ផ្លូវជាតិលេខ៣១ដើរតួនាទីសំខាន់បែបណា និងភ្ជាប់ពីតំបន់ ណាទៅតំបន់ណា?

ដោយៈ គង់ សូរិយា

    តាកែវ/កំពតៈ ផ្លូវជាតិលេខ៣១ (បែកគុស-កំពង់ត្រាច) គឺជាផ្លូវសេដ្ឋកិច្ចដ៏មានសក្តានុពល តភ្ជាប់ពីផ្លូវជាតិលេខ៣ ទៅកាន់ផ្លូវជាតិលេខ៣៣ ត្រង់ចំណុចប្រសព្វនៃស្រុកកំពង់ត្រាច និងតភ្ជាប់ទៅកាន់ច្រកទ្វារព្រំដែនអន្តរជាតិកម្ពុជា-វៀតណាម (ព្រែកចាក)។

ក្រសួងសាធារណការ និងដឹកជញ្ជូនបានឲ្យដឹងងា ផ្លូវនេះដើរតួនាទីយ៉ាងសំខាន់ ក្នុងការសម្រួលដល់ការធ្វើដំណើរ របស់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរ និងបម្រើដល់ការដឹកជញ្ជូនទំនិញគ្រប់ប្រភេទ និងកសិផល ទៅកាន់ទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិ។

ផ្លូវជាតិលេខ៣១ មានប្រវែងសរុបចំនួន៥៣,៥៣ គីឡូម៉ែត្រមានចំណុចចាប់ផ្ដើមពីបែកគុស (ចំណុចប្រសព្វផ្លូវជាតិលេខ៣) ទៅដល់ទីរួមស្រុកកំពង់ត្រាច (ចំណុចតភ្ជាប់ផ្លូវជាតិលេខ៣៣) ត្រូវបានស្ដារ និងលើកកម្រិតគុណភាព ជាប្រភេទផ្លូវក្រា​លបេតុងកៅស៊ូAC មានកម្រាស់៧សង់ទីម៉ែត្រ និងទទឹង១១ម៉ែត្រ និងបានសម្ពោធ បើកឱ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥៕

វិបត្តិអចលនទ្រព្យនៅប្រទេសចិនរំពឹងអូសបន្លាយដល់ឆ្នាំ២០២៦ និងជះផលប៉ះពាល់ដល់ទ្រព្យសកម្មរបស់ធនាគារនានា

ដោយ: សហសេវិក
អន្តរជាតិ: យោងតាមទីភ្នាក់ងារ ​​Fitch Ratings បានឱ្យដឹងថា វិបត្តិអចលនទ្រព្យរបស់ប្រទេសចិននឹងអូសបន្លាយដល់ឆ្នាំ២០២៦ ហើយនឹងជះផលប៉ះពាល់ដល់ទ្រព្យសកម្មរបស់ធនាគារនានា ទោះបីជារដ្ឋាភិបាលចិនបានព្យាយាមជំរុញតម្រូវការលំនៅដ្ឋានយ៉ាងណាក្តី។

លោកស្រី Lulu Shi នាយិកាមួយរូបនៅក្រុមហ៊ុន Fitch Ratings បានលើកឡើងថា ការលក់ផ្ទះថ្មីនៅប្រទេសចិន អាចនឹងដាំក្បាលចុះចន្លោះពី១៥ភាគរយទៅ២០ភាគរយនៅឆ្នាំ២០២៦ បើគិតពីផ្ទៃក្រឡា មុនពេលវិស័យនេះមានស្ថិរភាព។

លោកស្រីបានបន្ថែមថា បើគិតពីទំហំទឹកប្រាក់សរុប ការលក់ផ្ទះនៅប្រទេសចិន​នឹង​ធ្លាក់ចុះចន្លោះ​ពី៧ភាគរយទៅ១០ភាគរយ​ទៀត​នៅ​ឆ្នាំ២០២៦ខាងមុខ។

លោកស្រី Shi បានបន្តថា «ការដាក់ចេញវិធានការជំរុញសេដ្ឋកិច្ចជាបន្តបន្ទាប់របស់ប្រទេសចិនមិនបានអូសទាញទីផ្សារលំនៅដ្ឋានចេញពីវិបត្តិនោះទេ»។

លោកស្រីបានគូសបញ្ជាក់ថា «ការងើបឡើងវិញនៃទីផ្សារអចលនទ្រព្យក្នុងប្រទេសចិននឹងកើតឡើង លុះត្រាតែទីផ្សារការងារមានស្ថិរភាព និងប្រាក់ចំណូលគ្រួសារងើបឡើងវិញ ដែលតម្រូវឱ្យមានការដាក់ចេញកញ្ចប់គោលនយោបាយរយៈពេលវែង»។

លោកស្រី Vivian Xue នាយិកាស្ថាប័នហិរញ្ញវត្ថុនៅក្រុមហ៊ុន Fitch Ratings បានអះអាងថា ការទាញទម្លាក់ទស្សនវិស័យទីផ្សារលំនៅដ្ឋានក្នុងប្រទេសចិនមានន័យថា បំណុលអាក្រក់របស់ធនាគារនានានឹងនៅតែបន្តកើនឡើងនៅឆ្នាំក្រោយ។

លោកស្រីបានបន្ថែមថា ការថយចុះនៃសមត្ថភាពរបស់គ្រួសារក្នុងការទូទាត់សងប្រាក់កម្ចីទិញផ្ទះ និងប្រាក់កម្ចីផ្ទាល់ខ្លួនផ្សេងទៀត នឹងធ្វើឱ្យគុណភាពទ្រព្យសកម្មរបស់ធនាគារនានាធ្លាក់ចុះនៅឆ្នាំ២០២៦។

យោងតាមទិន្នន័យផ្លូវការបានបង្ហាញថា បណ្តាធនាគារនៅប្រទេសចិន មានទំហំប្រាក់កម្ចីមិនដំណើរការសរុបចំនួន៣,៤ទ្រីលានយ័ន(Non-performing loan) គិតត្រឹមចុងខែមិថុនា ឆ្នាំ២០២៥៕ប្រភព: Bloomberg៕

តើតម្លៃហាងឆេងមាសមានអ្វីប្រែប្រួលសំខាន់ៗដូចម្តេចនៅព្រឹកថ្ងៃសុក្រនេះ?

ដោយ: សហសេវិក
អន្តរជាតិ: តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះមកវិញក្នុងការជួញដូរនៅព្រឹកថ្ងៃសុក្រនេះ បន្ទាប់ពីបានស្ទុះងើបឡើងថ្លៃលើស៤.០០០ដុល្លារក្នុងមួយអោនក្នុងពេលបិទការជួញដូរកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ខណៈភាពតានតឹងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងប្រទេសចិនបានថយចុះ។

តួយ៉ាង តម្លៃមាស Spot Gold បានធ្លាក់ចុះ០,៣១ភាគរយមកនៅត្រឹម៤០១០,៦៩ដុល្លារអាមេរិកក្នុងមួយអោន គិតត្រឹមម៉ោង៩:៥៨នាទីព្រឹកថ្ងៃសុក្រនេះ បន្ទាប់ពីបានងើបឡើងដល់៤០២៣,២២ដុល្លារក្នុងមួយអោនពេលបិទការជួញដូរត្រឹមកាលពីថ្ងៃព្រហស្បតិ៍ បើធៀបនឹងតម្លៃបិទការជួញដូរត្រឹម៣៩២៩,៣៦ដុល្លារអាមេរិកក្នុងមួយអោនកាលពីថ្ងៃពុធ។

ទោះជាយ៉ាងណា តម្លៃមាស U.S. gold futures បានងើបឡើង០,១៦ភាគរយដល់៤០២២,៣០ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង៩:៥៨នាទីព្រឹកដូចគ្នា បន្ទាប់ពីបានបិទការជួញដូរត្រឹមទំហំទឹកប្រាក់ចំនួន៤០១៥,៩ដុល្លារកាលពីថ្ងៃព្រហស្បតិ៍ និងចំនួន៤០០០,៧ដុល្លារក្នុងមួយអោនកាលពីថ្ងៃពុធ៕

ក្រុងកោះរ៉ុងប្រារពព្រឹត្តិការណ៍ធំមួយ ខណៈកោះនេះកាន់តែមានប្រជាប្រិយភាពលើឆាកអន្តរជាតិ

ដោយៈ ម៉ាណា

    ព្រះសីហនុៈ ទីក្រុងកោះរ៉ុងដ៏មានប្រជាប្រិយភាព បាននិងកំពុងរៀបចំព្រឹត្តិការណ៍កីឡាធំមួយ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ។

ព្រឹត្តិការណ៍កីឡាទេសចរណ៍តំបន់ឆ្នេរ ក្រោមប្រធានបទ “KOH RONG THE LAND OF SMILE ក្នុងន័យទេសចរណ៍រីកលូតលាស់ក្នុងសន្តិភាព” “កីឡាដើម្បីទេសចរណ៍ ទេសចរណ៍ដើម្បីទាំងអស់គ្នា” បានប្រារពធ្វើចាប់ពីថ្ងៃទី២៩- ៣១ ខែតុលា ឆ្នាំ២០២៥ នៅលើកោះរ៉ុង ខេត្តព្រះសីហនុ។

ព្រឹត្តិការណ៍នេះរៀបចំឡើង ក្រោមគំនិតផ្តួចផ្តើមរបស់រដ្ឋបាលខេត្តព្រះសីហនុ រដ្ឋបាលក្រុងកោះរ៉ុង មន្ទីរទេសចរណ៍ខេត្ត សមាគមទេសចរណ៍ សហការជាមួយសហព័ន្ធប្រដាល់គុនខ្មែរ ព្រមទាំងមានការចូលរួមឧបត្ថម្ភសម្ភារៈ និងថវិកាពីម្ចាស់អាជីវកម្មនៅលើកោះរ៉ុង និងសប្បុរសជនជាច្រើនផ្សេងទៀត។

ព្រឹត្តិការណ៍រយៈពេល៣ថ្ងៃនេះ ត្រូវបានរៀបចំឡើង ក្នុងគោលបំណងជំរុញយុទ្ធនាការ ទាក់ទាញទេសចរណ៍ ក្នុងរដូវកាលបៃតង សម្រាប់គោលដៅទេសចរណ៍ ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ក៏ដូចជាបង្កើតនូវព្រឹត្តិការណ៍កម្សាន្តសប្បាយ ជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក៏ដូចជាប្រជាពលរដ្ឋផងដែរ។

ព្រឹត្តិការណ៍នេះ មានរៀបចំការប្រគុំតន្ត្រី និងសកម្មភាពកីឡាមួយចំនួន ដូចជា ១៖ កីឡារត់ឧបសគ្គចម្ងាយ “២០០០ម៉ែត្រ” នៅឆ្នេរកោះរ៉ុង តាមបណ្តោយឆ្នេរពីចំណុច Hill Beach Resort ទៅបញ្ចប់នៅ Nest beach។ ២៖ កីឡាបាល់ទះលើឆ្នេរខ្សាច់ “នៅឆ្នេរកោះរ៉ុង”។ ៣៖ កីឡាអុំទូកកាយ៉ាក់ នៅសហគមន៍ព្រែកកោងកាង។ ៤៖ កីឡាប្រដាល់សេរីគុនខ្មែរគូរអន្តរជាតិ និង៥៖ ជិះកង់លេងកម្សាន្តក្រុងកោះរ៉ុង “១៥គីឡូម៉ែត្រ” ពីឆ្នេរកោះរ៉ុង ទៅឆ្នេរឡងប៊ីច។

ពិធីបើកកម្មវិធីប្រកួតនេះ ធ្វើឡើងក្រោមអធិបតីភាព លោកម៉ាង ស៊ីណេតអភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងមន្រ្តីពាក់ព័ន្ឋរួមទាំងភ្ញៀវទេសចរណ៍បរទេស ចម្រុះជាតិសាសន៍រាប់រយនាក់៕

បញ្ហាប្រឈមថ្មី!អត្រាប្រជាជនវ័យចាស់កម្ពុជាមានការកើនឡើង ខណៈអត្រាវ័យក្មេងថយចុះ

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ ចំនួនមនុស្សចាស់នៅកម្ពុជា នឹងកើនដល់ជាង៤លាននាក់នៅឆ្នាំ២០៣០ ខណៈមនុស្សវ័យក្មេងមានការថយចុះ។

ថ្លែងក្នុងសិក្ខាសាលាស្តីពីនីតិវិធីក្នុងការជំរុញ និងពង្រឹងសមាគមមនុស្សចាស់ឃុំ សង្កាត់ នៅខេត្តសៀមរាប នាថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ លោកនាក់ ណេរ៉ុន អភិបាលរងខេត្តបានបញ្ជាក់ថា បច្ចុប្បន្នសកលលោកមានការប្រែប្រួលលឿន ជាមួយនឹងភាពមិនប្រាកដប្រជាខ្ពស់ ហើយវិបត្តិ និងបញ្ហាប្រឈមផ្សេងៗបាន និងកំពុងលេចឡើងជាបន្តបន្ទាប់ ដែលបរិការណ៍នៃការប្រែប្រួលទាំងអស់នេះ អាចជះឥទ្ធិពលដល់ដំណើរការអភិវឌ្ឍ និងកំណើនសេដ្ឋកិច្ច ស្របជាមួយកំណើននៃប្រជាជនវ័យចាស់។

របាយការណ៍របស់អង្គការសហប្រជាជាតិបង្ហាញថា ចំនួនមនុស្សនៅទូទាំងពិភពលោក ដែលមានអាយុចាប់ពី៦០ឆ្នាំឡើងទៅ មានប្រមាណ១​ពាន់លាននាក់ ក្នុងឆ្នាំ២០១៩ ហើយចំនួននេះនឹងកើនឡើងដល់ប្រមាណ១.៤ពាន់លាននាក់នៅឆ្នាំ២០៣០ និងកើនឡើងរហូតដល់ទៅ២.១ពាន់លាននៅឆ្នាំ២០៥០។

លោកនាក់ ណេរ៉ុន បានបង្ហាញថា សម្រាប់ប្រទេសកម្ពុជា ក៏កំពុងតែប្រឈម ទៅនឹងការកើនឡើង នៃចំនួនប្រជាជនវ័យចាស់នេះដែរ។

យោងតាមទិន្នន័យជំរឿនឆ្នាំ២០១៩ មនុស្សចាស់នៅកម្ពុជាមានប្រមាណ១.៣៨លាននាក់ ស្មើនឹង៨.៩% នៃប្រជាជនសរុប ហើយចំនួននេះ ត្រូវបានព្យាករណ៍ថាអាចនឹងកើនដល់ទ្វេដង នៅឆ្នាំ ២០៣០ នឹងអាចឈានទៅដល់ជាង៤លាននាក់ នៅឆ្នាំ២០៥០។

លោកបានបញ្ជាក់ថា “កំណើននេះ អាចមានឥទ្ធិពលទៅដល់ដំណើរការអភិវឌ្ឍស្ទើរគ្រប់វិស័យ”។

លោកបានបន្តថា ខណៈដែលអត្រាកំណើនប្រជាជនវ័យចាស់ និងអត្រាថយចុះនៃប្រជាជនវ័យក្មេង អាចជះឥទ្ធិពលទៅដល់ ប្រព័ន្ធគាំពារសង្គម ដែលរួមមានទាំងប្រព័ន្ធសន្តិសុខសង្គម និងប្រព័ន្ធជំនួយសង្គម ដូច្នេះហើយទាមទារឱ្យមានការយកចិត្តទុកដាក់ ពីគ្រប់ភាគីពាក់ព័ន្ធ ក្នុងការចូលរួមចំណែកដោះស្រាយ និងឆ្លើយតបនូវបញ្ហាប្រឈមសំខាន់ៗ មួយចំនួននាពេលបច្ចុប្បន្ននេះ និងអនាគតដ៏ឆាប់ខាងមុខ។

ក្នុងបរិការណ៍នេះ រាជរដ្ឋាភិបាលយល់ច្បាស់អំពីភាពចាំបាច់ ក្នុងការកែលម្អ ជំរុញ និងយកចិត្តទុកដាក់យ៉ាងខ្លាំង ដើម្បីធានាថា ប្រជាជនគ្រប់រូប ទទួលបានការរស់នៅក្នុងជីវភាពល្អប្រសើរ និងសុខុមាលភាព ស្របទៅតាមទស្សនវិស័យកម្ពុជាឆ្នាំ២០៣០ ដើម្បីក្លាយខ្លួនទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងប្រទេសដែលមានចំណូ​លកម្រិតខ្ពស់ នៅឆ្នាំ២០៥០។

ជាមួយគ្នានេះ លោកវែង រិទ្ធីស័ក្ក អនុរដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាបានទទួលស្គាល់ និងឱ្យតម្លៃដល់មនុស្សចាស់ ដោយ​បានចាត់ទុកថា មនុស្សចាស់ជាយន្តការដ៏សំខាន់ ជាធនធានមនុស្សដ៏មានសារៈប្រយោជន៍ ជួយអភិវឌ្ឍសហគមន៍ និងសង្គមជាតិ ព្រោះថាលោកបានផ្តល់ចំណេះដឹង ចំណេះធ្វើ បទពិសោធន៍ដ៏ច្រើនលើសលប់សម្រាប់មនុស្សជំនាន់ក្រោយ។

ដោយពិនិត្យលើស្ថានភាពរបស់មនុស្សចាស់ នៅកម្ពុជាភាគច្រើនជួបការលំបាក មានជីវភាពក្រីក្រ និងមានបញ្ហាផ្នែកសុខភាព ដែលជាបន្ទុកដ៏សំខាន់ដែលត្រូវធានារ៉ាប់រង ទើបរាជរដ្ឋាភិបាលបានបង្កើតជា គណៈកម្មាធិការជាតិ ដើម្បីមនុស្សចាស់កម្ពុជា និងបង្កើតជាអនុគណៈកម្មាធិការដើម្បីមនុស្សចាស់នៅរាជធានី ខេត្ត ព្រមទាំងបង្កើតឱ្យមាន សមាគមមនុស្សចាស់នៅតាមឃុំសង្កាត់ នីមួយៗ។

លោកបន្តថា “គោលបំណងគឺដើម្បីលើកកម្ពស់សេចក្ដីថ្លៃថ្នូរ និងគុណភាពជីវិតរបស់មនុស្សចាស់ ជំរុញមនុស្សចាស់ឱ្យជួយគ្នាទៅវិញទៅមក និងផ្តល់វេទិកាសម្រាប់ការលើកទឹកចិត្ត និងពិភាក្សាដោះស្រាយបញ្ហារបស់ពួកគាត់”។

លោកបញ្ជាក់ពីតួនាទីសំខាន់ របស់សមាគមមនុស្សចាស់ ក្នុងការរួមអភិវឌ្ឍសហគមន៍ និងជួយទៅដល់មនុស្សចាស់នៅ តាមមូលដ្ឋាន ដោយផ្សារភ្ជាប់មនុស្សចាស់ ដែលរស់នៅម្នាក់ឯង ឯកោ គ្មានទីពឹង ទៅនឹងសង្គមមួយដែលពួកគាត់អាចជួបជុំ ចែករំលែក និងជួយគ្នាទៅវិញទៅមកក្នុងចលនាសាមគ្គីភាព ដើម្បីរួមចំណែកអភិវឌ្ឍនៅក្នុងសង្គម៕

កម្មវិធីពិសេសៗចំនួន១០នឹងស្វាគមន៍ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិនាឱកាសបុណ្យអុំទូកខាងមុខ

ដោយៈ ម៉ាណា

    សៀមរាបៈ ដើម្បីជាការជំរុញវិស័យទេសចរណ៍ និងស្ដារសេដ្ឋកិច្ចក្នុងខេត្ត នាឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៥ រដ្ឋបាលខេត្តសៀមរាបនឹងរៀបចំកម្មវិធីកំសាន្តប្លែកៗចំនួន១០ នៅទីក្រុងដ៏ល្បាញល្បីនេះ។

ដោយមានការសហការ ពីសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ត្រៀមរៀបចំកម្មវិធីសាសនា និងកម្សាន្តជាច្រើន ចាប់ពីថ្ងៃទី៤-៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសួនច្បារព្រះរាជដំណាក់ និងតាមបណ្ដោយដងស្ទឹងសៀមរាប។

ក្នុងកិច្ចប្រជុំផែនការការពារ និងធានាសន្តិសុខកម្មវិធី នៅថ្ងៃទី២៨ ខែតុលានេះ លោកសំកុល សុចិត្រា អភិបាលរងខេត្ត បានបញ្ជាក់ថា កម្មវិធីកម្សាន្ត និងសាសនារួមមាន : កម្មវិធីជិះទូកកម្សាន្ត និងប្រណាំងទូកមិត្តភាពសៀមរាបផ្ទះខ្ញុំ ការប្រណាំងក្រឡោ កម្មវិធីប្រគុំតន្ត្រីស្គរដៃ កម្មវិធីស្តង់ពិព័រណ៍ និងម្ហូបអាហារ, ផ្សារណ្តែតទឹក និង Street Food, កម្មវិធីប្រដាល់គុនខ្មែរ និងល្ខោនបាសាក់ និងពិធីបណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក។

ព្រឹត្តិការណ៍នេះ ធ្វើឡើងក្នុងគោលបំណងជំរុញ វិស័យទេសច​រណ៍ និងចូលរួមស្តារសេដ្ឋកិច្ចខេត្ត តាមរយៈការគាំទ្រផលិតផលខ្មែរ ដោយអនុវត្តតាមពាក្យស្លោក “ភូមិមួយផលិតផលមួយ”។

លោកអភិបាលរងខេត្ត ក៏បានជំរុញដល់មន្ទីរ អង្គភាព និងកងកម្លាំងមានសមត្ថកិច្ចទាំងអស់ សហការសម្របសម្រួលលើការងាររៀបចំសណ្ដាប់ធ្នាប់ សុវត្ថិភាពចរាចរណ៍ និងការគ្រប់គ្រងចំណតរថយន្ត ម៉ូតូ ដើម្បីធានាឲ្យកម្មវិធីប្រព្រឹត្តទៅដោយរលូន និងសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ។

លោក ខុម ក្រឹម អនុប្រធានលេខាធិការដ្ឋាន សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត បានបញ្ជាក់ថា កម្មវិធីទាំងនេះនឹងរួមចំណែកយ៉ាងសំខាន់ក្នុងការទាក់ទាញភ្ញៀវទេសចរ ព្រមទាំងផ្ដល់ឱកាសឱ្យប្រជាពលរដ្ឋក្នុងខេត្តអាចយកផលិតផល និងម្ហូបអាហារមកដាក់តាំងលក់ ដើម្បីរកចំណូលចូលសហគមន៍ផងដែរ៕

វិស័យអចលនទ្រព្យរបស់ប្រទេសម៉ាឡេស៊ីស្ទុះងើបឡើងវិញ ខណៈបរិយាកាសទីផ្សារមានស្ថានភាពល្អប្រសើរ

ដោយ: សហសេវិក
អន្តរជាតិ: វិស័យអចលនទ្រព្យរបស់ប្រទេសម៉ាឡេស៊ីបានងើបឡើងវិញនៅត្រីមាសទី៣ ឆ្នាំនេះ ដោយសារភាពប្រសើរឡើងនៃតម្រូវការដ៏រឹងមាំនៅគ្រប់ផ្នែកអចលនទ្រព្យសំខាន់ៗ និងស្ថិរភាពនៃបរិយាកាសអត្រាការប្រាក់។

យោងតាមការសិក្សារបស់ស្ថាប័នស្រាវជ្រាវ RHB Research បានបង្ហាញថា វិធានការលើកទឹកចិត្តនានារបស់រដ្ឋាភិបាលម៉ាឡេសុីត្រូវបានគេរំពឹងថា នឹងជួយជំរុញទីផ្សារអចលនទ្រព្យក្នុងប្រទេសនេះ រួមទាំងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងតំបន់សេដ្ឋកិច្ចពិសេស។

តួយ៉ាង ការលើកលែងពន្ធប្រថាប់ត្រាដល់អ្នកទិញផ្ទះលើកដំបូងសម្រាប់ការទិញផ្ទះ ដែលមានតម្លៃចាប់ពី៥០០.០០០រីងហ្គីតចុះក្រោម ត្រូវបានពង្រីករហូតដល់ចុងឆ្នាំ២០២៧។ ការណ៍នេះនឹងជួយរក្សាបាននូវតម្រូវការលំនៅដ្ឋានតម្លៃមធ្យម(Mid-range)។

ស្ថាប័ន RHB Research បានវាយតម្លៃថា បណ្តាក្រុមហ៊ុនអភិវឌ្ឍន៍ធំៗនៅម៉ាឡេសុី ដូចជា ក្រុមហ៊ុន Mah Sing Group ក្រុមហ៊ុន Matrix Concepts Holdings និងក្រុមហ៊ុន Eco World Development Group (EcoWorld) នឹងទទួលបានអត្ថប្រយោជន៍ពីវិធានការនេះ។

ទន្ទឹមនឹងនេះ អត្រាពន្ធប្រថាប់ត្រាលើអ្នកទិញផ្ទះ ដែលជាជនបរទេសនឹងត្រូវបានដំឡើងពី៤ភាគរយទៅដល់៨ភាគរយនៅឆ្នាំក្រោយ។ប៉ុន្តែ ក្រុមហ៊ុនស្រាវជ្រាវ RBH បានប៉ាន់ប្រមាណថា ការដំឡើងពន្ធនេះនឹងមិនជះផលប៉ះពាល់ដល់តម្រូវការពីបណ្តាវិនិយោគិនលំដាប់អ្នកមាននោះទេ។

ជាពិសេស តំបន់ច្រករបៀងសេដ្ឋកិច្ច Iskandar Malaysia ស្ថិតនៅភាគខាងត្បូងនៃប្រទេសម៉ាឡេស៊ី បានប្រមូលផ្តុំគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដូចជា បណ្តាញផ្លូវដែកតភ្ជាប់ពីទីក្រុង Johor Baru របស់រដ្ឋ Johor ទៅកាន់ប្រទេសសិង្ហបុរី និងតំបន់សេដ្ឋកិច្ចពិសេស Johor-Singapore។

គម្រោងទាំងនេះបាននិងកំពុងបន្តទាក់ទាញចំណាប់អារម្មណ៍របស់បណ្តាអ្នកវិនិយោគឱ្យបណ្តាក់ទុនលើទីផ្សារអចលនទ្រព្យម៉ាឡេសុី ដោយសង្កេតឃើញពីកំណើននៃការអភិវឌ្ឍគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗផ្នែកដឹកជញ្ជូន៕ប្រភព: The Star៕

Guilin Junda Transportation Co., Ltd., is committed to implementing the Siem Reap River Development Project to achieve fruitful results

By , Soriya

China,. Guilin City: On the afternoon of October 29, 2025, with the high approval of the Royal Government to lead a delegation from the Ministry of Tourism and the Cambodian private sector to attend the “14th Suzhou Cultural and Creative Design Industry Expo” and the “Cambodia Festival” in Suzhou City, Jiangsu Province, H.E. Mr. HUOT Hak, Minister of Tourism, grants Mr. MA Tieqiao, Chairman of the Board of Directors of Guilin Junda Transportation Co., Ltd., and his esteemed colleagues to meet and discuss work and report on the results of the feasibility study on the Siem Reap River Development Project made in September 2025.

In this important and fruitful meeting, H.E Minister appreciated and highly commended the company’s initiative to invest hundreds of millions of US dollars, which is interested in the dynamic tourism potential of Cambodia, an emerging market, as well as the strong belief in the wise leadership and long-term vision of the Royal Government of Cambodia, which continues to ensure peace, political, economic and social stability, helping to ensure continuous development in all sectors, especially infrastructure supporting the tourism sector and ensuring the safety of national and international tourists. H.E Minister emphasized that this second meeting is indeed another step towards the practical implementation of a large investment project and is important for the investment sector.

 

In response, the Chairman of the company expressed his deep gratitude to H.E the Minister and the leadership of the Ministry of Tourism for allowing him the opportunity to meet, pay a courtesy call, discuss work and report on the company’s study results. The next step is for the company to prepare a formal application for permission from the Royal Government of Cambodia.

ទីផ្សារលំនៅឋានអាមេរិកឈានចូលដំណាក់កាលថ្មី ខណៈតម្លៃផ្ទះកើនឡើងក្នុងអត្រាទាបបំផុត

ដោយ: សហសេវិក
អន្តរជាតិ: តម្លៃផ្ទះនៅសហរដ្ឋអាមេរិកសម្រេចបានអត្រាកំណើនទាបបំផុតមិនធ្លាប់មានក្នុងរយៈពេលជាង២ឆ្នាំកន្លងមក ដោយសារអ្នកទិញទទួលបានប្រៀបក្នុងការចរចាលើតម្លៃផ្ទះ ស្របពេលតម្រូវការថយចុះ។ក្នុងនោះ តម្លៃផ្ទះនៅទីក្រុងញូវយ៉កបានកើនឡើងខ្ពស់ជាងទីក្រុងផ្សេងៗទៀត។

យោងតាមទិន្នន័យពីក្រុមហ៊ុន S&P Cotality Case-Shiller បានឱ្យដឹងថា តម្លៃផ្ទះនៅសហរដ្ឋអាមេរិកបានកើនឡើង១,៥ភាគរយកាលពីសីហា បើធៀបនឹងឆ្នាំមុន។ តួលេខនេះជាអត្រាកំណើនទាបបំផុតចាប់តាំងពីពាក់កណ្តាលឆ្នាំ២០២៦ បន្ទាប់ពីកើនឡើង១,៦ភាគរយនៅក្នុងខែកក្កដា។

ការថយចុះនៃកំណើនតម្លៃផ្ទះនៅសហរដ្ឋអាមេរិក ជាដំណឹងល្អសម្រាប់អ្នកទិញផ្ទះ បន្ទាប់ពីមានភាពតានតឹងជាយូរទាក់ទងនឹងកង្វះលទ្ធភាពទិញផ្ទះ ដែលបណ្តាលមកពីការកើនឡើងនៃតម្លៃផ្ទះ និងអត្រាការប្រាក់លើកម្ចីទិញផ្ទះមានកម្រិតខ្ពស់។

ក្នុងចំណោមទីក្រុងចំនួន២០ កំណើននៃតម្លៃផ្ទះនៅទីក្រុងញូវយ៉កបាននាំមុខគេ ដោយបានកើនឡើងក្នុងអត្រា៦,១ភាគរយ តាមពីក្រោមដោយកំណើននៃតម្លៃផ្ទះនៅទីក្រុងឈីកាហ្គោ និងទីក្រុង Cleveland ដែលបានកើនឡើងក្នុងរង្វង់៥,៩ភាគរយ និង៤,៧ភាគរយរៀងៗគ្នា។

តម្លៃ​ផ្ទះនៅ​ទីក្រុង Miami ដែលជាទីក្រុងឆ្នេរសមុទ្រដ៏ល្បីល្បាញនៅសហរដ្ឋអាមេរិកបាន​ធ្លាក់ចុះ១,៧ភាគរយ។នេះបើយោងតាមការចុះផ្សាយដោយកាសែត Bloomberg ។

ទីផ្សារលំនៅឋានរបស់សហរដ្ឋអាមេរិកកំពុងឈានចូលដំណាក់កាលតុល្យភាពថ្មីមួយ ខណៈតម្លៃលំនៅឋាននាពេលបច្ចុប្បន្នកំពុងកើនឡើងយឺតជាងមុន បន្ទាប់ពីកើនឡើងយ៉ាងគំហុកក្នុងអំឡុងពេលជំងឺរាតត្បាតកូវីដ-១៩៕ប្រភព: Bloomberg៕

តើជនបរទេសនឹងចាប់ផ្តើមវិនិយោគលើខុនដូនៅកម្ពុជានា ឆ្នាំ២០២៦ខាងមុខ?

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ សូចនាករជាច្រើនបង្ហាញថា វិនិយោគិនបរទេសនឹងសម្លឹងមើលការវិនិយោគលើខុនដូ នៅទីក្រុងភ្នំពេញនៅឆ្នាំ២០២៦ ហើយមានហេតុផលជាច្រើន ដើម្បីពន្យល់ពីមូលហេតុ។

ជាការពិតណាស់ ការវិនិយោគណាមួយមានហានិភ័យ និងឱកាសព្រមគ្នាផងដែរ។

១ ហេតុអ្វីបានជាវាមើលទៅគួរឱ្យទាក់ទាញ

ខាងក្រោមនេះ ជាហេតុផលសំខាន់ៗមួយចំនួន ដែលគាំទ្រគំនិតនៃការវិនិយោគខុនដូបរទេសនៅទីក្រុងភ្នំពេញ។

១. របបច្បាប់/កម្មសិទ្ធិអំណោយផលសម្រាប់ខុនដូ
  • ជនបរទេសនៅកម្ពុជា ជាធម្មតាមិនអាចមានកម្មសិទ្ធិដីធ្លីទាំងស្រុងបានទេ ប៉ុន្តែពួកគេអាចមានកម្មសិទ្ធិលើអង្គភាពខុនដូ (នៅជាន់ផ្ទាល់ដី ក្នុងអគារដែលមានប្លង់កម្មសិទ្ធិ/សហកម្មសិទ្ធិ) នៅក្នុងទីក្រុងភ្នំពេញ។
  • កំណែទម្រង់បទប្បញ្ញត្តិបាន និងកំពុងផ្លាស់ប្តូរទិសដៅធ្វើឱ្យការវិនិយោគបរទេសកាន់តែងាយស្រួល។
  • ការពិតដែលថាទីផ្សារផ្អែកលើប្រាក់ដុល្លារអាមេរិក (ប្រតិបត្តិការជាច្រើនជាប្រាក់ដុល្លារអាមេរិក) បន្ថែមស្រទាប់នៃស្ថិរភាពរូបិយប័ណ្ណសម្រាប់វិនិយោគិនបរទេស។
២. ផលចំណេញពីការវិនិយោគល្អ និងតម្លៃសមរម្យ

អ្នកជំនាញអចលនទ្រព្យក្នុងស្រុកបានចង្អុលបង្ហាញថា រាជធានីភ្នំពេញផ្តល់ជូន “ផលចំណេញពីការជួលខ្ពស់បំផុតមួយ នៅអាស៊ីអាគ្នេយ៍” បើប្រៀបធៀបទៅនឹងប្រទេសជិតខាងរបស់ខ្លួន។ បើប្រៀបធៀបទៅនឹងទីក្រុង ដូចជា ទីក្រុងបាងកក ឬហូជីមិញ តម្លៃទិញសម្រាប់ខុនដូ (ជាពិសេសខុនដូកម្រិតមធ្យម) នៅតែមានតម្លៃសមរម្យជាង។

លើសពីនេះនិន្នាការនគរូបនីយកម្មកំពុងរីកចម្រើន ដោយទីក្រុង ភ្នំពេញកំពុងមានការរីកចម្រើន តម្រូវការសម្រាប់លំនៅដ្ឋានដែលមានគុណភាព (ខុនដូ) កំពុងកើនឡើងដោយសារតែកំណើនវណ្ណៈកណ្តាលក្នុងស្រុក និងជនបរទេស។

៣. ទស្សនវិស័យទីផ្សារ / ពេលវេលា

អ្នកជំនាញព្យាករណ៍ថា វិស័យអចលនទ្រព្យរបស់កម្ពុជា (រួមទាំងលំនៅដ្ឋាន) នឹងងើបឡើងវិញប្រហែលឆ្នាំ ២០២៦-២០២៧។ ឧទាហរណ៍ សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនទ្រព្យកម្ពុជា (CVEA) បាននិយាយថា ការងើបឡើងវិញត្រូវបានគេរំពឹងទុកក្នុងរយៈពេល៣-៤ឆ្នាំខាងមុខ។

បន្ថែមពីលើនេះ ការលើកទឹកចិត្តពន្ធ/ពន្ធប្រថាប់ត្រាមួយចំនួននៅឆ្នាំ ២០២៥ សម្រាប់ការទិញអចលនទ្រព្យពង្រឹងផ្លូវ សម្រាប់ការចូលមុន ដែលអាចបង្កើតជាការកើនឡើង៕