អភិបាលខេត្ត ៖ ផ្លូវក្រវ៉ាត់ក្រុងទី ៣ គឺជាគម្រោងដ៏ធំក្នុងការទាក់ទាញអ្នកវិនិយោគមកកាន់ខេត្តកណ្តាលលើវិស័យអចលនទ្រព្យ

ដោយ ៖ វុត្ថា

ភ្នំពេញ៖ អភិបាលខេត្តកណ្តាលបានអះអាថា ផ្លូវក្រវ៉ាត់ក្រុងទី ៣ គឺជាគម្រោងដ៏ធំមួយទៀត ក្រៅពីគម្រោងព្រលានយន្តហោះអន្តរជាតិនៅក្នុងខេត្ត សម្រាប់ការទាក់ទាញអ្នកវិនិយោគឱ្យចូលមកវិនិយោគលើវិស័យជាច្រើន ជាពិសេសវិស័យអចលនទ្រព្យរួមមាន ការអភិវឌ្ឍលើវិស័យលំនៅឋាន រោងចក្រ និងសហគ្រាសនានា។

លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល ឆ្លើយតបទៅនឹងសំនួរអ្នកសារព័ត៌មាន propertyarea.asia កាលពីពេលថ្មីៗនេះឱ្យដឹងថា ផ្លូវក្រវ៉ាត់ក្រុងទី ៣ ដែលបាននឹងកំពុងសាងសង់ និងមានវឌ្ឍនភាពទៅមុខនេះ គឺជាការចូលរួមអភិវឌ្ឍន៍យ៉ាងធំនៅក្នុងខេត្តកណ្តាល ម្យ៉ាងទៀតគម្រោងនេះ គឺជាការចូលរួមកាត់បន្ថយការកកស្ទះចរាចរណ៍យ៉ាងសំខាន់ផងដែរ។

លោកបន្តថា “មិនត្រឹមតែប៉ុណ្ណោះ គម្រោងនេះ បាននឹងកំពុងលើកមុខលើកមាត់ និងជាសោភ័ណភាពរបស់ខេត្តកណ្តាល ព្រមទាំងទាក់ទាញអ្នកវិនិយោគជាតិ និងអន្តរជាតិ ទៅលើលើគម្រោងវិស័យអចលនទ្រព្យ លំនៅឋាន និង រោងចក្រសហគ្រាសជាច្រើនផងដែរ”។

លោកបន្ថែមថា “គម្រោងផ្លូវនេះ អាចនិយាយបានថា វាប្រទាក់ក្រឡាគ្នារវាងខេត្ត ស្រុក និងស្រុកនៅក្នុងមូលដ្ឋានខេត្តកណ្តាល រួមជាមួយនឹងស្រុក និងខេត្តផ្សេងៗទៀត ។ ជាមួយគ្នានេះ អាជ្ញាធរបាននឹងកំពុងពន្លឿងនៃការដោះស្រាយលើផលប៉ះពាល់ផ្សេងៗរបស់ពលរដ្ឋដើម្បីឱ្យគម្រោងនេះ បញ្ចប់ទៅតាមផែនការ”។

ផ្លូវក្រវាត់ក្រុងទី៣ ស្ថិតនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកណ្តាល មានប្រវែងសរុបជិត ៥៣គីឡូម៉ែត្រ បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា ដែលរហូតមកដល់ពេលនេះ សម្រេចការសាងសង់បានជា៣៧ភាគរយហើយ។ តាមគម្រោងផ្លូវដ៏សំខាន់នេះ នឹងប្រើរយៈពេល៤២ខែក្នុងការស្ថាបនា ដែលគ្រោងបញ្ចប់នៅខែធ្នូ ឆ្នាំ២០២១។

ផ្លូវក្រវ៉ាត់ក្រុងខ្សែទី៣ គឺជាផ្លូវដ៏សំខាន់ក្នុងការជួយកាត់បន្ថយការកកស្ទះ និងជួយសម្រួលចរាចរណ៍ក្នុងរាជធានីភ្នំពេញ ម្យ៉ាងទៀតគឺជាការតភ្ជាប់ផ្ទៃក្នុង និងសមាហរណកម្មតំបន់ ពិសេសតភ្ជាប់ផ្លូវអាស៊ានហាយវ៉េ និងផ្លូវរបៀងសេដ្ឋកិច្ចសំខាន់ៗ របស់មហាអនុតំបន់មេគង្គ។ រួមចំណែកក្នុងការសម្រួលការដឹកជញ្ជូនឆ្លងកាត់ព្រំដែន ជំរុញពាណិជ្ជកម្មអន្តរជាតិ ដោយតភ្ជាប់ផ្លូវជាតិសំខាន់ៗរបស់ប្រទេសកម្ពុជា ចាប់ពីស្ពានព្រែកព្នៅផ្លូវជាតិលេខ៥ ឆ្លងមកផ្លូវជាតិលេខ៤ (កំណាត់ផ្លូវនេះបានសាងសង់រួចរាល់ហើយ ដោយសាលារាជធានីភ្នំពេញ) ភ្ជាប់មកផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ២ ផ្លូវជាតិលេខ២១ និង ផ្លូវជាតិលេខ១ ដោយភ្ជាប់ទៅនឹងកំពង់ផែភ្នំពេញថ្មី ដែល បានសាងសង់ឡើង ក្រោមក្របខ័ណ្ឌឥណទានសម្បទានពីសាធារណរដ្ឋប្រជាមានិតចិនដូចគ្នា និងមានចម្ងាយត្រឹមតែជាង១គីឡូម៉ែត្រពីគម្រោងព្រលានយន្តហោះ៕

ការសិក្សា៖ កម្ពុជានៅតែជាទិសដៅដែលមានតម្លៃទាបក្នុងការរស់នៅសម្រាប់អ្នកចូលនិវត្តន៍ជនបរទេស

ដោយ ៖ ប៊ី
ភ្នំពេញ ៖ ប្រទេសកម្ពុជាត្រូវបានណែនាំថាជាប្រទេសចំណាយទាប ជាមួយនឹងទេសភាព និងប្រវត្តិសាស្រ្តគួរឱ្យចាប់អារម្មណ៍សម្រាប់អ្នកចូលនិវត្តន៍ជនបរទេស។ នេះបើយោតាមការអះអាងនៅក្នុងរបាយការណ៍ថ្មីៗនេះដោយគេហទំព័រ emigrate.co.uk។

ទិដ្ឋភាពសំខាន់មួយនៅក្នុងការពេញចិត្តនៅប្រទេសកម្ពុជាគឺថាទិដ្ឋាការនៅតែងាយស្រួលក្នុងការធ្វើសម្រាប់អ្នកចូលនិវត្តន៍ ក៏ដូចជាសហគ្រិន។
របាយការណ៍ បានបង្ហាញថា ជនបរទេសវ័យចំណាស់គួរតែស្នើសុំទិដ្ឋាតាមរយៈប្រព័ន្ធអេឡិចត្រូនិក ដោយផ្តល់សុពលភាពរយៈពេលប្រាំមួយខែ ហើយត្រូវមានរូបថតទំហំលិខិតឆ្លងដែន ប៉ុន្តែក៏អាចថតនៅព្រលានយន្តហោះ ពេលមកដល់។

ការដាក់ពាក្យសុំទិដ្ឋាការនេះមានរយៈពេល ៣០ ថ្ងៃ ហើយការគិតប្រាក់ត្រឹមតែ ៣ ដុល្លារទេ ប៉ុន្តែសម្រាប់អ្នកចូលនិវត្តន៍ដែលមានអាយុលើសពី ៥៥ ឆ្នាំ ការពន្យារពេលអាចទទួលបានតាមរយៈការបង្ហាញឯកសារចូលនិវត្តន៍ត្រឹមត្រូវ និងភស្តុតាងនៃចំនួនថវិកា។ ទិដ្ឋាការដំណើរការសម្រាប់មួយ បី ប្រាំមួយ ឬពេញមួយ ១២ ខែ និងទិដ្ឋាការយូរជាងនេះអនុញ្ញាតឱ្យមានធាតុជាច្រើន។
ទិដ្ឋាការមួយឆ្នាំអាចត្រូវបានបន្តជាថ្មីយ៉ាងងាយស្រួលជារៀងរាល់ឆ្នាំតាមរយៈភ្នាក់ងារអចលនទ្រព្យក្នុងស្រុក ទោះបីភស្តុតាងនៃថវិកាគ្រប់គ្រាន់សម្រាប់ការស្នាក់នៅមួយឆ្នាំត្រូវតែផ្តល់ឱ្យ។ វាក៏ផ្តល់ការអនុញ្ញាតឱ្យរស់នៅគ្រប់ទីកន្លែងក្នុងប្រទេស ក៏ដូចជាចាកចេញ និងវិលត្រឡប់មកវិញច្រើនដងតាមតម្រូវការ។

ទាក់ទងនឹងថ្លៃការរស់នៅ វាមានតម្លៃទាបជាងបណ្តាប្រទេសលោកខាងលិច។ ឧទាហរណ៍ ខុនដូមួយបន្ទប់គេងមួយនៅក្នុងទីក្រុងកម្ពុជាមានតម្លៃប្រហែល ៤០០ ដុល្លារក្នុងមួយខែ។ ពន្ធក៏ទាបជាងនៅបស្ចិមប្រទេសដែរ។

នៅក្នុងសន្ទស្សន៍ ការចូលនិវត្តន៍ប្រចាំឆ្នាំនៃការរស់នៅអន្តរជាតិនៃទស្សនាវដ្តីអន្តរជាតិ ដែលជាទស្សនាវដ្តីមួយដែលផ្តោតលើកន្លែងរស់នៅ និងវិនិយោគល្អបំផុត បានដាក់ឈ្មោះប្រទេសកម្ពុជាថាជាកន្លែងដែលមានតម្លៃទាបជាងគេបំផុត ដើម្បីចូលនិវត្តន៍នៅឆ្នាំ ២០១៩។
ដោយទទួលបានពិន្ទុពេញលេញនៅក្នុងចំណាត់ថ្នាក់បង្ហាញពីភាពទាក់ទាញរបស់ព្រះរាជាណាចក្រកម្ពុជាសម្រាប់អ្នកចូលនិវត្តន៍ និងជនបរទេសទូទៅ។

រដ្ឋាភិបាលកំពុងធ្វើសេចក្តីព្រាងគោលនយោបាយផ្ទះទី២ (ផ្ទះលំហែកាយ) ដែលត្រូវបានផ្តួចផ្តើមតាំងពីឆ្នាំ ២០១៦ ក្នុងទិសដៅទាក់ទាញគោលដៅទេសចរណ៍សម្រាប់អ្នកចូលនិវត្តន៍បរទេស ។

គោលនយោបាយផ្ទះទី២ មានគោលបំណងបង្កើតផលិតផលទេសចរណ៍ថ្មី ដែលនឹងធ្វើឱ្យអ្នកទេសចរចូលមកកម្ពុជាជាប្រចាំ ដោយធានាថាពួកគេមានសិទ្ធិជាកម្មសិទ្ធិស្របច្បាប់លើផ្ទះទី២ របស់ពួកគេ នឹងអនុញ្ញាតឱ្យពួកគេកាន់កាប់ផ្ទះបាន ៧០ ភាគរយ។ តាមច្បាប់បច្ចុប្បន្នជនបរទេសអាចកាន់កាប់ផ្ទះល្វែង ឬខុនដូ ១០០ ភាគរយ ដរាបណាវាមិននៅជាន់ផ្ទាល់ដី៕

ខុនដូតម្លៃសមរម្យជាងគេនៅតំបន់ជ្រោយចង្វារកំពុងលក់បញ្ចប់យូនីត និងត្រៀមស្វាគមន៍ការចូលស្នាក់នៅ

ដោយគង់​ សូរិយា

        ភ្នំពេញៈ ខុនដូតម្លៃសមរម្យជាងគេនៅតំបន់ជ្រោយចង្វារSH Condoកំពស់២៨ជាន់ បាននិងកំពុងស្វាគមន៍អតិថិជន ដើម្បីទទិញយូនីតដែលនៅសល់ជាមួយនឹងតម្លៃសមរម្យ និងលក្ខខ័ណ្ឌបង់ប្រាក់ល្អប្រសើរ។

          គម្រោងដែលបាននិងកំពុងជិតបញ្ចប់ និងត្រៀមបើកទា្វរស្វាគមន៍អតិថិជននេះ ស្ថិតនៅលើផ្លូវម៉ាស៊ីនទឹក ក្នុងសង្កាត់ជ្រោយចង្វារ ខ័ណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ជាមួយនឹងតម្លៃទាក់ទាញបំផុត អ្នកវិនិយោគខុនដូនេះបាននិងផ្តល់ឪកាសពិសេស លោកអ្នកកក់តែ$500 នឹងទទួលបានការdiscount បូករួមទាំង Freeសម្ភារ:ជាច្រើនដដូចជា -ទូរទឹកកក -ទូរទស្សន៏Smart TV -ទូរចង្ក្រានលើក្រោម។ -ម៉ាស៊ីនទឹកក្តៅ(Water Heater 32L)-គ្រឿងបរិក្ខារបន្ទប់ទឹកទាន់សម័យ1ឈុត។

SH Condoបាននិងកំពុងបំពេញលក្ខខ័ណ្ឌនៃការរស់នៅបែបស៊ីវិល័យ ដោយមានចំណតយានយន្ត៧ជាន់ មានអាងហែលទឹក ក្លឹបហាត់ប្រាណ Skybar , Mini Mart និងសេវាកម្មគ្រប់គ្រងអាគារប្រកបដោយតម្លៃសមរម្យ។

ពិសេស អ្នកស្នាក់នៅខុនដូនេះអាចគយគន់ទេសភាពដងទន្លេសាប និងទន្លេមេគង្គ និងស្រូបយកខ្យល់អាកាសដ៏មនោរម្យគ្ហរប់រដូវផងដែរ។

☎️យើងខ្ញុំស្វាគមន៌ការសាកសួរពត៏មាន តាមរយៈលេចទូរស័ព្ទ០៨៩ ៧៨៧ ៧២១។ Smart 010  725 168 គីមឈាង 096 505 6666 ។ 017  725  168  ចិន្តា។ 077  725  168  ម៉ារីណែត៕

វិភាគៈតើហេតុផលអ្វីខ្លះដែលជំរុញឲ្យអ្នកវិនិយោគចិនត្រលប់មកកាន់ក្រុង ព្រះសីហនុឡើងវិញ

ដោយយិន លាងគង់ៈស្ថាបនិកននិងអគ្គនាយកPropertyarea

        ភ្នំពេញៈ ខេត្តព្រះសីហនុកំពុងជូបស្ថាបភាពដូចក្តាមសកមែនឬ? ខណៈព្រះអាទិត្យនៅតែរះពីទិសខាងកើតដដែល ហើយនយោបាយពិភពលោក នៅតែមិនប្រែព៌ណ ចេញពីផលប្រយោជន៍៍និយមនៅឡើយ។

          វត្តមានរបស់ប្រជាជន និងអ្នកវិនិយោគចិននៅក្រុងព្រះសីហនុ បានធ្វើឲ្យទីក្រុងនេះផ្លាស់ប្តូរមុខមាត់យ៉ាងឆាប់រហ័ស ហើយកំឡុងការស្នាក់នៅរបស់ពួកគេ ពាក្យចចាម​អារ៉ាម និងកំហឹងទៅលើជនជាតិនេះ ត្រូវបានគេរៀបចំំបំប៉ោងយ៉ាងច្បាស់លាស់។

តើចិននឹងត្រលប់មកវិញច្រើន ដូចមុនពេលបិទហ្គេមអនឡាញ កាលពីដើមឆ្នាំនេះឬ? ចម្លើយពួកគេនឹងត្រលប់មកវិញ ជាមួយនឹងស្នាមញញឹមពីប្រជាជនខ្មែរច្រើនជាងមុន ខណៈការទន្ទឹងរង់ចាំវត្តមានរបស់ពួកគេ កំពុងស្ថិតក្នុងភាពអន្ទះសារផងដែរ។

        ក្រឡេកមើលប្រវត្តិសាស្រ្ត

ប្រវត្តិសាស្រ្ត បានចារទុកនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ មានសភាពវែងអន្លាយរហូតរាប់ពាន់ឆ្នាំមកហើយ    ប៉ុន្តែរយៈពេលកន្លះសតវត្សរ៍កន្លងមក ដែលជារជ្ជកា​លមាស ក្រោមការដឹកនាំាំរបស់អតីតព្រះបរមរតនៈកោដិ បានធ្វើឲ្យទំនាក់ទំនងកម្ពុជា ចិនឡើងដល់កម្រិតកំពូល ដែលធ្វើឲ្យប្រជាជាតិនិងមេដឹកនាំទាំងពីរ បានផ្សារភ្ជាប់ដួងចិត្តកាន់តែស្អិតរមួត បើទោះជាពេលខ្លះទំនាក់ទំនងរវាងប្រទេសទាំងពីរ បានដើរកាត់ផ្លូវរលាក់ និងភក់ជ្រាំខ្លះៗក្តី។

ប្រៀបដូចជាថ្ងៃលិច ហើយរះឡើងវិញ ស្រមោលអន្ឋកាលបានបញ្ចប់ ទំនាក់ទំនងកម្ពុជា ចិន នាយករដ្ឋមន្រ្តីចិនLiu Shaoqiបានអញ្ជើញស្វាគមន៍៍ជាមួយ នឹងការបក់ទង់ជាតិកម្ពុជា ចិនរវិកៗនៅស្ថានីយ៍រថភ្លើងក្រុងប៉េកាំង ជាមួយនឹងស្នាមញញឹមស្វាគមន៍គ្នាទៅវិញទៅមករវាងមេដឹកនាំប្រទេសទាំងពីរ និងស្នាមញញឹមនៃប្រជាជនចិន ដែលបានគោរពស្រលាញ់សម្តេចនរោត្តមសីហនុ។

ព្រះអាទិត្យថ្មីរបស់កម្ពុជា

        “អ្នកឈ្នះ ជាអ្នកសរសេរប្រវត្តិសាស្រ្ត” នេះជាប្រ​សាសន៍របស់សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនិងជាបុរសខ្លាំងរបស់កម្ពុជា។

ជាមួយនឹងយុទ្ឋសាស្រ្ត និងការដឹកនាំដ៏ប៉ិនប្រសព្វ ការភ្ជាប់ទំនាក់ទទំនងអន្តរជាតិបានយ៉ាងងរលូន បាធ្វើឲ្យទំនាក់ទំនងកម្ពុជា ចិនឈានដល់កម្រិតថ្មីមួយទៀត គឺភាពជាដៃគូយុទ្ឋសាស្រ្តគគ្រប់ជ្រុងជ្រោយ ដែលបានចុះហត្ថលេខាកាលពីឆ្នាំ២០១០ ហើយពាក្យស្លោកថ្មីនៃទំនាក់ទំនង “សហគមន៍រួមវាសនាតែមួយ” ពិតជាមានតម្លៃមិនអាចកាត់ថ្លៃបាន។

មេដឹកនាំាំទាំងពីរបាន និងកំពុងស្ថាបនាផ្លូវពីក្រាលដោយក្រួសក្រហម មកជាផ្លូវអ៊ុតកៅស៊ូAC ដែលមានសភាពរលោងជាងមុន និងងាយស្រួលបើកបរជាងមុន ប៉ុន្តែទំនាក់ទំនងស្អិតរមួតពេក ពេលខ្លះក៏អច “ខះបំពង់ ក”ផងដែរ ប្រសិនជាជញ្ជីងងថ្លឹងមិនបានត្រឹមត្រូវឬផ្អៀងម្ចាងៗខ្លាំងពេក ព្រោះកម្ពុជាត្រូវការកសាងមិត្តកាន់តែច្រើន ពង្រីកទំនាក់ទំនងកាន់តែទូលាយ ហើយការប្រកាន់យកគោលនយោបាយមិត្តទាំងអស់ គ្មានសត្រូវពិតជាបាននិងកំពុងដឹកនាំាំ និងដាក់ចេញរួចទៅហើយដោយមេដឹកនាំាំកម្ពុជា។

​​ពាណិជ្ជកម្មសេរី

        ជាមួយនឹងការដាក់ចេញនូវសហគមន៍៍រួម វាសនាតែមួយ និងដៃគូយុទ្ឋសាស្រ្តគ្រប់ជ្រុងជ្រោយ ដើម្បីកសាងវិបុលភាពនៃប្រទេសកម្ពុជា មេដឹកនាំក្រសួងពាណិជ្ជកម្មប្រទេ​សទាំងពីរបានជួបប្រជុំគ្នាបីលើករួចមកហើយ ដើម្បីឈានទៅចុះហត្ថលេខានៃការធ្វើពាណិជ្ជកម្មសេរីរវាងប្រទេសទាំងពីរ ដែលរំពឹងនឹងសម្រេចបាននៅចុងឆ្នាំ២០២០នេះ។

ប្រសិនជាពាណិជ្ជកម្មសេរី រវាងប្រទេសទាំងពីរត្រូវបានចុះហត្ថលេខា កម្ពុជានឹងពង្រីកបាននូវកាលានុវត្តន៍៍ភាពផ្នែកសេដ្ឋកិច្ច កាន់តែធំធេងថែមទៀតជាមួយមហាយក្សចិន ដែលនឹងផ្តល់ផលប្រយោជន៍ដល់ប្រជាជនប្រទេសទាំងពីរ ពិសេសវានឹងក្លាយជាកំលាំងចលករដ៏សំខាន់ថ្មីមួយទៀត ក្នុងការជំរុញកំនើនសេដ្ឋកិច្ចកម្ពុជា។

បច្ចុប្បន្នការនាំាំចេញពីកម្ពុជា ទៅកាន់ប្រទេសចិនបានកើនឡើងរួចទៅហើយ ពិសេសអង្ករកម្ពុជា ត្រូវបានបញ្ជាទិញដោយពាណិជ្ជករនៃប្រទេសចិន ព្រោះសមាណចិត្ត​ប្រជាជនចិនចំពោះកម្ពុជាបាននិងកំពុងផ្លាស់ប្តូរជាវិជ្ជមាន។

ស្គាល់មិត្តក្នុងគ្រាលំបា​​ក

ជ្រើសរើសយកពាក្យពុំនោលខ្មែរ “ស្គាល់មិត្តល្អក្នុងគ្រាលំបាក” បុរសខ្លាំងរបស់កម្ពុជា ត្រូវបានសហគមន៍អន្តរជាតិទទួលស្គាល់ ពីភាពប៉ិនប្រសព្វ​នូវការដាក់ចេញនយោ​បាយកាទូតរបស់ខ្លួន ទាំងជាមួយប្លុកសេរី និងកុំម្មុយនីស្ត ខណៈ​បុរសខ្លាំងរូបនេះ នៅតែអាចឈរជើងយ៉ាងរ៉ឹងមាំក្នុងអំណាច និងបានដឹកនាំប្រទេសចេញពីយុគដ៏ងងឹតសូន្យ មកកាន់ភាពភ្លឺស្វាង តាមរយៈការរក្សាបាននូវស្ថេរភាពនយោបាយ  ស្ថេរភាពសង្គម និងកសាងសេដ្ឋកិច្ចរីកចម្រើន ក្នុងរង្វង់៧ភាគរយ រយៈពេលជាងពីរទសវត្សរ៍។

ប្រសិនជាមេដឹកនាំប្រទេសមួយ គ្មាននយោបាយ និងផែនការយុទ្ឋសាស្រ្តច្បា​ស់លាស់ ចក្ខុវិស័យវែងឆ្ងាយ និងការដឹកនាំដ៏ប៉ិនប្រសព្វទេ ប្រជាជាតិនោះនឹងមិនរកឃើញ​សុបិនរបស់ខ្លួននោះទេ។

តាមរយៈដំណើរទស្សនកិច្ច ដ៏គួរឲ្យភ្ញាក់ផ្អើលទៅកាន់ប្រទេសចិន របស់សម្តេចតេជោកាលពីថ្ងៃទី៥​កុម្ភៈ ខណៈចិនកំពុងជួបវិបត្តិCovid-19 ហើយបណ្តាប្រទេសនានាបានរត់ចោលចិន តែសម្តេចបានទៅទស្សនកិច្ចប្រទេសចិន បានបង្ហាញទៅកាន់មេដឹកនាំ និងប្រជាជនចិនថា “កម្ពុជាជាមិត្តស្លាប់រស់របស់ចិន” ខណៈកម្ពុជាមានសុភាសិតផ្ទាល់ខ្លួនថា “ស្គាល់មិត្តល្អ ក្នុងគ្រាលំបាក”។

ដំណើរទស្សនកិច្ចរបស់សម្តេចនាពេលនោះ ត្រូវបានប្រជាជនចិនហៅសម្តេចតេជោជា “បុរសង្ហារជាងគេក្នុងលោក” ហើយសន្តានចិត្តប្រជាជនចិន ដែលមិនទាន់យល់ពីកម្ពុជាបានផ្លាស់ប្តូរ ហើយមើលមកកម្ពុជាក្នុងរូបភាពវិជ្ជមាន។

នៅពីក្រោយវាំងនន

“គ្មានផលប្រយោជន៍ គ្មានមិត្តភាព គ្មានផលប្រយោជន៍ទៅវិញទៅមក គ្មានប្រទេសណាមកការពារ និងមកជួយយើងនោះទេ”។

កម្ពុជា បើគ្មានផលប្រយោជន៍សំរាប់ចិន ហើយចិនគ្មានផលប្រយោជន៍ជាមួយកម្ពុជា ពួកគេនឹងមិនមកវិនិយោគនិងជួយកម្ពុជានោះទេ។ ដូចគ្នានេះដែរ បើគ្មានផលប្រយោ​ជន៍ វៀតណាមនឹងមិនចាប់ដៃអាមេរិក ហើ​យបំភ្លេចអតីតកាលដ៏ឈឺចាប់ រវាងប្រទេសទាំង​ពីរឡើយ។

ប្រសិនជាអ្នកអាន សិក្សាពីភូមិសាស្រ្តនយោបាយ និងទំនាក់ទំនងអន្តរជាតិ អ្នកនឹងភ្លឺភ្នែកហើយដឹងថា ពិភពលោកមានរឿងរ៉ាវបែបណា ហើយកំពុងដើរលើផ្លូវបែបណា ដើម្បីសម្រេចបាននូវមហិច្ឆតារបស់ខ្លួន ដោយជ្រើសរើសយកមហាអំណាចណាមួយមកនៅពីក្រោយខ្នង ឬជ្រើសរើសល្បែងឆ្មារ ចាប់កណ្តុរ។

ហេតុនេះបើផ្អែកលើទំនាក់ទំនង មនោសញ្ចេតនារវាងមេដឹកនាំ និងពិសេសភូមិ​សាស្រ្តនយោ​បាយ និងទំនាក់ទំនងអន្តរជាតិ ច្បាស់លាស់ណាស់ចិននឹងត្រលប់មកកម្ពុជាវិញ នៅពេល​ខាងមុខ(ឆាប់ឬយូរអាស្រ័យលើបញ្ហាផ្ទៃក្នុងរបស់ចិន)។

អ្នកវិនិយោគខ្លួនឯង

វានៅតែជារឿងរសើប ប៉ុន្តែជារឿងដែលងាយស្រូលមើលផងដែរ ប្រសិនជាយើងឈរលើមូលដ្ឋានផលប្រយោជន៍ជាធំ ព្រោះគ្មានផលប្រយោជន៍៍ ស្នាមញញឹមក៏មិនមានដែរ បើមានក៏មានត្រឹមតែជាកាយវិកាបែបកាទូត នងជាការចាប់ដៃជាន់ជើងប៉ុណ្ណោះ។

តើចិនត្រលប់មកកម្ពុជាវិញនៅពេលណា? ចម្លើយគឺចិនមកបណ្តើរៗហើយទាំងអ្នកធ្វើការ និងអ្នកវិនិយោគ ខណៈបញ្ហាជំងងឺCovid-19លែងជាក្តីបារម្ភសំរាប់ចិន ហើយចិនអាចគ្រប់គ្រងស្ថានភាពនេះបានដោយខ្លួនឯង។

សំណួររនៅទីនេះគឺគួរសួរថា តើអ្នកវិនិយោគចិន ដែលបានបោះទុនរាប់លានដុល្លារ ដើម្បីសាងសង់ខុនដូ អាផាតម៉ិន សណ្ឋាគារផ្កាយ៥ និងមជ្ឈមណ្ឌលពាណិជ្ជកម្មដទៃទៀត សុខចិត្តបោះបង់ចោលគំរោងរបស់ខ្លួននៅកម្ពុជាឬ? ពិតណាស់ពួកគេនឹងមិនបោះបង់ចោលផលប្រយោជន៍ដ៏ច្រើនរបស់ខ្លួននោះទេ។

ទាំងប្រជាជនចិន និងអ្នកវិនិយោគចិនបានត្រលប់មកវិញ ហើយច្បាស់លាស់ណា​ស់ពួកគេ នឹងរកវិធីសាស្រ្តធ្វើយ៉ាងណាលក់គំរោងរបស់ពួកគេ និងធ្វើឲ្យគំរោងរបស់ពួកគេដើរឬមានសកម្មភាពរសរវើក ដើម្បីស្វែងរកផលចំណេញពីការដាក់ទុនរបស់ពួកគេផងដែរ។

          ជាមួយនឹងគោលនយោបាយផ្ទៃក្នុងកម្ពុជា កត្តាភូមិសាស្រ្តនយោបាយ ទំនាក់ទំនងអន្តរជាតិ ភាពជាមិត្តស្គាល់គ្នាក្នុងគ្រាលំបាក អ្នកវិនិយោគ ក៏ដូចជាប្រជាជនចិនបានស្គា​ល់​សន្តានចិត្តកម្ពុជាកាន់តែច្បាស់រួចហើយ តាមរយៈដំណើរទស្សនកិច្ចក្រោមដដុំព្រិល​របស់សម្តេចតេជោ ដែលបានទៅកាន់ប្រទេសចិនទាំងយប់ ក្នុងពេលមិត្តចិនដទៃទៀតបានរត់ចោលខ្លួន។

ផ្អែកត្តាស្នូលទាំាំង៦នេះ វាបាននិងកំពុងធ្វើឲ្យហេតុផល នៃការវិលត្រលប់របស់ចិនមកកម្ពុជាឬអត់ វាកាន់តែច្បាស់លាស់ជាងមុន បើគេលេងអាប៉ោងវិញ “ដឹងងតែបើកគ្របចាក់បានហើយ ប៉ុន្តែចាប់លេខប៉ុន្មាន” លោក អ្នក ជាអ្នកសម្រេចចិត្តដោយខ្លួនឯងចុះ៕

អ្នកជំនាៈ ដីនៅក្នុងក្រុង និងនៅតាមផ្លូវក្រវ៉ាត់ក្រុងនៅតែមានតម្រូវការខ្ពស់

ដោយវុត្ថា

ភ្នំពេញៈ ដីនៅក្នុងក្រុង និងនៅតាមផ្លូវក្រវ៉ាត់ក្រុង នៅតែមានតម្រូវការខ្ពស់សម្រាប់អ្នកអភិវឌ្ឍន៍លើវិស័យអចលនវត្ថុ ដែលភាគច្រើនជាតម្រូវការរបស់ អ្នកអភិវឌ្ឍន៍នៅក្នុងស្រុក និងជនបរទេសដែលកំពុងស្នាក់នៅនៅក្នុងប្រទេសកម្ពុជា។

លោកស្រី តាំង ហួរ នាយិកាក្រុមហ៊ុន Amatak Property Service បានប្រាប់គេហទំព័រPropertyarea.asia នៅថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២០ នេះ ឱ្យដឹងថា ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ មានអតិថិជនដែលជាអ្នកអភិវឌ្ឍន៍ជាជនខ្មែរ និងបរទេ សបានស្វែងរកទិញដីជាបន្តបន្ទាប់នៅក្នុងក្រុង និងនៅតាមផ្លូវក្រវ៉ាត់ក្រុងក្នុងទំហំធំៗ។

លោកស្រីបន្តថា “អ្នកអភិវឌ្ឍន៍ភាគច្រើនរកទិញដី នៅក្នុងទីក្រុងសម្រាប់អភិវឌ្ឍន៍ជាខុនដូ បន្ទាប់ពីគម្រោងចាស់របស់គាត់”។លោកស្រីបន្តថា “គាត់(អ្នកវិនិយោគ)នៅតែសាងសង់បន្ត បើទោះបីក្នុងស្ថានភាពរៀងយឺតបន្តិច ដោយពួកគាត់នៅតែមើលឃើញទីផ្សារនៅតែល្អ។ ម្យ៉ាងទៀត គាត់ទិញដីក្នុងកាលៈទេសៈ គឺទទួលបានតតម្លៃសមរម្យ”។

លោកស្រីតាំង ហួរបានបន្ថែម អ្នកអភិវឌ្ឍន៍ខ្លះទៀតរកទិញដីនៅតាមផ្លូវក្រវ៉ាត់ក្រុងក្នុងទំហំធំៗ សម្រាប់ធ្វើការវិនិយោគបន្ត ខណៈដែលស្ថានភាពនៅក្នុងប្រទេសកាន់​តែមានភាពល្អប្រសើរបណ្តើរ។

លោកស្រីបន្ថែមថា “ខ្ញុំមើលឃើញថា ស្ថានភាពទីផ្សារដីធ្លីនៅក្នុងប្រទេសនៅតែមានសញ្ញាល្អ ដោយកន្លងមកនេះ មានភ្ញៀវក្នុងស្រុក និងភ្ញៀវបរទេសដែលស្នាក់នៅក្នុងប្ររទេសបានទាក់ទងខ្ញុំរកទីដីជាច្រើនកន្លែង”។

អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ Century21 Advance Property លោក ឡុង គីមសួគ៌ បានឱ្យដឹងដែរថា ទីផ្សារដីធ្លីនៅកម្ពុជា គឺនៅតែមានតម្រូវការ ហើយក៏មានអ្នកវិនិយោគ និងអភិវឌ្ឍន៍នៅក្នុងវិស័យមួយនេះច្រើនណាស់ដែរ ដោយសារតែគេសម្លឹងឃើញពីឱកាសចំណេញច្រើន។

លោកបន្តថា “តម្រូវការដីធ្លីនៅតែមាន សម្រាប់អ្នកអភិវឌ្ឍន៍ទាំនៅក្នុងក្រុង និងជាយក្រុង ហើយសម្រាប់អ្នកដែលមានធនធានគ្រប់គ្រាន់ អាចធ្វើការវិនិយោគ ដោយមិនមានក្ដីបារម្ភពីការកប់ទុកសាច់ប្រាក់ដោយទេ ប៉ុន្តែសម្រាប់អ្នកដែលមានធនធានមធ្យម ឬមានចំណែកនៃចំណុលធនាគារ ដើម្បីបង្កើនទុនវិនិយោគគឺជាកត្តាមួយ ដែលមានអត្រាប្រឈមខ្ពស់”។

នាយិកាប្រចាំប្រទេសក្រុមហ៊ុន CBRE Cambodia លោកស្រី អាន សុធីតា ធ្លាប់បានប្រាប់គេហទំព័រ propertyarea.asia កន្លងមកថា នៅក្នុងឆ្នាំ២០២០ សម្រាប់វិស័យអចលនទ្រព្យ នៅក្នុងផ្នែកមួយចំនួនជួបសភាពទ្រឹង ឬអាចឱនភាព ដែលវាអាស្រ័យទៅតាមតំបន់ផ្សេងគ្នា។

លោកស្រីបន្តទៀតថា “ឆ្នាំ២០២០ មានផ្នែកមួយចំនួននៅតែរក្សាភាពល្អប្រសើរ ដូចជា វិស័យលំនៅដ្ឋាន វិស័យសំណង់ (បន្សល់ពីឆ្នាំចាស់) និងតម្រូវការទីតាំងជួលសម្រាប់ការិយាល័យដែលនឹងមានតម្រូវការខ្ពស់។ ដោយឡែកសម្រាប់ វិស័យដីធ្លីនៅតំបន់មួយចំនួនជួបសភាពទ្រឹង ឬធ្លាក់ចុះតម្លៃ ដែលអាស្រ័យទៅតាមតំបន់”៕

លោកឧបនាយករដ្ឋមន្ត្រីជា សុផារ៉ា តែងតាំងប្រធានមន្ទីររៀបចំដែនដីខេត្តកែបថ្មី

ដោយៈរ៉ាណេត

កែបៈ  លោក ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានប្រកាស តែងតំាងលោក និម្មាបនិក សុទ្ធ ពុទ្ធិម៉ានីន ជាប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកែប។

ក្នុងសេចក្តីប្រកាសរបស់ក្រសួងដែនដី នគរូបនីយ៍កម្ម និងសំណង់ លេខ១០១ ដនស/ប្រក/ប ចុះថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០ បានសម្រេចតែងតាំងលោក និម្មាបនិក សុទ្ធ ពុទ្ធិម៉ានីន ជាប្រធានមន្ទីប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិ​យោដីខេត្តកែបថ្មីជំនួស លោក វ៉ៅ សុខា ដែលបានតែងតាំងជាអភិបាលរងខេត្តកែប។

លោកសោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែបបានថ្លែងក្នុងពិធីប្រកាសតែងតាំងនៅថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២០នេះថា លោកពិតជាមានសេចក្តីសង្ឃឹមយ៉ាងមុតមាំចំពោះការដឹកនាំ ការអនុវត្តន៍តួនាទីភារកិច្ច និងការផ្តល់សេវាទៅតាមជំនាញរបស់ខ្លួនរបស់ប្រធានមន្ទីរថ្មីប្រកបដោយប្រសិទ្ធភាពខ្ពស់។

លោកអភិបាលខេត្ត បានជំរុញឱ្យប្រធានរៀបចំដែនដី នគរូបនីយ៍កម្ម សំណង់ និងសុរិយោដីខេត្តថ្មី ត្រូវពង្រឹងសាមគ្គីភាពផ្ទៃ ត្រូវមានកិច្ចសហការល្អជាមួយមន្ទីរ អង្គភាពជុំវិញខេត្ត និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវមានរបៀបរបបធ្វើការងារឱ្យបានត្រឹមត្រូ វស្របតាមប្រកាស និងសេចក្ដីណែនាំដែលបានកំណត់ ត្រូវមានគំនិតផ្តួចផ្តើម និងស្រាវស្វែងយល់បន្ថែមអំពីច្បាប់ និងលិខិតបទដ្ឋានពាក់ពន្ធវិស័យសំណង់ និងដីធ្លី ដើម្បីពនឿនការផ្តល់សេវាជូនប្រជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់កែលម្អសោភ័ណភាព អនាម័យបរិស្ថានទាំងក្នុង និងក្រៅបរិវេណមន្ទីរ និងនៅតាមមុខសញ្ញាដែលមន្ទីរទទួលខុសត្រូវ ត្រូវបន្តអនុវត្តការងារចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធឱ្យបានចប់រួចរាល់ តាមផែនការដែលបានកំណត់ ជាពិសេសត្រូវយកចិត្តទុកដាក់តាមដាន ត្រួតពិនិត្យលក្ខណៈបច្ចេកសំណង់ ស្ថាបត្យកម្មនានា ដែលបានអនុញ្ញាត និងសំណង់ ដែលមិនមានការអនុញ្ញាត ស្របតាមច្បាប់ និងលិខិតបទដ្ឋានកំណត់។

លោក ឆាន់ សាផាន រដ្ឋលេខាធិការ តំណាង លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានកោកសរសើរជាខ្លាំងចំពោះការីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃរបស់ខេត្តកែប ជាពិសេសវិស័យសំណង់៕

វិភាគៈ ប្រជាជនគួររៀនរស់នៅជាមួយជំងឺCOVID-19 ដើម្បីធ្វើឱ្យសេដ្ឋកិច្ចមានដំណើរការធម្មតានិងនិរន្តរភាព

ដោយ ប៊ី

ភ្នំពេញៈ ការគ្រប់គ្រងជំងឺCovid-19 របស់ប្រទេសអ្នកមាន និងមានសមត្ថភាពខ្ពស់មួយចំនួន (ជាពិសេសសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស) បានបរាជ័យក្នុងការគ្រប់​គ្រងជំងឺនេះ ខណៈប្រទេស និងតំបន់ក្រីក្រមួយចំនួនទៀត ដែលមានសមត្ថភាពតិច (រួមទាំងប្រទេសវៀតណាមក្រិក និងរដ្ឋKerala របស់ឥណ្ឌា) បានគ្រប់គ្រងជំងឺនេះយ៉ាងមានប្រសិទ្ធភាព។

នៅសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស របៀបគ្រប់គ្រងមិនមានផែនច្បាស់លា​ស់​ បានបណ្តាលឱ្យមានភាពជាប់គាំងគោលនយោបាយ រវាងការរក្សាការបិទប្រទេស និងការបើកសេដ្ឋកិច្ចឡើងវិញ។

ផ្ទុយទៅវិញ អ្នកធ្វើគោលនយោបាយនៅរដ្ឋ Rio Grande do Sul របស់ប្រេស៊ីលបានប្រើផែនការយ៉ាងប្រុងប្រយ័ត្ន ដើម្បីរៀនរស់នៅជាមួយជំងឺនេះ។

រដ្ឋបានចាប់ផ្តើមរៀបចំឡើងវិញនៅថ្ងៃទី ២ ខែមីនា នៅពេលដែលអភិបាលខេត្តលោក Eduardo Leite បានប្រគល់ភារកិច្ចជាលេខាធិការរបស់លោក និងផែនការថវិកា និងការគ្រប់គ្រង ជាមួយនឹងការប្រមូលផ្តុំគណៈកម្មាធិការទិន្នន័យ ដើម្បីរៀបចំនិងអនុវត្តន៍ផែនការ ដើម្បីធ្វើឱ្យសេដ្ឋកិច្ចរបស់រដ្ឋមានដំណើរការ ខណៈពេលដែលការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺនេះ។

នៅផ្នែកជាច្រើននៃប្រទេសប្រេស៊ីល ជំងឺនេះនៅតែមិនត្រូវបានត្រួតពិនិត្យ ហើយឥឡូវនេះប្រទេសនេះ មានចំនួននៃអ្នកឆ្លងជំងឺ Covid-19 ខ្ពស់ជាងគេលំដាប់លេ ២ នៅលើពិភពលោក និងជាចំនួនអ្នកស្លាប់ខ្ពស់បំផុតទី៦។ ប៉ុន្តែរដ្ឋដែលមានប្រជាជនច្រើនបំផុតទី៥ (១១,៣ លាននាក់ក្នុងឆ្នាំ ២០១៦) បានឆ្លើយតបតាមរបៀបមួយ ដែលប្រទេ​សអ្នកមានជាច្រើនធ្វើត្រាប់តាម។

សមាសធាតុទាំងប្រាំនៃការឆ្លើយតបរបស់ Rio Grande do Sul លេចធ្លោ និងមានប្រសិទ្ធភាព ទី១ មុនពេលជំងឺរាតត្បាតបានទៅដល់ប្រទេសប្រេស៊ីល មន្ត្រីរដ្ឋបានប្រើទិន្នន័យពីប្រទេសជប៉ុន និងសឹង្ហបូរី (កន្លែងដែលផលប៉ះពាល់នៃវីរុសមានកំរិត) និងអ៊ីតាលី និងអេស្បាញ (ដែលជាកន្លែងគួរឱ្យរន្ធត់) ដើម្បីបង្កើតការប៉ាន់ស្មាន និងបានកំណត់ដើម្បីជៀសវាងលទ្ធផលស្រដៀងនឹងលទ្ធផលចុងក្រោយ។

បន្ទាប់មកលោកអភិបាល បានប្រកាសពីការរឹតត្បិតនៅពាក់កណ្តាលខែមីនា មុនពេលដែលរដ្ឋនេះ បានរាយការណ៍អំពីការស្លាប់ Covid-19 លើកដំបូងរបស់ខ្លួន ដូច្នេះវាត្រូវការពេលវេលា ដើម្បីពង្រឹងសមត្ថភាពប្រព័ន្ធសុខាភិបាល ខណៈពេលដែលការរីករាលដាលនៃជំងឺនេះមានល្បឿនយឺត។

ទី២ មន្រ្តីរដ្ឋបានយកវិធីសាស្រ្ត តាមរយៈការប្រើប្រាស់ទិន្នន័យ ដើម្បីតាមដានជំងឺ ដោយវិនិយោគមិនត្រឹមតែ ក្នុងការប្រមូលទិន្នន័យបន្ថែមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងក្នុងការកែលម្អប្រព័ន្ធទិន្នន័យ និងជួលអ្នកមានទេពកោសល្យឆ្នើម ដើម្បីវាយតម្លៃព័ត៌មាន។ គណៈកម្មាធិការទិន្នន័យ បានបែងចែករដ្ឋជា២០តំបន់ ដោយតំបន់នីមួយៗត្រូវមានមន្ទីរពេទ្យសំខាន់មួយ ដែលមានមណ្ឌលថែទាំយ៉ាងយកចិត្តទុកដាក់ ហើយបានត្រួតពិនិត្យសូចនាករចំនួន១១ នៅក្នុងតំបន់នីមួយៗជារៀងរាល់សប្តាហ៍។

ប្រហែលពាក់កណ្តាល នៃសូចនាករវាស់វែងការរីករាលដាលនៃជំងឺCOVID-19។ សូចនាកររាប់បញ្ចូលទាំងករណីCovid-19 នៅមន្ទីរពេទ្យថ្មី (ប្រៀបធៀបនឹងសប្តាហ៍មុន) ចំនួនករណីសកម្ម ទាក់ទងនឹងការធូរស្បើយឡើងវិញ ក្នុងរយៈពេល៥០ថ្ងៃចុងក្រោយ និងការសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងស្លាប់ថ្មីក្នុងចំណោមប្រជាជន ១០០.០០០ នាក់។ គណៈកម្មាធិការក៏តាមដានចំនួនអ្នកជំងឺទៀងទាត់ ជាមួយជម្ងឺCovid-19 ឬរោគសញ្ញាផ្លូវដង្ហើមធ្ងន់ធ្ងរ ដែលទាក់ទងនឹងជំងឺសួត (ដោយសារតែករណី Covid-19 ជាទូទៅមិនត្រូវបានគេកត់ត្រាទុក) ។

សូចនាករផ្សេងទៀត វាស់សមត្ថភាពប្រព័ន្ធសុខាភិបាលរបស់តំបន់នីមួយៗ។ ពួកគេរាប់បញ្ចូលចំនួនគ្រែICU ដែលអាចរកបានទាក់ទងនឹងចំនួនប្រជាជនសរុប និងចំនួនប្រជាជនដែលមានអាយុលើសពី៦០ឆ្នាំ ក៏ដូចជាការផ្លាស់ប្តូរកន្លែងព្យាបាល បើប្រៀបធៀបទៅនឹងសប្តាហ៍មុន។

បន្ថែមពីលើការត្រួតពិនិត្យទិន្នន័យ គណៈកម្មាធិការនេះកោះហៅអ្នកជំនាញសុខភាព និងអ្នកសិក្សាស្រាវជ្រាវធ្វើរបាយការណ៍ ដើម្បីជំរាបដំណឹងជាសាធារណៈ។ អ្នកជំនាញជាង១៥០នាក់ មកពីរដ្ឋាភិបាល និងបណ្ឌិត្យសភាកំពុងពិនិត្យលើផលប៉ះពាល់របស់ Covid-19 លើសកម្មភាពសេដ្ឋកិច្ចភាពងាយរងគ្រោះ សង្គម ហេដ្ឋារចនាសម្ព័ន្ធ និងការជួបជុំនៅក្នុងរដ្ឋ។

លើសពីនេះទៀត រដ្ឋាភិបាលបានបង្កើតភាពជាដៃគូ ជាមួយសាកលវិទ្យាល័យ​មួយ ដើម្បីចាប់ផ្តើមការសាកល្បង និងការស្ទង់មតិដោយចៃដន្យ នូវទម្លាប់របស់ប្រជាជននៅទូទាំងរដ្ឋ ដែលផ្តល់នូវការយល់ដឹងកាន់តែច្បាស់ អំពីអត្រាប្រេវ៉ាឡង់ពិតប្រាកដនៃជំងឺCOVID-19។

សមាសធាតុទីបីនៃការឆ្លើយតបរបស់រដ្ឋ គឺប្រព័ន្ធដាស់តឿនដ៏សាមញ្ញ ជាក់លាក់ និងមានតម្លាភាព។ រាល់សប្តាហ៍គណៈ កម្មាធិការបង្វែរសូចនាករទាំង១១ ទៅជាតួលេខតែមួយសម្រាប់តំបន់នីមួយៗ ដែលដាក់តំបន់នេះនៅក្នុងចំណាត់ថ្នាក់មួយ ដែលមានហានិភ័យនៃហនិភ័យទាំង៤។

ពណ៌លឿងតំណាងឱ្យហានិភ័យទាប ពណ៌ទឹកក្រូច គឺមធ្យមពណ៌ ក្រហមខ្ពស់ ហើយខ្មៅបង្ហាញពីហានិភ័យខ្ពស់បំផុត ជាមួយនឹងការបិទរដ្ឋពេញលេញ ដែលរំពឹងទុកថាមានករណីធ្ងន់ធ្ងរ។ ដោយសារតែសាធារណៈជនអាចពិនិត្យមើលទិន្នន័យ ដែលការធ្វើចំណាត់ថ្នាក់ហានិភ័យមានមូលដ្ឋាន ប្រព័ន្ធជួយក្នុងការកសាងការយល់ដឹង និងទុកចិត្ត។

ទី៤ មន្រ្តីបានពិនិត្យដោយយកចិត្តទុកដាក់ ពីរបៀបធ្វើឱ្យសេដ្ឋកិច្ចមានដំណើរការល្អ ព្រោះរដ្ឋដែលជំពាក់គេរួចហើយ មិនអាចមានលទ្ធភាពផ្គត់ផ្គង់ដល់ប្រជាពលរដ្ឋ ដែលគ្មានការងារធ្វើបានយូរ។ គណៈកម្មាធិការបានបែងចែកការងារ និងសកម្មភាពសេដ្ឋកិច្ចយ៉ាងច្បាស់ទាក់ទង នឹងសុវត្ថិភាពកម្មករ (ដែលតម្រូវឱធ្វើគន្លាតសង្គម)។

ឧទាហរណ៍កសិកម្មមានសុវត្ថិភាពណាស់ ពីព្រោះកម្មករនៅខាងក្រៅ និងនៅចម្ងា​យឆ្ងាយពីគ្នាទៅវិញទៅមក ហើយឧស្សាហកម្មនេះក៏មានសារៈសំខាន់ផងដែរ សម្រាប់សេដ្ឋកិច្ចរបស់រដ្ឋ Rio Grande do Sul។ ព័ត៌មានទាំងអស់មានជាសាធារណៈ។

ទី៥ រដ្ឋាភិបាលរដ្ឋបានរៀបចំពិធីសារវិលត្រឡប់ទៅធ្វើការវិញ សម្រាប់ឧស្សាហកម្មនីមួយៗ ដោយផ្អែកលើការពិគ្រោះយោបល់ ជាមួយអ្នកជំនាញសុខភាពវិជ្ជាជីវៈ សមា​គមឧស្សាហកម្ម អាជីវកម្ម និងកម្មករ។ តាមរយៈការបោះពុម្ភសេចក្តីព្រាងពិធីសារដើម គណៈកម្មាធិការបានជួយធានានូវដំណើរការបើកចំហ និងតម្លាភាព។

លើសពីវិធានការណ៍ចាំបាច់ ដូចជា ការសម្អាត ការឃ្លាតឆ្ងាយពីគ្នា ការពាក់ម៉ាស និងការការពារក្រុមដែលងាររងគ្រោះ ពិធីសារនៃវិស័យនានា គឺអាស្រ័យលើកម្រិតនៃការជូនដំណឹង។ ឧទាហរណ៍ឧស្សាហកម្ម អាចដំណើរការនៅសមត្ថភាព១០០ភាគរយ នៅក្នុងតំបន់ពណ៌លឿង៧៥ភាគរយ ក្នុងតំបន់ពណ៌ទឹកក្រូច៥០ភាគរយ នៅតំបន់ក្រហម និង២៥ភាគរយនៅតំបន់ខ្មៅ។

ដោយមានការលើកលែង ចំពោះវិស័យសំខាន់ៗដូចជាអាហារ ថាមពល គីមី និងសុខភាព។ តំបន់ផ្សារដូចជា តំបន់លក់រាយ ដែលបង្កជាហានិភ័យនៃការឆ្លងកាន់តែខ្ពស់ អាចដំណើរការបានត្រឹមតែ៥០ភាគរយប៉ុណ្ណោះ ក្រោមការដាស់តឿនពណ៌លឿង ហើ​យត្រូវបិទក្រោមសញ្ញាប្រកាសអាសន្នពណ៌ខ្មៅ៕

ខេត្តពោធិ៍សាត់ គ្រោងសាងសង់ស្ពានអាកាសថ្មើរជើង ឆ្លងកាត់ផ្លូវជាតិលេខ៥ ជាលើកដំបូង

ដោយវុត្ថា

ពោធិ៍សាត់៖ រដ្ឋបាខេត្តពោធិ៍សាត់គ្រោងសាងសង់ស្ពានអាកាសថ្មើរជើង ឆ្លងកាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចសារៈមន្ទីរខេត្តពោធិ៍សាត់ ជាលើកដំបូងរបស់ខ្លួន ដើម្បីលើកកម្ពស់សោភ័ណភាពក្រុង និងសម្រួលដល់ការធ្វើដំណើរព្រមទាំងគ្រោះថា្នក់ចរចរណ៍។

យោងតាមគេហទំព័ររបស់រដ្ឋបាលខេត្តពោធិ៍សាត់ដែលបានផ្សព្វផ្សាយកាលពីពេលថ្មីៗនេះ បាឱ្យដឹងថា ស្ពានអាកាសថ្មើរជើង ថ្មីស្រឡាងនេះ នឹងត្រូវសាងសង់ឡើងក្នុងឆាប់ៗខាងមុខ ស្របពេលដែលច្រាំងស្ទឹង និងសួនច្បារ ១៤មករា ត្រូវបាននឹងកំពុងស្ថាបនាជិតរួចរាល់ហើយ។

ស្ពានអាកាសថ្មើរជើងថ្មីនេះ នឹងចូលរួមចំណែកយ៉ាងធំធេង ក្នុងការលើកកម្ពស់សោភ័ណភាព និងមុខមាត់ខេត្តពោធិ៍សាត់ មិនតែប៉ុណ្ណោះក៏បានកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ពេលអ្នកថ្មើរជើងឆ្លងកាត់ទ្រូងផ្លូវនេះ។

រដ្ឋបាលខេត្តពោធិ៍សាត់បន្ថែមថា ខេត្តក៏មានគម្រោងកែលម្អសោភ័ណភាពក្រុង ឱ្យមានលក្ខណៈទាក់ទាញ និងស្រស់បំព្រង តាមរយៈការដាក់ភ្លើងបំភ្លឺផ្លូវសំខាន់ៗ តាមទីសាធារណៈក្នុងក្រុងពោធិ៍សាត់ ព្រមទាំងមានគម្រោងបន្ថែម ជុំវិញការដាំដើមឈើ នៅអមសង្ខាងផ្លូវវៀងក្រុងផងដែរ៕

ខេត្ត​ព្រះសីហនុ​ចាប់ផ្តើម​ទាក់ទាញ​ភ្ញៀវទេសចរ​ក្នុងស្រុក​ទៅលេង​កម្សាន្ត​ជាថ្មី

ដោយ ​វុត្ថា

ភ្នំពេញៈ មិន​ដូច​កាលពីមុន​ឡើយ ខេត្ត​ព្រះសីហនុ​នាពេល​បច្ចុប្បន្ននេះ បាន​នឹង​កំពុង​ទាក់ទាញ​ភ្ញៀវទេសចរ​នៅ​ក្នុ​ស្រុក កាន់តែ​ច្រើនឡើង​ពីមួយថ្ងៃ​ទៅ​ថ្ងៃ ពី​ខែ​ទៅ​មួយខែ​ទៅលេង​កម្សាន្ត​នៅតាម​តំបន់ឆ្នេរ និង ចង់ឃើញ​ពី​ការអភិវឌ្ឍន៍​ខេត្ត​ដែលមាន​សំណង់​អគារ​ស្អេកស្កះ។

លោក តាំង សុចិត្រ​ក្រឹ​ស្នា ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ បាន​ប្រាប់​គេហទំព័រ ​Propertyarea.asia នៅ​ថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០២០នេះ​ឱ្យដឹងថា ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​កន្លងមកថ្មីៗនេះ មាន​ប្រជាពលរដ្ឋ​ខ្មែរ ជា​អ្នកទេសចរ​ក្នុងស្រុក​បាន​សម្រុក​មក​លេង​កម្សាន្ត នៅក្នុង​ខេត្ត​ព្រះសីហនុ កើនឡើង​ប្រមាណ៤០ភាគរយ ដែល​ខុសប្លែក​ពី​កាល​កន្លងមក ។

លោក​បន្តថា “កត្តា​ដែល​ធ្វើឱ្យ​ពលរដ្ឋ​ខ្មែរ ចាប់អារម្មណ៍​មកលេង​កម្សាន្ត​ខេត្ត​ព្រះសីហនុ​ពេលនេះ ដោយសារ​ស្ថានភាព​ធូ​ស្រាល​នៃ​ជំងឺ Covid-19  កត្តា​សន្តិសុខ សណ្តាប់​ធ្លាប់​ល្អ  ហេ​ដ្ឋ​រ​ចនស​ម្ព័​ន​ខ្នាត​អន្តរជាតិ និង​ការរៀបចំ​ឆ្នេរ​របស់​ខេត្ត​ឱ្យមាន​សោភណភាព និង​ធំ​ទូលាយ​ជាង​មុន រួម​ជាមួយនឹង​ពួកគាត់​ចង់ឃើញ​ការ​អភិ​វ​ការអភិវឌ្ឍន៍​របស់​ខេត្ត។

លោក​បន្តទៀតថា កត្តា​មួយទៀត គឺ​ផ្ទះសំណាក់ សណ្ឋាគារ និង​កន្លែង​ស្នាក់នៅ​មានតម្លៃ​ធូ​ថ្លៃ​ដូច​ពី​កាល​មុន ពោល គឺមាន​តម្លៃ ប្រមាណ១៥ ទៅ ២០ ដុល្លារ​អាមេរិក​ក្នុងការ​ស្នាក់នៅ​មួយ​យប់។ ជាងនេះទៅទៀត ចាប់តាំងពី​រដ្ឋាភិបាល​បិទ​ហ្គេម​អន​ឡាញ​ធ្វើ  ឱ្យ​ជន​ចិន​មួយចំនួន ដែលជា​ជន​ខិល​ខូ​ត​ត្រឡប់​ទៅ​ប្រទេស​ចិន​វិញ ហើយ​បានប្រែក្លាយ​អគារ​ទៅជា​កន្លែង​ស្នាក់នៅ និង​ភោ​ជ​និ​យ​ដ្ឋា​ន​ផងដែរ។

លោក​នង​ឌី ណា​រ៉ា ប្រធានការិយាល័យ​ទំនាក់ទំនង​សាធារណៈ នៃ​ទីចាត់ការ​ពិធីការ និង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ របស់​រដ្ឋបាលខេត្ត​ព្រះសីហនុ​បានឱ្យដឹង​ដែរ​ថា ក្រោយពី​ចូលឆ្នាំ​ខ្មែរ​រួច ភ្ញៀវ​ទេសចរណ៍​ខ្មែរ​យើង បានចាប់ផ្តើម​ម​មក​កំសាន្ត​នៅ​ខេត្ត​ព្រះសីហនុ​យ៉ាងច្រើន​កុះករ។

លោក​បន្តថា ពិសេស​តំបន់​មាត់សមុទ្រ ដែល​បាន​កសាង​ផ្លូវ​បេតុងថ្មីៗ ដូចជា​សមុទ្រ​រាម តំបន់ឆ្នេរ​ពយ​ជំទាវ​ម៉ៅ តំបន់ឆ្នេរ​អូរ​ឈើទាល២ តំបន់ឆ្នេរ​ព្រែកត្រែង តំបន់ឆ្នេរ​ពយ​តា​បារាំង​កែវផុស ជាដើម ។ លើក​មុន​យើង​សង្កេតឃើញ ភ្ញៀវ​ទេសចរណ៍​ច្រើនតែ​មក​កំសាន្ត​នៅ​ចុង​ស​ប្តា​ហ៏​ទេ តែ​បច្ចុប្បន្ន​មាន​ស្ទើរ​រាល់ថ្ងៃ​ជាពិសេស​មូល​មី​តាម​ឆ្នេរសមុទ្រ​តែម្តង។

លោក​ថ្លែងថា “តាម​សន្និដ្ឋាន​របស់ខ្ញុំ​ទាំងនេះ​កំនើន​ភ្ញៀវ​ទេសចរណ៍ ដោយសារ​ទី១ ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​ថ្មី​ក្មុង​ខេត្ត និង​តាម​តំបន់ឆ្នេរ​នានា ទី២ ខេត្ត​ព្រះសីហនុ មាន​សក្តានុពល​សំបូរបែប ជាពិសេស​ឆ្នេរសមុទ្រ និង​ទី៣ វិបត្តិ​កូ​វីត នៅ​ទូទាំង​ពិភពលោក ធ្វើ​អោយ​ប្រជាពលរដ្ឋ​មិនអាច​ចាក​ចេញទៅ​កំសាន្ត​នៅក្រៅ​ប្រទេស” ។

លោកស្រី ឆាយ ស៊ី​លីន ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា (CATA)  បានឱ្យដឹង​ដែរ​ថា ជា​ការពិតហើយ នា​ពលរដ្ឋ​ខ្មែរ​ដែលជា​ភ្ញៀវទេសចរ​ក្នុងស្រុក បាន​ចាប់អារម្មណ៍ ទៅលេង​កម្សាន្ត​នៅក្នុង​ខេត្ត​ព្រះសីហនុ​យ៉ាងខ្លាំង ដោយ​សារតែ​ការរៀបចំ​ឆ្នេរ​បាន​យ៉ាង​ស្អាត និង​គិតគូ​ទាក់ទាញ​ភ្ញៀវទេសចរ​ក្នុងស្រុក ពី​អាជ្ញាធរខេត្ត និង​បន្ទាប់​កម្ពុ​ជាមាន​ស្ថានភាព​ធូ​ស្រាល​នៃ​ជំងឺ Covid-19 នៅក្នុង​ប្រទេស។

លោកស្រី​ថា “អាជ្ញាធរខេត្ត​បានរៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ សណ្តាប់​ធ្លាប់​សារ​ធារ​ណៈ និង សុវត្ថិភាព​បាន​យ៉ាង​ល្អ ជូន​ភ្ញៀវទេសចរ ដែល​កាលពីមុន មាន​ជនជាតិ​ចិន​ច្រើន ធ្វើឱ្យ​ចរចរ​ណ័​ចង្អៀត និង​មាន​ភារ​រញ៉េរញ៉ៃ បានឱ្យ​ពលរដ្ឋ​ខ្មែរ​មិន​ចាប់អារម្មណ​ទៅលេង​នៅ​ទីនោះ” ។

ក្រសួងទេសចរណ៍ បានបង្ហាញ​របាយការណ៍​ចុងក្រោយ​មួយ​ថា ក្នុង​រយៈពេល ១ សប្តាហ៍​ក្នុង​ខែមិថុនា នេះ ចំនួន ភ្ញៀវទេសចរ ផ្ទៃក្នុង បានចេញ ដើរ កំសាន្ត ទៅកាន់ តំបន់ រមណីយដ្ឋាន សហគមន៍ ទេសចរណ៍ និង អេកូ ទេសចរណ៍ នៅ ទូទាំងប្រទេស មាន ចំនួន ជិត ១៦ ម៉ឺន នាក់ កើន ឡើង ជាង ២៤% បើ ប្រៀបធៀប នឹង សប្តាហ៍ ចុងក្រោយ ក្នុង ខែឧសភា។

ភ្ញៀវទេសចរ ក្នុងស្រុក ទាំងនេះ ដើរ កំសាន្ត ទៅកាន់ គោលដៅ ទេសចរណ៍ នានា ប្រមាណ ជិត ១៦ ម៉ឺន នាក់ នោះ គឺមាន ភ្ញៀវ ជាតិ មាន ចំនួន ១៥៤,២៨៦ នាក់ កើនឡើង ២៤.០៧% ចំណែក ភ្ញៀវ បរទេស ក្នុងប្រទេស វិញ មាន ចំនួន ៣,៦៥៦ នាក់ កើនឡើង ៣០.៤៣% ក្នុងនោះ ភ្ញៀវទេសចរ ទៅ ទស្សនា ខេត្ត តំបន់ឆ្នេរ កើន ជាង ៥០% ភ្ញៀវ ទៅ ទស្សនា ខេត្តបាត់ដំបង កើន ជាង ១៣% ភ្ញៀវ ទៅ ទស្សនា ខេត្តសៀមរាប ក៏ ចាប់ផ្តើម មា ន ស​ន្ទ​ស្សន៍ ឡើងវិញ ផងដែរ៕

តើ​កត្តា​អ្វីខ្លះ​ជំរុញ​ឲ្យ​មានការ​អភិវឌ្ឍ​ក្នុង​វិស័យ​ឧស្សាហកម្ម

ដោយ​គង់ ម៉ា​លីន

ភ្នំពេញ៖ កត្តាសំខាន់ៗចំនួន៤បាន​ជំរុញ វិស័យ​ឧស្សាហកម្ម​កម្ពុជា​បន្ត​រីកចម្រើន​ខ្ពស់ ដោយនៅ​ដំណាច់ត្រីមាស​ទី២នេះ​តំបន់ឧស្សាហកម្ម​ចំនួន២៦បាន​បង្កើតឡើង និង​មាន​ផ្ទៃក្រឡា ២៤០,០០០ម៉ែត្រការ៉េ។

យោង​ការសិក្សា​របស់​ក្រុមហ៊ុន CBRE Cambodia បានបង្ហាញ​របាយការណ៍​របស់ខ្លួន​កាលពីពេលថ្មីៗនេះ​ថា គិត​ត្រឹម​រយៈពេល៥ខែ​ដើម​ឆ្នាំនេះ តំបន់ឧស្សាហកម្ម​បាន​កើនឡើង​រហូតដល់២៦កន្លែង ដែលមាន​ទំហំ​ផ្ទៃក្រឡា​សរុប​ចំនួន ២៤ម៉ឺន​​ម៉ែត្រការ៉េ។ តម្លៃ​ជួល​ឃ្លាំង ឬ​រោងចក្រ ដែល​បាន​សាងសង់​ចប់​រួចរាល់ មានតម្លៃ​ជួល​រហូតដល់៣,២ ទៅ​២,១​ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ។

របាយការណ៍​ដដែល​បាន​បង្ហាញថា តម្រូវការ​សេវាកម្ម​ជួល​នានា​នៅតាម​តំបន់ឧស្សាហកម្ម​បន្ត​កើនឡើង​ខ្ពស់ អាស្រ័យ​លើ​ផែនការ​នៃ​គំរោង ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ ទីតាំង និង​គោលដៅ​នៃ​ការវិនិយោគ។

នាយិកា​ប្រចាំ​ប្រទេស​នៃ​ក្រុមហ៊ុន CBRE Cambodia អ្នកនាង​អាន សុធី​តា​បាន​ថ្លែងថា កំណើន​នៃ​ការវិនិយោគ​តំបន់​ឧស្សាហកម្ម​កើនឡើង ដោយសារ​កត្តា​បី​សំខាន់ ទី១ កម្ពុជា​ជា​គោលដៅ​នៃ​ការវិនិយោគ​ផ្នែក​ឧស្សាហកម្ម ទី២ កំលាំង​ពលកម្ម​នៅ​កម្ពុជា​មានតម្លៃ​ទាប ធៀប​ជាមួយ​ប្រទេស​ថៃ គឺ​កម្ពុជា​អាច​ទាប​ជាង២ដង និង​ទី៣ ការអនុគ្រោះ​ព​ន្ឋ និង​ច្បាប់​វិនិយោគ​ដ៏​ទាក់ទាញ​របស់​កម្ពុជា។

អ្នកនាង​បន្តថា “ទោះជា​យ៉ាងណា​កម្ពុជា​ក៏មាន​បញ្ហា​ប្រឈម​របស់ខ្លួន​ផងដែរ ទាក់ទង​នឹង​តម្លៃ​ទឹក និង​អគ្គិសនី​នៅ​ថ្លៃ​ជាង​ប្រទេសជិតខាង” ។ អ្នកនាង​បន្ថែមថា “យ៉ាងណា​ខ្ញុំ​គិតថា​រដ្ឋាភិបាល​នឹង​ដោះស្រាយ​បញ្ហា​ទាំងនេះ​បាន សម្រាប់​រយៈពេល៣ទៅ៥ឆ្នាំ​ខាងមុខ ដោយសារ​បច្ចុប្បន្ន​រដ្ឋា​ភិ​បាល​បាននិងកំពុង​វិនិយោគ​វា​រី​អគ្គិសនី និង​រោងចក្រ​អគ្គិសនី​ជាច្រើន” ។

លោក​បណ្ឌិត​ម៉ី កល្យាណ ទីប្រឹក្សា​ឧ​ត្ត​ម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ​បាន​ថ្លែងថា ការរីកចម្រើន​វិស័យ​ឧស្សាហកម្ម​នៅ​កម្ពុជា ដោយសារ​គោលនយោបាយ​ថ្មី​របស់​រដ្ឋាភិបាល តាមរយៈ​ការដាក់ចេញ​គោលនយោបាយ​អភិវឌ្ឍន៍ វិស័យ​ឧស្សាហកម្ម​ឆ្នាំ២០១៥ ២០២៥ ដែល​បានដាក់​ឲ្យ​ដំណើរការ ដើម្បី​ធ្វើ​ពិពិធ​កម្ម​ទីផ្សារពលកម្ម និង​សេដ្ឋកិច្ចកម្ពុជា។លោក​បន្តថា ការដាក់ចេញ​នូវ​គោ​លន​យោ​នាយ​ថៃ​បូក១ បានផ្តល់​ផលប្រយោជន៍​ច្រើន​ដល់​កម្ពុជា​ផងដែរ ដោយសារ​រោងចក្រ​មួយចំនួន​នៅ​ប្រទេស​ថៃ បានមក​កាន់​តំបន់​ជាយដែន​កម្ពុជា ដើម្បី​ផលិត​ហើយ​ធ្វើការ​នាំចេញ។

លោក​បន្តថា “គោលនយោបាយ​ថៃ​បូក១ ពិតជា​ផ្តល់​ផលប្រយោជន៍​ច្រើន​ដល់​កម្ពុជា ដោយសារ​កម្ពុជា​មានកំ​លាំង​ពលកម្ម​ថោក​ជាង​ប្រទេស​ថៃ បានធ្វើ​ឲ្យ​កម្ពុជា​ក្លាយជា​ទីតាំង​ទាក់ទាញ​ការវិនិយោគ​មួយ។លោក​បន្តថា “មានការ​លើកឡើងថា​ប្រទេស​ដែល​ស្ថិត​នៅក្បែរ​ប្រទេស​អភិវឌ្ឍន៍​លឿន នឹង​ជួយ​ប្រទេស​នោះ​ឲ្យ​មាន​ភាព​រីកចម្រើន​ផងដែរ” ៕