រដ្ឋាភិបាល​សម្រេច​អនុម័ត​លើ​គម្រោង​វិនិយោគ​ចំនួន៧ មាន​ទុន​សរុប​ជិត ២៤លាន​ដុល្លារ

ដោយ ៖ រ៉ា​ណេ​ត

ភ្នំពេញ ៖ រាជរដ្ឋាភិបាល​តាមរ​យៈ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បានសម្រេច​ឆ្លើយតប​តាម​សំណើសុំ​វិនិយោគ​របស់​ក្រុមហ៊ុន​ចំនួន៧ ដែល​ស្ថិតនៅ​រាជធានី​ភ្នំពេញ​ចំនួន ៣គម្រោង និង​នៅ​ខេត្តស្វាយរៀង​ចំនួន ៤គម្រោង។

គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានសម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​ជា​ស្ថាពរ ជូន​ដល់​ក្រុមហ៊ុន​ចំនួន៧ ដែល​វិនិយោគ​នៅក្នុង​វិស័យ​ឧស្សាហកម្ម និង​កាត់ដេរ ដែលមាន​រាយ​ឈ្មោះ​ដូចខាងក្រោម ៖

១. GLOBAL ASIA APPAREL (CAMBODIA) CO., LTD គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ផ្លូវ​អន្លង់​គង ភូមិ​អន្លង់​គង​ចាស់ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ មាន​ទុនវិនិយោគ​ប្រមាណ ៣លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៩៤៨កន្លែង។

២. SINODEX GARMENT (CAMBODIA) CO., LTD គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ជ្រៃ​កោង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ មាន​ទុនវិនិយោគ​ប្រមាណ ៣លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៧២០កន្លែង។

៣. GOOD PLUS (CAMBODIA) MANUFACTURE CO., LTD គម្រោង​កាត់ដេរ​សម្លៀក​បំពាក់ និង​ផលិត​ម៉ាស់ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ផ្លូវជាតិ​លេខ៣ ភូមិ​ស្រែ​ញ័រ សង្កាត់​ពងទឹក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ មាន​ទុនវិនិយោគ​ប្រមាណ ២,៧លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៧៦៤កន្លែង។

៤- Biao Xin Sheng Packaging and Printing Co., Ltd.: គម្រោង​បង្កើត​រោងចក្រ​ផលិត​តែម​កង់ បោះពុម្ព​ក្រដាស់ និង​សម្ភារ:វេច​ខ្ចប់​គ្រប់​ប្រភេទ មាន​ទីតាំង​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស តាយសេង បាវិត ខេត្តស្វាយរៀង, មាន​ទុនវិនិយោគ​ចំនួន ១លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៣៩០កន្លែង។

៥- Leadone International  Co., Ltd.: គម្រោង​បង្កើត​រោងចក្រ​ផលិត​ផលិតផល​ផ្លា​ស្ទិ​ក គ្រាប់​ជ័រ និង​ស្បែក​សិប្បនិម្មិត​គ្រប់​ប្រភេទ, មាន​ទីតាំង​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ស្វាយរៀង ហ្គី​ហ្គា រី​ស៍ស ខេត្តស្វាយរៀង, មាន​ទុនវិនិយោគ​ចំនួន ២,៨លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ២១០កន្លែង។

៦- New Phoenix Development Industry Co., Ltd.: គម្រោង​បង្កើត​រោងចក្រ​ផលិត​អំពូល​ភ្លើង​គ្រឿង​បង្គុំ​អំពូល និង​ខ្សែភ្លើង, មាន​ទីតាំង​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស តាយសេង បាវិត ខេត្តស្វាយរៀង, មាន​ទុនវិនិយោគ​ចំនួន ៩លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៨៣០កន្លែង។

៧- Simple Packing Products Co., Ltd.: គម្រោង​បង្កើត​រោងចក្រ​ផលិត​កេស​កា​តុង និង​សម្ភា​រៈវេច​ខ្ចប់​គ្រប់​ប្រភេទ, មាន​ទីតាំង​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស តាយសេង បាវិត ខេត្តស្វាយរៀង, មាន​ទុនវិនិយោគ​ចំនួន ២,១២លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ២២០កន្លែង៕

រដ្ឋាភិបាល​សម្រេច​ផ្តល់​ដី​ទំហំ ៨ហិកតា​នៅ​បឹង​តា​មោក​ជូន​ក្រសួងយុត្តិធម៌

ដោយ ៖ គង់ ម៉ា​លីន

ភ្នំពេញ ៖ រាជរដ្ឋាភិបាល​បានសម្រេច​ផ្តល់​ដី​ទំហំ៨ហិកតា​នៅ​បឹង​តោ​មោក សម្រាប់​រៀបចំ​សាងសង់​ធ្វើជា​ឃ្លាំង​រក្សាទុក​នូវឯ​ក​សារ និង​សម្ភារៈ​របស់​ក្រសួងយុត្តិធម៌ សាលា​ឧ​ទ្ទ​រណ៍​ភ្នំពេញ និង​សាលាដំបូង​រាជធានី​ភ្នំពេញ ។

រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​ទីស្ដីការគណៈរដ្ឋមន្ត្រី បានចេញ​លិខិត​មួយច្បាប់​ជម្រាបជូន​រដ្ឋមន្ត្រីក្រសួង​ពាក់ព័ន្ធ និង​អភិបាល​រាជធានី​ភ្នំពេញ​ស្តីពី​ករណី​សុំ​កាត់​ផ្ទៃដី​បឹង​តា​មោក (កប់​ស្រូវ) ទំហំ៨ហិកតា ស្ថិតនៅ​ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ដើម្បី​រៀបចំ​សាងសង់​ធ្វើជា​ឃ្លាំង​សម្រាប់​ការប្រើប្រាស់​របស់​ក្រសួងយុត្តិធម៌ សាលា​ឧ​ទ្ទរ​ភ្នំពេញ និង​សាលា​ល​ដំបូង​រាជធានី​ភ្នំពេញ ។

នៅក្នុង​សេចក្តីជូនដំណឹង​ខាងលើ​បាន​សរសេរ​យោងតាម​លិខិត​លេខ ០៤៧/២០ លស. គ ចុះ​ថ្ងៃ ទី១៤ ខែកញ្ញា ឆ្នាំ២០២០ របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ លិខិត លេខ ៤៩៨ខន /០២០សជណ ចុះ​ថ្ងៃទី២១ខែកញ្ញា​ឆ្នាំ២០២០  របស់​ខុទ្ទកាល័យ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​យោងតាម​ចំណារ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ចុះ​ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០ ។

នៅក្នុង​លិខិត​ដែល​ចុះហត្ថលេខា​ដោយ​លោក កែន   ស​ត្ថា រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី​នេះ​បានសរសេរថា​ដូច​មានចែង​ក្នុង​កម្មវត្ថុ​និង​ខាង លើ​ទី​ស្តី ការ​គណៈរដ្ឋមន្ត្រី​សូម​ជម្រាប​ឯកឧត្តម​ជ្រាបថា  រាជរដ្ឋាភិបាល​យល់ ព្រម​ផ្តល់​ផ្ទៃដី​បឹង​តា​មោក(កប់​ស្រូវ)ទំហំ៨ហិកតា  ដែលមាន​ទីតាំង​នៅជាប់​នឹង​ទីលាន​ផ្ទេរ សំរាម( Transfer Station )   របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ   ក្នុងភូមិ​ត្រពាំង​ពោធិ៍ សង្កាត់​គោករ​ការ​ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ   សម្រាប់​រៀបចំ ធ្វើជា​ឃ្លាំង​រក្សា ទុក​នូ​វេ​ក​សារ និង​សម្ភារៈ​របស់​ក្រសួងយុត្តិធម៌ សាលា​ឧ​ទ្ទ​រណ៍​ភ្នំពេញ និង​សាលាដំបូង​រាជធានី​ភ្នំពេញ ។

រាជរដ្ឋាភិបាល​បានសម្រេច​ផ្តល់​ដី​ទំហំ៨ហិកតា ស្ថិតនៅ​សង្កាត់​គោក​រការ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ  ខាងលើ​ជា​កម្មសិទ្ធិ​ជូន​ក្រសួងយុត្តិធម៌ បន្ទាប់ពី​បាន ចេញ​អនុក្រឹត្យ​លេខ ១៥៨ អនក្រ.បក ចុះ​ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ ស្តីពី​ការកែសម្រួល​ផ្ទៃដី​បឹង​តោ​មោក(កប់​ស្រូវ)ដោយ​ត្រូវ​កាត់​ផ្ទៃដី​ទំហំ៨ហិកតា ស្ថិតនៅ​សង្កាត់​គោក​រការ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ពី​ផ្ទៃ​បឹង​តា​មោក​ដែល​ត្រូវបាន​កំណត់​ក្នុង​អនុក្រឹត្យ​លេខ២០ អនក្រ.បក   ចុះ​ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៦ ស្តីពី​ការកំណត់​ផ្ទៃ​បឹង​តា​មោក (កប់​ស្រូវ)ទំហំ ៣ ២៣៩.៧ហិកតា។

ផ្ទៃ​បឹង​តា​មោក (កប់​ស្រូវ)ទំហំ ៣២៣៩.៧ ហិកតា​នេះ កាលពីពេល​កន្លងទៅ​រាជរដ្ឋាភិបាល​បាន​កាត់​ជា​បន្តបន្ទាប់​ផ្តល់ជូន​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​ស្ថាប័នរដ្ឋ​មួយចំនួន សម្រាប់ធ្វើ​ការសាងសង់​អគារ​ធ្វើការ​ថ្មី​ដូចជា​ផ្សារ​បន្លែ សួនច្បារ​របស់​រាជធានី​ភ្នំពេញ អគារ​របស់​នគរបាល​ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ ក្រសួង​អភិវឌ្ឍន៍ជនបទ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ  គណៈកម្មាធិការ​ជាតិ​សិទ្ធិមនុស្ស​កម្ពុជា និង​អាជ្ញាធរ​កម្ពុជា​គ្រប់គ្រង​សកម្មភាព​កម្ចាត់មីន និង​សង្គ្រោះ​ជនពិការ​ដោយសារ​មីន​ជាដើម៕

សម្ដេចតេជោ ដកតំណែងអភិបាលស្រុកកោះញែក ហើយមន្ត្រីធំៗមួយចំនួនទៀតកំពុងប្រឈមមុខផងដែរ

ដោយ ៖ គង់ ម៉ាលីន

មណ្ឌលគិរី ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាពេលថ្មីៗនេះ បានចេញអនុក្រឹត្យមួយ ដោយសម្រេចបញ្ចប់មុខតំណែងលោក ស៊ិន វណ្ណវុឌ្ឍ អភិបាលស្រុកកោះញែក ខេត្តមណ្ឌលគិរី ដោយអោយមកបម្រើការងារនៅទីស្តីការក្រសួងមហាផ្ទៃវិញ ។

នេះបើយោងតាមអនុក្រឹត្យ ដែល ទើបទទួលបាន នៅរសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ នេះ ។

ប្រភពព័ត៌មានច្បាស់ការណ៍ ទម្លាយអោយដឹងថា នៅមានមន្ត្រីគ្រាក់មួយចំនួនទៀត ក៏អាចប្រឈមនឹងការបញ្ចប់តំណែង ផងដែរ ។

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ កន្លងទៅ បានចេញសេចក្តីសម្រេចមួយ ស្តីពី «ការបង្កើតក្រុមការងារអន្តរក្រសួង ដើម្បីចុះសិក្សាស្រាវជ្រាវ លើករណីការកាប់រាន ទន្ទ្រានកាន់កាប់ដីព្រៃខុសច្បាប់ ក្នុងតំបន់ការពារធម្មជាតិ ស្ថិតក្នុងខេត្តមណ្ឌលគិរី» ។

តាមប្រភពព័ត៌មានច្បាស់ការណ៍ មួយ បានអោយដឹងថា ការស៊ើបអង្កេតបទល្មើសនេះ កំពុងដំណើរការយ៉ាងក្តៅគគុក ខណៈមន្ត្រីគ្រាក់ៗប្រមាណ១០នាក់ នៅខេត្តមណ្ឌលគិរី ប្រឈមនឹងការអស់តំណែង ។

មន្ត្រីគ្រាក់ៗប្រមាណ១០នាក់ នៅខេត្តមណ្ឌលគិរី ដែលប្រឈមនឹងការអស់តំណែង នោះ រួមមាន ៖
១,លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី ។
២,លោក ណយ ស្រុន សមាជិកព្រឹទ្ធសភាភូមិភាគទី៨ ។
៣,លោក ស៊ិន វណ្ណវុឌ្ឈ អភិបាលស្រុកកោះញែក ។
៤,លោក សៀក មុន្នី អភិបាលស្រុកអូរាំង ។
៥,លោកស្រី ថ្ចាន់ ត្រែល ចៅសង្កាត់សែនមនោរម្យ ។
៦,លោក ប៊ុត សំអែល មេឃុំស្រែខ្ទុម ។
៧,លោក ពឿប ពេ មេឃុំស្រែព្រះ ។
៨,លោក សុក សេរ៉ា នាយករងរដ្ឋបាលសាលាខេត្តមណ្ឌលគិរី ។
៩,លោកឧត្តមសេនីយ៍ ជេត ហ៊ាង មេបញ្ជាការរងកងឯកភាពស្ថាបនាថ្នល់លេខ៧១៦ ជាប្រធានការដ្ឋានខ្សែក្រវាត់ព្រំដែន ។
១០,លោក ថាន ប៊ុនធឿន មេបញ្ជាការសឹករងស្រុកកោះញែក ។

នេះគ្រាន់តែជាបញ្ជីឈ្មោះមិនផ្លូវការ ដែលប្រភពព័ត៌មានបង្ហើបប្រាប់តែប៉ុណ្ណោះ ដោយការសម្រេចយ៉ាងណា នោះ នឹងដឹងពិតប្រាកដ នាពេលឆាប់ៗខាងមុខនេះ ។

យោងតាមសេចក្តីសម្រេច របស់សម្តេចក្រឡាហោម ស ខេង បានអោយដឹងថា ក្រុមការងារនេះ មានតួនាទី និង ភារកិច្ច ដូចខាងក្រោម ៖
-ចុះសិក្សាស្រាវជ្រាវលើករណីនីមួយៗនៃការកាប់រាន ទន្ទ្រានកាន់កាប់ដីព្រៃខុសច្បាប់ ក្នុងតំបន់ការពារធម្មជាតិ ស្ថិតក្នុងខេត្តមណ្ឌលគិរី តាមរបាយការណ៍របស់ទីស្តីការគណៈរដ្ឋមន្ត្រី ចុះថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ អោយបានជាក់ស្តែង និង ប្រមូលឯកសារ និង ភស្តុតាង នានា ពាក់ព័ន្ធជាមួយមន្ត្រី និង អ្នកពាក់ព័ន្ធសកម្មភាព ទាំងនោះ ។
-សហការជាមួយអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងដំណើរការចុះស្រាវជ្រាវនេះ ។
-សិក្សានិងលើកយោបល់អំពីវិធានការដោះស្រាយសមស្របនានាចំពោះករណីនីមួយៗ តាមការជាក់ស្តែង ។
-រៀបចំរបាយការណ៍អំពីលទ្ធផលនៃការចុះពិនិត្យសិក្សា និង វិធានការដោះស្រាយនានា ដើម្បីគោរពស្នើសុំគោលការណ៍ពិនិត្យ និង សម្រេចដ៏ខ្ពង់ខ្ពស់ពី សម្តេចក្រឡាហោម ។
-អនុវត្តភារកិច្ចផ្សេងទៀត តាមការប្រគល់ពី សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។

ជាការកត់សម្គាល់ សេចក្តីសម្រេចរបស់ សម្តេច ស ខេង នាពេលនេះ ធ្វើឡើងក្រោយពីសមត្ថកិច្ចអង្គភាពប្រឆាំងអំពើពុករលួយ បានចាប់ខ្លួនលោក សេង សុវណ្ណារ៉ា អតីតអនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ ពាក់ព័ន្ធករណីឈូសឆាយ និង ទន្ទ្រានយកដីព្រៃចំការស្រស់សាធារណៈរបស់រដ្ឋ ប្រមាណ១ពាន់ហិកតាធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន នៅចំណុចភូមិអន្ត្រេះ ឃុំអរបួនលើ ស្រុកកោះញែក ខេត្តមណ្ឌលគិរី ។

ជាមួយគ្នានេះ ឯកសារមួយចំនួន ដែលពាក់ព័ន្ធគ្នា បង្ហាញពីការឃុបឃិតប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធ មានតាំងពីមេភូមិ មេឃុំ អភិបាលស្រុកកោះញែក និង លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី ជាដើម ៕

កម្ពុជា និងកូរ៉េ គាំទ្រក្នុងការតម្លើងកម្រិតកិច្ចសហប្រតិបត្តិការមេគង្គ-កូរ៉េ ទៅជាភាពជាដៃគូយុទ្ធសាស្ត្រថ្មីមួយ

ដោយ ៖ គង់ ម៉ាលីន

ភ្នំពេញ ៖ ប្រមុខការទូតកម្ពុជា លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបង្ហាញពីការស្វាគមន៍ និងការគាំទ្រយ៉ាងពេញទំហឹងរបស់កម្ពុជា ចំពោះសំណើរបស់សាធារណរដ្ឋកូរ៉េ ក្នុងការតម្លើងកម្រិតនៃកិច្ចសហប្រតិបត្តិការមេគង្គ-សាធារណរដ្ឋកូរ៉េ ទៅជាភាពជាដៃគូយុទ្ធសាស្ត្រ ដែលនេះស្របទៅ នឹងគំនិតផ្តួចផ្តើមរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កាលពីឆ្នាំមុន ក្នុងការតម្លើង កម្រិតយន្តការនៃកិច្ចប្រជុំនេះ ទៅដល់កម្រិតកិច្ចប្រជុំកំពូល។

ការបង្ហាញជំហរនេះ បានធ្វើឡើងក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-សាធារណរដ្ឋកូរ៉េលើកទី១០ តាម ប្រព័ន្ធវីដេអូ កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០។

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានគូស បញ្ជាក់អំពីការបញ្ចប់ដោយជោគជ័យនៃគម្រោង «ការគ្រប់គ្រង និងការអភិវឌ្ឍធនធានទឹក នៅលើ
ដងទន្លេមេគង្គភ្ជាប់ទៅនឹងបឹងទន្លេសាប»។ បន្ថែមពីនេះ លោក ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះជំនួយមនុស្សធម៌របស់ សាធារណរដ្ឋកូរ៉េ ដែលមានទឹកប្រាក់ប្រមាណ ៣០០.០០០ដុល្លារអាមេរិក ក្នុងនោះ រួមមានបរិក្ខារវេជ្ជសាស្ត្រសម្រាប់ កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩។

លោកឧបនាយករដ្ឋមន្រ្តី បានថ្លែងនៅក្នុងអង្គប្រជុំថា «ផ្អែកលើលក្ខណៈសម្បត្តិយ៉ាងជាក់ស្តែង យើងសូមកោតសរសើរចំពោះការប្តេជ្ញាចិត្តរបស់សាធារណរដ្ឋកូរ៉េ ក្នុងការរួមចំណែក និងការយកចិត្តទុកដាក់ជាចម្បងលើការអភិវឌ្ឍនៅក្នុងតំបន់មេគង្គ និងការសម្រេចឱ្យបាននូវសហគមន៍អាស៊ាន ដែលជា វិសាលភាពដ៏ធំធេងនៅក្នុងក្របខ័ណ្ឌនេះ។ ដោយ ផ្តោតលើនិរន្តរភាពដ៏យូរអង្វែងនៃកិច្ចសហប្រតិបត្តិការរបស់យើង ខ្ញុំមានទស្សនៈថា ជំនួយអភិវឌ្ឍន៍ គ្រាន់តែជាផ្នែកមួយនៃរឿងប៉ុណ្ណោះ។ ក្នុងអំឡុងពេលនៃការស្តារឡើងវិញនូវសេដ្ឋកិច្ច ក្រោយការយកឈ្នះ ជំងឺរាតត្បាតកូវីដ-១៩ ភាពធន់នៃប្រជាជាតិរបស់យើង គឺពឹងផ្អែកលើសមត្ថភាព របស់រដ្ឋាភិបាល រៀងៗខ្លួន ដើម្បីជំរុញសេដ្ឋកិច្ចរបស់យើងតាមរយៈពាណិជ្ជកម្ម ការវិនិយោគ និងទេសចរណ៍។ នេះជាអ្វី ដែលខ្ញុំរំពឹងថា ការចូលរួមចំណែកយ៉ាងសកម្មរបស់វិស័យឯកជន នឹងជំរុញកាលានុវត្តភាពអាជីវកម្ម និងវិនិយោគថ្មីៗ ក្នុងការបង្កើតសក្ដានុពលការងារថ្មីៗ សមស្របទៅតាមបរិបទក្រោយការ យកឈ្នះ ជំងឺ រាតត្បាត កូវីដ-១៩»។

រដ្ឋមន្រ្តីនៃបណ្តាប្រទេសមេគង្គ បានសង្កត់ធ្ងន់ជាថ្មីម្តងទៀតពីការគាំទ្រយ៉ាងមុតមាំចំពោះ «គោល នយោបាយភាគខាងត្បូងថ្មី» របស់សាធារណរដ្ឋកូរ៉េ ដោយផ្អែកលើសសរស្តម្ភបី គឺ ប្រជាជន វិបុលភាព និងសន្តិភាព ដូចមានគូសបញ្ជាក់ក្នុងសេចក្ដីថ្លែងការណ៍ទន្លេមេគង្គ-ទន្លេហាន។ រដ្ឋមន្ត្រី ការបរទេសទាំងអស់ បានសង្កត់ធ្ងន់ពីសារសំខាន់នៃកិច្ចសហប្រតិបត្តិការកាន់តែរឹងមាំរវាងវិស័យ ឯកជន និងវិស័យ សាធារណៈ ដើម្បីការអភិវឌ្ឍប្រកបដោយបរិយាប័ន្ននិងចីរភាពនៅក្នុងតំបន់ និងបាន ចែក រំលែក នូវទស្សនៈថា វេទិកាធុរកិច្ចមេគង្គ-សាធារណរដ្ឋកូរ៉េ និងក្រុមប្រឹក្សាធុរកិច្ចមេគង្គ-សាធាណរដ្ឋកូរ៉េ បានពង្រឹងនូវចំណងទំនាក់ទំនងសេដ្ឋកិច្ច រវាងសាធារណរដ្ឋកូរ៉េ និងបណ្ដាប្រទេសមេគង្គ។ លើសពីនេះ លោកជំទាវ កាង ក្យុងវ៉ា បានប្រកាសនៅក្នុងកិច្ចប្រជុំ អំពីសំណើរបស់សាធារណរដ្ឋកូរ៉េក្នុងការតម្លើង កម្រិតនៃកិច្ចសហប្រតិបត្តិការមេគង្គ-សាធារណរដ្ឋកូរ៉េ ទៅជាភាពជាដៃគូយុទ្ធសាស្ត្រ។

កិច្ចប្រជុំបានគូសបញ្ជាក់សារជាថ្មីពីតួនាទីសំខាន់នៃភាពជាដៃគូមេគង្គ-សាធារណរដ្ឋកូរ៉េ ក្នុងការ កាត់បន្ថយគម្លាតអភិវឌ្ឍន៍នៅក្នុងចំណោមប្រទេសអាស៊ាន និងក្នុងការសម្រេចបាននូវ «ចក្ខុវិស័យ សហគមន៍ អាស៊ានឆ្នាំ២០២៥»។

កិច្ចប្រជុំនេះ បានអនុម័តលើឯកសារគោលចំនួន០២គឺ (១) «សេចក្ដីប្រកាសសហប្រធាននៃ កិច្ចប្រជុំរដ្ឋមន្ត្រី ការបរទេសមេគង្គ-សាធារណរដ្ឋកូរ៉េលើកទី១០» និង (២) «ផែនការសកម្មភាពឆ្នាំ ២០២១- ២០២៥ ស្ដីពីកិច្ច សហប្រតិបត្តិការមេគង្គ-សាធារណរដ្ឋកូរ៉េ សម្រាប់ការអនុវត្តនូវសេចក្ដី ថ្លែងការណ៍ទន្លេមេគង្គ-ទន្លេហាន» ៕

រដ្ឋាភិបាលអនុម័តឱ្យប្រើប្រាស់ផែនការរៀបចំដីធ្លីនៅរាជធានីខេត្តចំនួន ៣

ដោយវុត្ថា

ភ្នំពេញ៖ រាជរដ្ឋាភិបាលតាមរយៈក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអនុម័តដាក់ឱ្យប្រើប្រាស់ផែនការរៀបចំដែនដី រាជធានី ខេត្តប៉ូលសេដ្ឋកិច្ចចំនួន ៣ គឺប្លង់គោលរាជធានីភ្នំពេញ ខេត្តបាត់ដំបង ខេត្តព្រះសីហនុ និងបានបញ្ចប់ផែនការរៀបចំដែនដីខេត្តតាកែវ។

លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ារ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ឱ្យដឹងថា ជាមួយគា្ននេះ ក្រសួង កំពុងជំរុញបញ្ចប់ការសិក្សាផែនការរៀបចំដែនដីខេត្តសៀមរាប និងខេត្តប៉ៃលិន ចំពោះប្លង់គោលប្រើប្រាស់ដីក្រុងស្រុកខណ្ឌ គឺបានអនុម័តនិងដាក់ឱ្យប្រើប្រាស់ប្លង់គោលប្រើប្រាស់ដីក្រុងចំនួន ១១ ។

លោកឧបនាយករដ្ឋមន្ត្រីថ្លែងថា ប្លង់គោលប្រើប្រាស់ដីក្រុងចំនួន ១១ដូចជាក្រុងបាត់ដំបង ទីរួមខេត្តត្បូងឃ្មុំ ក្រុងតាខ្មៅ ក្រុងកំពត ក្រុងកែប ក្រុងខេមរៈភូមិន្ទ ក្រុងសៀមរាប ក្រុងកំពង់ចាម ក្រុងប៉ោយប៉ែត ក្រុងបាវិត ក្រុងបូកគោ និងទីប្រជុំជនចំនួន ២ គឺទីប្រជុំជនស្រុកជ្រៃធំ និងទីប្រជុំជនស្រុកស្វាយអន្ទរ។

លោកឧបនាយករដ្ឋមន្ត្រីបន្ថែមថា រីឯផែនការប្រើប្រាស់ដីថ្នាក់ឃុំ សង្កាត់ គឺបានអនុម័ត និងដាក់ឱ្យប្រើប្រាស់ផែនការប្រើប្រាស់ដីឃុំសង្កាត់ចំនួន៨០ ឃុំសង្កាត់នៅក្នុងខេត្តចំនួន ១១និងកំពុងសិក្សាបញ្ចប់ផែនការប្រើប្រាស់ដីឃុំចំនួន ៩០នៅខេត្តបាត់ដំបង ព្រៃវែងនិងខេត្តកំពង់ធំ ដោយឡែកផែនទីព្រំប្រទល់រដ្ឋបាល ហេដ្ឋារចនាសម្ព័ន្ធ និងផែនទីប្រើប្រាស់ដី ជាក់ស្ដែងវិញ គឺបានបញ្ចប់នៅក្នុងស្រុកខណ្ឌចំនួន ២០៣ និងឃុំសង្កាត់ចំនួន ១៦៤៦ ឃុំសង្កាត់។

លោកបន្ថែមថា សម្រាប់ការងារគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ដោយក្នុងនោះបានបញ្ចប់ការសិក្សាយុទ្ធសាស្ត្រជាតិសមាហរណកម្មតំបន់ឆ្នេរសមុទ្រ ក្នុងខេត្តតាមឆ្នេរសមុទ្រមានខេត្តព្រះសីហនុ កំពត កែប និងខេត្តកោះកុង បានស្ថាបនាខ្លោងទ្វារចូលឆ្នេរសមុទ្រនៅក្រុងព្រះសីហនុ បានបញ្ចប់ការចុះបញ្ជីដីរដ្ឋ នៅលើកោះរ៉ុង ក្នុងក្រុងកោះរ៉ុង ខេត្តព្រះសីហនុ បានស្ដារ និងស្ថាបនាប្រព័ន្ធលូបង្ហូរទឹកកខ្វក់ និងទឹកភ្លៀងនៅក្រុងព្រះសីហនុ បានស្ថាបនាផ្លូវនិងមហាវិថីចំនួន ៣៦ ខ្សែស្មើនឹង៨០ គីឡូម៉ែត្រ នៅខេត្តព្រះសីហនុ។

លោកបញ្ជាក់ទៀថា រីឯបញ្ហាប្រឈម គឺមានកង្វះខាតធនធានមនុស្សនៅថ្នាក់ក្រោមជាតិ ដែលអាចជំរុញការសិក្សាលម្អិត និងការអនុវត្តផែនការរៀបចំដែនដី ដែលបានអនុម័តរួច និងកង្វះខាតថវិកា ដើម្បីអនុវត្តគម្រោងស្របតាមផែនការគ្រោងទុក។

ទន្ទឹមនេះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានឱ្យដឹងអំពីទិសដៅបន្តរបស់ក្រសួង គឺការជំរុញបញ្ចប់ច្បាប់ស្ដីពីការរៀបចំដែនដី និងនគរូបនីយកម្ម ជំរុញបញ្ចប់ការកសាងផែនការរៀបចំដែនដីថ្នាក់ជាតិ នៅឆ្នាំ ២០២៣ ជំរុញសម្រេចឱ្យបានផែនការរៀបចំដែនដីថ្នាក់តំបន់ចំនួន២ បន្ថែមទៀតនៅឆ្នាំ ២០២៣ គឺផែនការរៀបចំដែនដីតំបន់ជុំវិញបឹងទន្លេសាប និងតំបន់ជុំវិញរាជធានីភ្នំពេញ ជំរុញសម្រេចឱ្យបានផែនការរៀបចំដែនដីថ្នាក់ខេត្តចំនួន ២ ក្នុងមួយឆ្នាំ ឬចំនួន ៨ ខេត្តនៅឆ្នាំ ២០២៣ ជំរុញសម្រេចឱ្យបានប្លង់គោលប្រើប្រាស់ដីថ្នាក់ក្រុងចំនួន ៥ ក្នុងមួយឆ្នាំ ឬចំនួន ៨ ក្រុង នៅដំណាច់ឆ្នាំ ២០២៣ ជំរុញ សម្រេចឱ្យបានប្លង់គោលប្រើប្រាស់ដីថ្នាក់ស្រុកខណ្ឌចំនួន៥ ក្នុងមួយឆ្នាំ ឬចំនួន ១៩ ស្រុកខណ្ឌនៅដំណាច់ឆ្នាំ២០២៣ និងជំរុញសម្រេចឱ្យបានផែនការប្រើប្រាស់ដីថ្នាក់ឃុំសង្កាត់ចំនួន២០ ក្នុងមួយឆ្នាំ ឬចំនួន ៨០ ឃុំសង្កាត់នៅដំណាច់ឆ្នាំ ២០២៣ ៕

ទីក្រុងសៀងហៃ នៃប្រទេសចិន នឹងចាប់ផ្តើមសាងសង់អគារការិយាល័យខ្ពស់លំដាប់ទី ៣

ដោយវុត្ថា

សៀងហៃ៖ ទីក្រុងសៀងហៃ នៃប្រទេសចិន នឹងចាប់ផ្តើមសាងសង់អគារការិយាល័យខ្ពស់លំដាប់ទី ៣ ដែលមានឈ្មោះថា North Bund ស្ថិតនៅក្នុងក្បែមាត់ស្ទឹងនៅក្នុងសង្កាត់ Hongkou នៅក្នុងឆ្នាំ ២០២១ ខាងមុខនេះ ។

តាមការចុះផ្សាយរបស់គេហទំព័រ www.shine.cn ឱ្យដឹងថា
រចនាសម្ព័ន្ធអគារការិយាល័យដែលគ្រោងនឹងសសាងសង់នេះ មានកំពស់ ៤៨០ ម៉ែត្រ ដែលនឹងលេចត្រដែតស្របទៅនឹងអគារផ្សេងទៀតនៅតាមដងទន្លេ Huangpu ។

អគារការិយាល័យថ្មីនេះនឹងក្លាយជាអគារខ្ពស់ជាងគេនៅទីក្រុងតំបន់ Puxi ខ្ពស់ជាងអគារ Sinar Mas Plaza tower ដែលមានកំពស់ ៣២០ ម៉ែត្រ និងជាអាគារខ្ពស់ជាងគេលំដាប់ទី ៣ នៅក្នុងទីក្រុង បន្ទាប់ពីអគារ Shanghai Tower ដែលមានកម្ពស់ ៦៣២ ម៉ែត្រនិងអគារមជ្ឈមណ្ឌលហិរញ្ញវត្ថុពិភពលោកសៀងហៃ (Shanghai World Financial Center) ដែលមានកំពស់ ៤៩២ ម៉ែត្រ។

លោក Liu Jun នាយកប្រតិបត្តិនៃការិយាល័យអភិវឌ្ឍន៍ North Bund Development Office បានឱ្យដឹងថា រហូតមដល់ពេលនេះ មានក្រុមហ៊ុនជាង ១០ ទាំងនៅក្នុងនិងក្រៅប្រទេសកំពុងចរចាជាមួយ North Bund ដើម្បីបោះទីស្នាក់ការកណ្តាលឬការិយាល័យនៅក្នុងអគារថ្មី។

លោកបន្ថែមថា នៅជុំវិញនៃអគារ North Bund ថ្មីនេះ មានគម្រោងអភិវឌ្ឍន៍ធំៗជាច្រើនដែលសាងសង់ជិតនឹងបញ្ចប់រួមមានផ្សារទំនើប Raffles City ទី ៣ និងរោងមហោស្រព Broadway ដែលបានចូលមកទីក្រុងសៀងហៃជាលើកដំបូង។ផ្សារទំនើបនឹងត្រូវបើកជាសាធារណៈនៅឆ្នាំក្រោយនឹងគ្របដណ្តប់លើផ្ទៃដី ១២០,០០០ ម៉ែត្រការ៉េដែលមាន ៣ ជាន់ពីលើដីនិងជាន់ក្រោមពីរជាន់៕

World Bank៖ សកម្មភាពសេដ្ឋកិច្ចផ្ទៃក្នុងរបស់កម្ពុជាបានចាប់ផ្តើមកម្រើកបណ្តើរៗឆ្ពោះទៅរកប្រក្រតីភាពឡើងវិញ

ដោយ៖ ប៊ី
ភ្នំពេញ៖ សកម្មភាពសេដ្ឋកិច្ចផ្ទៃក្នុងរបស់កម្ពុជាបានចាប់ផ្តើមកម្រើកបណ្តើរៗឆ្ពោះទៅរកប្រក្រតីភាពឡើងវិញហើយក្រោយពីមានការសម្រាលលើវិធានការរក្សាគម្លាតសុវត្ថិភាពសង្គម។ នេះបើយោងតាមការរបាយការណ៍ធនាគារពិភពលោក (World Bank) ដែលគេទំព័រ Propertyarea.asia ទទួលបាននៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០នេះ។

ធនាគារពិភពលោក បានឱ្យដឹងថា តម្រូវការក្នុងស្រុករួមមានការធ្វើដំណើរនិងសកម្មភាពទេសចរណ៍ក្នុងស្រុកផងកំពុងតែងើបឡើងវិញ។ កម្ពុជានិងចិនបានប្រកាសបញ្ចប់ការចរចកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងប្រទេសទាំងពីរ (CCFTA)រួចហើយៗកិច្ចព្រមព្រៀងនេះទំនងជានឹងចូលជាធរមានក្នុងឆ្នាំ២០២១។

ធនាគារពិភពលោក បានឱ្យដឹងទៀតថា នៅក្នុងពាក់កណ្តាលឆ្នាំដំបូងនៃឆ្នាំ២០២០ គម្រោងវិនិយោគផ្ទាល់ពីបរទេសដែលទទួលការអនុម័តរួចមានតម្លៃសរុបកើនប្រហែល ៤០ភាគរយប្រៀបធៀបទៅនឹងរយៈកាលដូចគ្នាក្នុងឆ្នាំ២០១៩។
នៅមុនពេលមានវិបត្តិសកលកើតឡើងដោយសារការផ្ទុះរាលដាលជំងឺកូវីដ-១៩ កម្ពុជាមានសេដ្ឋកិច្ចដែលមានកំណើនដល់ទៅ ៧,១ភាគរយក្នុងឆ្នាំ២០១៩ ។

ទោះបីជាយ៉ាងណាក៏ដោយ នៅឆ្នាំ២០២០នេះ ការរាលដាលជំងឺនេះបានប៉ះពាល់យ៉ាងដំណំទៅលើក្បាលម៉ាស៊ីនកំណើនធំៗរបស់កម្ពុជា ពិសេសវិស័យសំណង់ ទេសចរណ៍ និងផ្នែកនាំចេញទំនិញ ដែលទាំងអស់នេះមានចំណែកជាង ៧០ភាគរយ
ក្នុងកំណើនសរុប និង ៣៩ភាគរយ នៃការងារមានប្រាក់កម្រៃទាំងអស់ ក្នុងឆ្នាំ២០១៩។ ប៉ុន្តែជំងឺកូវីដ-១៩ បានធ្វើឱ្យវិស័យសំណង់ និងអចលទ្រព្យនៅទ្រឹងដែលជាវិស័យមានការពឹងពាក់ខ្លាំងទៅលើការវិនិយោគពីបរទេស។

ការនាំចូលដែកនិងស៊ីម៉ង់ត៍ក្នុងកំឡុង៦ខែដំបូងនៃឆ្នាំ២០២០ បានធ្លាក់ចុះ៤៥,១ភាគរយ និង៨,២ភាគរយ រៀងៗខ្លួន ប្រៀបធៀបទៅនឹងឆ្នាំមុន ដោយគម្រោងសាងសង់ធំៗមួយចំនួនត្រូវផ្អាកសកម្មភាព។
ដូចគ្នានេះដែរ ការរាលដាលជំងឺទាញវិស័យនាំចេញធំៗរបស់កម្ពុជាឱ្យធ្លាក់ចុះ។ វិស័យទេសចរណ៍និងបដិសណ្ឋារកិច្ចរបស់កម្ពុជាបានដួលរលំ ដោយសារតែការរឹតត្បិតលើការធ្វើដំណើរនិងវិធានការរាំងខ្ទប់ឱ្យនៅមួយកន្លែង។ ចំនួនភ្ញៀវមកដល់បានធ្លាក់ចុះប្រហែល ៦៤,៦ភាគរយ ក្នុងកំឡុងពេល៦ខែដំបូងនៃឆ្នាំ២០២០។

ការធ្លាក់ចុះយ៉ាងគំហុកនូវតម្រូវការលើសកលលោក បានបណ្តាលឱ្យវិស័យកមន្តកម្មរបស់កម្ពុជាចុះខ្សោយ។

ការនាំចេញផលិតផលកាត់ដេរ, សម្ភារធ្វើដំណើរ, និងស្បែកជើង បានធ្លាក់ចុះ ៧,២ភាគរយក្នុងកំឡុងពេល៦ខែដំបូងនៃឆ្នាំ២០២០ ហើយទន្ទឹមគ្នានោះ ការនាំចូលក្រណាត់សម្រាប់យកមកកាត់ដេរ បានធ្លាក់ចុះ ៨៥,៤ភាគរយ៕

តើខុនដូនៅទីក្រុងកោះពេជ្រមានតម្លៃបែបណានៅពេលបច្ចុប្បន្ននេះ?

ដោយ ៖ វុត្ថា

ភ្នំពេញ ៖ តម្លៃខុនដូនៅក្នុងតំបន់កោះពេជ្រនាពេលបច្ចុប្បន្ននេះ មានតម្លៃចន្លោះពី ២៥០០ ដុល្លារអាមេរិក ទៅ ៣០០០ ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ ខណៈតំបន់នេះ បាននឹងកំពុងមានការរីកចំរើនលើគម្រោងខុនដូ លំនៅឋានប្រណិត និងអគារពាណិជ្ជកម្មជាច្រើន។

លោកស្រី អាន សុធីតា នាយិកាក្រុមហ៊ុនអចលនទ្រព្យ CBRE Cambodia បានប្រាប់គេហទំព័រ propertyare.asia នៅថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០២០នេះ ឱ្យដឹងថា សម្រាប់តម្លៃខុនដូកម្រិតខ្ពស់ ( High-End) បច្ចុប្បន្ននេះហាក់មានការធ្លាក់ចុះបន្តិច ដោយសារជះឥទ្ធិពល និងទទួលរងផលប៉ះពាល់ដោយជំងឺ Covid-19 ។

លោកស្រីបន្តថា ជំងឺ Covid-19 បានជំរុញឱ្យគម្រោងខុនដូនាមួយចំនួនពេលបច្ចុប្បន្ននេះ បានប្រកាសពីការពន្យាពេលសាងសង់ផងដែរ ។ លោកស្រីបន្ថែមថា ជារួមទីផ្សារអចលនទ្រព្យ រួមជាមួយនឹងគម្រោងខុនដូនាពេលបច្ចុប្បន្ននេះ មិនទាន់មានដំណើរការល្អនៅឡើយទេ ទាមទារក្នុងរយៈពេលយូរបន្តិចទៀត បន្ទាប់ពីចប់ Covid-19។ ភាគច្រើនអ្នកដែលទិញខុនដូ នៅតំបន់កោះពេជ្យ សម្រាប់រស់នៅ និងវិនិយោគបន្តគឺជាជនបរទេស ដែលក្នុងនោះ ពួកគេទិញខុនដូកម្រិតខ្ពស់ ( High-End) ។ ម្យ៉ាងទៀត តំបន់នេះ គឺអ្វីៗមានតម្លៃខ្ពស់ ដែលទាមទារឱ្យមានអ្នកដែលមានធនធានទើបអាចទិញបាន។

លោក ខន គង្គា អគ្គនាយកក្រុមហ៊ុន ERA បានឱ្យដឹងដែរថា បច្ចុប្បន្ននេះ ប្រភេទខុនដូដែលពេញនិយមខ្លាំងជាងគេ នៅក្នុងទីក្រុងភ្នំពេញ គឺជាខុនដូប្រភេទសម្លៃធម្យម ខណៈដែលតម្លៃខុនដូកម្រិតខ្ពស់ហាក់ពិបាកក្នុងការវិនិយោគ។

លោកបន្ថែមថា “ខុនដូ តម្លៃទាប បើសិនវិនិយោគខុនដូក្នុងតម្លៃទាប យើងក៏ទទួលបានការជួល ឬ វិនិយោគបន្ត ក៏ទទួលផលទាបផងដែ”។ លោកបញ្ជាក់ថា “ស្ថានភាពទីផ្សារខុនដូបច្ចុប្បន្ននេះ គឺជាឱកាសក្នុងការរកផលចំណេញនាពេលអនាគត ដោយសារតែ តម្លៃគម្រោងខុនដូ ភាគច្រើនមានការបញ្ចុះតម្លៃ ហើយការបង់ប្រាក់មានការបត់បែន និងមានភាពងាយស្រួលជាងមុន”៕

ហេតុ​អី​អ្នក​គួរតែ​វិនិយោគ​ក្នុង​វិស័យ​អចលនទ្រព្យ​ដែល​កំពុង​ពេញនិយម​នេះ

ដោយៈ ម៉ា​ណេ​ត

ភ្នំពេញៈ បើទោះជា​ការវិនិយោគ នៅលើ​វិស័យ​អចលនទ្រព្យ ផ្តល់​ផលចំណេញ​ខ្ពស់​ក៏ដោយ ក៏មាន​មនុស្ស​មួយចំនួនទៀត នៅតែ​បង្ហាញ​ពី​ភាពមិនច្បាស់លាស់ ក្នុង​ចិត្ត និង​មិន​ហ៊ាន​ចូលរួម​នៅក្នុង​ការវិនិយោគ ដើម្បី​ទទួលបាន​ចំណេញ​នៅពេល អនាគត​នោះឡើយ។

ខាងក្រោម​នេះ គឺជា​ហេតុផល៤ចំណុច ដែល​អាច​ជម្រុញ​ទឹកចិត្ត​ឱ្យមាន​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ ។

១) ជា​ទ្រព្យ​អសកម្ម ប៉ុន្តែ​អាចបំពេញ​តម្លៃបន្ថែម​បាន

ចំណុចខ្លាំង​របស់​អចលនទ្រព្យ គឺជា​ទ្រព្យសម្បត្តិ​ដែល​អាចបំពេញ តម្លៃ​ខ្ពស់​ឡើង ស្ទើរ​រៀងរាល់ឆ្នាំ ហើយ​តម្លៃ​មិនអាច​ធ្លាក់ចុះ​ទៅតាម​អាយុកាល​នោះទេ មានន័យថា​កាន់តែ​យូរ​កាន់តែ​មានតម្លៃ​កើនឡើង ដែលជា​ទូទៅ​មាន​ពេលវេលា​ច្រើនជាង៥ឆ្នាំ ទើប​អាច​ឃើញ​ពី​ភាពច្បាស់លាស់​នៃ​ការ​កើន​តម្លៃ។

២) អត្រា​ទទួលបាន​ផល​ត្រឡប់មកវិញ​ខ្ពស់

ការវិនិយោគ​ក្នុង​ផ្នែក​អចលនទ្រព្យ ជាការ​វិនិយោគ​មួយ ដែលមាន​អត្រា​ខ្ពស់​ក្នុងការ​ទទួលបាន​ផល​ត្រឡប់មកវិញ​ខ្ពស់ ជាង​អត្រា​អតិផរណា ។ ការវិនិយោគ​ក្នុង​អចលនទ្រព្យ ជាទូទៅ​តែង​បាន​ផល​ត្រឡប់មកវិញ ជា​មធ្យម​ប្រមាណ ៥%-១៥% ក្នុង១ឆ្នាំ ដែល​ចាត់ទុកថា​ខ្ពស់ជាង​អត្រា​អតិផរណា និង​ខ្ពស់ជាង​អត្រា​ការប្រាក់​ពី​ប្រាក់​បញ្ញើ នៅក្នុង​ធនាគារ។

នេះ​ជា​ហេតុផល​ចម្បង ដែល​មនុស្ស​ជាច្រើន​ងាក​មក​វិនិយោគ ក្នុង​វិស័យ​អចលនទ្រព្យ។

៣) បង្កើត​ប្រាក់ចំណូល​បាន​ច្រើន

ការវិនិយោគ​ក្នុង​អចលនទ្រព្យ មិនមែន​ត្រឹមតែ​ការទិញ​សម្រាប់​លក់​បន្ត ដើម្បី​ទទួល​ប្រាក់ចំណេញ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​នៅ​អាចបង្កើត​ប្រាក់ចំណូល​បាន​ច្រើនយ៉ាង មិន​ថា​ជា​ការជួល​សម្រាប់​ស្នាក់នៅ ជួល​សម្រាប់​មុខ​ជំនួញ និង​ប្រើប្រាស់​ជា ប្រយោជន៍ផ្សេងៗជាដើម។ ត្រង់ចំណុច​នេះ អាច​ចាត់ទុកថា​ជា​ប្រាក់ចំណូល​មួយ ដែល​អាច​ប្រមូល​មុននឹង​ធ្វើការ​លក់​ចេញ។

ដូច្នេះ​រឿង​ដែល​វិនិយោគិន និយម​បំផុត​ក្នុង​ការទិញ​អចលនទ្រព្យ គឺ​ការជួល​ប្រចាំខែ​បន្ទាប់មក​លក់​ចេញ ដើម្បី​ទទួល​តម្លៃ​ចំណេញ​បន្ថែម។

៤) ជា​មរតក​ដល់​កូនចៅ

អចលនទ្រព្យ គឺជា​ទ្រព្យសម្បត្តិ ដែល​អាច​ផ្ទេរ​ដល់​កូនចៅ​ជំនាន់​ក្រោយ​បាន មិន​ថា​ចំពោះ​ដី លំនៅដ្ឋាន​ឬ​អគារ​សណ្ឋាគារ។ល។ ក្រៅពី​អាចជួយ​បង្កើន​ធនធាន​ច្រើន​ដល់​ខ្លួនឯង អ្នក​ក៏​អាច​ផ្ទេរ​ទ្រព្យសម្បត្តិ ដែលមាន​តម្លៃ​ទាំងនេះ ដល់​កូនចៅ​ជំនាន់ក្រោយៗបាន​ទៀតផង៕

ប្រជាជន​ក្នុងស្រុក​ចាប់ផ្តើម​ងាក​មក​វិនិយោគ​លើ​ខុន​ដូ ដើម្បី​ទទួលបានចំណេញ​នាពេល​មុខ

ដោយៈ​ប៊ី

ភ្នំពេញៈ ប្រជាជន​ខ្មែរ​ទាំង​យុវជន និង​ប្រជាជន​វ័យ​ចំណាស់ ចាប់ផ្តើម​ងាក​មក​វិនិយោគ និង​រស់នៅក្នុង​វិស័យ​ខុន​ដូ ដោយសារ​ខុន​ដូ​ផ្តល់​បូ​វ​ពិសោធន៍​ក្នុង​រស់ ដែលមាន​សុវត្ថិភាព សន្តិសុខ និង​សុខា​មាល​ភាព។

អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ ERA Cambodia  លោក​ខន គង្គា បាន​ថ្លែងប្រាប់​គេ​ទំព័រ Propertyarea.asia នៅ​ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០កន្លងមក​ថា ពេលនេះ​ទាំង​យុវជន និង​ប្រជាជន​វ័យ​ចំណាស់ បាន​ងាក​មក​វិនិយោគ​ក្នុង​វិស័យ​ខុន​ដូ ដោយសារ​គាត់​ត្រូវការ​ទទួលបាន​បទពិសោធ​ន៍ ក្នុង​រស់នៅ​ខុន​ដូ ដែលមាន​សុវត្ថិភាព សន្តិសុខ និង​សុខា​មាល​ភាព។

លោគ​បាន​ថ្លែងថា “កត្តា​កំណើនប្រជាជន និង​ចំណូល​របស់​ពួកគាត់ នឹង​រុញ​កំនើន​តម្រូវ​ការឱ្យ​កាន់តែ​ច្រើនឡើង ហើយ​យើង​ដឹងថា ដី​មិនអាច​រីក​បានទេ” ។

លោក​ឱ្យដឹង​ទៀត បើទោះជា​វា​រីក​នៅ​ជាយក្រុង ក៏​គេ​មិនអាច​យក​ដី​នៅ​ជាយក្រុង​ន​មក​អភិវឌ្ឍ​ខុន​ដូ​កើត​ដែរ ព្រោះ​វា​មាន​ចង្ងាយ​ឆ្ងាយ​ក្នុងការ​ធ្វើការ ដូច្នេះ​ដី​នៅក្នុង​ក្រុង​ពិត​កើនឡើង​តម្លៃ ពេល​ដី​ឡើងថ្លៃ ការអភិវឌ្ឍន៍ សំណង់ និង​តម្លៃ​ខុន​ដូ​នឹង​កើនឡើង​ដូចគ្នា។

លោក​ខន គង្គា បាន​បន្តថា ខុន​ដូ​ប្រភេទ​ណី​ត (high-end) មិនទាន់មាន​ការវិនិយោគ​ច្រើន​ទេ​សម្រាប់​ខ្មែរ​យើង ព្រោះ​តម្លៃ​វា​ខ្ពស់​ដែលមាន​ចន្លោះ​ពី៣៥០០ ទៅ៥០០០ ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ។ លោក​ថា ទាំង​បរទេស និង​ខ្មែរ ភាគច្រើន​វិនិយោគ​លើ ខុន​ដូ​ប្រភេទ​តម្លៃ​មធ្យម (medium) ហើយ​ការវិនិយោគ​លើ​ប្រភេទ​ខុន​ដូ​តម្លៃ​មធ្យម ផ្តល់​ចំណេញ​ច្រើន​នា​អនាគត បើ​ប្រៀបធៀប​នឹង​ខុន​ដូ​ប្រណីត និង​ខុន​ដូ​តម្លៃ​សមរម្យ (Lower) ។

តម្លៃ​ខុន​ដូ​ក្នុង​ខណ្ឌ​ចំនួន២ នៅក្នុង​ទីក្រុង​ភ្នំពេញ បន្ត​មានការ​កើនឡើង ខណៈ​តម្លៃ​ខុន​ដូ​ក្នុង​ខណ្ឌ​ចំនួន៥ មិនមាន​ការប្រែប្រួល​នោះទេ។ នេះ​បើ​យោងតាម​ការ​របាយការណ៍​ក្រុមហ៊ុន Realestate.com.kh។

គិត​ត្រឹម​ខែកក្កដា ឆ្នាំ២០២០ ខណ្ឌចំការមន ខុន​ដូ​មានតម្លៃ​ជា​មធ្យម ១៨៥, ០០០ ដុល្លារ​ក្នុង​មួយ​យូ​នី​ត ខណ្ឌដូនពេញ​មានតម្លៃ ១៨៨ ៨៨៨ ដុល្លារ ខណ្ឌ៧មករា​មានតម្លៃ ១៣៩ ០០០ ដុល្លារ ខណ្ឌទួលគោក មានតម្លៃ ១៨៦ ៧៣៨ ដុល្លារ ខណ្ឌ​ជ្រោយចង្វារ ១៣៧ ០០៦ដុល្លារ ខណ្ឌ​ច្បារអំពៅ​មានតម្លៃ ៩០ ០០០ ដុល្លារ ខណ្ឌមានជ័យ​មានតម្លៃ ១០៨ ៧២០ដុល្លារ ខណ្ឌ​សែន​សុខ​មានតម្លៃ ១៣០ ០០០ ដុល្លារ ខណ្ឌ​ពោធិ៍​សែន​ជ័យ​មានតម្លៃ ៩៨ ០២១ ដុល្លារ ខណ្ឌដង្កោ​មានតម្លៃ​ជា​មធ្យម ១៥០ ៤៤៩ ដុល្លារ និង​ខណ្ឌ​ឬ​ស្សី​កែវ​មានតម្លៃ ១៣០,០០។ នេះ​បើ​យោងតាម​ការ​របាយការណ៍​ក្រុមហ៊ុន Realestate.com.kh។

ទិន្នន័យ តម្លៃ​ខុន​ដូ​ក្នុង​ខណ្ឌ​ចំនួន២មានការ​កើនឡើង ក្នុងនោះ​រួមមាន​ខណ្ឌទួលគោក និង​ខណ្ឌ​សែន​សុខ។ តម្លៃ​ខុន​ដូ​ក្នុង​ខណ្ឌទួលគោក​បាន​កើនឡើង ៣,៩០ ភាគរយ ខណៈ​ខណ្ឌ​សែន​សុខ​មានការ​កើនឡើង ០,៧៨ភាគរយ។ ជាមួយគ្នានេះដែរ តម្លៃ​នៅក្នុង​ខណ្ឌចំការមន ខណ្ឌ ៧មករា ខណ្ឌ​ច្បារអំពៅ ខណ្ឌដង្កោ និង​ខណ្ឌ​ឬ​ស្សី​កែវ​មានការ​ប្រែប្រួល​នោះទេ។

ទិន្នន័យ​ដដែល​បាន​បង្ហាញថា តម្លៃ​ខុន​ដូ​ក្នុង​ខណ្ឌ​ចំនួន៤ នៅក្នុង​ទីក្រុង​ភ្នំពេញ​មានការ​ធ្លាក់ចុះ ក្នុងនោះ​រួមមាន​ខណ្ឌដូនពេញ ខណ្ឌ​ជ្រោយចង្វារ ខណ្ឌមានជ័យ និង​ខណ្ឌ​ពោធិ៍​សែន​ជ័យ។ តម្លៃ​ខុន​នៅ​ខណ្ឌដូនពេញ​មានការ​ធ្លាក់ចុះ ០,៥៩ភាគរយ ខណ្ឌ​ជ្រោយចង្វារ​ធ្លាក់ចុះ ២,១៤ភាគរយ ខណ្ឌមានជ័យ​ធ្លាក់ចុះ ០,៣៨ភាគរយ និង​ខណ្ឌ​ពោធិ៍​សែន​ជ័យ ១០.៨៩ភាគរយ។

លោក James Hodge នាយក​ជាន់ខ្ពស់​ក្រុមហ៊ុន CBRE Cambodia ធ្លាប់​ថ្លែងប្រាប់​គេ​ទំព័រ Propertyarea.asia ថា ប្រទេស​កម្ពុជា​នៅតែមាន​តម្លៃ​ល្អ សម្រាប់​វិនិយោគិន​ចិន។ តម្លៃ​មិន​ខ្ពស់​ពេក​ទេ (ប្រហែល ១.៨០០-២,០០០ ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ សម្រាប់​គម្រោង​ដែលមាន​គុណភាព​ល្អ) ហើយ​ការវិនិយោគ​អចលនទ្រព្យ​នៅទីនេះ ត្រូវ​បានគិត​ជា​ដុល្លារ ដែល​ទាក់ទាញ​សម្រាប់​មនុស្ស​ជាច្រើន។

វិនិយោគិន ក៏​អាច​ជឿជាក់​លើ​វិធានការណ៍​របស់​រដ្ឋាភិបាល​កម្ពុជា ក្នុងការ​ធ្វើឱ្យ​ប្រសើរឡើង​នូវ​គុណភាព​នៃ​គម្រោង​សាងសង់​ថ្មី។

លោក Hodge បាន​មានប្រសាសន៍ថា “នៅពេលដែល​យើង​មើល​ទៅលើ​ការ​អភិ​វ ឌ្ឍ​ន៍ ជាពិសេស​ក្នុង​រយៈពេល ១៨ខែ​កន្លងមកនេះ យើង​បានឃើញ​ការ​រចនា​គម្រោង​ជាច្រើន​មានការ​ទាក់ទាញ ស្របតាម​ការរំពឹងទុក​របស់​ប្រជាជន និង​ជាមួយនឹង​ភាពសំបូរ​បែប​នៃ​ការពង្រីក​ខ្លួន​របស់​គម្រោង” ។ លោក​បាន​បន្តថា “ការ​បង្វែរ​ទិសដៅ​វិនិយោគ​ទៅ​តំបន់​វិនិយោគ​បន្ទាប់ពី​តំបន់សំខាន់ៗ ដែល​អាចឱ្យ​អ្នក​អភិវឌ្ឍន៍​ផ្តល់ជូន​នូវ​តម្លៃ កាន់តែ​ប្រសើរ ក៏​អាច​ទាក់ទាញ​អ្នកទិញ​បរទេស និង​ក្នុងស្រុក​ចូលមក​ទីផ្សារ​បាន​កាន់តែច្រើន​ផងដែរ” ៕