ការសិក្សាៈវ៉ាក់សាំង Sinovac Biotechដែលកម្ពុជាទិញពីប្រទេសចិនមាន សុវត្ថិភាពជិត១០០ភាគរយ

        ដោយៈគង់ សូរិយា

        ភ្នំពេញៈ ទិន្នន័យបណ្តោះអាសន្នពីការសាកល្បង ដំណាក់កាលចុងក្រោយនៅប្រទេសទួរគី បានបង្ហាញថា វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដែលបង្កើតឡើងដោយក្រុមហ៊ុន Sinovac Biotech របស់ប្រទេសចិន  មានប្រសិទ្ធភាព៩១,២៥ភាគរយ។

លទ្ធផលដ៏ប្រសើរនេះ មានភាពល្អប្រសើរជាងការសាកល្បងមួយ ដាច់ដោយឡែក ដែលគេរាយការណ៍នៅក្នុងប្រទេសប្រេស៊ីល។

ក្រុមអ្នកស្រាវជ្រាវទួរគីបាននិយាយថា “មិនមានផលប៉ះពាល់ធ្ងន់ធ្ងរណាមួយ ត្រូវបានគេឃើញក្នុងពេលសាកល្បងទេ ពោលគឺមានមនុស្សតែម្នាក់ប៉ុណ្ណោះ ដែលមានប្រតិកម្មអាឡ័កស៊ី”។ ពួកគេនិយាយថា “ផលប៉ះពាល់ទូទៅដែលបណ្តាលមកពីវ៉ាក់សាំងនេះមានដូចជាគ្រុនក្តៅ ឈឺតិចតួចនិងអស់កម្លាំងបន្តិច”។

ក្រុមអ្នកស្រាវជ្រាវបាននិយាយថា ការសាកល្បងនៅទួរគី បានចាប់ផ្តើមកាលពីថ្ងៃទី១៤ខែកញ្ញា និងមានការចូលរួមពីអ្នកស្ម័គ្រចិត្តជាង៧,០០០នាក់។ លទ្ធផលដែលប្រកាសនេះ គឺផ្អែកទៅលើទិន្នន័យពីមនុស្សចំនួន១,៣២២នាក់។

Sinovac ជាក្រុមហ៊ុនផលិតវ៉ាក់សាំងចិនដំបូងបង្អស់ ដែលបញ្ចេញព័ត៌មានលម្អិតពីការសាកល្បងដំណាក់កាលចុងក្រោយ បន្ទាប់ពីការបញ្ចេញលទ្ធផលវិជ្ជមានពីផលិត​ផលជាគូប្រជែង ដែលបង្កើតដោយក្រុមហ៊ុន Pfizer, Moderna និង AstraZeneca កាលពីខែមុន។

ប្រទេសទួរគី បានទិញវ៉ាក់សាំងរបស់ក្រុមហ៊ុន Sinovac ចំនួន៥០លានដូសរួចទៅហើយ។

នៅ​ព្រឹក​ថ្ងៃទី​២៦ ខែមីនា ឆ្នាំ​២០២១​នេះ វ៉ាក់សាំង​ប្រភេទ Sinovac របស់​សាធា​រណរដ្ឋ​ប្រជាមានិត​ចិន​ចំនួន​១.៥​លាន​ដូ​ស ដែល​រដ្ឋាភិបាល​កម្ពុជា​បាន​បញ្ជា​ទិញ​ពី​ប្រទេ​ស​ចិន នឹង​មកដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ហើយ តាម​ជើងហោះហើរ​របស់​ក្រុមហ៊ុន​អាកាសចរណ៍ China Southern​។

ពិធី​ទទួល​វ៉ាក់សាំង​នេះ នឹងធ្វើ​ឡើង​ក្រោម​វត្តមាន​របស់លោក វ​ង្ស៊ី វិស្សុត រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុជា​តំណាង​រាជរដ្ឋាភិបាល​កម្ពុជា ចំណែកឯ​ភាគី​ចិន តំណាង​ដោយ​លោក វ៉ាង វិ​ន​ធាន ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា ហើយក៏​នឹង​មាន​ការចូលរួម​ពី​អ្នក​ពាក់ព័ន្ធ​ជា​ច្រើន​ទៀតផង​ដែរ​៕

គំរោងអភិវឌ្ឍន៍ធំៗចំនួនបួនបន្តដំណើរការនៅខេត្តកែប ដើម្បីលើកកំពស់ ទេសចរណ៍ក្នុងខេត្ត

        ដោយៈគង់ ម៉ាលីនណា

        កែបៈ គំរោងអភិវឌ្ឍន៍សំខាន់ៗចំនួន៤បាននិងកំពុងបន្តដំណើរការសាងសង់ នៅក្នុងខេត្តកែប ទោះបីស្ថិតក្នុងវិបត្តិកូវីដ១៩ក្តី ប៉ុន្តែការសាងសង់គម្រោងហេដ្ឋារចនាសម្ព័ន្ឋទេសចរណ៍ដំណាក់កាលទី២មិនបានផ្អាកនោះទេ។

អភិបាលខេត្តកែប លោកសោម ពិសិដ្ឋបានចុះពិនិត្យវឌ្ឍនភាពនៃគំរោងទាំងនោះ​បានមានប្រសាសន៍ឲ្យដឹងកាលពីថ្ងៃម្សិលម៉ិញនេះថា បើទោះបីស្ថិតក្នុង ដំណាក់កាលរួមគ្នាទប់ស្កាត់ជំងឺកូវីដ-១៩ ក៏ខេត្តនៅបន្តគម្រោងអភិវឌ្ឍន៍តាមផែនការដដែល ដោយគម្រោ​ងអភិវឌ្ឍន៍ជាច្រើនរបស់ខេត្ត​ បាននិងកំពុងដំណើរការសាងសង់យ៉ាងមរមាញឹក ដូចជា គម្រោងផ្សាររាត្រី(ខាងត្បូងផ្សារក្តាម)​ កំពុងផែរទេសចរណ៍កោះទន្សាយ កំណាត់ផ្លូវអ៊ុតកៅស៊ូ AC ,ផ្លូវDBST និងផ្លូវបេតុងជាច្រើនខ្សែនៅទូទាំងខេត្ត ជាពិសេសគម្រោងហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ជំហានទី២នេះ គឺជាគម្រោងទីលានចាក់សម្រាម ក្រោមឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។

លោកបន្ថែមថា ការដ្ឋានសាងសង់ទីលានចាក់សម្រាមទំហំ៨ហិចតានេះ នឹងជួយឱ្យ ខេត្តកែប មានទីតាំងទុកដាក់សម្រាមប្រកបដោយស្តង់ដា និងអាចគ្រប់គ្រងបរិស្ថានបានកាន់តែល្អប្រសើរ ក្នុងការកែលម្អរសោភ័ណភាពខេត្ត និងរក្សាបាននូវ និរន្តរភាពបរិស្ថាន ជាខេត្តដែលមាន​ ដីស្អាត ទឹកស្អាត និងខ្យល់ស្អាត”។

លោកអភិបាលខេត្តសង្កត់ធ្ងន់ថា ដើម្បីបំពេញសម្បទាជាខេត្ត គោលដៅទេសច​រណ៍សម្រាកលំហែរប្រណីតកម្រិតខ្ពស់ ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា រដ្ឋបាលខេត្តកែប​ បានធ្វើការយ៉ាងជិតស្និតជាមួយគណ:កម្មការអន្តរក្រសួង ក្នុងការកសាងផែនការអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តកែប សម្រាប់ឆ្នាំជាបន្តបន្ទាប់ ដើម្បីជាត្រីវិស័យឆ្ពោះទៅការអភិវឌ្ឍខេត្តប្រកបដោយចិរភាព និងនិរន្តភាព សំដៅទាក់ទាញភ្ញៀវទេសច​រណ៍ទាំងក្នុងតំបន់ ក៏ដូចជាពិភពលោក។

ប្រធានសាងសង់គម្រោងទីលាន ចាក់សម្រាម នៅខេត្តកែប លោក ទិត្យ ទីគា បានអោយដឹងថា គម្រោងសាងសង់ទីលាននេះ បានដំណើរការតាំងពីចុងខែឧសភា ឆ្នាំ២០២០មកម្លេះ រហូតមកដល់ពេលនេះ គម្រោងសាងសង់សម្រេចបាន៧៥%ហើយ ។ លោកបន្ថែមថា ជំហានទីមួយ គឺធ្វើការសាងសង់ផ្លូវបេតុង ប្រវែង៣៥០០ម៉ែត ទទឹង ៧ម៉ែត្រ រួមទាំងសំណង់សិល្បការ្យមួយចំនួនផងដែរ ជំហានទី២ គឺសាងសង់ អាងស្ទុកសម្រាមចំនួន៣ មកដល់ពេលនេះសម្រេចបានបីអាងហើយ ក្រៅពីនេះមានការងារសាងសង់អាគារញ៉ែកសម្រាម អគារបុគ្គលិក និងការអ៊ុតកៅស៊ូបាតអាងស្តុកសម្រាមផងដែរ ។ លោកប្រធានគម្រោងបញ្ជាក់ថា គម្រោងសាងសង់ទីលានចាក់សម្រាមនេះ គ្រោងនឹងបញ្ចប់នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ខាងមុខ ហើយគ្រោងសាងសង់រួចទីលាននេះ​ និងអាចស្ទុកសម្រាមបានរយៈពេល២០ឆ្នាំ៕

 

រដ្ឋាភិបាលបន្តផ្ដល់ការលើកលែងបង់ពន្ធប្រចាំខែគ្រប់ប្រភេទដល់អាជីវកម្ម ទេសចរណ៍ក្នុងតំបន់ចំនួន៧

        ដោយៈវឌ្ឈនៈ

ភ្នំពេញៈ នៅក្នុងពេលដែលវិបត្តិកូវីដ១៩ មិនទាន់មានសញ្ញាធូរស្រាលនៅឡើយ គាប់ជួនកម្ពុជាជួបប្រទះព្រឹត្តិការណ៍ឆ្លងចូលសហគមន៍២០ កុម្ភៈ ២០២១ រដ្ឋាភិបាលកម្ពុជាបានសម្រេច ផ្ដល់នូវការអនុគ្រោះសម្រាប់អាជីវកម្ម ដែលរងផលប៉ះពាល់ពីវិបត្តិកូវីដ១៩ ក្នុងនោះវិស័យទេសចរណ៍ ជាអ្នកទទួលរងផលប៉ះពាល់ពីវិបត្តិនេះធ្ងន់ជាង ដូច្នេះរដ្ឋាភិបាលក៏បានអនុគ្រោះដល់វិស័យនេះជាអាទិភាពផងដែរ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រាជរដ្ឋាភិបាលស្ដីពី វិធានការដើម្បីគ្រប់​គ្រងផលប៉ះពាល់លើវិស័យសំខាន់ៗ នៃសេដ្ឋកិច្ច ក្នុងបរិការណ៍នៃវិបត្តិបានឱ្យដឹងថា រដ្ឋាភិបាលបានសម្រេច លើកលែងការបង់ពន្ធប្រចាំខែគ្រប់ប្រភេទ ចំពោះផ្ទះសំណាក់ ស  ណ្ឋាការ ភោជនីយដ្ឋាន និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ ដែលបានចុះបញ្ជីជាមួយអគ្គនាយកដ្ឋានពន្ធដារ និងមានសកម្មភាពអាជីវកម្មនៅតំបន់ចំនួន៧នៅកម្ពុជា។

សេចក្ដីប្រកាសដដែលបានបង្ហាញពីតំបន់ ដែលរដ្ឋាភិបាលបានផ្ដល់ការអនុគ្រោះ ចំពោះការលើកលែងពន្ធក្នុងនោះរួមមាន រាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តកំពត ខេត្តព្រះសីហនុ ខេត្តកែប ក្រុងបាវិតនៃខេត្តស្វាយរៀង និងក្រុងប៉ោយប៉ែតនៃខេត្តបន្ទាយមានជ័យ។

ប្រតិបត្តិករទេសចរជាច្រើន បានបញ្ចេញទស្សនៈរៀងខ្លួនជុំវិញ ការងើបឡើងវិញនៃវិស័យទេសចរណ៍ក្នុងឆ្នាំ២០២១នេះ។

លោក ធួន ស៊ីណាន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជាបានឱ្យដឹងថា ក្នុងឆ្នាំ២០២១នេះ វិស័យទេសចរណ៍មិនងើបឡើងវិញបាននោះទេ ខណៈជំងឺកូវីដ១៩ នៅតែចោទជាបញ្ហា និងបន្តឆ្លងរាលដាលនៅលើពិភពលោក។

លោកបន្តថា “បើទោះបីជាកម្ពុជាអាចទប់ស្កាត់ ការឆ្លងជំងឺកូវីដ១៩ ក្នុងប្រទេសបានក្ដី តែនៅលើពិភពលោកនៅតែបន្តឆ្លងដដែលនោះ ភ្ញៀវទេសចរអន្តរជាតិក៏មិនអាចចូលមកកម្ពុជាបានដែរ”។ លោកបន្តថា “គ្មានភ្ញៀវទេសចរណាមកទស្សនានៅកម្ពុជាត្រូវធ្វើចត្តាឡីស័ក១៤ថ្ងៃ សិនទើបអាចធ្វើដំណើរបាននោះទេ។ នៅពេលត្រលប់ទៅស្រុកគេវិញក៏ត្រូវធ្វើចត្តាឡីស័ក១៤ថ្ងៃទៀត ទើបមានសេរីភាព ដូច្នេះគេមិនចំណាយធ្វើដំណើរឆ្លងប្រទេសនោះទេ”។

ចំណែកលោកហូ វណ្ឌីទីប្រឹក្សានៃសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានលើកឡើងថា មានតែគោលនយោបាយវ៉ាក់សាំងប៉ុណ្ណោះ ដែលអាចជួយដល់ទេសចរណ៍កម្ពុជាឱ្យងើបឡើងវិញ។ កម្ពុជាគួរបើកឱ្យទេសចរ ដែលចាក់វ៉ាក់សាំងរួចចូលមកហើយធ្វើចត្តាឡីស័កត្រឹមរយៈពេលខ្លី អាចធ្វើដំណើរទស្សនានៅតំបន់រមណីយដ្ឋាននានាបាន ។

លោកបន្តថា “បើសិនជាប្រទេសណាហ៊ានធ្វើបែបនេះមុនគេ ប្រទេសនោះនឹងទទួលបានភ្ញៀវទេសចរអន្តរជាតិមុនគេ និងផលប្រយោជន៍មុនគេផងដែរ”៕

ក្រុមហ៊ុនទូរគមនាគមន៍ចំនួន៤សហការរគ្នាបង្កើតសមាគមរួមគ្នាមួយ

ដោយៈគង់ សូរិយា

        ភ្នំពេញៈ ក្រុមហ៊ុនទូរគមនាគមន៍ចំនួន៤បានសហការគ្នា បង្កើតសមាសមាគម​ប្រតិបត្តិករ​ទូរគមនាគមន៍​នៅ​ព្រះរាជាណាចក្រ​កម្ពុជា (ATOC) ដើម្បីធ្វើការជិតស្និទ្ឋជាមួយរដ្ឋាភិបាល។

សមាគមនេះ ត្រូវ​បាន​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ​ហើយ​កាលពី​ថ្ងៃទី​ ២៥ ខែ មីនា ឆ្នាំ​ ២០២១ ដែល​នេះ​គឺជា​ការបោះជំហាន​មួយ​ក្នុង​ការបង្កើត​សំឡេង​តែ​ ១ ​គត់ ដើម្បី​ទំនាក់ទំនង​ជាមួយ​ដៃគូ​ពាក់ព័ន្ធ​នានា និង​រាជរដ្ឋាភិបាល​ក្នុង​ការចូលរួម​ចំណែក​អភិវឌ្ឍ​ឧស្សាហកម្ម​ទូរគមនាគមន៍​នៅ​កម្ពុជា​។

ATOC ត្រូវបាន​បង្កើតឡើង​ដោយ​សមាជិក​ស្ថាបនិក​ចំនួន​ ៤ រួមមាន ក្រុមហ៊ុន Smart Axiata Co.,Ltd ក្រុមហ៊ុន CAMGSM Co.,Ltd ក្រុមហ៊ុន​ VIETTEL (Cambodia) Pte, Ltd និង​ក្រុមហ៊ុន South East Asia Telecom (Cambodia) Co., Ltd)​។ ATOC ក៏​បើកទទួល​ក្រុមហ៊ុន​ប្រតិបត្តិករ​ទូរគមនាគមន៍​ផ្សេងទៀត​ដើម្បី​ចូលរួម​ជា​សមាជិក​របស់ខ្លួន​ផងដែរ​។

សមាគមនេះបង្កើតឡើង មាន​គោលបំណង និង​គោលដៅ​សំខាន់ៗ​ធ្វើជា​អ្នកតំណាង​ស្របច្បាប់​ឱ្យដល់​សមាជិក​របស់ខ្លួន​ក្នុងការ​ទាក់ទង​ជាមួយ​តួអង្គ​ផ្សេង​ទៀត​នៅក្នុង​វិស័យ​ឯកជន និង​សាធារណៈ ការចែករំលែក និង​ការផ្លាស់ប្តូរ​គំនិត និង​ព័ត៌មាន ការធ្វើ​បច្ចុប្បន្នភាព​ច្បាប់ និង​បទប្បញ្ញត្តិ ការលើក​ឡើង និង​ការសម្ដែង​មតិ​ពី​ការបារម្ភ​របស់​សមាជិក​ខ្លួន ហើយ​ការផ្ដល់​យោបល់ និង​ការគាំទ្រ​ដល់​សមាជិក​របស់ខ្លួន​សម្រាប់​កិច្ចដំណើរការ​អាជីវកម្ម​របស់​ខ្លួន​ក្នុងប្រទេស​កម្ពុជា និង​ដើម្បី​ចូលរួម​ចំណែក​បន្ថែមទៀត​ក្នុង​ការអភិវឌ្ឍ​ឧស្សាហកម្ម​ទូរគមនាគមន៍​»​។ នេះ​បើ​យោង​តាម​សេចក្ដីប្រកាស​ព័ត៌មាន​។

លោកលី តៃសេង ប្រធាន ATOC បានឱ្យ​ដឹងថា សមាគម​នេះ​នឹង​ដើរតួនាទី​ដ៏សំខាន់​ក្នុង​ការធ្វើ​ការងារ​ជាមួយ​ភាគី​ពាក់ព័ន្ធ ក្រសួង និង​ស្ថាប័ន​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​អភិវឌ្ឍ​ឧស្សាហកម្ម​មួយ​នេះ​ប្រកប​ដោយ​និរន្តរភាព​។

លោកបានថ្លែងថា “​វា​ជា​លើកដំបូង​ហើយ ​ដែល​សមាគម​ប្រតិបត្តិករ​ទូរគម​នាគមន៍​មួយ​នេះ ​ត្រូវបាន​បង្កើតឡើង​នៅកម្ពុជា​។ សមាគម​នេះ​នឹង​ដើរតួនាទី​យ៉ាងសំខាន់​នៅក្នុង​ការបង្កើត​សំឡេង និង​តំណាង​សម្រាប់​សមាជិក​របស់ខ្លួន​ មកពី​ឧស្សាហកម្ម​ទូរគម​នាគមន៍​នៅក្នុង​វេទិកា​រវាង​រដ្ឋាភិបាល និង​វិស័យ​ឯកជន និង​ក៏​ដើរតួ​នាទី​ជា​វេទិកា​មួយ​សម្រាប់​ការផ្លាស់ប្តូរ​គំនិត និង​សហការគ្នា​ក្នុង​ចំណោម​សមាជិក​របស់ខ្លួន និង​ភាគី​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត​ ជាមួយ​ទស្សនៈ​ដើម្បី​លើកកម្ពស់​សុខភាព និង​ការប្រកួតប្រជែង​ប្រកប​ដោយ​ក្រមសីលធម៌ និង​សេវាកម្ម​កាន់តែ​ប្រសើរ​ដល់​អតិថិជន”។

​          ការជាវ​ទូរស័ព្ទ​ចល័ត​ដ៏សកម្ម​នៅក្នុង​ប្រតិបត្តិករ​ទាំង ៦ នៅ​កម្ពុជា​មាន​ចំនួន២០, ៤lលាននាក់ គិត​ត្រឹម​ចុងខែ​ឧសភា ឆ្នាំ​ ២០២០ ធ្លាក់​ ០,០៨ ​ភាគរយ​ ធៀប​នឹង​កាលពី​ចុងខែ​ឧសភា ឆ្នាំ​ ២០១៩​។ នេះ​បើ​យោងតាម​ទិន្នន័យ​បានមកពី TRC​៕

 

CEO នៃគេហទំព័រ Propertyarea.asia នឹងវិភាគលម្អិតពីការរីករាលដាលនៃជំងឺកូវិដ១៩ និងស្ថានភាពសេដ្ឋកិច្ចកម្ពុជានៅក្នុងកិច្ចសម្ភាសន៍ថ្ងៃនេះ

ដោយៈ ប៊ី

ភ្នំពេញៈ លោកយិន លាងគង់សហស្ថាបនិក និងអគ្គនាយក (CEO) គេហទំព័រ Propertyarea.asia ដែលតែងតែងតាមដានជាប់ជាប្រចាំនូវការវិវត្តន៍នៃសេដ្ឋកិច្ច-សង្គមកម្ពុជា នឹងផ្តល់កិច្ចសម្ភាសន៍នៅថ្ងៃនេះ។

លោកយិន លាងគង់នឹងវិភាគលម្អិតលើស្ថានភាពវិវត្តន៍នៃជំងឺកូវីដ១៩ ទាក់ទងនឹងបញ្ហាវ៉ាក់សាំង និងការវិវត្តន៍នៃសេដ្ឋកិច្ចកម្ពុជានៅឆ្នាំនេះ ថាតើវានឹងជួបបញ្ហាប្រឈមអ្វីខ្លះ ខណៈថ្ងៃនេះ ធនាគារពិភពលោកបានបន្តរក្សាការព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជានៅតែសម្រេចកំណើនក្នុងរង្វង់៤ភាគរយដដែល។

លោកយិន លាងគង់គឺអ្នកនិពន្ធប្រលោមលោក និងកំណាព្យ ហើយលោកបានចាប់អាជីពក្នុងវិស័យសារព័ត៌មានរយៈពេលជាង២០ឆ្នាំ ដោយលោកជាសរសេរអត្ថបទចម្រុះ ពិសេសបច្ចុប្បន្ននេះ លោកបានធ្វើអត្ថបទវិភាគធំៗមួយចំនួន ទាក់ទងនឹងព្រឹត្តិការណ៍ជាតិ និងអន្តរជាតិនៅលើពិភពលោក។

លោកបាននិងកំពុងដឹកនាំគេហទំព័រចំនួនពីរ គឺគេហទំព័រ Propertyarea.asia និង Cambodiafinancialtimes.com ដែលមានការគាំទ្រពីមិត្តអ្នកអានជាតិ និងអន្តរជាតិ និងជាគេហទំព័រផ្តល់ព័ត៌មានពិតឥតលម្អៀង និងឈានមុខគេនៅកម្ពុជា៕

កិច្ចសម្ភាសន៍នឹងចេញផ្សាយនៅម៉ោង៧៖០០ល្ងាចថ្ងៃនេះ។ សូមរង់ចាំតាមដានកិច្ចសម្ភាសន៍នេះ!

ខុនដូនឹងកើនឡើងជិត៤០,០០០យូនីតនៅដដំណាច់ឆ្នាំ២០២១នេះ ខណៈអ្នកទិញ មានការប្រែប្រួល

        ដោយៈស៊ីវ ម៉េង

        ភ្នំពេញៈ ការសិក្សាថ្មីមួយបានបង្ហាញថា ចំនួនយូនីតខុនដូនឹងកើនដល់៣៩០០០យូនីតនៅក្នុងទីផ្សារ នៅដំណាច់ឆ្នាំ២០២១នេះ ខណៈគំរោងថ្មីៗប្រមាណ១០អាគារនឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំនេះ។

លោកស្រីអាន សុធីតានាយិកាប្រចាំប្រទេសនៃក្រុមហ៊ុនCBRRE Cambodiaបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី២៦ មិនានេះថា គិតត្រឹមដំណាច់ឆ្នាំ២០២០កន្លងមក ខុនដូចំនួន២៤០០០យូនីតប៉ុណ្ណោះ បានដាក់ចូលទីផ្សារ ប៉ុន្តែនៅដំណាច់ឆ្នាំ២០២១នេះ ខុនដូចំនួន១៤,០០០យូនីតទៀត នឹងដាក់ចូលទីផ្សារនៅទីក្រុងភ្នំពេញ។ លោកស្រីបន្តថា តួលេខនេះ គឺសម្រាប់តែក្រុងភ្នំពេញ ដោយមិនទាន់រាប់បញ្ចូលក្រុងព្រះសីហនុ និងខេត្តសៀមរាបនៅឡើយ។

លោកស្រីបន្តថា “អ្នកទិញខុនដូភាគច្រើននាពេលបច្ចុប្បន្ននេះ ជាជនជាតិខ្មែរ ដែ លពួកគេទិញសំរាប់ការស្នាក់នៅ ជាជាងទុកសំរាប់វិនិយោគយកចំណេញ ឬទុកសំរាប់ជួល”។លោកស្រីបន្តថា “ការវិនិយោគខុនដូមានផលចំណេញតិច បើធៀបជាមួយនឹងផ្ទះក្នុងបុរី ហើយផលចំណេញពីការវិនិយោគបានថយពី៧ភាគរយ មកនៅត្រឹម៥ភាគរយក្នុងមួយឆ្នាំ”។

កាលពីឆ្នាំ២០២០ ខុនដូចំនួន១៧គំរោងបានដាក់ដំណើរការនៅក្រុងភ្នំពេញ​ ប៉ុន្តែឆ្នាំនេះ នឹងមានការថយចុះដោយសារគំរោងមួយចំនួនបានពន្យាពេល។

ជាមួយគ្នានេះ លោកខន គង្គាប្រធានក្រុមហ៊ុនERA Cambodiaបានមានប្រសា​សន៍ថា ទីផ្សារខុនដូនៅតែមានតម្រូវការនៅទីផ្សារ ការលក់បាន ប៉ុន្តែមានការផ្អាកពីអតិថិជនមួយចំនួនផងដែរ ដោយសារវិបត្តិកូវីដ១៩ ប៉ុន្តែអ្វីៗនឹងត្រលប់មករកភាពប្រក្រតីឡើងវិញនៅពេលឆាប់ៗខាងមុខ។ លោកបន្តថា ម្ចាស់គំរោងខុនដូលំដាប់ប្រណីតបានផ្តោតលើទីផ្សារក្រៅស្រុកភាគច្រើន ប៉ុន្តែខុនដូតម្លៃមធ្យមភាគច្រើនផ្តោតលើទីផ្សារ ក្នុងស្រុក ហើយនៅតែទទួលបានជោគជ័យក្នុងការលក់។

លោកបន្តថា “វិនិយោគខុនដូក្នុងកាលៈទេសៈនេះ អ្នកវិនិយោគទទួលបានផលចំណេញខ្ពស់ ដែលឳកាសបែបនេះមានតែ១០ឆ្នាំម្តងប៉ុណ្ណោះ ដោយាសារកម្រិតបញ្ចុះតម្លៃបច្ចុប្បន្នមានក្នុងរង្វង់ពី១០ទៅ៣០ភាគរយ”៕

ដំណឹងល្អៈទីផ្សារការិយាល័យបានចាប់ផ្តើមមានសញ្ញាងើបឡើងវិញ ប៉ុន្តែតម្លៃ

ដោយៈគង់ សូរិយា

        ភ្នំពេញៈ ទីផ្សារការិយាល័យបានចាប់ផ្តើមមានសញ្ញាងើបឡើងវិញ នៅកំឡូងត្រីមាសទី១ឆ្នាំនេះ ដែលជាសញ្ញាល្អប្រសើរ បើធៀបនឹងត្រីមាសចុងក្រោយនៃឆ្នាំ២០២០។

យោងតាមរបាយការណ៍របស់ក្រុមហ៊ុនCBRE Cambodiaបានឲ្យដឹងថា គិតរហូតមកទល់ពេលបច្ចុប្បន្ននេះទំហំការិយាល័យ ដែលបានផ្គត់ផ្គង់ចូលទីផ្សារមានទំហំ៦០ម៉ឺនម៉ែត្រការ៉េ នៅដំណាច់ឆ្នាំ២០២០ ប៉ុន្តែចំនួននេះនឹងកើនឡើងដល់ប្រមាណ៨០ម៉ឺនម៉ែត្រការ៉េនៅដំណាច់ឆ្នាំ២០២១ខាងមុខ។ ចំនួននេះ រាប់បញ្ចូលទាំងការិយាល័យបែបសហកម្មសិទ្ឋ និងការិយាល័យដែលមានម្ចាស់តែមួយ។

នាយិកាប្រចាំប្រទេសនៃក្រុមហ៊ុនCBRE Cambodia លោកស្រីអាន សុធីតាបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី២៦ មិនានេះថា ការកើនឡើងនូវអត្រាប្រើប្រាស់ការិយាល័យនៅដើមឆ្នាំនេះ ដោយសារមានការកើនឡើងនូវការពង្រីកក្រុមហ៊ុន     ថ្មីៗច្រើន និងការបើកក្រុមហ៊ុនថ្មី ពីសំណាក់ម្ចាស់អាជីវកម្មក្នុងស្រុកនានា។ លោកស្រីបន្តថា ទោះជាយ៉ាងណាតម្លៃនៃការជួលការិយាល័យ នៅតែបន្តធ្លាក់ចុះក្នុងរង្វង់៥ទៅ១០ភាគរយ។

លោកស្រីបន្តថា “ទីផ្សារការិយាល័យហាក់មិនសូវប៉ះពាល់ខ្លាំង ធៀបនឹងផ្នែកផ្សេ​ងទៀត ប៉ុន្តែអត្រាគ្របដំណ្តប់នៃការប្រើប្រាស់ បានធ្លាក់ចុះក្នុងរង្វង់១០ភាគរយនៅឡើយ ទោះបីជាចំនួនអ្នកជួលបានកើនឡើងក្តី”។លោកស្រីបន្ថែមថា “ការិយាល័យកម្រិ​តB និងCនៅតែមានការពេញនិយមជាងគេដដែលក្នុងទីផ្សារ ខណៈការិយាល័យកម្រិតA ភាគច្រើនជាគោលដៅនៃក្រុមហ៊ុនធំៗ”។

លោកស្រីអាន សុធីតាបានបន្តទៀតថា គិតពីដើមរហូតមកទល់ពេលនេះ នៅរាជធានីភ្នំពេញ មានអាគារការិយាល័យសរុបចំនួន៧៨អាគារ ដែលបាននិងកំពុងដាក់ដំណើរ​ការក្នុងទីផ្សារ ដែលអាគារការិយាល័យទាំងនោះគឺមានគ្រប់កម្រិត ទាំងកម្រិតA B និងកម្រិតC៕

 

ធនាគារពិភពលោកនៅតែអះអាងថា សេដ្ឋកិច្ចកម្ពុជានឹងងើបឡើងវិញ៤ភាគរយ នៅឆ្នាំនេះ

ដោយៈ ម៉ាណេត

ភ្នំពេញៈ សេដ្ឋកិច្ចរបស់កម្ពុជាបន្តរងគ្រោះ ដោយសារឥទ្ធិពលនៃការរាតត្បាតជំងឺកូវីដ១៩ តែមានសញ្ញាជាច្រើនបង្ហាញថា សកម្មភាពសេដ្ឋកិច្ចកម្ពុជានឹងកម្រើកឡើងវិញហើយ ហើយធនាគារពិភពលោក (World Bank) នៅតែព្យាករថា សេដ្ឋកិច្ចកម្ពុជានឹងមានកំណើឡើងវិញនៅឆ្នាំនេះ។

សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករថា បានដក៣,១ភាគរយក្នុងឆ្នាំ២០២០ ប៉ុន្តែត្រូវបានរំពឹងទុកថា នឹងងើបឡើងវិញហើយលូតលាស់បានប្រមាណ៤ភាគរយ ក្នុងឆ្នាំ២០២១។ នេះបើយោងតាមរបាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចចុងក្រោយ សម្រាប់តំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វ៊ិក របស់ធនាគារពិភពចេញផ្សាយនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១។

របាយការណ៍របស់ធនាគារពិភពលោកបានឱ្យដឹងថា កម្ពុជាស្ថិតនៅគឺជាប្រទេសមួយស្ថិតចំណោមបណ្តាប្រទេស ក្នុងតំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វ៊ិក ដែលត្រូវបានព្យាករថា នឹងមានកំណើនឡើងវិញនៅឆ្នាំនេះ។

ជាមួយគ្នានេះដែរ របាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ច ចុងក្រោយរបស់ធនាគារពិភពចេញផ្សាយនៅថ្ងៃនេះនិយាយថា ទូទាំងតំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វ៊ិក សន្ទុះងើបឡើងវិញនៃសេដ្ឋកិច្ច នៅតែមានភាពខុសគ្នាខ្លាំងនៅឡើយ ជាងមួយឆ្នាំក្រោយពីមានការរាតត្បាតជំងឺកូវីដ១៩។

មានតែប្រទេសចិន និងវៀតណាមទេ ដែលសេដ្ឋកិច្ចដាំក្បាលចុះហើយងើបឡើងវិញក្នុងទម្រង់ជាអក្សរV ពិសេសកំនើនសេដ្ឋកិច្ចបានកើនឡើងលើស កម្រិតមុនពេលមានការរាតត្បាតជំងឺនេះ។ នៅក្នុងប្រទេសផ្សេងទៀត ទិន្នផលផលសេដ្ឋកិច្ចនៅមានជាមធ្យមប្រហែល៥ភាគរយ គឺទាបជាងកម្រិតមុនគ្រាផ្ទុះការរាតត្បាត។

អ្នករងការប៉ះទង្គិចខ្លាំងបំផុត គឺបណ្តាប្រទេសនៅតាមកោះប៉ាស៊ីហ្វិក។ សកម្មភាពរបស់សេដ្ឋកិច្ច បានពឹងផ្អែកលើប្រសិទ្ធភាពនៃការទប់ស្កាត់វីរុស លើសមត្ថភាពទាញយកអត្ថប្រយោជន៍ពីការងើបឡើងវិញ នៃពាណិជ្ជកម្មអន្តរជាតិ និងសមត្ថភាពរបស់រដ្ឋាភិបាលក្នុងការផ្តល់ការគាំទ្រផ្នែកសារពើពន្ធនិងរូបិយវត្ថុ។

លោកស្រី វិកតូរីយ៉ា ក្វាក្វា អនុប្រធានធនាគារពិភពលោកប្រចាំតំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វ៊ិកបាននិយាយថា  “វិបត្តិសេដ្ឋកិច្ច ដែលបណ្តាលមកពីការរាតត្បាតវីរុសកូវីដ១៩នេះ បានបង្អាក់ការកាត់បន្ថយភាពក្រីក្រ ហើយបង្កើនវិសមភាពវិញ”។

លោកស្រីបានថ្លែងថា ក្នុងគ្រាដែលប្រទេសនានា ចាប់ផ្តើមងើបឡើងវិញ នៅឆ្នាំ២០២១ គេចាំបាច់ត្រូវចាត់វិធានការបន្ទាន់ ដើម្បីការពារប្រជាជនងាយរងគ្រោះនិងធានាឱ្យមានការងើបឡើងវិញ នៃសេដ្ឋកិច្ចដែលមានបរិយាបន្ន មានភាពបៃតង និងភាពធន់។

របាយការណ៍នេះ អំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងការផលិត និងការអនុម័តវ៉ាក់សាំង ក៏ដូចជា ការបែងចែកវ៉ាក់សាំងដោយផ្អែកលើតម្រូវការ ដើម្បីជួយទប់ស្កាត់ការរាលដាលវីរុសកូវីដ១៩ ។ ការសម្របសម្រួលផ្នែកសារពើពន្ធនឹងជួយបង្កើនឥទ្ធិពលរបស់កម្មភាពរួមគ្នានេះ ពីព្រោះរដ្ឋាភិបាលខ្លះហាក់ ដូចជា ធ្វើអន្តរាគមន៍ជួយផ្នែកសេដ្ឋកិច្ចតិចតួចស្តួចស្តើងណាស់។

ក្រៅពីកិច្ចសហប្រតិបត្តិការ កាត់បន្ថយការបំភាយឧស្ម័ន ជំនួយអន្តរជាតិនឹងជួយប្រទេសកំពុងអភិវឌ្ឍន៍ក្រីក្រ ឱ្យមានលទ្ធភាពចាត់វិធានការអាកាសធាតុ កាន់តែស៊ីជម្រៅថែមទៀត។

របាយការណ៍ក្រោមចំណងជើងថា Uneven Recovery ដែលផ្តោតលើគោលនយោបាយចាក់វ៉ាក់សាំង សារពើពន្ធ និងការប្រែប្រួលអាកាសធាតុ ជាការបន្តពីការធ្វើបច្ចុប្បន្នភាពសេដ្ឋកិច្ចចំនួនពីរលើកមុនរួចមកហើយ សម្រាប់តំបន់នេះក្នុងឆ្នាំ២០២០ ដែលបានពិនិត្យ ទៅលើទិដ្ឋភាពគោលនយោបាយចំនួន៦ ពាក់ព័ន្ធការងើបឡើងវិញពីជំងឺរាតត្បាតរបស់កូវីដ១៩ ក្នុងនោះរួមមានការទប់ស្កាត់ដោយឆ្លាតវៃ ការរៀនសូត្រដោយឆ្លាតវៃ ការបង្កើនកិច្ចគាំពារសង្គម ការគាំទ្រដល់ក្រុមហ៊ុន គោលនយោបាយមានតុល្យភាពសម្រាប់វិស័យហិរញ្ញវត្ថុ និងកំណែទម្រង់ពាណិជ្ជកម្ម៕

រដ្ឋាភិបាល​កម្ពុជា​ស្នើ​ធនាគារពិភពលោក​ចំនួន៣ចំណុច​ដើម្បី​ចូលរួម​ស្តារសេដ្ឋកិច្ច​ឡើងវិញ

ដោយៈ ប៊ី

ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់​នៃ​រដ្ឋាភិបាល​កម្ពុជា បានស្នើ​ទៅកាន់​ធនាគារពិភពលោក (World Bank) ចំនួន៣ចំណុច ដើម្បី​ពិនិត្យ​ពិចារណា​លើ​ទិដ្ឋភាព​សំខាន់ សម្រាប់​ជា​មូលដ្ឋាន​នៃ​ការរៀបចំ​ផែន ការ និង​ទិសដៅ​កិច្ចសហប្រតិបត្តិការ​ទៅមុខ​ជាមួយ​កម្ពុជា អំឡុង​ជួប​វិបត្តិ​កូ​វីដ១៩ និង​រៀបចំខ្លួន​ដើម្បី​ស្តារ​សេដ្ឋកិច្ច និង​សង្គម​ឡើងវិញ​ក្រោយ​វិបត្តិ​នេះ។

ការស្នើ​ដូចនេះ ត្រូវបាន​ធ្វើឡើង ដោយ​លោក​វ​ង្សី វិស្សុត រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​រដ្ឋលេខាធិការ​ប្រចាំការ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្នុងជំនួប​ពិភាក្សា​ការងារ​ជាមួយ លោកស្រី វិច​តូ​រី​យ៉ា ខ្វា​ខ្វា (Victoria Kwakwa) អនុប្រធាន​ធនាគារពិភពលោក ក្នុង​សប្តាហ៍​នេះ។

លោក​វ​ង្សី វិស្សុត បានស្នើ​សុំឱ្យ​ធនាគារពិភពលោក៣ចំណុច រួមមាន ទី១) ពិនិត្យ និង​ពិចារណា​កែសម្រួល​ឡើងវិញ លើ​លក្ខខណ្ឌ​ឥណទាន ដើម្បីឱ្យ​កម្ពុជា​មានលទ្ធភាព​ទទួល​បាន​នូវ​ហិរញ្ញប្បទាន ដែលមាន​កម្រិត​សម្បទាន​ខ្ពស់ ទី២) កៀរគរ​ហិរញ្ញប្បទាន​ឥត​សំណង​ឱ្យដល់​កម្ពុជា ធ្វើយ៉ាងណា​ឱ្យ​ធាតុ​អំណោយ(Grant Element) របស់​គ​ម្រោ ងនីមួយៗ ឆ្លើយតប​ទៅនឹង​យុទ្ធសាស្ត្រ នៃ​ការគ្រប់គ្រង​បំណុល​របស់​រាជរដ្ឋាភិបាល និង​ទី៣) បង្កើន​គុណភាព​នៃ​គម្រោង​វិនិយោគ​ហិញ្ញ​ប្ប​ទាន ដោយ​ធនាគារពិភពលោក ឱ្យ​កាន់តែ​ប្រសើរ និង​កាន់តែ​ឆ្លើយតប​ជាង​បច្ចុប្បន្ន។

លោក​វ​ង្សី វិស្សុត ឱ្យដឹង​ដែរ​ថា នៅ​ចំពោះមុខ​នៃ​វិបត្តិ​ជំងឺ​កូ​វីដ១៩ ដែល​មិន​ធ្លាប់មាន​ពីមុន​មកនេះ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ផ្តោត លើ​អាទិភាព៤ រួមមាន៖ ការប្រយុទ្ធប្រឆាំង​ទៅនឹង​ជំងឺ​កូ​វីដ-១៩ ដើម្បី​ទប់ស្កាត់​ការឆ្លង និង​ការពារ​អាយុជីវិត​រប​ស់​ប្រជាជន ការរក្សា​លំនឹង​ជីវភាព​ប្រជាជន​ពិសេស សម្រាប់​ប្រជាជន​ក្រីក្រ​ក្រុម​ជន​ងាយ​រងគ្រោះ និង​អ្នក​បាត់បង់​ការងារ ការខិតខំ​ជួយ​ឱ្យអស់​លទ្ធភាព ដើម្បី​ជួយ​ឱ្យ​ធុរកិច្ច និង​អាជីវកម្ម​អាចរ​ស់បាន និង​រក្សា​ការងារ ពិសេស​ការរក្សា និង​ជំរុញ​សកម្មភាព​សេដ្ឋកិច្ច​ក្នុងស្រុក ការរក្សា​ឱ្យបាន​នូវ​សន្តិសុខ​សណ្តាប់ធ្នាប់​សាធារណៈ ស្ថិរភាព​សង្គម និង​ស្ថិរភាព​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ។

នៅក្នុង​ក្របខណ្ឌ​នេះ រាជរដ្ឋាភិបាល​កម្ពុជា ក៏បាន​ដាក់ចេញ​នូវ​វិធានការ​ជា​បន្តបន្ទាប់០៧ជុំ​រួចហើយ តាមរយៈ​ការអនុគ្រោះ​ពន្ធ និង​ការលើកលែង​ពន្ធ, ការអនុគ្រោះ​ការ បង់ប្រាក់​វិភាគទាន ធានារ៉ាប់រង របប​ហានិភ័យ​ការងារ និង​ការថែទាំ​សុខភាព និង​ការពន្យារ​ការបង់​កាត​ព្វ​កិច្ច​របប​សន្តិសុខ​សង្គម ការបង្កើត​ឧបករណ៍ ហិរញ្ញប្បទាន​បន្ថែម ការឧបត្ថម្ភ​ជា​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ កម្មវិធី​សាច់ប្រាក់​ពលកម្ម និង​ការផ្តល់​ប្រាក់ឧបត្ថម្ភ​ជូន​កម្មករ-និយោជិត និង​ការរៀបចំ​វគ្គ​បណ្តុះបណ្តាល ដល់ក​ម្មករ-និយោជិត ទាំង​ជំនាញ​ទន់ និង​ជំនាញ​បច្ចេកទេស ព្រមទាំង​វិធានការផ្សេងៗទៀត គួបផ្សំ​នឹង​វិធានការ រូបិយវត្ថុ ដែល​ដាក់ចេញ​ដោយ​ធនាគារជាតិ​នៃ​កម្ពុជា ដូចជា​ការកែសម្រួល​លក្ខខណ្ឌ​ឥណទាន និង​ការបង្កើន​សន្ទនីយ​ភាព នៅលើ​ទីផ្សារ​ជាដើម។

លោក​វ​ង្សី វិស្សុត បាន​បន្តថា ក្រៅពី​ការអនុវត្ត​នូវ​កម្មវិធី​សាច់ប្រាក់​ពលកម្ម ដែល​បាន​ជួយ​ស្រូបយក​កម្លាំង​ពលកម្ម ដែល​បាត់បង់​ការងារ និង​វិលត្រឡប់​ពី​បរទេស និង​បាន​ជួយ​បង្កើត នូវ​សមិទ្ធផល​សង្គម-សេដ្ឋកិច្ច​នៅតាម​ជនបទ, រាជរដ្ឋាភិបាល​ក៏បាន​អនុវត្ត​ប្រកបដោយ​ភាពជោគជ័យ នូវ​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ ក្នុងអំឡុងពេល​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ-១៩ ។

គិត​មកទល់នឹង​ពេលនេះ​រាជរដ្ឋាភិបាល​បាន​បញ្ចេញ​ទឹកប្រាក់​សរុប ប្រមាណ​ជាង ២៦០លាន​ដុល្លារ​អាមេរិក តាម​ប្រព័ន្ធ​ធនាគារ ដោយមាន​ប្រជាពលរដ្ឋ​ជា​អ្នកទទួលផល​ប្រមាណ២.៧លាន​នាក់។

ជាការ​ឆ្លើយតប​លោកស្រី វិច​តូ​រី​យ៉ា ខ្វា​ខ្វា ក៏បាន​អបអរសាទរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង និង​ជោគជ័យ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​ប្រយុទ្ធប្រឆាំង នឹង​ជំងឺ​កូ​វីដ-១៩ ពិសេស​ការអនុវត្ត​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់ ជូន​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​ក្នុងអំឡុងពេល​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ-១៩ ដែល​អាច​ចងក្រង​ទុកជា​ឯកសារ និង​ចែករំលែក​ជា​បទពិសោធ​ន៍ ជូនទៅ​បណ្តា​ប្រទេស​នានា។

លោកស្រី​បន្ថែមថា “ឆ្លើយតប​ទៅនឹង​សំណើ​ខាងលើ ធនាគារពិភពលោក នឹង​ធ្វើការ​ជិតស្និទ្ធ ជាមួយ​ភាគី​ពាក់ព័ន្ធ​ផ្សេងទៀត ដើម្បី​រក​ចម្លើយ​ដ៏​សមស្រប​ណាមួយ​សម្រាប់​កម្ពុជា ក្រោម​ក្របខណ្ឌ​នៃ​កិច្ចសហប្រតិបត្តិការ ក្នុង​ភាពជា​ដៃគូ​រឹងមាំ” ៕

ក្រុមហ៊ុន GC គ្រោង​ពង្រីក​អាជីវកម្ម​គីមី​ឥន្ធនៈ​មកកាន់​ប្រទេស​កម្ពុជា

ដោយៈ ម៉ា​ណេ​ត

ភ្នំពេញៈ ក្រុមហ៊ុន PTT Global Chemical Public Company ប្រកាសថា ខ្លួន​នឹង​ពង្រីក​អាជីវកម្ម​គីមី​របស់ខ្លួន​ទៅកាន់​ប្រទេស​កម្ពុជា ឡាវ មី​យ៉ាន់​ម៉ា និង​វៀតណាម (CLMV) ដោយ​មើលឃើញ​ពី​សក្តានុពល​ក្នុងការ​វិនិយោគ​ក្នុងប្រទេស​ទាំងនេះ។ នេះ​បើ​យោងតាម​ការ​កាសែត​បាង​កក​ប៉ុស្តិ៍ នៅក្នុង​សប្តាហ៍​នេះ។

 

លោក​បណ្ឌិត Kongkrapan Intarajang នាយក​ប្រតិបត្តិ​ក្រុមហ៊ុន PTT Global Chemical Public Company Limited (GC) បាន​ជូនដំណឹង​ដល់​ផ្សារភាគហ៊ុន​ថៃ (SET) ស្តីពី​ការទិញ​យក​ភាគហ៊ុន​របស់​ក្រុមហ៊ុន Vinythai ដើម្បី​ពង្រឹង​ខ្លួន​ជាមួយ​អាជីវកម្ម​គីមី​ឥន្ធនៈ នៅក្នុង​វិស័យ​ឧស្សាហកម្ម​របស់​ប្រទេស​ថៃ ហើយក៏​ដើម្បី​ពង្រីក​អាជីវកម្ម​របស់ខ្លួន​ទៅកាន់​ប្រទេស​កម្ពុជា ឡាវ មី​យ៉ាន់​ម៉ា និង​វៀតណាម (CLMV) ផងដែរ។

ការវិនិយោគ​លើ​ភាគហ៊ុន​នេះ នឹង​ជំរុញ​ការរីកចម្រើន​របស់​ក្រុមហ៊ុន GC នៅក្នុង​អាជីវកម្ម​ឥន្ធនៈ​របស់​ក្រុមហ៊ុន ដោយ​អនុញ្ញាតឱ្យ​ក្រុមហ៊ុន GC បង្កើន​ភាគហ៊ុន​យ៉ាងច្រើន​នៅក្នុង​អាជីវកម្ម​ក្រុមហ៊ុន PVC និង Chlor-Alkali នៅក្នុង​ទីផ្សារ ដែលមាន​កំណើន​ខ្ពស់​ដូចជា​ប្រទេស​ថៃ និង​ប្រទេស CLMV និង​ដោយ​បន្ថែម​តម្លៃ​ដល់​អាជីវកម្ម​របស់ GC។

ជាមួយគ្នា​ដែរ ក្រុមហ៊ុន​ប្រេងឥន្ធនៈ និង​អាជីវកម្ម​លក់រាយ​ខ្នាត​យក្ស​របស់​ថៃ PTT Oil and Retail Business (PTTOR) ដែល​យើង​ស្គាល់​ថា PTT  កាលថ្មីៗនេះ ក៏​គ្រោង​ចំណាយ​ដើមទុន​រហូតដល់​ទៅ ៧៤,៦ពាន់​លាន​បាត (ប្រមាណ២,៥ពាន់​លាន​ដុល្លារ​អាមេរិក) សម្រាប់​ផែនការ​ពង្រីក​អាជីវកម្ម​ស្នូល​ទាំង៣ របស់ខ្លួន​ពី​ឆ្នាំ២០២១ ដល់​ឆ្នាំ២០២៥ ។ នេះ​បើ​យោងតាម​ការបញ្ជា​ក់រប​ស់លោក​ស្រី Jiraphon Kawswat អគ្គនាយិកា​ស្ដីទី​នៃ​ក្រុមហ៊ុន​នេះ។

សម្រាប់​អាជីវកម្ម​មិនមែន​ប្រេងឥន្ធនៈ​របស់ខ្លួន ក្រុមហ៊ុន​មាន​គម្រោង​ពង្រីក​ហាង​កាហ្វេ Cafe Amazon ក្នុងប្រទេស​ថៃ ពី​ចំនួន ៣.១៨៦ សាខា​ដល់៥.៨០០ សាខា។ សម្រាប់​អាជីវកម្ម​អន្តរជាតិ​របស់ខ្លួន ក្រុមហ៊ុន​នឹង​ផ្ដោតលើ​ការពង្រីក​ស្ថានីយប្រេងឥន្ធនៈ និង​សាខា​ហាង​កាហ្វេ Cafe Amazon ក្នុងប្រទេស​កម្ពុជា ឡាវ មី​យ៉ាន់​ម៉ា វៀតណាម និង​ហ្វីលីពីន៕