តើ​ការបង់​រំលស់​អចលនទ្រព្យ​រយៈពេល​វែង និង​ខ្លី​មានគុណ​សម្បត្តិ និង​គុណវិបត្តិ​ដូចម្តេច?

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ មនុស្ស​មួយចំនួន​ក្នុងប្រទេស​កម្ពុជា មាន​ជម្រើស​ច្រើន​ក្នុង​ការបង់​រំលស់​ទៅលើ​អ​ល​ចនទ្រ​ព្យ​ដែល​ខ្លួន​បាន​ទិញ តាមរយៈ​ការបង់​ជាមួយ​ម្ចាស់​វិនិយោគ និង​បង់​តាម​ធន​គារ ។ នៅក្នុង​ការបោះ​រំ​លោះនីមួយៗ មាន​សារៈប្រយោជន៍ផ្សេងៗគ្នា​ទៅតាម​ពេលវេលា និង​ស្ថានភាព​ជាក់ស្តែង។

លោក​ឃាង ពុ​ទ្ធី ប្រធាន​ក្រុមប្រឹក្សាភិបាល នៃ​សមាគម​អ្នកជំនាញ​អ​ល​ច​ទ្រព្យ​កម្ពុជា​ថ្លែងថា អ្នក​ដែល​ទិញ​អ​លន​ទ្រព្យ​ក្នុង​រយៈពេល​ខ្លី (២ ឬ ៣ ឆ្នាំ ) ត្រូវ​បង់​ជាមួយ​ម្ចាស់​គម្រោង  ដែល​គ្មាន​អត្រា​ការប្រាក់  ប៉ុន្តែ​បើ​បង់​ក្នុង​រយៈពេល​វែង គឺ​ត្រូវ​បង់​ជាមួយនឹង​ធនាគារ  ព្រោះ​មាន​អត្រា​ការប្រាក់​ទាប។

លោក​ថ្លែងថា “បើ​ពលរដ្ឋ​កម្ពុជា​បង់​រំ​លោះ​ផ្ទះ ជាមួយ​បុរី​ឬ​អ​ល​ចនទ្រ​ព្យ​ក្នុង​រយៈពេល ចាប់ពី១០ឆ្នាំ រហូតដល់២០ឆ្នាំ គួរ​ទៅ​សិក្សា​ជាមួយនឹង​ធនាគារ ដែល​វា​មាន​ភាព​ចំណេញ​ទៅលើ​អត្រា​ការប្រាក់ ព្រោះ​ម្ចាស់​គម្រោង​យក​អត្រា​ការប្រាក់​ខ្ពស់” ។

លោក​ឃាង ពុ​ទ្ធី ថ្លែងថា នៅពេលដែល​បង់​ជាមួយ​ធនាគារ ក្នុង​រយៈពេល​វែង  មិនមែន​ចំណេញ​អត្រា​ការប្រាក់​នោះទេ ប៉ុន្តែ​វា​មាន​សុវត្ថិភាព​ខ្ពស់ ព្រោះ​ខាង​ធនាគារ គេ​នឹងសិក្សា​លើ​បណ្ណ​កម្មសិទ្ធិ  និង​ទីតាំង​របស់​ម្ចាស់​គម្រោង​មុននឹង​អនុញ្ញាតឱ្យ អតិថិជន​ខ្ចីប្រាក់​យកទៅ​ទិញ​លំនៅឋាន ។

លោក​ថ្លែងថា នេះ​គឺជា​អត្ថប្រយោជន៍​បន្ថែម ពីលើ​ការ​ចំណេញ​ការប្រាក់ ប៉ុន្តែ​បើ​បង់​ត្រឹមតែ​ក្នុង​រយៈពេល២ឆ្នាំ  មិន​យក​អត្រា​ការប្រាក់ គួរតែ​បង់​ជាមួយ​ម្ចាស់​គម្រោង ព្រោះ​គេ​មិន​ទាមទា​នូវ​លក្ខខណ្ឌផ្សេងៗនោះទេ។

យោងតាម​ការសិក្សា​មួយ​បង្ហាញថា ការបង់​រំលស់ ជាមួយ​ម្ចាស់​គម​ម្រោ​ង​អភិវឌ្ឍន៍ ជា​លំនៅឋាន ឬ​ជា​ប្រភេទ​ដី​ឡូ​តី៍ ក្នុង​រយៈពេល​វែង​ចាប់ពី១០ឆ្នាំ​ឡើង គឺ​ត្រូវ​បង់​ក្នុង​អត្រា​ការប្រាក់​ខ្ពស់ ដែល​ផ្ទុយ​ការយក​កម្ចី​ពី​ធនាគារ​ដែលមាន​អត្រា​ការប្រាក់​ទាប៕

តើ​ដី​លើ​ទីក្រុង​កោះនរា​មានតម្លៃ​ប៉ុន្មាន​នាពេល​បច្ចុប្បន្ននេះ ខណៈ​ការកសាងហេដ្ឋារចនាសម្ព័ន្ធ​មិនទាន់​បញ្ចប់

ដោយៈ ស៊ីវ ម៉េង

ភ្នំពេញៈ ស្របពេល​ការសាងសង់ ហេដ្ឋារចនាសម្ព័ន្ធ​នានា​មិនទាន់​បញ្ចប់ តម្លៃ​ដីធ្លី​នៅ​ទីក្រុង​កោះនរា​បាន និង​កំពុងស្ថិត​ក្នុងតម្លៃ​ទាប​នៅឡើយ ដែល​អ្នកមាន​ល​ទ្ឋ​ភាព​វិនិយោគ​អាចនឹងទទួល​បាន​ផលចំណេញ​ច្រើ​នាពេល​អនាគត។

យោងតាម​បណ្តាញ​ទំនាក់ទំនង​សង្គម​របស់លោក​ស្រី​ចេ​វ សុ​ឃុន នាយិកា​ក្រុមហ៊ុន KAT Appraisal បាន​បង្ហោះ​ព៌​ត​មាន​អំពី​តម្លៃ​ដី​នៅលើ​ទីក្រុង​កោះនរា ដែលមាន​ទំហំ៤០គុណ​នឹង៦០ម៉ែត្រ ដែល​ម្ចាស់​ដី​នេះ បាន​ដាក់លក់​ក្នុងតម្លៃ៣,៦លាន​ដុល្លារ​អាមេរិក ដែល​ស្មើនឹង១៥០០ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ ប៉ុន្តែ​ទីតាំង​នៃ​ដី​នេះ មិន​ត្រូវបាន​បង្ហាញថា​ស្ថិតនៅ​តំបន់​ណា​ជាក់លាក់ នៃ​ទីក្រុង​ថ្មី​ដែលមាន​ទំហំ១២៥ហិកតា​នេះ​នៅឡើយ​ទេ។

ទីក្រុង​កោះនរា ត្រូវបាន​វិនិយោគ​ដោយ​ក្រុមហ៊ុន OCIC ដែល​គ្រាន់តែ​ការកសាង​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​ទីក្រុង​នេះ គ្រោង​ចំណាយ​ទឹកប្រាក់​អស់២០០០លាន​ដុល្លារ​អាមេរិក។

អគ្គនាយករង​ក្រុមហ៊ុន OCIC លោក​ទូច សំណាង បាន​មានប្រសាសន៍៍​ឲ្យ​ដឹង​កាលពីពេលថ្មីៗនេះ​ថា ការកសាង​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​លើ​ទីក្រុង​នេះ នឹង​បញ្ចប់​តាម​ផែនការ​របស់​ខ្លូន ដែល​ពេលវេលា​បញ្ចប់​នឹង​កំណត់​នៅ​ឆ្នាំ២០២៣ ខណៈដែល​បច្ចុប្បន្ន​ដំណើរការ​សាងសង់​ស្ពាន​ត​ភ្ជាប់​រវាង​ទីក្រុង​កោះ​ពេជ្រ និង​ទីក្រុង​កោះនរា​នឹង​បញ្ចប់​ក្នុងពេល​ដំណាលគ្នា​ផងដែរ។

លោក​បន្តថា “ទស្សនទាន​នៃ​ការអភិវឌ្ឍ​ទីក្រុង​កោះនរា មា​នស​ភាពស្រដៀងគ្នា​នឹង​ទីក្រុង​កោះ​ពេជ្រ​បច្ចុប្បន្ននេះ” ។ លោក​បន្តថា “បច្ចុប្បន្ន​ម្ចាស់​ដី​មួយចំនួន អាច​ចាប់ផ្តើម​សាងសង់​គំរោង​របស់​ពួកគេ​បាន​ហើយ ដោយសារ​តំបន់​មួយចំនួន​បានបញ្ចប់​ការចាក់​បំពេញ​រួចហើយ” ។

ទីប្រឹក្សា​សមាគម​អចលនទ្រព្យ​សកល លោក​យិន លាង​គង់ បាន​មានប្រសាសន៍ថា ទីក្រុង​កោះនរា នឹង​ក្លាយជា​ក្លាយជា Landmark ដ៏​ឆើតឆាយ​មួយនា​ប្រជុំ​ទន្លេចតុមុខ និង​ទន្លេមេគង្គ​នាពេល​អនាគត ដែល​វា​មិន​ត្រឹមតែ​ចូលរួម​លើក​កំពស់​សេដ្ឋកិច្ច​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​នឹង​ក្លាយជា​តំបន់​ដ៏​ស៊ី​វិ​ល័យ​មួយ ដែល​ជួយ​លើក​កំពស់​សោភ័ណភាព​រាជធានី​ភ្នំពេញ។

លោក​បន្តថា “តម្លៃ​ដី​នៅលើ​ទីក្រុង​នេះ​នាពេល​បច្ចុប្បន្ន ជាត​ម្លៃ​ល្អប្រសើរ​ដែល​អ្នកវិនិយោគ​អាច​ទិញ​ចំណេញ​ច្រើន ប៉ុន្តែ​ដី​នៅលើ​ទីក្រុង​នេះ​នាពេល៥ឆ្នាំ​ខាងមុខ នឹង​កើនឡើង​ចន្លោះ​ពី៣៥០០ទៅ៥០០០ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​មិន​ខាន” ។ លោក​បន្ត​ដោយ​កំប្លែង​ថា “បើ​ខ្ញុំ​មាន​លុយ នឹង​វិនិយោគ​ទិញ​ដី​នៅលើ​ទីក្រុង​នេះហើយ ប៉ុន្តែ​ល​ទ្ឋ​ភាព​គឺ​បាន​ត្រឹម​មើលឃើញ​ផលចំណេញ តែ​ល​ទ្ឋ​ភាព​វិនិយោគ​គឺ​នៅមានកម្រិត​នៅឡើយ” ៕

 

ហេដ្ឋារចនាសម្ព័ន្ធ និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ដើរតួ​យ៉ាងសំខាន់​ដូចម្តេច​ក្នុងវិស័យ​អចលនទ្រព្យ

ដោយៈ​គង់ សូរិយា

ភ្នំពេញៈ គម្រោង​អភិវឌ្ឍន៍​របស់​រដ្ឋាភិបាល​ដូចជា ទីក្រុង​រណប ផ្សារ​ទំនើប ផ្លូវថ្នល់ អាកាសយានដ្ឋាន​ជាដើម អាច​ជះឥទ្ធិពល​ធំ​ទៅលើ​តម្លៃ និង​សក្ដានុពល​សម្រាប់​ភាពជោគជ័យ ក្នុងការ​វិនិយោគ​អចលនទ្រព្យ។

ហេតុនេះ វិនិយោគិន​ចាំបាច់​គួរ​តាមដាន​ព័ត៌មាន​ពាក់ព័ន្ធ នឹង​គម្រោង​អភិវឌ្ឍន៍​នានា​ចក្ខុវិស័យ​និង​ផែនការ​ទាំង​រយៈពេល​ខ្លី និង​រយៈពេល​វែង​រប​ស់​រដ្ឋាភិបាល​ជាប់​ជានិច្ច។

គម្រោង​អភិវឌ្ឍន៍​មួយចំនួន​នាពេល​បច្ចុប្បន្ន រួមមាន​ដូចជា គម្រោង​ផ្លូវ​ល្បឿន​លឿន គម្រោង​ព្រលានយន្ដហោះ​ជាដើម ដែល​អាច​ញ៉ាំងឱ្យ​ដី​ឡើងថ្លៃ ឬ​មាន​ឥទ្ធិពល​វិជ្ជមាន​ឬ​អវិជ្ជមាន​ដល់​ដំណើរការ​សេដ្ឋកិច្ច ។ ដោយហេតុថា​នេះ ទើប​គម្រោង​អភិវឌ្ឍន៍​របស់​រដ្ឋាភិបាល​មួយចំនួន មិនត្រូវ​បានបង្ហាញ​ទូលំទូលាយ ដើម្បី​រក្សា​ស្ថិរភាព​តម្លៃ​ដី​និង​អចលនទ្រព្យ ។

លោក​បណ្ឌិត​គីម ហ៊ាង ប្រធាន KW Cambodia បាន​មានប្រសាសន៍​ឲ្យ​ដឹង​កាលពីពេលថ្មីៗនេះ​ថា នៅពេល​រដ្ឋាភិបាល​ប្រកាស​គម្រោង​អភិវឌ្ឍ​អ្វីមួយ នៅ​តំបន់​ណាមួយ​នោះ វា​បានធ្វើឱ្យ​តម្លៃ​ដីធ្លី​ងើប​រួចទៅហើយ ទោះជា​តំបន់​នោះ​មិនទាន់​អភិវឌ្ឍន៍​ក្ដី តែ​គម្រោង​អភិវឌ្ឍន៍​មួយចំនួន វា​បានធ្វើឱ្យ​តម្លៃ​អចលនទ្រព្យ​ធ្លាក់ចុះ​ទៅវិញ ជាក់ស្ដែង​គម្រោង​សង់ស្ពាន​អាកាស។

លោក​បន្តថា “ផ្ទះ​និង​ដី ដែល​នៅក្រោម​ស្ពាន​អាកាស នឹងមិន​អាច​ហក់​ឡើង​បានទេ តែ​វា​មានតែ​ថយចុះ​វិញ​ព្រោះ​នៅពេល​សង់ស្ពាន​រួច មនុស្ស​នឹងធ្វើ​ដំណើរ​តាម​លើ​ស្ពាន” ។ លោក​បន្តថា “ក្រោម​ស្ពាន​នឹង​មិនសូវមាន​អ្នក​ឆ្លងកាត់​ដូច​មុន​នោះឡើយ” ។

ជាមួយគ្នានេះ លោក​ច្រឹ​ក សុខ​នី​ម ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា ក៏បាន​លើកឡើង​ផងដែរ​ថា ទីណា​មានការ​អភិវឌ្ឍ​គម្រោង​របស់​រដ្ឋ​ទីនោះ​នឹង​ទាក់ទាញ​គម្រោង​អភិវឌ្ឍន៍​របស់​វិស័យ​ឯកជន ជាពិសេស​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ស្ព​ន ជាដើម។

លោក​បន្តថា “ដោយសារ​កត្តា​នេះហើយ ទើប​រដ្ឋាភិបាល​លោក​បាន​ពង្រីក​ហេដ្ឋារចនាសម្ព័ន្ធ​ត​ភ្ជាប់ ពី​ទីក្រុង​ទៅកាន់​តំបន់​ជាយក្រុង ដើម្បីឱ្យ​វិ​និ​យោ​គិ​ទៅ​អភិវឌ្ឍ​នៅ​តំបន់​ទាំងនោះ​ជា​បន្តបន្ទាប់” ។ លោក​បន្តថា “ជាការ​កត់សម្គាល់​តំបន់​ជាយ​រាជធានី​ភ្នំពេញ ស្ទើរតែ​គ្រប់ផ្នែក ទទួលបាន​ការអភិវឌ្ឍ ពី​គម្រោង​អភិវឌ្ឍន៍​នានា​របស់​វិនិយោគិន គ្រាន់​តែមាន​សន្ទុះ​ខុសគ្នា​ប​ន្តិ​បន្តួច​ប៉ុណ្ណោះ” ៕

តើ​ធ្វើ​ដូចម្តេច ដើម្បី​បាន​កម្ចី​ពី​ធនាគារ​មាន​អត្រា​ការប្រាក់​សមរម្យ?

ដោយៈ​រ៉ា​ណេ​ត

ភ្នំពេញៈ ដើម្បី​ទទួលបាន​កម្ចី​ពី​ធនាគារ ដែលមាន​អត្រា​ការប្រាក់​សមរម្យ អ្នក​អភិវឌ្ឍន៍ អ្នកវិនិយោគ និង​អ្នក​ដែល​រកស៊ី​ក្នុង​វិស័យ​ណាមួយ ត្រូវ​ប្រមូល​ទិន្នន័យ​ឬ ព័ត៌មាន​ឱ្យបាន​ច្រើន​ពី​ធនាគារ​នានា  ព្រោះ​ធនាគារនីមួយៗមាន​អត្រា​ការប្រាក់ខុសៗគ្នា។

លោក​ង៉ែត ជូ អ្នកវិភាគ​សេដ្ឋកិច្ច​ឯករាជ្យ​ថ្លែងថា  អ្នក​ដែលមាន​លុយ​ឱ្យ​យើង​ខ្ចី  (ធនាគារ)  មិនមែនជា​អ្នកមាន​ប្រៀប​លើ​យើង​នោះទេ អ្នកនោះ​គឺជា​អ្នកលក់​នូវ​ផលិតផល​របស់ខ្លួន  និង​ជា​អ្នកត្រូវការ​អតិថិជន​ប៉ុណ្ណោះ ។ ក្នុងនាម​យើងម្នាក់ៗ ជា​ម្ចាស់​អាជីវកម្ម អ្នកវិនិយោគ និង​អ្នករកស៊ី គឺជា​អតិថិជន​របស់​របស់​គេ ក្នុង​ការបង់​ការប្រាក់​ឱ្យ​គាត់  ឬ​ទិញ​ផលិត​របស់គាត់​ប៉ុណ្ណោះ។

លោក​បន្ថែមថា ភាគី​ទាំងពីរ គឺមាន​ភាពស្មើគ្នា នៅក្នុង​ការចចារ​និង​ពិគ្រោះ​យោបល់​ជាមួយគ្នា ហើយ​អ្នកខ្លះ​មានការ​ការភ័យខ្លាច ចំពោះ​ធនាគារ ដែល​ខ្លាច​មិនអោយ​ខ្ចីលុយ​ដើម្បី​យកមក​វិនិយោគ ឬ​ធ្វើ​អាជីវកម្ម។  តាមពិតទៅ មកពី​យើង​គ្មាន​ទំនុកចិត្ត​ក្នុងការ​ទំនាក់ទំនង​ច​ចារ​ជាមួយ​ធន​គារ​ទេ។

លោក ង៉ែត ជូ បញ្ជាក់ថា ចំណុច​ទី ១ យើង​ត្រូវមាន​ជំនឿ​ចិត្ត​ជាមុនសិន  ទី២ មិនត្រូវ​ច​ចារ​ជាមួយ​ធនាគារ​ណា ដែល​យើង​ធ្លាប់​ធ្វើការ​ជាមួយ​នោះទេ   គឺ​យើង​គួរ​ធ្វើការ​ទំនាក់ទំនង​ក្នុង​រូបភាព​មួយ (Lady Shopping) ។

លោក ង៉ែត ជូ ពន្យល់ថា “នៅពេលដែល​គាត់​ដើរ​ផ្សារ ជា​ស្រី្ត គឺ​មិន​អាចឱ្យ​អ្នកលក់​កោ​គាត់​បានទេ គឺ​គាត់​បាន​ប្រមូល​ព័ត៌មាន​បាន​ច្រើន ពោលគឺ​ចេញពី​ហាង​មួយ​ទៅ​ហាង​មួយទៀត” ។

ក្នុងន័យនេះ ដើម្បី​ទទួលបាន​កម្ចី​ធនាគារ ដែលមាន​អត្រា​ការប្រាក់​សមរម្យ យើង​ត្រូវតែ​ធ្វើ​ស្តាយ Lady Shopping  គឺ​យើង​ត្រូវ​ប្រមូល​ព័ត៌មាន​ពី​ធនាគារ​នានា ឱ្យបាន​ច្រើន  មុននឹង​ស​ម្រេ​ចិត្ត​ខ្ចី ព្រោះ​ធនាគារនីមួយៗមាន​លក្ខ​ខន្ធ​កម្ចីផ្សេងៗគ្នាច្រើន ។ ដូចជា​រយៈពេល​ផ្តល់​កម្ចី និង​អត្រា​ការប្រាក់ ទ្រព្យ​ធនា និង​លក្ខខណ្ឌ​ផ្អែកលើ​លំហូរ​សាច់ប្រាក់​ជាដើម។

នៅពេល​យើង​ប្រមូល​ព័ត៌មាន​បាន​ហើយ យើង​ត្រូវ​ធ្វើកា​ប្រៀបធៀប  ចុងក្រោយ​យើង​អាច​សម្រេច​ថា ធនាគារ​ណា​ដែលមាន​លក្ខ​ខន្ធ​សមស្រប​ណា​សម្រាប់​យើង។

ក្រៅតែពី​យុទ្ធសាស្ត្រ​នៃ Lady Shopping  យើង​គួរតែ​ពិនិត្យមើល​ទៅលើ​ធនាគារថ្មីៗ  ព្រោះ ធនាគារថ្មីៗ ស្រេកឃ្លាន ក្នុងការ​ទទួលយក​នូវ​អតិថិជន​ខ្លាំងណាស់  ព្រោះ​គាត់​ត្រូវ​ការលក់​ផលិតផល​របស់គាត់   និង​ធនាគារ​ណា​ដែល​មិនសូវ​ល្បី ក៏​គួរ​ពិចារណា​ផងដែរ  ព្រោះ ធនាគារ​ដែល​មិន​ល្បី​នេះ ពួកគេ​ដាក់ខ្លួន​បន្តិច  និង​មាន​ភាពបត់បែន ដើម្បី​បញ្ចេញ​នូវ​ផលិតផល​របស់ខ្លួន​ឱ្យបាន​ច្រើន  និង​មួយវិញទៀត យើង​ក៏​គួ​គិតគូ​ទៅលើ​មីក្រូហិរញ្ញវត្ថុ ដែល​បំ​ឡែ​ង​ខ្លួន​ទៅជា​ធនាគារ ដែល​អាចមាន​ភា​បែប​បត់​ខ្លួន ដើម្បី​ទទួលបាន​អតិថិជន៕

ទីផ្សារដីធ្លីនៅតាមផ្លូវជាតិលេខ២ខេត្តតាកែវ កំពុងទាក់ទាញការវិនិយោគ

ដោយ ៖ រ៉ាណេត

តាកែវ ៖ ស្ថិតនៅក្នុងផែនការនៃការអភិវឌ្ឍរបស់រាជរដ្ឋាភិបាលកម្ពុជាទៅលើការរៀបចំ និងស្ថាបនាផ្លូវជាតិលេខ២ឱ្យមានលក្ខណៈធំទូលាយ និងល្អប្រសើរបង្កភាពងាយស្រួលក្នុងការធ្វើដំណើរ និងបម្រើដល់វិស័យដឹកជញ្ជូននោះ បច្ចុប្បន្នបាន និងកំពុងជំរុញឱ្យមានតម្រូវការប្រើប្រាស់ដីនៅសងខាងផ្លូវសម្រាប់ការវិនិយោគ និងអភិវឌ្ឍន៍ជាគម្រោងលំនៅដ្ឋាន និងគម្រោងឧស្សាហកម្មរោងចក្រផងដែរ។

លោកស្រីអាន សុធីតានាយិកាប្រចាំប្រទេសក្រុមហ៊ុន CBRE Cambodia បានមានប្រសាសន៍ឱ្យដឹងនៅរសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ថា ទីផ្សារដីធ្លីនៅតាមបណ្តោយផ្លូវជាតិលេខ២ បច្ចុប្បន្នកំពុងបង្ហាញពីសក្តានុពល និងអំណោយផលដល់ការវិនិយោគ អភិវឌ្ឍន៍ក្នុងវិស័យលំនៅដ្ឋាន ក៏ដូចជាការវិនិយោគក្នុងវិស័យឧស្សាហកម្មផងដែរ។

លោកស្រីបន្តថា “ជាធម្មតានៅពេលដែលមានគម្រោងអភិវឌ្ឍន៍របស់រដ្ឋាភិបាលគឺតែងអនុគ្រោះដល់ការវិនិយោគ និងអភិវឌ្ឍន៍របស់វិស័យឯកជន។ ជាមួយគ្នានេះ សម្រាប់គម្រោងស្ថាបនា និងកែលម្អផ្លូវជាតិលេខ២នៅពេលនេះ ក៏បានជួយធ្វើឱ្យវិសយអចលនទ្រព្យនៅតំបន់នេះមានភាពរីកចម្រើនផងដែរ ព្រោះនៅពេលដែលមានហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ល្អស្អាត ងាយស្រួលធ្វើដំណើរ វានឹងជំរុញឱ្យមានមនុស្សចូលទៅរស់នៅ ហើយក៏មានរោងចក្រ សហគ្រាសចូលទៅដែរ ព្រោះងាយស្រួលក្នុងការដឹកជញ្ជូន។ អ្វីដែលសំខាន់ គឺនៅពេលមានតម្រូវការប្រើប្រាស់ដី តម្លៃដីគឺនឹងឡើងថ្លៃជាបន្តបន្ទាប់មិនខាន”។

លោកស្រីអាន សុធីតាបានបន្តថា បើគិតពីផ្លូវបំបែកផ្លូវ៦០ម៉ែត្រ មកផ្លូវជាតិលេខ២ តម្លៃដីមានការកើនឡើងថ្លៃពី១០០ ទៅ ៣០០ ដុល្លារអាមេរិកក្នុងមួយម៉ែត្រកការ៉េ ហើយរហូតដល់ផ្លូវបំបែកលេខ២០ ត្រង់រង្វង់មូលគួរស្រូវ គឺឡើងទ្វេងដង បើធៀបនឹង២ឆ្នាំមុន ហើយបន្តិចទៀតអាចនឹងបន្តឡោះងថ្លៃជាងនេះ ព្រោះជាតំបន់សាងសង់លំនៅដ្ឋាន ជាតំបន់ជាយក្រុងងាយស្រួលក្នុងធ្វើដំណើរចូលក្រុង និងងាយស្រួលក្នុងការធ្វើពាណិជ្ជកម្មខ្នាតតំបន់ផងដែរ។ ដោយឡែកបើគិតពីរង្វង់មូលគួរស្រូវទៅចូលស្រុកកណ្តាលស្ទឹង តម្លៃដីនៅតាមបណ្តោយផ្លូវនេះ មិនមានការរឡើងថ្លៃប៉ុន្មានទេ អាចស្ថិតក្នុងចន្លោះពី ៨០ ទៅ ១០០ ដុល្លារប៉ុណ្ណោះក្នុងមួយម៉ែត្រការ៉េ។ យ៉ាងណាក៏ដោយ តម្លៃដីធ្លីវាអាចនឹងប្រែប្រួលទៅតាមប្រភេទដី និងទីតាំងដែលមានសក្តានុពល។

បច្ចុប្បន្ន ផ្លូវជាតិលេខ២កំពុងតែដំណើរការស្ថាបនា ពង្រីក និងកែលម្អឱ្យកាន់តែល្អប្រសើរ បន្ទាប់បានពីបើកការដ្ឋានសាងសង់កាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០២០ ដោយគ្រោងបញ្ចប់នៅក្នុងឆ្នាំ២០២២។ ផ្លូវជាតិមួយខ្សែនេះ នឹងដើរតួជាផ្លូវសេដ្ឋកិច្ចដ៏សំខាន់មួយទៀតរបស់កម្ពុជា ដោយតភ្ជាប់ទៅកាន់ផ្លូវជាតិលេខ១ ផ្លូវជាតិលេខ៣ និងជាពិសេសតភ្ជាប់ផ្លូវ៦០ម៉ែត្រ និងផ្លូវលេខ២០ ឆ្ពោះមកកាន់ទីក្រុងភ្នំពេញ ដែលមានភាពងាយស្រួលក្នុងការធ្វើដំណើរ និងចំណាយពេលតិច៕

សេដ្ឋកិច្ចនៅតំបន់អាស៊ីប៉ាស៊ីហ្វិកនឹងកើនដល់៧,៨ភាគរយខ្ពស់ជាងការរំពឹងទុកនៅឆ្នាំនេះ

ដោយៈ ប៊ី

ភ្នំពេញៈ ភ្នាក់ងារវាយតម្លៃសេដ្ឋកិច្ច និងហិរញ្ញវត្ថុ S&P Global Ratings របសសហរដ្ឋអាមេរិកបានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ការងើបឡើងវិញនៃសេដ្ឋកិច្ចនៅតំបន់អាស៊ីប៉ាស៊ីហ្វិកពីវិបត្តិកូវីដ១៩នឹងត្រូវបានជំរុញ ដោយកការដាក់ចេញនូវកញ្ចប់ថវិកាស្តារសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក និងតម្រូវការសកលកាន់តែខ្លាំង។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Business Standard នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១។

របាយការណ៍ ដែលមានចំណងជើងថា “ទស្សនវិស័យសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិកត្រីមាស២ ឆ្នាំ២០២១ បានឱ្យដឹងថា ការចែកចាយវ៉ាក់សាំងកូវីដ១៩នៅក្នុងតំបន់នេះប្រហែលយឺតប្រទេសដទៃទៀត ប៉ុន្តែវានឹងអាចគ្រប់គ្រាន់ក្នុងការជំរុញការចំណាយរបស់អ្នកប្រើប្រាស់ និងតម្រូវការក្នុងស្រុកនៅចុងឆ្នាំឆ្នាំ២០២១នេះ។

ការវាយតម្លៃរបស់ភ្នាក់ងារ S&P Global បានព្យាករឡើងវិញថា កំណើនសេដ្ឋកិនៅអាស៊ីប៉ាស៊ីហ្វិកកើនឡើងដល់៧,៨ភាគរយនៅឆ្នាំ២០២១នេះ ដែលខុសពីការព្យាករណ៍ពីលើកមុន ដែលថា កំណើនសេដ្ឋកិច្ចនៅក្នុងតំបន់មាន៦,៨ភាគរយ។

ការចែកចាយវ៉ាក់សាំងសកល ដែលមានល្បឿនលឿនជាងការរំពឹងទុក កញ្ចប់ថវិការស្តារសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក និងការកើនឡើងនៃការដោះដូរពាណិជ្ជកម្ម និងផលិតកម្មបានជំរុញឱ្យការព្យាករណ៍របស់ខ្លួនកើនឡើងខ្ពស់។

លោក Shaun Roache ប្រធានសេដ្ឋវិទូប្រចាំនៅអាស៊ីប៉ាស៊ីហ្វិកនៃភ្នាក់ងារ S&P Global Ratings បានមានប្រសាសន៍ថា “យើងក៏រំពឹងផងដែរអំពីការចាក់វ៉ាក់សាំងជាបណ្តើរៗនៅក្នុងតំបន់ នឹងលើកទឹកចិត្តការចំណាយខ្ពស់លើសេវាកម្ម ការងារកាន់តែច្រើន និងការរកប្រាក់ចំណូលបានកើនឡើង”។

ខណៈពេលដែលការងើបឡើងវិញក្នុងល្បឿនមួយដ៏លឿន បានកើតឡើងនៅអាស៊ីប៉ាស៊ីហ្វិក ភ្នាក់ងារ S&P Global Ratings រំពឹងថាប្រទេសដែលមានកំណើនយឺតយ៉ាវ នឹងមានសន្ទុះឡើងវិញនៅចុងឆ្នាំ២០២១នេះ។

ប្រទេសដែលនៅតែរក្សាកំណើនសេដ្ឋកិច្ច រួមមានចិន នូវែលហ្សេឡង់ កោះតៃវ៉ាន់ និងវៀតណាម៕

វិស័យឧស្សាហកម្មនៅតែទទួលបានការវិនិយោគថ្មី ប៉ុន្តែតម្រូវការប្រើប្រាស់ទ្រង់ទ្រាយធំនៅមិនទាន់មាននៅឡើយ

ដោយ ៖ លក្ខិណា
ភ្នំពេញ៖ ចាប់តាំងពីកម្ពុជាបានជួបនូវការឆ្លងរាលដាលនៃជំងឺកូវីដ១៩ក្នុងសហគមន៍២០ កុម្ភៈ ២០២១មក អាជីវកម្ម នៅតាមវិស័យជាច្រើនដែលគាំទ្រដល់កំណើនសេដ្ឋកិច្ចកម្ពុជា បានស្ងប់ស្ងាត់ជាបន្តបន្ទាប់ និងធ្វើឱ្យប្រតិបត្តិករនៅក្នុងវិស័យទាំងនោះផ្អាកដំណើរការ ឬបិទអាជីវកម្មតែម្ដង។ យ៉ាងណាក្ដី ក្នុងចំណោមវិស័យសំខាន់ៗ គេឃើញថាមានតែវិស័យ ឧស្សាហកម្ម ជាពិសេសឧស្សាហកម្មកាត់ដេរ នៅតែទទួលបានគម្រោងវិនិយោគថ្មីៗជាបន្តបន្ទាប់។

បើតាមលោកប៉ូ អ៊ាវគង់ អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Advance បានឱ្យដឹងថា ចាប់តាំងពីកម្ពុជា ជួបនឹងប្រទះនឹងរលកទី៣នៃជំងឺកូវីដ១៩ឆ្លងចូលសហគមន៍ គេឃើញថាវិស័យជាច្រើនដែលបានកម្រើកឡើងវិញនៅដើមឆ្នាំ២០២១នោះបានជួបប្រទះនឹងបញ្ហាសាជាថ្មី រហូតបាត់បង់ឱកាសពង្រីកអាជីវកម្ម កាត់បន្ថយបុគ្គលិក ឬផ្អាកដំណើរការតែម្ដងនៅក្នុងដំណាក់កាលដ៏លំបាកមួយនេះ។

លោកបន្តថា ដោយឡែកពាក់ព័ន្ធនឹងការទិញលក់អចលនទ្រព្យ ដូចជាផ្ទះ ខុនដូ និងដីធ្លីសម្រាប់អភិវឌ្ឍន៍ជារោងចក្រធំៗក៏មានភាពស្ងប់ស្ងាត់ដែរ បើទោះជាមានគម្រោងវិនិយោគថ្មីត្រូវបានអនុម័តគាំទ្រដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាជាបន្តបន្ទាប់ក៏ដោយ។ លោកបន្ថែមថា អ្វីដែលយើងទាំងអស់គ្នាត្រូវធ្វើនៅពេលនេះ គឺត្រូវទប់ស្កាត់ការឆ្លងជំងឺក្នុងសហគមន៍ ជាពិសេសត្រូវទប់ស្កាត់ការឆ្លងចូលក្នុងវិស័យឧស្សាហកម្មរោងចក្រកាត់ដេរ ព្រោះពួកគាត់ភាគច្រើនធ្វើការជាបណ្ដាញ និងមានទំនាក់ទំនងគ្នាជាបន្តបន្ទាប់ ។

លោកអាត់ ធន់ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា បានឱ្យដឹងថា រដ្ឋាភិបាលត្រូវតែទប់ស្កាត់ការឆ្លងរាលដាលនៅក្នុងរោងចក្រឱ្យបាន បើសិនជាកម្មករណាមួយមានពាក់ព័ន្ធ គឺត្រូវធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវ និងត្រូវផ្អាកដំណើរការរោងចក្រនោះដើម្បីស្រាវជ្រាវឱ្យបានច្បាស់លាស់សិន ទើបបើកដំណើរការឡើងវិញ បើពុំនោះទេ នឹងមានផលអាក្រក់កាន់តែខ្លាំងទៅលើវិស័យនេះ ។

យោងតាមរបាយការណ៍កន្លងមកបង្ហាញថានៅក្នុងវិបត្តិកូវីដ១៩ តាំងពីដើមឆ្នាំ ២០២០ ការនាំចេញក្នុងវិស័យកាត់ដេរគិតត្រឹមឆមាសទី៤ឆ្នាំ២០២០ បានរួមចំណែករហូតដល់៧០ភាគរយនៃការនាំចេញសរុប ខណៈវិស័យដែលគាំទ្រសំខាន់សេដ្ឋកិច្ច ដូចជាទេសចរណ៍ជាដើមបានធ្លាក់ចុះយ៉ាងគំហុក ស្ទើរ១០០ភាគរយ៕

វឌ្ឍនភាព ៖ គម្រោងស្ថាបនាផ្លូវជាតិលេខ១០សម្រេចបានជាង៤៥ភាគរយ

ដោយ ៖ រ៉ាណេត

ពោធិ៍សាត់ ៖ រហូតមកដល់ពេលបច្ចុប្បន្ន គម្រោងស្ថាបនាផ្លូវជាតិលេខ១០ ដែលមានប្រវែងសរុបប្រមាណ២០០គីឡូម៉ែត្រ គ្រោងចំណាយថវិកាជាង១៨០លានដុល្លារតភ្ជាប់ពីខេត្តពោធិ៍សាត់ឆ្ពោះទៅកាន់ខេត្តកោះកុង ឆ្លងកាត់តំបន់មួយចំនួននៃខេត្តបាត់ដំបងសម្រេចបានលទ្ធផលប្រមាណជាង៤៥ភាគរយហើយ ដោយគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២៣ខាងមុខនេះ។

រដ្ឋលេខាធិការក្រសួងសាធារណៈ និងដឹកជញ្ជូន លោកបុង ប៊ុនហួន បានមានប្រសាសន៍ក្នុងឱកាសចុះត្រួតពិនិត្យស្ថានភាព និងសកម្មភាពសាងសង់កាលពីពេលថ្មីៗនេះថា ផ្លូវមួយខ្សែនេះនឹងផ្តល់អត្ថប្រយោជន៍ទាំងក្នុងការដឹកជញ្ជូន និងជាផ្លូវបែបអេកូទេសចរណ៍ធម្មជាតិតំបន់ដែលអាចទាក់ទាញភ្ញៀវទេសចរដែលចូលចិត្តធ្វើដំណើរកម្សាន្តអាចគយគន់ធម្មជាតិនៅតំបន់ទាំងនោះបានផងដែរ។

ផ្លូវជាតិលេខ១០ មានប្រវែងសរុបចំនួន ១៩៨,៧១គីឡូម៉ែត្រ គិតចាប់ពីតំបន់វាលវែងខេត្តពោធិ៍សាត់ ឆ្លងកាត់ខេត្តបាត់ដំបង ស្រុកសំឡូត និងបន្តឆ្ពោះទៅកាន់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ ផ្លូវជាតិមួយខ្សែនេះគឺមានសារៈសំខាន់បំផុតសម្រាប់ការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋ ជាពិសេសបម្រើដល់វិស័យដឹកជញ្ជូនរវាងខេត្តទាំង៣ រួមមាន ខេត្តពោធិ៍សាត់ បាត់ដំបង និងខេត្តកោះកុង ហើយក៏អាស្រ័យផល និងផ្តល់ភាពងាយស្រួលដល់ខេត្តជិតខាងមួយចំនួនទៀតផងដែរ។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាធ្លាប់បានមានប្រសាសន៍ថា បើទោះបីជាវិបត្តិសេដ្ឋកិច្ចសាកលដែលបណ្តាលមកពីជំងឺឆ្លងកូវីដ១៩យ៉ាងណាក៏ដោយ វាមិនមែនជាឧបសគ្គរបស់កម្ពុជាក្នុងការកសាង និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅទូទាំងប្រទេសនោះទេ។ ផ្ទុយទៅវិញ នៅក្នុងកាលៈទេសៈនេះ កម្ពុជាបានព្យាយាមជំនះ និងធ្វើពិពិធកម្មក្នុងវិស័យសំខាន់ៗមួយចំនួនឱ្យកាន់តែមានភាពរីកចម្រើន និងល្អប្រសើរថែមមួយកម្រិតទៀត៕

តំបន់ផ្លូវចាតិលេខ១ ចម្ងាយពីក្រុងប្រមាណ២៥គីឡូម៉ែត្រកំពុងក្លាយជាគោលដៅអភិវឌ្ឍន៍លំនៅដ្ឋានកម្រិតមធ្យម

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ បន្ទាប់ពីតំបន់បឹងស្នោរ និងតំបន់ព្រែកឯងដែលស្ថិតនៅក្នុងខណ្ឌច្បារអំពៅតាមបណ្តោយផ្លូវជាតិលេខ១ដែលក្លាយទៅជាតំបន់លំនៅដ្ឋានប្រណីតកម្រិតខ្ពស់រួចទៅហើយនោះ បច្ចុប្បន្នបានបន្តរុញច្រានគម្រោងអភិវឌ្ឍន៍បុរីជាច្រើនគម្រោងរហូតដល់ស្រុកកៀនស្វាយ ជាមួយនឹងការដាក់លក់ក្រោម៧ម៉ឺនដុល្លារក្នុងមួយខ្នង។

ចាប់ពីចំណុចផ្លូវបំបែករវាងផ្លូវជាតិលេខ១ណ និងផ្លូវក្រវាត់ទី២ឆ្ពោះទៅកាន់ស្រុកកៀនស្វាយ ខេត្តកណ្តាល គេសង្កេតឃើញមានគម្រោងអភិវឌ្ឍន៍បុរី និងបណ្តុំលំនៅដ្ឋានជាច្រើនគម្រោងកំពុងមានសកម្មភាពសាងសង់យ៉ាងមមាញឹក ហើយបុរីភាគច្រើនជាគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានតម្លៃសមរម្យក្រោយ៧ម៉ឺនដុល្លារក្នុងមួយខ្នងតែប៉ុណ្ណោះ។
លោកឧកញ៉ានួន រិទ្ធី អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Khmer Foundation Appraisal ដែលជាអ្នកអភិវឌ្ឍន៍បុរីកៀនស្វាយផាក និងទើបតែប្រកាសដាក់លក់ជាផ្លូវការកាលពីដើមសប្ដាហ៍នេះបានមានប្រសាសន៍ថា មានងឲហេតុផលជាច្រើនដែលជំរុញឱ្យក្រុមហ៊ុន និងអ្នកអភិវឌ្ឍន៍ជ្រើសរើសតំបន់ផ្លូវជាតិលេខ១ក្នុងស្រុកកៀនស្វាយធ្វើជាគោលដៅវិនិយោគ។

លោកឧកញ៉ាបន្តថា មុនពេលសម្រេចជ្រើសយកទីតាំងណាមួយសម្រាប់វិនិយោគ និងអភិវឌ្ឍន៍គម្រោង គឺគេសុទ្ធតែបានសិក្សាពីភាពអំណោយផលនៃកត្តាភូមិសាស្ត្រ សក្ដានុពលក្នុងតំបន់ ចំនួនប្រជាសាស្ត្រ និងការវិវឌ្ឍនៅថ្ងៃអនាគតយ៉ាងច្បាស់លាស់ ព្រោះការបណ្តាក់ទុនវិនិយោគ និងអភិវឌ្ឍន៍ក្នុងវិស័យសំណង់លំនៅដ្ឋានតម្រូវចំណាយទុនរាប់លានដុល្លារក្នុងមួយគម្រោង។

លោកកញ៉ា នួន រិទ្ធី បានមានប្រសាសន៍ថា “បើងាកទៅកាន់តំបន់ជាយក្រុង ដែលនៅក្នុងនោះតំបន់កៀនស្វាយ ដែលស្ថិតនៅភាគខាងត្បូងឈៀងខាងជើង បាននិងកំពុងស្ថិតក្នុងក្រសែភ្នែករបស់អ្នកជំនួញទាំងអស់។ ហេតុផលដែលបណ្តាលឱ្យដីនៅស្រុកកៀនស្វាយ និងលើកដែក មានភាពទាក់ទាញ ក៏ព្រោះនៅតំបន់នេះ នឹងមានការអភិវឌ្ឍយ៉ាងលឿននាពេលអនាគត ដែលអាចនិយាយបានថា ជាតំបន់ពហុអភិវឌ្ឍន៍ មានកំពង់ផែអន្តរជាតិ មានរោងចក្រ ជាតំបន់តភ្ជាប់ព្រុំដែនកម្ពុជា-វៀតណាម មានតំបន់កម្សាន្តកែច្នៃដ៏ធំ ជាពិសេសស្ថិតនៅជាប់ផ្លូវក្រវ៉ាត់ក្រុងទី៣ ដែលជាភាពទាក់ទាញយ៉ាងខ្លាំង សម្រាប់សម្រាប់អ្នកអភិវឌ្ឍន៍”។

ស្រដៀងគ្នានេះ លោកច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានឱ្យដឹងថា សម្រាប់ដីដែលស្ថិតតាមផ្លូវជាតិលេខ១ គឺកំពុងតែមានភាពទាក់ទាញខ្លាំង ដែលអាចផ្តល់ឱកាសយ៉ាងល្អប្រសើរទៅដល់បណ្តាអ្នកវិនិយោគនានា ទាំងការទិញ-លក់ ក៏ដូចជាអ្នកអភិវឌ្ឍលើគម្រោងសំណង់លំនៅដ្ឋាន។
លោកបន្តថា “បច្ចុប្បន្ននេះ តំបន់ច្បារអំពៅបានក្លាយជាតំបន់ពាណិជ្ជកម្មរួចទៅហើយ ដោយឡែកតំបន់ផ្សេងទៀតជាប់ផ្លូវជាតិលេខ១ ស្ថិតក្នុងស្រុកកៀនស្វាយ និងស្រុកលើកដែក ក៏កំពុងតែចាប់ផ្តើមមានសក្តានុពលជាបណ្ដើរៗ។ ភាពរីកចម្រើននៅតាមតំបន់នេះ ដោយសារតំបន់នេះមានតំបន់សេដ្ឋកិច្ចពិសេស ផ្លូវក្រវ៉ាត់ក្រុងទី៣ ដែលជាផ្លូវសេដ្ឋកិច្ចដ៏ធំ មានកំពង់ផែលំដាប់អន្តរជាតិ រួមជាមួយនឹងផ្លូវតភ្ជាប់ច្រករបៀងភាគខាងត្បូងជាដើម”។

បច្ចុប្បន្ន វត្តមានរបស់គម្រោងបុរីដែលកំពុងមានសកម្មភាពសាងសង់ និងបានដាក់លក់នៅលើទីផ្សាររួមមានដូចជា គម្រោងភ្នំពេញសុខសាន្ត គម្រោងមង្គលភ្នំពេញ គម្រោងKS Residence គម្រោងកៀនស្វាយផ្លាហ្សា គម្រោងឧទ្យានមង្គល គម្រោង SM Land គម្រោងកៀនស្វាយផាក ដែលកំពុងអភិវឌ្ឍន៍សាងសង់ប្រមាណ២០០ខ្នងក្នុងដំណាក់កាលដំបូងជាមួយទុនប្រមាណ១០លានដុល្លារ៕

កម្ពុជា -សិង្ហបុរី មានកំណើនទំហំពាណិជ្ជកម្មប្រមាណ ៤,២៤ពាន់លានដុល្លារអាមេរិក

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ ទោះជាស្ថិតនៅក្នុងកំឡុងពេលនៃវិបត្តិកូវីដ១៩យ៉ាងណាក៏ដោយ សម្រាប់ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-សិង្ហបុរី បានកើនឡើងដល់ចំនួន ៤,២៤ពាន់លានដុល្លារអាមេរិក ជាមួយនឹងគម្រោងបង្កើនការវិនិយោគនៅក្នុងវិស័យផ្សេងៗជាច្រើនទៀតនៅក្នុងប្រទេសទាំង២។

សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទីកម្ពុជាបានមានប្រសាសន៍ថានៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១នេះថា ទោះបីជាស្ថិតក្នុងវិបតិ្តនៃជំងឺកូវីដ-១៩ក៏ដោយ ក៏ពាណិជ្ជកម្មទ្វេភាគីរបស់ប្រទេសទាំងពីរកម្ពុជា-សិង្ហបុរីមានទំហំ៤,២៤ពាន់លានដុល្លារ ហើយការវិនិយោគរបស់ប្រទេសសិង្ហបុរីនៅព្រះរាជាណាចក្រកម្ពុជាមានទំហំទៅដល់១,២៩ពាន់លានដុល្លារក្នុងរយៈពេល២៦ឆ្នាំកន្លងមកនេះ ពោលគឺចាប់ពីឆ្នាំ១៩៩៤ ដល់ឆ្នាំ២០២០។

ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំនៅកម្ពុជា លោកស្រីធាវ ឡេ ឈិង (Teo Lay Cheng) បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរក្នុងវិស័យជាច្រើនដូចជា៖ វិស័យសេដ្ឋកិច្ច វិស័យសុខាភិបាល ក៏ដូចជាទំនាក់ទំនងរវាងប្រជាជននៃប្រទេសទាំងពីរ។

វិស័យសេដ្ឋកិច្ច និងការវិនិយោគរវាងប្រទេសទាំងពីរមានការកើនឡើងជាលំដាប់ ជាពិសេសអ្នកវិនិយោគសិង្ហបុរីបានសហការយ៉ាងជិតស្និទ្ធជាមួយនឹងអ្នកវិនិយោគកម្ពុជាក្នុងការអភិវឌ្ឍលើកកម្ពស់វិស័យបច្ចេកវិទ្យា និងវិស័យឌីជីថល ក្នុងនោះវិស័យដែលលេចធ្លោជាងគេ គឺវិស័យទេសចរណ៍ និងវិស័យបដិសណ្ឋារកិច្ច។

លោកស្រីបានបញ្ជាក់ថា ការហោះហើរត្រង់ពីប្រទេសសិង្ហបុរីមកព្រះរាជាណាចក្រកម្ពុជា គឺមានការកើនឡើង៩ដងក្នុងមួយសប្តាហ៍ ដែលអាចជំរុញលើកកម្ពស់ទំនាក់ទំនង និងការផ្សារភ្ជាប់រវាងប្រជាជននៃប្រទេសទាំងពីរផងដែរ។ ក្រៅពីកិច្ចសហប្រតិបត្តិការទ្វេភាគី ប្រទេសទាំងពីរក៏មានកិច្ចសហប្រតិបត្តិការដ៏ល្អជាមួយគ្នាក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការថ្នាក់តំបន់ និងអន្តរជាតិ។

ជាមួយគ្នានេះលោកស្រីក៏បានសន្យាជួយជំរុញការធ្វើវិនិយោគ និងការផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដើម្បីរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់ប្រទេសទាំងពីរក្រោយដំណាក់កាលនៃការរីករាលដាលនៃជំងឺកូវីដ១៩៕