ទីផ្សារអចលនទ្រព្យបានងាកទៅកាន់តំបន់សំខាន់ៗជាច្រើន នៅតាមព្រំដែន

0

ដោយៈ ស៊ីវ ម៉េង

    ភ្នំពេញៈ អ្នកជំនាញ និងជាអ្នកអភិវឌ្ឍន៍ក្នុងវិស័យអចលនទ្រព្យ បានលើកឡើងថា ស្របពេលតម្លៃដីធ្លីនៅខេត្តព្រះសីហនុ ក៏ដូចជាទូទាំងប្រទេសធ្លាក់ចុះ ចលនានៃការអភិវឌ្ឍបានងាកទៅកាន់តំបន់ថ្មី។

អគ្គនាយកក្រុមហ៊ុនKFA លោកឧកញ៉ានួន រិទ្ឋីបានមានប្រ​សា​សន៍ឲ្យដឹងកាលពីសប្តាហ៍មុនថា ស្របពេលដីធ្លីនៅខេត្តព្រះសីហនុ និងរាជធានី ខេត្តដទៃ បានដាំក្បាលចុះចន្លោះពី២០ ទៅ៥០ភាគរយ ចលនានៃការទិញ លក់ និងការអភិវឌ្ឈបានងាកទៅកាន់តំបន់ព្រំដែនគម្ពុជា វៀតណាម និងព្រំដែនកម្ពុជា ថៃមួយចំនួន។

លោកបន្តថា តំបន់ព្រំដែនទាំងនោះរួមមាន ទីក្រុងប៉ោយប៉ែត ទីក្រុងបាវិត ទីក្រុងសំពៅពូន តំបន់សំឡូត និងព្រំដែនរវាងកម្ពុជា វៀតណាម ក្នុង ខេត្តត្បូងឃ្មុំជាដើម។

លោកឧកញ៉ានួន រិទ្ឋីបានបន្តថា ក្នុងពេលសភាពការណ៍ពិភពលោកប្រែប្រួលនាពេលនេះ ប៉ុន្តែកម្ពុជានៅតែរក្សាបាននូវស្ថានភាពស្ថេរភាពនយោបាយ កត្តាសុខសន្តិភាព និងកំណើនសេដ្ឋកិច្ចកម្ពុជានៅតែរឹងមាំ ក្រោមការដឹកនាំរបស់សម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជា។

លោកបន្តថា“ទីផ្សារអចលនទ្រព្យកម្ពុជានៅតែមានចរន្ត បើទោះ​បីជាមិនដូចអំឡុងមុនពេលមានវិបត្តិកូវីដ១៩ក្តី តែស្ថានភាពសុខភាពនៅក្នុងវិស័យនេះ នៅតែដំណើរការដោយក្រុមហ៊ុនធំៗ នៅតែបន្តអភិវឌ្ឍន៍គំរោងរបស់ខ្លួន”។

លោកបន្តថា ជាក់ស្តែងគំរោងអភិវឌ្ឍន៍នានា របស់លោករួមមានទាំងដីឡូត៍ លំនៅដ្ឋាននៅតែលក់បានបណ្តើរៗ មិនជាប់គាំងណាមួយនោះទេ៕

ប្រទេសថៃ និងជប៉ុនសម្រេចបានអត្រាកំណើនតម្លៃស្នាក់នៅសណ្ឋាគារខ្ពស់ជាងគេក្នុងតំបន់អាសុីប៉ាសុីហ្វិក

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមក្រុមហ៊ុនប្រឹក្សាយោបល់អចលនទ្រព្យ Colliers បានលើកឡើងថា ទីផ្សារអចលនទ្រព្យបដិសណ្ឋារកិច្ចនៅតំបន់អាស៊ីប៉ាស៊ីហ្វិក បានស្ទុះងើបឡើងវិញយ៉ាងឆាប់រហ័សក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ បន្ទាប់ពីជំងឺរាតត្បាត។

ទោះជាយ៉ាងណា សន្ទុះនៃកំណើនបាននិងកំពុងថយចុះនៅក្នុងឆ្នាំ២០២៥ និងឈានចូលដល់ដំណាក់កាលមួយដែលមានស្ថិរភាព។នេះបើយោងតាមក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Colliers។

នៅក្នុងរបាយការណ៍ថ្មីរបស់ខ្លួន ក្រុមហ៊ុន Colliers បានគូសបញ្ជាក់ថា ទំហំនៃការវិនិយោគសណ្ឋាគារនៅក្នុងតំបន់អាសុីប៉ាសុីហ្វិកបានដាំក្បាលចុះ១៩ភាគរយមកនៅត្រឹមចំនួន២,១ពាន់លានដុល្លារអាមេរិកក្នុងរយៈពេល៣ខែដើមឆ្នាំ២០២៥ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ទោះជាយ៉ាងណា លំហូរវិនិយោគនៅតែបន្តហូរចូលទៅកាន់ទីផ្សារបដិសណ្ឋារកិច្ចរបស់ប្រទេសមួយចំនួនក្នុងតំបន់ ដូចជាប្រទេសជប៉ុន កូរ៉េខាងត្បូង និងអូស្ត្រាលី។ នេះបើយោងតាមរបាយការណ៍របស់ក្រុមហ៊ុន Colliers។

របាយការណ៍ដដែលបានបន្ថែមថា ប្រទេសសិង្ហបុរីក៏នៅតែបន្តជាប់ឈ្មោះជាគោលដៅដ៏សំខាន់សម្រាប់ការវិនិយោគសណ្ឋាគារក្នុងតំបន់អាសុីប៉ាសុីហ្វិកផងដែរ។

លោក Govinda Singh អ្នកជំនាញជាន់ខ្ពស់របស់ក្រុមហ៊ុន Colliers បានលើកឡើងថា “ការធ្លាក់ចុះនៃការវិនិយោគលើទីផ្សារបដិសណ្ឋារកិច្ចនៅត្រីមាសទី១ ពុំមែនជារឿងភ្ញាក់ផ្អើលនោះទេ។ ភាពមិនប្រាកដប្រជាភូមិសាស្ត្រនយោបាយអាចនាំឱ្យវិនិយោគិនមានការប្រុងប្រយ័ត្ន”។

លោករំពឹងថា សកម្មភាពវិនិយោគលើសណ្ឋាគារនៅក្នុងតំបន់អាសុីប៉ាសុីហ្វិកនឹងមានការកើនឡើងវិញចាប់ពីត្រីមាសទី២ ឆ្នាំ២០២៥ រហូតដល់ដំណាច់ឆ្នាំ ខណៈពេលដែលលក្ខខណ្ឌទីផ្សារមានស្ថិរភាព។

យោងតាមរបាយការណ៍របស់ក្រុមហ៊ុន Colliers ក៏បានគូសបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះ បណ្តាប្រទេសមួយចំនួនក្នុងតំបន់ ដែលធ្លាប់ពឹងផ្អែកលើលំហូរភ្ញៀវទេសចរណ៍ចិន កំពុងព្យាយាមចាប់យកឱកាសពីមូលដ្ឋាននៃកំណើនភ្ញៀវទេសចរណ៍ឥណ្ឌា។

យោងតាមទិន្នន័យពីក្រុមហ៊ុនវិភាគទិន្នន័យអចលនទ្រព្យរបស់សហរដ្ឋអាមេរិក CoStar បានឱ្យដឹងថា តម្លៃបន្ទប់សណ្ឋាគារជាមធ្យមនៅតំបន់អាសុីប៉ាសុីហ្វិកបានកើនឡើង៣,៣ភាគរយ ដល់ចំនួន៩២ដុល្លារអាមេរិកក្នុងមួយយប់នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៥។

ក្នុងចំណោមនោះ ប្រទេសថៃ និងប្រទេសជប៉ុនបាននាំមុខគេ ដោយតម្លៃបន្ទប់សណ្ឋាគារជាមធ្យមនៅប្រទេសទាំង២នេះបានហក់ឡើង១៤,៧ភាគរយ និង១១,៩ភាគរយដល់ចំនួន១៥៤ដុល្លារ និង១២៧ដុល្លាររៀងគ្នាក្នុងមួយយប់៕

ការសិក្សា: ដីធ្លីនៅទីក្រុងឌូបៃមានតម្លៃជាមធ្យមចំនួនប៉ុន្មានក្នុងមួយម៉ែត្រការ៉េ?

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃដីធ្លីនៅទីក្រុងឌូបៃរបស់ប្រទេសអេមីរ៉ាត់អារ៉ាប់រួមមានការប្រែប្រួលយ៉ាងខ្លាំងនៅទូទាំងតំបន់ផ្សេងៗគ្នា គិតនៅត្រឹមខែឧសភា ឆ្នាំ២០២៥នេះ ដោយរងឥទ្ធិពលពីកត្តានានាដូចជា ភូមិសាស្ត្រទីតាំង ស្ថានភាពការអភិវឌ្ឍន៍ និងតម្រូវការ។

តួយ៉ាង ដីនៅក្នុងតំបន់ Emirates Hills ដែលសម្បូរដោយសហគមន៍ផ្ទះវីឡាប្រណីតនៅក្នុងទីក្រុងឌូបៃ ដែលជាមជ្ឈមណ្ឌលហិរញ្ញវត្ថុយក្សលើពិភពលោកមានតម្លៃជាមធ្យមចន្លោះពី៦.២៦២ដុល្លារទៅ៧.៦២៣ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ។

ចំណែក ដីនៅតំបន់កោះសិប្បនិម្មិត Palm Jumeirah ដ៏ល្បីល្បាញបំផុតរបស់ទីក្រុងឌូបៃមានតម្លៃជាមធ្យមចន្លោះពី៦.៨០៧ដុល្លារទៅ១០.៨៩០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ។តំបន់នេះមានតម្រូវការអចលនទ្រព្យប្រណីតខ្ពស់។កោះ Palm Jumeirah មានទិដ្ឋភាពឆ្នេរសមុទ្រដ៏ទាក់ទាញ និងមានអត្រាផលចំណេញត្រឡប់ពីការជួលអចលនទ្រព្យចន្លោះពី៦ភាគរយទៅ៨ភាគរយ។

ជាមួយគ្នានោះ ដីនៅក្នុងតំបន់ Downtown Dubai ដែលជាមជ្ឈមណ្ឌលទេសចរណ៍ដ៏រស់រវើករបស់ទីក្រុងឌូបៃ ដោយសារមានអគារខ្ពស់ជាងលើពិភពលោក Burj Khalifa មានតម្លៃជាមធ្យមចំនួន៧.៨៩៦ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ។ តំបន់នេះប្រមូលផ្តុំដោយគម្រោងលំនៅដ្ឋានប្រណីត និងអគារពាណិជ្ជកម្មខ្ពស់ៗកប់ពពក។

ដីនៅតំបន់ Dubai Marina មានតម្លៃជាមធ្យមចន្លោះពី៤.៦២៨ដុល្លារទៅ៦.២៦២ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ ខណៈដីនៅតំបន់ Dubai Hills Estate មានតម្លៃជាមធ្យមចន្លោះពី៣.២៦៧ដុល្លារទៅ៣.៨១២ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ។

ចំណែកឯ ដីនៅលើកោះ Pearl Jumeirah មានតម្លៃជាមធ្យមចន្លោះពី៦.៨០៧ដុល្លារទៅ៨.១៦៨ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ។ តំបន់សហគមន៍លំនៅដ្ឋានជាប់មាត់សមុទ្រនេះទាក់ទាញអ្នកដែលកំពុងស្វែងរកភាពឯកជនផ្តាច់មុខ និងភាពស្ងប់ស្ងាត់៕

តម្លៃអចលនទ្រព្យនៅក្នុងប្រទេសវៀតណាមហក់ឡើងថ្លៃចំនួន៥៩ភាគរយត្រឹមរយៈពេល៥ឆ្នាំចុងក្រោយ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ទីផ្សារអចលនទ្រព្យរបស់ប្រទេសវៀតណាមត្រូវបានគេរំពឹងថា នឹងបន្តសម្រេចបានកំណើនខ្ពស់នៅឆ្នាំ២០២៥ បន្ទាប់ពីទីផ្សារបានចាប់ផ្តើមស្ទុះងើបឡើងវិញនៅឆ្នាំ២០២៤។ សញ្ញាវិជ្ជមាននេះត្រូវបានជំរុញដោយកត្តាសំខាន់ៗមួយចំនួន ដូចជា ការកែទម្រង់ច្បាប់ កំ៉ណើនសេដ្ឋកិច្ច ការវិនិយោគពីបរទេស និងហេដ្ឋារចនាសម្ព័ន្ធ។

ទីផ្សារអាផាតមុិនវៀតណាមត្រូវបានគេរំពឹងថា នឹងនាំមុខគេក្នុងការងើបឡើងវិញ ដោយផ្តោតលើគម្រោងដែលមានស្ថានភាពផ្លូវច្បាប់ច្បាស់លាស់ និងតម្លៃសមរម្យ។

ការបើកដំណើរការលក់អាផាតមុិនថ្មីនៅទីក្រុងហាណូយអាចកើនឡើងដល់ចន្លោះពី៤០.០០០យូនីតទៅ៤៥.០០០យូនីតក្នុងឆ្នាំ២០២៥នេះ លើសពីការបើកដំណើរការលក់អាផាតមុិនចំនួន៣០.១០០យូនីតកាលពីឆ្នាំ២០២៤។

ជាមួយគ្នានេះ បណ្តាអ្នកអភិវឌ្ឍន៍កំពុងពង្រីកការវិនិយោគទៅកាន់តំបន់ថ្នាក់ខេត្ត ដោយផ្តោតលើទីក្រុងរណប និងមជ្ឈមណ្ឌលឧស្សាហកម្មធំៗដូចជា ទីក្រុង Nghe An ទីក្រុង Thanh Hoa ទីក្រុង Quang Ninh ទីក្រុង Bac Ninh និងទីក្រុង Bac Giang។

ការ​សម្រេចចិត្តងាកទៅបោះទុនវិនិយោគនៅតាមបណ្តាខេត្តទាំង​នេះ​ ដោយ​សារ​តែ​កង្វះ​ដីធ្លី និង​ការ​កើន​ឡើង​នូវថ្លៃដើមលើការអភិវឌ្ឍន៍​នៅ​ក្នុង​តំបន់​កណ្តាល​ក្រុង។

គិតចាប់ពីត្រីមាសទី២ ដល់ត្រីមាសទី៤ នៃឆ្នាំ២០២៥នេះ វិស័យអចលនទ្រព្យវៀតណាមត្រូវបានគេរំពឹងថា នឹងមានសន្ទុះនៃការរីកចម្រើនខ្លាំង ដោយសារតែកំណើននៃការបោះទុនវិនិយោគដើម្បីអាចរកបានប្រាក់ចំណេញខ្ពស់ដូចជា ដីឡូតិ៍ និងគម្រោងផ្ទះវីឡាជាដើម។

តម្លៃអចលនទ្រព្យនៅក្នុងប្រទេសវៀតណាមបានហក់ឡើងចំនួន៥៩ភាគរយក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ។ តួលេខនេះមានកម្រិតខ្ពស់ជាងបណ្តាប្រទេសដទៃផ្សេងទៀតដូចជា សហរដ្ឋអាមេរិក ដែលសម្រេចបានកំណើនចំនួន៥៤ភាគរយ អូស្ត្រាលីសម្រេចបានចំនួន៤៩ភាគរយ ជប៉ុនសម្រេចបានចំនួន៤១ភាគរយ និងសិង្ហបុរីសម្រេចបានចំនួន៣៧ភាគរយ។

នៅឆ្នាំ២០២៥នេះ តម្លៃអចលនទ្រព្យថ្មី និងតម្លៃអចលនទ្រព្យប្រភេទទី២ (Second-hand) នៅក្នុងប្រទេសវៀតណាមត្រូវបានគេរំពឹងថា នឹងកើនឡើង ដោយសារការកើនឡើងនៃការចំណាយថ្លៃដើមទុនវិនិយោគលើការអភិវឌ្ឍន៍គម្រោង៕

តើអគារខ្ពស់ៗកប់ពពកណាខ្លះដែលកំពុងស្ថិតក្នុងដំណើរការសាងសង់នាពេលបច្ចុប្បន្ន?

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: គិតមកទល់ពេលនេះ អគារខ្ពស់ៗកប់ពពកជាច្រើននៅទូទាំងពិភពលោកបានឈានដល់ដំណាក់កាលជិតបញ្ចប់ការសាងសង់ ឬបាននិងកំពុងបន្តដំណើរការស្ថាបនាឡើងវិញនាពេលថ្មីៗនេះ។ ខាងក្រោមនេះ​ជា​ទិដ្ឋភាព​ទូទៅ​របស់គម្រោង​អគារកប់ពពក​មួយ​ចំនួន៖

ទី១: អគារ Jeddah Tower

អគារ Jeddah Tower ត្រូវបានគេរំពឹងថា នឹងមានកម្ពស់ជាង១.០០០ម៉ែត្រ។ អគារនេះស្ថិតនៅទីក្រុង Jeddah របស់ប្រទេសអារ៉ាប៊ីសាអូឌីត។ ការសាងសង់អគារ Jeddah Tower បានបន្តដំណើរការឡើងវិញនៅខែមករា ឆ្នាំនេះ បន្ទាប់ពីបានផ្អាកតាំងពីឆ្នាំ២០១៨។

គម្រោងអគារ Jeddah Tower ត្រូវបានរចនាឡើងដោយលោក Adrian Smith ដែលជាស្ថាបត្យករអាមេរិកដ៏ល្បីល្បាញ។ អគារនេះនឹងក្លាយជាអគារខ្ពស់ជាងគេបំផុតរបស់ពិភពលោកនៅពេលសាងសង់រួចរាល់នៅឆ្នាំ២០២៨ខាងមុខ។

ទី២: អគារ Merdeka 118

គម្រោងអគារ Merdeka 118 ស្ថិតនៅទីក្រុងគូឡាឡាំពួររបស់ប្រទេសម៉ាឡេសុីមានកម្ពស់៦៤៤ម៉ែត្រ។ គិតមកទល់ពេលបច្ចុប្បន្ន អគារនេះជិតបញ្ចប់ការសាងសង់រួចរាល់ជាស្ថាពរហើយ។អគារ Merdeka 118 នឹងក្លាយជាអគារខ្ពស់ជាងគេលំដាប់ទី២ នៅលើពិភពលោក បន្ទាប់ពីអគារ Burj Khalifa ដែលរួមមានអចលនទ្រព្យប្រើប្រាស់ចម្រុះ ដូចជាសណ្ឋាគារ និងលំនៅដ្ឋាន។

ទី៣: អគារ Tianfu Center

អគារ Tianfu Center ដែលស្ថិតនៅទីក្រុង Chengdu នៃប្រទេសចិន មានកម្ពស់៤៨៩ម៉ែត្រ។ បច្ចុប្បន្ន គម្រោងនេះកំពុងស្ថិតក្នុងដំណើរការសាងសង់ ដោយគ្រោងបញ្ចប់នៅឆ្នាំ២០២៧ខាងមុខ។

អគារ Tianfu Center ត្រូវបានរចនាដោយក្រុមហ៊ុនស្ថាបត្យកម្មអាមេរិក Kohn Pedersen Fox ដែលមានមូលដ្ឋាននៅទីក្រុងញូវយ៉ក។ អគារនេះនឹងក្លាយជាអគារខ្ពស់ជាងគេនៅទីក្រុង Chengdu នៅពេលសាងសង់រួចរាល់។

ទី៤: អគារ China International Silk Road Center

អគារនេះមានទីតាំងនៅទីក្រុង Xi’an របស់ប្រទេសចិន ដែលមានកម្ពស់៤៩៨ម៉ែត្រ។បច្ចុប្បន្ន គម្រោងអគារ China International Silk Road Center កំពុងស្ថិតក្នុងដំណើរការសាងសង់ ដោយគ្រោងបញ្ចប់នៅឆ្នាំ២០២៥នេះ។

អគារខ្ពស់កប់ពពកនេះត្រូវបានរចនាឡើងដោយក្រុមហ៊ុនស្ថាបត្យកម្មដ៏ល្បីល្បាញ Skidmore, Owings & Merrill របស់សហរដ្ឋអាមេរិក ដែលនឹងក្លាយជាអគារខ្ពស់ជាងគេបំផុតរបស់ទីក្រុង Xi’an ។

ទី៥: អគារ Fuyuan Zhongshan 108 IFC

អគារនេះមានទីតាំងនៅក្នុងទីក្រុង Zhongshan នៃប្រទេសចិន ដែលមានកម្ពស់៤៩៨ម៉ែត្រ។ បច្ចុប្បន្ន អគារនេះកំពុងស្ថិតក្រោមការសាងសង់ ដោយគ្រោងបញ្ចប់នៅឆ្នាំ២០២៩ខាងមុខ។ អគារ Fuyuan Zhongshan 108 IFC នឹងរួមមានទាំងបន្ទប់សណ្ឋាគារ និងការិយាល័យ៕

សញ្ញាវិជ្ជមាន: តម្លៃផ្ទះនៅក្នុងទីក្រុងហុងកុងបានកើនឡើងជាលើកដំបូងក្នុងរយៈពេល៤ខែ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃផ្ទះនៅទីក្រុងហុងកុងរបស់ប្រទេសចិនបានបិទបញ្ចប់ការធ្លាក់ចុះរយៈពេល៤ខែ ដោយបានកើនឡើងនៅក្នុងខែមេសា ឆ្នាំ២០២៥ ដោយសារការធ្លាក់ចុះនៃអត្រាការប្រាក់នាពេលថ្មីៗនេះបានជួយជំរុញបង្កើនទំនុកចិត្តរបស់អ្នកទិញផ្ទះ។

យោងតាមទិន្នន័យពីនាយកដ្ឋានវាយតម្លៃ និងធ្វើចំណាត់ថ្នាក់របស់រដ្ឋបាលទីក្រុងហុងកុងបានបង្ហាញឱ្យដឹងថា តម្លៃផ្ទះនៅទីក្រុងមួយនេះបានកើនឡើង០,៤ភាគរយនៅក្នុងខែមេសា ធៀបនឹងខែមីនា បន្ទាប់ពីបានធ្លាក់ចុះ០,៣ភាគរយនៅក្នុងខែមីនា។

អាជ្ញាធរហុងកុងបាននិងកំពុងព្យាយាមជំរុញវិស័យអចលនទ្រព្យឱ្យងើបឡើងវិញ ដោយបានលុបចោលវិធានការទប់ស្កាត់ទាំងអស់លើការទិញអចលនទ្រព្យ និងបន្ធូរបន្ថយអត្រាការប្រាក់ដើម្បីជំរុញតម្រូវការលំនៅដ្ឋាននៅទីក្រុងហុងកុង។

ក្រុមអ្នកជំនាញអចលនទ្រព្យបានព្យាករណ៍ថា តម្លៃផ្ទះនៅទីក្រុងហុងកុងក្នុងឆ្នាំ២០២៥ អាចនឹងកើនឡើង ឬអាចធ្លាក់ចុះ៥ភាគរយ អាស្រ័យលើល្បឿនក្នុងការកាត់បន្ថយអត្រាការប្រាក់ផ្លូវការ និងស្ថានភាពពាណិជ្ជកម្មរវាងប្រទេសចិន និងសហរដ្ឋអាមេរិក។

លោក Eddie Kwok នាយកប្រតិបត្តិនៃក្រុមហ៊ុនប្រឹក្សាយោបល់អចលនទ្រព្យ CBRE ប្រចាំទីក្រុងហុងកុងបានលើកឡើងថា ប្រសិនបើអត្រាការប្រាក់បន្តធ្លាក់ចុះ នោះទីផ្សារអចលនទ្រព្យលំនៅដ្ឋានអាចនឹងមានការងើបឡើងវិញ ដោយសារអតិថិជនចំណាយតិចក្នុងការបង់អត្រាការប្រាក់លើកម្ចីទិញផ្ទះបើធៀបនឹងការជួល៕

តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះនៅថ្ងៃសុក្រនេះ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះក្នុងការជួញដូរនៅព្រឹកថ្ងៃសុក្រនេះ បន្ទាប់ពីគេសង្កេតឃើញថា តម្លៃមាស Spot Gold បានងើបឡើងថ្លៃវិញដល់៣៣១៥,៨៩ដុល្លារអាមេរិកក្នុងមួយអោនគិតត្រឹមពេលបិទការជួញដូរកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។

តួយ៉ាង តម្លៃមាស Spot Gold បានធ្លាក់ចុះ០,៦៨ភាគរយមកនៅត្រឹម៣២៩៣,២ដុល្លារក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានធ្លាក់ចុះ០,៦៦ភាគរយដល់៣២៩៥,២ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង១០:៥២នាទីព្រឹក។

យោងតាមឧបករណ៍ CME FedWatch បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាសចំនួន៩៩,៥ភាគរយ ដែលធនាគារកណ្តាលអាមេរិក (Fed) នឹងរក្សាទុកអត្រាការប្រាក់ឱ្យនៅថេរដដែលក្នុងកិច្ចប្រជុំគោលនយោបាយនៅថ្ងៃទី១៨ ខែមិថុនាខាងមុខនេះ។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណប្រាក់ដុល្លារអាមេរិកធៀបនឹយងរូបិយប័ណ្ណធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានងើបឡើងថ្លៃដល់៩៩,៤៧ពិន្ទុនៅព្រឹកថ្ងៃសុក្រនេះ បន្ទាប់ពីបានបិទការជួញដូរត្រឹម៩៩,២៨ពិន្ទុកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។

ចំណែក តម្លៃលោហៈធាតុប្រាក់ Spot silver បានធ្លាក់ចុះ០,៨៨ភាគរយដល់៣៣,១៣ដុល្លារក្នុងមួយអោន ខណៈតម្លៃផ្លាទីនបានងើបឡើង០,០៦ភាគរយដល់១០៨០,១ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានធ្លាក់ចុះ០,៣៧ភាគរយដល់៩៧៥ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង១០:៥៤នាទីព្រឹក៕

ប្រវត្តិសាស្ត្រដែលកប់បាត់រយៈពេល ៥សតវត្សត្រូវបានស្ដារឡើងវិញ

0

(សៀមរាប)៖ លោក ភឿន សុឃីម ប្រធាននាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទឹក និងហេដ្ឋារចនាសម្ព័ន្ធ នៃអាជ្ញាធរជាតិអប្សរា បានគូសបញ្ជាក់ថា ក្រោយរីងទឹកអស់រយៈពេល៥០០ឆ្នាំ អាជ្ញាធរជាតិអប្សរាបានស្ដារប្រព័ន្ធធារាសាស្រ្តឡើងវិញ។

ថ្លែងក្នុងជំនួបជាមួយ អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ធ្វើដំណើរទស្សនកិច្ចស្តីពី «បេតិកភណ្ឌ» នៅលើទឹកដីអង្គរ លោក ភឿន សុឃីម បញ្ជាក់បន្ថែមថា ការស្ដារប្រព័ន្ធធារាសាស្រ្តឡើងវិញបានជួយឲ្យប្រជាពលរដ្ឋមានទឹក ប្រើប្រាស់គ្រប់គ្រាន់ បញ្ចៀសទឹកជំនន់ និងជួយទ្រទ្រង់គ្រឹះប្រាសាទផងដែរ។

ប្រធាននាយកដ្ឋានទឹកនៃអាជ្ញាធរជាតិអប្សរា លើកឡើងយ៉ាងដូច្នេះថា «ក្នុងរដូវវស្សាក្រុងសៀមរាបលិចទឹក ៣ទៅ៤ដងក្នុងមួយឆ្នាំ ប៉ុន្តែចាប់ពីឆ្នាំ២០១២មក អាជ្ញាធរជាតិអប្សរាបានជួសជុល និងស្ដារប្រព័ន្ធធារាសាស្ត្រមួយចំនួនឡើងវិញ ដែលអាចទប់ស្កាត់ និងបញ្ចៀសទឹកជំនន់បាន នៅក្នុងក្រុងសៀមរាបក៏ដូចជាតំបន់ប្រាសាទ»។

លោកបន្តថា បើគិតមកទល់ពេលបច្ចុប្បន្នមាន រយៈពេល១៣ឆ្នាំហើយដែលក្រុងសៀមរាប ក្នុងរដូវវស្សាលែងមានទឹកជំនន់ ហើយប្រជាពលរដ្ឋខ្លះសឹងតែភ្លេចទៅហើយថា ខេត្តសៀមរាបពីមុនជួបប្រទះ និងទឹកជំនន់ដែលនាំឲ្យមានផលប៉ះពាល់ធ្ងន់ធ្ងរដល់ប្រចាពលរដ្ឋនិងប្រាង្គប្រាសាទ។

បើតាមលោក ភឿន សុឃីម, ការស្ដារឡើងវិញគឺធ្វើតាមលំនាំផ្លូវទឹកបុរាណដែលមានស្រាប់។ លោកបន្តថា យោងតាមការស្រាវជ្រាវរបស់អ្នកជំនាញទឹក ទឹកនៅតំបន់អង្គរមានពិតជាមានសារៈសំខាន់ខ្លាំង មិនត្រឹមតែសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ​ និងដោះដូរទឹកជំនន់នោះទេ ពោលគឺអាចទ្រទ្រង់ប្រាសាទធំៗដែលជាសម្បត្តិបេតិកភណ្ឌជាតិបានផងដែរ។

ប្រាសាទធំៗនៅតំបន់អង្គរ បានសាងសង់ដោយស្រទាប់ខ្សាច់ ដូច្នេះទាមទារឲ្យមានប្រព័ន្ធទឹកនៅខាងក្រោម ដើម្បីពង្រឹងគ្រឹះប្រាសាទនាំឲ្យដង់ស៊ីតេហាប់ណែន ព្រោះប្រាសាទមានអាយុកាលរាប់ពាន់ឆ្នាំ និងមានទម្ងន់រាប់ពាន់តោនដែលបណ្ដាលឲ្យប្រាសាទងាយទ្រុឌទ្រោម បើគ្មានប្រព័ន្ធធារាសាស្រ្ត។ នេះបើតាមការបញ្ជាក់របស់ លោក ភឿន សុឃីម។

ប្រធាននាយកដ្ឋានទឹកនៃអាជ្ញាធរជាតិអប្សរា អះអាងថា តាំងពីឆ្នាំ២០១២ រហូតមកដល់ឆ្នាំ២០២៥នេះ ការស្ដារឡើងវិញនៃប្រព័ន្ធធារាសាស្ត្រសម្រេចបាន ៩០%ហើយ ពោលគឺ៩៣គីឡូម៉ែត្រ។ លោកថា ក្រោយបញ្ចប់ផែនការនេះជោកជ័យទាំងស្រុងនោះ ខេត្តសៀមរាប នឹងអាចផ្គត់ផ្គង់ទឹកបានគ្រប់គ្រាន់ បើទោះជាភ្ញៀវទេសចរកើនឡើងច្រើនយ៉ាងណាក្ដី៕

ក្រសួងព័ត៌មាន និងក្រសួងទេសចរណ៍ រួមគ្នាផ្សព្វផ្សាយយុទ្ធនាការទេសចរណ៍ក្នុងរដូវកាលបៃតង និងការប្រឆាំងព័ត៌មានក្លែងក្លាយ

0

ដោយ៖ សហការី

ភ្នំពេញ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញធ្វើសន្និសីទសារព័ត៌មាន «ផ្សព្វផ្សាយយុទ្ធនាការទេសចរណ៍ ក្នុងរដូវកាលបៃតង (Green Season) និងការប្រឆាំងព័ត៌មានក្លែងក្លាយ» ដែលប្រព្រឹត្តទៅនៅក្រសួងព័ត៌មាន នារសៀលទី២៩ ខែឧសភា ឆ្នាំ២០២៥។

ការផ្សព្វផ្សាយនេះធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយជូនអ្នកសារព័ត៌មាន អំពីយុទ្ធនាការទេសចរណ៍ក្នុងរដូវកាលបៃតង ដែលជាយន្តការដើម្បីជំរុញចលនាទេសចរណ៍ក្នុងស្រុក និងពង្រាយរបាយភ្ញៀវទេសចរឱ្យបានច្រើនគ្រប់ខែ ជាពិសេសបំពេញបន្ថែមចរន្តភ្ញៀវទេសចរក្នុងរដូវកាលបៃតង ដែលស្ថិតក្នុងអំឡុងខែឧសភា ដល់ខែតុលា។

រូបថត៖ ខឹម សុវណ្ណារ៉ា

តើផ្លូវជាតិលេខ៤១តភ្ជាប់ពីតំបន់ណាទៅកាន់តំបន់ណា?

0

ដោយៈ និស្ស័យ

    កណ្តាល កំពតៈ ផ្លូវជាតិលេខ៤១ (ថ្នល់ទទឹង-ខេត្តកំពត) តភ្ជាប់ជាមួយផ្លូវជាតិលេខ៥១ ផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៣ និងតភ្ជាប់ជាមួយខ្សែផ្លូវផ្សេងៗ នៅក្នុងតំបន់នេះ ក្នុងទិសដៅឆ្ពោះទៅកាន់ខេត្តកំពត។

ជាពិសេសផ្លូវនេះតភ្ជាប់ទៅកាន់តំបន់ឧស្សាហកម្ម កំពង់ផែសមុទ្រ តំបន់ទេសចរណ៍ឆ្នេរសមុទ្រធម្មជាតិ តំបន់កោះ និងរមណីយដ្ឋានធម្មជាតិ ប្រវត្តិសាស្ត្រដ៏ស្រស់ស្អាត ដែលមានភាពទាក់ទាញបំផុតរួមទាំងឆ្ពោះទៅព្រំដែនកម្ពុជា-វៀតណាម។

ផ្លូវជាតិនេះបានចូលរួមលើកកម្ពស់ ការអភិវឌ្ឍតំបន់ទេសចរណ៍សំខាន់ៗ ជាពិសេសបានចូលរួមជួយសម្រួល និងបញ្ចៀសការកកស្ទះនៅលើផ្លូវជាតិលេខ៣ និងផ្លូវជាតិលេខ៤ បានមួយកម្រិតបន្ថែមទៀតផងដែរ។

ផ្លូវជាតិលេខ៤១ មានប្រវែងសរុបចំនួន៩៥,២៦៩គីឡូម៉ែត្រ មានចំណុចចាប់ផ្តើមពីថ្នល់ទទឹង(ចំណុចប្រសព្វផ្លូវជាតិលេខ៤-ខេត្តកណ្តាល) ទៅដល់ស្រុកជុំគិរី (ចំណុចប្រសព្វផ្លូវជាតិលេខ៣-ខេត្តកំពត) ត្រូវបានស្ដារ និងលើកកម្រិតគុណភាពជាប្រភេទផ្លូវក្រាល បេតុងកៅស៊ូ AC មានកម្រាស់៥សង់ទីម៉ែត្រ និងទទឹង១១ម៉ែត្រ និងបានសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥៕