អ្នកម្ដាយមនុស្សធម៌សម្ដេចគតិព្រឹត្តិបណ្ឌិត ប៉ុន រ៉ានី​ ហ៊ុន សែន ផ្ដល់ភាពកក់ក្ដៅ និងក្ដីសង្ឃឹមដល់វិរយុទ្ធជនការងារទឹកដីដ៏អង់អាច

វត្តមានជាលើកទី២ របស់អ្នកម្ដាយមនុស្សធម៌ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានលើកទឹកចិត្ត ផ្តល់ភាពកក់ក្តៅ និងក្តីសង្ឃឹម ដល់វីរយុទ្ធជនការពារបូរណភាពទឹកដីដ៏អង់អាចក្លាហាន ដែលកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យនានានៅរាជធានីភ្នំពេញ …!!

ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥នេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញជាលើកទី២ ក្នុងការចុះសួរសុខទុក្ខវីរយុទ្ធជនការពារបូរណភាពទឹកដីដ៏អង់អាចក្លាហាន ដែលរងរបួស និងផ្សែងពុលក្នុងសមរភូមិ កំពុងព្យាបាលនៅតាមមន្ទីរពេទ្យចំនួន៥ ក្នុងរាជធានីភ្នំពេញ។ នេះជាការចុះសួរសុខទុក្ខជាលើកទី២ របស់អ្នកម្តាយមនុស្សធម៌ ដើម្បីលើកទឹកចិត្ត និងផ្តល់ភាពកក់ក្តៅ ដល់វីរយុទ្ធជនដ៏អង់អាចក្លាហានរបស់យើង ដែលការចុះលើកទី១ កាលពីថ្ងៃទី១៥-១៦ ខែធ្នូ កន្លងទៅ។

ការអញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខនាពេលនេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានសម្ដែងនូវអារម្មណ៍ក្ដុកក្ដួល អាណិតអាសូរជាពន់ពេកដល់វីរយុទ្ធជនដែលបានពលី និងលះបង់កម្លាំងកាយចិត្ដ បំពេញការងារដោយបេះដូង និងឆន្ទៈខ្ពស់បំផុត ក្នុងការការពារបូរណភាពទឹកដី លះបង់ឈាមស្រស់ សាច់ស្រស់ បូជាជូនជាតិមាតុភូមិ ដោយមោទនភាពជាទីបំផុត។

ក្នុងឱកាសនេះដែរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បាននាំនូវព្រះរាជបណ្តាំផ្តាំផ្ញើសួរសុខទុក្ខ ក្តីអាណិតអាសូរពីសំណាក់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ជាពិសេស ស្ញប់ស្ញែងចំពោះទឹកចិត្តដ៏អង់អាចក្លាហាន ហ៊ានពលិកម្មគ្រប់បែបយ៉ាងដើម្បីបូរណភាពទឹកដីដ៏កម្សត់របស់យើង និងសូមជូនពរដល់វីរយុទ្ធជនគ្រប់រូប សូមឆាប់បានជាសះស្បើយឡើងវិញ។

ចំពោះការអញ្ជើញចុះមកដោយផ្ទាល់របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានធ្វើឱ្យវីរយុទ្ធជន និងក្រុមគ្រួសារ មានក្តីរំភើបស្រក់ទឹកភ្នែកដែលទទួលបានការថ្នាក់ថ្នមដោយភាពកក់ក្ដៅ ដែលនេះជាការផ្ដល់កម្លាំងចិត្ដមួយដ៏ធំមិនអាចកាត់ថ្លៃបាន សម្រាប់វីរយុទ្ធជនទាំងអស់។ ក្នុងឱកាសដ៏រំភើបឥតឧបមានេះដែរ វីរយុទ្ធជន និងគ្រួសារ បានលើកដៃប្រណព្វថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែនៅជាប់ជាមួយប្រជាពលរដ្ឋជានិច្ច តែងតែគិតគូរពីសុខទុក្ខ លើកទឹកចិត្ត និងផ្តល់ក្តីសង្ឃឹមដ៏ធំធេងដល់ប្រជាជនគ្រប់រូប ពោលគឺទីណាដែលមានទុក្ខលំបាក ទីនោះគឺមានបេះដូង និងទឹកចិត្ដសង្គ្រោះរបស់អ្នកម្ដាយមនុស្សធម៌។

វីរយុទ្ធជនទាំងអស់ និងក្រុមគ្រួសារ សូមប្រសិទ្ធពរជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិត, សម្តេចតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ព្រមទាំងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងខ្លាំងក្លា ជន្មាយុយឺនយូរ ដើម្បីជាម្លប់ដ៏កក់ក្តៅដល់ប្រជាជនកម្ពុជា ជារៀងដរាប។

សូមបញ្ជាក់ថា វីរយុទ្ធជនដែលរងរបួស និងផ្សែងពុលក្នុងសមរភូមិ ទទួលបាននូវការឧបត្ថម្ភពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា រួមមានគ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ និងថវិកាមួយចំនួនផងដែរ៕

ក្រុមមន្រ្តីជាន់ខ្ពស់ជួបគ្នាពិភាក្សាពីវឌ្ឍនភាព និងបញ្ហាប្រឈមនៃការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ បាវិត

ដោយៈ ម៉ាលីនណា

    ភ្នំពេញៈ ក្រុមមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលបាន បានចូលរួមកិច្ចប្រជុំពិភាក្សា “វឌ្ឍនភាព និងបញ្ហាប្រឈមនៃការអនុវត្ត គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត”។

កិច្ចប្រជុំនេះធ្វើឡើងក្រោមអធិបតីភាព លោកបណ្ឌិតអូន ព័ន្ឋមុនីរ័ត្នឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកស៊ុន ចាន់ថុល អនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោកប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូននិងក្រុមមន្រ្តីពាក់ព័ន្ឋ។

កិច្ចប្រជុំនេះមានគោលបំណងដើម្បីពិនិត្យ និងពិភាក្សាអំពីវឌ្ឍនភាព និងបញ្ហាប្រឈមនៃការអនុវត្ត គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត ដើម្បីជំរុញការអនុវត្តគម្រោងប្រកប ដោយប្រសិទ្ធភាពខ្ពស់។

អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន លោកផន រឹមបានមានប្រសាសន៍ឲ្យដឹងនាព្រឹកថ្ងៃទី២០ ធ្នូនេះថា គំរោងផ្លូវនេះបាននិងកំពុងដំណើរការសាងសង់ជាធម្មតា មិនមានការពន្យាពេលណាមូយឡើយ ហើយកិច្ចប្រជុំនេះ ជាការតាមដានវឌ្ឍនភាពនៃគំរោងនេះ ដើម្បីធ្វើយ៉ាងណាឲ្យដំណើរការស្ថាបនាផ្លូវនេះ បានរលូននិងស្របតាមផែនការ។

លោកបន្តថា “យើងកំពុងដោះស្រាយនិតិវិធីមួយចំនួន ជាមួយភាគីចិន ដើម្បីជម្រុញការងារនេះបានដំណើរការលឿន និងឆាប់រហ័ស”៕

ទីផ្សារលំនៅឋានហុងកុងកំពុងទាក់ទាញចំណាប់អារម្មណ៍ឡើងវិញ ពីក្រុមអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភ

ដោយ: សហសេវិក
អន្តរជាតិ: លោក Arnold Lee នាយកប្រតិបត្តិក្រុមហ៊ុនដឹកជញ្ជូន Hecny Group បានទិញអាផាតមុិនប្រណីតមួយនៅទីក្រុងហុងកុងក្នុងតម្លៃ១៣២លានដុល្លារហុងកុង (ប្រមាណ១៧លានដុល្លារអាមេរិក)។

អាផាតមិនទំហំ២៥៨ម៉ែត្រការ៉េនេះមានបន្ទប់គេងចំនួន៤ នៅគម្រោង The Legacy ដែលត្រូវបានអភិវឌ្ឍរួមគ្នាដោយក្រុមហ៊ុន Henderson Land Development និងក្រុមហ៊ុន New World Development។

យោងតាមកាសែត South China Morning Post បានឱ្យដឹងថា កិច្ចព្រមព្រៀងនេះត្រូវបានបញ្ចប់នៅថ្ងៃទី២៥ ខែវិច្ឆិកា និងបានចុះបញ្ជីជាផ្លូវការនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥។

ក្រុមហ៊ុន Hecny Group ជាក្រុមហ៊ុនដឹកជញ្ជូនទំនិញ និងភស្តុភារកម្មសកលមួយ ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៥១ ដោយលោក Charles C.K. Lee។

គ្រួសារ Lee បានចូលរួមក្នុងការវិនិយោគលើទីផ្សារអចលនទ្រព្យចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៧០មក។ កាលពីខែកញ្ញា គ្រួសារនេះបានទិញយកហាងមួយនៅជាន់ផ្ទាល់ដីទំហំ២១០ម៉ែត្រការ៉េនៅអគារ LL Tower លើផ្លូវ Shelley Street ក្នុងតម្លៃប្រហែល៤១,៣លានដុល្លារ

កាលពីឆ្នាំ២០២២ ក្រុមគ្រួសារនេះបានទិញហាងចំនួន៤ បន្ថែមទៀត ដោយទាញយកអត្ថប្រយោជន៍ពីការធ្លាក់ចុះនៃតម្លៃអចលនទ្រព្យនៅទីក្រុងហុងកុង នៃប្រទេសចិន។

ដោយឡែក ប្រតិបត្តិការថ្មីចុងក្រោយនេះបានកើតឡើង ខណៈដែលទីផ្សារលំនៅឋានប្រណីតរបស់ហុងកុងទាក់ទាញចំណាប់អារម្មណ៍ឡើងវិញពីអ្នកទិញក្នុងគោលបំណងរស់នៅពិតប្រាកដ និងបណ្តាអ្នកវិនិយោគ។

នៅថ្ងៃទី១០ ខែធ្នូ អតិថិជន ដែលមិនស្គាល់អត្តសញ្ញាណម្នាក់បានទិញអាផាតមុិនមួយដែលមានបន្ទប់គេងចំនួន៤ នៅគម្រោង Mont Verra ក្នុងតំបន់ Kowloon Tong លើកោះហុងកុងក្នុងតម្លៃ១៩២លានដុល្លារហុងកុង៕ប្រភព: Vnexpress៕

ឧកញ៉ាបណ្ឌិតគីម ហ៊ាងតែងតាំងលោកAlexander Siew Y S ជានាយកប្រតិបត្តិបុរីវិមានសំណាង

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ អគ្គនាយកក្រុមហ៊ុនKhmer Real Estate និងជាស្ថាបនិកបុរីវិមានសំណាង លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងបានសម្រេចតែងតាំងលោកAlexander Siew Y S ជានាយកប្រតិបត្តិបុរីវិមានសំណាង។

Welcome Mr. Alexander Siew Y S to Borey Vimean Samnang Plc as the Chief Executive Officer (CEO)!

តើលោក Alexander Siew Y S ជាអ្នកណា? លោកបានធ្វើការក្នុងវិស័យអចលនទ្រព្យ សំណង់ ការគ្រប់គ្រងគម្រោង ការអភិវឌ្ឍគម្រោង និងច្រើនទៀតចាប់តាំងពីឆ្នាំ1992 នៅប្រទេសសិង្ហបុរី ឥណ្ឌូនេស៊ី និងកម្ពុជា ក្នុងឋានៈជានាយកប្រតិបត្តិ អ្នកគ្រប់គ្រងទូទៅ អ្នកគ្រប់គ្រងគម្រោង ប្រធានអភិវឌ្ឍន៍អាជីវកម្ម និងច្រើនទៀត។ ការមកដល់របស់លោកនៅ Borey Vimean Samnang Plc នឹងជួយធ្វើឱ្យយើងកាន់តែរឹងមាំ និងប្រសើរជាងមុន។

បុរីវិមានសំណាង ស្ថិតនៅលើមហាវិថីឈ្នះ ឈ្នះ សាងសង់ឡើងលើផ្ទៃដី២៥ហិកតា ដែលផ្តល់ឲ្យសហគមន៍នូវការរស់នៅបែបអភិជន ជាមួយនឹងម៉ូតផ្ទះស៊ីវិល័យ ក្លាសិក មានហេដ្ឋារចនាសម្ព័ន្ឋល្អប្រសើរ មានដាំដើមឈើធំៗ ពិសេសមានព្រែកធម្មជាតិប្រវែង១០០០ម៉ែត្រហូរកាត់ ដែលផ្តល់ឲ្យបរិយាកាសរស់នៅក្នុងបុរីនេះ មានផាសុខភាព និងប្រណីតភាព៕

ទីផ្សារអចលនទ្រព្យក្នុងតំបន់អាសុីប៉ាសុីហ្វិក បានបង្ហាញភាពធន់ ទោះបីជាមានបញ្ហាប្រឈមក្តី

ដោយ: សហសេវិក
អន្តរជាតិ: យោងតាមរបាយការណ៍ TrendWatch របស់សមាគមទ្រព្យសកម្មអាស៊ីប៉ាស៊ីហ្វិក បានឱ្យដឹងថា ទីផ្សារអចលនទ្រព្យបានស្ថិតក្នុងចំណោមទីផ្សារលើពិភពលោក ដែលមានដំណើរការល្អប្រសើរនៅឆ្នាំ២០២៥ ដោយតំបន់អាស៊ីប៉ាស៊ីហ្វិកបានបោះជំហានយ៉ាងលេចធ្លោ។

របាយការណ៍នេះបានបន្តថា ទីផ្សារអចលនទ្រព្យក្នុងតំបន់បានបង្ហាញភាពធន់ ទោះបីជាមានបញ្ហាប្រឈមដូចជា ការផ្លាស់ប្តូរគោលនយោបាយរូបិយវត្ថុ អតិផរណា និងហានិភ័យភូមិសាស្ត្រនយោបាយយ៉ាងណាក្តី។

លោក Naoki Suzuki ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន KJR Management បានអះអាងថា សន្ទុះបានកើនឡើងអស់រយៈពេលជាច្រើនឆ្នាំមកហើយនៅក្នុងផ្នែកនានា ដូចជា បដិសណ្ឋារកិច្ច អាផាតមុិន និងភស្តុភារកម្ម។ បច្ចុប្បន្ន សន្ទុះនេះបានរីករាលដាលដល់ផ្នែកលក់រាយ និងការិយាល័យ។

កំណើននៃថ្លៃដើមសំណង់បានធ្វើឱ្យការផ្គត់ផ្គង់ការិយាល័យថ្មីនៅមានកម្រិត និងបានជំរុញឱ្យតម្លៃជួលការិយាល័យកើនឡើង។អត្រាទំនេរការិយាល័យនៅទីក្រុងតូក្យូ នៃប្រទេសជប៉ុនបានធ្លាក់ចុះក្រោម៣ភាគរយ។នេះបើយោងតាមក្រុមហ៊ុន CenterSquare Investment Management។

លោក Paul Lee ដៃគូគ្រប់គ្រងនៅក្រុមហ៊ុនវិនិយោគ Northmod បានកត់សម្គាល់ថា ទីផ្សារអចលនទ្រព្យផ្នែកភស្តុភារនៅតំបន់ Greater Seoul របស់កូរ៉េខាងត្បូង និងច្រករបៀងសំខាន់ៗរបស់ប្រទេសម៉ាឡេស៊ី ក៏សម្រេចបានលទ្ធផលលើសពីការរំពឹងទុកផងដែរ ជាមួយនឹងសន្ទុះដ៏រឹងមាំនៃតម្លៃជួល។

ទីផ្សារអចលនទ្រព្យនៅក្នុងតំបន់ទាំងនេះនៅតែទទួលបានការចាប់អារម្មណ៍ពីក្រុមវិនិយោគិន ជាពិសេសហេដ្ឋារចនាសម្ព័ន្ធទាក់ទងនឹងមជ្ឈមណ្ឌលទិន្នន័យ(Data Center)៕ប្រភព: The Business Times៕

កាសែត Nikkei៖ កម្ពុជាដាក់ពាក្យសុំចូលជាសមាជិកកិច្ចព្រមព្រៀងពាណិជ្ជកម្ម CPTPP ដើម្បីធ្វើពិពិធកម្មទីផ្សារ

ដោយ: សហសេវិក
អន្តរជាតិ: យោងតាមប្រភពព័ត៌មានពីរដ្ឋាភិបាលជប៉ុនបានទម្លាយប្រាប់កាសែត Nikkei Asia ថា ប្រទេសកម្ពុជាបានដាក់ពាក្យស្នើសុំចូលរួមកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងរីកចម្រើនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP)។

ការចរចាចូលជាសមាជិកអាចចាប់ផ្តើមបានលុះត្រាតែប្រទេសជាសមាជិកទាំង១២ ផ្តល់ការយល់ព្រម ដោយការចរចាត្រូវបានគេរំពឹងថា នឹងផ្តោតលើបញ្ហាដូចជា វិសាលភាពនៃការលុបបំបាត់ពន្ធ។ នេះមានន័យថា សមាជិកភាពរបស់កម្ពុជានឹងត្រូវបានអនុម័ត នៅពេលមានការយល់ព្រមជាឯកច្ឆន្ទ។

ដើម្បីឆ្លើយតបទៅនឹងគោលនយោបាយពន្ធគយរបស់សហរដ្ឋអាមេរិក បណ្តាប្រទេសជាច្រើនទៀតបានបង្ហាញការចាប់អារម្មណ៍ក្នុងការចូលរួមក្នុងកិច្ចព្រមព្រៀង CPTPP ដែលមានគោលដៅលើកកម្ពស់ពាណិជ្ជកម្មតាមរយៈការលុបចោលពន្ធគយ ឬកំណត់អត្រាពន្ធគយទាបជាងមុន។

បណ្តាប្រទេស និងតំបន់សរុបចំនួន១០ រួមទាំងកម្ពុជា កំពុងចរចា ឬបានដាក់ពាក្យចូលរួមជាផ្លូវការ។ នាពេលបច្ចុប្បន្ន ចំនួនប្រមាណ៤០ភាគរយនៃការនាំចេញទំនិញសរុបរបស់កម្ពុជាមានគោលដៅទៅកាន់សហរដ្ឋអាមេរិក។

សហរដ្ឋអាមេរិកបានកាត់បន្ថយអត្រាពន្ធគយបដិកាលើកម្ពុជា ពី៤៩ភាគរយមកនៅត្រឹម១៩ភាគរយ។ យ៉ាងណាមិញ កម្ពុជានៅតែមានភាពចាំបាច់ក្នុងការធ្វើពិពិធកម្មទីផ្សារនាំចេញរបស់ខ្លួន តាមរយៈការស្នើចូលជាសមាជិកកិច្ចព្រមព្រៀង CPTPP។

កិច្ចព្រមព្រៀង CPTPP បានចូលជាធរមាននៅឆ្នាំ២០១៨។ ប្រទេសអង់គ្លេសបានចូលជាសមាជិកកិច្ចព្រមព្រៀងនេះនៅឆ្នាំ២០២៤ បន្ទាប់ពីអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប។

បច្ចុប្បន្ន កិច្ចព្រមព្រៀង CPTPP មានប្រទេសជាសមាជិកសរុបទាំងអស់ចំនួន១២ ដូចជា អូស្ត្រាលី ប្រ៊ុយណេ កាណាដា ឈីលី ជប៉ុន ម៉ាឡេស៊ី ម៉ិកស៊ិក នូវែលសេឡង់ ប៉េរូ សិង្ហបុរី វៀតណាម និងអង់គ្លេស៕ប្រភព: Nikkei Asia៕

ការលក់លំនៅឋានថ្មីនៅសិង្ហបុរីដាំក្បាលចុះយ៉ាងគំហុកក្នុងខែវិច្ឆិកា ខណៈការបើកដំណើរការគម្រោងលំនៅឋានធ្លាក់ចុះ

ដោយ: សហសេវិក
អន្តរជាតិ: ការលក់លំនៅឋានថ្មីរបស់បណ្តាអ្នកអភិវឌ្ឍ៍ឯកជននៅទូទាំងប្រទេសសិង្ហបុរីបានដាំក្បាលចុះយ៉ាងគំហុកនៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៥។ នេះបើយោងតាមទិន្នន័យរបស់អាជ្ញាធរអភិវឌ្ឍទីក្រុងសិង្ហបុរី (URA)។

ទិន្នន័យបានបង្ហាញថា បណ្តាអ្នកអភិវឌ្ឍន៍បានលក់ផ្ទះសរុបចំនួន៣២៥យូនីត ដាំក្បាលចុះ៨៦,៦ភាគរយ បើធៀបនឹងផ្ទះចំនួន២.៤២៤យូនីត ដែលបានលក់ចេញក្នុងខែតុលា និងដាំក្បាលចុះ៨៧,៣ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ការដាំក្បាលចុះនេះបណ្តាលមកពីការថយចុះនៃចំនួនគម្រោងលំនៅឋានបើកដំណើរការថ្មី។ នៅខែវិច្ឆិកា គេសង្កេតឃើញមានគម្រោងមួយប៉ុណ្ណោះឈ្មោះ The Sen by Sustained Land ដែលបានបើកដំណើរការលំនៅឋានថ្មីចំនួន៣៤៧យូនីត។

ផ្ទុយទៅវិញ កាលពីខែតុលា គេសង្កេតឃើញមានគម្រោងលំនៅឋានធំៗចំនួន៤ ដែលបានបើកដំណើរការថ្មីក្នុងខែតុលា ឆ្នាំ២០២៥ ដែលមានលំនៅឋានសរុបចំនួន២.២៣៣យូនីត។

ក្រុមអ្នកជំនាញជឿជាក់ថា ការលក់លំនៅឋានពេញមួយឆ្នាំ២០២៥ អាចសម្រេចបានចំនួន១១.០០០យូនីត ខណៈការលក់លំនៅឋានថ្មីនៅក្នុងខែធ្នូ ត្រូវបានគេរំពឹងថា នឹងមិនមានការប្រែប្រួលខ្លាំងនោះទេ៕ប្រភព: Edgeprop៕

តើបុគ្គលរូបណាជាអ្នកមហាសេដ្ឋីលំដាប់កំពូលនៅប្រទេស ឥណ្ឌូនេស៊ី?

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ ជាប្រទេសដែលមានប្រជាជនជិត៣០០លាននាក់ មានទំហំសេដ្ឋកិច្ចធំជាងគេនៅតំបន់អាស៊ាន ឥណ្ឌូនេស៊ីជាទីផ្សារធំមួយសម្រាប់វិនិយោគិនផ្នែកអចលនទ្រព្យ។

តើបុគ្គលរូបណា ជាអ្នកមានបំផុតនៅឥណ្ឌូនេស៊ី ក្នុងឆ្នាំ២០២៥  យោងតាមបញ្ជីអ្នកមានបំផុតទាំង៥០ របស់ឥណ្ឌូនេស៊ីឆ្នាំ២០២៥ របស់ Forbes។

១ R. Budi Hartono និង Michael Hartono

បុគ្គលទាំងពីររូបនេះ មានទ្រព្យសម្បត្តិរួមបញ្ចួលគ្នារហូតដល់៤៣,៨ ពាន់លានដុល្លារអាមេរិក ដែលពួកគាត់បានធ្វើពិពិធកម្មអាជីវកម្មរួមមានធនាគារ ថ្នាំជក់។ល។

២. Prajogo Pangestu

បុគ្គលរូបនេះ មានទ្រព្យសម្បត្តិសរុប ៣៩,៨ ពាន់លានដុល្លារអាមេរិក ដែលជាអ្នកវិនិយោគលើវិស័យថាមពល និងគីមីឥន្ធនៈ។

៣. គ្រួសារWidjaja

ក្រុមគ្រួសារនេះ មានប្រាក់រហូតដល់២៨,៣ ពាន់លានដុល្លារអាមេរិក (អាជីវកម្មធ្វើពិពិធកម្ម រួមទាំងអចលនទ្រព្យតាមរយៈ Sinar Mas)៕

តើអចលនទ្រព្យប្រទេសណាក្នុងតំបន់អាស៊ាននឹងមានការរីកចម្រើនខ្លាំងនៅឆ្នាំ២០២៦?

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ ប្រទេសក្នុងប្លុកអាស៊ាន បានកើនឡើងចំនួន១១ ជាតំបន់ ដែលសេដ្ឋកិច្ចមានការរីកចម្រើនខ្លាំង ប៉ុន្តែនៅពេលនេះយើងនឹងលើកយកស្ថានភាពអចលនទ្រព្យនៅឆ្នាំ២០២៦។

ទីផ្សារអចលនទ្រព្យកម្រិតកំពូលៗរបស់អាស៊ាន ទំនងជានឹងមានកំណើននៅឆ្នាំ ២០២៦។

១ វៀតណាម នឹងមានសន្ទុះកំណើនខ្លាំង

វៀតណាមជាប់ចំណាត់ថ្នាក់ជាប្រទេស ដែលមានកំណើនឈានមុខគេនៅក្នុងតំបន់អាស៊ាន ជាមួយនឹងការពង្រីកផលិតផលក្នុងស្រុកសរុប (GDP) ដ៏រឹងមាំ និងកំនើនលំហូរចូលFDI ដែលជំរុញតម្រូវការសម្រាប់អចលនទ្រព្យលំនៅដ្ឋាន ការិយាល័យ ឧស្សាហកម្ម និងអចលនទ្រព្យប្រើប្រាស់ចម្រុះ។

អ្នកវិភាគចង្អុលបង្ហាញ ពីការធ្វើនគរូបនីយកម្មខ្ពស់ ការកើនឡើងនៃតម្រូវការលំនៅដ្ឋានវណ្ណៈកណ្តាល និងការពង្រីកសាជីវកម្ម ជាកត្តាជំរុញកំណើនសំខាន់ៗ។

វៀតណាមត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយថា ជាជម្រើ​សកំពូល សម្រាប់កំណើនវិនិយោគលើអចលនទ្រព្យ នៅឆ្នាំ ២០២៦ នៅទូទាំងថ្នាក់ទ្រព្យសកម្មជាច្រើន។

 

២ ឥណ្ឌូនេស៊ី

ជាប្រទេសតែមួយគត់ក្នុងតំបន់នេះ ដែលស្ថិតក្នុងចំណោមប្រទេសG20 និងមានប្រជាជនជាង២៨០លាននាក់ ឥណ្ឌូនេស៊ីមានចំណែកធំនៃប្រាក់ចំណូលអចលនទ្រព្យ ការិយាល័យអាស៊ានរួចហើយ និងមានកំណើនហេដ្ឋារចនាសម្ព័ន្ធរយៈពេលវែងដ៏រឹងមាំ។

ការអភិវឌ្ឍនៃទីក្រុងNusantara (រដ្ឋធានីថ្មី) និងការពង្រីកវណ្ណៈកណ្តាលគាំទ្រដល់ទីផ្សារលំនៅដ្ឋាន និងពាណិជ្ជកម្ម។

ទស្សនវិស័យប្រទេសនេះ កំណើនអាចមានលក្ខណៈយឺតជាងទីផ្សារវៀតណាម ប៉ុន្តែទំហំទីផ្សារធំ និងគម្រោងហេដ្ឋារចនាសម្ព័ន្ធចង្អុលបង្ហាញពីការពង្រីកនៅឆ្នាំ ២០២៦។

៣ ប្រទេសថៃ កំណើនទេសចរណ៍ និងទីក្រុង

ការងើបឡើងវិញនៃវិស័យទេសចរណ៍ និងតម្រូវការនៅទីក្រុងបាងកក ភូកេត និងប៉ាតាយ៉ា បានជួយជំរុញតម្រូវការអចលនទ្រព្យលំនៅដ្ឋាន និងបដិសណ្ឋារកិច្ច។

ក្រុមហ៊ុនអចលនទ្រព្យរាយការណ៍ ពីចំណាប់អារម្មណ៍របស់វិនិយោគិនយ៉ាងរឹងមាំ និងកំណើនដែលបានព្យាករណ៍ នៅទូទាំងលំនៅដ្ឋាន ភស្តុភារកម្ម និងមជ្ឈមណ្ឌលទិន្នន័យ។

ប្រទេសថៃនៅតែជាប្រទេស ដែលមានការប្រកួតប្រជែងខ្លាំងសម្រាប់ការងើបឡើងវិញជាលំដាប់ និងការពង្រីកអចលនទ្រព្យ ជាពិសេសកន្លែង ដែលទេសចរណ៍ជំរុញតម្រូវការលំនៅដ្ឋាន។

៤ ម៉ាឡេស៊ី និងសិង្ហបុរី

ម៉ាឡេស៊ីកំពុងទាក់ទាញដើមទុនស្ថាប័ន ហើយអ្នកអភិវឌ្ឍន៍កំពុងរៀបចំផែនការចុះបញ្ជី REIT សំខាន់ៗនៅឆ្នាំ២០២៦ ដែលជាសញ្ញានៃសាច់ប្រាក់ងាយស្រួលក្នុងទីផ្សារកាន់តែស៊ីជម្រៅ។

សិង្ហបុរីនៅតែមានស្ថិរភាព ជាមួយនឹងតម្រូវការខ្លាំង សម្រាប់ទ្រព្យសកម្មបុព្វលាភ ទោះបីជាកំណើនមានទំនោរស្ថិរភាព ជាជាងការផ្ទុះក៏ដោយ។

សម្រាប់ទស្សនវិស័យ ប្រទេសទាំងពីរគឺជាទីផ្សាររឹងមាំ ជាពិសេ​សសម្រាប់ប្រាក់ស្ថាប័នបរទេស ប៉ុន្តែកំណើនត្រូវបានវាស់វែងកាន់តែច្រើន៕

កម្ពុជាសាកល្បងលើកលែងទិដ្ឋាការសម្រាប់ភ្ញៀវទេសាចរណ៍ចិនរយៈពេល៤ខែ នៅឆ្នាំ២០២៦

ដោយៈ ម៉ាណា

    ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោកហួត ហាក់បានថ្លែងថា ការលើកលែងទិដ្ឋាការពលរដ្ឋចិនក្នុងរយៈពេល៤ខែ នៅឆ្នាំ២០២៦ គឺជាលទ្ធផលជាប្រវត្តិសាស្ត្រ ជាពិសេសនៅក្នុងក្របខណ្ឌ “ឆ្នាំទេសចរណ៍កម្ពុជា ចិន ២០២៥-២០២៦”។

លោករដ្ឋមន្រ្តីបានថ្លែងបែបនេះ កាលពីថ្ងៃទី១៨ ធ្នូ ក្នុងពេលអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើយន្តការ និងនីតិវិធីក្នុងការអនុវត្តសាកល្បង នៃការលើកលែងទិដ្ឋាការពលរដ្ឋចិន ក្នុងរយៈពេល៤ខែ នៅឆ្នាំ២០២៦។

ក្នុងកិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី លោកសន្តិបណ្ឌិត គៀត ច័ន្ទថារិទ្ធ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោកបណ្ឌិតសភាចារ្យ ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនិងមន្រ្តីពាក់ព័ន្ធជាច្រើន។

យោងសេចក្តីជូនដំណឹងរបស់រាជរដ្ឋាភិបាល លេខ២០៧០ សជណ ចុះថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ រាជរដ្ឋាភិបាលបានអនុញ្ញាតដាក់ឱ្យអនុវត្តសាកល្បង ការលើកលែងទិដ្ឋាការសម្រាប់ពលរដ្ឋចិន ដោយផ្តល់រយៈពេលស្នាក់នៅចំនួន១៤ថ្ងៃ ក្នុងអំឡុងពេល៤ខែ គិតចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ ដោយពុំតម្រូវឱ្យមានពាក្យស្នើសុំ និងពុំមានបង់កម្រៃ ដោយគ្រាន់តែបំពេញ E-arrival card។ ក្នុងអំឡុងពេលសុពលភាពនៃការអនុវត្តនេះ ភ្ញៀវទេសចរចិនអាចអញ្ជើញមកកម្ពុជាប៉ុន្មានលើកក៏បាន។

ក្រសួងទេសចរណ៍រំពឹងថា គម្រោងសាកល្បងខាងលើ នឹងជំរុញកំណើនភ្ញៀវទេសចរចិនបន្ថែមទៀត ដែលអាចជួយទ្រទ្រង់ដល់សន្ទុះសេដ្ឋកិច្ចក្នុងរដូវកាលបៃតង (ពីខែឧសភា ដល់ខែតុលា ឆ្នាំ២០២៦)នាពេលខាងមុខ៕