ក្រុមហ៊ុនមួយបានសិក្សានិងគ្រោងវិនិយោគលើការនែច្នៃសំរាម នៅកម្ពុជា

ដោយៈ ចំណាន

    ភ្នំពេញៈ ក្រុមហ៊ុន SAGE ENGINEERING និបានចំណាយ   រយៈពេលប្រមាណ១ឆ្នាំ សិក្សាពីស្ថានភាព និងគ្រោងវិនិយោគលើការកែច្នៃសំរាមនៅកម្ពុជា។

ព័ត៌មាននេះត្រូវបានលើកឡើង ក្នុងពេលលោកជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសហការី បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិ​ភូក្រុមហ៊ុន SAGE ENGINEERING តំណាងដោយលោកស្រី Claire HINCHLIFFE និងគណៈប្រតិភូក្រុមហ៊ុន VINCI CONSTRUCTION តំណាងដោយលោក Othmane DFAILI។

គណៈប្រតិភូក្រុមហ៊ុនបានធ្វើបទបង្ហាញ អំពីការសិក្សាសមិទ្ធិលទ្ធភាពនៃគម្រោងកែច្នៃសំរាមតាមផ្ទះ (household waste) ទៅជាថាមពលអគ្គិសនី នៅរាជធានីភ្នំពេញ ក្រោមកិច្ចសហការរវាងក្រុមហ៊ុន SAGE ENGINEERING និងក្រុមហ៊ុន VINCI CONSTRUCTIONដែលការសិក្សានេះ បានចំណាយពេលវេលាអស់រយៈប្រមាណ១ឆ្នាំ។ គោ​លបំណងនៃការជួបពិភាក្សានេះ ដើម្បីស្នើសុំមតិយោបល់បន្ថែមពី លោកអគ្គលេខាធិការ ក៏ដូចជាការគាំទ្រដល់គម្រោងវិនិយោគនេះ។

ជាការឆ្លើយតប លោកអគ្គលេខាធិការ បានវាយតម្លៃខ្ពស់ចំពោះការសិក្សា និងស្វាគមន៍គម្រោងវិនិយោគកែច្នៃសំរាម ទៅជាថាមពលអគ្គិសនីរបស់ក្រុមហ៊ុន។

លោកអគ្គលេខាធិការបានផ្តល់ការណែនាំ ឱ្យក្រុមហ៊ុនធ្វើការជួបពិភាក្សា និងសហការជាមួយក្រសួង ស្ថាប័នមានសមត្ថកិច្ច ពិសេស ក្រសួងរ៉ែ និងថាមពល ក្រសួងបរិស្ថាន និងរដ្ឋបាលរាជធានីភ្នំពេញ ជាមុនសិន ដើម្បីទទួលបានការគាំទ្រ និងការអនុញ្ញាតនានាតាមនីតិវិធីជាធរមាន។

គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានឹងរង់ចាំទទួលពាក្យស្នើសុំ ចុះបញ្ជីគម្រោងវិនិយោគនេះ ដោយក្តីរីករាយបំផុត៕

មន្រ្តីពិនិត្យលទ្ឋភាពបង្រុងទីតាំងដំឡើងប្រព័ន្ធបំពង់មេនាំទឹកស្អាតតាមបណ្តោយស្ពានក្នុងគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ

ដោយៈ ម៉ាណា

    ភ្នំពេញៈ ក្រុមមន្រ្តីសាធារណការ និងដឹកជញ្ជូននិងមន្រ្តីជំនាញបានបើកកិច្ចប្រជុំ ពិនិត្យលទ្ធភាពបម្រុងទីតាំង សម្រាប់ដំឡើងប្រព័ន្ធបំពង់មេនាំទឹកស្អាតតាមបណ្តោយស្ពាន ក្នុងគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ។

កិច្ចប្រជុំនេះ ដឹកនាំដោយលោកស៊ឹង សុគង់ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយករងគម្រោង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ លើលទ្ធភាពបម្រុងទីតាំង សម្រាប់ដំឡើងប្រព័ន្ធ បំពង់មេនាំទឹកស្អាតតាមបណ្តោយស្ពាន ក្នុងគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ដោយមានការចូលរួមពីសំណាក់សមាជិកអង្គភាពគ្រប់គ្រងគម្រោង (PMU) មន្ត្រីជំនាញនៃរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស  Yooshin Joint Venture (YSJV)។

កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណង ដើម្បីពិនិត្យ និងពិភា​ក្សាលើលទ្ធផល នៃការធ្វើពិសោធន៍Wind Tunnel របស់ទីប្រឹក្សាបច្ចេកទេស ឆ្លើយតបទៅនឹងការស្នើសុំបញ្ចូលទីតាំង បម្រុងដាក់ប្រព័ន្ធបំពង់មេនាំទឹកស្អាត តាមបណ្តោយស្ពានរបស់រដ្ឋាករទឹក ស្វយ័តក្រុងភ្នំពេញ សម្រាប់បម្រុងទុកដើម្បីផ្គត់ផ្គង់ទឹកស្អាត ពីតំបន់អរិយក្សត្រ មករាជធានីភ្នំពេញ។

បច្ចុប្បន្នគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ បានឈានដល់ដំណាក់កាលត្រៀមរៀបចំ កិច្ចលទ្ធកម្មជ្រើសរើសក្រុមហ៊ុនម៉ៅការសាងសង់ និងគ្រោងបើកការដ្ឋានសាងសង់ នៅអំឡុងពេលឆមាសទី១ ឆ្នាំ២០២៦ នាពេលខាងមុខនេះ៕

រដ្ឋមន្រ្តីទេសចរណ៍ៈ បច្ចេកវិទ្យាឌីជីថល ជាកំលាំងចលករថ្មី ជម្រុញកំណើនសេដ្ឋកិច្ច

ដោយៈ ម៉ាណា

    ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោកហួត ហាក់បានថ្លែងថា បច្ចេកវិទ្យាឌីជីថល គឺជាកម្លាំងចលករថ្មីមួយ សម្រាប់កំណើនសេដ្ឋកិច្ចសកល ហើយនឹងក្លាយជាកាតាលីករ ជំរុញឱ្យមានការផ្លាស់ប្ដូរដល់វិស័យទេសចរណ៍។

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកហួត ហាក់ រួមជាមួយលោក ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយ និងពិគ្រោះយោបល់ ស្ដីពីទេស​ចរណ៍ឌីជីថល ក្នុងគោលបំណងផ្សព្វផ្សាយ អំពីនិរន្តរភាពនៃការអភិ​វឌ្ឍទេសចរណ៍តាមប្រព័ន្ធឌីជីថល ផ្តល់ឱកាសសម្រាប់ការពិភាក្សាផ្ទាល់រវាងអ្នកជំនាញ និងភាគីពាក់ព័ន្ធក្នុងវិស័យទេសចរណ៍ ព្រមទាំងបង្កើនការយល់ដឹងអំពីឧបករណ៍ និងបច្ចេកវិទ្យាឌីជីថល សម្រាប់គាំទ្រអាជីវកម្មទេសចរណ៍។

សិក្ខាសាលាដ៏មានសារៈសំខាន់នេះ មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងទេសចរណ៍ និងសិក្ខាកាមមកពីអាជ្ញាធរជាតិ អប្សរា គ្រឹះស្ថានអង្គរ មន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត រដ្ឋបាលក្រុង/ស្រុក សមាគមទេសចរណ៍ សហគមន៍ទេសចរណ៍ វាគ្មិ​ន​កិត្តិយស ប្រតិបត្តិករទេសចរណ៍ និងសិស្សនិស្សិតប្រមាណ ៣១២នាក់។

ឆ្លៀងក្នុងឱកាសនេះ លោករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ចរន្តសកលភាវូបនីយកម្ម និងការវិវត្តយ៉ាងឆាប់រហ័ស នៃបច្ចេកវិទ្យាឌីជីថល ជាពិសេសការរីកចម្រើននៃបញ្ញាសប្បនិម្មិត ឬហៅកាត់ថា“AI ”​បានក្លាយជាផ្នែកមួយដ៏សំខាន់ នៅក្នុងការរស់នៅ ការសិក្សា ការប្រកបអាជីវកម្ម វិទ្យាសាស្ត្រសុខាភិបាល យោធា ការផ្ដល់សេវាសាធារណៈ ការធ្វើធុរកិច្ច និងទេសចរណ៍ជាដើម។

លោកបន្តថា បច្ចេកវិទ្យាឌីជីថល ក៏បានក្លាយជាកាលីករដ៏សំខាន់ក្នុងការជំរុញកំណើន និងពង្រឹងភាពធន់នៃចង្វាក់សេដ្ឋកិច្ច ដែ​លមិនអាចខ្វះបាន។

ជាមួយគ្នានេះ លោកបានសង្កត់ធ្ងន់ថា សម្រាប់វិស័យឯកជន បច្ចេកវិទ្យាឌីជីថល ត្រូវបានគេប្រើប្រាស់ សម្រាប់ការចាប់យកកាលានុវត្តភាព និងឧត្ដមភាពប្រកួតប្រជែងថ្មីៗ មានជាអាទិ៍ ការលើកកម្ពស់ប្រសិទ្ធភាពការងារ ការកាត់បន្ថយថ្លៃដើមក្នុងចង្វាក់ផលិតកម្ម ការតភ្ជាប់ខ្សែច្រវ៉ាក់ផលិតកម្ម និងការធានានូវឧត្ដមភាពប្រកួតប្រជែង ក្នុងទីផ្សារ។

ទន្ទឹមនឹងនេះ លោកហួត ហាក់បានគូសរំលេចបន្ថែមថា ចំណែកនៅក្នុងវិស័យសាធារណៈ បច្ចេកវិទ្យាឌីជីថលបានជួយជំរុញចរន្តការ នៃការកែទម្រង់ ក្នុងប្រព័ន្ធរដ្ឋបាលសាធារណៈ ជាពិសេសការផ្ដល់សេវាសាធារណៈ សម្រាប់ធុរកិច្ច ដោយបានកាត់បន្ថយនូវនីតិវិធីស្មុគស្មាញនិងការិយាធិបតេយ្យ បង្កើនប្រសិទ្ធភាពនៃរដ្ឋបាលសាធារណៈ ពង្រឹងអនុលោមភាព និងកែលម្អបរិយាកាសធុរកិច្ច ឱ្យកាន់តែប្រសើរឡើង ដើម្បីឆ្លើយតបទៅនឹងតម្រូវការ សំណូមពរ និងបំណងប្រាថ្នារបស់ធុរជន និងប្រជាជនទូទាំងប្រទេស៕

អ្នកជំនាញៈទីផ្សារដីធ្លីនៅជុំវិញព្រលានយន្តហោះតេជោ និងផ្លូវជាតិលេខ១ចាប់ផ្តើមកំរើកឡើងវិញ

ដោយៈ ស៊ីវ ម៉េង

    កណ្តាលៈ អ្នកជំនាញបានលើកឡើងថា ការបើកដំណើរការព្រលានយន្តហោះអន្តរជាតិតេជោ បានធ្វើឲ្យអ្នកវិនិយោគសម្លឹងស្វែងរកឱកាសវិនិយោគដីធ្លី នៅជុំវិញតំបន់ខាងលើ និងតាមបណ្តោយផ្លូវជាតិលេខ១។

អតីតប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីមបានមានប្រសាសន៍ឲ្យដឹង តាមបណ្តាញទំនាក់ទំនងសង្គមកាលពីថ្ងៃទី១៨ កញ្ញាថា ស្ថានភាពទីផ្សារ ជាទូទៅនៅតែដំណើរការ ប៉ុន្តែសកម្មភាពទិញ លក់ជាទូទៅមិនទាន់មានសកម្មភាពរសរវើកនៅឡើយទេ ប៉ុន្តែមួយរយៈចុងក្រោយនេះ សកម្មភាពទិញ លក់ហាក់កំរើកឡើងវិញ នៅតាមបណ្តោយផ្លកូវជាតិលេខ១ និងតំបន់ជុំវិញព្រលានយន្តហោះថ្មី។

លោកបញ្ជាក់ថា “អ្នកវិនិយោគបានសម្លឹងមើលឱកាស និងសក្តានុពលលើដី ដែលមានឱកាសចំណេញ និងទីតាំងល្អ ពួកគាត់នៅតែសម្រេចចិត្តវិនិយោគ”។ លោកបន្តថា “មួយរយៈចុងក្រោយសកម្ម​ភាព ទិញលក់នៅតំបន់ដែលបានលើកឡើងនេះ បានងើបឡើងវិញ គ្រាន់តែមិនមានសកម្មភាពផុសផុលខ្លាំងនៅឡើយទេ”។

អ្នកជំនាញមួយចំនួនទៀតបានលើកឡើងថា ទីផ្សារដីធ្លីបានដាំក្បាលចុះខ្លាំងចាប់ពីឆ្នាំ២០២៣ រហូតមកទល់ពេលនេះ ដោយតំបន់ខ្លះតម្លៃដីបានធ្លាក់ចុះចន្លោះពី២០ទៅ៥០ភាគរយ។

ជាមួយគ្នានេះ លោកសឿន សុធា អ្នកលក់ដីឡូត៍នៅតាមបណ្តោយផ្លូវជាតិលេខ១បានលើកឡើងថា ទីផ្សារដីធ្លី ឲ្យតែមានតម្លៃល្អ នៅតាមបណ្តោយផ្លូវនេះ ក្នុងមូលដ្ឋានស្រុកកៀនស្វាយនៅតែមានអ្នកទិញយក ហើយដីឡូត៍ ដែលម្ចាស់គំរោងបើកលក់ទំហំ១ហិកតា យកមកពុះលក់ តែងតែទទួលបានការគាំទ្រ និងលក់ដាច់អស់ក្នុងរយៈពេលមិនយូរទៀតនោះទេ។

លោកបន្តថា “សកម្មភាពទិញ លក់ដីឡូត៍នៅតែមានជាហូរហែរ ពិសេសជនជាតិខ្មែរសែរស្រឡាយចិន នៅតាមបណ្តាផ្សារនានាក្នុងរាជធានីភ្នំពេញ តែងតែជាអតិថិជនរបស់លោក”៕

តើតម្លៃហាងឆេងមាសមានការប្រែប្រួលដូចម្តេចនៅថ្ងៃសុក្រនេះ?

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងថ្លៃក្នុងការជួញដូរនៅព្រឹកថ្ងៃសុក្រនេះ បន្ទាប់ពីបានធ្លាក់ថ្លៃចុះកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ស្របពេលមានការសម្រុកលក់មាសចេញដើម្បីទទួលបានប្រាក់ចំណេញ(profit-taking)។

តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើង០,០៧ភាគរយដល់៣៦៤៦,៦៥ដុល្លារក្នុងមួយអោន បន្ទាប់ពីបានបិទការជួញដូរត្រឹមទំហំទឹកប្រាក់ចំនួន៣.៦៤៤ដុល្លារអាមេរិកក្នុងមួយអោនកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។

ជាមួយគ្នានេះ តម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានងើបឡើង០,០២ភាគរយដល់៣៦៧៨,៦ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង៩:៤៣នាទីព្រឹកដូចគ្នា បន្ទាប់ពីបានបិទការជួញដូរត្រឹមទំហំទឹកប្រាក់ប្រមាណ៣៦៧៨,៣ដុល្លារក្នុងមួយអោនកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ៕

តម្លៃដីជាមធ្យមនៅក្នុងប្រទេសជប៉ុនកើនឡើងយ៉ាងគំហុក ខណៈលំហូរ FDI និងភ្ញៀវទេសចរណ៍បរទេសកើនឡើង

ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមទិន្នន័យរបស់រដ្ឋាភិបាលជប៉ុនបានបង្ហាញថា គិតត្រឹមថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ តម្លៃដីជាមធ្យមនៅក្នុងប្រទេសជប៉ុន បានកើនឡើង១,៥ភាគរយបើធៀបនឹងឆ្នាំមុន។ តួលេខនេះជាកំណើនខ្ពស់បំផុតមិនធ្លាប់មានគិតចាប់តាំងពីឆ្នាំ១៩៩២។

យោងតាមកាសែត Nikkei Asia បានចុះផ្សាយថា កំណើននៃតម្លៃដីធ្លីនៅប្រទេសមហាអំណាចអាសុីមួយនេះត្រូវបានជំរុញដោយតម្រូវការនៃការអភិវឌ្ឍន៍គម្រោងលំនៅដ្ឋាន និងលំហូរភ្ញៀវទេសចរណ៍អន្តរជាតិ។

តម្លៃ​ដីនៅប្រទេសជប៉ុនបាន​កើន​ឡើង​ក្នុង​រយៈ​ពេល​៤​ឆ្នាំ​ជាប់​គ្នា​ ស្រប​ពេលលំហូរ​វិនិយោគ​ផ្ទាល់ពី​បរទេស​(FDI)ចូលប្រទេសជប៉ុនកើនឡើង គួបផ្សំនឹងការដាំក្បាលចុះនៃតម្លៃ​ប្រាក់​យ៉េន។

ដោយឡែក តម្លៃដីពាណិជ្ជកម្មនៅប្រទេសជប៉ុនបានកើនឡើង២,៨ភាគរយ ស្របពេលមានការបើកដំណើរការសណ្ឋាគារ និងហាងលក់រាយថ្មីៗនៅក្នុងទីក្រុងធំៗ ដោយសារការកើនឡើងនៃលំហូរភ្ញៀវទេសចរណ៍បរទេស។

មន្ត្រីមួយរូបមកពីក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ជប៉ុនបានលើកឡើងថា “បច្ចុប្បន្ន ការវិនិយោគផ្ទាល់ពីបរទេសលើទីផ្សារខុនដូនៅចំកណ្តាលទីក្រុងតូក្យូ តំបន់រមណីយដ្ឋាននៅកោះហុកកៃដូស្ថិតនៅភាគខាងជើងនៃប្រទេសជប៉ុនកំពុងកើនឡើង”។

តម្លៃដីលំនៅដ្ឋានបានកើនឡើង១ភាគរយ ដោយសារភាពរឹងមាំនៃតម្រូវការលំនៅដ្ឋាននៅក្នុងតំបន់ទីក្រុងធំៗ ជាពិសេសទីក្រុងតូក្យូ និងតំបន់រមណីយដ្ឋានល្បីៗផ្សេងទៀតរបស់ប្រទេសជប៉ុន៕ប្រភព: Nikkei Asia៕

អ្នកឧកញ៉ាសំ សុខនឿនដឹកនាំប្រតិភូក្រុមហ៊ុនចិនចំនួន២ពិភាក្សាជាមួយរដ្ឋមន្រ្តីការងារពិភាក្សាលើការបណ្តុះបណ្តាលជំនាញ

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ ប្រធានក្រុមប្រឹក្សាភិបាលសម្ព័ន្ឋក្រុមហ៊ុនSAM SN Group អ្នកឧកញ៉ាសំ សុខនឿនបានដឹកនាំប្រតិភូក្រុមហ៊ុនចិនចំនួន២ ចូលជួបពិភាក្សាការងារជាមួយ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ក្នុងជំនួបពិភាក្សាជាមួយលោកហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ អ្នកឧកញ៉ាបណ្ឌិត សំ សុខនឿន ប្រធានអគ្គនាយក និងជាប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុនសម្ព័ន្ធ SAM SN Group និងប្រតិភូ ដែលជាតំណាងក្រុមហ៊ុនបច្ចេកវិទ្យារបស់ចិន ដើម្បីសម្តែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង។

ជំនួបនេះធ្វើឡើងក្នុងបំណងពិនិត្យលទ្ធភាព នៃការសហការរវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយក្រុមហ៊ុនសម្ព័ន្ធ SAM SN Group, ក្រុមហ៊ុនQingdao Hainergy Technology Corp., Ltd (Haitech), និង ក្រុមហ៊ុនAurora Energetics Pte Ltd លើការធ្វើទំនើបកម្ម ក្នុងវិស័យអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈ ការកែលម្អវិស័យឧស្សាហកម្ម ដោយជួយឱ្យកម្ពុជាឆ្ពោះទៅរកឧស្សាហកម្ម ៤.០​និងការអប់រំតាមរយៈអនឡាញ (e-Education) ដើម្បីតភ្ជាប់ការសិក្សា តាមរយៈឌីជីថល ទៅនឹងការងារនាពេលអនាគត៕

រដ្ឋបាលខេត្តព្រះសីហនុបង្ហាញពីផែនការមេអភិវឌ្ឍន៍ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងដល់ប្រតិភូអាស៊ាន

ដោយៈ គង់ សូរិយា

    ព្រះសីហនុៈ អភិបាលរងខេត្តព្រះសីហនុ លោក ឡុង ឌីម៉ង់ អញ្ជើញធ្វើបទបង្ហាញអំពី “ផែនការមេអភិវឌ្ឍន៍ខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង”។

លោកអភិបាលរងខេត្ត បានតំណាងរដ្ឋបាលខេត្តព្រះសីហនុអញ្ជើ​ញចូលរួមជាវាគ្មិនក្នុង “វេទិកាអភិបាលក្រុងអាស៊ាន-ចិន ឆ្នាំ២០២៥” (ASEAN-China Mayors’ Forum 2025) ក្រោមមូលបទ “កសាងលំនៅឋានល្អទាំងអស់គ្នា រួមគ្នាជំរុញការអភិវឌ្ឍនគរូបនីយកម្មចិន និងអាស៊ានប្រកបដោយចីរភាព” ដែលមានប្រតិភូតំណាងប្រទេសជាសមាជិកអាស៊ាន និងអ្នកសង្កេតការណ៍អាស៊ាន រួមមានប្រ៊ុយណេ កម្ពុជា ម៉ាឡេស៊ី មីយ៉ាន់ម៉ា ថៃ វៀតណាម និងទីម័រខាងកើត និងតំណាងសហគ្រាសធំៗ ចម្រុះជាតិសាសន៍ចូលរួមសរុបសមាសភាពប្រមាណ៩៥០រូប នៅទីក្រុងគួយលីន តំបន់ស្វយ័តក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន។

លោកអភិបាលរង បានធ្វើបទបង្ហាញជូនអង្គវេទិកាទាំងមូល អំពី  “ផែនការមេអភិវឌ្ឍន៍ខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង” និងបានរំលេចអំពីលក្ខណៈពិសេសសំខាន់ៗ របស់ខេត្តរាប់ចាប់ពី គុណប្រយោជន៍យុទ្ធសាស្ត្រក្នុងតំបន់ រហូតដល់គោលនយោ​បាយ និងយន្តការគាំទ្រនានារបស់រាជរដ្ឋាភិបាលកម្ពុជា និងជាពិសេសវិស័យសក្តានុពល ដែលកំពុងមានតម្រូវការវិនិយោគដូចជា៖ ឧស្សាហកម្ម កសិ-ឧស្សាហកម្ម ដឹកជញ្ជូននិងភស្តុភាកម្មទំនើប។

វេទិកានេះត្រូវបានសហការរៀបចំឡើង ដោយសមាគមអភិបាលក្រុងចិន (China Association of Mayors) និងនាយកដ្ឋានលំនៅដ្ឋាន និងអភិវឌ្ឍន៍ទីក្រុង-ជនបទនៃតំបន់ស្វយ័តក្វាងស៊ី ក្នុងគោលបំណងដើម្បីរឹតបន្តឹងចំនងមិត្តភាពរវាងចិន នឹងអាស៊ាន ធ្វើបច្ចុប្បន្នភាពគម្រោងអភិវឌ្ឍនគរូបនីយកម្មសំខាន់ៗ របស់ប្រទេសជាសមាជិក និងចែករំលែកបទពិសោធន៍ ឧត្តមានុវត្ត ជាពិសេសបច្ចេកវិទ្យាទំនើបថ្មីៗ ដែលជាអាចបម្រើក្នុងវិស័យសំណង់ និងនគរូបនីយកម្ម៕

អបអរសាទរ!រាជធានីភ្នំពេញទទួលបានពានរង្វាន់ទីក្រុងធានាកំណើនសេដ្ឋកិច្ចដោយចីរភាព និងបរិយាប័ន្ន

ដោយៈ និស្ស័យ

ភ្នំពេញៈ អបអរសាទរ! រាជធានីភ្នំពេញទទួលបានពានរង្វាន់ “ទីក្រុងធានាកំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាព និងបរិយាប័ន្ន”ពីវេទិកា ដែលរៀបចំនៅទីក្រុងម៉ូស្គូប្រទេសរុស្ស៊ី។

លោកហួត ហៃអភិបាលរងនៃគណអភិបាលរាជធានីភ្នំពេញ បានអញ្ជើញទទួលពានរង្វាន់ Decent Work and Economic Growth ពីវេទិកា BRICS Urban Future Forum ដែលរៀបចំនៅទីក្រុងម៉ូស្គូ សហព័ន្ធរុស្សុីថ្ងៃទី១៧-១៨ ខែកញ្ញា ឆ្នាំ២០២៥។

Decent Work and Economic Growth មានន័យថា  “ជាទីក្រុងធានាកំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាព និងបរិយាប័ន្ន មានមុខរបរពេញលេញ និងផលិតភាពខ្ពស់ និងមានការងារសមរម្យសម្រា​ប់ប្រជាជនគ្រប់រូប” ដែលមានកំណត់នៅក្នុងគោលដៅអភិវឌ្ឍ ប្រកប​ដោយចីរភាពចំណុចទី៨ របស់អង្គការសហប្រជាជាតិ។ នេះបើយោងតាមបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់​លោក​ ហួត ហៃ អភិបាលរងរាជធានីភ្នំពេញនាថ្ងៃទី១៨កញ្ញា២០២៥។

លោក​ហួត ហៃ អភិបាលរងរាជធានីភ្នំពេញតំណាងលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានដឹកនាំ ប្រតិភូសាលារាជធានីភ្នំពេ​ញទៅចូលរួមក្នុងវេទិកា BRICS Urban Future Forum ដែលរៀបចំនៅទីក្រុងម៉ូស្គូ សហព័ន្ធរុស្សុីថ្ងៃទី១៧-១៨ ខែកញ្ញា ឆ្នាំ២០២៥។

នៅក្នុងកម្មវិធីដែលមានទីក្រុងនានា ជាច្រើនចូលរួមមកពីប្រទេសប្រេសុីល រុស្សី ឥណ្ឌា ចិន និង អាហ្រិ្វកខាងត្បូង ព្រមទាំងទីក្រុងជាច្រើនទៀតនៅលើពិភពលោក ក៏ត្រូវបានអញ្ជើញចូលរួមផងដែរ។

មានទីក្រុងចំនួន៩ ដែលទទួលបានពានរង្វាន់ផ្សេងៗពីគ្នា ក្នុងនោះ រាជធានីភ្នំពេញ ទទួលបានពានរង្វាន់ Decent Work and Economic Growth ។

នៅផ្នែកនេះ មានទីក្រុងចំនួន៣ត្រូវបានជ្រើឹសរើសជាជម្រើសចុងក្រោយ គឺទីក្រុងGuangzhou នៃប្រទេសចិន ទីក្រុងភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា និងទីក្រុងChengdu នៃប្រទេសចិន។ ទីបំផុត ភ្នំពេញត្រូវបានប្រកាសជាអ្នកឈ្នះពានរង្វាន់ផ្នែកនេះ៕

តម្រូវការលំនៅដ្ឋាននៅសិង្ហបុរីហក់ឡើងខ្ពស់ ស្របពេលមានការបើកដំណើរការគម្រោងលំនៅដ្ឋានថ្មីក្នុងខែសីហា

ដោយ: គង់ លាងហួរ
អន្តរជាតិ: បណ្តាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យឯកជនក្នុងប្រទេសសិង្ហបុរីបានលក់ផ្ទះថ្មីចំនួន២.១៤២យូនីត ក្នុងខែសីហា ឆ្នាំ២០២៥ ហក់ឡើងជាង១០ដងបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

លោកស្រី Christine Sun អ្នកជំនាញនៅក្រុមហ៊ុនស្រាវជ្រាវ ORANGETEE & TIE. បានអះអាងថា តួលេខនៃការលក់ផ្ទះនៅខែសីហា ជាកម្រិតខ្ពស់បំផុតមិនធ្លាប់មានចាប់តាំងពីខែសីហា ឆ្នាំ២០០៧ និងកើនឡើងជាង២ដងធៀបនឹងខែកក្កដា។

លោក Nicholas Mak ប្រធានផ្នែកស្រាវជ្រាវរបស់ភ្នាក់ងារអចលនទ្រព្យ Mogul.sg បានលើកឡើងថា ការណ៍នេះនាំឱ្យការលក់ផ្ទះថ្មីនៅសិង្ហបុរីក្នុងរយៈពេល៨ខែដំបូងនៃឆ្នាំ២០២៥ កើនឡើងដល់ចំនួន៧.៦៦៩យូនីត។ នេះជាកម្រិតខ្ពស់បំផុតចាប់តាំងពីឆ្នាំ២០២១។

លោក Lee Sze Teck នាយកជាន់ខ្ពស់ផ្នែកវិភាគទិន្នន័យនៅក្រុមហ៊ុន Huttons Asia បានវាយតម្លៃថា កំណើននៃការលក់ផ្ទះនៅក្នុងខែសីហាបណ្តាលមកពីការកំណត់តម្លៃផ្ទះដ៏គួរឱ្យទាក់ទាញ ក្នុងគម្រោងលំនៅដ្ឋាន ដែលទើបបើកដំណើរការថ្មី។

ជាក់ស្តែង តម្លៃផ្ទះនៅគម្រោង Canberra Crescent Residences និងគម្រោង Springleaf Residence ដែលជាគម្រោងថ្មីចំនួន២ ក្នុងចំណោមគម្រោងថ្មីទាំង៥ កាលពីខែសីហា បានដាក់លក់ផ្ទះក្នុងតម្លៃប្រមាណ១.៤៥០ដុល្លារអាមេរិកក្នុងមួយហ្វីតការ៉េ៕ប្រភព: The Business Times៕