រដ្ឋាភិបាល​កំពុង​រៀប​ចំ​ដំឡើង​ប្រព័ន្ធ​កំពង់ផែ EDI ដើម្បី​កាត់បន្ថយ​ថ្លៃដើម​ដឹកជញ្ជូន​ទំនិញ​តាមផ្លូវ​សមុទ្រ

0

ដោយៈ ម៉ា​ណេ​ត

ភ្នំពេញៈ រដ្ឋាភិបាល​កម្ពុជា​បានកំណត់​យក​កំពង់ផែ​ជា​ទិសដៅ​នៃ​តំបន់​អភិវឌ្ឍន៍​ឧស្សាហកម្ម សម្រាប់​ការពង្រីក​ការដឹកជញ្ជូន​ទំនិញ​ទៅកាន់​ទីផ្សារ​បណ្តា​ប្រទេស​ក្នុង​តំបន់ និង​ពិភពលោក​ទាំងមូល ខណៈ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​កំពុង​រៀបចំ​ការពង្រីក​កំពង់ផែ និង​បង្កើត​ប្រព័ន្ធ​កំពង់ផែ EDI (Electronic Data Interchange) ដើម្បី​ជួយ​សម្រួល និង​កាត់បន្ថយ​ថ្លៃដើម​ដឹកជញ្ជូន​ទំនិញ តាមផ្លូវ​សមុទ្រ។

ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ សកម្មភាព​ដឹកជញ្ជូន​តាមផ្លូវ​ទឹករ​បស់​កម្ពុជា មាន​វិសាលភាព​យ៉ាង​ធំធេង ជាពិសេស​ការលើកដាក់​ទំនិញ​នៅ​កំពង់ផែ​ក្រុងព្រះសីហនុ​កំពុងមាន​សកម្មភាព​យ៉ាង​មមាញឹក​ជាមួយនឹង​បទពិសោធន៍ និង​មានការ​ទទួលខុសត្រូវ​ខ្ពស់​របស់​កំពង់ផែ។ នេះ​បើ​យោងតាម​ការលើកឡើងរ​បស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​កាល​ចុង​សប្តាហ៍​កន្លងមកនេះ។

កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ កំពុង​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​កសាង​ជាតិ​មាតុភូមិ ដោយបាន​រួមចំណែករ​ក្សា​កំណើន​សេដ្ឋកិច្ចជាតិ​ប្រចាំឆ្នាំ​ក្នុង​រង្វង់៧% ប្រកបដោយ​ចីរភាព ជា​កំពង់ផែ​ទឹក​ជ្រៅ​តែមួយ គត់​របស់​កម្ពុជា ជា​ដង្ហើម​សេដ្ឋកិច្ច​ដ៏​សំខាន់បំផុត បាន​ជំរុញ​កំណើនសេដ្ឋកិច្ច​ជាតិ​ឱ្យ​ឆ្ពោះទៅមុខ មាន​ទីតាំង​អំណោយផល​ឋិត​នៅក្នុង​តំបន់ឆ្នេរ​សមុទ្រ ខេត្ត​ព្រះសីហនុ ដែលជា​ទីតាំង​ល្អ​បំផុត និង​ធានាបាន​នូវ​ការការពារ​ដ៏​រឹងមាំ​ពី​គ្រោះធម្មជាតិ។ បរិមាណ​ទំនិញ​ឆ្លងកាត់​ឧបករណ៍​លើកដាក់​នៅក្នុង​កំពង់ផែ​នេះ មានការ​កើនឡើង​គួរឱ្យកត់សម្គាល់​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ធ្វើឱ្យ​ប្រាក់ចំណូល​របស់​កំពង់ផែ ក៏ដូចជា​ប្រាក់ចំណូល​របស់​ជាតិ​មានការ​កើតឡើង​ជា​លំដាប់។

ស្របពេល​ជាមួយគ្នានេះដែរ បច្ចុប្បន្ន​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​កំពុង​រៀបចំ​ការពង្រីក​កំពង់ផែ និង​បង្កើត​ប្រព័ន្ធ​កំពង់ផែ EDI (Electronic Data Interchange) ដែល​នឹង​ជួយ​សម្រួល​ដល់​នីតិវិធី​ផ្លូវ ការ​នៃ​នាវា​ចេញចូល​កំពង់ផែ​កម្ពុជា​ក្នុង​គោលបំណង​ព​ន្លឿ​ន​នីតិវិធី និង​កាត់បន្ថយ​ថ្លៃដើម​ដឹកជញ្ជូន​ទំនិញ តាមផ្លូវ​សមុទ្រ ការ​ស្តុក​ទំនិញ និង​អាចឆ្លើយតប​ទៅនឹង​កំណើន​វិនិយោគ​ពី​បរទេស ជាពិសេស សំដៅ​ធ្វើ ឱ្យ​កម្ពុជា​ក្លាយជា​ទីតាំង​យុទ្ធសាស្ត្រ​មួយ​ប្រកបដោយ​ការប្រកួតប្រជែង​នៅ​តំបន់​អាស៊ី ទាក់ទង​នឹង​វិស័យ ភស្តុភា​រកម្ម និង​ការដឹកជញ្ជូន។

ជាងនេះទៅទៀត កម្ពុជា​គ្រោង​នឹង​ពង្រីក​សមត្ថភាព​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​បន្ថែមទៀត តាមរយៈ ការកសាង​ចំណត​ផែ​កុងតឺន័រ​ថ្មី​មួយ​ជម្រៅ​ទឹក១៤,៥ម៉ែត្រ ប្រវែង៣៥០ម៉ែត្រ ដែល​នឹង​ធានា​ដល់​ការចូល ចត​នាវា​កុងតឺន័រ​ខ្នាតធំៗ មាន​ចំណុះ​រហូតដល់​ទៅ ៦០.០០០តោន ឬ​ស្មើនឹង៩៣% នៃ​ចំនួន​នាវា​ប្រចាំ តំបន់​អាស៊ី-ប៉ាស៊ីហ្វិក នៅ​ដើមឆ្នាំ២០២៣ ដើម្បី​ឆ្លើយតប​ទៅនឹង​ការកើនឡើង​នៃ​បរិមាណ​កុងតឺន័រ ឆ្លងកាត់​កំពង់ផែ​មួយ​នេះ​ក្នុងពេល​បច្ចុប្បន្ន និង​នាពេល​អនាគត។

ក្រសួង​បានកត់សម្គាល់​ផងដែរ​ថា សុខសន្តិភាព និង​ស្ថិរភាព​នយោបាយ ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា កម្ពុជា​ត្រូវបាន​គេ​ចាត់ទុកជា​ប្រទេស ដែលមាន​កំណើនសេដ្ឋកិច្ច​រីកចម្រើន​ឆាប់រហ័ស នៅក្នុង​តំបន់​អាស៊ាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here