ជម្លោះរវាងចិន-អឺរ៉ុបឡើងកម្ដៅខ្លាំងបង្កភាពមិនច្បាស់លាស់ដល់កិច្ចព្រមព្រៀង វិនិយោគរវាងតំបន់ទាំងពីរ

ដោយៈ ប៊ី

ភ្នំពេញៈ ប្រធានគោលនយោបាយពាណិជ្ជកម្ម របស់សហភាពអឺរ៉ុបបានព្រមានថា ការសម្រេចចិត្តរបស់ប្រទេសចិន ក្នុងការដាក់ទណ្ឌកម្ម នឹងមានហានិភ័យដល់កិច្ចព្រមព្រៀងពាណិជ្ជកម្ម ដែលមូលដ្ឋានគ្រឹះនៃទំនាក់ទំន ងនាពេលអនាគតរវាងអឺរ៉ុប និងទីក្រុងប៉េកាំង។ នេះបើយោងតាមការចេញផ្សារយរបស់សារព័ត៌មាន Financial Times នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១។

លោកValdis Dombrovskis ប្រធានគណៈកម្មការពាណិជ្ជកម្មរបស់សហភាពអឺរ៉ុបបានមានប្រសាសន៍ថា #ជោគវាសនា នៃកិច្ចព្រមព្រៀងដ៏ទូលំទូលាយស្តីពី ការវិនិយោគរបស់សហភាពអឺរ៉ុប-ចិន (CAI) ស្ថិតលើជម្លោះការទូត ដែលបានផ្ទុះឡើងនៅសប្តាហ៍នេះ”។

លោកបន្តថា “ទណ្ឌកម្មសងសឹករបស់ចិន គឺរឿងគួរឱ្យសោកស្តាយ និងមិនអាចទទួលយកបានទេ។ លោកពន្យល់ថា “ទស្សនវិស័យសម្រាប់ការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងCAI នឹងអាស្រ័យលើស្ថានភាពវិវឌ្ឍន៍។ ដំណើរការផ្តល់សច្ចាប័នគឺពឹងផ្អែកលើការវិវត្តនៃទំនាក់ទំនងអឺរ៉ុប-ចិនកាន់តែទូលំទូលាយនោះទេ”។

គណៈកម្មការអឺរ៉ុប បានដាក់ចេញនូវគោលនយោបាយមួយចំនួន លើកិច្ចព្រមព្រៀ​ងវិនិយោគ ជាមួយទីក្រុងប៉េកាំង ហើយការដាក់ចេញនូវគោលនយោបាយនេះ ត្រូវវាយប្រហារដោយក្រុមសិទ្ធិមនុស្ស ដែលលើកថា កិច្ចព្រមព្រៀងនេះ ផ្តោតសំខាន់តែលើផលប្រយោជន៍ច្រើនជាងតម្លៃជាមូលដ្ឋាន។

ប៉ុន្តែជោគវាសនានៃកិច្ចព្រមព្រៀងនេះ កាន់តែមិនប្រាកដប្រជា បន្ទាប់ពីការសម្រេចរបស់ចិន កាលពីថ្ងៃចន្ទក្នុងការដាក់ទណ្ឌកម្ម លើសមាជិកសភាអឺរ៉ុប ដែលត្រូវសម្រេចចិត្តថា តើកិច្ចព្រមព្រៀងនេះគួរចូលជាធរមាន ឬយ៉ាងណា។

លោក Dombrovskis បានមានប្រសាសន៍ថា “សហភាពអឺរ៉ុបបានប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ដើម្បីពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចផ្អែកលើច្បាប់ ដែលមានតុល្យភាពជា​មួយប្រទេសចិន ហើយកិច្ចព្រមព្រៀងCAI គឺជាជំហានដ៏សំខាន់នៅក្នុងទិសដៅនោះ”។

លោកបានបន្តថា ប៉ុន្តែរបៀបវារៈពាណិជ្ជកម្ម និងសេដ្ឋកិច្ចរបស់យើងមានតម្លៃជាមូលដ្ឋានរបស់អឺរ៉ុប នៃការស្វែងរកផលប្រយោជន៍សេដ្ឋកិច្ចរបស់យើង ដើរទន្ទឹមគ្នានឹងការងើបឡើង ចំពោះគុណតម្លៃរបស់យើង រួមទាំងកន្លែងចាំបាច់តាមរយៈការដាក់ទណ្ឌ​កម្ម។

កាលពីថ្ងៃចន្ទ ចិនបានប្រកាសពីការដាក់ទណ្ឌកម្ម ជាការសងសឹកប្រឆាំងនឹងការហាមឃាត់ការធ្វើដំណើរ និងការបង្កកទ្រព្យសម្បត្តិ ដែលបានដាក់ទៅលើមន្រ្តីចិនចំនួន៤នាក់ និងអង្គភាពសន្តិសុខមួយ ដោយសារតែការធ្វើទុក្ខបុកម្នេញ លើជនជាតិភាគតិច Uyghurs នៅតំបន់ស៊ីនជាំង។

ការដាក់ទណ្ឌកម្មនេះ មានការគាំទ្រពីសហភាពអឺរ៉ុប សហរដ្ឋអាមេរិក កាណាដា និងអង់គ្លេស៕

សម្តេចតេជោស្នើឲ្យស្ថាប័នជំនាញស្រាវជ្រាវបង្ហាត់ “សុនក”ហិតរកអ្នក ផ្ទុកមេរោគកូវីដ១៩

ដោយៈគង់ សូរិយា

        ភ្នំពេញៈ សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពជាបានស្នើឲ្យអគ្គនាយកស៊ីម៉ាក់ និងក្រសួងសុខាភិបាល ពិភាក្សាគ្នាស្រាវជ្រាវ និងអភិវឌ្ឍន៍បច្ចេកទេសសុនខហិត រកអ្នកផ្ទុកវីរុសកូរ៉ូណា (កូវីដ១៩)។

បន្ទាប់ពីទទួលបានអនុសាសន៍ណែនាំ ពីសម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១នេះ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) បានចុះមកពិនិត្យការងារសុនខ នៅវិទ្យាស្ថានបច្ចេកទេស សកម្មភាពមីនស៊ីម៉ាក់ ខេត្តកំពង់ឆ្នាំង។

ការចុះពិនិត្យការងារសុនខរបស់លោក ហេង រតនា ដើម្បីរៀបចំត្រៀមលក្ខណៈ ធ្វើការស្រាវជ្រាវ និងអភិវឌ្ឍន៍បច្ចេកទេសសុនខ ហិតរកអ្នកផ្ទុកវីរុសកូរ៉ូណា (កូវីដ១៩)។

លោកហេង រតនា បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មានFresh News ថា ផ្អែកតាមបទពិសោធន៍ជាង២២ឆ្នាំ យើងមានទំនុកចិត្តអាចហ្វឺកហ្វឹនសុនខនៅកម្ពុជា ក្នុងការហិតរកអ្នកផ្ទុកវីរុសកូវីដ១៩បាន

អង្គភាពស៊ីម៉ាក់ ត្រៀមសុនខ ត្រៀមឯកសារហ្វឹកហ្វឺន រៀបចំទីតាំងហ្វឹកហ្វឺន និងអ្នកឯកទេសសំរាប់ បំរើការងារសិក្សាស្រាវជ្រាវនេះ ដោយត្រៀមធ្វើការសហការ ជាមួយអ្នកវិទ្យាសាស្ត្រវេជ្ជសាស្ត្រ នៃក្រសួងសុខាភិបាល។

មានប្រទេសមួយចំនួនដូចជា៖ អាល្លឺម៉ង់ ហ្វាឡង់ អូស្ត្រាលី រុស្ស៊ី ជាដើម បាននិងកំពុងប្រើប្រាស់សុនខ ជាជំនួយហិតរកអ្នកផ្ទុកវីរុសកូរ៉ូណាផងដែរ។

ពីមុនមកប្រទេសកម្ពុជា ធ្លាប់តែទិញសត្វសុនខពីប្រទេសគេ ក្នុងមួយក្បាលតម្លៃរាប់ម៉ឺនដុល្លារ ប៉ុន្ដែដល់ពេលឥលូវនេះ កម្ពុជាអាចបង្កាត់សត្វសុនខ ឲ្យខ្លួនឯងបាន និងអាចនាំចេញទៅក្រៅបានថែមទៀត។

បច្ចុប្បន្ននេះអង្គភាពស៊ីម៉ាក់ មាន “សុនខ”” ដែលមានសមត្ថភាពក្នុងការគាំទ្រដល់សកម្មភាពប្រឆាំងភេរវកម្ម ការងារបោសសំអាតគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងការងារបរិស្ថានផងដែរ៕

 

រដ្ឋបាលរាជធានីភ្នំពេគ្រោងសាងសង់ផ្លូវថ្មីមួយខ្សែប្របមាត់ទន្លេក្នុងខណ្ឌច្បារអំពៅ ដើម្បីរំដោះការកកស្ទះចរាចរណ៍

ដោយៈ រ៉ាណេត

ភ្នំពេញៈ បន្ថែមពីលើការរៀបចំ និងស្ថាបនាផ្លូវថ្នល់ ស្ពានចាស់ដែលមានស្រាប់ និងកំពុងចរាចរណ៍ឱ្យកាន់តែទូលាយល្អប្រសើរជាងមុន រដ្ឋបាលរាជធានីភ្នំពេញកំពុងសិក្សាពីគម្រោងសាងសង់ផ្លូវថ្មីមួយខ្សែទៀត ប្របតាមច្រាំងទន្លេចាប់ពីចំណុចស្ពានព្រះមុនីវង្សរហូតដល់តំបន់អភិវឌ្ឍន៍កោះន។

តាមរយៈមន្ត្រីសាលាខណ្ឌច្បារអំពៅ បានបង្ហើបប្រាប់នៅល្ងាចថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១នេះ ក្នុងគោលបំណងជួយសម្រួល ដល់ការធ្វើដំណើរដល់ប្រជាពលរដ្ឋ និងកាត់បន្ថយនូវជំនន់កកស្ទះចរាចរណ៍ ដែលទេកើតមានជារៀងរាល់ថ្ងៃ នៅកំណាត់ផ្លូវជាតិលេខ១ ក្នុងសង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ ជាពិសេសនៅចំណុចគល់ស្ពានព្រះមុនីវង្ស រដ្ឋបាលរាជធានីភ្នំពេញ កំពុងសិក្សាពីគម្រោងសាងសង់ផ្លូវបន្ថែមថ្មីមួយខ្សែទៀត។

មន្ត្រីដដែលនេះបានបញ្ជាក់ថា “គម្រោងសាងសង់ផ្លូវថ្មីមួយខ្សែនេះ អាចត្រូវបានចា​ប់ផ្តើមពីចំណុចគល់ស្ពានព្រះមុនីវង្សចាស់ ប្របតាមច្រាំងទន្លេបន្តឆ្ពោះទៅតំបន់អភិ​វ  ឌ្ឍន៍កោះនរា ក្បែរគម្រោងកំពង់ចម្លងថ្មី ដែលគ្រោងនឹងដំណើរនៅពេលឆាប់ៗខាងមុខនេះ”។

មន្រ្តីដដែលបានបន្តថា នៅត្រឹមល្ងាចថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១នេះ ការវាស់វែង និងកំណត់ព្រំធ្វើទីតាំងច្រាំងទន្លេ និងស្ថាបនាផ្លូវថ្មីមួយខ្សែនេះ ត្រូវបានមន្ត្រីជំនាញចុះវាស់វែង និងបោះបង្គោលរួចរាល់ហើយ ក្រោមកិច្ចចូលរួមសហការពីសំណាក់ប្រជាពល​រដ្ឋដែលពាក់ព័ន្ធ ដែលធ្វើឱ្យការកំណត់ព្រំ ទីតាំង និងការបោះបង្គោលប្រព្រឹត្តយ៉ាងរលូន។

ទោះជាយ៉ាងណាមន្ត្រីរូបនេះ មិនបានបញ្ជាក់លម្អិតពីទម្រង់ផ្លូវថ្នល់ ដែលនឹងត្រូវសាងសង់មានទំហំ និងប្រវែងប៉ុន្មានម៉ែត្រនៅឡើយ ដោយពេលនេះកំពុងស្ថិតនៅក្នុងដំណាក់កាលសិក្សាពីលទ្ធភាព និងផលប៉ះពាល់នៅឡើយ៕

Telegram ប្រមូលប្រាក់បានជាង១០០០លានដុល្លារតាមរយៈការលក់បណ្ណបំណុល

ដោយៈ ប៊ី

ភ្នំពេញៈ ស្ថាបនិកកម្មវិធី Telegram លោកPavel Durov បាននិយាយកាលពីថ្ងៃអង្គារនេះថា Telegram បានប្រមូលប្រាក់បានជាង១ពាន់លានដុល្លារ តាមរយៈការលក់សញ្ញាបណ្ណ ឬបណ្ណបំណុលទៅឱ្យវិនិយោគិនជាច្រើន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១។

ការប្រមូលមូលនិធិវិនិយោគនេះ រួមបញ្ចូលទាំងការវិនិយោគសរុបចំនួន១៥០លា នដុល្លារអាមេរិក ពីក្រុមហ៊ុនMubadala Investment និងAbu Abu Dhabi Catalyst Partners ដែលគ្រប់គ្រងមួយផ្នែក ដោយមូលនិធិរដ្ឋAbu Dhabi។

ទោះបីជាក្រុមហ៊ុនមិនបានផ្តល់ព័ត៌មានលម្អិត អំពីវិនិយោគិនផ្សេងទៀតរបស់ខ្លួនក៏ដោយ ក៏លោក Durov បាននិយាយថា អ្នកវិនិយោគទាំងនេះ រួមមាន “អ្នកវិនិយោគធំៗ មកពីទូទាំងពិភពលោក”។

លោកDurov បាននិយាយថា មូលនិធិទាំងនេះ នឹងត្រូវប្រើដើម្បីជួយដល់ផែនការពង្រីក ក៏ដូចជាជំរុញយុទ្ធសាស្ត្ររកប្រាក់ ដែលរួមបញ្ចូលទាំងផែនការបុព្វលាភ សម្រាប់អ្នកប្រើប្រាស់អាជីវកម្ម។

នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Mubadala លោក Faris Sohail Faris al-Mazrui បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ចំនួនអ្នកប្រើប្រាស់របស់Telegram បាន ឈានដល់កម្រិតមួយដ៏ធំ ដែលវាឈរជើងបាន ក្នុងចំណោមក្រុមហ៊ុនបច្ចេកវិទ្យាធំៗនៅលើពិភពលោក”។

ចំនួនអ្នកប្រើប្រាស់ Telegram រួមជាមួយកម្មវិធីផ្ញើសារ(Signal) ត្រូវបានមើលឃើញថា មានការកើនឡើងនៅឆ្នាំនេះ ចំពេលមានការព្រួយបារម្ភ អំពីភាពឯកជនរបស់គូប្រជែងធំជាងគេ ក្រុមហ៊ុនWhatsApp។ បច្ចុប្បន្ននេះ មានអ្នកប្រើប្រាស់សកម្មចំនួន៥០០លាននាក់ប្រចាំខែ។

លោក Mubadala បាននិយាយថា Telegram ដែលមានទីស្នាក់ការធំនៅប្រទេសអារ៉ាប់រួម នឹងបើកការិយាល័យថ្មីនៅAbu Dhabi បន្ទាប់ពីការវិនិយោគថ្មី៕

ទំហំប្រាក់បញ្ញើមានជិត៤០០លានដុល្លារ ស្មើជិត២ដងនៃទំហំឥណទានផ្តល់ ជូនអតិថិជន

ដោយៈ រ៉ាណេត

ភ្នំពេញៈ ទោះជាស្ថិតនៅក្នុងបរិបទ នៃការគំរាមកំហែងពីវិបត្តិនៃជំងឺកូវីដ១៩ ដែលប៉ះពាល់ដល់វិស័យនានាជាច្រើននោះ នៅត្រឹមរយៈពេល២ខែដើមឆ្នាំ២០២១ វិស័យធ​នាគារ និងហិរញ្ញវត្ថុនៅកម្ពុជា បានផ្តល់ឥណទានដល់អតិថិជនប្រមាណ២២៧លានដុល្លារ ខណៈដែលការដាក់ប្រាក់បញ្ញើ ក្នុងរយៈពេលដូចគ្នានេះមានទំហំជិត៤០០លានដុល្លារ។

ប្រធានសមាគមធនាគារនៅកម្ពុជា លោកបណ្ឌិត អ៊ិន ចាន់នី បានមានប្រសាសន៍ប្រាប់អ្នកសារព័ត៌មាននៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១កន្លងមកថា វិបត្តិកូវីដបានជះឥទ្ធិពលអាក្រក់ដល់វិស័យជាច្រើន និងធ្វើឱ្យសេដ្ឋកិច្ចសាកលមានការធ្លាក់ចុះ ហើយក្នុងនោះកម្ពុជាក៏មានចំណែកផងដែរ។

លោកបានបន្ត “ឥណទានរបស់គ្រឹះស្ថានធនាគារ ទោះបីស្ថិតនៅក្នុងដំណាក់កាលនៃការរីករាលដាលជំងឺកូវីដ-១៩ នេះ យើងសង្កេតឃើញថា ចាប់តាំងពីដើមឆ្នាំ២០២១រហូតមកដល់ពេលនេះ គ្រឹះស្ថានធនាគារបានបញ្ចេញឥណទានថ្មី ជូនអតិថិជនប្រមាណ២២៧លានដុល្លារ”។

លោកបណ្ឌិតបានបន្តឲ្យដឹងទៀតថា ស្របពេលការផ្តល់ឥណទានដល់អតិថិជននូវចំនួនដូចបានបង្ហាញខាងលនេះ ប្រាក់បញ្ញើ ប្រាក់សន្សំនៅគ្រឹះស្ថានធនាគារ ហិរញ្ញវត្ថុ ក្នុងរយៈពេលដូចគ្នានេះ បានហក់ឡើងក្នុងរង្វង់៣៧៧លានដុល្លារអាមេរិក ក្នុងនោះបើគិតក្នុងរយៈពេលមួយខែៗ មានអតិថិជនមកដាក់ប្រាក់បញ្ញើ មានទំហំប្រមាណ១២៥លានដុល្លារអាមេរិក។

លោកបណ្ឌិត អ៊ិន ចាន់នី បានមានប្រាសន៍បញ្ជាក់ថា ពីមុនម្ចាស់សហគ្រាសភាគច្រើនតែងទុកថវិកាដើម្បីវិនិយោគ ឬទុកជាប់ខ្លួនជាដើម ប៉ុន្តែស្របពេលដែលប្រព័ន្ធប      ច្ចេកវិទ្យាឌីជីថលមានការរីកច្រើន បានជំរុញនិងការកាត់បន្ថយពេលវេលា និងសុវត្ថិភាពពួកគាត់នោះ បច្ចុប្បន្នអ្នកកំពុងប្រតិបត្តិក្នុងអាជីវកម្ម ភាគច្រើនគឺទូទាត់ចូលគណនីធនា​គាររបស់ខ្លួន។

លោកបន្តថា មូលហេតុមួយទៀត វិនិយោគិនខ្លះ ដែលធ្វើអាជីវកម្មមិនដំណើរល្អ ឬលក់មិនសូវដាច់ ពួកគាត់ច្រើនទូទាត់ចូលគណនីសន្សំ ដើម្បីរក្សាប្រាក់ទុកជាបណ្តោះអាសន្នជាដើម។ ជាងនេះទៅទៀតអតិថិជនដែលកក់ ឬទិញផលិតផលពីរោងចក្រ សហគ្រាស ពួកគេច្រើនទូទាត់តាមកុងធនាគារ ដែលបញ្ហាទាំងនេះ ធ្វើឱ្យប្រាក់បញ្ញើបានហក់ឡើង៕

កំពតឋានសួគ៌កំពុងវិវត្តន៍ទៅមុខ ទោះប្រឈមនឹងវិបត្តិជំងឺកូវីដ១៩

        ដោយៈគង់ សូរិយា

        ភ្នំពេញៈ ទោះកម្ពុជាកំពុងហែលឆ្លងវិបត្តិសេដ្ឋកិច្ចក្តី ប៉ុន្តែគំរោងកំពតឋានសួគ៌បាននិងកំពុងវិវត្តតន៍រីកចម្រើនទៅមុខ ជាមួយនឹងសកម្មភាពអភិវឌ្ឍន៍គំរោងផ្ទះលំហែរកាយប្លែកៗ និងការដាំផ្កាគ្រប់ប្រភេទដ៏ស្រស់ស្អាត។

ជាក់ស្តែងកាលពីពេលថ្មីៗនេះ លោកឧកញ៉ានួន អក ម្ចាស់គំរោងកំពតឋានសួគ៌បានចុះកិច្ចព្រមព្រៀង សាងសង់ផ្ទះឬស្សីចំនួន៤០ផ្ទះ “លើកោះបេះដូង ក្នុងគំរោងកំពត​ឋានសួគ៌” ដើម្បីត្រៀមទទួលភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិទៅសម្រាកលំហែរក្នុងពិធីណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនាពេលខាងមុខនេះ។

គំរោងនេះបាននិងកំពុងទាក់ទាញការចាប់អារម្មណ៍ច្រើន ពីសំណាក់អ្នកដើរកំសាន្តក្នុងស្រុក និងអ្នកវិនិយោគជាតិ អអន្តរជាតិ ដោយសារសក្តានុពលនៃទីតាំងគំរោងនេះ ដែលរួមបញ្ចូលនូវគំនិតច្នៃប្រឌិតយ៉ាងសម្បូរបែប ដូចជាផ្ទះផ្កា ផ្ទះឬស្សី បាំងហ្កាឡូលំហែរកាយ និងសួនច្បារ សួនផ្កាដ៏ស្រស់ស្អាត អមជាមួយការជិះទូកតាមដងព្រែកទស្សនាថ្ងៃរះ ថ្ងៃលិច និងទស្សនាអំពិលអំពែកយ៉ាងស្រស់ត្រកាលនាពេលរាត្រីផងដែរ។

        ជាមួយនឹងការរីកចម្រើនឥតឈប់ឈរនេះ ម្ចាស់គំរោងនេះក៏បានប្រកាសលក់ដីឡូត៍ដែលមានច្រើនទំហំនៅក្នុងគំរោងនេះផងដែរ។

តាមរយៈបណ្តាញទំនាក់ទំនងសង្គមរបស់រមណីយដ្ឋាន ឋានសួគ៌កំពតបានឲ្យដឹងថា រឿងដែលមិនគួរអោយជឿវាកំពុងកើតឡើងមែន ហើយរឿងដែលមិនអាចកើតឡើង ក៏វាកំពុងអាច ជឿក៏បានមិនជឿក៏បាន តែខ្ញុំធ្វើវាទាំងបង្ខំចិត្តដោយសារលោកបងCovid_19 ។ ខ្ញុំលក់វាដោះស្រាយបញ្ហាហ្នឹងណា៎ តើវាជាស្អីទៅ??។

មានស្អីគឺ បឹងកាឡូឬស្សី1ធ្លាប់តែលក់តំលៃ48,000ដុល្លារ ធ្លាក់មកតំលៃត្រឹមតែ12,500ដុល្លារប៉ុណ្ណោះ( Crazy Price ?? Crazy Promotion)។  គំរោងនេះមានដីទំហំ5*20m និងផ្ទះទំហំផ្ទះ 4*6m ជាមួយនឹងផ្លូវបេតុងទំហំ២០ម៉ែត្រ ពិសេសអាចជួលបានតម្លៃរហូតដល់60ទៅ100ដុល្លារ។

អតិថិជនមានចំណាប់អារម្មណ៍សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ093 241 789 និងលេខ061 244 456៕

 

ការសិក្សាៈGDPរបស់កម្ពុជានឹងធ្លាក់ចុះជាង១០០០លានដុល្លារនៅឆ្នាំនេះ

ដោយៈ ប៊ី

ភ្នំពេញៈ សេដ្ឋវិទូមួយរួបបានលើកឡើងថា ផលិតផលក្នុងស្រុកសរុប (GDP) របស់កម្ពុជា នឹងធ្លាក់ចុះគិតជាទឹកប្រាក់ទំហំ១០៨៣.៥៦លានដុល្លារនៅឆ្នាំនេះ ឬជាមធ្យម២៧០,៨៩លានក្នុងមួយត្រីមាស ដោយសារផលប៉ះពាល់ពីវិបត្តិកូវីដ១៩។ នេះយោងតាមការគណនារបស់បណ្ឌិតម្នាក់ ដែលបញ្ចប់ការសិក្សាពីប្រទេសជប៉ុន។

លោកបណ្ឌិតបាននិយាយក្នុងលក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះថា “ខ្ញុំបានគណនាពីការធ្លាក់ចុះផលិតផលក្នុងស្រុកសរុប (GDP) នៅឆ្នាំ២០២១ ដោយផ្អែកលើទិន្នន័យពីធនាគារពិភពលោក (World Bank) ជាមួយនឹងការប៉ាន់ប្រមាណពីធនាគារ ADB”។លោកបន្តថា “ផ្អែកលើទិន្នន័យGDP ពីធនាគារពិភពលោក GDP របស់ប្រទេសកម្ពុជាមានទំហំទឹកប្រាក់ជាង២៧,០៨ពាន់លានដុល្លារក្នុងឆ្នាំ២០២០”។

លោកបណ្ឌិតបានបន្តទៀតថា ដោយប៉ាន់ប្រមាណថា សេដ្ឋកិច្ចមានការថយចុះ៤%ដោយសារផលប៉ះពាល់នៃវិបត្តកូវីដ១៩ (ការប៉ាន់ប្រមាណនេះ ត្រូវបានធ្វើឡើងផ្អែ​កលើការព្យាករណ៍របស់ADB ថា សេដ្ឋកិច្ចបានថយចុះ៤% ក្នុងឆ្នាំ២០២០)។

លោកបានឱ្យដឹងទៀតថា ទោះយ៉ាងណាក៏ដោយទំហំនៃការធ្លាក់ចុះ អាចនឹងមានទំហំធំជាងនេះ ប្រសិនបើគិតលើវិស័យក្រៅផ្លូវការ ឬសេដ្ឋកិច្ចក្រៅប្រព័ន្ធ។

បច្ចុប្បន្នភាពនៃទស្សនវិស័យអភិវឌ្ឍន៍អាស៊ី (Asian Development Outlook Update) សម្រាប់ឆ្នាំ២០២០ ដែលរៀបចំឡើងនៅទីស្នាក់ការរបស់ADB ប្រចាំកម្ពុជា ធនាគារនេះ បានព្យាកពីការធ្លាក់ចុះ នៃផលិតផលក្នុងស្រុកសរុប (GDP) របស់កម្ពុជាក្នុងឆ្នាំ២០២០ ក្នុងរង្វង់ -៤.០% បើធៀបទៅនឹង-៥.៥% នៃការព្យាករកាលពីខែមិថុនាឆ្នាំកន្លងទៅ។

ជាមួយគ្នានេះ ធនាគារពិភពលោកបានឱ្យដឹងថា ស្របពេលដែលសេដ្ឋកិច្ចរបស់កម្ពុជា បន្តរងគ្រោះដោយសារឥទ្ធិពល នៃការរាតត្បាតជំងឺកូវីដ១៩ មានសញ្ញាជាច្រើនបង្ហាញថា សកម្មភាពសេដ្ឋកិច្ចកំពុងចាប់ផ្តើមកម្រើកឡើងវិញហើយ៕

រដ្ឋាភិបាលសម្រេចផ្តល់នីតិសម្បទានគរបាលយុត្តិធម៌ចំនួន ៣៦១នាក់ ដើម្បីចូលរួមទប់ស្កាត់បទល្មើសសំណង់

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ រដ្ឋាភិបាលកម្ពុជាបានសម្រេចផ្តល់នីតិសម្បទាជានគរបាលយុត្តិធម៌ដល់មន្ត្រីអធិការកិច្ចសំណង់នៃអគ្គនាយដ្ឋានសំណង់ អគ្គនាយកដ្ឋានរៀបចំដែនដី និងរូបនីយកម្ម អគ្គនាយកដ្ឋានលំនៅឋាន និងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានី ខេត្ត របស់ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ចំនួន៣៦១នាក់ ដើម្បីទប់ស្កាត់នូវរាល់សកម្មភាពបទល្មើសសំណង់ជាក់ស្ដែង។

យោងតាមសេចក្ដីប្រកាសរបស់អន្តរក្រសួង(ក្រសួងយុត្តិធម៌ និងក្រសួងរៀបចំដែននគរូបនីយកម្ម និងសំណង់) ដែលបានផ្សព្វផ្សាយនៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១នេះបានបញ្ជាក់ថា ដើម្បីទប់ស្កាត់នូវរាល់បទល្មើសសំណង់ និងដីធ្លីនៅទូទាំងប្រទេសកម្ពុជា តបតាមការស្នើសុំរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលមានលោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ជារដ្ឋមន្ត្រី តាមរយៈក្រសួងយុត្តិធម៌បានសម្រេចផ្តល់នីតិសម្បទាជានគរបាលយុត្តិធម៌ដល់មន្ត្រីរៀបចំដែននៅទូទាំងប្រទេសសរុប៣៦១នាក់។

លោកជិន ម៉ាលីនរដ្ឋលេខាធិការក្រសួងយុត្តិធម៌បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទថា នេះជាយន្តការធម្មតា ព្រោះច្បាប់បានកំណត់ថា អ្នកដែលអាចមានសមត្ថកិច្ចទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រហ្មទណ្ឌបានលុះត្រាតែជាមន្ត្រីនគរបាលយុត្តិធម៌ ដូច្នេះស្ថាប័នជំនាញដែលត្រូបបង្ក្រាបនូវបទល្មើសព្រហ្មទណ្ឌពិសេសនៅក្នុងវិស័យរបស់ខ្លួនត្រូវសុំនីតិសម្បទាជានគរបាលយុត្តិធម៌ពីសំណាក់ក្រសួងយុត្តិធម៌។

លោកបានបញ្ជាក់ថា “ក្រសួងយុត្តិធម៌បានផ្តល់ជូននូវមន្ត្រីតាមអង្គភាពជំនាញមួយចំនួនដែលត្រូវមានសមត្ថកិច្ចត្រូវទប់ស្កាត់ បង្ក្រាប់បទល្មើសព្រហ្មទណ្ឌពិសេសក្នុងវិស័យរបស់ខ្លួន។ ដោយឡែកស្ថិតនៅក្នុងវិស័យសំណង់ មន្ត្រីជំនាញមួយចំនួននៃក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ក៏ត្រូវមាននីតិសម្បទាជាមន្ត្រីនគរបាលយុត្តិធម៌ទើបអាចបញ្ចេញសកម្មភាពក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រហ្មទណ្ឌពិសេសពាក់ព័ន្ធទៅនឹងវិស័យសំណង់ ក៏ដូចជាបទល្មើសដីធ្លីបានពេញលេញ”។

ពាក់ព័ន្ធទៅនឹងបទល្មើសដែលស្ថិតនៅក្នុងវិស័យសំណង់ និងដីធ្លី កាលពីពេលកន្លងទៅនេះគេសង្កេតឃើញមានកើតឡើងជាបន្តបន្ទាប់ ដែលក្នុងនោះរួមមានដូចជា ការសាងសង់សំណង់ដោយគ្មានច្បាប់អនុញ្ញាត ការសាងសង់សំណង់បំពានលើសពីការកំណត់របស់ច្បាប់ ក៏ដូចជាការសាងសង់ខុសពីបទដ្ឋានជាដើម។ ក្រៅពីនេះក៏បានករណីខ្លះពាក់ព័ន្ធទៅនឹងការកាន់កាប់ដីដែលជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋទាំងបំពានផងដែរ៕

អាគារពាណិជ្ជកម្មលំដាប់អន្តរជាតិថ្មីមួយលើទីក្រុងកោះពេជ្រត្រៀមបើកដំណើរការ

ដោយៈគង់ សូរិយា
ភ្នំពេញៈ មជ្ឈមណ្ឌលពាណិជ្ជកម្មថ្មីមួយកំពស់៤៣ជាន់ ស្ថិតនៅលើទីក្រុងកោះពេជ្រ បានត្រៀមបើកទ្វារទទួលអតតិថិជនរបស់ខ្លួនហើយ បើទោះបីកម្ពុជាកំពុងប្រឈមមុខនឹងវិបត្តិជំងឺកូវីដ១៩ក្តី។

យោងតាមព៌តមាន ដែលបានបង្ហាញលើបណ្តាញទំនាក់ទំនងសង្គមបានឲ្យដឹងថា GIA Tower បានឈានដល់ដំណាក់កាល អបអរជាមួយនឹងដំណាក់កាលបញ្ចប់ការរៀបចំននិងសាងសង់។ ក្រុមការងារយើងខ្ញុំកំពុងរៀបចំ ដើម្បីស្វាគមន៍អតិថិជនមកកាន់ការិយាល័យថ្មីរបស់ពួកគាត់។

ស្ថាប័ននិងក្រុមហ៊ុនផ្នែកច្បាប់ល្បីៗជាច្រើន បានជ្រើសរើសអគារ GIA មានដូចជា៖ National Cambodia Arbitration Center (NCAC), SokSiphana&associates, HBS Law, Camchin Law Firm, SP&P Law Associates ។ល។

ទន្ទឹមនឹងនេះដែរ យើងខ្ញុំនឹងចាប់ផ្ដើមចែករំលែក ជាមួយនឹងរូបភាពជាច្រើន ដើម្បីបង្ហាញពីភាពអស្ចារ្យ នៃគម្រោងរបស់យើង។ អគារ៤៣ជាន់ដែលរួមបញ្ចូលជាមួយនឹងរចនាបែបទំនើបនិងមានទីធ្លាបៃតង ដើម្បីបំពេញបន្ថែមនូវសោភ័ណភាពរបស់អគារដោយរក្សានូវគុណភាពនិងបច្ចេកវិទ្យាតាមស្តង់ដារអន្តរជាតិ៕

ការសាងសង់ផ្លូវក្រវាត់ព្រំដែនកម្ពុជា-វៀតណាមប្រវែង៣១៤គីឡូម៉ែត្រនៅខេត្តមណ្ឌលគីរីសម្រេចបាន៨០ភាគរយ

ដោយៈ រ៉ាណេត
មណ្ឌលគីរីៈ គម្រោងសាងសង់ផ្លូវក្រវាត់ព្រំដែនរវាងកម្ពុជា-វៀតណាមដែលស្ថិតនៅខេត្តមណ្ឌលគីរី ដែលជាផ្លូវប្រវត្តិសាស្ត្ររវាងប្រទេសទាំង២ រហូតមកដល់ពេលនេះសម្រេចបានប្រមាណ៨០ភាគរយ ហើយគ្រោងនឹងបញ្ចប់ទាំងស្រុងនៅក្នុងពេលឆាប់ៗខាងមុខនេះ។

អភិបាលខេត្តមណ្ឌលគីរី លោកស្វាយ សំអ៊ាងបានមានប្រសាសន៍នៅក្នុងដំណើរចុះត្រួតពិនិត្យស្ថានការណ៍ជាក់ស្ដែង នៃការទប់ស្កាត់ការរាដាលជំងឺឆ្លងនៅតំបន់ព្រំដែនកាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ថា គម្រោងសាងសង់ផ្លូវក្រវាត់ព្រំដែនកម្ពុជា-វៀតណាម ដែលស្ថិតនៅខេត្តមណ្ឌលគីរី(កម្ពុជា)ជាប់ជាមួយខេត្តបី (ប្រទេសវៀតណាម) ដោយកម្លាំងវិស្វកម្ម ដែលមានប្រវែងសរុប៣១៤គីឡូម៉ែត្រ បានសម្រេចលទ្ធផលប្រមាណ៧០-៨០ភាគរយហើយ ដែលនឹងគ្រោងបញ្ចប់ឱ្យបានទាំងស្រុង នៅក្នុងឆ្នាំ២០២១នេះ។

លោកបន្តថា “ផ្លូវនេះជាផ្លូវយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក្នុងការការពារទឹកដី និងជាផ្លូវសេដ្ឋកិច្ចថ្មី សម្រាប់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់ ក៏ដូចជា ក្នុងប្រទេសកម្ពុជា មិនត្រឹមតែប៉ុណ្ណោះ ផ្លូវមួយខ្សែនេះបានជួយសម្រួលដល់បណ្ដាកងកម្លាំង ដែលមានតួនាទីការពារនៅតាមគោលដៅសំខាន់ៗ និងជាការបិទបញ្ចប់នូវបញ្ហាជម្លោះព្រំដែនផងដែរ”។

លោកអភិបាលបានបញ្ជាក់ថា “ផ្លូវមួយខ្សែនេះ គឺជាផ្លូវប្រវត្តិសាស្ត្រក្រវ៉ាត់ព្រំដែនរវាងកម្ពុជា និងនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ហើយក៏ជាផ្លូវយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន ដែលបានជួយសម្រួល កងកម្លាំងឈរជើងការពារព្រំដែន ងាយស្រួលចូលទៅគ្រប់គ្រង និងការពារបូរណភាពទឹកដីការពារជាតិមាតុភូមិ”។

ជាមួយគ្នានេះ លោកស្វាយ សំអ៊ាងអភិបាលខេត្ត បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ នឹងក្តីនឹករលឹកពីសំណាក់សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះកងកម្លាំងនគរបាល និងយោធា ដែលកំពុងឈរជើងនៅតាមបន្ទាត់ព្រំដែនត្រង់ចំណុចប៉ុស្តិ៍អូរហ៊ុយ ស្ថិតនៅក្នុងភូមិសាស្ត្រស្រុកអូររាំង និងស្រុកកែវសីមា ដើម្បីបង្ការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងការពារសន្តិសុខសណ្តាប់ធ្នាប់តាមខ្សែបន្ទាត់ព្រំដែននៃប្រទេសជិតខាងឲ្យមានលក្ខណៈល្អប្រសើរ៕