រដ្ឋាភិបាលអនុម័តគម្រោងវិនិយោគមានទុនរហូតដល់៦៦០លានដុល្លារនៅភូមិភាគឦសាននឹងចាប់ផ្ដើមនៅឆ្នាំ២០២៦

(ភ្នំពេញ)៖ តាមការណែនាំរបស់បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន (ក.វ.ឦសាន), នៅថ្ងៃទី២៣ និង២៤ ខែធ្នូ ឆ្នាំ ២០២៥ លេខាធិការដ្ឋាន ក.វ.ឦសាន ដែលដឹកនាំដោយលោក ស៊ឹម វីរៈ អនុរដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (កសហវ) និង ជាប្រធានលេខាធិការដ្ឋាន ក.វ.ឦសាន, លោក ពេជ្រ សម្បត្តិ អនុរដ្ឋលេខាធិការ កសហវ និង ជាអនុប្រធានលេខាធិការដ្ឋាន រួមទាំងសមាជិកនៃលេខាធិការដ្ឋាន បានរៀបចំជំនួបជាមួយក្រុមហ៊ុនវិនិយោគចំនួន៩ ដែលទទួលបានគោលការណ៍វិនិយោគ។

គោលបំណងសំខាន់នៃជំនួបនេះ គឺដើម្បីផ្តល់ព័ត៌មានជូនវិនិយោគិន អំពីនីតិវិធីបន្ត ដែលក្រុមហ៊ុនត្រូវបំពេញ ដោយមានការសម្របសម្រួលគាំទ្រពីលេខាធិការដ្ឋានក្រុមការងារ ព្រមទាំងចូលរួមដោះស្រាយនូវបញ្ហា ឬ ចម្ងល់ផ្សេងៗពាក់ព័ន្ធនឹងនីតិវិធី និង ទិដ្ឋភាពផ្សេងៗ នៃបទដ្ឋានគតិយុត្ត ជាមួយតំណាងក្រុមហ៊ុនដែលទទួលបានគោលការណ៍វិនិយោគ។

គិតត្រឹមខែធ្នូ ឆ្នាំ២០២៥នេះ, ក្រុមហ៊ុនដែលទទួលបានគោលការណ៍វិនិយោគក្នុងភូមិភាគឦសាន ក្រោមកម្មវិធីពិសេសនេះមានចំនួន ៩ក្រុមហ៊ុន ដោយមានគម្រោងវិនិយោគចំនួន១៣ (ក្នុងវិស័យកសិកម្ម, កសិ-ឧស្សាហកម្ម, ទេសចរណ៍, ហេដ្ឋារចនាសម្ព័ន្ធកំពង់ផែ, គ្រឹះស្ថានឧត្តមសិក្សា, និង មន្ទីរពហុព្យាបាល) ក្រោមទុនវិនិយោគសរុបប្រមាណ ៦៦០ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានប្រមាណ ១២ ៩០០ កន្លែង ជូនប្រជាពលរដ្ឋ នៅពេលដំណើរការពេញលេញ។

ក្នុងនោះ, គម្រោងវិនិយោគចំនួន ៦ ស្ថិតក្នុងខេត្តក្រចេះ, ចំនួន៤ ក្នុងខេត្តមណ្ឌលគិរី, និង ចំនួន៣ ក្នុងខេត្តរតនគិរី ហើយគម្រោងទាំងនោះ នឹងចាប់ផ្តើមអនុវត្តនាដើមឆ្នាំ ២០២៦។

លោក ស៊ឹម វីរៈ ប្រធានលេខាធិការដ្ឋាន បានគូសបញ្ជាក់ថា ការទទួលបានគោលការណ៍វិនិយោគ គឺជាចំណុចចាប់ផ្តើមដ៏សំខាន់មួយ, ប៉ុន្តែ ការជំរុញអនុវត្តផែនការវិនិយោគឱ្យសម្រេចបានជោគជ័យ គឺរឹតតែសំខាន់ថែមទៀត ដើម្បីធានាថា រាល់ការលើកទឹកចិត្ត ដែលរាជរដ្ឋាភិបាលបានផ្តល់ជូនក្រុមហ៊ុន ពិតជានាំមកនូវសកម្មភាពវិនិយោគជាក់ស្តែង, ចូលរួមបង្កើតចរន្តសេដ្ឋកិច្ច, បង្កើតការងារ និង លើកស្ទួយជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ នៅក្នុងភូមិភាគឦសាន។

លោកបានគូសរំលេចជូនតំណាងក្រុមហ៊ុនទាំងអស់ថា ក្រុមការងារ ក.វ.ឦសាន នឹងនៅបន្តសម្របសម្រួល និង គាំទ្រដល់ការអនុវត្តគម្រោងវិនិយោគជាប្រចាំ ដើម្បីធានាថា ក្រុមហ៊ុនអាចអនុវត្តគម្រោងបានដោយរលូន, ទទួលបានការលើកទឹកចិត្តនានា របស់រាជរដ្ឋាភិបាល និង លិខិតអនុញ្ញាត និង/ឬ អាជ្ញាបណ្ណនានា ស្របតាមច្បាប់ជាធរមាន បានឆាប់រហ័សតាមដែលអាចធ្វើទៅបាន ព្រមទាំងចូលរួមស្វែងរកដំណោះស្រាយសមស្រប ក្នុងករណីមានការកកស្ទះ ជាយថាហេតុ។

ជាការឆ្លើយតប, តំណាងក្រុមហ៊ុន បានថ្លែងអំណរគុណ ដល់រាជរដ្ឋាភិបាល ដែលបានផ្តល់ការលើកទឹកចិត្តដល់គម្រោងវិនិយោគ ក្នុងភូមិភាគឦសាន និង បានប្តេជ្ញាចូលរួមក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ, ជាពិសេស សង្គម-សេដ្ឋកិច្ចក្នុងមូលដ្ឋាន ស្របតាមទិសដៅរបស់រាជរដ្ឋាភិបាល ព្រមទាំងសន្យានឹងបន្តធ្វើការវិនិយោគ ឱ្យបានកាន់តែច្រើនថែមទៀត នៅជំហានបន្តបន្ទាប់ ។

ជាមួយនេះ, តំណាងក្រុមហ៊ុន បានសម្តែងការត្រេកអរ ចំពោះការបន្តសម្របសម្រួល របស់ក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន លើការអនុវត្តនីតិវិធីបន្ត ជាធរមាន ព្រោះថាកន្លងមក ក្រុមការងារបានអនុវត្តនីតិវិធីស្នើសុំគោលការណ៍វិនិយោគ ដោយមានភាពសាមញ្ញ ងាយស្រួល ឆាប់រហ័ស និង មានទំនុកចិត្តខ្ពស់។

គួរបញ្ជាក់ជូនថា «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួន នៅភូមិភាគឦសាន នៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ ២០២៥-២០២៨» ត្រូវបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី កាលពីថ្ងៃទី ៩ ខែ មេសា ឆ្នាំ ២០២៥ ក្នុងគោលបំណងជំរុញការវិនិយោគលើវិស័យអាទិភាព ដូចជា វិស័យកសិកម្ម, កសិ-ឧស្សាហកម្ម និង វិស័យទេសចរណ៍ តាមរយៈការលើកទឹកចិត្តពិសេស ដែលមានវិសាលាភាពនៅខេត្តភូមិភាគឦសាន ចំនួន ៤ គឺ ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តរតនគិរី និង ខេត្តមណ្ឌលគិរី ។ តាមរយៈនេះ, រាជរដ្ឋាភិបាល បានបង្កើតក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន ជាយន្តការ «ច្រកចេញចូលតែមួយ» ដើម្បីពិនិត្យ និង អនុម័តលើកទឹកចិត្តពិសេស ជូនគម្រោងវិនិយោគ, ផ្តល់លិខិតអនុញ្ញាត ឬ អាជ្ញាបណ្ណនានា ជាកញ្ចប់ ស្របតាមអភិក្រម “ជវភាពនៃប្រព័ន្ធតួអង្គតែមួយ” តាមរយៈការចូលរួមសម្រេចចិត្តរួមគ្នា ប្រកបដោយប្រសិទ្ធភាព និង តម្លាភាព៕

តើអ្វីជាគោលនយោបាយលំនៅដ្ឋានតម្លៃសមរម្យរបស់រដ្ឋាភិបាល? មានអ្វីជាចំណុចគួរឲ្យចាប់អារម្មណ៍

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ ការ​ធានាបាន​នូវ​ប្រសិទ្ធភាព​ ក្នុង​ការ​អនុវត្តគោលនយោ​បាយជាតិ​ស្តី​ពី​លំនៅឋាន​ រាជ​រដ្ឋាភិបាល​តាមរយៈក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ កំពុង​រៀបចំ និងកែសម្រួលលើ​សេចក្តីព្រាង “គោលនយោ​បាយអភិវឌ្ឍន៍​លំនៅឋានសង្គម និង​លំនៅឋានតម្លៃសមរម្យ”។

គោលនយោបាយអភិវឌ្ឍន៍លំនៅឋានសង្គម និងលំនៅឋានតម្លៃសមរម្យ” ត្រូវបានរៀបចំឡើងក្នុងគោលដៅ ជំរុញដល់ការ​អនុវត្តគោលនយោបាយជាតិ​ស្តីពីលំនៅឋាន ឆ្នាំ​២០១៤ និង​ធានានិរន្តភាព​ក្នុងការដោះស្រាយបញ្ហា​ប្រឈម ក្នុងវិស័យលំនៅឋាន​ឱ្យកាន់តែមានប្រសិទ្ធភាព និង​ស័ក្តិសិទ្ធភាព ​ដើម្បីចូលរួមចំណែក​លើកកម្ពស់​សុខុ​មាលភាពរបស់ប្រជាជន។

នៅ​ក្នុង​កិច្ច​ប្រជុំ​គណៈកម្មាធិការ គោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ.) ​កាល​ពី​ថ្ងៃ​ទី​២២ ខែ​ធ្នូ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​និយាយ​ថា នេះ​ជា​ពេល​​ដែល​​ត្រូវ​ពិនិត្យ និង​ពិភាក្សា​លើ​ការ​រៀបចំ​ និង​កែសម្រួលឡើង​វិញ​លើ​សេចក្តីព្រាង “គោលនយោ​បាយអភិវឌ្ឍន៍​លំនៅឋានសង្គម និង លំនៅឋានតម្លៃសមរម្យ”។

លោកបញ្ជាក់ថា “គោលនយោបាយថ្មី ដែលត្រូវ​ធ្វើបច្ចុប្បន្នភាព​នេះ នឹង​ត្រូវ​ជំនួសឱ្យ​ “គោលនយោបាយស្តីពីការលើកទឹកចិត្ត និងការបង្កើតកម្មវិធីជាតិ សម្រាប់ការអភិវឌ្ឍលំនៅឋានតម្លៃសមរម្យ ឆ្នាំ២០១៧”។

ក្រសួង​សេដ្ឋកិច្ច​បានឱ្យ​ដឹង​​ថា គោលនយោបាយថ្មី នេះ​មានគោលបំណងផ្គត់ផ្គង់លំនៅឋានសង្គម និងលំនៅឋានតម្លៃសមរម្យកម្មសិទ្ធិ​ប្រកបដោយគុណភាព សុវត្ថិភាព និងមានការតភ្ជាប់ដល់ប្រជាជន​ដែលមានចំណូលកម្រិតទាប មធ្យម និង​ក្រុមងាយរងគ្រោះ និងបំពេញបន្ថែម នូវលំនៅឋានតម្លៃសមរម្យ សម្រាប់ជួលដោយផ្អែកតាមការសិក្សាលើតម្រូវការជាក់ស្តែងរបស់សិស្ស និស្សិត កម្មករនិយោជិត និង​អ្នកធ្វើចំណាកស្រុក ព្រម​ទាំង​ជំរុញ​ការ​អភិវឌ្ឍ​នគរូបនីយកម្ម។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា​(CVEA) លោក សន សៀប បានមានប្រសាសន៍ថា ការកែសម្រួលសេចក្តីព្រាង​​ “គោលនយោបាយអភិវឌ្ឍន៍​លំនៅឋានសង្គម និង​លំនៅឋានតម្លៃ​សមរម្យ” គឺជាជំហានវិជ្ជមាន​ និងសមស្របនឹងស្ថានភាព​នៃ​ការ​វិវឌ្ឍ​​​សង្គម និងសេដ្ឋកិច្ចនា​ពេល​បច្ចុប្បន្ន​។

លោក​បន្ត​ថា គោលនយោបាយនេះក៏ ​​បង្ហាញពី​ការយកចិត្តទុកដាក់​របស់​អាជ្ញាធរ ​​ក្នុងការ​ដោះស្រាយបញ្ហា​លំនៅឋាន​ សម្រាប់​ប្រជាពលរដ្ឋមានប្រាក់ចំណូលទាប​ និងមធ្យម​ ព្រមទាំង​ជួយបង្កើន​សមភាព​​សង្គម និងស្ថិរភាពទីក្រុង​ផងដែរ​។

លោក​ថ្លែង​​ថា “ការកែសម្រួលគោលនយោបាយនេះ​ នឹង​ជួយជំរុញវិស័យ​សំណង់ និង​អចលនទ្រព្យ​នៅ​កម្ពុជា ​ឱ្យ​បោះជំហាន​ទៅមុខ​កាន់​តែ​ល្អ តាមរយៈការបង្កើនតម្រូវការ ​លំនៅឋានសង្គម​ និង​លំនៅឋានតម្លៃសមរម្យ”។

លោកលើកឡើង​ទៀត​ថា គោលនយោបាយ​នេះ ក៏​នឹងបង្កើតឱកាស​ថ្មីសម្រាប់អ្នកអភិវឌ្ឍន៍​​ និងអ្នកពាក់ព័ន្ធនៅក្នុង​ខ្សែច្រវាក់​វិស័យ​​សំណង់​ទាំងមូល​។

លោក​បញ្ជាក់​ថា ​ការកែសម្រួលឱ្យមានភាពច្បាស់លាស់​ អាចអនុវត្តន៍បាន​ និង​សមស្របទីផ្សារ​ពិត គឺជាចំណុច​សំខាន់ដែលនឹងជួយ​ឱ្យគោលនយោបាយនេះ​ មានប្រសិទ្ធភាពខ្ពស់ជាងមុន​។

ជាមួយគ្នានេះ ប្រធានសម្ព័ន្ធក្រុមហ៊ុន SAM SN Group អ្នកឧកញ៉ាសំ សុខនឿនបានថ្លែងថា “ខ្ញុំសប្បាយចិត្តពេលលឺដំណឹងថា ​ក្រសួង​មានគោលនយោបាយថ្មី​ ដើម្បី​ជួយសម្រួលទៅដល់​ការអភិវឌ្ឍ​ផ្ទះតម្លៃសមរម្យ​ ព្រោះគ្មានអ្វី​ល្អប្រសើរ ជាងមានលំនៅឋានសម្រាប់រស់នៅនោះទេ”។

អ្នកឧកញ៉ាសំ សុខនឿន
អ្នកឧកញ៉ាសំ សុខនឿន

លោក​បន្ថែម​ថា “គោលនយោបាយ​ថ្មី​នេះ ​នឹង​​ជួយធ្វើ​​ឱ្យទីផ្សារអចលនទ្រព្យកម្ពុជា​​ មានសមតុល្យ​ល្អជាងមុន​​ ព្រម​ទាំង​អាច​ជួយ​កាត់បន្ថយការ​ផ្គត់ផ្គង់​ប្រភេទ​លំនៅឋាន ​​ដែល​លើសតម្រូវការផងដែរ​”។

យោងតាមក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីសម្រេចគោលបំណងទាំងអស់នោះ​​ “សេចក្តីព្រាងគោលនយោ​បាយ” នេះបានបញ្ចូ​លនូវទិដ្ឋភាពថ្មីចំនួន៤ ដែលមានលក្ខណៈខុសប្លែក ពីគោលនយោ​បាយឆ្នាំ២០១៧ រួមមាន ទី១ ការដាក់បញ្ចូលប្រភេទលំនៅឋានសង្គម និង​លំនៅឋានតម្លៃសមរម្យសម្រាប់ជួល តាមរយៈការលើកកម្ពស់ការចូលរួមពីរាជរដ្ឋាភិបាល អង្គការមិនមែនរដ្ឋាភិបាល ដៃគូអភិវឌ្ឍ និង​វិស័យឯកជន។

ទី២. ការបន្ថែមជម្រើសហិរញ្ញប្បទាន និង​យន្តការក្នុងការអភិវឌ្ឍលំនៅឋានសង្គម លំនៅឋានតម្លៃសមរម្យកម្មសិទ្ធិ និង​លំនៅឋានតម្លៃសមរម្យសម្រាប់ជួល ទី៣. ការកែតម្រូវ និង​ធ្វើបច្ចុប្បន្នភាពលក្ខខណ្ឌវិនិច្ឆ័យសំណើគម្រោង និង​អតិថិជនគោលដៅ ​សម្រាប់ប្រភេទលំនៅឋាននីមួយៗ ឱ្យសមស្របតាមបរិបទ​សង្គម-សេដ្ឋកិច្ច និងទី៤ ការកែសម្រួលនីតិវិធី នៃការដាក់ស្នើគម្រោង​ ដើម្បីធានាភាពងាយស្រួលនៃការអនុវត្តគម្រោង​៕

រដ្ឋាភិបាលផ្សព្វផ្សាយរបាយការណ៍វាយតម្លៃលើការអនុវត្តផែនទី បង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា

ដោយៈ ចំណាន

    ភ្នំពេញៈ រដ្ឋាភិបាលតាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបើលសិក្ខាសាលាផ្សព្វផ្សាយ របាយការណ៍វាយតម្លៃលើការអនុវត្តផែនទី បង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា ក្នុងឆ្នាំ២០២៣-២០២៤។

សិក្ខាសាលានេះ មានការអញ្ជើញចូលរួមជាអធិបតីពី លោកឧបនាយករដ្ឋមន្រ្តីស៊ុន ចាន់ថុល អនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងមន្រ្តីពាក់ព័ន្ឋ។

សិក្ខាសាលានាត្រូវបានរៀបចំឡើង ក្នុងគោលបំណងលើកពីការផ្សព្វផ្សាយរបាយការណ៍ វាយតម្លៃលើការអនុវត្ត ផ.អ.យ.អ. ក្នុងរយៈពេលពីរឆ្នាំចុងក្រោយ (២០២៣-២០២៤) ប៉ុន្តែជាការលើកកម្ពស់ការជជែកពិភាក្សា ដើម្បីកំណត់ទិសដៅអភិវឌ្ឍន៍ និងកំណើននៃវិស័យអាទិភាពទាំងពីរនេះនាពេលខាងមុខ តាមរយៈកិច្ចពិភាក្សាដែលមានវាគ្មិនមកពីក្រសួង ស្ថាប័ន និងវិស័យឯកជនពាក់ព័ន្ធ លើប្រធានបទស្តីពី “ការពង្រឹងកិច្ចសម្រួលពាណិជ្ជកម្ម និងការបង្កើនការនាំចេញក្នុងវិស័យយានយន្ត និងអេឡិចត្រូនិក”។

កិច្ចពិភាក្សានេះដែរត្រូវបានរៀបចំឡើង ក្នុងគោលបំណងដើម្បីទទួលបានធាតុចូល និងអនុសាសន៍ចាំបាច់បន្ថែមទៀត ជាមូលដ្ឋានតម្រង់ទិសក្នុងការដាក់ចេញនូវវិធានការ និងយុទ្ធសាស្រ្តគន្លឹះថ្មីៗ សំ​ដៅ​ជំរុញការអភិវឌ្ឍវិស័យទាំងពីរ និងធ្វើទំនើបកម្មរចនាសម្ព័ន្ធឧស្សា​ហកម្មកម្ពុជា ព្រមទាំងពង្រីកភាពធន់នៃសេដ្ឋកិច្ចកម្ពុជា ឆ្លើយតបទៅនឹងការប្រែប្រួលឥតឈប់ឈរ នៃស្ថានភាពសេដ្ឋកិច្ចសកល៕

តើការងារឬអាជីពអ្វីដែលនឹងមានប្រជាប្រិយភាពក្នុងសម័យបច្ចេកវិទ្យាAI?

ដោយៈ ចំណាន

អន្តរជាតិៈ មានអាជីពការងារជាច្រើន ដែលបច្ចេកវិទ្យាAIនឹងបញ្ចប់ ប៉ុន្តែក្នុងពេលជាមួយគ្នាក៏មានអាជីព និងការងារមួយចំនួនក៏ទទួលបានផលប្រយោជន៍ ពីឧស្សាហកម្មបច្ចេកវិទ្យាបញ្ញាសប្បនិម្មិតនេះផងដែរ។

ទាំងនេះគឺជាការងារកំពូលៗ ដែលជំរុញដោយAI ដែលកំពុងមានតម្រូវការកើនឡើង។

១. តួនាទីបច្ចេកទេសAI និងការរៀនម៉ាស៊ីន

ជំនាញទាំងនេះ គឺជាការងារស្នូលក្នុងការបង្កើតប្រព័ន្ធ និងលក្ខណៈពិសេស AI។

  • វិស្វកររៀនម៉ាស៊ីន រចនា និងបណ្តុះបណ្តាលក្បួនដោះស្រាយដែលជួយម៉ាស៊ីនរៀនពីទិន្នន័យ។ មានតម្រូវការខ្ពស់ជាមួយនឹងប្រាក់ខែខ្ពស់។
  • វិស្វករចក្ខុវិស័យកុំព្យូទ័រ ជាអ្នកបង្កើតប្រព័ន្ធដែលអនុញ្ញាតឱ្យ​ម៉ាស៊ីន “មើលឃើញ” និងយល់រូបភាព/វីដេអូ។
  • អ្នកឯកទេសសិក្សាស៊ីជម្រៅ ដែលផ្តោតលើបណ្តាញសរសៃប្រសា​ទកម្រិតខ្ពស់សម្រាប់កិច្ចការAI។
  • វិស្វករAI បង្កើត ដែលអាចបង្កើតប្រព័ន្ធដូចជា chatbots ម៉ាស៊ីនបង្កើតខ្លឹមសារ និងឧបករណ៍AI ច្នៃប្រឌិត។
  • វិស្វករដំណើរការភាសាធម្មជាតិ (NLP) ជាអ្នកបង្កើតឧបករណ៍ដែលយល់ភាសាមនុស្ស។

ការងារទាំងនេះមានលក្ខណៈបច្ចេកទេសខ្ពស់ និងបន្តរីកចម្រើននៅពេលដែលក្រុមហ៊ុនវិនិយោគ លើសមត្ថភាពAI ឆ្លាតវៃជាងមុន។

២. តួនាទី​សមាហរណកម្ម និង​គាំទ្រAI

មិនមែន​ការងារAIទាំងអស់​ សុទ្ធតែ​ត្រូវការ​ការសរសេរកូដ​ស៊ីជម្រៅ​នោះទេ ការងារ​ជាច្រើន​ផ្តោតលើ​ការអនុវត្ត និង​ការគ្រប់គ្រង​ប្រព័ន្ធ AI។

អ្នកគ្រប់គ្រង​ផលិតផលAI ជាពិសេសរៀបចំផែនការ និង​អនុវត្ត​យុទ្ធសាស្ត្រ​ផលិតផលAI ដែល​ភ្ជាប់​បច្ចេកវិទ្យា និង​អាជីវកម្ម។

អ្នកវិទ្យាសាស្ត្រ​ទិន្នន័យ ដែលជាអ្នកមានសមត្ថភាពអាចបកស្រាយ​ទិន្នន័យ​ដោយ​ប្រើ​ឧបករណ៍AI ដើម្បី​ជួយ​អាជីវកម្ម​ធ្វើការសម្រេ​ចចិត្ត។

លើសពីនេះ ជំនួយការ​ប្រតិបត្តិការAI/ ជំនួយការ​ប្រតិបត្តិការ AI ត្រួតពិនិត្យ​ឧបករណ៍AI និង​ធានាថា​ពួកវា​ដំណើរការ​បានល្អ​ ក្នុង​ប្រតិ​បត្តិការ​ប្រចាំថ្ងៃ។

ចំណែកអ្នកវិភាគ​ទិន្នន័យ​ថ្នាក់​ក្រោម ដែលជាអ្នកប្រើប្រាស់​កម្មវិធី​ដែល​បង្កើន​ប្រសិទ្ធភាព AI ដើម្បី​វិភាគ​ទិន្នន័យ​អាជីវកម្មក៏ទទួលបានការគាំពារពីបច្ចេតវិទ្យានេះផងដែរ។

ចំណែកជំនួយការ​ឌីជីថល និង​ស្វ័យប្រវត្តិកម្ម  អាចជួយ​ធ្វើ​ស្វ័យប្រវត្តិកម្ម​លំហូរការងារ​ជាមួយ​ឧបករណ៍AI។

តួនាទី​ទាំងនេះ​កំពុង​រីកចម្រើន​យ៉ាង​ឆាប់រហ័ស ដោយសារតែ​អាជីវកម្ម​គ្រប់​ទំហំ​ប្រើប្រាស់AI មិនមែន​គ្រាន់តែ​ក្រុមហ៊ុន​បច្ចេកវិទ្យា​នោះទេ។

៣. អាជីព​ថ្មីថ្មោង និង​អាជីព​ដែល​អាច​ឲ្យ​ប្រើប្រាស់AIបាន

ការងារ​ទាំងនេះ​គឺជា​ការងារ​ថ្មី ឬ​កំពុង​ពង្រីក​ខ្លួន​នៅពេលដែល AI ក្លាយ​ជា​រឿង​ធម្មតា។

ជំនាញវិស្វករ​ជំរុញ ដល់សរសេរ​ការណែនាំ​ដែល​ទទួលបាន​លទ្ធផល​ល្អបំផុត​ពី​ឧបករណ៍AI ដែល​បង្កើត​ថ្មី(ច្នៃប្រឌិតនិងបច្ចេកទេស)

  • អ្នកបច្ចេកទេសថែទាំសុខភាព ដែលមានជំនួយពីAI ធ្វើការជាមួយAI ក្នុងការថតរូបភាពវេជ្ជសាស្ត្រ ការធ្វើរោគវិនិច្ឆ័យ និងការធ្វើផែនការព្យាបាល។
  • អ្នកអប់រំ/គ្រូបង្វឹកអក្ខរកម្ម AIអាចបង្រៀនក្រុមហ៊ុន និងកម្មករអំពីរបៀបប្រើប្រាស់AI ប្រកបដោយប្រសិទ្ធភាព។
  • អ្នកឯកទេសថែទាំAI អាចជួយរក្សាម៉ាស៊ីន និងប្រព័ន្ធឆ្លាតវៃឱ្យដំណើរការ។

ការងារទាំងនេះរួមបញ្ចូលគ្នា នូវចំណេះដឹងឧស្សាហកម្មជាមួយនឹងជំនាញAI ដែលមានដំណើរការល្អ ប្រសិនបើអ្នកមិនចង់ក្លាយជាអ្នកសរសេរកូដពេញម៉ោង។

ក្នុងពេលជាមួយគ្នានេះ ការងារមិនមែនបច្ចេកវិទ្យាក៏កំពុងផ្លាស់ប្តូរដែរ ឧទាហរណ៍ ហិរញ្ញវត្ថុ ទីផ្សារ ធនធានមនុស្ស ការគ្រប់គ្រងគម្រោង និងប្រតិបត្តិការកាន់តែឱ្យតម្លៃដល់កម្មករ ដែលអាចប្រើប្រាស់ឧបករណ៍ AI បានល្អ។

តួនាទីជាអ្នកដឹកនាំដែលផ្តោតលើAI កំពុងកើនឡើង

តួនាទីប្រតិបត្តិដូចជាប្រធានផ្នែកAI ឬនាយកយុទ្ធសាស្ត្រAI កំពុងក្លាយជារឿងធម្មតា ខណៈដែលក្រុមហ៊ុននានា កំពុងកសាងផែនការ AI រយៈពេលវែង៕

អាកាសយានដ្ឋានតារាសាគរនៅតែបន្តដំណើរការទទួលស្វាគមន៍ជើងហោះហើរធម្មតា ទោះមានសង្រ្គាមថៃឈ្លានពានកម្ពុជា

ដោយៈ ម៉ាណា

    កោះកុងៈ អាកាសយានដ្ឋាន​តារាសាគរ​ ក្នុង​ខេត្ត​កោះកុងនៅ​តែ​បន្ត​ប្រតិបត្តិការ​ជើងហោះហើរជា​​ធម្មតា បើទោះបី​ស្ថានភាពតាមព្រំដែន​កំពុង​កើត​មានជម្លោះ ​ដោយសារ​​ការ​ទន្ទ្រានឈ្លានពាន ​ពី​យោធាថៃក៏ដោយ។

លោក ម៉ៅ កែវពេជ្រច័ន្ទមុន្នី នាយក​អាកាសយានដ្ឋាន​អន្តរជាតិ​តារាសាគរ​បានមានប្រសាសន៍ ឲ្យកាសែតក្នុងស្រុកមួយដឹងថា ទោះ​បី​តាមបណ្តា​ខេត្តជាប់ព្រំដែន ​​រង​ការ​គម្រាមកំហែង​​ពីយោធាថៃ​ ដែល​បើក​​ការ​ឈ្លាន​ពាន​ ចូលកាន់កាប់ទឹកដីប្រទេស​កម្ពុជា អាកាសយានដ្ឋាន​តារា​សាគរ​ នៅ​តែ​ទទួល​ជើង​ហោះ​ហើរ​ជា​ធម្មតា។

លោកបន្តថា “​បច្ចុប្បន្ន​ក៏​មាន​ការ​ពង្រីក ​ជើង​ហោះហើរបន្ថែម​២ ជើង​ក្នុង​១​សប្តាហ៍ តាមរយៈ​ក្រុមហ៊ុន​អាកាសចរណ៍Air Cambodia។

ក្រុមហ៊ុន​អាកាសចរណ៍ Air Cambodia បាននិងកំពុង​បន្ត​កាលវិភាគ​ ហោះហើរ​​នៅ​រៀងរាល់​ថ្ងៃសុក្រ និង​ថ្ងៃ​អាទិត្យ​ពី​គោលដៅ​រាជធានី​ភ្នំពេញ។

លោកបញ្ជាក់ថា “ការហោះហើរ​មិន​មាន​ការផ្អាក​ឡើយ គ្រាន់​ភ្ញៀវ​មិន​មាន​សន្ទុះ​ច្រើន ដោយសារ​បារម្ភ​ពី​សុវត្ថិភាព”។

លោក ម៉ៅ កែវពេជ្រច័ន្ទមុន្នី បន្ត​ថា ក្រោយ​កើតមាន​ជម្លោះតាម​ព្រំដែន ពលរដ្ឋ​​ហាក់​មិនសូវ​មាន​អារម្មណ៍​ មក​លំហែ​កាយ​ច្រើន​ដូចមុន​នោះទេ។

ក្រុមហ៊ុន Union Development Group (UDG) បាន​ទទួលសិទ្ធិ​​វិនិយោគ​ សាងសង់​អាកាស​យានដ្ឋាន​តារា​សាគរ ​​តម្លៃ​ជាង ២០០លាន​ដុល្លារ នៅ​ស្រុក​បុទុមសាគរ​ ក្នុង​ខេត្ត​កោះកុង​។ អាកាស​យានដ្ឋាន​​នេះ ​មាន​ផ្លូវ​យន្តហោះ​ចុះ​ប្រវែង៣២០០ម៉ែត្រ ទទឹង៤៥ ម៉ែត្រ ដែល​មាន​សមត្ថភាព​​អាច​ទទួល​យន្តហោះ​ប្រភេទ A-350-900 និង Boeing 777 ជាដើម៕

ក្រុមហ៊ុនក្នុងស្រុកមួយកែច្នៃសំរាមទៅជាឥដ្ឋអេកូទទួលបានការគាំទ្រពីអ្នកនៅក្នុងវិស័យសំណង់

ដោយៈ ម៉ាលីនណា

    កណ្តាលៈ ស្ថាបនិកក្រុមហ៊ុន Eco-Bricks ​លោកសុខ ធីបានរកឃើញការច្នៃប្រឌិតថ្មី ដោយបាន​​កែច្នៃ​សំរាម​​ប្លា​ស្ទិ​ករាប់​តោន ​ទៅ​ជា​ឥដ្ឋ​អេកូ​ទទួល​បាន​ការ​គាំទ្រ​ច្រើន ​និង​​បាន​ពង្រីក​ខ្លួន​យ៉ាង​ឆាប់​រហ័ស។

​លោកបាន​លក់​គំរូ​អាជីវកម្ម ​ទៅ​ឱ្យ​ក្រុមហ៊ុន​ប្រមាណ១០​​​​ ដើម្បី​បំពេញ​តម្រូវការ​​​អតិថិជន ក៏​ដូចជា​បង្កើន​ការ​​ប្រើប្រាស់​សំរាម​ប្លាស្ទិក​ក្នុង​វិស័យ​គ្រឿង​សំណង់។

លោក សុខ ធីបានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា ការ​លក់​គំរូ​អាជីវកម្ម ​​បាន​បង្កើន​បរិមាណ​ផលិត​ចែក​ចាយ​ឥដ្ឋ​អេកូ​​ ក៏ដូចជា​​បាន​រួម​ចំណែក​ កាត់​បន្ថយ​បញ្ហា​​សំរាម​ប្លាស្ទិក​រាប់​តោន ដែល​ត្រូវ​បាន​បោះចោល ឬដុត​ដែល​បង្ក​ជា​ផ្សែង​ពុល​ប៉ះ​ពាល់​ ដល់​សុខភាព​មនុស្ស ​សត្វ ព្រម​ទាំង​បំពុល​​បរិយាកាស​ថែម​ទៀត​ផង។

លោកបានបញ្ជាក់ថា “ខ្ញុំ​បង្រៀន​ពួកគេ​ ពី​របៀប​ដំឡើង​គ្រឿងចក្រ​ដែល​ពួកគេ​ត្រូវការ​ ដើម្បីឱ្យ​ពួកគេ​អាច​ផលិត​ឥដ្ឋ​អេកូ​មានគុណ​ភាព​ដូច​គ្នា​នឹង​ឧបករណ៍​ដែល​ក្រុមហ៊ុន​មេ​បង្កើត”។

សិប្បកម្ម​​ផលិត​ឥដ្ឋ​អេកូ ​​មាន​ទីតាំង​ស្ថិតនៅ​ភូមិ​ព្រែក​ហូរ​លិច សង្កាត់​ព្រែក​ហូរ ក្រុង​តាខ្មៅ ខេត្ត​កណ្តាល។​

សិប្បកម្ម​នេះ បាន​ចាប់​ផ្តើម​ដំណើរ​ការ​កាល​ពី​ឆ្នាំ​២០១៩ ដោយ​ប្រមូល​កាក​សំណល់​ប្លាស្ទិក​ពី៥ ទៅ១០តោន ​ក្នុង​មួយ​ខែៗ​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល ​និង​ក្រុមហ៊ុន​ឯកជន ដើម្បី​ផលិត​ជា​ឥដ្ឋអេកូ សម្រាប់​បម្រើ​ដល់​វិស័យ​សំណង់។

ស្ថាបនិក​ក្រុមហ៊ុន​ បាន​ចាប់​ផ្តើម​ពី​ការ​សិក្សា​ស្រាវជ្រាវ​ ការ​ធ្វើ​ឥដ្ឋ​អេកូ​​ពី​បរទេស ​​ដោត​ប្រមូល​កាកសំណល់​ប្លា​ស្ទិ​ក​ប្រមាណ​៥ ទៅ១០​តោន​ក្នុង​មួយខែៗ ​​ពី​បណ្ដា​ក្រុមហ៊ុន និង​អង្គការក្រៅ​រដ្ឋាភិបាល។

លោក​ ធី បាន​រំឭក​ថា មុន​ពេល​ខ្ញុំ​បើក​សហគ្រាស​កែច្នៃ​ប្លាស្ទិក​នេះ ​ខ្ញុំ​បាន​សិក្សា​ពី​បច្ចេកទេស​ជាច្រើន ​នៅ​ក្នុង​ប្រទេស​ថៃ ម៉ាឡេស៊ី ហ្វីលីពីន ចិន និង​ឥណ្ឌា​ថែមទាំង​រៀន​មេរៀន ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ផងដែរ”។​

លោក​បានបន្ត​ថា ក្រុមហ៊ុន​ផលិត​ឥដ្ឋអេកូ​បាន​​ចាប់ផ្តើម​ប្រតិបត្តិការ​ដំបូង​នៅ​ឆ្នាំ២០១៩ ដោយ​មិន​មាន​​​​​ដើម​ទុន និង​វត្ថុ​ធាតុ​ដើម​គ្រប់​គ្រាន់​ទេ។ ដោយសារ​​​​មិនមាន​ម៉ាស៊ីន​កិន​ប្លាស្ទិ​ក​ ក្រុមការងារ​របស់​លោក​​ត្រូវ​​​ប្រើ​កន្ត្រៃ និង​កាំបិត ដើម្បី​កាត់​ប្លាស្ទិ​ក ជា​បំណែក​តូចៗ​ល្មម​សម្រាប់​ដំណើរការ។

លោក​សុខ ធី បាន​ឱ្យដឹង​ទៀតថា ប្លាស្ទិ​ក​ទម្ងន់​២គីឡូក្រាម​គឺ​គ្រប់គ្រាន់​សម្រាប់​ផលិត​ឥដ្ឋ​បាន​មួយ​ដុំ ​ហើយ​ឥដ្ឋ​មួយ​ដុំ​មានតម្លៃ​ ១០០០​រៀល​។ អតិថិជន​ក៏​អាច​ជ្រើសរើស​ប្រភេទ​ឥដ្ឋ​អេកូ ​ទៅ​តាម​ការចង់​បាន​ផងដែរ​ដោយ​មាន​៣ ប្រភេទ​គឺ​ឥដ្ឋ​ឡាំ​តូ ឥដ្ឋ​សម្បក​ឈើ និង​ឥដ្ឋ​ធម្មតា។​

អាជីវកម្ម​របស់លោក​បាន​កែច្នៃ ​កាក​សំណល់​ប្លា​ស្ទិ​ក​ចន្លោះ​ពី ២ ទៅ៣តោន​ក្នុង​មួយខែៗ ដោយ​​ធ្វើការ​កិន​កម្ទេច​ប្លាស្ទិក​ទាំង​នោះ​ឲ្យ​ម៉ដ្ឋ​រួច​លាយ​ ជាមួយនឹង​វត្ថុធាតុ​ដើម​ដូចជា ដី ខ្សាច់ ស៊ីម៉ង់ មុន​នឹង​យក​ទៅ​សង្កត់​ក្នុង​ពុម្ព​ ​ដើម្បី​ផលិត​ចេញ​ជា​ឥដ្ឋ​អេកូ។ ក្រៅ​ពី​ការ​ប្រើប្រាស់​សំរាម​ប្លាស្ទិក​ក្នុង​វិស័យ​សំណង់ លោក​ក៏​បាន​ព្យាយាម​កាត់​បន្ថយ​ផល​ប៉ះពាល់​ដល់​បរិស្ថាន ​ក្នុង​ដំណើរ​ការ​ផលិត​ផង​ដែរ។។

លោក សុខ ធី បាន​បញ្ជាក់ថា រហូត​មក​ដល់​ពេល​នេះ ក្រុមហ៊ុន​ Eco-Bricks​ បាន​ឈ្នះ​ពាន​រង្វាន់​ចំនួន​៤ ​សម្រាប់​សហគ្រិន​ឆ្នើម​ប្រចាំ​ឆ្នាំ។ Eco-Bricks ​​បាន​បំផុស​គំនិត​ឲ្យ​ប្រជាជន​ខ្មែរ ​យល់​ដឹង​ពី​លទ្ធផល​កែច្នៃ​ប្រើ​ប្រាស់​​សំរាម​ និង​បានធ្វើ​ឲ្យ​ពួកគេ​បាន​ប្លាស់ប្តូរ​ផ្នត់គំនិត​ពី​ការ​បោះចោល​សំរាម ឬ​ដុត​​​ប្លាស្ទិក។

យោងតាម​ក្រសួងបរិស្ថានបានឲ្យដឹងថា សំរាម​ជាង១​ម៉ឺន​តោន ត្រូវ​បាន​ប្រមូល​ ក្នុង​រាជធានី​ភ្នំពេញ​ជា​រៀង​រាល់​ថ្ងៃ ដោយ២០ភាគរយ​នៃ​កាកសំណល់​គឺជា​ប្លាស្ទិ​ច ដែល​ក្នុងនោះ​មានតែ១០ភាគរយ​ប៉ុណ្ណោះ ​ដែល​ត្រូវ​បាន​កែច្នៃ​ឡើង​វិញ៕

ប្រទេសចិនប្តេជ្ញាជំរុញការកែលម្អទីក្រុង និងធ្វើឱ្យទីផ្សារលំនៅដ្ឋានមានស្ថិរភាពនៅឆ្នាំ២០២៦ខាងមុខ

ដោយ: សហសេវិក
អន្តរជាតិ: ប្រទេសចិនគ្រោងជំរុញការកែលម្អទីក្រុង និងកិច្ចខិតខំប្រឹងប្រែងដើម្បីធ្វើឱ្យទីផ្សារអចលនទ្រព្យរបស់ខ្លួនមានស្ថិរភាពនៅឆ្នាំ២០២៦ ស្របពេលប្រទេសចិនចាប់ផ្តើមផែនការថ្មីចុងក្រោយរយៈពេល៥ឆ្នាំ ចាប់ពីឆ្នាំ២០២៦ដល់ឆ្នាំ២០៣០។

រដ្ឋាភិបាលចិនបានគូសបញ្ជាក់ពីកិច្ចការអភិវឌ្ឍន៍លំនៅឋានសម្រាប់ផែនការរយៈពេល៥ឆ្នាំ និងបានចាត់ទុកឆ្នាំ២០២៦ថា ជាចំណុចចាប់ផ្តើមដ៏សំខាន់សម្រាប់ការអនុវត្តគោលនយោបាយ។ នេះបើយោងតាមក្រសួងលំនៅឋាន។

ប្រទេសចិនគ្រោងផ្តោតជាសំខាន់លើការពន្លឿនការអភិវឌ្ឍទីក្រុង និងធ្វើឱ្យទីផ្សារលំនៅឋានមានស្ថិរភាព តាមរយៈកាត់បន្ថយហានិភ័យ និងជំរុញការសាងសង់លំនៅឋានដែលមានតម្លៃសមរម្យ។

វិស័យអចលនទ្រព្យ ដែលធ្លាប់ជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ចរបស់ប្រទេសចិន បានដាំក្បាលចុះជាបន្តបន្ទាប់ចាប់តាំងពីពាក់កណ្តាលឆ្នាំ២០២១ ទោះបីជារដ្ឋាភិបាលចិនបានប្តេជ្ញាម្តងហើយម្តងទៀតក្នុងការជំរុញវិស័យនេះឱ្យស្ទុះងើបឡើងវិញយ៉ាងណាក្តី។

ការធ្លាក់ចុះនៃការលក់ និងតម្លៃលំនៅឋានបានជះផលប៉ះពាល់ដល់ទំនុកចិត្តរបស់អ្នកប្រើប្រាស់ ខណៈទ្រព្យសម្បត្តិគ្រួសារប្រមាណ៧០ភាគរយត្រូវបានផ្សារភ្ជាប់ទៅនឹងទីផ្សារអចលនទ្រព្យ។

ក្រុមមន្ត្រីរដ្ឋាភិបាលចិនបានលើកឡើងថា គោលនយោបាយនឹងត្រូវបានរៀបចំឡើងដើម្បីសម្របទៅនឹងលក្ខខណ្ឌក្នុងស្រុក ដើម្បីគ្រប់គ្រងការផ្គត់ផ្គង់ និងកាត់បន្ថយស្តុកលំនៅឋាន។

វិធានការនានារួមមាន ការជួសជុលភូមិក្នុងទីក្រុង និងការគាំទ្ររដ្ឋបាលមូលដ្ឋានក្នុងការទិញផ្ទះពីអ្នកអភិវឌ្ឍន៍ ដែលជួបប្រទះវិបត្តិសាច់ប្រាក់ ដើម្បីប្រែក្លាយជាលំនៅឋាន ដែលមានតម្លៃសមរម្យ៕ប្រភព: Reuters៕

តម្លៃ​ខុនដូ​ប្រភេទទី២ នៅ​ចំកណ្តាល​ទីក្រុង​តូក្យូមានទំហំទឹកប្រាក់លើស​ពី១០០លាន​យ៉េន​ក្នុងរយៈពេល៧​ខែ​​ជាប់គ្នា

ដោយ: សហសេវិក
អន្តរជាតិ: យោងតាមសារព័ត៌មាន NHK បានរាយការណ៍ថា តម្លៃ​ខុនដូ​ប្រភេទទី២ ស្ថិតនៅ​ចំកណ្តាល​ទីក្រុង​តូក្យូរបស់ប្រទេសជប៉ុន​បន្ត​កើនឡើង ដោយ​តម្លៃខុនដូ​ជា​មធ្យម​នៅ​តែ​បន្តមានទំហំទឹកប្រាក់លើស​ពី១០០លាន​យ៉េន​ក្នុងរយៈពេល៧​ខែ​​ជាប់ៗ​គ្នា។

ក្រុមហ៊ុនស្រាវជ្រាវអចលនទ្រព្យ Tokyo Kantei បានអះអាងថា តម្លៃខុនដូប្រភេទទី២ ជាមធ្យម ដែលមានទំហំ៧០ម៉ែត្រការ៉េស្ថិតនៅសង្កាត់ចំនួន២៣ នៃទីក្រុងតូក្យូមានទំហំទឹកប្រាក់ជិត១១៥លានយ៉េន (ប្រមាណ៧៣០.០០០ដុល្លារ) កាលពីខែវិច្ឆិកា។

តួលេខខាងលើបង្ហាញពីការហក់ឡើងចំនួន៣៤,៦ភាគរយបើ​ធៀប​នឹង​ខែ​វិច្ឆិកាដូចគ្នាកាលពី​ឆ្នាំ២០២៤កន្លងមក។

តម្លៃខុនដូអាចមានការ​ប្រែប្រួល​យ៉ាងខ្លាំង​អាស្រ័យទៅតាម​ទីតាំង។ នៅក្នុង​សង្កាត់​ទាំង៦ ​ដែល​ស្ថិតនៅ​ចំ​កណ្តាល​បំផុត​នៃទីក្រុង​តូក្យូ តម្លៃខុនដូ​ជាមធ្យម​មានទំហំទឹកប្រាក់​ប្រហែល១,១៤លាន​ដុល្លារក្នុងមួយយូនីត។

តម្លៃខុនដូនៅក្នុង​សង្កាត់​ភាគខាងត្បូង និងភាគ​ខាងលិច​ចំនួន៦ មានទំហំទឹកប្រាក់ចំនួន៦០៤.០០០ដុល្លារ ខណៈ​តម្លៃខុនដូនៅក្នុង​សង្កាត់​ចំនួន១១ ផ្សេងទៀត​មាន​ទំហំទឹកប្រាក់​ជាមធ្យម​ប្រហែល៤៦៤.០០០ដុល្លារ។

ដោយឡែក ខុនដូនៅខាងក្រៅទីក្រុងតូក្យូ មានតម្លៃទាបជាងនេះ។ តួយ៉ាង តម្លៃខុនដូជាមធ្យមនៅទីក្រុងអូសាកាមានទំហំទឹកប្រាក់ប្រហែល៣៥៤.០០០ដុល្លារ ខណៈតម្លៃខុនដូជាមធ្យមនៅទីក្រុងយូកូហាម៉ា មានទំហំទឹកប្រាក់ចំនួន២៨៦.០០០ដុល្លារ។

ក្រុមហ៊ុន Tokyo Kantei លើកឡើងថា ខណៈតម្លៃខុនដូនៅចំកណ្តាលទីក្រុងតូក្យូបន្តកើនឡើង តម្រូវការខុនដូនៅតំបន់ជាយក្រុងក៏កំពុងកើនឡើងផងដែរ ដែលជំរុញឱ្យតម្លៃខុនដូនៅជាយក្រុងកើនឡើងផងដែរ៕ប្រភព: NHK World៕

ក្រុមហ៊ុនលំដាប់យក្សរបស់ចិនចូលរួមពង្រឹងធនធានមនុស្សផ្នែកបច្ចេកវិទ្យាដល់យុវជនកម្ពុជា

ដោយៈ ម៉ាណា

    ភ្នំពេញៈ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោកសូ វិសុទ្ធី បានអញ្ជើញជាអធិបតីក្នុងពិធីបិទ កម្មវិធីបណ្តុះបណ្តាលទេពកោសល្យបច្ចេកវិទ្យាICT របស់ក្រុមហ៊ុន Huawei Cambodia។

ពិធីនេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង តំណាងក្រសួងស្ថាប័ន តំណាងស្ថានទូតចិនប្រចាំកម្ពុជា និងសាស្រ្តាចារ្យ ព្រមទាំងសិស្សជ័យលាភី សរុបប្រមាណ១២០នាក់។

កម្មវិធីបណ្តុះបណ្តាលទេពកោសល្យ បច្ចេកវិទ្យាICT របស់ក្រុមហ៊ុន Huawei Cambodia គឺជាផ្នែកមួយដ៏សំខាន់ក្នុងការជំរុញការកសាងមូលធនមនុស្សឌីជីថលឆ្នើមរបស់កម្ពុជា ជាពិសេសទេពកោសល្យឌីជីថល និងបានផ្ដល់ឱកាសដល់និស្សិត ដែលបានចូលរួមពង្រឹងជំនាញវិជ្ជាជីវៈ និងការចូលប្រកួតប្រជែងបច្ចេកវិទ្យា កម្រិតតំបន់និងសកលលោកផងដែរ។

ជាមួយគ្នានេះ លោករដ្ឋលេខាធិការ បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ក្រុមហ៊ុន Huawei Cambodia និងដៃគូរអភិវឌ្ឍទាំងអស់ ដែលបានចូលរួមចំណែក ក្នុងការបណ្តុះបណ្តាលមូលធនមនុស្សឌីជីថល ដើម្បីចូលរួមធ្វើបរិវត្តកម្មឌីជីថលនៅកម្ពុជា៕

ទីផ្សារអចលនទ្រព្យធំៗចំនួន៣ លើពិភពលោក កំពុងលេចធ្លោជាគោលដៅទាក់ទាញវិនិយោគិនអន្តរជាតិកាន់តែច្រើន

ដោយ: សហសេវិក
អន្តរជាតិ: ការវិនិយោគលើទីផ្សារអចលនទ្រព្យសកលនៅឆ្នាំ២០២៥ ត្រូវបានគេរំពឹងថា នឹងបន្តផ្លាស់ប្តូរទៅរកទីផ្សារ ដែលមានតម្លៃអចលនទ្រព្យសមរម្យ ស្ថិរភាពនៃប្រាក់ចំណូលពីការជួល និងកំណើនសក្តានុពលរយៈពេលវែង។

ក្នុងចំណោមទាំងនេះ ប្រទេសអេស្ប៉ាញ ប្រទេសអេមីរ៉ាតអារ៉ាប់រួម (UAE) និងប្រទេសតួកគីយ៉េ លេចធ្លោជាគោលដៅដែលទាក់ទាញបណ្តាវិនិយោគិនអន្តរជាតិកាន់តែច្រើនឡើង។

ទី១: ប្រទេសអេស្ប៉ាញ

ប្រទេសអេស្ប៉ាញនៅតែជាទីផ្សារអចលនទ្រព្យដែលមានកេរ្តិ៍ឈ្មោះល្អ និងមានតម្លាភាពបំផុតមួយនៅតំបន់អឺរ៉ុប។

បណ្តាវិនិយោគិន ដែលកំពុងស្វែងរកការវិនិយោគលើផ្ទះសម្រាប់លក់នៅក្នុងប្រទេសអេស្ប៉ាញ ចាប់អារម្មណ៍លើគុណសម្បត្តិនៃការរស់នៅ និងការកើនឡើងនៃតម្លៃផ្ទះ ជាពិសេសនៅក្នុងទីក្រុងធំៗ និងតំបន់ទេសចរណ៍ជាប់ឆ្នេរសមុទ្រ។

ទី២: ប្រទេសអេមីរ៉ាតអារ៉ាប់រួម

ប្រទេសអេមីរ៉ាតអារ៉ាប់រួម ជាពិសេសទីក្រុងឌូបៃ និងទីក្រុងអាប៊ុយដាប៊ី នៅតែជាទីផ្សារអចលនទ្រព្យសកលដ៏រឹងមាំបំផុតមួយ។ ភាពរឹងមាំនៃតម្រូវការពីជនបរទេស ការលើកទឹកចិត្តផ្នែកពន្ធ និងការអភិវឌ្ឍលំនៅឋានដែលមានគុណភាពខ្ពស់ ជាមូលដ្ឋានគ្រឹះទាក់ទាញក្រុមអ្នកវិនិយោគ ជាពិសេសអ្នកវិនិយោគ ដែលកំពុងស្វែងរកអចលនទ្រព្យនៅទីក្រុងឌូបៃ។

ទី៣: ប្រទេសតួកគីយ៉េ

ប្រទេសតួកគីយ៉េនៅតែជាទីផ្សារអចលនទ្រព្យសកលមួយ ដែលមានតម្លៃសមរម្យបំផុតសម្រាប់ជនបរទេស។ តម្លៃលំនៅឋានមានកម្រិតសមរម្យ ជាពិសេសនៅក្នុងទីក្រុងធំៗដូចជាទីក្រុង Istanbul ខណៈផលចំណេញពីការជួលអចលនទ្រព្យនៅតែមានកម្រិតខ្ពស់។

ដូច្នេះ ទីផ្សារអចលនទ្រព្យនៅក្នុងប្រទេសនេះមានភាពទាក់ទាញចំពោះបណ្តាអ្នកវិនិយោគ ដែលមានគោលបំណងស្វែងរកប្រាក់ចំណេញ៕ប្រភព: Global Property Guide៕