ដោយៈ ចំណាន
ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជា បានអនុម័តឲ្យឱ្យកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងកំពង់ផែស្វយ័តភ្នំពេញ ខ្ចីប្រាក់ប្រហែល២៦លានដុល្លារ ដើម្បីចូលរួមសាងសង់គម្រោងព្រែកជីកហ្វូណនតេជោ ជាមួយក្រុមហ៊ុនហ្វូណនតេជោ ខូសថល អ៊ុនឡេន វីរធើវេយ ឯ.ក។
យោងតាមច្បាប់ថវិកាជាតិសម្រាប់ឆ្នាំ២០២៦ ដែលទើបបានប្រកាសដាក់ឱ្យប្រើនាពេលថ្មីៗនេះ បានបញ្ជាក់ថា “សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦ អនុម័តយល់ព្រមឱ្យរាជរដ្ឋាភិបាល ឱ្យកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ និងកំពង់ផែស្វយ័តភ្នំពេញ ខ្ចីនូវទឹកប្រាក់ចំនួន១០៧ ៣៥៧លានរៀល ក្រោមក្របខ័ណ្ឌការផ្តល់ឥណទានរបស់រដ្ឋ សម្រាប់ការចូលទុនក្នុងក្រុមហ៊ុនហ្វូណនតេជោ ខូសថល អ៊ុនឡេន វីរធើវេយ ឯ.ក”។
-->
គម្រោងព្រែកជីកហ្វូណនតេជោ គឺជាគម្រោងដឹកជញ្ជូនផ្លូវទឹក តភ្ជាប់រវាងទន្លេ និងសមុទ្រដ៏មានសក្តានុពលមួយរបស់កម្ពុជា។ គម្រោងនេះត្រូវបានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤។

ព្រែកជីកហ្វូណនតេជោ តភ្ជាប់ពីទន្លេទៅសមុទ្រ មានប្រវែងជិត ១៨០គីឡូម៉ែត្រ ចាប់ផ្តើមពីព្រែកតាកែវ នៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកពោធិ៍ នៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីង នៃទន្លេបាសាក់ និងបន្តរហូតដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់ភូមិសាស្រ្តខេត្តចំនួន៤ រួមមាន ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប។
គម្រោងព្រែកជីកនេះ នឹងត្រូវសាងសង់ស្ទើរទាំងស្រុង លើតម្រាយខ្សែផ្លូវទឹកធម្មជាតិ និងផ្លូវទឹកបុរាណដែលបានបន្សល់ទុកស្រាប់តាំងពីសម័យអាណាចក្រហ្វូណនមកម្ល៉េះ ក្នុងនោះផ្លូវទឹកធម្មជាតិដែលមានស្រាប់ មានប្រវែងប្រមាណ១៣៥គីឡូម៉ែត្រ ផ្លូវទឹកត្រូវជីកតម្រង់កុំឱ្យកោងពេក មានប្រវែងប្រមាណ៣៨គីឡូម៉ែត្រ និងផ្លូវទឹកជីកថ្មីមានប្រវែងប្រមាណ៧គីឡូម៉ែត្រ ដើម្បីកាត់បន្ថយកំណោង និងកាត់បន្ថយចម្ងាយតភ្ជាប់ទៅកាន់សមុទ្រ។
គម្រោងនេះ ប្រើប្រាស់រយៈពេលសាងសង់ប្រមាណ៤៨ខែ និងគ្រោងបញ្ចប់ នៅក្នុងអំឡុងឆ្នាំ២០២៨ខាងមុខ ដោយប្រើប្រាស់ទុនវិនិយោគ សរុបប្រមាណ១.៧ពាន់លានដុល្លារអាម៉េរិក៕
