តម្លៃផ្ទះនៅទូទាំងប្រទេសអូស្ត្រាលីកើនឡើងរយៈពេល៤ខែជាប់ៗគ្នា

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃផ្ទះនៅប្រទេសអូស្ត្រាលីបានកើនឡើងក្នុងរយៈពេល៤ខែជាប់ៗគ្នា ដែលជំរុញដោយការកាត់បន្ថយអត្រាការប្រាក់លើកទីពីរដោយធនាគារកណ្តាលរបស់ប្រទេសនេះ ដោយធនាគារនេះគ្រោងនឹងបន្តទាញទម្លាក់អត្រាការប្រាក់បន្ថែមទៀតនៅចុងឆ្នាំនេះ។

សន្ទស្សន៍តម្លៃផ្ទះ(Home Value Index) នៅទូទាំងប្រទេសអូស្ត្រាលីបានកើនឡើង០,៥ភាគរយនៅក្នុងខែឧសភា ឆ្នាំ២០២៥ ដោយគ្រប់បណ្តាទីក្រុងធំៗសុទ្ធតែសម្រេចបានកំណើននៃតម្លៃផ្ទះ។ នេះបើតាមរបាយការណ៍ពីក្រុមហ៊ុនប្រឹក្សាយោបល់អចលនទ្រព្យ Cotality។

តម្លៃផ្ទះនៅទីក្រុង Darwin បានកើនឡើងខ្ពស់ជាងគេក្នុងរង្វង់១,៦ភាគរយ តាមពីក្រោយដោយតម្លៃផ្ទះនៅទីក្រុង Perth ដែលបានកើនឡើង០,៧ភាគរយ។ ចំណែក តម្លៃផ្ទះនៅទីក្រុងស៊ីដនីបានកើនឡើង០,៥ភាគរយ ខណៈតម្លៃផ្ទះនៅទីក្រុងមែលប៊ន (Melbourne)បានកើនឡើង០,៤ភាគរយកាលពីខែឧសភា។

លោក Tim Lawless នាយកស្រាវជ្រាវនៅក្រុមហ៊ុន Cotality បានលើកឡើងថា “សន្ទុះកំណើននេះត្រូវបានជំរុញដោយការកាត់បន្ថយអត្រាការប្រាក់ ដែលធនាគារកណ្តាលអូស្ត្រាលីបានទាញទម្លាក់កន្លងមក និងគ្រោងសម្រេចទាញទម្លាក់បន្ថែមទៀតនាពេលខាងមុខ”។

លោក Tim Lawless ជឿជាក់ថា “ខណៈអត្រាការប្រាក់គោលរបស់ធនាគារកណ្តាលអូស្ត្រាលីបានធ្លាក់ចុះសារជាថ្មីកាលពីខែឧសភា នោះយើងអាចនឹងសង្កេតឃើញឥទ្ធិពលវិជ្ជមានបន្ថែមទៀតចំពោះតម្លៃលំនៅដ្ឋានចាប់ពីខែមិថុនានេះរហូតដល់ដំណាច់ឆ្នាំ២០២៥”។

កង្វះនៃការផ្គត់ផ្គង់ជាកត្តាសំខាន់បំផុតមួយ ដែលជំរុញឱ្យមានកំណើនតម្លៃផ្ទះនៅទូទាំងប្រទេសអូស្រ្តាលី។

រដ្ឋាភិបាលដែលទើបជាប់ឆ្នោតជាថ្មីរបស់លោកនាយករដ្ឋមន្ត្រី Anthony Albanese បានប្តេជ្ញាចាត់វិធានការដើម្បីដោះស្រាយវិបត្តិលំនៅដ្ឋាន តាមរយៈការបង្កើនការសាងសង់ផ្ទះបន្ថែមទៀត និងផ្តល់ការលើកទឹកចិត្តផ្នែកហិរញ្ញវត្ថុដល់អ្នកទិញផ្ទះលើកដំបូង៕

លោកយិន លាងគង់ប្រកាសគាំទ្រពេញទំហឹងចំពោះចំណាត់ការរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត លើបញ្ហាព្រំដែនជាមួយថៃ ទាំងការប្ដឹងទៅតុលាការអន្ដរជាតិ និងការប្រើប្រាស់កម្លាំងការពារខ្លួន

0

ភ្នំពេញៈ លោកយិន លាងគង់សហស្ថាបនិកនិងជាអគ្គនាយកគេហទំព័ Propertyarea.asia& Cambodiafinancialtimes.com ថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់ បានចេញមកប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះចំណាត់ការដ៏ម៉ឺងម៉ាត់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ទាក់ទងនឹងដំណោះស្រាយបញ្ហាព្រំដែនរវាងប្រទេសកម្ពុជា និងថៃ ដោយប្រើប្រាស់យន្តការទ្វេភាគី ការប្ដឹងទៅកាន់តុលាការយុត្តិធម៌អន្ដរជាតិ (ICJ) និងយុទ្ធសាស្រ្តការពារខ្លួនក្នុងករណីចាំបាច់។

យើងខ្ញុំទាំងអស់គ្នា សូមគាំទ្រផងដែរនូវប្រសាសន៍ដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលគាំទ្រឲ្យរាជរដ្ឋាភិបាលប្រទេសទាំងពីរ នាំយកបញ្ហាព្រំដែនទៅដោះស្រាយនៅតុលាការអន្តរជាតិ ដោយមិនចាំបាច់ឲ្យកម្ពុជាប្តឹង។ នេះគឺជាចំណាត់ការប្រកបដោយភាពចាស់ទុំខាងនយោបាយ នៃអ្នកដឹកនាំកម្ពុជា ដោយបានគិតគូរវែងឆ្ងាយ និងរក្សានូវភាពអត់ធ្មត់ខ្ពស់។

យើងខ្ញុំសូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ នៅទូទាំងប្រទេ​ស មេត្តារក្សាភាពស្ងៀមស្ងាត់ និងសូមបន្តជឿទុកចិត្តលើរាជរដ្ឋាភិបាល ក្នុងការការពារអធិបតេយ្យជាតិ បូរណភាពទឹកដី ដោយព្យាយាមឲ្យអស់លទ្ធភាព មិនរុញច្រានប្រទេសឲ្យធ្លាក់ ក្នុងជម្លោះប្រដាប់អាវុធ ឬសង្រ្គាម តាមពួកជ្រុលនិយម ដែលតែងតែបញ្ឆេះកំហឹងជាតិសាសន៍ និងអំពើហិង្សា។

“យើងត្រូវការពារទឹកដីរបស់យើង ដោយផ្អែកលើច្បាប់ និងការទទួលស្គាល់ជាអន្តរជាតិ ហើយយើងក៏នៅតែប្រកាន់ជំហរទន់ភ្លន់ ប៉ុន្តែមិនទន់ជ្រាយជាដាច់ខាត”៕

 

តើកំពង់ផែទេសចរណ៍ “រូបក្តាមសេះ”នៅខេត្តកែបដើរតួនាទីសំខាន់បែបណាក្នុងការដឹកជញ្ជូនតាមផ្លួវទឹក?

0

ដោយៈ អាយុទ្ឋ

    កែបៈ ក្រសួងសាធារណៈការ និងដឹកជញ្ជូនបានបញ្ជាក់ថា កំពង់ផែទេសចរណ៍កែប-កោះទន្សាយ ដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់សេវាដឹកជញ្ជូនជូនអតិថិជន ក៏ដូចជាបង្កើតការងារធ្វើ និងបង្កើនជីវភាពរស់ជូនប្រជាពលរដ្ឋ នៅក្នុងខេត្តកែបទាំងមូល។

កំពង់ផែនេះ មានទីតាំងឋិតក្នុងភូមិសាស្រ្តឆ្នេរ ប្រកបដោយសម្រស់ធម្មជាតិដ៏ស្រស់ត្រកាល ជាមួយនឹងការកែលម្អក្រុង និងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធថ្មីៗជាច្រើនបន្ថែមផងដែរ។

កំពង់ផែនេះត្រូវបានសាងសង់ លើទីតាំងកំពង់ផែចាស់មានផ្ទៃក្រឡាសរុប៣៤៧០ ម៉ែត្រការ៉េ និងមានផ្លូវបេតុងចូលផែទំហំ១៣មx១០០ម និងអគាររដ្ឋបាលទំហំ១០មx៣០ម ដោយរួមបញ្ចូលទាំងអគាររដ្ឋបាលលក់សំបុត្រ និងអគារអ្នកដំណើររង់ចាំ និងបានចំណាយថវិកាជាតិសរុបចំនួន៤៨៨០លានរៀល ស្មើនឹង ប្រមាណ១,២លានដុល្លារអាមេរិក ត្រូវបានសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២៕

តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះនៅថ្ងៃអង្គារនេះ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះមកវិញក្នុងការជួញដូរនៅព្រឹកថ្ងៃអង្គារនេះ បន្ទាប់ពីតម្លៃមាសប្រភេទ Spot Gold បានស្ទុះងើបឡើងថ្លៃដល់ទំហំទឹកប្រាក់ចំនួន៣៣៧៩,០៦ដុល្លារអាមេរិកក្នុងមួយអោនគិតត្រឹមពេលបិទការជួញដូរកាលពីថ្ងៃចន្ទម្សិលមិញ។

តួយ៉ាង តម្លៃមាស Spot Gold បានធ្លាក់ចុះ០,៤៩ភាគរយដល់ត្រឹម៣៣៦២,៣៩ដុល្លារក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានធ្លាក់ចុះ០,២៧ភាគរយដល់៣៣៦១,៥០ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង១០:៥២នាទីព្រឹក។

យោងតាមឧបករណ៍ CME FedWatch បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាសចំនួន៩៥,៣ភាគរយ ដែលធនាគារកណ្តាលអាមេរិក (Fed) នឹងរក្សាទុកអត្រាការប្រាក់ឱ្យនៅថេរដដែលក្នុងកិច្ចប្រជុំគោលនយោបាយនៅថ្ងៃទី១៨ ខែមិថុនានេះ។

ចំណែកឯ សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណប្រាក់ដុល្លារអាមេរិកធៀបជាមួយនឹងរូបិយប័ណ្ណធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានងើបឡើងថ្លៃដល់៩៨,៩៣ពិន្ទុនៅព្រឹកថ្ងៃអង្គារនេះ បន្ទាប់ពីបានបិទការជួញដូរត្រឹម៩៨,៧១ពិន្ទុកាលពីថ្ងៃចន្ទម្សិលមិញ៕

កម្មវិធីភាពជាដៃគូធុរកិច្ចរវាងសហភាពអឺរ៉ុប-កម្ពុជាត្រូវបាន ដាក់ឲ្យដំណើរការ

0

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោកសំហេង បូរ៉ា បានអញ្ជើញចូលរួមជាអធិបតីក្នុង “ពិធីសម្ពោធភាពជាដៃគូធុរកិច្ចរវាងសហភាពអឺរ៉ុប-កម្ពុជា៖ ការនាំចេញ និងនវានុវត្តន៍កសិកម្ម។

កម្មវិធីនេះមានការអញ្ជើញចូលរួមពី លោកប្រាក់ ដាវីដរដ្ឋលេខា​ធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកអ៊ីហ្កូ ឌ្រីសម៉ាន់ ឯកអគ្គរដ្ឋទូតនៃសហភាពអឺរ៉ុប ប្រចាំកម្ពុជា និងមន្រ្តីពាក់ព័ន្ឋ។

កម្មវិធីនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសហភាពអឺរ៉ុប តាមរយៈការគាំទ្រ និងជំរុញសមត្ថភាពនាំចេញរបស់ក្រុមហ៊ុន និងសហគ្រាសកម្ពុជា ក្នុងវិស័យកសិកម្ម កសិកែច្នៃ និងផលិតផលបែបច្នៃប្រឌិត ដើម្បីប្រកួតប្រជែងក្នុងទីផ្សារអឺរ៉ុប និងទីផ្សារអន្តរជាតិ។

ថ្លែងទៅកាន់អង្គពិធី លោកសំហេង បូរ៉ាបានបញ្ជាក់ថា ក្នុងកម្មវិធីដ៏មានសារៈសំខាន់នេះ ក៏បានដាក់ឱ្យដំណើរការជាផ្លូវការផងដែរនូវគម្រោង Export Lab និង Agri-Innovation Lab ដែលគម្រោងនេះជាជំហ៊ានចាប់ផ្ដើមសំខាន់មួយ ក្នុងការគាំទ្រដល់ក្រុមហ៊ុន និងសហគ្រាសកម្ពុជា ដើម្បីពង្រឹងសមត្ថភាពប្រកួតប្រជែង ក្នុងទីផ្សារអន្តរជាតិ។

លោកបន្ថែមថា កម្មវិធីទាំងនេះ នឹងផ្តល់នូវការបណ្ដុះបណ្ដាលជំនាញផ្នែកអភិវឌ្ឍផលិតផល ការរៀបចំស្តង់ដារនាំចេញ ការផ្សាភ្ជាប់អាជីវកម្មទៅកាន់ទីផ្សារអឺរ៉ុប-អាស៊ាន និងផ្ដល់ការប្រឹក្សាផ្នែកបច្ចេកទេ​សដល់ក្រុមហ៊ុន និងសហគ្រាសកម្ពុជា  នៅក្នុងវិស័យកសិកម្ម កសិកែច្នៃ និងវស័យគោលដៅជាច្រើនទៀត។

ជាមួយគ្នានេះ លោកសំហេង បូរ៉ា បានលើកទឹកចិត្តឱ្យក្រុមហ៊ុន និងអាជីវកម្មនៅកម្ពុជា ចាប់យកឱកាសនេះ ដើម្បីជំរុញការអភិវឌ្ឍន៍ផលិតផលរបស់ខ្លួន ពង្រឹងនវានុវត្តន៍ និងពង្រីកសមត្ថភាពនាំចេញ ដោយផ្តោតលើការស្វែងយល់ទីផ្សារគោលដៅ ជាមួយការយល់ដឹងពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងប្រព័ន្ធអនុគ្រោះពន្ធនានា ដើម្បីបង្កើនឱកាសចូលទៅក្នុងទីផ្សារអាស៊ាន និងពិភពលោក។

បន្ថែមពីនេះ លោករដ្ឋលេខាធិការក៏បានជំរុញឱ្យក្រុមហ៊ុន និងសហគ្រាសបង្កើនសមត្ថភាពបច្ចេកទេស ស្តង់ដារ និងការវេចខ្ចប់ផលិតផល ដើម្បីបង្កើតគំនិតថ្មី និងជំរុញការចូលរួមក្នុងព្រឹត្តិការណ៍ពាណិជ្ជកម្មអន្តរជាតិ ដែលជាជម្រើសសំខាន់ សម្រាប់ពង្រីកទីផ្សារនាំចេញ និងពង្រីកការទទួលស្គាល់កិត្តិនាម របស់ផលិតផលកម្ពុជា “Product of Cambodia” នៅលើឆាកអន្តរជាតិ៕

ក្រុមហ៊ុនសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុ មិនទាន់បានបំពេញតាមការសម្រេចពីគណៈកម្មការរបស់រដ្ឋាភិបាល

0

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ ក្រុមមន្រ្តីពាក់ព័ន្ឋបានបើកកិច្ចប្រជុំលើកទី៦ នៃគណៈកម្មាធិការ សម្រាប់គ្រប់គ្រងកិច្ចព្រមព្រៀងសម្បទាន គម្រោងផ្លូវល្បឿនលឿនភ្នំពេញ- ក្រុងព្រះសីហនុ។

កិច្ចប្រជុំនេះមានការចូលរួមពីលោកសួង ហេង រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងលោកមាស សុខសេនសាន រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សហប្រធានគណៈកម្មាធិការសម្រាប់គ្រប់គ្រងកិច្ចព្រមព្រៀង សម្បទានគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ និងមានការចូលរួមពីតំណាងក្រុមហ៊ុនផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ និងមន្រ្តីជំនាញពាក់ព័ន្ធជាច្រើនរូបផ្សេងទៀត។

កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណង ពិនិត្យលើលទ្ធផលការងារដែលសម្រេចពីកិច្ចប្រជុំលើកទី៥ ពិនិត្យលើវឌ្ឍនភាពការងារដែលក្រុមហ៊ុនមិនទាន់បានបំពេញ តាមការសម្រេចពីគណៈកម្មការ និងពិនិត្យពិភាក្សា លើសំណើមួយចំនួន ដូចជា

១).សំណើដាំដើមត្នោត ពីតំណាងរាស្ត្រមណ្ឌលខេត្តព្រះសីហនុ លើបណ្តោយផ្លូវល្នឿនលឿន

២).សំណើដាំដើមឈើសងខាងផ្លូវពីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់។

3).សំណើទិន្នន័យនិយាមការនៃគម្រោង ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់

៤). សំណើផ្សព្វផ្សាយអំពីគោលដៅទេសចរណ៍ និងព្រឹត្តការណ៍នានានៅតាមស្ពានរំលងកាត់ទទឹងផ្លូវ របស់ក្រសួងទេសចរណ៍  និង

៥). សំណើជួយសម្រួលរថយន្ត ម៉ូតូកង់៣ ចតចាំដឹកអ្នកដំណើរនៅរង្វង់មូលច្រកចេញ បណ្តាញឱ្យមានភាពកកស្ទះ ពីអាជ្ញាធរមូលដ្ឋានខេត្តព្រះសីហនុ។  អង្គប្រជុំក៏បានពិភាក្សាអំពី ការពង្រឹងសុវត្ថិភាពចរាចរ​ណ៍​លើផ្លូវល្បឿនលឿន និងការកកស្ទះនៅច្រកកំពង់សីលា និងបញ្ហាពាក់ព័ន្ធផ្សេងៗទៀត។

អង្គប្រជុំបាន ពិភាក្សាលើចំណុចនីមួយៗ ប្រកបដោយស្មារតីទទួលខុសត្រូវ ដោយបានដាក់ចេញជាគោលការណ៍ណែនាំ និងសេចក្តីសម្រេច ដើម្បីអង្គភាពជំនាយ និង ក្រុមហ៊ុនអនុវត្តបន្ត ដើម្បីមានមូលដ្ឋានជាក់លាក់ ដោះស្រាយ និងឆ្លើយតប សំណើរពីស្ថាប័នពាក់ព័ន្ឋ ឲ្យបានឆាប់៕

ការចុះពិនិត្យទីតាំង ប្រមូលទិន្នន័យនិយាមការព្រែកជីកហ្វូណនតេជោបានឈានដល់ទឹកដីខេត្តតាកែវហើយ

0

ដោយៈ ចំណាន

    តាកែវៈ ក្រុមមន្រ្តីថ្នាក់ជាតិ និងថ្នាក់ខេត្តបានបើកកិច្ចប្រជុំស្តីពីការចុះពិនិត្យទីតាំង ប្រមូលទិន្នន័យ ផ្ទៀងផ្ទាត់និយាមកា និងបោះបង្គោលព្រំដី តាមបណ្តោយព្រែកជីកហ្វូណនតេជោ ក្នុងភូមិសាស្រ្តខេត្តតាកែវ។

កិច្ចប្រជុំនេះ ដឹកនាំដោយលោកលោកចាន់ តារា អនុរដ្ឋលេខាធិការនៃ ក្រសួងសាធារណការ និងដឹកជញ្ជូន និងលោកវ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ ជាសហប្រធានដឹកនាំកិច្ចប្រជុំស្តីពី ការចុះពិនិត្យទីតាំង ប្រមូលទិន្នន័យ ផ្ទៀងផ្ទាត់និយាមកា និងបោះបង្គោលព្រំដី តាមបណ្តោយព្រែកជីកហ្វូណនតេជោ ក្នុងភូមិសាស្រ្តខេត្តតាកែវ។

កិច្ចប្រជុំនេះមានការចូលរួមពីសមាជិក ក្រុមការងារបច្ចេកទេសសម្រាប់ទីតាំងភូមិសាស្រ្តខេត្តតាកែវ និងសមាសភាពមកពីរដ្ឋបាលសាលាខេត្ត រដ្ឋបាលសាលាស្រុក និងមន្ទីរពាក់ព័ន្ធ ដោយបានផ្តោតលើផែនការសកម្មភាព ចុះបោះបង្គោលព្រំដី តាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី២ ក្នុងភូមិសាស្រ្តខេត្តតាកែវ ដែលនឹងចាប់ផ្តើមនៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៥ ក្នុងភូមិសាស្រ្តព្រំប្រទល់ខេត្តកណ្តាល និងខេត្តតាកែវ រហូតដល់ព្រំប្រទល់ខេត្តតាកែវ និងខេត្តកំពត៕

សម្តេចតេជោៈកម្ពុជាបានបាត់បង់ទឹកដីច្រើនណាស់ហើយ កម្ពុជាសុំសិទ្ឋការពារទឹកដីនៅសេសសល់ប៉ុណ្ណោះ

0

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ ជាសារដ៏រំជួលចិត្តមួយ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជាបានថ្លែងបញ្ជាក់ថា កម្ពុជាបានបាត់បង់ទឹកដីច្រើនណាស់មកហើយ​ក្នុងប្រវត្តិសាស្ត្រ ហើយកម្ពុជាសុំសិទ្ធិត្រឹមការ​ពារទឹកដី ដែលនៅសល់ប៉ុណ្ណោះ ដោយមិនចង់បានដីរបស់នរណា​នោះឡើយ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ដូចនេះ នាព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៥នេះ នៅក្នុងឱកាសដែលសម្តេចអញ្ជើញថ្លែងជូនអង្គសមាជរដ្ឋសភា-ព្រឹទ្ធសភា លើបញ្ហាព្រំដែនរវាងកម្ពុជា-ថៃ ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូចនេះថា កម្ពុជាគ្មានត្រូវការ​ទឹកដីអ្នកណាទេ កម្ពុជាបាត់បង់ទឹកដីច្រើនណាស់ហើយ កម្ពុជាក៏មិនទាមទារយកទឹកដីត្រឡប់មកវិញដែរ តែកម្ពុជាសុំរក្សាសិទ្ធិការពារទឹកដី​របស់ខ្លួនតែប៉ុណ្ណោះ មិនអាចឱ្យអ្នកណាផ្សេងមកដណ្តើមយកនោះទេ”។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា កម្ពុជាបានធ្វើការចរចារជាមួយវៀតណាម ដើម្បីបានបោះបង្គោលព្រំដែនរួចជាស្រេច​ចំនួន៨៤%ទៅហើយ​ នៅសល់១៦%ទៀត កំពុងតែធ្វើការចរចារ ហើយភាគីទាំង២ គោរពគ្នាទៅវិញទៅមក។ កម្ពុជាជាមួយឡាវ បានចរចារបោះបង្គោលព្រំដែនចំនួន៨៦% ហើយនៅសល់១៤% ទៀតកំពុងមានការចរចារ ដោយមានការគោរពគ្នាទៅវិញទៅមកផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា ដោយឡែកព្រំដែនកម្ពុជា-ថៃ រយៈពេល២៥ឆ្នាំហើយ គឺអត់ទាន់បានធ្វើអ្វីក្រៅពីដើររកប​ង្គោលតែប៉ុណ្ណោះ ហើយចំណុចរសើបទាំងប៉ុន្មាន បើមិនដោះស្រាយនោះទេ រឿងនេះវានឹងនៅតែបន្តទៀត។

សម្តេចប្រធានសមាជព្រឹទ្ធសភា និងរដ្ឋសភានៃកម្ពុជា បានបញ្ជាក់ថា មិនមែនយកបញ្ហាការប្តឹងផ្តល់មួយនេះ ហើយបញ្ឈប់នូវកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ថៃ លើគ្រប់វិស័យដែលមានរួចមកហើយនោះទេ រឿងក្តី គឺរឿងក្តី តែរឿងកិច្ច​សហប្រតិបត្តិការ នៅតែសហប្រតិបត្តិការ មិត្តភាពរវាងកម្ពុជា-ថៃ នៅតែមានដដែល៕

សារកក់ក្តៅៈ ឯកអគ្គរដ្ឋទូតចិនបញ្ជាក់ពីជំហរគាំទ្រភាពស្របច្បាប់របស់កម្ពុជា និងជួយប្រយុទ្ឋប្រឆាំងការគំរាមកំហែងពីខាងក្រៅ

0

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា បានបញ្ជាក់ជាថ្មីម្តងទៀតថា “ប្រទេសចិនគាំទ្រភាពស្របច្បាប់របស់កម្ពុជាជានិច្ច ហើយចិនក៏នឹងជួយកម្ពុជាប្រយុទ្ធប្រឆាំងទៅនឹងការគំរាមកំហែងពីខាងក្រៅ”។

គេនៅចាំបានកាលពីប៉ុន្មានឆ្នាំមុន ពេលដែលវៀតណាមធ្លាប់ទាមទារអធិបតេយ្យភាព នាសមុទ្រចិនខាងត្បូងជាមួយចិន ដោយវៀតណាមអះអាងថាជាអធិបតេយ្យភាពរបស់ខ្លួន។

ឆ្លើយតបទៅនឹងបញ្ហានេះជាមួយវៀតណាម ចិនបានឆ្លើយតបទៅវិញថា “រាល់ទឹកដីដែលវៀតណាមមានសព្វថ្ងៃ គឺបានមកពីការទន្ទ្រានពីកម្ពុជាតែប៉ុណ្ណោះ។ វៀតណាមគ្មានប្រវត្តិជាម្ចាស់ទឹកដីណាមួយលើសមុទ្រខាងត្បូងនោះទេ”៕

តើគម្រោងសាងសង់អគារខ្ពស់កប់ពពក Trump Tower នៅទីក្រុងហូជីមិញ គ្រោងចំណាយទុន និងចាប់ផ្តើមនៅពេលណា?

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ការបណ្តាក់ទុនវិនិយោគលើគម្រោងសាងសង់អគារខ្ពស់កប់ពពក Trump Tower នៅប្រទេសវៀតណាមត្រូវបានគេប៉ាន់ប្រមាណថា នឹងមានតម្លៃប្រហែល១ពាន់លានដុល្លារអាមេរិក ហើយការងារសាងសង់អគារ ដែលមានកម្ពស់យ៉ាងតិច៦០ជាន់អាចចាប់ផ្តើមនៅឆ្នាំក្រោយ។

យោងតាមកាសែត Reuters បានរាយការណ៍ឱ្យដឹងថា គម្រោងអគារ Trump Tower នេះកំពុងស្ថិតក្នុងដំណាក់កាលបឋមនៃការរៀបចំផែនការ។ អគារ Trump Tower នឹងក្លាយជាគម្រោងធំទី២ ដែលក្រុមហ៊ុន Trump Organization បោះវិនិយោគនៅក្នុងប្រទេសវៀតណាម។

បច្ចុប្បន្ន ប្រទេសសមាជិកអាស៊ានមួយនេះកំពុងចរចាជាមួយសហរដ្ឋអាមេរិក ដើម្បីបញ្ចៀសការយកពន្ធលើការនាំចូលទំនិញវៀតណាមទៅកាន់អាមេរិកចំនួន៤៦ភាគរយ ដែលប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្រកាសកាលពីខែមេសាកន្លងទៅ។

កាលពីពេលថ្មីៗនេះ លោក Eric Trump អនុប្រធានជាន់ខ្ពស់នៃក្រុមហ៊ុនអចលនទ្រព្យ Trump Organization បានបំពេញទស្សនកិច្ចនៅប្រទេសវៀតណាមដើម្បីស្ទាបស្ទង់មើលទីតាំងសម្រាប់សាងសង់អគារ Trump Tower នៅក្នុងទីក្រុងហូជីមិញ និងដើម្បីចូលរួមពិធីបើកការដ្ឋានសាងសង់រមណីយដ្ឋានវាយកូនហ្គោលនៅភាគខាងជើងប្រទេសវៀតណាម។

យោងតាមកាសែត Reuters បានឱ្យដឹងបន្តថា ក្រុមហ៊ុន Trump Organization នឹងគ្រប់គ្រងដំណើរការក្លឹបវាយកូនហ្គោល ខណៈក្រុមហ៊ុនដៃគូអចលនទ្រព្យ Kinhbac City ក្នុងស្រុករបស់វៀតណាមនឹងផ្តោតលើការអភិវឌ្ឍន៍អចលនទ្រព្យ ក្រោមទុនវិនិយោគចំនួន១,៥ពាន់លានដុល្លារ។

យោងតាមឯកសារពីអាជ្ញាធរទីក្រុងបានបង្ហាញថា អគារ Trump Tower នឹងត្រូវបានសាងសង់នៅតំបន់ Thu Thiem ដែលជាតំបន់កំពុងអភិវឌ្ឍន៍នៅចំកណ្តាលទីក្រុងហូជីមិញ ហើយមជ្ឈមណ្ឌលហិរញ្ញវត្ថុថ្មីមួយនឹងត្រូវបានសាងសង់នៅតំបន់នេះផងដែរ។

ទំហំនៃការវិនិយោគអាចមានទំហំទឹកប្រាក់លើសពី១ពាន់លានដុល្លារអាមេរិក ប្រសិនបើរដ្ឋាភិបាលវៀតណាមអនុញ្ញាតឱ្យក្រុមហ៊ុនរបស់គ្រួសារលោក ត្រាំ សាងសង់អគារ Trump Tower ក្នុងកម្ពស់លើសពី៦០ជាន់៕