ខេត្ត​ព្រះសីហនុ​ទាក់ទាញ​ទុនវិនិយោគ​រាប់ពាន់​លាន​ដុល្លារ​លើ​សណ្ឋាគារ​លំដាប់​ផ្កាយ៥

ដោយ ​វុត្ថា

ភ្នំពេញៈ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ លោក​តាំង សុចិត្រ​គ្រឹះ​ស្នា​បាន​អះអាងថា រហូត​ម​ដល់ពេលនេះ ខេត្ត​ព្រះសីហនុ បាន​នឹង​កំពុង​ទាក់​ការវិនិយោគ លើ​វិស័យ​សណ្ឋាគារ​លំដាប់​ផ្កាយ៥ចំនួន៨ ពី​សំណាក់​វិនិយោគិន​ចិន ក្នុងតម្លៃ​ទុន​រាប់ពាន់​លាន​ដុល្លារ​អាមេរិក ដែល​ពី៣ឆ្នាំមុន​ខេត្ត​នេះ មាន​សណ្ឋាគារ​លំដាប់​ផ្កាយ៥តែមួយ​ប៉ុណ្ណោះ។

លោក​បាន​ប្រាប់​គេហទំព័​ត៌មាន Propertyarea.asia កាលពីពេលថ្មីៗនេះ​ឱ្យដឹងថា វិនិយោគិន​ចិន​បាន​ឈរ​នៅ​លំដាប់​ទី១ លើ​កា​រិ​វ​និ​យោគ​វិស័យ​សណ្ឋាគារ នៅក្នុង​ខេត្ត​ព្រះសីហនុ  ហើយ​ការចូលរួម​ពី​វិស័យ​ឯកជន ជាពិសេស​វិនិយោគិន​បរទេស​ពិតជា​មាន​សារៈសំខាន់​ណាស់ ក្នុងការ​អភិវឌ្ឍ​វិស័យ​ទេ​សចណ៍​នៅក្នុង​ខេត្ត​ព្រះសីហនុ។

លោក​បន្តថា នៅក្នុង​អំឡុង​ឆ្នាំ២០១៦ និង​ឆ្នាំ២០១៧ ខេត្ត​មាន​សណ្ឋាគារ​លំដាប់​ផ្កាយ៥តែមួយ​ទេ  តែ​នៅពេលដែល​ជន​ចិន​ចូលមក​វិនិយោគ នៅក្នុង​ខេត្ត​ព្រះសីហនុ តែ​ក្នុង​រយៈពេល៣ឆ្នាំ​កន្លងមកនេះ យើង​មាន​សណ្ឋាគារ​លំដាប់​ផ្កាយ៥រហូតដល់៨ហើយ​ផ្កាយ៤មាន​មួយចំនួនទៀត” ។

លោក​បាន​បន្ថែមថា “នេះ​ជា​មោទនភាព​ថ្មី​របស់​ខេត្ត​ព្រះសីហនុ ដែលជា​គោលដៅ​ទេសចរណ៍​អន្តរជាតិ ហើយ​បាន​នឹង​កំពុង​ឆ្ពោះទៅរក​ការអភិវឌ្ឍន៍ ប្រកបដោយ​និរន្ត​ភាព និង​ទាក់ទាញ​ភ្ញៀវ​អន្តរជាតិ ឱ្យមាន​ការចាយ​លុយ​កាន់តែច្រើន” ។

លោក​តាំង សុចិត្រ​គ្រឹះ​ស្នា​បាន​បន្ថែម​ទៀ​ថា ក្រៅពីនេះ ខេត្ត​ព្រះសីហនុ​មានការ​អភិវឌ្ឍ និង​ការវិនិយោគ​យ៉ាង​លឿន គ្រាន់តែ​សេវាកម្ម​កម្សាន្ត​ប្រមាណ៥០ ដែលមាន​ស្តង់ដារ​អន្តរជាតិ។ ជាមួយគ្នានេះ​ក៏មាន​ភោជនីយដ្ឋានធំៗរបស់​ចិន និង​មាន​ស្តង់ដា​ខ្ពស់​ដូច​នៅក្នុង​ទីក្រុង​ភ្នំពេញ​ដូច្នោះ​ដែរ។

លោក​បញ្ជាក់ថា “ភ្ញៀវទេសចរ​ចិន រុស្សី​ជាដើម គេ​ត្រូវការ​ការ​ស្នាក់នៅ​មួយ​ដែលមាន​ស្តង់ដារ ពោលគឺ​គេ​ស្នាក់​នៅក្នុង​សណ្ឋាគារ​ចាប់ពី​ផ្កាយ៤ឡើង បើ​យើង​មិន​សណ្ឋាគារ​ដែលមាន​ស្តង់ដារ​ទទួល​គេ​ទេ គេ​នឹង​បង្វែរ​គោលដៅ​ទេសចរណ៍ ទៅកាន់​ប្រទេស​ផ្សេង​វិញ​ហើយ “ ។ លោក​បញ្ជាក់ទៀតថា “កា​រិ​វ​និ​យោគ​លើ​សណ្ឋាគារ​លំដាប់​ផ្កាយ៥ នេះ ក្នុង​ទំហំ​ទុន​រាប់ពាន់​ដុល្លារ​នេះ ជាការ​ចូលរួម​អភិវឌ្ឍន​សេដ្ឋកិច្ច សង្គម​ផ្តល់ឱកាស​ការងារ​ជូ​ល​ពលរដ្ឋ​ប្រមាណ៥០០ ទៅ៨០០នាក់​នៅក្នុង​សណ្ឋាគារមួយ” ។

យោងតាម​របាយការណ៍​របស់​រដ្ឋបាល ខេត្ត​ព្រះសីហនុ​បាន​បង្ហាញថា ស្ថិតិ​អាជីវកម្ម​ក្នុង​វិស័យ​ទេសចរណ៍ មាន​ចំនួន​សរុប៨៧៧ទីតាំង ក្នុងនោះ៖ សណ្ឋាគារ ១០៧ ស្មើនឹង៧,៥១៥ បន្ទប់ បឹង​ហ្គា​ឡូ៣៣ ស្មើនឹង៤៦២បន្ទប់។ ផ្ទះសំណាក់២៣០ស្មើនឹង ២,៧៧៥ បន្ទប់ ភោជនីយដ្ឋាន/អាហា​រដ្ឋា​ន៣១២  ស្មើនឹង១៣,៨៩២កៅអី។ ខារ៉ាអូខេ   ៣៨ ស្មើនឹង៤៤៨បន្ទប់ ឌី​ស្កូ​តែ​ក៩ ចំណុះ៨៩៨នាក់។ បៀរហ្គាឌិន៣ស្មើនឹង៣៩០ កៅអី ទូក​ដឹក​ភ្ញៀវទេសចរ៣០ម្ចាស់ ស្មើនឹង៥៤កៅអី កីឡា​ទេសចរណ៍២០  ទី​ភ្នាកងារទេសចរណ៍២៣  និង​រមណីយដ្ឋាន​ធម្មជាតិ និង​កែឆ្នៃ៦(មិន​រា​ប់ប​ញ្ជូ​ល​រមណីយដ្ឋាន​ឆ្នេរ)។

ក្នុង​រយៈពេល៥ឆ្នាំ​ចុង​ក្រោយនេះ ខេត្ត​ទទួលបាន​កំនើន​ទេសចរណ៍​ជាតិ អន្តរជាតិ​ជា​មធ្យម​ពី១០-១៥% ។ ក្នុង​ឆ្នាំ២០១៩ ខេត្ត​ព្រះសីហនុ​ទទួលភ្ញៀវ​ទេសច​រ​សរុប​ជាង២.២លាន​នាក់ កើនឡើង៨,៨៧% ក្នុងនោះ​ភ្ញៀវទេសចរ​ជាតិ១.៣៤៣.៦៩០នាក់ ថយចុះ ៨,៣៧% និង​ភ្ញៀវទេសចរ​អន្តរជាតិ៨៨៥.៧៩២ នាក់ កើនឡើង៥២,៤១% ៕

ការនាំចេញ​ទំនិញ​របស់​កម្ពុជា​ទៅ​ថៃ​កើនឡើង ១០៦ភាគរយ រយៈពេល៤ខែ​ដំបូង​នៃ​ឆ្នាំនេះ

ដោយ ប៊ី

ភ្នំពេញៈ ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​កម្ពុជា និង​ថៃ​មាន​ទំហំ​ទឹកប្រាក់ ៣,១ពាន់​លាន​ដុល្លារ ក្នុង​រយៈពេល៤ខែ​ដំបូង​នៃ​ឆ្នាំនេះ កើនឡើង១៨,៣ភាគរយ បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​ស្ថានទូត​ថៃ​ប្រចាំ​នៅ​រាជធានី​ភ្នំពេញ ដែល​បានចេញ​ផ្សាយ​កាលពី​ចុង​សប្តាហ៍​កន្លងមកនេះ។

របាយការណ៍​ខាងលើ​បានឱ្យដឹងថា ចាប់ពី​ខែមករា​ដល់​ខែមេសា​ឆ្នាំ ២០២០ ប្រទេស​កម្ពុជា​បាន​នាំចេញ​ទំនិញ គិត​ជា​ទឹកប្រាក់៦៨៧លាន​ដុល្លារ ទៅកាន់​ប្រទេស​ថៃ​កើនឡើង ១០៦ភាគរយ។

របាយការណ៍​បានចង្អុលបង្ហាញ​ថា ផលិតផលសំខាន់ៗរបស់​ប្រទេស​កម្ពុជា​បាន​នាំចេញ​ទៅកាន់​ប្រទេស​ថៃ រួមមាន​ត្បូង និង​គ្រឿងអលង្ការ៣៤៥លាន​ដុល្លារ ផលិតផល​អាលុយមីញ៉ូម៤៥លាន​ដុល្លារ និង​ផលិតផល​កសិកម្ម១៧៣លាន​ដុល្លារ។

ជាមួយគ្នានេះដែរ​ការនាំ​ចូល​របស់​កម្ពុជា ពី​ប្រទេស​ថៃ​មាន​ទំហំ​ទឹកប្រាក់២,៤ពាន់​លាន​ដុល្លារ បាន​កើនឡើង៥,៦ ភាគរយ។ ផលិតផល​ថៃ​ដែល​នាំចូល​សំខាន់ គឺ​ប្រេងឥន្ធនៈ៤៣០លាន​ដុល្លារ រថយន្ត៣១២លាន​ដុល្លារ និង​ត្បូង និង​គ្រឿងអលង្ការ២២០លាន​ដុល្លារ។

កាលពី​ឆ្នាំមុន ការដោះដូរ​ពាណិជ្ជកម្ម​រវាង​ប្រទេសជិតខាង​ទាំងពីរ បាន​កើន​ឡើងដល់​ជាង៩,៤១ ពាន់​លាន​ដុល្លារ​អាមេរិក កើនឡើង១២ភាគរយ ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ខណៈពេលដែល​រដ្ឋាភិបាល​ប្រទេស​ទាំងពីរ បានកំណត់​គោលដៅ​ដើម្បី​បង្កើន​បរិមាណ​ដល់១៥ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ ២០២០នេះ។

ពាក់ព័ន្ធ​ការធ្វើ​ពាណិជ្ជកម្ម​ក្រៅប្រទេស កម្ពុជា​បាន​នាំចេញ​ទំនិញ មាន​ទំហំ​ទឹកប្រាក់​សរុប​ជាង៤ ៤៣០ លាន​ដុល្លារ កើនឡើង​ជាង៧ភាគរយ ខណៈ​នៃ​ការនាំ​ចូល​មាន​ទឹកប្រាក់​សរុប​ប្រមាណ៦៧៣៦លាន​ដុល្លារ​អាមេរិក ហើយ​ពាណិជ្ជកម្ម​នៃ​ការនាំចេញ និង​នាំចូល​របស់​កម្ពុជា នៅតែ​បន្ត​កំណើន​ខ្ពស់។

ជុំវិញ​និង​ការធ្វើ​ពាណិជ្ជកម្ម​ក្រៅប្រទេស ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បានបង្ហាញ​តាម​និន្នាការ​សេដ្ឋកិច្ចសង្គម ជាក់ស្តែង​នៅក្នុង​រយៈពេល៤ខែ ដើមឆ្នាំ២០២០ ក្នុងនោះ ការនាំចេញ​របស់​កម្ពុ​ជា សម្រេចបាន​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ៤ ៤៣០ លាន​ដុល្លារ​អាមេរិក បាន​កើនឡើង៧,៧ភាគរយ បើ​ធៀប​រយៈពេល​ដូចគ្នា​ទៅ​និង​ឆ្នាំមុន។

ជារួម​ទឹកប្រាក់​នាំចេញ​នៅ​រក្សាបាន​កំណើន​ល្អ ទោះបីជា​ដៃគូ​ពាណិជ្ជកម្ម​ក្រៅប្រទេស និង​សកល កំពុង​ជួប​បញ្ហា​ប្រឈម និង​ការរីកដុះដាល​នៃ​វីរុស​កូ​វីដ–១៩ នេះ​ក៏ដោយ។

ទាក់ទង​និង​ការរក្សាបាន​កំណើន​របស់​កម្ពុជា​នេះ មួយផ្នែក​កណ្តាល​មកពី​សម្រេចបាន​កំណើន​ខ្ពស់ នៃ​ទឹកប្រាក់​ការនាំចេញ នៅក្នុង​ខែមករា​បាន​កើនឡើង២៥,៤ភាគរយ និង​ខែកុម្ភៈ កើនឡើង២២,៨ភាគរយ​នៅក្នុង​ដើមឆ្នាំ​នេះ ក្នុងនោះ​បើ​ពិនិត្យ​ស្ថានភាព​ទឹកប្រាក់​នៃ​ការនាំ​ពេញ​ក្នុង​ខែមីនា និង​ខែមេសា ឆ្នាំ២០២០នេះ​វិញ កំណើន​នាំចេញ​បាន​ថមថយ​ចុះ​ក្នុង​អត្រា​អវិជ្ជមាន គឺ​ដល់ -១៥,៣ភាគរយ និង –០,៥ភាគរយ រៀង​គ្នា។

ចំណែក​ពាណិជ្ជកម្ម​នៃ​ការ​នាំចូល​វិញ នៅក្នុង​រយៈពេល​នេះដែរ ការនាំ​ចូលមក​កា ន់​ទីផ្សារ​កម្ពុជា មាន​ទំហំ​ទឹកប្រាក់​សរុប៦៧៣៦លាន​ដុល្លារ​អាមេរិក បាន​កើនឡើង៦,៧ភាគរយ ខណៈ​នៅក្នុង​ឆ្នាំ២០១៩ ក្នុង​រយៈពេល​ដូចគ្នា ចំនួន​នេះ​កើនឡើង​ជាង២៥ភាគរយ ក្នុងនោះ​ការ​ថមថយ​ចំនួន​ទឹកប្រាក់​នៃ​ការ​នាំចូល​នេះ បណ្តាលមកពី​ការ​ថមថយ​ទឹកប្រាក់​ការនាំ​ចូល ក្នុង​កំឡុង​ខែមីនា មក​នៅត្រឹម០,៤ភាគរយ បើ​ធៀប​រយៈពេល​ដូចគ្នា​ទៅ​ឆ្នាំមុន និង​ការធ្លាក់ចុះ​ក្នុង​អត្រា​អវិជ្ជមាន​ជិត​ដក១៤ភាគរយ​ក្នុង​ខែមេសា ជាពិសេស​ការនាំ​ចូល​ទំនិញសំខាន់ៗបាន​ធ្លាក់ចុះ រួមមាន គ្រឿងសំណង់ ផលិតផល​វាយ​ន​ភណ្ឌ (ពិសេស​ក្រណាត់) និង​គ្រឿងយន្ត​ជាដើម៕

ការវិនិយោគ​អចលនទ្រព្យ​នៅ​ប្រទេស​ចិន​បាន​ហក់​ឡើង ខណៈ​កំណើន​នៃ​ការលក់បាន​ហក់​ឡើងវិញ

ដោយ ប៊ី

ប៉េកាំងៈ ការវិនិយោគ និង​ការលក់​អចលនទ្រព្យ នៅក្នុង​ប្រទេស​ចិន​បាន​កើនឡើង​យ៉ាង​ឆាប់រហ័ស​កាលពី​ខែឧសភា ខណៈ​វិស័យ​អចលនទ្រព្យ​បាន​ងើបឡើង​វិញ បន្តិចម្តងៗពី​ផលប៉ះពាល់​នៃ​ការ​ផ្ទុះឡើង​ជំងឺ COVID-19 ។

ទីផ្សារ​អចលនទ្រព្យ គឺជា​កត្តា​ជំរុញ​ដ៏​សំខាន់ សម្រាប់​កំណើនសេដ្ឋកិច្ច​លំដាប់​ទី២របស់​ពិភពលោក​នេះ ប៉ុន្តែ​ក៏​ស្ថិតក្នុង​ចំណោម​ផ្នែក​ជាច្រើន​នៃ​សេដ្ឋកិច្ច ដែល​រង​ផលប៉ះពាល់​យ៉ាងខ្លាំង​ពី​វិបត្តិ​ជំងឺ COVID-19 និង​វិធានការ​ទប់ស្កាត់​យ៉ាង​តឹងរឹង​ផងដែរ។

ការវិនិយោគ​លើ​អចលនទ្រព្យ នៅ​ខែឧសភា​បាន​កើនឡើង៨,១ ភាគរយ បើ​ធៀប​នឹង​ខែ​ដូចគ្នា​កាលពី​ឆ្នាំមុន ហើយ​កើនឡើង៧ធៀប​កាលពី​ខែ​មុន។ នេះ​បើ​យោងតាម​ការ​គណនា​រប​ស់​សារព័ត៌មាន Reuters ផ្អែកលើ​ទិន្នន័យ​ពី​ការិយាល័យ​ស្ថិតិ​ជាតិ​របស់​ចិន​នៅ​ថ្ងៃ​ចន្ទ​នេះ។

សម្រាប់​រយៈពេល៥ខែ​ដំបូង​នៃ​ឆ្នាំនេះ ការវិនិយោគ​លើ​អចលនទ្រព្យ​បាន​ធ្លាក់ចុះ ០,៣ភាគរយ ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន ខណៈ​សេដ្ឋកិច្ច​ចាប់ផ្តើម​ងើបឡើង​បន្តិចម្តងៗពី​ការបិទទ្វារ​ប្រទេស ដោយសារ​ជំងឺ COVID-19។

ទោះបីជា​យ៉ាងណាក៏ដោយ ការប្រើប្រាស់​នៅតែ​ទន់​ភាព​ខ្សោយ ខណៈ​មានការ​បាត់បង់​ការងា​រ និង​ការព្រួយបារម្ភ​អំពី​ហានិភ័យ នៃ​រលក​នៃ​ការឆ្លង​ជំងឺ​ផ្លូវដង្ហើម​ថ្មី​នេះ។

ការលក់​អចលនៈទ្រព្យ តាម​តំបន់​ជាច្រើន​បាន​កើនឡើង៩,៧ភាគរយ ក្នុង​ខែឧសភា ដែលជា​ល្បឿន​លឿន​បំផុត​ចាប់តាំងពី​ខែកក្កដា​ឆ្នាំ ២០១៨ ហើយ​បើ​ប្រៀបធៀប​ទៅនឹង​ការធ្លាក់ចុះ ២,១ភាគរយ​នៅក្នុង​ខែមេសា។

ការសាងសង់​អចលនទ្រព្យ​ថ្មី បានចាប់ផ្តើម​កើនឡើង២,៥ ភាគរយ កាលពី​ខែ​មុន បើ​ប្រៀបធៀប ទៅនឹង​ការធ្លាក់ចុះ ១,៣ ភាគរយ​កាលពី​ខែមេសា។

ទុនវិនិយោគ ដែល​ប្រមូលបាន​ដោយ​ក្រុមហ៊ុន​អភិវឌ្ឍន៍ អចលនទ្រព្យ​របស់​ប្រទេស​ចិន បាន​ធ្លាក់ចុះ ៦,១ភាគរយ នៅក្នុង​រយៈពេល​ពី​ខែមករា​ដល់ ខែឧសភា បើ​ប្រៀបធៀប​ជាមួយនឹង​ការធ្លាក់ចុះ ១០,៤ភាគរយ សម្រាប់​រយៈពេល៤ខែ​ដំបូង​នៃ​ឆ្នាំ២០២០ ។

លោក Zhang Dawei អ្នកវិភាគ​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ប៉េកាំង នៃ​ទីភ្នាក់ងារ​អចលនទ្រព្យ Centaline បាន​និយាយថា “ទិន្នន័យ​ខែឧសភា​បាន​បង្ហាញថា ផលប៉ះពាល់​ពី​វិបត្តិ​ជំងឺ COVID-19 បាន​រួចផុត​ទៅហើយ ហើយ​ទីផ្សារ​អចលនទ្រព្យ​របស់​ប្រទេស​ចិន នឹង​បន្ត​កើនឡើង” ៕

ការសាងសង់​ស្ពាន​ថ្មើរជើង​ផ្សារ​ដើម​គរ​សម្រេចបាន៩៥ភាគរយ​ហើយ

ដោយ វុត្ថា

ភ្នំពេញៈ គម្រោង​ស្ពាន​ថ្មើរជើង១ ក្នុងចំណោម២ (ស្ពាន​ថ្មើរជើង​ផ្សារ​ដើម​គរ) ដែល​រដ្ឋបាល​រាជធានី​ភ្នំពេញ កំពុង​សាងសង់​យ៉ាង​មមាញឹក ដែល​រហូត​ម​ដល់ពេល​ព​នេះ សម្រេចបាន៩៥ភាគរយ​ហើយ ដោយ​តាម​គម្រោង​ផែនការ នឹងត្រូវ​ដាក់ឱ្យ​ដំណើរការ​នាពេលខាងមុខឆាប់ៗនេះ។

លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០កន្លងមក​បាន​ចុះ​ពិនិត្យ​ដំណើរការ​សាងសង់​ស្ពា​ថ្មើ​ជើង​ថ្មី​នេះ។

លោក​សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​ធ្លាប់បាន​ឱ្យដឹង​កន្លងមក​នេះ​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ បានធ្វើ​ពិធី​បញ្ចុះបឋមសិលា​សាង​សង់ស្ពាន​អាកាស​ថ្មើរជើង​នៅ មុខ​ផ្សារ​ដើម​គរ​នេះ​កាលពី​ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៩ កន្លងមកនេះ។

លោក​បន្តថា “ការសាងសង់​ស្ពាន​អាកាស​ថ្មើរជើង នៅ​តំបន់​ផ្សារ​ដើម​គរ ដើម្បី​ជួយ​សម្រួល​ដល់​ការធ្វើ ដំណើរ​របស់​ប្រជាពលរដ្ឋ​បាន​ឆ្លងកាត់​ផ្លូវ ប្រកបដោយ​សុវត្ថិភាព មិន​ប្រឈម​ទៅ នឹង​បញ្ហា​គ្រោះ ថ្នាក់​ចរាចរណ៍​ណាមួយ​កើតឡើង​ជាយថាហេតុ” ។

គម្រោង​ស្ថាបនា​ស្ពាន​អាកាស​ថ្មើរជើង នៅ​តំបន់​មុខ​ផ្សារ​ដើម​គរ ត្រូវ​សាងសង់ ឡើង​កាត់​ទទឹងផ្លូវ​ម៉ៅ​សេទុង​ខាងលិច ជាប់​នឹង​ផ្សារ​ដើម​គរ។ ជាមួយគ្នានេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​ក៏បាន និង​កំពុង​សាងសង់​ស្ពាន​អាកាស​ថ្មើរជើង​មួយទៀត នៅត្រង់​មុខ​សាលាបឋមសិក្សា​សន្ធរម៉ុក នៅលើ​ចំណុច ផ្លូវ​ប្រសព្វ​ទាំង៤ទិស ដោយ​កាត់​ទទឹងផ្លូវ​ម៉ៅ​សេទុង​ចំនួន២ខ្សែ និង​កាត់​ទទឹងផ្លូវ​កម្ពុជា​ក្រោម២ខ្សែ ដើម្បី​បង្កលក្ខណៈ​ងាយស្រួល ដល់​សិស្សានុសិស្ស បាន​ឆ្លងកាត់​ផ្លូវ​នេះ​ដោយ​សុវត្ថិភាព។

មកដល់ពេលនេះ​រាជធានី​ភ្នំពេញ មាន​ស្ពាន​អាកាស​ថ្មើរជើង​ចំនួន៣កន្លែង​ហើយ ក្នុងនោះ​រួមមាន នៅ​តំបន់​ជម្ពូ​វ័​ន្ត​ខណ្ឌ​ពោធិ៍​សែន​ជ័យ​មាន​ចំនួន២កន្លែង និង​នៅ​តំបន់​ភ្លើងស្តុប​នាង​គ​ង្ហី​ង មាន​ចំនួន១កន្លែង ហើយ​បើតាម​គម្រោង រដ្ឋបាល​រាជធានី​ភ្នំពេញ និង​មាន​គម្រោង​ស្ថាបនា​អាកាស​ថ្មើ​ជើង​នេះ ឱ្យបាន​ច្រើន​កន្លែង​បន្ថែមទៀត ដើម្បី​ឆ្លើយតប​ទៅ នឹង​ប្រទេសជាតិ​មានការ​អភិវឌ្ឍ និង​ទីក្រុង​មាន​ភាព​ស៊ី​វិ​ល័យ និង​បង្ក លក្ខណៈ​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ​ឆ្លងកាត់​ផ្លូវ​ប្រកបដោយ​សុវត្ថិភាព៕

ក្រសួងមហាផ្ទៃ សម្រេច​បង្កើត​និង​ដាក់ឱ្យ​ប្រើប្រាស់​នូវ​និ​មិ​ត្ដ​សញ្ញា​ខេត្ត​កែប

ដោយ​រ៉ា ណេ​ត

ភ្នំពេញៈ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ បានសម្រេច​បង្កើត និង​ដាក់ឱ្យ​ប្រើប្រាស់​នូវ​និ​មិ​ត្ដ​សញ្ញា​ខេត្ត​កែប។ នេះ​បើតាម​សេចក្ដីប្រកាស​របស់ សម្ដេច​ក្រឡាហោម​ស ខេង ដែល​គេហទំព័រ www.propertyarea.asia ទើប​ទទួលបាន​នៅ​ល្ងាច​ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០កន្លងមកនេះ។

តាមរយៈ​ប្រកាស​នេះ និ​មិ​ត្ដ​សញ្ញា​ខេត្ត​កែប បាន​បង្កប់​នូវ​អត្ថន័យ​ដូចខាងក្រោម ៖

– រូប​សេះស ៖ តំណាងឱ្យ​ភាពរហ័សរហួន និង​កម្លាំង​ខ្លាំងក្លា

– រូប​កួរស្រូវ​ដែលមាន​ពណ៌​បៃតងខ្ចី៖ តំណាងឱ្យ​ការរីកចម្រើន​លើ​វិស័យ​កសិកម្ម​របស់​ខេត្ត​កែប ហើយ​ពណ៌​នៃ​កួ​វ​ស្រូវ​នេះ ក៏បាន​បង្កប់​នូវ​ភោគផល​ដំណាំ​ជាច្រើន រួមមាន ល្ពៅ ដំឡូង អំពៅ ត្រសក់ ត្រឡាច ឪឡឹក ល្មុត ទុរេន និង​មាក់ប្រាង។ល។

– រូប​ក្ដាមសេះ អំបិល ម្រេច និង​ទុរេន៖ តំណាងឱ្យ​ធនធានធម្មជាតិ និង​ផលដំណាំ​ដែល​ប្រជាពលរដ្ឋ​កំពុង​អាស្រ័យ​ផល ក៏ដូចជា​ដាំ​ដុះ​នៅលើ​ទឹកដី​ខេត្ត​កែប។

– សមុទ្រ​ខៀវស្រងាត់ ឆ្នេរ​ខ្សាច់ និង​ផ្ទៃមេឃ៖ តំណាងឱ្យ​ទឹកស្អាត ដី​ស្អាត និង​ខ្យល់​ស្អាត ដែល​ខេត្ត​កែប​បានទទួល​ពានរង្វាន់​ទី​ក្រុង​ស្អាត ក្នុងការ​ប្រឡងប្រណាំង​ទីក្រុង​និរន្ដរភាព​បរិស្ថាន​អាស៊ាន។

– ផ្ទៃ​បៃតង៖ តំណាងឱ្យ​ទីក្រុង​បៃតង ដែល​រដ្ឋបាលខេត្ត បាននិងកំពុង​ចូលរួម​ចលនា​ប្រឡងប្រណាំង​ទីក្រុង​ស្អាត​អាស៊ាន។

– ខ្សែបូ​ពណ៌​ក្រហម និង​ខៀវ៖ តំណាងឱ្យ​ឯកភាព​ជាតិ

– ក្បាច់​អង្គរ៖ តំណាងឱ្យ​អរិយធម៌​ដ៏​ល្បីល្បាញ៕

អ្នកជំនាញ អះអាងថា តម្រូវការ​ទីផ្សារ​លំនៅដ្ឋាន​នៅតែ​រក្សាបាន​កំនើន​ខ្ពស់

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ មិន​ថា​ទោះជា​ស្ថិតនៅ​ក្នុងស្ថានភាព​សេដ្ឋកិច្ច ពិភពលោក​កំពុងតែ​ប្រឈម​នៅពេល​បច្ចុប្បន្ននេះ​នោះទេ តម្រូវការ​ទីផ្សារ​ក្នុង​វិស័យ​លំនៅដ្ឋាន​នៅតែ​បន្ត​មាន និង​មិនមាន​ការធ្លាក់ចុះ​នោះទេ។

នាយិកា​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ AMATAK Property Service លោកស្រី តាំង ហួរ បាន​មានប្រសាសន៍ប្រាប់​តាម​ទូរស័ព្ទ កាលពី​ល្ងាច​ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ថា  បច្ចុប្បន្ននេះ អ្នកលក់​នៅតែ​បន្ត​លក់ ហើយ​អ្នកទិញ​ក៏​នៅតែ​បន្ត​ការស្វែងរក​ទិញ​លំនៅដ្ឋាន​សម្រាប់​ស្នាក់នៅ​ដដែល មិន​ខុសគ្នា​កាលពី​ឆ្នាំ​កន្លងទៅ​នោះទេ ហើយ​ភាគច្រើន​គឺ​នៅតាម​តំបន់​ជាយក្រុង។

លោកស្រី​បាន​មានប្រសាសន៍ “មូល​ហេតុដែល​លំនៅដ្ឋាន នៅតែមាន​តម្រូវការ​ដោយសារ​លំនៅដ្ឋាន​មួយចំនួន​មានការ​លក់​ប្រញាប់ ដូច្នេះហើយ​អាច​មានឱកាស​មានតម្លៃ​សមរម្យ​ច្រើន ឬ​អាច​ក្រោម​ជាង​ទីផ្សារ” ។ លោកស្រី​បន្តថា “វិស័យ​លំនៅដ្ឋាន​ដែលមាន​តម្រូវការ​ខ្ពស់ និង​មាន​ប្រជាប្រិយភាព​ជាងគេ គឺ​ប្រភេទ​លំនៅដ្ឋាន​សម្រាប់​ប្រកប​អាជីវកម្ម ដែល​ក្រៅពី​អាច​រស់នៅ​ប្រកបដោយ​សុវត្ថិភាព ថែមទាំង​អាចបង្កើត​អាជីវកម្ម​មាន​យ៉ាង​ប្រសើរ” ។

លោកស្រី​តាំង ហួរ​បាន​បន្តថា លំនៅដ្ឋាន​ប្រភេទ​នេះ មាន​តម្រូវការ​ច្រើនជាងគេ ដោយសារតែ​អ្នកទិញ ត្រូវការ​សម្រាប់​យកមក​ប្រកប​អាជីវកម្មផ្សេងៗ ឬក៏​ចង់​ទិញ​ទុក​យក​ផលចំណេញ នៅពេល​ក្រោយ​មាន​ភាពងាយស្រួល​លក់។ ម្យ៉ាងវិញទៀត ដោយសារតែ​អតិថិជន មានបំណង​ចង់​ជាវ​ទុក​សម្រាប់​ឱ្យ​កូន​ក្រែងលោ ត្រូវ​ឡើង​ពី​ខេត្ត​មក​សិក្សា​នៅ​ទីក្រុង ឬក៏​គូស្នេហ៍​មួយចំនួន​ដែល​ទើប​រៀបការ ដូច្នេះ​តម្រូវការ​មានផ្ទះ​រស់នៅ​គឺ​នៅតែមាន។

អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ Easy Property លោក ម៉ម សិរី​បញ្ញា ធ្លាប់បាន​លើកឡើង​ពី​មូលហេតុ​នៃ​តម្រូវការ​នៃ​ទីផ្សារ​លំនៅដ្ឋាន​ថា ភាគច្រើន​គម្រោង​លំនៅដ្ឋាន​ច្រើនតែ​សាងសង់​នៅក្បែរ​តំបន់​ទីប្រជុំជន និង​ជាទី​តាំង​ល្អ ក្នុងការ​រកស៊ី និង​រស់នៅ។ ចំណុចខ្លាំង​ទាំងនេះហើយ ដែល​អាចធ្វើឱ្យ​គម្រោង​អភិវឌ្ឍន៍​លំនៅដ្ឋាន នៅតែ​ទទួលបាន​ជោគជ័យ​ខ្ពស់​នៅលើ​ទីផ្សារ ដែល​អ្នក​អភិវឌ្ឍន៍​តែងតែ​ពិចារណា​មុនគេ។

លោក​បន្តថា “នៅពេលដែល​អ្នកទិញ អាច​ទទួលបាន​អត្ថប្រយោជន៍​បន្ថែម​ពី​លំ   ដ្ឋា​ន​ដែល​ក្រៅពី​ការរស់នៅ គឺមាន​ភាពងាយស្រួល​ប​ង្កើ​ត​ជំនួញ ហេតុផល​ទាំងអស់​នេះហើយ ដែល​បណ្តាលឱ្យ​វិស័យ​លំនៅដ្ឋាន ហាក់បីដូច​ជាមាន​តម្រូវការ​ច្រើនជាងគេ” ៕

តើ​ខេត្ត​នៅ​តំបន់ឆ្នេរ​ទាំង៤មាន​លំហូរ​ទុនវិនិយោគ​វិស័យ​សំណង់​ និងអចលនទ្រព្យ​ដូចម្តេច?

ដោយ ហ្សូ​លី

ភ្នំពេញៈ ខេត្ត​ដែលជា​តំបន់ឆ្នេរ​ចំនួន៤ដូចជា ខេត្ត​ព្រះសីហនុ ខេត្តកោះកុង ខេត្តកំពត និង​ខេត្ត​កែប (K4) កំពុង​ទទួល​បានការ​ចាប់អារម្មណ៍​ច្រើន ពី​សំណាក់​វិនិយោគិន​ទាំង​ក្នុងស្រុក និង​អន្តរជាតិ​ទៅលើ​ការវិនិយោគ​លើ​វិស័យ​សំណង់ និង​អចលនទ្រព្យ។

សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានផ្តល់​អនុសាសន៍​ឲ្យ​ខេត្ត​ទាំង​បួន​ពង្រឹង និង​ពង្រីក​សក្តានុពល​របស់​ខ្លួន​កាន់​តែមាន​សក្តានុពល​សេដ្ឋកិច្ច​ខ្ពស់ និង​រីកចម្រើន​កាន់តែ​ឆាប់រហ័ស​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ។

ខេត្តកំពត

រយៈពេល​ត្រឹម១ឆ្នាំ ខេត្តកំពត​ទទួលបាន​គម្រោង​វិនិយោគ សរុប​ប្រមាណ​ជាង ៣០លាន​ដុល្លារ ដែល​អនុវត្ត​ទៅលើ​វិស័យ​សំណង់ និង​អចលនទ្រព្យ​នានា។ បើសិនជា​ប្រៀបធៀប​កាលពីឆ្នាំមុនៗ ខេត្តកំពត​មាន​កំណើន​ដល់​ទៅ៨០ភាគរយ ក្នុង​សន្ទុះ​រីកចម្រើន​ទៅលើ​វិស័យនេះ។

បើតាម​ឱ្យដឹងពី​អភិបាល​ខេត្តកំពត លោក ជាវ តា​យ ធ្លាប់បាន​មានប្រសាសន៍ថា វិស័យ​អចលនទ្រព្យ និង​សំណង់​មានការ​រីកចម្រើន​ខ្លាំងណាស់ នៅ​ទូទាំង​ខេត្តកំពត ព្រោះ​មាន​អ្នក​ចំណូល​ថ្មី​ច្រើន មក​វិនិយោគ​លើ​គម្រោង​សាងសង់ លំនៅដ្ឋាន​បែប​លំហែកាយ និង​លំនៅដ្ឋាន​ទេសចរណ៍។

អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​និង​អភិវឌ្ឍ​លំនៅដ្ឋាន លោក​ឧកញ៉ា​នួន រិទ្ធី ធ្លាប់​លើកឡើងថា ខេត្តកំពត​គឺ​គោលដៅ​ទេសចរណ៍ និង​មាន​សក្តានុពល ខាង​ផ្នែក​ឧស្សាហកម្ម និង​កសិកម្ម ជាង​បណ្តា​ខេត្ត​ដែលមាន​ព្រំប្រទល់​ជាប់​គ្នា។ វិស័យ​លំនៅដ្ឋាន​ក្នុង​ខេត្តកំពត ច្រើន​តែមាន​តម្រូវការ​លើ​លំនៅដ្ឋាន​លំហែកាយ នៅ​តំបន់​មួយចំនួន ដែល​បណ្តាលឱ្យ​ខេត្ត​នេះ​កាន់​តែមាន​ភាពល្អប្រសើរ និង​កំណើន​ជា​បន្តបន្ទាប់។

លោក​បន្តថា “សក្តានុពល​នៃ​តំបន់​នេះ មានដូចជា​គម្រោង​ផ្លូវ​រថភ្លើង​ល្បឿន​លឿន គម្រោង​កំពង់ផែ​ទេសចរណ៍ គម្រោង​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​នានា​ជាដើម” ។

ខេត្ត​កែប

កាលពីដើម​ខែមិថុនា​នេះ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​បាននិងកំពុង​សិក្សា​កែលម្អ​ឆ្នេរសមុទ្រ​កែប ទៅជា​ឆ្នេរ​ខ្សាច់​កម្សាន្ត​សាធារណៈ​ប្រវែង​ជិត៣០០០ម៉ែត្រ។ មិនតែប៉ុណ្ណោះ ខេត្ត​កែប​ត្រូវបាន​រដ្ឋាភិបាល​ដាក់ចេញ​ចក្ខុវិស័យ​ជា «គោលដៅ​ទេសចរណ៍ សម្រាកលំហែ​កម្សាន្ត​ប្រណិត​កម្រិត​ខ្ពស់» ផងដែរ។

អនុប្រធាន​សមាគម​អ្នកជំនាញ​អចលនវត្ថុ​កម្ពុជា លោក​ចក់ ស៊ី​ណាត បាន​រៀបរាប់ថា សកម្មភាព​ទិញ លក់​ដីធ្លី​នៅ​ខេត្ត​មួយ​នេះ ជាពិសេស​នៅតាម​តំបន់ឆ្នេរ និង​តំបន់​ជាប់​ភ្នំ​នៅតែមាន​ចរន្ត មិន​ស្ងប់ស្ងាត់​នោះទេ។ ភាគច្រើន​ការវិនិយោគ​ដីធ្លី​ក្នុង​ខេត្ត​កែប ជាការ​វិនិយោគ​រយៈពេល​យូរអង្វែង ពោលគឺ​ជាការ​អភិវឌ្ឍ​លើ​មណ្ឌល​កម្សាន្ត តំបន់​ទេសចរណ៍​កែច្នៃ លំនៅដ្ឋាន​លំហែកាយ សម្រាប់​បម្រើ​ប្រយោជន៍​ដល់​វិស័យ​ទេសចរណ៍​ជាដើម។

លោក សន សៀ​ប អគ្គនាយក​ក្រុមហ៊ុន Key Real Estate ថ្លែងថា កំណើន​នៃ​ទេសចរ​នៅ​ខេត្ត​កែប បាន​កើនឡើង​ជាប្រចាំ ព្រោះ​ជះឥទ្ធិពល​មកពី​ខេត្ត​ព្រះសីហនុ ដែលមាន​ការអភិវឌ្ឍ​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ និង​អគារ​នា​ន​ផង​ដែរនោះ។ ម្យ៉ាង​ប​ច្ចុ ប្បន្ន​នេះ​អ្នកវិនិយោគ​ភាគច្រើន បាន​បណ្តាក់ទុន​នៅ​តំបន់​មួយចំនួន ឱ្យក្លាយ​ទៅជា​តំបន់​កម្សាន្ត​បែប​កែច្នៃ និង​ធម្មជាតិ ជាពិសេស​តមបន់​ស្ថិត​ជាប់​សមុទ្រ។

ខេត្ត​ព្រះសីហនុ

ខេត្ត​មួយ​នេះ មិន​ត្រឹមតែ​ពឹង​ផ្អែកលើ​វិស័យ​ទេសចរណ៍​មួយ​មុខ​នោះទេ តែបើ​ក្រឡេក​ទៅ​មើល​លើ​សំណង់ អគារ ផ្ទះ​លំហែកាយ​ទៀតសោត កំពុងមាន​តម្រូវការ និង​សន្ទុះ​នៃ​ដំណើរ​ការសាងសង់​ជាខ្លាំង។ ថ្វីត្បិតតែ​ចំនួន​ប្រជាជន​ចិន និង​វិនិយោគិន​ចិន​ធ្លាក់ចុះ​នៅសល់​ប្រហែល១៥,០០០នាក់​ក្តី ប៉ុន្តែ​នៅពេល​ជំងឺ​រាតត្បាត​បានបញ្ចប់​នោះ កំណើន​នឹង​បែរ​មករក​សភាព​ដើម​វិញ។

លោក​គួច ចំរើន អភិបាលខេត្ត​ព្រះ​សិ​ហ​នុ បាន​ថ្លែង​នៅក្នុង​ស​ន្និសិទ​សារព័ត៌មាន​កាលពីពេល​កន្លងទៅថ្មីៗនេះ​ថា ខេត្ត​ព្រះសីហនុ បានការ​អភិវឌ្ឍ​លើ​វិស័យ​សំណង់​ស្ទើរ​មិនគួរ​ឱ្យ​ជឿ ដោយ​ទាក់ទាញ​លំហូរ​ទុនវិនិយោគ​ប្រមាណ៧០០០លាន​ដុល្លារ ក្នុង​រយៈពេល៤ឆ្នាំ​ចុង​ក្រោយនេះ។

លោក​បន្តថា “ល្បឿន​នៃ​ការអភិវឌ្ឍ​លើ​វិស័យ​សំណង់ និង​អចលនទ្រព្យ​បាន​ជម្រុញ​ឱ្យ​ខេត្ត​ព្រះសីហនុ កាន់តែ​មាន​ភាព​ទាក់ទាញ និង​បង្កើន​សមត្ថភាព​នៃ​ការ​ទ្រទ្រង់​សេដ្ឋកិច្ចជាតិ​បាន​មួយកម្រិត​ទៀត” ។

ជាក់ស្តែង​គ្រាន់តែ​តំបន់ឆ្នេរ​រាម នៃ​ខេត្ត​ព្រះសីហនុ​ទទួល​បានការ​គម្រោង​វិនិយោគ​និង​អភិវឌ្ឍ​ទីក្រុង​ថ្មី រួមមាន វីឡា​កម្រិត​អភិជន មជ្ឈមណ្ឌល​ពាណិជ្ជកម្ម ផ្សារ​ទំនើប និង​សណ្ឋាគារ មាន​ទុនវិនិយោគ​សរុប​ប្រមាណ ១០០០លាន​ដុល្លារ។ នេះ​ជា​ភស្តុតាង​បញ្ជាក់​ពិ​សក្តានុពល​សេដ្ឋកិច្ច​ពិសេស​ប្រចាំខេត្ត​ព្រះសីហនុ។

ខេត្តកោះកុង

ក្រៅពី​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ ធនធានធម្មជាតិ និង​ការ​រិ​គ​ចម្រើន​នៃ​វិស័យ​ទេសចរណ៍ បាន​បណ្តាលឱ្យ​ខេត្ត​នេះ​ចាប់ផ្តើម​រីកមុខ​មាត់​បន្តិចម្តង។ ការស្ថាបនា​ព្រលានយន្តហោះ​ចំនួន២ ដូចជា ព្រលានយន្តហោះ​តារា​សាគរ ដែល​ត្រៀម​នឹងដាក់​ដំណើរការ​ក្នុង​ឆ្នាំ២០២១ខាងមុខ បាន​ជម្រុញ​ឱ្យ​ខេត្ត​នេះ​កាន់​តែមាន​សក្តានុពល។

មួយវិញទៀត​នោះ គឺ​ព្រលានយន្តហោះ​កោះកុង​ថ្មី ដែល​គ្រោង​វិនិយោគ​ដោយ​ក្រុមហ៊ុន​លី​យ៉ុង​ផាត់​គ្រុប និង Bangkok Airway ស្ថិតនៅ​ក្រុង​ខេមរភូមិន្ទ មកកាន់​ភូមិ​កោះ​ប៉ា ស្រុក​មណ្ឌល​សី​ម៉ា ក៏​ជា​ផ្នែក​ដ៏​សំខាន់​នៃ​ការអភិវឌ្ឍ​ខេត្ត​ដាច់ស្រយាល​នេះដែរ ។ ទុនវិនិយោគ​នៅលើ​គម្រោង​ព្រលានយន្តហោះ​នេះ មាន​ចំនួន​ប្រមាណ៤០លាន​ដុល្លារ។

អភិបាលខេត្ត​កោះកុង លោកជំទាវ​ភូ​ថង មិថុនា បាន​ថ្លែង​ក្នុង​ស​ន្និសិទ​សារព័ត៌មាន​កាលពី​ម្សិលមិញ​ថា ព្រលានយន្តហោះ​កោះកុង​ថ្មី​របស់​ឧកញ៉ា លី យ៉ុង​ផាត់​នេះ ឈាន​ចូលដល់​ដំនាក់កាល​ឈូសឆាយ និង​សិក្សា​ពី​ផលប៉ះពាល់​ហើយ៕

ចំណេះដឹង! អ្វី​ជា​ប្រព័ន្ធ​ទូទាត់?

ដោយ​វុត្ថា

ភ្នំពេញៈ ប្រព័ន្ធ​ទូទាត់ ផ្អែក​តាម​និយមន័យ​របស់​ធនាគារ​ទូ​ទាត់​អន្តរជាតិ ប្រព័ន្ធ​ទូទាត់​រាប់បញ្ចូល​នូវ​ឧបករណ៍ នីតិវិធី​ធនាគារ និង​ជាពិសេស​ប្រព័ន្ធ​ផ្ទេរ​មូលនិធិ​អន្តរ​ធនាគារ ដែល​ធានា​ឲ្យ​មាន​ចរាចរណ៍​សាច់ប្រាក់។

ជាទូទៅ​ប្រព័ន្ធ​ទូទាត់ ត្រូវបាន​ស្គាល់​ថា​ជា​មធ្យោបាយ​មួយ ដែល​មូលនិធិ​ត្រូវបាន​ផ្ទេរ​ដោយ​អ្នកចូលរួម​ក្នុង​ប្រព័ន្ធ​នោះ។

ម្យ៉ាងទៀត​សមាសធាតុ​ដែល​ជាប់ទាក់ទង​នឹង​ប្រព័ន្ធ​ទូទាត់ រួមមាន ១/. ក្របខណ្ឌ​ច្បាប់ និង​បទ​ប្បញ្ញត្តិ​ចេញ​ដោយ​អាជ្ញាធរ​ពាក់ព័ន្ធ ជាពិសេស​ធនាគារកណ្តាល ២/. គ្រឹះស្ថាន​ចូលរួម​ក្នុង​ប្រតិ-ប​ត្ដិ​ការ​នៃ​ប្រព័ន្ធ​ទូទាត់ រួមមាន ធនាគារ គ្រឹះស្ថាន​ហិរញ្ញវត្ថុ​មិនមែន​ធនាគារ អ្នកផ្ដល់​សេវា​ផ្ទេរប្រាក់​មិនមែន​ធនាគារ និង​ធនាគារកណ្តាល។

៣/. ឧបករណ៍​ទូទាត់ និង​យន្ដការ​ទូទាត់​និង​ផាត់ទាត់​នៅក្នុង​ប្រព័ន្ធ ដែល​ត្រូវបាន​ប្រើ​ដើម្បី​ផ្ទេរ​មូលនិធិ ក្នុង​គោលបំណង​លុបចេញ​នូវ​កាតព្វកិច្ច ដែល​កើតឡើង​ពី​សកម្មភាព​សេដ្ឋកិច្ច៕

រដ្ឋាភិបាលកម្ពុជានឹងបង្កើតឧទ្យានដ៏ធំមួយនៅខេត្តព្រះវិហារ ដើម្បីទាក់ទាញភ្ញៀវទេសចរ

ដោយ ៖ រ៉ាណេត

ព្រះវិហារ ៖ នៅត្រឹមពេលដ៏ខ្លីឆាប់ៗខាងមុខនេះ រាជបណ្ឌិត្យសភាកម្ពុជា និងធ្វើការអភិវឌ្ឍប្រែក្លាយឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ទៅជាឧទ្យានទេសចរណ៍វប្បធម៌ ប្រវត្តិសាស្ត្រ និងជាកន្លែងបង្កើតផលិតផលដ៏ធំមួយប្រចាំនៅប្រទេសកម្ពុជា ដែលចូលរួមក្នុងការបង្កើនភាពទាក់ទាញក្នុងវិស័យទេសចរណ៍។

ប្រធានរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត សុខ ទូច បានមានប្រសាសន៍នៅក្នុងឱកាសចូលរួមពិធីដាំកូនឈើនៅក្នុងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ក្រោមប្រធានបទ «ដាំដើមឈើម្នាក់មួយដើម បន្តដង្ហើមផែនដី» នៅដើមសប្ដាហ៍នេះថា រាជបណ្ឌិត្យសភាកម្ពុជាមិនត្រឹមតែជាទីកន្លែងបណ្តុះបណ្តាលលើទ្រឹស្តីប៉ុណ្ណោះទេ ស្ថាប័ននេះ គឺជាទីកន្លែងសិក្សាស្រាវជ្រាវ និងបង្ហាញសមិទ្ធផលស្នាដៃការងារជាក់ស្តែងដោយចងភ្ជាប់ជាមួយនឹងក្រមសីលធម៌វិជ្ជាជីវៈរបស់ខ្លួន។

លោកបានបញ្ជាក់ថា ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប បាន និងកំពុងអនុវត្តគម្រោងមួយចំនួនក្នុងនោះ រួមមានដូចជា គម្រោងចិញ្ចឹមគោទឹកដោះ, គម្រោងបណ្ដុះ និងដាំកូនឈើក្នុងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប, គម្រោងចិញ្ចឹមពពែ និងគម្រោងស្រាវជ្រាវ គាំពារ និងអភិរក្សធនធានធម្មជាតិនៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ដើម្បីស្តារគម្របព្រៃឈើរួមចំណែកទប់ស្កាត់បម្រែបម្រួលអាកាសធាតុ។

នៅថ្ងៃអនាគត រាជបណ្ឌិត្យសភាកម្ពុជានឹងអភិរក្ស និងអភិវឌ្ឍប្រែក្លាយឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សី ទៅជាទីកន្លែងចំនួន៤ រួមមាន៖ ១. ជាទីកន្លែងទេសចរណ៍វប្បធម៌ប្រវត្តិសាស្រ្ត និងធម្មជាតិ ២. ជាទីកន្លែងអភិរក្សព្រៃឈើបរិស្ថានធម្មជាតិ ៣. ជាកន្លែងជំរកសត្វគ្រប់ប្រភេទ ៤. ជាកន្លែងផលិតផលិតផលមួយនៅកម្ពុជា និង៥. ជាកន្លែងបណ្តុះបណ្តាលវិជ្ជាជីវៈជូនប្រជាជន ពិសេសគឺប្រជាជនដែលរស់នៅក្នុងស្រុកឆែប ខេត្តព្រះវិហារ។

ឧទ្យានរាជបណ្ឌិត្យសភាបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ត្រូវបានបង្កើតឡើងដោយព្រះរាជក្រឹត្យលេខ នស/រកត/០៤១៤/៤៣៦ ចុះថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៤ មានផ្ទៃដីសរុបចំនួន ១១៤.៣៥គីឡូម៉ែតការ៉េ មានទីតាំងស្ថិតក្នុង ឃុំឆែប១ និងឃុំឆែប២ ស្រុកឆែប ខេត្តព្រះវិហារ។ ឧទ្យាននេះមានតំបន់ជីវចម្រុះ និងមានសក្តានុពលជាច្រើន រួមមាន៖ ធនធានព្រៃឈើ សត្វព្រៃ កេរដំណែលប្រវត្តិសាស្រ្ត បុរាណវត្ថុ (ឡស្លដែកបុរាណ) និងជាតិពិន្ធុ ដែលអាចបម្រើឱ្យមុខងារក្នុងវិស័យបិស្ថាន ព្រៃឈើ វប្បធម៌ប្រវត្តិសាស្ត្រ និងទេសចរណ៍ច្រើនយ៉ាង៕

តំបន់រាម នឹងក្លាយជាទីក្រុងដ៏ឆើយឆាយ ជាមួយគម្រោងអភិវឌ្ឍន៍ធំៗចំនួន២ ក្នុងតម្លៃជាង ១៧ពាន់លានដុល្លារ

ដោយ ៖ រ៉ាណេត

ព្រះសីហនុ ៖ តំបន់ឆ្នេរសមុទ្ររាម នៃខេត្តព្រះសីហនុ ប្រែក្លាយរូបរាងទៅជាទីក្រុងថ្មីដែលមានភាពទាក់ទាញ ទាន់សម័យ ក្នុងនាមជាទីក្រុងទេសចរណ៍ដ៏អស្ចារ្យនៅក្នុងតំបន់អាស៊ីជាមួយនឹងគម្រោងអភិវឌ្ឍន៍ធំៗចំនួន២ផ្សេងគ្នា ដែលមានទុនវិនិយោគសរុបជាង១៧ពាន់លានដុល្លារ ។

គម្រោងអភិវឌ្ឍន៍ធំៗចំនួន២ ដែលនឹងប្រែក្លាយតំបន់ឆ្នេររាមឱ្យទៅទីក្រុងថ្មីប្រកបដោយភាពទាក់ទាញទាំងការវិនិយោគ និងវិស័យទេសចរណ៍ប្រចាំតំបន់អាស៊ីខាងលើនេះ រួមមានគម្រោងអភិវឌ្ឍន៍ក្រុងរាម CRYSTAL VILLE REAM BEACH ដែលមានទុនវិនិយោគចំនួន១០០០លានដុល្លារ និងគម្រោងអភិវឌ្ឍទីក្រុងរាម និងតំបន់ទេសចរណ៍គំរូពិសិដ្ឋ ដែលមានឈ្មោះថា “តំបន់ទេសចរណ៍ពិសិដ្ឋនាគរាជ” ក្រោមទុនវិនិយោគប្រមាណ១៦ពាន់លានដុល្លារ។

គម្រោងទី១ ៖ CRYSTAL VILLE REAM BEACH ជាគម្រោងអភិវឌ្ឍន៍ក្រុងថ្មី ដោយមានការបែងចែកជាដំណាក់កាលនៃការអភិវឌ្ឍន៍ រួមមានដំណាក់កាលសាងសង់ប្រភេទវីឡាលំហែរកាយចំនួន៣ប្រភេទ សំណង់ខុនដូ សណ្ឋាគារលំដាប់ផ្កាយ៥ អាចទឹក CRYSTAL ដ៏ធំប្រចាំតំបន់អាស៊ី ដែលមានតម្លៃទុនវិនិយោគចំនួន១០០០លានដុល្លារ ក្រោមកិច្ចសហការរវាងក្រុមហ៊ុនមកពីប្រទេសសិង្ហបុរី និងក្រុមហ៊ុន FURI Corporation ។ បច្ចុប្បន្ននេះ គម្រោងនេះបានចាប់ផ្ដើមដំណើរការសាងសង់ក្នុងដំណាក់កាលដំបូង ដោយអភិវឌ្ឍន៍លំនៅដ្ឋានប្រភេទវីឡាលំហែរកាយ។

គម្រោងអភិវឌ្ឍន៍ទីក្រុងរាម CRYSTAL VILLE REAM BEACH ក្នុងដំណាក់ដំបូងនេះ ស្ថិតនៅតំបន់ដែលពោរពេញ ទៅដោយសម្រស់ធម្មជាតោយ៉ាងត្រកាល ដោយនៅពីក្រោយគម្រោងមានជួរភ្នំដ៏ខ្ពស់ និងវែងអន្លាយ នៅពីគម្រោងជាប់ជាមួយនឹងបឹងកោងកាង នៅចំពីមុខគម្រោងជាឆ្នេរសមុទ្រដ៏ស្រស់ស្អាត ភ្ជាប់ជាមួយនឹងមហាវិថីឆ្នេររាម ដែលមានទំហំ៥០ម៉ែត្រ តភ្ជាប់ទៅកាន់ឆ្នេរអូរត្រេះ។

គម្រោងទី២ ៖ គម្រោងអភិវឌ្ឍទីក្រុងរាម និងតំបន់ទេសចរណ៍គំរូពិសិដ្ឋ ដែលមានឈ្មោះថា “តំបន់ទេសចរណ៍ពិសិដ្ឋនាគរាជ” ក្រោមទុនវិនិយោគប្រមាណ១៦ពាន់លានដុល្លារ នៅលើផ្ទៃដី ៨៣៤ហិកតា ស្ថិតនៅឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ របស់ក្រុមហ៊ុន CANOPY SANDS DEVELOPMENT Co,.Ltd។

គម្រោងមួយនេះ ចែកជាបីជំហាន ជំហានទី១ បញ្ចប់នៅឆ្នាំ២០២៥ ជំហានទី២ បញ្ចប់ឆ្នាំ២០៣៥ និងជំហានទី៣ បញ្ចប់នៅឆ្នាំ២០៤៥ ក្នុងនោះ រួមមានការរៀបចំហេដ្ឋារចនាសម្ព័ន្ធ និង សំណង់ផ្សេងៗដូចជាសណ្ឋាគារ ភោជនីយដ្ឋាន អាហារដ្ឋាន រមណីយដ្ឋាន អគារស្នាក់នៅសាលប្រជុំ សាលសន្និសិទ អគារស្នាក់នៅរួម មជ្ឈមណ្ឌលពាណិជ្ជកម្ម ហិរញ្ញវត្ថុ មជ្ឈមណ្ឌលកីឡា ក្នុងនោះក៏មានកីឡាវាយកូនគោល និងការរៀបចំឆ្នេរខ្សាច់ស្អាតចំនួន២កន្លែង ដើម្បីប្រើប្រាស់ជាសាធារណៈ ដែលអនុញ្ញាតឱ្យសាធារណៈជនទូទៅចេញចូលប្រើប្រាស់ផងដែរ។

ជាមួយនឹងគម្រោងអភិវឌ្ឍន៍ធំៗចំនួន២ ដែលមានទុនវិនិយោគសរុបរហូតដល់ប្រមាណជាហ១៧ពាន់លានដុល្លារខាងលើនេះ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានស្នើសុំឱ្យក្រុមហ៊ុន សិក្សាបានលឿនឆាប់ចប់កាន់តែល្អ ដើម្បីលើកជាប៉ាណូទីតាំងបង្ហាញសាធារណជន និងស្នើឱ្យក្រុមហ៊ុនរៀបចំសិក្ខាសាលាដាក់បង្ហាញប្លង់មេរបស់ខ្លួនដល់គណៈវិស្វករ ដើម្បីប្រមូលធាតុចូល ក៏ដូចជាមតិយោបល់កែលម្អបន្ថែម ធ្វើគម្រោងប្លង់មេនេះកាន់តែល្អឥតខ្ចោះ ក្នុងការអភិវឌ្ឍទីក្រុងទំនើបស៊ីវិល័យ សម្រាប់ប្រជាពលរដ្ឋ និងទាក់ទាញភ្ញៀវទេសចរកាន់តែច្រើនឡើងមកលេងកម្សាន្តនៅខេត្ដព្រះសីហនុ៕