តម្លៃផ្ទះនៅប្រទេសឥណ្ឌារំពឹងកើនឡើងយ៉ាងលឿនរហូតដល់ឆ្នាំ២០២៦ខាងមុខ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃផ្ទះនៅប្រទេសឥណ្ឌាត្រូវបានគេរំពឹងថា នឹងកើនឡើងលឿនជាងមុននៅឆ្នាំនេះ ដោយសារកំណើននៃតម្រូវការពីក្រុមអ្នកទិញដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភក្នុងប្រទេសនេះ និងកង្វះខាតលំនៅដ្ឋានតម្លៃសមរម្យ។

យោងតាមការស្ទង់មតិចន្លោះពីខែសីហាដល់ខែកញ្ញាដោយកាសែត Reuters បង្ហាញថា តម្លៃផ្ទះជាមធ្យមនៅប្រទេសឥណ្ឌានឹងកើនឡើងក្នុងរង្វង់៦,៣ភាគរយនៅឆ្នាំ២០២៥ និងបន្តកើនឡើងក្នុងរង្វង់៧ភាគរយនៅឆ្នាំ២០២៦។

សេដ្ឋកិច្ច​របស់​ប្រទេស​ឥណ្ឌា​បាន​កើន​ឡើង៧,៨ភាគរយ​កាល​ពី​ត្រីមាស​ទី២។ ទោះជាយ៉ាងណា លោក Ajay Sharma អ្នកជំនាញនៅក្រុមហ៊ុន Colliers បានលើកឡើងថា កំណើនសេដ្ឋកិច្ចយ៉ាងរឹងមាំនេះមិនបានផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនដែលមានប្រាក់ចំណូលទាបនោះទេ។

ក្រុមអ្នកវិភាគបានវាយតម្លៃថា ប្រជាជនរស់នៅក្នុងទីក្រុងកាន់តែច្រើនកំពុងងាកទៅរកការជួលផ្ទះ ខណៈតម្លៃផ្ទះជួលជាមធ្យមក្នុងទីក្រុងនានានឹងកើនឡើង៥ភាគរយទៅ៨ភាគរយនៅឆ្នាំ២០២៦ខាងមុខ។

យោងតាមក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Knight Frank បានឱ្យដឹងថា បច្ចុប្បន្ន ឥណ្ឌាកំពុងប្រឈមមុខនឹងកង្វះលំនៅដ្ឋានដែលមានតម្លៃសមរម្យប្រហែល១០លានយូនីត ហើយចំនួននេះអាចនឹងកើនឡើង៣ដងនៅត្រឹមឆ្នាំ២០៣០។

ធនាគារកណ្តាលនៃប្រទេសឥណ្ឌាបានកាត់បន្ថយអត្រាការប្រាក់ចំនួន១ភាគរយមកនៅត្រឹម៥,៥ភាគរយនៅឆ្នាំនេះ។ ប៉ុន្តែ ក្រុមអ្នកវិភាគអះអាងថា ការបន្ធូរបន្ថយគោលនយោបាយរូបិយវត្ថុផ្តល់អត្ថប្រយោជន៍តិចតួចប៉ុណ្ណោះដល់អ្នកទិញផ្ទះលើកដំបូង៕ប្រភព: Reuters៕

ក្រសួងទេសសចរណ៍ស្វែងរកកិច្ចសហការជាមួយទីក្រុងមួយនៅប្រទេសជប៉ុនដើម្បីលើកកំពស់វិស័យនេះ

ប្រទេសជប៉ុនៈ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោកហួត ហាក់បានជួបពិភាក្សាការងារលើការបង្កើត កិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍រវាងកម្ពុជា និងទីក្រុងណាហ្គូយ៉ា ប្រទេសជប៉ុន។

កិច្ចពិភាក្សានេះធ្វើឡើង ក្នុងដំណើរទស្សនកិច្ចការងារចូលរួមពិព័រណ៍ទេសចរណ៍ជប៉ុន ២០២៥ និងកិច្ចប្រជុំតុមូលថ្នាក់រដ្ឋមន្ត្រីទេសចរណ៍ លោកហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ និងវិស័យឯកជន បានជួបពិភាក្សាការងារជាមួយឯកឧត្តម HIROSAWA Ichiro អភិបាលក្រុងណាហ្គូយ៉ា អំពីការបង្កើតកិច្ចសហប្រតិបត្តិការទេសចរណ៍ រវាងប្រទេសកម្ពុជា និងទីក្រុងណាហ្គូយ៉ា ប្រទេសជប៉ុន នាសាលាក្រុងណាហ្គូយ៉ា។

ក្នុងជំនួបពិភាក្សាការងារដ៏មានសារៈសំខាន់ និងប្រកបដោយផ្លែផ្កា គូភាគី មានទស្សនៈរួមគ្នាថាទាំងប្រទេសកម្ពុជា និងទីក្រុងណាហ្គូយ៉ា ប្រទេសជប៉ុន សុទ្ធតែមានបេតិកភណ្ឌពិភពលោកដូចគ្នា ព្រមទាំងមានសក្តានុពលទេសចរណ៍ ជាមួយនឹងទំនាក់ទំនងការទូតរវាងកម្ពុជា និងជប៉ុនជាង៧២ឆ្នាំ ហើយដែលត្រូវបានតម្លើងកម្រិតជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ គឺពិតជាកត្តាជំរុញការបង្កើតកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ជាមួយគ្នា ដើម្បីផ្សព្វផ្សាយសក្តានុពលទេសចរណ៍ដល់ប្រជាជន នៃគោលដៅទេសចរណ៍ទាំងពីរឱ្យមានកំណើនការធ្វើទេសចរណ៍ កើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ៕

ទីផ្សារការិយាល័យរបស់តំបន់អាស៊ីប៉ាស៊ីហ្វិកឈានចូលដំណាក់កាលថ្មី ខណៈក្រុមហ៊ុនជាច្រើនផ្តោតលើគោលដៅ ESG

ដោយ: គង់ លាងហួរ
អន្តរជាតិ: ទីផ្សារការិយាល័យរបស់តំបន់អាស៊ីប៉ាស៊ីហ្វិកកំពុងឈានចូលដំណាក់កាលថ្មីដែលមានសភាពចាស់ទុំ។នេះបើយោងតាមរបាយការណ៍របស់ក្រុមហ៊ុនប្រឹក្សាយោបល់អចលនទ្រព្យ Cushman & Wakefield ។

ក្រុមហ៊ុនបានគូសបញ្ជាក់ថា បន្ទាប់ពីបានស្គាល់ភាពរីកចម្រើនយ៉ាងឆាប់រហ័សក្នុងរយៈពេល១ទសវត្សរ៍កន្លងមក បច្ចុប្បន្ន បណ្តាក្រុមហ៊ុននៅតំបន់អាសុីកំពុងផ្លាស់ប្តូរវិធីសាស្ត្រប្រើប្រាស់ និងវិធីរៀបចំផែនការជួលការិយាល័យរបស់ខ្លួន។

យោងតាមរបាយការណ៍បានឱ្យដឹងថា ការផ្គត់ផ្គង់អគារការិយាល័យកម្រិត A ក្នុងតំបន់អាសុីប៉ាសុីហ្វិក បានកើនឡើងទ្វេរដងពីចំនួន១,២ពាន់លានហ្វីតការ៉េក្នុងឆ្នាំ២០១៥ ដល់ចំនួន២,៣៣ពាន់លានហ្វីតការ៉េគិតត្រឹមត្រីមាសទី២ ឆ្នាំ២០២៥។

លោក Anshul Jain អ្នកជំនាញរបស់ក្រុមហ៊ុន Cushman & Wakefield លើកឡើងថា បណ្តាក្រុមហ៊ុននៅតំបន់អាសុីកំពុងផ្តល់អាទិភាពកាន់តែខ្លាំងឡើងលើអគារការិយាល័យ ដែលផ្តោតលើបរិស្ថាន សង្គម និងអភិបាលកិច្ចល្អប្រសើរ(ESG)។

ក្រុមហ៊ុន Cushman & Wakefield បានអះអាងថា តម្រូវការការិយាល័យកម្រិត A ដែលមានគុណភាពខ្ពស់នៅក្នុងតំបន់អាសុីប៉ាសុីហ្វិក ត្រូវបានជំរុញជាចម្បងមកពីតម្រូវការនៅតំបន់ចិនដីគោក ប្រទេសឥណ្ឌា និងតំបន់អាស៊ាន។

ស្របពេលទីផ្សារការិយាល័យនៅតំបន់អាស៊ីប៉ាស៊ីហ្វិកកាន់តែមានភាពចាស់ទុំ អគារការិយាល័យនានានឹងត្រូវបានរចនាម៉ូដកាន់តែមានភាពទាក់ទាញ ដោយផ្តោតជាសំខាន់លើទំហំ តម្លៃ គុណភាព គោលដៅ ESG និងនវានុវត្តន៍៕ប្រភព: Edgeprop៕

តើតម្លៃហាងឆេងមាសមានការប្រែប្រួលដូចម្តេចនៅថ្ងៃពុធនេះ?

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះក្នុងការជួញដូរនៅព្រឹកថ្ងៃពុធនេះ បន្ទាប់ពីប្រធានធនាគារកណ្តាលអាមេរិកលោក Jerome Powell បានអះអាងកាលពីថ្ងៃអង្គារម្សិលមិញនេះថា ធនាគារ Fed នឹងនៅតែបន្តរក្សាតុល្យភាពរវាងអតិផរណា និងហានិភ័យក្នុងទីផ្សារការងារ ដើម្បីកំណត់គោលនយោបាយអត្រាការប្រាក់នាពេលអនាគត។

តួយ៉ាង តម្លៃមាស Spot Gold បានធ្លាក់ចុះ០,២៥ភាគរយមកនៅត្រឹម៣៧៥៤,៣៩ដុល្លារក្នុងមួយអោន បន្ទាប់ពីបានបិទការជួញដូរត្រឹមទំហំទឹកប្រាក់ចំនួន៣៧៦៣,៨២ដុល្លារអាមេរិកក្នុងមួយអោនកាលពីថ្ងៃអង្គារម្សិលមិញ។

ជាមួយគ្នានេះ តម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានធ្លាក់ចុះ០,៨២ភាគរយមកនៅត្រឹម៣៧៨៤,៤ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង៩:៤៤នាទីព្រឹកដូចគ្នា បន្ទាប់ពីបានបិទការជួញដូរត្រឹមទំហំទឹកប្រាក់ចំនួន៣៨១៥,៧០ដុល្លារក្នុងមួយអោនកាលពីថ្ងៃអង្គារម្សិលមិញ៕

តើគម្រោងអភិវឌ្ឍន៍ខ្នាតយក្សធំៗនៅតំបន់អាសុីមានទំហំទុនវិនិយោគប៉ុន្មាន និងស្ថិតនៅប្រទេសណាខ្លះ?

ដោយ: គង់ លាងហួរ
អន្តរជាតិ: តំបន់អាស៊ីសម្បូរទៅដោយគម្រោងអភិវឌ្ឍន៍ខ្នាតយក្សជាច្រើន ចាប់ពីទីក្រុងឆ្លាតវៃនាពេលអនាគត រហូតដល់ច្រករបៀងដឹកជញ្ជូនធំៗ។ គម្រោងទាំងនេះមានគោលបំណងជំរុញសេដ្ឋកិច្ច និងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ។

ខាងក្រោមនេះជាគម្រោងអភិវឌ្ឍន៍ខ្នាតយក្សចំនួន៤ នៅតំបន់អាសុី ៖

ទី១: គម្រោងគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ (BRI) របស់ប្រទេសចិន

គម្រោងនេះត្រូវបានដឹកនាំដោយប្រទេសចិន ដោយលាតសន្ធឹងលើទ្វីបអាស៊ី ទ្វីបអឺរ៉ុប និងទ្វីបអាហ្វ្រិក។ គម្រោង BRI មានទំហំទុនវិនិយោគជាង១ទ្រីលានដុល្លារអាមេរិក។

គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវជាយុទ្ធសាស្ត្រអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសកលដ៏ធំមួយ ដើម្បីបង្កើនទំហំដោះដូរពាណិជ្ជកម្ម និងការតភ្ជាប់រវាងប្រទេសចិន និងពិភពលោក តាមរយៈផ្លូវដែក កំពង់ផែ និងផ្លូវហាយវេ)។

ទី២: ច្រករបៀងឧស្សាហកម្ម Delhi-Mumbai (DMIC) របស់ប្រទេសឥណ្ឌា

គម្រោងច្រករបៀងឧស្សាហកម្ម Delhi-Mumbai របស់ប្រទេសឥណ្ឌា ដោយលាតសន្ធឹងចម្ងាយ១.៥០០គីឡូម៉ែត្រ តភ្ជាប់រវាងទីក្រុង Delhi និងទីក្រុងបុមបៃ(Mumbai)។

គម្រោងច្រករបៀងឧស្សាហកម្ម Delhi-Mumbai មានទុនវិនិយោគសរុបប្រហែល១០០ពាន់លានដុល្លារ។ គម្រោងនេះជាតំបន់ឧស្សាហកម្មដ៏ធំ រួមមាន ទីក្រុងឆ្លាតវៃ ច្រករបៀងដឹកជញ្ជូនពិសេស និងមជ្ឈមណ្ឌលដឹកជញ្ជូន។

ទី៣: គម្រោងផ្លូវដែកល្បឿនលឿន Chuo Shinkansen របស់ប្រទេសជប៉ុន

គម្រោងផ្លូវដែកល្បឿនលឿន Chuo Shinkansen តភ្ជាប់ពីទីក្រុងតូក្យូ ទៅកាន់ទីក្រុងណាហ្គោយ៉ា(Nagoya) ដែលមានទុនវិនិយោគសរុបចំនួន៨៤ពាន់លានដុល្លារ។

រថភ្លើងនឹងអាចរត់ក្នុងល្បឿន៥០០គីឡូម៉ែត្រក្នុងមួយម៉ោង។ បច្ចុប្បន្ន គម្រោងនេះកំពុងស្ថិតក្រោមការសាងសង់ ដោយគ្រោងបញ្ចប់រួចរាល់នៅឆ្នាំ២០៣៧ខាងមុខ។

ទី៤: គម្រោងទីក្រុង Forest City របស់ប្រទេសម៉ាឡេស៊ី

គម្រោងទីក្រុង Forest City មានទីតាំងនៅរដ្ឋ Johor របស់ប្រទេសម៉ាឡេស៊ី នៅជិតប្រទេសសិង្ហបុរី។ គម្រោងខ្នាតយក្សនេះមានទុនវិនិយោគសរុបជាង១០០ពាន់លានដុល្លារ។

គម្រោងទីក្រុង Forest City ជាទីក្រុងអេកូឆ្លាតវៃ ដែលត្រូវបានសាងសង់នៅលើដីជាប់មាត់សមុទ្រ រួមមានស្ថាបត្យកម្មបៃតង ដើម្បីទាក់ទាញជនបរទេស និងការវិនិយោគ៕ប្រភព: LinkedIn៕

អភិបាលខេត្តបាត់ដំបងស្នើក្រុមហ៊ុនចិនមកវិនិយោគនៅក្នុង មូលដ្ឋានរបស់ខ្លួន

ដោយៈ គង់ សូរិយា

    បាត់ដំបងៈ អភិបាលនៃគណៈអភិបាលខេត្តបាតំដំបង លោក សុខ លូ បានស្នើសុំឲ្យក្រុមហ៊ុនចិនមកវិ​និយោគនៅក្នុងខេត្ត ដោយលោកបានលើកឡើង ពីសក្តានុពលជាច្រើនរបស់ខេត្តមួយនេះ។

សំណើរនេះត្រូវបានលើកឡើង ក្នុងឱកាសលោកទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក លូ ឈីជឺ ប្រធានការិយាល័យកុងស៊ុលចិន ប្រចាំខេត្តសៀមរាប ដើម្បីពង្រឹងទំនាក់ទំនង កិច្ចសហប្រតិបត្តិការ និងស្វែងយល់ពីសក្តានុពលនៅខេត្តបាត់ដំបង ។

លោកសុខ លូ បានថ្លែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅ ជូនចំពោះ លោកលូ ឈីជឺ ប្រធានការិយាល័យកុងស៊ុលចិន ប្រចាំខេត្តសៀមរាប ដែលបានមកបំពេញទស្សនកិច្ចនៅខេត្តបាត់ដំបង ។

ឆ្លៀតក្នុងឱកាសនេះ លោកអភិបាលខេត្តបានជម្រាបជូន លោកឯកឧត្តម អគ្គកុងស៊ុល ពីសក្តានុពលរបស់ខេត្តបាត់ដំបងថា បាត់ដំបងជាខេត្តស្ថិតនៅភាគពាយ័ព្យនៃ ប្រទេសកម្ពុជា មានព្រំប្រទល់ជាប់នឹងប្រទេសថៃប្រវែងជាង១៤៤,៨គីឡូម៉ែត្រ មានច្រកអន្តរជាតិ២ និងច្រកតំបន់៣ជាមួយប្រទេសថៃ ។

ខេត្តបាត់ដំបងជាខេត្តដែលមានសក្ដានុពល លើវិស័យកសិកម្ម និងទេសចរណ៍ និងសេវាកម្ម មានប្រជាជនជាង១លាន៣សែននាក់ មាន១៤ ក្រុង-ស្រុក ភាគច្រើន បងប្អូនប្រជាពលរដ្ឋប្រកបរបរកសិកម្ម ។ ខេត្តនេះ គឺជាខេត្តដែលកំពុងអភិវឌ្ឍន៍ មិនត្រឹមតែមានសក្ដានុពលខាងផ្នែកកសិកម្មប៉ុណ្ណោះទេ ថែមទាំងមានសក្តានុពលខាងផ្នែកទេស​ចរណ៍ផងដែរ ដោយក្នុងក្រុងបាត់ដំបង មានសំណង់បុរាណជាង ៨០០ខ្នងផ្ទះ និងមានវត្តបុរាណជាច្រើន ដែលមានវ័យចំណាស់ជាង ១០០ឆ្នាំត្រូវបានថែរក្សា និងអភិរក្ស ។

លោកអភិបាលខេត្ត បានស្នើភាគីចិន ជួយកៀរគរអ្នកវិនិយោគ ចិនមក បណ្ដាក់ទុនរកស៊ីនៅកម្ពុជា លើការកែច្នៃ ផលិតផល កសិកម្ម ដ៏សំបូរបែប ។

ពាក់ព័ន្ធ បញ្ហាព្រំដែន កម្ពុជា-ថៃ លោកសុខ លូ បានថ្លែងថាប្រទេសកម្ពុជាចង់បានសន្តិភាព បូរណភាពទឹកដី និងព្រំប្រទល់មានការទទួលស្គាល់ដោយអន្តរជាតិ ហើយកម្ពុជាមិនចង់មានសង្គ្រាមជា​មួយប្រទេសជិតខាងណាមួយឡើយ។ កម្ពុជាចង់បានសន្តិភាព ដូច្នេះ​សូមឱ្យ លោកប្រធានការិយាល័យកុងស៊ុលចិន ប្រចាំខេត្តសៀមរាប ជួយអំពាវនាវ ឱ្យអន្តរជាតិទទួលស្គាល់នូវការខិតខំតប្រឹងប្រែងរបស់កម្ពុជា ដើម្បីទទួលបានសន្តិភាព។

ជាការឆ្លើយតប លោក លូ ឈីជឺ ប្រធានការិយាល័យកុងស៊ុលចិន ប្រចាំខេត្តសៀមរាប បានទទួលយកនូវអ្វី ដែលអ្វីដែលលោកអភិ​បាលខេត្ត បានលើកឡើង។

លោក លូ ឈីជឺ ប្រធានការិយាល័យកុងស៊ុលចិន ប្រចាំខេត្តសៀមរាប ក៏បានថ្លែងអំណរគុណ ដល់រដ្ឋបាលខេត្តបាត់ដំបង ដែលបានទទួលស្វាគមន៍យ៉ាងរាក់ទាក់ និងផ្តល់ការគាំទ្រដល់កិច្ចសហប្រតិ​បត្តិការ និងបានផ្តល់ឱកាសបានសិក្សាស្វែងយល់ពីសក្តានុពល និងស្វែងយល់អំពីឱកាសវិនិយោគ ក្នុងខេត្តបាត់ដំបង ដែលជាខេត្តដ៏ល្អមួយនេះ ជាពិសេសយើងមានឆន្ទៈដូចគ្នា ក្នុងការជួយអភិវឌ្ឍប្រទេសជាតិ។

លោកបញ្ជាក់ថា ការជួបសម្តែងការគួរសមនាពេលនេះដែរ គឺមានគោលបំណង ដើម្បីស្វែងរកការគាំទ្រ និងជួយលើកកម្ពស់កិច្ចសហប្រតិបត្តិការ លើកកម្ពស់ការធ្វើពាណិជ្ជកម្ម និងការលើកកម្ពស់វិស័យទេសចរណ៍ និងការទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ការវិនិយោគរវាងប្រទេសទាំងពីរ ជាពិសេសខេត្តបាត់ដំបង និងសាធារណៈរដ្ឋប្រជាមានិតចិន ដើម្បីលើកតម្កើងនូវស្ថានភាពសេដ្ឋកិច្ចរបស់ប្រជាជននៃប្រទេសទាំងពីរ ឲ្យមានភាពល្អប្រសើរឡើងថែមទៀត៕

បណ្តាក្រុមហ៊ុនអចលនទ្រព្យកូរ៉េខាងត្បូងស្វែងរកហិរញ្ញប្បទានពីបរទេស ខណៈធនាគារក្នុងស្រុករឹតបន្តឹងការផ្តល់កម្ចី

ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមកាសែត Korea Times បានចុះផ្សាយថា បណ្តាក្រុមហ៊ុនអចលនទ្រព្យនៅក្នុងប្រទេសកូរ៉េខាងត្បូងកំពុងស្វែងរកហិរញ្ញប្បទានថ្មីពីក្រៅប្រទេស ខណៈធនាគារក្នុងស្រុករបស់កូរ៉េខាងត្បូងបានកាត់បន្ថយការផ្តល់ប្រាក់កម្ចី ដើម្បីបង្កើនប្រសិទ្ធភាពផ្នែកហិរញ្ញវត្ថុរបស់ខ្លួន។

លោក Matthew Sohn នាយកប្រតិបត្តិនៃក្រុមហ៊ុន CapitaLand Investment Korea បានលើកឡើងថា“បច្ចុប្បន្ននេះ ធនាគារនានារបស់ប្រទេសកូរ៉េខាងត្បូងប្រឈមមុខនឹងបញ្ហាបំណុល ដោយសារទីផ្សារអចលនទ្រព្យធ្លាក់ចុះ។ការណ៍នេះជំរុញឱ្យបណ្តាអ្នកអភិវឌ្ឍន៍អចលនទ្រព្យងាកទៅរកកញ្ចប់ឥណទានពីក្រៅប្រទេស”។

និន្នាការនេះបានកើតមានឡើង ស្របពេលដែលទីផ្សារអចលនទ្រព្យរបស់ប្រទេសកូរ៉េបន្តធ្លាក់ចុះ។ជាមួយគ្នានោះ ការផ្គត់ផ្គង់លំនៅដ្ឋានលើសតម្រូវការ និងការកើនឡើងនៃថ្លៃដើមសំណង់បានបង្កជាបញ្ហាប្រឈមសម្រាប់បណ្តាអ្នកអភិវឌ្ឍន៍។

ទំហំប្រាក់កម្ចីដែលមានបញ្ហា(Troubled loan) ក្នុងវិស័យអចលនទ្រព្យកូរ៉េខាងត្បូង បានហក់ឡើងដល់ចំនួន៦២១,១ពាន់លានវ៉ុន គិតនៅត្រឹមខែមិថុនា ឆ្នាំ២០២៥នេះ បើប្រៀបធៀបនឹងចំនួន៤១៩,៣ពាន់លានវ៉ុនកាលពីខែមិថុនា ឆ្នាំ២០២៤។

ទោះជាយ៉ាងណា តម្រូវការអចលនទ្រព្យពាណិជ្ជកម្មនៅក្នុងប្រទេសកូរ៉េខាងត្បូងត្រូវបានគេរំពឹងថា នឹងបន្តមានស្ថិរភាព។ យោងតាមក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ CBRE បានឱ្យដឹងថា ទំហំនៃការទិញ-លក់អចលនទ្រព្យពាណិជ្ជកម្មនៅឆ្នាំ២០២៥ នៅប្រទេសនេះនឹងស្ថិតក្នុងសភាពទ្រឹង ឬអាចកើនឡើងតិចតួច៕ប្រភព: Korea times៕

ក្រសួងទេសចរណ៍ចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនទេសចរណ៍ NTITS

ដោយៈ ម៉ាលីនណា

ភ្នំពេញៈ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសច​រណ៍នៃក្រសួងទេសចរណ៍ បានចុះហត្ថលេខាសហការជាមួយក្រុមហ៊ុនធំមួយរបស់ចិន ដើម្បីពង្រីកការផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា។

ពិធីនេះធ្វើឡើងក្រោមអធិបតីភាព លោកហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វ ផ្សា​យទេសចរណ៍កម្ពុជា (CTB)មន្រ្តីពាក់ព័ន្ឋ និងតំណាងក្រុមហ៊ុនNTITS

 

ក្រុមហ៊ុនចិនធំមួយកំពុងត្រៀមសាងសង់តំបន់សេដ្ឋកិច្ចពិសេស ថ្មីមួយនៅក្រុងបាវិត

ដោយៈ ម៉ាណា

    ភ្នំពេញៈ ក្រុមហ៊ុន វ៉ាន់លី ថាយអឺ (Wanli Tire) បាននិងកំពុងសាងសង់តំបន់សេដ្ឋកិច្ចពិសេស ស៊ីនបាវិត នៅក្រុងបាវិត។

ព័ត៌មាននេះត្រូវបានលើកឡើង ក្នុងពេលលោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានទទួលជួបលោក You Jinbiao ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន វ៉ាន់លី ថាយអឺ (Wanli Tire Cambodia Co., Ltd.) ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ។

ជំនួបនាឱកាសនេះត្រូវបានរៀបចំឡើង ដើម្បីអនុញ្ញាតឱ្យក្រុមហ៊ុនបានជម្រាបជូនដោយផ្ទាល់ អំពីវឌ្ឍនភាពការសាងសង់រោងចក្ររបស់ខ្លួនក្នុងតំបន់សេដ្ឋកិច្ចពិសេស ស៊ីនបាវិត ក្នុងក្រុងបាវិត នៃខេត្តស្វាយរៀង ជូនលោកឧបនាយករដ្ឋមន្ត្រីបានជ្រាប ក្រោយការដ្ឋាននេះបានចាប់ផ្ដើមសាងសង់កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤កន្លងទៅ។

តំណាងក្រុមហ៊ុន វ៉ាន់លី ថាយអឺ បានឆ្លៀតឱកាសនេះ ដើម្បីថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការគាំទ្ររបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងគ្រប់បណ្ដាក្រសួង ស្ថាប័នពាក់ព័ន្ធដែលបានសម្របសម្រួល ដល់កិច្ចវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជាអាចប្រកបទៅដោយរលូន រហូតអនុញ្ញាតឱ្យក្រុមហ៊ុនអាចបិទបញ្ចប់ការដ្ឋានសាងសង់ និងផ្ដើមផលិតកម្មនាពេលឆាប់ៗខាងមុខនេះ។

លោកប្រធានក្រុមប្រឹក្សាភិបាល ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកឧបនាយករដ្ឋមន្ត្រី ដែលបានខិតខំប្រឹងប្រែងទាក់ទាញក្រុមហ៊ុនឱ្យមកវិនិយោគនៅកម្ពុជា និងបន្តរក្សាបាននូវទំនុកចិត្តរបស់ក្រុមហ៊ុនមកលើប្រទេសកម្ពុជា។

តំណាងក្រុមហ៊ុនក៏បានជម្រាបបន្ថែមថា ក្រោយចាប់ផ្ដើមអនុវត្តពេញផលិតកម្ម ក្រុមហ៊ុនរំពឹងនឹងអាចផ្ដល់ឱកាសការងារបានប្រមាណ ១៥០០កន្លែង ហើយខ្លួននឹងរៀបចំ ឱ្យមានវគ្គបណ្ដុះបណ្ដាលពង្រឹងសមត្ថភាព ពិសេសឱកាសជូននិយោជិត ទៅសម្រួចបច្ចេកទេសនៅប្រទេសចិនបន្ថែមផងដែរ។

មានប្រសាសន៍ក្នុងឱកាសនេះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់ក្រុមហ៊ុន ដែលបានជឿទុកចិត្តរាជរដ្ឋាភិបាលកម្ពុជា រហូតសម្រេចចិត្តមកបណ្ដាក់ទុនវិនិយោគ បង្កើតរោងចក្ររបស់ខ្លួននៅកម្ពុជា។

លោកបញ្ជាក់ថា “ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នឹងបន្តជំរុញការសម្របសម្រួល គាំទ្រការវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជា កាន់តែរីកចម្រើន អាចបង្កើតការងារជូនប្រជាពលរដ្ឋខ្មែរ បានកាន់តែច្រើនបន្ថែមទៀត”៕

តំបន់សេដ្ឋកិច្ចពិសេសរបស់កម្ពុជាទាក់ទាញបានទំហំវិនិយោគពីប្រទេសចិនរហូតដល់៣៤០០លានដុល្លារ

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ ប្រទេសចិននៅតែជាដៃគូវិនិយោគធំជាងគេនៅកម្ពុជា ដោយការវិនិយោគ របស់អ្នកធុរកិច្ចចិន នៅតាមតំបន់សេដ្ឋកិច្ចពិសេសសម្រេចបានទឹកប្រាក់ប្រមាណ៣៤០០លានដុល្លារអាមេរិក។

តំបន់សេដ្ឋកិច្ចពិសេស(SEZ) ​កំពុង​ដើរតួនាទីយ៉ាងសំខាន់ក្នុងការទាក់ទាញវិនិយោគគិន​បរទេស ​ពិសេសវិនិយោគិន​ចិន​ឱ្យ​ចូល​មក​បណ្តាក់​ទុន​ផ្ទាល់​នៅ​កម្ពុជា​កាន់​តែ​ច្រើន​ ខណៈ​គិត​​ត្រឹម​ឆ្នាំ​២០២៤ ការវិនិយោគផ្ទាល់​របស់​​វិនិយោគិនចិន​នៅ​កម្ពុជា មាន​ទឹក​ប្រាក់​ប្រមាណ៣,៤​ពាន់​​លាន​ដុល្លារ កើន​ឡើង​​​ពីចំនួនក្រោម​៥០០លាន​ដុល្លារក្នុង​​ឆ្នាំ​២០១២។​នេះ​បើតាម​លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) និងជាសហប្រធានគណៈកម្មាធិការ សម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន​ ក្នុង​ជំនួប​ពិភាក្សាការងារជាមួយ លោកវ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន នៅ​ក្នុង​រដ្ឋធានីប៉េកាំង ប្រទេស​ចិន កាល​ពីដើមសប្តាហ៍នេះ។

ក្នុង​ពិធី​នេះ​ក៏​មាន​​ការ​ចូល​រួម​ពី ​លោកស្រី សឿង រដ្ឋចាវី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេស​​ចិន លោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ព្រម​ទាំង​អ្នក​ពាក់​ព័ន្ធ​ជា​ច្រើនរូប​ទៀត​​។

ជំនួប​នេះ​មាន​គោល​បំណង​​ជំរុញ ​ការ​ពង្រឹងកិច្ចសហប្រតិបត្តិការ និងការអនុវត្ត គម្រោងផែនការនានាលើវិស័យមួយ​ចំនួន ​ដូចជា ហេដ្ឋារចនាសម្ព័ន្ធ វិនិយោគ ពាណិជ្ជកម្ម កសិកម្ម ឧស្សាហកម្ម សុខាភិបាល វប្បធម៌ និងបច្ចេកវិទ្យា ដែលស្ថិតក្រោមក្របខណ្ឌនៃអនុស្សរណៈនៃការយោគយល់គ្នា និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន។ បន្ថែម​លើ​នេះក៏​មាន​ការ​​ពិភាក្សា លើ​​គម្រោងព្រែកជីកហ្វូណនតេជោ និង​ជា​ពិសេស​គម្រោងពង្រីក ការនាំចេញទំនិញ​ពីកម្ពុជាទៅកាន់ប្រទេសចិន ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងគម្រោងច្រករបៀងត្រី និងអង្ករ ជាដើម។

​​លោក ស៊ុន ចាន់ថុល បាន​ថ្លែងអំណរគុណចំពោះ លោក​ វ៉ាង យី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹក ទទួលស្វាគមន៍​ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូកម្ពុជា។ ការស្វាគមន៍នេះ បានឆ្លុះបញ្ចាំងពីចំណងមិត្តភាពដ៏រឹងមាំ និង​​ទំនាក់ទំនងដែកថែបរវាងកម្ពុជា-ចិន​ផងដែរ​។

លោក​លើក​ឡើង​ទៀត​ថា “កិច្ចសហប្រតិបត្តិការវិនិយោគរវាងកម្ពុជា-ចិន បាន​រីកចម្រើនគួរឱ្យកត់សម្គាល់ ដោយ​លំហូរវិនិយោគផ្ទាល់ពីនៅ​បរទេស(FDI) ពី​សំណាក់វិនិយោគិន​ចិន​ដែល​កាលពីឆ្នាំ២០១២ មានទំហំតិចជាង៥០០លានដុល្លារ ប៉ុន្តែ​ក្នុងឆ្នាំ២០២៤ កន្លង​មក​បាន​កើនឡើងដល់ប្រមាណ៣,៤ ពាន់លានដុល្លារ”។

តំបន់​សេដ្ឋកិច្ច​ពិសេស ​បាន​ក្លាយ​ជា​ចំណែក​ដ៏​សំខាន់​ ដែល​ជួយ​បង្កើន​ភាព​ទាក់​ទាញឱ្យ​​​វិនិយោគិន​បរទេស ​​ឱ្យ​ចូល​មក​វិនិយោគផ្ទាល់​នៅ​កម្ពុជា។​

លោក​បាន​ថ្លែង​ថា “​តំបន់សេដ្ឋកិច្ចពិសេស កំពុង​ដើរតួនាទីយ៉ាងសំខាន់ក្នុងការទាក់ទាញវិនិយោគផ្ទាល់ ពីបរទេសពិសេសពីប្រទេសចិនឱ្យ​មក​បណ្តាក់​ទុន​ផ្ទាល់​នៅកម្ពុជា​”។

លោក វ៉ាង យី បានវាយតម្លៃខ្ពស់លើកិច្ចសហប្រតិបត្តិការត្បូងពេជ្រចិន-កម្ពុជា ដែលរួមចំណែកដល់ការពង្រឹង មិត្តភាពដែកថែបឱ្យកាន់តែកក់ក្តៅ សំដៅបង្កើតសហគមន៍វាសនារួម និងផលប្រយោជន៍ទៅវិញទៅមក។

លោក ចាន់ថុលបានឲ្យដឹងថា បច្ចុប្បន្នកម្ពុជាបានអនុម័តតំបន់សេដ្ឋកិច្ចពិសេសចំនួន៥៧តំបន់ ក្នុងនោះមាន១១ គឺជាការវិនិយោគរបស់វិនិយោគិនចិន។ គិតចាប់ពីឆ្នាំ២០២០ ដល់ខែកក្កដា ឆ្នាំ២០២៥ មានគម្រោងវិនិយោគប្រមាណ៤០០​គម្រោង ​បានចូលមកបណ្ដាក់ទុនវិនិយោគរួចរាល់នៅក្នុងតំបន់សេដ្ឋកិច្ចទាំងនោះ។

ទិន្នន័យ​របស់​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា(GDCE)​​ ​បានឲ្តដឹង​ថា ក្នុង​រយៈ​ពេល ៨ខែ​ដើម​ឆ្នាំ​២០២៥ ការ​ធ្វើ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា-ចិន មាន​ទឹក​ប្រាក់​សរុប១២,៧ពាន់​លាន​ដុល្លារ កើន​ឡើង២៦% បើ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​ឆ្នាំ​២០២៤ ដោយ​ទំនិញ​កម្ពុជា​នាំទៅ​ចិន មាន​ទឹក​ប្រាក់១,០៦ពាន់​លាន​ដុល្លារ ថយចុះ៨% ចំណែក​ចិននាំមក​វិញ១១,៦៤ពាន់​លាន​ដុល្លារ កើន​ឡើង៣០,៤%៕