អ្នកឧកញ៉ាឡេង ណាវ៉ាត្រាប្រកាសវិនិយោគគម្រោងធំមួយលើផ្ទៃដី៥០០ហិកតា នៅខេត្តបាត់ដំបង

ដោយៈគង់ សូរិយា

 ភ្នំពេញៈ អ្នកឧកញ៉ាឡេង ណាវ៉ាត្រាបានប្រកាសគំរោងអភិវឌ្ឍន៍ធំមួយ ដែលមានវិសាលភាពលើផ្ទៃដី៥០០ហិកតា នៅខេត្តបាត់ដំបង ភូមិភាគពាយ័ព្យប្រទេស ខណៈរដ្ឋាភិបាល កំពុងរៀបចំស្តារព្រលានយន្តហោះរបស់ខេត្តឡើងវិញ។

អ្នកឧកញ៉ាបានសរសររលើបណ្តាញទំនាក់ទំនងសង្គម កាលពីចុងសប្តាហ៍មុនថា គម្រោងអភិវឌ្ឈន៍ជាង500ហិចតាខេត្តបាត់ដំបង ជាតំបន់ទេចរណ៍សិប្បនិមិត្ត ដែលរួមមានគំរោងជាច្រើនដូចជា 1.កោះចាក់សោរបេះដូង 2.ស្ទឹងសាងស្នេហ៍ 3.រម្មណីយដ្ឋានវាលស្រែធម្មជាតិ 4. រីសត សណ្ឋាគារលើកោះជាលក្ខណៈឯកជន 5. ផែទឹកទេសចរណ៍ ប្រមូលផ្ដុំអ្នកលេងមូតូទឹក  6.កន្លែងក្មេងលេង  7.តារាងបាល់ទាត់ 8.កន្លែងប្រគំតន្រ្តី

9.បុរី វីឡាលំហែរមាត់ស្ទឹង និងគំរោងអភិវឌ្ឈន៍ប្រមូលផ្ដុំកន្លែងទេសចរណ៍ជាច្រើនទៀត។
បច្ចុប្បន្នគំរោងនេះ បានចាប់ផ្តើមដំណើរការបណ្តើរហើយ តាមរយៈរូបថតលើផេករបស់អ្នកឧកញ៉ា គឺមានសកម្មភាពចាក់ដី និងគ្រឿងចក្រជាច្រើន។

ភូមិប៉ោយសំរោង ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង ចុះតាមផ្លូវវត្តវាលទ្រា ចំងាយប្រហែ៧គីឡូម៉ែត្រពីទីរួមខេត្ត។

លោកឡែមឌឿន ដាឡឹម ប្រធានក្រុមហ៊ុនអចលនទ្រព្យAtsolutionsបានមានប្រ​សា​សន៍ឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី២៤ ឧសភានេះថា គំរោងអភិវឌ្ឍន៍របស់អ្នកឧក​ញ៉ាឡេង ណាវ៉ាត្រាជាការលើកស្ទួយវិស័យអចលនទ្រព្យ នៅក្នុងខេត្តបាត់ដំបងកាន់តែរីកចម្រើនថែមទៀត ខណៈសក្តានុពលវិស័យនេះនៅក្នុងខេត្តមិនមានការស្រកស្រុតនោះទេ បើទោះបីជាមានវិបត្តិកូវីដ១៩។

លោកបន្តថា “តាមខ្ញុំដឹងគំរោងរបស់អ្នកឧកញ៉ា ស្ថិតនៅក្នុងស្រុកថ្មគោល ដែលមានចម្ងាយប្រមាណ៧គីឡូម៉ែត្រពីក្រុងបាត់ដំបង និងស្ថិតនៅជាប់ផ្លូវហាយវេរបស់ខេត្ត”។លោកបន្តថា “គំរោងនេះនឹងលើកស្ទួយមុខមាត់របស់ខេត្ត និងធ្វើឲ្យខេត្តនេះកាន់តែមានភាពទាក់ទាញការអភិវឌ្ឍកាន់តែច្រើន ពិសេសនឹងជួយទាក់ទាញភ្ញៀវទេសចរណ៍ផងដែរ”។

អភិបាលខេត្តបាត់ដំបង លោកងួន រតនៈបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទផងដែរថា លោកបានដឹងព៌តមាននេះ ប៉ុន្តែរហូតមកទល់ពេលនេះ គំរោងនេះមិនទាន់បានដាក់សំណើរមកកាន់ខេត្តនៅឡើយទេ ប៉ុន្តែក្នុងនាមអាជ្ញាធរខេត្តលោកសូមស្វាគមន៍ឲ្យតែមានគំរោងអភិវឌ្ឍន៍ចូលមក។

លោកបន្តថា “គំរោងនេះ នឹងជួយលើកមុខមាត់របស់ខេត្ត បើគាត់ធ្វើពិតប្រាកដ

ហើយបើគាត់អភិវឌ្ឍន៍ ដោយមានលំនៅដ្ឋានតម្លៃសមរម្យ សម្រាប់អ្នកមានចំណូលមធ្យម វាជាការល្អណាស់សម្រាប់ប្រជាពលរ

ក្រុមហ៊ុនបដិសណ្ឋារកិច្ចអន្តរជាតិធំមួយនឹងបើកដំណើរសណ្ឋាគាររបស់ខ្លួន នៅកម្ពុជានៅដើមឆ្នាំក្រោយ

ដោយៈ ម៉ាណេត
ភ្នំពេញៈ ក្រុមហ៊ុនOakwood ដែលជាក្រុមហ៊ុនបដិសណ្ឋារកិច្ចធំមួយ នៅលើពិភពលោកបានប្រកាសថា ខ្លួននឹងពន្យាពេលបើកដំណើរការសណ្ឋាគាររបស់ខ្លួន នៅខែមករា ឆ្នាំក្រោយដោយសារជំងឺកូវីដ១៩។ នេះបើយោងតាមការចេញផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១។

លោកស្រី Lina Abdullah ប្រធានគ្រប់គ្រងទូទៅប្រចាំតំបន់នៅប្រទេសកម្ពុជា មីយ៉ាន់ម៉ា និងថៃ នៃក្រុមហ៊ុន Oakwood បាននិយាយថា នាពេលនេះ អាជីវកម្មស្នូលរបស់យើង ផ្តោតលើភ្ញៀវស្នាក់នៅរយៈពេលយូរ ហើយនេះបានជួយយើងឱ្យរួចផុតពីវិបត្តិជំងឺរាតត្បាត ហើយជាមួយគ្នានេះដែរ ក្រុមហ៊ុននឹងពន្យាពេលបើកដំណើរការសណ្ឋាគារមួយនៅភ្នំពេញទៅដើមឆ្នាំក្រោយ។

លោកស្រីបានថ្លែងថា “ក្រុមហ៊ុនក៏គ្រោងនឹងបើកសណ្ឋាគារមួយ នៅទីក្រុងភ្នំពេ​ញប្រទេសកម្ពុជាផងដែរ ប៉ុន្តែបានពន្យារពេលកាលបរិច្ឆេទ បើកដំណើរការរហូតដល់ខែមករា ឆ្នាំក្រោយ ដោយសារតែរលកឆ្លងថ្មីនៃជំងឺកូវីដ”។

ទាក់ទងនឹងការបើកដំណើរការសណ្ឋាគារ នៅទីក្រុងភ្នំពេញ ក្រុមហ៊ុនធ្លាប់បានប្រកាសថា គ្រោងនឹងបើកដំណើរការសណ្ឋាគាររបស់ខ្លួន នៅក្នុងត្រីមាសទី២ ឆ្នាំ២០២១។

ជាមួយគ្នានេះដែរ សណ្ឋាគារ Oakwood Premier Phnom Penh នឹងមានការរួមបញ្ចូលសិល្បៈបុរាណ និងវប្បធម៌ខ្មែរ ជាមួយនឹងភាពឆើតឆាយនាពេលបច្ចុប្បន្ន ដែលផ្តល់នូវការស្នាក់បន្ទប់សណ្ឋាគារ និងអាផាតមិនចំនួន២០៧យូនីត៕

ក្រុមហ៊ុន Aeon Mall ពន្យារ​ពេល​គម្រោង​ផ្សារ​ទំនើប​របស់​ខ្លួន​នៅ​ប្រទេស​មីយ៉ាន់ម៉ា ​ប៉ុន្តែ​ពន្លឿន​នៅ​កម្ពុជា​

ដោយ សុខុម

ហ្សាការតា: ក្រុមហ៊ុនអភិវឌ្ឍន៍ផ្សារទំនើប Aeon Mall ដែលស្ថិតក្រោមក្រុមហ៊ុនផ្សារទំនើបដ៏ធំ Aeon របស់ប្រទេសជប៉ុន បានពន្យារពេលគម្រោងសាងសង់ផ្សារទំនើបមួយរបស់ខ្លួននៅក្នុងទីក្រុងយ៉ង់ហ្គូន ប្រទេសមីយ៉ាន់ម៉ា ក្រោយរដ្ឋប្រហារដោយយោធា។ នេះបើយោងតាមសារព័ត៌មាន The Jakarta Post ចុះផ្សាយកាលពីសប្ដាហ៍កន្លងទៅ។

ក្រុមហ៊ុនអភិវឌ្ឍន៍ផ្សារទំនើបនេះគ្រោងចាប់ផ្ដើមការសាងសង់នៅរដូវក្ដៅនេះ ប៉ុន្តែស្ថានភាពមិនប្រាកដប្រជាបានធ្វើឱ្យប៉ះពាល់ដល់គម្រោងនេះក្រោយរដ្ឋប្រហារដោយយោធាកាលពីខែកុម្ភៈ នៅក្នុងប្រទេសជាសមាជិកអាស៊ាន មួយនេះ។

ក្រុមហ៊ុន Aeon Mall បានបង្កើតការវិនិយោគរួមគ្នាជាមួយក្រុមហ៊ុនក្នុងស្រុកមួយដើម្បីបើកផ្សារទំនើបមួយនៅក្នុងប្រទេសមីយ៉ាន់ម៉ា ក្នុងឆ្នាំ២០២៣។

ប្រភពដែលស្និទ្ធនឹងគម្រោងអភិវឌ្ឍន៍នេះបានបង្ហើបឱ្យដឹងថា ក្រុមហ៊ុនជប៉ុន មួយនេះមិនគិតចង់ដកខ្លួនចេញពីគម្រោងនេះឡើយ ប៉ុន្តែនឹងធ្វើការកែសម្រួលខ្លះលើផែនការរបស់ខ្លួនដើម្បីសម្របទៅនឹងទិន្នាការរបស់អ្នកប្រើប្រាស់ និងស្ថានភាពសេដ្ឋកិច្ចនៅក្នុងប្រទេសនេះ។

រដ្ឋាភិបាលមីយ៉ាន់ម៉ា បានអនុម័តគម្រោងពាក់ព័ន្ធមួយដែលមានទំហំវិនិយោគ១៨០លានដុល្លារកាលពីឆ្នាំមុន៕

IMF ស្នើទឹកប្រាក់៥០ពាន់លានដុល្លារ ដើម្បីទិញវ៉ាក់សាំងជួយដល់ប្រទេសក្រីក្រ

ដោយៈ សុខុម

វ៉ាស៊ីនតោន: កាលពីថ្ងៃសុក្រសប្ដាហ៍មុន មូលនិធិរូបិយអន្តរជាតិ (IMF) បានស្នើផែនការ ដែលមានទំហំទឹកប្រាក់៥០ពាន់លានដុល្លារ ដើម្បីរួមចំណែកបញ្ចប់វិបត្តិឆ្លងរាតត្បាតវីរុសកូវីដ-១៩។ នេះបើយោងតាមសារព័ត៌មាន The Korea Times ចុះផ្សាយកាលពីថ្ងៃអាទិត្យ ទី២៣ ឧសភា។

ផែនការនេះ មានបំណងបង្កើនការចាក់វ៉ាក់សាំងទូទាំងពិភពលោក ខណៈបណ្ដាក្រុមហ៊ុនផលិតវ៉ាក់សាំង បានសន្យាផ្គត់ផ្គង់វ៉ាក់សាំងរាប់ពាន់លានដូស ទៅដល់បណ្ដាប្រទេសក្រីក្រត្រឹមដំណាច់ឆ្នាំ២០២២។

ការសន្យានេះ ធ្វើឡើងនៅពេលដែលប្រទេសអេស្ប៉ាញ ប្រកាសថា ខ្លួននឹងបើកព្រំដែន របស់ខ្លួនស្វាគមន៍អ្នកដំណើរ ដែលបានចាក់វ៉ាក់សាំងទាំងអស់នៅខែក្រោយ ដោយផ្តល់ក្តីសង្ឃឹមថា រដូវកាលទេសចរណ៍នៅអឺរ៉ុប នឹងស្ទុះងើបឡើងវិញ បន្ទាប់ពីរងផលប៉ះពាល់ធ្ងន់ធ្ងរកាលពីឆ្នាំមុន។

ប៉ុន្តែនៅទ្វីបអាមេរិកឡាទីន វីរុសកូវីដ-១៩ បានបន្តបង្កផលប៉ះពាល់ធ្ងន់ធ្ងរ នៅពេលចំនួនអ្នកស្លាប់សរុប ដោយសារវីរុសកូវីដ-១៩ នៅក្នុងទ្វីបនេះបានកើនឡើងដល់១លាននាក់។

ចំណែកអង្គការសុខភាពពិភពលោក (WHO) និយាយថា ចំនួនអ្នកស្លាប់ពិតប្រា​កដ ដោយសារការឆ្លងរាតត្បាតវីរុសដ៏កាចសាហាវនេះ អាចមានចំនួនខ្ពស់ជាងស្ថិតិផ្លូរការពី២ទៅ៣ដង។

នៅរដ្ឋធានីវ៉ាស៊ីនតោន មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានស្នើផែនការសង្គ្រោះមួយ ដែលមានទំហំទឹកប្រាក់៥០ពាន់លានដុល្លារ ជាមួយគោលបំណងចាក់វ៉ាក់សាំងឱ្យបានយ៉ាងតិច៦០% នៃចំនួនប្រជាជនសរុបទូទាំងពិភពលោកនៅត្រឹមឆ្នាំ២០២២។

ទំហំទឹកប្រាក់នេះគឺតិចតួចណាស់ បើធៀបទៅនឹងកញ្ចក់ថវិកាច្រើនសន្ធឹកសន្ធាប់ដែលដាក់ចេញដោយបណ្ដាប្រទេសអ្នកមាន ដោយក្នុងនោះរួមមានទាំងកញ្ចប់ថវិកាស្ដារសេដ្ឋកិច្ច១,៩ទ្រីលានដុល្លាររបស់សហរដ្ឋអាមេរិកផងដែរ។

នៅទីក្រុងរ៉ូម កិច្ចប្រជុំកំពូលសុខាភិបាលពិភពលោក (Global Health Summit) ដែលជាផ្នែកមួយ នៃកិច្ចពិភាក្សារបស់ក្រុមប្រទេស G20 ក្រុមហ៊ុនផលិតវ៉ាក់សាំងកូវីដ-១៩ ឈានមុខគេដូចជាក្រុមហ៊ុន Pfizer ក្រុមហ៊ុន Moderna និងក្រុមហ៊ុន Johnson Johnson បានសន្យាផ្គត់ផ្គង់វ៉ាក់សាំងកូវីដ-១៩ចំនួន៣,៥ពាន់លានដូស ដោយបញ្ចុះតម្លៃពិសេស ដល់បណ្ដាប្រទេសមានប្រាក់ចំណូលមធ្យម និងប្រទេសមានប្រាក់ចំណូលទាបនៅឆ្នាំនេះ និងឆ្នាំក្រោយ។

សហភាពអឺរ៉ុប បានសន្យាផ្ដល់វ៉ាក់សាំងចំនួន១០០លានដូស និងវិនិយោគលើរោងចក្រផលិតវ៉ាក់សាំងនៅអាហ្វ្រិក ដើម្បីកាត់បន្ថយការពឹងផ្អែកលើវ៉ាក់សាំងនាំចូល។ ប្រទេសអាល្លឺម៉ង់ បានសន្យាបរិច្ចាគវ៉ាក់សាំងចំនួន​៣០​លានដូស ដល់បណ្ដាប្រទេសក្រីក្រនៅឆ្នាំនេះ៕

អ្នកជំនាញៈ ការផ្ដល់ព័ត៌មានតាមអនឡាញជាមធ្យោបាយដ៏សំខាន់ក្នុងការទាក់ទាញអ្នកទិញលក់អចលនទ្រព្យ

ដោយៈ ម៉ាណេត

ភ្នំពេញៈ អ្នកជំនាញលើកឡើងថា ការផ្ដល់ព័ត៌មាន តាមអនឡាញបានក្លាយជាម ធ្យោបាយដ៏សំខាន់ក្នុងការទាក់ទាញ និងរក្សាចំណាប់អារម្មណ៍របស់អ្នកទិញ អំឡុងពេលវិបត្តិកូវីដ១៩។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាលោកច្រឹក សុខនីមបានថ្លែងប្រាប់កាលពីថ្មីៗនេះថា ជាទូទៅ អ្នកស្វះស្វែងរកអចលនទ្រព្យ អាចទទួលបានគ្រប់ព័ត៌មានដែលពួកគេត្រូវការ នៅលើ Internet ហើយលោកគិតថា ពួកគេនឹងចូលមកស្វែងយល់ម្ដងទៀត អំពីទីផ្សារអចលនទ្រព្យ ក្រោយពេលវិបត្តិកូវីដ១៩​បានធូរស្រាល។

លោកបានបន្តថា “ចង់ឬមិនចង់ របៀបនៃការធ្វើជំនួញ ក្នុងទីផ្សារអចលនទ្រព្យ គឺជាការសម្លឹងទុកមុននូវអចលនទ្រព្យដែលសមគួរ ខណៈការផ្ដល់ព័ត៌មានតាមអនឡាញ ជាមធ្យោបាយដ៏សំខាន់ក្នុងការទាក់ទាញ និងរក្សាចំណាប់អារម្មណ៍របស់អ្នកទិញ អំឡុងវិបត្តិកូវីដ១៩”។

លោកក៏បានលើកឡើងថា ស្ថានការណ៍បច្ចុប្បន្នជារួម ស្ថិតនៅឆ្ងាយពីវិបត្តិខ្លាំងណាស់។ ទីផ្សារអចលនទ្រព្យនៅតែខ្លាំង ដោយសារនៅតែមានចំណាប់អារម្មណ៍ពីអ្នកចង់ទិញ។ វាគ្រាន់តែជាបញ្ហាថា តើអ្នកដែលចង់ទិញអាចមកមើលអចលនទ្រព្យ ដោយផ្ទាល់បានដែរឬទេ ដូច្នេះអ្នកទិញ អាចធ្វើការសម្រេចចិត្តត្រឹមត្រូវសម្រាប់ពួកគេ។

ផ្ទុយមកវិញលោកឃើញថា ស្ថានការណ៍នាពេលបច្ចុប្បន្ន វាជាឱកាសសម្រាប់ ភ្នាក់ងារអចលនទ្រព្យ ក្នុងការរៀនជំនាញថ្មីៗ ខណៈពេលដែលពួកគេត្រូវនៅផ្ទះ។

លោកសុខនីមបានថ្លែងថា “មានធនធានអនឡាញជាច្រើន ដែលបង្រៀនពីជំនា​ញចរចារ លក់ និងធ្វើទីផ្សារ។ ការរៀនមុខវិជ្ជាអនឡាញមួយ ទាក់ទងនឹងជំនាញចរចារ និងគ្រប់គ្រងផងដែរ”។

លោកបន្តថា “នេះគឺជាឱកាសល្អ សម្រាប់ភ្នាក់ងារអចលនទ្រព្យ ក្នុងការពង្រីក និងពង្រឹងជំនាញរបស់ពួកគេ ដូច្នេះពួកគេនឹងមានគុណតម្លៃកាន់តែច្រើន សម្រាប់ផ្ដល់ជូនអតិថិជន នៅពេលដែលស្ថានភាពទីផ្សារ ត្រលប់មករកប្រក្រតីភាពឡើងវិញ”៕

អ្នកជំនាញលើកឡើង​ពី​ទីតាំង​ខុនដូ​នៅ​តំបន់​ចំនួន​៣​ដែល​វិនិយោគ​ទទួល​បាន​ផល​ចំណេញ​នៅ​ថ្ងៃ​អនាគត

ដោយៈ គង់ សូរិយា

ភ្នំពេញៈ ទោះបីជាពេលនេះកម្ពុជា កំពុងជួបប្រទះជាមួយវិបត្តិកូវីដ១៩ក៏ដោយ ប៉ុន្តែអ្នកជំនាញបានបង្ហាញប្រាប់ពីខុនដូ ដែលស្ថិតនៅតំបន់ចំនួន៣ ដែលនៅតែមានចរន្ត​ទិញលក់ច្រើនដូចធម្មតា ជាពិសេសសម្រាប់អ្នកដែលចង់វិនិយោគខុនដូអាចទិញទុកចំណេញបាននៅថ្ងៃមុខ។

អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Easy Property Investment លោកម៉ម សិរីបញ្ញា បានថ្លែងប្រាប់គេហទំព័រ Property Area Asia កាលពីពេលថ្មីៗនេះថា ថ្វីត្បិតតែមិនផុសផុល ដូចកាលវីរុសមិនទាន់ចូលមែន ក៏ប៉ុន្តែស្ថានភាពខុនដូនៅពេលបច្ចុប្បន្ន អ្នកអភិវឌ្ឍលើវិស័យខុនដូនេះ ចេះតែខិតខំប្រឹងលក់រួមជាមួយការផ្តល់ជូនពិសេស ដល់អតិថិជនទុកចំណេញនៅថ្ងៃក្រោយ។

លោកបញ្ជាក់ថា “ខុនដូដែលនៅមានចរន្តទិញលក់ដូចជា នៅផ្លូវ៦០ម៉ែត្រ។ និយា​យឱ្យចំទៅ មិននៅកណ្តាលក្រុងទេ ច្រើនតែនៅជាយក្រុង ហើយភាគច្រើនខុនដូដែលមានតម្លៃក្រោម៨ម៉ឺនគឺមានចរន្តទិញលក់ល្មមគួរសម”។

ទន្ទឹមនេះ អ្នកជំនាញមួយរូបទៀត លោក ខន គង្គារ អគ្គនាយកក្រុមហ៊ុន ERA បានមានប្រសាសន៍ថា “ពេលនេះគឺជាឱកាសល្អ សម្រាប់អ្នកវិនិយោគមែនទែន ដោយសារវាមានភាពបត់បែនច្រើនទាំងតម្លៃ ហើយក៏មានងាយស្រួលក្នុងការចរចារដែរ។ ខុនដូនៅតំបន់ទួលគោក ជ្រោយចង្វារ និងផ្លូវ៦០ ម៉ែត្រ គឺនៅតែមានការទិញលក់ដដែលក្នុងស្ថានភាពកូវិដ១៩នេះ”។

លោកបន្តថា ស្ថានភាពខុនដូនឹងកាន់តែរីកចម្រើន នៅពេលដែលរដ្ឋាភិបាលកម្ពុជាអាចគ្រប់គ្រងជម្ងឺហ្នឹងបាន និងបរិបទពិភពលោកអាចធូរស្បើយពីជម្ងឺនេះ នោះសភាពការណ៍នឹងត្រឡប់មករកភាពដើមឬអាចប្រសើរជាងមុនក៏ថាបាន។

នាយកក្រុមហ៊ុន Daily Realty Group លោក ហៃ រ៉ាវី បានសង្កត់ធ្ងន់ថា សម្រាប់គម្រោងសាងសង់ថ្មីៗ ដែលមានគម្រោងសាងសង់ត្រឹមរយៈពេល៣ឆ្នាំ ច្បាស់ណាស់ថានឹងមានប្រូម៉ូសិនផ្តល់ជូនភ្ញៀវ ហើយបើសិនជាភ្ញៀវទិញក្នុងអំឡុងរដូវនេះ អាចនឹងមានការផ្តល់ជូននូវការប្រាក់ទាប។

លោកនាយកបានប្រាប់ថា ជាក់ស្តែង ខុនដូនៅខាងជ្រោយចង្វារ មានតម្លៃសមរម្យដែលក្នុងយូនីតមានតម្លៃត្រឹម៥ម៉ឺន ឬ៦ម៉ឺនដុល្លារឡើង។ ចំណែកនៅក្នុងខណ្ឌទួលគោកក៏មានតម្លៃសមរម្យ ដែលអ្នកចង់វិនិយោគទិញរួចអាចចំណេញ បាននៅថ្ងៃអនាគតផងដែរ៕

សួនឧស្សាហកម្មកាណាឌីយ៉ា​ទំហំ​៥០០​ហិកតា​​លើ​ផ្លូវ​ជាតិ​លេខ​៥១​កំពុង​សាង​សង់​យ៉ាង​សកម្ម

ដោយៈគង់ សូរិយា

ភ្នំពេញៈ ការសាងសង់សួនឧស្សាហកម្មរបស់សហគ្រាសកាណាឌីយ៉ា ទំហំ៥០០ហិកតា នៅតំបន់ផ្លូវជាតិលេខ ៥១បាននិងកំពុងសាងសង់យ៉ាងសកម្ម ខណៈតំបន់នេះកំពុងទាក់ទាញការវិនិយោគយ៉ាងច្រើននាពេលបច្ចុប្បន្ននេះ។

ប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកលឹម សុជាតិបានមានប្រសាសន៍ឲ្យដឹងកាលពីចុងសប្តាហ៍មុនថា ការសាងសង់សួនឧស្សាហកម្មនៅតំបន់ផ្លូវជាតិលេខ៥១ បាននិងកំពុងធ្វើឡើងយ៉ាងសស្រាក់សស្រាំ ស្របពេលតំបន់នេះ កំពុងទាក់ទាញគំរោងវិនិយោគធំៗ កាន់តែច្រើននាពេលបច្ចុប្បន្ននេះ។

លោកបន្តថា “តំបន់ផ្លូវជាតិលេខ៥១ ពេលមានវត្តមានសួនឧស្សាហកម្មទំហំ៥០០ហិកតា បានទាក់ទាញគំរោងជាច្រើន ពិសេសធ្វើឲ្យតម្លៃដីនៅតំបន់នោះមានភាពទាក់ទាញយ៉ាងខ្លាំង”។

ជាមួយគ្នានេះ លោកសន សៀបស្ថាបនិកនិងជានាយកក្រុមហ៊ុន Key Real Estate បានមានប្រសាសន៍ថា ទោះបីមានវិបត្តិកូវីដ១៩ក្តី ប៉ុន្តែដីធ្លីតំបន់មួយចំនួននៅតែឡើងថ្លៃ ដូចជាតំបន់ផ្លូវជាតិលេខ៤១ ផ្លូវជាតិលេខ៥១ តំបន់ផ្លូវក្រវ៉ាត់ក្រុងទី៣ និងតំបន់អភិវឌ្ឍន៍ជាច្រើនទៀត។

លោកបន្តថា “តម្លៃដីធ្លីនៅក្រុងភ្នំពេញនៅតែបន្តកើនឡើង ជាក់ស្តែងបើគិតពីឆ្នាំ២០១៩ ដល់ចុងឆ្នាំ២០២០ តម្លាំដីនៅទីក្រុងនេះកើនឡើងក្នុងរង្វង់ជិត២ភាគរយ”។

ជាមួយគ្នានេះ អ្នកជំនាញអចលនទ្រព្យដទៃទៀត ក៏កំពុងមើលឃើញសញ្ញាវិជ្ជមានបណ្តើរៗលើទីផ្សារដីធ្លីផងដែរ។
លោកច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានមានប្រសាសន៍ឲ្យដឹងផងដែរថា ស្របពេលស្ថានភាពហាក់មានភាពធូរស្រាល និងរដ្ឋាភិបាលអនុញ្ញាត្ត ឲ្យប្រជាពលរដ្ឋធ្វើដំណើរឡើងវិញ សកម្មភាពទិញលក់ក្នុងវិស័យអច​លនទ្រព្យ ពិសេសទីផ្សារដីធ្លីនឹងកើនឡើងសកម្មភាពទិញ លក់មុនគេ បន្ទាប់មកទើបទីផ្សារលំនៅដ្ឋានងើបឡើងវិញ។

លោកបន្តថា “សកម្មភាពវិនិយោគក្នុងវិស័យអចលនទ្រព្យ នឹងមានភាពប្រសើរឡើងវិញនៅចុងឆ្នាំនេះ ឬដើមឆ្នាំ២០២២ខាងមុខ ស្របពេលអ្នកវិនិយោគអន្តរជាតិនឹងចូលមកបណ្តើរៗនៅចុងឆ្នាំនេះ ឬដើមឆ្នាំ២០២២ខាងមុខ”៕

តើកត្តាអ្វីខ្លះបានជាវិនិយោគិនដីធ្លីបោះទុនច្រើននៅតាមជាយក្រុងជាជាងក្នុងក្រុង?

ដោយៈ សហការី

ភ្នំពេញៈ អ្នកជំនាញបានឱ្យដឹងថា ការប្រតិបត្តិការលើកវិនិយោគលើវិស័យដីធ្លីនៅតាមបណ្តោយផ្លូវក្រវ៉ាត់ក្រុង និងជាយក្រុងកំពុងមានសន្ទុះរីកចំរើនច្រើន ជាងនៅក្នុងក្រុង ខណៈដីធ្លីនៅក្នុងក្រុងស្ថិតនៅក្នុងតម្លៃខ្ពស់។

អ្នកជំនាញអចលនទ្រព្យលំដាប់អន្តរជាតិ លោកស្រីអាន សុធិតា បានប្រាប់គេហទំព័រ propertyarea.asia កាលពីពេលថ្មីៗនេះថា ការធ្វើប្រតិបត្តិការ និងការវិនិយោគដីធ្លីនៅតាមជាយក្រុង ជាពិសេសនៅតាមបណ្តោយផ្លូវក្រវ៉ាត់ក្រុងទី៣ ហាក់មានសន្ទុះរីកចម្រើនខ្លាំងជាងនៅក្នុងទីក្រុងភ្នំពេញ។

លោកស្រីបន្តថា “មានកត្តាជាច្រើន ដែលធ្វើឱ្យការធ្វើប្រតិបត្តិការវិនិយោគលើវិស័យដីធ្លីនៅតាមជាយក្រុង និង នៅតាមផ្លូវក្រវ៉ាត់ក្រុងមានការកើនឡើង ដោយសារតែតម្លៃដីនៅក្នុងទីក្រុងមានការកើនឡើងខ្ពស់ និងមានតម្រូវការកើនឡើងជាបន្តបន្ទាប់កក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ”។

ជាមួយគ្នានេះ លោក ស៊ា ឆៃលីន អគ្គនាយកក្រុមហ៊ុន Chailin Sear Realty Co., Ltd បានឯកភាពជាមួយលោកស្រីអាន សុធីតាដែរថា នាពេលបច្ចុប្បន្ននេះសន្ទុះ នៃការប្រតិបត្តិការទិញលក់អចលនវត្ថុនៅតាមជាយក្រុង គឺមានសន្ទុះរីកចំរើនខ្លាំងជាង នៅក្នុងទីក្រុងភ្នំពេញ ជាពិសេសដីធលីនៅតាមបណ្តោយផ្លូវក្រវ៉ាត់ក្រុង។

លោកពន្យល់ថា “មូលហេតុដែលធ្វើឱ្យដីធ្លី នៅតាមជាយក្រុងមានសន្ទុះរីកចំរើនខ្លាំងជាពិសេសផ្លូវក្រវ៉ាត់ក្រុងទី៣ គឺដោយសារមានហេដ្ឋារចនាសម្ព័ន្ធល្អ តម្លៃដីធ្លីស្ថិតនៅក្នុងតធូថ្លៃជានៅក្នុងក្រុង និងជាពិសេសគឺហេដ្ឋារចនាសម្ព័ន្ធថ្មី ដែលរដ្ឋាភិបាលបាននឹងកំពុងអនុវត្ត ដោយមិនមែនស្ថិតនៅក្នុងគម្រោង”។

លោកបន្តថា “មូលហេតុដែលការទិញលក់ដីធ្លី នៅក្នុងក្រុងធ្លាក់ចុះ ដោយសារតែតម្លៃដីខ្ពស់ អ្នកដែលចង់ទិញហើយខ្វះទីផ្សារ ក្នុងការវិនិយោគ ដូចជាការសាងសង់អគារខ្ពស់ៗ និងមនុស្សមួយចំនួនសម្រុកទិញផ្ទះក្នុងបុរី ជាដើម”។

ទោះជាយ៉ាងណា លោក ហៃ រ៉ាវី នាយកក្រុមហ៊ុន Daily Realty Group បានឱ្យដឹងថា សន្ទុះនៃការវិនិយោគដីធ្លីនៅក្នុងទីក្រុងភ្នំពេញ ហាក់មានសន្ទុះរីកចំរើនខ្លាំ​ង ជាងនៅតាមជាយក្រុង ដោយសារតែនៅទីក្រុងភ្នំពេញមានការតម្រូវការច្រើន ដូចជាសាងសង់ខុនដូ អគារពាណិជ្ជកម្ម និងអគារការិយាល័យជាដើម។

លោកបន្តថា “ដីធ្លីនៅតាមតំបន់ឆ្ងាយៗពីជាយក្រុង ហាក់មិនសូវមានសន្ទុះ ដោយសារតែវានៅឆ្ងាយ ពិបាកធ្វើដំណើរមកធ្វើការនៅក្នុងក្រុង និងមិនសូវមានតម្រូវការ”៕

តើមូលដ្ឋានគ្រឹះនៃការគិតថ្លៃសេវានិងកម្រៃជើងសាទិញអចលនទ្រព្យត្រូវកំណត់យ៉ាងដូចម្តេច?

ដោយ៖ ម៉ាណេត

ភ្នំពេញៈ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញផ្សាយសេចក្តីប្រកាសច្បាប់ស្តីពី ថ្លៃសេវា និងកម្រៃជើងសាវិជ្ជាជីវៈ សម្រាប់ការផ្តល់សេវាកម្មវាយតម្លៃ និងសេវាកម្មអចលនវត្ថុដល់ក្រុមហ៊ុនអចលនទ្រព្យនានា នៅក្នុងប្រទេសកម្ពុជាទូទាំងគ្រប់ខេត្តក្រុង។

យោងតាមឧបសម្ព័ន្ធនៃការប្រកាសលេខ៧៦១.សហវ.ប្រក ចុះថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧ រូបមន្តនៃការគណនា និងមូលដ្ឋាននៃការកំណត់ថ្លៃសេវា និងកម្រៃជើងសាវិជ្ជាជីវៈ សម្រាប់ការបំពេញសេវាកម្មវាយតម្លៃ និងសេវាកម្មអចលនវត្ថុ ដែលត្រូវទិញលក់ ត្រូវបានកំណត់ដូចជាៈ

សម្រាប់ក្រុមហ៊ុនវាយតម្លៃ

តម្លៃអចលនទ្រព្យដូចជាដីធ្លីនិងផ្ទះសម្បែងដែលទិញ ឬលក់ មានតម្លៃស្មើនឹង៖
– ១០០,០០០ ដុល្លារ ឬក្រោមនេះ ត្រូវកំណត់ថ្លៃសេវាវិជ្ជាជីវៈ០,១៧០% ឬអប្បបរិមាស្មើនឹង១៧០ដុល្លា។
– ១,០០០,០០១ – ៥,០០០,០០០ដុល្លារ ត្រូវកំណត់ថ្លៃសេវាវិជ្ជាជីវៈ០,០៥0%។
– ៥,០០០,០០១ – ១០,០០០,០០០ដុល្លារ ត្រូវកំណត់ថ្លៃសេវាវិជ្ជាជីវៈ០,០៣០%។
– លើសពី ១០,០០០,០០០ដុល្លារ ត្រូវកំណត់ថ្លៃសេវាវិជ្ជាជីវៈ០,០២៥%។

សម្រាប់ក្រុមហ៊ុនភ្នាក់ងារអចលទ្រព្យ និងក្រុមហ៊ុនគ្រប់គ្រងអចលនវត្ថុ

១. ការទិញ និងលក់ អចលនវត្ថុ ដូចជាដីធ្លីនិងផ្ទះសម្បែង
ចំពោះការទិញ និងលក់ទាំងអស់ត្រូវបានកំណត់ថ្លៃសេវាវិជ្ជាជីវៈ អប្បបរិមា៣% ក្នុងរយៈពេលដែលមិនកំណត់។

២. ការជួលអចលនវត្ថុ
– ការជួលអចលនវត្ថុ ដែលមានរយៈពេលក្រោម១ឆ្នាំ កម្រៃសេវាវិជ្ជាជីវៈអាចកំណត់ទៅបានតាមកិច្ចព្រមព្រៀងរវាងភាគីទាំងសងខាងគឺអ្នកជួល និងម្ចាស់អចលនវត្ថុ។

– ការជួលអចលនវត្ថុរយៈពេល១ឆ្នាំ កម្រៃសេវាវិជ្ជាជីវៈ គឺត្រូវតែស្មើនឹងតម្លៃជួលអចលនទ្រព្យ១ខែ។
– ការជួលអចលនទ្រព្យលើសពី១ឆ្នាំ កម្រៃសេវាវិជ្ជាជីវៈ គឺត្រូវតែស្មើនឹងតម្លៃជួលអចលនទ្រព្យ១ខែ បូករួមនឹងចំនួន២៥%បន្ថែម ទៅតាមសមាមាត្រនៃការជួលតាមឆ្នាំនីមួយ៕

សហរដ្ឋអាមេរិក អាចផលិតវ៉ាក់សាំងកូវីដ-១៩ បានរហូតដល់១ពាន់លានដូសត្រឹមដំណាច់ឆ្នាំ២០២១

Syringes with prepared doses of the Johnson & Johnson Janssen Covid-19 vaccine and bandages at San Rafael Commons in San Rafael, California. Photographer: David Paul Morris/Bloomberg

សុខុម

វ៉ាស៊ីនតោន: លោកប្រធានាធិបតី ចូ បៃឌិន បានលើកឡើងកាលពីថ្ងៃសុក្រ ទី២១ ឧសភា ថា សហរដ្ឋអាមេរិក អាចផលិតវ៉ាក់សាំងកូវីដ-១៩ បានរហូតដល់១ពាន់លានដូសនៅត្រឹមដំណាច់ឆ្នាំ២០២១។ នេះបើយោងតាមសារព័ត៌មាន The Edge Markets ចុះផ្សាយនៅថ្ងៃទី២២ ឧសភា នេះ។

ក្រោយជំនួបថ្ងៃទី១នៅសេតវិមានជាមួយប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in លោក ចូ បៃឌិន បានថ្លែងថា “ក្តីសង្ឃឹម និងការរំពឹងទុក” គឺនៅតែមានសម្រាប់ឆ្នាំ២០២១ ហើយសហរដ្ឋអាមេរិក នឹង “អាចចាក់វ៉ាក់សាំងឱ្យពលរដ្ឋអាមេរិក បានគ្រប់រូប”។

រដ្ឋនានាកំពុងដាក់ចេញវិធីផ្សេងៗប្រកបដោយភាពច្នៃប្រឌិត ដើម្បីទាក់ទាញពលរដ្ឋឱ្យទៅទទួលវ៉ាក់សាំង។ តួយ៉ាងរដ្ឋ Oregon រួមជាមួយរដ្ឋមួយចំនួនទៀតបានផ្តល់ឱកាសផ្សងសំណាងឱ្យពលរដ្ឋឈ្នះឆ្នោតរង្វាន់ធំសម្រាប់ពលរដ្ឋណាដែលបានចាក់វ៉ាក់សាំង ដោយពលរដ្ឋម្នាក់អាចឈ្នះឆ្នោតដល់ទៅ១លានដុល្លារ។ រដ្ឋញូវយ៉ក រដ្ឋ Ohio រដ្ឋ Maryland និងរដ្ឋ Kentucky ក៏កំពុងផ្តល់រង្វាន់ឆ្នោតផងដែរដើម្បីលើកទឹកចិត្តឱ្យពលរដ្ឋទៅចាក់វ៉ាក់សាំង ខណៈល្បឿននៃការចាក់វ៉ាក់សាំងមានសន្ទុះយឺតនៅទូទាំងប្រទេស។

ក្នុងសន្និសីទកាសែតរួមជាមួយលោក Moon Jae-in លោក ចូ បៃឌិន បានគូសបញ្ជាក់ថា នៅក្នុងប្រទេសកូរ៉េខាងត្បូង ទាហានប្រហែល៥៥០.០០០នាក់ដែលទំនាក់ទំនងស្និទ្ធជាមួយកងកម្លាំងសហរដ្ឋអាមេរិក ក៏នឹងត្រូវចាក់វ៉ាក់សាំងកូវីដ-១៩ ដែរ។

ប្រទេសកូរ៉េខាងត្បូង ពិតជាចង់ទទួលបានការផ្គត់ផ្គង់វ៉ាក់សាំងពីសហរដ្ឋអាមេរិក ដែលប្រទេសមហាអំណាចពិភពលោកមួយនេះបានអនុញ្ញាតឱ្យនាំចេញកាលពីពេលថ្មីៗនេះ។ យោងតាម Bloomberg Vaccine Tracker ឱ្យដឹងថា វ៉ាក់សាំងជាង៥លានដូសត្រូវបានចែកចាយនៅក្នុងប្រទេសកូរ៉េខាងត្បូង ដែលគ្របដណ្តប់ប្រហែល៥%នៃចំនួនប្រជាជនសរុប។ ស្ថិតក្នុងអត្រាចាក់វ៉ាក់សាំងនាពេលបច្ចុប្បន្ន គេប៉ាន់ប្រមាណថា ប្រទេសនេះនឹងត្រូវការពេល២ឆ្នាំកន្លះដើម្បីចាក់បាន៧៥%នៃប្រជាជនសរុបរបស់ខ្លួន។ យុទ្ធនាការចាក់វ៉ាក់សាំងបានចាប់ផ្តើមប្រហែល១១សប្តាហ៍មុននៅក្នុងប្រទេសនេះ។

លោក ចូ បៃឌិន ថ្លែងថា លោក និងលោក Moon Jae-in បានពិភាក្សាអំពីលទ្ធភាពដែលក្រុមហ៊ុនផលិតវ៉ាក់សាំងមួយរបស់សហរដ្ឋអាមេរិក អាចចាប់ដៃគូសហការជាមួយប្រទេសកូរ៉េខាងត្បូង។ លោកបានបន្តថា “ជាមួយជំនួយពីក្រុមហ៊ុននោះ កូរ៉េខាងត្បូង នឹងអាចផលិតវ៉ាក់សាំងបានច្រើនសម្រាប់ខ្លួនពួកគេ”។

កាលពីព្រឹកថ្ងៃសុក្រ ម្សិលមិញ រដ្ឋមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក លោកស្រី Gina Raimondo បានថ្លែងថា “ក្រុមហ៊ុនផលិតវ៉ាក់សាំងនានារបស់សហរដ្ឋអាមេរិក កំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋការលោក ចូ ពៃឌិន ដើម្បីផ្គត់ផ្គង់វ៉ាក់សាំងកូវីដ-១៩ ដល់ប្រទេសកូរ៉េ”។

សេតវិមានបានប្រកាសនៅសប្តាហ៍នេះថា ខ្លួនគ្រោងនឹងបង្កើនការនាំចេញវ៉ាក់សាំងជាសកលនៅត្រឹមដំណាច់ខែមិថុនា។

លោក ចូ បៃឌិន បាននិយាយកាលពីថ្ងៃច័ន្ទ ដើមសប្ដាហ៍នេះថា លោកនឹងនាំចេញវ៉ាក់សាំងចំនួន២០លានដូសពីក្រុមហ៊ុន Pfizer Inc ក្រុមហ៊ុន Moderna Inc ឬ ក្រុមហ៊ុន Johnson & Johnson បន្ថែមពីលើវ៉ាក់សាំងចំនួន៦០លានដូសរបស់ក្រុមហ៊ុន AstraZeneca Plc ដែលលោកគ្រោងផ្តល់ឱ្យប្រទេសផ្សេងៗទៀត៕