សហគ្រាសផលិតទឹកផ្លែឈើមួយស្វែងរកឱកាសវិនិយោគនៅកម្ពុជា

ដោយៈ ចំណាន

    កាណាដាៈ  សហគ្រាសផលិតទឹកផ្លែឈើរបស់សម្ព័ន្ធ Lee Li Holdings Group មានមូលដ្ឋាននៅប្រទេសកាណាដា កំពុងស្វែងរកឱកាសវិនិយោគនៅកម្ពុជា ដើម្បីផ្គត់ផ្គង់នៅក្នុងតំបន់។  នេះបើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)។

ព័ត៌មាននេះត្រូវបានលើកឡើង នៅពេលលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជា បំពេញួទស្សនកិច្ចទៅកាន់ សហគ្រាសផលិតទឹកផ្លែឈើរបស់ សម្ព័ន្ធ Lee Li Holdings Group ដែលមានទីតាំងស្ថិតនៅក្នុងទីក្រុងតូរ៉ុនតូ ខេត្តអុនតារីយ៉ូ ប្រទេសកាណាដា នាថ្ងៃទី២៩ ខែតុលា។

ដំណើរទស្សនកិច្ចនេះធ្វើឡើង ដើម្បីស្វែងយល់ឱ្យបានស៊ីជម្រៅ អំពីហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រងការងារ (Operations Management) និងខ្សែចង្វាក់ផលិតកម្មទ្រង់ទ្រាយធំ (Large-scale Production Line) របស់សហគ្រាសដំណើរការដោយបច្ចេកវិទ្យាទំនើប និងស្វ័យប្រវត្តិកម្មខ្ពស់។

គណប្រតិភូCDC គណៈប្រតិភូកម្ពុជា ក៏បានធ្វើការឈ្វេងយល់អំពី ការប្រើប្រាស់បច្ចេកវិទ្យាទំនើប និងស្តង់ដារគុណភាពអន្តរជាតិក្នុងការកែច្នៃផលិតផលភេសជ្ជៈផងដែរ។

CDC បានបញ្ជាក់ថា “ការណ៍នេះ គឺអាចជាគំរូសម្រាប់លើកកម្ពស់វិស័យកែច្នៃម្ហូបអាហារ និងកសិ-ឧស្សាហកម្មនៅកម្ពុជា។ បច្ចុ​ប្បន្ន​ក្រុមហ៊ុន ផលិតទឹកផ្លែឈើរបស់កាណាដានេះ  កំពុងស្វែងរកលទ្ធ​ភាព ក្នុងការបណ្ដាក់ទុនវិនិយោគនៅកម្ពុជា ដើម្បីផ្គត់ផ្គង់នៅក្នុងតំបន់”។​

លោក Lee Q. Shim ដែលជាប្រធាន និងនាយកប្រតិបត្តិនៃសម្ព័ន្ធ Lee Li Holdings Group បានជួបពិភាក្សាការងារជាមួយ សម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជាកាលពីខែកក្កដា ឆ្នាំ២០២៤។

ក្នុងជំនួបនោះ សម្ព័ន្ធ Lee Li Holdings Group បានបង្ហាញចំណាប់អារម្មណ៍ ក្នុងការវិនិយោគលើវិស័យ សក្តានុពលសំខាន់ៗនៅកម្ពុជា រួមមាន ប្រេងនិងឧស្ម័ន សេវាសុខាភិបាល មជ្ឈមណ្ឌលទទួលស្គាល់សម្រាប់ការនាំចេញ ឧស្សាហកម្មកែច្នៃម្ហូបអាហារ វិស័យភស្តុភារកម្ម និងវិស័យយានយន្ត៕

លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងៈការអនុវត្តន៍ពន្ឋមូលធនអចលនទ្រព្យនៅឆ្នាំ២០២៦ ជាការធ្វើឲ្យវិស័យនេះកាន់តែជួបវិបត្តិ

ដោយៈ ស៊ីវ ម៉េង

    ភ្នំពេញៈ បណ្ឌិត គីម ហ៊ាង អង្គនាយក ក្រុមហ៊ុន ខ្មែរ រៀល អុីស្ទេត បានលើកឡើងថា បើសិនជារដ្ឋាភិបាលអនុវត្តន៍ពន្ឋ២០ភាគរយ លើអចលនទ្រព្យ វាមិនមែនត្រឹមមិនជួយទេ តែវាធ្វើឲ្យទីផ្សារដីធ្លីជួបវិបត្តិថែមទៀត។

លោកឧកញ៉ាបានលើកឡើងកាលពីចុងសប្តាហ៍មុនថា ប្រសិនជារដ្ឋាភិបាលអនុវត្តន៍ពន្ឋមូលធម២០ភាគរយ វាមិនត្រឹមមិនជួយវិស័យនេះទេ តែវាធ្វើឲ្យវិស័យនេះ កាន់តែជួបវិបត្តិថែមទៀត។

លោកបន្ថែមថា “ខ្ញុំព្រួយបារម្ភខ្លាំងមែនទែន បើយកពន្ឋនៅឆ្នាំ២០២៦ ទោះបីយើងបានពន្យាពេល៥ឆ្នាំមកហើយក្តី តែ៥ឆ្នាំកន្លងមកនេះយើងជួបស្ថានភាពមហាលំបាក”។ លោកបន្ថែមថា “យើងដូចជាអ្នកជំងឺដែលមិនទាន់ជាផង តែយើងដាក់មួយព្រនង់ថែមទៀត វាមិនជួយសេដ្ឋកិច្ចទេ តែវាអាចល្អមើលដែលពន្ឋដា អាចរកបានប្រាក់ច្រើនជាងមុន”។

លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងបានបន្តថា យកពន្ឋមូលធន២០ភាគរយ វាធ្វើឲ្យពន្ឋដាប្រមូលចំណូលកើនឡើង ប៉ុន្តែធ្វើឲ្យទីផ្សារដីធ្លី និងផ្នែកដទៃទៀត នៃវិស័យនេះនឹងកាន់តែជួបភាពធ្ងន់ធ្ងរ។

លោកបានបញ្ជាក់ទៀតបន្តថា “បើយកពន្ឋ២០ភាគរយ វានឹងធ្វើឲ្យលំបាក និងកាន់តែលំបាក”។លោកបន្ថែមថា “ការយកពន្ឋជារឿងត្រឹមត្រូវ បើអ្នកលក់បាន គឺត្រូវយកពន្ឋ ប៉ុន្តែបើនិយាយពីសេដ្ឋកិច្ចជាតិទាំងមូល សេដ្ឋកិច្ចដើរទៅបាន ដីធ្លីមានសកម្មភាពរីកចម្រើនកន្លងមក ប្រជាពលរដ្ឋមានឡានជិះ តែបើយកពន្ឋនៅឆ្នាំ២០២៦ ទីផ្សារដីធ្លីនឹងកាន់តែលំបាកជាមុន។

ពន្ឋមូលធនអចលនទ្រព្យ សំដៅយកការយកពន្ឋ៥ភាគរយ នៃអត្រាពន្ឋចំនួន២០ភាគរយ នៃប្រាក់ចំណេញដែលបានកាត់ទុក៨០ភាគរយរួចហើយ៕

ដំណឹងល្អៈ ក្រសួងឧស្សាហកម្មសម្រួលនិតិវិធីកាត់បន្ថយឯកសារ ច ប ផ មកនៅត្រឹមរយៈពេល៥ថ្ងៃ

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ ក្រសួងឧស្សាហកម្ម បច្ចេកវិទ្យា និងនវានុវត្តន៍បាន សម្រួលនីតិវិធីដោ​យកាត់បន្ថយឯកសារ តម្រូវសម្រាប់ពាក្យស្នើសុំ និងកាត់បន្ថយរយៈពេល នៃការផ្តល់អាជ្ញាបណ្ណច.ប.ផមកនៅត្រឹម៥ថ្ងៃនៃថ្ងៃធ្វើការ ក្នុងករណី ដែលមានសំណុំឯកសារត្រឹមត្រូវគ្រប់គ្រាន់។

ទន្ទឹមនឹងនេះ ពាក្សស្នើសុំតែមួយអាចប្រើប្រាស់ សម្រាប់ការចុះបញ្ជីផលិតផលច្រើនមុខក្នុងពេលតែមួយ ហើយអាជ្ញាបណ្ណច.ប.ផ. មានសុពលភាពរយៈពេល៣ឆ្នាំ។

អ្នកផលិត និងអ្នកនាំចូល ក៏មានជម្រើសក្នុងការយកផលិតផលរបស់ខ្លួនទៅធ្វើតេស្ត នៅមន្ទីរពិសោធន៍ដោយខ្លួនឯង សម្រាប់ភ្ជាប់ជាមួយពាក្យស្នើសុំ ដោយមិនចាំបាច់ធ្វើតេស្តតាមរយៈវិទ្យាស្ថានស្តង់ដារកម្ពុជាឡើយ។ សម្រាប់យុទ្ធនាការនេះ ក្រសួងបានចាត់វិទ្យាស្ថានស្តង់ដារកម្ពុជា ឱ្យរៀបចំក្រុមការងារពិសេស ដើម្បីផ្តល់ប្រឹក្សា និងការណែនាំបច្ចេកទេសសម្រាប់វិស័យឯកជន។

លោករដ្ឋមន្រ្តីលោកហែម វណ្ឌី រដ្ឋមន្រ្តីក្រសូងឧស្សាហកម្ម បច្ចេកវិទ្យា វិទ្យាសាស្រ្ត និងនវានុវត្តន៍​បាន​លើកទឹកចិត្តឱ្យអ្នកផលិត និងអ្នកនាំចូល ដាក់ពាក្យដោយផ្ទាល់ មកវិទ្យាស្ថានស្តង់ដារកម្ពុជា និងកាត់បន្ថយការប្រើសេវាអ្នករត់ការ ដែលអាចនាំឱ្យការចំណាយ លើការចុះបញ្ជីផលិត​ផលកើនឡើងខ្ពស់។

ជាមួយ​គ្នានេះ លោក​រដ្ឋមន្រ្តីក៏​អំពាវនាវដល់អ្នកផលិត និងអ្នកនាំចូលទាំងអស់ ឱ្យប្រកាន់ខ្ជាប់នូវសុចរិតភាព តម្លាភាព និងទំនួលខុសត្រូវក្នុងប្រតិបត្តិការអាជីវកម្ម តាមរយៈការចុះបញ្ជីផលិតផលដោយលើកឡើងថា គុណតម្លៃទាំងនេះគឺជាមូលដ្ឋាន សំខាន់សម្រាប់ជោគ​ជ័យរយៈពេលវែងរបស់អាជីវកម្ម និងការអភិវឌ្ឍជាតិ។

ទន្ទឹមនឹងនេះ លោកក៏​លើកទឹកចិត្ត ឱ្យអតិថិជនប្រើប្រាស់អំណា​ចទិញរបស់ខ្លួន ដើ​ម្បីជំរុញឱ្យអ្នកផលិត និងអ្នកនាំចូលប្រកាន់គោលការណ៍ដូចគ្នា តាមរយៈការទិញនិងប្រើប្រាស់តែផលិតផល ដែលបានចុះបញ្ជីត្រឹមត្រូវ។

កន្លងមក ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានផ្សព្វផ្សាយបញ្ជី ច.ប.ផ. នៅលើគេហទំព័ររបស់ខ្លួន ដើម្បីអនុញ្ញាតឱ្យអ្នកប្រើប្រាស់ និងអ្នកចែកចាយងាយស្រួលផ្ទៀងផ្ទាត់ភាពស្របច្បាប់នៃផលិតផល។

ឌីជីថលូបនីយកម្មនៃសេវាសាធារណៈ របស់ក្រសួងនឹងរួមបញ្ចូ​លប្រព័ន្ធចុះបញ្ជី ផលិតផលអនឡាញពេញលេញ ក្នុងឆ្នាំ២០២៦ ដើម្បីសម្រួលនីតិវិធី កាត់បន្ថយឯកសារតម្រូវ និងការជួបផ្ទាល់ ដែលនឹងធ្វើឱ្យដំណើរការស្នើសុំអាជ្ញបណ្ណ ច.ប.ផ. កាន់តែឆាប់រហ័ស មានតម្លាភាព និងកាត់បន្ថយការពឹងផ្អែកលើសេវាអ្នករត់ការ។

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានបើកយុទ្ធនាការផ្សព្វផ្សាយការចុះបញ្ជីផលិតផល (ច.ប.ផ.) ថ្នាក់ជាតិ ដើម្បីពង្រឹងប្រព័ន្ធគុណភាពផលិតផលនៅកម្ពុជា ការពារអ្នកប្រើប្រាស់ និងបង្កើនទំនុកចិត្តក្នុងទីផ្សារ។ យុទ្ធនាការនេះនឹងត្រូវដំណើរការរហូតដល់ដំណាច់ឆ្នាំ២០២៦ ដោយផ្តល់ជូនការបញ្ចុះតម្លៃ និងការគាំទ្រពិសេសសម្រាប់ទាំងអ្នកផលិតក្នុងស្រុក និងក្រុមហ៊ុននាំចូលផលិតផល។

យុទ្ធនាការនេះ ត្រូវបានរៀបចំឡើងនៅរាជធានីភ្នំពេញ ដោយមានអ្នកចូលរួមប្រមាណ២ពាន់នាក់ រួមទាំងសហគ្រាសផលិតក្នុងស្រុកចំនួន១៩ ក្រុមហ៊ុននាំចូលចំនួន៦ ក្រុមហ៊ុនដំឡើងរថយន្តចំនួន៣ និងតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធជាច្រើន។

ក្នុងយុទ្ធនាការនេះ សហគ្រាសផលិត និងក្រុមហ៊ុននាំចូលដែលចុះបញ្ជីផលិតផលច្រើនមុខក្នុងពេលតែមួយ នឹងទទួលបានការលើកទឹកចិត្តពិសេស គឺការបញ្ចុះតម្លៃ១០% សម្រាប់ការចុះបញ្ជីផលិតផលពី ៥-១៩ មុខ១៥% សម្រាប់ការចុះបញ្ជីផលិតផលពី២០-៤៩ និង ២០% សម្រាប់ការចុះបញ្ជីផលិតផលលើសពី៥០មុខ ក្នុងពេលតែមួយ។

លោកហែម វណ្ឌីបានបញ្ជាក់ថា “ការចុះបញ្ជីផលិតផលមិនមែនជាការងារថ្មី ឬបន្ទុកបន្ថែមសម្រាប់អាជីវកម្មទេ ប៉ុន្តែយុទ្ធនាការនេះកើតចេញពីឆន្ទៈ ក្នុងការកែលម្អសេវា និងការគាំទ្រដល់វិស័យឯកជនយ៉ាងពិតប្រាកដរបស់ក្រសួង”។

លោកបញ្ជាក់ថា “យុទ្ធនាការពេលនេះគឺទាន់ពេល ត្រូវកាលៈទេសៈ និងឆ្លើយតបផ្ទាល់ទៅនឹងកង្វល់ និងសំណូមពររបស់ទីផ្សារ ទាំងអ្នកផលិត និងអ្នកប្រើប្រាស់ក៏ដូចជា ការវិវត្តនៃសភាពការណ៍ពាណិជ្ជកម្ម”។

ការចុះបញ្ជីផលិតផលគឺជានីតិវិធីដែលផ្តល់អត្តសញ្ញាណដល់ផលិតផលគ្រប់ប្រភេទនិងគ្រប់ទម្រង់ ដោយអនុលោមតាមស្តង់ដារកម្ពុជាCS001-2000ស្តីពី ការដាក់ស្លាកផលិតផល។ សម្រាប់អ្នកប្រើប្រាស់ ការចុះបញ្ជីផលិតផលផ្តល់នូវតម្លាភាព និងលទ្ធភាពស្វែងរកប្រភពទំនិញ និងម្ចាស់ស្របច្បាប់របស់ផលិតផល។

ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ វិទ្យាស្ថានស្តង់ដារកម្ពុជាបានចុះបញ្ជីផលិតផលចំនួន៩.៥៣៥ ដែលជាចំនួនតិចនៅឡើយ បើធៀបនឹងចំនួនផលិតផល ដែលកំពុងចរាចរនៅលើទីផ្សារ ហើយក្រសួងកំពុងរៀបចំយន្តការបន្ថែម ដោយសម្រួលនីតិវិធី និងកាត់បន្ថយចំណា​យ ដើម្បីលើកទឹកចិត្តឱ្យមានការចូលរួមកាន់តែច្រើន ពីអ្នកផលិត និងអ្នកនាំចូលទំនិញ៕

ការសិក្សាថ្មី: ប្រជាជនសិង្ហបុរីភាគច្រើនបំផុតជ្រើសរើសអចលនទ្រព្យជាការវិនិយោគ ដែលខ្លួនពេញចិត្ត

ដោយ: សហសេវិក
អន្តរជាតិ: យោងតាមការស្ទង់មតិបានបង្ហាញថាប្រជាជនសិង្ហបុរីចំនួនជាង៦៤ភាគរយបានជ្រើសរើសអចលនទ្រព្យជាការវិនិយោគដែលពួកគេពេញចិត្តខ្លាំងជាង ភាគហ៊ុន ប្រាក់បញ្ញើមានកាលកំណត់ មូលបត្របំណុល និងរូបិយបណ្ណគ្រីបតូ។

ការស្ទង់មតិដោយក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យសិង្ហបុរី ERA បានកត់សម្គាល់ថា ចំនួន៤១ភាគរយនៃអ្នកឆ្លើយតបកំពុងសម្លឹងមើលឱកាសវិនិយោគលើផ្ទះល្វែងរដ្ឋ (HDB) ខណៈចំនួន៣៩ភាគរយមានបំណងទិញខុនដូឯកជន។

ជាមួយគ្នានេះ ចំនួន១៤ភាគរយនៃអ្នកឆ្លើយតបកំពុងពិចារណាទិញខុនដូប្រណីត(Executive Condo) និងចំនួន៧ភាគរយសង្ឃឹមថា នឹងទិញអចលនទ្រព្យជាប់ដី(Landed property)។

ការស្ទង់មតិខាងលើក៏បង្ហាញផងដែរថា ពលរដ្ឋសិង្ហបុរី មានឆន្ទៈក្នុងការបង្កើនការវិនិយោគរបស់ពួកគេជាពិសេសអ្នកដែលមានបំណងទិញអចលនទ្រព្យពីក្រុមហ៊ុនឯកជន។

ក្នុងនោះ ចំនួនប្រហែល៥៤ភាគរយទៅ៥៩ភាគរយនៃអ្នកមានបំណងទិញខុនដូថ្មី និងខុនដូប្រភេទទី២ រំពឹងថា នឹងចំណាយទុនវិនិយោគចន្លោះពី១លានដុល្លារសិង្ហបុរី ទៅ២លានដុល្លារសិង្ហបុរី ខណៈចំនួនប្រហែល២០ភាគរយត្រៀមខ្លួនរួចជាស្រេចដើម្បីបង្កើនការវិនិយោគរបស់ពួកគេដល់ទំហំទឹកប្រាក់ចន្លោះពី២ទៅ៣លានដុល្លារសិង្ហបុរី។

លើសពីនេះ ចំនួនអ្នកឆ្លើយតបប្រហែល២៣ភាគរយកំពុងស្វែងរកទិញខុនដូថ្មីមួយយូនីតនៅឆ្នាំនេះ បើប្រៀបធៀបទៅនឹងចំនួន១៨ភាគរយកាលពីឆ្នាំមុន។

សម្រាប់អ្នកទិញផ្ទះនៅប្រទេសសិង្ហបុរី មធ្យោបាយនៃការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនជារឿងសំខាន់បំផុតនៅពេលសម្រេចចិត្ត ឬជ្រើសរើសទិញផ្ទះនៅទីតាំងណាមួយ ដោយចំនួន៨៤ភាគរយនៃអ្នកឆ្លើយតបបានចាត់ទុកផ្ទះ ដែលមានទីតាំងនៅជិតបណ្តាញដឹកជញ្ជូនសាធារណៈជាអាទិភាពចម្បងរបស់ពួកគេ៕ប្រភព: The Business Times៕

តម្រូវការខុនដូនៅទីក្រុងម៉ានីលរបស់ហ្វីលីពីនរំពឹងកើនឡើងជាលំដាប់ចាប់ពីឆ្នាំ២០២៦

ដោយ: សហសេវិក
អន្តរជាតិ: យោងតាមក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Colliers Philippines បានឱ្យដឹងថា តម្រូវការខុនដូនៅទីក្រុងម៉ានីលរបស់ប្រទេសហ្វីលីពីនត្រូវបានគេរំពឹងថា នឹងកើនឡើងជាលំដាប់ចាប់ពីឆ្នាំ២០២៦ រហូតដល់ឆ្នាំ២០២៧ ដែលជំរុញដោយភាពប្រសើរឡើងនៃតម្រូវការខុនដូសម្រាប់អ្នកទិញដែលមានប្រាក់ចំណូលមធ្យម។

នៅក្នុងរបាយការណ៍ទីផ្សារអចលនទ្រព្យប្រចាំត្រីមាសទី៣ ក្រុមហ៊ុនColliers រំពឹងថា អត្រាខុនដូទំនេរ(Residential vacancy rate) នឹងកើនឡើងដល់២៦,៥ភាគរយនៅឆ្នាំនេះ មុនពេលធ្លាក់ចុះមកនៅត្រឹម២៦ភាគរយនៅឆ្នាំ២០២៦ និងមកត្រឹម២៤,៩ភាគរយនៅឆ្នាំ២០២៧។

លោក Joey Roi Bondoc នាយក និងជាប្រធានផ្នែកស្រាវជ្រាវរបស់ក្រុមហ៊ុន Colliers Philippines បានលើកឡើងថា អ្វីដែលលេចធ្លោនោះស្ថិតនៅត្រង់ថា ផ្នែកខុនដូសម្រាប់អ្នកទិញដែលមានប្រាក់ចំណូលមធ្យមនៅតែបន្តមានដំណើរការល្អប្រសើរ។

លោកបានបង្ហាញក្តីសង្ឃឹមថា តម្រូវការខុនដូសម្រាប់អ្នកទិញ ដែលប្រាក់ចំណូលមធ្យមកម្រិតទាប និងប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នឹងកើនឡើងនៅចុងឆ្នាំ២០២៥នេះ រហូតដល់ឆ្នាំ២០២៦ខាងមុខ។

នៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៥ តម្រូវការខុនដូនៅរដ្ឋធានីម៉ានីលបានហក់ឡើង១០៨ភាគរយដល់ចំនួន៥.៩០០យូនីត បើធៀបនឹងតម្រូវការចំនួន២.៨០០យូនីតនៅក្នុងត្រីមាសទីពីរ។

លោក Bondoc បានបន្ថែមថា ក្នុងរយៈពេល៩ខែដំបូងដើមឆ្នាំ២០២៥ ចំនួនជាង៩០ភាគរយនៃគម្រោងបើកដំណើរការថ្មី ជាប្រភេទខុនដូតម្លៃសមរម្យ ដែលជាធម្មតាមានតម្លៃចន្លោះពី២,៥លានប៉េសូ ទៅ១២ លានប៉េសូក្នុងមួយយូនីត៕ប្រភព: BusinessWorld៕

អ្នកឧកញ៉ាសំ សុខនឿនៈរដ្ឋាភិបាលគួពន្យាពេលយកពន្ឋមូលធនលើការទិញលក់អចលនទ្រព្យ

អ្នកឧកញ៉ាសំ សុខនឿនបានលើកឡើងថា រដ្ឋាភិបាលគួរពព្យាពេលការពន្ឋមូលធនលើអចលនទ្រព្យដោយរង់ចាំឲ្យទីផ្សារនេះ មានភាពល្អប្រសើរសិន។
អ្នកឧកញ៉ាសំ សុខនឿនបានលើកឡើងថា រដ្ឋាភិបាលគួរពព្យាពេលការពន្ឋមូលធនលើអចលនទ្រព្យដោយរង់ចាំឲ្យទីផ្សារនេះ មានភាពល្អប្រសើរសិន។

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ អ្នកជំនាញអចលនទ្រព្យ និងជាប្រធានក្រុមប្រឹក្សាភិបាលសម្ព័ន្ឋក្រុមហ៊ុនSAM SN Group អ្នកឧកញ៉ាសំ សុខនឿនបានលើកឡើងថា រដ្ឋាភិបាលគួរពព្យាពេលការពន្ឋមូលធន លើអចលនទ្រព្យ ដោយរង់ចាំឲ្យទីផ្សារនេះ មានភាពល្អប្រសើរសិន។

អ្នកឧកញ៉ាបានមានប្រសាសន៍ឲ្យដឹង តាមបណ្តាញតេឡេក្រាមកាលពីរសៀលថ្ងៃទី៣១ តុលាថា ស្របពេលស្ថានភាពអចលនទ្រព្យ មិនទាន់មានភាពច្បាស់លាស់ និងប្រាកដប្រជា ពិសេសមិនទាន់ងើបផុតពីភាពជាប់គាំងនៅឡើយ ហេតុដូច្នេះ​រដ្ឋាភិបាល គួរពន្យាពេលបន្ថែមទៀត លើការយកពន្ឋនានា។

អ្នកឧកញ៉ាបានបន្តថា “នៅពេលរាជរដ្ឋាភិបាលប្រមូលពន្ឋមូល ធន វាធ្វើឲ្យអ្នកលក់ចាប់ផ្តើមដាក់តម្លៃខ្ពស់ជាងមុន ដើម្បីយកប្រាក់ទៅគ្របលើពន្ឋ ដែលជាកាតព្វកិច្ចរបស់ខ្លួន”។ អ្នកឧកញ៉ាបានបញ្ជាក់ថា “រដ្ឋាភិបាលគួររង់ចាំប្រមូលពន្ឋ នៅពេលអចលនទ្រព្យមានភាពប្រសើរឡើងវិញ ពេលនេះមិនគួរធ្វើទេ”។

Phnom Penh City, Cambodia
Phnom Penh City, Cambodia

អ្នកឧកញ៉ាសំ សុខនឿនបានបន្តថា នៅពេលទីផ្សារប្រសើរឡើងវិញ ទាំងអ្នកលក់ និងអ្នកទិញ នឹងមិនមានបញ្ហានោះទេ ព្រោះទាំងអ្នកលក់ក៏លក់បានតម្លៃខ្ពស់ អ្នកទិញក៏មានផលចំណេញ ពីការវិនិយោគរបស់ខ្លួនផងដែរ។

អ្នកឧកញ៉ាបន្តទៀតថា “ការយកពន្ឋមូលធននាពេលនេះ វាជាការដាក់បន្ទុកដល់អ្នកលក់ និងអ្នកទិញថែមទៀត ដែលធ្វើឲ្យឲ្យទីផ្សារកាន់តែមានបញ្ហាបន្ថែមទៀត”។ អ្នកឧកញ៉ាបន្តទៀតថា “ខ្ញុំយល់ថា   រដ្ឋាភិបាលប្រមូលពន្ឋ ដើម្បីយកប្រាក់មកអភិវឌ្ឍន៍ប្រទេសជាតិ តែក្នុងស្ថានភាពនេះ មិនគួរនោះទេ”។

ជាមួយគ្នានេះ អ្នកជំនាញអចលនទ្រព្យនានា បានលើកឡើងដោយលក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះថា “ការប្រមូលពន្ឋមូលធនអចល​នទ្រព្យនាពេលនេះ ប្រៀបដូចជាយកកាកអំពៅ មកគាបយកទឹកអញ្ចឹង”៕

PropertyNews-realestate-PhnompenhCity
Property News – real estate – Phnom Penh City

គម្រោងសាងសង់ផ្លូវក្រវ៉ាត់ក្រុងខ្សែទី២ តភ្ជាប់ពីស្ពានមិត្តភាពកម្ពុជា កូរ៉េ និងការរៀបចំក្រុមការងារបានបញ្ចប់រង់ចាំតែថ្ងៃបើកការដ្ឋាន

គម្រោងសាងសង់ផ្លូវ ខ្សែក្រវាត់ក្រុងខ្សែទី២ តភ្ជាប់ពីស្ពានមិត្តភាព កម្ពុជា-កូរ៉េ (ផ្សាររាត្រី-អរិយក្សត្រ) ឆ្ពោះទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត។
គម្រោងសាងសង់ផ្លូវ ខ្សែក្រវាត់ក្រុងខ្សែទី២ តភ្ជាប់ពីស្ពានមិត្តភាព កម្ពុជា-កូរ៉េ (ផ្សាររាត្រី-អរិយក្សត្រ) ឆ្ពោះទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត។

ដោយៈ ម៉ាលីនណា

    ភ្នំពេញៈ នៅទីបំផុតគម្រោងសាងសង់ផ្លូវ ខ្សែក្រវាត់ក្រុងខ្សែទី២ តភ្ជាប់ពីស្ពានមិត្តភាព កម្ពុជា-កូរ៉េ (ផ្សាររាត្រី-អរិយក្សត្រ) ឆ្ពោះទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដោយបានបង្កើតនូវក្រុមការងារ អនុវត្តន៍គម្រោងរួចរាល់ ខណៈរង់ចាំតែថ្ងៃបើកការដ្ឋានតែប៉ុណ្ណោះ។

បើតាមផែនការ ការតភ្ជាប់ពីស្ពានមិត្តភាពកម្ពុជា-កូរ៉េ ទៅផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត និងទៅស្ពានព្រែកតាមាក់។ គឺដើម្បីជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ ដែលរស់នៅត្រើយខាងកើតរាជធានីភ្នំពេញ ពង្រីកការតភ្ជាប់ បង្រួមរយៈពេលធ្វើដំណើរ និងបង្កើតឱកាសការងារជូនដល់ប្រជាពលរដ្ឋ។

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េតម្លៃ២៤៥លានដុល្លារ តភ្ជាប់ពីចំណុច (ផ្សាររាត្រី-ជ្រោយចង្វារ- ជ្រោយចង្វារ-អរិយក្សត្រ) ត្រើយខាងលិចទន្លេសាប គ្រោងនឹងបើកការដ្ឋានសាងសង់ នៅអំឡុងពេលឆមាសទី១ ឆ្នាំ២០២៦ នាពេលខាងមុខនេះ។

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សាររាត្រី-ជ្រោយចង្វារ,ជ្រោយចង្វារ-អរិយក្សត្រ) គឺជាស្ពានប្រភេទស្ពានបេតុងខ្សែកាបយោងខ្ពស់ សាងសង់ជា៤គន្លងប្រភេទA/C ទទឹងស្ពានមានប្រវែងសរុប២៧,៥ម៉ែត្រ និងទទឹងផ្លូវប្រវែង២២,៥ម៉ែត្រ ដែលមានមេដ្យាន៣ម៉ែត្រ និងចិញ្ចើមផ្លូវ៣ម៉ែត្រ ល្បឿនអតិបរមា៨០គ.ម/ម៉ោង។

ស្ពានមិត្តភាពកម្ពុជា-កូរ៉េ នឹងសាងសង់ឆ្លងកាត់ទន្លេសាប ស្ពានទី១៖ (ចំណុចចាប់ផ្តើមពីម្តុំសួនផ្សាររាត្រី (ផ្សារចាស់) ឆ្លងកាត់ទៅត្រើយម្ខាងជ្រោយចង្វារ (ក្បែរសណ្ឋាគារសុខា) មានប្រវែង១,១៩គ.ម និងស្ពានទី២៖ ឆ្លងកាត់ទន្លេមេគង្គ ចាប់ផ្តើមពីចំណុចត្រើយម្ខាងជ្រោយចង្វារ (ក្បែរសណ្ឋាគារសុខា) ឆ្ពោះទៅប្រសព្វនឹងផ្លូវលេខ៣៨០ ឃុំអរិយក្សត្រ (ក្រុងល្វាឯម/ខេត្តកណ្តាល) មានប្រវែង១,១៨គ.ម និងផ្លូវតភ្ជាប់ទៅផ្លូវប្រសព្វនឹងផ្លូវលេខ៣៨០ មានប្រវែង១,១៧គ.ម។

គម្រោងនេះ មានរយៈពេលអនុវត្តចំនួន៥ឆ្នាំ ២ខែ(៦២ខែ)និងរយៈពេលសាងសង់ចំនួន៣ឆ្នាំ៩ខែ(៤៧ខែ) វិនិយោគក្នុងទំហំទឹកប្រា​ក់ប្រមាណ២៤៥លានដុល្លារ ក្រោមហិរញ្ញប្បទានសហប្រតិបត្តិការពីរដ្ឋាភិបាលនៃសារធារណរដ្ឋកូរ៉េ៕

អាជ្ញាធរជាតិអប្សរាគ្រោងដាក់ការដាក់ដំណើរការខ្សែទស្សនាថ្មីពី ប្រាសាទអង្គរវត្តទៅកាន់ប្រាសាទធំៗចំនួន៦ទៀត

ដោយៈ នាង សំណាង

    សៀមរាបៈ អាជ្ញាធរជាតិអប្សរាតាមរយៈនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី “ការដាក់ដំណើរការខ្សែទស្សនាថ្មី នៅប្រាសាទអង្គរវត្ត តាព្រហ្ម បន្ទាយ​ស្រី ចៅសាយទេវតា ធម្មនន្ទ ភ្នំក្រោម និងនាគព័ន្ធ”។

គោលបំណងនៃសិក្ខាសាលានេះ គឺផ្សព្វផ្សាយ និងពិភាក្សាបន្ថែមពាក់ព័ន្ធនឹងការដាក់ដំណើរការ ខ្សែទស្សនាថ្មីៗតាមប្រាសាទក្នុងតំបន់រមណីយដ្ឋានអង្គរ ដើម្បីទទួលបាននូវការគាំទ្រ និងចូលរួមជួយ ផ្សព្វផ្សាយបន្តអំពីការដាក់ដំណើរការខ្សែទស្សនាថ្មីទាំងនេះ ទៅកាន់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

សិក្ខាសាលាខាងលើធ្វើឡើងនៅនាយកដ្ឋានសណ្ដាប់ធ្នាប់ ដោយមានអ្នកចូលរួមមកពី រដ្ឋបាលខេត្តសៀមរាប មន្ទីរទេសចរណ៍ មន្ទីរបរិស្ថាន អង្គភាពនគរបាលការពារបេតិកភណ្ឌប្រចាំតំបន់អង្គរ អង្គភាពនគរបាលទេសចរណ៍ គ្រឹះស្ថានអង្គរ ក្រុមហ៊ុនទេសចរណ៍ មគ្គុទ្ទេសក៍ទេសចរណ៍ សមាគមដឹកជញ្ជូន និងមន្រ្តីបច្ចេកទេសជំនាញរបស់អាជ្ញាធរជាតិអប្សរា៕

ខេត្តចំនួន៣ត្រៀមទទួលគំរោងវិនិយោគចំនួន៨មានតម្លៃជាង៧៤លានដុល្លារ

ដោយៈ និស្ស័យ

    ភ្នំពេញៈ ក្រុមមន្រ្តីបានបើកកិច្ចប្រជុំច្រកចេញ- ចូលតែមួយ” លើកទី១៦ ក្នុងឆ្នាំ២០២៥ ត្រូវបានរៀបចំឡើង ដើម្បីពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជី គម្រោងវិនិយោគមានលក្ខណៈ សម្បត្តិគ្រប់គ្រាន់ចំនួន៨គម្រោង។

កិច្ចប្រជុំពិនិត្យ និងពិភាក្សានេះ បានធ្វើឡើងនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានរៀបចំកិច្ចប្រជុំច្រកចេញចូលតែមួយ ដើម្បីពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជី គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ៨គម្រោង ក្រោមអធិបតីភាពលោកជា វុទ្ធី អគ្គលេ​ខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា ដោយមានការអញ្ជើញចូលរួមពីសំណាក់តំណាងក្រសួង-ស្ថាប័ន និងរដ្ឋបាលរាជធានី-ខេត្តពាក់ព័ន្ធ។

គម្រោងវិនិយោគទាំងនេះ មានទុនវិនិយោគសរុបប្រមាណ ៧៤,៣លានដុល្លារអាម៉េរិក អាចបង្កើតការងារបានប្រមាណ៤,៤ពាន់កន្លែង និងមានមុខសញ្ញាវិនិយោគ ក្នុងវិស័យកសិ-ឧស្សាហកម្មចំនួន១គម្រោង (កែច្នៃកសិផល និងផលិតចំណីអាហារពីកសិផល) និងវិស័យឧស្សាហកម្មចំនួន៧គម្រោង (ផលិតឧបករណ៍តេស្ត (អគ្គិសនី និងសីតុណ្ហភាព) និងឧបករណ៍រង្វាស់ ផលិតសម្ភារៈសត្វចិញ្ចឹម (ពីប្លាស្ទិក) ផលិតសម្ភារៈបរិក្ខារប្រើប្រាស់ ក្នុងផ្ទះបាយគ្រប់ប្រភេទ ផលិតសម្ភារៈបន្ទាប់បន្សំរថយន្ត និងកប៉ាល់, ផលិតប្រដាប់ប្រដារក្មេងលេង និងផលិតសម្ភារៈបន្ទាប់បន្សំសម្រាប់ចង្ក្រាន្ត និងទូចង្ក្រាន្ត (ពីលោហធាតុកែច្នៃ)។

គម្រោងវិនិយោគទាំង៨ ដូចបានរៀបរាប់ខាងលើនេះ បានបោះទីតាំងនៅខេត្តតាកែវ កំពង់ស្ពឺ និងកំពង់ឆ្នាំង៕

អារ៉ាប៊ីសាអូឌីតគ្រោងងាកទៅវិនិយោគលើការអភិវឌ្ឍផ្សេងៗទៀត ខណៈគម្រោងទីក្រុងធំៗប្រឈមមុខនឹងការពន្យារពេល

ដោយ: សហសេវិក
អន្តរជាតិ: អារ៉ាប៊ីសាអូឌីតគ្រោងធ្វើពិពិធកម្មការវិនិយោគរបស់មូលនិធិវិនិយោគសាធារណៈ (PIF) ចំនួន៩២៥ពាន់លានដុល្លាររបស់ខ្លួនចេញពីគម្រោងអចលនទ្រព្យខ្នាតយក្ស ដែលប្រទេសនេះបានផ្តោតជាសំខាន់ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមក។

ព្រះអង្គម្ចាស់ Mohammed bin Salman នាយករដ្ឋមន្ត្រីនៃប្រទេសអារ៉ាប៊ីសាអូឌីត បានដាក់ចេញនូវផែនការចក្ខុវិស័យឆ្នាំ២០៣០ (Vision 2030) កាលពីឆ្នាំ២០១៦ ដើម្បីធ្វើពិពិធកម្មសេដ្ឋកិច្ច ដោយផ្តោតលើគម្រោងអចលនទ្រព្យធំៗ។

យុទ្ធសាស្ត្រដើមដំបូង រួមមានការអភិវឌ្ឍទីក្រុង NEOM ដែលជាទីក្រុងអនាគតមួយនៅតំបន់វាលខ្សាច់ក្បែរសមុទ្រក្រហម និងផែនការធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡារដូវរងាអន្តរជាតិនៅតំបន់ភ្នំភាគខាងជើងនៃប្រទេសនេះ ដោយជម្រាលជិះស្គីភាគច្រើនប្រើប្រាស់ព្រិលសិប្បនិម្មិត។

គម្រោងទីក្រុងអនាគត NEOM ដែលមានបំណងផ្ទុកប្រជាជនប្រមាណ៩លាននាក់ និងគម្រោងអចលនទ្រព្យខ្នាតយក្សផ្សេងទៀតបានប្រឈមមុខនឹងការពន្យារពេលម្តងហើយម្តងទៀត។

ប្រភព ដែលស្នើសុំមិនបញ្ចេញឈ្មោះដោយសារបញ្ហានេះមានភាពរសើបបានទម្លាយប្រាប់កាសែត Reuters ថា ដើម្បីធានាបាននូវផលចំណេញរយៈពេលខ្លីប្រកបដោយចីរភាពសម្រាប់មូលនិធិ PIF យុទ្ធសាស្ត្រថ្មីនេះមានគោលបំណងងាកទៅវិនិយោគលើការអភិវឌ្ឍផ្សេងទៀត ដូចជាភស្តុភារកម្ម ការជីកខួងយករ៉ែ និងការទាក់ទាញភ្ញៀវទេសចរណ៍សាសនា។

ប្រភពដដែលបានបន្ថែមថា ប្រទេសអារ៉ាប៊ីសាអូឌីត ក៏កំពុងចាប់អារម្មណ៍ចំពោះការវិនិយោគលើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត និងមជ្ឈមណ្ឌលទិន្នន័យ ដែលដំណើរការដោយថាមពលអុីដ្រូកាបូន និងធនធានថាមពលផ្សេងទៀតរបស់ខ្លួន៕ប្រភព: Reuters៕