ឧកញ៉ាបណ្ឌិត គីម​ ហ៊ាង រៀបចំអំណោយជូនជនភៀសសឹក​ និងព្រះសង្ឃ

ដោយ៖ សហការី
ភ្នំពេញ៖ សកម្មភាពចុះចែកស្បៀងអាហារជូនទៅដល់បងប្អូនជនភៀសសឹកកំពុងខ្វះខាត ក្រោមការផ្តួចផ្តើមដោយ ឧកញ៉ាបណ្ឌិត គីម ហ៊ាង អគ្គនាយក បុរី វិមានសំណាង និងជំទាវឧកញ៉ា គង់ សំណាង អគ្គនាយិការ បុរី វិមានសំណាង នាថ្ងៃទី17 ខែធ្នូ ឆ្នាំ2025។
សូមអរគុណដល់បងប្អូន និងក្រុមការងារទាំងអស់ដែលបានមកចូលរួមវេចខ្ចប់ និងរៀបចំសម្ភារប្រើប្រាស់ ក៏ដូចជាស្បៀងដែលទទួលបានពីការបរិច្ចាគរបស់បងប្អូនផ្ទាល់ មកកាន់ បុរី វិមានសំណាង ជូនទៅដល់បងប្អូនជនភៀសសឹក។ 🇰🇭

មន្រ្តីជាន់ខ្ពស់លើកឡើងពីអ្វីដែលកម្ពុជាត្រូវធ្វើដើម្បីសម្រេចបានចក្ខុវិស័យឆ្នាំ២០៥០

ដោយៈ ម៉ាណា

ភ្នំពេញៈ អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោកជា វុទ្ឋីបានលើកឡើងពីមូលដ្ឋាន ដែលត្រូវធ្វើដើម្បីសម្រេចបានចក្ខុវិស័យឆ្នាំ​២០៥០ ក្នុងការប្រែក្លាយកម្ពុជាជាប្រទេសមានប្រាក់ចំណូលខ្ពស់។

លោកបន្តថា ដើម្បីសម្រេចបានចក្ខុវិស័យឆ្នាំ២០៥០  ប្រែក្លាយជាប្រទេសមានចំណូលខ្ពស់ កម្ពុជាត្រូវតែបន្តខិតខំធ្វើពិពិធកម្មសេដ្ឋកិច្ចរបស់ខ្លួន តាមរយៈការធ្វើពិពិធកម្មប្រភពទុនវិនិយោគ ក៏ដូជាការធ្វើពិពិធកម្មឧស្សាហកម្ម បូករួមទាំងការខិតខំជំរុញលើកទឹកចិត្តឱ្យមានការផលិត/កែច្នៃវត្ថុធាតុដើម ក្នុងស្រុកឱ្យបានជាអតិបរមា ហើយជាពិសេសការកែច្នៃកសិផល។

លោកជា វុទ្ធី បានថ្លែងបែបនេះ ក្នុងកិច្ចប្រជុំផ្ទៃក្នុងរបស់ក្រុមការងារBCT ក្នុងគោលបំណង (១) ណែនាំខ្លួន និងរឹតចំណងមិត្តភាពរវាងសមាជិកក្រុមការងារ (២) ពិភាក្សាអំពីយន្តការទំនាក់ទំនង និងទិសដៅចំពោះមុខរបស់ BCT និង (៣) ត្រៀមលក្ខណៈសម្រាប់វគ្គបណ្តុះបណ្តាលនៅប្រទេសជប៉ុន ដែលនឹងប្រព្រឹត្តទៅក្នុងខែមករា ឆ្នាំ២០២៦ ខាងមុខ។

ក្រុមការងារBCT ត្រូវបានបង្កើតឡើងក្នុងគោលបំណង លើកកម្ព​ស់ប្រសិទ្ធភាពនៃការផ្តល់សេវាគាំទ្រ និងសេវាថែទាំជូនវិនិយោគិនជប៉ុន ដោយអនុលោមតាមស្មារតី នៃកញ្ចប់សហបង្កើតសេដ្ឋកិច្ចកម្ពុជា- ជប៉ុន ដែលបានប្រកាសដាក់ចេញ ដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោក Shigeru Ishiba អតីតនាយករដ្ឋមន្ត្រីជប៉ុន កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥៕

មូលនិធិយក្ស Danantara របស់ឥណ្ឌូនេសុី ឈានជើងចូលទីផ្សារអចលនទ្រព្យនៅក្រៅប្រទេស

ដោយ: សហសេវិក
អន្តរជាតិ: មូលនិធិ Danantara របស់រដ្ឋាភិបាលឥណ្ឌូនេសុី បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាយុទ្ធសាស្ត្រជាមួយក្រុមហ៊ុន Thakher Development Company របស់ប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីឈានជើងចូលទីផ្សារបដិសណ្ឋារកិច្ច និងអចលនទ្រព្យរបស់ប្រទេសនេះ។

កិច្ចព្រមព្រៀងជាយុទ្ធសាស្ត្រនេះគ្របដណ្តប់លើសណ្ឋាគារ និងដីធ្លីនៅទីក្រុង Thakher ដែលមានចម្ងាយប្រហែល២,៥គីឡូម៉ែត្រពីវិហារអ៊ីស្លាមដ៏ធំ Grand Mosque ក្នុងទីក្រុង Mecca។

លោក Rosan Roeslani នាយកប្រតិបត្តិរបស់មូលនិធិ Danantara បានអះអាងថា ក្រោមកិច្ចព្រមព្រៀងនេះ ការអភិវឌ្ឍបន្ថែមទៀតនឹងត្រូវបានអនុវត្តជាដំណាក់កាលៗ ដោយអាស្រ័យលើការសិក្សាលទ្ធភាពល្អិតល្អន់ ការពិចារណាលើបទប្បញ្ញត្តិ និងស្តង់ដារអភិបាលកិច្ចដោយប្រុងប្រយ័ត្ន។

ក្រោមកិច្ចព្រមព្រៀងនេះ មូលនិធិ Danantara និងក្រុមហ៊ុន Thakher Development នឹងទិញយកសណ្ឋាគារ Novotel Makkah Thakher City ដែលមានបន្ទប់ចំនួន១.៤៦១បន្ទប់ រួមជាមួយនឹងដីឡូត៍ចំនួន១៤ លាតសន្ធឹងលើផ្ទៃដីប្រមាណ៤,៤ហិកតា ដែលត្រូវបានបម្រុងទុកសម្រាប់ការអភិវឌ្ឍនាពេលអនាគត។

ដីឡូត៍ទាំងនេះនឹងត្រូវបានអភិវឌ្ឍក្រោមផែនការមេ ដែលរួមមានសណ្ឋាគារ ហាងលក់រាយ និងហេដ្ឋារចនាសម្ព័ន្ធគាំទ្រផ្សេងទៀត ស្របទៅតាមក្របខណ្ឌនៃការអភិវឌ្ឍន៍ទីក្រុង Mecca៕ប្រភព: Jakarta Post៕

ក្រុមមន្រ្តីនិងក្រុមហ៊ុនជប៉ុនពិភាក្សាពីប្រើប្រាស់ល្បាយកៅស៊ូ កែច្នៃឡើងវិញលើការក្រាលផ្លូវថ្នល់

ដោយៈ ចំណាន

    ភ្នំពេញៈ ក្រុមមន្រ្តីក្រសួងសាធារណការ បានបើកកិច្ចប្រជុំពិភា​ក្សាស្តីពីកិច្ចសហប្រតិបត្តិការបច្ចេកទេស សម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ដោយប្រើប្រាស់ល្បាយកៅស៊ូកែច្នៃឡើងវិញ។

កិច្ចប្រជុំនេះត្រូវបានដឹកនាំដោយលោកជំទាវ កុយ សុដានី រដ្ឋលេខាធិការប្រចាំការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពី កិច្ចសហប្រតិបត្តិការបច្ចេកទេស សម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ដោយប្រើប្រាស់ល្បាយកៅស៊ូកែច្នៃឡើងវិញ ជាមួយតំណាងក្រុមហ៊ុនជប៉ុន IKEE Ltd. និងដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង ទីប្រឹក្សាបច្ចេកទេសJICAប្រចាំក្រសួង  និងមន្ត្រីជំនាញបច្ចេកទេសពាក់ព័ន្ធ។

កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីចែករំលែកបទពិសោធន៍-ជំនាញបច្ចេកទេស និងការពិភាក្សាអំពីកាលានុវត្តភាពនៃកិច្ចសហប្រតិបត្តិការ របស់ក្រុមហ៊ុនជាមួយក្រសួង លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ដោយប្រើប្រាស់ល្បាយកៅស៊ូកែច្នៃឡើងវិញ តាមរយៈការកែច្នៃសំណល់ប្លាស្ទិក និងល្បាយកៅស៊ូចាស់។

តាមរយៈកិច្ចប្រជុំនេះ លោកជំទាវកុយ សុដានី បានវាយតម្លៃខ្ពស់លើការងារ ដែលក្រុមហ៊ុនធ្លាប់បានចូលរួមអនុវត្តន៍ ជាមួយក្រសួងកន្លងមក និងបានកោតសរសើរដល់គំនិតផ្តួតផ្តើម កិច្ចសហប្រតិបត្តិការរបស់ក្រុមហ៊ុន លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ដោយប្រើប្រាស់ល្បាយកៅស៊ូកែច្នៃឡើងវិញនេះ។

លោកជំទាវបញ្ជាក់ថា “ការងារនេះគឺជាផ្នែកមួយយ៉ាងសំខាន់ ស្របតាមយុទ្ធសាស្រ្ត និងការងារអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ធ្វើឱ្យមានភាពរឹងមាំ និងធន់នឹងការប្រែប្រួលអាកាសធាតុ”។

លោកជំទាវរដ្ឋលេខាធិការប្រចាំការ បានជំរុញឱ្យក្រុមហ៊ុនបន្តពិភាក្សា និងសហការជាមួយថ្នាក់ដឹកនាំ -មន្រ្តីជំនាញក្រសួង ធ្វើយ៉ាងណាឱ្យការងារនេះអាចដំណើរការទៅបាន ហើយក្រសួងនឹងគាំទ្រលើសំណើរបស់ក្រុមហ៊ុន ក្នុងការបង្កើតក្របខ័ណ្ឌ នៃអនុស្សរណៈនៃការយោគយល់គ្នា ក្នុងកិច្ចសហប្រតិបត្តិការបច្ចេកទេស រវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុន ដោយអាចរួមបញ្ចូលនូវការងារអាទិភាពចំនួន ៣រួមមាន (១) ការពង្រឹងសមត្ថភាព ផ្លាស់ប្តូរបទពិសោធន៍ និងចំណេះដឹងរបស់មន្រ្តីជំនាញ (២) ការផ្គត់ផ្គង់នូវឧបករណ៍បច្ចេកទេស-គ្រឿងចក្រ និង(៣) វិធីសាស្រ្ត និងបច្ចេក​ទេសនៃការកៃច្នៃក្នុងក្របខណ្ឌនៃការងារនេះ៕

ជនណាបំផ្លាញប្រាសាទបេតិកភ័ណ្ឌនឹងត្រូវធ្លាក់នរក៣២ជាន់ និងមិនអាចចាប់ជាតិបាន

ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងវប្បធ៌ម និងវិចិត្រសិល្បៈបានថ្លែងថា ជនណាដែលបំផ្លាញសម្បត្តិបេតិកភណ្ឌ ដែលចាត់ទុកដូចជាស្នាដៃរបស់អាទិទេព នឹងទទួលរងការចុះនរក៣២ជាន់ រហូតដល់ពេលអស់ព្រះចន្ទ និងព្រះអាទិត្យ។

យើងសង្ឃឹមថាបណ្ដាសារទាំងនោះ នឹងធ្លាក់ទៅលើជនណាដែ​លបានបាញ់បំផ្លាញនូវប្រាសាទ ដែលជាបេតិកភណ្ឌរបស់ជាតិយើង”។ “នេះជាមេរៀនប្រវត្តិសាស្ត្រ ដែលយើងនឹងចារ្យតកូនតចៅ”។

លោកជំទាវភឿង សកុណា រដ្ឋមន្រ្តៅក្រសួងវបប្បធ៌មបានថ្លែងបែបនេះ ក្នុងព្រឹត្តិការណ៍រាត្រីចងចាំលើកទី៦ និងការប្រមូលមូលនិធិវប្បធម៌ គាំទ្រដល់វីរកងទ័ព និងជនភៀសសឹកដោយសារការឈ្លាន​ពានរបស់យោធាថៃ នាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ នៅសាលាមធ្យមវិចិត្រសិល្បៈ។

លោកជំទាវបណ្ឌិតសភាចារ្យបានបញ្ជាក់ថា “ជនណាដែលបំផ្លា​ញសម្បត្តិបេតិកភណ្ឌ ដែលចាត់ទុកដូចជាស្នាដៃរបស់អាទិទេព នឹងទទួលរងការចុះនរក៣២ជាន់ រហូតដល់ពេលអស់ព្រះចន្ទ និងព្រះអាទិត្យ”។ លោកជំទាវបន្តថា “យើងសង្ឃឹមថាបណ្ដាសារទាំងនោះនឹងធ្លាក់ទៅលើជនណា ដែលបានបាញ់បំផ្លាញនូវប្រាសាទ ដែលជាបេតិកភណ្ឌរបស់ជាតិយើង”។

លោកជំទាវបន្តថា នៅចំពោះមុខស្ថានភាពដ៏លំបាកនេះ ប្រជាពលរដ្ឋខ្មែរគ្រប់រូប ត្រូវរួបរួមកម្លាំងសាមគ្គីគ្នាជាកម្លាំងតែមួយ និងបន្តគាំទ្រ ជឿជាក់លើការដឹកនាំរបស់ថ្នាក់ដឹកនាំកំពូលនៃយើង។

ក្នុងឱកាសនោះ លោកជំទាវក៏បានថ្លែងអំណរគុណ ចំពោះសប្បុ​រសជនទាំងអស់ ដែលបានរួមចំណែកចូលរួមជួយ ខណៈប្រទេសយើងកំពុងជួបវិបត្តិឈ្លានពានផងនេះផងដែរ៕

សមាគមសហគ្រិនវ័យក្មេងចិនដែលមានក្រុមហ៊ុនជាសមាជិកជាង២០០០ស្វែងរកឱកាសអាជីវកម្មនៅកម្ពុជា

ដោយៈ ម៉ាណា

    ភ្នំពេញៈ ឧកញ៉ា គួច ផេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ លោក វ៉ាង ឈី (Wang Qi) អគ្គលេខាធិការរងសមាគមសហគ្រិនវ័យតក្មេងចិន។

ជំនួបនេះធ្វើឡើងក្នុងឱកាស ដែលគណៈប្រតិភូសហគ្រិនវ័យក្មេងចិន កំពុងបំពេញទស្សនកិច្ចនៅកម្ពុជា ដោយផ្តោតសំខាន់លើការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងស្វែងរកកាលានុវត្តភាពវិនិយោគលើវិស័យថ្មីៗរវាងប្រទេសទាំងពីរ។

ក្នុងឱកាសនៃជំនួបពិភាក្សានេះ ឧកញ៉ា គួច ផេងបានបញ្ជាក់ថា ប្រទេសទាំងពីរ មិនមែនត្រឹមតែជាអ្នកជិតខាងល្អនឹងគ្នាប៉ុណ្ណោះទេ គឺថែមទាំងជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់ទៀតផង។

ឧកញ៉ាបន្ថែមទៀតថា ខណៈដែលកម្ពុជាកំពុងចាប់យកសេដ្ឋកិច្ចឌីជីថល និងការធ្វើនគរូបនីយកម្ម កម្ពុជាមានកាលានុវត្តភាពជាច្រើននៅក្នុងដំណោះស្រាយទីក្រុងឆ្លាតវៃ (Smart Cities) បច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត (AI) និងការធ្វើទំនើបកម្មកសិកម្ម ដោយប្រែក្លាយពីការដាំដុះសាមញ្ញ ទៅជាការកែច្នៃដែលមានតម្លៃបន្ថែមខ្ពស់។

ស្របពេលជាមួយគ្នានេះ ឧកញ៉ាបានលើកទឹកចិត្តឱ្យសហគ្រិនចិន ពិចារណាជ្រើសរើសកម្ពុជា ជាគោលដៅវិនិយោគ ដោយហេតុថា កម្ពុជាមានគោលនយោបាយគាំទ្រធុរកិច្ច និងការលើកទឹកចិត្តជាច្រើនដល់វិនិយោគិន បូករួមទាំងកម្ពុជាសម្បូរ ទៅដោយកម្លាំងពលកម្មវ័យក្មេង និងមានទីផ្សារទូលំទូលាយ។

ឧកញ៉ាបានសង្កត់ធ្ងន់ថា “ការវិនិយោគនៅកម្ពុជា មិនត្រឹមតែផ្តល់លទ្ធភាពចូលទៅកាន់ទីផ្សារក្នុងស្រុក ដែលមានប្រជាជនប្រមាណ ១៧លាននាក់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចជ្រៀតចូលទីផ្សារដ៏ធំនៃប្រទេសហត្ថលេខី កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) និងការទទួលបានការអនុគ្រោះពាណិជ្ជកម្មទៅកាន់ទីផ្សារពិភពលោកផងដែរ”។

ទន្ទឹមនឹងនេះ ឧកញ៉ាបានបញ្ជាក់ថា សភាពាណិជ្ជកម្មកម្ពុជា ត្រៀមខ្លួនរួចជាស្រេច ក្នុងការបំពេញតួនាទីជាស្ពាន សម្រាប់វិនិយោគិ​នបរទេស និងរីករាយក្នុងការតភ្ជាប់សហគ្រិន ដែលមកទស្សនកិច្ច ជាមួយដៃគូក្នុងស្រុក សម្រាប់គម្រោងវិនិយោគរួមគ្នា ដែលអាចកើតមាននាពេលអនាគត។

លោក វ៉ាង ឈី (Wang Qi) និងគណៈប្រតិភូសមាគមសហគ្រិនវ័យក្មេងចិន បានបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះកាលានុវត្តភាពធុរកិច្ចនៅកម្ពុជា និងមានបំណងស្វែងយល់លម្អិតអំពីបរិយា​កាសវិនិយោគ ជាពិសេសគម្រោងជាក់លាក់ សម្រាប់សហប្រតិបត្តិការ និងគំរូនៃសហប្រតិបត្តិការ ដែលទទួលបានជោគជ័យកន្លងមក។

លោកបញ្ជាក់ថា សមាគមសហគ្រិនវ័យក្មេងចិន ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៨៥ ហើយជាសមាគមថ្នាក់ជាតិតែមួយគត់នៅចិន។ សមាគមនេះ មានសមាជិកជាក្រុមហ៊ុនជាង២០០០ និងមានសាខានៅទូទាំងប្រទេស ដោយមានភារកិច្ចស្នូល ក្នុងការជួយគាំទ្រដល់សហគ្រិនវ័យក្មេង។

គណៈប្រតិភូធុរកិច្ចដែលអញ្ជើញ មកបំពេញទស្សនកិច្ចនៅកម្ពុជានាពេលនេះ គឺសុទ្ធសឹងមកពីវិស័យសក្តានុពល រួមមាន៖ បច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត (AI) សំណង់ កសិកម្ម ច្បាប់ សុខាភិបាល និងហេដ្ឋារចនាសម្ព័ន្ធទីក្រុងឆ្លាតវៃ៕

អ្នកឧកញ៉ាបណ្ឌិត សំ សុខនឿន ចុះពិនិត្យមើលរោងចក្របង្គំគ្រោងដែក KTSS ដោយផ្ទាល់

ភ្នំពេញ៖ អ្នកឧកញ៉ាបណ្ឌិត សំ សុខនឿន ជា​អ្នក​ជំនួញ​ដ៏មមាញឹក តែងតែ​រក​មើល​ឱកាស​បង្កេីតជំនួញបន្ថែម និងពង្រីក​ខ្លួន​តាម​រយៈ​ការ​បង្កើត​សមិទ្ធផល​ផ្សេង​ៗក្នុងមុខជំនាញរបស់អ្នកឧកញ៉ា ក្នុង​មុខជំនួញដ៏ច្រេីនសន្ធឹកសន្ធាប់ អ្នកឧកញ៉ាក៏​មាន​រោង​ចក្រ​បង្គំ​គ្រោង​ដែក KTSS ដែលផលិតដោយមានគុណភាព​ស្តង់ដាអន្តរជាតិផងដែរ។ ថ្មីៗនេះអ្នកឧកញ៉ាបណ្ឌិត បានចុះត្រួតពិនិត្យរោងចក្របង្គុំគ្រោងដែករបស់អ្នកឧកញ៉ាដោយផ្ទាល់។

ជា​រឿយៗ​អ្នកឧកញ៉ា​តែងតែ​ចុះ​ទៅ​មើល​ការងារ​ដោយ​ផ្ទាល់​មិន​ថា​ជា​រោងចក្រ​បង្គំ​គ្រោង​ដែក KTSS នេះ​ឡើយ។ នៅ​ក្នុង​រោង​ចក្រ​បង្គំ​គ្រោង​ដែក KTSS អ្នក​ឧកញ៉ា សំ សុខនឿន បាន​ទៅ​ទស្សនកិច្ច​ជា​ញឹកញាប់ និង​បាន​ពិនិត្យ​យ៉ាង​ល្អិតល្អន់​ពី​ស្តង់ដារ ការវិវឌ្ឍន៍ និង​គុណភាព ដើម្បី​ផ្ដល់​ឲ្យ​អតិថិជន។

បើ​ទោះ​ជា​ជាប់​ដៃ នៅ​រោងចក្រ​បង្គំ​គ្រោង​ដែក KTSS ដែល​ជា​ប្រេន​កូន​ខ្មែរ​នោះ​ក៏​ពិត​មែន តែ​ ប្រធាន​ក្រុម​ប្រឹក្សា​ភិ​បាល​នៃ​សម្ព័ន្ធ​ក្រុមហ៊ុន SAM SN GROUP ក៏​មិន​ភ្លេច​ប្រេនកូនខ្មែរ KH Haitech ដែល​នឹង​លេច​ចេញ​ជា​រូបរាង​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ នឹងឈានទៅបង្កេីតរោងចក្របង្គុំនៅកម្ពុជាផងដែរ។

រោង​ចក្រ​បង្គំ​គ្រោង​ដែក KTSS របស់​អ្នក​ឧកញ៉ា សំ សុខនឿន បង្កើត​ឡើង​ដោយ​កូន​ខ្មែរ ហើយ​ផលិតផល​ចេញ​មក​មួយ​ៗ​មាន​គុណភាពស្តង់ដាអន្តរជាតិ និង​ទទួល​បាន​ការ​ជឿ​ទុក​ចិត្ត​ពី​សំណាក់​អតិថិជន។

កាលពី​សប្ដាហ៍​មុន ប្រធាន​ក្រុម​ប្រឹក្សា​ភិ​បាល​នៃ​សម្ព័ន្ធ​ក្រុមហ៊ុន SAM SN GROUP បាន​បង្ហាញ​ពី​ផលិតផល​នៃ​ប្រេន KH Haitech មាន​ទាំង​ម៉ាស៊ីន​ត្រជាក់ និង​ថេប្លេត មាន​ឈ្មោះ​ថា «KH Haitech Tablet និង KH Haitech Air Conditioner។ ថ្មី​ៗ​នេះ​លោក​ក៏​បញ្ចេញ​គ្រឿង​អេឡិចត្រូនិក​ថ្មី​ដែល​ជា​សម្ភារៈ​ចាំបាច់​មាន​នៅ​ក្នុង​ផ្ទះ​នោះ​គឺ ទូរ​ទឹកកក។

អ្នក​ឧកញ៉ា​ដែល​មាន​ប្រភព​មកពី​ស្រុក​ក្រូចឆ្មារ​រូប​នេះ មិន​ត្រឹម​បង្ហាញ​ពី​ជំនួញ​រោងចក្រ​បង្គំ​គ្រោង​ដែក KTSS និង ប្រេន KH Haitech ឡើយ ដោយ​លោក​បាន​សម្លឹង​មើល​ឱកាស​ក្នុង​ការ​ពង្រីក​មុខ​ជំនួញ​ដទៃ​ទៀត នៅ​លើ​ទឹក​ដី​ខ្មែរ ដើម្បី​ធ្វើឲ្យ​ចរន្ត​សេដ្ឋកិច្ច​ក្នុង​ស្រុក​កាន់តែ​ដំណើរ​ការ​ល្អ។

អ្នក​ជំនួញ​ដែល​មាន​កេរ្តិ៍ឈ្មោះ​ល្បាញ​ល្បី​ក្នុង​វិស័យ​ធុរកិច្ច បណ្ឌិត សំ សុខនឿន ថ្មី​ៗ​នេះ​ក៏​ទើប​បាន​បង្ហាញ​រូបរាង​នៃ​ផលិតផល KH Haitech ៣ ប្រភេទ ក្នុង​នោះ​មាន​ដូចជា​ទូរ​ទឹកកក, ថេប្លេត និង​ម៉ាស៊ីន​ត្រជាក់។ សម្រាប់​​រោងចក្រ​បង្គំ KTSS ​​អ្នក​​ឧកញ៉ា​បណ្ឌិត បាន​បំពាក់​ទៅ​ដោយ​ឧបករណ៍​ទំនើប​ៗ និង​មាន​អ្នក​ជំនាញ​ខ្ពស់​សម្រាប់​បំពេញ​ការងារ​តាម​តួនាទី៕

អត្ថបទ៖ ឆដា, រូបភាព៖ ផ្ដល់ឲ្យ

 

សម្តេចតេជោបកស្រាយទាក់ទងការប្រយុទ្ឋនៅសមរភូមិដោយទាហានកម្ពុជា

ប៉ុន្មានថ្ងៃមកនេះមានការចុះផ្សាយដោយសាព័ត៌មានថៃមួយចំនួនដោយបានលើកឡើងថាមានទាហ៊ានរស្សុ និងជនបរទេសមួយចំនួនកំពុងចូលរួមប្រយុទ្ធនៅកម្ពុជា។

ដើម្បីរក្សានូវសេចក្តីថ្លៃថ្នូររបស់កម្ពុជាក៏ដូចជារបស់រុស្សុីនិងជនបរទេសផ្សេងទៀតដែលត្រូវបានគេចោទ ខ្ញុំសូមបញ្ជាក់ជូនថាកម្ពុជាពុំមានជនជនជាតិរុស្សុីឬជនជាតិបរទេសផ្សេងទៀតចូលរួមការប្រយុទ្ធលើសមរភូមិ ឬធ្វើជាទីប្រឹក្សាយោធាសម្រាប់កងទ័ពកម្ពុជានោះឡើយ។ យើងមិនមានយោធាបរទេសលើទឹកដីកម្ពុជាកើតមានតាំងពីអ៊ុនតាក់ដកចេញចេញពីកម្ពុជានាឆ្នាំ១៩៩៣មកម្លេះ។

យើងទទួលស្គាល់ថាយើងធ្លាប់មានយោធាបរទេសចូលមកដើម្បីធ្វើសមយុទ្ធចម្រុះជាតិសាសន៍ឬទ្វេភាគីនៅលើទឹកដីកម្ពុជាពិសេសកងទ័ពជើងទឹកបរទេសដែលមកតាមច្រកសមុទ្រខេត្តព្រះសីហនុដែលនេះជាទម្លាប់ធម្មតាដែលប្រទេសផ្សេងទៀតធ្លាប់បានធ្វើដូចគ្នាក្នុងក្របខ័ណ្ឌនៃកិច្ចសហការក្នុងវិស័យការពារជាតិ។

យើងក៏ទទួលស្គាល់ផងដែរថាពេលនេះមានជនជាតិបរទេសជាច្រើនជាតិសាសន៍កំពុងស្នាក់នៅកម្ពជាដែលជាទេសចរណ៍ វិនិយោគិនអ្នកបច្ចេកទេស អ្នកធ្វើការឲ្យក្រុមហ៊ុនបរទេសឬក្នុងស្រុក។ល។តែអ្នកទាំងនោះមិនពាក់ពន្ធ័ជាមួយវិស័យយោធាឬការប្រយុទ្ធនោះឡើយ៕

កម្ពុជា ចិនបើកវេទិកាផ្លាស់ប្តូរមិត្តភាពរវាងប្រទេសទាំងពីរ

ដោយៈ ម៉ាណា

    ភ្នំពេញៈ ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោកវ៉ាង វិនប៊ីញ បានបង្ហាញនូវការអបអរសាទរ ចំពោះពិធីបើកវេទិកាផ្លាស់ប្តូរមិត្តភាពចិន-កម្ពុជា “ការតភ្ជាប់ផ្លូវសូត្រ” ឆ្នាំ២០២៥។

ពិធីនេះ ធ្វើឡើងក្រោមអធិបតីភាព លោកឧបនាយករដ្ឋមន្រ្តីហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងមន្រ្តីពាក់ព័ន្ឋ។

លោកឯកអគ្គរដ្ឋទូតបានបញ្ជាក់ថា “យើងសង្ឃឹមថាយុវជនមកពីប្រទេសទាំងពីរ នឹងបន្តរក្សាចំណងមិត្តភាពចិន-កម្ពុជា រក្សាប្រពៃណីដ៏ល្អនៃភាពស្មោះត្រង់ ការជឿទុកចិត្តគ្នាទៅវិញទៅមក សមភាព និងការជួយគ្នាទៅវិញទៅមក ចាប់យកឱកាសប្រវត្តិសាស្ត្រនៃការពង្រីកកិច្ចសហប្រតិបត្តិការចិន-កម្ពុជាជាបន្តបន្ទាប់ កសាងស្ពានមិត្តភាពបន្ថែមទៀតរវាងប្រជាជនចិននិងកម្ពុជា និងជំរុញលទ្ធផលប្រកបដោយផ្លែផ្កាក្នុងការកសាងសហគមន៍វាសនារួមរវាងចិន-កម្ពុជាគ្រប់រដូវកាលក្នុងយុគសម័យថ្មី”។

លោកបន្តទៀតថា ស្ថានទូតចិនប្រចាំនៅកម្ពុជារីករាយ ក្នុងការធ្វើការជាមួយផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន និងមូលនិធិចិនសម្រាប់សន្តិភាពនិងអភិវឌ្ឍន៍ ដើម្បីបន្តផ្តល់ការគាំទ្រយ៉ាងខ្លាំង សម្រាប់ការពង្រឹងផ្លាស់ប្តូរ និងពង្រឹងកិច្ចសហប្រតិបត្តិការ រវាងយុវជនមកពីប្រទេសចិន និងកម្ពុជា៕

កម្ពុជា វៀតណាម ឡាវ និងមីយ៉ាន់ម៉ាសហការរៀបចំកញ្ចប់ទេសចរណ៍រួមគ្នា

ដោយៈ សូរិយា

    ភ្នំពេញៈ ងាកចេញពីប្រទេសថៃ ប្រទេសក្នុងតំបន់រួមមានកម្ពុជា វៀតណាម ឡាវ និងមីយ៉ាន់ម៉ា បានសហការរៀបចំសិក្ខាសាលារួមគ្នា ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍។

ព័ត៌មាននេះ ត្រូវបានលើកឡើងក្នុងពេលលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមជាមួយលោកស្រី Darany Phommavongsa អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងទេសចរណ៍ឡាវបានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសបើកកម្មវិធីមហោស្រពអាហារកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម (CLMV) និងសិក្ខាសាលាថ្នាក់តំបន់ស្តីពី “ទេសចរណ៍ផ្លូវគោក និងការសម្រួលការធ្វើដំណើរឆ្លងកាត់ព្រំដែន” នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥។

សិក្ខាសាលានេះមានការចូលរួមពីលោក Maung Maung Kyaw ប្រធានគណៈប្រតិភូនៃក្រសួងសណ្ឋាគារ និងទេសចរណ៍ នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា និងលោកស្រី Tran Thi Phuong Nhung ប្រធានគណៈប្រតិភូនៃក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម លោក លោកស្រីរដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការអន្តរក្រសួងពាក់ព័ន្ធ លោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ តំណាងសាលាខេត្តដែលពាក់ព័ន្ធ មន្រ្តីជំនាញ និងវិស័យឯកជន ប្រមាណ ២៥០រូប។

ក្នុងឱកាសនោះ លោក ហួត ហៃ បានថ្លែងអំពី ការយកចិត្តទុកដាក់ខ្ពស់ របស់សាលារាជធានីភ្នំពេញលើការស្តារ និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធលូ ការផ្គត់ផ្គង់ទឹកស្អាត អគ្គិសនី ការបំភ្លឺតាមសាធារណៈ និងកត្តាសុខសន្តិភាពបន្ថែមទៀត ដើម្បីទាក់ទាញកំ​ណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលមកទស្សនារាជធានីភ្នំពេញ ជាង១១លាននាក់ ដែលក្នុងនោះភ្ញៀវទេសចរអន្តរជាតិមាន ជាង១,១​លាននាក់ គិតត្រឹម ១១ខែ ឆ្នាំ២០២៥នេះ។

បន្ថែមពីនេះទៀត លោកស្រីអនុរដ្ឋមន្រ្តី បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់មន្រ្តីជំនាញ នៃប្រទេសទាំងអស់ ដែលបានសហការរួមគ្នា សម្រេចបាននូវពិព័រណ៍ម្ហូបអាហារប្រពៃណីនៃប្រទេសជាសមាជិក និងសន្និសីទលើប្រធានបទដ៏ល្អ និងមានសារៈសំខាន់សម្រាប់ការពង្រឹង និងពង្រីកកិច្ចសហការជំរុញវិស័យទេសចរណ៍ នៃប្រទេសទាំងបួនឱ្យកាន់តែសកម្ម ជាក់ស្តែង និងផ្តល់នូវប្រយោជន៍ដល់ប្រទេស និងប្រជាជនទាំងអស់គ្នា ក្រោមគំនិតផ្តួចផ្តើមរួមគ្នា “ប្រទេសបួន គោលដៅតែមួយ”។

ឆ្លៀតក្នងឱកាសនេះ រដ្ឋមន្រ្តី ហួត ហាក់ បានកោតសរសើរ វាយតម្លៃខ្ពស់ និងថ្លែងអំណរគុណចំពោះវត្តមាន របស់គណៈប្រតិភូជាន់ខ្ពស់ទាំងអស់ ដែលអញ្ជើញមកចូលរួម នៅរាជធានីភ្នំពេញ ដែលអាចជាសាក្សីបញ្ជាក់ថាកម្ពុជា កំពុងមានសុខសន្តិភាព ស្ថិរភាពនយោយ សុខសុវត្ថិភាពដល់អ្នកទេសចរ និងអ្នកដំណើរទាំងអស់ ជាពិសេសការអភិវឌ្ឍលើគ្រប់វិស័យ និងកាលានុវត្តភាពវិនិយោគដ៏ទាក់ទាញសម្រាប់អ្នកទេសចរ និងធុរជនពីប្រទេសឡាវ មីយ៉ានម៉ា និងវៀតណាម មកទស្សនា និងស្វែងយល់ ព្រមទាំងជួបពិភាក្សាជាមួយដៃគូកម្ពុជាបង្កើតជាកញ្ចប់ទស្សនកិច្ច ឬអាជីវកម្មរួមគ្នា។

រដ្ឋមន្រ្តី ហួត ហាក់ បញ្ជាក់ថា “កត្តាអំណោយផល និងអនុគ្រោះនេះ គឺផ្តើមចេញពីការដឹកនាំប្រកបដោយគតិបណ្ឌិត និងចុក្ខវិស័យវែងឆ្ងាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាមត៌កបន្សល់ពីថ្នាក់ដឹកនាំជំនាន់មុន រួមមានសម្តេចអគ្គសេនាបតី តេជោ ហ៊ុន សែន ដែលបានបង្កើតនូវចំណងមិត្តភាព ជាប្រពៃណីដ៏យូរអង្វែង រវាងប្រទេសទាំងអស់នាពេលនេះ”។

លោករដ្ឋមន្រ្តីបានគូសបញ្ជាក់ទៀតថា ព្រឹត្តិការណ៍នាពេលនេះ ជាការប្តេជ្ញាចិត្តរួម ក្នុងការពង្រឹងការសម្រួលការធ្វើដំណើរ ការធ្វើឱ្យកាន់តែស៊ីជម្រៅនូវការតភ្ជាប់អនុតំបន់ និងការពង្រីកកិច្ចសហប្រតិបត្តិការជាក់ស្តែងក្រោមចក្ខុវិស័យ “ប្រទេសទាំងបួន ទិសដៅតែមួយ”។

លោកក៏ សូមអរគុណយ៉ាងស្មោះស្ម័គ្រ ចំពោះលោកប្រធានគណៈប្រតិភូ CLMV រួមជាមួយនឹងប្រតិភូ CLMV ទាំងអស់ វាគ្មិនធនធាន តំណាងដៃគូអភិវឌ្ឍន៍ និងវិស័យឯកជនចំពោះការរួមចំណែកដ៏មានតម្លៃចំពោះកិច្ចសហប្រតិបត្តិការទេសចរណ៍៕