ទីផ្សារអចលនទ្រព្យនៅអាស៊ីនៅតែបង្កើតបង្កើតឱកាសល្អប្រសើរសម្រាប់វិនិយោគ

ដោយៈ ប៊ី
ភ្នំពេញៈ ទិន្នន័យថ្មីមយយបានបង្ហាញថា អចលនទ្រព្យ (លំនៅដ្ឋាន) នៅអាស៊ីមានតម្លៃសរុបប្រមាណ៩០ទ្រីពាន់លានដុល្លារអាមេរិក ដែលមានន័យថា អាស៊ីមានការអភិវឌ្ឍអចលនទ្រព្យយ៉ាងរីកចម្រើនក្នុងពិភពលោក។ នេះបើយោងតាមចេញផ្សាយរបស់គេហទំព័រ e27 កាលពីថ្មីៗនេះ។

នោះហើយជាមូលហេតុបង្ហាញថា អាស៊ីបង្ហាញឱកាសដ៏ទាក់ទាញ សម្រាប់ការវិនិយោគលើវិស័យអចលនទ្រព្យ។

អចលនទ្រព្យតំបន់អាស៊ីមានចំនួនប្រហែល៤៥ភាគរយ នៃតម្លៃអចលនទ្រព្យសរុប (លំនៅដ្ឋាន) ទូទាំងពិភពលោក ទោះបីជាតម្លៃទិញជាមធ្យមដែលទាបជាងនៅអឺរ៉ុប ឬអាមេរិកខាងជើងក៏ដោយ។

ប្រតិបត្តិការទិញលក់អចលនទ្រព្យឆ្លងកាត់ព្រំដែនខណៈពេលដែលការគណនាតម្លៃសរុបនៃទ្រព្យសម្បត្តិអចលនទ្រព្យនៅអាស៊ី យើងក៏បានព្យាយាមធ្វើការប៉ាន់ស្មាន នៃប្រតិបត្តិការអចលនទ្រព្យលំនៅដ្ឋានឆ្លងកាត់ព្រំដែន។ ប៉ុន្តែប្រតិបត្តិការទិញលក់ឆ្លងកាត់ព្រំដែនពិបាកនឹងធ្វើការប៉ាន់ប្រម៉ាណ ហើយមិនមានទិន្នន័យជាក់លាក់ណាមួយដែលយកប្រើប្រាស់បាន លើកលែងតែទិន្នន័យនៅចិនដីគោក។

ការប៉ាន់ស្មានរបស់ក្រុមហ៊ុន Juwai IQI បង្ហាញថា គ្រាន់តែអ្នកទិញជនជាតិចិន បានទិញអចលនទ្រព្យលំនៅដ្ឋាននៅក្រៅប្រទេសប្រមាណ២០២,៨ពាន់លានដុល្លារក្នុងឆ្នាំ២០១៥ ដល់ឆ្នាំ២០២០ ដែលជាវិនិយោគលើវិស័យអចលនទ្រព្យនៅប្រទេសខ្លួនដ៏ខ្ពស់គួរឱ្យកត់សម្គាល់។

ក្រុមហ៊ុន Juwai IQI បានយកតំបន់អាស៊ីមកធ្វើជាគំរូទីផ្សារអចលនទ្រព្យ ដោយបានលើកឡើងថា អាស៊ីមានប្រជាជនចំណយន៤,៥ពាន់លាននាក់ ដែលអាចធ្វើឱ្យតម្រូវអចលនទ្រព្យនៅតំបន់នេះ កើនឡើងប្រជាចាំ ហើយនឹងក្លាយជាឱកាសសម្រាប់ការវិនិយោគិន និងក្រុមហ៊ុនអចលនទ្រព្យ៕

អ្នកជំនាញៈចង់វិនិយោគដីធ្លីទទួលបានចំណេញឆាប់កុំវិនិយោគក្បែរក្រុង

ដោយៈវឌ្ឈនៈ

ភ្នំពេញៈ វិស័យអចលនទ្រព្យបានរីកចម្រើន ជាបន្តបន្ទាប់នៅក្នុងរយៈជាង១០ឆ្នាំមកនេះ ហើយការអភិវឌ្ឍក៏សាយភាយទៅកាន់តំបន់ជាយៗក្រុង ធ្វើឱ្យតម្លៃដីនៅជាយក្រុងក៏កាន់តែមានហាងឆេងជាបន្តបន្ទាប់។

ដូច្នេះហើយទើបអ្នកជំនាញបានផ្ដល់ជាយោបល់ថា បើចង់វិនិយោគដីធ្លី សូមកុំសម្លឹងមើនៅក្បែរៗក្រុង តែសូមស្វែងរកដីនៅតំបន់ជាយក្រុងវិញប្រសើរជាង។

លោកសន សៀបស្ថាបនិកនិងជានាយកប្រតិបត្តិក្រុមហ៊ុនអចលនទ្រព្យឃីរៀលអ៊ីស្ទេតបានឱ្យដឹងកាលពីថ្ងៃព្រហស្បត៍ថា តម្លៃដីធ្លីនៅក្បែរក្រុងៗ គឺបានហក់ឡើងខ្ពស់ទៅហើយ ហើយអ្នកទិញដីទាំងនោះ មិនមែនសម្រាប់ទុកវិនិយោគនោះទេ តែគេទិញដើម្បីអភិវឌ្ឍន៍តែម្ដង។ ដូច្នេះហើយបើចង់វិនិយោគដីធ្លី ដើម្បីចំណេញគួរតែរកទៅរកតំបន់ណារាងឆ្ងាយពីក្រុងបន្តិច ហើយក៏ត្រូវចេះមើលពីតំបន់ណា ដែលមានសក្ដានុពលសម្រាប់ការវិនិយោគដីធ្លីដែរ។

លោកបន្តថា “ដីនៅតំបន់ជិតៗក្រុង វាបានហក់ឡើងខ្ពស់រួចហើយ ដូចជាផ្លូវ៦០ម៉ែត្រប៉ែកខាងត្បូងរាជធានីភ្នំពេញជាដើម វាបានឡើងរាប់លានដុល្លារអាមេរិកទៅហើយក្នុងមួយហិចតា”។លោកបន្តថា “តំបន់ខ្លះជាយក្រុង ក៏មានតម្លៃលានដុល្លារអាមេរិកដែរក្នុងមួយហិចតា ដូច្នេះការទិញដីក្នុងតម្លៃខ្ពស់ ដើម្បីទុកលក់ចំណេញវាមិនមែនជាការងាយស្រួលទេ ព្រោះថាវាបានឡើងដល់កម្រិតមួយរួចហើយ”។

ជាមួយគ្នានេះ លោកច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា ក៏បានឱ្យដឹងផងដែរថា ទិញដី នៅជិតក្រុង ឬកណ្ដាលក្រុងជាអ្នកអភិវ ឌ្ឍន៍ ហើយការអភិវឌ្ឍរបស់ពួកគេភាគច្រើនផ្ដោតលើខុនដូ និងអគារខ្ពស់ៗ ពីព្រោះការអភិវឌ្ឍប្រភេទនេះ អាចឱ្យគេរកបានចំណេញច្រើន តែបើសិនជាទិញដើម្បីទុកលក់បន្តទៀតវាប្រហែលជាមិនមាននោះទេ។

ដោយឡែកអ្នកអភិវឌ្ឍន៍លំនៅឋានជាបុរី ក៏មិនទិញដីដែលមានតម្លៃថ្លៃៗ ដើម្បីអភិវឌ្ឍន៍ដែរ ព្រោះបើកាលណាទិញដីថ្លៃ ពួកគេក៏ត្រូវលក់ផ្ទះថ្លៃដែរ ដែលធ្វើឱ្យអ្នកមានលទ្ធភាពទិញភាគតិច ដូច្នេះគេត្រូវសម្លឹងទៅមើលតំបន់ឆ្ងាយៗពីក្រុងបន្តិច ដើម្បីអភិវឌ្ឍន៍ជាបុរី ។

លោកបន្តថា “អ្នកដែលទិញដីដើម្បីចំណេញនៅពេលអនាគត ក៏ត្រូវតែចេះមើលពីទិសដៅអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលផងដែរ បើទិញត្រូវទិសដៅអភិវឌ្ឍន៍ ពួកគេនឹងទទួលបានការចំណេញមកវិញលឿន ដូច្នេះហើយអ្នកដែលឆ្លាតត្រូវចេះរកព័ត៌មានពីការអភិវឌ្ឍនានាដូចជានៅ សាលាក្រុង នៅមន្ទីរឬក្រសួងពាក់ព័ន្ធជាដើម”។

បើតាមលោកសុខនីមថា នៅជុំវិញរាជធានីភ្នំពេញសឹងតែ៣៦០ដឺក្រេហើយ សុទ្ធតែមានការអភិវឌ្ឍដូចគ្នា គ្រាន់តែតំបន់ខ្លះមានបែបផែននៃការអភិវឌ្ឍខុសគ្នា ហើយតម្លៃដីក៏មានការខុសគ្នាតិចតួចប៉ុណ្ណោះ តែលោកមើលឃើញថា ទៅប៉ែកខាងលិចរាជធានីភ្នំពេញហាក់ទទួលបានការវិនិយោគច្រើន ជាងតំបន់ជាយក្រុងផ្សេងៗទៀត៕

រដ្ឋបាលខេត្ពពោធិ៍សាត់គ្រោងបង្កើតឃុំថ្មីបន្ថែមនៅក្នុងស្រុកតាលោសែនជ័យ

ដោយៈរតនៈ

ពោធិសាត់ៈ រដ្ឋបាលខេត្តពោធិសាត់ គ្រោងបង្កើតឃុំថ្មីបន្ថែមទៀត នៅស្រុកតាលោសែនជ័យ ដែលជាស្រុកស្រុងចុងក្រោយមួយ នៃដែនរដ្ឋបាលខេត្តពោធិ៍សាត់ដែលមានតែ២ឃុំប៉ុណ្ណោះ។

យ៉ាងនេះក្តីអាជ្ញាធរខេត្តឲ្យដឹងថា រដ្ឋបាលខេត្តគ្រោងបង្កើតឃុំថ្មីបន្ថែម ក្នុងស្រុកកូនពៅមួយនេះ ឲ្យបានមុនការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់។

អភិបាលរងខេត្តពោធិ៍សាត់ លោក ចេង ឡៃបានប្រាប់Propertyareaនៅថ្ងៃទី ២២ខែ ឧសភានេះថា ដោយសារតែឃុំតាលោសែនជ័យ ដែលទើបបង្កើតថ្មីនេះមានជាង២០ភូមិ ដែលជាចំនួនមួយច្រើន និងមានទំហំដីធំ ដូចនេះរដ្ឋបាលខេត្តគ្រោងបង្កើតឃុំផ្សេងទៀតលើផ្ទៃដីដដែល ដើម្បីងាយស្រួលក្នុងការគ្រប់គ្រង។

តែទោះជាយ៉ាងណាលោកចេង ឡៃ មិនបានឲ្យដឹងថា ស្រុកកូនពៅនៃខេត្តពោធិ៍សាត់នេះ នឹងត្រូវបង្កើតឃុំចំនួនប៉ុន្មានទៀតនោះទេ។

តាលោសែនជ័យ គឺជាស្រុកថ្មីដែលទើបបង្កើតឡើងក្នុងឆ្នាំ២០១៩។ ស្រុកនេះបានបង្កើតឡើងដោយកាត់យកឃុំចំនួនពីរគឺ ឃុំតាលោ នៃស្រុកបាកាន និងឃុំផ្ទះរុង នៃស្រុកភ្នំក្រវាញ របស់ខេត្តពោធិ៍សាត់។ ក្រៅពីនេះគេកាត់យកភូមិចំនួនពីរ គឺភូមិកោះស្វាយ និងភូមិកោះវត្ត នៃឃុំខ្នារទទឹង របស់ស្រុកបាកានមកឱ្យឃុំតាលោទៀត៕

កំណាត់ផ្លូវជាតិជាច្រើនខ្សែត្រូវបានជួសជុលថែទាំដើម្បីសម្រួលដល់ការធ្វើ ដំណើររបស់ប្រជាពលរដ្ឋ

ដោយៈ ប៊ី

ភ្នំពេញៈ កំណាត់ផ្លូវជាតិជាច្រើនខ្សែ ត្រូវបានបន្តខិតខំយកចិត្តទុកដាក់ជួសជុលថែទាំ ដើម្បីជួយសម្រួលដល់ការដឹកជញ្ជូន និងការធ្វើដំណើរឆ្លងកាត់របស់បងប្អូនប្រជាពលរដ្ឋ ឱ្យកាន់តែមានភាពងាយស្រួលថែមទៀត។
នេះបើយោងតាមការបញ្ជាក់របស់ក្រសួងសាធារណការ និងដឹកជញ្ជូននៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១។

នៅថ្ងៃទី២០-២១ ខែឧសភា ឆ្នាំ២០២១ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តបាត់ដំបង ឧត្តរមានជ័យ ព្រះវិហារ កំពង់ឆ្នាំង ត្បូងឃ្មុំ និងខេត្តរតនគីរី បានបន្តខិតខំយកចិត្តទុកដាក់ចុះត្រួតពិនិត្យគុណភាពផ្លូវថ្នល់ និងបានធ្វើការជួសជុលថែទាំលើ កំណាត់ផ្លូវជាតិលេខ៥ លេខ៨ លេខ៥២ លេខ៥៦ លេខ៦២ លេខ៦៤ លេខ៧២ លេខ៧៨ លេខ៩៥ លេខ៥៧B លេខ៧៨-៥ លេខ៥៧B1 និងផ្លូវថ្នល់មួយចំនួនផ្សេងទៀត ដែលបានរងការខូចខាតក្លាយជាជង្ហុកសំបុកមាន់ ត្រូវបានជួសជុលផងដែរ។

រដ្ឋាភិបាលកម្ពុជា បាននិងកំពុងបង្ហាញសកម្មភាពយ៉ាងសកម្ម ចំពោះការអភិវឌ្ឍប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ នៅទូទាំងប្រទេស រួមទាំងគម្រោងកែលម្អគម្រោងហេដ្ឋរចនាសម្ព័ន្ធផេងៗ នៅតាមបណ្តាខេត្ត និងជនបទជាដើម ដើម្បីសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងវិស័យដឹកជញ្ជួន ដែលជាការរួមចំណែកដល់ការជំរុញកំណើនសេដ្ឋកិច្ច។

ការកែលម្អនឹងត្រូវធ្វើទៅលើផ្នែកជាច្រើន នៃតាមផ្លូវជាតិ និងផ្លូវខេត្ត ដែលជាលទ្ធផលជួយកាត់បន្ថយថ្លៃចំណាយ លើការដឹកជញ្ជូន និងហានិភ័យគ្រោះថ្នាក់ ដោយសារតែផ្លូវខូច និងជួយសម្រួលដល់ខ្សែចង្វាក់ផ្គត់ផ្គង់ ក្នុងវិស័យកសិកម្ម និងការអភិវឌ្ឍវិស័យទេសចរណ៍ផងដែរ។

ជាមួយនេះដែរ មានការលើកឡើងថា ការអភិវឌ្ឍន៍វិស័យហេដ្ឋារចនាសម្ព័ន្ធ គឺដើម្បីពង្រីកសសៃឈាមសេដ្ឋកិច្ច ក៏ដូចជាការចូលរួមចំណែកកាត់ថ្លៃ ធ្វើដំណើររបស់ប្រជាពលរដ្ឋ និងវិស័យដឹកជញ្ជួន ដើម្បីឈានដល់ការប្រកួតប្រជែងក្នុងតំបន់ទៀតផង។

លោកទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុលរដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូនធ្លា ប់លើកឡើងថា ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ និងសំណង់ នឹងចូលរួមចំណែកយ៉ាងខ្លាំងក្លានៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម ពីព្រោះវាជាកត្តាដែលនាំឱ្យមានការបង្កើតនូវឱកាសការងារ ជំរុញកំណើនសេដ្ឋកិច្ចជាតិ ព្រមទាំងពង្រឹង និងពង្រីកទំនាក់ទំនងជាមួយបណ្តាប្រទេសនានាក្នុងតំបន់ និងសង្គមជាតិដ៏មានប្រសិទ្ធភាព៕

ក្រសួងអប់រំត្រៀមរួចហើយសំរាប់បើកសាលារៀនឡើងវិញ ក្រោយបិទបញ្ចប់ព្រឹត្តិការណ៍២០កុម្ភៈ

ដោយៈគង់ ម៉ាលីន

ភ្នំពេញៈ ក្រសួងអប់រំ យុវជននិងកីឡាបានដាក់ចេញយុទ្ឋសាស្រ្ត និងប្រជុំគ្នារួចហើយ ដើម្បីបើកសាលារៀនឡើងវិញ ក្រោយបញ្ចប់ព្រឹត្តិការណ៍២០កុម្ភៈ នាពេលខាងមុខនេះ។

អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោក រស់ សុវាចាថ្លែងឲ្យដឹងថា ក្រសួងអប់រំបានប្រជុំកំណត់រួចជាស្រេចនូវយុទ្ធសាស្ត្រ ត្រៀមបើកសាលារៀនឡើងវិញ ក្រោយការប្រកាសបិទព្រឹត្តិការណ៍ ២០ កុម្ភៈ។ ប៉ុន្ដែការបើកសាលារៀនឡើងវិញ គឺត្រូវផ្តោតលើគោលការណ៍សុវត្ថិភាព សុខភាពស្របតាមវិធានការសុខាភិបាល។

លោកបន្តថា “ក្រសួងអប់រំ យុវជន និងកីឡា បានប្រជុំកំណត់រួចជាស្រេចនូវយុទ្ធសាស្ត្រត្រៀមបើកសាលារៀនឡើងវិញ ក្រោយការប្រកាសបិទព្រឹត្តិការណ៍២០ កុម្ភ:។ ជារួមការបើកសាលារៀនឡើងវិញ នាពេលណាមួយខាងមុខនេះ ផ្តោតលើគោលការណ៍សុវត្ថិភាពសុខភាព ស្របនឹងវិធានការសុខាភិបាល ដើម្បីលើកកម្ពស់គន្លងជីវិតថ្មីក្នុងវិស័យអប់រំ”។

លោករស សុវាចាបានបញ្ជាក់ថា “ក្រសួងអប់រំ នឹងជម្រាបជូនសាធារណជននាពេលក្រោយស្តីពី ព័ត៌មានពាក់ព័ន្ធនឹងការបើកសាលារៀនឡើងវិញ និងទិដ្ឋភាពពាក់ព័ន្ធ”។

មកដល់ពេលនេះ បុគ្គលិកអប់រំ និងលោកគ្រូ-អ្នកគ្រូចំនួន៨៥% នៃចំនួនសរុប ១៥៨,០០០ នាក់ នៅទូទាំងប្រទេសបានទទួលការចាក់វ៉ាក់សាំងរួចរាល់ហើយ។

លោកបានថ្លែងថា ចំពោះមុខនេះសិស្សានុសិស្សនៅទូទាំង ២៥ ខេត្ត-រាជធានី ត្រូវបន្តអនុវត្តវិធានការ៣ការពារ ៣កុំ និងអាចរៀនអនឡាញបាន តាមរយ:មាតិកាឌីជីថលរបស់ក្រសួងអប់រំ យុវជន និងកីឡា។

លោកបង្ហាញថា មាតិកាឌីជីថលទាំងនោះរួមមាន កម្មវិធីស្វ័យសិក្សា MoEYS E-Learning ដែលមានវីដេអូ
សិក្សាពីថ្នាក់ទី១ ដល់ថ្នាក់ទី១២ សៀវភៅសិក្សាអេឡិចត្រូនិកដូចជា សៀវភៅសិក្សាគោល សៀវភៅកំណែអំណានទូទៅ ចំណេះដឹងសកល រឿងនិទាន កម្មវិធីតេស្តសមត្ថភាពសិស្ស និងទំព័រព័ត៌មានអប់រំ៕

ដំណឹងល្អៈវ៉ាក់សាំងចំនួន១លានដូសទៀតនឹងមកដល់កម្ពុជានៅថ្ងៃស្អែក ខណៈប្រជាជនជាង២លាននាក់រួចហើយបានចាក់វ៉ាក់សាំងរួច

ដោយៈគង់ សូរិយា

ភ្នំពេញៈ ប្រទេសកម្ពុជានឹងទទួលបាន វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ស៊ីណូវ៉ាក់ចំនួន ១ លានដូសទៀត ដែលរាជរដ្ឋាភិបាលបញ្ជាទិញពីប្រទេសចិន នឹងដឹកមកដល់កម្ពុជានៅព្រឹកថ្ងៃទី ២៣ ខែឧសភាស្អែក។

យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាលបានបង្ហាញថា គិតត្រឹមយប់ថ្ងៃទី ២១ ខែឧសភានេះ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិបានចាក់វ៉ាក់សាំងបង្ការកូវីដ១៩ ដល់មន្រ្តីរាជការប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធសរុបនៅទូទាំងប្រទេសបានចំនួន ២ ២២៦ ៤៤៦ នាក់។

លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលបានថ្លែងក្នុងពេលទៅទទួលវ៉ាក់សាំងនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញនៅព្រឹកថ្ងៃទី ១៦ ឧសភាថា វ៉ាក់សាំងស៊ីណូវ៉ាក់ចំនួន ១ លានដូស ដែលនឹងដឹកមកដល់កម្ពុជានៅថ្ងៃទី ២៣ ខែ ឧសភា ឆ្នាំ ២០២១ គឺជាវ៉ាក់សាំងលើកទី៥ ហើយ ដែលរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាទិញ។

ក្នុងនោះលើកទី១ មានចំនួន ១,៥ លានដូស ត្រូវបានដឹកមកដល់កម្ពុជា កាលពីថ្ងៃទី ២៦ ខែមីនា, លើកទី២ មានចំនួន ៥០ ម៉ឺនដូស ដឹកមកដល់កម្ពុជានៅថ្ងៃទី ១៧ ខែមេសា, លើកទី៣ មានចំនួន ៥០ ម៉ឺនដូស បានដឹកមកដល់កម្ពុជាកាលពីថ្ងៃទី ១១ ខែឧសភា និងលើកទី៤ បានដឹកមកដល់កម្ពុជាកាលពីថ្ងៃទី ១៦ ខែឧសភា កន្លងទៅថ្មីៗនេះ។

សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជាធ្លាប់បានមានប្រសាសន៍ថា វ៉ាក់សាំងកូវីដ ១៩ គឺជាផ្នែកមួយដ៏សំខាន់បន្ថែមទៀត ក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ និងជួយការពារសុខភាពរបស់មនុស្សពីការវាយប្រហារដោយជំងឺនេះ។ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញយុទ្ធសាស្ត្រចាក់វ៉ាក់សាំងនេះ ឱ្យបានលឿនតាមដែលអាចធ្វើទៅបានជូនដល់ប្រជាពលរដ្ឋរបស់ខ្លួន។

គិតមកដល់ពេលនេះ កម្ពុជាទទួលបានវ៉ាក់សាំងជាង ៤,៥ លានដូសរួចមកហើយ ក្នុងនោះមានវ៉ាក់សាំង ស៊ីណូហ្វាមជាជំនួយរបស់រដ្ឋាភិបាលចិន ១,៧ លានដូស, វ៉ាក់សាំងស៊ីណូវ៉ាក់ ជាការបញ្ជាទិញពីចិន ២,៥ លានដូស និងវ៉ាក់សាំងអាស្ត្រាហ្សេនីកា ៣២៤ ០០០ ដូស ជាជំនួយរបស់ខូវ៉ាក់ តាមរយៈអង្គការសុខភាពពិភពលោក។

សម្តេចតេជោហ៊ុន សែន បានបញ្ជាក់ថា កម្ពុជានឹងស្វះស្វែងរកវ៉ាក់សាំងឱ្យបានរហូតដល់ទៅជាង ២០ លានដូស ដើម្បីចាក់ជូនប្រជាពលរដ្ឋឱ្យបានជាង ១០ លាននាក់ ក្នុងការបង្កើតភាពស៊ាំ និងទទួលបានជោគជ័យ ក្នុងបេសកកម្មប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ ដើម្បីធ្វើឱ្យស្ថានភាពសេដ្ឋកិច្ចបានប្រសើរឡើងវិញនាពេលខាងមុខ៕

ប្រធាន CVEA: វិនិយោគិនអចលនទ្រព្យបរទេសនឹងចាប់ផ្តើមត្រឡប់វិនិយោគនៅកម្ពុជាឡើងវិញនៅចុងឆ្នាំនេះ

ដោយៈ ម៉ាណេត

ភ្នំពេញៈ ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអលនវត្ថុកម្ពុជា (CVEA) រំពឹងថា វិនិយោគិនបរទេសលើវិស័យអចលនទ្រព្យ នឹងចាប់ផ្តើមត្រឡប់មកចូលវិនិយោគនៅកម្ពុជាឡើងវិញនៅចុងឆ្នាំនេះ ដែលនឹងធ្វើឱ្យវិស័យមួយនេះ ងើបឡើងវិញយ៉ាងចាប់រហ័ស។

លោកច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអលនវត្ថុកម្ពុជា បានថ្លែងក្នុងសន្និសីទសារព៌តមាន ទាក់ទងនឹងបច្ចុប្បន្នភាពអចលនទ្រព្យមួយកាលពីថ្មីៗនេះថា វិស័យអចលនទ្រព្យនៅចុងឆ្នាំ២០២១ ឬដើមឆ្នាំ២០២២ នឹងមានកំណើនសក្តានុពលឡើងវិញ ព្រោះនៅពេលវិបត្តិកូវិដ១៩ ត្រូវបានគ្រប់គ្រងក្នុងថ្នាក់ជាតិ តំបន់ និងពិភពលោក ដូច្នេះចរន្តនៃការធ្វើដំណើររបស់ប្រជាជនកម្ពុជា ក៏ដូចជាលើពិភពលោក មានច្រើន ដែលធ្វើឱ្យចរន្តនៃការធ្វើជំនួញមានការកើនឡើងវិញ។

លោកបានថ្លែងបន្តថា “ការត្រឡប់មកវិញរបស់វិនិយោគិនបរទេស នាខាងមុខនេះកើនឡើងច្រើន ពិសេសវិនិយោគជនជាតិចិន ដែលនឹងត្រៀមមកកម្ពុជាឡើងវិញ ហើយពួកគេមកវិនិយោគមិនត្រឹមតែនៅភ្នំពេញនោះទេ ប៉ុន្តែថែមបណ្តាខេត្តផ្សេងៗ ពិសេសនៅខេត្តព្រះសីហនុ”។

លោកបានឱ្យដឹងទៀតថា ការធ្វើពាណិជ្ជកម្មនៅក្នុងវិស័យជាច្រើន គឺត្រូវតែមានកំណើនខ្ពស់ជាងមុន។ មូលហេតុ គឺដោយសារកំណើននៃការវិនិយោគកាន់កើនឡើង វិនិយោគិនជាតិ និងជនជាតិបរទេសចាប់ផ្តើម ចូលមកវិនិយោគនៅកម្ពុជាឡើងវិញ ដោយពួកគាត់នឹងមើលឃើញអំពីទំនុកចិត្ត និងឱកាសក្នុងការវិនិយោគ ដែលនឹងធ្វើឱ្យវិស័យអចលនទ្រព្យនមានការរីកចម្រើនជាងមុន។

ជាមួយគ្នានេះ លោកលឹម សុជាតិប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនទ្រព្យកម្ពុជា បានលើកឡើងថា វដ្តសេដ្ឋកិច្ចហាក់ដូចកើតឡើងរៀងរាល់១០ម្តង ទាក់ទងនឹងវិបត្តិសេដ្ឋកិច្ច ប៉ុន្តែបន្ទាប់ពីវដ្តនៃការធ្លាក់ចុះ នៃសេដ្ឋកិច្ចនេះ សេដ្ឋកិច្ចនឹងកើនឡើងខ្លាំង។

លោកសង្ឃឹមថា “កំណើនសេដ្ឋកិច្ច ពិសេសវិស័យអចលនទ្រព្យ នឹងកើនឡើងវិញខ្លាំងជាងមុនកម្រិតវិបត្តិកូវីដ១៩”៕

មេដឹកនាំចិន និងសហភាពអឺរ៉ុបចូលរួមជាមួយគ្នាក្នុងកិច្ចប្រជុំកំពូលសុខាភិបាលពិភពលោក

ដោយៈសុខុម

ប្រទេសចិន: ប្រទេសជាសមាជិកសំខាន់ៗ នៃសហភាពអឺរ៉ុប និងមហាយក្សចិន បានចូលរួមជាមួយគ្នា ក្នុងកិច្ចប្រជុំកំពូលសុខាភិបាលពិភពលោក (Global Health Summit) របស់ G20 កាលពីថ្ងៃសុក្រ ទី២១ ឧសភា។

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Edge Markets ឱ្យដឹងថា ការចូលរួមក្នុងកិច្ចប្រជុំនេះ ធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ ក្រោយពីសភាសហភាពអឺរ៉ុប បង្កកការផ្តល់សច្ចាប័ន លើកិច្ចព្រមព្រៀងវិនិយោគចិន-សហភាពអឺរ៉ុប ដែលធ្វើឱ្យទំនាក់ទំនងរវាងចិន និងសហភាពអឺរ៉ុប “ល្អក់កករកាន់តែខ្លាំង”។

ក្រុមអ្នកសង្កេតការណ៍ចិនជឿថា រដ្ឋាភិបាលនៃបណ្ដាប្រទេស ជាសមាជិកសហភាពអឺរ៉ុប បានមើលឃើញយ៉ាងច្បាស់ថា កិច្ចសហប្រតិបត្តិការជាក់ស្តែង ជាមួយប្រទេសចិន គឺជាអ្វីដែលអនុលោម ទៅតាមផលប្រយោជន៍របស់អឺរ៉ុប ខណៈភាគីទាំង២មានការមូលមតិគ្នាកាន់តែទូលំទូលាយ លើពហុភាគីនិយម និងរួមគ្នាដោះស្រាយបញ្ហាប្រឈមនានារបស់ពិភពលោក រួមទាំងបញ្ហាសុខាភិបាលសាធារណៈផងដែរ ទោះបីជាខ្វែងគំនិតគ្នាខាងនយោបាយក៏ដោយ។

នៅទីបំផុត ស្ថាប័ន និងរដ្ឋាភិបាលកាន់តែច្រើន នៅក្នុងសហភាពអឺរ៉ុប នឹងដឹងពីការប្រើប្រាស់បញ្ហាសិទ្ធិមនុស្សធ្វើជាលេស ដើម្បីរារាំងកិច្ចសហប្រតិបត្តិការជាមួយប្រទេ​សចិន។

យោងតាមសារព័ត៌មាន Global Times ឱ្យដឹងថា ក្រុមអ្នកវិភាគនិយាយថា “សេដ្ឋកិច្ចរបស់សហគមន៍អឺរ៉ុប មិនអាចងើបឡើងវិញដោយពិតប្រាកដ ប្រសិនជាគ្មានប្រទេសចិននោះឡើយ ហើយកិច្ចសហប្រតិបត្តិការ ដើម្បីដោះស្រាយវិបត្តិកូវីដ-១៩ ក៏មិនអាចកើតឡើងដោយគ្មានប្រទេសចិននោះដែរ”។

គិតត្រឹមម៉ោងចុះផ្សាយព័ត៌មាននេះ សេតវិមានមិនបានប្រកាសថា តើប្រធា​នាធិបតីសហរដ្ឋអាមេរិក លោកចូ បៃឌិន នឹងចូលរួមក្នុងកិច្ចប្រជុំកំពូលនេះឬក៏អត់នោះទេ។

កិច្ចប្រជុំកំពូល ដែលប្រព្រឹត្តទៅនៅទីក្រុងរ៉ូម ប្រទេសអ៊ីតាលីនេះ គឺជាព្រឹត្តិការណ៍ពិសេស ដែលក្រុមប្រទេសG20 ធ្វើជាប្រធាន ហើយរៀបចំដោយប្រទេសអ៊ីតាលី ក្រោមកិច្ចសហការជាមួយគណៈកម្មការអឺរ៉ុប។

ប្រធានាធិបតីចិន លោក ស៊ី ជីនភីង ដែលទទួលបានការអញ្ជើញពីនាយករដ្ឋមន្រ្តីអ៊ីតាលី Mario Draghi និងប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen គ្រោងចូលរួមក្នុងកិច្ចប្រជុំកំពូលនេះ និងថ្លែងសុន្ទរកថាតាម Video Conference ពីទីក្រុងប៉េកាំង កាលពីថ្ងៃសុក្រម្សិលមិញ។

លទ្ធផលដ៏សំខាន់នៃកិច្ចប្រជុំកំពូលនេះគឺ “សេចក្តីប្រកាសទីក្រុងរ៉ូម” នៃគោលការណ៍ ដែលនឹងក្លាយជាគោលការណ៍ណែនាំដ៏មានឥទ្ធិពល សម្រាប់កិច្ចសហប្រតិបត្តិការពហុភាគីបន្ថែមទៀត និងវិធានការរួម ដើម្បីទប់ស្កាត់វិបត្តិសុខាភិបាលពិភពលោកនាពេលអនាគត និងសម្រាប់ការប្តេជ្ញាចិត្តរួមគ្នា នៅក្នុងការកសាងពិភពលោក ដែលមានប្រព័ន្ធសុខាភិបាលកាន់តែរឹងមាំ កាន់តែមានសុវត្ថិភាព កាន់តែមានយុត្តិធម៌ និងកាន់តែមាននិរន្តរភាព។

កិច្ចប្រជុំកំពូលនេះ បង្ហាញពីកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ រវាងប្រទេសចិន និងអឺរ៉ុប ហើយភាគីទាំងពីរ ក៏មានកិច្ចសហប្រតិបត្តិការ យ៉ាងទូលំទូលាយផ្នែកបម្រែប ម្រួលអាកាសធាតុ ការការពារសន្តិសុខក្នុងតំបន់ និងពិភពលោក ក៏ដូចជាការទប់ស្កាត់ការរីកសាយភាយនៃអាវុធនុយក្លេអ៊ែរផងដែរ។

លោក Cui Hongjian ប្រធានដឺប៉ាតេម៉ង់សិក្សាអំពីអឺរ៉ុបនៃវិទ្យាស្ថានចិន ដើម្បីការសិក្សាអំពីអន្តរជាតិ China Institute of International Studies បានប្រាប់សារព័ត៌មាន Global Times កាលពីថ្ងៃសុក្រម្សិលមិញនេះថា កិច្ចប្រជុំកំពូលនេះ ឆ្លុះបញ្ចាំងពីការមូលមតិគ្នាកាន់តែទូលំទូលាយរវាងភាគីទាំង២ លើការប្រកាន់ខ្ជាប់នូវគោលការណ៍ពហុភាគីនិយម សណ្តាប់ធ្នាប់អន្តរជាតិ និងរួមគ្នាដោះស្រាយបញ្ហាប្រឈមនានា របស់ពិភពលោក៕

លោកស្រីអាន សុធីតាបង្ហាញពីហានីភ័យនៃទាំង៩ចំនុចដែលអ្នកវិនិយោគអចលនទ្រព្យត្រូវបង្ការ

ដោយៈរតនៈ

ភ្នំពេញៈ ប្រសិនបើយើងមើលមួយភ្លែត ការបណ្ដាក់ទុនលើវិស័យអចលនទ្រព្យគឺហាក់ដូចជាបានចំណេញលឿន និងងាយស្រួល ប៉ុន្តែប្រសិនបើក្រុមអ្នកបណ្ដាក់ទុនមិនបានសិក្សាពីហានិភ័យលើវិស័យមួយនេះ ឲ្យបានច្បាស់លាស់នោះទេ ភាពបរាជ័យក្នុងការបណ្ដាក់ទុនលើវិស័យមួយនេះ អាចនឹងកើតមាន ហើយធ្វើឲ្យខាតបង់ច្រើនហួសពីការស្មាន។

ឆ្លងតាមបទពិសោធន៍លើវិស័យអចលនទ្រព្យជាច្រើនឆ្នាំ លោកស្រី តាំង សុធីតា អ្នកជំនាញផ្នែកអចលនទ្រព្យលំដាប់អន្តរជាតិ មើលឃើញពីហានិភ័យ៩ចំនុចក្នុងវិស័យមួយនេះ ដែលអ្នកវិនិយោគអចលនទ្រព្យមិនគួរមើលរំលង។ ហានិភ័យទាំងនោះរួមមានដូចជា៖

ទី១ ហានីភ័យផ្លូវច្បាប់

ហានីភ័យផ្លូវច្បាប់នេះ សំដៅទៅលើបណ្ណកម្មសិទ្ធិដីធ្លី ព្រោះថាប្រសិនបើអ្នកវិនិយោគទិញនៅតំបន់ទីក្រុង គឺបណ្ណកម្មសិទ្ធិភាគច្រើនចេញ ដោយមន្ទីរសុរិយោដីខេត្ត រាជធានី(ប្លង់រឹង)ដែលស្ទើរតែមិនមានហានីភ័យ ប៉ុន្តែបើតាមតំបន់ជនបទភាគច្រើនគឺចេញដោយអាជ្ញាធរមូលដ្ឋាន(ប្លង់ទន់)ដែលអាចដីឬផ្ទះមួយកន្លែង មានបណ្ណកម្មសិទ្ធិ២ ឬ ៣ក៏មាន ដែលនេះជាហានីភ័យមួយ។

ទី២ ហានីភ័យទីតាំង

ប្រសិនបើទីតាំងដែលវិនិយោគិបោះទុនទិញ ឬអភិវឌ្ឍន៍នោះ មិនមានហេដ្ឋារចនាសម្ព័ន្ធ ទឹក ភ្លើង ប្រព័ន្ធលូត្រឹមត្រូវ ឬ មានដែរតែហាក់យឺតយ៉ាវនោះ វិនិយោគិន ខាតបង់ព្រោះមិនមានអតិថិជនទិញនោះទេ។ មួយវិញទៀត ប្រសិនបើទីតាំងដែលវិនិយោគិនទិញបានហើយ តែខុសគម្រោង ក៏មានហានីភ័យផងដែរ។

ឧទាហរណ៍ គម្រោងចង់វិនិយោគលើអចនលទ្រព្យផ្នែកកសិកម្ម ប៉ុន្តែទៅទិញដីនៅតំបន់ ដែលដីគ្មានជីជាតិមិនអំណោយផលដល់ដំណាំផ្សេងៗជាដើម។

ទី៣ ទំហំអចលនទ្រព្យ

ប្រសិនបើទំហំអចលនទ្រព្យ ដែលវិនិយោគិនចង់វិនិយោគ មិនសមល្មមជាមួយគម្រោងដែលវិនិយោគក៏ជាហានិភ័យ។

ឧទាហរណ៍ វិនិយោគិនចង់វិនិយោគលើអគារខុនដូរ តែគាត់ទិញដីនៅតូចពេក ឬធំពេក ដើម្បីមិនសមល្មម អាចធ្វើឲ្យអ្នកវិនិយោគ ចំណាយលុយឥតប្រយោជន៍ឈានទៅដល់ការខាតបង់។

ទី៤ ទម្រង់ឬរូបរាងដី
ប្រសិនបើវិនិយោគិនមិនបានមើលរូបរាងដី ឬទម្រង់ដី ឲ្យបានត្រូវជាមួយគម្រោងដែលចង់អរភិវឌ្ឍន៍នោះ អាចខាតបង់។

ឧទាហរណ៍ វិនិយោគិនទិញដីដែលមានទម្រង់ឬ រូបរាងមិនសមរម្យដោយអាងថាដីនោះថោក ប៉ុន្តែភាគខ្លះនៃដីនោះប្រើមិនបាន ឬមិនអំណោយផល ដល់គម្រោងអភិវឌ្ឍន៍នោះ គឺធ្វើឲ្យវិនិយោគិនខាតបង់ព្រោះចំណាយទុនទិញដីនោះ។

ទី៥ តម្លៃដីនៅលើទីផ្សារ

ប្រសិនបើវិនិយោគិន មិនបានពិភាក្សាជាមួយអ្នកជំនាញ អំពីតម្លៃដែលទិញ និងតម្លៃ ដែលលក់ចេញទេនោះ នឹងធ្វើឲ្យជួយហានិភ័យ ដូចជា ទិញមកថ្លៃពេកលក់មិនចេញទៅវិញ និងុំមិនបានទទួលផលចំនេញជាដើម។

ទី៦ គុណភាពអចលនទ្រព្យ

ប្រសិនបើដីដែលវិនិយោគ លើការសាងសង់អគារខ្ពស់មួយ តែវិនិយោគិនមិនបានមើលសព្វជ្រុងជ្រោយ ពីតួបង្គុំរបស់អគារនោះថា តើតួបង្គុំរបស់អគារនោះមានគុណភាពល្អកម្រិតណា សាកសម ឬទេក្នុងការវិនិយោគនោះ ហានិភ័យនឹងកើតឡើង។

ទី៧ ជំនាញក្នុងការគ្រប់គ្រងអគារ

មិនមែនថា វិនិយោគមានអគារសម្រាប់លក់ ឬជួលហើយ គឺអាចំណេញនោះទេ ប្រសិនបើវិនិយោគិន មិនចេះគ្រប់គ្រងអគារឲ្យបានល្អ គង់វង្សយូរអង្វែងនោះ អគារនោះនឹងខូចខាតឆាប់ ដែលធ្វើឲ្យអ្នកវិនិយោគត្រូវចំណាយលុយជួសជុល ឬសាងសង់ថ្មី ខណៈដែលការទាញផលពីអគារនោះ មិនទាន់រួចថ្លៃដើមនៅឡើយ។

ទី៨ ហានិភ័យក្នុងការទិញ ឬជួល

ប្រសិនបើវិនិយោគិន គ្រាន់តែឃើញអគារមួយស្អាត ហើយមិនបានគិតពីគោលដៅរបស់អតិថិជនដែលចង់ជួយ ទិញបន្តនោះ គឺជួយហានិភ័យខ្ពស់ ព្រោះបើមិនបានសិក្សាពីការចង់បានរបស់អតិថិជនទេ ហើយបែជាចង់សាងសង់អគារខុនដូ ឬអាផាតមិន តាមតែចិត្តនោះ គឺដូចជា យកប្រាក់វិនិយោគទៅចោលផងដែរ ដោយសារតែមិនមានចំណូលមកវិញ។

ទី៩ ហានិភ័យការគណនាថ្លៃដើម

មិនមែនមានន័យថាយើងទិញអចលនទ្រព្យរួចហើយ ពេលលក់ទៅវិញបានច្រើនជាងតម្លៃទិញមកតិចតួចបានន័យថា ចំណេញនោះទេព្រោះថា វិនិយោគិនត្រូវគិតពីថ្លៃដើមទាំងអស់បញ្ចូលគ្នា ដូចជា ថ្លៃទិញអចលនទ្រព្យ ថ្លៃការប្រាក់នៃតម្លៃអចលនទ្រព្យ ថ្លៃធ្វើកម្មសិទ្ធិដីធ្លី ការបង់ពន្ធដីធ្លី និងតម្លៃដើមផ្សេងៗផងដែរ៕

អបអរសាទរៈក្បឿងខ្មែរស្រកាលេញបង្ហាញពីអន្តរសញ្ញាណខ្មែរលើឆាកអន្តរជាតិ

ដោយៈគង់ សូរិយា

ភ្នំពេញៈ ក្រុមហ៊ុន KRock បានខិតខំធ្វើការយ៉ាងស្វិតស្វាញ ក្នុងការរចនា ពង្រឹងគុណភាព និងធ្វើទំនើបកម្មក្បឿងខ្មែរស្រកាលេញ ពីក្បឿងដីដុតធម្មតាគ្មានអ្នកស្គាល់ ឱ្យក្លាយជាក្បឿងខ្មែរខេរ៉ក ដែលបានចុះបញ្ជីកម្មសិទ្ធិបញ្ញា បង្ហាញអត្តសញ្ញាណខ្មែរជាមួយ ប្រទេសជាច្រើនលើសកលលោក។

លោកឧកញ៉ាលី ឈួង ម្ចាស់ក្រុមហ៊ុន ខេរ៉កបានឱ្យដឹងកាលពីពេលថ្មីៗនេះថា “គោលបំណងរបស់យើង គឺចង់ឱ្យខ្មែរមានមោទនភាពលើផលិតផលខ្មែរ។ ចង់ឱ្យខ្មែរជឿជាក់ថា ផលិតខ្មែរក៏មានគុណភាព និងការរចនាមិនចាញ់បរទេសដែរ។ ហេតុនេះទើបយើងខិតខំប្រឹងប្រែងផលិតក្បឿងដែលល្អបំផុត”។

ក្រោយពីយើងផលិតក្បឿងល្អហើយ យើងត្រូវឱ្យពិភពលោកទទួលស្គាល់ មានន័យថា ត្រូវតែគ្មានអ្នកចម្លងម៉ូតពីយើង ទើបយើងសម្រេចចិត្តចុះបញ្ជីកម្មសិទ្ធិបញ្ញាជាមួ​យប្រទេសជាច្រើន។ នេះគឺជាការបង្ហាញអត្តសញ្ញាណ ភាពច្នៃប្រឌិត និងអរិយធម៌របស់ខ្មែរ ទៅលើឆាកអន្តរជាតិ។

ក្បឿងខ្មែរស្រកាលេញ គឺជាឈ្មោះដែលខ្មែរយើងគ្រប់ជំនាន់ តែងតែហៅតៗគ្នា ហើយពាក្យថា “ស្រកាលេញ”នេះ ជាឈ្មោះចេញពីស្រកាត្រីលេញ ដែលមានពន្លឺចាំងផ្លេក។

ដោយសម្លឹងឃើញពីគុណសម្បត្តិ និងប្រវត្តិដ៏យូរលង់របស់ក្បឿងខ្មែរបុរាណមួយប្រភេទនេះ ក្រុមហ៊ុនខេរ៉ក់បានសម្រេចចិត្តធ្វើទំនើបកម្ម ដោយរក្សារចនាបទខ្មែរឱ្យនៅដដែល តែប្តូរពីទម្រង់សន្លឹកតូចៗ មកជាទម្រង់សន្លឹកធំ ហើយផលិតចេញពីល្បាយបេតុង ដែលមានកម្លាំងសង្កត់ខ្ពស់ជាប់មាំ ខុសពីក្បឿងបុរាណដែលផលិតពីដីដុត។

លោកឧកញ៉ា លី ឈួងបានបន្តថា ការផលិតក្បឿងខេរ៉ក គឺផ្ដោតសំខាន់លើអតិថិជនជាចម្បង ពោលគឺក្រុមហ៊ុនបានសិក្សាពីតម្រូវការ និងបញ្ហាដែលអ្នកប្រើប្រាស់ជួបប្រទះ ហើយយកបញ្ហាទាំងនោះមកដោះស្រាយ ហើយបញ្ចូលក្នុងក្បឿងខ្មែរខេរ៉ក់៕