អូឡាំព្យា ស៊ីធី បង្កើតយុទ្ធសាស្ត្រថ្មីសម្រាប់អតិថិជន ដើម្បីឆ្លើយតបទៅនឹងវិបត្តិកូវីដ១៩

ភ្នំពេញ៖ ដើម្បីជម្រុញការវិនិយោគ និងបង្កើនសកម្មភាពសេដ្ឋកិច្ចក្នុងស្រុក ជាពិសេសជួយដល់អតិថិជនកំពុងស្វែងរកទិញអចលនទ្រព្យក្នុងអំឡុងវិបត្តិកូវីដ១៩ ក្រុមហ៊ុន OCIC បានចេញយុទ្ធសាស្ត្រលក់ថ្មីសម្រាប់គម្រោង អូឡាំព្យា ស៊ីធី ខណៈដែលអគារចំនួន៧ រួមមានអគារខុនដូ ការិយាល័យ SOHO ផ្សារទំនើបអូឡាំព្យា នៃគម្រោងមេក្នុងដំណាក់កាលទី១ បានបញ្ចប់ការសាងសង់ជាស្ថាពររួចហើយ។

កញ្ញា អ៊ុក ចន្ទ្រា ប្រធានផ្នែកលក់និងទីផ្សារ បានឱ្យដឹងថា ការវិនិយោគទិញអចលនទ្រព្យនាពេលបច្ចុប្បន្ននេះ ជាមួយនឹងគម្រោងអូឡាំព្យាស៊ីធី គឺជាជម្រើសដ៏ល្អ ក្រោមហេតុផល២យ៉ាង៖
ហេតុផលទី១៖ ផ្តល់ភាពងាយស្រួលក្នុងការរស់នៅ គ្រប់បែបយ៉ាងនៅជិតបង្កើយរួមមាន ផ្ទះល្វែងអាជីវកម្ម ខុនដូ SOHO ការិយាល័យ ផ្សារទំនើប សាលារៀន ក្លឹបហាត់ប្រាណ សណ្ឋាគារ Medical Hub ស្ថិតនៅទីតាំងតែមួយរួមគ្នាក្នុង គម្រោងអូឡាំព្យា ស៊ីធី ។ រីឯ តម្លៃអចលនទ្រព្យក្នុងទីក្រុងតែងតែមានការកើនឡើងជានិច្ចពីមួយឆ្នាំទៅមួយឆ្នាំ។

ហេតុផលទី២៖ ការយកចិត្តទុកដាក់ និងមានទំនួលខុសត្រូវខ្ពស់របស់ក្រុមហ៊ុន OCIC បានផ្តល់នូវភាពកក់ក្តៅដល់អតិថិជនទាំងអស់ ដែលបានសម្រេចចិត្តជ្រើសរើសទិញអចលនទ្រព្យរបស់គម្រោងអូឡាំព្យា ស៊ីធី។ ក្រុមហ៊ុន OCIC បានអភិវឌ្ឍលើគម្រោងអចលនទ្រព្យធំៗដូចជា ទីក្រុងកោះពេជ្រ ទីក្រុងជ្រោយចង្វារ ទីក្រុងកោះនរា ហើយថ្មីៗនេះ ក្រុមហ៊ុន OCIC បានទទួលសិទ្ធសាងសង់អាកាសយានដ្ឋានភ្នំពេញថ្មីតម្លៃ ១,៥ ពាន់លានដុល្លារ។

ទោះបីជាមានការរីករាលដាលនៃវីរុសកូវីដ១៩ក៏ដោយ ក៏ក្រុមហ៊ុនOCIC នៅតែបន្តការសាងសង់គម្រោង អូឡាំព្យា ស៊ីធី នេះ ក្នុងដំណាក់កាលទី២ និងទី៣ ដោយគ្រោងនឹងបញ្ចប់ការសាថសង់គម្រោងទាំងមូលក្នុងឆ្នាំ ២០២២ ខាងមុខនេះ។

ក្រៅពីចំណុចសំខាន់ទាំង២ ខាងលើ កញ្ញា អ៊ុក ចន្ទ្រា បានឱ្យដឹងទៀតថា អតិថិជនទិញអចលនទ្រព្យគម្រោងអូឡាំព្យាស៊ីធីពេលនេះអាចទទួលសោរផ្ទះចូលនៅបានភ្លាមថែមទាំងទទួលបានលក្ខខណ្ឌពិសេសដូចខាងក្រោម៖
អាចកម្ចីឥណទាន២៥ឆ្នាំ បានរហូតដល់៩៥%នៃតម្លៃអចលនទ្រព្យ ជាមួយការប្រាក់០%ក្នុងឆ្នាំទី១
ផ្តល់ជូនការបញ្ចុះតំលៃ បូករួមជាមួយការធានាជួលត្រលប់វិញរហូតដល់ ២៤%នៃតម្លៃអចលនទ្រព្យ
ផ្តល់ជូនការតុបតែងដេគ័រ និងគ្រឿងសង្ហារឹម
គួរបញ្ជាក់ផងដែរថា គម្រោងអូឡាំព្យាស៊ីធី មានទីតាំងនៅស្តុបនាងគង្ហីងលាតសន្ធឹងលើផ្ទៃដីប្រមាណ ៦,៨ ហិកតា សាងសង់ក្រោមទុនវិនិយោគប្រមាណ ៥០០ លានដុល្លារដោយបានបើកការដ្ឋានតាំងពីឆ្នាំ ២០១៣ មកម្លេះ។ គម្រោងទាំងមូលរួមមាន អគារខុនដូកម្ពស់ ២០ ជាន់ចំនួន៤ អគារ អគារSOHO និង ការិយាល័យកម្ពស់ ២៥ ជាន់ចំនួន 1អគារ ផ្សារទំនើបកម្ពស់ ៧ ជាន់ ដែលបានបញ្ចប់ការសាងសង់រួចហើយ។ ដោយឡែកនៅមានគម្រោងសណ្ឋាគារ លំដាប់ផ្កាយ៥ អាគារមជ្ឈមណ្ឌលវេជ្ជសាស្រ្តខ្នាតអន្តរជាតិ ក៏ដូចជាអគារពាណិជ្ជកម្ម ដែលនឹងកំពុងសាងសង់បន្ថែមទៀតផងដែរ។

សំរាប់ពត៌មានលំអិតលោកអ្នកអាចធ្វើការទំនាក់ទំនងមកកាន់លេខទូរស័ព្ទ 023 2222 08 / 023 2222 09 ឬ អាចមកសាកសួរពត៌មានដោយផ្ទាល់នៅការិយាល័យលក់ អូឡាំព្យា ស៊ីធី ដែលមានទីតាំងនៅទល់មុខរង្វង់មូលសំពៅមាស សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

រដ្ឋបាលខេត្តពោធិ៍សាត់ចាប់ផ្តើមដោះស្រាយផលប៉ះពាល់គម្រោងសាងសង់វារីអគ្គិសនីស្ទឹងពោធិ៍សាត់១ទំហំ ៨០មេហ្គាវ៉ាត់

ដោយវុត្ថា

ភ្នំពេញ៖ រដ្ឋបាលខេត្តពោធិ៍សាត់ និងក្រុមហ៊ុន SPHP Steung Pursat Hydro Power របស់កូរ៉េ ដែលទទួលបន្ទុកលើការវិនិយោគ ចាប់ផ្តើមដោះស្រាយផលប៉ះពាល់គម្រោងសាងសាង់វារីអគ្គិសនីស្ទឹងពោធិ៍សាត់១ ដែលមានអនុភាពផលិត៨០មេហ្គាវ៉ាត់ស្ថិតក្នុងឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។

លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ កាលពីម្សិលមិញនេះ ថ្លែងថា ក្នុងនាមអាជ្ញាធរខេត្តបានសម្តែងការគាំទ្រយ៉ាងពេញទំហឹង ចំពោះគម្រោងវារីអគ្គិសនីស្ទឹងពោធិ៍សាត់១ ដែលរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានសម្រេចសាងសង់បន្ថែម សម្រាប់ប្រើប្រាស់ក្នុងភូមិសាស្ដ្រខេត្តពោធិ៍សាត់ និងអាចចែកចាយទៅប្រើប្រាស់នៅទូទាំងប្រទេស ដើម្បីធានាដល់សន្តិសុខថាមពលក្នុងស្រុក កាត់បន្ថយការនាំចូលប្រភពថាមពលអគ្គិសនីពីបរទេស។

លោកបន្តថា “អ្វីដែលជាការចាប់ផ្តើម ចាំបាច់បំផុត គឺការដោះស្រាយផលប៉ះពាល់ ដូច្នេះស្នើឱ្យអាជ្ញាធរស្រុក ពិនិត្យជាក់ស្តែង និងរក្សាបច្ចុប្បន្នភាពគ្រួសារដែលត្រូវទទួលសំណង ចំនួន៣៤៧គ្រួសារ ស្នើនឹង១៤៣៦នាក់ឱ្យនៅដដែល”។

លោកបន្ថែមថា “ទីតាំងលំនៅថ្មីដែលត្រូវផ្តល់ជូនពួកគាត់ សូមឱ្យក្រុមហ៊ុន ក៏ដូចជាភាគីពាក់ព័ន្ធ ត្រូវចុះសិក្សាសារជាថ្មីម្តងទៀត ថាតើដីនៅតំបន់នោះ អំណោយផលទៅលើដំណាំកសិកម្មដែរឬក៏អត់?”។ លោកបន្តទៀតថា “ផ្ទះដែលសាងសង់ជូនប្រជាពលរដ្ឋ សូមស្នើឱ្យស្ថាបនាផ្ទះគម្រូមួយខ្នង ដើម្បីឱ្យគណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃ”។

ជាមួយគ្នានោះ លោកអភិបាលខេត្តណែនាំដល់តំណាងក្រុមហ៊ុនវិនិយោគ រាល់ការងារក្នុងការដ្ឋាន ត្រូវមានកិច្ចសហការល្អ ជាមួយក្រុមការងារ អនុក្រុមការងារ និងលេខាធិការដ្ឋានខេត្ត ឬអាជ្ញាធរដែនដី ដើម្បីពន្លឿន និងបញ្ជៀសនូវហានិភ័យ នៃការអនុវត្តន៍គម្រោងខាងលើ។

លោក ឃុត ឧសភា នាយករដ្ឋបាលសាលាខេត្ត ឱ្យដឹងដែរថា រដ្ឋបាលខេត្តបានសម្រេចការបង្កើតក្រុមការងារ អនុក្រុមការងារ និងលេខាធិការដ្ឋានខេត្ត ដើម្បីអនុវត្តសំណង ការតាំងទីលំនៅថ្មី ជូនប្រជាពលរដ្ឋ និងហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ដែលរងផលប៉ះពាល់ពីគម្រោងវារីអគ្គិសនីស្ទឹងពោធិ៍សាត់១ នេះ ។

ប្រទេសកម្ពុជារហូតមកដល់ពេលនេះ មានវារីអគ្គិសនីចំនួន៧កន្លែងហើយ ដោយ៦កន្លែង ស្ថិតនៅភាគខាងត្បូងឈៀងខាងលិច នៃប្រទេសកម្ពុជា មានដូចជា៖ វារីអគ្គិសនីអាតៃ ឬស្សីជ្រុំ កំចាយ គីរីរម្យ១ គីរីរម្យ៣ និងវារីអគ្គិសនីតាតៃ។ ចំណែកមួយកន្លែងទៀតគឺវារីអគ្គិសនី សេសានក្រោម២ស្ថិតនៅខេត្តស្ទឹងត្រែងភាគឥសាននៃប្រទេសកម្ពុជា។

រាជរដ្ឋាភិបាលកាលពីអំឡុងឆ្នាំ២០១៩កន្លងទៅសម្រេចឱ្យមានការសាងសង់ កន្លែងផលិតថាមពលអគ្គិសនីថ្មី រួមមាន៖ វារីអគ្គិសនីស្ទឹងពោធិ៍សាត់មួយ ស្ថិតនៅឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលអាចផលិតថាមពល បាន៨០មេហ្គាវ៉ាត់ និងស្ថានីយអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់ ដែលអាចផលិតថាមពល បាន៦០មេហ្គាវ៉ាត់៕

អ្នកជំនាញ៖ ការពង្រីកតំបន់ពាណិជ្ជកម្មជំរុញឱ្យមានការអភិវឌ្ឍន៍វិស័យសំណង់ និងអចលនទ្រព្យកាន់តែច្រើន

ដោយវុត្ថា

ភ្នំពេញ៖ ប្រទេសកម្ពុជា បាននឹងកំពុងអភិវឌ្ឍន៍តំបន់ពាណិជ្ជកម្ម (CBD) កាន់តែច្រើននៅក្នុងប្រទេស ដែលជំរុញឱ្យមានការអភិវឌ្ឍវិស័យសំណង់ និងអចលនទ្រព្យកាន់តែច្រើន និងមានភាពល្អប្រសើរ ជាពិសេសនៅក្នុងរាជធានីខេត្តដែលជាប៉ូលសេដ្ឋកិច្ច។

លោក ឡុង គឺមសួគ៌ អគ្គនាយកក្រុមហ៊ុន Century21 Advance បានប្រាប់គេហទំព័រ propertyarea.asia នៅថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២០នេះ ឱ្យដឹងថា ការអភិវឌ្ឍន៍ឱ្យមានតំបន់ពាណិជ្ជកម្មនៅក្នុងប្រទេសកម្ពុជា ជាសញ្ញាវិជ្ជមានក្នុងការទាក់ទាញវិនិយោគិនជាតិ និងអន្តរជាតិ និងទេសចរណ៍ ជាពិសេសទាក់ទាញគម្រោងវិនិយោគលើវិស័យសំណង់ និងអចលនទ្រព្យ។

លោកបន្តថា “នៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ មិនទាន់មានតំបន់ពាណិជ្ជកម្ម (CBD) ច្រើននោះទេ បើធៀបជាមួយនឹងបណ្តាប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ាន ហើយការអភិវឌ្ឍន៍តំបន់ពាណិជ្ជកម្មនេះ នឹងជួយជំរុញឱ្យមានការអភិវឌ្ឍន៍លើវិស័យអចលនទ្រព្យកាន់តែច្រើនបន្ថែមទៀត” ។

លោកបន្ថែមថា “នៅពេលមានការអភិវឌ្ឍន៍ តម្រូវការលើវិស័យអចលនទ្រព្យកាន់មានភាពរស់រវើក ដែលប្រមូលប្តុំទៅដោយមនុស្ស សម្ភារៈប្រើប្រើសទំនើបៗ និង ទាន់សម័យសម័យ និងជាពិសេសទាក់ទាញទេសចរណ៍ទាំងជាតិ និងអន្តរជាតិ”។

លោកបញ្ជាក់ទៀតថា “ម្យ៉ាងទៀត នៅពេលមានការអភិវឌ្ឍន៍តំបន់ពាណិជ្ជកម្មនេះ ក៏ជំរុញឱ្យរដ្ឋាភិបាលបង្កើតច្បាប់កាន់តែច្រើនផងដែរ ដើម្បីការពារអ្នកវិនិយោគ និងប្រជាពលរដ្ឋផងដែរ ខណៈដែលវិនិយោគ គិតគូពីចំណូល និងមុខមាត់ចំពោះជំនួញរបស់ខ្លួន”។

លោកស្រី អាន សុធិតា នាយិការក្រុមហ៊ុន CBRE Cambodia បានឱ្យដឹងដែរថា ជាការពិត ការអភិវឌ្ឍន៍តំបន់ពាណិជ្ជកម្មនៅក្នុងប្រទេសនឹងជួយជំរុញឱ្យមានការអភិវឌ្ឍវិស័យសំណង់ និង អចលនទ្រព្យ តែយ៉ាងណាបើមានការអភិវឌ្ឍនតំបន់ពាណិជ្ជកម្មកាន់តែច្រើន ក៏ជំរុញឱ្យមានការផ្គត់ផ្គង់ហួសបរិមាណផងដែរ។

លោកស្រីបន្ថែមថា “សម្រាប់ប្រទេសកម្ពុជា ការអភិវឌ្ឍន៍តំបន់ពាណិជ្ជកម្ម នៅមានកម្រិតនៅឡើយបើធៀបជាមួយបណ្តាប្រទេសនៅក្នុងតំបន់អាស៊ាន ដែលទាមទាឱ្យមានការអភិវឌ្ឍន៍កាន់តែច្រើនថែមទៀត តែនៅក្នុងអំឡុងពេលនេះ (ជំងឺកូវីដ ១៩ ) ហាក់មានការលំបាកបន្តិច” ៕

ធនាគារពិភពលោក​បាន​ផ្តល់​អនុសាសន៍សំខាន់ៗចំនួន៧ចំណុច​ឆ្ពោះទៅ​ការស្តារ​សេដ្ឋកិច្ចកម្ពុជា​ឱ្យ​ងើបឡើង​វិញ

ដោយ៖ ប៊ី

ភ្នំពេញៈ ការ​រាតត្បាត​ជំងឺ​កូ​វីដ-១៩ បាន​បញ្ចេញ​កម្លាំង​អង្រួន​កន្ត្រាក់ បីយ៉ាង​ទៅលើ​តំបន់​អាស៊ី​បូព៌ា និង​ប៉ា​ស៊ី​ហ្វ៊ិ​ក ដែល​ជំងឺ​នេះ​បាន​បណ្តាល​ឲ្យ​មាន​បញ្ហា​ជាច្រើន​រាប់មិនអស់​នៅ​កម្ពុជា ក៏ដូចជា​ទូទាំង​ពិភពលោក។

បញ្ហា​ដែល​ធនាគារពិភពលោក​លើកឡើង​រួមមាន ទីមួយ ការ​រាលដាល​នៃ​ជំងឺ​នេះ​តែម្តង ទី​ពីរ ផលប៉ះពាល់​លើ​សេដ្ឋកិច្ច ពី​សំណាក់​វិធាន​ការបិទ​ខ្ទប់​ការ​រាលដាល​ជំងឺ និង​ទី​បី ឥទ្ធិពល​អវិជ្ជមាន​ជា​បន្តបន្ទាប់ ដោយសារ​ឱនភាព​សេដ្ឋកិច្ច​ទូទាំង​ពិភពលោក។  នេះ​បើ​យោងតាម​ការលើកឡើងរ​បស់​ធនាគារពិភពលោក (World Bank) នៅ​ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ ។

តំបន់​អាស៊ី​បូព៌ា​និង​ប៉ា​ស៊ី​ហ្វ៊ិ​ក ដែលជា​ប្រភព​នៃ​ការផ្ទុះ​ជំងឺ​កូ​វីដ-១៩ មកទល់ពេលនេះ មិនសូវ​រង​សភាព​ធ្ងន់ធ្ងរ​ខ្លាំង​ពី​ជំងឺ​នេះ ដូច​តំបន់​ដទៃទៀត​លើ​ពិភពលោក​ទេ។

ជម្រើស​ផ្នែក​គោលនយោបាយ សម្រាប់​បិទ​ខ្ទប់​ការ​រាលដាល​ជំងឺ និង​ផ្តល់ជំនួយ​សង្គ្រោះបន្ទាន់ ដែល​ដាក់ចេញ​នាពេលនេះ នឹង​ស្តែង​ឱ្យឃើញ​ប្រសិទ្ធភាព​របស់ខ្លួន​តាមរ​យៈ​ថា តើ​វា​មាន​ឥទ្ធិពល​កម្រិតណា ទៅលើ​ការស្តារ​សេដ្ឋកិច្ច​ឱ្យ​ងើបឡើង​វិញ និង​ទៅលើ​កំណើនសេដ្ឋកិច្ច​នាពេល​អនាគត។

បណ្តា​រដ្ឋាភិបាល កំពុង​ប្រឈម​ស្ថានភាព​លំបាក​មួយ ដែល​ត្រូវ​ខាតបង់​អ្វី​ម្យ៉ាង​ដើម្បី​បាន​អ្វីមួយ​មកវិញ។  ការចំណាយ​កាន់តែច្រើន​សន្ធឹកសន្ធាប់ ទៅលើ​អន្តរាគមន៍​សង្គ្រោះ ឬ​ទៅលើ​ផ្នែក​ទទួលទាន ដើម្បី​ទ្រទ្រង់​ជំរុញ​សេដ្ឋកិច្ច អាច​បណ្តាលឱ្យ​រដ្ឋាភិបាល​ដែល​ជាប់បំណុល​កាន់តែ​លែង​សូវ​មាន​សមត្ថភាព វិនិយោគ​ទៅលើ​ហេដ្ឋារចនាសម្ព័ន្ធ​និង​កំណើនសេដ្ឋកិច្ច​ទៀត។

ម្យ៉ាងទៀត​វិធី​ថា តើ​រដ្ឋាភិបាល​នឹង​បែងចែក បន្ទុក​បំណុល​សាធារណៈ ទៅឱ្យ​បុគ្គលនីមួយៗ ក្នុង​រយៈពេល​ណាមួយ​នោះ ដូចជា តាមរយៈ​ពន្ធ​ដោយ​ប្រយោល ពន្ធ​លើ​ចំណូល​និង​ប្រាក់ចំណេញ អតិផរណា ឬ​ការដាក់​សម្ពាធ​ហិរញ្ញវត្ថុ វា​នឹងមាន​សារៈសំខាន់ ទៅលើ​កំណើន​និង​ការបែងចែក​កំណើន​នៅ​ថ្ងៃមុខ។

វិបត្តិ​នេះ​បានបង្ហាញ​ឱ្យឃើញថា ការប្រកាន់យក​ទស្សនៈ​មួយ មាន​លក្ខណៈ​ឌី​ណា​មិ​ក អាច​នឹង​ជួយ​បណ្តា​រដ្ឋាភិបាល ក្នុង​តំបន់​ឱ្យធ្វើ​ជម្រើស​ពេលនេះ តាមរបៀប​មួយ​ដែល​នឹងមិន​នាំមក​នូវ​ការ​ខាត់​បង់​ធ្ងន់ធ្ងរ​ពេក​នៅ​ថ្ងៃក្រោយ នៅក្នុង​វិស័យ​សំខាន់​ចំនួន៧ដូចខាងក្រោម​ដូចជា

ទី១, ការកសាង​សមត្ថភាព សម្រាប់​ការបិទ​ខ្ទប់​កាន់តែ​វៃឆ្លាត​ជាង​មុន រួមទាំង​ការធ្វើ​តេស្ត ការតាមរក​ប្រភព និង​ការដាក់​ឱ្យនៅ​ដាច់ដោយឡែក​ផង នឹង​ជួយ​ខ្ទប់​ការផ្ទុះ​ជំងឺ ដោយ​គ្រាន់តែ​ចាត់វិធានការ​លើ​គោលដៅ​ជាក់លាក់ ហើយ​មិន​បង្ក​ភាពរអាក់រអួល​ខ្លាំង​ដល់​សកម្មភាព​សេដ្ឋកិច្ច។ ទន្ទឹមគ្នា​នោះ ការសហការ​អន្តរជាតិ ដើម្បី​ជំរុញ​ដល់​ការបង្កើត​ថ្នាំ​វ៉ាក់សាំង និង​ត្រៀម​រៀបចំ​បែងចែក​វា​ឱ្យបាន​ស័ក្តិ​សិទ្ធ និង​ត្រឹមត្រូវ​យុត្តិធម៌ នឹង​រួមចំណែក​ធ្វើឱ្យមាន​ស្ថេរភាព​សង្គម និង​សម្រួល​ដល់​ការ​រើប​ឡើងវិញ​របស់​សេដ្ឋកិច្ច។

ទី២ ការផ្តើម​ធ្វើកំណែទម្រង់​សារពើពន្ធ អាច​បង្ក​លទ្ធភាព​ដល់​ការចំណាយ​ច្រើន​បន្តិចទៀត ទៅលើ​កិច្ច​អន្តរាគមន៍​សង្គ្រោះបន្ទាន់ ដោយ​មិន​នាំឱ្យមាន​ការខាតបង់​ដល់​ផ្នែក​វិនិយោគសាធារណៈ។ ឱនភាព​សារពើពន្ធ​ដ៏​ធំ នៅក្នុង​តំបន់​អាស៊ី​បូព៌ា និង​ប៉ា​ស៊ី​ហ្វ៊ិ​ក ត្រូវបាន​ព្យាករ​ណណ៍​ថា នឹងធ្វើ​ឱ្យ​បំណុល​រដ្ឋាភិបាល​កើន​ជា​មធ្យម៧ភាគរយ នៃ​ផ.ស.ស ក្នុង​ឆ្នាំ២០២។

បំណុល​ឯកជន​ដែលមាន​ខ្ពស់​ស្រាប់​ហើយ កំពុងតែ​កើនឡើង​ថែមទៀត អាច​បង្ក​ហានិភ័យ​បែប​ប្រយោល​បន្ថែម​មួយទៀត សម្រាប់​ស្ថានភាព​ហិរញ្ញវត្ថុ​របស់​រដ្ឋាភិបាល។ ការ​រើប​ឡើងវិញ នៃ​សេដ្ឋកិច្ច​អាច​នឹងមាន​លក្ខណៈ​កាន់តែ​បរិ​យា​ប័ន្ន និង​ចីរភាព ប្រសិនបើ​មូលដ្ឋាន​ពន្ធ​ត្រូវបាន​ពង្រីក​បន្ថែម អមដោយ​ការយកពន្ធ​កើន តាម​ប្រាក់ចំណូល​និង​ប្រាក់ចំណេញ​ផង និង​ការកាត់បន្ថយ​ការចាយវាយ​ខ្ជះខ្ជាយ លើ​ការឧបត្ថម្ភ​ទុន​ទៅលើ​ផ្នែក​ថាមពល ដែល​ករណីខ្លះ​មាន​ជាង២ភាគរយ​នៃ​ផ.ស.ស។

ទី៣, បណ្តា​រដ្ឋាភិបាល​ក្នុង​តំបន់​ចាំបាច់ ត្រូវ​រក្សា​ឱ្យបាន​កេរ្តិ៍ឈ្មោះ ដែល​ខ្លួន​ធ្លាប់​រកបាន​យ៉ាង​លំបាក ក្នុងនាម​ជា​ប្រទេស​មានការ​ប្រុងប្រយ័ត្ន​ផ្នែក​ហិរញ្ញវត្ថុ នៅពេលដែល​ត្រូវ​ប្រឈម​នឹង​តម្រូវការ​ហិរញ្ញវត្ថុ​កាន់តែ​ច្រើនឡើង។ ថ្វីដ្បិតតែ​រដ្ឋាភិបាល ក្នុង​តំបន់​មាន​ឱនភាព​ហិរញ្ញវត្ថុ​មួយ​ភាគ​ធំ តែ​តាមរយៈ​ការ​ខ្ចីបុល​ក្នុងស្រុក​ក៏ដោយ បំណុល​មួយចំនួន​ក៏បាន​បណ្តាលឱ្យ​ធនាគារកណ្តាល ត្រូវ​ចំណាយ​លើក​ការទិញ​សញ្ញា​បណ្ណ​ជាតិ​ដែរ។

ការពឹងផ្អែក​ខ្លាំងពេក​ទៅលើ​ប្រព័ន្ធ​ធនាគារ ធ្វើជា​បំពង់ខ្យល់​ជំនួយ​បន្ថែម ក៏​អាច​បណ្តាលឱ្យមាន​ហានិភ័យ​ដែរ។ខណៈដែល​គោលនយោបាយ​ទាំងនេះ អាចជា​ភាពចាំបាច់​នាពេល​បច្ចុប្បន្ន ការប្តេជ្ញាចិត្ត​គួរឱ្យ​ជឿជាក់​បាន​ណាមួយ ចំពោះ​តម្លាភាព និង​ការ​ស្តារឡើងវិញ​ឱ្យបាន​ឆាប់រហ័ស នូវ​វិន័យ​ផ្នែក​ហិរញ្ញវត្ថុ អាច​នឹង​ជួយ​សម្រាល​ហានិភ័យ​បង្ក​អស្ថេរភាព​បាន។

ទី៤, កិច្ច​គាំពារ​សង្គម​មាន​តួនាទី​បីយ៉ាង៖ មួយ ក្នុងការ​សម្រាល​ផលប៉ះពាល់​របស់​វិបត្តិ, ពីរ ជួយ​កម្មករ​ឱ្យចូល​ទៅរក​ការងារ​វិញ នៅពេលដែល​សេដ្ឋកិច្ច តាម​ប្រទេស​រើប​ឡើងវិញបណ្តើរ, និង​បី ទប់ស្កាត់​ផល​អាក្រក់​យូរអង្វែង​ទៅលើ​មូលធន​មនុស្ស។ ការពង្រីក​កិច្ច​គាំពារ​សង្គម ទៅ​គ្របដណ្តប់​លើ​ជនក្រីក្រ​ទាំងថ្មី ទាំងចាស់ អមដោយ​ការវិនិយោគ​ទៅលើ​ហេដ្ឋារចនាសម្ព័ន្ធ សម្រាប់​ផ្តល់​សេវា​របស់​វា​ផង អាច​នឹង​ធានាបាន​ថា​ជំនួយ​នឹង​ទៅដល់​ប្រជាជនពិតៗនៅពេលណា​ដែល​គេ​ត្រូវការ​វា។

ទី៥, ការរៀបចំ​យុទ្ធសាស្ត្រ​សម្រាប់​ការបង្រៀន​តាម​វិធី​វៃឆ្លាត ដើម្បី​ការពារ​សិស្ស​បុគ្គលិក​សិក្សា គ្រូបង្រៀន​និង​គ្រួសារ​របស់គេ – ពិធីការ​ពាក់ព័ន្ធ​សុខភាព​អនាម័យ ទម្លាប់​រក្សា​គម្លាត​ពីគ្នា, ការ​ចូលរៀន​ឡើងវិញ – សុទ្ធតែជា​វិធី​ដែល​អាច​ទប់ស្កាត់ ការខាតបង់​យូរអង្វែង​នូវ​មូលធន​មនុស្ស ជាពិសេស​ក្នុងចំណោម​គ្រួសារ​ក្រីក្រ។

ទី៦, ការជួយ​ដល់​ក្រុមហ៊ុន គឺជា​ការចាំបាច់ ដើម្បី​បញ្ចៀស​ការ​ក្ស័យធន និង​ភាព​អកម្ម។ រាល់​ជំនួយ​ត្រូវតែ​ធ្វើយ៉ាងណា​ឱ្យ​ឈរ​មូលដ្ឋាន លើ​លក្ខខណ្ឌ​វិនិច្ឆ័យ​បែប​សត្យានុម័ត​តាមតែ​អាចធ្វើ​ទៅបាន ដែល​មិន​គ្រាន់តែ​ឆ្លុះបញ្ចាំង ពី​ផល​ការងារ​កន្លងមក​ឬ​ស្ថានភាព​លំបាក​នាពេល​បច្ចុប្បន្ន​ប៉ុណ្ណោះ​ទេ តែ​ត្រូវ​បង្ហាញឱ្យឃើញ​នូវ​សក្តានុពល​របស់​ក្រុមហ៊ុន​ថា​អាច​នឹង​ប្រឹង​លូតលាស់​បាន នៅពេល​អនាគត​ផងដែរ។ ដើម្បី​ចៀសវាង​ការ បន្លាយពេល​ផ្តល់ជំនួយ​យូរ​ដោយ​មិនចាំបាច់ បណ្តា​រដ្ឋាភិបាល​អា​ចប​ញ្ច​ប់​វា​ជាដំណាក់កាលៗ ដោយ​ភ្ជាប់​វា​ទៅនឹង​សូចនាករ​ម៉ាក្រូសេដ្ឋកិច្ច បង្ហាញ​ការរីកចម្រើន​នៅក្នុង​ដំណើរការ​រើប​ឡើងវិញ។

ទី៧ បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ី​បូព៌ា​និង​ប៉ា​ស៊ី​ហ្វ៊ិ​ក ចាំបាច់​ត្រូវតែ​ធ្វើកំណែទម្រង់​ពាណិជ្ជកម្ម​ឱ្យ​កាន់តែ​ស៊ីជម្រៅ​ថែមទៀត ជាពិសេស​ក្នុង​វិស័យ​សេវាកម្ម ដែល​ស្ថិតនៅក្រោម​ការការពារ​មាំទាំ​នៅឡើយ​មាន ដូចជា ផ្នែក​ហិរញ្ញវត្ថុ ដឹកជញ្ជូន និង​ទូរគមនាគមន៍ ជាដើម – ដើម្បី​បង្កើន​លទ្ធភាព​ផលិត​របស់​ក្រុមហ៊ុន បញ្ចៀស​សម្ពាធ​ដើម្បី​ការពារ​វិស័យ​ដទៃទៀត, និង​ដើម្បី​បំពាក់​ដល់​មនុស្ស​នូវ​សមត្ថភាព សម្រាប់​យក​ប្រៀប​ពី​ឱកាស​ឌីជីថល ដែល​កំពុងមាន​សម្ទុះ​កាន់តែ​លឿន​ខ្លាំង​ឡើង ចាប់តាំងពី​ពេល​ផ្ទុះ​ការ​រាលដាល​ជំងឺ​នេះ៕

ក្រុមហ៊ុន ASIA COMFORT INVESTMENT GROUP កំពុង​រៀបចំ​ឯកសារ​សហការ​ជាមួយ OCIC ចាក់ដី​លើ​គំរោង​ព្រលានយន្ដហោះ​ថ្មី

ដោយៈ​រ៉ា​ណេ​ត

ភ្នំពេញៈ ក្រុមហ៊ុន ASIA COMFORT INVESTMENT GROUP ដែល​គេ​ស្គាល់​ថា​ជា​ក្រុមហ៊ុន​ដ៏​ធំ​លំដាប់​កំពូល​ប្រចាំ​នៅ​កម្ពុជា លើ​ការផ្គត់ផ្គង់​លើ​សេវា​ដឹកជញ្ជូន និង​ចាក់​ខ្សាច់​បំពេញ​គម្រោង​អភិវឌ្ឍន៍ និង​សាងសង់​សំណង់​នានា បាននិងកំពុង​រៀបចំ​បំពេញ​ឯកសារ​ពាក់ព័ន្ធ​មួយចំនួន ដើម្បី​ត្រៀម​សហការ​ជា​ដៃគូ​ជាមួយ​ក្រុមហ៊ុន​ OCIC លើ​ការ​បូម​ខ្សាច់​ចាក់​បំពេញ គម្រោង​អភិវឌ្ឍន៍​ព្រលានយន្ដហោះ​អន្តរជាតិ​ភ្នំពេញ​ថ្មី ក្នុង​ខេត្តកណ្តាល។

ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន ASIA COMFORT INVESTMENT GROUP លោក​ឧកញ៉ា ប៊ី សុក្រ​បណ្ឌិត​បាន​មានប្រសាសន៍ ប្រាប់​តាម​ទូរស័ព្ទ​នៅ​ល្ងាច​ថ្ងៃទី២៩ ខែកញ្ញា​ឆ្នាំ២០២០ថា ក្នុង​រយៈពេល​ដ៏​ខ្លី​នៃ​ការចាប់ផ្តើម​ក្រុមហ៊ុន ASIA COMFORT INVESTMENT GROUP លើ​ការផ្តល់សេវា​ដឹកជញ្ជូន​ថ្ម ដី ជាពិសេស ការ​បូម និង​ផ្គត់ផ្គង់​ខ្សាច់ លើ​គម្រោង​អភិវឌ្ឍន៍​នានា​នៅ​កម្ពុជា ក្រុមហ៊ុន​បាន​ពង្រីក​វិសាលភាព និង​កេរ្តិ៍ឈ្មោះ​ដ៏​ល្បីល្បាញ និង​មាន​ក្រុមហ៊ុន​លំដាប់​កំពូលធំៗជាច្រើន​ចូលរួម​សហការ​ជា​ដៃគូ។

លោក​ឧកញ៉ា​បញ្ជាក់ថា “នៅក្នុង​ប្រតិបត្តិការ​អាជីវក​ម្មនា​ពេលបច្ចុប្បន្ន​នេះ ក្រុមហ៊ុន ASIA COMFORT INVESTMENT GROUP បាន​បង្កើន​គ្រឿងចក្រ​ពាក់ព័ន្ធ​ធំ​ជាច្រើន​ដើម្បី​បម្រើ​ដល់​សេចក្ដីត្រូវការ​របស់​ប​ណ្តា​អ្នក​អភិវឌ្ឍន៍ ដែល​ក្នុងនោះ​រួម​មា ន​ដូចជា រថយន្ត​ដឹក​ខ្សាច់​ធុន​ធំ​ជាង២០០គ្រឿង សា​ឡង់​ដឹក​ខ្សាច់​មាន​ជាង ១០០គ្រឿង រួម​ជាមួយនឹង​ម៉ាស៊ីន​បូម​ខ្សាច់​ខ្នាត់​ធំ (អ៊ូ) មាន​រហូតដល់៥០គ្រឿង រួម​ជាមួយនឹង​ឧបករណ៍ និង​ម៉ាស៊ីនផ្សេងៗជា​ច្រើ​ប្រភេទ​ទៀត” ។

ជា​បទពិសោធន៍​របស់​ក្រុមហ៊ុន ASIA COMFORT INVESTMENT GROUP បន្ទាប់ពី​បើក​ដំណើរការ​កាលពី​អំឡុង​ឆ្នាំ២០១៨ ក្រុមហ៊ុន​ធ្លាប់​ទទួលបាន​កិច្ចសហការ​ជា​ដៃគូ​ជាមួយ​គម្រោង​អភិវឌ្ឍន៍​ក្នុង​វិស័យ​សាងសង់ និង​សំណង់​ជាច្រើន​គម្រោង ដែល​ក្នុងនោះ​រួមមាន​ការ​ផ្ត​ត់​ផ្គង់ ថ្ម ខ្សាច់ ផ្ដាច់មុខ​ក្នុង​គម្រោង​អភិវឌ្ឍន៍​បុរី​ជាច្រើន នៅក្នុង​ខេត្តកំពង់ធំ គ​ម្រោ​អភិវឌ្ឍន៍​នៅក្នុង​រាជធានី​ភ្នំពេញ គម្រោង​អភិវឌ្ឍន៍​នៅក្នុង​ខេត្តកណ្តាល ជាពិសេស​គម្រោង​អភិវឌ្ឍន៍​ដ៏​ធំ របស់​ក្រុមហ៊ុន​អន្តរជាតិ Prince Real Estate (Cambodia) Group នៅ​ក្រុងព្រះសីហនុ។

លោក​ឧកញ៉ា ប៊ី សុក្រ​បណ្ឌិត បាន​ឲ្យ​ដឹងផង​ដែរ​ថា ក្រុមហ៊ុន​ធ្លាប់​សហការ​ជា​ដៃគូ​ជាមួយ​ក្រុមហ៊ុន​អភិវឌ្ឍន៍ វិស័យ​សំណង់​ដ៏​ធំ Prince នៅ​ក្រុងព្រះសីហនុ ហើយ​បច្ចុប្បន្ននេះ យើង​ក៏​កំពុង​រៀបចំ​ឯកសារ​ពា​ក់​ព័ន្ធ​មួយចំនួន ដើម្បី​ស្នើសុំ​សហការ​ជា​ដៃគូ​ក្នុងការ​ផ្គត់​ផ្ក​ង់​លើ​ការចាក់ដី​បំពេញ នៅក្នុង​គម្រោង​ដ៏​ធំ​ប្រចាំ​ប្រទេស​មួយទៀត របស់​ក្រុមហ៊ុន​អ្នកឧកញ៉ា ពុង ឃាង​សែ ដែល​សាងសង់​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​ថ្មី ដែល​ស្ថិតនៅក្នុង​ខេត្តកណ្តាល ហើយ​ប្រសិនបើ​គម្រោង​សហការ​ថ្មី​មួយ​នេះ អាច​ទទួលបាន​មែន នោះ​វា​គឺជា​សមិទ្ធផល​ប្រវត្តិសាស្ត្រ​មួយទៀត សម្រាប់​ក្រុមហ៊ុន​របស់​យើង។

ព្រលានយន្តហោះ​ថ្មី​នេះ ត្រូវបាន​រចនា​ឡើង​លំដាប់ថ្នាក់ 4F ជា​អាកាសយានដ្ឋាន​ធំ​បំផុត​លំដាប់​ទី៩ នៅក្នុង ពិភពលោក​ដែល​ស្ថិតនៅ​លំដាប់​ពីក្រោយ អាកាសយានដ្ឋាន Chicago O’Hare និង​លំដាប់​មុខ អាកាសយានដ្ឋាន​អន្តរជាតិ​ទីក្រុង​ប៉េកាំង របស់​ប្រទេស​ចិន។ នៅពេល​សាងសង់​ចប់​អាកាសយានដ្ឋាន​ថ្មី​នេះ​នឹង សមត្ថភាព​ទទួល​យន្ត​ហោះ​ដឹកជញ្ជូន​ធុន​ធ្ងន់​ផ្លូវ​ឆ្ងាយ។

គម្រោង​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​ថ្មី នឹងត្រូវ​សាងសង់​លើ​ផ្ទៃដី​ទំហំ​សរុប ២៦០០ហិកតា ស្ថិតនៅ​ព្រំប្រទល់​រវាង​ខេត្តកណ្តាល និង​ខេត្តតាកែវ។ ទំហំ​ដី​នៅ​ខេត្តកណ្ដាល ២២២៧ ក្បាលដី = ២៤៤១ ហិកតា និង​ខេត្តតាកែវ ៣៦០ ក្បាលដី = ១៥៨ ហិកតា ជាមួយនឹង​ទុនវិនិយោគ១៥០០លាន​ដុល្លារ របស់​ក្រុមហ៊ុន​សាជីវកម្ម​វិនិយោគ​ក្រៅប្រទេស​កម្ពុជា (OCIC) ដោយ​ដំណាក់កាល​ទីមួយ នឹងត្រូវ​បញ្ចប់​ការសាងសង់​ក្នុង​ឆ្នាំ២០២៣ ៕

រដ្ឋាភិបាល​កំពុង​ពង្រឹង​ភស្តុភារ​កម្ម​ដើម្បី​ទាក់ទាញ​វិនិយោគិន​ជាតិ អន្តរជាតិ

ដោយ​វុត្ថា

ភ្នំពេញៈ រាជរដ្ឋាភិបាល​កម្ពុជា​បាន និង​កំពុង​ពង្រឹង​ក​ភស្តុភា​រកម្ម នៅ​ទូទាំងប្រទេស ដើម្បី​ទាក់ទាញ​វិនិយោគិន​ជាតិ និង​អន្តរជាតិ​ឱ្យមក​បណ្តាក​ទុនវិនិយោគ នៅ​កម្ពុជា និង ប្រកួតប្រជែង​នៅក្នុង​តំបន់ និង​ពិភពលោក។

លោក វ៉ា​ស៊ីម សូរិយា អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ប្រាប់​គេហទំព័រ Propertyarea.asia នៅ​ថ្ងៃទី  ២៩ ខែកញ្ញា ឆ្នាំ ២០២០នេះ ឱ្យដឹងថា   ការធ្វើឱ្យ​ប្រសើរឡើង នូវ​ភស្តុភា​រកម្ម​នៅក្នុង​ប្រទេស​នាពេលនេះ នឹងធ្វើ​ឱ្យ​សេដ្ឋកិច្ច​មានការ​រីកចំរើន និង​ទាក់ទាញ ការ​វិយោគ​កាន់តែ​បាន​ច្រើន​ថែមទៀត ជាពិសេស​តម្លៃ​ដឹកជញ្ជូន​កាន់តែ​ចុះថ្លៃ ។

លោក​បន្តថា “បណ្តាញ​ភស្តុភារ​នេះ នឹងធ្វើ​ឱ្យមាន​បណ្តាញ​ទំនាក់ទំនង កាន់តែ​ល្អប្រសើរ​ជាមួយនឹង​បណ្តា​ប្រទេស​នៅក្នុង​តំបន់ និង​ពិភពលោក ដែល​ជំរុញ​ឱ្យ​ការដឹក​ជ​ញ្ជូ ន​នៅក្នុង​ប្រទេស​ចុះថ្លៃ និង​ធ្វើឱ្យមាន​វិនិយោគិន​មក​បណ្តាក់ទុន​ច្រើន និង​ផ្តល់ឱកាស​ការងារ​ដល់​ពលរដ្ឋ” ។ លោក​បន្ថែមថា “បណ្តាញ​ភស្តុភារ​នេះ បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ជំរុញ​កំណើនសេដ្ឋកិច្ច ទេសចរណ៍ ពាណិជ្ជកម្ម និង​វិនិយោគ​ចូលមកក្នុង​ប្រទេស​កម្ពុ​ជា” ។

លោក​បន្តថា ដូច្នេះ​បានជា​រាជរដ្ឋាភិបាល​កម្ពុជា ខិតខំ​ពង្រឹង​ធ្វើយ៉ាងណា​ឱ្យមាន​ភាពងាយស្រួល​ចំពោះ​បណ្តាញ​ផ្លូវ ដោយបាន​អភិវឌ្ឍន៍​ឱ្យមានផ្លូវធំៗ (ផ្លូវ​ហាយវ៉េ) ត​ភ្ជាប់​ជាមួយនឹង​បណ្តា​ខេត្ត ជា​គោលដៅ​ប៉ូ​សេដ្ឋកិច្ច​នៅក្នុង​ប្រទេស និង​ប្រទេសជិតខាង​របស់​យើង។

លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ  និង​ដឹកជញ្ជូន​បានឱ្យដឹង​កន្លងមកនេះ​ដែរ​ថា រាជរដ្ឋាភិបាល​កម្ពុជា  បាន​នឹង​កំពុង​រៀបចំ​ផែនការមេ ដែល​ទាមទា​ឱ្យមាន​ការវិនិយោគ មកពី​បណ្តា​ប្រទេស​នានា ក្នុងការ​អភិវឌ្ឍន៍​វិស័យ​ភស្តុភា​រកម្ម​នៅក្នុង​ប្រទេស​កម្ពុជា។

លោក​បន្តថា រដ្ឋាភិបាល​បាន​នឹង​កំពុង​អនុវត្ត គម្រោង​សាងសង់ ពង្រីក និង​លើកកម្ពស់​កម្រិត​គុណភាព​ផ្លូវជាតិសំខាន់ៗ នៅក្នុង​ប្រទេស និង​គម្រោង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរួមមាន ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-ព្រះសីហនុ ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-បាវិត ផ្លូវដែក​ត​ភ្ជាប់​កម្ពុជា វៀតណាម (ហូជីមិញ) ស្ពាន​ស្ទឹងត្រង់ ស្ពាន​ខេត្តក្រចេះ កំពង់ផែ​ពហុ​បំណង​ខេត្ត​ព្រះសីហនុ និង​កំពង់ផែ​សមុទ្រ​ទឹក​ជ្រៅ ដើម្បី​ជំរុញ​និង​លើកកម្ពស់​វិស័យ​ភស្តុភារ​កម្ម​កម្ពុជា ឱ្យទៅជា​មជ្ឈមណ្ឌល​ភស្តុភា​រកម្ម និង​ជាឃ្លាំង​ស្តុក​ទំនិញ​របស់​ប្រទេសជិតខាង ដោយហេតុថា​កម្ពុជា​ស្ថិតក្នុង​ភូមិសាស្ត្រ ដ៏​មាន​អំណោយផល​មួយ​ក្នុង​តំបន់ និង​ជា​ច្រក​ដឹកជញ្ជូន​ទំនិញ​ពី​វៀតណាម-កម្ពុជា-ថៃ៕

គម្រោង​ខ្សែក្រវ៉ាត់១ និង​ផ្លូវ១ នៅ​ប្រទេស​កម្ពុជា​ជា​យុទ្ធសាស្ត្រ “ឈ្នះ-ឈ្នះ” របស់​រដ្ឋាភិបាល​ចិន

ដោយ ហ្សូ​លី

ភ្នំពេញៈ យោងតាម​មជ្ឈមណ្ឌល​របាយការណ៍​ពិភពលោក ដែល​តាមដាន​មហិច្ឆតា​ពិភពលោក​របស់​ប្រទេស​ចិន បានបង្ហាញ​ពី​គោលដៅ​វិនិយោគ និង​គំនិត​ផ្តួចផ្តើម​ហេ ដ្ឋា​រចនាសម្ព័ន្ធ​ពិភពលោក ដែល​កំពុង​រីក​រាលដាល​លឿន​បំផុត​នៅក្នុង​ប្រវត្តិសាស្ត្រ។

នៅក្នុង​ខេត្ត​មួយ ដែលមាន​ប្រជាជន​តិចជាងគេ​នៅ​ខេត្តកោះកុង ក្រុម​អ្នក​សាងសង់​ជនជាតិ​ចិន​ខិតខំ​ធ្វើការ​ណាស់ ដោយ​ពួកគេ​កំពុង​សាងសង់​អគារខ្ពស់ៗរាប់ពាន់​រួមមាន​វីឡា និង​អាកាសយានដ្ឋាន​មួយ ដែលមាន​ផ្លូវ​ហោះហើរ​វែង​បំផុត​នៅក្នុង​ប្រទេស។

ក្នុង​រយៈពេល​ជាង​មួយ​ទសវត្សរ៍​កន្លងមកនេះ ពួកគេ​បាន​សាងសង់​ទំនប់​វា​រី​អគ្គិសនី​និង​ផ្លូវ​ថ្មី​ជាច្រើន​គីឡូម៉ែត្រ ដោយមាន​អំពូល​ភ្លើង​បំភ្លឺ​ផ្លូវ។ ការវិនិយោគ​របស់​ចិន បំ​លែង​ប្រទេស​កម្ពុជា ទៅជា​មជ្ឈមណ្ឌល​ដឹកជញ្ជូន​ក្នុង​តំបន់ និង​ជា​គោលដៅ​ទេសចរណ៍។

ចិន​នៅតែ​វិនិយោគ​យ៉ាងច្រើន​នៅ​កម្ពុជា  ហើយ​ការវិនិយោគ​ខ្សែក្រវាត់ និង​ផ្លូវ​របស់​ប្រទេស​ចិន​នៅ​កម្ពុជា​បង្ហាញថា​ជា “ ការ​ឈ្នះ​ឈ្នះ” ។

ប្រទេស​កម្ពុជា នឹង​ទទួលបាន​អត្ថប្រយោជន៍ ពី​ការធ្វើជា​ផ្នែក​មួយ​នៃ​គំនិត​ផ្តួចផ្តើម​ខ្សែក្រវ៉ាត់ និង​ផ្លូវ​របស់​ប្រទេស​ចិន ដែលជា​ផ្នែក​មួយ​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​លើ​ការស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ទូទាំង​ពិភពលោក​ដែល​មិន​ធ្លាប់មាន។  វា​ជាការ​ខិតខំ​ប្រឹងប្រែងរ​បស់​ប្រទេស​ចិន ក្នុង​ការកសាង​ខ្សែក្រវ៉ាត់ និង​ផ្លូវគោក​និង​ផ្លូវ​សូត្រ Silk Road នៃ​សមុទ្រ​នៅ​ជុំវិញ​ពិភពលោក ដោយ​ផ្លាស់ប្តូរ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម និង​ថាមពល​សកល​ទៅ​ប្រទេស​ចិន។

នៅ​អាស៊ីអាគ្នេយ៍​ដែល​មេដឹកនាំ​ចិន ត្រូវបាន​គេ​មើលឃើញ​គម្រោង​ជាច្រើន នៃ​ខ្សែក្រវាត់ និង​ផ្លូវ​របស់​ចិន​មើលទៅ​ដូចជា​យុទ្ធសាស្ត្រ ក៏ដូចជា​ពាណិជ្ជកម្ម។ គម្រោង​ខ្សែក្រវាត់ និង​ផ្លូវ​របស់​ចិន ក៏បាន​បង្កើត​វត្ត​មាននៅ​កំពង់ផែ និង​តាម​ឆ្នេរសមុទ្រ​នៅ​ជុំវិញ​តំបន់​អាស៊ីអាគ្នេយ៍។ យុទ្ធសាស្ត្រ​ចំនួន​ពីរ ជាពិសេស​សរសេរ​ដោយ​ក្រុម​បញ្ញវ័ន្ត​ចិន ហាក់ដូចជា​ត្រូវបាន​ប្រើ​នៅក្នុង​ប្រទេស​កម្ពុជា។

យុទ្ធសាស្ត្រ​ពាក់ព័ន្ធ​ដែល​ហៅថា “កំពង់ផែ​ចត – ទីក្រុង” លើកទឹកចិត្ត​ឱ្យ​សាងសង់​ឬ​ពង្រីក​កំពង់ផែ សួន​ឧស្សាហកម្ម និង​ទីក្រុង​សម្រាប់​អ្នក​ខាងក្រៅ​ចូលមកក្នុង​ប្រទេស។

សួន​ឧស្សាហកម្ម​ថ្មី​មួយ បាន​បង្កើត​ការងារ​ថ្មី រាប់ពាន់​សម្រាប់​ប្រជាជន​កម្ពុជា។ ប្រជាជន​ចិន​រាប់ម៉ឺន​រាប់ពាន់នាក់ បាន​ចាក​ចេញពី​ក្រុងព្រះសីហនុ ហើយ​រដ្ឋាភិបាល​កម្ពុជា​បាន​និយាយថា ប្រហែល៤០ម៉ឺន​នាក់​បាន​ចាក​ចេញពី​ប្រទេស​កម្ពុជា នៅពេល​ជំងឺ​រាតត្បាត​គ្របដណ្តប់​ដោយ​កូ​វីដ១៩ បាន​កាត់បន្ថយ​យ៉ាងខ្លាំង​នូវ​ជនជាតិ​ចិន និង​ទេសចរណ៍​ដទៃទៀត៕ The World៕

ចំណេះដឹង! អ្វី​ជា​គោលនយោបាយ​ជាតិ​ស្ដីពី​មុខរបរ និង​ការងារ​ឆ្នាំ២០១៥-២០២៥ ?

ដោយ វុត្ថា

ភ្នំពេញៈ គោលនយោបាយ​ជាតិ​ស្តីពី​មុខរបរ និង​ការងារ​ឆ្នាំ២០១៥-២០២៥ គឺជា​គោលនយោបាយ​ជាតិ ដើម្បី​ចូលរួមចំណែក​ក្នុង​ដំណើរការ​ផ្លាស់ប្តូរ និង​លើកស្ទួយ​ការអភិវឌ្ឍ​មុខរបរ និង​ការងារ​សមរម្យ​នៅ​កម្ពុជា ការកែប្រែ និង​ធ្វើ​ទំនើបកម្ម​នៃ​រចនាសម្ព័ន​ឧស្សា​កម្ម​នៅ​កម្ពុជា ពី​ឧស្សាហកម្ម​អតិពលកម្ម ទៅជា​ឧស្សាហកម្ម​ពលកម្ម​ផ្អែកលើ​ជំនាញ និង​ការលើកកម្ពស់​ភាព​ប្រកួតប្រជែង និង​ផលិតភាព​ការងារ។

ការអនុវត្ត​គោលនយោបាយ​ជាតិ​ស្តីពី មុខរបរ និង​ការងារ​ឆ្នាំ២០១៥-២០២៥ នេះ ទាមទារ​ឲ្យ​មាននូវ​កិច្ចសហការ​យ៉ាង​ស្អិតរ​មួ​ត និង​ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់​ពី​ក្រសួង ស្ថាប័ន និង​អង្គភាព​ពាក់ព័ន្ធ​នានា ដើម្បី​លើកស្ទួយ​ការអភិវឌ្ឍ​មុខរបរ និង​ការងារ​សមរម្យ​នៅ​កម្ពុជា។

គោលនយោបាយ​ជាតិ​ស្តីពី​មុខរបរ និង​ការងារ​ឆ្នាំ២០១៥-២០២៥ មិន​ត្រឹម​តែមាន​គោលបំណង​ជួយ​លើកតម្កើង​ជីវភាព ភាពថ្លៃថ្នូរ​របស់​ប្រជាពលរដ្ឋ ភាពសុខដុមរមនា​ស​ង្គ​ម តាមរយៈ​ការបង្កើត​ឱកាស​ការងារ​សមរម្យ និង​មាន​ផលិតភាព​ការងារ​ខ្ពស់ ការអភិវឌ្ឍន៍​ជំនាញ និង​ធនធានមនុស្ស នៅក្នុង​ប្រទេស​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​គោលនយោបាយ​នេះ ក៏មាន​វិធានការ​ការពារ និង​លើកកម្ពស់​សិទ្ធិ និង​អត្ថប្រយោជន៍​ពលករ​ក​ម្ពុ​ជា​ដែល​កំពុងធ្វើការ​នៅក្រៅ​ធ្វើ​ប្រទេស​ផងដែរ។

ក្រោម​ការផ្ដួចផ្ដើម​រប​ស់រាជ​រដ្ឋាភិបាល​កម្ពុ​ជា ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានរៀបចំ​សេចក្តីព្រាង​គោលនយោបាយ​ជាតិ​ស្តីពី មុខរបរ និង​ការងារ​កម្ពុជា​ឆ្នាំ២០១៥-២០២៥នេះ ដោយមាន​កិច្ចសហការ និង​ជំនួយ​បច្ចេកទេស​ពី​អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO) ។ គោលនយោបាយ​ជាតិ​នេះ ត្រូវបាន​រាជរដ្ឋាភិបាល​អនុម័ត​នៅ​ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៥ និង​ត្រូវ​បានប្រកាស​ជា​ផ្លូវការ ដាក់ឱ្យអនុវត្ត​នៅ​ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៥ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា៕

ក្រសួងដែនដី សម្រេចបញ្ចប់ការបែងចែកដីសម្បទានសង្គមកិច្ចជូនប្រជាពលរដ្ឋជិត ១ ៤០០ គ្រួសារនៅក្នុងខេត្តក្រចេះ

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្រេចបញ្ចប់ការបែងចែកដីសម្បទានសង្គមកិច្ចជូនដល់ប្រជាពលរដ្ឋក្រីក្រខ្វះខាតដីសរុបចំនួន ១៣៨២ គ្រួសារ ដែលរស់នៅក្នុងស្រុកឆ្លូង ខេត្តក្រចេះ ជាស្ថាពរបន្ទាប់ពីបានផ្ទៀងផ្ទាត់រួចរាល់សព្វគ្រប់ និងទទួលការសាទរពីសំណាក់ប្រជាពលរដ្ឋ។

តាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចេញផ្សាយនៅរសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០នេះបានជម្រាបជូនដល់រដ្ឋបាើខេត្ត និងគណៈកម្មាធិការប្រើប្រាស់ និងបែងចែកដីខេត្តក្រចេះ បានរៀបចំ និងបែងចែកដីសម្បទានសង្គមកិច្ចជូនដល់ប្រជាពលរដ្ឋក្រីក្រចំនួន៣ក្រុម រួមមានក្រុម ៩៩៨គ្រួសារ ក្រុម៣៥៣គ្រួសារ និងក្រុម ៣១គ្រួសារ ស្ថិតនៅឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ ត្រូវបានបញ្ចប់ជាស្ថាពរហើយ។

នៅក្នុងលិខិតដដែលនេះបានបញ្ជាក់ទៀតថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានពិនិត្យឃើញថា ការរៀបចំបែងចែកដីសម្បទានសង្គមកិច្ចជូនដល់ប្រជាពលរដ្ឋទាំង ១៣៨២គ្រួសារខាងលើនេះ គឺស្របតាមនីតិវិធីសម្បទានដីសង្គមកិច្ច និងលិខិតបទដ្ឋានគតិយុត្តនានាដែលមានជាធរមាន។ ដូច្នេះ ក្រសួងបានសម្រេចបញ្ចប់ករណីខាងលើចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ដោយឡែកមានករណីតវ៉ាទាមទារដីធ្លីដោយអះអាងថាសមីខ្លួនជាក្រុមណាមួយនៃក្រុមទាំង៣ខាងលើនេះ ក្រសួង និងស្ថាប័នពាក់ព័ន្ធចាត់ទុកថាជាការបង្កើតវិវាទដីធ្លីថ្មី ដែលនឹងមិនត្រូវលើកយកមកដោះស្រាយ និងត្រូវចាត់វិធានការតាមផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់។

ជាមួយនឹងគោលនយោបាយបែងចែកដីសម្បទានសង្គមកិច្ចដល់បណ្តាប្រជាពលរដ្ឋក្រីក្រខ្វះខាតដីខាងលើនេះ ប្រជាពលរដ្ឋទាំងចំនួន១៣៨២គ្រួសារស្ថិតក្នុងភូមិសាស្ត្រខាងលើនេះបានសម្ដែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះក្ដីសណ្តោសរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ខ្ពស់ដល់សុខទុក្ខរបស់ប្រជាពលរដ្ឋទូទាំងប្រទេស ជាពិសេសប្រជាពលរដ្ឋក្រីក្រដែលត្រូវការដីពិតប្រាកដសម្រាប់សាងសង់លំនៅដ្ឋានស្នាក់នៅសមរម្យ ៏ដូចជាសម្រាប់បង្កបង្កើនផលផងដែរ៕

ឯកអគ្គរដ្ឋទូត៖ ក្រុមហ៊ុនសឹង្ហបុរីបោះទុនជាង ១៧០លានដុល្លារអភិវឌ្ឍអចលនទ្រព្យនៅកម្ពុជា

ដោយវុត្ថា

ព្រះសីហនុ៖ ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសឹង្ហបុរី ប្រចាំកម្ពុជា បានអះអាងថា ក្រុមហ៊ុន ហុង ឡៃហួត គ្រុប លីមីតធីត បានបោះទុនវិនិយោគជាង ១៧០លានដុល្លាអាមេរិក ក្នុងការអភិវឌ្ឍអចលនទ្រព្យ វិស័យកសិកម្មនៅកម្ពុជា ខណៈវិស័យទាំងនេះ បាននឹងកំពុងមានការរីកចំរើនយ៉ាងខ្លាំងនៅក្នុងប្រទេស។

លោក Michael Tan ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសឹង្ហបុរីប្រចាំកម្ពុជា នៅក្នុងការដាក់បង្ហាញគំនូរសិល្បៈអបអរសាទរខួបទី ៥៥ឆ្នាំ នៃចំណងការទូតកម្ពុជា-សឹង្ហបុរី នៅក្នុង D’Seavier Clubhouse ស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុនាថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០២០នេះ បញ្ជាក់ថា ការបោះទុនច្រើនរបស់ក្រុមហ៊ុនច្រើនបែបនេះ គឺឆ្លើយតបទៅនឹងការអំពាវនាវរបស់លោក ចំពោះក្រុមហ៊ុនសឹង្ហបុរីនៅកម្ពុជា ដោយមានទំនួលខុសត្រូវក្នុងសកម្មភាពរបស់ពួកគេក្នុងការវិនិយោគនៅប្រទេសកម្ពុជា ពិសេសខេត្តព្រះសីហនុ ។

លោកបន្តថា នៅចន្លោះឆ្នាំ២០១៨- ២០១៩ ការវិនិយោគផ្ទាល់ពីបរទេសរបស់សិង្ហបុរី ការធ្វើពាណិជ្ជកម្ម ការមកដល់នៃភ្ញៀវទេសចរ ការកសាងសមត្ថភាព និងការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជនជាមួយប្រទេសកម្ពុជា បានកើន ឡើងខ្ពស់ជាងពេលណាទាំងអស់ពាណិជ្ជកម្មទ្វេភាគីនៃប្រទេសទាំងពីរមានតម្លៃ ៤,៨ពាន់លានដុល្លាអាមេរិកនៅឆ្នាំ ២០១៨ នឹង ៤,២ពាន់លានដុល្លារអាមេរិក នៅឆ្នាំ២០១៩ ។

លោកMichael Tan ថ្លែងថា “ខ្ញុំពិតជាបានឃើញការស្ដារឡើងវិញ និងផ្លាស់ប្ដូរនៃទីក្រុងនេះតាមរយៈការដឹកនាំដោយមានសមត្ថភាពរបស់លោក គួច ចំរើន និងក្រុមការងារ ។ផ្ទាំងគំនូរនេះបង្កើតរួមគ្នាដោយវិចិត្រករជនជាតិខ្មែរ សញ្ជាតិកាណាដា លោក FONKI ដើម្បីបង្ហាញពីមិត្តភាពរវាងប្រជាជាតិ និងប្រទេសទាំងពីរបង្កើតផ្ទាំងគំនូរចំនួន ១១ផ្ទាំង ក្នុងកម្មវិធីសិល្បៈគំនូរលើជញ្ជាំង ឬ street Art Fest ដើម្បីអបអរសាទរខួបទី ៥៥ឆ្នាំ នៃទំនាក់ទំនងទ្វេភាគី រវាងសឹង្ហបុរី និងកម្ពុជា ផ្ទាំងគំនូរត្រូវបានលក់ ហើយទឹកប្រាក់ ៧០.០០០ ដុល្លាអាមេរិក ដើម្បីឧបត្ថម្ភសម្រាប់អង្គការចំនួនពីរ គឺមូលនិធិកុមារកម្ពុជា សិល្បៈអមត: “។

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ថ្លែងថា ការដាក់បង្ហាញគំនូរសិល្បៈអបអរសាទរខួបទី ៥៥ឆ្នាំ នៃចំណងការទូតកម្ពុជា- សឹង្ហបុរី និងបើកដំណើរការក្លឹបហាត់ប្រាណ D’Seaview Clubhouse ដោយធ្វើការកោតសរសើរ និងអបអរសាទរចំពោះការសម្ពោធឱ្យដំណើរការជាផ្លូវការនាពេលនេះ។

លោកបន្តថា “នេះជាសក្ខីភាពបង្ហាញឱ្យឃើញពីការជឿជាក់របស់អ្នកវិនិយោគទុនមកលើរាជរដ្ឋាភិបាលកម្ពុជា ក្រោមការ ដឹកនាំដ៏ត្រឹមត្រូវប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីរួមចំណែកក្នុងការ ជំរុញកំណើនសេដ្ឋកិច្ចកាត់បន្ថយភាពក្រីក្រ ជាពិសេសបានផ្ដល់ការងារជូនប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុ”។

លោក គួច ចំរើនបន្តថា “ក្នុងនាមរដ្ឋបាលខេត្ត ខ្ញុំសូមគាំទ្រដល់ការវិនិយោគមួយនេះ និងសូមអោយការក្រុមហ៊ុនបានប្រកបអាជីវកម្មរបស់ខ្លូនអោយដំណើរការដោយរលូន និងជោគជ័យ”៕