ដោយៈ ម៉ាណា
ភ្នំពេញៈ អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោកជា វុទ្ឋីបានលើកឡើងពីមូលដ្ឋាន ដែលត្រូវធ្វើដើម្បីសម្រេចបានចក្ខុវិស័យឆ្នាំ២០៥០ ក្នុងការប្រែក្លាយកម្ពុជាជាប្រទេសមានប្រាក់ចំណូលខ្ពស់។
លោកបន្តថា ដើម្បីសម្រេចបានចក្ខុវិស័យឆ្នាំ២០៥០ ប្រែក្លាយជាប្រទេសមានចំណូលខ្ពស់ កម្ពុជាត្រូវតែបន្តខិតខំធ្វើពិពិធកម្មសេដ្ឋកិច្ចរបស់ខ្លួន តាមរយៈការធ្វើពិពិធកម្មប្រភពទុនវិនិយោគ ក៏ដូជាការធ្វើពិពិធកម្មឧស្សាហកម្ម បូករួមទាំងការខិតខំជំរុញលើកទឹកចិត្តឱ្យមានការផលិត/កែច្នៃវត្ថុធាតុដើម ក្នុងស្រុកឱ្យបានជាអតិបរមា ហើយជាពិសេសការកែច្នៃកសិផល។
-->

លោកជា វុទ្ធី បានថ្លែងបែបនេះ ក្នុងកិច្ចប្រជុំផ្ទៃក្នុងរបស់ក្រុមការងារBCT ក្នុងគោលបំណង (១) ណែនាំខ្លួន និងរឹតចំណងមិត្តភាពរវាងសមាជិកក្រុមការងារ (២) ពិភាក្សាអំពីយន្តការទំនាក់ទំនង និងទិសដៅចំពោះមុខរបស់ BCT និង (៣) ត្រៀមលក្ខណៈសម្រាប់វគ្គបណ្តុះបណ្តាលនៅប្រទេសជប៉ុន ដែលនឹងប្រព្រឹត្តទៅក្នុងខែមករា ឆ្នាំ២០២៦ ខាងមុខ។
ក្រុមការងារBCT ត្រូវបានបង្កើតឡើងក្នុងគោលបំណង លើកកម្ពស់ប្រសិទ្ធភាពនៃការផ្តល់សេវាគាំទ្រ និងសេវាថែទាំជូនវិនិយោគិនជប៉ុន ដោយអនុលោមតាមស្មារតី នៃកញ្ចប់សហបង្កើតសេដ្ឋកិច្ចកម្ពុជា- ជប៉ុន ដែលបានប្រកាសដាក់ចេញ ដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោក Shigeru Ishiba អតីតនាយករដ្ឋមន្ត្រីជប៉ុន កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥៕

