គម្រោងសាងសង់ផ្លូវ ខ្សែក្រវាត់ក្រុងខ្សែទី២ តភ្ជាប់ពីស្ពានមិត្តភាព កម្ពុជា-កូរ៉េ (ផ្សាររាត្រី-អរិយក្សត្រ) ឆ្ពោះទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត។
ដោយៈ ម៉ាលីនណា
ភ្នំពេញៈ នៅទីបំផុតគម្រោងសាងសង់ផ្លូវ ខ្សែក្រវាត់ក្រុងខ្សែទី២ តភ្ជាប់ពីស្ពានមិត្តភាព កម្ពុជា-កូរ៉េ (ផ្សាររាត្រី-អរិយក្សត្រ) ឆ្ពោះទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដោយបានបង្កើតនូវក្រុមការងារ អនុវត្តន៍គម្រោងរួចរាល់ ខណៈរង់ចាំតែថ្ងៃបើកការដ្ឋានតែប៉ុណ្ណោះ។
បើតាមផែនការ ការតភ្ជាប់ពីស្ពានមិត្តភាពកម្ពុជា-កូរ៉េ ទៅផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត និងទៅស្ពានព្រែកតាមាក់។ គឺដើម្បីជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ ដែលរស់នៅត្រើយខាងកើតរាជធានីភ្នំពេញ ពង្រីកការតភ្ជាប់ បង្រួមរយៈពេលធ្វើដំណើរ និងបង្កើតឱកាសការងារជូនដល់ប្រជាពលរដ្ឋ។
-->
គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េតម្លៃ២៤៥លានដុល្លារ តភ្ជាប់ពីចំណុច (ផ្សាររាត្រី-ជ្រោយចង្វារ- ជ្រោយចង្វារ-អរិយក្សត្រ) ត្រើយខាងលិចទន្លេសាប គ្រោងនឹងបើកការដ្ឋានសាងសង់ នៅអំឡុងពេលឆមាសទី១ ឆ្នាំ២០២៦ នាពេលខាងមុខនេះ។

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សាររាត្រី-ជ្រោយចង្វារ,ជ្រោយចង្វារ-អរិយក្សត្រ) គឺជាស្ពានប្រភេទស្ពានបេតុងខ្សែកាបយោងខ្ពស់ សាងសង់ជា៤គន្លងប្រភេទA/C ទទឹងស្ពានមានប្រវែងសរុប២៧,៥ម៉ែត្រ និងទទឹងផ្លូវប្រវែង២២,៥ម៉ែត្រ ដែលមានមេដ្យាន៣ម៉ែត្រ និងចិញ្ចើមផ្លូវ៣ម៉ែត្រ ល្បឿនអតិបរមា៨០គ.ម/ម៉ោង។
ស្ពានមិត្តភាពកម្ពុជា-កូរ៉េ នឹងសាងសង់ឆ្លងកាត់ទន្លេសាប ស្ពានទី១៖ (ចំណុចចាប់ផ្តើមពីម្តុំសួនផ្សាររាត្រី (ផ្សារចាស់) ឆ្លងកាត់ទៅត្រើយម្ខាងជ្រោយចង្វារ (ក្បែរសណ្ឋាគារសុខា) មានប្រវែង១,១៩គ.ម និងស្ពានទី២៖ ឆ្លងកាត់ទន្លេមេគង្គ ចាប់ផ្តើមពីចំណុចត្រើយម្ខាងជ្រោយចង្វារ (ក្បែរសណ្ឋាគារសុខា) ឆ្ពោះទៅប្រសព្វនឹងផ្លូវលេខ៣៨០ ឃុំអរិយក្សត្រ (ក្រុងល្វាឯម/ខេត្តកណ្តាល) មានប្រវែង១,១៨គ.ម និងផ្លូវតភ្ជាប់ទៅផ្លូវប្រសព្វនឹងផ្លូវលេខ៣៨០ មានប្រវែង១,១៧គ.ម។
គម្រោងនេះ មានរយៈពេលអនុវត្តចំនួន៥ឆ្នាំ ២ខែ(៦២ខែ)និងរយៈពេលសាងសង់ចំនួន៣ឆ្នាំ៩ខែ(៤៧ខែ) វិនិយោគក្នុងទំហំទឹកប្រាក់ប្រមាណ២៤៥លានដុល្លារ ក្រោមហិរញ្ញប្បទានសហប្រតិបត្តិការពីរដ្ឋាភិបាលនៃសារធារណរដ្ឋកូរ៉េ៕
