គំរោងសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្មលំដាប់ផ្កាយ៥នៅខេត្តព្រះសីហនុតម្លៃ១០០០លានដុល្លារកំពុងសម្រេចបានវឌ្ឍនភាព

0
គំរោងសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្មលំដាប់ផ្កាយ៥នៅខេត្តព្រះសីហនុតម្លៃ១០០០លានដុល្លារកំពុងសម្រេចបានវឌ្ឍនភាព
គំរោងសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្មលំដាប់ផ្កាយ៥នៅខេត្តព្រះសីហនុតម្លៃ១០០០លានដុល្លារកំពុងសម្រេចបានវឌ្ឍនភាព

ដោយៈ ម៉ាលីនណា

    ព្រះសីហនុៈ អភិបាលនៃគណអភិបាលខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតី ក្នុងពិធីដំឡើងធ្នឹមសំណង់ទម្ងន់១៨០០តោន នៃគម្រោងសណ្ឋាគារលំដាប់ផ្កាយ៥ នៅក្រុងព្រះសីហនុ។

ការដំឡើងធ្នឹមជាប្រវត្តិសាស្ត្រ ធ្នឹមដែលត្រូវបានដំឡើងតភ្ជាប់សំណង់អគារសណ្ឋាគារនាពេលនេះ មានទម្ងន់សរុបប្រមាណ ១,៨០០តោន ដែលមានបណ្តោយប្រវែង៥០ម៉ែត្រ និងទទឹង២៥ម៉ែត្រ។

ការងារស្ទូចដែកតំណរជាឆ្អឹងអាគារនេះ ត្រូវបានលើកឡើងកម្ព​ស់១៣ជាន់ ស្មើនឹង៥៩ម៉ែត្រ ដោយភ្ជាប់ពីជាន់ទី១៣ ដល់ជាន់ទី១៦ ក្នុងល្បឿន៥ម៉ែត្រក្នុងមួយម៉ោង និងប្រើប្រាស់ពេល២ថ្ងៃ។ ភាពជោគ​ជ័យនៃការដំឡើងធ្នឹមដ៏ធ្ងន់នេះ បានបង្ហាញពីសមត្ថភាពបច្ចេកទេ​ស និងវឌ្ឍនភាពដ៏លឿនរបស់គម្រោង។

គម្រោងរបស់ក្រុមហ៊ុន Peninsula Bay Investment Co., Ltd. នេះ កំពុងដំណើរការសាងសង់លើផ្ទៃដី សរុបប្រមាណ១៦ហិកតា ជាមួយនឹងទុនវិនិយោគដំបូង ប្រមាណ៥៧៤លានដុល្លារអាមេរិក។

តាមការវាយតម្លៃរបស់ក្រុមហ៊ុន នៅពេលបញ្ចប់ការសាងសង់ទាំងស្រុងនៅឆ្នាំ២០២៨ ទុនវិនិយោគនឹងកើនឡើងដល់ប្រមាណ១ ពាន់លានដុល្លារអាមេរិក ដែលនឹងក្លាយជាគម្រោងដ៏សំខាន់មួយ នៅក្នុងខេត្តព្រះសីហនុ។

គិតមកដល់បច្ចុប្បន្ន គម្រោងទាំងមូលបានសាងសង់រួចរាល់ប្រមាណ៤៥ភាគរយ ហើយក្នុងនោះ អគារសណ្ឋាគារលំដាប់ផ្កាយប្រាំ (កម្ពស់៣៧ ជាន់ ចំនួន២,៨៧០បន្ទប់) បានសង់ដល់កម្ពស់៣០ជាន់។

ដោយឡែកអគារការិយាល័យ និងខុនដូ បានប្រមាណ៨០ភាគរយ ហើយគ្រោងនឹងដាក់ឱ្យប្រើប្រាស់ នៅពាក់កណ្តាលឆ្នាំ២០២៦ ខាងមុខនេះ។

តាំងពីចាប់ផ្តើមសាងសង់នៅដើមឆ្នាំ២០២៤ គម្រោងនេះបានផ្តល់ឱកាសការងារសរុបប្រមាណ៣,០០០នាក់ និងប៉ាន់ស្មានថានឹងផ្តល់ការងារជូនប្រជាពលរដ្ឋកម្ពុជា ប្រមាណជាង៥,០០០នាក់ នៅពេលបញ្ចប់។

គម្រោងនេះត្រូវបានបែងចែកជា២តំបន់ដូចជា តំបន់B: ជាអគារខុនដូរ និងអគារពាណិជ្ជកម្ម គ្រោងបញ្ចប់នៅដើមឆ្នាំ២០២៦ និងតំបន់A: សណ្ឋាគារលំដាប់ផ្កាយ៥ ផ្សារទំនើប និងសួនកម្សាន្តផ្សេងៗ គ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៨។

ការអភិវឌ្ឍដ៏ធំនេះ នឹងចូលរួមចំណែកយ៉ាងសកម្ម ក្នុងការប្រែក្លាយខេត្តព្រះសីហនុ ឱ្យទៅជាតំបន់ពាណិជ្ជកម្ម និងទេសចរណ៍លំដាប់អន្តរជាតិ ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា។

កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ ក្រុមហ៊ុនបានចុះកិច្ចព្រមព្រៀងជាដៃគូសហការដ៏សំខាន់ ជាមួយសណ្ឋាគារអន្តរជាតិ Intercontinental (IHG) និងក្រុមហ៊ុន Luxury Business Group (LBG) ក្រោមអធិបតីភាពលោកម៉ាង ស៊ីណេតផងដែរ។

កិច្ចសហការនេះ មានគោលបំណងជំរុញទំនាក់ទំនង ជាមួយក្រុមហ៊ុនបរទេស ដើម្បីនាំយកផលិតផលគុណភាពខ្ពស់ និងទុនវិនិយោគបន្ថែមទៀតមកកាន់កម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here