កម្ពុជា វៀតណាម ឡាវ និងមីយ៉ាន់ម៉ាសហការរៀបចំកញ្ចប់ទេសចរណ៍រួមគ្នា

ដោយៈ សូរិយា

    ភ្នំពេញៈ ងាកចេញពីប្រទេសថៃ ប្រទេសក្នុងតំបន់រួមមានកម្ពុជា វៀតណាម ឡាវ និងមីយ៉ាន់ម៉ា បានសហការរៀបចំសិក្ខាសាលារួមគ្នា ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍។

ព័ត៌មាននេះ ត្រូវបានលើកឡើងក្នុងពេលលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមជាមួយលោកស្រី Darany Phommavongsa អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងទេសចរណ៍ឡាវបានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសបើកកម្មវិធីមហោស្រពអាហារកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម (CLMV) និងសិក្ខាសាលាថ្នាក់តំបន់ស្តីពី “ទេសចរណ៍ផ្លូវគោក និងការសម្រួលការធ្វើដំណើរឆ្លងកាត់ព្រំដែន” នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥។

សិក្ខាសាលានេះមានការចូលរួមពីលោក Maung Maung Kyaw ប្រធានគណៈប្រតិភូនៃក្រសួងសណ្ឋាគារ និងទេសចរណ៍ នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា និងលោកស្រី Tran Thi Phuong Nhung ប្រធានគណៈប្រតិភូនៃក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម លោក លោកស្រីរដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការអន្តរក្រសួងពាក់ព័ន្ធ លោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ តំណាងសាលាខេត្តដែលពាក់ព័ន្ធ មន្រ្តីជំនាញ និងវិស័យឯកជន ប្រមាណ ២៥០រូប។

ក្នុងឱកាសនោះ លោក ហួត ហៃ បានថ្លែងអំពី ការយកចិត្តទុកដាក់ខ្ពស់ របស់សាលារាជធានីភ្នំពេញលើការស្តារ និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធលូ ការផ្គត់ផ្គង់ទឹកស្អាត អគ្គិសនី ការបំភ្លឺតាមសាធារណៈ និងកត្តាសុខសន្តិភាពបន្ថែមទៀត ដើម្បីទាក់ទាញកំ​ណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលមកទស្សនារាជធានីភ្នំពេញ ជាង១១លាននាក់ ដែលក្នុងនោះភ្ញៀវទេសចរអន្តរជាតិមាន ជាង១,១​លាននាក់ គិតត្រឹម ១១ខែ ឆ្នាំ២០២៥នេះ។

បន្ថែមពីនេះទៀត លោកស្រីអនុរដ្ឋមន្រ្តី បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់មន្រ្តីជំនាញ នៃប្រទេសទាំងអស់ ដែលបានសហការរួមគ្នា សម្រេចបាននូវពិព័រណ៍ម្ហូបអាហារប្រពៃណីនៃប្រទេសជាសមាជិក និងសន្និសីទលើប្រធានបទដ៏ល្អ និងមានសារៈសំខាន់សម្រាប់ការពង្រឹង និងពង្រីកកិច្ចសហការជំរុញវិស័យទេសចរណ៍ នៃប្រទេសទាំងបួនឱ្យកាន់តែសកម្ម ជាក់ស្តែង និងផ្តល់នូវប្រយោជន៍ដល់ប្រទេស និងប្រជាជនទាំងអស់គ្នា ក្រោមគំនិតផ្តួចផ្តើមរួមគ្នា “ប្រទេសបួន គោលដៅតែមួយ”។

ឆ្លៀតក្នងឱកាសនេះ រដ្ឋមន្រ្តី ហួត ហាក់ បានកោតសរសើរ វាយតម្លៃខ្ពស់ និងថ្លែងអំណរគុណចំពោះវត្តមាន របស់គណៈប្រតិភូជាន់ខ្ពស់ទាំងអស់ ដែលអញ្ជើញមកចូលរួម នៅរាជធានីភ្នំពេញ ដែលអាចជាសាក្សីបញ្ជាក់ថាកម្ពុជា កំពុងមានសុខសន្តិភាព ស្ថិរភាពនយោយ សុខសុវត្ថិភាពដល់អ្នកទេសចរ និងអ្នកដំណើរទាំងអស់ ជាពិសេសការអភិវឌ្ឍលើគ្រប់វិស័យ និងកាលានុវត្តភាពវិនិយោគដ៏ទាក់ទាញសម្រាប់អ្នកទេសចរ និងធុរជនពីប្រទេសឡាវ មីយ៉ានម៉ា និងវៀតណាម មកទស្សនា និងស្វែងយល់ ព្រមទាំងជួបពិភាក្សាជាមួយដៃគូកម្ពុជាបង្កើតជាកញ្ចប់ទស្សនកិច្ច ឬអាជីវកម្មរួមគ្នា។

រដ្ឋមន្រ្តី ហួត ហាក់ បញ្ជាក់ថា “កត្តាអំណោយផល និងអនុគ្រោះនេះ គឺផ្តើមចេញពីការដឹកនាំប្រកបដោយគតិបណ្ឌិត និងចុក្ខវិស័យវែងឆ្ងាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាមត៌កបន្សល់ពីថ្នាក់ដឹកនាំជំនាន់មុន រួមមានសម្តេចអគ្គសេនាបតី តេជោ ហ៊ុន សែន ដែលបានបង្កើតនូវចំណងមិត្តភាព ជាប្រពៃណីដ៏យូរអង្វែង រវាងប្រទេសទាំងអស់នាពេលនេះ”។

លោករដ្ឋមន្រ្តីបានគូសបញ្ជាក់ទៀតថា ព្រឹត្តិការណ៍នាពេលនេះ ជាការប្តេជ្ញាចិត្តរួម ក្នុងការពង្រឹងការសម្រួលការធ្វើដំណើរ ការធ្វើឱ្យកាន់តែស៊ីជម្រៅនូវការតភ្ជាប់អនុតំបន់ និងការពង្រីកកិច្ចសហប្រតិបត្តិការជាក់ស្តែងក្រោមចក្ខុវិស័យ “ប្រទេសទាំងបួន ទិសដៅតែមួយ”។

លោកក៏ សូមអរគុណយ៉ាងស្មោះស្ម័គ្រ ចំពោះលោកប្រធានគណៈប្រតិភូ CLMV រួមជាមួយនឹងប្រតិភូ CLMV ទាំងអស់ វាគ្មិនធនធាន តំណាងដៃគូអភិវឌ្ឍន៍ និងវិស័យឯកជនចំពោះការរួមចំណែកដ៏មានតម្លៃចំពោះកិច្ចសហប្រតិបត្តិការទេសចរណ៍៕

អ្នកនាំពាក្យៈ កម្ពុជាមានច្រកដឹកជញ្ជូនទំនិញចម្រុះ និងប្រទាក់ក្រឡាមិនរងហានិភ័យការបិទដែនទឹករបស់ថៃ

ដោយៈ និស្ស័យ

    ភ្នំពេញៈ ស្របពេលប្រទេសថៃបិទច្រកសមុទ្រជាមួយកម្ពុជា អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន លោក ផន រឹម បានលើកឡើងថា កម្ពុជាមានច្រកដឹកទំនិញសមុទ្រចម្រុះ និងប្រទាក់ក្រឡា​ដែលមានសក្តានុពល និងធានាបាននូវឯករាជ្យភាព និងម្ចាស់ការលើគ្រប់ទម្រង់​ស្របតាមច្បាប់ និងវិធានអន្តរជាតិផងដែរ។

ការឆ្លើយតបរបស់កម្ពុជា​ បានធ្វើឡើងបន្ទាប់​ពី​យោធាថៃបានចេញបញ្ជាឱ្យបិទឈូងសមុទ្រថៃ ដោយ​លើក​ហេតុ​ផល​ថា ដើម្បីស្ទាក់ចាប់ប្រេង និងសម្ភារ​យោធាដែលកំពុងដឹកជញ្ជូន ចូលមកក្នុងប្រទេសកម្ពុជា​នា​ពេល​នេះ​។

អ្នកនាំពាក្យក្រសួងក្រសួងសាធារណការ និងដឹកជញ្ជូន លោក ផន រឹម កាលពី​ព្រឹក​ថ្ងៃ​ទី​១៥ ខែ​ធ្នូ​​បាន​សរសេរ​នៅ​លើ​បណ្តាញ​សង្គម​ផ្ទាល់​ខ្លួន​ថា ប៉ុន្មានថ្ងៃមកនេះ​ឃើញកាសែតថៃ ​ដកស្រង់សំដីមន្ត្រីជាន់ខ្ពស់ថៃពាក់ព័ន្ធការព្រមានបិទ រាំងខ្ទប់​ដំណើរនាវាចរដឹកទំនិញតាមផ្លូវសមុទ្រឆ្លងកាត់ឈូងសមុទ្រថៃ ចូលមកកាន់ប្រទេសកម្ពុជា ដោយពួកទាំងនោះយកលេសផ្សេងៗ មកមកសំអាង​ក្នុងគោលដៅចិញ្ចឹមមហិច្ឆតាឈ្លានពាន បង្កសង្គ្រាម និង​ពង្រីកជម្លោះជាមួយកម្ពុជា។

លោកបាន​អះអាងថា “​កម្ពុជាមិនមែនក្មេងបៀមដៃ។ កម្ពុជាបានគិតគូររឿងនេះ និងបានត្រៀមលក្ខណៈរួចរាល់ ​ឆ្លើយតបគ្រប់ទម្រង់​ចំពោះមហិច្ឆតាបង្កសង្គ្រាមពង្រីកទំនាស់របស់ថៃ”។ លោកបន្ថែមថា “កម្ពុជាមានច្រកដឹកទំនិញសមុទ្រចម្រុះ និងប្រទាក់ក្រឡា​ដែលមានសក្តានុពល និងធានាបាននូវឯករាជ្យភាព និងម្ចាស់ការលើគ្រប់ទម្រង់​ស្របតាមច្បាប់ និងវិធានអន្តរជាតិ”។

ទីបញ្ជាការកងយោធាភូមិន្ទថៃ​កាល​ពី​ពេល​ថ្មីៗ​នេះ បានស្នើឱ្យក្រុមប្រឹក្សាសន្តិសុខជាតិ​(NSC) ទប់ស្កាត់ការផ្គត់ផ្គង់ប្រេង និងយោធាមកកាន់ប្រទេសកម្ពុជា តាមរយៈឈូងសមុទ្រថៃ ចំពេលមានអារិភាពជាបន្តបន្ទាប់​ជា​មួយ​កម្ពុជា​។

លិខិតបន្ទាន់មួយពីប្រមុខ កងកម្លាំងប្រដាប់អាវុធ​ថៃ​ដែលចែកចាយកាល​ពី​ថ្ងៃអាទិត្យ បាន​បង្ហាញពីសំណើសុំឱ្យក្រសួងការពារជាតិថៃ ដាក់សំណើជាបន្ទាន់ទៅកាន់ NSC ដើម្បីបិទឈូងសមុទ្រចំពោះការផ្គត់ផ្គង់ប្រេង និងសង្គ្រាមដែលមានគោលដៅមកប្រទេស​កម្ពុជា។

យោងតាមសំណើនេះ NSC នឹងបញ្ជាឱ្យមជ្ឈមណ្ឌលបញ្ជាការអនុវត្តច្បាប់សមុទ្រថៃ (Thai-MECC) ស្ទាក់ចាប់ និងទប់ស្កាត់ការផ្គត់ផ្គង់ប្រេង និងទំនិញ​ដែលដឹកជញ្ជូន ដោយនាវាទាំងអស់​រួមទាំងនាវាពាណិជ្ជកម្ម និងទូកនេសាទ ​ដែលចាកចេញពីដែនទឹកថៃមកប្រទេស​កម្ពុជា។

លោក Panupan Rakkaew អ្នកសម្របសម្រួលនៅ Thai-MECC បាននិយាយថា មជ្ឈមណ្ឌលនេះ បានរៀបចំបទបញ្ជាពាក់ព័ន្ធរួចហើយ​ដើម្បីអនុវត្តការបិទផ្លូវផ្គត់ផ្គង់។ លោកបន្ថែមថា NSC អាចចេញបទបញ្ជាបែបនេះ ក្រោមច្បាប់ការពារផលប្រយោជន៍ជាតិសមុទ្រ។

អ្នកនាំពាក្យរងនៃកងទ័ពជើងទឹកភូមិន្ទថៃ លោក Nara Khunthom បាននិយាយថា NSC នឹងមានកិច្ចប្រជុំ និងពិភាក្សាបញ្ហានេះនៅក្នុង​ថ្ងៃចន្ទម្សិលម៉ិញនេះ៕

តំបន់សេដ្ឋកិច្ចថ្មីមួយនឹងស្វាគមន៍ការបើកដំណើរការរោងចក្រចំនួន២នៅឆ្នាំ២០២៦

ដោយៈ ម៉ាណា

    ព្រះសីហនុៈ រោងចក្រ​ចំនួនថ្មីចំនួន២ គ្រោង​នឹង​បើក​​ដំណើរ​ការចង្វាក់​ផលិតកម្ម​របស់​ខ្លួន​ ស្ថិត​នៅ​ក្នុងតំបន់សេដ្ឋកិច្ចពិសេសISI SEZ នា​អំឡុង​ពាក់​កណ្តាល​ត្រីមាស​ទី​២ ឆ្នាំ​២០២៦ ខាង​មុខ។

តំបន់សេដ្ឋកិច្ចពិសេសISI មានទីតាំង​ស្ថិតនៅក្នុង​ស្រុកព្រៃនប់ ខេត្តព្រះសីហនុ តាម​បណ្តោយផ្លូវ​ល្បឿនលឿន PP-SHV លើ​ផ្ទៃដី​សរុប​​ ៨០០ ហិកតា។ ISI SEZ បានបើកការដ្ឋានសាងសង់ជា​ផ្លូវ​ការ​កាល​ពី​ថ្ងៃ​ទី​១០ ខែ​មករា ឆ្នាំ​២០២៥​។​

គម្រោង​ដែល​ត្រូវ​បាន​​រចនាប្លង់ ​ដោយ​​អ្នក​ជំនាញ​ក្នុង​ស្រុក សហការ​ជាមួយ​​វិទ្យាស្ថានជំនាញរចនា ​នៅ​ក្នុង​ប្រទេសអូស្ត្រាលី​នេះ ​នឹង​ត្រូវ​អភិវឌ្ឍន៍​​​ជា៣ដំណាក់កាល ដោយ​ដំណាក់​កាល​ទី១ លើ​ផ្ទៃដី​ប្រមាណ៣០០ហិកតា គឺ​ជា​​តំបន់​រោងចក្រ/សហគ្រាស។ ចំណែក​ដំណាក់​កាល​ទី​២ និង​ទី៣ គឺ​ជា​អគារ​​ការិយាល័យច្រកចេញចូលតែមួយ អគារ​អន្តេវាសិកដ្ឋានសម្រាប់​និយោជិត អគារ​ពាណិជ្ជកម្ម និង​សាលាបណ្តុះបណ្តាលវិជ្ជាជីវៈជាដើម​។

ប្រព័ន្ធចម្រោះទឹកស្អាត កន្លែងប្រព្រឹត្តិកម្មកែប្រែទឹកកខ្វក់ ស្ថានី​យថាមពលអគ្គិសនី និងរចនាសម្ព័ន្ធផ្សេងៗទៀត ក៏​​​ត្រូវ​បានរៀបចំ​យ៉ាង​ពិសេស​ផងដែរ​នៅ​ក្នុង ISI SEZ។​

នាយក​ផ្នែកលក់ និងទីផ្សារ​ ISI SEZ លោក ខេង ចន្ទ័សុផល បាន​ប្រាប់​ក្រុម​អ្នក​ព័ត៌មាន​នៅ​ក្នុង​បរិវេណ ISI SEZ កាល​ពី​ថ្ងៃ​ទី​១៣ ខែ​ធ្នូ ​ថា ក្នុង​រយៈ​ពេល​ប្រហែល​១ឆ្នាំកន្លង​មក​នេះ ក្រុមអ្នក​ជំនាញ និង​កម្មករ​បាន​ខិតខំ​ធ្វើ​ការ​យ៉ាង​មមាញឹក ក្នុង​ការ​​ឈូសឆាយ​ចាក់បំពេញ​​ដី និង​​​កសាង​ហេដ្ឋារចនា​សម្ព័ន្ធ​ជា​ច្រើន​ នៅ​ក្នុង​គម្រោងនេះ។

ពេល​នេះ​​មាន​រោង​ចក្រ​ចំនួន២ កំពុង​​សាងសង់​​នៅ​ក្នុង ISI SEZ​ ដោយ​គ្រោង​បើក​​ដំណើរ​ការ​ក្នុង​អំឡុង​ខែ​ឧសភា ឆ្នាំ​២០២៦​​។ ក្រៅ​ពី​រោងចក្រ​ទាំង២ បច្ចុប្បន្ន​ក៏​មាន​វិនិយោគិនបរទេស​​ជា​ច្រើន ពិសេស​ជនជាតិ​ចិន ​កំពុង​សិក្សា​​​លទ្ធភាពក្នុង​ការ​បើក​រោងចក្រ​នៅ​ក្នុង ISI SEZ ផងដែរ​។​ នេះ​បើ​តាម​លោក ច័ន្ទសុផល។​

លោកបាន​ប្រាប់​ទៀត​​ថា ​តំបន់​សេដ្ឋកិច្ច​ពិសេស​កំពុង​ដើរ​តួនាទីយ៉ាង​សំខាន់​ ក្នុង​ការ​​ជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ តាម​រយៈ​ការ​ទាក់​ទាញ​វិនិយោគិន​ជាតិ និង​អន្តរជាតិ​ឱ្យ​បណ្តាក់​ទុន​ផ្ទាល់​។ នៅ​ពេល​មានរោងចក្រ​​ផលិត ឬ​កែច្នៃ​កាន់​តែ​ច្រើន ការ​នាំ​ចេញ​ទំនិញ​ពី​កម្ពុជា​ទៅ​ទីផ្សារ​អន្តរជាតិ​ក៏​មាន​កាន់​តែ​ច្រើនដែរ​។

លោក​បាន​ថ្លែងថា តំបន់​សេដ្ឋកិច្ច​ពិសេសISI នឹង​ក្លាយជា​ចំណែ​ក​ដ៏​សំខាន់ ​ក្នុង​ការជួយ​ជំរុញ​កំណើន​សេដ្ឋកិច្ចកម្ពុជា តាម​រយៈ​ការ​ទាក់​ទាញ​អ្នក​វិនិយោគឱ្យ​មក​បណ្តាក់​ទុន​​ផ្ទាល់​ ការ​បង្កើត​ការ​ងារដល់​ប្រជាជន​ ព្រម​ទាំង​ចំណូល​ពន្ធសម្រាប់​រដ្ឋាភិបាល​ យក​ទៅ​អភិវឌ្ឍន៍​ប្រទេស។

បើ​តាម​លោក ចន្ទ័សុផល រោង​ចក្រ​ដែល​កំពុង​សាងសង់ គឺទី​១ ជា​រោងចក្រ​ផលិត​សម្បក​កង់​រថយន្ត និង​ទី២ ជា​រោងចក្រ​ផលិត​គ្រឿង​បង្គុំ និង​ខ្យល់​សម្រាប់​គាំទ្រ​ដល់​ផលិតកម្ម​យានយន្ត​។​​ រោងចក្រ​ទាំង ២ មាន​ម្ចាស់​ជា​វិនិយោគិន​មក​ពី​ប្រទេស​ចិន​៕

លោកដូណាល់ ត្រាំ សន្យានឹងដោះស្រាយបញ្ហាសង្រ្គាមកម្ពុជា ថៃ ដែលមានមនុស្សកំពុងស្លាប់

ដោយៈ ម៉ាលីនណា

    អាមេរិកៈ ប្រធានាធិបតីសហរដ្ឋអាមេរិក លោកដូណាល់ ត្រាំបានថ្លែងថា យើងបានដោះស្រាយបញ្ចប់សង្រ្គាមចំនួន៨ ហើយមានសង្រ្គាមមួយកំពុងមានបញ្ហាបន្តិចបន្តួចគឺ ថៃនិងកម្ពុជា ហើយកំពុងមានមនុស្សស្លាប់ រឿងបែបនេះមិនគួរកើតឡើងទេ ប៉ុន្តែយើងនឹងដោះស្រាយវា”។

ការថ្លែងរបស់លោក ដូណាល់ ត្រាំ ធ្វើឡើងនៅក្នុងកម្មវិធីមួយនៅក្នុងសេតវិមាននាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ (ម៉ោងនៅអាមេរិក)។

 

ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានបញ្ជាក់ថា “សូមអរគុណច្រើន។ យើងមានកិច្ចសន្ទនាដ៏ល្អកាលពី១ម៉ោងមុន ជាមួយបណ្ដាមេដឹកនាំអឺរ៉ុប”។ លោកបន្ថែមថា “ភាគច្រើនក្នុងចំណោមពួកគេ មានជាប់ពាក់ព័ន្ធនឹងសង្រ្គាមជាមួយរុស្ស៊ី និងអ៊ុយក្រែន។ យើងបានពិភាក្សាគ្នាយ៉ាងវែងអន្លាយ ហើយមានរឿងជាច្រើនមើលទៅហាក់ដូចជាដំណើរការល្អ ប៉ុន្តែយើងបាននិយាយតាំងពីយូរមកហើយ ហើយវាជារឿងដ៏ពិបាក”។

លោកបន្ថែមថា ដូចអ្នកទាំងអស់គ្នាដឹង យើងបានដោះស្រាយបញ្ចប់សង្រ្គាមចំនួន៨ ហើយមានសង្រ្គាមមួយ កំពុងមានបញ្ហាបន្តិចបន្តួច កាលពីម្សិលមិញ នោះគឺរវាងថៃនិងកម្ពុជា តែយើងនឹងដោះស្រាយវា។ មានមនុស្សកំពុងស្លាប់។ រឿងបែបនេះមិនគួរកើតឡើងទេ ហើយសូមកោតសរសើរដល់ពួកគេ ដែលកំពុងធ្វើការដោះស្រាយ ជម្លោះនេះ៕

តម្លៃផ្ទះនៅទីក្រុងហុងកុងអាចកើនឡើង៥ភាគរយក្នុងឆ្នាំ២០២៦ ខណៈទីផ្សារបង្ហាញសញ្ញាងើបឡើងវិញ

ដោយ: សហសេវិក
អន្តរជាតិ: ក្រុមអ្នកវិភាគបានវាយតម្លៃថា តម្លៃផ្ទះនៅទីក្រុងហុងកុងនៃប្រទេសចិនអាចកើនឡើង៥ភាគរយក្នុងឆ្នាំ២០២៦ ដោយសារតម្រូវការរបស់អ្នកទិញមកពីចិនដីគោក ការកាត់បន្ថយអត្រាការប្រាក់ និងការថយចុះនូវចំនួនអាផាតមុិនថ្មីដែលលក់មិនដាច់។

លោក Joseph Tsang ប្រធានក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ JLL នៅទីក្រុងហុងកុង បានលើកឡើងថា តម្លៃលំនៅឋានបានធ្លាក់ចុះដល់កម្រិតទាបបំផុតហើយ ហើយទស្សនវិស័យសម្រាប់ឆ្នាំ២០២៦ បង្ហាញភាពសុទិដ្ឋិនិយម។ យ៉ាងណាមិញ យើងក៏ត្រូវមានការប្រុងប្រយ័ត្នដែរ។

លោកបន្តថា យើងរំពឹងថា តម្លៃផ្ទះនៅទីក្រុងហុងកុងនឹងកើនឡើងប្រហែល៥ភាគរយនៅឆ្នាំ២០២៦ ខណៈដែលតម្លៃលំនៅដ្ឋានប្រណីតនឹងបន្តស្ថិតនៅទ្រឹង។ តម្លៃជួលអាផាតមុិនប្រណីតត្រូវបានព្យាករណ៍ថា នឹងកើនឡើងក្នុងរង្វង់៥ភាគរយ។

និន្នាការនេះនឹងផ្តល់សន្ទុះមួយសម្រាប់ទីផ្សារអចលនទ្រព្យនៅទីក្រុងហុងកុង បន្ទាប់ពីទីផ្សារបានដាំក្បាលចុះចាប់តាំងពីចុងឆ្នាំ២០២១។

ស្រដៀងគ្នានេះ ក្រុមហ៊ុន Cushman & Wakefield បានកត់សម្គាល់ថា ការកែតម្រូវពន្ធថ្មីៗ និងការងើបឡើងវិញនៃទីផ្សារភាគហ៊ុនរបស់ហុងកុង ក៏ត្រូវបានគេរំពឹងថានឹងជួយធ្វើឱ្យទីផ្សារអចលនទ្រព្យលំនៅឋានរបស់ទីក្រុងហុងកុងមានស្ថិរភាពផងដែរ។

យោងតាមក្រុមហ៊ុន JLL បានឱ្យដឹងថា ស្តុកលំនៅឋាន(unsold inventory) បានថយចុះ ខណៈការលក់ផ្ទះនៅទីក្រុងហុងកុងបានកើនឡើងជាង២០ភាគរយគិតត្រឹមខែវិច្ឆិកា ឆ្នាំនេះ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ទីផ្សារលំនៅឋានរបស់ទីក្រុងហុងកុងបានបង្ហាញពីភាពប្រសើរឡើងក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ បន្ទាប់ពីតម្លៃផ្ទះបានដាំក្បាលចុះប្រមាណ៣០ភាគរយ ធៀបនឹងកម្រិតកំពូលនៅឆ្នាំ២០២១។

លោក Liam Bailey ប្រធានផ្នែកស្រាវជ្រាវសកលនៅក្រុមហ៊ុន Knight Frank បានលើកឡើងថា ទីផ្សារលំនៅឋាននៅទីក្រុងហុងកុងកំពុងបង្ហាញសញ្ញាដំបូងនៃការងើបឡើងវិញ គាំទ្រដោយការកាត់បន្ថយអត្រាការប្រាក់ ដែលបានជួយធ្វើឱ្យស្ថានភាពហិរញ្ញវត្ថុមានស្ថិរភាព៕ប្រភព: Vnexpress៕

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចុះសួរសុខទុក្ខវីរយុទ្ធជនការពារបូរណភាពទឹកដី ដែលរងរបួសក្នុងសមរភូមិ កំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យ

ភ្នំពេញ៖ ដោយក្តីក្តុកក្តួលរំជួលចិត្ត អាណិតអាសូរ និងក្តីបារម្ភទាំងថ្ងៃទាំងយប់, នៅរសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ផ្តល់ជូនវីរយុទ្ធជនការពារបូរណភាពទឹកដី ដែលរងរបួសក្នុងសមរភូមិ កំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ។
អ្នកម្តាយមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងតែមានក្តីបារម្ភ ខ្វល់ខ្វាយគ្រប់វិនាទី ដោយមិនរំលងនោះឡើយចំពោះសុខទុក្ខរបស់បងប្អូនវីរយុទ្ធជន និងក្រុមគ្រួសារ ព្រមទាំងប្រជាជនរងគ្រោះ និងងាយរងគ្រោះបំផុត ដែលកំពុងជួបប្រទះនូវទុក្ខលំបាក ព្រោះថាទុក្ខលំបាករបស់បងប្អូនប្រជាជនទាំងអស់ គឺជាទុក្ខលំបាកផ្ទាល់របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏ដូចជាថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់។
ស្ថិតក្នុងក្តីដ៏ក្តុកក្តួលនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បាននាំនូវព្រះរាជបណ្តាំផ្តាំផ្ញើសួរសុខទុក្ខ ក្តីអាណិតអាសូរពីសំណាក់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ជាពិសេសការកោតសរសើរ ស្ញប់ស្ញែងចំពោះទឹកចិត្តដ៏អង់អាចក្លាហាន ហ៊ានពលិកម្មគ្រប់បែបយ៉ាងដើម្បីបូរណភាពទឹកដីដ៏កម្សត់របស់យើង និងសូមជូនពរដល់វីរយុទ្ធជនគ្រប់រូប សូមឆាប់បានជាសះស្បើយឡើងវិញ។
វីរយុទ្ធជនទាំងអស់ និងក្រុមគ្រួសារ មានក្តីរំភើបឥតឧបមា និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជាមាតាមនុស្សធម៌ តែងតែគិតគូរពីសុខទុក្ខ លើកទឹកចិត្ត និងផ្តល់ក្តីសង្ឃឹមដ៏ធំធេងដល់ប្រជាជនគ្រប់រូប និងសូមប្រសិទ្ធពរជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិត, សម្តេចតេជោ ហ៊ុន សែន, សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ព្រមទាំងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងខ្លាំងក្លា ជន្មាយុយឺនយូរ ដើម្បីជាម្លប់ដ៏កក់ក្តៅដល់ប្រជាជនកម្ពុជា ជារៀងដរាប៕

វិស័យអាកាសចរណ៍រវាងកម្ពុជា ថៃមិនរងផលប៉ះពាល់ទេ ទោះជាមានជម្លោះព្រំដែន

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល លោកស៊ីន ចាន់សិរីវុត្ថា បាន​ឱ្យដឹងថា ជើងហោះហើរកម្ពុជា-ថៃ នៅ​បន្តដំណើរការធម្មតា ទោះបីសង្គ្រាមកំ​ពុង​ផ្ទុះឡើង​នៅ​តាម​ព្រំដែន។

លោកបានបន្តឲ្យដឹងកាលពីថ្ងៃទី១៥ ធ្នូថា មកដល់ម៉ោងនេះ​ ការ​ហោះ​ហើរ​រវាង​​ភ្នំ​ពេញ-បាងកក និង​សៀមរាប-បាងកក មិនមានអ្វីប្រែប្រួលនោះទេ ហើយដែន​អាកាស​ដែល​យើង​ធ្លាប់ ប្រកាសឱ្យ​បិទតាំង​ពីការប៉ះទង្គិចគ្នាលើកដំបូងនោះគឺ យើងនៅ​បន្តបិទរហូត​មកដល់​ពេល​​​​​នេះ។

លោកបានឲ្យដឹងទៀតថា ការហោះហើរចេញ-ចូលខេត្តសៀម​រាប-បាងកក មានចំនួន៦៣ជើងក្នុងមួយសប្ដាហ៍។ ចំណែក​ភ្នំពេញ-បាងកក៥៣ជើង ក្នុងមួយសប្ដាហ៍ដែលមាន៥ក្រុមហ៊ុន៕

ស្ថានភាពភូមិសាស្រ្តនយោបាយពិភពលោកនៅឆ្នាំ២០២៦មានសភាពបែបណា? កើនកំដៅឬទេ?

ដោយៈ ម៉ាណា

    អន្តរជាតិៈ អ្នកវិភាគជាច្រើនរំពឹងថាឆ្នាំ ២០២៦ នឹងនៅតែ “ក្តៅ” ខាងភូមិសាស្ត្រនយោបាយ ប៉ុន្តែមិនចាំបាច់មានគ្រោះថ្នាក់ជាងនៅគ្រប់ទីកន្លែងនោះទេ។

ចំណុចខាងក្រោមនេះ ជាទស្សនវិស័យច្បាស់លាស់ និងមានតុល្យភាព។

សំណួរសួរថា តើហេតុអ្វីបានជាភូមិសាស្ត្រនយោបាយ អាចនៅតែមានភាពតានតឹងនៅឆ្នាំ ២០២៦?

ចម្លើយ គឺការប្រកួតប្រជែងរវាងមហាអំណាច៖ សហរដ្ឋអាមេរិក ចិន និងរុស្ស៊ី នឹងបន្តប្រកួតប្រជែងគ្នាលើឥទ្ធិពល បច្ចេកវិទ្យា និងសន្តិសុខ។

ជម្លោះបច្ចុប្បន្ននឹងបន្ត៖ សង្គ្រាមបច្ចុប្បន្នមួយចំនួនអាចមិនត្រូវបានដោះស្រាយទាំងស្រុងនៅឆ្នាំ២០២៦ ដែលរក្សាភាពតានតឹងសកលឱ្យខ្ពស់។

សម្ពាធសេដ្ឋកិច្ច៖ បំណុលខ្ពស់ ហានិភ័យអតិផរណា និងការប្រកួតប្រជែងថាមពល អាចបង្កើនការកកិតនយោបាយ។

ការបោះឆ្នោត និងការផ្លាស់ប្តូរភាពជាអ្នកដឹកនាំ៖ ការបោះឆ្នោតធំៗនៅក្នុងប្រទេសធំៗ ជារឿយៗបង្កើតភាពមិនប្រាកដប្រជា នៅក្នុងគោលនយោបាយការបរទេស។

បច្ចេកវិទ្យា និងហានិភ័យតាមអ៊ីនធឺណិត៖ ការវាយប្រហារតាមអ៊ីនធឺណិត បញ្ញាសិប្បនិម្មិត និងការគ្រប់គ្រងបច្ចេកវិទ្យាសំខាន់ៗ បង្កើ​ន​ការព្រួយបារម្ភអំពីសន្តិសុខថ្មីៗ។

ទោះជាយ៉ាងណា មិនមែនគ្រប់តំបន់ទាំងអស់ នឹងកាន់តែអាក្រក់ទៅៗទេ ដោយប្រទេសជាច្រើន នឹងជៀសវាងសង្គ្រាមទ្រង់ទ្រាយធំ ព្រោះវាមានតម្លៃថ្លៃខ្លាំងខាងសេដ្ឋកិច្ច។

ការទូត និងអង្គការអន្តរជាតិនៅតែដើរតួនាទី ក្នុងការទប់ស្កាត់ការកើនឡើង។

ភាពតានតឹងក្នុងតំបន់ អាចស្ងប់ស្ងាត់នៅកន្លែងខ្លះ ខណៈពេលដែលកំពុងកើនឡើងនៅកន្លែងផ្សេងទៀត។

អាស៊ីអាគ្នេយ៍ ករណីថៃកំពុងឈ្លានពានកម្ពុជា

ភាពតានតឹងរវាងមហាអំណាចធំៗ អាចប៉ះពាល់ដល់ពាណិជ្ជកម្ម ការវិនិយោគ និងខ្សែសង្វាក់ផ្គត់ផ្គង់ ប៉ុន្តែជម្លោះដោយផ្ទាល់ទំនងជាមិនកើតឡើងទេ។

ហានិភ័យចម្បងរបស់កម្ពុជា គឺផលប៉ះពាល់សេដ្ឋកិច្ច ហើយអ្វីៗកាន់តែក្តៅ សម្រាប់ការឈ្លានពានរបស់ថៃមកលើប្រជាជនកម្ពុជា។

ការវិនិច្ឆ័យទូទៅ

ឆ្នាំ២០២៦៖ ស្មុគស្មាញ និងតានតឹងជាងមុន បាទ/ចាស និងមានគ្រោះថ្នាក់ទូទាំងពិភពលោកគ្រប់ទីកន្លែង ហើយតំបន់ណាខ្លះដែ​លអាចមានហានិភ័យបំផុតនៅឆ្នាំ២០២៦ របៀបដែលភូមិសាស្ត្រនយោបាយ អាចប៉ះពាល់ដល់សេដ្ឋកិច្ចកម្ពុជា។ អ្វីដែលអាជីវកម្ម និងវិនិយោគិនគួរត្រៀមខ្លួន សម្រាប់ក្នុងគ្រាមិនប្រាកដប្រជា៕

 

ស្របពេលនឹងកំណើនសេដ្ឋកិច្ច តើអចលនទ្រព្យនៅប្រទេសវៀតណាមនឹងរីកចម្រើនខ្លាំងនៅឆ្នាំ២០២៦?

ដោយៈ ម៉ាណា

    វៀតណាមៈ ប្រទេសវៀតណាម មានសេដ្ឋកិច្ចរីកចម្រើនដ៏លឿនស្លេវមួយ នៅក្នុងចំណោមប្រទេសសមាជិកអាស៊ាន ដែលមានកត្តាអំណោយផលជាច្រើន។

ចំណែកវិស័យអចលនទ្រព្យរបស់ប្រទេសនេះ ក៏មានការរីកចម្រើ​នលឿនផងដែរ។ តើឆ្នាំ២០២៦ វិស័យអចលនទ្រព្យនៅប្រទេសនេះនឹងបន្តហក់ឡើងខ្ពស់ឬយ៉ាងណា?។

  1. អចលនទ្រព្យកំពុងស្ថិតក្នុងដំណាក់កាលងើបឡើងវិញ

អ្នកជំនាញ និងរបាយការណ៍ទីផ្សារបង្ហាញថា ទីផ្សារអចលនទ្រព្យរបស់ប្រទេសវៀតណាម បានងាកទៅរកទិសដៅមួយ បន្ទាប់ពីមានការធ្លាក់ចុះជាច្រើនឆ្នាំ ហើយកំពុងបង្ហាញសញ្ញានៃកំណើនដែលមានស្ថេរភាព និងប្រកបដោយចីរភាពជាងមុននៅឆ្នាំ2025-26។

សកម្មភាពទីផ្សារបានកើនឡើង ដែលជំរុញដោយកំណែទម្រង់បទប្បញ្ញត្តិ ច្បាប់ដែលមានតម្លាភាពជាងមុន និងការចូលប្រើប្រាស់ដើមទុនកាន់តែប្រសើរឡើង។

អ្នកជំនាញនិយាយថា ទីផ្សារនឹងផ្លាស់ប្តូរទៅរកកំណើន ដែលមានសុខភាពល្អ និងមានស្ថិរភាពជាងមុន ជាជាងការរីកចម្រើនដែលមិនសមហេតុផល។

តើផ្នែកអ្វីខ្លះនឹងរីកចម្រើនលឿន? ការសិក្សាបានរកឃើញថា អាផាតម៉ិន និងផ្ទះដាច់ដោយឡែក ត្រូវបានគេរំពឹងថានឹងនៅតែរក្សាកំនើនរឹងមាំ ខណៈពេលដែលផ្នែកស្មានទុកមុន (ដូចជាដីឆៅ ឬវីឡាប្រណីត) កំពុងត្រជាក់ចុះ។

ដូច្នេះជំនួសឱ្យការរីកចម្រើន “ពពុះ” ស្មានទុកមុន និន្នាការនេះគឺឆ្ពោះទៅរកការងើបឡើងវិញដែលវាស់វែង និងកំណើនគោលដៅ។

2. មូលដ្ឋានគ្រឹះសេដ្ឋកិច្ចគាំទ្រ ដល់កំណើនកាន់តែទូលំទូលាយ  ដែលជួយដល់អចលនទ្រព្យ

សេដ្ឋកិច្ចទូលំទូលាយ របស់ប្រទេសវៀតណាមមានភាពរឹងមាំ និងត្រូវបានគេរំពឹងថានឹងបន្តរហូតដល់ឆ្នាំ ២០២៦។

រដ្ឋាភិបាលកំពុងព្យាករណ៍ ពីគោលដៅកំណើនផលិតផលក្នុងស្រុកសរុបខ្ពស់ ហើយការអនុវត្តសេដ្ឋកិច្ចថ្មីៗនេះមានភាពរឹងមាំ ជាមួយកំណើនផលិតកម្ម ការវិនិយោគផ្ទាល់ពីបរទេស (FDI) ហេដ្ឋារចនាសម្ព័ន្ធ និងការពង្រីកវណ្ណៈកណ្តាល សុទ្ធតែបង្កើនតម្រូវការលំនៅដ្ឋាន និងអចលនទ្រព្យពាណិជ្ជកម្ម។

ជាទូទៅ កំណើនសេដ្ឋកិច្ចដ៏រឹងមាំ ជួយគាំទ្រដល់តម្រូវការអចលនទ្រព្យតាមពេលវេលា។

3. និន្នាការជាក់លាក់តាមវិស័យ

ជាមួយនឹងកំណើនសេដ្ឋកិច្ចប្រសើរ កំណើននៃលំហូរចូលអ្នកវិនិយោគផ្ទាល់ពីបរទេស និងប្រជាជនវ័យក្មេងច្រើន អចលនទ្រព្យលំនៅដ្ឋាន បានធ្វើឲ្យមានតម្រូវការសម្រាប់លំនៅដ្ឋានពិតប្រាកដ (អាផាតមិន ផ្ទះគ្រួសារ) កំពុងកើនឡើងនៅប្រទេសនេះ។

ជាក់ស្តែងការសិក្សាបានបង្ហាញថា តម្លៃនៅក្នុងទីក្រុងធំៗមួយចំនួន បានកើនឡើងរួចហើយ ហើយអាចបន្តកើនឡើងមធ្យមនៅឆ្នាំ ២០២៦។

ប៉ុន្តែអ្នកវិភាគរំពឹងថា នឹងមានការប្រកួតប្រជែង និងតុល្យភាពតម្លៃកាន់តែច្រើន មិនមែនការកើនឡើងភ្លាមៗនោះទេ។ កំណើនដែលជំរុញដោយហេដ្ឋារចនាសម្ព័ន្ធដូចជា ខ្សែរថភ្លើងក្រោមដីសំខាន់ៗ ផ្លូវរង្វង់ និងគម្រោងអាកាសយានដ្ឋាន កំពុងទាញដើមទុនចូលទៅក្នុងទីក្រុងរណប និងស្រុកជុំវិញ ដែលជារឿយៗនាំឱ្យមានការកើនឡើងនៃតម្លៃក្នុងស្រុក ជាជាងការរីកចម្រើនទូទាំងប្រទេស។

ទីផ្សារអចលនទ្រព្យរបស់ប្រទេសវៀតណាម ក្នុងឆ្នាំ២០២៦ ត្រៀមខ្លួនរួចជាស្រេច សម្រាប់ការពង្រីកដែលមានសុខភាពល្អ ជាជាងការរីកចម្រើនស្មានច្រើន។

កំណើនដ៏ល្អបំផុតទំនងជានឹងជាក់លាក់តាមផ្នែក និងភ្ជាប់ជាមួយហេដ្ឋារចនាសម្ព័ន្ធ ដែលគាំទ្រដោយមូលដ្ឋានគ្រឹះសេដ្ឋកិច្ចរឹងមាំ ជាជាងការស្មានមិនសមហេតុផល៕

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានផ្តល់ថវិកា២១ម៉ឺនដុល្លារអាមេរិក ដល់លោក គន់ គីម ដើម្បីទិញកៅស៊ូតង់ យកទៅចែកជូនប្រជាជនភៀសសឹក នៅតាមបណ្តោយព្រំដែន

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ ២០២៥នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចផ្តល់ថវិកា ២១ម៉ឺនដុល្លារអាមេរិក ប្រគល់ជូនលោក គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដើម្បីទិញកៅស៊ូតង់ យកទៅចែកជូនប្រជាជនភៀសសឹកនៅតាមបណ្តោយព្រំដែន៕