លោកឡេង សំអាតបង្ហាញពីយុទ្ធសាស្ត្រនៃការចចារជាមួយរូបមន្ត5P

ដោយៈគង់ សូរិយា

ភ្នំពេញៈ ការចចារមានសារៈសំខាន់ណាស់់ ជាមួយដៃគូក្នុងការធ្វើជំនួញ ព្រោះសិល្បៈនៃការចចារនឹងកំណត់ភាពជោគជ័យ ឬបរាជ័យអាស្រ័យលើសមត្ថភាព និងចំណេះដឹងរបស់បុគ្គលនិមួយៗ។

តើអ្នកចចារត្រូវឈរលើមូលដ្ឋានអ្វីខ្លះ? លោកឡេង សំអាតសហស្ថាបនិកក្រុមហ៊ុនProperty Lion Asiaបានបង្ហាញនូវយុទ្ឋសាស្រ្តសំខាន់ៗចំនួន៥ចំណុច នោះគឺ5P តើអ្វីជា5P?។

លោកសំអាតបានឲ្យដឹងថា យុទ្ឋសាស្រ្តនេះមានសារៈសំខាន់ណាស់ ដែលអ្នកជំនួញឬដៃគូអាជីវកម្មនានាតែងតែយកមកប្រើប្រាស់ដូចជា

  1. Purpose »» Objective

មុនពេលចេញទៅចចារជាមួយដៃគូរ អ្នកត្រូវកំនត់ខ្លួនឯងអោយច្បាស់ថា តើអ្វីដែលយើងចង់បានពិតប្រាកដ

  1. People »» Know your partner

– អត្តចរឹក

– ចំណង់ចំនូលចិត្ត

– តម្រូវការ

– ភាពភ័យខ្លាចនិងក្តីបារម្ភ

– ឥទ្ធិពលនិងលទ្ធភាពនៃការសំរេចចិត្ត

  1. Plan

– Planing ត្រូវមានផែនការច្បាស់លាស់

– Protocol ត្រូវមានសិល្បៈក្នុងការនិយាយ

– Time ពេលវេលាត្រូវតែជាក់លាក់ហើយទៀងទាត់

  1. Power »» កត្តាមានប្រៀប

– ROI » Return on investment ផលចំនេញអ្វីខ្លះ

– Risk អ្វីខ្លះដែលអាចធ្វើអោយយើងខាតបង់

– Roll responsibility បង្កើតឥទ្ធិពលអោយសមតុល្យមុនពេលចចារ និងលទ្ធភាពនៃការទទួលខុសត្រូវ។

– ពូកែស្តាប់ហើយសង្កេតរកចំនុចខ្សោយរបស់ដៃគូរចចារ

– ត្រូវរើសយកទីតាំងណា ដែលមានប្រៀបសំរាប់ខ្លួនឯង

– បង្ហាញពីបទពិសោធន៍ និងចំនេះដល់ដៃគូរចចារ

– គាស់សក្តានុពលដៃគូរចចារអោយ say « Yes »

  1. Prepare documents

– ត្រូវរៀបចំឯកសារណា ដែលចាំបាច់សំរាប់ការចចារនេះ ហើយឯកសារត្រូវតែមានគ្រប់គ្រាន់។

– ត្រូវធ្វើយ៉ាងណាអោយដៃគូរគាត់យល់ថាឈ្នះ

Note: ការចចារសំខាន់បំផុតគឺចិត្តនិងអារម្មណ៍

– ចិត្តៈ គឺតែងតែចង់ឈ្នះជានិច្ច

– អារម្មណ៍ៈ គឺមានតែសោមនស្ស និង ទោមនស្ស

លោកឡេង សំអាតបានបញ្ជាក់ថា “យើងអាចអោយគេឈ្នះចិត្ត តែយើងឈ្នះអ្វីដែលយើងចង់បាន នោះទើបហៅថាអ្នកជំនាញក្នុងការចចារពិតប្រាកដ”៕

សម្តេចតេជោ សរសេរលិខិតទៅលោកស៊ី ជីនពីង “សុំទិញវ៉ាក់សាំង”ចំនួន៦លាន ដូសបន្ថែមទៀត

          ដោយៈ គង់ សូរិយា

          ភ្នំពេញៈ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន កាលពីថ្ងៃទី ២៨ មេសា កន្លងមកនេះ បានសរសេរជាលិខិតមួយច្បាប់ស្នើទៅកាន់ប្រធានាធិបតីចិន លោកស៊ី ជីនពីង ដើម្បី “សុំទិញវ៉ាក់សាំង”ពីប្រទេសចិនចំនួន៦លានដូស បន្ថែមទៀតនៅពេលខាងមុខនេះ។ នេះបើតាមប្រសាសន៍របស់ឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។

ថ្លែងក្នុងជំនួបពិភាក្សាជាមួយឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល កាលពីថ្ងៃទី ២៩ មេសា ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោកWang Wentian បានថ្លែងថា កាលពីថ្ងៃទី២៨ មេសា លោកបានទទួលលិខិតពីសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដាក់ស្នើទៅកាន់លោកស៊ី ជីនពីង ប្រធានាធិបតីចិន ដើម្បីស្នើសុំទិញវ៉ាក់សាំងពីប្រទេសចិនចំនួន៦លានដូសទៀត។

លោកWang Wentian បានបន្តថា សម្តេច ហ៊ុន សែន ស្នើសុំទិញវ៉ាក់សាំងពីប្រទេសចិនចំនួន៦លានដូសនេះ គឺគ្រោងបញ្ជូនមកនៅក្នុងខែឧសភា និងខែមិថុនាខាងមុខនេះ ហើយបច្ចុប្បន្នស្ថានទូតចិនប្រចាំនៅក្នុងប្រទេសកម្ពុជា កំពុងសម្របសម្រួលយ៉ាងសកម្មចំពោះការស្នើសុំរបស់សម្តេច ហ៊ុន សែននេះ។

គិតត្រឹមថ្ងៃទី ៣០ មេសានេះ កម្ពុជាបានទទួលវ៉ាក់សាំងជិត ៤ លានដូសរួចហើយដែលភាគច្រើនជាជំនួយនិងទិញពីប្រទេសចិន។ វ៉ាក់សាំងដែលប្រទេសកម្ពុជាបានទទួ​លរួចហើយ រួមមាន វ៉ាក់សាំងស៊ីណូហ្វាម ដែលឧបត្ថម្ភដោយរដ្ឋាភិបាលចិន វ៉ាក់សាំងស៊ីណូវ៉ាក់ចំនួន២លានដូសទិញពីប្រទេសចិន និងវ៉ាក់សាំងដែលត្រូវបានផ្តល់ដោយកម្មវិធី Covax ចំនួន៣២៤,០០០ដូស ទទួលបានពីអង្គការសុខភាពពិភពលោក។

បើតាមគម្រោង នៅក្នុងឆ្នាំ២០២១នេះ កម្ពុជានឹងទទួលបានវ៉ាក់សាំងជាង១០ លានដូស និង គ្រោងនឹងចាក់វ៉ាក់សាំងជូនដល់ប្រជាជនជាង១០លាននាក់។ ប្រទេសចិនត្រូវបានគេមើលឃើញថា ជាអ្នកគាំទ្រដ៏សំខាន់ចំពោះប្រទេសកម្ពុជា ដើម្បីសម្រេចផែន​ការចាក់វ៉ាក់សាំងតាមរយៈការផ្គត់ផ្គង់វ៉ាក់សាំងនេះ ៕

ដំណឹងល្អ! អង្គការសុខភាពពិភពលោកបានអនុម័តឲ្យប្រើវ៉ាក់សាំងកូវីដ១៩ថ្មីមួយបន្ថែមទៀត

ដោយៈ ប៊ី

ភ្នំពេញៈ អង្គការសុខភាពពិភពលោក (WHO) បានសម្រេចអនុម័តដាកឱ្យប្រើប្រាស់ហើយ នូវវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩របស់ក្រុមហ៊ុន Moderna នៅក្នុងករណីបន្ទាន់នៅថ្ងៃសុក្រសប្តាហ៍នេះថ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃសៅរ៍ ទី១ ខែឧសភា ឆ្នាំ២០២១។

ការចុះបញ្ជីវ៉ាក់សាំង ដែលត្រូវបានទទួលស្គាល់ដោយ WHO ខាងលើនេះ នឹងជួយឱ្យប្រទេសនានាកាន់តែងាយស្រួល នៅក្នុងការជ្រើសរើសវ៉ាក់សាំង ប្រកបដោយប្រសិទ្ធភាពសម្រាប់ពួកគេ ហើយក៏នឹងអនុញ្ញាតឲ្យកម្មវិធី COVAX របស់អន្តរជាតិធ្វើការចែកចាយវ៉ាក់សាំង ទៅកាន់ប្រទេសក្រីក្រ បានកាន់តែច្រើនបន្ថែមទៀតផងដែរ។

ការអនុម័តឲ្យប្រើវ៉ាក់សាំង Moderna នៅក្នុងករណីបន្ទាន់ខាងលើនេះ គឺត្រូវបានធ្វើឡើងក្រោយពីក្រុមជំនាញ ផ្តល់ប្រឹក្សាយុទ្ធសាស្ត្រទៅលើប្រព័ន្ធភាពសុំា (SAGE) របស់ WHO បានពិនិត្យឃើញថា វ៉ាក់សាំងអាមេរិកមួយនេះមានប្រសិទ្ធភាព អាចទប់ទល់ការឆ្លងជំងឺ COVID-19 រហូតដល់ទៅ ៩៤.១% ឯណោះ។

គិតត្រឹមពេលនេះ WHO បានអនុម័តឲ្យប្រើវ៉ាក់សាំងបង្ការ COVID-19 ចំនួន ០៥ រួចទៅហើយនោះគឺ Pfizer-BioNTEch (អាមេរិក-អាល្លឺម៉ង់), AstraZeneca (អង់គ្លេស), វ៉ាក់សាំងរបស់វិទ្យាស្ថាន Serum នៅឥណ្ឌា, និងវ៉ាក់សាំង Janssen របស់ក្រុមហ៊ុនអាមេរិក Johnson & Johnson។ សម្រាប់ក្រុមហ៊ុន Moderna វិញធ្លាប់បានអះអាងថា ខ្លួនអាចនឹងផលិតបានវ៉ាក់សាំងរហូតដល់ ៣ពាន់លានដូសនៅក្នុងឆ្នាំ២០២២៕

រដ្ឋាភិបាលទទួលបានទំហំទុនវិនិយោគជាង២ពាន់លានដុល្លារក្នុងត្រីមាសទី១ឆ្នាំនេះ

ដោយៈ ប៊ី

ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ទទួលបានគម្រោងវិនិយោគថ្មីៗ ដែលមានទំហំទុនវិនិយោគសរុបជាង២.២០០លានដុល្លារអាមេរិក កើនឡើងជិត១១៤% ធៀបរយពេលដូចគ្នាឆ្នាំ២០២០។

របាយការណ៍ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញថា នៅក្នុងរយៈពេល៣ខែ ដើមឆ្នាំ២០២១នេះ គម្រោងវិនិយោគ ដែលអនុម័តគម្រោងដោយគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងនោះសម្រាប់គម្រោងថ្មី នៅក្រៅតំបន់សេដ្ឋកិច្ចពិសេស សរុបមានចំនួន៤៥គម្រោង ក្នុងតម្លៃទុនវិនិយោគប្រមាណ៩១៦លានដុល្លារអាមេរិក និងត្រូវការកំលាំងពលកម្ម ចូលរួមបម្រើការងារប្រមាណជាង៣៥ពាន់កន្លែងផងដែរ។

ទាក់ទងនឹងគម្រោងវិនិយោគក្រៅតំបន់សេដ្ឋកិច្ចនេះ ចំពោះការវិនិយោគលើវិស័យឧស្សាហកម្ម នៅក្នុងរយៈពេលនេះដែរ មានទំហំទឹកប្រាក់១៩១លានដុល្លារអាមេរិក ផ្នែកសេវាកម្ម មានចំនួន៥៩២លានដុល្លារ និងការវិនិយោគលើវិស័យទេសចរណ៍ មានចំនួន១៣៣លានដុល្លារ ក្នុងនោះទុនវិនិយោគក្នុងស្រុក មានទំហំទឹកប្រាក់៣៣២លានដុល្លារ និងទុនវិនិយោគបរទេស មានចំនួន៥៨៤លានដុល្លារអាមេរិកផងដែរ។

គម្រោងវិនិយោគថ្មី ដែលសម្រេចអនុម័តដោយគណៈកម្មាធិការវិនិយោគកម្ពុជា បើសរុបបញ្ចូលទាំងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស មានចំនួនប្រមាណ៤៩គម្រោង បើធៀបទៅក្នុងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ បានធ្លាក់ចុះ២១%។ ដោយឡែកទុនវិនិយោគសម្រាប់ត្រីមាសទី១ ឆ្នាំ២០២១ នេះដែរ មានទំហំប្រមាណជាង២ ២០៧លានដុល្លារអាមេរិក បានកើនឡើងជិត១១៤%ធៀបរយពេលដូចគ្នាទៅឆ្នាំ២០២០ ៕

ចំណេះដឹង​អចលនទ្រព្យៈ​តើ​ការដោះស្រាយ​វិវាទ​ដីធ្លី​ក្រោយ​ការទិញ​លក់​ត្រូវធ្វើ​យ៉ាងដូចម្តេច?

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ វិវាទ​ដែល​កើតមានឡើង រវាង​អ្នក​អភិវឌ្ឍន៍​អចលនវត្ថុ និង​អ្នកទិញ​ពាក់ព័ន្ធ​កិច្ចសន្យា​ទិញ-លក់​អចលនវត្ថុ អាចជា​កម្មវត្ថុ​នៃ​ការសម្រុះសម្រួល និង​ផ្សះផ្សា​ដោយ​ក្រសួង​ឬ​មន្ទីរ។

ក្រសួង ឬ​មន្ទីរ​សម្រុះសម្រួល​និង​ផ្សះផ្សា​វិវាទ តាម​ការស្នើសុំ​របស់​ភា​គី​វិវាទ​ក្នុងរយៈពេល២ (ពីរ) ខែ​យ៉ាងយូរ។

ការផ្សះផ្សា​វិវាទ អាចឈាន​ទៅដល់​ការចុះ​កិច្ចព្រមព្រៀង​ផ្សះផ្សា ដែល​ត្រូវ​ចុះហត្ថលេខា​ដោយ​គូភាគី​វិវាទ និង​មាន​ការទទួល​ដឹងឮ​ដោយ​នាយកដ្ឋាន​ឬ​មន្ទីរ។ កិច្ចព្រមព្រៀង​ផ្សះផ្សា មាន​អានុភាព​អនុវត្តភ្លាមៗចំពោះ​គូភាគី។ គូភាគី​វិវាទ ដែល​មិន​ពេញចិត្ត​ចំពោះ​សេចក្តីសម្រេច ឬ​វិធានការផ្សេងៗរបស់​ក្រសួង​ឬ​មន្ទីរ មាន​សិទ្ធិ​ដាក់ពាក្យ​បណ្តឹងតវ៉ា​មក​ក្រុមប្រឹក្សា​នីតិកម្ម នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ មុននឹង​អនុវត្ត​ដី​តិ​វិធី​បណ្តឹង​ទៅ​តុលាការ លើកលែងតែ​រឿង​ព្រហ្មទណ្ឌ។

ក្រុមប្រឹក្សា​នីតិកម្ម​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ត្រូវ​ដោះស្រាយ​បណ្ដឹង​ក្នុង​រយៈពេល៩០ថ្ងៃ នៃ​ថ្ងៃ​ធ្វើការ ក្រោយពី​ទទួលបាន​ពាក្យ​បណ្តឹងតវ៉ា ឬ​ក្នុង​រយៈពេល​មួយ​សមស្រប។ក្នុងការ​ដោះស្រាយ​វិវាទ ក្រុមប្រឹក្សា​នីតិកម្ម​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ អាច​អញ្ជើញ​ភាគី​ពាក់ព័ន្ធ​វិវាទ ដើម្បី​សាកសួរ ឬ​ផ្តល់​ភស្តុតាង​តាម​ការចាំបាច់។

សេចក្តីសម្រេច​ស្តីពី​ការដោះស្រាយ​វិវាទ ត្រូវធ្វើ​ឡើងជា​លាយលក្ខណ៍​អក្សរ ដោយមាន​បញ្ជាក់​អំពី​អង្គហេតុ សំអាង​ហេតុ និង​ការសន្និដ្ឋាន។ ក្នុងករណី​មិន​ពេញចិត្ត​នឹង​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សា​នីតិកម្ម ភាគី​វិវាទ​អាចដាក់​ពាក្យ​បណ្តឹងតវ៉ា ទៅ​តុលាការ​មាន​សមត្ថកិច្ច ដោយ​អនុលោម​តាម​បទ​ប្បញ្ញត្តិ​ជា​ធរមាន៕

ដីធ្លី​នៅក្នុង​ខេត្តកំពត​នៅ​តំបន់​ខ្លះ​មានតម្លៃ​ត្រឹម២០ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​នៅឡើយ

ដោយៈ រ៉ា​ណេ​ត

កំ​ពតៈ ខេត្តកំពត​ត្រូវបាន​ក្លាយទៅជា​គោលដៅ ដ៏​ទាក់ទាញ​របស់​អ្នកវិនិយោគ និង​អភិវឌ្ឍន៍ ក្នុង​វិស័យ​អចលនទ្រព្យ​ជាច្រើន ខណៈ​គម្រោង​សាងសង់​មួយចំនួន​កំពុងដំណើរការ​ដែល​កាន់តែ​ធ្វើឱ្យ​តម្លៃ​ដី នៅលើ​ទីផ្សារ​មានការ​ឡើងជា​បន្តបន្ទាប់។

ទោះជា​យ៉ាងណាក៏ដោយ​ណ អ្នកប្រតិបត្តិ​ផ្នែក​ដីធ្លី និង​កំពុង​រស់នៅក្នុង​ខេត្ត​មួយ​នេះ​អះអាងថា តម្លៃ​ដី​ថ្លៃ​ខ្ពស់​ទៅតាម​តំបន់​ប៉ុណ្ណោះ ព្រោះ​នៅ​តំបន់​ខ្លះ​ដី​តម្លៃ​ក្រោម២០ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​ក៏មានដែរ។

លោក​សុខ ប៊ុនធឿន ដែលជា​ប្រតិបត្តិ​ករ​ផ្នែក​ដីធ្លី​នៅក្នុង​ខេត្តកំពត បាន​ប្រាប់ឱ្យដឹង​នៅ​ល្ងាច​ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ថា នៅក្នុង​ខេត្តកំពត​មាន​គម្រោង​អភិវឌ្ឍន៍​ជាច្រើន​ជាពិសេស​នៅ​តំបន់​ជាយក្រុង ជាពិសេស​គម្រោង​បណ្តុំ​លំនៅដ្ឋាន ហើយ​ក្រៅពីនេះ​ជា​គម្រោង​អភិវឌ្ឍន៍ ជា​កន្លែង​កម្សាន្ត​ធម្មជាតិ​កែច្នៃ និង​មានការ​សាងសង់​ផ្ទះ​លំហែរ​លក់​ផងដែរ។

លោក​បន្តថា កាលពីដើមឆ្នាំ២០២១ មានការ​ផ្អើល​តាម​គ្នា​ទៅលើ​គម្រោង​បង្កើត​ក្រុង​បូកគោ​ថ្មី ដែល​ធ្វើឱ្យ​តៃ​ម្ល​ដី​មួយចំនួន​ឡើងថ្លៃភ្លាមៗ ជាពិសេស​ដី​នៅក្នុង​ឃុំ​មួយចំនួន​ដែក​ត្រូវបាន​កាត់​ចូល​ក្រុង ដែល​ស្ថិតនៅ​ក្នុងស្រុក​ទឹកឈូ ខណៈដី​ដែល​ធ្លាប់តែ​លក់​មួយ​ឡូ​តិ៍​ទំហំ​៥x២០ម៉ែត្រ​តម្លៃ​ត្រឹម១ម៉ឺន​ដុល្លារ​សោះ ឡើងដល់១៣០០០-១៥០០០ដុល្លារ​ភ្លាម ហើយ​ដី​ដែល​ស្ថិតនៅ​ក្រុង​បូកគោ ក្បែរ​ភ្នំ​បូកគោ​ក៏​មិន​ថោក​នោះដែរ។

លោក​ប៉ុន​ធឿន បន្តថា នៅពេល​មាន​គម្រោង​អភិវឌ្ឍន៍​ណាមួយ​កើតឡើង តម្លៃ​ដី​ក៏​ឡើង​ភ្លាម បើទោះជា​គម្រោង​សាងសង់​មួយចំនួន មិនទាន់​បង្ហាញ​រូបរាង​ផង​នោះ រហូត​មាន​អ្នកខ្លះ ដី​ដែលជា​ចម្ការ​ដាំ​ធុ​រ៉េ​ន ដាំ​ស្វាយ ប្រែក្លាយ​ទៅជា​ដី​ឡូ​តិ៍​ក៏មានដែរ។

យ៉ាងណាក៏ដោយ​លោក​បាន​បញ្ជាក់ថា ដី​នៅក្នុង​ខេត្តកំពត​មិនមែន​ឡើងថ្លៃ​ខ្ពស់​ទាំងអស់​នោះទេ ពោលគឺ​នៅ​តំបន់​ខ្លះ​ដី​មានតម្លៃ មិន​ដល់២០ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​ក៏មាន ប៉ុន្តែ​ដី​ទាំងនោះ​ភាគច្រើន មាន​ទំហំ​ធំ​ចាប់ពី៥ហិកតា​ឡើងទៅ ហើយ​ត្រូវបាន​គេ​ទិញ​សម្រាប់​ធ្វើជា​ចំការ​ធុ​រ៉េ​ន ចំការ​ស្វាយ​ជាដើម ព្រោះ​ស្ថិតនៅ​ឆ្ងាយ​ពី​ក្រុង​បន្តិច និង​ចូល​ពី​ផ្លូវធំ​ទៅក្នុង​ជ្រៅ​ក្បែរ​តំបន់​ជើងភ្នំ៕

ក្រុមហ៊ុន​ផលិត​រថយន្ត​វៀតណាម VinFast បង្ហាញ​មហិច្ឆតា​ហក់​ចូល​ទីផ្សារសហរដ្ឋអាមេរិក

ដោយៈ​សុខុម

វៀតណាម:  ប្រភព​បាន​ទម្លាយ​ថា ក្រុមហ៊ុន​ផលិត​រថយន្ត VinFast ដែលជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន​ធំ​បំផុត​របស់​វៀតណាម Vingroup មាន​ហិ​ច្ឆ​តា​ធំ​គ្រោង​ប្រថុយ​ហក់​ចូលក្នុង​ទីផ្សារ​សហរដ្ឋអាមេរិក ដើម្បី​ដណ្ដើម​ចំណែក​ទីផ្សារ។ នេះ​បើ​យោងតាម​សារព័ត៌មាន The Edge Markets ចុះផ្សាយ​កាលពី​ថ្ងៃទី៣០ មេសា។

ក្រុមហ៊ុន​នេះ​សង្ឃឹមថា រថយន្ត​អគ្គិសនី​ប្រភេទ USV និង​គម្រោង​ជួល​អាគុយ​របស់ខ្លួន នឹងមាន​លក្ខណសម្បត្តិ​ទាក់ទាញ​គ្រប់គ្រាន់ ដើម្បី​ដណ្ដើម​អតិថិជន​ពី​ក្រុមហ៊ុន​ផលិត​រថយន្តកំពូលៗរបស់​សហរដ្ឋអាមេរិក ដូចជា​ក្រុមហ៊ុន Tesla និង General Motors Co ជាដើម។

ប្រភព​ដដែល​បានឱ្យដឹង​ទៀតថា ក្រុមហ៊ុន​ដែល​បច្ចុប្បន្ន ជាប់​ចំណាត់ថ្នាក់​លេខ៥នៅ​វៀតណាម​មួយ​នេះ គ្រោង​ចុះបញ្ជី​នៅ​ផ្សារ​ហ៊ុន​សហរដ្ឋអាមេរិក ហើយ​តម្លៃ​សរុប​របស់​ក្រុមហ៊ុន​នេះ អាច​នឹង​ឈានដល់៦០ពាន់​លាន​ដុល្លារ​ឯណោះ។

លោកស្រី Nguyen Thi Van Anh នាយក​ប្រតិបត្តិ​ក្រុមហ៊ុន VinFast បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ថា ក្រុមហ៊ុន​របស់លោក​ស្រី មាន​គម្រោង​ហក់​ចូល​ទីផ្សារ​អាមេរិក​ខាងជើង និង​អឺរ៉ុប នៅ​ឆ្នាំ២០២២ ។

ក្នុង​បទសម្ភាសន៍​មួយ នៅ​រោងចក្រ​ដ៏​ធំ​ល្វឹងល្វើយ​របស់​ក្រុមហ៊ុន VinFast ជិត​កំពង់ផែ​ក្រុង Haiphong ប្រទេស​វៀតណាម លោកស្រី Nguyen Thi Van Anh បាន​លើកឡើងថា “យើង​នឹង​ហក់​ចូល​ទីផ្សារ​អាមេរិក​ខាងជើង សហរដ្ឋអាមេរិក កាណាដា និង​អឺរ៉ុប ក្នុងពេល​ជាមួយគ្នា។ ហើយ​នៅ​អឺរ៉ុប យើង​នឹង​ហក់​ចូល​ទីផ្សារ​អាល្លឺម៉ង់ បារាំង និង​ហូ​ឡង់” ។

បង្កើតឡើង​ក្នុង​ឆ្នាំ២០១៧ ដោយ​មនុស្ស​មួយក្រុម ដែល​ដឹកនាំ​ដោយ​អតីត​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន General Motors Co ក្រុមហ៊ុន​នេះ មាន​គោលដៅ​ប្រកួតប្រជែង​លើ​ទំហំ​រថយន្ត និង​តម្លៃ ហើយ​លោកស្រី Nguyen Thi Van Anh បាន​ពោល​សរសើរ​ថា រថយន្ត VinFast “ប្រណីត​ជាង” រថយន្ត​ដែលមាន​លក់​នៅលើ​ទីផ្សារ​បច្ចុប្បន្ន។

រថយន្ត VinFast ក៏​នឹង​ភ្ជាប់​មកជា​មួយ​នូវ​គម្រោង​ជួល​អាគុយ​ផងដែរ។ នោះ​មានន័យថា តម្លៃ​អាគុយ​ដែលជា​ផ្នែក​ដ៏​ថ្លៃ​បំផុត​មួយ នៃ​រថយន្ត​អគ្គិសនី នឹងមិន​រាប់បញ្ចូល​ក្នុងតម្លៃ​ចុងក្រោយ​ឡើយ ដែល​ធ្វើឱ្យ​រថយន្ដ​មានតម្លៃ​ធូរ​ថ្លៃ​ច្រើនជាង​ធម្មតា។

យោងតាម​បទ​បង្ហាញ​របស់​ក្រុមហ៊ុន​បង្ហាញថា រថយន្ត VinFast នឹងមាន​តម្លៃ​ធូរ​ថ្លៃ​ជាង​រថយន្ត​អគ្គិសនីផ្សេងៗទៀត។

ជាទូទៅ​រថយន្ត SUV របស់ Tesla លក់​ក្នុងតម្លៃ​ប្រមាណ៥០.០០០ដុល្លារ ប៉ុន្តែ​លោកស្រី Nguyen Thi Van Anh ដែល​គ្រោង​ផ្លាស់​ទីលំនៅ​ពី​ក្រុង​ហាណូយ ទៅ​រស់នៅ​រដ្ឋ​ឡូ​ស​អែន​ជើ​ឡេស នៅ​ខែឧសភា​នេះ ដើម្បី​ដឹកនាំ​ប្រតិបត្តិការ​របស់​ក្រុមហ៊ុន​នៅ​សហរដ្ឋអាមេរិក មិនបាន​បង្ហើប​ពី​តម្លៃ​រថយន្ត VinFast នោះឡើយ៕

វិភាគ​សង្គមៈ​ជីវិត​ត្រូវតែ​ធ្វើដំណើរ​ទៅមុខ​ជាមួយនឹង​គោលដៅ​ជាក់លាក់​ដូចម្តេច?

ភ្នំពេញៈ ពេលវេលា ដែល​យើង​បាន​ចាយ​ជា​រៀងរាល់​ថ្ងៃនេះ គឺ​នឹង​មិនអាច​ត្រឡប់មកវិញ ប្រៀបដូចជា​ទឹក​ដែល​ហូរ​ពី​ទី​ខ្ពស់​ចុះទៅ​ទាប ហើយ​មិនអាច​ហូរ​ឡើង​មកពី​ទី​ខ្ពស់​វិញ​បាន​អ៊ីចឹង។

អាយុ​របស់​យើង​គឺមាន​តែ​កើត​ពី​តិច​ទៅ​ច្រើន ពីមួយ​ឆ្នាំទៅ​ពីរ​ឆ្នាំ ពី​ពីរ​ឆ្នាំទៅ​បី​ឆ្នាំ ពី​ក្មេង​ដល់​ពេញវ័យ ពី​ពេញវ័យ​ដល់​ចាស់ជរា ពី​ចាស់ជរា​ដល់​ស្លាប់។ មនុស្ស​យើង​មុន​និង​ក្រោយ គឺ​គង់តែ​ស្លាប់​ដូចគ្នា ប៉ុន្តែ​មុននឹង​យើង​ត្រូវស្លាប់ យើង​ក៏​គួរតែ​រស់នៅ​ឱ្យមាន​តម្លៃ​ជាមុនសិន។ ប៉ុន្តែ​តើ​ត្រូវ​រស់នៅ​យ៉ាងណា​ឱ្យមាន​តម្លៃ? មនុស្ស​ដែល​រស់នៅ​ប្រកបដោយ​គុណធម៌​គឺជា​មនុស្ស​ដែលមាន​តម្លៃ។

មនុស្ស​ដែលមាន​គោលដៅ​ច្បាស់លាស់ គឺជា​មនុស្ស​ដែលមាន​តម្លៃ។មនុស្ស​ដែល​ដឹងថា ខ្លួន​ត្រូវស្លាប់​ដើម្បី​អ្វី ឬ​សុខចិត្ត​ស្លាប់​ដើម្បី​បុព្វ​ត្រឹមត្រូវ​មួយ គឺជា​មនុស្ស​ដែលមាន​តម្លៃ។ មនុស្ស​យើង បើ​គ្មាន​គោលដៅ​មួយ​ច្បាស់លាស់​ទេ ប្រាកដជា​ចំណាយពេល​ឥតប្រយោជន៍ មាន​អារម្មណ៍​ថា​តែលតោល គ្មាន​ទីពឹង អស់សង្ឃឹម នៅក្នុង​ជីវិត​ជាក់​ជាមិនខាន​ឡើយ។

បើ​យើង​និយាយ​ពី​ការកំណត់​គោលដៅ​វិញ មនុស្សម្នាក់ៗគឺមាន​គោលដៅ មាន​ក្ដី​ស្រមៃ មានបំណង​ប្រាថ្នាខុសៗគ្នា។ ការ​មាន​ក្ដី​ស្រមៃខុសៗគ្នា​នេះ អាចមកពី​ចំណង​ចំណូលចិត្ត បរិបទ​នៃ​ការរស់នៅ ឬក៏​ចំណេះដឹង​ដែលម្នាក់ៗមាន។ យ៉ាងណាក៏ដោយ មនុស្ស​យើង​គប្បី​មាន​ក្ដី​ស្រមៃ​ឱ្យ​ធំ ប៉ុន្តែ​សូម​ចាប់ផ្ដើម​ពី​ការប្រឹងប្រែង​ធ្វើ​រឿងតូចៗឱ្យបាន​ផល​ច្រើន​សិន។

ខាងក្រោម​នេះ ជា​វិធីសាស្ត្រ​សម្រាប់​ឱ្យ​យើង យកទៅ​ធ្វើជា​គ្រឹះ​ក្នុងការ​កំណត់​គោលដៅ​ជីវិត។ វា​ត្រូវបាន​គេ​ហៅថា Smart Goal ។

១- S = Specific ៖ (មាន​ភាពច្បាស់លាស់) គឺ​ត្រូវ​ប្រាកដប្រជា​ជាមួយនឹង​គោលដៅ​ដែល​ខ្លួន​បានកំណត់។ បំណងប្រាថ្នា​គឺជា​អ្វីដែល​យើង​ចង់បាន ប៉ុន្តែ​គោលដៅ​គឺ​អ្វីដែល​យើង​បានកំណត់​យ៉ាងច្បាស់​លាស់​ថា នឹង​សម្រេច​វា​ឱ្យបាន ដូច្នេះ យើង​វា​ទាមទារ​ឱ្យ​យើង​ច្បាស់លាស់ ជាមួយនឹង​គោលដៅ​របស់​ខ្លួនឯង ដោយ​មិន​ងាករេ​ទៅខាង​ឆ្វេង​ឬ​ទៅខាង​ស្ដាំ​ដូច​ចុងស្រល់​ដែល​ត្រូវ​ខ្យល់​បោកបក់​ឡើយ។

២- M = Measurable ៖ (អាច​វាស់វែង​បាន) គឺជា​ការដាក់​គោលដៅ​ឱ្យ​សមល្មម​ឬ​លើសពី​សមត្ថភាព​របស់​យើង​ប​ន្ថិ​ច ពោលគឺ​មិនតូច​ពេក​ឬ​ធំ​ពេក​ឡើយ។ គោលដៅ​តូច​ពេក វា​ងាយ​នឹង​សម្រេច​ជោគជ័យ ធ្វើឱ្យ​សក្ដានុពល​ពិតប្រាកដ​របស់​យើង មិនបាន​ចេញមកក្រៅ​ទាំងអស់។ ហើយ​គោលដៅ​ធំ​ពេក វា​នឹង​មិនអាច​សម្រេចបាន នាំឱ្យ​យើង​បាក់​ទឹកចិត្ត គ្មាន​អារម្មណ៍​ប្រឹងប្រែង​បន្ត។

៣- A = Achievable៖ ដែល​អាច​សម្រេចបាន គឺ​សំដៅ​ដល់​ការកំណត់​គោលដៅ​ឱ្យ​សមស្រប​ឬ​ស៊ីគ្នា​នឹង​ច្បាប់ធម្មជាតិ។ បុគ្គល​ដែល​ប្រឹងប្រែង​ប្រឆាំងនឹង​ធម្មជាតិ ដោយ​សេចក្ដី​ងប់​ង​ល់ ពោលគឺ​ពុំ​យល់​សភាព​នៃ​ធម្មជាតិ បុគ្គល​នោះ​នឹងរង​នូវ​ការឈឺចាប់​ទាំង​ផ្លូវកាយ​និង​ផ្លូវចិត្ត។

៤- R = Realistic៖ ភាពប្រាកដនិយម គឺ​សំដៅលើ​ភាពប្រាកដនិយម​ជាមួយនឹង​គោលដៅ ដោយ​ពុំមែន​ចេះតែ​ស្មាន​ផ្ដេ​ស​ច្បាស់លាស់​នោះទេ។

៥- T = Time ៖ កំណត់​ពេលវេលា គឺ​សំដៅ​ដល់​ការកំណត់​កាលបរិច្ឆេទ​នៃ​ការចាប់ផ្ដើម​និង​បញ្ចប់​គោលដៅ។ បើ​មាន​គោលដៅ គឺ​ត្រូវតែមាន​ផែនការ កាលបើ​មាន​ផែនការ​ហើយ ត្រូវតែ​ហ៊ាន​ចាប់ផ្ដើម​ធ្វើ។ ចេញ​សកម្មភាព​កាន់តែ​លឿន យើង​ក៏​ឆាប់​ទទួលបាន​លទ្ធផល​ដូចគ្នា ផ្ទុយទៅវិញ បើ​យើង​រវល់​តែ​ដេកចាំ​ពេលវេលា ឬ​នៅ​ស្ងៀម​មិន​ព្រមធ្វើ​អ្វី​សោះ​គោលដៅ​មួយ​នោះ​ក៏​មិនអាច​សម្រេច​បានដែរ។

លោក Winston Churchill អតីត​នាយករដ្ឋមន្ត្រី​អង់គ្លេស​បាន​និយាយថា “បើ​អ្នក​រវល់​តែ​រើស​ដុំថ្ម​គប់​ឆ្កែ ដែល​ព្រុស​នៅតាម​ផ្លូវ នោះ​អ្នក​មិនអាច​ដើរ​ដល់​គោលដៅ​អ្នក​បានឡើយ” ។

មុនពេល​ដែល​យើង​ចេញដំណើរ យើង​ត្រូវ​ត្រៀមខ្លួន​និង​កំណត់​ពី​ទិសដៅ ដែល​ត្រូវ​ទៅ​ឱ្យបាន​ច្បាស់​ជាមុនសិន។ បន្ទាប់​បាន​ត្រៀមខ្លួន និង​កំណត់​ពី​ទិសដៅ​រួចហើយ វា​ជា​ពេលដែល​យើង​ត្រូវធ្វើ​ដំណើរ។ នៅក្នុង​ការធ្វើការងារ វា​ប្រាកដ​ណាស់​ដែល​យើង​ត្រូវ​ជួប​ឧបសគ្គ ត្រូវគេ​ប្រមាថ ត្រូវគេ​មើលងាយ ត្រូវគេ​រិះគន់ថា​យើង​ជាម​នុស្ស​ឆ្គួ​ត​ជាដើម។

នៅក្នុង​សង្គម​រស់នៅ​គឺ​វា​បែប​ហ្នឹង បើ​យើង​ធ្វើ​អ្វីមួយ​ខុសពី​គេ គេ​នឹង​គិតថា​យើង​ឆ្គួ​ត។ ប៉ុន្តែ​បើ​មនុស្ស​យើង​ចេះ​ឆ្គួ​ត​នឹងធ្វើ​រឿង​ល្អ ឆ្គួ​ត​នឹងធ្វើ​រឿង​មានតម្លៃ នោះ​យើង​ក្លាយទៅជា​មនុស្ស​ល្អ។ មនុស្ស​ល្អ គឺជា​មនុស្ស​ដែល​ចេះ និង​ទូន្មាន​ខ្លួនឯង​ឱ្យធ្វើ​រឿង​ល្អ ធ្វើ​រឿង​ត្រឹម​ត្រូវបាន។

បើ​យើង​បានធ្វើ​រឿង​ល្អ ធ្វើ​រឿង​ត្រឹមត្រូវ នោះ​គឺ​បានសេចក្ដីថា​យើង​បាន និង​កំពុងតែ​លះបង់​នូវ​អំពើអាក្រក់​ទាំងឡាយ​ចោល។ ដូចគ្នា​ដែរ ក្នុងការ​ធ្វើដំណើរ​ឆ្ពោះទៅរក​គោលដៅ​ជីវិត យើង​គប្បី​ចេះ​អត់ធ្មត់ ចេះ​ទ្រាំ​នឹង​ឧបសគ្គ។ រឿង​ខ្លះ​យើង​មិនគួរ​ចំណាយពេល​ទៅ​បកស្រាយ​ឡើយ ព្រោះ​ការពិត​គង់តែ​ត្រូវបាន​គេ​ដឹងលឺ​ដដែល ប្រៀបដូចជា​មនុស្ស​ល្អ​ទោះបី មិនបាន​ប្រាប់​គេ​ថា​យើង​ជាម​នុស្ស​ល្អ ក៏​គង់​តែមាន​គេ​ទទួលស្គាល់ មាន​គេ​និយាយ​ល្អ​ពី​យើង​ដែរ។

បើ​យើង​រវល់​តែ​អួត​ប្រាប់​អ្នកដទៃ​ថា​យើង​ជា​មនុស្ស​ល្អ នោះ​យើង​នឹង​គ្មាន​ពេលធ្វើ​រឿង​ល្អ​នោះទេ៕ អត្ថបទ​ដោយ៖ ឈឿន សុជាតិ (ស្មេរ​សង្គម)៕ 

លំហូរ​សាច់ប្រាក់​ពី​ធនាគារ​នឹង​ជំរុញ​វិស័យ​អចលនទ្រព្យ​កម្ពុជា​ឱ្យ​ងើប​វិញ​ឆាប់រហ័ស​បន្ទាប់ពី​វិបត្តិ​កូ​វីដ១៩

ដោយៈ ប៊ី

ភ្នំពេញៈ វិស័យ​ធនាគារ​នឹង​ដើរតួរ​នាទី​សំខាន់ ក្នុងការ​ជំរុញ​វិស័យ​អចលនទ្រព្យ​កម្ពុជា​ឱ្យ​ងើប​វិញ​ឆាប់រហ័ស តាមរយៈ​ការផ្តល់​ឥណទាន ដល់​អ្នកពាក់ព័ន្ធ​នៅក្នុង​វិស័យនេះ ដែល​អាចជួយ​ដល់​ចរន្ត​ទិញ​លក់​មាន​សកម្មភាព បន្ទាប់​វិបត្តិ​កូ​វីដ១៩ មាន​ធូរស្រាល ឬ​ត្រូវបាន​គ្រប់គ្រង។

ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា លោក​ច្រឹ​ក សុខ​នី​ម បាន​ថ្លែងប្រាប់ Propertyarea.asia កាលថ្មីៗនេះ​ថា ដើម្បីឱ្យ​អចល​លន​ទ្រព្យ​វិស័យនេះ​នៅ​បន្ត​ភាពរឹងមាំ​កាន់​យូរ​តទៅទៀត យើង​គួរតែ​ជួយ​ជំរុញ​ការផ្តល់​ឥណទាន ពាក់ព័ន្ធ​ទៅនឹង​វិស័យ​អចលនទ្រព្យ​នេះ តាមរយៈ​ធនាគារ ឬ​ធនាគារពាណិជ្ជ ដែលជា​ដៃគូ​របស់​រដ្ឋាភិបាល ដើម្បី​ផ្តល់​កម្ចី​ទៅឱ្យ​អ្នក ដែល​ពាក់ព័ន្ធ មានលទ្ធភាព​យក​កម្ចី​នេះ​ប្រើប្រាស់​បន្តទៀត។ ច្នេះ​វិស័យ​អចលនទ្រព្យ​នៅតែ​បន្ត​កំណើន​របស់ខ្លួន និង​ទ្រទ្រង់​ទៅឱ្យ​ផ្នែកផ្សេងៗទៀត។

លោក​បាន​ថ្លែងបន្តថា “ប្រាក់កម្ចី​នៅតែ​បន្ត​កើតមាន ដូច្នេះ​ចរន្ត​ទិញ​លក់​អចលន​ត្រ​ព្យ​នៅតែមាន ទោះបី​ជាមាន​បញ្ហា​ប្រឈម​នឹង​វិបត្តិ​កូ​វីដ១៩ក៏ដោយ” ។ លោក​បន្តថា “ទោះបី​នាបច្ចុប្បន្ន លំហូរ​វិនិយោគ​ពី​ប្រទេស​ត្រូវបាន​រាំងស្ទះ ដោយសារ​វិបត្តិ​កូ​វិដ១៩ ប៉ុន្តែ​វិនិយោគិន​ក្នុងស្រុក​បាន និង​កំពុង​ដើរតួនាទី​យ៉ាងសំខាន់ ក្នុងការ​ជំរុញ​វិស័យ​អចលនទ្រព្យ​ឱ្យមាន​ការរីកចម្រើន” ។

លោក​បាន​ថ្លែង​បន្តទៀតថា ការជំរុញ​ការផ្តល់​កម្ចី​ដល់​វិស័យ​អចលនទ្រព្យ​នឹង​ជួយ​វិស័យ​មានការ​រីកលូតលាស់​បាន​ឆាប់រ​ហ័យ​ឡើងវិញ និង​ក៏​ដូច​ចូលរួមចំណែក​ដល់​សេដ្ឋកិច្ច បន្ទាប់ពី​វិបត្តិ​កូ​វីដ១៩ ត្រូវបាន​គ្រប់គ្រង ឬ​បញ្ចប់​ទាំងស្រុង។

នៅ​ត្រីមាស​ចុងក្រោយ​ឆ្នាំ២០២០កន្លងមកនេះ សមតុល្យ​ឥណទាន​លក្ខណៈ​បុគ្គល​ចំនួន ៩,៧៦ ពាន់​លាន​ដុល្លារ។ នេះ​បើ​យោងតាម​ការ​របាយការណ៍​របស់​ក្រុមហ៊ុន​ក្រេ​ឌី​ត ប្យួ​រ៉ូ ខេ​ម​បូ​ឌា ខូ អិ​ល​ធី​ឌី (CBC) ។

របាយការណ៍​បានឱ្យដឹងថា កម្ចី​អចលនទ្រព្យ​មាន​លើស​ពាក់កណ្តាល នៃ​សមតុល្យ​ឥណទាន​លក្ខណៈ​បុគ្គល​សរុប៥២,០០ភាគរយ ស្មើនឹង​ប្រមាណ៥.០៧ពាន់​លាន​ដុល្លារ។ ចំណែកឯ​សមតុល្យ​ឥណទាន​ហិរញ្ញវត្ថុ ផ្ទាល់ខ្លួន​មាន​ចំណែក៤៧,៤០ភាគរយ។

លោក​ឆា​រស៍ វ៉ាន់​អគ្គនាយករង​ធនាគារ​កាណាឌីយ៉ា បាន​មានប្រសាសន៍​ឲ្យ​ដឹង​កន្លងមក​ថា ធនាគារ​មាន​តួនាទី​សំខាន់​ណាស់ ក្នុងការ​ផ្តល់​ចរន្ត​សាច់ប្រាក់​ទៅក្នុង​សេដ្ឋកិច្ច ដើម្បី​ឲ្យ​សេដ្ឋកិច្ច​មានដំណើរ​ការ​ល្អប្រសើរ ហេតុនេះ​តួនាទី​ធនាគារ​ជា​រឿង​មិនអាច​ខ្វះ​បាន ក្នុងការ​ផ្តល់​តួនាទី​ស្នូល​ក្នុង​សេដ្ឋកិច្ច​ផង និង​សង្គម​ផង។

ទោះជា​យ៉ាងណា​លោក​បណ្ឌិត​ម៉ី កល្យាណ​ទីប្រឹក្សា​ជាន់ខ្ពស់ នៃ​ឧ​ត្ត​ម​ទីប្រឹក្សា​សេដ្ឋកិច្ចជាតិ​ធ្លាប់បាន​ព្រមាន​ថា ការផ្តល់​ឥណទាន​កើនឡើង​ខ្ពស់​ពេក ធៀប​នឹង​ផលទុនជាតិ​សរុប នឹងធ្វើ​ឲ្យ​មាន​ហានិភ័យ​ក្នុង​សេដ្ឋកិច្ច ប៉ុន្តែ​ឥណទាន​មាន​សារៈសំខាន់​ណាស់​ក្នុង​ការជួយ​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​មាន​កំនើន។

លោក​បន្តថា “ឥណទាន​ប្រៀបដូចជា​ខ្លាញ់​ក្នុង​ខ្លួន​របស់​មនុស្ស ដែល​រាងកាយ​មនុស្ស​ត្រូវការ​ខ្លាញ់​ដើម្បី​ដំណើរការ ប៉ុន្តែ​ការដែល​រាងកាយ​មាន​ខ្លាញ់​ច្រើនពេក ក៏​សុខភាព​រាងកាយ​មិនល្អ​ផងដែរ” ៕

កម្ពុជា​នឹង​អាច​ទាញយក​ប្រយោជន៍​យ៉ាងច្រើន​ពី​គម្រោង​អភិវឌ្ឍន៍ធំថ្មីៗចំនួន៣របស់​ថៃ

ដោយៈ ម៉ា​ណេ​ត

ភ្នំពេញៈ គណៈកម្មាធិការ​គោលនយោបាយ​ច្រករបៀង​សេដ្ឋកិច្ច​កើត (EEC) របស់​ថៃ បានអនុម័ត​លើ​ការសិក្សា​លទ្ធភាព គម្រោង​អភិវឌ្ឍន៍​ថ្មី​ចំនួន៣ ដែលមាន​តម្លៃ១,១៨ទ្រី​លាន​បាត ក្នុង​គោលបំណង​បង្កើត​ការតភ្ជាប់​រវាង​ច្រក EEC របស់​រដ្ឋាភិបាល និង​ឧស្សាហកម្ម​ក្នុង​តំបន់។ នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់​កាសែត​បាងកក​ប៉ុស្តិ៍ កាលពីថ្មីៗនេះ។

គម្រោង​ថ្មី​ចំនួន៣ គឺ​កំពង់​ផែស្ងួត​ចំនួន៣ ដែលមាន​តម្លៃ​សរុប២៤ពាន់​លាន​បាត​នៅ​ស្រុក Khon Kaen ខេត្ត Nakhon Ratchasima និង Chachoengsao។ កំពង់ផែ​សមុទ្រ​ទឹក​ជ្រៅ ផ្លូវ​ហាយ​វេ និង​បណ្តាញ​អភិវឌ្ឍន៍​ផ្លូវដែក​ពីរ​ខ្សែ ភ្ជាប់​ឈូង​សមុទ្រ​ថៃ និង​សមុទ្រ Andaman មានតម្លៃ១៦៨ពាន់​លាន​ដុល្លារ និង​គម្រោង​ស្ពាន​ថៃ (សាផាន​ថៃ) មានតម្លៃ៩៩០ពាន់​លា​បាត។

កំពង់ផែ​ស្ងួត​ទាំង៣ នឹង​ត្រូវបាន​អភិវឌ្ឍ​ដើម្បី​ភ្ជាប់​ច្រករបៀង EEC ជាមួយ​ប្រទេស​កម្ពុជា ឡាវ មី​យ៉ាន់​ម៉ា វៀតណាម និង​ចិន។ គណៈកម្មាធិការ​រំពឹង​ថា យុទ្ធសាស្ត្រ​ភ្ជាប់​នឹង​មានន័យថា នឹង​បន្ថែម​កុងតឺន័រ​ចំនួន២លាន​កុងតឺន័រ បន្ថែមទៀត​ដល់​កំពង់​ផែ Laem Chabang ។

គណៈកម្មាធិការ​ដែល​ដឹកនាំ ដោយ​លោកនាយក​រដ្ឋមន្ត្រី​ប្រា​យុ​ធ ចាន​អូ​ចា បាន​ឯកភាព​ថា ការអភិវឌ្ឍ​គម្រោង​ថ្មី​ចំនួន៣ នឹង​ជួយ​ពង្រឹងសមត្ថភាព​ប្រកួតប្រជែង​របស់​ច្រករបៀង EEC និង​បង្កើត​ទំនាក់ទំនង​រវាង EEC និង​គម្រោង​អភិវឌ្ឍន៍​តំបន់​ស្រដៀង​គ្នា​នេះ។

អគ្គលេខាធិការ​ការិយាល័យ​ច្រករបៀង EEC លោក Kanit Sangsubhan មានប្រសាសន៍ថា ការិយាល័យ​របស់លោក​មាន​ភារកិច្ច ដោះស្រាយ​ការសិក្សា​លទ្ធភាព​នៃ​គម្រោង​ទាំង៣ ។

លោក Kanit បាន​និយាយថា ការិយាល័យ​មាន​គោលបំណង បញ្ចប់​ការសិក្សា​លើ​កំពង់​ផែស្ងួត Chachoengsao ដែលមាន​តម្លៃ​ប្រមាណ៨ពាន់​លាន​បាត នៅ​ឆ្នាំ២០២១នេះ ដោយ​ការសាងសង់​ចំណាយពេល២ឆ្នាំ​ទៀត។

ការសិក្សា​លើ​កំពង់ផែ​ស្ងួត​ចំនួន២កន្លែង​ទៀត នៅ​តំបន់ Khon Kaen និង​ណា​ខុន​រ៉ា​ក់សី​ម៉ា ដែលមាន​តម្លៃ​សរុប១៦ពាន់​លាន​បាត គ្រោង​នឹង​បញ្ចប់​នៅ​ឆ្នាំ២០២២ ហើយ​ចំណាយពេល​ពីរ​ឆ្នាំ ដើម្បី​សាងសង់។

កំពង់ផែ​ស្ងួត​ទាំង៣ នឹង​ត្រូវបាន​អភិវឌ្ឍន៍ ដើម្បី​ត​ភ្ជាប់​ច្រករបៀង EEC ជាមួយ​ប្រទេស​ឡាវ កម្ពុជា មី​យ៉ាន់​ម៉ា វៀតណាម និង​ចិន។

គណៈកម្មាធិការ​រំពឹង​ថា យុទ្ធសាស្ត្រ​ត​ភ្ជាប់​នេះ នឹង​គាំទ្រ​ដល់​កុងតឺន័រ​ចំនួន២ លាន​កុងតឺន័រ​បន្ថែមទៀត​ដល់​កំពង់ផែ Laem Chabang ៕