វិនិយោគិនសឹង្ហបុរីបោះទុន៧០លានដុល្លារលើខុនដូប្រណីតក្នុងខ័ណ្ឌសែនសុខ

ដោយស៊ីវ ម៉េង

        ភ្នំពេញៈ ក្រុមហ៊ុនធំមួយរបស់សឹង្ហបុរី Leedon Heights បានសម្រេចបោះទុនវិនិយោគប្រមាណ៧០លានដុល្លារអាមេរិក ដើម្បីសាងសង់ខុនដូនៅក្នុងខ័ណ្ឌសែនសុខ រាជធានីភ្នំពេញ។

គម្រោង​ដ៏ធំស្កឹមស្កៃនេះ ត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន Leedon Heights  ដែលសហការវិនិយោគរួមគ្នា ​ដោយវិនិយោគិនកម្ពុជា និងវិនិយោគិន​​សិង្ហបុរី ​រួមជាមួយតៃវ៉ាន់​​ ដែលសុទ្ធតែមានបទពិសោធន៌ជាច្រើនឆ្នាំ ក្នុងការសាងសង់លំនៅដ្ឋាន និងគម្រោងអភិវ​ឌ្ឍន៍​ពាណិជ្ជកម្មទំនើបៗ លំដាប់ខ្ពស់​នៅក្នុងប្រទេសកម្ពុជា។​

លោកស្រី អាន សុធីតា ដែលជានាយិកាគ្រប់គ្រង ក្រុមហ៊ុន CBRE Cambodia ដែលទទួលបានសិទ្ឋលក់ផ្តាច់មុខសំរាប់គំរោងនេះ បានមានប្រសាសន៍ថា ពួកយើងពិតជាមានកិត្តិយស ​ដែលត្រូវ​បានជ្រើសរើសជាអ្នកតំណាង Leedon Heightsជាភ្នាក់ងារផ្តាច់មុខក្នុងការលក់ និងការគ្រប់គ្រងអចលទ្រព្យ។

 គម្រោងមួយនេះមានពាក្យស្លោក “លំដៅដ្ឋានថ្មី ការរស់នៅបែប​ថ្មី” ដែលស្របនិង​ការរចនាម៉ូដ​ គុណភាព និងគោលគំនិត បង្ហាញពីរសនិយម​ ថ្មីទៅដល់ទីក្រុងរបស់យើង ដែលមិនធ្លាប់មានពីមុនមក។

ជាមួយគ្នានេះ លោក James Hodge នាយកជាន់ខ្ពស់របស់ក្រុមហ៊ុន CBRE Cambodia បានបន្ថែមថា “គម្រោង​អភិវឌ្ឍន៍នេះ​ ពិតជាអស្ចារ្យ”។

លោកបន្តថា ពួកយើងបានសង្កេតមើលក្នុង​ទីផ្សារ ដោយយកចិត្តទុកដាក់នូវ​ប្រភេទ​គម្រោង​បែប​នេះ ដែលផ្សារភ្ជាប់រវាង​ទស្សនៈនាពេលអនាគត ជាមួយគុណភាពនៃការសាងសង់ ព្រមទាំង​តម្លៃដែល​មាន​ការ​ប្រកួតប្រជែងក្នុង​ទីផ្សារ ហើយ​គម្រោង​របស់​Leedon Heights ពិតជាបានបំពេញនូវលក្ខខណ្ឌទាំងនេះ។​

គម្រោង​នេះ​នឹងមានសរុបចំនួន៤ អាគារ​ ហើយ​​មានទំហំដី​១​.៥ ​ហិចតា សម្រាប់​គម្រោងអភិវឌ្ឍន៍​ទី១។ អាគារនី​មួយៗមាន៣៦ជាន់ ដែលមានផ្នែក​លំនៅដ្នាន១, ១៩០​ បន្ទប់។ តម្លៃបន្ទប់ខុនដូ​មាន​​ចាប់ពី៧0,000​ ដុល្លារអាមេរិក​។

លោក ​Adrel Poh នាយកផ្នែកលក់ និងទីផ្សាររបស់Leedon Heights បានមានប្រសាសន៍ថា គោលបំណងរបស់យើង គឺការបង្កើតឱកាសដ៏ល្អ សំរាប់អ្នកធ្វើការ​វ័យក្មេង​ និងគ្រួសារ ដែលចង់ក្លាយជាម្ចាស់ផ្ទះ​។ CBRE Cambodia ស្វែង​យល់ អំពី​គម្រោង​ដែល​ពួកយើងចង់​បង្កើតអ្វី ដែលថ្មីក្នុងទីក្រុងភ្នំពេញ ហើយ​​ការ​​បង្ហាញពី​ឆន្ទៈរបស់ពួកគេក្នុងការចូលរួមជាមួយគម្រោងរបស់យើង​នេះ​ បាន​បង្កើន​ការ​ទុកចិត្ត​របស់​ Leedon Heights ក្នុង​ការ​សម្រេចិត្តជ្រើស​យក CBRE Cambodia ជាដៃគូរអាជីវកម្មដ៏សាកសម​ ដើម្បីធានានូវគម្រោង​របស់ពួកយើងទទួលបានជោគជ័យ៕

គម្រោងផ្សារទំនើបAeon Mall 3 អាចនឹងបុកគ្រឹះនៅដើមត្រីមាសទី៣ខាងមុខនេះ

ដោយៈ រ៉ាណេត

ភ្នំពេញៈ បើមិនមានការប្រែប្រួលនោះទេ គម្រោងសាងសង់ផ្សារទំនើប Aeon Mall 3 អាចនឹងចាប់ផ្តើមធ្វើការបុកគ្រឹះ ក្នុងដំណាក់កាលដំបូងនៅអំឡុងចុងខែកក្កដា ឆ្នាំ២០២០ ឆាប់ៗខាងមុខនេះ ខណៈដែលបច្ចុប្បន្នការចាក់ដីបំពេញ និងការឈូសឆាយពង្រាបដីកំពុងត្រូវបានធ្វើឡើងយ៉ាងសកម្ម។

តាមប្រភពព័ត៌មានដែលអាចទុកចិត្តបានបង្ហើបប្រាប់ឱ្យដឹង នៅរសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ថា តាមផែនការដែលបានគ្រោងទុក គម្រោងបើកការដ្ឋានសាងសង់ផ្សារទំនើប Aeon Mall 3 ដែលមានទីតាំង ស្ថិតនៅតាមបណ្តោយមហាវិថីសម្ដេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) នឹងចាប់ផ្តើមបុកគ្រឹះក្នុងដំណាក់កាលដំបូង នៅអំឡុងចុងខែកក្កដា ឆ្នាំ២០២០ខាងមុខនេះ ខណៈដែលគ្រឹះត្រូវបានដឹកយកមកពីប្រទេសមួយក្នុងតំបន់អាស៊ាន។

ប្រភពដដែលបានលើកឡើងថា “ការបិទទីក្រុងមួយចំនួនរបស់ប្រទេសជប៉ុន មិនបានប៉ះពាល់ ទៅនឹងគម្រោងសាងសង់ផ្សារទំនើប Aeon 3 នេះទេ ព្រោះក្រុមហ៊ុនទទួលបានសិទ្ធិម៉ៅការសាងសង់ មិនមែនជាក្រុមហ៊ុនជប៉ុននោះទេ”។ លោកបន្តថា “ក្រុមហ៊ុនដែលទទួលបានសិទ្ធិម៉ៅការសាងសង់ គឺក្រុមហ៊ុនវិស្វកម្មហ៊ីយ៉ាន់ដាយ Hyundai Engineering របស់កូរ៉េ ហើយសម្ភារៈសម្រាប់សាងសង់មួយចំនួន ក៏ត្រូវបានដឹកជញ្ជូនមកដល់កំពង់ផែអន្តរជាតិកម្ពុជារួចរាល់”។

គម្រោងAeon Mall 3 ដែលជាមជ្ឈមណ្ឌលផ្សារទំនើបលក់ទំនិញចំរុះ មានទីតាំងលក់ទំហំសរុប១៧០,០០០ ម៉ែត្រការ៉េ ដែលជាផ្សារធំជាងគេបង្អស់ ក្នុងចំណោមផ្សារទំនើប Aeon Mall ទាំង៣នៅកម្ពុជា។ គំរោងផ្សារនេះ មានកន្លែងចតរថយន្តនៅខាងក្រៅធំទូលាយ។ គម្រោងនេះនឹងចំណាយពេលសាងសង់ចំនួន២៤ខែ បន្ទាប់ពីចាប់ផ្តើមបុកគ្រឹះ ដោយគ្រោងដាក់សម្ពោធបើកដំណើរការលក់ នៅត្រឹមឆ្នាំ២០២៣ ជាមួយទុនវិនិយោគប្រមាណ៣០០លានដុល្លារ។

គម្រោងសាងសង់ផ្សារទំនើបដ៏ធំ AEON3 នឹងត្រូវបានធ្វើឡើងនៅលើផ្ទៃដីទំហំជាង១៧ហិកតា ស្ថិតនៅភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ផ្សារទំនើបនេះ មានទីតាំងនៅជិតគម្រោងអភិវឌ្ឍន៍ លំនៅដ្ឋានបែបទំនើប និងប្រណីតភាពរបស់បុរីប៉េងហួត ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្មថ្មី នៃរាជធានីភ្នំពេញ ។

ផ្សារទំនើបAEON Mall3 មានផ្ទៃក្រឡាសរុបរហូតដល់ទៅ១៧៤,០០០ ម៉ែត្រការ៉េ ដែលធំជាងផលបូកផ្ទៃក្រឡាផ្សារទំនើប AEON 1 (៦៨០០០ ម៉ែត្រការ៉េ) និងផ្សារទំនើប AEON 2 ខណ្ឌសែនសុខ (១០០០០០ ម៉ែត្រការ៉េ)៕

រដ្ឋាភិបាលកម្ពុជា បានសម្រេចអនុម័តលើគម្រោងវិនិយោគថ្មីចំនួន៦ មានទុនសរុបជិត ១៥២ លានដុល្លារ

ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ រដ្ឋាភិបាល តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តលើគម្រោងវិនិយោគថ្មីៗចំនួន៦បន្ថែមទៀត ដែលមានទុនសរុបចំនួន ១៥១,៨លានដុល្លារ ឱ្យដំណើរការអាជីវកម្មស្ថិតនៅក្នុងខេត្ត / ក្រុងចំនួន៣ផ្សេងគ្នា។

ក្រុមហ៊ុនដែលទទួលបានអាជ្ញាប័ណ្ណអនុញ្ញាតទាំង៦ រួមមានឈ្មោះដូចខាងក្រោម ៖

១៖ ក្រុមហ៊ុន HUA TE BANG (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រ ផលិតផលិតផលពីប្លាស្ទីកគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រពាំងត្រប់ សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ២.៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន២១៦កន្លែង។

២៖ ក្រុមហ៊ុន PRINTX GP (CAMBODIA) FACTORY CO., LTD គម្រោងបង្កើតរោងចក្រផលិត កាបូបគ្រប់ប្រភេទ និងគ្រឿងបន្សំកាបូប ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៥១ ភូមិត្រពាំងផ្លុង ឃុំដំណាក់រាំង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ៦.៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១,៤១៤កន្លែង។

៣៖ ក្រុមហ៊ុន DIZE (CAMBODIA) NONG YE FAZHAN CO., LTD គម្រោងបង្កើតកសិដ្ឋានដាំដំណាំចេក ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិមាឃ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម មានទុនវិនិយោគប្រមាណ១៧.៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន១,៩០០កន្លែង។

៤៖ ក្រុមហ៊ុន SUN & MOON HOTEL CO., LTD គម្រោងសាងសង់ និងអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៤ ចំនួន២០០បន្ទប់ ដែលមានទីតាំងវិនិយោគ ស្ថិតនៅដីឡូតិ៍លេខ២៨៥មហាវិថីព្រះនរោត្តម ជាប់ស្ពានព្រះមុនីវង្ស កែងផ្លូវលេខ២៣៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៣៥.២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន៥៣៥កន្លែង។

៥៖ ក្រុមហ៊ុន BRILLIANT DRAGON (CAMBODIA) ENTERPRISE CO., LTD គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិញរ សង្កាត់កណ្តោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ២.៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន៧០០កន្លែង។

៦៖ ក្រុមហ៊ុន VATTANAC BREWERY CO., LTD គម្រោងបង្កើតរោងចក្រផលិតស្រាបៀរ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិរបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មានទុនវិនិយោគចំនួន៨៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៨៩៩កន្លែង៕

តើមហាយក្សចិនអាចគេចផុតពីវិបត្តិសេដ្ឋកិច្ចឬទេ ខណៈពាណិជ្ជកម្មខ្លួន កំពុងដាំក្បាលចុះ

ដោយ ប៊ី

អន្តរជាតិៈ ចិនកំពុងព្យាយាមទាញខ្លួនចេញវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ ហើយផ្លូវឆ្ពោះទៅរកការងើបឡើងវិញហាក់ដូចជាយឺត និងរងផលប៉ះពាល់ ខណៈប្រទេសជាច្រើនលើពិភពលោកកំពុងប្រយុទ្ធប្រឆាំងជាមួយនឹងជំងឺរាតត្បាត។

ការនាំចេញរបស់ប្រទេសសេដ្ឋកិច្ចធំជាងគេទី២ លើពិភពលោកបានធ្លាក់ចុះ៣,៣ភាគរយ បើធៀបនឹងកាលពីរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ក្រុមអ្នកវិភាគបានសន្មតថា ការធ្លាក់ចុះនេះ គឺដោយសារតែតម្រូវការខ្សោយនៅក្រៅប្រទេស។ ខណៈដែលប្រទេសចិន បានចាប់ផ្តើមបើកដំណើរការសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញកាលពីប៉ុន្មានខែមុន មហាអំណាចជាច្រើនផ្សេងទៀត ទើបតែចាប់ផ្តើមបន្ធូរបន្ថ​យវិធានការណ៍បិទទ្វារប្រទេសមួយចំនួន ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។

ការងើបឡើងវិញសម្រាប់ប្រទេសចិនទេ មិនមានភាពរលូនទាំងស្រុងនោះទេ។ ការនាំចូលកាលពីខែមុនបានធ្លាក់ចុះ១៦,៧ភាគរយ ដែលជាការធ្លាក់ចុះយ៉ាងខ្លាំងចាប់តាំងពីខែមករាឆ្នាំ ២០១៦ ដែលបង្ហាញថា តម្រូវការក្នុងស្រុកនៅតែធ្លាក់ចុះ។

លោក Mitul Kotecha អ្នកយុទ្ធសាស្រ្តទីផ្សារនៅក្រុមហ៊ុន TD Securities បានសរសេរថា “ទិន្នន័យនៃការនាំចូលចង្អុលបង្ហាញ ទិសដៅសេដ្ឋកិច្ចក្នុងស្រុកខ្សោយ សូម្បីតែប្រទេសចិន ចាប់ផ្តើមបង្កើនការចំណាយលើហេដ្ឋារចនាសម្ព័ន្ធក៏ដោយ”។

ប្រទេសចិន ដែលកំពុងពុះពារជាមួយសេដ្ឋកិច្ចដែលកំពុងធ្លាក់ចុះ មុនពេលជំងឺរាតត្បាតវាយលុកក៏ដោយ ក៏បានព្យាយាមចំណាយលុយរបស់ខ្លួន ដើម្បីសង្គ្រោះការធ្លាក់ចុះនេះដែរ។ ប្រទេសចិនបានគ្រោង កាលពីខែមុន ថានឹងដាក់ចេញនូវកញ្ចប់ថវិកា៣,៦ ទ្រីលានយន់ (៥០០ពាន់លានដុល្លារ) ដល់សេដ្ឋកិច្ចរបស់ខ្លួននៅឆ្នាំនេះ ក្នុងការកាត់បន្ថ​យពន្ធ គម្រោងហេដ្ឋារចនាសម្ព័ន្ធ និងវិធានការជំរុញផ្សេងទៀត ដែលជាផ្នែកមួយនៃការបង្កើតការងារចំនួន៩លានកន្លែង និងសង្គ្រោះការធ្លាក់ចុះពីជំងឺរាតត្បាត។

យ៉ាងហោចណាស់មានសញ្ញាខ្លះ នៃការងើបឡើងវិញនៃតម្រូវការ ដែលត្រូវបានលើកទឹកចិត្តដោយការចែកចាយសាច់ប្រាក់កាន់តែច្រើន។ បើយោងតាមទិន្នន័យដែលបានចេញផ្សាយកាលពីថ្ងៃចន្ទ ដោយសមាគមរថយន្តដឹកអ្នកដំណើរចិន ការលក់រថយន្តដឹកអ្នកដំណើរបានកើនឡើងនៅក្នុងខែឧសភា ជាលើកដំបូងក្នុងរយៈពេល១១ខែ។ ប្រ​ទេសនេះ បានលក់រថយន្តដឹកអ្នកដំណើរថ្មីចំនួន១,៦លានគ្រឿង កាលពីខែមុនពោលគឺកើនឡើង ១,៨%បើធៀបនឹងឆ្នាំមុន។

ប៉ុន្តែពាណិជ្ជកម្មនៅតែជាចំណុចរសើបមួយ សម្រាប់ប្រទេសចិន ដែលកំពុងគ្រប់​គ្រងភាពតានតឹង ជាមួយសហរដ្ឋអាមេរិក៕

គម្រោងអភិវឌ្ឍលំនៅដ្ឋាននិងខុនដូសរុបជាង ៣០ នាំគ្នាលក់បញ្ចុះតម្លៃរហូតដល់ ៤០ ភាគរយ

ដោយ ហ្សូលី

ភ្នំពេញ៖ គម្រោងអភិវឌ្ឍលំនៅដ្ឋានដូចជា ផ្ទះល្វែង វីឡា ផ្ទះអាជីវកម្ម និងគម្រោងខុនដូមួយចំនួន សរុបជាង ៣០ បាននាំគ្នាចូលរួមក្នុងកម្មវិធីមួយលក់បញ្ចុះតម្លៃអចលនទ្រព្យរហូតដល់ ៤០ ភាគរយ ដើម្បីជាការអរគុណដល់ការគាំទ្ររបស់អតិថិជន និងជាព្រឹត្តការណ៍ពិសេសដែលមិនធ្លាប់មានពីមុនមកនៅក្នុងប្រទេសកម្ពុជា។

នៅរយៈពេល ២ថ្ងៃខាងមុខទៀតគឺថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ២០២០ ចាប់ពីម៉ោង ៤រសៀល ដល់ម៉ោង ៨យប់ នឹងមានព្រឹត្តការណ៌លក់បញ្ចុះតម្លៃអចលនទ្រព្យដ៏ធំសម្បើមតាមប្រព័ន្ធអនឡាញ Black Friday Property Sale។ កម្មវិធីនេះគឺជាឱកាសដែលអនុញ្ញាតឱ្យវិនិយោគិន អ្នកទិញអចលនវត្ថុ ឬអ្នកទិញទុកវិនិយោគយកចំនេញ អាចមានសិទ្ធទិញអចលនវត្ថុមានតម្លៃទាបជាងទីផ្សាររហូតដល់ ៤០ភាគរយ។

ទន្ទឹមនេះ គម្រោងអភិវឌ្ឍទាំងអស់នោះ សុទ្ធតែជាគម្រោងថ្មីៗ និងល្បីៗ ពិសេសមានការទទួលស្គាល់ពីអាជ្ញាធរត្រឹមត្រូវស្របច្បាប់ និងជាក្រុមហ៊ុនអភិវឌ្ឍមានកេរ្តិ៍ឈ្មោះល្បីរន្ទឺ។ អតិថិជនទាំងអស់កុំបង្អង់យូរ ព្រោះលោកអ្នកមានឱកាសត្រឹម ៤ម៉ោងប៉ុណ្ណោះគឺចាប់ពីម៉ោង ៤រសៀល ដល់ម៉ោង ៨ យប់ ក្នុងការបញ្ជាទិញអចលនទ្រព្យក្នុងក្តីស្រម៉ៃដែលមានតម្លៃទាបមិនគួរជឿបែបនេះ។

គម្រោងអភិវឌ្ឍលំនៅដ្ឋាននិងខុនដូជាង ៣០ នោះមានដូចជា គម្រោងតាសាគរ ,រំដួលស៊ីធី ,Urban Village ,បុរី វីអាយភី ,The Parkway, The Skyline, The Paninsula Private Residences, The Sky Park, Bakong Village, Mekong View Tower និងគម្រោងល្បីៗជាច្រើនទៀត។

ដើម្បីមានឱកាសចូលរួម ជាដំបូងលោកអ្នកគ្រាន់តែធ្វើការចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://propertysale.realestate.com.kh/property-area ហើយបំពេញព័ត៌មានផ្ទាល់ខ្លួនមួយចំនួនជាការស្រេច។ បន្ទាប់មកនៅពេលដល់ថ្ងៃព្រឹត្តការណ៌មកដល់ ក្រុមការងារនឹងណែនាំអំពីរបៀបនៃការបញ្ជាទិញអចលនវត្ថុណាមួយដែលអ្នកចង់បាន ដោយមិនចាំបាច់មានភាពខ្វល់ខ្វាយនិងស្មុគស្មាញច្រើនឡើយ។

លក្ខខណ្ឌក្នុងការបញ្ជាទិញទៀតសោត មានភាពងាយស្រួលនិងឆាប់រហ័ស។ ជាក់ស្តែង បើសិនលោកអ្នករកឃើញប្រភេទអចលនវត្ថុដែលពេញចិត្ត លក្ខខណ្កកម្មវិធីគឺតម្រូវឱ្យធ្វើការកក់ប្រាក់ ៥០០ដុល្លារ ជាមុន។ បន្ទាប់មក លោកអ្នកមានរយៈពេល ១៤ថ្ងៃ ក្នុងការសម្រេចចិត្តជ្រើសរើស និងពិភាក្សាអំពីអចលនទ្រព្យជាក់លាក់ណាមួយជាមួយក្រុមហ៊ុនអភិវឌ្ឍ ដើម្បីជួបពិភាក្សាឬចុះកុងត្រា កិច្ចព្រមព្រៀងទិញ-លក់។ មិនតែប៉ុណ្ណោះ អ្នកក៏មានសិទ្ធទទួលបានប្រាក់កក់ ៥០០ដុល្លារ មកវិញផងដែរ ប្រសិនបើអ្នកមិនពេញចិត្តឬសម្រេចចិត្តថាមិនទិញវិញ៕

លោកស៊ុន ចាន់ថុលៈគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គនៅខេត្តក្រចេះ បានបញ្ចប់ការសិក្សា

ដោយវុត្ថា

ក្រចេះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអះអាងថា រហូតមកដល់ពេលនេះ គម្រោងសគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គនៅខេត្តក្រចេះត្រូវបានបញ្ចប់កសិក្សា ស្របតាមការស្នើរបស់ប្រមុខរាជរដ្ឋាភិបាលម្ពុជាសម្តេចតេជោហ៊ុន សែន។

លោកទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុល ក្នុងការចុះត្រួតពិនិត្យផ្លូវជាតិលេខ៧ (ក្រចេះ-​ត្បូងឃ្មុំ) នាថ្ងៃទី១០ មិថុនា ២០២០នេះ បានបញ្ជាក់ថា ការសាងសង់ស្ពាននេះ គឺដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងការដឹកជញ្ជូនទំនិញផ្សេងៗ ឆ្លងកាត់ស្ពាននេះ ពីខេត្តក្រចេះទៅកាន់ខេត្តកំពង់ធំ បានដោយស្រួល ហើយចំណាយពេលតិច។

លោកបន្តថា “ការសិក្សាសាងសង់ស្ពានេះ បានចប់សព្វគ្រប់អស់ហើយ សៀវភៅ  និងឯកសារផ្សេងៗមានទំាងអស់ ដោយត្រៀមតែក្រសួងសាធារណការ និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ពិភាក្សាគ្នាចចាតម្លៃ ជាមួយក្រុមហ៊ុនសាងសង់”។លោកបន្ថែមថា  “នៅពេលចចារចប់ និងមានការឯកភាព ព្រមទាំងសុំការអនុញ្ញាតពីសម្តេចតេជោរួចរាល់ហើយនោះ ទើបក្រសួងសេដ្ឋកិច្ចធ្វើលិខិតស្នើទៅមិត្តចិនដើម្បីសុំប្រាក់កម្ចី ។ នេះគឺជានិតិវិធី តែយ៉ាងណាយើងបានសិក្សារួចរាល់អស់ហើយ “។

លោកបន្ថែបថា និតិវិធីមិនមែនចេះតែធ្វើស្រួលៗនោះទេ  យើងត្រូវចូលរួមសិក្សាជាមួយគេ មើលឯកសារហើយ ពិនិត្យ និចចារហើយ រួចបញ្ជូនទៅមិត្តចិន ឱ្យគេពិនិត្យ ឯកភាព ឬមិនឯកភាព មានផលប៉ះពាល់ដល់បរិស្ថានដែរឬទេ  ដូច្នេះសូមបងប្អូនយើងឱ្យយល់ផង។

នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចតេជោហ៊ុន សែន ធ្លាប់បានលើកឡើងថារដ្ឋាភិបាលមានគំរោងច្រើន ក្នុងការធ្វើស្ពានឆ្លងកាត់ទន្លេ ជាពិសេសស្ពានឆ្លងកាត់មេគង្គនៅខេត្តក្រចេះ មិនតែប៉ុណ្ណោះរដ្ឋាភិបាល នឹងធ្វើស្ពានឆ្លងកាត់នៅតាមព្រែកនានាថែមទៀត ក្នុងការធ្វើអោយសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋមានការរីកលូតលាស់។

សម្តេចបន្តថា “ខ្ញុំសង្ឃឹមថា កម្ពុជានឹងបន្តទៅមុខថែមទៀត ក្នុងដំណើរដ៏រឹងមុំា”។

បើតាលោកស៊ុនចាន់ថុល ស្ពានឆ្លងកាត់ទន្លេខនៅខេត្តក្រចេះមួយខ្សែនេះ មានប្រវែង១,៧៦១ ម៉ែត្រដែលនឹងត្រូវសាងសង់ឡើងក្រោមថវិកា កម្ចីសម្បទានពីសាធារណរដ្ឋប្រជាមានិតចិន ដោយប្រើប្រាស់រយៈពេលចន្លោះពី ២ទៅ៣ឆ្នាំ ក្នុងការសាងសង់៕

ទីផ្សារខុនដូនៅតំបន់ចំនួន ៣ ក្នុងប្រទេសថៃកំពុងជាប់គាំងព្រោះគ្មានអតិថិជនទិញ

ដោយ ហ្សូលី

បាងកក៖ ទីផ្សារខុនដូនៅតំបន់ចំនួន ៣ ក្នុងប្រទេសថៃកំពុងទទួលរងនូវសភាពលិចលង់ ដោយសារតែខ្វះអ្នកទិញ។ វិស័យអចលនទ្រព្យនៅប្រទេសថៃ ៩០ភាគរយ ពឹងផ្អែកលើអ្នកទិញជាជនជាតិចិន ប៉ុន្តែពេលនេះទោះបីជាមានការផ្តល់ជូនទាក់ទាញយ៉ាងណា ក៏អ្នកទិញមិនទាន់សម្រេចចិត្តដោយសំអាងនូវហេតុផលសេដ្ឋកិច្ចធ្លាក់ចុះ។ម្យ៉ាងអ្នកទិញជនជាតិចិនទាំងនោះកំពុងធ្វើការប្រៀបធៀបតម្លៃរវាងខុនដូនៅថៃនិងនៅស្រុកកំណើតរបស់ខ្លួន។

ទីផ្សារខុនដូដ៏ល្បីល្បាញប្រចាំប្រទេសថៃមានចំនួន ៣កន្លែងដូចជា បាងកក ភូកេត និងផាតាយ៉ា។ តំបន់ដែលលេចធ្លោទាំង ៣នេះ បានរងគ្រោះយ៉ាងធ្ងន់ធ្ងរនិងទទួលរងនូវភាពជាប់គាំងដោយហេតុថាគ្មានអតិថិជនជាវអំឡុងវិបត្តិសេដ្ឋកិច្ចនេះ។

អតិថិជនចិនមកពីទីក្រុងប៉េកាំងម្នាក់បាននិយាយថា វិនិយោគិនចិនត្រូវចំណាយប្រាក់ប្រមាណជា ១២១,០០០ ដុល្លារ ទៅលើខុនដូមួយយូនីតមានទីតាំងស្ថិតនៅជាយក្រុងបាងកក តែពេលនេះដឹងត្រឹមថាក្រុមហ៊ុនអភិវឌ្ឍន៍នោះបានបញ្ចុះតម្លៃនៅសល់មិនដល់ ១០០,០០០ដុល្លារផង ពោលគឺត្រឹមជាង ៩ម៉ឺនដុល្លារប៉ុណ្ណោះ។

ប្រទេសថៃបានហាមឃាត់ការហោះហើរពាណិជ្ជកម្មអន្តរជាតិចូលមកក្នុងប្រទេសរហូតដល់ដំណាច់ខែមិថុនា។ ទោះបីជាមានការជជែកពីការអនុញ្ញាតឱ្យអ្នកដំណើរ ជាពិសេសជនជាតិចិនចូលក្នុងប្រទេស ដែលពឹងផ្អែកលើវិស័យទេសចរណ៍នេះក៏ដោយ អ្នកសង្កេតការណ៍ទីផ្សារបាននិយាយថា សកម្មភាពទេសចរណ៍ក្នុងស្រុកថៃនឹងមិនបន្តរហូតដល់ខែតុលា ឬដល់ខែធ្នូ។

ការវិនិយោគដ៏ច្រើននៅក្នុងគម្រោងខុនដូត្រូវបានធ្វើឡើងក្នុងចន្លោះឆ្នាំ ២០១២ និង ២០១៣ ដោយសារការលើកទឹកចិត្តរបស់រដ្ឋាភិបាល។ យោងតាមការស្រាវជ្រាវស្រាវជ្រាវរបស់ក្រុមហ៊ុន Krungsri Research របស់ធនាគារ Bank of Ayudhya បានឱ្យដឹងថាចាប់ពីឆ្នាំ ២០១០ ដល់ឆ្នាំ ២០១៨ ខុនដូថ្មីជាមធ្យម ១០៥,០០០ យូនីតត្រូវបានដាក់លក់នៅបាងកកជារៀងរាល់ឆ្នាំ ប៉ុន្តែការលក់មានត្រឹមតែប្រមាណ ៩៦.០០០ យូនីតប៉ុណ្ណោះក្នុងមួយឆ្នាំ។

នៅពេលដែលការរីករាលដាលនៃជំងឺរាតត្បាតធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ប្រទេស អ្នកអភិវឌ្ឍន៍ថៃកំពុងប្រើវិធីសាស្ត្រផ្សេងៗរួមមានទាំងការបញ្ចុះតម្លៃរហូតដល់ ៥០ ភាគរយ ដើម្បីទាក់ទាញអ្នកទិញ។

លោក Ribal Sansiri ប្រធានផ្នែកស្រាវជ្រាវនិងប្រឹក្សានៅក្រុមហ៊ុន Knight Frank Thailand បានមានប្រសាសន៍ថា និន្នាការនៃធ្លាក់ចុះនៃវិស័យខុនដូនេះទំនងជានឹងថយចុះទាំងការផ្គត់ផ្គង់និងតំរូវការ។ អ្នកជំនាញរូបនេះរំពឹងថា ត្រូវចំណាយពេល ២ ឆ្នាំទៀត ដើម្បីឱ្យទីផ្សារខុនដូមានភាពល្អប្រសើរ។ ខុនដូប្រហែលជា ១០០.០០០ យូនីតនៅតែត្រូវបានដាក់លក់នៅទីក្រុងបាងកក គិតត្រឹមខែឧសភា ឆ្នាំ ២០២០នេះ៕

ការសាងសង់រោងចក្រផលិតឥដ្ឋសំណង់នៅខេត្តកំពតសម្រេច ៨០% និងដាក់ឱ្យដំណើរនៅឆ្នាំ២០២១

ដោយវុត្ថា

កំពត៖ ដំណើរការសាងសង់រោងចក្រផលិតឥដ្ឋសំណង់ របស់សហគ្រាស ម្សៅបៀកភ្នំមាស ស្ថិតនៅភូមិត្រពាំងរុន ឃុំតានី ស្រុកអង្គរជ័យ ខេត្តកំពត ដែលកំពុងសាសង់បានប្រមាណជា ៨០% និងត្រូវដាក់ដំណើរនៅឆ្នាំ២០២១ ខាងមុខនេះ ។

នេះ បើយោងតាម លទ្ធផលនៃការចុះពិនិត្យដំណើរការសាងសង់រោងចក្រផលិតឥដ្ឋសំណង់នេះកាលពីថ្ងៃទី៩ខែមិថុនាឆ្នាំ ២០២០ ម្សិលមិញនេះ របស់លោក ជាវ តាយ អភិបាលខេត្ត និងលោក ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងថ្នាក់ដឹកនាំមន្ទីរពាក់ព័ន្ធ។

លោកជាវ តាយ ថ្លែងថា រោងចក្រផលិតឥដ្ឋសំណង់នេះ ប្រើប្រាស់បច្ចេកវិទ្យាខ្ពស់ ដែលមានសង្វាក់ផលិតកម្មស្វ័យប្រវត្តិមានសមត្ថភាពផលិតឥដ្ឋចំនួន ៨០០.០០០ដុំ (ប៉ែតសិបម៉ឺនដុំ) ក្នុងមួយថ្ងៃ ។ លក្ខណៈពិសេសនៃឥដ្ឋសំណង់ដែលផលិតដោយរោងចក្រនេះ គឺមានទម្ងន់ស្រាលជាងឥដ្ឋធម្មតា ងាយស្រួលក្នុងការប្រើប្រាស់ ។

លោកអភិបាលខេត្តបានកោតសរសើរចំពោះម្ចាស់សហគ្រាសដែលមានគំនិតផ្តួចផ្តើមសាងសង់រោងចក្រនេះឡើងដែលមានលក្ខណៈទំនើប ដែលត្រូវនឹងសភាពការណ៍អភិវឌ្ឍន៍នាពេលបច្ចុប្បន្នលើវិស័យសំណង់ក្នុងខេត្តកំពតកំពុងមានសន្ទុះកើនឡើង ធានានូវការផ្គត់ផ្គង់ឥដ្ឋសម្រាប់ការដ្ឋានសាងសង់នីមួយៗបានគ្រប់គ្រាន់និងទាន់ពេលវេលា ។

ជាមួយគ្នានេះ លោក ជាវ តាយ ក៏បានណែនាំដល់អាជ្ញាធរមូលដ្ឋានពាក់ព័ន្ធជួយសម្របសម្រួល និងបង្កលក្ខណៈងាយស្រួលជូនដល់សហគ្រាសក្នុងការសាងសង់រោងចក្រផលិតឥដ្ឋនេះទទួលបានជោគជ័យ និងដាក់ឱ្យដំណើរការក្នុងពេលឆាប់ៗខាងមុខ។

លោក យស មុនីរ៉ាត់ អ្នកនាំពាក្យក្រសួងរ៉ែ និងថាមពលធ្លាប់បានឱ្យដឹងកន្លងមកនេះថា ដោយសារមានការគាំទ្ររបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងវិស័យរ៉ែ បានបើកចំហរ និងជំរុញឱ្យក្រុមហ៊ុនឯកជននានាបមកធ្វើការសិក្សាស្រាវជ្រាវ និងវិយោគយ៉ាងផុលផុសក្នុងការផលិតសម្ភារៈសំណង់។ជាមួយគ្នានេះ វិស័យរ៉ែបានចូលរួមចំណែកអភិវឌ្ឍន៍វិស័យហេដ្ឋារចនាសម្ព័ន្ធ និងកំណើនសេដ្ឋកិច្ចជាច្រើននៅក្នុងប្រទេសកម្ពុជា ។

លោកបន្ថែមទៀតថា “កន្លងមកនេះ ក្រសួងបានអនុញ្ញាតឱ្យក្រុមហ៊ុន និងអាជីវករ ធ្វើអាជីវកម្មរ៉ែសំណង់ និងផលិតសម្ភារៈសំណង់ ដែលអាចបំពេញបាននូវការប្រើប្រាស់នៅក្នុងវិស័យសំណង់ក្នុងប្រទេសកម្ពុជាដោយពុំមានការខ្វះខាត”។

លោកពន្យល់ថា “រ៉ែសំណង់នេះផ្តោតសំខាន់ៗទៅលើ គ្រួស ខ្សាច់ និងថ្ម រួមជាមួយនឹងការផលិតជាដើមដែលជាវត្ថុធាតុដើមសម្រាប់បំរើឱ្យវិស័យសំណង់ បំពេញបានគ្រប់គ្រាន់តម្រូវតាមសេចក្តីត្រូវការរបស់សេដ្ឋកិច្ច និងសង្គម និងតម្រូវការសម្រាប់ហេដ្ឋារចនាសម្ព័ន្ធរបស់ជាតិ”។

លោកបញ្ជាក់ថា “បច្ចុប្បន្ននេះ ការអភិវឌ្ឍន៍យ៉ាងកំហុកលើវិស័យសំណង់ យើងក៏ត្រូវការធនធានរ៉ែសំណង់យកមកផ្គត់ផ្គង់។ ជាមួយគ្នានេះ យើងបានដាក់ឱ្យដំណើរការរោងចក្រផលិតស៊ីម៉ង់ត៍ ដែលមានសមត្ថភាពផលិតបានជាង ៨ លានតោនក្នុងមួយឆ្នាំ”៕

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាង កម្ពុជា-ចិន គ្រោងចុះហត្ថលេខានៅចុងឆ្នាំ២០២០

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាង កម្ពុជា-ចិន ដែលបាន និងកំពុងចរចាជិតដល់ទីបញ្ចប់ ដែលនឹងនាំមកនូវភាពល្អប្រសើរដល់ការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំង២ គ្រោងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងនៅត្រឹមចុងឆ្នាំ២០២០ខាងមុខនេះ។

តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្ម ស្ដីពីលទ្ធផលនៃការចរចាជុំទី៣ លើកិច្ចព្រមព្រៀងពាណិជ្ជកម្ម កម្ពុជា-ចិន បានឱ្យដឹងទៀតថា នៅល្ងាចថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០ ក្រុមការងារចរចាលើការធ្វើពាណិជ្ជកម្មសេរីរវាង កម្ពុជា-ចិន បានជួបប្រជុំគ្នាជាថ្មីម្តង តាមរយៈប្រព័ន្ធវីដេអូ។

ក្រនៅក្នុងសេចក្ដីប្រកាសដដែលបានបញ្ជាក់ថា កិច្ចប្រជុំបានពិភាក្សាផ្តោតសំខាន់ ទៅលើការបើកច្រកទីផ្សារ ផ្នែកទំនិញ សេវាកម្ម វិនិយោគ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-បច្ចេកទេស និងផ្នែកនីតិកម្ម ដែលនឹងជំរុញការនាំចេញទំនិញពីកម្ពុជា និងទាក់ទាញវិនិយោគបរទេស ឱ្យកាន់តែកើនឡើងថែមទៀត។

ក្នុងកិច្ចពិភាក្សានេះ ក្រុមការងារបច្ចេកទេសទាំង១០ក្រុម ក៏បានរាយការណ៍ពីវឌ្ឍនភាពសម្រេចបាន និងស្នើសុំអនុសាសន៍លើបញ្ហាប្រឈម ផ្នែកបច្ចេកទេសច្បាប់ និងគោលនយោបាយពីប្រធាន ក្រុមអ្នកចរចានៃប្រទេសទាំងពីរ ហើយបានឯកភាពលើគោលការណ៍ សំខាន់ៗ ទាក់ទងនឹងការបើកច្រកទីផ្សារផ្នែកទំនិញ និងសេវាកម្មផងដែរ។ ជាមួយគ្នានេះ ក្រុមការងារទាំង២ភាគី គ្រោងនឹងស្នើសុំគោលការណ៍ ពីរដ្ឋាភិបាលទាំងសងខាង ដើម្បីផ្តល់ការយល់ព្រម លើអត្ថបទកិច្ចព្រមព្រៀង និងសំណើបើកច្រកទីផ្សារ ព្រមទាំងជំពូកផ្សេងៗ ដើម្បីធ្វើការសម្រេចចិត្តប្រកាសបិទបញ្ចប់ការចរចា និងឈានទៅចុះហត្ថលេខា លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីនៅចុងឆ្នាំ២០២០នេះ៕

KrisEnergy អះអាងថា​ការអភិវឌ្ឍន៍​តំបន់​ប្រេង​អប្សរា​ជា “ក្តីសង្ឃឹម” របស់​ក្រុមហ៊ុន​នាពេល​អនាគត

ដោយ ប៊ី

ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់​របស់​ក្រុមហ៊ុន KrisEnergy បាន​និយាយថា ការអភិវឌ្ឍន៍​ប្លុក​A នៅក្នុង​តំបន់​ប្រេង​អប្សរា​របស់​អាង​គឺជា​មូលដ្ឋានគ្រឹះ ឬ​ជា​ក្តីសង្ឃឹម​នាពេល​អនាគត​របស់​ក្រុមហ៊ុន KrisEnergy ។ នេះ​បើ​យោងតាម​របាយការណ៍​ប្រចាំឆ្នាំ ២០១៩ ដែល​ចេញផ្សាយ​កាលពី​ចុង​សប្តាហ៍​កន្លងមកនេះ។

លោក Tan Ek Kia ប្រធាន​ប្រតិបត្តិ​ក្រុមហ៊ុន​បាន​និយាយថា អណ្តូងប្រេង​នៅ​ប្លុក​A មាន​សារៈសំខាន់​ខ្លាំងណាស់ សម្រាប់​អាជីវកម្ម​នាពេល​អនាគត​របស់​ក្រុមហ៊ុន ដោយ​កត់សម្គាល់ថា គម្រោង​នេះ​នឹង​ក្លាយជា​ប្រវត្តិសាស្ត្រ សម្រាប់​ព្រះរាជាណាចក្រ​កម្ពុជា។

បច្ចុប្បន្ន មានការ​ងារ​ភូមិសាស្ត្រ និង​ភូគព្ភសាស្ត្រ​ជាច្រើន​ត្រូវបាន​អនុវត្ត​នៅក្នុង​ប្លុក ក៏ដូចជា​ការរុករក​រ៉ែ និង​ការវាយតម្លៃ។

លោក​បាន​កត់សម្គាល់ថា ក្នុងចំណោម​អណ្តូង​ទាំង២៧ ដែល​ខួង​នៅក្នុង​តំបន់​អាជ្ញាប័ណ្ណ ក្នុងនោះ២៣បាន​ជួបប្រទះ​ប្រេង និង​ឧស្ម័ន។

ដោយសារ​ដែនទឹក​កម្ពុ​ជា មិនទាន់​ផលិត​ប្រេង​បាន លោក​មានប្រសាសន៍ថា ក្រុមហ៊ុន កំពុងប្រកាន់យក​នូវ​វិធីសាស្ត្រ​ប្រុងប្រយ័ត្ន និង​អណ្តូងប្រេង​សម្រាប់​ដំណាក់កាល​ដំបូង​នៃ​ការអភិវឌ្ឍន៍។

លោក​បន្តថា “នៅពេល​ដំណើរការ​នៅ​ឆ្នាំនេះ យើង​នឹង​អាច​សង្កេតមើល​ការអនុវត្ត​អាង​ស្តុក​ប្រេង និង​កត់ត្រា​ទិន្នន័យ​មានតម្លៃផ្សេងៗទៀត ដើម្បី​រៀបចំ​ដំណើរ​ឆ្ពោះទៅមុខ​សម្រាប់​ដំណាក់កាល​អភិវឌ្ឍន៍​ប​ន្ទា​ប់” ។ លោក​បន្តថា “សព្វថ្ងៃនេះ​យើង​ជឿជាក់ថា វា​មាន​សក្តានុពល​សម្រាប់​វេទិកា​ចំនួន៣ បន្ថែមទៀត​នៅក្នុង​តំបន់​អប្សរា និង​តំបន់​ប្រេង​អប្សរា ជា​ផ្នែក​មួយ​នៃ​ប្រាំពីរ​នៅក្នុង​ប្រទេស​កម្ពុជា​ប្លុក ​A ដែល​ត្រូវបាន​គេ​រំពឹងថា​ជា​ទ្រព្យ ដែល​រកប្រាក់​ចំណូល​បាន​ខ្ពស់បំផុត នៅក្នុង​ផលប័ត្រ​របស់​ក្រុម​ក្នុង​រយៈពេល​យូរ” ។

លោក Tan បាន​បន្ថែមទៀតថា ការងារ​លើ​គ្រឿង​បរិក្ខារ​អប្សរា កំពុងស្ថិត​ក្នុងដំណាក់កាល​ជឿនលឿន ទោះបីជា​មានការ​ពន្យារ​ពេល​នៃ​ការប្រគល់​សម្ភារៈ និង​ឧបករណ៍ និង​ការរំខាន​ដល់​ចលនា​បុគ្គលិក និង​ការងារ​ក៏ដោយ ដោយសារតែ​ការ​រឹតត្បិត​ពី​ជំងឺ COVID-19 ។

លោក​បាន​មានប្រសាសន៍ថា “ទោះយ៉ាងណា​យើង​នៅតែ​បន្ត​ប្រតិបត្តិការ ដែល​អាចធ្វើ​ទៅបាន ហើយ​កំពុង​សម្របសម្រួល យ៉ាង​ជិតស្និទ្ធ​ជាមួយ​អ្នកផ្គត់ផ្គង់ និង​អ្នកម៉ៅការ​ដើម្បី​កាត់បន្ថយ​ការពន្យារពេល” ។

ក្រុមហ៊ុន KrisEnergy និង​រដ្ឋាភិបាល​កម្ពុជា បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នេះ​កាលពី​ខែសីហា​ឆ្នាំ២០១៧ ក្រោម​កិច្ចព្រមព្រៀង៩៥ភាគរយ នៃ​ផលប្រយោជន៍​ការងារ​របស់​ក្រុមហ៊ុន និង៥ភាគរយ​ទៀត​ដែល​នៅសល់​របស់​រដ្ឋាភិបាល។

ក្រុមហ៊ុន​ក្នុង​ឆ្នាំ ២០១៩ ចំណាយ​ប្រាក់​ប្រមាណ៤៦,៦លាន​ដុល្លារ ដែល​បាន​ផ្តោត​ជា​ចំបង ទៅលើ​ការអភិវឌ្ឍ​អណ្តូងប្រេង​អប្សរា​របស់​ប្រទេស​កម្ពុជា​ក្នុង​ប្លុក A ៕