ហេតុ​អី​ត្រូវ​វិនិយោគ​លើ​អចលនទ្រព្យ​កំឡុង​វិបត្តិ សូម​ពិនិត្យមើល​គុណសម្បត្តិ​ទាំងនេះ

ដោយៈ ស៊ីវ ម៉េង

ភ្នំពេញៈ ការវិនិយោគ​អចលនទ្រព្យ កំឡុងពេល​មាន​វិបត្តិ​សេដ្ឋកិច្ចម្តងៗ វា​ជា​ពេលវេលា​មាស ដែល​អាចបង្កើត​មាស សម្រាប់​អ្នកមាន​ធនធាន​ច្រើន មិនមាន​បញ្ហា​លំហូរ​សាច់ប្រាក់។

ការទិញ​អចលនទ្រព្យ​កំឡុង​ពេលនេះ អ្នកនឹង​ទទួលបាន​ផល​វិជ្ជមាន​ច្រើន សម្រាប់​ពេលអនាគត ឬ​ពេល​សេដ្ឋកិច្ច​មាន​ភាពល្អប្រសើ​រ​ឡើងវិញ លោក អ្នកនឹង​មាន​ឳ​កាស​កើប​លុយ។

សហ​ស្ថាបនិក និង​ជា​អគ្គនាយក​គេហទំព័រ Propertyarea.asia ដែល​បាន​តាមដាន​ព៌​ត​មាន និង​ការវិវត្ត​នៃ​វិស័យ​អចលនទ្រព្យ លោក​យិន លាង​គង់់ បាន​ថ្លែងថា កំឡុង​មាន​វិបត្តិ​សេដ្ឋកិច្ច មាន​បញ្ហា និង​ឳ​កាស​នៅ​ជាមួយគ្នា។ អ្នកមាន​បញ្ហា​គឺ​ស្ទះ​លំហូរ​សាច់ប្រាក់ ចំណែក​អ្នកមាន​ឳ​កាស គឺ​អ្នកមាន​ធនធាន​ច្រើន ដែល​អាច​ចាប់​ឳ​កាស​វិនិយោគ​កំឡុង​ពេលនេះ។

ទិញ​បាន​តម្លៃ​ល្អ

តាម​ធម្មតា​នៅពេល​សេដ្ឋកិច្ច​មាន​បញ្ហា ពិសេស​កំឡុង​វិបត្តិ​កូ​វីដ ដែល​បានអូសបន្លាយ​នៅលើ​ពិភពលោក និង​កម្ពុ​ជាជាង១ឆ្នាំនេះ បានធ្វើ​ឲ្យ​មនុស្ស​ជាច្រើន​បាត់​បង់លុយ ស្ទះ​លំហូរ​សាច់ប្រាក់។ ហេតុនេះ ពួកគេ​នឹង​បញ្ចេញ​អចលនទ្រព្យ​របស់ខ្លួន ដើម្បី​ដោះស្រាយ​បញ្ហា​បំណុល​ជាមួយ​ធនាគារ ឬ​ជាមួយនឹង​ដៃគូ​អាជីវកម្ម​របស់ខ្លួនផ្សេងៗទៀត។

បញ្ហា​ប្រឈម​នេះហើយ ដែល​ពួកគេ​ត្រូវ​លក់​អចលនទ្រព្យ​របស់​ពួកគេ​បន្ទាន់ និង​តម្លៃ​អាច​ទាប​ជាង​ទីផ្សារ ដើម្បី​បង្វិល​លុយ​ដោះស្រាយ​បំណុលផ្សេង។

ងាយ​ច​ចារ

នេះ​ជា​ពេលវេលា ដែល​អ្នកទិញ​មាន​ឧត្តមភាព​ច្រើនជាង​អ្នកលក់ ព្រោះ​កំឡុង​ពេលនេះ មាន​មនុស្ស​តុ​ច​តួច​ណាស់​ហាន​វិនិយោគ និង​មាន​លុយ​ច្រើន​សម្រាប់​វិនិយោគ ដូច្នេះ​ចំនួន​អ្នកទិញ​មាន​តិចជាង​អ្នកលក់ ដែល​ធ្វើ​ឲ្យ​អ្នកទិញ​អាច​ចចាត​ម្លៃ​បានល្អ និង​ងាយស្រួល​ទាំង​លក្ខ​ខ័​ណ្ឌ​បង់ប្រាក់ ក៏ដូចជា ទិញ​អចលនទ្រព្យ​បាន​តម្លៃ​ល្អ និង​ទាប​ជាង​ទីផ្សារ។

ប៉ុន្តែ​យ៉ាងណាក៏ដោយ វា​អាស្រ័យ​លើ​សមត្ថភាព​នៃ​ការវិនិច្ឆ័យ​របស់​អ្នកផង​ដែរ​ថា អ្នក​ពិតជា​រកបាន​អចលនទ្រព្យ​ល្អ និង​មានតម្លៃ​ទាប​ជាង​ទីផ្សារ​ពិត​មែនឬ​យ៉ាងណា?។

រក​ប្រភពពី​ណា

ការស្វែងរក​អចលនទ្រព្យ​តម្លៃ​ទាប​ជាង​ទីផ្សារ មិនមែន​ងាយស្រួល​នោះទេ ប៉ុន្តែ​គ្រប់យ៉ាង​សុ​ទ្ឋ​តែមាន​ដំណោះស្រាយ ដោយ​អ្នក​អាច​ស្វែងរក​មេភូមិ មេឃុំ អ្នក​គួ​ក​ជេ​នៅ​មូលដ្ឋាន ដែល​លោកអ្នក​អាច​ស៊ើបសួរ​ស្វែងរក​ព៌​ត​មានបាន។

ជាមួយគ្នានេះ ធនាគារ និង​មីក្រូហិរញ្ញវត្ថុ ក៏​ជា​ប្រភព​សំខាន់​ផងដែរ បើសិនជា​អ្នក​ស្គាល់​អ្នកធ្វើ​ការគ្រប់គ្រង​ផ្នែក​ឥណទាន ឬ​ប្រធាន​សាខា​របស់​ធនាគារ​ណាមួយ ព្រោះ​មានតែ​ធនាគារិក​នេះហើយ ដែលមាន​ព៌​ត​មាន និង​ទិន្នន័យ​អតិថិជន​ក្នុង​ដៃ​ច្រើន ដោយសារ​ចំនួន​ពលរដ្ឋ​បាន​ប្រើប្រាស់​ធនាគារ ឬ​មីក្រូហិរញ្ញវត្ថុ​ច្រើន ដើម្បី​ទទួលបាន​ឥណទាន។

ហេតុនេះ អ្នកមាន​បញ្ហា​ដោះស្រាយ​មិន​ចេញ ពួកគេ​នឹង​ស្វែងរក​ជំនួយ​ពី​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​ហិរញ្ញវត្ថុ​របស់ខ្លួន។

១០ឆ្នាំមាន​ម្តង     

ឳ​កាសល្អៗបែបនេះ មិនមាន​ច្រើន​ឡើយ ប៉ុន្តែ​វា​តែងតែ​កើតមាន​ស្ទើរ​រៀងរាល់១០ឆ្នាំ​ម្តង ដែល​បណ្តា​ប្រទេស​មាន​សេដ្ឋកិច្ចធំៗ នៅលើ​ពិភពលោក តែងតែ​បង្កើត​ឲ្យ​មាន​បញ្ហា​បែបនេះ ដើម្បី​ឲ្យ​ពួកគេ​អាច​គ្រប់គ្រង​ពិភពលោក និង​ទប់ស្កាត់​កុំ​ឲ្យ​ប្រទេសមួយ​ចំនួន​មាន​សេដ្ឋកិច្ច​ងើបឡើង​លឿន​ពេក ដែល​ធ្វើ​ឲ្យ​មហាអំណាចធំៗពិបាក​គ្រប់គ្រង។

វា​ជាប់ទាក់ទង​នឹង​បញ្ហា​ផលប្រយោជន៍ និង​ភូមិសាស្ត្រ​នយោបាយ ព្រោះ​ជម្លោះ​របស់​មហាអំណាចធំៗលើ​ពិភពលោក កើតមាន​ដោ​សារ​បញ្ហា​ផលប្រយោជន៍ និង​ពង្រីក​ឥ​ទ្ឋិ​ពល​លើ​ពិភពលោក​ប៉ុណ្ណោះ៕

បច្ចុប្បន្នភាពៈ ក្រុមហ៊ុន NagaCorp កំពុង “ធ្វើ​ផែនការ​ថ្មី” សម្រាប់​គម្រោង “បឹង​អច្ឆរិយៈ​អង្គរ” តម្លៃ ៣៥០លាន​ដុល្លារ​នៅ​ខេត្តសៀមរាប

ដោយៈសុខុម

ភ្នំពេញ:  បន្ទាប់ពីមានការព្រួយបារម្ភរបស់អង្គការយូណេស្កូ និង ICC Angkor លើគំរោងវិនិយោគបឹងអច្ឆរិយៈរបស់​ក្រុមហ៊ុន Naga Corp តម្លៃ ៣៥០លានដុល្លារនៅខេត្តសៀមរាប បច្ចុប្បន្នក្រុមហ៊ុនលំដាប់អន្តរជាតិនេះ កំពុងរៀបចំ​ផែនការថ្មី ដើម្បីធ្វើយ៉ាងណាឲ្យគម្រោងនេះអាចដំណើរការទៅបាន។

លោក Tim McNally ប្រធានក្រុមហ៊ុនកាស៊ីណូដ៏ល្បីល្បាញ NagaCorp Ltd ប្រចាំតំបន់អាស៊ី បានប្រាប់សារព័ត៌មាន GGRAsia នៅថ្ងៃទី២៦ មីនា នេះថា ក្រុមហ៊ុនបាននិងកំពុង “ធ្វើផែនការថ្មី” សម្រាប់គម្រោងអភិវឌ្ឍន៍រមណីយដ្ឋាន “បឹងអច្ឆរិយៈអង្គរ” ដែលពុំមានបញ្ចូលល្បែងស៊ីសង នៅជិតប្រាសាទអង្គរវត្ត ដែលជាសម្បត្តិបេតិកភណ្ឌពិភព​លោក​របស់អង្គការយូណេស្កូនោះទេ។

ការលើកឡើងបែបនេះរបស់លោក Tim McNally គឺដើម្បីឆ្លើយតបសំណើរបស់សារព័ត៌មាន GGRAsia ដែលសុំឱ្យលោកបញ្ជាក់ជុំវិញ សេចក្ដីប្រកាសព័ត៌មានចេញផ្សាយកាលពីថ្ងៃអង្គារ ទី២៣ មីនា របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈដែលបានលើកឡើងថា សំណើអភិវឌ្ឍន៍គម្រោង “បឹងអច្ឆរិយៈអង្គរ” របស់ក្រុមហ៊ុន NagaCorp ក្នុងទំហំទឹកប្រាក់ ៣៥០លានដុល្លារសហរដ្ឋអាមេរិក នៅលើផ្ទៃដី៧៥ហិកតា ដែលមានចម្ងាយប្រមាណ​៥០០ម៉ែត្រពីតំបន់រមណីយដ្ឋានអង្គរនេះ “ពុំអាចអនុវត្តន៍បានទេនៅក្នុងបរិបទនេះ”។

កាលពីខែកុម្ភៈ អង្គការយូណេស្កូ បានសម្តែងការព្រួយបារម្ភចំពោះសំណើរបស់ក្រុមហ៊ុន NagaCorp ដោយ​បានលើកឡើងថា ភាពនៅកៀកខ្លាំងរបស់គម្រោងនេះ ទៅនឹងតំបន់ទ្រនាប់ការពារនៃប្រាសាទអង្គរវត្ត “ព្រមទាំង​ទំហំវិសាលភាព និងសកម្មភាពគ្រោងទុកនានា ពិតជាអាចជះផលប៉ះពាល់ដល់ “គុណតម្លៃជា​សកលដ៏លេច​ធ្លោរបស់ប្រាសាទអង្គរវត្ត” ដែលត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ” ។

លោក Tim McNally បានប្រាប់សារព័ត៌មាន GGRAsia ថា “យើងបានទទួលស្គាល់ហើយនូវការព្រួយបារម្ភ ដែលអង្គការយូណេស្កូបានលើកឡើង” ។ លោកបានបន្ថែមថា “ជាលទ្ធផលយើងនឹងបន្តធ្វើផែនការថ្មីៗ ដែលអាច​ទទួលយកបាន ដើម្បីសម្រេចគោលបំណងបង្កើតតំបន់ទេសចរណ៍ ហើយទន្ទឹមនេះយើងក៏គោរពភាពអច្ឆរិយៈ ផ្នែកប្រវត្តិសាស្ត្រ និងសាសនានៃតំបន់ប្រាសាទអង្គរវត្តផងដែរ” ។

ក្រុមហ៊ុន NagaCorp ដែលចុះបញ្ជីនៅក្រុងហុងកុង គឺជាម្ចាស់កាស៊ីណូណាហ្គាវើល (NagaWorld) ដ៏ធំដែល​បើកដំណើរការនៅក្នុងរាជធានីភ្នំពេញ។ ក្រុមហ៊ុននេះទទួលបានអាជ្ញាប័ណ្ណផ្តាច់មុខ ក្នុងការបើកកាស៊ីណូ នៅក្នុង​រាជធានីភ្នំពេញ និងនៅតំបន់ជុំវិញភ្នំពេញ។

លោក Tim McNally បានគូសបញ្ជាក់នៅក្នុងអត្ថាធិប្បាយរបស់លោកថា “ដូចដែលខ្ញុំធ្លាប់បានបញ្ជាក់ពីមុនរួច​មកហើយថា ក្រុមហ៊ុន NagaCorp មិនដែលធ្វើផែនការ ឬអនុវត្តគម្រោងអ្វីមួយ ដោយអត្តនោម័តនោះឡើយ ហើយតែងតែស្វាគមន៍មតិយោបល់ពីក្រុមផ្សេងៗ” ។

លោកបានបន្ថែមថា “យើងស្តាប់យោបល់ដោយយកចិត្តទុកដាក់បំផុត និងធ្វើការសម្របសម្រួលយ៉ាងជិតស្និទ្ធ ជាមួយតំណាងសំខាន់ៗរបស់រាជរដ្ឋាភិបាលកម្ពុជា” ។

លោក Tim McNally បានគូសបញ្ជាក់ថា “ទោះបីខ្ញុំមិនអាចផ្តល់កាលវិភាគជាក់លាក់បាននៅពេលនេះក្ដី ក៏ខ្ញុំអាច​បញ្ជាក់បានថា យើងនឹងបន្តអភិវឌ្ឍន៍ផែនការមួយដែលអាចទទួលយកបាន សម្រាប់តំបន់នេះដែលនឹងជួយបំពេញ និងលើកកម្ពស់វិស័យទេសចរណ៍បម្រើផលប្រយោជន៍របស់កម្ពុជា” ។

លោកបានបន្ថែមថា គោលបំណងរបស់យើង គឺដើម្បីធ្វើឱ្យវិស័យទេសចរណ៍ប្រសើរឡើង ហើយទាញយកផល​ប្រយោជន៍ពីវិស័យនេះ ឱ្យបានច្រើនបំផុត ព្រមទាំងជួយលើកតម្លៃប្រាសាទអង្គរវត្ត ដែលជា​សម្បត្តិ​បេតិកភណ្ឌពិភពលោក” ៕

ប្រធាន CVEA ថា​ឆ្នាំ២០២១ ជា​ពេលវេលា​ល្អ​សម្រាប់​អ្នកមាន​ទុនទិញ​អចលនទ្រព្យទុក​វិនិយោគ និង​អភិវឌ្ឍន៍

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ សម្រាប់​ឆ្នាំ២០២១ ដែល​កំពុង​ស្ថិតនៅក្នុង​ស្ថានភាព​ប្រឈម​យ៉ាងខ្លាំង​ទៅនឹង​ការ​រាតត្បាត នៃ​ជំងឺឆ្លង​ស្ទើ​ទូទាំងប្រទេស បាន​បណ្តាលឱ្យ​វិស័យ​ជាច្រើន ទទួលរង​នូវ​ផលប៉ះពាល់​យ៉ាងខ្លាំង រាប់ទាំង​វិស័យ​អចលនទ្រព្យ​ផងដែរ។

ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុ​ជាល​លោក​ច្រឹ​ក សុខ​នី​ម បាន​លើកឡើងថា ក្នុង​កាលៈទេសៈ​បែបនេះ វា​គឺជា​ពេលវេលា​ដ៏​ល្អ​ចំពោះ​អ្នក ដែលមាន​លុយ​គ្រប់គ្រាន់​ទិញ​អចលនទ្រព្យ​ទុក​វិនិយោគ ឬ​អភិវឌ្ឍ​គម្រោង​បាន​យ៉ាង​ល្អប្រសើរ​បំផុត។

លោក​បន្តថា ឆ្នាំ២០២១ គឺជា​ពេលវេលា​មួយ ដែល​ស័ក្ដិសម​បំផុត​សម្រាប់​អ្នក​ដែលមាន​ដើមទុន និង​ចរន្ត​សាច់ប្រាក់​គ្រប់គ្រាន់​ក្នុងការ​វិនិយោគ ឬ​ចាប់ផ្តើម​អភិវឌ្ឍន៍​គម្រោង​របស់​ខ្លួន សម្រាប់​ដាក់បញ្ចូល​ទៅក្នុង​ទីផ្សារ នៅ​អំឡុង​ចុងឆ្នាំ២០២១ ឬ​ដើមឆ្នាំ២០២២ បន្ទាប់ពី​វិបត្តិ​នៃ​ជំងឺ​កូ​វីដ១៩ បញ្ចប់ ក្រោយ​មានការ​ប្រើប្រាស់​វ៉ាក់សាំង​ជា​សាកល។

លោក​បន្តថា “ពេលនេះ​នៅតាម​បណ្តា​ប្រទេសធំៗមួយចំនួន ចាប់ផ្តើម​ប្រើ​វ៉ាក់សាំង ហើយនឹង​បន្ត​នាំ​ចែកចាយ ទៅតាម​បណ្តា​ប្រទេសផ្សេងៗ ដោយឡែក​នៅ​កម្ពុជា​ក៏បាន និង​កំពុង​ប្រើប្រាស់​វ៉ាក់សាំង​នៅក្នុង​ប្រទេស​ដែរ” ។ លោក​បន្តថា “ដូច្នេះ​ក្រោយពេល​មានការ​ប្រើប្រាស់​វ៉ាក់សាំង​ជា​សាកល និង​មាន​ប្រសិទ្ធភាព​ខ្ពស់ ពេលនោះ​ដំណើរការ​នៃ​ចរន្ត​សេដ្ឋកិច្ច​នឹង​ចាប់ផ្តើម​ឡើងវិញ ហើយ​ទីផ្សារ​អចលនទ្រព្យ ក៏​នឹង​ផ្តើម​វិល​ទៅរក​ភាពល្អប្រសើរ​វិញ​ដែរ” ។

លោក​ច្រឹ​ក សុខ​នី​ម​បាន​បន្តថា នៅក្នុង​ឱកាស​នេះ សម្រាប់​អ្នក​លុយ​គ្រប់គ្រាន់ គួរ​ទិញ​ដី ឬ​ផ្ទះ​ទុក​លក់ ឬ​ជួល​យកចំណេញ ក្រោយពេល​តម្លៃ​ចាប់ផ្តើម​ឡើងថ្លៃ​នៅ​ឆ្នាំក្រោយ​ឬ​ឆ្នាំ​បន្ទាប់ ព្រោះ​ពេលនេះ មាន​ម្ចាស់​អចលនវត្ថុ​មួយចំនួន កំពុង​ព្យាយាម​លក់​ទោះ​តម្លៃ​ស្ថិតក្រោម​ទីផ្សារ​ក៏ដោយ។

លោក​ថា ក្រៅពី​តំបន់​ជាយក្រុង និង​នៅ​តំបន់​ផ្លូវ​ក្រវាត់ក្រុង ជាយ​រាជធានី​ភ្នំពេញ ខេត្ត​មួយចំនួន​ក៏មាន​សក្ដានុពល​ក្នុង​ទិញ​ដី​វិនិយោគ ឬ​អភិវឌ្ឍន៍​គម្រោងផ្សេងៗគួរ​សម្លឹង​ទៅកាន់​ខេត្ត​ជាប់មាត់​សមុទ្រ​ចំនួន២ គឺ​ខេត្តកំពត និង​ខេត្ត​កែប ដែលមាន​សក្ដានុពល​ផ្នែក​ទេសចរណ៍។

សម្រាប់​ការវិនិយោគ ក្នុង​វិស័យ​ដីធ្លី​នៅក្នុង​ខេត្ត​ទាំង២នេះ នៅមាន​ឱកាស​ទទួលបាន​ចំណេញ ដោយសារតែ​វិសាលភាព​នៃ​ដី​ទំនេរ​នៅមាន​ច្រើន ហើយ​តម្លៃ​ក៏មាន​ទាន់​ឡើង​ខ្ពស់​ខ្លាំង​នោះដែរ។ ដូច្នេះ​ឱកាស​វិនិយោគ នៅតែមាន​ជាពិសេស​ដី ដែល​ស្ថិតនៅតាម​តំបន់​ជិត​ភ្នំ តំបន់​ជាប់​ព្រែក ដែល​ស័ក្ដិសម​នឹង​ការអភិវឌ្ឍន៍​ជា​តំបន់​កម្សាន្ត ឬ​លំនៅដ្ឋាន​លំហែរ៕

ដំណឹងល្អៈកម្ពុជា-ចិនពិចារណាប្រើប្រាស់លិខិតបញ្ជាក់សុខភាពដើម្បីជំរុញការធ្វើដំណើរចេញចូលរវាងប្រទេសទាំងពីរ

ដោយៈ ប៊ី

ភ្នំពេញៈ លោកវ៉ាង វិនធានឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា បានលើកឡើងនៅថ្ងៃនេះថា កម្ពុជា និងប្រទេសចិនបានពិចារណា ក្នុងការដាក់ឱ្យប្រើប្រាស់លិខិតបញ្ជាក់សុខភាពទម្រង់ជា «QR Code» សម្រាប់ការធ្វើដំណើរចេញចូលរវាង ប្រទេសទាំងពីរ។

ក្នុងពិធីប្រគល់ និងទទួលវ៉ាក់សាំងកូវីដ១៩ របស់ក្រុមហ៊ុនស៊ីណូវ៉ាក់ របស់ចិន ដែលកម្ពុជាបានបញ្ជាទិញ ដឹកមកដល់កម្ពុជានៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ លោកវ៉ាង វិនធានបានថ្លែងថា ការធ្វើបែបនេះ ដើម្បីពន្លឿនដល់ការស្តារឡើងវិញ នូវទំនាក់ទំនង និងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ដែលបានយាយីដោយជំងឺកូវីដ១៩ អស់រយៈពេលជាងមួយឆ្នាំមកហើយនោះ។

ទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងកម្ពុជា និងចិន ត្រូវបានគេមើលឃើញមានសកម្មភាពយ៉ាងមមាញឹក នៅមុនពេលកើតមានជំងឺកូវីដ១៩។ ប៉ុន្តែនៅពេលជំងឺកូវីដ១៩ កើតមាននៅក្នុងប្រទេសចិនកាលពីចុងឆ្នាំ២០១៩ និងកើតមាននៅកម្ពុជាឆ្នាំ២០២០ បានធ្វើឱ្យរាំងស្ទះដល់ការធ្វើទំនាក់ទំនង នៃប្រជាជនប្រទេសទាំងពីរ ក៏ដូចជាប៉ះពាល់ទៅលើវិស័យទេសចរ និងការធ្វើពាណិជ្ជកម្មផងដែរ។

កម្ពុជា និងចិន បានបង្កើតកិច្ចសហប្រតិបត្តិការនឹងគ្នាយ៉ាងជិតស្និទ្ធ ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។ ជាពិសេសកំពុងបង្កើនការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋ ដោយរំពឹងថា វ៉ាក់សាំងនេះធ្វើឱ្យទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្ម រវាងប្រទេសទាំងពីរអាចវិលរកភាពប្រក្រតីឡើងវិញ។

លោកវ៉ាង វិនធាន បានទម្លាយពីគំនិតផ្តួចផ្តើមរបស់លោក ស៊ី ជិនពីង ប្រធា​នាធិបតីចិន លើការទទួលស្គាល់ទៅវិញទៅមកជាអន្តរជាតិ នូវលិខិតបញ្ជាក់សុខភាពដោយឈរលើមូលដ្ឋានតេស្តរកមេរោគក្រោមទម្រង់ QR Code។

បើតាមលោកឯកអគ្គរដ្ឋទូត យន្តការនេះ ក៏កំពុងពិចារណាអនុវត្តរវាងកម្ពុជា និងចិនផងដែរ។ លោក វ៉ាង វិនធាន បានបញ្ជាក់ថា “យើងក៏មានកិច្ចសហការជាមួយប្រទេសកម្ពុជា ក្នុងការគិតពិចារណាធ្វើការងារទ្វេភាគី ដើម្បីជំរុញការធ្វើដំណើរទៅវិញទៅមកមានភាពងាយស្រួលប្រកបដោយសុវត្ថិភាព និងសណ្តាប់ធ្នាប់សម្រាប់សិស្សនិស្សិត អ្នកវិនិយោគ អ្នកទេសចរ និងបុគ្គលដទៃទៀត”។

លោកវ៉ាង វិនធាន ក៏បានអះអាងផងដែរថា ការធ្វើបែបនេះ ដើម្បីជំរុញការស្តារឡើងវិញនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាប្រក្រតី លើគ្រប់វិស័យនៃប្រទេសទាំងពីរឱ្យកាន់តែឆាប់រហ័ស៕

រដ្ឋាភិបាលសម្រេចអនុម័តគម្រោងថ្មីៗចំនួន៥បោះទុនវិនិយោគជិត១៣០០លាន ដុល្លារនៅថ្ងៃនេះ

ដោយៈ ប៊ី

ភ្នំពេញៈ រាជរដ្ឋាភិបាល តាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចអនុម័តគម្រោងវិនិយោគចំនួន៥ ដែលបោះទុនវិនិយោគ១.២៩៩,៧លានដុល្លារ ឬ១,២៩ពាន់លានដុល្លារ និងបង្កើតការងាររាប់ពាន់កន្លែងដល់ប្រជាជនក្នុងស្រុក។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ CDC នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១។

តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជា និងគណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនដូចជា

ទី១ ក្រុមហ៊ុនISLAND LABORATOIRE CO., LTD. គម្រោងបង្កើតរោងចក្រផលិតឱសថ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិបាក់ខែងលើ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ៦,៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២៦០កន្លែង។

ទី២ ក្រុមហ៊ុន- “FANG HUA POLYURETHANE MATERIAL (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រផលិតអេប៉ុងស៍ ខ្នើយ គ្រែសាឡុងពូក និងគ្រឿងសង្ហារឹម ដែលមានទីតាំងវិនិយោគ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ, មានទុនវិនិយោគចំនួន១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៤២០កន្លែង។

 

ទី៣-ក្រុមហ៊ុន “HERBA (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រកែច្នៃ និងវេចខ្ចប់ផលិតផលកសិកម្ម ដែលមានទីតាំងវិនិយោគ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ មានទុនវិនិយោគប្រមាណ៣,៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន១២០កន្លែង។

ទី៤-ក្រុមហ៊ុន “ Y.T PLASTIC CO., LTD” គម្រោងរោងចក្រផលិតសម្ភារៈអគ្គិសនី អំពូលភ្លើង និងគ្រឿងបង្គុំអំពូលគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសសានដុង សាន់សែល ស្វាយរៀង, មានទុនវិនិយោគប្រមាណ ៥,៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៩៣០កន្លែង។

ទី៥-ក្រុមហ៊ុន “HUADIAN SIHANOUKVILLE POWER GENERATION CO., LTD” គម្រោងរោងចក្រផលិតថាមពលអគ្គិសនី ប្រើដោយធ្យូងថ្ម អានុភាព ៧០០មេហ្កាវ៉ាត់ ដែលមានទីតាំងវិនិយោគ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុទី១ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ១២៨៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៥២០កន្លែង៕

ក្រុមហ៊ុនអចលនទ្រព្យធំមួយមកពីក្រុងហុងកុងគ្រោងពង្រីកការវិនិយោគនៅកម្ពុជា

        ដោយៈវឌ្ឈនៈ

ភ្នំពេញៈ ក្រុមហ៊ុនអចលនទ្រព្យធំមួយ មានមូលដ្ឋាននៅក្រុងហុងកុង គឺGCC ដែលមានជំនាញក្នុងវិស័យអភិវឌ្ឍអចលនទ្រព្យ វិនិយោគដីធ្លី និងសេវាកម្មហិរញ្ញវត្ថុ បានបង្ហាញពីគំរោងពង្រីកទំហំវិនិយោគរបស់ខ្លួន ក្នុងវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រុមហ៊ុនមួយនេះបានឱ្យដឹងថា បច្ចុប្បន្នក្រុមហ៊ុនGCC បានបណ្ដាក់ទុនវិនិយោគនៅក្នុងប្រទេសកម្ពុជា លើផ្នែកអភិវឌ្ឍលំនៅឋាន ផ្សារទំនើបខ្នាតតូច នៅក្នុងរាជធានីភ្នំពេញ និងនៅខេត្តព្រះសីហនុ ។

សេចក្តីប្រកាសបានបញ្ជាក់ថា ដើម្បីពង្រីកនូវការវិនិយោគរបស់ខ្លួននៅក្នុងប្រទេ​សកម្ពុជាបន្ថែមទៀតនោះ ក្រុមហ៊ុនបានបង្កើតក្រុមហ៊ុនបុត្រសម្ព័ន្ធបន្ថែមទៀត ដើម្បីផ្ដល់សេវាកម្មថែទាំទ្រព្យសម្បត្តិរបស់អតិថិជន នៅក្នុងបុរីណាឌី ជ្រោយចង្វារ ។

លោកអេរិច ឆុងអគ្គនាយកនៃក្រុមហ៊ុនបុរីណាឌី បានឱ្យដឹងថា GCC ជាអ្នកអភិវឌ្ឍន៍គម្រោង ដែលមានការយកចិត្តទុកដាក់ និងមានទំនុកចិត្តខ្ពស់ ក្នុងការផ្ដល់ជូនសេវាកម្មសម្រាប់អតិថិជនរបស់ខ្លួន ។ការអភិវឌ្ឍរបស់ខ្លួន នៅក្នុងតំបន់ជ្រោយចង្វារនេះឡើង ដោយបានមើលឃើញ ពីសក្ដានុពលនៅក្នុងតំបន់នោះផ្ទាល់ ដែលជាទីតាំងមានគម្រោងអភិវឌ្ឍន៍ជាច្រើន ខ្លះបានបញ្ចប់ការសាងសង់ និងខ្លះទៀតកំពុងសាងសង់ ដូចជាពហុកីឡដ្ឋានជាតិមរតកតេជោ ភ្នំពេញ សាហ្វារី វិមានឈ្នះឈ្នះ សួនដាយណូស័រ ក្លឹបវាយកូនហ្គោលហ្គាដិនស៊ីធី ទីក្រុងរណបជ្រោយចង្វារជាដើម ។

លោកបន្តថា បន្ថែមពីការអភិវឌ្ឍលំនៅឋានជូនពលរដ្ឋកម្ពុជាហើយ ការធ្វើឱ្យអតិថិជនរស់នៅស្រួល មានផាសុខភាពផ្លូវកាយ និងផ្លូវចិត្ត គឺជាចក្ខុវិស័យរបស់ខ្លួនក្នុងអនា​គត ។ការពង្រីកការវិនិយោគ ដើម្បីថែទាំទ្រព្យរបស់អតិថិជន គឺជាកត្តាចាំបាច់របស់ខ្លួន ។

យោងតាមអ្នកជំនាញ នៃវិស័យអចលនទ្រព្យកម្ពុជាជាច្រើនព្យាករណ៍ថា តម្រូ​វការលំនៅឋាន នៅក្នុងប្រទេសកម្ពុជា នឹងនៅតែមានខ្ពស់នៅពេលអនាគត ដោយសារតែកំណើននៃប្រជាពលរដ្ឋ ជាពិសេសនៅក្នុងរាជធានីភ្នំពេញ និងទាមទារឱ្យមានការវិនិយោគបន្ថែមទៀតពីសំណាក់វិនិយោគិនក្នុងនិងក្រៅប្រទេស។

ការសិក្សារបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានបង្ហាញថា គិតពីឆ្នាំ២០១៥ ដល់ត្រឹមឆ្នាំ២០៣០ខាងមុខ កម្ពុជាត្រូវការលំនៅដ្ឋានជាង៨០ម៉ឺនខ្នង ស្របពេលចំនួនប្រជាពលរដ្ឋរស់នៅតាមទីក្រុង និងទីប្រជុំជននានានឹងកើនដល់៧លាននាក់៕

អាជ្ញាធរខេត្តមណ្ឌលគិរីចាត់វិធានការណ៍ទប់ស្កាត់ការបំពានរំលោភយកដីធ្លី របស់រដ្ឋពីវិស័យឯកជន

        ដោយៈគង់ សូរិយា

        ភ្នំពេញៈ អាជ្ញាធរខេត្តមណ្ឌលគិរី បានចាត់វិធានការណ៍៍ ដើម្បីចុះស្រាវជ្រាវ និងចាត់វិធានការទប់ស្កាត់សកម្មភាព បំពានរំលោភយកដីសម្ការស្រល់របស់ក្រុមហ៊ុន អ៊ូជីសាន អិលអេសគ្រុប ខូអិលធីឌី និងក្រុមហ៊ុន ហួលីង។

លោកជាក់ ម៉េងហ៊ាង អភិបាលរងខេត្ត និងលោកស៊ន សារុន នាយករដ្ឋបាលសាលាខេត្តមណ្ឌលគិរី រួមទាំងមន្ត្រីជំនាញ បានចុះពិនិត្យ និងផ្ទៀងផ្ទាត់លើទីតាំងដី ដែលបានដកហូតពីការកាន់កាប់ ដោយខុសច្បាប់តាមដីកាលេខ ០០៧/១៩ ដក .បក ចុះថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ ដែលមានទំហំចំនួន៤៧២,៨០៩ហិកតា របស់រដ្ឋបាលខេត្តមណ្ឌលគិរី ស្ថិតនៅភូមិពូរ៉ាង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។

លោកជាក់ ម៉េងហ៊ាង អភិបាលរងខេត្តបានឲ្យដឹងថា បន្ទាប់ពីមានគោលការណ៍ណែនាំពីលោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី ក្រុមការងារចម្រុះមួយ ត្រូវបានបង្កើតឡើងដើម្បីចុះស្រាវជ្រាវ និងចាត់វិធានការទប់ស្កាត់សកម្មភាព បំពានរំលោភយកដីសម្ការស្រល់របស់ក្រុមហ៊ុន អ៊ូជីសាន អិលអេសគ្រុប ខូអិលធីឌី និងក្រុមហ៊ុនហួលីង។

អភិបាលរងខេត្តបន្តថា “បន្ទាប់ពីក្រុមការងារចម្រុះ បានចុះផ្ទៀងផ្ទាត់ និងពិនិត្យជាក់ស្តែង ក៏បានរកឃើញមានដីធ្លីមួយចំនួន មានការចូលទៅគ្រប់គ្រងដោយខុសច្បាប់ ហើយដីខ្លះទៀត ជាដីអាស្រ័យផលរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដែលត្រូវកាត់ជ្វៀល ជូនពួកគាត់ ដើម្បីបញ្ចប់វិវាទដីធ្លីដែលកើតកាលកន្លងទៅ”។

នៅក្នុងកិច្ចសន្យាប្រគល់ដីចំនួន៤៧២ហិកតា ដែលរដ្ឋបាលខេត្ត បានដកហូតពីការកាន់កាប់ដោយខុសច្បាប់តាមដីកាលេខ០០៧/១៩ ដក .បក ចុះថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅភូមិពូរ៉ាង ឃុំសែនមនោរម្យ ស្រុកអូររាំង រវាងក្រុមហ៊ុនអ៊ូជីសាន អិលអេសគ្រុប ខូអិលធីឌី ជាមួយ និងគណៈកម្មការខេត្ត បានចុះពិនិត្យផ្ទៀងផ្ទាត់ផ្ទៃក្បាលដី ដល់ទីតាំងជាក់ស្តែង តាមខ្លឹមសារនៃដីកាដកហូតលេខ០០៧/១៩ ដោយអញ្ជើញក្រុមហ៊ុនចូលរួម ដែលមានលោក ចាន់ ប៊ុនថុល តំណាងឲ្យក្រុមហ៊ុន អ៊ូជីសាន។

ក្នុងកិច្ចសន្យាដដែលនេះ តំណាងក្រុមហ៊ុន បានសន្យាចំពោះមុខគណៈកម្មការ និង​សមត្ថកិច្ចចម្រុះនៃរដ្ឋបាលខេត្តមណ្ឌលគិរី ដែលបានចុះពិនិត្យផ្ទៀងផ្ទាត់ ផ្ទៃដីសម្បទានសេដ្ឋកិច្ច របស់ក្រុមហ៊ុនដល់ទីតាំងជាក់ស្តែង និងបានបញ្ជាក់បន្ថែមថា ក្រុមហ៊ុនទទួលយកផ្ទៃដី ដែលបានចែងតាមខ្លឹមសារនៃការដកហូតខាងលើ មានទំហំផ្ទៃដីចំនួន៤៧២ហិកតា ដើម្បីថែរក្សាការពារ និងគោរពលក្ខខណ្ឌដូចជា ក្រុមហ៊ុនត្រូវធ្វើការកាយប្រឡាយក្រវ៉ាត់ព្រំជុំវិញដីលើផ្ទៃដី៤៧២ហិកតា លើកស្លាកប៉ាណូផ្សព្វផ្សាយពីព្រំដីបរិវេណដែលបានដកហូត ដកបង្គោលរបងជាវត្ថុតាងល្មើសទាំងអស់ ដឹកជញ្ជូនយកទៅរក្សាទុកនៅស្នាក់ការ សង្កាត់រដ្ឋបាលព្រៃឈើអូររាំង។

មិនត្រឹមតែប៉ុណ្ណោះក្រុមហ៊ុន ត្រូវទទួលខុសត្រូវ និងម្ចាស់ស្វ័យការពារផ្ទៃដី ដែលខ្លួនបានទទួលទាំងអស់៤៧២ហិកតា ជាពិសេស ពេលចុះអនុវត្តដកបង្គោលរបងចាស់ ដាំបង្គោលថ្មី និងកាយព្រំប្រឡាយ ក្រុមហ៊ុនត្រូវធ្វើលិខិតស្នើសុំសមត្ថកិច្ច សហការជៀសវាងមានបញ្ហានានា៕

 

 

មន្រ្តីរដ្ឋាភិបាលអះអាងថាកម្ពុជាមានធនធានថវិកាគ្រប់គ្រាន់សម្រាប់់ទប់ទល់វិបត្តិ

ដោយៈគង់ សូរិយា

ភ្នំពេញៈ លោក វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១នេះ បានបញ្ជាក់ឲ្យដឹងថា កម្ពុជាមានធនធានថវិកាគ្រប់គ្រាន់ សម្រាប់ការទប់ទល់នៃវិបត្ដិកូវីដ-១៩ ក្នុងរយៈពេល២ឆ្នាំខាងមុខទៀត។

ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក វង្សី វិស្សុត តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញទទួលវ៉ាក់សាំង (Sinovac) របស់ចិនប្រមាណជា១.៥លានដូស នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១នេះ។

លោកបន្តថា “ខ្ញុំថាបើសិនជាកូវីដ-១៩ នៅតែបន្ដត្រឹមឆ្នាំនេះ និងឆ្នាំក្រោយទេ យើងនឹងមានធនធានគ្រប់គ្រាន់សម្រាប់ទប់ទល់

ទោះបីជាយ៉ាងនេះក្ដី លោក វង្សី វិស្សុត ក៏បានឲ្យដឹងផងដែរថា ប៉ុន្ដែបើសិនជាជំងឺកូវីដនេះ នៅតែបន្ដរីករាលដាលហួសពីឆ្នាំនេះ និងឆ្នាំក្រោយទៀតនោះ លោកមិនទាន់ហ៊ានធានាអំពីធនធាននោះទេ ដោយតែបញ្ហានេះមិនមែនតែបញ្ហារបស់កម្ពុជានោះទេ គឺជាបញ្ហាពិភពលោកទាំងមូល។

ចំពោះការវាយតម្លៃ ពីស្ថានភាពសេដ្ឋកិច្ច ក្នុងឆ្នាំ២០២១នេះ លោកវង្សី វិស្សុត បានប្រាប់ថា លោកមិនទាន់អាចវាយតម្លៃនោះឡើយ ដោយត្រូវរកចាំមើលសិន ចំពោះការរីករាលដាលនៃជំងឺកូវីដ-១៩ ព្រឹត្ដិការណ៍សហគមន៍ ២០កុម្ភៈ បន្ដធ្ងន់ធ្ងរកម្រិតណា។

លោក វង្សី វិស្សុត បានថ្លែងថា យើងមិនអាចវាយតម្លៃ បានលឿនពេកនោះទេ យើងត្រូវរកចាំមើលសិន ប៉ុន្ដែបើសិនជានៅបន្ដយូរ វាអាចនឹងប៉ះពាល់ ដល់កំណើនសេដ្ឋកិច្ច របស់ប្រទេសយើង ហើយក៏ប៉ះពាល់ដល់ជីវភាពប្រជាជន

កញ្ចប់ថវិកា១,១៦៤លានដុល្លារ ដែលរាជរដ្ឋាភិបាលកម្ពុជា បានបម្រុងសម្រាប់ដោះស្រាយបញ្ហាជំងឺកូវីដ-១៩ និងស្ដារសេដ្ឋកិច្ចជាតិ ក្នុងឆ្នាំ២០២០ បានប្រើប្រាស់អស់មួយចំនួនធំហើយ ខណៈថវិកានៅសល់នឹងត្រូវបន្តចំណាយសម្រាប់ឆ្នាំ២០២១នេះ។

ឆ្នាំ២០២១នេះ រាជរដ្ឋាភិបាលកម្ពុជា បានត្រៀមបម្រុងកញ្ចប់ថវិកាជាង៨០០លានដុល្លារថែមទៀត សម្រាប់ជួយដោះស្រាយបញ្ហាវិបត្តិជំងឺកូវីដ១៩ និងស្ដារសេដ្ឋកិច្ចកម្ពុជា ក្រោយកូវីដ-១៩៕

 

តម្លៃផលិតផលសរុបក្នុងវិស័យឧស្សាហកម្មកម្ពុជាធ្លាក់មកនៅត្រឹម ជាង៩៦០០លានដុល្លារ

ដោយៈ រ៉ាណេត

ភ្នំពេញៈ នៅក្នុងបរិបទដែលកម្ពុជា ទទួលរងនូវការគំរាមកំហែងពីវិបត្តិសេដ្ឋកិច្ចដែលបណ្តាលមកពីជំងឺឆ្លងកូវីដ១៩ សម្រាប់តម្លៃនៃផលិតផលសរុប នៅក្នុងវិស័យឧស្សា​ហកម្មសម្រាប់ផ្គត់ផ្គង់ទីផ្សារទាំងក្នុង និងក្រៅស្រុកសម្រេចបានជាង៩៦០០លានដុល្លារក្រោមដំណើរប្រតិបត្តិការបណ្តារោងចក្រ សហគ្រាសតូចធំសរុបជិត២០០០ទីតាំងនៅទូទាំងប្រទេស។

រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លោកហេង សុខគង់ បានមានប្រសាសន៍នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១នេះថា តម្លៃផលិត​ផលសរុបនៃរោងចក្រ សហគ្រាសទាំងអស់នៅកម្ពុជា ឆ្នាំ២០២០ មានទំហំទឹកប្រាក់ជាង៩៦០០លានដុល្លារ ដោយក្នុងនោះមានតម្លៃនៃការផ្គត់ផ្គង់ ទីផ្សារក្នុងស្រុកមានចំនួនជាង៣២០០លានដុល្លារ ខណៈដែលតម្លៃនៃការផ្គត់ផ្គង់ទីផ្សារនាំចេញ លើផលិតផលផ្នែកកម្មន្តសាលនេះមានទំហំជាង៦៣០០លានដុល្លារអាមេរិក។

លោកបន្តថា “តម្លៃដែលបានថមថយចុះនេះ ដោយសារតែនៅក្នុងឆ្នាំ២០២០ ពិភពលោក បានជួបនឹងវិបត្តិនៃការរីករាលជម្ងឺកូវីដ-១៩ ដោយក្នុងនោះប្រទេសចិនបានផ្អាកការនាំវត្ថុធាតុដើម ព្រោះចិនជាទីផ្សារបម្រើផលិតផល និងវត្ថុធាតុដើមពិភពលោក”។លោកបន្តថា “ដោយឡែកសម្រាប់កម្ពុជា ដោយសារមានទំនាក់ទំនងល្អជាមួយប្រទេសចិន ទើបយើងក៏ទទួលបានការនាំចូលវត្ថុធាតុដើមមុនគេ សម្រាប់បម្រើទីផ្សារក្នុងស្រុក ដូច្នេះនៅក្នុងឆ្នាំ ២០២១នេះរំពឹងថា តម្លៃបរិមាណផលិតផលនឹងមានការកើនឡើង”។

លោកហេង សុខគង់ បានបញ្ជាក់ឲ្យដឹងថា នៅក្នុងឆ្នាំ ២០២០ ការអភិវឌ្ឍន៍វិស័យរោងចក្រ សហគ្រាស ក្នុងនោះរោងចក្រធុនធ្ងន់ដែលបានដំណើរការ មានចំនួន១ ៨៦៤ រោងចក្របានកើនឡើងជាង៧ភាគរយ បើធៀបទៅឆ្នាំ២០១៩ រោងចក្រកកើតថ្មីមានចំនួន២៣៥រោងចក្រ ថយចុះជាង១២ភាគរយ រោងចក្របិទទ្វារមានចំនួន១០១រោងចក្រ កើនឡើងជាង៥០ភាគរយ និងរោងចក្រដែលបានផ្អាក និងព្យួរការងារក្រោមឥទ្ធិពលជំងឺកូវីដ១៩ទាំងក្នុងរយៈពេលខ្លី និងវែងមានចំនួន៣៩២រោងចក្រ បើធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៩ ៕

រដ្ឋបាលរាជធានីភ្នំពេញប្រកាសស្ថាបនាផ្លូវថ្មីមួយខ្សែនៅត្រើយខាងកើត នាដើមខែក្រោយ

ដោយៈ រ៉ាណេត

ភ្នំពេញៈ រដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការស្ថាបនាផ្លូវ និងច្រាំងទន្លេត្រើយខាងកើតអំពីបេតុងចាប់ពីគល់ស្ពានព្រះមុនីវង្សចាស់ ក្នុងសង្កាត់ច្បារអំពៅទី២ រហូតដល់តំបន់អភិវឌ្ឍកោះនរាក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដើម្បីលើកកម្ពស់សោភ័ណភាព ការពារការបាក់ច្រាំងទន្លេ។

យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១នេះបានឱ្យដឹងថា ដើម្បីលើកកម្ពស់សោភ័ណភាព ការពារការបាក់ច្រាំងទន្លេ ដោះស្រាយលំហូរចរាចរ និងរៀបចំសណ្តាប់ធ្នាប់ នៅតាមច្រាំងទន្លេត្រើយខាងកើត ក្នុងភូមិសាស្រ្តខណ្ឌច្បារអំពៅ នៃរាជធានីភ្នំពេញ សម្រាប់បម្រើឱ្យប្រយោជន៍សាធារណៈនោះ រដ្ឋបាលរាជធានីភ្នំពេញនឹងចាប់ផ្តើមស្ថាបនាផ្លូវ និងច្រាំងទន្លេត្រើយខាងកើតអំពីបេតុង ចាប់ពីគល់ស្ពានព្រះមុនីវង្សចាស់ ក្នុងសង្កាត់ច្បារអំពៅទី២ រហូតដល់តំបន់អភិវឌ្ឍកោះនរា ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១តទៅ។

សេចក្តីជូនដំណឹងដដែលបានឱ្យដឹងទៀតថា ដើម្បីឱ្យការអនុវត្តគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធសាធារណៈខាងលើ ដំណើរការទៅដោយរលូន ស្របតាមប្រតិទិនការងារដែលបានគ្រោងទុក រដ្ឋបាលរាជធានីភ្នំពេញ ស្នើបងប្អូនប្រជាពលរដ្ឋដែលមានការពាក់ព័ន្ធនឹងដីចំណីទន្លេ ត្រង់ទីតាំងអនុវត្តគម្រោង ត្រូវបង្កលក្ខណៈងាយស្រួល និងផ្តល់កិច្ចសហការល្អ ដល់ក្រុមមន្ត្រីជំនាញរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលចុះអនុវត្តការងារខាងលើ។

រដ្ឋបាលរាជធានីភ្នំពេញសង្ឃឹមជឿជាក់ថា បងប្អូនប្រជាពលរដ្ឋ ដែលមានការពាក់ព័ន្ធនឹងដីចំណីទន្លេ ត្រង់ទីតាំងអនុវត្តគម្រោងខាងលើ នឹងចូលរួមសហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីឱ្យការអនុវត្តការងារស្ថាបនាផ្លូវ និងច្រាំងទន្លេនេះ ទទួលបានជោគជ័យ។

បន្ថែមពីនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌច្បារអំពៅ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ  អង្គភាពពាក់ព័ន្ធនានា ចំណុះរដ្ឋបាលរាជធានីភ្នំពេញ សាធារណជន និងបងប្អូនប្រជាពលរដ្ឋទាំងអស់ជ្រាប និងចូលរួមអនុវត្តន៍ឱ្យមានប្រសិទ្ធភាពខ្ពស់៕