កម្ពុជាបាននិងកំពុងរៀបចំផ្ទៃដីទំហំជាង៧,២ លានហិកតាអភិរក្សជាតំបន់ធម្មជាតិ

ដោយៈ វិស្សុត

ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញផែនការ ពង្រឹងការគ្រប់គ្រង និងអភិរក្សតំបន់ធម្មជាតិសរុបចំនួន៦៩កន្លែង គ្របដណ្តប់លើផ្ទៃដីប្រមាណជាង៧,២ លានហិកតា ស្មើប្រមាណ៤១%នៃផ្ទៃដីសរុបរបស់កម្ពុជា ខណៈតំបន់ការពារ និងអភិរក្សមួយចំនួននៅក្នុងប្រទេសត្រូវបានទន្ទ្រាន និងកាន់កាប់ធ្វើជាកម្មសិទ្ធិខុសច្បាប់។

យោងតាមរបាយការណ៍របស់ក្រសួងបរិស្ថាន បានបង្ហាញនៅក្នុងកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យនិងពិភាក្សាលើការគ្រប់គ្រង តំបន់ការពារធម្មជាតិកាលពីពេលថ្មីៗនេះបានឱ្យដឹងថា តំបន់ធម្មជាតិនទាំងនោះរួមមាន តំបន់ឧទ្យានជាតិ តំបន់ដែនជម្រកសត្វព្រៃ តំបន់ការពារទេសភាព តំបន់ប្រើប្រាស់ច្រើនយ៉ាង តំបន់រាមសារ តំបន់ស្នូលនៃឋបនីយជីវមណ្ឌល តំបន់បេតិកភណ្ឌធម្មជាតិ តំបន់ឧទ្យានជាតិសមុទ្រ និងរបៀងអភិរក្សជីវៈចម្រុះ។

យោងតាមអនុក្រឹត្យ ដែលចុះហត្ថលេខាដោយសម្ដេចតេជោ ហ៊ុន សែនដែលបានផ្សព្វផ្សាយកាលពីន្លងមកនេះបង្ហាញថា ការបង្កើតតំបន់ការពារធម្មជាតិ ធ្វើឡើងក្នុងគោលបំណងដើម្បី ធានាការថែរក្សា និងការពារសោភ័ណភាពធម្មជាតិ ប្រព័ន្ធអេកូឡូស៊ី សារព័នមជ្ឈដ្ឋានធម្មជាតិ សត្វព្រៃ រុក្ខជាតិ និងវប្បធម៌ ថែរក្សាការពារលំនឹងបរិស្ថាន និងរួមចំណែកកាត់បន្ថយការប្រែប្រួលអាកាសធាតុ និងហានិភ័យគ្រោះមហន្តរាយធម្មជាតិ។

អនុក្រឹត្យដដែលបន្តថា តំបន់ការពារធម្មជាតិនេះ នឹង ផ្តល់ផលិតផល និងសេវាកម្មធម្មជាតិ សម្រាប់ការប្រើប្រាស់ប្រកបដោយនិរន្តភាព លើកកម្ពស់ការចូលរួមរបស់សហគមន៍មូលដ្ឋាន ក៏ដូចជាសាធារណជន ក្នុងការរួមចំណែកដល់ការគ្រប់គ្រង ការការពារ និងកាអភិរក្សជីវៈចម្រុះ និងធនធានធម្មជាតិក្នុងតំបន់ ថែរក្សាការពារ វប្បធម៌ ប្រពៃណី ការអភិវឌ្ឍ និងសារៈសំខាន់ផ្នែកវប្បធម៌របស់សហគមន៍មូលដ្ឋាន និងបង្កើនតួនាទីប្រព័ន្ធអេកូឡូស៊ីក្នុងតំបន់ការពារធម្មជាតិ សម្រាប់ជាផលប្រយោជន៍ ដល់សង្គមជាតិគ្រប់ជំនាន់។

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីពេលថ្មីបានចេញ“វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ” ជូនក្រសួងបរិស្ថានចំនួន១៨ប័ណ្ណ ក្នុងនោះ១០ប័ណ្ណ សម្រាប់សម្គាល់កម្មសិទ្ធិដីរដ្ឋក្នុងតំបន់ស្នូល និងតំបន់អភិរក្សនៃដែនជម្រកសត្វព្រៃ ពាមក្រសោប ខេត្តកោះកុង ដែលគ្រប់ដណ្តប់លើផ្ទៃដីសរុប៤.៦៧២,៦១ហិកតា និង៨ប័ណ្ណសម្រាប់សម្គាល់កម្មសិទ្ធិដីរដ្ឋក្នុងតំបន់ស្នូល នៃដែនជម្រកសត្វព្រៃភ្នំព្រេច ខេត្តមណ្ឌលគីរី ដែលគ្របដណ្តប់លើផ្ទៃដីសរុប៤៥.៥១៩,២៦ ហិកតា។

ក្រសួងបរិស្ថានបញ្ជាក់ថា “នេះគឺជាលទ្ធផលប្រវត្តិសាស្ត្រសម្រាប់កម្ពុជា ដែលរាជរដ្ឋាភិបាលបានគាំទ្រ និងជំរុញឱ្យមានការចុះបញ្ជីដីរដ្ឋ នៅក្នុងតំបន់ការពារធម្មជាតិជាលើកដំបូង ហើយក៏ឆ្លុះបញ្ចាំងអំពីការយកចិត្តទុកដាក់ និងការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាលលើការងារការពារ និងអភិរក្សធនធានធម្មជាតិនៅកម្ពុជាផងដែរ។

ក្រសួងបរិស្ថាន ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល ទទួលបន្ទុកគ្រប់គ្រងតំបន់ការពារធម្មជាតិ នឹងបន្តដកស្រង់មេរៀន និងបទពិសោធពីគម្រោងនេះ ដើម្បីកែសម្រួលនីតិវិធី និងជំរុញដំណើរការចុះបញ្ជីដីរដ្ឋ នៅក្នុងតំបន់ការពារធម្មជាតិដទៃទៀតនៅទូទាំងប្រទេស៕

ដំណឹងល្អៈអ្នកជំនាញកម្ពុជា កូរ៉េចាប់ផ្តើមធ្វើការជាមួយក្រុមហ៊ុនឌីសាញស្ពានតភ្ជាប់រវាងតំបន់ជ្រោយចង្វារ និងស្វាយជ្រុំហើយ

ដោយៈគង់ ម៉ាលីន
ភ្នំពេញៈ ជាដំណឹងល្អមួយនៃការទន្ទឹងរង់ចាំ របស់ប្រជាពលរដ្ឋរស់នៅតំបន់ស្វាយជ្រុំ ព្រោះបច្ចុប្បន្នអ្នកជំនាញការកម្ពុជា កូរ៉េកំពុងធ្វើការរូមគ្នាជាមួយក្រុមហ៊ុនឌីសាញស្ពានតភ្ជាប់រវាងតំបន់ជ្រោយចង្វារ តភ្ជាប់ទៅតំបន់ស្វាយជ្រុំហើយ។

អ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូន លោកវ៉ាស៊ីម សូរិយាបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនាល្ងាចថ្ងៃទី២៤ ឧសភានេះថា ក្រុមការងារកូរ៉េ និងកម្ពុជាកំពុងធ្វើការចចារ ពីការរចនាស្ពានតភ្ចាប់តំបន់ខាងលើនេះ ដើម្បីឈានទៅធ្វើការងារជាបន្តបន្ទាប់ទៀត។លោកបន្តថា ក្រុមការងារប្រទេសទាំងពីរកំពុងធ្វើការ លើការងារនេះហើយ ប៉ុន្តែលទ្ឋផលបែបណាលោកមិនទាន់បញ្ជាក់បាននៅឡើយទេ។

លោកបន្តថា “តាមខ្ញុំយល់ក្រុមហ៊ុនកំពុងសិក្សាពីស្ពាននេះ និងសិក្សាពីខ្ទង់ចំណា​យជាក់លាក់ មុនសម្រេចធ្វើការងារតាមនិតិវិធីបន្តទៀត”។លោកបន្តថា “គំរោងស្ពាននេះអាចមានជម្រើសពីរទៅបី ដោយអាចចេញពីតំបន់ជ្រោយចង្វារទៅស្វាយជ្រុំ ឬអាចនៅទីតាំងជិតគ្នានេះ ព្រោះធម្មតាការសិក្សាតែងតែមានជម្រើសពីរឬបី ដើម្បីងាយស្រួលជ្រើស​រើស”។

លោកវ៉ាស៊ីម សូរិយាបានបន្តថា គំរោងជួយស្ថាបនាស្ពានឆ្លងកាត់ទន្លេមេគង្គនេះ ធ្លាប់ត្រូវបានប្រកាស ដោយលោកប្រធានាធិបតីកូរ៉េ ម៉ូន ជេអ៊ីន ពេលលោកចូលរួមសន្និសីទអន្តរជាតិមួយ ដែលរៀបចំឡើងដោយប្រទេសវៀតណាមកាលពីចុងឆ្នាំមុន។

សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា ធ្លាប់បានស្នើសុំភាគីកូរ៉េជួយសាងសង់ស្ពានមិត្តភាពកម្ពុជាកូរ៉េ​ ដើម្បីធ្វើជាចំណងដៃមិត្តភាពនៃប្រទេសទាំងពីរ ខណៈមិត្តជប៉ុន និងចិនបានជួយសាងសង់ស្ពានមិត្តភាព ជាមួយកម្ពុជាជាច្រើនគំរោងរួចហើយ៕

តំបន់ជុំវិញព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីទាក់ទាញគំរោងអភិវឌ្ឍបុរី និងមជ្ឈមណ្ឌលពាណិជ្ជកម្មបណ្តើរៗ

ដោយៈគង់ សូរិយា

កណ្តាលៈ ខណៈវឌ្ឈនភាពនៃការសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី បានកាន់តែបង្ហាញរូបរាងកាន់តែច្រើន អ្នកវិនិយោគជាច្រើនបានវិនិយោគសាងសង់បុរី ផ្សារទំនើប និងគំរោងមជ្ឈមណ្ឌលពាណិជ្ជកម្មជាច្រើននៅជុំវិញតំបន់នេះ។

អភិបាលខេត្តកណ្តាល លោកគង់ សោភ័ណ្ឌ បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទកាលពីពេលថ្មីៗនេះថា សម្រាប់ការអភិវឌ្ឍក្នុងវិស័យសំណង់របស់ឯកជន ដូចជា ការសាងសង់លំនៅដ្ឋានផ្សេងៗ បានចាប់ផ្តើមសកម្មភាពយ៉ាងសកម្មហើយ ខណៈហាងកាហ្វេមួយចំនួន បានបើកដំណើរការនៅជុំវិញតំបន់ខ្សែក្រវ៉ាត់ក្រុងទី៣ផងដែរ។

លោកបន្តថា “គម្រោងអភិវឌ្ឍន៍មួយចំនួន នឹងលេចចេញជារូបរាងបណ្តើរៗហើយ បន្ទាប់ពីហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ពិសេសផ្លូវក្រវ៉ាត់ក្រុងទី៣បាននិងកំពុងពន្លឿនការសាងសង់”។

នាយិកាក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យAMATAK Property Service លោកស្រី តាំង ហួរ បានមានប្រសាសន៍ថា សម្រាប់ការអភិវឌ្ឍវិស័យលំនៅដ្ឋាននៅតំបន់ជាប់ ឬក្បែរគម្រោងសាងសង់ ព្រលានយន្តអន្តរជាតិ-ភ្នំពេញថ្មី បានចាប់ផ្តើមមានសកម្មភាពបណ្តើរៗហើយ។

លោកស្រីបានបន្តថា “យើងឃើញថាកំណើននៃការអភិវឌ្ឍ វិស័យលំនៅដ្ឋាននៅប៉ែកខាងត្បូងក្រុងមានកំណើនច្រើន ប៉ុន្តែសម្រាប់នៅក្បែរគម្រោងព្រលានយន្តហោះ គឺនៅមិនទាន់មានគម្រោងអភិវឌ្ឍន៍ធំៗនោះទេ”។

លោកស្រីបន្តថា “នៅតំបន់នេះផ្ទៃដីភាគច្រើនត្រូវបានអ្នកភិវឌ្ឍន៍ទិញទុក ដែលរង់ចាំតែពេលវេលាល្អមកដល់ពួកនឹងចាប់ផ្តើមសកម្មភាពសាងសង់ជាមិនខាន”។

លោកស្រីតាំង ហួរបានបញ្ជាក់ថា សព្វថ្ងៃនេះ សម្រាប់វិស័យលំនៅដ្ឋានភាគខាងត្បូងក្រុង គឺនៅតែបន្តមានការសាងសង់ជាបន្តបន្ទាប់ ហើយតម្រូវការក៏នៅតែមានទៅលើប្រភេទលំនៅដ្ឋាន ដែលមានតម្លៃក្រោម១០ម៉ឺនដុល្លារ ជាពិសេសបណ្តុំលំនៅដ្ឋានដែលស្ថិតនៅផ្លូវធំនៃតំបន់ជាយក្រុង។ ជាក់ស្ដែងដូចជា នៅម្ដុំគួរស្រូវ តំបន់ព្រែកកំពឺស និងតំបន់ព្រែកហូរ ជាដើម ដែលកំពុងមានសកម្មភាពសាងសង់ដ៏មមាញឹក។

គម្រោងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ស្ថាបនាលើដីទំហំប្រមាណ២៦០០ ហិកតា មានបណ្តោយប្រមាណ៦គីឡូម៉ែត្រ និងទទឹងប្រមាណ៤គីឡូម៉ែត្រ ។ដំណើការ នៃការសាងសង់ព្រលានយានដ្ឋានអន្តរជាតិភ្នំពេញថ្មី អាចនឹងរួចរាល់នៅឆ្នាំ២០២៣ខាងមុខនេះ។

ទុនវិនិយោគព្រលានយន្ដហោះមួយនេះ មានទំហំទឹកប្រាក់ប្រមាណ១៥០០លានដុល្លារ ដែលជាប្រភេទ 4F អនុញ្ញាតឱ្យប្រភេទព្រលានយន្តហោះធំ Airbus A380-800 និង យន្តហោះ Boeing 747-800 ហោះហើរពីឆ្ងាយឆ្លងទ្វីបចុះចតបាន៕

អាស៊ានចាំបាច់បង្កើនការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធដើម្បីជំរុញការតភ្ជាប់កាន់តែទូលំទូលាយនៅក្នុងតំបន់

ដោយៈ ម៉ាណេត
ភ្នំពេញៈ អាស៊ានត្រូវចាំបាច់ក្នុងការបង្កើនការចំណាយ លើហេដ្ឋារចនាសម្ព័ន្ធឱ្យបានច្រើន ហើយថែមទាំងត្រូវបង្កើនផលិតភាពនៃហេដ្ឋារចនាសម្ព័ន្ធ ដើម្បីសម្រេចបាននូវកំណើនប្រកបដោយគុណភាពការ អភិវឌ្ឍន៍សម្រាប់ទាំងអស់គ្នា ការធ្វើសមាហរណ កម្ម និងការតភ្ជាប់កាន់តែទូលំទូលាយនៅក្នុងតំបន់អាស៊ាន។ នេះបើយោងតាមការលើកឡើងដោយក្រសួងសាធារណៈការ នឹងដឹកជញ្ជូន។

ការលើកឡើងបែបនេះត្រូវបានធ្វើឡើង នៅក្នុងវេទិកាសង្គមនីយកម្មនៃក្របខ័ណ្ឌសម្រាប់ការធ្វើឱ្យប្រសើរឡើង នូវផលិតភាពហេដ្ឋារចនាសម្ព័ន្ធអាស៊ាន (Socialization Forum of the Framework for Improving ASEAN Infrastructure Productivity)   នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ ដែលការចូលរួមពីលោកឈៀង ពេជ្រអគ្គនាយកនៃអគ្គនាយកដ្ឋានភស្តុភារកម្ម និងជាប្រធានឧត្តមន្រ្តីដឹកជញ្ជូនអាស៊ាន នៅទីស្ដី ក្រសួងសាធារណការ និងដឹកជញ្ជូន។

វេទិការនេះរៀបចំឡើងក្នុងគោលបំណង ធ្វើឱ្យអង្គភាពពាក់ព័ន្ធរបស់អាស៊ាន និងដៃគូខាងក្រៅពាក់ព័ន្ធ បានយល់ដឹងអំពីក្របខ័ណ្ឌនេះ ផ្តល់ជាវេទិកាសម្រាប់ភាគីពាក់ព័ន្ធក្នុងការចែករំលែកបទពិសោធន៍ និងពិភាក្សាអំពីបញ្ហាបច្ចុប្បន្ន ទាក់ទងនឹងផលិតភាពហេដ្ឋារចនាសម្ព័ន្ធ រួមទាំងផលប៉ះពាល់នៃជំងឺកូវីដ១៩ ជួយឱ្យរដ្ឋជាសមាជិកអាស៊ានបង្កើតផែនការសកម្មភាពរបស់ខ្លួន ដោយពិចារណាលើបញ្ហាប្រឈមជំងឺកូវីដ១៩។

អាស៊ានស្ថិតនៅក្នុងបរិយាកាសមួយ ដែលចាំបាច់ត្រូវដោះស្រាយបញ្ហាប្រឈម ក្នុងការធ្វើឱ្យប្រសើរឡើងផលិតភាពទូទៅ ដើម្បីសម្រេចបាននូវកំណើនប្រកបដោយគុណភាពការ អភិវឌ្ឍន៍សម្រាប់ទាំងអស់គ្នា ការធ្វើសមាហរណកម្ម និងការតភ្ជាប់កាន់តែទូលំទូលាយ នៅក្នុងតំបន់អាស៊ាន។

ដោយសារធនធានមានកម្រិត និងដោយពិនិត្យឃើញពីតម្រូវការហេដ្ឋារចនាស   ម្ព័ន្ធដ៏ធំធេងនៅក្នុងតំបន់ អាស៊ានមិនត្រឹមតែចាំបាច់ ក្នុងការបង្កើនការចំណាយលើហេដ្ឋារចនាសម្ព័ន្ធឱ្យបានច្រើនថែមទៀតប៉ុណ្ណោះទេ ប៉ុន្តែអាស៊ានថែមទាំងត្រូវបង្កើនផលិតភាពនៃហេដ្ឋារចនាសម្ព័ន្ធផងដែរ។

កាលពីថ្មីៗនេះ កម្ពុជា និងរដ្ឋជាសមាជិកអាស៊ាន បានប្តេជ្ញាធ្វើឱ្យប្រសើរឡើងនូវការដឹកជញ្ជូនក្នុងតំបន់ ខណៈពេលវិស័យនេះ កំពុងទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីការរាតត្បាតនៃជំងឺកូវីដ១៩។

បច្ចុប្បន្ននេះ សមាជិកអាស៊ានទាំងអស់ កំពុងពិភាក្សារកវិធីសម្របសម្រួលការដឹកជញ្ជូនឱ្យមានភា ប្រសើរឡើង ដោយក្នុងនោះមានកិច្ចព្រមព្រៀង ក្របខ័ណ្ឌអាស៊ានចំនួន៤បានចាប់ផ្តើមអនុវត្តជាជំហានៗ ដើម្បីស្តារការដឹកជញ្ជូនក្នុងតំបន់ឡើងវិញ ប៉ុន្តែដោយ​សារតែបញ្ហានៃការរាតត្បាតជំងឺកូវីដ១៩ ការអនុវត្ត កិច្ចព្រមព្រៀងទាំងនេះបានជួបប្រទះនូវបញ្ហារអាក់រអួល។

ជាមួយគ្នានេះផងដែរ ភាគីកម្ពុជាកំពុងខិតខំប្រឹងប្រែង ធ្វើការជាមួយភាគីថៃក្នុងការរិះរកនីតិវិធីបើកច្រកទ្វារ ព្រំដែនអន្តរជាតិស្ទឹងបត់-បានណងអៀន ជាបណ្ដោះអាសន្ន ដើម្បីសម្រួលដល់ការដឹកជញ្ជូនទំនិញ ឆ្លងកាត់ច្រកទ្វារព្រំដែនរវាងប្រទេសទាំងពីរ និងធ្វើការជាមួយភាគីវៀតណាម ដើម្បីបើកច្រកទ្វារព្រំដែនព្រៃវល្លិ៍-ព្រែកចាកផងដែរ។

ប្រសិនបើច្រកទ្វារទាំងនេះត្រូវបានបើកដំណើរការ វានឹងជួយសម្រួលដល់ការដឹក ជញ្ជូនទំនិញ ជំរុញកំណើនពាណិជ្ជកម្ម ទេសចរណ៍ បើកឱកាសយ៉ាងទូលំទូលាយដល់កិច្ចសហប្រតិបត្តិ ការអន្តរជាតិ ការវិនិយោគ ការធ្វើពាណិជ្ជកម្មឆ្លងដែន ការបង្កើតការងារធ្វើ និងការទាក់ទាញភ្ញៀវទេសចរ សំដៅលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិផងដែរ។

ជាងនេះទៅទៀត កម្ពុជាបាននិងកំពុងខិតខំប្រែងប្រែងពង្រីក និងបង្កើនចំនួនគន្ល​ងផ្លូវដឹកជញ្ជូននៅច្រក ទ្វារព្រំដែនបាវិត ព្រំដែនកម្ពុជា-វៀតណាម ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ សម្រួលដល់ការដឹកជញ្ជូនទំនិញ ឱ្យបានឆាប់រហ័សទៅមកជាមួយភាគីវៀតណាម។

ទោះជាយ៉ាងណាក៏ដោយ ការដឹកជញ្ជូនទំនិញនៅក្នុងតំបន់អាស៊ាន នៅតែមានភាពល្អប្រសើរជាទូទៅ ទោះបីជាមានឧបសគ្គខ្លះក្នុងកំឡុងពេលមានជំងឺរាលដាល។ ការដឹកជញ្ជូនរបស់បណ្តាប្រទេសអាស៊ាន ត្រូវបានរាំងស្ទះដោយសារតែសមាជិកអាស៊ានបានរឹតបន្តឹងសន្តិសុខផ្ទៃក្នុងរបស់ខ្លួនរៀងៗខ្លួន ក្នុងនោះប្រទេសនីមួយៗរបស់អាស៊ានបានរឹតបន្ដឹង ការឆ្លងកាត់ដោយសារតែវិបត្តិជំងឺកូវីដ-១៩ ឧទាហរណ៍ពីមុន គេអាចដឹកទំនិញបានក្នុងមួយថ្ងៃ ប៉ុន្តែឥឡូវត្រូវចំណាយពេលពី២ទៅ៣ថ្ងៃ ទើបអាចធ្វើទៅបាន។ ចំពោះ ការដឹកជញ្ជូនទ្វេភាគីនៅតែមានភាពរលូន បន្ទាប់ពីមានវិបត្តិកូវីដ១៩ អស់រយៈពេលជាងមួយឆ្នាំកន្លងទៅ។

កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ លេខាធិការដ្ឋានអាស៊ាន បានរៀបចំសិក្ខា សាលាលើកទីមួយ លើកសាងសមត្ថភាពថ្នាក់តំបន់តាមប្រព័ន្ធវីដេអូពីចម្ងាយ ក្រោមប្រធានបទ “ការ រក្សាការតភ្ជាប់សម្រាប់ខ្សែសង្វាក់ផ្គត់ផ្គង់ ប្រកបដោយប្រសិទ្ធភាព និងភាពធន់” សហការជាមួយអង្គការUNESCAP និងវេទិកាដឹកជញ្ជូនអន្តរជាតិ(ITF) ដើម្បីប្រមូលធាតុចូល និងស្វែងរកដំណោះស្រាយចំពោះបញ្ហា នៃការដឹកជញ្ជូនរបស់អាស៊ានក្នុងអំឡុងពេលនៃការឆ្លងរាតត្បាតជំងឺកូវីដ១៩ ដោយមានការចូលរួមពីតំណាងរដ្ឋជាសមាជិកអាស៊ានទាំងអស់ នៅទីក្រុងJakarta ប្រទេសឥណ្ឌូនេស៊ី។

ដោយឡែក បច្ចុប្បន្ននេះប្រទេសកម្ពុជា កំពុងរិះរកវិធានការអនុវត្តប្រកបដោយប្រសិទ្ធភាព និងគ្រប់ជ្រុងជ្រោយ ដើម្បីចូលរួមកាត់បន្ថយចំណាយ លើសេវាដឹកជញ្ជូនទំនិញនៅកម្ពុជា និងជំរុញការអនុវត្តគោលនយោបាយកិច្ច សម្រួលពាណិជ្ជកម្មរបស់រដ្ឋាភិបាល និងលើកកម្ពស់ឧត្តមភាពប្រកួតប្រជែងរបស់កម្ពុជា នៅក្នុងស្ថានភាពនៃការផ្ទុះរីករាលដាលនៃជំងឺកូវីដ១៩៕

គំរោងអភិវឌ្ឈន៍ឆ្នេរសប្បនិម្មិតតម្លៃរាប់រយលានដុល្លារទំហំ២០០ហិកតាខេត្ត កំពតកំពុងបន្តសាងសង់

ដោយៈគង់ សូរិយា
កំពតៈ គំរោងវិនិយោគឆ្នេរសម្បនិម្មិតដ៏ធំ ទំហំ២០០ហិកតានៅខេត្តកំពត បាននិងកំពុងបន្តសាងសង់ ខណៈអាជ្ញាធរខេត្តកំពុងជម្រុញឲ្យក្រុមហ៊ុនពន្លឿនផែនការរបស់ខ្លួន ដើម្បីអាចទទួលភ្ញៀវទេសចរណ៍៍នៅចុងឆ្នាំនេះ។

អភិបាលខេត្តកំពត លោកជាវ តាយបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនារសៀ​លថ្ងៃទី២៤ ឧសភានេះថា គំរោងអភិវឌ្ឍន៍នេះ ជាការវិនិយោគរួមរវាងរដ្ឋាភិបាល និងក្រុមហ៊ុនឯកជន ដោយគំរោងនេះរដ្ឋទទួលបាន៤០ភាគរយ និងមានផ្ទៃដី៨០ហិកតា និងក្រុមហ៊ុនទទួលបាន៦០ភាគរយ និងមានផ្ទៃដី១២០ហិកតា។

លោកបន្តថា “បច្ចុប្បន្នក្រុមហ៊ុនកំពុងដំណើរការសាងសង់ ហើយក្នុងនាមអាជ្ញាធរ​ខេត្តកំពុងជម្រុញឲ្យក្រុមហ៊ុនពន្លឿនគំរោងនេះ ដើម្បីអាចទទួលភ្ញៀវទេសចរណ៍នៅចុងឆ្នាំ២០២១នេះ”។លោកបន្តថា “គម្រោងនេះធំណាស់ មានផ្នែកជាច្រើនទាំងសណ្ឋាគារ ភោជនីយដ្ឋាន អាផាតម៉ិន ផ្សារទំនើប ទីលានវាយកូនហ្គោល ឆ្នេរខ្សាច់សម្បនិម្មិត និងសេវាកម្មកំសាន្តលំដាប់អន្តរជាតិជាច្រើនទៀត”។

លោកអភិបាលខេត្តបានបន្តថា គម្រោងនេះ ស្ថិតនៅលើផ្លូវជាតិចេញពីក្រុងកំពត ឆ្ពោះទៅកាន់ក្រុងព្រះសីហនុ ពោលគឺមានចម្ងាយត្រឹម៧០០ម៉ែត្រទៀតប៉ុណ្ណោះនឹងដល់មាត់ច្រកចូលរមណីយដ្ឋានភ្នំបូកគោ។លោកបន្តថា បើគិតពីរាជធានីភ្នំពេញ គំរោងនេះមានចម្ងាយ១៥៥គីឡូម៉ែត្រ តែបើគិតពីខេត្តមានចម្ងាយត្រឹម៧គីឡូម៉ែត្រប៉ុណ្ណោះ។

គម្រោងនេះវិនិយោគដោយក្រុមហ៊ុនចិនដ៏ធំមួយ ដែលគ្រោងចំណាយទុនរហូតដល់២៣ពាន់លានដុល្លារអាមេរិកឯណោះ។

គម្រោងនេះមានឈ្មោះថា “French Riviera Marina” ដែលជាគំរោងមួយចូលរួមដើម្បីអភិវឌ្ឍន៍ខេត្តកំពត និងខេត្តកែប ដែលនៅជិតគ្នានេះឲ្យក្លាយជាតំបន់មួយ ដែលមានសក្តានុពលសម្រាប់គម្រោងអភិវឌ្ឍន៍លំនៅឋាន ផ្សារទំនើប កំពង់ផែ និងមជ្ឈមណ្ឌលពាណិជ្ជកម្មជាច្រើនទៀត។

លោកឈាង សុផាន់ណា ប្រធានផ្នែកលក់អន្តរជាតិរបស់ក្រុមហ៊ុន Pallas Group ធ្លាប់បានឲ្យដឹងកាលពីពេលថ្មីៗនេះថា ក្រុមហ៊ុនរបស់លោកមានគម្រោងអភិវឌ្ឍន៍នៅខេត្តកំពត និងនៅខេត្តកែប សម្រាប់ធ្វើជាតំបន់រស់នៅ តំបន់ធុរកិច្ច និងតំបន់ទេសចរណ៍ និងអគារលំហែកាយ ដូចជាស្ទូឌីយោខ្សែភាពយន្ត មជ្ឈមណ្ឌលជិះសេះជាដើម ត្រូវបានរាជរដ្ឋាភិបាលអនុញ្ញាតហើយ កាលពីថ្ងៃទី១២ ខែតុលា ហើយការសាងសង់គម្រោងនេះគ្រោង នឹងចាប់ផ្តើមក្នុងខែមីនាឆ្នាំក្រោយ។

លោកបន្តថា “នេះជាគម្រោងទីមួយដែលមិនធ្លាប់មាន នៅប្រទេសកម្ពុជា ដែលមានទំហំធំលំដាប់អន្តរជាតិ និងសំដៅទទួលយកភ្ញៀវបរទេស មកពីគ្រប់តំបន់ជុំវិញពិភពលោក”។

យោងតាមឯកសាររបស់ក្រុមហ៊ុនបានបង្ហាញថា Pallas Group ជាក្រុមហ៊ុនអចល​នទ្រព្យអន្តរជាតិ នឹងវិនិយោគលើផ្ទៃដីចំនួន៤១៥៨ហិកតា នៅខេត្តកំពត និងមួយទៀតនៅក្នុងខេត្តកែប លើផ្ទៃដីចំនួន១៤៤ហិកតា។

លោកCooler Tanអគ្គនាយកក្រុមហ៊ុនYoungsia Real Estateបានមានប្រសា​សន៍ថា ខេត្តកំពត ជាតំបន់មានសក្តានុពលយ៉ាងខ្លាំង ដោយសារសក្តានុពលជាច្រើនដែលខេត្តនេះមាន ពិសេសក្រោយពេលរដ្ឋាភិបាល ប្រកាសពង្រីកផ្លូវជាតិលេខ៣ភ្លាម ខេត្តកំពតបានទាក់ទាញគំរោងអភិវឌ្ឍន៍ជាច្រើនរួចទៅហើយ ខណៈបច្ចុប្បន្នផ្លូវដ៏សំខាន់នេះបានជិតដល់ដំណាក់កាលបញ្ចប់។

លោកបន្តថា “ជាមួយនឹងវត្តមានគំរោងដ៏ធំនេះ នឹងធ្វើឲ្យតំបន់ជើងភ្នំបូកគោកាន់​តែរីកចម្រើនកាន់តែលឿន ខណៈរដ្ឋាភិបាលបាននិងកំពុងចាប់ផ្តើម ដំណើរការរៀបចំរចនាសម្ព័ន្ឋគ្រប់គ្រង”។លោកបន្តថា “ការកសាងតំបន់ឆ្នេរសម្បនិម្មិតនេះ បាននិងកំពុងធ្វើឲ្យតំបន់ជុំវិញមានភាពរីកចម្រើន ស្របពេលទីតាំងនេះមានភាពអំណោយផលទាំងលក្ខខ័ណ្ឌអាកាសធាតុ សណ្ឋានដី និងទេសភាពដ៏ប្រណីតនៃភ្នំបូកគោ”។

ប្រធានមន្ទីរពិសោធន៍វីរុសក្រុងវូហាន ច្រានចោលរបាយការណ៍របស់កាសែតអាមេរិកចោទថាបុគ្គលិកមន្ទីរពិសោធន៍ធ្លាក់ខ្លួនឈឺដោយសារកូវីដ-១៩

ដោយៈសុខុម

ប្រទេសចិនៈ លោកYuan Zhiming ប្រធានមន្ទីរពិសោធន៍សុវត្ថិភាពជីវសាស្ត្រជាតិក្រុងវូហាន (Wuhan National Biosafety Laboratory) នៃវិទ្យាស្ថានស្រាវជ្រាវអំពីវីរុសក្រុងវូហាន (Wuhan Institute of Virology) បានច្រានចោលរបាយការណ៍ស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិក ដែលអះអាងដោយគ្មានមូលដ្ឋានថា បុគ្គលិកនៅវិទ្យាស្ថាននេះ ធ្លាក់ខ្លួនមានជំងឺដោយសារវីរុសកូវីដ-១៩។

ប្រធានវិទ្យាស្ថានរូបនេះ បានប្រាប់កាសែតចិន Global Times នៅថ្ងៃច័ន្ទ ទី២៤ ឧសភា នេះថា ការចុះផ្សាយរបស់កាសែតអាមេរិក The Wall Street Journal ដែលលើកឡើងថា អ្នកស្រាវជ្រាវ៣នាក់មកពីមន្ទីរពិសោធន៍ខាងលើ បានធ្លាក់ខ្លួនមានជំងឺពាក់ព័ន្ធនឹងកូវីដ-១៩ កាលពីខែវិច្ឆិកា ឆ្នាំ២០១៩ គឺគ្មានមូលដ្ឋានឡើយ។
លោកYuan Zhiming និយាយថា “ខ្ញុំបានអានព័ត៌មាននោះហើយ ហើយវាជាព័ត៌មានភូកកុហកទាំងស្រុង” នៅពេលកាសែតGlobal Times សាកសួរនៅព្រឹកថ្ងៃច័ន្ទ នេះអំពីការចុះផ្សាយរបស់កាសែត The Wall Street Journal ដែលបានចុះផ្សាយកាលពីថ្ងៃអាទិត្យ ចុងសប្ដាហ៍មុនដោយដាក់ចំណងជើងថា “Intelligence on Sick Staff at Wuhan Lab Fuels Debate on COVID-19 Origin” (ព័ត៌មានស៊ើបការណ៍សម្ងាត់អំពីបុគ្គលិកធ្លាក់ខ្លួន មានជំងឺក្នុងពេលពិភាក្សា នៅមន្ទីរពិសោធន៍ក្រុងវូហាន អំពីប្រភពដើមនៃវីរុសកូវីដ-១៩)។

របាយការណ៍នេះលើកឡើងថា អ្នកស្រាវជ្រាវប៉ុន្មាននាក់នៅមន្ទីរពិសោធន៍នោះបានធ្លាក់ខ្លួន មានជំងឺនៅរដូវស្លឹកឈើជ្រុះឆ្នាំ២០១៩ ដោយមានអាការៈរោគសញ្ញាដូចទាំងកូវីដ-១៩ និងគ្រុនផ្ដាសាយធម្មតា។

អ្នកស្រាវជ្រាវជនជាតិចិនរូបនេះបានប្រាប់កាសែត Global Times ទៀតថា “ការអះអាងទាំងនោះ គ្មានមូលដ្ឋានទាល់តែសោះ។ មន្ទីរពិសោធន៍មិនបានដឹងអំពីស្ថានភាពនេះទេ [អ្នកស្រាវជ្រាវធ្លាក់ខ្លួនមានជំងឺ នៅរដូវស្លឹកឈើជ្រុះឆ្នាំ២០១៩] ហើយខ្ញុំក៏មិនទាំងដឹងថាព័ត៌មានបែបនេះចេញពីទីណានោះដែរ”។

កាសែត The Wall Street Journal បានចុះផ្សាយដំណឹងនេះមួយថ្ងៃ មុនសន្និបាតពិភពលោកស្ដីពីសុខាភិបាល (World Health Assembly) ដែលគេរំពឹងថានឹងពិភាក្សាអំពីដំណាក់កាលបន្ទាប់ នៃការស្រាវជ្រាវរកប្រភពដើមនៃវីរុសកូវីដ-១៩។

ក្រុមអ្នកនយោបាយ និងប្រព័ន្ធផ្សព្វផ្សាយរបស់សហរដ្ឋអាមេរិក បាននិងកំពុងព្យាយាមស្វែងរកប្រភពដើម នៃវីរុសកូវីដ-១៩ ជាថ្មីម្ដងទៀត ទោះបីជាអ្នកវិទ្យាសាស្ត្រមកពីក្រុមសិក្សាស្រាវជ្រាវរួមគ្នាមួយ ដែលមានសមាសភាពមកពីអង្គការសុខភាពពិភពលោក និងប្រទេសចិន បានឈានដល់ការសន្និដ្ឋានរួចហើយ នៅក្នុងរបាយការណ៍ពេញលេញមួយ ក្រោយពីចុះទៅសិក្សាផ្ទាល់នៅក្រុងវូហានក្ដី៕

BKK AVENUE ទីតាំងពាណិជ្ជកម្មសម្រាប់លក់ដំបូងគេនៅបឹងកេងកង១ ដោយ Le Condé BKK1

Le Condé BKK1 មានមោទនភាពក្នុងការណែនាំគម្រោងថ្មីគឺ BKK AVENUE ដែលជាគម្រោងមានសក្តានុពលក្នុងការបន្ថែមរសជីវិតជាមួយនឹងបទពិសោធន៍នៃការរស់នៅដែលមិនធ្លាប់មានពីមុនមក។ វាគឺជាទីតាំងពាណិជ្ជកម្មសម្រាប់លក់ដំបូងគេក្នុងតំបន់បឹងកេងកង ក្នុងគម្រោងខុនដូ ដែលស្ថិតនៅក្នុងទីតាំងសំខាន់នៃរាជធានីភ្នំពេញ។

ថ្ងៃបើកសម្ពោធន៍ជាផ្លូវការនៃ BKK AVENUE នឹងធ្វើឡើងនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១នេះ ចាប់ពីម៉ោង២រសៀល នៅការិយាល័យលក់ Le Condé BKK1។

មានទីតាំងស្ថិតនៅតំបន់ប្រជុំជនចម្រុះ Le Condé BKK1 បង្កើត BKK AVENUE ឡើង ក្នុងគោលបំណងដើម្បីអោយក្លាយទៅជាគម្រោងពាណិជ្ជកម្មដ៏អស្ចារ្យមួយនៅតំបន់កណ្តាលនៃសង្កាត់បឹងកេងកង១ សម្រាប់ការធ្វើពាណិជ្ជកម្ម មានដូចជាហាងម្ហូបអាហារ និងភេសជ្ជៈ ហាងទំនើប ផលិតផលប្រើប្រាស់ប្រចាំថ្ងៃ និងម៉ាកល្បីៗជាច្រើនទៀត។

ជាទូទៅ តំបន់បឹងកេងកង១ ត្រូវគេស្គាល់ថាជាតំបន់ដែលមានសក្តានុពលខ្ពស់បំផុតក្នុងទីក្រុងភ្នំពេញ ដោយក្នុងនោះពោពេញចម្រុះទៅដោយ អង្គការអន្តរជាតិ អគារពាណិជ្ជកម្មធំៗ ស្ថាប័នរដ្ឋ ក្រសួង ស្ថានទូត និងសាលារៀនកម្រិតអន្តរជាតិជាច្រើន។ លើសពីនេះទៀត បឹងកេងកង១ គឺជាប្រភពនៃម៉ាកល្បីៗកម្រិតពិភពលោក ហាងទំនើបៗ ភោជនីយដ្ឋាន ហាងម្ហូបអាហារ និងភេសជ្ជៈលំដាប់អន្តរជាតិ ធនាគារ និងកន្លែងល្បីៗជាច្រើន។

ស្ថិតនៅជាន់ផ្ទាល់ដីនៃអគារខុនដូទំនើបមួយ BKK AVENUE មានត្រឹមតែ ១៦ទីតាំងប៉ុណ្នោះ ដែលក្នុងនោះមានទំហំចាប់ពី ៥១ ទៅ ១០០ ម៉ែត្រការ៉េ និងកម្ពស់ដល់ទៅ ៥ម៉ែត្រ យ៉ាងធំទូលាយ ដែលរឹតតែផ្តល់ភាពងាយស្រួលក្នុងការរចនា និងពង្រីកទីតាំងរបស់អ្នកឲ្យកាន់តែធំទូលាយជាងមុន។

គម្រោង BKK AVENUE ត្រូវបានរចនាឡើងជាមួយយុទ្ធសាស្ត្រសម្រាប់កម្រិតហាងលំដាប់ខ្ពស់ដែលផ្តល់បរិយាកាសពិសេសសម្រាប់បទពិសោធន៍នៃការដើរទិញទំនិញបែបកម្សាន្តសម្រាប់ប្រជាជនទូទៅ និងជាពិសេសសម្រាប់អ្នកស្នាក់នៅក្នុងគម្រោង Le Condé BKK1។ ដូចគ្នានេះដែរ គម្រោងនេះផ្តល់ភាពងាយស្រួល បត់បែនក្នុងការបូកបញ្ចូលទំហំបន្ថែមទៅតាមការចង់បាន ដែលផ្តល់លក្ខណៈពិសេសបន្ថែមទៀតក្នុងការរចនាទីតាំងរបស់អ្នក។

តាមការប៉ាន់ស្មាន ប្រហែលជាង៣ពាន់អ្នកដែលជាអ្នកស្នាក់នៅគម្រោង Le Condé BKK1 នៅជាន់ខាងលើនៃ BKK AVENUE ពួកគេនឹងដើរកាត់មុខហាងរបស់អ្នករៀងរាល់ថ្ងៃ នេះហើយជាគុណតម្លៃមានស្រាប់របស់គម្រោងយើង បន្ថែមទៅលើការរកស៊ីរបស់អ្នក។
ក្នុងនោះយើងមិនសូវមានបញ្ហាច្រើនលើប្រភពនៃអតិថិជនចូលមកហាងរបស់យើង តែនៅគម្រោងនេះ មានអតិថិជនច្រើនស្រាប់ដែលមានសក្តានុភាពខ្ពស់ ដែលមាននិន្នាការខ្ពស់ក្នុងការទិញផលិតផលនានាជាប្រចាំ។

ចាប់ពីឥឡូវនេះតទៅ គម្រោងយើងបើកឲ្យអតិថិជនធ្វើការកក់ទុកជាមុន មុនថ្ងៃសម្ពោធន៍មកដល់ ដោយក្នុងនោះមានតែ ១៦ទីតាំងប៉ុណ្នោះសម្រាប់លក់។ ហេតុដូចនេះ ប្រញាប់ឡើង និងធ្វើការកក់ទុកជាមុន រហូតមកដល់ពេលនេះមានមនុស្សជាច្រើនបានកក់ទីតាំងមួយចំនួនធំរួចរាល់ហើយ។

ការសាងសង់ផ្លូវរបស់ថៃភ្ជាប់ជាមួយព្រំដែនស្ទឹងបត់កម្ពុជាសម្រេចបាន៧០ភាគរយ

ដោយៈគង់ សូរិយា

ភ្នំពេញៈ ការសាងសង់ផ្លូវរបស់ប្រទេសថៃភ្ជាប់ជាមួយច្រកព្រំដែនស្ទឹងបត់កម្ពុជា សម្រេចបាន៧០ភាគរយហើយ ខណៈកម្ពុជាកំពុងពន្លឿនគំរោងនេះផងដែរ។

យោងតាមការចុះផ្សាយរបស់កាសែត Bangkok Post បានឱ្យដឹងថា ផ្លូវនេះមាន ៤ គន្លង តភ្ជាប់ពីព្រំដែនបានណងអៀនក្នុងខេត្តស្រះកែវរបស់ថៃ មកព្រំដែនស្ទឹងបត់ក្នុងខេត្តបន្ទាយមានជ័យរបស់កម្ពុជា។

ផ្លូវនេះនឹងចំណាយទុន៦៣,៧១ លានដុល្លារមានប្រវែង២៥គីឡូម៉ែត្រ ដែលនឹងជួយសម្រួលដល់ការដឹកជញ្ជូន និងទេសចរណ៍ដល់ភាគីទាំង ២។ ការស្ថាបនាផ្លូវនេះ គ្រោងនឹងបញ្ចប់នៅខែកុម្ភៈឆ្នាំក្រោយ។



អ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូនលោក វ៉ា ស៊ឹមសុរិយា អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងថា សព្វថ្ងៃកម្ពុជាបាននិងកំពុងដំណើរការសាងសង់ផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធនៅច្រកព្រំដែនស្ទឹងបត់យ៉ាងមមាញឹក។

លោកបានឱ្យដឹងថា “យើងកំពុងតែឌីហ្សាញប្លង់ប៉ុស្តិ៍ ត្រួតពិនិត្យទំនិញបណ្តោះអាសន្នរបស់យើង និងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀតកំពុងសាងសង់”។

លោកបន្តថា “យើងឃើញថា ច្រកព្រំដែនប៉ោយប៉ែតមានការកកស្ទះ រថយន្តដឹកទំនិញយ៉ាងខ្លាំង ដូច្នេះទាមទារឱ្យមានហេដ្ឋារចនាសម្ព័ន្ធថ្មី សមរម្យសម្រាប់ត្រួតពិនិត្យទំនិញ និងអ្នកដំណើរចេញចូលប្រទេសទាំង២”។

ជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល ការសាងសង់គម្រោងនេះ ត្រូវបានចំណាយថវិកាចំនួន២៦,៨៥ លានដុល្លារ ដែលជាគម្រោងឥណទាន ទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច ប្រទេសជិតខាង (NEDA)។

មជ្ឈមណ្ឌលប្រឹក្សាធុរកិច្ចកម្ពុជា (CBC) ត្រូវបង្កើតឡើងលើកដំបូងកាលពីថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០២១ នៅទីក្រុងបាងកក ប្រទេសថៃ ដើម្បីបម្រើជាមជ្ឈមណ្ឌលច្រកចេញចូលតែមួយសម្រាប់ការផ្លាស់ប្តូរពាណិជ្ជកម្ម វិនិយោគ វប្បធម៌ និងទេសចរណ៍រវាងកម្ពុជា និងថៃ៕

ការស្ថាបនាផ្លូវថ្មីមួយខ្សែនៅខេត្តកោះកុងសម្រេចបាន៧០ភាគរយនិងគ្រោងនឹងបញ្ចប់នៅខែមិថុនាខាងមុខនេះ

ដោយៈ ប៊ី
ភ្នំពេញៈ ការស្ថាបនាផ្លូវថ្មីមួយខ្សែ ដែលដាក់ឈ្មោះថា “ផ្លូវលំជនបទភ្ជាប់និស្ស័យសម័យកូវីដ មរតកតេជោ ហ៊ុន សែន” ស្ថិតក្នុងខេត្តកោះកុង សម្រេចបាន៧០ភាគរយហើយ ដើម្បីសម្រួលដល់ការធ្វើដំណើរ ការដឹកជញ្ជូន ក៏ដូចជាទេសចរណ៍របស់ប្រជាពលរដ្ឋ ខណៈគម្រោងផ្លូវនេះនឹងបញ្ចប់ការសាងសង់នៅក្នុងខែមិថុនា ឆ្នាំ២០២១ខាងមុខឆាប់ៗនេះ។

អគ្គមេបញ្ជាការរងកងវិស្វកម្មតេជោ ហ៊ុន សែន សៀមរាប លោកវង្ស សំអាត បានថ្លែងប្រាប់ទូរទស្សន៍ជាតិនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១នេះថា “ផ្លូវលំជនបទភ្ជាប់និស្ស័យសម័យកូវីដ មរតកតេជោ ហ៊ុន សែន” ដែលជាអំណោយដ៏ថៃ្លថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនប្រជាពលរដ្ឋខេត្តកោះកុង ដែលតភ្ជាប់ស្រុកមណ្ឌលសីម៉ាទៅកាន់ស្រុកគិរីសាគរ និងក្រុងខេមរភូមិន្ទ ដោយលាតសន្ធឹងតាមបណ្តោយឆ្នេរសមុទ្រ ដែលមានឆ្នេរខ្សាច់សស្អាត ទឹកថ្លាឈ្វេង ព័ទ្ធទៅដោយភ្នំ មានព្រៃឈើខៀវ ស្រងាត់ មកដល់ពេលនេះសម្រេចការសាងសង់បានជាង៧០ភាគរយហើយ។

លោកបានបន្តថា គម្រោងផ្លូវលំជនបទនេះ រត់តាមឆ្នេរ សមុទ្រនៃខេត្តកោះកុងដែលមានទទឹង៩ ម៉ែត្រ និងបណ្ដោយជាង៣៨ គីឡូម៉ែត្រ និងសាងសង់ស្ពានឆ្លងកាត់ដៃសមុទ្រចំនួន៥ ដែលមានប្រវែងជាង៤ គីឡូម៉ែត្រ។

លោកបានបន្តថា ការស្ថាបនាផ្លូវលំនេះឡើងមិនត្រឹមតែតភ្ជាប់រវាង ប្រជាជននិងប្រជាជននោះទេ តែគឺជាការតភ្ជាប់ តំបន់ទីប្រជុំជនទៅកាន់តំបន់ដាច់ស្រយាលមួយ ដែលមិនសូវមានប្រជាជនទៅដល់។

លោកបានថ្លែងថា “ផ្លូវថ្មីនេះ គឺយើងចាប់ចេញពីចំណុចPK0នោះ នៅវត្តតាចាត ចាប់ផ្តើមពីហ្នឹងមករហូតឆ្លងកាត់ស្រុកទាំងអស់៣។ អ៊ីចឹងនៅពេលដែលផ្លូវនេះកើត ប្រជាជនខ្មែរទូទាំងប្រទេស អាចមកមើល មកកម្សាន្ត ជាកន្លែងទេសចរណ៍ថ្មីមួយទៀត ដែលសម្តេចតេជោមាន ចក្ខុវិស័យច្បាស់លាស់អភិវឌ្ឍន៍ មិនមែនតែនៅក្នុងទីក្រុងនោះទេ ដោយយើងនឹកស្មានមិនដល់នោះទេ ហើយគ្មាននរណាម្នាក់នឹកឃើញថាមានផ្លូវនោះទេ តែពេលដែលយើងមកដល់ទើបដឹងថា ផ្លូវធំអស្ចារ្យ”។

លោកបានបន្ថែមទៀតថា ការស្ថាបនាផ្លូវនេះ គឺដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន តាមរយៈការកសាងផ្លូវជាតិ ផ្លូវខេត្ត និងផ្លូវជនបទ នៅពេលដែលមានផ្លូវ លំហូរសេដ្ឋកិច្ច និង ការវិនិយោគ និងចូលទៅដល់ភូមិ ឃុំ ប្រជាជន ផ្ទះប្រជាជន ធ្វើឲ្យប្រជាជនអាចទទួលបានផលប្រយោជន៍ ប្រកបដោយសមធម៌ពីការកសាងផ្លូវនេះ។ ជាពិសេសផ្លូវមួយ ខ្សែនេះគឺបានសាងសង់ឡើងប្របតាមឆ្នេរសមុទ្ររបស់ខេត្តកោះកុង ដែលសម្បូរទៅដោយឆ្នេរខ្សាច់ពណ៌ស សម្រស់ព្រៃឈើ ព្រៃកោងកាង ប្រភពជីវៈចម្រុះ ដែលជាឋានសួគ៌សម្រាប់អ្នកទេសចរ។

កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១កន្លងទៅ សម្តេចតេជោនាយករដ្ឋមន្រ្តី បានបញ្ជាឲ្យកងវិស្វកម្មតេជោ ហ៊ុន សែន សៀមរាប ទទួលសាងសង់ផ្លូវលំថ្មីមួយខែ្សនេះ ស្ថិតក្នុងភូមិសាស្ត្រភូមិទួលតាចាប ឃុំទួលគគីរ ស្រុកមណ្ឌលសីមា ឆ្លងកាត់ព្រៃភ្នំ ដងអូរ ដៃសមុទ្រ ឆ្ពោះទៅកាន់ស្រុកគិរីសាគរ និងក្រុងខេមរភូមិនរបស់ខេត្តកោះកុង។ គម្រោងផ្លូវនេះ នឹងស្ថាបនារួចរាល់នៅក្នុងខែមិថុនា ឆ្នាំ២០២១ ខាងមុខឆាប់ៗនេះ៕

សកម្មភាពពុះដីចំការលក់កំពុងមានការគាំទ្រពីសំណាក់ពលរដ្ឋ

ដោយៈលក្ខិណា

ភ្នំពេញៈ
កាលពីមុនទីផ្សារដីឡូត៏ដែលមានទំហំ៥ម៉ែត្រ និងគុណ២០ម៉ែត្រ មានសន្ទុះនៃការគាំទ្រខ្លាំងពីសំណាក់ពលរដ្ឋ ជាពិសេសអ្នកមានចំណូលទាប និងមធ្យមដោយធ្វើការទិញបង់រំលស់ជាប្រចាំខែទៅម្ចាស់គម្រោង តែពេលនេះអភិវឌ្ឍន៍ដីធ្លីបានទិញចំការដំណាំនានា ដើម្បីពុះជាឡូត៏ៗលក់ទៅពលរដ្ឋ សម្រាប់ទិញទុកសង់ផ្ទះលំហែនៅពេលអនាគតវិញ។

គម្រោងពុះដីចំការដំណាំជាឡូត៍ លក់ជូនអតិថិជនលំហែចុងសប្ដាហ៍ ឬថ្ងៃឈប់សម្រាកបាន និងកំពុងពេញនិយមនិងមានការគាំទ្រ ពីសំណាក់អតិថិជនជាច្រើនជាពិសេសអតិថិជន ដែលមានបំណងទិញដើម្បីសង់ផ្ទះលំហែចុងប្ដាហ៍។

ភ្នាក់ងារលក់អចលនទ្រព្យមួយរូប ដែលលក់គម្រោងដីឡូត៏លំហែនៅខេត្តកំពង់ស្ពឺបាននិយាយថា បច្ចុប្បន្ននេះ គម្រោងដីឡូត៏លំហែដែលក្រុមហ៊ុនរបស់ខ្លួន បានអភិវឌ្ឍន៍កំពុងមានការគាំទ្រពីសំណាក់អតិថិជនជាច្រើន ក្នុងនោះភាគច្រើនជាអតិថិជនមកពីរាជធានីភ្នំពេញ ហើយអ្នកខ្លះបានប្រកាសប្រាប់បងប្អូនសាច់ញាតិ ឬមិត្តភក្ដិតៗគ្នាមកទិញសម្រាប់ទុកលំហែកាយនៅចុងសប្ដាហ៍ឬ ក៏ថ្ងៃឈប់សម្រាក។

កញ្ញាសុភាព បុគ្គលិកនៃក្រុមហ៊ុនអភិវឌ្ឍន៍ដីឡូត៍ លំហែកាយមួយកន្លែងក្នុងខេត្តកំពង់ស្ពឺក៏បាននិយាយផងដែរថា ទោះស្ថិតនៅក្នុងដំណាក់កាលនៃ វិបត្តិកូវីដ១៩ក្ដី ក៏គម្រោងដីឡូត៏លំហែរ នៅទទួលបានការគាំទ្រនិងទិញច្រើនពីអតិថិជន ជាក់ស្ដែងក្នុងគម្រោង៣៥ហិចតា និងមានជាង៤០០ឡូត៍ ត្រូវបានលក់ជិតអស់ក្នុងរយៈពេលតែជាងពីរខែប៉ុណ្ណោះ ហើយអតិថិជនខ្លះទៀត ក៏កំពុងរង់ចាំទិញគម្រោងអភិវឌ្ឍន៍ក្រោយៗទៀតផងដែរ។

កញ្ញាបន្តថា “ដីដែលយកមកអភិវឌ្ឍន៍នៅពេលនេះ គឺជាប្រភេទដីចំការដែលមានដំណាំស្រាប់ដូចជាខ្នុរ ស្វាយដូងនិងដំណាំជាច្រើនទៀត ដូច្នេះអតិថិជនគាត់ចង់បានដំណាំស្រាប់ ដូច្នេះហើយទើបគាត់ពេញចិត្តនឹងគម្រោងអភិវឌ្ឍន៍បែបនេះ”។

អ្នកខ្លះទិញហើយក៏សង់ជាផ្ទះលំហែ ខ្លះទៀតក៏ដាំដំណាំបន្ថែម និងសង់ផ្ទះលំហែនៅពេលក្រោយ។ អ្វីដែលធ្វើឱ្យពួកគាត់គាំទ្រនូវ គម្រោងដីឡូត៏លំហែ គឺស្ថិតនៅក្នុងតំបន់ដែលមានសក្ដានុពលក្នុងខេត្តកំពង់ស្ពឺ ហើយខេត្តនេះ ក៏កំពុងតែល្បីរឿងបញ្ឈប់ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងតាមប៉ាណូធំៗទូទាំងខេត្ត ដែលកំពុងមានការគាំទ្រខ្លាំង ។

លោកសន សៀបស្ថាបនិកននិងនាយកក្រុមហ៊ុនអចលនទ្រព្យ ឃី រៀលអ៊ីស្ទេតក៏បានឱ្យដឹងផងដែរថា កំពង់ស្ពឺគជាតំបន់ ដ៏ទាក់ទាញមួយនៅពេលបច្ចុប្បន្ន ហើយវានឹងក្លាយជាតំបន់ឧស្សាហកម្ម និងទាក់ទាញការវិនិយោគពីក្នុង និងក្រៅប្រទេសនៅពេលឆាប់ៗនេះ ដោយសារតែសក្ដានុពល នៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថ្មីៗ បន្ថែមជាច្រើនទៀតរបស់រដ្ឋាភិបាល៕