើរដោយឧស្ម័នធម្មជាតិ (LNG) អានុភាព ៩០០មេហ្គាវ៉ាត់ក្នុងតម្លៃទុនវិនិយោគប្រមាណ១,៣៥ពាន់លានដុល្លារអាម៉េរិក ដែលមានទីតាំងស្ថិតនៅ ស្រុកបុទមសាគរ ខេត្តកោះកុង។

គម្រោងមួយនេះ នឹងក្លាយជារោងចក្រផលិតអគ្គិសនី ដើរដោយឧស្ម័នធម្មជាតិដំបូងគេបង្អស់ក្នុងប្រទេសកម្ពុជា៕

រដ្ឋាភិបាលអនុម័តឲ្យកំពង់ផែចំនួន២ខ្ចីប្រាក់២៦លានដុល្លារដើម្បីសាងសង់គំរោងព្រែកជីកហ្វូណនតេជោ

ដោយៈ ចំណាន

    ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជា បានអនុម័តឲ្យឱ្យកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងកំពង់ផែស្វយ័តភ្នំពេញ ខ្ចីប្រាក់ប្រហែល២៦លានដុល្លារ ដើម្បីចូលរួមសាងសង់គម្រោងព្រែកជីកហ្វូណនតេជោ ជាមួយក្រុមហ៊ុនហ្វូណនតេជោ ខូសថល អ៊ុនឡេន វីរធើវេយ ឯ.ក។

យោងតាមច្បាប់ថវិកាជាតិសម្រាប់ឆ្នាំ២០២៦ ដែលទើបបានប្រកាសដាក់ឱ្យប្រើនាពេលថ្មីៗនេះ បានបញ្ជាក់ថា “សម្រាប់ការគ្រប់​គ្រងឆ្នាំ២០២៦ អនុម័តយល់ព្រមឱ្យរាជរដ្ឋាភិបាល ឱ្យកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ និងកំពង់ផែស្វយ័តភ្នំពេញ ខ្ចីនូវទឹកប្រាក់ចំនួន១០៧ ៣៥៧លានរៀល ក្រោមក្របខ័ណ្ឌការផ្តល់ឥណទានរបស់រដ្ឋ សម្រាប់ការចូលទុនក្នុងក្រុមហ៊ុនហ្វូណនតេជោ ខូសថល អ៊ុនឡេន វីរធើវេយ ឯ.ក”។

គម្រោងព្រែកជីកហ្វូណនតេជោ គឺជាគម្រោងដឹកជញ្ជូនផ្លូវទឹក តភ្ជាប់រវាងទន្លេ និងសមុទ្រដ៏មានសក្តានុពលមួយរបស់កម្ពុជា។ គម្រោងនេះត្រូវបានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤។

ព្រែកជីកហ្វូណនតេជោ តភ្ជាប់ពីទន្លេទៅសមុទ្រ មានប្រវែងជិត ១៨០គីឡូម៉ែត្រ ចាប់ផ្តើមពីព្រែកតាកែវ នៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកពោធិ៍ នៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីង នៃទន្លេបាសាក់ និងបន្តរហូតដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់ភូមិសាស្រ្តខេត្តចំនួន៤ រួមមាន ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប។

គម្រោងព្រែកជីកនេះ នឹងត្រូវសាងសង់ស្ទើរទាំងស្រុង លើតម្រា​យខ្សែផ្លូវទឹកធម្មជាតិ និងផ្លូវទឹកបុរាណដែលបានបន្សល់ទុកស្រាប់តាំងពីសម័យអាណាចក្រហ្វូណនមកម្ល៉េះ ក្នុងនោះផ្លូវទឹកធម្មជាតិដែលមានស្រាប់ មានប្រវែងប្រមាណ១៣៥គីឡូម៉ែត្រ ផ្លូវទឹកត្រូវជីកតម្រង់កុំឱ្យកោងពេក មានប្រវែងប្រមាណ៣៨គីឡូម៉ែត្រ និងផ្លូវទឹកជីកថ្មីមានប្រវែងប្រមាណ៧គីឡូម៉ែត្រ ដើម្បីកាត់បន្ថយកំណោង និងកាត់បន្ថយចម្ងាយតភ្ជាប់ទៅកាន់សមុទ្រ។

គម្រោងនេះ ប្រើប្រាស់រយៈពេលសាងសង់ប្រមាណ៤៨ខែ និងគ្រោងបញ្ចប់ នៅក្នុងអំឡុងឆ្នាំ២០២៨ខាងមុខ ដោយប្រើប្រាស់ទុនវិនិយោគ សរុបប្រមាណ១.៧ពាន់លានដុល្លារអាម៉េរិក៕

តើទីផ្សារភាគហ៊ុនអាមេរិកមានឥទ្ធិពលបែបណាដល់សេដ្ឋកិច្ចពិភពលោក?

ដោយៈ ចំណាន

    អាមេរិកៈ តើទីផ្សារភាគហ៊ុនសហរដ្ឋអាមេរិក ជាទីផ្សារបែបណា ? និងមានឥទ្ធិពលដល់ពិភពលោកយ៉ាងដូចម្តេច? ហើយវាមានទំនាក់ទំនងទ្វេភាគីយ៉ាងរឹងមាំដូចម្តេចជាមួយសេដ្ឋកិច្ចពិភពលោក។

សូមសិក្សាចំណុចនិមួយៗខាងក្រោមនេះ ដែលវាជាការពន្យល់ច្បាស់លាស់មួយ។

១. តើទីផ្សារភាគហ៊ុនសហរដ្ឋអាមេរិកមួយណា ដែលសំខាន់បំផុតនៅទូទាំងពិភពលោក?

① S&P 500 (សំខាន់បំផុត)

ស្ថាប័ននេះ តំណាងឱ្យក្រុមហ៊ុនធំៗចំនួន៥០០ របស់សហរដ្ឋអាមេរិក និងគ្របដណ្តប់ប្រហែល៨០ភាគរយ នៃតម្លៃទីផ្សារសរុបរបស់សហរដ្ឋអាមេរិក។

ក្រុមហ៊ុនទាំង៥០០នេះ រួមបញ្ចូលក្រុមហ៊ុនយក្សសកល៖ Apple, Microsoft, Google, Amazon, Exxon, JPMorgan វាតំណាងឲ្យសូចនាករល្អបំផុត នៃសុខភាពសេដ្ឋកិច្ចសហរដ្ឋអាមេរិក និងពិភពលោក។

② Dow Jones Industrial Average (DJIA)

ស្ថាប័ននេះ តំណាងឲ្យក្រុមហ៊ុនពហុជាតិសំខាន់ៗចំនួន30 ជាជានិមិត្តរូបច្រើនជាង មិនសូវទូលំទូលាយជាងS&P500 ប៉ុន្តែវាមានឥទ្ធិពលលើចិត្តវិទ្យាវិនិយោគិនទូទាំងពិភពលោក។

③ NASDAQ

ស្ថាប័នកំពូលមួយនេះផងដែរ វាមានឥទ្ធិពលខ្លាំងលើបច្ចេកវិទ្យា និងនវានុវត្តន៍។

ក្រុមហ៊ុនទាំងនេះ រកប្រាក់ចំណូលទូទាំងពិភពលោក និងមានឥទ្ធិពលជះផលប៉ះពាល់យ៉ាងខ្លាំង ទៅលើវិស័យបច្ចេកវិទ្យាសកល និងទីផ្សារដែលកំពុងរីកចម្រើន។

តើទីផ្សារភាគហ៊ុនសហរដ្ឋអាមេរិក មានឥទ្ធិពលលើសេដ្ឋកិច្ចពិភពលោកយ៉ាងដូចម្តេច?។

ក. លំហូរមូលធន

អ្នកជំនាញនិយាយថា នៅពេលដែលភាគហ៊ុនអាមេរិក កើនឡើង វិនិយោគិនសកលផ្លាស់ប្តូរប្រាក់ទៅក្នុងភាគហ៊ុន ប៉ុន្តែនៅពេលដែលភាគហ៊ុនអាមេរិកធ្លាក់ចុះ  លំហូរប្រាក់ចេញពីទីផ្សារកំពុងរីកចម្រើន (អាស៊ី អាហ្វ្រិក ឡាតាំង)។

ខ. ផលប៉ះពាល់រូបិយប័ណ្ណ

  • ទីផ្សារអាមេរិករឹងមាំ នឹងធ្វើឲ្យដុល្លារអាមេរិករឹងមាំ
  • ដុល្លារអាមេរិករឹងមាំប៉ះពាល់ដល់៖
  • ពាណិជ្ជកម្មសកល
  • តម្លៃទំនិញ (ប្រេង មាស)
  • ការសងបំណុលសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍

គ. ប្រាក់ចំណូលសាជីវកម្មទូទាំងពិភពលោក

  • ក្រុមហ៊ុនអាមេរិកជាច្រើនរកបានចន្លោះពី៣០ ទៅ៦០ភាគរយនៃប្រាក់ចំណូលនៅបរទេស។
  • ប្រសិនបើតម្រូវការសកលចុះខ្សោយ ប្រាក់ចំណូលអាមេរិកធ្លាក់ចុះ និងធ្វើឲ្យទីផ្សារធ្លាក់ចុះ៕

 

កសិករនៅខេត្តចំនួន៥ទទួលបានកម្ចីការប្រាក់ទាបក្រោមការសម្របសម្រូលពីក្រសួងកសិកម្ម ខណៈកិច្ចសន្យាថ្មីទឹកប្រាក់ជិត៧លានដុល្លារត្រូវបានចុះហត្ថលេខា

ដោយៈ ម៉ាណា

    កំពង់ធំៈ កិច្ចសន្យាបន្ថែមទំហំជិត៧លានដុល្លារ ត្រូវបានធ្វើឡើងរវាងក្រុមហ៊ុនបៃតង និងសហគមន៍កសិកម្មទំនើបចំនួន២ផ្សេងទៀតនៅខេត្តកំពង់ធំ។

ពិធីនេះធ្វើឡើងក្រោមអធិបតីភាព លោកឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សម្រាប់ការផ្គត់ផ្គង់ស្រូវសែនក្រអូប និងស្រូវស្រង៉ែស្រាល នៅលើផ្ទៃដីប្រមាណ៦០០០ហិកតា ដែលធ្វើឱ្យបរិមាណស្រូវសរុប ដែលបានចុះកិច្ចសន្យាជាមួយក្រុមហ៊ុនបៃតង កើនដល់ជាង៤ម៉ឺនតោន ស្មើនឹង៩,២លានដុល្លារ។

រហូតមកដល់ពេលនេះ ក្រសួងកសិកម្ម បានបញ្ចប់ការតភ្ជាប់ទីផ្សារទាំងស្រុង ជូនដល់សហគមន៍កសិកម្មទំនើប ដំណាំស្រូវទាំងអស់នៅក្នុងរដូវកាលនេះ ជាមួយនឹងការធានាតម្លៃសមរម្យទុកជាមុន ព្រមទាំងបានសម្របសម្រួល ឱ្យកសិករជាសមាជិកប្រមាណ២០០០គ្រួសារ ទទួលបានកម្ចីដើមទុនដែលមានការប្រាក់ទាប សម្រាប់ការធ្វើផលិតកម្មស្រូវ លើផ្ទៃដីជិត១៥,០០០ហិកតា នៅក្នុងខេត្តបាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ និងកំពង់ឆ្នាំង៕

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកសកម្មភាពពង្រាយទូរកុងតឺន័រ រាយលួសបន្លា និងលួចសម្បត្តិពលរដ្ឋស៉ីវិលកម្ពុជាពីសំណាក់ទាហានថៃ ជាទង្វើខុសច្បាប់អន្ដរជាតិ និងបំពានលើខ្សែព្រំដែនអន្ដរជាតិ

(ភ្នំពេញ)៖ លោក ប៉ែន បូណា រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល តាមរយៈសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦នេះ បានចាត់ទុកសកម្មភាពពង្រាយទូរកុងទឺន័រ រាយលួសបន្លា និងលួចសម្បត្តិប្រជាពលរដ្ឋស៉ីវិលស្លូតត្រង់របស់កម្ពុជា ពីសំណាក់ក្រុមទាហានថៃ គឺជាទង្វើខុសច្បាប់អន្ដរជាតិ និងបំពានលើខ្សែព្រំដែនអន្ដរជាតិ ដែលមិនអាចទទួលយកបានឡើយ។

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់នូវខ្លឹមសារយ៉ាងដូច្នេះថា៖

ទី១៖ រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តការតវ៉ាយ៉ាងខ្លាំងក្លាបំផុតប្រឆាំងនឹងការបន្តឈរជើង និងកាន់កាប់ជាក់ស្តែងដោយកងកម្លាំងយោធាថៃលើទឹកដីកម្ពុជា នៅតំបន់មួយចំនួនតាមបណ្តោយព្រំដែន ដែលជាអំពើខុសច្បាប់ និងគ្មានមូលដ្ឋានទាល់តែសោះក្រោមច្បាប់អន្តរជាតិ។ ចំណែកការកាន់កាប់ និងបន្តកាន់កាប់តាមរយៈការគំរាមកំហែង និងការប្រើប្រាស់កម្លាំង គឺផ្ទុយទៅនឹងគោលការណ៍ជាមូលដ្ឋាន និងមិនអាចបដិសេធបាននៃច្បាប់អន្តរជាតិទាំងស្រុង។

ទី២៖ ការគ្រប់គ្រងទឹកដី សកម្មភាពរដ្ឋបាល ឬការអនុវត្តសិទ្ធិអំណាចដែលកើតចេញពីទង្វើបែបនេះគ្មានតម្លៃតាមផ្លូវច្បាប់និងមិនអាចបង្កើតសិទ្ធិស្របច្បាប់ណាមួយបានឡើយ។ សកម្មភាពរបស់កងកម្លាំងប្រដាប់អាវុធថៃបែបនេះ ផ្ទុយស្រឡះទៅនឹងការប្តេជ្ញាចិត្តរបស់ថៃ ក្នុងការដោះស្រាយវិវាទដោយសន្តិវិធីក្រោមស្មារតី នៃសេចក្តីប្រកាសរួម នៃកិច្ចប្រជុំពិសេសរបស់គណៈកម្មាធិការព្រំដែនទូទៅ ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក៏ដូចជាស្មារតី នៃកិច្ចព្រមព្រៀងដែលមានកាលពីពេលកន្លងមក។ ចំណែកឯការដាក់ពង្រាយទូរកុងតឺន័រ ការរាយបន្លាលួស ឬដោតទង់ជាតិ គឺជាសកម្មភាពបំពានលើខ្សែព្រំដែនអន្តរជាតិរវាងប្រទេសទាំងពីរ ដែលមិនអាចទទួលយកបានឡើយ។

ទី៣៖ ទាហានថៃបាននិងកំពុងបន្តបំផ្លិចបំផ្លាញផ្ទះសម្បែង និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនៅលើទឹកដីកម្ពុជាឥតឈប់ឈរ។ ការបំផ្លិចបំផ្លាញនេះបានធ្វើឡើងដោយការវាយប្រហារសំដៅគោលដៅស៊ីវិល កាលពីក្នុងអំឡុងសង្គ្រាមពេញបន្ទុកចន្លោះពីថ្ងៃទី៧ ដល់២៧ ខែធ្នូ ឆ្នាំ២០២៥ផង និងបន្តបំផ្លាញដោយកម្លាំងគ្រឿងចក្រនិងកម្លាំងមនុស្សក្រោយពេលបទឈប់បាញ់ចូលជាធរមាន។

លើសពីនេះ ទាហានថៃថែមទាំងបានព័ទ្ធយកដីធ្លី និងផ្ទះសម្បែងប្រជាពលរដ្ឋខ្មែរជាច្រើន ហើយបាននិងកំពុងបំផ្លាញចោលជាបន្តបន្ទាប់ និងបានលួច ប្លន់យកទ្រព្យសម្បត្តិប្រជាពលរដ្ឋខ្មែរ យ៉ាងអនាធិបតេយ្យបំផុត។ អំពើនេះបានធ្វើឱ្យបាត់បង់ និងខូចខាតធ្ងន់ធ្ងរដល់ទ្រព្យសម្បត្តិនិងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងបង្កការរាំងស្ទះដល់ការវិលត្រឡប់វិញរបស់ជនស៊ីវិលភៀសសឹក ទៅកាន់លំនៅឋានរបស់ពួកគេវិញ ដែលផ្ទុយពីស្មារតីនៃសេចក្តីប្រកាសរួមថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០២៥ ត្រង់ចំណុចទី៤។

ទី៤៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា សូមប្រកាសថ្កោលទោសយ៉ាងធ្ងន់ធ្ងរបំផុតចំពោះសកម្មភាពបំពានច្បាប់អន្តរជាតិ និងច្បាប់មនុស្សធម៌អន្តរជាតិ និងអំពើរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ព្រមទាំងអំពើប្លន់យកទ្រព្យសម្បត្តិរបស់ពលរដ្ឋខ្មែរពីសំណាក់ទាហានថៃ និងទាមទារឱ្យថៃបញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាពយោធាប្រកបដោយអរិភាពបែបនេះ និងសូមភាគីថៃ គោរពអាណត្តិរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក នៃប្រទេសទាំងពីរ ក្នុងការកំណត់ខណ្ឌសីមាព្រំដែនដោយផ្អែកលើកិច្ចព្រមព្រៀងដែលមានស្រាប់ និងច្បាប់អន្តរជាតិ។

ទី៥៖ កម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក និងសូមបញ្ជាក់ជូនដែរថា កម្ពុជាមិនទទួលស្គាល់នូវការកែប្រែខ្សែព្រំដែនណាមួយ ដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ។

ទី៦៖ ការដាក់ពង្រាយទូរកុងតឺន័រ និងរាយបន្លាលួស ក៏ដូចជាការដោតទង់ជាតិក្នុងតំបន់ដែលកងកម្លាំងថៃបំពានកាន់កាប់ដោយខុសច្បាប់ បង្ហាញយ៉ាងច្បាស់ពីអំពើរំលោភបំពានដែនអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា ខណៈដែលការវាយកម្ទេចផ្ទះសម្បែងប្រជាពលរដ្ឋស្លូតត្រង់ គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ និងច្បាប់មនុស្សធម៌អន្តរជាតិ។ កាន់តែអាក្រក់ជាងនេះទៅទៀត ភស្តុតាងបានបង្ហាញថា យោធាថៃបានប្រព្រឹត្តបទល្មើសលួច ប្លន់ ទ្រព្យសម្បត្តិជនស៊ីវិលកម្ពុជានៅក្នុងតំបន់ដែលខ្លួនបានហ៊ុមព័ទ្ធ ដែលជាសកម្មភាពអមនុស្សធម៌មិនអាចទទួលយកបាន និងត្រូវបានហាមឃាត់នៅក្រោមច្បាប់អន្តរជាតិ៕

តើទីផ្សារអចលនទ្រព្យនៅប្រទេសវៀតណាមនឹងបន្តរីកចម្រើន ខ្លាំងនៅឆ្នាំ២០២៥?

ដោយៈ ម៉ាលីនណា

វៀតណាមៈ តើទីផ្សារអចលនទ្រព្យ របស់ប្រទេសវៀតណាមទំនងជានឹង “រីកចម្រើន” នៅឆ្នាំ2026 ដែរឬទេ ហើយប្រទេសណាខ្លះជាអ្នកវិនិយោគធំជាងគេនៅក្នុងវិស័យនោះ?។

១. ការព្យាករណ៍ទូទៅ

ទីផ្សារអចលនទ្រព្យរបស់ប្រទេសវៀតណាម បានទាក់ទាញការវិនិយោគបរទេស និងតម្រូវការក្នុងស្រុកកើនឡើង ដែលជំរុញដោយសារ កំណើនសេដ្ឋកិច្ច និងនគរូបនីយកម្មដ៏រឹងមាំ ការកែលម្អបទប្បញ្ញត្តិ (ច្បាប់ដីធ្លីដែលបានកែសម្រួល ច្បាប់អចលនទ្រព្យ ច្បាប់លំនៅដ្ឋាន)។

លើសពីនេះ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការកើនឡើងនៃលំហូរ FDI ចូលទៅក្នុងគម្រោងអចលនទ្រព្យ។

កំណើនទាំងផ្នែកលំនៅដ្ឋាន និងពាណិជ្ជកម្ម (ការិយាល័យ ភស្តុភារកម្ម ការប្រើប្រាស់ចម្រុះ)។

២. សញ្ញាកំណើន

ការវិនិយោគបរទេស ក្នុងអចលនទ្រព្យប្រទេសនេះ បានកើនឡើងជាងទ្វេដង នៅក្នុងឆមាសទីមួយនៃឆ្នាំ 2025 បើប្រៀបធៀបទៅនឹងឆ្នាំមុន ដែលបង្ហាញពីទំនុកចិត្តអន្តរជាតិកើនឡើង។

អ្នកវិភាគ និងក្រុមហ៊ុនអចលនទ្រព្យ មានសុទិដ្ឋិនិយមអំពីតម្រូវការ និងកំណើនប្រាក់ចំណូល ជាពិសេសនៅក្នុងទីក្រុងធំៗដូចជាទីក្រុងហាណូយ និងទីក្រុងហូជីមិញ។

ការព្យាករណ៍សម្រាប់ផ្នែក ដូចជា អចលនទ្រព្យឧស្សាហកម្ម និងភស្តុភារកម្មបង្ហាញ ពីការពង្រីកជាបន្តបន្ទាប់រហូតដល់ឆ្នាំ 2026 និងបន្តបន្ទាប់ទៀត។

៣. បញ្ហាប្រឈមដែលត្រូវពិចារណា

ទោះបីជាទស្សនវិស័យជាទូទៅ មានភាពវិជ្ជមានក៏ដោយ ក៏ហានិភ័យនៅតែមានដូចជា

  • ឧបសគ្គផ្នែកច្បាប់/បទប្បញ្ញត្តិ និងពេលវេលាអនុវត្តសម្រាប់ច្បាប់ថ្មី។
  • សម្ពាធបំណុលសាជីវកម្ម ក្នុងវិស័យសំណង់/អចលនទ្រព្យ
  • ការផ្លាស់ប្តូរម៉ាក្រូសេដ្ឋកិច្ច ឬអត្រាការប្រាក់ ដែលអាចកើតមានទូទាំងពិភពលោក។
  • សាច់ប្រាក់ងាយស្រួលក្នុងទីផ្សារក្នុងស្រុក និងជម្លោះដីធ្លីនៅក្នុងតំបន់មួយចំនួន។

អ្នកវិភាគភាគច្រើនរំពឹងថា ទីផ្សារនឹងមានកំណើនជាបន្តបន្ទាប់ និងសកម្មភាពវិនិយោគរឹងមាំនៅឆ្នាំ២០២៦ ទោះបីជាការហៅវាថាជា “ការរីកចម្រើន” អាចអាស្រ័យលើផ្នែក និងទីតាំងក៏ដោយ។

ទីផ្សារទីក្រុងសំខាន់ៗ និងផ្នែកឧស្សាហកម្ម/ភស្តុភារកម្មមានភាពរឹងមាំជាពិសេស។ ទីផ្សារត្រូវបានគេរំពឹងថា នឹងមានភាពទូលំទូលាយជាជាងការកើនឡើងខ្លាំងពេកជាទូទៅ។

៤. វិនិយោគិនបរទេសកំពូលៗនៅក្នុងអចលនទ្រព្យវៀតណាម

`   ប្រទេសឈានមុខគេ ដែលវិនិយោគលើអចលនទ្រព្យវៀតណាម

១. សិង្ហបុរី

សិង្ហបុរីជាប់លាប់ជាអ្នកវិនិយោគ បរទេសធំជាងគេនៅក្នុងវិស័យអចលនទ្រព្យរបស់វៀតណាម ដោយរួមចំណែកប្រហែល២៥-២៦% នៃដើមទុនវិនិយោគ ដែលបានចុះបញ្ជីថ្មីក្នុងរយៈពេលថ្មីៗ។នេះ។

២. ចិន

អ្នកវិនិយោគចិន នៅតែជាវិនិយោគិនដ៏សំខាន់មួយ ដោយក្រុមហ៊ុនចិន និងហុងកុងកាន់តែសកម្មឡើងៗ វាត្រូវបានលើកឡើងថាជាវិនិយោគិនកំពូលនៅក្នុងទិន្នន័យFDI ទូលំទូលាយ ហើយដើមទុនចិនមានឥទ្ធិពលលើគ្រប់វិស័យ រួមទាំងអចលនទ្រព្យផងដែរ។

៣. ជប៉ុន

វិនិយោគិនជប៉ុនគឺជាតួអង្គសំខាន់ ដែលតែងតែជាប់ចំណាត់ថ្នាក់ក្នុងចំណោមប្រភពដើមទុនបរទេសកំពូលៗ នៅក្នុងកិច្ចព្រមព្រៀងអចលនទ្រព្យ (លំនៅដ្ឋាន និងពាណិជ្ជកម្ម)។

៤. កូរ៉េខាងត្បូង

ដើមទុនរបស់ក្រុមវិ​និយោគិនកូរ៉េខាងត្បូង បានកើនឡើងយ៉ាងឆាប់រហ័ស ជាពិសេសនៅក្នុងឆមាសទីមួយនៃឆ្នាំ ២០២៥។

៥. សហរដ្ឋអាមេរិក / អឺរ៉ុប

វិនិយោគិនស្ថាប័នសហរដ្ឋអាមេរិក និងអឺរ៉ុប ក៏កំពុងចូលរួមកាន់តែច្រើនឡើងផងដែរ ជាពិសេសនៅក្នុងគម្រោងទ្រង់ទ្រាយធំ និងអចលនទ្រព្យពាណិជ្ជកម្ម៕

ខេត្តព្រៃវែងៈ ស្វាគមន៍រមណីយដ្ឋានបឹងស្នេហ៍ថែរក្សាសត្វស្លាប គ្រប់ប្រភេទ

ដោយៈ ម៉ាណា

    ព្រៃវែងៈ ជាខេត្តដែលគេតែងតែមើលរំលង លើវិស័យទេសចរ​ណ៍ ប៉ុន្តែខេត្តដែលស្ថិតនៅមិនឆ្ងាយ ពីរាជធានីភ្នំពេញនេះ បាននិងកំពុងបង្ហាញនូវរមណីយដ្ឋានធម្មជាតិមួយ ដែលសម្បូរដោយសត្វស្លាបកម្រជាច្រើន។

យោងតាមក្រសួងបរិស្ថានបានឲ្យដឹងថា ទួលព័ន្ធតាឡី-បឹងស្នេហ៍ ស្ថិតក្នុងភូមិ​បឹង​ស្នេហ៍ ឃុំ​ធា​យ ស្រុក​បាភ្នំ ខេត្តព្រៃវែង និងត្រូវបានបង្កើតជាតំបន់ប្រើប្រាស់ច្រើនយ៉ាងទួលព័ន្ធតាឡី-បឹងស្នេហ៍ តាមរយៈអនុក្រឹត្យរបសរាជរដ្ឋាភិបាលកម្ពុជា លេខៈ ១៦ អនក្រ.បក ចុះថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២១។

ក្រសួងបរិស្ថាន រួមជាមួយរដ្ឋបាលខេត្តព្រៃវែង អាជ្ញាធរមូលដ្ឋាន និងប្រជាសហគមន៍ បានយកចិត្តទុកដាក់ខ្ពស់ ក្នុងការគ្រប់គ្រងធនធា​នធម្មជាតិ និងជីវៈចម្រុះ ព្រោះតំបន់ការពារធម្មជាតិមួយនេះ មានសក្តានុពលខ្ពស់ទាំងផ្នែកសង្គម វប្បធម៌ និងការអភិរក្ស ជាតំបន់ការពា​រធម្មជាតិ។

តំបន់ប្រើប្រាស់ច្រើនយ៉ាងទួលព័ន្ធតាឡី-បឹងស្នេហ៍នេះ បានផ្តល់ជាសេវាកម្មប្រព័ន្ធអេកូឡូស៊ី និងធនធានធម្មជាតិយ៉ាងសម្បូរបែបដែលគាំទ្រដល់ការអភិវឌ្ឍសហគមន៍មូលដ្ឋានដូចជា ជាពិសេស បានទ្រទ្រ​ង់ដល់វត្តមានសត្វស្លាបជាច្រើនប្រភេទ រួមមាន ប្រភេទទទួលរងការគំរាមកំហែង និងជិតផុតពូជលើពិភពលោក និងដែលមានតម្លៃខ្ពស់សម្រាប់ការអភិរក្សជាអន្តរជាតិ និងជាទីសំចតរបស់ប្រភេទសត្វស្លាបទេសសន្តរប្រវេសន៍ មកស្នាក់នៅនិងរកចំណីបណ្តោះអាសន្ន ជាតំបន់ដែលមានជម្រក ពងកូនសត្វស្លាបទឹកធំជាងគេទី២ នៅប្រទេសកម្ពុជាបន្ទាប់ពីតំបន់រ៉ាមសារព្រែកទាល់៕

តើគួរវិនិយោគដីធ្លីជុំវិញរាជធានីភ្នំពេញឬទេនៅឆ្នាំ២០២៦នេះ?

ដោយៈ ស៊ីវ ម៉េង

    ភ្នំពេញៈ តើការវិនិយោគលើដីធ្លីនៅជុំវិញទីក្រុងភ្នំពេញ នៅតែអាចផ្តល់នូវផលចំណេញល្អលើការវិនិយោគឬទេ? ខណៈទីផ្សារហាក់មិនទាន់មានភាពច្បាស់លាស់។

ចម្លើយរបស់អ្នកជំនាញ គឺវាអាស្រ័យលើគោលដៅ ពេលវេលា ការអត់ធ្មត់ហានិភ័យ និងជំហរផ្លូវច្បាប់របស់អ្នក។

១. ហេតុអ្វីបានជាដីធ្លីនៅជុំវិញទីក្រុងភ្នំពេញអាចជាការវិនិយោគដ៏ល្អ?

រាជធានីភ្នំពេញគឺជាមជ្ឈមណ្ឌលសេដ្ឋកិច្ច នយោបាយ និងប្រជាជនរបស់ប្រទេសកម្ពុជា ជាមួយនឹងការរីកចម្រើនជាបន្តបន្ទាប់ នៃគម្រោងនគរូបនីយកម្ម និងហេដ្ឋារចនាសម្ព័ន្ធ។ នេះជំរុញតម្រូវការដីធ្លី និងតម្លៃតាមពេលវេលា។

លើសពីនេះ ការអភិវឌ្ឍសំខាន់ៗ ដូចជាអាកាសយានដ្ឋានថ្មី ផ្លូវរង្វង់ ផ្លូវល្បឿនលឿន និងទីក្រុងរណប មានទំនោរជំរុញឱ្យតម្លៃដីធ្លីកើនឡើងជាពិសេសនៅក្នុងស្រុកកំពុងអភិវឌ្ឍន៍។

វិនិយោគិនរយៈពេលវែងច្រើន តែកំណត់គោលដៅតំបន់ជាយក្រុងកំពុងអភិវឌ្ឍន៍ដូចជា ព្រែកព្នៅ កំបូល ច្បារអំពៅ និងសែនសុខ ជាកន្លែងដែលដីធ្លីមានតម្លៃសមរម្យជាង និងត្រូវបានគេរំពឹងថានឹងកើនឡើងកាន់តែច្រើននៅពេលដែលការពង្រីកទីក្រុងនៅតែបន្ត។

 ២. ផលចំណេញខ្ពស់

ក្រុមហ៊ុនប្រឹក្សាយោបល់អចលនទ្រព្យ និងរបាយការណ៍ទីផ្សារមួយចំនួនបានបង្ហាញថា ការទិញដី និងកាន់កាប់ដី (ទិញ និងកាន់កាប់ដី) អាចផ្តល់ផលចំណេញពីការវិនិយោគ(ROI)ខ្ពស់ជាងខុនដូ ឬអគារពាណិជ្ជកម្ម ដែលមានផលចំណេញចន្លោះពី១៥ ទៅ២៥ភាគរយ ជារៀងរាល់ឆ្នាំក្នុងរយៈពេលវែងនៅក្នុងទីតាំងយុទ្ធសាស្ត្រ។

ដីកម្ពុជាជាទូទៅមានតម្លៃថោកជាង នៅក្នុងរដ្ឋធានីអាស៊ីអាគ្នេយ៍ដែលមានភាពចាស់ទុំជាង ដែលអនុញ្ញាតឱ្យអ្នកវិនិយោគចូលក្នុងតម្លៃទាបជាងបើប្រៀបធៀប ទៅនឹងសក្តានុពលនាពេលអនាគត។

៣. ហានិភ័យ និងបញ្ហាប្រឈមដែលអ្នកត្រូវតែពិចារណា

បញ្ហានៃការរឹតបន្តឹងកម្មសិទ្ធិជនបរទេស ដោយជនបរទេសមិនអាចកាន់កាប់ដីដោយផ្ទាល់ នៅក្នុងប្រទេសកម្ពុជាបានទេ។

អ្នកវិនិយោគ ត្រូវតែប្រើប្រាស់រចនាសម្ព័ន្ធផ្លូវច្បាប់ ដូចជា ការជួលរយៈពេលវែង ការជឿទុកចិត្ត ឬរចនាសម្ព័ន្ធសាជីវកម្មជាមួយដៃគូកម្ពុជា ដែលទាំងអស់នេះបន្ថែមភាពស្មុគស្មាញ និងហានិភ័យ។

៤. ហានិភ័យផ្នែកច្បាប់ និងទីផ្សារ

ការផ្ទៀងផ្ទាត់ប័ណ្ណកម្មសិទ្ឋ និងភាពស្មុគស្មាញផ្នែកច្បាប់អាចជាបញ្ហាធ្ងន់ធ្ងរ។ កិច្ចព្រមព្រៀងដីធ្លីមួយចំនួនមានឯកសារ ឬជម្លោះមិនច្បាស់លាស់ ហើយប្រព័ន្ធច្បាប់ អាចមិនអាចការពារសិទ្ធិវិនិយោគិនបានដោយភាពជឿជាក់។

បញ្ហាអំពើពុករលួយ ែប្រតិបត្តិការក្រៅផ្លូវការ ដោយគ្មានការយកចិត្តទុកដាក់ពេញលេញអាចនាំឱ្យមានជម្លោះ ឬការបាត់បង់ផលប្រយោជន៍អចលនទ្រព្យ។

៥. ការប្រែប្រួលទីផ្សារ និងសាច់ប្រាក់ងាយស្រួល

អ្នកជំនាញនានាបានមើលឃើញថា ទីផ្សារដីធ្លីនៅភ្នំពេញបាន

ឃើញការធ្លាក់ចុះ និងការកែតម្រូវតម្លៃ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ពិសេសការលក់ដីធ្លីយ៉ាងឆាប់រហ័ស នៅពេលដែលអ្នកត្រូវការសាច់ប្រាក់ងាយស្រួល អាចពិបាកជាងការលក់ភាគហ៊ុន ឬអចលនទ្រព្យដែលបានអភិវឌ្ឍ។

៦. គោលដៅទីតាំងយុទ្ធសាស្ត្រ

ស្រុក និងខ័ណ្ឌ ដែលកំពុងរីកចម្រើននៅខាងក្រៅ ចេញពីកណ្តាលទីក្រុង ជារឿយៗជាការភ្នាល់ ROI ល្អជាង (ឧទាហរណ៍ សែនសុខ ច្បារអំពៅ ព្រែកព្នៅ កំបូល)។

លើសពីនេះ ការផ្តោតលើច្រករបៀងហេដ្ឋារចនាសម្ព័ន្ធ ដីធ្លីនៅជិតផ្លូវហាយវេនាពេលអនាគត ផ្លូវរង្វង់ តំបន់ឧស្សាហកម្ម ឬមជ្ឈមណ្ឌលដឹកជញ្ជូន ជាធម្មតាមានតម្លៃថ្លៃលឿនជាងមុន ជាអ្វីដែលអ្នកវិនិយោគគួរពិចារណា និងសម្លឹងរកឱកាសផងដែរ។

ជាមួយគ្នានេះ អ្នកជំនាញអចលនទ្រព្យបានលើកឡើងផងដែរថា

ការវិនិយោគដីធ្លី ជាធម្មតាមិនមែនជារយៈពេលខ្លីទេ វិនិយោគិនជាច្រើនអាចចំណាយពេលចន្លោះពី៥ ទៅ១០ឆ្នាំ ដើម្បីបង្កើនតម្លៃអតិបរមា៕

តើសេដ្ឋកិច្ចប្រទេសវេណេហ្សូអេឡាជាមួយអាមេរិក ចិន រុស្ស៊ីមានស្ថានភាពដូចម្តេច? មុនពេលប្រធានាធិបតីប្រទេសនេះត្រូវបានចាប់ខ្លួន?

ដោយៈ គង់ សូរិយា

    អាមេរិកឡាទីនៈ ការចាប់ខ្លួនដ៏គួរឲ្យភ្ញាក់ផ្អើល លើប្រធានាធិបតី ប្រទេសអាមេរិកឡាទីន នីកូឡាស ម៉ាឌូរ៉ូ ពីសំណាក់អាមេរិក បន្ទាប់ពីប្រតិបត្តិការដូចផ្លេកបន្ទោរ បានធ្វើឲ្យមេដឹកនាំពិភពលោកមានភាពស្រឡាំងកាំង។

មិនផ្តោតលើនយោបាយការបរទេស ឬជានិន្នាការនៃវដ្តប្រែប្រួលពិភពលោកនោះទេ ប៉ុន្តែPropertyarea.asia សូមលើកយកស្ថានភាពសេដ្ឋកិច្ច និងទំនាក់ទំនងសេដ្ឋកិច្ចរបស់ប្រទេសនេះ ជាមួយសហអាមេរិក ចិន និងរុស្ស៊ី។

ប្រទេសវេណេហ្សូអេឡា មានប្រជាជនសរុបជាង២៨,៥លាននាក់ និងយោងតាមការព្យាករណ៍របស់IMF ផលិតផលក្នុងស្រុកសរុបរបស់ប្រទេសនេះ មានចំនួនប្រហែល៨២,៨ពាន់លានដុល្លារ ក្នុងឆ្នាំ ២០២៥។

ប្រាក់ចំណូលប្រចាំឆ្នាំ ផលិតផលក្នុងស្រុកសរុបក្នុងមនុស្សម្នាក់ក្នុងឆ្នាំ 2025 របស់IMFបានបង្ហាញថា ប្រជាជនម្នាក់មានចំណូល៣១០០ដុល្លារក្នុងមនុស្សម្នាក់។

នីកូឡាស ម៉ាឌូរ៉ូ
នីកូឡាស ម៉ាឌូរ៉ូ

១ ទំហំពាណិជ្ជកម្មជាមួយអាមេរិក

ស្ថានភាពពាណិជ្ជកម្មរបស់វេណេស៊ុយអេឡា ជាមួយសហរដ្ឋអាមេរិកនៅឆ្នាំ២០២៥ទិន្នន័យដំបូងបង្ហាញថា ពាណិជ្ជកម្មរវាងវេណេស៊ុយអេឡា និងសហរដ្ឋអាមេរិក បានធ្លាក់ចុះប្រហែល៤% ក្នុងឆមាសទីមួយនៃឆ្នាំនេះ ដែលមានចំនួនសរុបប្រហែល៤,៤៦ ពាន់លានដុល្លារក្នុងការជួញដូរទំនិញ។

ការនាំចេញរបស់វេណេស៊ុយអេឡា ទៅកាន់សហរដ្ឋអាមេរិកត្រូវបានគ្របដណ្ដប់ដោយប្រេងឆៅ និងផលិតផលប្រេងកាត។ ថាមពលជាប្រវត្តិសាស្ត្រ មានចំណែកធំបំផុត នៃការនាំចេញរបស់វេណេស៊ុយអេឡាទៅកាន់សហរដ្ឋអាមេរិក ប្រហែលចន្លោះពី៨៥-៩០%នៃតម្លៃ។

២ ពាណិជ្ជកម្មជាមួយប្រទេសចិន

តួលេខផ្លូវការបង្ហាញថា ពាណិជ្ជកម្មរវាងប្រទេសវេណេស៊ុយអេឡា និងចិន បានឈានដល់ប្រហែល៦,៨ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៥ ដែលជាកម្រិតខ្ពស់បំផុតមួយក្នុងកំណត់ត្រា។

ការនាំចូលពីប្រទេសចិន រួមមាន គ្រឿងចក្រ គ្រឿងអេឡិចត្រូនិច និងទំនិញប្រើប្រាស់។ ការនាំចេញពីប្រទេសវេណេស៊ុយអេឡា តាមប្រវត្តិសាស្ត្រត្រូវបានគ្របដណ្ដប់ដោយប្រេង។

ទោះជាយ៉ាងណា មានការវាយតម្លៃពាណិជ្ជកម្មផ្សេងៗគ្នា ទាក់​ទងពាណិជ្ជកម្មប្រទេសទាំងពីរ ប្រភពអាជីវកម្មមួយចំនួនបានព្យាករ​ណ៍ថា ពាណិជ្ជកម្មអាចនឹងកើនឡើងចន្លោះពី៥ ទៅ២០ភាគរក ប្រសិ​នបើការធ្វើពិពិធកម្ម និងកិច្ចព្រមព្រៀងសេដ្ឋកិច្ចទទួលបានផ្លែផ្កា។

៣ ពាណិជ្ជកម្មជាមួយរុស្ស៊ី

ការផ្លាស់ប្តូរពាណិជ្ជកម្ម រវាងប្រទេសវេណេស៊ុយអេឡា និងរុស្ស៊ីក្នុងឆ្នាំ ២០២៥ មានប្រហែល ២០០ លានដុល្លារក្នុងឆ្នាំ ២០២៥ កើនឡើងគួរឱ្យកត់សម្គាល់ពីឆ្នាំមុនៗ ទោះបីជាមានទណ្ឌកម្មពីភាគីទាំងពីរក៏ដោយ។ ពាណិជ្ជកម្មទ្វេភាគីបានកើនឡើង ក្រោមយន្តការទូទាត់ជារូបិយប័ណ្ណជាតិដូចជាប្រាក់រូល និងប្រាក់បូលីវ៉ា។

អាជ្ញាធររុស្ស៊ីបានកត់សម្គាល់ឃើញកំណើន នៃការនាំចូលពីប្រទេសវេណេស៊ុយអេឡា ដោយរបាយការណ៍មួយចំនួនបង្ហាញថា ការនាំចេញរបស់ប្រទេសវេណេស៊ុយអេឡា ទៅកាន់ប្រទេសរុស្ស៊ីបានកើនឡើងបីដងនៅឆ្នាំ ២០២៥ និងគ្រោងបង្កើនដល់៤០០លានដុល្លារក្នុងមួយឆ្នាំនៅឆ្នាំ២០៣០៕