រដ្ឋបាលរាជធានីភ្នំពេញគ្រោងផ្លាស់ប្ដូរទីលានចាក់សំរាមទៅតំបន់ផ្លូវ៥១

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ គ្រោងនឹងផ្លាស់ប្តូរទីលានចាក់សំរាមពីទីតាំងចាស់នៅខណ្ឌដង្កោ ទៅដាក់នៅតាមបណ្ដោយផ្លូវលេខ៥១ ក្នុងស្រុកអង្គស្នួល ខេត្តកណ្ដាលវិញ លើផ្ទៃដីទំហំជិត៥០ហិកតា។ នេះបើផ្អែកតាមការបញ្ជាក់របស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

នៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី១៣ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ នៅសាលារាជធានីភ្នំពេញ លោក ឃួង ស្រេង បានលើកឡើងថា អាជ្ញាធររាជធានីភ្នំពេញ គ្រោងនឹងផ្លាស់ប្តូរទីលានចាក់សំរាមពីខណ្ឌដង្កោ ទៅនៅតាម បណ្ដោយផ្លូវលេខ៥១ ក្នុងស្រុកអង្គស្នួល ខេត្តកណ្ដាលវិញ ដែលមានទំហំផ្ទៃដីប្រមាណពី២០ ទៅ ៥០ហិកតា ហើយទីតាំងចាក់សំរាមនៅក្នុងខណ្ឌដង្កោបច្ចុប្បន្ន និងរក្សាទុកជាទីតាំងសម្រាប់ផ្ទេរសំរាមវិញ។

លោកបញ្ជាក់ថា “នៅពេលដែលយើងផ្ទេរទៅកាន់ទីលានចាក់សំរាមថ្មីហើយនោះ ទីតាំងចាក់សំរាមចាស់ក្នុងខណ្ឌដង្កោនឹងទុកជាកន្លែងផ្ទេរសំរាម។ ក្រៅពីនេះយើងក៏បានជ្រើសរើសយកទីតាំងផ្ទេរសម្រាមចំនួនបីផ្សេងទៀតនៅជាយរាជធានីភ្នំពេញ ដែលក្នុងនោះនៅខណ្ឌព្រែកព្នៅមាន២ទីតាំង ខណ្ឌសែនសុខមាន១ទីតាំង និងនៅខណ្ឌពោធិ៍សែនជ័យមាន១ទីតាំង។ ដោយសារ៣ទីតាំងនេះ ក៏កំពុងមានហានិភ័យ ដោយទីតាំងនីមួយៗមានសំរាមពេញហៀរ។

រដ្ឋបាលរាជធានីភ្នំពេញ បានដាក់ដេញថ្លៃក្រុមហ៊ុនដឹកជញ្ជូនសំរាមចំនួន៣រួចហើយ ហើយក្រោយពីក្រុមហ៊ុនទាំង៣បានអនុវត្តន៍ការងាររបស់ខ្លួនហើយនោះ រដ្ឋបាលរាជធានីភ្នំពេញនឹងមានវិធានការក្តៅ ហើយចំពោះអ្នកដែលមិនបានបង់ថ្លៃសំរាម នឹងមានវិធានការចំពោះអ្នកទុកដាក់ សំរាមអនាធិបតេយ្យផងដែរ៕

អ័រគីដេ ដឹពោធិ៍ចិនតុង ផ្តល់កាដូពិសេស ឈ្នះខុនដូ នៅចុងសប្តាហ៍នេះ

ដោយ ៖ គង់ សូរិយា

ភ្នំពេញ ៖ ជាការអបអរសាទរ ក៏ដូចជាបំពេញដល់តម្រូវការទីផ្សារបន្ថែមចំពោះអតិថិជន គម្រោង អ័រគីដេ ដឹពោធិ៍ចិនតុង ក្រុមហ៊ុនអភិវឌ្ឍន៍គម្រោងនេះបានផ្តល់កាដូពិសេសតាមរយៈការឈ្នះខុនដូអ័រគីដេ ដឹរ៉ូយ៉ាល់ខុនដូមីនីម និងរង្វាន់ផ្សេងៗទៀតយ៉ាងច្រើន។ ការផ្តល់រង្វាន់ពិសេសទាំងនេះ នឹងចាប់ផ្តើមធ្វើចាប់ពីថ្ងៃសុក្រ ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យចុងសប្តាហ៍នេះ។

គម្រោងថ្មី អ័រគីដេ ដឹពោធិ៍ចិនតុង ដែលបានបើកលក់កាលពីព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០ មានអតិថិជនយ៉ាងច្រើនកុះករបានចូលរួម ព្រមទាំងធ្វើការទិញ និងកក់ភ្លាមៗ ដែលត្រឹមតែថ្ងៃដំបូងនៃការបើកលក់ជាផ្លូវការ គម្រោងនេះលក់អស់ក្នុងដំណាក់កាលទី១ ហើយបានបន្តបើកលក់ដំណាក់កាលទី២ជាបន្តបន្ទាប់។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន Orkidé Development ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋាន និងខុនដូ ប្រណីតមួយនៅកម្ពុជា បានឱ្យដឹងនាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០នេះថា ឆ្លៀតក្នុងឱកាសបើកលក់ដំណាកាលបន្ទាប់នេះ ក្រុមហ៊ុនបានរៀបចំការចាប់រង្វាន់លើកទឹកចិត្ត ជាមួយការឈ្នះរង្វាន់ជាខុនដូអ័រគីដេ១យូនីត ពីខុនដូអ័រគីដេ ដឹរ៉ូយ៉ាល់ខុនដូមីនីម ដ៏ពិសេសអស្ចារ្យ រួមទាំងរង្វាន់ផ្សេងៗដូចជាទូរទស្សន៍ និងទូរទឹកកកជាច្រើនរង្វាន់ផងដែរ។

ការផ្តល់ជូនយ៉ាងសន្ធឹកសន្ធាប់នេះ ត្រូវបានអនុវត្តចាប់ផ្តើមពីថ្ងៃនេះ រហូតដល់ត្រឹមវេលាម៉ោង៤ល្ងាច ថ្ងៃអាទិត្យ ទី១៤ ខែមិថុនា ឆ្នាំ២០២០ ដោយការចាប់រង្វាន់នឹងប្រារព្ធនៅទីតាំងគម្រោងអ័រគីដេ ដឹពោធិ៍ចិនតុង ផ្ទាល់តែម្ដង ដោយមានការអញ្ជើញចូលរួមពីក្រុមតន្ត្រីរបស់លោក ទិត្យា ដែលជាអ្នកចម្រៀងល្បីម្ចាស់បទ ផ្សារកាប់គោនៅពោធិ៍ចិនតុង អមដោយពិធីករដ៏ស្រស់សង្ហារ និងមានវោហាសព្ទខ្ពស់ គឺ លោក រ៉ាស៊ី ក្នុងកម្មវិធីចាប់ឆ្នោតនេះ។

កម្មវិធីដ៏អធិកអធមនេះ នឹងប្រព្រឹត្តទៅនៅទីតាំងគម្រោង តាមបណ្តោយផ្លូវ105K (ផ្លូវវត្តតាំងកសាង) សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ (ច្រកចូលតាមផ្លូវរថភ្លើងមុខព្រលានយន្តហោះ)។

គម្រោងអភិវឌ្ឍន៍ថ្មីនេះ ត្រូវបានអភិវឌ្ឍន៍លើផ្ទៃដីសរុបជាង២៣ហិកតា ដែលនឹងសាងសង់លំនៅដ្ឋានបែបប្រណិតជិត១ពាន់ខ្នង ជូនអតិថិជន ដោយមានជាប្រភេទផ្ទះប្រកបអាជីវកម្ម ហ្សបហោស (Shop House) ផ្ទះវីឡាភ្លោះ (Sunflower) និងប្រភេទផ្ទះវីឡាទោល (MariGold) ដោយគ្រប់ប្រភេទផ្ទះទាំងអស់ ត្រូវបានរចនាឡើងតាមបែបទាន់សម័យ។

សម្រាប់ព័ត៌មានបន្ថែមលោកអ្នកអាចទំនាក់ទំនងមកកាន់លេខទួរស័ព្ទ 098 73 3333 / 085 999 809។

ក្រុមហ៊ុន CANOPY SANDS DEVELOPMENT គ្រោងបោះទុន១៦ ពាន់លានដុល្លារបង្កើតក្រុងថ្មីនៅតំបន់រាមលើផ្ទៃដី ៨៣៤ ហិកតា

ដោយវុត្ថា

ព្រះសីហនុ៖ គម្រោងអភិវឌ្ឍន៍នៃទីក្រុងរាម លើផ្ទៃដី ៨៣៤ហិកតា ស្ថិតនៅឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលមានទុនវិនិយោគរហូតដល់ ១៦ ពាន់លានដុល្លារ នឹងក្លាយ ជាតំបន់ដែលមានសក្តានុពលធំបំផុតនៅតំបន់ឆ្នេរសមុទ្រកម្ពុជា រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច ផ្តល់ ការងារធ្វើជាច្រើនសម្រាប់យុវជន និងប្រែក្លាយទៅជាតំបន់អភិវឌ្ឍន៍ទេសចរណ៍បែបតំរូតាមទស្សនទាន “ស្អាត” ។


នេះ បើយោងតាមការធ្វើបទបង្ហាញរបស់ ក្រុមហ៊ុន CANOPY SANDS DEVELOPMENT CO., LTD ស្តីពីគម្រោងអភិវឌ្ឍន៍ប្លង់មេ ក្រុងរាមលើផ្ទៃដី ៨៣៤ហិកតាជូនលោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ លោកអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត និងលោក លោកស្រី ជាប្រធានមន្ទីរ អង្គភាពជំនាញក្នុងខេត្តផងដែរ កាលពីថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០២០។

ក្រុមហ៊ុន CANOPY SANDS DEVELOPMENT CO., LTD បានឱ្យដឹងថា គម្រោងអភិវឌ្ឍក្រុងរាមចែកជាបីជំហាន ជំហានទី១ បញ្ចប់នៅឆ្នាំ២០២៥ ជំហានទី២ បញ្ចប់ឆ្នាំ២០៣៥ និងជំហានទី៣ បញ្ចប់នៅឆ្នាំ២០៤៥ ក្នុងនោះ រួមមានការរៀបចំហេដ្ឋារចនាសម្ព័ន្ធ និង សំណង់ផ្សេងៗដូចជាសណ្ឋាគារ ភោជនីយដ្ឋាន អាហារដ្ឋាន រមណីយដ្ឋាន អគារស្នាក់នៅសាលប្រជុំ សាលសន្និសិទ អគារស្នាក់នៅរួម មជ្ឈមណ្ឌលពាណិជ្ជកម្ម ហិរញ្ញវត្ថុ មជ្ឈមណ្ឌលកីឡា ក្នុងនោះក៏មានកីឡាវាយកូនគោលផងដែរ។

គម្រោងនេះនឹងត្រូវរៀបចំឆ្នេរខ្សាច់ ស្អាតពីរកន្លែងដើម្បីប្រើប្រាស់ជាសាធារណៈ សម្រាប់ការអភិវឌ្ឍនៅតំបន់នោះផង ក៏ដូចជាសាធារណជន ចេញចូលប្រើប្រាស់ តំបន់នោះដែលបច្ចុប្បន្នមិនទាន់មានឆ្នេរខ្សាច់សស្អាតនៅឡើយ។

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានស្នើសុំឱ្យក្រុមហ៊ុន សិក្សាបានលឿនឆាប់ចប់កាន់តែល្អ ដើម្បីលើកជាប៉ាណូទីតាំងបង្ហាញសាធារណជន និងស្នើឱ្យក្រុមហ៊ុនរៀបចំសិក្ខាសាលាដាក់បង្ហាញប្លង់មេរបស់ខ្លួនដល់គណៈវិស្វករ ដើម្បីប្រមូលធាតុចូល ក៏ដូចជាមតិយោបល់កែលម្អបន្ថែម ធ្វើគម្រោងប្លង់មេនេះកាន់តែល្អឥតខ្ចោះ ក្នុងការអភិវឌ្ឍទីក្រុងទំនើបស៊ីវិល័យ សម្រាប់ប្រជាពលរដ្ឋ និងទាក់ទាញភ្ញៀវទេសចរកាន់តែច្រើនឡើងមកលេងកម្សាន្តនៅខេត្ដព្រះសីហនុ៕

ផ្សារទំនើបលំដាប់ពិភពលោកPrince Mall តម្លៃ៤០០លានដុល្លារនៅក្រុងព្រះសីហនុនឹងដាក់ឱ្យដំណើរការគម្រោងទី១នាខែតុលាខាងមុខ

ដោយវុត្ថា

ព្រះសីហនុៈ ផ្សារទំនើបPrince Mallលំដាប់អន្តរជាតិដ៏ធំបំផុត ស្ថិតនៅតាមបណ្តោ​យផ្លូវ២ធ្នូ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលបានកំពុងសាងសង់ជិតរួចរាល់ នឹងដាក់អោយដំណើររការគម្រោងទី១ នៅក្នុងខែតុលា ឆ្នាំ២០២០ នាពេលដ៏ខ្លីខាងមុខនេះ។

នេះបើយោងតាមលទ្ធផល ក្នុងដំណើរចុះពិនិត្យវឌ្ឍនភាពនៃការសាសង់ផ្សារទំនើ​ប Prince Mall របស់ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០២០ ម្សិលមិញនេះ។

លោកគួច ចំរើន អភិបាលខេត្តព្រះសីហនុបានគាំទ្រ និងលើកទឹកចិត្តដល់សកម្ម​ភាពវិនិយោគ សំណង់ផ្សារទំនើបមួយនេះ បានចំណាយពេលសាងសង់រយះពេល៤ឆ្នាំ លើផ្ទៃដី២២,០០០ម៉ែត្រការ៉េ រួមបញ្ចូលទាំងអគារខុនដូ សណ្ឋាគារផងដែរ ដែលវិនិយោ​គដោយ ក្រុមហ៊ុន Prince Huan Yu Real Estate Group Co., Ltd។

អ្នកចាត់ការទូទៅរបស់ផ្សារទំនើប Prince Mall បានឱ្យដឹងថា ស្តង់ ហាងប្រមាណ ៧០០កន្លែង ត្រូវបានអាជីវករជាវសម្រាប់ដំណើរការអាជីវកម្ម មានដូចជា: ធនាគារ មជ្ឈ​មណ្ឌលពាណិជ្ជកម្ម កាហ្វេស្តាបាក់ កាហ្វេអាម៉ាស្សូន ភេសជ្ជខយ រោងភាពយន្តទំនើប សំលៀកសំភារកីឡាម៉ាកអាឌីដាស សំលៀកបំពាក់ម៉ាកភេដដ្រូ ។ ល។ លើគម្រោងជាច្រើនទៀតដែលនឹងត្រូវបញ្ចប់នាឆ្នាំ២០២២ ខាងមុខ៕

រដ្ឋាភិបាល​ចំណាយ​ប្រា​ក់ជាង ៤៥១ពាន់​លាន​រៀល​សំរាប់​កម្មវិធី​សាច់ប្រាក់​ពលកម្ម

ដោយៈ រ៉ា​ណេ​ត

កំពង់ធំៈ រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានចាប់ផ្តើម​អនុវត្ត​នូវ និង​ប្រើប្រាស់​កម្មវិធី​សាច់ប្រាក់​ពលកម្ម ក្រោម​ក្របខ័ណ្ឌ​គម្រោង​សាច់ប្រាក់​ពលកម្ម​សម្រាប់​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ជនបទ និង​ការគាំទ្រ​កសិករ​ជំហាន​ទី២ សម្រាប់​ឆ្នាំ ២០២០-២០២២ នូវ​សាច់ប្រាក់​ចំនួន៤៥១ពាន់​លាន​រៀល។

លោក​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ កាលពី​ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ បានប្រកាស​ចាប់ផ្តើម​អនុវត្តន៍​គម្រោង​សាច់ប្រាក់ ពលកម្ម​ជំហាន​ទី១ជា​ជំហាន​ទី២ សម្រាប់​ឆ្នាំ២០២០-២០២២ ជាមួយនឹង​ខ្ទង់ចំណាយ​រហូតដល់៤៥១ពាន់​លាន​រៀល ទៅលើ​តាម​បណ្តា​ខេត្ត​ស្រុក គោលដៅសំខាន់។

លោក​ឧបនាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍​ឱ្យដឹងថា គម្រោង​សាច់ប្រាក់​ពលកម្ម​ជំហាន​ទី១ ត្រូវបាន​អនុវត្ត​រយៈពេល៣ឆ្នាំ ចាប់ពី​ឆ្នាំ២០១៧ ដល់​ឆ្នាំ២០១៩ ដោយបាន​ចំណាយ​ថវិកា​សរុប ចំនួន២១៥.៤ប៊ី​លាន​រៀល និង​មាន​វិសាលភាព លើ​ខេត្ត​គោលដៅ​ចំនួន១២រួមមាន៖ ខេត្តកំពង់ឆ្នាំង, កំពង់ធំ, កំពង់ស្ពឺ, តាកែវ, បាត់ដំបង, ពោធិ៍សាត់, ព្រៃវែង, សៀមរាប, ស្វាយរៀង ឧ​ត្ត​រ​មានជ័យ កណ្តាល និង​បន្ទាយមានជ័យ។

លោក​បាន​ថ្លែងថា លើ​មូលដ្ឋាន​នៃ​សមិទ្ធផល​ជោគជ័យ ក្នុង​ជំហាន​ទី១ កាលពីដើម​ខែមីនា ឆ្នាំ២០២០ រាជរដ្ឋាភិបាល​បានសម្រេច​ដាក់​ឲ្យ​អនុវត្ត «គម្រោង​សាច់ប្រាក់​ពលកម្ម ជំហាន២ សម្រាប់​ឆ្នាំ២០២០ ដល់២០២២» ដោយ​បន្ថែម​ការងារ​ស្តារ និង​អភិរក្ស​ធនធានធម្មជាតិ រួមមាន៖ បឹងបួរ អាង​ស្តុក​ទឹក និង​ស្រះ​ស្រោចស្រព​ដំណាំ​កសិកម្ម ព្រមទាំង​ពង្រីក​វិសាលភាព​គ្រប់​ដណ្តប់​លើ​ខេត្ត សរុប​ចំនួន១៨ក្នុងនោះ ខេត្ត​ជា​គោលដៅ​នៃ​គម្រោង​ជំហាន​ទី១ ទាំង១២ ខេត្ត និង​ពង្រីក​បន្ថែម​ខេត្ត​ថ្មី ចំនួន៦ទៀត រួមមាន៖ ខេត្តព្រះវិហារ ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង កំពង់ចាម និង​ខេត្តកំពត ព្រមទាំង​បានគ្រោង​ថវិកា​សរុប​ចំនួន៤៥១ពាន់​លាន​រៀល សម្រាប់​រយៈពេល៣ឆ្នាំ ក្នុងនោះ​ឆ្នាំ២០២០គ្រោង ថវិកា​ចំនួន១៥០ពាន់​លាន​រៀល។

កាល​ពេលថ្មីៗនេះ​រាជរដ្ឋាភិបាល ក៏បាន​សម្រេច​ប្រកាស​ឲ្យ​អនុវត្ត​វិធានការ​ជុំ​ទី៤ ដើម្បី​បន្ត​គ្រប់គ្រង​ផលប៉ះពាល់ លើ​វិស័យសំខាន់ៗ នៃ​សេដ្ឋកិច្ចជាតិ នៅក្នុង​បរិការណ៍​វិបត្តិ និង​ការស្តារ និង​ជំរុញ​កំណើនសេដ្ឋកិច្ច​កម្ពុជា ក្រោយពី​វិបត្តិ​នៃ​ជំងឺ Covid-19 ដោយ​ក្នុង​វិធានការ​នោះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បានសម្រេច​បង្កើន ថវិកា​សម្រាប់​អនុវត្ត​គម្រោង​សាច់ប្រាក់ ពលកម្ម​ក្នុង​ឆ្នាំ២០២០នេះ​ពី១៥០ពាន់​លាន​រៀល ឱ្យដល់៤១០ពាន់​លាន​រៀល។

តាម​ផែនការ​ថ្មី​នេះ ក្នុង​ឆ្នាំ២០២០ គម្រោង​នេះ មាន​សមត្ថភាព​ស្រូប យក​ពលកម្ម​ដែល​បាត់បង់​រយៈពេល​ខ្លី​បាន​ចំនួន៨៩០,០០០នាក់, កសាង​ផ្លូវលំ បាន​ចំនួន២,២៥៥គីឡូម៉ែត្រ, ប្រឡាយ​ជើង​ក្អែប​បាន​ចំនួន២,៣៨៤គីឡូម៉ែត្រ និង​ភ្ជាប់​បណ្តាញ​អគ្គិសនី ដល់​ស្ថានីយ​បូមទឹក​កសិកម្ម បាន​ចំនួន៤។ ប្រជាជន​ទទួលផល ពី​ហេ​ដ្ឋា​រចនា- សម្ព័ន្ធ​ទាំងនេះ មាន​ចំនួន ៩៥៧,០០០គ្រួសារ ។

គម្រោង​សាច់ប្រាក់​ពលកម្ម សម្រាប់​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ជនបទ និង​ការគាំទ្រ​កសិករ មាន​គោលដៅ​ចូលរួម​កាត់បន្ថយ​ភាពក្រីក្រ, លើកកម្ពស់​ជីវភាព និង​សុខមាលភាព​រស់នៅ​រប​ស់​ប្រជាជន​ជនបទ និង​ប្រជាកសិករ​ក្រីក្រ ដែល​ត្រូវធ្វើឡើង​តាមរយៈ ទី១៖ ការបង្កើត​ឱកាស​ការងារ​រយៈពេល​ខ្លី តាម​កម្មវិធី​សាច់ប្រាក់​ពលកម្ម ដែល​នឹង​ជួយ​ដោះស្រាយ​ជីវភាព បន្ទាន់​ក្នុង​រយៈពេល​ខ្លី​ផង ក៏ដូចជា​បង្កើតជា​ទុន សម្រាប់​ការវិនិយោគ​បន្ត​លើ​របរ​កសិកម្ម ឬ​មុខរបរ​សមស្រប​ដ៏ទៃទៀត​ផងដែរ។ ទី២ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​កសិកម្ម និង​ជនបទ ដែល​រួមមាន៖ ផ្លូវលំ ប្រឡាយ​ជើង​ក្អែប​សម្រាប់​បង្ហូរ ទឹក ចូលក្នុង​ស្រែ, និង​ការតភ្ជាប់​បណ្តាញ​អគ្គិសនី​តម្លៃ​ទាប ឲ្យ​ដល់​ស្ថានីយ៍​បូមទឹក​កសិកម្ម៕

អ្នកជំនាញ៖ ទីផ្សារ​ចលនទ្រព្យ​នៅក្នុង​ខេត្ត​ព្រះសីហនុ​នឹងមាន​សន្ទុះ​ឡើងវិញ​ក្រោយ​ការស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធធំៗបញ្ចប់

ដោយៈ វុត្ថា

ភ្នំពេញៈ វិស័យ​អចលនទ្រព្យ នៅក្នុង​ខេត្ត​ព្រះសីហនុ  ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ មាន​សន្ទុះ​រីកចំរើន​យ៉ាងខ្លាំង ដោយសារ​មានការ​ចូលរួម​វិនិយោគ​ពី​វិនិយោគិន​ចិន​ទៅលើ​វិស័យ​សណ្ឋាគារ ផ្ទះសំណាក់ ខុន​ដូរ ភោជនីយដ្ឋាន និង​ផ្សារ​ទំនើប​ផងដែរ ហើយនឹង​បន្ត​មានការ​រីកចំរើន​បន្ថែ​ម​ទៀត​បន្ទាប់​ហេដ្ឋារចនាសម្ព័ន្ធ​ទូទាំង​ក្រុង​ត្រូវបាន​បញ្ចប់​ការសាងសង់​រួចរាល់។


លោក ច្រឹ​ក សុខ​នី​ម ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា បាន​ប្រាប់​គេហទំព័រ propertyarea.asia នៅ​ថ្ងៃទី១១ ខែមិថុនា ឆ្នាំ ២០២០កន្លងមក​ថា វិស័យ​អចលនទ្រព្យ​នៅក្នុង​ខេត្ត​ព្រះសីហនុ នៅតែមាន​សន្ទុះ​រីកចំរើន​បន្ថែមទៀត​ប​ន្ទា​ប់​មាន​ហេ​ដ្ឋ​រចនាសម្ព័ន្ធ​ល្អ បង្កើន​ការទាក់ទាញ​វិនិយោគ និង​ទេសចរណ៍ ។

លោក​បន្តថា ចាប់តាំងពី​ដើមឆ្នាំ២០២០ កម្ពុជា​ជួប​វិបត្តិ​ជំងឺ Covid-19 ធ្វើឱ្យ​ខេត្ត​ព្រះសីហនុ មាន​ស្ថានភាព​ធ្លាក់ចុះ ទៅលើ​វិនិយោគ​វិស័យ​អចលនទ្រព្យ តែ​បន្ទាប់​រដ្ឋាភិបាល​ដាក់ចេញ​នូវ​គោលនយោបាយ​អភិវឌ្ឍន៍​ខេត្ត ជា​ខេត្ត​សេដ្ឋកិច្ច​គំរូ និង​ចំណាយ​ថវិកា​ប្រមាណ៣០០លាន​ដុល្លារ ក្នុងការ​ស្តារ​ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅក្នុង​ក្រុង និង​ការរៀបចំ​ឆ្នេរ​ធ្វើឱ្យមាន​ភាព​ទាក់ទាញ​បន្ថែមទៀត ។

លោក​បន្តថា “ការរៀបចំ​បែបនេះ គឺ​ឱ្យមាន​ចំណាប់អារម្មណ៍​ពី​ទេសចរ​ឱ្យមក​លេង​នៅក្នុង​ខេត្ត​មួយ​នេះ កាន់តែច្រើន​ថែមទៀត ដើម្បី​ជំរុញឱ្យមាន​កំណើនសេដ្ឋកិច្ច​នៅក្នុង​ស្រុក។ លោក​បន្តថា “ម្យ៉ាងទៀត​ខេត្ត​ព្រះសីហនុ បើ​ធៀប​ទៅនឹង​ប្រទេស​នៅក្នុង​តំបន់​អាស៊ី គឺ​ដូច​ទៅនឹង​ទីក្រុង​ហុងកុង​កាលពី៣ឆ្នាំមុន ដែល​ទទួលបាន​នូវ​ការវិនិយោគធំៗពី​ប្រទេស​ចិន និង​មកពី​បណ្តា​ប្រទេសធំៗផ្សេងទៀត​ផងដែរ” ។

លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ បានឱ្យដឹង​កាលពីពេលថ្មីៗនេះ​ថា ខេត្ត​ព្រះសីហនុ ជា​ខេត្ត​ដែលមាន​វិស័យសេដ្ឋកិច្ចសំខាន់ៗរួមមាន វិស័យ​ឧស្សាហកម្ម ពាណិជ្ជកម្ម ទេសចរណ៍ និង​កសិកម្ម ដែលជា​វិស័យ​អាទិភាព​សម្រាប់​ការអភិវឌ្ឍ​ខឿនសេដ្ឋកិច្ច​ជាតិ​របស់​រា​ជ​រដ្ឋាភិបាល។

លោក​បន្តថា សក្តានុពល​នៅ​ក្នុ​ខេត្ត​ជាប់​តំបន់ឆ្នេរ​មួយ​នេះ រួមមាន កំពង់ផែ​សមុទ្រ​ទឹក​ជ្រៅ តំបន់​សេដ្ឋកិច្ច​ពិសេស​ចំនួន១០ ទីតាំង (៤កំពុងដំណើរការ និង៦ត្រៀម​ដំណើការ) អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្ត​ព្រះសីហនុ និង​ឆ្នេរសមុទ្រ​ដ៏​ស្រស់ស្អាត​ដែល​ត្រូវបាន​ប្រសិទ្ធ​នាម​ជា “តារា​រៈនា​ទិសនិរតី” ។

លោក​បន្ថែមថា ការស្ថាបនា​ផ្លូវ​ក្រុង​ចំនួន៣៤ខ្សែ មាន​ប្រវែង​សរុប៨២.៥០៥គីឡូ ម៉ែត្រ​ក្នុង​ខេត្ត​ព្រះសីហនុ រហូតមកដល់​បច្ចុប្បន្ន​សម្រេចបាន​ប្រមាណ៩៤ភាគរយ ដោយ​មិន​គិត​បញ្ចូល​ការងារ​អ៊ុត​កៅស៊ូ គំនូស​សញ្ញា​ចរាចរណ៍ ដាំ​ដើមឈើ បំពាក់​កាមេរ៉ា​សុវត្ថិភាព បង្គោល​ភ្លើងស្តុប​ចរាចរណ៍ បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ និង​ការរៀប​កម្រាល​ថ្ម​ក្រា​នី​ត​នោះឡើយ។

លោក​គួច ចំរើន​បាន​បញ្ជាក់ថា  ការស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ទាំងអស់នេះ ពិតជា​បាន​ចូលរួមចំណែក​ដ៏​ធំធេង ក្នុងការ​សម្រេច​នូវ​ចក្ខុវិស័យ​របស់​រា​ជ​រដ្ឋាភិបាល ដែល​បានកំណត់ ក្នុង​ផែនការ​រៀបចំ​ដែនដី​ខេត្ត​ព្រះសីហនុ ចក្ខុវិស័យ​ឆ្នាំ២០៣០ សំដៅ​អភិវឌ្ឍន៍​ជា​ប៉ូល​អភិវឌ្ឍ​ជាតិ ប្រកបដោយ​ចីរភាព​នៅ​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា ឱ្យ​ក្លាយជា​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុ​បំណង មជ្ឈមណ្ឌល​កំណើន​ជាតិ និង​មជ្ឈមណ្ឌល​ភស្តុភារ​កម្ម​ជាតិ តាមរយៈ​ការអភិវឌ្ឍ​ទីក្រុង​ឆ្លាត​វៃ និង​ការធ្វើសមាហរណកម្ម​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា។

របាយការណ៍​របស់រ​ដ្ឋ​បាល​ខេត្ត​ព្រះសីហនុ បាន​បង្ហាញថា  គម្រោង​វិនិយោគ​ដែល​ទទួលបាន​ការលើក​ទឹកចិត្ត និង​កំពុងដំណើរការ មាន​ចំនួន១៩៤ គម្រោង និង​មាន​ទុនវិនិយោគ​សរុប​ជាង៣០លាន​ដុល្លា​អាមេរិក។ ដោយឡែក​គិត​ចាប់ពី​ឆ្នាំ២០១៧ រហូតដល់​ខែឧសភា ឆ្នាំ២០២០កន្លងទៅនេះ រដ្ឋបាលខេត្ត​បាន​បាន​លិខិតអនុញ្ញាត​មាន​ចំនួន១ ៣៥៥ គម្រោង នៅលើ​ផ្ទៃក្រឡា​សំណង់​សរុប​ជាង១៣ លាន​ម៉ែត្រការ៉េ មាន​ទុនវិនិយោគ​សរុប​ជាង៧ពាន់​លាន​ដុល្លារ។

សំណង់​អាគារខ្ពស់ៗនៅ​ទូទាំង​ខេត្ត មាន​កម្ពស់​ចាប់ពី ៥ ដល់៥៣ជាន់ គិត​ចាប់ពី​ឆ្នាំ២០០៥ – ២០២០ ត្រឹម​ខែឧសភា មាន​ចំនួន៥២៩ គម្រោង៕

កម្ពុជា និង​កូរ៉េខាងត្បូង​កាន់តែ​ខិត​ទៅរក​ការចាប់ផ្តើម​កិច្ចពិភាក្សា​ពាណិជ្ជកម្ម​សេរី

ដោយ ប៊ី

ភ្នំពេញៈ ប្រទេស​កូរ៉េខាងត្បូង​បានឱ្យដឹង​នៅ​ពីថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ខ្លួន​បានធ្វើឱ្យ​មានការ​រីកចម្រើន​បន្ថែមទៀត ក្នុងការ​ស្វែងរក​ព័ត៌មាន​លម្អិត សម្រាប់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី (FTA) ដែល​បាន​គ្រោងទុក​ជាមួយ​ប្រទេស​កម្ពុជា ខណៈ​ទីក្រុង​សេ​អ៊ូ​ល​ព្យាយាម​ពង្រីក​ទំនាក់ទំនង​សេដ្ឋកិច្ច ជាមួយ​បណ្តា​ប្រទេស​អាស៊ីអាគ្នេយ៍ និង​ធ្វើ​ពិពិធ​កម្មផល​នាំចេញ​របស់ខ្លួន។

យោងតាម​ក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និង​ថាមពល​របស់​កូរ៉េខាងត្បូង​បានឱ្យដឹងថា ទីក្រុង​សេ​អ៊ូ​ល​គ្រោង​នឹង​បើក​កិច្ចពិភាក្សា​ជា​សាធារណៈ​ស្តីពី កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នៅ​ថ្ងៃ​សុក្រ ដោយ​អញ្ជើញ​អ្នកជំនាញ ដែល​ពាក់ព័ន្ធ​ចាំបាច់​នៅក្នុង​ច្បាប់​ក្នុងស្រុក មុនពេល​ស្វែងរក​សន្ធិសញ្ញា​ពាណិជ្ជកម្ម។

កាលពី​ខែវិច្ឆិកា ប្រទេស​អាស៊ី​ទាំងពីរ បានចាប់ផ្តើម​សិក្សា​លទ្ធភាព​រួមគ្នា​ស្តីពី កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ដ៏​មាន​សក្តានុពល​មួយ ស្របតាម​កិច្ចប្រជុំ​កំពូល​របស់​កូរ៉េខាងត្បូង​ជាមួយ​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ (អាស៊ាន)។

កូរ៉េខាងត្បូង និង​កម្ពុជា​បានបញ្ចប់​ការសិក្សា​កាលពី​ខែ​មុន ហើយ​បាន​យល់ព្រម​ចាប់ផ្តើម​នីតិវិធី​ក្នុងស្រុក ដើម្បី​ត្រួស​ត្រាយផ្លូវ​សម្រាប់​កិច្ចពិភាក្សា​ផ្លូវការ។

ការនាំចេញ​របស់​កូរ៉េខាងត្បូង មក​កម្ពុជា​មានតម្លៃ៦៩៦លាន​ដុល្លារ​អាមេរិក ក្នុង​ឆ្នាំ ២០១៩ កើនឡើង៥.៥ ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ២០១៨ ។ ការ​នាំចូល​របស់ខ្លួន​ពី​កម្ពុជា​បាន​ឡើងដល់៣៣៥លាន​ដុល្លារ កើនឡើង៦,៨ភាគរយ​ធៀប​នឹង​ឆ្នាំមុន។

ប្រទេស​កូរ៉េខាងត្បូង បាន​ដឹកជញ្ជូន​សម្ភារៈ​វាយ​ន​ភណ្ឌ​ជា​ចម្បង ហើយ​បាន​ប្រើ​ឡាន​ដឹកទំនិញ​មក​ប្រទេស​កម្ពុជា និង​បាន​នាំចូល​ទំនិញ​សម្លៀកបំពាក់​ពី​កម្ពុជា។

ក្រសួង​ខាងលើ​របស់​កូរ៉េខាងត្បូង បានឱ្យដឹង​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ប្រទេស​កម្ពុជា គឺជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​ទាក់ទាញ​មួយ ខណៈដែល​ប្រទេស​អាស៊ីអាគ្នេយ៍​មួយ​នេះ បានប្រកាស​កំនើនសេដ្ឋកិច្ច​ប្រចាំឆ្នាំ​ប្រហែល៧ភាគរយ ចាប់តាំងពី​ឆ្នាំ២០១១ មក។

ប្រទេស​កូរ៉េខាងត្បូង បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង ពាណិជ្ជកម្ម​សេរី​មួយ​ជាមួយ​អាស៊ាន ប៉ុន្តែ​ខ្លួន​កំពុង​ព្យាយាម​ធ្វើ​កិច្ចព្រមព្រៀង ជាមួយនឹង​ប្រទេស​អាស៊ាននីមួយៗ ក៏ដូចជា​ពង្រីក​ទំនាក់ទំនង​សេដ្ឋកិច្ច​របស់ខ្លួន ជាមួយ​តំបន់​អាស៊ីអាគ្នេយ៍ និង​បន្ធូរបន្ថយ​ភាព​អាស្រ័យ​ពាណិជ្ជកម្ម​របស់ខ្លួន​លើ​សហរដ្ឋអាមេរិក និង​ចិន។

កិច្ចខិតខំ​ប្រឹងប្រែង​បែបនេះ កាន់​តែមាន​សារៈសំខាន់​នាពេលថ្មីៗនេះ នៅពេល​ទំនាក់ទំនង​រវាង​សេដ្ឋកិច្ច​ធំ​បំផុត​ទាំងពីរ របស់​ពិភពលោក​នាពេលថ្មីៗនេះ ត្រូវបាន​រំខាន​ដល់​ពាណិជ្ជកម្ម និង​ការរីក​រាលដាល​នៃ​ជំងឺ​រាតត្បាត​កូ​វីដ១។ ប្រទេស​ចិន និង​សហរដ្ឋអាមេរិក​មាន​ចំនួន​ជិត ៤០ភាគរយ នៃ​ការនាំចេញ​រួមគ្នា​របស់​កូរ៉េខាងត្បូង​ក្នុង​ឆ្នាំ ២០១៩ ។

នៅក្នុង​ខែមករា ទីក្រុង​សេ​អ៊ូ​ល និង​ទីក្រុង​ម៉ានីល បានធ្វើ​កិច្ចចរចា​ផ្លូវ​ការលើក​ទី៥ សម្រាប់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​របស់​ពួកគេ។ កិច្ចពិភាក្សា​ជាមួយ​ម៉ាឡេស៊ី​ក៏​កំពុងដំណើរការ​ផងដែរ។

ទីក្រុង​សេ​អ៊ូ​ល​មាន​គោលបំណង​បញ្ចប់ ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​ក្នុង​តំបន់ (RCEP) ដែល​គ្របដណ្តប់​លើ​សមាជិក​អាស៊ាន​នៅ​ចុង​ឆ្នាំនេះ។

អាស៊ាន​រួមមាន ប្រទេស​ព្រុយ​ណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មី​យ៉ាន់​ម៉ា ហ្វីលីពីន ថៃ សឹង្ហ​បូរី និង​វៀតណាម។

កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នាពេល​ខាងមុខនេះ ត្រូវបាន​គេ​រំពឹងថា នឹង​ចាក់គ្រឹះ​សម្រាប់​ប្រទេស​កូរ៉េខាងត្បូង ដើម្បី​គេចផុត​ពី​វិបត្តិ​សេដ្ឋកិច្ច​សកល។

ការនាំចេញ​របស់​កូរ៉េខាងត្បូង បាន​ធ្លាក់ចុះ​ក្នុង​រយៈពេល៣ខែ​ជាប់​គ្នា ក្នុង​ខែឧសភា ដោយ​ធ្លាក់ចុះ២៣,៧ភាគរយ ដោយសារតែ​កំណើនសេដ្ឋកិច្ច បណ្តាលមកពី​ជំងឺ​រាតត្បាត​សកល ដែល​បាន​រំខាន​ដល់​សង្វាក់​ផ្គត់ផ្គង់​ពិភពលោក៕

ព្រលានយន្តហោះ​តារា​សាគរ​ខេត្តកោះកុង​អាច​នឹង​បញ្ចប់​ការសាងសង់​នៅ​ដើមឆ្នាំ២០២១

ដោយ ​វុត្ថា

ភ្នំពេញៈ អភិបាលខេត្ត​កោះកុង លោកជំទាវ​ភូ​ថង មិថុនា​បានឱ្យដឹងថា គម្រោង​ព្រលានយន្តហោះ​នៃ​អាកាសយានដ្ឋាន​អន្តរជាតិ តារា​សាគរ​ក្នុង​ខេត្តកោះកុង គឺជា​ផ្នែក​មួយ នៃ​គម្រោង​អភិវឌ្ឍន៍​តំបន់​វិស្សមកាល​ទេសចរណ៍ តារា​សាគរ​តម្លៃ​រាប់ពាន់​លាន​ដុល្លារ​អាមេរិក​របស់​ក្រុមហ៊ុន​ចិន គ្រោង​នឹង​បញ្ចប់​ការសាងសង់​ក្នុង​ដើមឆ្នាំ២០២១ ខាងមុខនេះ។

លោក​ជំ​ទា​បាន​ថ្លែង​នៅក្នុង​ស​ន្និ​ស​ទី​សារព័ត៌មាន​ស្តីពី «វឌ្ឍនភាព និង​ទិសដៅ​ការងារ​បន្ត​របស់​រដ្ឋ​បាល​ខេត្តកោះកុង»នា​ថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០២០កន្លងមក​បានឱ្យដឹង​ថា តាម​គម្រោង​ការសាងសង់​ព្រលានយន្តហោះ អន្តរជាតិ​តារា​សាគរ​នឹង​បញ្ចប់​នៅក្នុង​ឆ្នាំ ២០២០នេះ តែដោយសារ​មានការ​បញ្ហា​នៃ​ជំំ​ងឺ​កូ​វី១៩ បានធ្វើ​ឱ្យមាន​ស្ថាន​ភាពយឺត​យ៉ាង​បន្តិច ប៉ុន្តែ​អាច​នឹង​បញ្ចប់​នៅ​ដើមឆ្នាំ ២០២១ ។

លោកស្រី​បញ្ជាក់ថា “រហូត​ម​ដល់ពេលនេះ ការសាងសង់​ព្រលានយន្តហោះ​តារា​សាគរ សម្រេចបាន​ប្រមាណ៥០ ទៅ៦០ភាគរយ ហើយ​អាច​នឹង​ញ្ច​ប់​នៅក្នុង​ដើមឆ្នាំ ២០២១ ខណៈ​ខាង​ក្រុមហ៊ុន​កំពុង​មមាញឹក​ក្នុងការ​សាងសង់​ឱ្យ​ចប់​តាម​ផែនការ” ។

ឆ្លើយតប​នឹង​ការរិះគន់ ជុំវិញ​ការសាងសង់​ព្រលានយន្តហោះ​តារា​សាគរ​នេះ សម្រាប់​បំរើ​ដល់​វិស័យ​យោធា​នោះ ត្រូវបាន​លោកស្រី​មិថុនា ភូ​ថង​បដិសេធ​ទាំ​ស្រុង ដោយបាន​លើកឡើងថា ព្រលានយន្តហោះ​នេះ គឺ​សម្រាប់​បំរើ​ដល់​វិស័យ​ទេសចរណ៍ ពាណិជ្ជកម្ម ដឹកជញ្ជូន និង​វិនិយោគ​តែប៉ុណ្ណោះ។

លោកស្រី​ភូ​ថង មិថុនា​បាន​ថ្លែងថា “ការចោទប្រកាន់ថា ការសាងសង់​ព្រលានយន្តហោះ​តារា​សាគរ​នេះ បំរើ​ដល់​វិស័យ​យោធា​គឺ​មិន​ពិត​នោះទេ  ព្រោះ​តំបន់​នោះ ត្រូវបាន​បង្កើតជា​តំបន់​វិស្សមកាល ទេសចរណ៍ សម្រាប់​ដើរ​កម្សាន្ត” ។ លោកស្រី​បន្ថែមថា “សម្រាប់​តំបន់​យោធា គឺជា​តំបន់​ដែល​ត្រូវ​ហាមឃាត់ និង​សន្តិសុខសម្រាប់​ជាតិ ដែល​មិន​អនុញ្ញាតឱ្យ​ភ្ញៀវ​ទេសចរណ៍​ចូលទៅ​នោះទេ” ។

ក្រុមហ៊ុន UNION Development បាន​ស្រេច​បោះទុន​វិនិយោគ​សរុប​ចំនួន២០០លាន​ដុល្លារ​សាងសង់​ព្រលានយន្តហោះ​នេះ រួមមាន​ការស្ថាបនា​ផ្លូវ​សម្រាប់​យន្តហោះ​រត់ ដែលមាន​ប្រវែង​បណ្តោយ៣២០០ម៉ែត្រ និង​ទទឹង៦០ម៉ែត្រ និង​ស្ថានីយ៍​អ្នកដំណើរ ហើយ​ក្រោយ​ការសាងសង់​រួច អាកាសយានដ្ឋាន​អន្តរជាតិ​តារា​សាគរ នឹង​អនុញ្ញាត​ឲ្យ​យន្តហោះ​ធុន​យក្ស ប្រភេទ​ប៊ូ​អី​ង៧៧៧ និង​អ៊ែ​របើស A៣៤០ ចុះចត​បាន៕

ចំណេះដឹង! អ្វី​ជា​ម៉ាក​សមូហភាព?

ដោយ ៖ វុត្ថា

ភ្នំពេញៈ ម៉ាក​សមូហភាព គឺជា​សញ្ញា​ដែល​មើលឃើញ សំដៅ​ប្រើ​ក្នុង​ការដាក់​ពាក្យសុំ​ចុះបញ្ជី ហើយ​អាច សម្គាល់​នូវ​ប្រភពដើម​នៃ​ទំនិញ​ឬ​សេវា  ឬ​សម្គាល់​នូវ​ចរិតលក្ខណៈ​រួម​ដទៃទៀត គិត​ទាំង​គុណភាព​នៃ​ទំនិញ​ឬ​សេវា របស់​សហគ្រាសផ្សេងៗគ្នា ដែល​ប្រើ​សញ្ញា​នោះ ក្រោម​ការគ្រប់គ្រង​រប​ស់​ម្ចាស់​ម៉ាក​សមូហភាព​ដែល​បាន​ចុះបញ្ជី។

បែបបទ​នៃ​ការចុះបញ្ជី​ម៉ាក​សមូហភាព មាន​ដូចតទៅៈ​ពាក្យស្នើសុំ​ចុះបញ្ជី​ម៉ាក​សមូហភាព ត្រូវ​បញ្ជាក់ថា ជា​ម៉ាក​សមូហភាព និង ត្រូវ​ភ្ជាប់​មកជា​មួយ​នូវ​បទ​បញ្ញា​រួម​ស្តីពី​ការគ្រប់គ្រង ការប្រើប្រាស់​ម៉ាក​សមូហភាព​នោះ​មួយច្បាប់។ ម្ចាស់​ម៉ាក​សមូហភាព ដែល​បាន​ចុះបញ្ជី​ហើយ ត្រូវ​ជូនដំណឹង​ទៅ​មន្ត្រី​កាន់កាប់​បញ្ជី អំពី​ការផ្លាស់ប្តូរ​ទាំងឡាយ​តាម​បទបញ្ជា​ដែល​បាន​យោង​ក្នុង​ចំណុច​ខាងលើ។

មន្ត្រី​កាន់កាប់​បញ្ជី ត្រូវ​ចាត់ទុក​ការចុះបញ្ជី​ម៉ាក​សមូហ​ភាពជា​មោ​ឃៈ ប្រសិនបើ ជន​ដែល​ទាមទារ​នូវ​មោឃភាព​នោះ​បង្ហាញថា មានតែ​ម្ចាស់​ដែល​បាន​ចុះបញ្ជី​ម្នាក់ឯង​ប៉ុណ្ណោះ ដែល​ប្រើប្រាស់​ម៉ាក​ឬ​បង្ហាញថា ម្ចាស់​ដែល​បាន​ចុះបញ្ជី​ប្រើប្រាស់​ឬ​អនុញ្ញាតឱ្យ​ប្រើប្រាស់ រំលោភ​ទៅនឹង​បទបញ្ជា​រួម ឬ​បង្ហាញថា ម្ចាស់​ដែល​បាន​ចុះបញ្ជី​អនុញ្ញាតឱ្យ​ប្រើប្រាស់​តាមរបៀប​មួយ​ដែល​បំភាន់​មជ្ឈដ្ឋាន ពាណិជ្ជកម្ម​ឬ​សាធារណជន អំពី​ប្រភពដើម ឬ​លក្ខណៈ​រួម​ផ្សេងទៀត​នៃ​ទំនិញ​ឬ​សេវា​ដែល​ពាក់ព័ន្ធ៕

គម្រោងដីឡូតិ៍ចំការដូងក្រអូបកាន់តែទាក់ទាញយ៉ាងខ្លាំង និងឈានដល់ដំណាក់កាលទី៣ហើយ

ដោយ ៖ រ៉ាណេត

កំពង់ឆ្នាំងៈ ក្រោមការរៀបចំជាគម្រោងអភិវឌ្ឍន៍ដីឡូតិ៍ចំការដូងក្រអូប សម្រាប់សាងសង់លំនៅដ្ឋានបែបលំហែរកាយដែលពោរពេញទៅដោយសម្រស់ធម្មជាតិ និងប្លែកពីគម្រោងដទៃនោះ បច្ចុប្បន្នក្រុមហ៊ុន Hin Ruos Real Estate Co,.Ltd បានឈានដល់ការអនុវត្តដំណាក់ទី៣នៃគម្រោង បន្ទាប់ពីទទួលបានជោគជ័យយ៉ាងខ្លាំងនៅក្នុងដំណាក់កាលទី១ និងទី២ កាលពីដើមឆ្នាំកន្លងទៅនេះ ។

ស្ថិតនៅតំបន់ដែលមានអំណោយផលពីធម្មជាតិ ដីមានជីវជាតិល្អ អាស្រ័យផលដល់ដំណាំគ្រប់ប្រភេទ ដែលកំពុងមានភាពទាក់ទាញនៅពេលនេះ គម្រោងអភិវឌ្ឍន៍ដីឡូតិ៍ចំការដូងក្រអូប តម្លៃសមរម្យ បានចាប់ផ្តើមប្រកាសលក់ក្នុងដំណាក់កាលទី៣ ជាផ្លូវការហើយ ជាមួយការផ្តល់ជាកញ្ចប់យ៉ាងពិសេសដល់អតិថិជន ចំណេញបានទាំងលុយ ចំណេញបានទាំងផលដំណាំ និងមានរមណីយដ្ឋានលំហែរជាលក្ខណៈឯកជនថែមទៀតផង។

អគ្គនាយកក្រុមហ៊ុន HIN RUOS Real Estate Co,.Ltd លោក ហ៊ិន រស់ បានមានប្រសាសន៍តាមទូរស័ព្ទនាព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០នេះថា ដីឡូតិ៍នៅក្នុងគម្រោងចំការដូងក្រអូបនេះ មានទំហំ៤០x៤០ម៉ែត្រ លក់ក្នុងម្លៃត្រឹម១៧,០០០ ដុល្លារ ដោយនៅក្នុងបរិវេណដីមានដាំដំណាំដូងក្រអូបចំនួន៨០ដើម រួមនឹងដំណាំផ្សេងៗទៀត ដែលត្រូវបានថែទាំដោយក្រុមអ្នកជំនាញផ្នែកកសិកម្មដោយឥតគិតថ្លៃ ផ្ដល់ជូនដោយក្រុមហ៊ុនផ្ទាល់។

គ្រប់ដីឡូតិ៍ទាំងអស់ ក្រុមហ៊ុនបានរៀបចំសាងសងរបងឥដ្ឋ ព័ទ្ធលួសជុំវិញព្រុំដី មានទ្វារដែកធំ ហើយថែមទាំងផ្តល់ជូននូវខ្យុសទំហំ៤ម៉ែត្រ សម្រាប់អង្គុយជួបជុំគ្នា។ នៅក្នុងគម្រោងមានធ្វើផ្លូវធំៗ ចំនួន៤ខ្សែ ដោយមួយខ្សែៗជាប្រភេទផ្លូវភ្លោះ ភ្ជាប់ជាមួយផ្លូវរដ្ឋទំហំ១៥ម៉ែត្រ មានទទឹង១២ ម៉ែត្រ មានសួនច្បារនៅកណ្តាល ដាំលម្អដោយដើមក្ងោក រួមជាមួយនឹងការបំពាក់អំពូលសូឡាផងដែរ។ កាន់តែពិសេសជាងនេះទៅទៀត ខាងផ្នែកក្រោយគម្រោងមានស្ទឹង និងព្រែក ដែលនឹងមានគម្រោងអភិវឌ្ឍជាតំបន់ទេសចណ៍ធម្មជាតិ (Resort) ដូចជាកន្លែងជិះទូកកម្សាន្ត កន្លែងស្ទូចត្រី និងធ្វើផ្ទះទឹកលំហែរកាយជាដើម។

លោកបានបញ្ជាក់ថា “ភាពជោគជ័យដែលឈានមកដល់ការអនុវត្តក្នុងដំណាក់កាលទី៣នៃគម្រោងនេះ ក៏ព្រោះតែអតិថិជនមានជំនឿទុកចិត្តមកលើក្រុមហ៊ុនអភិវឌ្ឍន៍ មិនមានការភូតកុហក់ដោយប្រការណាមួយដើម្បីជាប្រយោជន៍របស់គម្រោងនោះឡើយ។ ជាពិសេស ក្រោយពេលដែលពួកគាត់បានដឹងពីភាពតស៊ូ និងជំនះឧបសគ្គជាមួយនឹងពិការភាពរបស់ខ្ញុំដែលជាមនុស្សស្មោះត្រង់ និងចេះជួយសង្គ្រោះអ្នកទន់ខ្សោយដែលនៅជុំវិញខ្លួន ដូចជាការផ្តល់ការងារនៅក្នុងគម្រោងទៅដល់ប្រជាជននៅក្នុងតំបន់ជាដើម”។

សម្រាប់អ្នកដែលមិនមានលទ្ធភាពទិញដីឡូតិ៍ នៅក្នុងគម្រោងចំការដូងក្រអូបទាំងស្រុង ក៏អាចសហការជាមួយមិត្តភ័ក្ដ ឬញាតិមិត្ត ដើម្បីទិញ ដោយសារតែដីឡូតិ៍នៅក្នុងគម្រោងមួយនេះ មានទំហំធំរហូតដល់៤០ x៤០ ម៉ែត្រ ស្មើនឹង ១៦០០ ម៉ែត្រការ៉េ ងាយស្រួលបែងចែកទៅតាមលទ្ធភាពបានយ៉ាងងាយស្រួល។

គ្រប់អតិថិជនទាំងអស់នឹងទទួលបានការរៀបចំឯកសារ រត់ការកាត់ប្លង់ បង់ពន្ធប្រថាប់ត្រា ដែលជាការចំណាយរបស់ក្រុមហ៊ុនផ្ទាល់ ដើម្បីបង្កើនទំនុកចិត្តកាន់តែខ្ពស់។ ទាំងអស់អសនេះគឺជាការផ្តល់ជូនយ៉ាងពិសេសសម្រាប់អតិថិជនដែលប្រាថ្នាចង់បានដីចំការដំណាំផ្ទាល់ខ្លួន ក៏ដូចជាសម្រាប់ក្រុមគ្រួសារផងដែរ។ រួសរាន់ឡើង ដីឡូតិ៍ដែលមានទីតាំងល្អ និងពោរពេញទៅដោយសក្ដានុពល ចំនួនមានកំណត់។

គម្រោងដីឡូតិ៍ចំការដូងក្រអូប ដែលរៀបចំអភិវឌ្ឍដោយក្រុមហ៊ុន Hin Ruos Real Estate Co,Ltd មានទំហំសរុបជិត៣០ហិកតា ស្ថិតនៅភូមិស្ពានដែក ឃុំធ្លកវៀន ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំ ដែលមានចម្ងាយប្រមាណ៤៩ គីឡូម៉ែត្រពីរាជធានីភ្នំពេញ និងមានផ្សារចំនួន៤ស្ថិតនៅក្បែរ ដូចជា ផ្សារឧត្ដុង្គ ផ្សារត្រាច ផ្សារលង្វែក និងផ្សារសាលាលេខ៥ ដែលស្ថិតនៅជិតព្រលានយន្តហោះឧត្ដុង្គ ចុះពីផ្លូវជាតិលេខ៥ ចម្ងាយប្រមាណ៥គីឡូម៉ែត្រ ដែលគ្រោងនឹងចាក់កៅស៊ូនៅឆ្នាំ២០២០ខាងមុខនេះ ហើយនៅទល់មុខ គឺជាទីតាំងគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេស។

សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទង តាមរយៈទូរស័ព្ទលេខ ៖ ០១៥ ៧៨០ ៨៨៨ / ០៧៧ ៣៣៣ ៧៤៤៕