ប្រជាជនរនៅរស់នៅជាយក្រុងបង្ហាញទំនោរងាកមករស់នៅខុនដូកាន់តែច្រើន

ដោយៈ ម៉ាណេត

ភ្នំពេញៈ ប្រជាជននៅជាយក្រុងមួយចំនួនបង្ហាញចំណាប់អារម្មណ៍ថា មានបំណងចង់ទិញខុនដូបន្ថែម ក្រៅពីលំនៅដ្ឋាននៅជាយក្រុងដែលស្រាប់ ក្រោមហេតុផលថា វាជាការវិនិយោគមួយ នឹងផ្តល់ចំណេញខ្ពស់នៅនាពេលអនាគត និងភាពងាយស្រួលក្នុងការរស់នៅសម្រាប់ពួកគាត់។

លោកវិន រតនាដែលជាអ្នករស់ក្នុងបុរីជាយក្រុងភ្នំពេញម្នាក់ ស្ថិតក្នងខណ្ឌពោសែនជ័យបានលើកថា លោកមានបំណងទិញខុនដូសម្រាប់កូនៗ នាពេលអនាគត ដោយសារការរស់នៅ នឹងមានភាពងាយស្រួលដល់នៅកូនរបស់លោក ក្នុងការធ្វើដំណើរទៅសាលា និងខុនដូភាគច្រើននៅជិតទីក្រុង។

លោកបានបន្តថា “នាពេលអនាគត ការរស់នៅខុនដូនឹងផ្តល់សុវត្ថិភាពដល់កូនៗលោក ដោយសារការអភិវឌ្ឍខុនដូ បំពាក់ជាមួយនឹងប្រព័ន្ធសន្តិសុខល្អ”។ លោកបានបន្តថា “វាមិនត្រឹមតែសម្រាប់ការរស់របស់កូនៗរបស់លោក លោកក៏នឹងអាចមានភាពងាយស្រួលក្នុងការមកបំពេញការងាររបស់លោកក្នុងទីក្រុងផងដែរ”។

លោកស្រីលីណា ដែលលំនៅដ្ឋាននៅជាយក្រុងម្នាក់ដែរ បានលើកឡើងថា លោកស្រីធ្លាប់បានទាក់ទងជាមួយភ្នាក់ងារអចលនទ្រព្យ អំពីខុនដូ ដែលបង្ហាញគម្រោងមួយចំនួននៅក្នុងក្រុងភ្នំពេញ ហើយលោកស្រីមានចំណាប់អារម្មណ៍ថា ខុនដូគឺមានភាពងាយស្រួលសម្រាប់ការរស់នៅ ដោយសារវាមិនឆ្ងាយពីកន្លែងធ្វើការ និងងាយស្រួលក្នុងការធ្វើ ដោយមិនសូវជួបបញ្ហាស្ទះចរាចរណ៍។

លោកស្រីបានថ្លែងថា “ការទិញខុនដូនេះ ថែមទាំងអាចជាការវិនិយោគមួយផងដែរ តាមការពន្យល់ពីភ្នាក់ងារ ដោយសារចំនួនប្រជាជននៅភ្នំពេញ នឹងកាន់តែកើនឡើង ដែលធ្វើឱ្យតម្រូវការខុនដូនេះកើនឡើង និងឡើងថ្លៃផងដែរ”។

លោកខន គង្គាអគ្គនាយកក្រុមហ៊ុន ERA Cambodia បានថ្លែងប្រាប់នៅ២៥ ខែឧសភា ឆ្នាំ២០២១ថា ការរស់នៅខុនដូ និងការរស់នៅតាមលំនៅដ្ឋាននៅជាយក្រុងមានភាពខុសគ្នា ដោយសារមជ្ឈដ្ឋានរស់នៅខុនដូ គឺការរស់នៅបែបសហគមន៍ ដែលអាចឱ្យអ្នករស់នៅខុនដូមកក្នុងស្រុក និងបរទេសអាចធ្វើការប្រាស្រ័យទាក់ទងគ្នា និងរៀនវប្បធម៌ពីគ្នាទៅវិញទៅមក។

លោកបានលើកឡើងថា ទាក់ទងនឹងទីតាំង ដោយសារការអភិវឌ្ឍខុនដូត្រូវការទីតាំងល្អ ដែលបង្កភាពងាយស្រួលការធ្វើដំណើរសម្រាប់អ្នករស់នៅ។ កត្តាសន្តិសុខ អ្នករស់នៅខុនដូទទួលបានសុវត្ថិភាព ជាប្រព័ន្ធសន្តសុខការពារ២៤ម៉ោង។ ការអភិវឌ្ឍន៍ខុនដូភាគច្រើនមានបញ្ចូលផ្សារទំនើប ភោជនីយដ្ឋាន កន្លែងហាត់ប្រាណ និងស្ទីមសូណាជាដើម ដែលបង្កភាពងាយដល់ការរស់នៅ។

លោកបានថ្លែងបន្តថា ការកត្តាវិនិយោគៈ ខុនដូមានទីផ្សារច្រើន សម្រាប់ការទិញលក់ ដោយសារអតិជិនមានទាំងជនជាតិខ្មែរ និងបរទេស។ កត្តាជួល ខុនដូតម្លៃ៥ម៉ឺនអាចជួលបានក្នុងចន្លោះពី៣៥០ទៅ៤០០ដុល្លារ ធៀបនឹងផ្ទះតម្លៃ៥ម៉ឺនដូចអាចជួលបានត្រឹមតែ១០០ដុល្លារក្នុងមួយខែ។

យោងតាមលោកខន គង្គាបានឱ្យដឹងថា ខុនដូត្រូវបានបែងចែកចេញជា៣ប្រភេទ ក្នុងនោះរួមមានខុនដូតម្លៃកម្រិតទាប កម្រិតមធ្យម និងលំដាប់ប្រណីត។ យើងអាចទិញបានខុនដូតម្លៃកម្រិតទាប ក្នុងតម្លៃក្រោម១០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ខុនដូតម្លៃកម្រិ​តមធ្យមយើងអាចរកទិញបាន ក្នុងតម្លៃចន្លោះពី១៥០០ដុល្លារ ទៅ២៥០០ដុល្លារ ហើយ

ក្រសួងទេសចរណ៍ត្រៀមស្នើដល់រដ្ឋាភិបាលដើម្បីបើកទេសចរណ៍ជាបណ្តើរៗក្នុងត្រីមាសទី៤ដោយយកខេត្តសៀមរាបជាអាទិភាព

ដោយៈ ប៊ី
ភ្នំពេញៈ ថ្នាក់ដឹកនាំក្រសួងទេសចរណ៍ ឯកភាពសម្រេចដាក់ចេញនូវផែនការសក​ម្ម​ភាពអាទិភាពមួយចំនួន ដោយរៀបចំស្នើសុំដល់រដ្ឋាភិបាល ក្នុងការបើកទេសចរណ៍ជាបណ្តើរៗក្នុងត្រីមាសទី៤ ឆ្នាំ២០២១។

ការត្រៀមរៀបចុះស្នើសុំនេះ ត្រូវបានធ្វើឡើង ក្នុងប្រជុំចង្អៀតតាមប្រព័ន្ធវីដេអូ (Video Conference) ពិភាក្សាសម្រេចលើឯកសារទស្សនាទានស្តីពី កញ្ចប់ទស្សនកិច្ចទេសចរណ៍វ៉ាក់សាំងកូវីដ១៩ ដែលដឹកនាំដោយលោកថោង ខុនរដ្ឋមន្រ្តីក្រសួងទេសច​រណ៍កាលពីម្សិលមិញ។

ក្រសួងទេសចរណ៍ បានរៀបចំស្នើសុំបើកទេសចរណ៍ជាបណ្តើរៗ ក្នុងត្រីមាសទី៤ ឆ្នាំ២០២១ ដោយផ្តោតអាទិភាពការអនុវត្តគម្រោងក្នុងជំហានទី១ នៅខេត្តសៀមរាប-អង្គរ និងសង្កត់ធ្ងន់លើយុទ្ធសាស្រ្តទាក់ទាញទីផ្សារទេសចរណ៍ ដែលមានហានិភ័យកូវីដ១៩ទាប ឬដែលមានការគ្រប់គ្រងការកូវីដ-១៩បានល្អ ឬទីផ្សារដែលស្ថិតក្នុងតំបន់ព័ណ៌បែតង។

គម្រោងសាកល្បងនៃការបើកទេសចរណ៍ ជាបណ្តើរៗនេះនឹងផ្តោតលើ ១). ការកសាងទំនុកចិត្តសម្រាប់ទេសចរ (Build Trust and Confident) ២). ការសម្រួលការធ្វើដំណើរ (Travel Facilitation) ដោយគម្រោងស្នើសុំលើកលែងលក្ខខណ្ឌ នៃការធ្វើចត្តាទ្បីស័កទាំងស្រុង ចំពោះទេសចរអន្តរជាតិ ដែលបានចាក់វ៉ាក់សាំងហើយ ចេញពីទីផ្សារបៃតង ៣). ការសម្រួលតម្លៃកញ្ចប់ទស្សនកិច្ចសមរម្យ ដើម្បីធានាការប្រកួតប្រជែងក្នុងតំបន់។

ក្រសួងទេសចរណ៍គ្រោងនឹងដាក់ឯកសារទស្សនាទាននេះ ដើម្បីពិគ្រោះយោបល់ល្អិតល្អន់បន្ថែមជាមួយវិស័យឯកជន នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ នឹងដាក់ក្នុងរបៀបវារៈប្រជុំដើម្បីស្នើសុំយោបល់ និងកិច្ចសហការពីសំណាក់អន្តរស្ថាប័ននៅសប្តាហ៍ក្រោយ មុនស្នើសុំសេចក្តីសំរេចពី រាជរដ្ឋាភិបាល។

ជាមួយគ្នានេះដែរ លោកថោង ខុនរដ្ឋមន្រ្តីក្រសួងទេសចរណ៍បានឱ្យដឹងថា លោកបានស្នើសុំសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការពិចារណាបើកទទួលភ្ញៀវទេសចរអន្តរជាតិ ដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ហើយ មកទស្សនាគោលដៅទេសចរណ៍សៀមរាប-អង្គរ នៅត្រីមាសទី៤ នៃឆ្នាំ២០២១ ស្របពេលដែលការគ្រប់គ្រងសហគមន៍នៅខេត្តសៀមរាប- អង្គរស្ថិតក្នុងភាពល្អប្រសើរ ព្រមជាមួយនឹងការជំរុញដំណើរការចាក់វ៉ាក់សាំងបានលឿន ជូនចំពោះមន្ត្រីរាជការ និងការជំរុញការចាក់វ៉ាក់សាំង ជូនដល់អ្នកបម្រើការក្នុងឧស្សាហកម្មទេសចរណ៍ និងផ្នែកឯកជនក្នុងវិស័យផ្សេងទៀត។

លោករដ្ឋមន្ត្រីបានបន្តទៀតថា “សៀមរាប-អង្គរ ជាគោលដៅទេសចរណ៍ដ៏ចម្បងមួយនេះ ដែលមានការគ្រប់គ្រងសហគមន៍បានល្អហើយ និងនៅពេលដែលអ្នកផ្តល់សេវាទេសចរណ៍ទាំងឡាយបានទទួលវ៉ាក់សាំងរួចហើយ គួបផ្សំនឹងយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាលរដ្ឋក្នុងគោលដៅនេះ បានដំណើរការទៀត វាអាចនឹងបង្ហាញបាននូវភាពជឿជាក់កក់ក្តៅដល់ទេសចរបានហើយដែរ”។

លោកបានបន្តថា ករណីនេះអាចជាការចាប់ផ្តើមពិភាក្សាគ្នាអំពី ការរៀបចំកញ្ចប់ទស្សនកិច្ចរបស់ទេសចរ ដែលបានចាក់វ៉ាក់សាំងហើយមុន ពិសេសសម្រាប់ទេសចរដែ​លធ្វើដំណើរតាមជើងយន្តហោះត្រង់មិនមាន Transit ឬអាចពិចារណាតាមជើងរថយន្តពីប្រទេសជិតខាងផងដែរ។

លោកថោង ខុនបានបញ្ជាក់ទៀតថា “អ្វីដែលបានគិតគូរនេះ គឺស្របជាមួយនឹងការអនុវត្តផែនការសកម្មភាពនៃ «ផែនទីចង្អុលផ្លូវសម្រាប់ស្តារវិស័យទេសចរណ៍កម្ពុជាឡើងវិញក្នុង និងក្រោយវិបត្តិកូវីដ១៩” ដែលរាជរដ្ឋាភិបាលទើបបានអនុម័តថ្មីៗនេះផងដែរ៕

តើធនាគារADBបានចាប់កំណើតបែបណា និងមានឥទ្ធិពលបែបណាលើសេដ្ឋកិច្ចតំបន់

ដោយៈសុខុម

ភ្នំពេញៈ អ្នកទាំងអស់គ្នាប្រាកដជាស្គាល់ហើយ នូវធនាគារអភិវឌ្ឍន៍អាស៊ី ហៅកាត់ថាADB ដែលតែងតែជួយដល់បណ្ដាប្រទេសក្រីក្រ។ ប៉ុន្តែមានមនុស្សមិនច្រើនទេដែលដឹងពីប្រវត្តិ និងឥទ្ធិពលរបស់ស្ថាប័នមួយនេះ ហើយតើវាបានប្រភពលុយកពីណា? អញ្ចឹងតោះ! មកស្វែងយល់ត្រួសៗទាំងអស់គ្នា។

ADB ជាធនាគារអភិវឌ្ឍន៍ថ្នាក់តំបន់មួយ ដែលត្រូវបានបង្កើតឡើងនៅថ្ងៃទី១៩ ធ្នូ ឆ្នាំ១៩៦៦ ពោលគឺកាលពី៥៥ឆ្នាំមុន។ ធនាគារនេះ មានទីស្នាក់ការកណ្ដាលនៅសង្កាត់ពាណិជ្ជកម្ម Ortigas Center ក្នុងទីក្រុង Mandaluyong ប្រទេសហ្វីលីពីន។

ធនាគារនេះ មានការិយាល័យចំនួន៣១នៅទូទាំងពិពលោក សម្រាប់លើកកម្ពស់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច។ នៅពេលបង្កើតដំបូង ធនាគារនេះមានប្រទេសជាសមាជិកចំនួន៣១ ហើយបច្ចុប្បន្នមាន៦៨ប្រទេសជាសមាជិក

ធនាគារនេះ បានយកម៉ូឌែលស្រដៀងគ្នានឹងធនាគារពិភពលោក (World Bank) ដែរ ហើយមានប្រព័ន្ធបោះឆ្នោតស្រដៀងគ្នា។ ធនាគារនេះ តែងតែបញ្ចេញរបាយការណ៍សង្ខេបអំពីប្រតិបត្តិការ ថវិកា និងព័ត៌មានផ្សេងៗទៀតសម្រាប់សាធារណជន។

កម្មវិធីអាហារូបករណ៍ADB-ជប៉ុន (ADB-JSP) ផ្ដល់ជូនដល់និស្សិតប្រមាណ៣០០នាក់ក្នុងមួយឆ្នាំៗ នៅតាមគ្រឹះស្ថានឧត្ដមសិក្សា ក្នុងប្រទេសចំនួន១០ក្នុងតំបន់។ នៅពេលបញ្ចប់ការសិក្សា និស្សិតទាំងនោះនឹងវិលត្រលប់ ទៅចូលរួមចំណែកដល់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចនៅក្នុងប្រទេសរបស់ពួកគេវិញ។

* ឥទ្ធិពលនៃធនាគារ ADB

ធនាគារ ADB មានឥទ្ធិពលខ្លាំងមិនធម្មតាឡើយ ព្រោះស្ថាប័នមួយនេះ បានក្លាយជាអ្នកឃ្លាំមើលផ្លូវការមួយរស់អង្គការសហប្រជាជាតិ។

គិតត្រឹមថ្ងៃទី៣១ ធ្នូ ឆ្នាំ២០១៨ ប្រទេសជប៉ុន និងសហរដ្ឋអាមេរិក កាន់កាប់ចំណែកភាគហ៊ុនក្នុងម្នាក់ៗ១៥,៥៧១% ចិនកាន់កាប់៦,៤២៩% ប្រទេសឥណ្ឌា កាន់កាប់ ៦,៣១៧% ហើយប្រទេសអូស្ត្រាលីកាន់កាប់៥,៧៧៣%។

អ្នកធ្វើគោលនយោបាយខ្ពស់បំផុតនៃធនាគារនេះ គឺគណៈអភិបាល (Board of Governors) ដែលមានសមាសភាពតំណាងមួយរូបៗ មកពីប្រទេសជាសមាជិកនីមួយ​ៗ។ គណៈអភិបាលនេះបោះឆ្នោតជ្រើសតាំងខ្លួនឯង ក្នុងចំណោមសមាជិកទាំង១២រូបនៃក្រុមប្រឹក្សាភិបាល (Board of Directors) និងអនុប្រធានរបស់ពួកគេ។  សមាសភាព៨រូបនៃសមាជិមទាំង១២ មកពីតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ ចំណែកឯសមាជិកផ្សេងទៀតបណ្ដាប្រទេសជាសមាជិកដែលមិននៅក្នុងតំបន់។

គណៈអភិបាល ក៏បោះឆ្នោតជ្រើសតាំងប្រធានរបស់ធនាគារនេះ ដែលនឹងក្លាយជាប្រធានក្រុមប្រឹក្សាភិបាល និងគ្រប់គ្រងធនាគារADB ផងដែរ។ ប្រធានធនាគារនេះកាន់តំណែងមួយអាណត្តិ៥ឆ្នាំ ហើយប្រហែលជាត្រូវបោះឆ្នោតជ្រើសតាំង មួយអាណត្តិទៀត។ ហើយដោយសារតែប្រទេសជប៉ុន ជាម្ចាស់ភាគហ៊ុនធំបំផុតមួយ ជាទូទៅប្រធានគឺតែងតែជាជនជាតិជប៉ុន។

ទីស្នាក់ការកណ្ដាលរបស់ធនាគារនេះគឺស្ថិតនៅផ្លូវ 6 ADB Avenue ក្រុង Mandaluyong ប្រទេសហ្វីលីពីន ហើយមានការិយាល័យចំនួន៣១នៅអាស៊ី-ប៉ាស៊ីហ្វិក និងការិយាល័យតំណាងនៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ក្រុង Frankfurt អាល្លឺម៉ង់ តូក្យូ ប្រទេសជប៉ុន និងក្រុងស៊ីដនី ប្រទេសអូស្ត្រាលី។  ធនាគារនេះជួលបុគ្គលិកប្រមាណ៣.០០០នាក់ ដែលតំណាងឱ្យប្រទេសចំនួន៦០ ក្នុងចំណោមប្រទេសដែលជាសមាជិកទាំង៦៨ប្រទេស។

ធនាគារ ADB ជាស្ថាប័នអភិវឌ្ឍន៍សង្គម ដែលប្ដេជ្ញាជួយកាត់បន្ថយភាពក្រីក្រនៅអាស៊ី-ប៉ាស៊ីហ្វិក តាមរយៈការផ្ដល់ឥណទាន ដើម្បីជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយបរិយាប័ន កំណើនប្រកបដោយនិរន្តភាពផ្នែកបរិស្ថាន និងការសមាហរ័ណកម្មតំប់។ ហើយការកាត់បន្ថយភាពក្រីក្រនេះ ធ្វើឡើងការវិនិយោគ ក្នុងទម្រង់ជាឥណទាន ជំនួយឥតសំណង និងការចែករំលែកព័ត៌មាន ដោយជួយប្រទេសនានាឱ្យត្រៀមខ្លួនសម្រាប់ផលប៉ះពាល់ដែលបង្កឡើង ដោយបម្រែបម្រួលអាកាសធាតុ ឬគ្រប់គ្រងធនធានធម្មជាតិរបស់ពួកគេ ព្រមទាំងនៅក្នុងវិស័យផ្សេងៗទៀតផងដែរ។

ចំនួន៨០%នៃការផ្ដល់ឥណទានរបស់ធនាគារ ADB គឺផ្ដោតលើវិស័យចំនួន៥ដូចខាងក្រោម៖

  • វិស័យអប់រំ
  • បរិស្ថាន បម្រែបម្រួលអាកាសធាតុ និងការគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយ
  • ការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ
  • ហេដ្ឋារចនាសម្ព័ន្ធ រួមមានវិស័យដឹកជញ្ជូន និងទូរគមនាគមន៍ ការផ្គត់ផ្គង់ទឹក និងថាមពលអគ្គិសនី និងអនាម័យ និងការអភិវឌ្ឍក្រុង
  • កិច្ចសហប្រតិបត្តិការ និងការធ្វើសមាហរ័ណកម្មតំបន់
  • ការផ្ដល់ឥណទានដល់វិស័យឯកជន

* មូលនិធិ និងធនធាន

Financing Partnership Facilities (Platform ប្រតិបត្តិការសម្រាប់កិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្ររយៈពេលវែង និងពហុភាគី) ជាង៥០ មូលនិធិ Trust Fund និងមូលនិធិផ្សេងៗទៀតដែលក្នុងមួយឆ្នាំៗ មានទំហំទឹកប្រាក់ជាច្រើនពាន់លានដុល្លារ ត្រូវបានគ្រប់គ្រងដោយធនាគារ ADBហើយស្នើគម្រោង ដែលជួយលើកកម្ពស់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចនៅអាស៊ី-ប៉ាស៊ីហ្វិក៕

សេដ្ឋកិច្ចកាទូតៈ​គោល​នយោបាយ​ការ​បរទេស​ថ្មី​របស់​កម្ពុជា​ដើម្បី​ចាប់​យក​កាលានុវត្តន៍​ភាព​ជម្រុញ​កំនើន​សេដ្ឋកិច្ច

ដោយៈ គង់ ម៉ាលីន

ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវយុទ្ធសាស្ត្រថ្មី បន្ថែមចំនួន៤ដែលមានសារសំខាន់ និងភាពចាំបាច់ក្នុងការជួយជ្រោមជ្រែង និងពង្រឹងសេដ្ឋកិច្ចកម្ពុជាក្រោយវិបត្តិសេដ្ឋកិច្ចពិភពលោក តាមរយៈការទូតសេដ្ឋកិច្ចនៃក្រសួងការបរទេស និងសហប្រតិ​បត្តិការអន្តរជាតិ។

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស លោកប្រាក់ សុខុន បានលើកឡើងកាលពីពេលថ្មីៗនេះថា ក្រសួងការបរទេសបានប្តេជ្ញារៀបចំ តាក់តែងនូវយុទ្ធសាស្ត្រការទូតសេដ្ឋកិច្ច ដើម្បីជាត្រីវិស័យ ក្នុងការពង្រឹងប្រសិទ្ធភាពការងារផ្នែកការទូតសេដ្ឋកិច្ច និងដើម្បីចូលរួមជាវិភាគទាន ពង្រឹងជន្ទល់កំណើនសេដ្ឋកិច្ច កាត់បន្ថយការពឹងផ្អែកលើជំនួយពីខាងក្រៅ និងលើកកម្ពស់ផលប្រយោជន៍កម្ពុជានៅក្នុងតំបន់ និងអន្តរជាតិ។

លោកបញ្ជាក់ថា“យុទ្ធសាស្ត្រការទូតសេដ្ឋកិច្ច ដែលក្រសួងបានសម្រេចដាក់ចេញ និងចាប់អនុវត្តគឺផ្តោតទៅគោលដៅចំនួន៤ធំៗ រួមមាន ការជំរុញពាណិជ្ជកម្មអន្តរជាតិ ការទាក់ទាញ ការវិនិយោគទុនផ្ទាល់ពីបរទេស ការលើកកម្ពស់វិស័យទេសចរណ៍ និងការជំរុញឱ្យមានការផ្លាស់ប្តូរវប្បធម៌”។

លោកឧបនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា តាមរយៈយុទ្ធសាស្រ្តខាងលើក្រសួ​ងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងដើរតួនាទីជាអ្នកសម្របសម្រួល និងជំរុញយន្តការដែលមានស្រាប់ ដើម្បីទាក់ទាញការវិនិយោគទុនផ្ទាល់ពីបរទេស ជំរុញឱ្យមានកំណើននៃការធ្វើពាណិជ្ជកម្មទ្វេភាគី និងពហុភាគី និងទាក់ទាញភ្ញៀវទេសចរណ៍តាមរយៈការពង្រឹងតម្លៃវប្បធម៌ខ្មែរនៅក្រៅប្រទេស។ បន្ថែមពីនេះនៅមានការអភិវឌ្ឍធនធានអ្នកការទូតជំនាន់ថ្មីប្រកបដោយវិជ្ជាជីវៈ សមត្ថភាពខ្ពស់សកម្មការពារ និងលើកស្ទួយផលប្រយោជន៍ជាតិលើគ្រប់វិស័យ”។

លោកបានបន្តឱ្យដឹងថា នៅក្នុងការរៀបចំអនុវត្តយុទ្ធសាស្រ្តការទូត សេដ្ឋកិច្ចនេះ ក្រសួងការបរទេស ពុំមានភារកិច្ចដើរតួនាទីជំនួសឱ្យក្រសួងស្ថាប័នជំនាញ ដែលកំពុងអនុវត្តការងារនេះស្រាប់នោះទេ ប៉ុន្តែដើម្បីធានាអនុវត្តសម្រេច ដោយជោគជ័យនូវយុទ្ធសាស្រ្តការទូតសេដ្ឋកិច្ចនេះ គឺទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ដូចជា ស្ថានតំណាងកម្ពុជាប្រចាំនៅបរទេស ក្រសួងស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាលកម្ពុជា និងវិស័យឯកជនផងដែរជាចាំបាច់៕

ឥណ្ឌូណេស៊ី គ្រោង​សាងសង់​រោងចក្រ​ផលិត​អាគុយ​ក្នុង​ទំហំ​ទឹក​ប្រាក់​១,២​ពាន់​លាន​ដុល្លារ​ជាមួយ​ក្រុមហ៊ុន LG ឆាប់ៗ​នេះ

ដោយៈ សុខុម

ហ្សាការតាៈ រដ្ឋមន្ត្រីវិនិយោគរបស់ឥណ្ឌូនេស៊ី បានប្រកាសកាលពីថ្ងៃច័ន្ទ ទី២៤ ឧសភា ថា ក្រុមហ៊ុនដែលគ្រប់គ្រងដោយរដ្ឋ Indonesia Battery Corporation (IBC) និងក្រុមហ៊ុន LG របស់កូរ៉េខាងត្បូង នឹងសាងសង់រោងចក្រផលិតអាគុយថ្មីមួយ ក្នុងទំហំទឹកប្រាក់១,២ពាន់លានដុល្លារអាមេរិក។

យោងតាមសារព័ត៌មានCNA ឱ្យដឹងថា រោងចក្រដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀ​ងផលិតរថយន្តអគ្គិសនី (EV) ក្នុងទំហំទឹកប្រាក់រហូតដល់ទៅ៩,៨ពាន់លានដុល្លារអាមេរិក រវាងក្រុមហ៊ុន LG និងឥណ្ឌូនេស៊ី ដែលបានចុះហត្ថលេខាកាលពីឆ្នាំមុននេះ នឹងត្រូវសាងសង់នៅក្នុងទីក្រុង Bekasi។

តាមរយៈសេចក្ដីថ្លែងការណ៍ លោក Bahlil Lahadalia រដ្ឋមន្រ្តីវិនិយោគឥណ្ឌូនេស៊ី មិនបានបញ្ជាក់ ពីពេលវេលាចាប់ផ្ដើមការសាងសង់នោះទេ ដោយគ្រាន់តែលើកឡើងថា រោងចក្រនេះ នឹងត្រូវសាងសង់ក្នុងពេលដ៏ខ្លីខាងមុខនេះ។

លោកបានបន្ថែមថា “ដំណាក់កាលទី១ នៃការសាងសង់នឹងមានសមត្ថភាពផលិតថាមពលបាន១០ជីហ្គាវ៉ាត់ម៉ោង (GWh)ដែលនឹងត្រូវប្រើសម្រាប់រថយន្តអគ្គិសនី ពីក្រុមហ៊ុន Hyundai”។

យោងតាមសេចក្ដីថ្លែងការណ៍ខាងលើឱ្យដឹងថា សម្ព័ន្ធក្រុមហ៊ុនLGមានបុត្រសម្ព័ន្ធជាច្រើនរួមមានក្រុមហ៊ុន LG Chem ក្រុមហ៊ុន LG Energy Solution ក្រុមហ៊ុន LG International ព្រមទាំងក្រុមហ៊ុនផលិតដែកថែបកូរ៉េខាងត្បូង POSCO និងក្រុមហ៊ុនចិន Huayou Holdings ផងដែរ។

ទោះជាយ៉ាងណា ភ្លាមៗទីភ្នាក់ងារព័ត៌មាន Reuters ទំនាក់ទំនងទៅអ្នកនាំពាក្យក្រុមហ៊ុន LG Energy Solution ដែលជាក្រុមផលិតអាគុយរបស់ក្រុមហ៊ុនសម្ព័ន្ធ LG ដើម្បីសុំការបំភ្លឺបានទេជុំវិញបញ្ហានេះ។

ទីភ្នាក់ងារព័ត៌មាន Reuters បានចុះផ្សាយកាលពីដើមខែនេះថា ក្រុមហ៊ុន LG Energy Solutionកំពុងសម្លឹងរកឱកាសផលិតអាគុយ បច្ចេកវិទ្យាជឿនលឿនឱ្យក្រុមហ៊ុនផលិតរថយន្តអគ្គិសនីសហរដ្ឋអាមេរិក Tesla Inc នៅឆ្នាំ២០២៣ ហើយកំពុងពិចារណាទីតាំងផលិតនៅសហរដ្ឋអាមេរិក និងអឺរ៉ុប។

ក្នុងនាមជាប្រទេសផលិតលោហៈធាតុនីគែល (Nickel) ធំជាងគេ ឥណ្ឌូនេស៊ីមានផែនការប្រកបដោយមហិច្ឆតាធំ គឺចាប់ផ្ដើមកែច្នៃលោហៈធាតុនីគែល ដ៏សម្បូរបែបរបស់ខ្លួន សម្រាប់ប្រើប្រាស់ក្នុងអាគុយ Lithium ហើយទីបំផុតនឹងក្លាយជាមជ្ឈមណ្ឌលពិភពលោកសម្រាប់ការផលិត និងនាំចេញរថយន្តអគ្គិសនី។

ក្រុមមន្រ្តីនិយាយថា ប្រទេសឥណ្ឌូនេស៊ី កំពុងកំណត់គោលដៅផលិតអាគុយ ដែលមានសមត្ថភាព ផលិតថាមពលបាន១៤០ជីហ្គាវ៉ាត់ម៉ោង (GWh) នៅត្រឹមឆ្នាំ២០៣០៕

ទីក្រុងរណបឆ្លាតវៃតម្លៃ៦០០០លានដុល្លារចាប់ផ្តើមបញ្ចេញសកម្មភាពកាន់តែសកម្ម

ដោយៈគង់ សូរិយា

ភ្នំពេញៈ ទីក្រុងរណបឆ្លាតវៃ នៅប្របនឹងដងទន្លេសាប ដែលបាននិងកំពុងរៀបចំហេដ្ឋារចនាសម្ព័ន្ឋបន្ថែម បាននិងកំពុងចាប់ផ្តើមសកម្មភាពអភិវឌ្ឍន៍ កាន់តែសកម្មជាងមុន។

ទីក្រុងរណបជ្រោយចង្វារ “ទីក្រុងនៃអនាគត”ដំបូងឡើយគ្រោងបោះទុនវិនិយោគត្រឹម៣០០០លានដុល្លារ ប៉ុន្តែដោយសារគំរោងនេះធំ ធ្វើឲ្យការពង្រីកទុនវិនិយោគកើនដល់៦០០០លានដុល្លារនាពេលអនាគត។

បច្ចុប្បន្នសួនកំសាន្តដាយណូស័រ កន្រ្តកវិលដ៏ខ្ពស់ សួនកំសាន្តសំរាប់កុមារពេលរាត្រី គំរោងលំនៅដ្ឋានបែបប្រណីតៗ ការិយាល័យកណ្តាលរបស់ក្រុមហ៊ុន OCIC មជ្ឈ មណ្ឌលពាណិជ្ជកម្ម MV Mansion បាននិងកំពុងសាងសង់ ខណៈគម្រោងមួយចំនួនទៀតបាន និងកំពុងសាងសង់ផងដែរ ដូចជា អាគារពន្ឋដាកំពស់៣៦ជាន់ និងគំរោងមួយចំនួនទៀតបាននិងកំពុងសាងសង់ និងត្រៀមសាងសង់នាពេលខាងមុខ ខណៈគំរោងស្ពានយោងដោយខ្សែកាប តភ្ជាប់ផ្លូវជាតិលេខ៥ មកកាន់តំបន់នេះ កំពុងស្ថាបនាបាន​ប្រមាណ៤០ភាគរយផងដែរ។

អគ្គនាយករងក្រុមហ៊ុន OCIC លោកទូច សំណាងបានមានប្រសាសន៍ឲ្យដឹងថា ដោយសារបញ្ហាកូវីដ បានធ្វើឲ្យគំរោងសាងសង់របស់ក្រុមហ៊ុន បានយឺតជាងផែនការ ប៉ុន្តែការអភិវឌ្ឍទីក្រុងរណបជ្រោយចង្វារ នៅតែឆ្ពោះទៅមុខ ជាមួយទស្សនទានអភិវឌ្ឍ​តាមចក្ខុវិស័យរបស់យើង។

លោកបន្តថា “អាគារមជ្ឈមណ្ឌលពាណិជ្ជកម្មធំ និងខ្ពស់ៗជាច្រើន នឹងសាងសង់នាពេលខាងមុខនៅទីក្រុងរណបជ្រោយចង្វារ”។ លោកបន្តថា “ទស្សនទាននៃការរអភិវឌ្ឈន៍របស់យើង គឺរៀបចំទីក្រុងនេះជាទីក្រុងឆ្លាតវៃ ដែលមានការប្រើប្រាស់អំពូលដែលកាត់បន្ថយការបំពុលបរិស្ថាន បែងចែកប្រព័ន្ឋទឹកស្អូយ និងទឹកភ្លៀងដាច់ពីគ្នា និងហេដ្ឋារចនាសម្ព័ន្ឋមួយចំនួនទៀត ផ្តោតលើភាពបៃតង”។

ទីប្រឹក្សាសមាគមអចលនទ្រព្យសកល លោកយិន លាងគង់បានមានប្រសាសន៍ថា តំបន់ជ្រោយចង្វារ និងតំបន់ស្របតាមបណ្តោយផ្លូវជាតិលេខ៦អា កំពុងពង្រីកសក្តានុពលយ៉ាងសម្បើម និងចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ដោយបច្ចុប្បន្នមានគម្រោងអភិវឌ្ឈន៍ធំៗជាច្រើនបាននិងកំពុងបង្ហាញខ្លួន ពិសេសបុរីប្រណីតៗជាច្រើនបាន និងកំពុងសាងសង់ ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋ និងអ្នកវិនិយោគអន្តរជាតិ។

លោកបន្តថា “ភាពអំណោយផលនៃហេដ្ឋារចនាសម្ព័ន្ឋ និងធនធានធម្មជាតិគឺដងទន្លេសាប និងទន្លេមេគង្គបានផ្តល់ឲ្យតំបន់នេះ នូវបរិយាកាសស្រស់ស្រាយ ជាមួយខ្យ​ល់អាកាសបរិសុទ្ឋ ធ្វើឲ្យអ្នករស់នៅតំបន់នេះមានសុខភាពល្អ និងងាយស្រួលដកដង្ហើម”។​ លោកបន្តថា “ការអភិវឌ្ឍន៍យ៉ាងលឿននៅទីនោះ បាននិងកំពុងធ្វើឲ្យតំបន់នេះក្លាយជាទីក្រុងដ៏ស៊ីវិល័យថ្មីមួយនាពេលអនាគត”៕

គម្រោងភូមិកីឡាតម្លៃ​២០០​លាន​ដុល្លារ​នឹង​បញ្ចប់​តាម​ការ​គ្រោង​ទុក​ដើម្បី​បម្រើ​ឱ្យ​កីឡា​ស៊ីហ្គេម​២០២៣​នៅ​កម្ពុជា

ដោយៈ ម៉ាណេត

ភ្នំពេញៈ ក្រុមហ៊ុនអភិវឌ្ឍន៍គម្រោងភូមិកីឡា (Sport Village) អះអាងថា ខ្លូននឹងខិតខំសាងសង់គម្រោងភូមិកីឡានេះ ទៅតាមដែនបានកំណត់ ដើម្បីបម្រើឱ្យប្រតិភូកីឡា និងអត្តពលិកសរុបប្រមាណ១ម៉ឺននាក់ អំឡុងការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ា ហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា។

អ្នកឧកញ៉ាសៀ ឬទ្ធីតំណាងក្រុមហ៊ុន World Bridge Sport Village ដែលកំពុងសាងសង់គម្រោងភូមិកីឡានេះ បានថ្លែងនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១នេះថា ក្រុមហ៊ុន នឹងខិតខំសាងសង់គម្រោងភូមិកីឡានេះ ឲ្យទាន់ពេលវេលាកំណត់ នៅចុងឆ្នាំ២០២២ តាមរយៈការសម្រុកធ្វើការងារទាំងយប់ទាំងថ្ងៃ ទោះបីស្ថិតក្នុងកាលៈទេសៈនៃការរីករាលដាលជំងឺកូវីដ-១៩ ក៏ដោយ ក៏គម្រោងនៅតែបន្តការសាងសង់ជាប់ជានិច្ច។

ភូមិកីឡា កំពុងសាងសង់លើផ្ទៃដីប្រមាណ៨ហិចតា នៅក្នុងបរិវេណពហុកីឡដ្ឋានជាតិមរតកតេជោ ដែលត្រូវសាងសង់ជាបន្ទប់ និងខុនដូសរុបជាង១,៧០០បន្ទប់ បំពាក់ដោយគ្រឿងបរិក្ខាទំនើបៗ ហើយជាតំបន់បៃតង ដែលមានទីធ្លារធំទូលាយ មានផ្សារទំនើប និងសាលធំៗអាចប្រើប្រាស់ជាការប្រកួតកីឡាបាន។ លើសពីនេះ ក៏មានរៀបចំសារមន្ទីរស៊ីហ្គេម ដើម្បីផ្ទុកនូវអនុស្សាវរីយ៍ ដែលកម្ពុជាធ្លាប់ដណ្ដើមបានពីស៊ីហ្គេមមុនៗទៀតផង។

ភូមិកីឡា ឬ Sport Village គឺជាកន្លែងស្នាក់នៅ និងហូបចុករួមដ៏ធំមួយ ដើម្បីត្រៀមស្វាគមន៍ប្រតិភូ និងអត្តពលិក ដែលនឹងមកចូលរួមប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម នៅកម្ពុជាដែលរាជរដ្ឋាភិបាលបានផ្ដស់សិទ្ធិដល់ក្រុមហ៊ុន World Bridge Sport Village ដើម្បីសាងសង់ឲ្យរួចរាល់មុនស៊ីហ្គេម ឆ្នាំ២០២៣។

តាមផែនការក្រុមហ៊ុនបានសន្យាថា ការសាងសង់គម្រោងនេះ នឹងត្រូវបញ្ចប់ចុងឆ្នាំ២០២២ ដើម្បីប្រគល់ឲ្យគណៈកម្មាធិការជាតិ CAMSOC ប្រើប្រាស់ឲ្យបានទាន់ពេលវេលានៃកាលបរិច្ឆេទរៀបចំស៊ីហ្គេម ចាប់ពីថ្ងៃទី០៥-១៧ ខែឧសភា ឆ្នាំ២០២៣ និងអាស៊ានប៉ារ៉ាហ្គេម ចាប់ពីថ្ងៃទី១-១០ ខែមិថុនា ឆ្នាំ២០២៣៕

រដ្ឋាភិបាលនឹងសាងសង់ផ្លូវថ្មីមួយ​តភ្ជាប់​ពី​សៀមរាប​ទៅ​កាន់​ក្រុង​បាត់់ដំបង​ដោយ​ឆ្លង​កាត់​ទន្លេសាប​

ដោយៈស៊ីវ ម៉េង

ភ្នំពេញៈ រដ្ឋាភិបាលនឹងសាងសង់ផ្លូវថ្មីមួយខ្សែ តភ្ជាប់ក្រុងសៀមរាប ទៅកាន់ក្រុងបាត់ដំបង ដែលផ្លូវនេះនឹងមានស្ពានដ៏វែងមួយឆ្លងកាត់ទន្លេសាប ដែលគ្រោងនឹងរៀបចំជាមជ្ឈមណ្ឌលទេសចរណ៍មួយ។

អ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូនលោកវ៉ាស៊ីម សូរិយាបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទកាលពីថ្ងៃទី២៤ ឧសភាកន្លងមកថា ផ្លូវមួយខ្សែដ៏សំខាន់នេះមានប្រវែងប្រមាណ៧០គីឡូម៉ែត្រ ដែលបានសិក្សាដោយក្រុមហ៊ុនចិន និងក្រុមហ៊ុនមួយចំនួនទៀត ប៉ុន្តែលទ្ឋផលសិក្សាផ្លូវការ មិនទាន់បញ្ចេញលំអិតបាននៅឡើយទេ។

លោកបន្តថា ផ្លូវដ៏សំខាន់នេះមានគោលដៅ ដូចជា ទី១ សម្រូលដល់ការដឹកជញ្ជូន ទី២ ជួយផ្តល់លំហូរទេសចរណ៍រវាងប៉ូលសេដ្ឋកិច្ចធំពីរគឺសៀមរាប និងបាត់ដំបង ដោយមិនចាំបាច់ឆ្លងកាត់ខេត្តបន្ទាយមានជ័យ ព្រោះបើឆ្លងកាត់ខេត្តបន្ទាយមានជ័យភ្ញៀវអន្តរជាតិនឹងចូលទៅកាន់ទីក្រុងបាងកង ទី៣ ជួយឲ្យមានលំហូរពលកម្មពីខេត្តបាត់ដំបងមកកាន់ខេត្តសៀមរាប ព្រោះខេត្តបាត់ដំបងមានមនុស្សរស់នៅច្រើន ជាងខេត្តសៀមរាប និងទី៤ ការបង្កើតឲ្យមានមជ្ឈមណ្ឌលទេសចរណ៍មួយ នៅកណ្តាលទន្លេសាប ដោយសារផ្លួវនេះមានស្ពានដ៏វែងឆ្លងកាត់ទន្លេសាប។

លោកវ៉ាស៊ីម សូរិយាបានបន្តថា “គំរោងនេះស្ថិតក្នុងផែនការអាទិភាព ព្រោះឯកឧត្តមទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុលចង់ជំរុញការងារនេះឲ្យបានលឿនណាស់ ប៉ុន្តែក៏៏មានការជំទាស់ពីក្រុមអ្នកបរិស្ថានផងដែរ”។ លោកបន្តថា “យ៉ាងណាការសាងសង់ស្ពានបែបនេះ មិនមានផលប៉ះពាល់បរិស្ថានធ្ងន់ធ្ងរនោះទេ បើការសាងសង់មានសរសេរគម្លាតគ្នាឆ្ងាយ វាមិនប៉ះពាល់ដល់លំហូរទឹកនោះទេ”។

លោកបន្តថា “គំរោងនេះអាចសាងសង់នៅពេលណាជាក់លាក់ ខ្ញុំមិនទាន់អាចបញ្ជាក់បានទេ ប៉ុន្តែក្រោយការសិក្សាចប់ គម្រោងនេះអាចឲ្យក្រុមហ៊ុនឯកជនដាក់ដេញថ្លៃសាងសង់ ឬជាថវិការបស់រដ្ឋាភិបាល មិនទាន់ដឹងពិតប្រាកដនៅឡើយទេ។

រាជរដ្ឋាភិបាលបាននិងកំពុងបង្ហាញមហិច្ឆតាដ៏ធំ ក្នុងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ឋ ដើម្បីជម្រុញកំនើនសេដ្ឋកិច្ចជាតិ។

សេដ្ឋវិទូបណ្ឌិតម៉ី កល្យាណទីប្រឹក្សាជាន់ខ្ពស់ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិធ្លាប់បានមានប្រសាសន៍ថា ហេដ្ឋារចនាសម្ព័ន្ឋជាបញ្ហាប្រឈមមួយ ក្នុងការប្រកួតប្រជែងរបស់កម្ពុជាធៀបជាមួយប្រទេសក្នុងតំបន់ ប៉ុន្តែបច្ចុប្បន្នរដ្ឋាភិបាលបាននិងកំពុងវិនិយោគ​លើវិស័យនេះច្រើនហើយ តែយ៉ាងណាក៏ដោយវាត្រូវការពេលវេលា ព្រោះហេដ្ឋារចនាសម្ព័ន្ឋធំៗ មិនអាចសាងសង់បានក្នុងរយៈពេល១ខែឬ១ឆ្នាំនោះទេ។

លោកបន្តថា “ចង់ឲ្យសេដ្ឋកិច្ចរីកចម្រើនបន្ថែមទៀត រដ្ឋាភិបាលត្រូវតែវិនិយោគលើហេដ្ឋារចនាសម្ព័ន្ឋ បើទោះវាត្រូវចំណាយទុនដ៏ច្រើនក្តី”៕

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីធំបំផុតលើពិភពលោកដែលមានកម្ពុជាចូលរួមនឹងចូលជាធរមាននៅដើមឆ្នាំក្រោយ

ដោយៈ ម៉ាណេត

ភ្នំពេញៈ ក្រុមអ្នកជំនាញ និងអ្នកវិភាគសេដ្ឋកិច្ចបានលើកឡើងថា ជាមួយនឹងការផ្តល់សច្ចាប័នត្រូវបានពន្លឿន កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ទំនងជានឹងចូលជាធរមាននៅឆ្នាំក្រោយ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន China Daily នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១។

កិច្ចព្រមព្រៀង ដែលកាលខែវិច្ឆិកា ឆ្នាំ២០២០ ចុះហត្ថលេខាដោយប្រទេសចិន ជប៉ុន សាធារណៈរដ្ឋកូរ៉េ អូស្រ្តាលី នូវែលហ្សេឡង់ និងប្រទេសអាស៊ានទាំង១០ ដែលរួមកម្ពុជាផងដែរនេះ បានបង្កើតប្លុកពាណិជ្ជកម្មសេរីធំបំផុតរបស់ពិភពលោក ហើយនឹងចូលជាធរមានក្នុងរយៈ៦០ថ្ងៃ បន្ទាប់ពីត្រូវបានផ្តល់សច្ចាប័ន ដោយសមាជិកអាស៊ានចំនួន៦ និងប្រទេសមិនមែនអាស៊ានចំនួន៣។

ប្រទេសថៃ សិង្ហបុរី ចិន និងជប៉ុនបានផ្តល់សច្ចាប័នដល់កិច្ចព្រមព្រៀង RCEP រួចហើយ។ ក្រសួងពាណិជ្ជកម្មចិនបានឱ្យដឹងថា រដ្ឋហត្ថលេខីទាំងអស់បានបង្ហាញពីចេតនារបស់ខ្លួន ក្នុងការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងនេះ ក្នុងរយៈពេលមួយឆ្នាំ ដូច្នេះវាអាចនឹងចូលជាធរមាននៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២។

លោក Zhang Jianping អគ្គនាយកមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចតំបន់ចិន ដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំង បាននិយាយថា ទំនាក់ទំនងកាន់តែជិតស្និទ្ធ ក្នុងចំណោមប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀង RCEP នឹងមានឥទ្ធិពលយ៉ាងខ្លាំងលើពាណិជ្ជកម្មក្នុងតំបន់ការវិនិយោគ និងការធ្វើសមាហរណកម្មទីផ្សារ។

លោកបានបន្តថា “ប្រការនេះនឹងជួយដល់ការស្ទុះងើបឡើងវិញ នៃសេដ្ឋកិច្ចពិភពលោក ដែលកំពុងទទួលរងផលប៉ះពាល់ ដោយសារជំងឺរាតត្បាតកូវីដ១៩ និងងាកចេញពីការប្រឈមនឹងការកើនឡើង នូវការគាំពារនិយមផ្នែកពាណិជ្ជកម្ម”។

លោក Zhang បាននិយាយថា កិច្ចសហប្រតិបត្តិការ ក្នុងចំណោមបណ្តាប្រទេសដែលចូលរួម និងផ្តល់ផលប្រយោជន៍គ្នាទៅវិញទៅមក នឹងជម្រុញយ៉ាងខ្លាំងដល់ពាណិជ្ជកម្ម និងការវិនិយោគក្នុងតំបន់ ដោយបន្ថែមថាមពលថ្មីដល់ការអភិវឌ្ឍក្នុងតំបន់ និងផ្តល់ការគាំទ្រយ៉ាងខ្លាំងដល់ការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោក។

កិច្ចព្រមព្រៀង RCEP ត្រូវបានរៀបចំឡើង ដើម្បីកាត់បន្ថយពន្ធគយចំនួន៩០ភាគរយលើទំនិញ ដែលបានធ្វើពាណិជ្ជកម្មរវាងប្រទេសហត្ថលេខី ក្នុងរយៈពេល២០ឆ្នាំចាប់ តាំងពីចូលជាធរមាន។ នៅក្នុងច្បាប់រួមនៃប្រភពដើមដែលបង្កើតឡើងដោយ RCEP មានតែ៤០ភាគរយនៃមាតិកាប៉ុណ្ណោះ ត្រូវបានទាមទារសម្រាប់ទំនិញ ដើម្បីពិចារណាពីជាប្រភពដើមRCEP ដែលទាបជាងកម្រិតនៃកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីដទៃទៀតយ៉ាងខ្លាំង។

កិច្ចព្រមព្រៀងនេះ នឹងជំរុញសេដ្ឋកិច្ចតំបន់ឱ្យកាន់តែទូលំទូលាយ តាមរយៈការសម្របសម្រួលពាណិជ្ជកម្ម និងការវិនិយោគ ជំរុញលំហូរផលិតកម្ម ជំរុញការធ្វើសមាហរណកម្ម និងសម្របសម្រួលខ្សែសង្វាក់ផលិតកម្ម និងឧស្សាហកម្ម ព្រមទាំងជំរុញការអភិវឌ្ឍឧស្សាហកម្ម និងអាជីវកម្មថ្មីៗ រួមមានពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិចឆ្លងកាត់ព្រំដែនទៀតផង៕

ធនាគារកណ្តាលថៃ អាចនឹងរក្សាអត្រាការប្រាក់ឱ្យនៅកម្រិតទាបមិនធ្លាប់មានត្រឹម០,៥រយៈពេល១ទៅ២ឆ្នាំដោយសារវិបត្តិកូវីដ

សុខុម
បាងកក: មន្រ្តីធនាគារកណ្តាលថៃ (BoT) មួយរូបបានលើកឡើងនៅថ្ងៃច័ន្ទ ទី២៤ ឧសភា នេះថា អត្រាការប្រាក់គោលនៅក្នុងប្រទេសថៃ អាចនឹងរក្សាឱ្យនៅកម្រិតទាបមិនធ្លាប់មានត្រឹម០,៥រយៈពេល១ទៅ២ឆ្នាំ។ នេះបើយោងតាមការចុះផ្សាយរបស់កាសែត Bangkok Post។

ការរក្សាអត្រាការប្រាក់គោលនេះឱ្យនៅកម្រិតទាបមិនធ្លាប់មានរយៈពេលវែងបែបនេះ ធ្វើឡើងក្នុងគោលបំណងសម្រាលវិបត្តិកូវីដ-១៩ រហូតដល់សេដ្ឋកិច្ចមានសញ្ញាងើបឡើងវិញយ៉ាងពិតប្រាកដ
ខណៈប្រទេសនេះកំពុងប្រឹងប្រែងដោះស្រាយវិបត្តិឆ្លងរាតត្បាតវីរុសកូវីដ-១៩ រលកទី៣។

លោក Don Nakornthab នាយកជាន់ខ្ពស់នៃធនាគារកណ្ដាលថៃ បានថ្លែងក្នុងវេទិកាសេដ្ឋកិច្ចមួយថា អតិផរណាអាចនឹងកើនឡើងជាបណ្តោះអាសន្ន ប៉ុន្តែតាមការរំពឹងទុកថា វានឹងមិនបង្កផលប៉ះពាល់ខ្លាំងយូរអង្វែងនោះទេ។

លោកបានគូសបញ្ជាក់ថា អតិផរណានៅក្នុងត្រីមាសទី២ អាចកើនឡើងលើសពី១%ដែលធនាគារកណ្ដាលថៃ បានកំណត់ដល់៣% ប៉ុន្តែវាគ្រាន់តែស្ថានភាពបណ្ដោះអាសន្នប៉ុណ្ណោះ។

ធនាគារកណ្ដាលថៃ បានរក្សាអត្រាការប្រាក់របស់ខ្លួនមិនផ្លាស់ប្តូរចាប់តាំងពីពាក់កណ្តាលឆ្នាំ២០២០ ហើយបានព្រមានអំពីផលប៉ះពាល់ដែលបង្កឡើងដោយការផ្ទុះការឆ្លងរាតត្បាតវីរុសកូវីដ-១៩ រលកទី៣នាពេលបច្ចុប្បន្នដែលមានចំណែកប្រហែល៨០%នៃករណីឆ្លង និងករណីស្លាប់សរុបដោយសារវីរុសក៏កាចសាហាវនៅក្នុងប្រទេសថៃ។

ធនាគារកណ្ដាលមួយនេះនឹងពិនិត្យមើលឡើងវិញនូវគោលនយោបាយ និងទស្សនវិស័យសេដ្ឋកិច្ចនៅថ្ងៃទី ២៣ ខែមិថុនា។

លោក Don Nakornthab បានបញ្ជាក់ថា “អត្រាការប្រាក់កំណត់ក្នុងគោលនយោបាយគឺស្ថិតក្នុងកម្រិតទាបមិនធ្លាប់មាន ហើយប្រហែលជានៅកម្រិតនេះដដែលមួយរយៈពេលវែង។ ក្នុងពេល១ឆ្នាំ ឬ២ឆ្នាំ ប្រហែលជាគ្មានការដំឡើងការប្រាក់នោះទេ”៕