ប្រជាពលរដ្ឋកម្ពុជា២៦,៥ភាគរយរស់នៅតាមទីក្រុងនានានៅទូទាំងប្រទេស ជម្រុញឲ្យការអភិវឌ្ឍឆ្ពោះទៅកាន់តំបន់រណប

ដោយៈ និស្ស័យ

    ភ្នំពេញៈ នគរូបនីយកម្ម និងតម្រូវការកើនឡើងបាននិងកំពុងធ្វើឲ្យតម្រូវការលំនៅដ្ឋាន និងអចលនទ្រព្យដទៃទៀត បានងាកចេញពីកណ្តាលរាជធានី ឆ្ពោះទៅតំបន់ជាយក្រុងនានា។

ការសិក្សាមួយបានបង្ហាញថា ប្រជាជនទីក្រុងរបស់ប្រទេសកម្ពុជាកំពុងកើនឡើងយ៉ាងឆាប់រហ័ស ដោយនៅឆ្នាំ២០២៣ មានប្រជាពលរដ្ឋប្រហែល25.6ភាគរយ នៃប្រជាជនកម្ពុជាសរុបរស់នៅក្នុងទី ក្រុង ប៉ុន្តែចំនួននេះនឹងកើនឡើងដល់ប្រហែល26.5ភាគរយ នៅឆ្នាំ 2025នេះ។

នៅរាជធានីភ្នំពេញ មនុស្សកាន់តែច្រើនកំពុងផ្លាស់ប្តូរពីតំបន់ជនបទ ទៅទីក្រុងសម្រាប់ការងារក្នុងវិស័យសេវាកម្ម ផលិតកម្ម និងទេសចរណ៍។ នេះបង្កើនតម្រូវការសម្រាប់លំនៅដ្ឋាន អចលនទ្រព្យជួល និងហេដ្ឋារចនាសម្ព័ន្ធគាំទ្រ។

ដោយមានអ្នករស់នៅកាន់តែច្រើន សេវាកម្មទីក្រុង និងការវិនិ​យោគហេដ្ឋារចនាសម្ព័ន្ធកាន់តែមានតម្លៃ ជំរុញតម្លៃអចលនទ្រព្យនៅក្បែរនោះមានភាពប្រសើរឡើង។

ហេដ្ឋារចនាសម្ព័ន្ធ និងការកែលម្អការចូលប្រើប្រាស់

រាជរដ្ឋាភិបាល បាននិងកំពុងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ឋតម្លៃរាប់ពាន់លានដុល្លារ ក្នុងរយៈពេល២ទសវត្សរ៍ចុងក្រោយនេះ ដែលធ្វើឲ្យមានតំណភ្ជាប់ដឹកជញ្ជូនថ្មី ផ្លូវថ្នល់ ស្ពាន និងផែនការមេ (ឧទាហរណ៍ ផែនការឆ្នាំ2035 របស់ទីក្រុង) ធ្វើឱ្យស្រុក “ឆ្ងាយ” កាន់តែខិតមកកៀកនឹងរាជធានី ដែលជម្រុញដល់សកម្មភាពវិនិយោគ និងអភិវឌ្ឍន៍អចលនទ្រព្យកាន់តែច្រើន។

ឧទាហរណ៍ ការអភិវឌ្ឍនៅក្នុងស្រុកភាគខាងត្បូង/ ក្រៅទីក្រុងភ្នំពេញ កំពុងទទួលបានអត្ថប្រយោជន៍ពីការតភ្ជាប់កាន់តែប្រសើរ។

សហស្ថាបនិក និងជាអគ្គនាយកគេហទំព័រPropertyarea.asia លោកយិន លាងគង់ ដែលជាអ្នកដឹកនាំសារព័ត៌មាននាំមុខផ្នែកព័ត៌មានអចលនទ្រព្យបានលើកឡើងថា សកម្មភាពអភិវឌ្ឍន៍កាន់តែច្រើន កំណើនប្រជាសាស្រ្ត នឹងជម្រុញឲ្យមានការប្រើប្រាស់កាន់តែប្រសើរឡើង ដែលធ្វើឲ្យទំនោរជំរុញតម្លៃដីធ្លីឱ្យកើនឡើង និងធ្វើឱ្យការអភិវឌ្ឍលំនៅដ្ឋានថ្មីអាចសម្រេចបាន។

ជាមួយគ្នានេះ លោកយិន លាងគង់បានបង្ហាញថា តាមការព្យាករណ៍ និងសិក្សាពីក្រសួងរៀបចំដែនដី ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលបានបង្ហាញថា មានការផ្លាស់ប្តូរជាវិជ្ជមានពីលំនៅដ្ឋានមានលក្ខណៈប្រណីត និងតម្លៃខ្ពស់ទៅជាលំនៅឋានកម្រិតមធ្យម និងលំនៅឋានដែលមានតម្លៃសមរម្យ ដោយកំណត់គោលដៅអ្នកទិញក្នុងស្រុកក្នុងស្រុក ជាជាងវិនិយោគិនបរទេស។

លោកបន្តថា លើសពីនេះផលចំណេញពីការវិនិយោគ ឬការជួល នៅក្នុងតំបន់ ដែលមានទីតាំងនៅកណ្តាលទីក្រុង ត្រូវបានគេរំពឹងថានឹងប្រសើរឡើង ដោយសារតម្រូវការសម្រាប់ការរស់នៅទីក្រុងល្អ។

លើសពីនេះ គោលនយោបាយប្រើប្រាស់ដីធ្លីថ្មី និងការធ្វើផែ​នការជាប្រព័ន្ធកាន់តែច្រើនមានន័យថា តំបន់ដែលងាយស្រួលសម្រាប់ការអភិវឌ្ឍ។

លោកយិន លាងគង់បានបន្តថា ជាមួយគ្នានេះ ទីផ្សារដែល កំពុ​ងរីកចម្រើន និងកំណើនតម្លៃ ស្ថិតនៅកណ្តាលរាជធានី មានការផ្គត់ផ្គង់ដល់ដំណាក់កាល ដែលឆ្អែតនៅក្នុងទីផ្សារ(ការផ្គត់ផ្គង់លើសតម្រូវការ) ដូចជាតំបន់ជ្រោយចង្វារ តំបន់ទួលគោក និងតំបន់មួយចំនួនទៀត។

លោកបន្តថា “ដីធ្លី និងលំនៅឋាននៅក្នុងតំបន់ទាំងនេះ អាចផ្តល់តម្លៃកាន់តែប្រសើរ និងការកើនឡើងប្រសិនបើ ហេដ្ឋារចនាសម្ព័ន្ធសមស្រប”៕

ក្រសួងចំនួន២ឯកភាពរួមគ្នាលើការរៀបចំប្លង់គោលប្រើប្រាស់ដីក្នុងតំបន់បឹងទន្លេសាប និងបង្កើតខឿនសេដ្ឋកិច្ចក្នុងតំបន់នេះ

ដោយៈ ម៉ាណា

    ភ្នំពេញៈ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួ​ងធនធានទឹកនិងឧតុនិយម និងអាជ្ញាធរទន្លេសាប ព្រមទាំងក្រសួ​ងពាក់ព័ន្ធ ប្រជុំពិភាក្សាស្វែងរកការឯកភាពរួមគ្នាលើការរៀបចំប្លង់គោលប្រើប្រាស់ដីក្នុងតំបន់បឹងទន្លេសាប និងបង្កើតខឿនសេដ្ឋកិច្ចក្នុងតំបន់នេះ។

ក្នុងកិច្ចប្រជុំកាលពីសប្តាហ៍មុន រដ្ឋមន្រ្តីក្រសួងទាំងពីរ និងមន្រ្តីពាក់ព័ន្ឋបានពិភាក្សាគ្នា លើការរៀបចំប្លង់គោលប្រើប្រាស់ដី ក្នុងតំបន់បឹងទន្លេសាប។

លោកឧបនាយករដ្ឋមន្រ្តីសាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានលើកឡើងក្នុងកិច្ចប្រជុំថា ការជួបជុំគ្នានាពេលនេះ គឺដើម្បីកសាងការឯកភាពរួមគ្នាសម្រេចចិត្ត និងទទួលខុសត្រូវឱ្យបានច្បាស់លាស់ ក្នុងការកំណត់បែងចែកតំបន់នីមួយៗក្នុងតំបន់បឹងទន្លេសាប រៀបចំប្លង់គោលនៃការប្រើប្រាស់ដីក្នុងតំបន់នេះ ព្រមទាំងកសាងផែនការនៃការអនុវត្តប្លង់គោលផងដែរ។

លោកបានបង្ហាញការយល់ឃើញថា តាមរយៈកិច្ចប្រជុំនាពេលនេះ យើងនឹងមានមូលដ្ឋានដ៏សំខាន់មួយ សម្រាប់យើងបោះជំហានទៅមុខ នោះគឺ ការឯកភាពគ្នាលើផែនការ កសាងខឿនសេដ្ឋកិច្ចតំបន់បឹងទន្លេសាបឱ្យក្លាយជា របៀងសេដ្ឋកិច្ច ដើម្បីសន្តិសុខស្បៀង និងសុវត្ថិភាពម្ហូបអាហារ សម្រាប់កម្ពុជានាពេលអនាគត។

លោកបញ្ជាក់ថា “អ្វីដែលបានឯកភាពគ្នា ក្នុងកិច្ចប្រជុំនាពេលនេះគឺជាជំហានទី១ ដោយឡែកជំហានទី២ ក្រុមការងារនឹងចុះទៅពិនិត្យមើលឱ្យបានច្បាស់លាស់ នៅទីតាំងជាក់ស្តែង ហើយនឹងរៀបចំប្លង់គោលនៃការប្រើប្រាស់ដី ក្នុងតំបន់បឹងទន្លេសាប និងត្រូវធ្វើ សៀវភៅ ស សម្រាប់កំណត់គោលដៅអភិវឌ្ឍន៍ នៅតាមភូមិឃុំក្នុងបណ្ដាខេត្តនីមួយៗជុំវិញបឹងទន្លេសាប”។

ជាមួយនេះ លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានសន្យានឹងបន្តជជែកពិភាក្សាជាមួយក្រសួងពាក់ព័ន្ធ ព្រមទាំងអាជ្ញាធរទន្លេ​សាប នាពេលក្រោយជាបន្តបន្ទាប់ទៀត ដើម្បីកំណត់នូវអ្វីដែលជាខឿនសេដ្ឋកិច្ចជាយុទ្ធសាស្ត្រ ដោយបង្កើតឱ្យបាននូវលំហូរចំណូលសេដ្ឋកិច្ចនៅក្នុងតំបន់បឹងទន្លេសាប៕

ក្រុមហ៊ុនអចលនទ្រព្យយក្សជប៉ុនចាប់ផ្តើមដាក់លក់ខុនដូតម្លៃថ្លៃកប់ពពកនៅចំកណ្តាលរដ្ឋធានីហ្សាការតារបស់ឥណ្ឌូនេសុី

ដោយ: សហសេវិក
អន្តរជាតិ: យោងតាមកាសែត Nikkei Asia បានចុះផ្សាយថា ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យយក្សជប៉ុន Mitsubishi Estate បានចាប់ផ្តើមដាក់លក់ខុនដូ Pre-sale នៅប្រទេសឥណ្ឌូនេស៊ី ដែលនឹងក្លាយជាលំនៅដ្ឋានថ្លៃជាងគេបំផុតមួយក្នុងប្រទេសនេះ។

តួយ៉ាង ខុនដូដែលមានទំហំ១៧៥ម៉ែត្រការ៉េ មានតម្លៃចាប់ពី១៣ពាន់លានរូពី (ប្រមាណ៧៨៣.០០០ដុល្លារអាមេរិក)ក្នុងមួយយូនីត។

ខុនដូទាំងនេះស្ថិតនៅក្នុងគម្រោង Two Sudirman នៅចំកណ្តាលទីក្រុងហ្សាកាតា ដែលមានអគារខ្ពស់កប់ពពកចំនួន២ ដែលមានកម្ពស់ប្រហែល៣៣០ម៉ែត្រ និងកម្ពស់២៧០ម៉ែត្រ។

យូនីតខុនដូនឹងស្ថិតនៅក្នុងអគារកម្ពស់២៧០ម៉ែត្រ ខណៈការប្រគល់ខុនដូទៅឱ្យអ្នកទិញគ្រោងនឹងចាប់ផ្តើមនៅក្នុងត្រីមាសទីមួយនៃឆ្នាំ ២០២៩ខាងមុខ។

អគារនេះនឹងរួមមានខុនដូទំហំ១៧៥ម៉ែត្រការ៉េដែលមានបន្ទប់គេងចំនួន២ រហូតដល់ផ្ទះ Penthouse ទំហំ១.០០០ម៉ែត្រការ៉េ ព្រមទាំងមានគ្រឿងបរិក្ខារប្រើប្រាស់រួមគ្នាជាង៣០ រួមទាំងកន្លែងហាត់ប្រាណ អាងហែលទឹក ទីលានវាយកូនបាល់ បន្ទប់វាយកូនហ្គោល និងបន្ទប់ស្តុកស្រា។

គម្រោង Two Sudirman មានគោលបំណងទាក់ទាញជនជាតិឥណ្ឌូនេស៊ីដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភ ខណៈបណ្តាអ្នកជំនួញនៅប្រទេសឥណ្ឌូនេសុីមានលំនៅដ្ឋានជាច្រើន ដោយក្នុងនោះរួមមានផ្ទះវិស្សមកាល ឬផ្ទះដែលពួកគេទិញក្នុងគោលដៅវិនិយោគ៕ប្រភព: Nikkei Asia៕

ការអភិវឌ្ឍផែនការមេធំៗនៅលើពិភពលោក កំពុងជួយជំរុញការបង្កើតតំបន់លំនៅឋាន និងពាណិជ្ជកម្ម

ដោយ: សហសេវិក
អន្តរជាតិ: ការអភិវឌ្ឍផែនការមេនៅ​ជុំវិញ​ពិភពលោក បានបង្កើតនូវ​របៀបរស់នៅ​កាន់តែ​មាន​ផាសុកភាព និង​ភាពទំនើប។ គម្រោង​អភិវឌ្ឍជាច្រើន​កំពុង​ជំរុញ​នគរូបនីយកម្ម ព្រមទាំង​លើកកម្ពស់ការតភ្ជាប់ ដែលជួយសម្រួលដល់​ការរស់នៅ​ក្នុង​ទីក្រុង​។

ខាងក្រោមនេះជាគម្រោងអភិវឌ្ឍធំៗចំនួន៣ ដែលបានផ្លាស់ប្តូរមុខមាត់ទីក្រុងមួយចំនួនលើពិភពលោក៖

ទី១: គម្រោង Gamuda Cove

គម្រោង Gamuda Cove ជាគម្រោង​លេចធ្លោ​មួយ​របស់​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ Gamuda Land។ ​​ចាប់តាំងពី​បើកសម្ពោធ​អចលនទ្រព្យ​ក្នុង​ឆ្នាំ២០១៨ មក គម្រោងនេះបាន​ក្លាយទៅជា​សហគមន៍​ដ៏រីកចម្រើន​មួយ ដោយអ្នកអភិវឌ្ឍន៍បានប្រគល់ផ្ទះ​ជាង២.០០០យូនីតជូនអតិថិជន។

គម្រោងនេះស្ថិតនៅចំទីតាំងយុទ្ធសាស្ត្រ ដែលមានចម្ងាយ១៥នាទីពីអាកាសយានដ្ឋានអន្តរជាតិគូឡាឡាំពួរ និងផ្តល់នូវភាពងាយស្រួលក្នុងការធ្វើដំណើរទៅកាន់ទីក្រុង Cyberjaya ដែលជាតំបន់សួនបច្ចេកវិទ្យាវិទ្យាសាស្ត្រ «Silicon Valley» របស់ប្រទេសម៉ាឡេស៊ី និងទីក្រុង Putrajaya។

ទី២ : គម្រោង Gading Serpong

គម្រោង Gading Serpong ជាតំបន់ទីក្រុងដ៏ធំមួយ ដែលសាងសង់ឡើងដោយក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យឥណ្ឌូនេស៊ី Paramount Land។ គម្រោងនេះមានចម្ងាយប្រហែល២១គីឡូម៉ែត្រនៅភាគខាងលិចនៃតំបន់ពាណិជ្ជកម្មកណ្តាល(CBD)របស់ទីក្រុងហ្សាការតា។

គម្រោង​លាតសន្ធឹងលើផ្ទៃដី​ទំហំ១.២០០ហិកតា​នេះ ​ជា​គម្រោង​រៀបចំ​ផែនការ​ទីក្រុង​ប្រកបដោយ​មហិច្ឆតា​ខ្ពស់បំផុត​មួយ​នៅ​ប្រទេស​ឥណ្ឌូនេស៊ី ដោយ​រួម​បញ្ចូល​គ្នា​នូវ​តំបន់អចលនទ្រព្យ​លំនៅដ្ឋាន និង​តំបន់ពាណិជ្ជកម្ម ក៏ដូចជា​ការ​អភិវឌ្ឍ​អាជីវកម្ម​ផងដែរ។

ទី៣: គម្រោង Wapping Wharf

គម្រោងអចលនទ្រព្យពហុមុខងារ Wapping Wharf ស្ថិតនៅទីក្រុង Bristol នៃចក្រភពអង់គ្លេស បានដើរតួនាទីជាយូរមកហើយជាតំបន់ហាងលក់រាយ ពាណិជ្ជកម្ម និងជាតំបន់លំនៅដ្ឋានផងដែរ៕ប្រភព: Inquirer.Net៕

ធនាគារ ហត្ថា ចូលរួមការតាំងបង្ហាញពីឱកាសការងារក្នុងកម្មវិធី ពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២៥

ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៥៖ ធនាគារ ហត្ថា ដែលជាសមាជិកនៃសម្ព័ន្ធហិរញ្ញវត្ថុអន្តរជាតិ MUFG មានកិត្តិយសបានចូលរួមការតាំងបង្ហាញពីឱកាសការងារ និងជ្រើសរើសកម្លាំងពលកម្ម នៃព្រឹត្តិការណ៍ពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២៥ ក្រោមប្រធានបទ “ វិថីឆ្ពោះទៅរកផលិតភាព៖ ផ្សារភ្ជាប់ជំនាញ បច្ចេកវិទ្យា និងឱកាសការងារ ”  ក្រោមអធិបតីភាពរបស់ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងមានការអញ្ញើញចូលរួមពី​ដៃគូអភិវឌ្ឍន៍ រោងចក្រ សហគ្រាស កម្មករ និយោជិត​ និងនិយោជក​ ពីគ្រប់មជ្ឈដ្ឋានប្រមាណជាង ១៨០០នាក់។

ក្នុងព្រឹត្តិការណ៍នេះ ធនាគារ ហត្ថា បានរៀបចំស្តង់ពិព័រណ៍ ដើម្បីបានជួបពិភាក្សាដោយផ្ទាល់ជាមួយបេក្ខជន ទទួលពាក្យ និងអាចសម្ភាសន៍ដោយផ្ទាល់ជាមួយពួកគាត់ ដែលកំពុងស្វែងរកការងារ។ ជាមួយគ្នានោះផងដែរ ធនាគារ ហត្ថា មានកិត្តិយសដ៏ខ្ពង់ខ្ពស់ទទួលលិខិតថ្លែងអំណរគុណពីឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចំពោះការបរិច្ចាគកង់ចំនួន ១០០ គ្រឿង ដល់ក្រសួងដើម្បីលើកកម្ពស់សកម្មភាពផ្សព្វផ្សាយឱកាសការងារក្នុងស្រុក​ និងចុះឈ្មោះជ្រើសរើសបុគ្គលិក។​

លោក អាំង ប៊ុនសេង អគ្គនាយកធនធានមនុស្ស នៃធនាគារ ហត្ថា បានមានប្រសាសន៍ថា “ តាងនាមអោយគណៈគ្រប់គ្រងរបស់ធនាគារ ហត្ថា យើងសង្ឃឹមយ៉ាងមុតមាំថា ការរួមចំណែកឧបត្ថម្ភកង់នៅថ្ងៃនេះ ជាផ្នែកមួយដ៏សំខាន់បំផុតក្នុងការបង្កើតឱកាសការងារ និងចូលរួមផ្សព្វផ្សាយឱកាសការងារផ្សេងៗនៅក្នុងស្រុក ដើម្បីអោយបេក្ខជននិងប្រជាជនដែលកំពុងស្វែងរកការងារទាំងអស់បានទទួលជ្រាប និងចាប់យកឱកាសការងារដើម្បីបង្កើនផលិតភាពក្នុងស្រុក”។

អំពី ធនាគារ ហត្ថា

ធនាគារ ហត្ថា ជាធនាគារពាណិជ្ជ ដែលមានវត្តមាននៅក្នុងព្រះរាជាណាចក្រកម្ពុជាអស់រយៈកាលជាង ៣០ឆ្នាំមកហើយ ដែលបានផ្ដល់ជូនសេវាហិរញ្ញវត្ថុយ៉ាងទូលំទូលាយ ដល់អតិថិជនរបស់ខ្លួន ដែលរួមមានអតិថិជនជាលក្ខណៈបុគ្គល សហគ្រាសខ្នាតតូច និងមធ្យម (SME) ព្រមទាំងស្ថាប័នសាជីវកម្មធំៗជាច្រើនទៀត ។ ធនាគារ ហត្ថា គឺជាសមាជិករបស់ MUFG ដែលជាសម្ព័ន្ធហិរញ្ញវត្ថុធំមួយ របស់ប្រទេសជប៉ុន ដែលមានសាខាប្រហែល  ២000 ទីតាំង ស្ថិតនៅក្នុងទីផ្សារជាង ៤០ ប្រទេសក្នុងពិភពលោក។ សម្ព័ន្ធក្រុមហ៊ុនផ្ដល់សេវាកម្មហិរញ្ញវត្ថុ MUFG បានការចុះបញ្ជីនៅលើផ្សារហ៊ុន (Tokyo Stock Exchange), ណាហ្គូយ៉ា (Nagoya Stock Exchange) និងញូវយ៉ក (New York Stock Exchange) ដោយមានតម្លៃទីផ្សាររហូតដល់ ២៤.២៧ កោដិយ៉េន និងប្រាក់ចំណេញសុទ្ធចំនួន ១.៥៩១,១ ពាន់លានយ៉េន នៅត្រឹមចុងខែមីនា ឆ្នាំ ២០២៥។

រដ្ឋមន្រ្តីក្រសួងចំនួន២ជួបជាមួយអ្នកផ្គូផ្គងរវាងសមាគមអ្នកផលិតចំណីអាហារ និងSMEs

ដោយៈ និស្ស័យ

    ភ្នំពេញៈ រដ្ឋមន្រ្តីមកពីក្រសួងចំនួន២ កិច្ចជំនួបផ្គូផ្គងរវាងសមា​គមអ្នកផលិតចំណីអាហារកម្ពុជា សិប្បកម្ម និងសហគ្រាសធុនតូច និងមធ្យម ជាមួយសមាគមសហគមន៍ចុងភៅកម្ពុជា សមាគមសណ្ឋាគារនៅកម្ពុជា និងផ្សារទំនើប ម៉ាត និងមីនីម៉ាត។

ជំនួបនេះមានការចូលរួម ពីរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងលោកហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងតំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងតំណាងសិប្បកម្មផលិតក្នុងស្រុក សមាគមសណ្ឋា​គារ និងសមាគមសហគមន៍ចុងភៅកម្ពុជា និងផ្សារទំនើប ម៉ាត និងមីនីម៉ាត សរុបប្រមាណ២៥០នាក់ ក្នុងនោះមានការចូលរួមពីសិប្បកម្មផលិតក្នងស្រុកចំនួន៦៩ និងផ្សារទំនើប ម៉ាត និងមីនីម៉ាតចំនួន៦០។

ជាកិច្ចចាប់ផ្តើម លោកជំទាវរដ្ឋមន្រ្តី បានថ្លែងស្វាគមន៍ និងថ្លែងអំណរគុណជូនចំពោះ លោករដ្ឋមន្រ្តី និងមន្រ្តី ថ្នាក់ដឹកនាំក្រសួងនិងតំណាងពីវិស័យឯកជន ដែលបានអញ្ជើញចូលរួមកិច្ចជំនួបនេះ ដែលឆ្លុះបញ្ចាំងឱ្យឃើញពីស្មារតី និងឆន្ទៈរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការរួមគ្នាលើកកម្ពស់ផលិតផលខ្មែរ។

ជាមួយគ្នានោះ លោកជំទាវរដ្ឋមន្រ្តី បានជម្រាបជូនថា កិច្ចជំនួបផ្គូផ្គងនេះ ពិតជាមានសារៈសំខាន់ណាស់ ដែលនឹងផ្តល់ឱកាសឱ្យ​សិប្ប​កម្មផលិតក្នុងស្រុក បានផ្សព្វផ្សាយនូវផលិតផលរបស់ខ្លួន និងជួបប្រាស្រ័យទាក់ទងផ្ទាល់ ជាមួយតំណាងផ្សារទំនើប ម៉ាត និងមីនីម៉ាត សមាគមសណ្ឋាគារ និងសមាគមសហគមន៍ចុងភៅកម្ពុជា ដើម្បីអាចពិភាក្សាគ្នា និងផ្សារភ្ជាប់ព័ត៌មានទីផ្សារ ធ្វើយ៉ាងណាអាចបង្កើនការលក់ផលិតផលក្នុងស្រុក សំដៅជំរុញបន្ថែមទៀតនូវចលនាប្រើប្រាស់ផលិតផលខ្មែរ។

លើសពីនេះ លោកជំទាវរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍លើការងារមួយចំនួន រួមមាន ការពិនិត្យរៀបចំជំនួបផ្គូផ្គងជារៀងរាល់៣ ខែម្តង ដោយចាប់ផ្តើមពីរាជធានី ខេត្តសំខាន់ៗ ការលើកកម្ពស់ការយល់ដឹងអំពីការប្រើប្រាស់ផលិតផល ដល់អតិថិជនអ្នកប្រើប្រាស់ និងលើកទឹកចិត្តដល់ផ្សារទំនើបនានា បង្កលក្ខណៈអំណោយផល ដល់ការចូលដាក់តាំងលក់ផលិតផលខ្មែរជាដើម។

ថ្លែងក្នុងពិធីនេះផងដែរ លោកហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានជម្រាបជូនអំពីកិច្ចខិតខំប្រឹងប្រែង របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងនាមសេនាធិការរាជរដ្ឋាភិបាល លើការងារលើកកម្ពស់និងធានានូវស្តង់ដារ បច្ចេកទេស និងគុណភាពផលិតផល ដោយគិតគូរជាសំខាន់ លើការថ្លឹងថ្លែងរវាងសមត្ថភាពអ្នកផលិត និងសុខមាលភាពអ្នកប្រើប្រាស់។

ក្នុងនោះផងដែរ លោករដ្ឋមន្រ្តី បានផ្តល់អនុសាសន៍មួយចំនួនពាក់ព័ន្ធ នឹងការបន្តផ្លាស់ប្តូរផ្នត់គំនិតងាកមកគាំទ្រ ផ្តល់តម្លៃ និងប្រើប្រាស់ផលិតផលក្នុងស្រុក ឱ្យកាន់តែផុលផុសបន្ថែមទៀត និងយូរអង្វែង ការស្វែងយល់បន្ថែមឱ្យបានកាន់តែច្បាស់ អំពីតម្រូវការរបស់អ្នកប្រើប្រាស់ និងការបង្កើនសមត្ថភាព ក្នុងផលិតកម្មសំដៅធានាបាននូវគុណភាព៕

ក្រសួងផ្សព្វផ្សាយផែនការមេគ្រប់ជ្រុងជ្រោយទាក់ទងការដឹកជញ្ជូនអន្តរជាតិមធ្យោបាយ និងភស្តុភារកម្មនៅកម្ពុជា

ដោយៈ គង់ សូរិយា

    ស្វាយរៀងៈ មន្រ្តីជាន់ខ្ពស់ក្រសួងសាធារណការ បានបើកសិក្ខាសាលាផ្សព្វផ្សាយ និងជំរុញការអនុវត្ត “ផែនការមេគ្រប់ជ្រុងជ្រោយស្តីពី ប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្ដុភារកម្មនៅកម្ពុជា ឆ្នាំ ២០២៣-២០៣៣” លើកទី៣។

សិក្ខាសាលានេះប្រារពធ្វើឡើង ក្រោមអធិបតីភាព លោកហេង ណន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ លោកប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជា គណៈអធិបតី ក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយ និងជំរុញការអនុវត្ត “ផែនការមេគ្រប់ជ្រុងជ្រោយស្តីពី ប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្ដុភារកម្មនៅកម្ពុជា ឆ្នាំ២០២៣-២០៣៣”។

សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងតំណាងគណៈអភិបាលខេត្ត តំណាងមន្ទីរពាក់ព័ន្ធ តំណាងសភាពាណិជ្ជកម្មទាំង៥ខេត្ត មានដូចជា  ខេត្តកណ្ដាល ខេត្តតាកែវ ខេត្តត្បូងឃ្មុំ ខេត្តស្វាយរៀង និងខេត្តព្រៃវែង និងមន្ត្រីជំនាញពាក់ព័ន្ធ នៃអគ្គនាយកដ្ឋានភស្តុភារកម្ម។

សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្នុងគោល បំណងផ្សព្វផ្សា​យផែនការមេ ដល់គ្រប់ភាគីពាក់ព័ន្ធលើគម្រោង ដែលបានចែងក្នុងផែនការមេសរុបចំនួន១៧៤គម្រោង ដោយបែងចែកជា២ដំណាក់កាលសម្រាប់ការអនុវត្តជា ដូចជា (១) គម្រោងអនុវត្តរយៈពេលខ្លី និងមធ្យម (ចាប់ពីឆ្នាំ២០២៣-២០២៧) និង(២) គម្រោងរយៈពេលវែង (ចាប់ពីឆ្នាំ២០២៨-២០៣៣) និងជំរុញដល់គ្រប់ភាគីពាក់ព័ន្ធសម្រាប់ជួយផ្សព្វផ្សាយបន្តដល់វិនិយោគិន ដើម្បីចាប់យកឱកាសវិនិយោគផងដែរ។

ថ្លែងក្នុងឱកាសនោះ លោករដ្ឋលេខាធិការ មានក្ដីសង្ឃឹមយ៉ាងមុតមាំថា តាមរយៈសិក្ខាសាលានេះ សិក្ខាកាមចូលរួមទាំងអស់ យល់ដឹងពីគោលដៅ ក៏ដូចជាសារៈសំខាន់នៃគម្រោងនានាមានក្នុង “ផែនកា​រមេគ្រប់ជ្រុងជ្រោយស្តីពី ប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា ២០២៣-២០៣៣” ដើម្បីប្រទេសកម្ពុជា ឆ្ពោះទៅកាន់ចក្ខុវិស័យជាប្រទេស មានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ២០៥០៕

តម្រូវការដីធ្លីនៅភាគខាងកើតរាជធានីកំពុងមានសកម្មភាពបណ្តើរៗឡើងវិញ

    ដោយៈ គង់ សូរិយា

    ភ្នំពេញៈ អ្នកនៅក្នុងទីផ្សារបានលើកឡើងថា ការទិញ លក់បានចាប់ផ្តើមមានសកម្មភាពបណ្តើរៗឡើងវិញ នៅតំបន់ផ្លូវជាតិលេខ១ និងភាគខាងកើតរាជធានីភ្នំពេញ។

ភ្នាក់ងារអចលនទ្រព្យឯករាជ្យ លោកសុវណ្ណារីបានមានប្រសា​សន៍ឲ្យដឹងកាលពីចុងសប្តាហ៍មុនថា សកម្មភាពទិញ លក់ដីធ្លីនៅក្រុងអរិយក្សត្តនៅតែមានសកម្មភាព ទោះមិនពុះកញ្រ្ជោលច្រើនដូចមុន តែនៅតែមានសកម្មភាពទិញ លក់ជាហូរហែរ ពីអ្នកវិនិយោគក្នុងស្រុក និងភ្ញៀវចិន។

លោកបន្តថា “ដីដែលមានតម្លៃល្អ ទីតាំងសក្តានុពលនៅតែមានការទិញ លក់ ជាធម្មតា”។ លោកបន្តថា “ទោះជាតំបន់ដទៃហាក់មានសភាពស្ងប់ស្ងាត់ខ្លះ តែសកម្មភាពទិញ លក់នៅតំបន់អរិយក្សត្រនៅតែដំណើរការ”។

ជាមួយគ្នានេះ សកម្មភាពទិញ លក់ដីនៅតាមបណ្តោយផ្លូវជាតិលេខ១ ក៏មានសកម្មភាពបណ្តើរៗផងដែរ។

លោកសឿន សុធា ភ្នាក់ងារលក់ដីឡូត៍ឯករាជ្យបានមានប្រសា​សន៍ឲ្យដឹងថា សកម្មភាពទិញ លក់ដី ពិសេសដីឡូត៍ដែលមានទីតាំងល្អៗនៅក្នុងសង្កាត់វាលស្បូវ សង្កាត់ព្រែកថ្មី នៃខ័ណ្ឌច្បារអំពៅ តែងតែលក់អស់លឿនៗឲ្យតែមានការពុះឡូត៍លក់ថ្មីៗ។

លោកបន្តថា ជាមួយគ្នានេះ ដីនៅតាមបណ្តោយផ្លូវជាតិលេខ១ ផ្លូវថៃហ្គ័រ (ផ្លូវ១១៤)ចាក់ទៅកាន់ស្ពានព្រែកសំរោង តែងតែមានសកម្ម​ភាពទិញ លក់ស្វែងរកពីអ្នកមានលុយជាច្រើន។ លោកបន្តថា ឲ្យតែមានដីល្អៗ មានទីតាំងល្អ អាចប្រកបអាជីវកម្ម ឬធ្វើការអភិវឌ្ឈបាន គឺមានតម្រូវការជាហូរហែរ។

ប៉ុន្តែទីផ្សារនេះហាក់រងសម្ពាធ បន្ទាប់ពីអគ្គនាយកដ្ឋានពន្ឋដា ប្រកាសយកពន្ឋ មូលធនអចលនទ្រព្យចំនួន២០ភាគរយ ដែលនឹងអនុវត្តន៍ចាប់ផ្តើមនៅឆ្នាំ២០២៦ខាងមុខនេះ។

អ្នកជំនាញបានព្រមានពីហានិភ័យ ពីការចាប់ផ្តើមប្រមូលពន្ឋមូលធន២០ភាគរយនៅឆ្នាំ២០២៦ ដោយលោកឧកញ៉ាបណ្ឌិតគីម ហ៊ាងសហស្ថាបនិក និងអគ្គនាយកបុរីវិមានសំណាងបានថ្លែងថា ទីផ្សារដីធ្លីនឹងរងវិបត្តិថែមទៀត ដោយលោកហៅស្ថានភាពនេះ ប្រៀបដូចជាអ្នកជំងឺ ដែលមិនទាន់ជា ហើយត្រូវគេវាយដំថែមទៀត។

ចំណែកអ្នកឧកញ៉ាសំ សុខនឿនប្រធានក្រុមប្រឹក្សាភិបាលសម្ព័ន្ឋក្រុមហ៊ុនSAM SN Group បានសំណូមពររដ្ឋាភិបាលពន្យាពេលបន្ថែមទៀត លើការយកពន្ឋមូលធន២០ភាគរយ នៅឆ្នាំ២០២៦ខាងមុខ៕​

តើតម្លៃហាងឆេងមាសមានអ្វីប្រែប្រួលសំខាន់ៗដូចម្តេចនៅព្រឹកថ្ងៃចន្ទនេះ?

ដោយ: សហសេវិក
អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងថ្លៃបន្តិចក្នុងការជួញដូរនៅព្រឹកថ្ងៃចន្ទដើមសប្តាហ៍នេះ ខណៈភាពតានតឹងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងប្រទេសចិនបានថមថយចុះ បន្ទាប់ពីជំនួបនាពេលថ្មីៗនេះរវាងប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងប្រធានាធិបតីចិនលោក សុី ជីនពីង នៅក្នុងប្រទេសកូរ៉េខាងត្បូង។

តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើង០,០៥ភាគរយដល់៤០០៣,៧៣ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង១០:០១នាទីព្រឹកថ្ងៃចន្ទនេះ បន្ទាប់ពីបានធ្លាក់ចុះដល់៤០០១,៧៨ដុល្លារក្នុងមួយអោនពេលបិទការជួញដូរត្រឹមកាលពីថ្ងៃសុក្រសប្តាហ៍មុន បើធៀបនឹងតម្លៃបិទការជួញដូរត្រឹម៤០២៣,២២ដុល្លារក្នុងមួយអោនកាលពីថ្ងៃព្រហស្បតិ៍។

ជាមួយគ្នានេះ តម្លៃមាស U.S. gold futures បានងើបឡើង០,៣៣ភាគរយដល់៤០០៩,៧ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង១០:០១នាទីព្រឹកដូចគ្នា បន្ទាប់ពីបានបិទការជួញដូរត្រឹមទំហំទឹកប្រាក់ចំនួន៤០១៣,៤០កាលពីថ្ងៃសុក្រសប្តាហ៍មុន និងចំនួន៤០១៥,៩ដុល្លារក្នុងមួយអោនកាលពីថ្ងៃព្រហស្បតិ៍៕

សហគ្រាសផលិតទឹកផ្លែឈើមួយស្វែងរកឱកាសវិនិយោគនៅកម្ពុជា

ដោយៈ ចំណាន

    កាណាដាៈ  សហគ្រាសផលិតទឹកផ្លែឈើរបស់សម្ព័ន្ធ Lee Li Holdings Group មានមូលដ្ឋាននៅប្រទេសកាណាដា កំពុងស្វែងរកឱកាសវិនិយោគនៅកម្ពុជា ដើម្បីផ្គត់ផ្គង់នៅក្នុងតំបន់។  នេះបើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)។

ព័ត៌មាននេះត្រូវបានលើកឡើង នៅពេលលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជា បំពេញួទស្សនកិច្ចទៅកាន់ សហគ្រាសផលិតទឹកផ្លែឈើរបស់ សម្ព័ន្ធ Lee Li Holdings Group ដែលមានទីតាំងស្ថិតនៅក្នុងទីក្រុងតូរ៉ុនតូ ខេត្តអុនតារីយ៉ូ ប្រទេសកាណាដា នាថ្ងៃទី២៩ ខែតុលា។

ដំណើរទស្សនកិច្ចនេះធ្វើឡើង ដើម្បីស្វែងយល់ឱ្យបានស៊ីជម្រៅ អំពីហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រងការងារ (Operations Management) និងខ្សែចង្វាក់ផលិតកម្មទ្រង់ទ្រាយធំ (Large-scale Production Line) របស់សហគ្រាសដំណើរការដោយបច្ចេកវិទ្យាទំនើប និងស្វ័យប្រវត្តិកម្មខ្ពស់។

គណប្រតិភូCDC គណៈប្រតិភូកម្ពុជា ក៏បានធ្វើការឈ្វេងយល់អំពី ការប្រើប្រាស់បច្ចេកវិទ្យាទំនើប និងស្តង់ដារគុណភាពអន្តរជាតិក្នុងការកែច្នៃផលិតផលភេសជ្ជៈផងដែរ។

CDC បានបញ្ជាក់ថា “ការណ៍នេះ គឺអាចជាគំរូសម្រាប់លើកកម្ពស់វិស័យកែច្នៃម្ហូបអាហារ និងកសិ-ឧស្សាហកម្មនៅកម្ពុជា។ បច្ចុ​ប្បន្ន​ក្រុមហ៊ុន ផលិតទឹកផ្លែឈើរបស់កាណាដានេះ  កំពុងស្វែងរកលទ្ធ​ភាព ក្នុងការបណ្ដាក់ទុនវិនិយោគនៅកម្ពុជា ដើម្បីផ្គត់ផ្គង់នៅក្នុងតំបន់”។​

លោក Lee Q. Shim ដែលជាប្រធាន និងនាយកប្រតិបត្តិនៃសម្ព័ន្ធ Lee Li Holdings Group បានជួបពិភាក្សាការងារជាមួយ សម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជាកាលពីខែកក្កដា ឆ្នាំ២០២៤។

ក្នុងជំនួបនោះ សម្ព័ន្ធ Lee Li Holdings Group បានបង្ហាញចំណាប់អារម្មណ៍ ក្នុងការវិនិយោគលើវិស័យ សក្តានុពលសំខាន់ៗនៅកម្ពុជា រួមមាន ប្រេងនិងឧស្ម័ន សេវាសុខាភិបាល មជ្ឈមណ្ឌលទទួលស្គាល់សម្រាប់ការនាំចេញ ឧស្សាហកម្មកែច្នៃម្ហូបអាហារ វិស័យភស្តុភារកម្ម និងវិស័យយានយន្ត៕