គាំទ្រ​ផលិតផល​ជាតិ៖ ចង់បាន​លំនៅដ្ឋាន​មាន​សោភ័ណភាព​សូមកុំ​ភ្លេច SUNDOOR

ដោយៈ​គង់ សូរិយា

ភ្នំពេញៈ ជាមួយនឹង​ការគិតគូរ​ជា​ចម្បង​លើ​គុណភាព ប្រណីតភាព ក្រុមហ៊ុន SUN DOOR ឯកទេស​ខ្ពស់​ក្នុង​ការផលិត និង​ផ្គត់ផ្គង់​ប្រភេទ​ទ្វារ PVC និង​ពិ​ដាន​បែប​ទាន់សម័យ​បាន និង​កំពុងផ្តល់​សេវាកម្ម​របស់ខ្លួន​លឿន​រហ័ស និង​មាន​គុណភាព​ខ្ពស់។

ក្រុមហ៊ុន SUNDOOR ត្រូវបាន​គេ​ស្គាល់​ថា ជា​ក្រុមហ៊ុន​មាន​ជំនាញ​ខ្ពស់​ក្នុង​ការផលិត​ពិ​ដាន និង​ទ្វារ​ប្រភេទ PVC សម្រាប់​ដាក់​បន្ទប់​គេង ខុន​ដូ មន្ទីរពេទ្យ សាលារៀន វីឡា ផ្ទះល្វែង ដែលមាន​គុណភាព​ល្អ មិន​រីក​រួម មិន​ស្រក អាច​កម្មង់​ទំហំ​ទៅតាម​តម្រូវការ ប្រកបដោយ​គុណភាព សោភ័ណភាព ដែល​កំពុងមាន​ប្រជាប្រិយភាព​នៅក្នុង​វិស័យ​សំណង់​កម្ពុជា​នាពេល​បច្ចុប្បន្ន។

ក្រុមហ៊ុន​ផលិត និង​ផ្គត់ផ្គង់​ទ្វារ ពិ​ដាន SUNDOOR មាន​ក្រុម​អ្នកជំនាញ សមត្ថភាព និង​ភាពម៉ឺងម៉ាត់ ដោយមាន​ការត្រៀមខ្លួន​រួចជាស្រេច ក្នុងការ​ចូលប្រឡូក ប្រកួតប្រជែង​នៅក្នុង​ទីផ្សារ​កម្ពុជា ដែលជា​ស្ថាប័នធំៗមាន​ស្រាប់។ ក្រុមហ៊ុន​មាន​ក្ដី​រំពឹង និង​ជឿជាក់​យ៉ាងច្បាស់​ក្នុង​កិច្ចដំណើរការ​របស់ខ្លួន ដែល​នឹង​ឈានទៅរក​ភាពជោគជ័យ​ក្នុងពេល​ដ៏​ខ្លី​ខាងមុខនេះ។

ជា​បទពិសោធន៍​របស់​ក្រុមហ៊ុន នៅក្នុង​រយៈពេល​ដ៏​ខ្លី នៃ​កិច្ចដំណើរការ​ផ្គត់ផ្គង់​ផលិតផល ក្នុង​វិស័យ​សំណង់​នៅ​កម្ពុជា​កន្លងទៅនេះ ខ្សែសង្វាក់​ផលិតកម្ម​របស់​ក្រុមហ៊ុន​បាន​ប្រព្រឹត្តទៅ​យ៉ាង​រលូន ខណៈដែល​ក្រុមហ៊ុន​មានការ​តាំងចិត្ត​ខ្ពស់ ជាមួយនឹង​ការខិតខំ​ប្រឹងប្រែង ក្នុងការ​ជំនះ​នូវ​រាល់​ឧបសគ្គ​ដែល​ប្រឈម ហើយ​ធ្វើការ​ដោះស្រាយ​ដោយ​សន្ដិវិធី ដើម្បី​ឈានទៅដល់​ការ​គោលដៅ នៃ​ភាពជោគជ័យ​យ៉ាង​ត្រចះត្រចង់។

គោលបំណង​ចម្បង​របស់​ក្រុមហ៊ុន ក្នុង​រយៈពេល​នេះ គឺ​ចាំបាច់​បំផុត​ធ្វើ​គ្រប់​មធ្យោបាយ ដើម្បី​បំពេញ​នូវ​តម្រូវការ​របស់​អតិថិជន ធ្វើយ៉ាងណា​ពង្រីក​វិសាលភាព និង​ចែកចាយ​នៅលើ​ទីផ្សារ​គ្រប់​បណ្តា​ខេត្ត​ក្រុង​នានា​នៅ​ទូទាំងប្រទេស​កម្ពុជា។

ក្រុមហ៊ុន SUNDOOR មាន​គោលដៅ​យ៉ាង​មុតមាំ ដើម្បី​ក្លាយខ្លួន​ទៅជា​ក្រុមហ៊ុន​ឈានមុខ​គេ​មួយ​ក្នុងការ​ផ្គត់ផ្គង់​ទ្វារ និង​ពិ​ដាន ដែលមាន​លក្ខណៈ​ទំនើប ទាន់សម័យ ប្រកបដោយ​គុណភាព ដែលជា​តម្រូវ​ការចាំបាច់ សម្រាប់​វិស័យ​សំណង់​នៅ​កម្ពុជា។

ជាមួយគ្នានេះ ក្រុមហ៊ុន​ក៏មាន​បេសកកម្ម​ពិសេស ដើម្បី​ធ្វើការ​ផ្តល់ជូន​នូវ​សេវាកម្ម រួម​ជាមួយនឹង​ផលិតផល​មានគុណ​ភាព ប្រកបដោយ​ក្រមសីលធម៌​របស់​បុគ្គ​លិ​ក​ជំនាញ មាន​សមត្ថភាព និង​ចំណេះដឹង​យ៉ាងពិត​ប្រាកដ ដើម្បី​បំពេញ​សេចក្ដីត្រូវការ​របស់​អតិថិជន​គោលដៅ​របស់ខ្លួន ដែល​ក្នុងនោះ​រួមមាន​ជាអាទិ៍ អតិថិជន​ដែលជា​អ្នកប្រើប្រាស់​ផ្ទាល់ អ្នក​ចែកចាយ​បន្ត ក៏ដូចជា ចែកចាយ​ទៅតាម​បណ្តា​ទីផ្សារ​នៅ​ទូទាំងប្រទេស ទៅតាម​តម្រូវការ៕

វិស័យដឹកជញ្ជូនតាមផ្លូវអាកាសរបស់កម្ពុជាបានបន្តធ្លាក់ចុះខ្លាំងនៅដើមឆ្នាំ២០២១នេះ

ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ នៅក្នុងរយៈពេល២ខែដំបូងឆ្នាំ២០២១កន្លងទៅនេះ ការដឹកជញ្ជូនតាមជើងហោះហើររបស់កម្ពុជានៅតែបន្តធ្លាក់ចុះយ៉ាងខ្លាំង ដោយក្នុងនោះអត្រានៃចំនួនអ្នកដំណើរធ្លាក់ចុះរហូតដល់៩៧ភាគរយ ហើយការដឹកទំនិញបានបន្តធ្លាក់ចុះប្រមាណ២៦,៤ភាគរយ។

តាមរបាយការណ៍របស់ Cambodia Airports បានបង្ហាញថា ចរាចរណ៍តាមផ្លូវអាកាសក្នុងខែមករា និងកុម្ភៈ ដើមឆ្នាំ២០២១នេះ នៅបន្តធ្លាក់ចុះ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០។ នៅក្នុងនោះ ចំនួនអ្នកដំណើរមានការធ្លាក់ចុះនេះមានចំនួនសរុប ៩៧ភាគរយ ខណៈចំនួនទំនិញធ្លាក់ចុះ ២៦,៤ភាគរយ។ ។

ដោយឡែក យោងតាមទិន្នន័យពីរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល (SSCA) បានបង្ហាញថា អាកាសយានដ្ឋានអន្តរជាតិទាំង ៣ របស់កម្ពុជាទទួលបានអ្នកដំណើរក្នុងស្រុក អន្តរជាតិ និងអ្នកដំណើរឆ្លងកាត់សរុបចំនួន ២,១៣លាននាក់ ក្នុងឆ្នាំ២០២០ ធ្លាក់ចុះ ៧៩ភាគរយបើប្រៀបធៀបនឹងឆ្នាំ២០១៩។ ជារួម វិស័យអាកាសចរណ៍កម្ពុជា ក៏ដូចជាពិភពលោកនៅតែរងផលប៉ះពាល់ខ្លាំងពីវិបត្តិសេដ្ឋកិច្ច ដោយសារជំងឺកូវីដ១៩នៅឡើយ ដែលបញ្ហានេះបានជះឥទ្ឋិពលយ៉ាងខ្លាំងដល់សេដ្ឋកិច្ចជាតិ។

អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋាន អាកាសចរណ៍ស៊ីវិល លោកស៊ិន ចាន់សិរីវុត្ថាបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទកាលពីពេលកន្លងទៅថ្មីៗនេះថា វិស័យអាកាសចរណ៍នៅកម្ពុជា កំពុងតែមានផលប៉ះពាល់ធ្ងន់ធ្ងរនៅឡើយ ដោយសារជំងឺកូវីត១៩ ដែលបញ្ហានេះមិនត្រឹមតែប៉ះពាល់ដល់កម្ពុជានោះទេ ប៉ុន្តែប៉ះពាល់ដល់ពិភពលោកទាំងមូល។

លោកបន្តថា “យើងមិនអាចទស្សន៍ទាយ ពីពេលវេលាល្អប្រសើរឡើងនោះទេ ដរាបណាជំងឺនេះ នៅតែរីករាលដាល ប៉ុន្តែយើងរំពឹងថាអ្វីៗនឹងល្អប្រសើរ បន្ទាប់ពីវ៉ាក់សាំងកូវីដ១៩ ត្រូវបានចែកចាយទូលំទូលាយ ធ្វើឲ្យមនុស្សលែងភ័យខ្លាច ហើយហ៊ានធ្វើដំណើរឡើងវិញ”។
លោកបញ្ជាក់ថា វិស័យនេះនៅតែត្រូវការពេវេលា ព្រោះពេលនេះការធ្វើដំណើរទូទាំងពិភពលោក ត្រូវបានកាត់បន្ថយជាអតិបរិមា ដោយសារការភ័យខ្លាចជំងឺនេះ៕

ការសិក្សាៈកត្តានគរូបនីយកម្មកម្ពុជានឹងកើនដល់៤៤ភាគរយនៅក្នុងឆ្នាំ២០៣០

ដោយៈសហការី

ភ្នំពេញៈ ការសិក្សាថ្មីមួយបានបង្ហាញថា នគរូបនីយកម្មត្រូវបាន់ស្មានថា នឹងកើនដល់ប្រមាណ៤៤ភាគរយ ខណៈឆ្នាំ២០១៥បង្ហាញថា នគរូបនគរូបនីយកម្មមានកម្រិតត្រឹម២៧,១ % ក្នុងឆ្នាំ២០០៨ និង៣០ % នៅក្នុងឆ្នាំ២០១៤។

យោងតាមរបាយការណ៍វេទិកានគរូបនីយកម្មកម្ពុជា របស់ក្រសួងរៀបចំដែននគរូបនីយកម្ម និងសំណង់ចេញផ្សាយនៅថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០២០នេះ បានប្រាប់ពីមូលហេតុថា ដោយសារតែកំណើនប្រជាពលរដ្ឋ ពីមួយឆ្នាំទៅមួយឆ្នាំ ជាក់ស្តែងនាពេលបច្ចុប្បន្ននេះ មានប្រជាពលរដ្ឋកើនឡើងប្រមាណ១៦លាននាក់ ខណៈនៅក្នុងទីក្រុងភ្នំពេ​ញមានជាង២លាននាក់។

រដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់លោក ប៉ែន សុផល បានឱ្យដឹងដែរថា ការអភិវឌ្ឍន៍នគរូបនីយកម្ម អចលនទ្រព្យ និងសំណង់កំពុងមានសន្ទុះដ៏លឿន បានក្លាយជាសសរស្តម្ភស្នូល នៃការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ឱ្យសម្រេចបានក្នុងរង្វង់៧ % ក្នុង១ឆ្នាំៗ ក្នុងរយៈពេលកន្លងមកនេះ ។

លោកបន្តថា “ក្នុងករណីនេះ យើងអាចមើលឃើញពីតម្រូវការនៃការវិនិយោគ ការរៀបចំ ការអភិវឌ្ឍ និងការគ្រប់គ្រងការអភិវឌ្ឍន៍ក្រុង ប្រកដោយភាពឆ្លាតវៃ ចីរភាព និងបរិយាបន្ន ដែលមានភាពធន់ និងមានភាពប្រកួតប្រជែងខ្ពស់”។

លោកបន្ថែមថា ដើម្បីធានាបាននូវម៉ាក្រូសេដ្ឋកិច្ចរឹងមំាបន្តទៀត និងឆ្ពោះទៅសម្រេ​ចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៣០ និងនៅឆ្នាំ២០៥០ ក្លាយជាប្រទេសមានចំណូលខ្ពស់មានជាអាទិ៍ការអភិវឌ្ឍលំនៅឋាន ជាពិសេសការអភិវឌ្ឍលំនៅឋានតម្លៃសមរម្យ ពាណិជ្ជកម្ម សេវាកម្ម ឧស្សាហកម្ម ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត បរិស្ថាន សេដ្ឋកិច្ច សង្គម បណ្តាញផ្លូវ ការផ្គត់ផ្គង់ទឹកស្អាត អគ្គិសនីយ៍ ប្រព័ន្ធលូ ប្រព័ន្ធការពារទឹកជំនន់ ស្ថានីយប្រព្រឹត្តិកម្មទឹកខ្វក់ ការគ្រប់គ្រងសំណល់រឹងរាវ លំហសាធារណៈ និងផ្ទៃបៃតង បរិក្ខារទីក្រុង។

យោងតាមការសិក្សា (NIS, ២០១៤ )បានប៉ាន់ប្រមាណថានៅក្នុងឆ្នាំ ២០៣០ កំណើនប្រជាពលរដ្ឋរស់នៅក្នុងទីក្រុងភ្នំពេញ នឹងកើនដល់ចំនួន៣៦,៣% នៃប្រជាពល​រដ្ឋសរុបនៅទូទាំងប្រទេស ខណៈនគរូបនីយកម្មនៅកម្ពុជាកំពុងមានសន្ទុះ និងវិសាលភាពធំដែលមិនធ្លាប់មានពីមុនមក។

តាមការព្យការណ៍ផ្លូវការនៅត្រឹមឆ្នាំ២០៣០ ប្រជាជនកម្ពុជាប្រមាណមួយភាគបីនឹងរស់នៅក្នុងតំបន់ទីប្រជុំជន៕

រដ្ឋាភិបាលត្រៀមបម្រុងកញ្ចប់ថវិកាជាង៨០០លានដុល្លារបន្ថែមដើម្បីស្ដារសេដ្ឋកិច្ចក្នុងឆ្នាំនេះ

ដោយៈ ប៊ី

ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានថ្លែងប្រាប់អ្នកសារព័ត៌មាននៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ថា ចំពោះមុខសម្រាប់ឆ្នាំ២០២១នេះ រាជរដ្ឋាភិបាលបានត្រៀមបម្រុង កញ្ចប់ថវិកាជាង៨០០លានដុល្លារថែមទៀត សម្រាប់ជួយដោះស្រាយបញ្ហាវិបត្តិជំងឺកូវីដ១៩ និងស្ដារសេដ្ឋកិច្ចកម្ពុជាក្រោយកូវីដ។

លោកមាស សុខសេនសានអ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានថ្លែងថា កញ្ចប់ថវិកា១១៦៤លានដុល្លារ ដែលរាជរដ្ឋាភិបាលកម្ពុជា បានបម្រុងសម្រាប់ដោះស្រា យបញ្ហាជំងឺកូវីដ-១៩ និងស្ដារសេដ្ឋកិច្ចជាតិ ក្នុងឆ្នាំ២០២០ បានប្រើប្រាស់អស់មួយចំនួនធំហើយ ខណៈថវិកានៅសល់នឹងត្រូវបន្តចំណាយ សម្រាប់ឆ្នាំ២០២១នេះ។

លោកបានឱ្យដឹងទៀតថា “ថវិកាយើងបានព្រាងទុកសម្រាប់ឆ្នាំ២០២០ មានចំនួន១១៦៤លានដុល្លារ ដោយយើងបានចាយបណ្តើរៗ ហើយសម្រាប់ឆ្នាំ២០២១នេះ យើងមានកញ្ចប់ថវិកាថ្មីថែមទៀត អាចប្រហែលជាង៨០០លានដុល្លារទៀត ដូច្នេះបើសរុបថវិកា ដែលនៅសល់សម្រាប់ចំណាយមានជាង១ពាន់លានដុល្លារ”។

លោកបានបន្តថា សម្រាប់ឆ្នាំ២០២១នេះ យើងប្រើប្រាស់ដូចគ្នាទៅនឹងឆ្នាំ២០២០ដែរ ដូចជាការបើកផ្តល់សម្រាប់អ្នកក្រីក្រ សម្រាប់ជួយដល់បុគ្គលិកកម្មករ ដែលរងផលប៉ះពាល់ សម្រាប់ជួយដល់ការអនុគ្រោះពន្ធ សម្រាប់កម្មវិធីសាច់ប្រាក់ពលកម្ម រួមទាំងផ្នែកសុខាភិបាលផងដែរ ដូចជាការទិញវ៉ាក់សាំងកូវីដ១៩ ជាដើម។

បើតាមអ្នកនាំពាក្យរូបនេះបានឱ្យដឹងទៀតថា កញ្ចប់ថវិកាប្រមាណ១ពាន់លានដុល្លារ សម្រាប់ចំណាយក្នុងឆ្នាំ២០២១នេះ ត្រូវបានរាជរដ្ឋាភិបាលរៀបចំបម្រុងរួចរាល់អស់ហើយ។

រាជរដ្ឋាភិបាលកម្ពុជាបានព្យាករថា ក្នុងឆ្នាំ២០២១នេះ សេដ្ឋកិច្ចកម្ពុជានឹងអាចងើបឡើងវិញក្នុងរង្វង់៤ភាគរយ។ ការស្ទុះងើបឡើងវិញ ក្នុងកំណើនគួរឲ្យកត់សំគាល់នេះ ត្រូវបានមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាអះអាងថា ដោយសារតែការខិតខំប្រឹងប្រែង និងការអន្ដរាគមន៍យ៉ាងខ្លាំងខ្លា របស់រដ្ឋាភិបាលកម្ពុជា ក្នុងនោះរួមមានកញ្ចប់ថវិកាជាង១ពាន់លា​នដុល្លារនេះផងដែរ៕

ខេត្តចំនួន៣បានប្រកាសផ្អាកការរៀបអាពាហ៍ពិពាហ៍ និងការជួបជុំផ្សេងៗ និងការចេញចូលមនុស្ស

ដោយៈគង់ សូរិយា

ភ្នំពេញៈ ក្នុងគោលដៅកាត់បន្ថយ និងឈានទៅលុបបំបាត់ការរីករាលដាលជំងឺកូវីដ១៩ រដ្ឋបាលខេត្តចំនួន៣ បានសម្រេចផ្អាកការរៀបចំពិធីពាហ៍ពិពាហ៍៍ ជប់លៀង និងកម្មវិធីខួបកំណើត ដែលមានមនុស្សចូលរួមច្រើន។

ខេត្តទាំងនោះរួមមានខេត្តកំពង់ស្ពឺ ខេត្តកោះកុង និងជាពិសេសខេត្តព្រះសីហនុ ដែលសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានប្រកាសផ្អាកលែងឲ្យមនុស្សចេញចូលខេត្តនេះកាលពីសប្តាហ៍មុន ក្នុងករណីមិនចាំបាច់ លើកលែងតែរថយន្តដឹកទំនិញ ព្រោះខេត្តព្រះសីហនុជាដង្ហើមសេដ្ឋកិច្ចតែមួយគត់របស់កម្ពុជា។

គិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី១០ ខែមីនានេះ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩សរុបចំ​នួន១១២៤នាក់ ក្នុងនោះមានអ្នកជាសះស្បើយចំនួន៥៤៩នាក់ និងកំពុងសម្រាកព្យាបាលសរុបចំនួន៥៧៤នាក់៕

មហាមយក្សចិនផ្តល់សច្ចាប័នជាផ្លូវការលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីធំបំផុតលើពិភពលោកដែលរួមបញ្ចូលកម្ពុជា

ដោយៈ ប៊ី

ភ្នំពេញៈ រដ្ឋាភិបាលចិនបានបញ្ជាក់កាលពីថ្ងៃចន្ទថា ខ្លួនបានផ្តល់សច្ចាប័នជាផ្លូវការលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីធំបំផុតរបស់ពិភពលោក (សំដៅទៅ RCEP) ដែលបានចុះហត្ថលេខាកាលពីឆ្នាំមុន ដោយមានប្រទេសចំនួន១៥នៅអាស៊ី-ប៉ាស៊ីហ្វិក។ នេះបើយោតាមការចេញផ្សាយរបស់សារព័ត៌មានជប៉ុន Kyodo នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១។

រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មចិន លោក Wang Wentao បានប្រាប់ក្រុមអ្នកសារព័ត៌មាន បន្ទាប់សម័យប្រជុំប្រចាំឆ្នាំនៃសភាចិនថា ប្រទេសចិនសង្ឃឹមថា ប្រទេសសមាជិកដទៃទៀត នឹងពន្លឿនដំណើរការ ក្នុងការធ្វើឱ្យកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ចូលធរមានឱ្យមានឆាប់។

ក្នុងគោលបំណងជំរុញឥទ្ធិពលសេដ្ឋកិច្ចរបស់ខ្លួន នៅក្នុងតំបន់ កាលពីថ្មីៗនេះចិនក៏បានបង្ហាញពីបំណងចូលរួម ក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី នៃភាពជាដៃគូអន្តរប៉ាស៊ីហ្វិក ដែលសហរដ្ឋអាមេរិកបានដកខ្លួនចេញកាលពីខែមករា ឆ្នាំ២០១៧។

កិច្ចព្រមព្រៀង RCEP ដែលគ្របដណ្តប់មួយភាគបីនៃពាណិជ្ជកម្ម និងចំនួនប្រជាជនលើពិភពលោក មានការចូលរួមពីអាស៊ាន អូស្ត្រាលី ចិន ជប៉ុន នូវែលសេឡង់ និងកូរ៉េខាងត្បូង ហើយអាស៊ានរួមមានព្រុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម។

កិច្ចព្រមព្រៀងនេះ នឹងចូលជាធរមាន បន្ទាប់ពីមានការផ្តល់សច្ចាប័នដោយសមា​ជិកអាស៊ានចំនួន៦ និងប្រទេស៣ផ្សេងទៀត។ កាលពីខែមុន ប្រទេសថៃបានផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងនេះ ខណៈដែលគណៈរដ្ឋមន្រ្តីជប៉ុន បានអនុម័តសេចក្តីព្រាងច្បាប់មួយ ដើម្បីអនុវត្តន៍តាមកិច្ចព្រមព្រៀងនេះផងដែរ។

ប្រសិនបើតំបន់ពាណិជ្ជកម្មសេរីនេះ ត្រូវបានអនុវត្តពេញលេញ សកម្មភាពពាណិ​ជ្ជកម្ម និងការវិនិយោគក្នុងចំណោមប្រទេស RCEP នឹងធ្វើឱ្យកាន់តែខ្លាំងក្លាថែមទៀត ដោយសារមានការលុបបំបាត់ និងការកាត់បន្ថយពន្ធ។

ជាមួយគ្នានេះដែរ ការរៀបចំក្រុមពិសេសមួយត្រូវបានធ្វើឡើង ដើម្បីសម្រួលដល់ការវិលត្រឡប់របស់ឥណ្ឌា ទោះបីជាឥណ្ឌាបានដកខ្លួនចេញ ពីការចរចាចាប់តាំងពីខែវិច្ឆិកាឆ្នាំ២០១៩ ដោយសារមានក្តីបារម្ភពីឱនភាពពាណិជ្ជកម្មរបស់ខ្លួន ជាមួយចិននឹងកើនឡើង៕

អ្នកសម្រុកទិញខុនដូក្នុងគម្រោងភូមិអូឡាំពិកនៅជប៉ុន ខកចិត្តយ៉ាងខ្លាំងក្រោយការប្រកួតអូឡាំពិកត្រូវពន្យារពេល

ដោយៈសុខុម

តូក្យូៈ នៅពេលទីក្រុងតូក្យូទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍កីឡាអូឡាំពិក មនុស្សជាច្រើនបានសម្រុកទិញខុនដូប្រណីតៗ ដែលជាផ្នែកមួយនៃគម្រោងបង្កើតភូមិអូឡាំពិក សម្រាប់ទទួលអត្តពលិកអំឡុងព្រឹត្តិការណ៍កីឡានេះ។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយកាលពីថ្ងៃទី១០ មីនា។

ទោះជាយ៉ាងណា ខណៈព្រឹត្តិការណ៍កីឡាអូឡាំពិក ត្រូវបានពន្យារពេល១ឆ្នាំដោយ​សារតែការឆ្លងរាតត្បាតវីរុសកូវីដ-១៩ ទូទាំងពិភពលោក និងភាពមិនប្រាកដប្រជាជុំវិញព្រឹត្តិការណ៍នេះ អ្នកទិញបានខកចិត្តយ៉ាងខ្លាំង។ អ្វីដែលកាន់តែហួសចិត្តជាងនេះទៅទៀតនោះ គឺក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ ហាក់នៅស្ងាត់ស្ងៀម ធ្វើជាមិនដឹងមិនឮ។

ពេលនេះអ្នកទិញជាច្រើននាក់ នៅក្នុងគម្រោងខុនដូ Harumi Flag ដែលមាន ៥.៦០០ យូនីតកំពុងទាមទារសំណងជំងឺចិត្ត ពីក្រុមហ៊ុនអភិវឌ្ឍន៍ ចំពោះការពន្យារពេលនេះ។

លោក Hironobu Todoroki មេធាវីតំណាងអ្នកទិញ ដែលមានបំណងដោះស្រាយជម្លោះនេះដោយសន្តិវិធី តាមរយៈការចរចាបានលើកឡើងថា”ការកែប្រែចំណុចណាមួយគឺជាកត្តាសំខាន់បំផុត នៅក្នុងកិច្ចសន្យាលក់អចលនទ្រព្យ”។

លោកបានធ្វើការកត់សម្គាល់ថា ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ គួរតែជួបជាមួយអ្នកទិញដើម្បីពន្យល់ពីស្ថានភាពនេះ។ លោកបន្តថា លោកនឹងពិចារណាដាក់ពាក្យប   ណ្តឹង ប្រសិនបើការចរចាបរាជ័យ។

ជាការឆ្លើយតប អ្នកនាំពាក្យក្រុមហ៊ុន Mitsui Fudosan Residential ជាក្រុមហ៊ុនអភិវឌ្ឍន៍ឈានមុខគេ ក្នុងចំណោមក្រុមហ៊ុនអចលនទ្រព្យទាំង១០ ដែលពាក់ព័ន្ធក្នុងគម្រោងភូមិអូឡាំពិកបាននិយាយថា ខ្លួនបានឆ្លើយតបរាល់ចម្ងល់ជុំវិញ គម្រោងអភិវឌ្ឍន៍នេះរួចហើយ ហើយបន្តធ្វើបែបនេះទៀត។

អ្នកនាំពាក្យដដែលបានបញ្ជាក់ថា “ក្រុមហ៊ុននឹងបន្តពន្យល់បកស្រាយជុំវិញស្ថានភាពនេះ ទៅដល់អ្នកទិញ ហើយឆ្លើយតបទៅនឹងការសម្រុះសម្រួល ឬបណ្ដឹងផ្លូវច្បាប់ផ្សេងទៀត”។

មានការជូនដំណឹងថា អ្នកទិញអាចបញ្ចប់កិច្ចសន្យាទិញលក់បាន ដោយសារតែការពន្យារពេលនេះ។ ទោះជាយ៉ាងណា ក្រុមហ៊ុនអភិវឌ្ឍន៍ Mitsui Fudosan Residential ដែលពាក់ព័ន្ធក្នុងគម្រោងភូមិអូឡាំពិក បានបដិសេធមិនឆ្លើយបំភ្លឺថា តើមានការលុបចោលកិច្ចព្រមព្រៀងទិញលក់ណាមួយនោះឡើយ។

រដ្ឋបាលក្រុងតូក្យូ បានចំណាយ៥៤ពាន់លានយ៉េន (៥០០ លានដុល្លារអាមេរិក) សម្រាប់គម្រោងនេះ រួមទាំងការស្ថាបនាផ្លូវថ្នល់ និងហេដ្ឋារចនាសម្ព័ន្ធនានាផងដែរ។ បន្ថែមពីលើនេះ  រដ្ឋបាលក្រុងតូក្យូ ក៏បានចំណាយ៤,២ពាន់លានយ៉េន (៣៨,៥ លានដុល្លារ) ទៅលើក្រុមហ៊ុនអភិវឌ្ឍន៍ផងដែរ ដើម្បីជួលគម្រោងនេះរយៈពេល១ឆ្នាំ ដោយប្រើប្រាស់វាជាភូមិអូឡាំពិក សម្រាប់អត្តពលិកប្រមាណ១០.០០០នាក់។

ដោយសារការពន្យារពេលនេះ រដ្ឋបាលក្រុងតូក្យូ នឹងត្រូវចំណាយ៤,២ ពាន់លានយ៉េន (៣៨,៥ លានដុល្លារ)សម្រាប់ការជួលមួយឆ្នាំទៀត៕

រដ្ឋាភិបាលបានសម្រេចបង្កើតភូមិថ្មីៗចំនួន៣៧នៅក្នុងខេត្តក្រចេះ

ដោយៈ រ៉ាណេត 

ភ្នំពេញៈ ក្រសួងមហាផ្ទៃបានចេញប្រកាសលេខ ៧៧៣ ប្រក ចុះថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១ ដែលចុះហត្ថលេខាដោយសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្រេចបង្កើតភូមិថ្មីចំនួន៣៧ ស្ថិតក្នុងឃុំ សង្កាត់១៧ នៃស្រុក ក្រុង៥ក្នុងខេត្តក្រចេះ។

បច្ចុប្បន្ន ខេត្តក្រចេះមានស្រុក ក្រុងចំនួន៦ ឃុំ សង្កាត់៤៧ និងភូមិ២៥៨ ដែលក្នុងចំណោមភូមិទាំងអស់នេះមាន ឧបសម្ព័ន្ធជារចនាសម្ព័ន្ធ គ្រប់គ្រងរដ្ឋបាល​បណ្ដោះ​អា​សន្ន ឬហៅថា ភូមិ ឧបសម្ព័ន្ធចំនួន ១២៤។

ក្នុងភូមិសាស្រ្ត ភូមិឧបសម្ព័ន្ធ ទាំងអស់នោះមានប្រជាពលរដ្ឋរស់នៅ២២.៦២០គ្រួសារ ចំនួនមនុស្ស៨៧.០៧៦នាក់ ហើយអ្នកដែលមានអាយុចាប់ពី១៨ឆ្នាំឡើង មានចំនួន៤៦.៨៣៥នាក់ និងបាន ចុះឈ្មោះបោះឆ្នោតចំនួន៣២.៦៣៨នាក់។

ការសម្រេចបង្កើតភូមិថ្មីជាផ្លូវការ ជំនួសឲ្យភូមិឧបសម្ព័ន្ធបណ្ដោះអាសន្ន មិនត្រឹមតែបានបង្កលក្ខណៈងាយស្រួលដល់ ការគ្រប់គ្រងរដ្ឋបាលរបស់អាជ្ញាធរមូលដ្ឋានខេត្តក្រចេះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្កលទ្ធភាព ធំធេងសម្រាប់ការអភិវឌ្ឍមូលដ្ឋាននៅតំបន់ដាច់ស្រយាលនេះទៀតផង។

ក្រុមការងារ និងរដ្ឋបាល ខេត្តក្រចេះ បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅជូនសម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលបានឆ្លើយតបទាន់ពេលវេលាចំពោះសំណូមពរដ៏ទទូចរបស់អាជ្ញាធរ និងប្រជាពលរដ្ឋមូលដ្ឋាន ហើយសង្ឃឹម យ៉ាង មុតមាំថា ភូមិឧបសម្ព័ន្ធដែលនៅសេសសល់ចំនួនប្រមាណ៨០ទៀត នឹងបានប្រែក្លាយទៅជាភូមិថ្មីជាផ្លូវការ បន្ថែមទៀតក្នុងពេលដ៏ខ្លីខាងមុខ៕

អភិបាលខេត្តៈ ឃុំចំនួន៤ក្នុងស្រុកទឹកឈូនឹងត្រូវកាត់ចូលមកក្នុងរដ្ឋបាលក្រុងកំពត

ដោយគង់ សូរិយា

ភ្នំពេញៈ អភិបាលខេត្តកំពតបានបង្ហើបឲ្យដឹងថា រដ្ឋបាលខេត្តនឹងកាត់បញ្ចូលឃុំចំនួន៤ ក្នុងចំណោមឃុំចំនួន១៦ ក្នុងស្រុកទឹកឈូ ចូលមកក្នុងដែនរដ្ឋបាលក្រុងកំពតនាពេលខាងមុខនេះ។

 

លោកជាវ តាយអភិបាលនៃគណអភិបាលខេត្តកំពត បានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនារសៀលថ្ងៃទី១០ មិនានេះថា រដ្ឋបាលខេត្តបានរៀបចំរួចហើយ លើនិតិវិធី ដើម្បីកាត់ឃុំទាំង៤ ចូលមកក្នុងដែនដ្ឋបាលខេត្តកំពត ប៉ុន្តែឃុំទាំងនោះមិនទាន់ត្រូវប្រកា​សនៅឡើយទេ ដោយរង់ចាំការបោះឆ្នោតឃុំ សង្កាត់នាឆ្នាំ២០២២ខាងមុខនេះ។

លោកបន្តថា “យើងមិនអាចជម្រាបបាននៅឡើយទេ ពីឈ្មោះឃុំទាំងបួននេះ គឺរង់ចាំពេលបវេលាមកដល់សិន ប៉ុន្តែអ្វីៗគឺខេត្តនិងក្រសួងមហាផ្ទៃបានរៀបចំរួចហើយ”។​លោកបន្តថា ទាក់ទងនឹងផ្លូវក្រវ៉ាត់ក្រុងកំពត អាជ្ញាធរខេត្តបាននិងកំពុងជម្រុញ និងពង្រឹ​ងលើមូលដ្ឋានទាំងនោះ ដើម្បីធ្វើឲ្យការអភិវឌ្ឍក្នុងខេត្តបានលឿន តាមគោលនយោ​បាយរបស់ប្រមុខរដ្ឋាភិបាល”។

លោកជាវ តាយបានបន្តឲ្យដឹងទៀតថា រហូតមកទល់ពេលនេះ ខេត្តកំពតមិនទាន់មានប្រជាពលរដ្ឋឆ្លងជំងឺកូវីដនៅឡើយទេ ប៉ុន្តែអាជ្ញាធរខេត្តបាននិងកំពុងយក​ចិត្តទុក​ដា​ក់ធ្វើយ៉ាងណាទប់ស្កាត់ជំងឺនេះ តាមវិធានដែលបានដាក់ចេញ ដោយក្រសូងសុខាភិបាល។

ទោះបីជាមានជំងឺកូវីដកំពុងរាតត្បាតនៅកម្ពុជាក្តី ប៉ុន្តែសកម្មភាពនៃការទិញលក់ និងអភិវឌ្ឍន៍នៅខេត្តកំពត នៅតែមានភាពសកម្ម និងមមាញឹកនៅឡើយ។នេះបើតាមភ្នាក់ងារអចលនទ្រព្យក្នុងខេត្ត។

លោកSaraj Sutton ថ្នាក់ដឹកនាំមួយរូបនៃក្រុមហ៊ុនCentury21 Cambodiaបានមានប្រសាសន៍ថា ខេត្តកំពតនឹងមានការអភិវឌ្ឍន៍លឿន បន្ទាប់ពីក្រុងព្រះសីហនុ ដោយ​សារខេត្តនេះ មានសក្តានុពលសំខាន់ៗជាច្រើនដូចជា ជាខេត្តដែលមានចម្ងាយកៀកនឹងរាជធានីភ្នំពេញ ជាទីតាំងទាក់ទាញការវិនិយោគ ដោយសារមានធនធានធម្មជាតិដ៏មានសក្តានុពល សម្រាប់ការវិនិយោគរមណីយដ្ឋានលំហែរកាយ និងហេដ្ឋារចនាសម្ព័ន្ឋក្នុងខេត្តកំពង់ពង្រីកដូចជាកំពង់ផែទេសចរណ៍ កំពង់ផែទឹកជ្រៅសម្រាប់ដឹកទំនិញជាដើម៕

ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីធំៗរបស់ចិនចាប់ផ្តើមងាកមកចាប់យកចំណែកទីផ្សារក្នុងស្រុកដ៏មានសក្ដានុពលរបស់ខ្លួន

ដោយៈ សាវុធ

ហុងកុងៈ ប្រភពជាក់លាក់មួយបានឱ្យដឹងថា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីចិន (EV) ដែលចុះបញ្ជីនៅសហរដ្ឋអាមេរិក រួមមានក្រុមហ៊ុន Li Auto Inc ក្រុមហ៊ុន Nio Inc និងក្រុមហ៊ុន Xpeng Inc គ្រោងនឹងចុះបញ្ជីនៅហុងកុងនៅឆ្នាំនេះ ដើម្បីទាក់ទាញអ្នកវិនិយោគនៅប្រទេសខ្លួនផ្ទាល់។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១។

ក្រុមហ៊ុនទាំងបីនេះ មានគោលបំណងលក់ហ៊ុន យ៉ាងហោចណាស់៥ភាគរយ នៃមូលធនភាគហ៊ុនសរុប នៅក្នុងមជ្ឈមណ្ឌលហិរញ្ញវត្ថុអាស៊ីមួយនេះ។ ផ្អែកលើមូលធននីយកម្ម ទីផ្សារញូវយ៉ករបស់ក្រុមហ៊ុនទាំងបី កាលពីថ្ងៃចន្ទ ការប្រមូលមូលនិធិពីផ្សារហ៊ុននៅហុងកុងអាចឈានដល់៥ពាន់លានដុល្លារអាមេរិក។

ប្រភពមួយដែលបានបដិសេធ មិនបញ្ចេញឈ្មោះបាននិយាយថា ក្រុមហ៊ុនបាននិងកំពុងធ្វើការ ជាមួយអ្នកប្រឹក្សាយោបល់អំពីការលក់ភាគហ៊ុន ដែលអាចចាប់ផ្តើមនៅពាក់កណ្តាលឆ្នាំនេះ។

ក្រុមហ៊ុន Li Auto ក្រុមហ៊ុនNio និងក្រុមហ៊ុនXpeng ដែលប្រមូលប្រាក់បានចំនួន១៤,៧ពាន់លានដុល្លារ នៅក្នុងផ្សារហ៊ុនសហរដ្ឋអាមេរិក ចាប់តាំងពីឆ្នាំ២០១៨។ ភាគហ៊ុន ដែលបានចុះបញ្ជីនៅអាមេរិក របស់ក្រុមហ៊ុនផលិតរថយន្តទាំងបី បានកើនឡើងចន្លោះពី៣,៧ភាគរយ ទៅ៥,៣ភាគរយនៅក្នុងការលក់ភាគហ៊ុនដំបូង។

ផែនការនេះធ្វើឡើង នៅពេលដែលក្រុមហ៊ុនទាំងបីបង្កើនដើមទុន ដើម្បីផ្តល់មូលនិធិដល់ការអភិវឌ្ឍបច្ចេកវិទ្យា និងពង្រីកបណ្តាញលក់ ដើម្បីប្រកួតប្រជែងនៅក្នុងទីផ្សាររថយន្តអគ្គិសនីធំបំផុតរបស់ពិភពលោក ដែលក្រុមហ៊ុនTesla Inc របស់សហរដ្ឋអាមេរិកកំពុងជំរុញការលក់យានយន្តផលិតនៅប្រទេសចិន។

ឆ្នាំនេះត្រូវបានគេមើលឃើញថា មានសារៈខ្លាំងសំខាន់ណាស់ សម្រាប់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី ដើម្បីដណ្តើមចំណែកទីផ្សារ ខណៈឧស្សាហកម្មនេះរំពឹងថា ការលក់រថយន្តថាមពលថ្មីរបស់ចិន នឹងកើនឡើងជិត៤០ភាគរយ ដែលកាលពីឆ្នាំមុនមានត្រឹមតែ១,៨លានគ្រឿង។

លោក Shi Ji អ្នកវិភាគរបស់ក្រុមហ៊ុនHaitong International បាននិយាយថា “ទោះបីមានធនធានហិរញ្ញវត្ថុច្រើននាពេលបច្ចុប្បន្ន បើប្រៀបធៀបទៅនឹងឆ្នាំមុនក៏ដោយ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី នៅតែត្រូវការវិនិយោគយ៉ាងច្រើនសម្បើម លើបច្ចេកវិទ្យាជំនាន់ថ្មី។ ការស្វែងរកបញ្ជីផ្សារហ៊ុននៅទីផ្សាររបស់ខ្លួនគឺរឿងមួយដ៏ល្អ”៕