ខេត្ត​ព្រះសីហនុ​ទាក់ទាញ​សហគ្រាស​ធុន​តូច និង​មធ្យម​ចំនួន ១១៤៩មូលដ្ឋានជាមួយ​ទំហំ​ទុន​ជិត ២៧លាន​ដុល្លារ

ដោយៈ វុត្ថា

ភ្នំពេញៈ អភិបាលខេត្ត​ព្រះសីហនុ​លោក​គួច ចំរើន​បានឱ្យដឹងថា ស្ថិតិ​សហគ្រាស​ធុន​តូច និង​មធ្យម និង​សិប្បកម្ម​នៅក្នុង​ខេ​ត្ព​ព្រះសីហនុ​ទាំងមូល  មាន​ចំនួន១១៤៩ មូលដ្ឋាន ដែលមាន​ទុនវិនិយោគ​សរុប​មាន​ចំនួន២៦ .៨៩៥ .៨១១ ដុល្លា​អាមេរិក  និង​ផ្តល់​ពលកម្ម​សរុប​មាន​ចំនួន៥. ២៦១នាក់។

លោក​អភិបាលខេត្ត​ព្រះសីហនុ នៅក្នុង​ស​ន្និ​ស​ទី​សារព័ត៌មាន​ស្តីពី «វឌ្ឍនភាព និង​ទិសដៅ​ការងារ​បន្ត​របស់​រដ្ឋ​បាល​ខេត្ត​ព្រះសីហនុ»នា​ថ្ងៃទី ៩ ខែមិថុនា ឆ្នាំ ២០២០នេះ​ឱ្យដឹងថា សហគ្រាស​ធុន​តូច និង​មធ្យម និង​សិប្បកម្ម រួមមាន៖ ១-ក្រុងព្រះសីហនុ​មាន​ចំនួន ៦៥៩ មូលដ្ឋាន ២-ស្រុក​ស្ទឹងហាវ    មាន​ចំនួន ៩៦មូលដ្ឋាន  ៣-ស្រុក​ព្រៃនប់ មាន​ចំនួន ៣៥៣ មូលដ្ឋាន៤-ស្រុក​កំពង់​សិលា​មាន​ចំនួន៤១មូលដ្ឋាន។

លោ​កប​បន្តថា សម្រាប់​ឧស្សាហកម្ម​ធុន​ធំ មាន​រោងចក្រ​សរុប​ចំនួន២១៧ រោងចក្រ ក្នុងនោះ​មាន៖ ១-រោងចក្រ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ចំនួន១៥១ រោងចក្រ- រោងចក្រ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​ចំនួន៩រោងចក្រ – តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ (បិត​ត្រាង) ចំនួន១៣៦រោងចក្រ និង​តំបន់​សេដ្ឋកិច្ច​ពិសេស​ចេ​ជាង (ព្រៃនប់) ចំនួន ១២ រោងចក្រ។

២- រោងចក្រ​ក្រៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​មាន​ចំនួន ៦៦ រោងចក្រ មាន​ទុនវិនិយោគ  សរុប​ចំនួន​ជាង១.១៤៥ ពលកម្ម​សរុប​ចំនួន១៧.៦៨៤នាក់។

លោក​គួច ចំរើន​បានបញ្ជាក់​ទៀតថា ក្នុង​រយៈពេល​ដែលមាន​ការផ្ទុះ​ឡើង​នូវ​ជំងឺ Covid-19 មានតែ​រោងចក្រ​ប្រមាណ២០ ដែល​បានប្រកាស​ព្យួរការងារ និង​មាន​កម្មករ​និង​កម្មការិនី ដែល​រង​ផលប៉ះពាល់​ប្រមាណ៤០០០នាក់​ប៉ុណ្ណោះ តែ​ក៏មាន​ក​រោងចក្រ​មួយចំនួន​បានប្រកាស​បន្ថែម​ម៉ោង​ការងារ​ផងដែរ៕

រដ្ឋបាល​ខេត្តកំពត​គ្រោង​រៀបចំ​ផែនទី​កំណត់​តំបន់​សួន​កសិឧស្សាហកម្ម និង​អេកូ​ទេសចរណ៍ ដើម្បី​ទាក់ទាញ​ការវិនិយោគ

ដោយៈ រ៉ា​ណេ​ត

កំ​ពតៈ រដ្ឋបាលខេត្ត និង​សភាពាណិជ្ជកម្ម​ខេត្តកំពត កំពុង​សិក្សា​រៀបចំ​គម្រោង​បង្កើត​ផែនទី​កំណត់​តំបន់​សួន​កសិឧស្សាហកម្ម និង​អេកូ​ទេសចរណ៍ ដើម្បី​ងាយស្រួល​ក្នុងការ​បង្ហាញ​ដល់​បណ្តា​វិនិយោគិន ក្នុង​គោលបំណង​បង្កើន​ភាព​ទាក់ទាញ​លើ​ការវិនិយោគ​នៅក្នុង​ខេត្ត។

លោក​ឧកញ៉ា ហាក់ សុ​វណ្ណា ប្រធានសភា​ពាណិជ្ជកម្ម​ខេត្តកំពត-កែប បាន​មានប្រសាសន៍ថា នៅក្នុង​ឱកាស​ចូលជួប​ពិភាក្សា​ការងារ ជាមួយ​រដ្ឋបាល​ខេត្តកំពត នៅ​ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០ថា កន្លងមកនេះ មាន​វិនិយោគ​គិ​ន​ជាច្រើន បាន​ចាប់អារម្មណ៍​ខេត្តកំពត​ជាខ្លាំង ដោយឡែក​ក្នុង​ខេត្ត​មួយ​នេះ នៅ​មិនទាន់មាន​ផែនទី​កំណត់​សម្រាប់​អនុវត្ត​ជាក់លាក់​នៅឡើយ​ថា តំបន់​ណា​ជា​តំបន់កសិកម្ម តំបន់​ណា​ជា​តំបន់កសិឧស្សាហកម្ម ហើយ​តំបន់​ណា ជា​តំបន់​អេកូ​ទេសចរណ៍​តំបន់​ណា។

ដូចនេះ សភាពាណិជ្ជកម្ម​ខេត្ត បាន​ស្នើសុំ​ធ្វើការ​នេះ​ជាមួយ​រដ្ឋបាលខេត្ត និង​មន្ទីរជំនាញ ដើម្បី​ងាយស្រួល​នាពេល​ក្រោយ បង្ហាញ​ដល់​វិនិយោគ​គិ​ន។

ជាមួយគ្នានេះ លោក​ឧកញ៉ា ហាក់ សុ​វណ្ណា ក៏បាន​ជម្រាបជូន​អំពី​តួនាទី​របស់​សភាពាណិជ្ជកម្ម​ខេត្ត ទៅលើ​ការជួយ​សម្របសម្រួល ជាមួយ​វិស័យ​សាធារណៈ និង​វិស័យ​ឯកជន សំដៅ​ធ្វើយ៉ាងណា​ឱ្យ​វិស័យ​ទាំង២នេះ មាន​សុខដុម​នីយកម្ម​ជាមួយគ្នា ជាពិសេស អាច​កៀរគរ​វិនិយោគិន​ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក មក​បណ្តាក់ទុន​វិនិយោគ​នៅក្នុង​ខេត្ត​ឱ្យបាន​កាន់តែច្រើន។

អភិបាល​ខេត្តកំពត លោក ជាវ តា​យ បាន​មានប្រសាសន៍ថា សភាពាណិជ្ជកម្ម​ខេត្តកំពត-កែប បាន​ចូលរួមចំណែក​យ៉ាងសំខាន់ ក្នុងការ​អភិវឌ្ឍន៍​ប្រទេស​ឱ្យ​រីកចម្រើន ពិសេស​ខេត្តកំពត  ហើយ​ពេល​បច្ចុប្បន្ននេះ ក្រៅពី​កំណើន​នៃ​ចំនួន​គម្រោង​វិនិយោគ​លើ​គ្រប់​វិស័យ កំណើន​ភ្ញៀវទេសចរ​ក្នុង​ខេត្ត ក៏បាន​កើន​ឡើងជា​បន្តបន្ទាប់​នៅតាម​តំបន់​អេកូ​ទេសចរណ៍ ដោយ​ក្នុងនោះ​ភ្ញៀវទេសចរ​ប្រមាណ៥២ភាគរយ បាន​ទៅលេង​នៅ​តំបន់​ទឹកឈូ។

លោក​បាន​បញ្ជាក់ថា ពាក់ព័ន្ធ​ទៅនឹង​គម្រោង​នៃ​ការបង្កើត​ផែនទី សម្រាប់​កំណត់​តំបន់​សួន​កសិក​ឧស្សាហកម្ម តំបន់​អេកូ​ទេសចរណ៍ ក៏ដូចជា​តំបន់កសិកម្ម​ជាដើម​នេះ តម្រូវ​មានការ​សិក្សា​ឱ្យបាន​លម្អិត ដើម្បី​ជៀសវាង​មាន​ផលប៉ះពាល់ផ្សេងៗ ដែល​អាច​កើតមាន៕

សណ្ឋាគារ​ផ្កាយ៤ថ្មី​មួយ​ក្រោម​ការបោះ​ទុនវិនិយោគ​ជា​ង៣៥លាន​ដុល្លារ​នឹងបង្ហាញ​វត្ត​មាននៅ​ទីក្រុង​ភ្នំពេញ

ដោយ ប៊ី

ភ្នំពេញៈ គម្រោង​សណ្ឋាគារ​ថ្នាក់​ផ្កាយ៤ថ្មី​មួយ ដែលមាន​ទុនវិនិយោគ​ជាង៣៥លាន​ដុល្លារ​នឹង​បង្ហាញខ្លួន​នៅ​ទឹកដី​ក្រុងភ្នំពេញ។ នេះ​បើ​យោងតាម​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​នៅ​ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០ ។

តាម​សំណើសុំ​វិនិយោគ​របស់​ក្រុមហ៊ុន គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានសម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​ជា​ស្ថាពរ ជូន​ដល់​ក្រុមហ៊ុន SUN & MOON HOTEL CO., LTD. សម្រាប់​គម្រោង​សាងសង់​និង​អាជីវកម្ម​សណ្ឋាគារ​ថ្នាក់​ផ្កាយ៤នេះ។

គម្រោង​សាងសង់ និង​អាជីវកម្ម​សណ្ឋាគារ​ថ្នាក់​ផ្កាយ៤ មាន​ចំនួន២០០បន្ទប់ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ដី​ឡូ​តិ៍​លេខ២៨៥ មហាវិថី​ព្រះ​នរោត្តម ជាប់​ស្ពាន​ព្រះមុនីវង្ស កែង​ផ្លូវ​លេខ២៣៣ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ មាន​ទុនវិនិយោគ​ប្រមាណ៣៥,២លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន៥៣៥កន្លែង។

កាលពី​មីនា ឆ្នាំ២០២០ កម្ពុជា​បានជា​ប់​លំដាប់​កំពូល ដោយ​ស្ថិត​ចំណោម១០ ទិសដៅ​វិនិយោគ​សណ្ឋាគារ​លំដាប់​ផ្កាយ៥ ដែលមាន​តំលៃ​សមរម្យ និង​ទទួលបាន​ចំណាត់ថ្នាក់​ខ្ពស់បំផុត​នៅលើ​ពិភពលោក។

យោងតាម​ការសិក្សា​មួយ ដែល​ចេញផ្សាយ​នៅ​សប្តាហ៍​នេះ ដោយ​គេហទំព័រ The Hotel Guru បាន​ចាត់​ចំណាត់ថ្នាក់​ព្រះរាជាណាចក្រ​កម្ពុជា ស្ថិតនៅក្នុង​លេខ​រៀង​ទី៩ នៅលើ​ពិភពលោក ទាក់ទង​នឹង​លទ្ធភាព និង​របៀប​ដែល​កម្ពុជា​ត្រូវបាន​ពិនិត្យមើល និង​វាយតម្លៃ​ដោយ​អតិថិជន។ គេហទំព័រ​ពិពណ៌នា​ខ្លួន​ថា ជា​គេហទំព័រ​ដែលមាន​បេសកកម្ម​ស្វែងរក និង​ពិនិត្យឡើងវិញ នូវ​កន្លែង​ល្អ​បំផុត​ដើម្បី​ស្នាក់នៅ​ជុំវិញ​ពិភពលោក។

ការសិក្សា​នេះ បាន​គ្របដណ្តប់​លើ​ប្រទេស​ចំនួន៩៩ នៃ​ទ្វីប​ចំនួន៦នៅលើ​ពិភពលោក។

បណ្តា​ប្រទេស​នៅ​អឺរ៉ុប បាន​គ្រប់គ្រង​ចំណាត់ថ្នាក់​ដោយមាន៧ប្រទេស ស្ថិតក្នុង​ចំណាត់ថ្នាក់​កំពូល​ទាំង១០ ដឹកនាំ​ដោយ​អា​មេ​នី ដែល​ឈរ​នៅ​ចំណាត់ថ្នាក់​ទី១ ។ ប្រទេស​អឺរ៉ុប​ចំនួន៦ផ្សេងទៀត ដែល​ស្ថិតក្នុង​ចំណាត់ថ្នាក់​កំពូល​ទាំង១០ គឺ​ប្រទេស​ស៊ែ​ប៊ី ទី២ ប៉ូឡូញ ទី៤ លី​ទុយ​អា​នី ទី៥ រ៉ូ​ម៉ា​នី ទី ៧ ប៊ុលហ្គារី ទី៨ និង​ឡា​ត​វី​ទី១០ ។

ប្រទេស​ផ្សេងទៀត នៅក្នុង​កំពូល​ទាំង១០ ត្រូវបាន​កាន់កាប់​ដោយ​បណ្តា​ប្រទេស​អាមេរិក​ខាង ត្បូង​កូ​ឡុំ​ប៊ី​ជាប់​លេខ​រៀង​ទី៣ និង​ប៉ា​រ៉ា​ហ្គា​យ​លេខ​រៀង​ទី៦ ។

ប្រទេស​កម្ពុជា ជាប់​ជា​ប្រទេស​តែមួយគត់​មកពី​អាស៊ី ដែល​បាន​ជាប់​ចំណាត់ថ្នាក់​កំពូល​ក្នុងចំណោម ១០ប្រទេស។

ក្នុងការ​បង្កើត​ចំណាត់ថ្នាក់ គេហទំព័រ Hotel Guru បានចាត់ទុក​មិន​ត្រឹមតែ​ជាត​ម្លៃ​ទាប​ជា​មធ្យម សម្រាប់​ការ​ស្នាក់នៅ​ពេលយប់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​មតិ​របស់​អ្នកដំណើរ​ផងដែរ។

ប្រទេស​កម្ពុ​ជាមាន​សណ្ឋាគា​រលំ​ដាប់​ផ្កាយ​ប្រាំ កាន់តែច្រើនឡើង។ ភាគច្រើន​សណ្ឋាគារ​លំដាប់​ផ្កាយ​ប្រាំ​នៅ​កម្ពុជា មាន​ទីតាំងនៅ​រាជធានី​ភ្នំពេញ ខេត្តសៀមរាប និង​ខេត្ត​ព្រះសីហនុ៕

រដ្ឋាភិបាល​ជួល​កោះរ៉ុង​ឱ្យ​វិស័យ​ឯកជន​ធ្វើការ​អភិវឌ្ឍន៍

ដោយៈ វុត្ថា

ភ្នំពេញៈ រាជរដ្ឋាភិបាល​បាន​ជួល​កោះរ៉ុង នៃ​ខេត្ត​ព្រះសីហនុ ឱ្យ​ក្រុមហ៊ុន​វិស័យ​ឯកជន​អភិវឌ្ឍន៍ ខណៈ​ក្រុមហ៊ុន​ដែល​ទទួលបាន​សិទ្ធិ​វិនិយោគ​បាន និង​កំពុង​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ និង​សាងសង់​ជា​ប្រភេទ​នៃ​សណ្ឋាគារ​ផងដែរ។

លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ នៅក្នុង​ស​ន្និ​ស​ទី​សារព័ត៌មាន​ស្តីពី «វឌ្ឍនភាព និង​ទិសដៅ​ការងារ​បន្ត​របស់​រដ្ឋ​បាល​ខេត្ត​ព្រះសីហនុ» នា​ថ្ងៃទី៩ ខែមិថុនា ឆ្នាំ ២០២០នេះ បានឱ្យដឹងថា បច្ចុប្បន្ន​ក្រុមហ៊ុន​បាន និង​កំពុង​សាងសង់​ផ្លូវ​នៅក្នុង​តំបន់​កោះរ៉ុង​នេះ តែ​យ៉ាងណាក៏ដោយ​តំបន់​នេះ​គ្មាន​ទឹកសាប​ប្រើប្រាស់ មានតែ​ទឹកប្រៃ  ហើយ​អ្វីដែល​ត្រូវការ​គឺ​ទឹកស្អាត​ប្រើប្រាស់ និង​អគ្គិសនី​សម្រាប់​ជា​មូលដ្ឋាន​ក្នុងការ​វិនិយោគ។

លោក​បន្តថា “ឥឡូវ​យើង​មិនទាន់មាន​ស្ថានីយ៍​ទឹកស្អាត​ទេ យើង​មិនទាន់មាន​អគ្គិសនី ឯ​ចំណែក​ផ្លូវថ្នល់​ក៏​មិនទាន់​ល្អ បើទោះបី​ភ្ញៀវទេសចរ​ទៅលេង​រាល់ថ្ងៃ​ក៏ដោយ ពួកគេ​មិនទាន់បាន​ទៅ​មើល​ការអភិវឌ្ឍ​ជារួម​នៅលើ​កោះ​នោះទេ។

លោក​បន្ថែមថា “ដូច្នេះហើយ យើង​កំពុង​ជំរុញ​ធ្វើ​យ៉ាងម៉េច​ឱ្យមាន​ទឹកស្អាត និង​អគ្គិសនី​ប្រើប្រាស់​ឱ្យបាន​គ្រប់គ្រាន់។ ម្យ៉ាងទៀត យើង​មិនអាច​ត​បណ្តាញ​ទុយោ​ទឹក ឬ​បណ្តាញ​អគ្គិសនី​ដោយ​អូស​កាត់​សមុទ្រ​នោះទេ ព្រោះ​មានការ​ចំណាយ​ច្រើនណាស់ យើង​ត្រូវតែមាន​ការវិនិយោគ​នៅ​ទីនោះ​តែម្តង” ។

លោក​អភិបាលខេត្ត​បញ្ជាក់ទៀតថា រហូត​ម​ដល់ពេលនេះ រាជ​រដ្ឋា​ភិ​បានឱ្យ​មានការ​វិនិយោគ​អគ្គិសនី តែ​យើង​មិនទាន់​បានបញ្ចប់​ការសិក្សា ពី​ផលប៉ះពាល់​ចប់​ចុង​ចប់​ដើម​នោះទេ  តែ​សម្រាប់​ទឹកស្អាត​វិញ គឺ​ប្រើប្រាស់​មិនទាន់មាន​ស្តង់ដារ ពោលគឺ​មិនទាន់មាន​ឡា​បូ​ពិនិត្យ។

លោក​អភិបាលខេត្ត​បញ្ជាក់ថា កន្លងមកនេះ​រាជរដ្ឋាភិបាល​បាន​បង្កើត ក្រុង​មួយ និង​សង្កាត់​ពីរ សម្រាប់​បំរើសេវា​ជូន​ដល់​ប្រជាពលរដ្ឋ ដែលមាន​ចំនួន១០០០ គ្រួសារ តែ​អ្វីដែល​សំខាន់​គឺ ការ​ង្កើ​ត​នេះ​ដើម្បី​បំរើសេវា និង​ការពារ​ដល់​ភ្ញៀវទេសចរ ដែល​ទៅលេង​កម្សាន្ត​នៅ​ទីនោះ។

រាជរដ្ឋាភិបាល​កម្ពុជា​កាលពីដើមឆ្នាំ២០១៩ បានចេញ​អនុក្រឹត្យ​លេខ០២ អនក្រ.បក ស្តីពី​ការបង្កើត​ក្រុង​កោះរ៉ុង នៃ​ខេត្ត​ព្រះសីហនុ ដោយ​កាត់​យក​សង្កាត់​ចំនួន២ គឺ​សង្កាត់​កោះរ៉ុង និង​សង្កាត់​កោះរ៉ុង​សន្លឹម នៃ​ខេត្ត​ព្រះសីហនុ៕

ចំណេះដឹង! អ្វី​ជា​ប្រតិបត្តិការ​គតិយុត្តិ​លើ​មូល​នី​ធិ​ពាណិជ្ជកម្ម?

ដោយៈ វុត្ថា

ភ្នំពេញៈ សមាសភាព​នៃ​មូល​នី​ធិ​ពាណិជ្ជកម្ម ត្រូវបាន​ស្តែងឡើង តាមរយៈ​សមាសភាព​អ​រូបិយ និង​ច​រិ​ក​គតិយុត្ត​នៃ​មូល​នី​ធិ​ពាណិជ្ជកម្ម ដែល​លើកឡើង​អំពី​បែបបទ​ដែលជា​គោលការណ៍​នៃ​នីតិ​ពាណិជ្ជកម្ម នៅក្នុង​វិស័យ​មូល​នី​ធិ​ពាណិជ្ជកម្ម។

នៅក្នុង​ក្របខ័ណ្ឌ​នៃ​ច​រិ​ក​គតិយុត្ត នៃ​មូល​នី​ធិ​ពាណិជ្ជកម្ម យើង​លើកឡើង​អំពី​គោលការណ៍​នៃលក្ខណៈ​ជាស​កល​ភាព និង​គោលការណ៍​នៃលក្ខណៈ​ជា​ចលនទ្រព្យ និង​ជា​អរូប​ទ្រព្យ។ ដោយឡែក​គេ​បានធ្វើការ​បែក​ចែក​ប្រតិបត្តិការ​គតិយុត្ត ជា​លក្ខណ​នៃ​ការលក់​មូល​នី​ធិ​ពាណិជ្ជកម្ម (ក) និង​កាប​ញ្ចាំ​មូល​នី​ធិ​ពាណិជ្ជកម្ម (ខ)។

មូលនិធិ​ពាណិជ្ជកម្ម គឺជា​វត្ថុ​មួយ​ទាំងមូល ដែល​ឋិត​នៅក្រោម​របប​គតិយុត្ត​ពិសេស​មួយ​ខុសពី​របប​គតិយុត្ត ដែល​អនុវត្ត​ចំពោះ​សមាសធាតុនីមួយៗ ដូច្នេះ​វិធាន​ដែល​គ្រប់គ្រង​ការលក់ ឬ​កា​រប​ញ្ជាំ​មូល​នី​ធិ​ពាណិជ្ជកម្ម​ជាទូទៅ ដូចគ្នា​នឹង​វិធាន​ដែល​អនុវត្ត​ចំពោះ​ការលក់ និង​ការ​បញ្ចាំ​សមាសធាតុនីមួយៗ ដែលជា​រូប​ទ្រព្យ​ឬ​អរូប​ទ្រព្យ​នោះ ដើម្បី​បញ្ជាក់​ពី​ធាតុ​ត្រឹមត្រូវ​នៃ​អនុភាព​វត្ថុ​នោះ។

គេ​មិនអាច​អះអាងថា មូលនិធិ​ពាណិជ្ជកម្ម​គឺ ជា​សកម្មភាព​នៃ​និតិ​ទេ មានន័យថា​បេតិកភណ្ឌ​មួយ​ប្រភេទ​ដាច់ដោយឡែក និង​ផ្សេង​ពី​ភាគ​ដែល​នៅសល់ នៃ​បេតិកភណ្ឌ​របស់​ពាណិជ្ជករ ហើយ​តាមពិត​មូល​នី​ធិ​ពាណិជ្ជកម្ម មិន​ធានា​សងបំណុល​ពាណិជ្ជកម្ម​ឡើយ និង​មានតែ​សកម្ម​ទ្រព្យ​ប៉ុណ្ណេះ​ជា សមាសភាព ពោលគឺ​គ្មាន​អកម្ម​ទ្រព្យ​ទេ។

មូល​នី​ធិ​នេះ​ចូលរួម​ជា​ផ្នែក​មួយ នៃ​បេតិកភណ្ឌ​ទូទៅ​របស់​ពាណិជ្ជករ និង​ត្រូវ​ធានា​សង​គ្រប់​ប្រភេទ​របស់​ពាណិជ្ជករ​នោះ ទាំង​បំណុល​រដ្ឋប្បវេណី និង​បំណុល​ពាណិជ្ជកម្ម៕

ក្រាំងធ្នង់ នៅតែមមាញឹកនៅលើការសាងសង់បុរីលំនៅដ្ឋានទាន់សម័យ

ដោយ ហ្សូលី

ភ្នំពេញ៖ សង្កាត់ក្រាំងធ្នង់ ស្ថិតនៅក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ បានប្រែក្លាយខ្លួនជាតំបន់ស្ថិតនៅកៀកនឹងទីក្រុង ខណៈបច្ចុប្បន្នក្រាំងធ្នង់នៅតែបន្តមានសកម្មភាពមមាញឹកទៅលើការសាងសង់បុរីលំនៅដ្ឋានតាមបែបទាន់សម័យ សម្រាប់មនុស្សជំនាន់ថ្មី។

លោក ខុម មុនីរតន៍ អ្នកជំនាញអចលនទ្រព្យ និងជាស្ថាបនិកក្រុមហ៊ុនអចលនទ្រព្យKing Residence ធ្លាប់បានរៀបរាប់កាលពីថ្មីៗនេះថា ក្រាំងធ្នង់ពិតជាមានការអភិវឌ្ឍខ្លាំងទៅលើវិស័យបុរីលំនៅដ្ឋាន និងមានសកម្មភាពអភិវឌ្ឍជាបន្តបន្ទាប់។

ចំណែកឯប្រធានសមាគមនអ្នកវាយតម្លៃ និងជាភ្នាក់ងារអចលនវត្ថុកម្ពុជា លោក ច្រឹក សុខនីម បានមានប្រសាសន៍ថា កាលពីដើមឡើយក្រាំងធ្នង់គ្មានការរីកចម្រើននោះទេ គឺជាដីស្រែតែប៉ុណ្ណោះ ប៉ុន្តែសព្វថ្ងៃនេះសង្កាត់ក្រាំងធ្នង់នៃខណ្ឌសែនសុខ បានក្លាយទៅជាតំបន់មានការអភិវឌ្ឍដោយមិននឹកស្មានដល់ និងជាតំបន់មានភាពរីកចម្រើនខ្លាំង។

លោកបន្ថែមថា សង្កាត់ក្រាំងធ្នង់កំពុងមានការអភិវឌ្ឍច្រើន ទាំងគម្រោងហេដ្ឋារចនាសម្ព័ន្ធ អគារផ្សេងៗ ពិសេសសំណង់លំនៅដ្ឋានមានការកើនឡើងជាហូរហែ។

ជាមួយគ្នានេះ បុរី អូរ៉ូរ៉ា ស៊ីធី ដែលជាក្រុមហ៊ុនអភិវឌ្ឍលំនៅដ្ឋានប្រភេទផ្ទះអាជីវកម្ម ក៏បានលាតសន្ធឹងនៅលើទឹកដីតំបន់ក្រាំងធ្នង់ផងដែរ។ ដោយមើលឃើញពីសក្តានុពលតំបន់ គុណភាពសំណង់រឹងមាំ បានបណ្តាលឱ្យអតិថិជនមានការគាំទ្រឥតឈប់ឈរទៅលើ បុរី អូរ៉ូរ៉ា ស៊ីធី គម្រោងក្រាំងធ្នង់។

លំនៅដ្ឋានប្រកបអាជីវកម្មរបស់បុរី អូរ៉ូរ៉ា ស៊ីធី មានលក្ខណៈពិសេសខុសពីគេជាច្រើនយ៉ាងដូចជា កម្ពស់ផ្ទះមានដល់ទៅ ៣ជាន់កន្លះ ចាក់ប្លង់សេចាប់ពីជាន់ផ្ទាល់ដីដល់ដំបូល រៀបដែកចំនួន ២ស្រទាប់ ព្រមទាំងផ្តល់ជូនទំហំផ្ទះធំទូលាយរួមមាន 4.5×14ម៉ែត្រ 4.5×16ម៉ែត្រ 4.5×18ម៉ែត្រ និង 5.5×16ម៉ែត្រ។ រចនាបថសំណង់សាងសង់តាមបែបប្រទេសអូស្រា្តលី ដែលសាកសមសម្រាប់មនុស្សជំនាន់ថ្មី រស់នៅពោរពេញដោយផាសុកភាពនៅក្នុងលំនៅដ្ឋានដែលអាចប្រកបអាជីវកម្មក៏បាន រស់នៅក៏បានផង។

សក្តានុពលតំបន់ទៀតសោតពិតជាផ្តល់ឱកាសឱ្យអ្នករស់នៅមានភាពងាយស្រួល ចំណាយត្រឹមតែ ១០នាទីអាចទៅដល់ផ្សារទំនើបលំដាប់អន្តរជាតិ Aeon សែនសុខ ផ្សារម៉ាក្រូ និងផ្សារ Global ហើយចំណាយពេលត្រឹម ៥នាទី និងមកដល់គម្រោងផ្សារទំនើប Century Plaza។ ជុំវិញបុរី ហ៊ុមព័ទ្ធទៅដោយសាលារៀន មន្ទីរពេទ្យ ផ្សារទំនើបតូចធំ ជាឱកាសអនុញ្ញាតឱ្យអតិថិជនទទួលបានផលចំណេញខ្ពស់នៅពេលដែលវិនិយោគជាមួយបុរី អូរ៉ូរ៉ា ស៊ីធី។

បុរី អូរ៉ូរ៉ា ស៊ីធី ប្រណិតភាព គុណភាព វឌ្ឍនភាព ឧត្តមភាព៕

ខេត្តព្រះសីហនុត្រៀមស្វាគមន៍តំបន់សេដ្ឋកិច្ចពិសេសចំនួន៦ទៀតដើម្បីពង្រីក សក្តានុពលអភិវឌ្ឍន៍

ដោយៈ រ៉ាណេត

ព្រះសីហនុៈ បន្ថែមពីលើតំបន់សេដ្ឋកិច្ចពិសេសចំនួន៤ ដែលកំពុងធ្វើប្រតិបត្តិការយ៉ាងសកម្ម នៅក្នុងខេត្តព្រះសីហនុពេលបច្ចុប្បន្ននេះ នៅមានតំបន់សេដ្ឋកិច្ចពិសេសចំនួន៦ថ្មីទៀត កំពុងសាងសង់ដែលគ្រោងបញ្ចប់ និងដាក់ឱ្យដំណើរការចូលរួមគាំទ្រដល់វិស័យឧស្សាហកម្ម ជួយជំរុញកំណើនសេដ្ឋកិច្ចនៅកម្ពុជា។

អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន នៅក្នុងសន្និសីទសារព័ត៌មានស្ដីពីវឌ្ឍនភាព និងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្ត នៅទីស្ដីការគណរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០នេះ បានលើកឡើងថា បច្ចុប្បន្ននេះនៅក្នុងខេត្តព្រះសីហនុ មានតំបន់សេដ្ឋកិច្ចពិសេសចំនួន១០ទីតាំង ស្ថិតនៅលើផ្ទៃដីសរុបប្រមាណ២៥៨៦,២៦ ហិកតា ដែលមានទំហំទុនវិនិយោគសរុបជាង១ ៤៨១លានដុល្លារ។

លោកបន្តទៀតថា “នៅក្នុងចំណោមតំបន់សេដ្ឋកិច្ចពិសេសចំនួន១០ បច្ចុប្បន្ននេះ មានតែ៤ទីតាំងប៉ុណ្ណោះដែលដំណើរប្រតិបត្តិការ ដោយឡែកតំបន់សេដ្ឋ្កិច្ចពិសេសចំនួន៦ទៀត កំពុងតែបន្តដំណើរការសាងសង់ ដែលគ្រោងនឹងបញ្ចប់ និងដាក់ប្រើប្រាស់ក្នុងពេលខាងមុខនេះ”។ លោកបានបញ្ជាក់ទៀតថា “នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសដែលមានដំណើរការខាងលើនេះមានវត្តមានរោងចក្រ សហគ្រាសសរុបចំនួន១៥១រោងចក្រ ហើយចំនួន៦៦រោងចក្រផ្សេងទៀត កំពុងដំណើរនៅក្រៅតំបន់សេដ្ឋកិច្ចពិសេស”។

ជាមួយនឹងវត្តមាន នៃតំបន់សេដ្ឋកិច្ចពិសេសទាំងអស់ខាងលើ ដែលគាំទ្រដល់វិស័យឧស្សាហកម្មនៅក្នុងខេត្តព្រះសីហនុ និងជាចំណែកមួយ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានកំណត់គោលដៅ ក្នុងការប្រែក្លាយខេត្តព្រះសីហនុ ឱ្យទៅជាប៉ូលអភិវឌ្ឍន៍ជាតិប្រកបដោយចីរភាពនៅតំបន់ឆ្នេរសមុទ្រកម្ពុជា រួមជាមួយនឹងការអភិវឌ្ឍខ្លួនក្លាយជា ក្រុងពហុបំណងក្នុងល្បឿនដ៏លឿន។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍កាលពីសប្ដាហ៍មុននេះថា “ខេត្តព្រះសីហនុជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ដែលនឹងទាក់ទាញទេសចរ និងការវិនិ​យោ​គថ្មីៗបន្ថែមទៀតពីបរទេស និងបំរើដល់ការរស់នៅដ៏ល្អប្រសើរសម្រាប់ប្រជាពលរដ្ឋខ្មែរយើងផងដែរ”។ សម្ដេចបន្តទៀតថា “រាជរដ្ឋាភិបាលបានកំណត់ផែនការក្នុងការរៀប​ចំប្លង់គោលប្រើប្រាស់ដីធ្លីក្នុងខេត្តព្រះសីហនុ ជាប៉ូលអភិវឌ្ឍជាតិប្រកបដោយចីរភាពនៅតំបន់ឆ្នេរសមុទ្រកម្ពុជា តាមរយៈការអភិវឌ្ឍទីក្រុងទំនើប ជាមួយរមណីយដ្ឋានឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក”៕

ក្រុមហ៊ុនអាកាសចរណ៍ជប៉ុន សម្រេចផ្អាកការហោះហើរមកកាន់កម្ពុជា

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ ក្រោមឥទ្ធិពលនៃវិបត្តិជំងឺឆ្លង Covid-19 ដែលកំពុងរាតត្បាតនៅក្នុងប្រទេសជប៉ុន ក៏ដូចជានៅតាមបណ្តាប្រទេសនានាលើសាកលលោក ក្រមហ៊ុនអាកាសចរណ៍ដ៏ធំរបស់ជប៉ុនបានសម្រេចផ្អាកការហោះហើរទាំងស្រុងមកកាន់ប្រទេសកម្ពុជារហូតដល់ដំណាច់ខែកក្កដា ឆ្នាំ២០២០ ។

តាមរយៈស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសជប៉ុន បានធ្វើការជូនដំណឹងដល់សាធារណៈជនទូទៅនៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០នេះថា ដោយសារការរីករាលដាលនៃជំងឺឆ្លង Covid-19 ក្រុមហ៊ុនអាកាសចរណ៍ជប៉ុន ដែលមានឈ្មោះថា ALL NIPPON AIRWAY (ANA) បានសម្រេចផ្អាកជើងហោះហើរ ភ្នំពេញ-ណារីតា – ភ្នំពេញ ចាប់ពីថ្ងៃជូនដំណឹងរហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ខាងមុខនេះ។

ដោយឡែកសម្រាប់កិច្ចដំណើរការហោះហើរឡើងវិញជាក់លាក់នៅពេលសមស្របណាមួយនោះ ក្រុមហ៊ុននឹងប្រកាសជូនដំណឹងនៅពេលក្រោយ។

ពាក្យចចាមអារ៉ាមៈរដ្ឋាភិបាលគ្រោងកាត់ដែនរដ្ឋបាលក្រុងតាខ្មៅ ចូលមកកាន់ រាជធានីភ្នំពេញ

ដោយគង់ សូរិយា និង រ៉ាណេត

        ភ្នំពេញៈ យោងតាមប្រភពព៌តមានគួរឲ្យទុកចិត្តបានបង្ហើបឲ្យដឹងថា រដ្ឋាភិបាលគ្រោងកាត់ដែនរដ្ឋបាលនៃក្រុងតាខ្មៅ ដែលស្ថិតក្នុងខេត្តកណ្តាលដាក់បញ្ចូលមកក្នុងរដ្ឋបាលរាជធានីភ្នំពេញនៅឆ្នាំ២០២៥ខាងមុខនេះ។

          មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលបាននិយាយក្នុងលក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះ ប្រាប់គេហ​ទំព័រPropertyarea.asiaកាលពីសប្តាហ៍មុនថា រដ្ឋាភិបាលបាននិងកំពុងរៀបចំផែនការនិងឯកសារបទដ្ឋានគតិយុត្តិនានា​ ដើម្បីរើរដ្ឋបាលខេត្តកណ្តាលទៅកាន់ស្រុកស្អាង ខេត្តកណ្តាល ហើយកាត់ដែនរដ្ឋបាលក្រុងតាខ្មៅបច្ចុប្បន្ន មកជាចំណុះឲ្យរាជធានីភ្នំពេញ។លោកបន្តថា ការកាត់ដែនរដ្ឋបាលក្រុងតាខ្មៅ មកចូលរាជធានីភ្នំពេញ ដោយសារការរីកចម្រើននៃទីក្រុងភ្នំពេញ និងកំនើនប្រជាពលរដ្ឋមានការកើនឡើង។

ការកាត់ក្រុងតាខ្មៅមកកាន់រាជធានីភ្នំពេញ នឹងធ្វើឲ្យតម្លៃអចលនទ្រព្យនិងសក្តានុពលនៃការអភិវឌ្ឍនឹងមានការរីកចម្រើនកាន់តែខ្លាំង។

មន្រ្តីមន្ទីររៀបចំដែនដី នគរូបនីយកម្ម ខេត្តកណ្តាលបាននិយាយក្នុងលក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះផងដែរថា ពិតជាមានសំណើររបស់ក្រសួងមហាផ្ទៃ បានស្នើសុំកាត់ដែនរដ្ឋបាលក្រុងតាខ្មៅទំហំ៣០៣ហិកតា ស្ថិតក្នុងសង្កាត់តាក្តុល មកចូលក្នុងដែនរដ្ឋបាលរាជធានីភ្នំពេញពិតមែន ប៉ុន្តែសំណើររបស់ក្រសួងមហាផ្ទៃទាំងពីរលើក មិនទាន់សម្រេចនៅឡើយ ដោយសារពាក់ព័ន្ឋនឹងក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ ដែលបានអនុម័តប្លង់គោលប្រើប្រាស់់ដីធ្លីលំអិតក្រុងតាខ្មៅរួចហើយ។

          មន្រ្តីដដែលបានបន្តថា ការកាត់ដែនរដ្ឋបាលមកកាន់រាជធានី ពិតជាមានមែន ប៉ុន្តែមិនមែនចេះតែធ្វើនោះទេ វាទាមទារឲ្យក្រុងភ្នំពេញរៀបចំ ឯកសាររដ្ឋបាលជាក់លាក់ផងដែរថា តើកាត់ចូលនិងមានផែនការអភិវឌ្ឍន៍ដូចម្តេច”។លោកបន្តថា “តាមព៌តមានខ្ញុំទទួលបាន គឺមិនមានការរើក្រុងតាខ្មៅទៅកាន់ស្រុកស្អាងនោះទេ ព្រោះសំណើរសុំកាត់ដែនរដ្ឋបាលក្រុងតាខ្មៅ ចូលមករាជធានីភ្នំពេញមិនមានទំហំធំននោះទេ”។

អភិបាលខេត្តកណ្តាលលោកគង់ សោភ័ណបានមានប្រសាសន៍ឲ្យដឹងតាមប្រព័ន្ឋទូរស័ព្ទនារសៀលថ្ងៃទី៩ មិថុនានេះថា ទាក់ទងនឹងបញ្ហានេះ គណកម្មការសូរិយោដី និងគណកម្មការខេត្តមមិនទាន់បានជជែកគ្នានៅឡើយទេ ហេតុនេះព៌តមាននេះមិនទាន់ជាផ្លូវការនៅឡើយទេ។

លោកបន្តថា “នេះជាព៌តមានមិនផ្លូវការទេ វាជាព៌តមានរបស់បុគ្គលមួយចំនួនដែលចេះតែស្រមើស្រម័យ និយាយតាមគ្នាប៉ុណ្ណោះ។ សំរាប់មន្រ្តី និងប្រជាពលរដ្ឋខេត្តកណ្តាលពួកគេរស់នៅ ដោយរីករាយហើយនៅក្នុងក្រុងនេះ ដែលមានការធ្វើចរាចរណ៍ប្រកបដោយសណ្តាប់ធ្នាប់ និងរស់នៅដោយសន្តិសុខល្អប្រសើរ”។លោកបន្ថែមថា “នៅទីណាក៏ដោយឲ្យតែមានការអភិវឌ្ឍន៍ សុទ្ឋតែជារឿងល្អប្រសើរ”៕

 

 

អភិបាលខេត្តកំពតស្នើឱ្យសភាពាណិជ្ជកម្មខេត្តកំពត-កែបសាងសង់ផ្សារ នៅតាមច្រកទ្វារព្រំដែន

ដោយវុត្ថា

កំពតៈ អភិបាលខេត្តកំពត លោកជាវ តាយបានស្នើទៅសភាពាណិជ្ជកម្មខេត្តកំពត-កែប ជម្រុញដល់ការសាងសង់ផ្សារនៅតាមច្រកទ្វារព្រំដែន ស្របតាមអនុសាសន៍ សម្តេចតេជោ នាយករដ្ឋមន្ត្រី ដើម្បីចរាចរទំនិញបានឆាប់រហ័ស និងស្របច្បាប់។

លោកអភិបាលខេត្តកំពតបានស្នើបែបនេះ ខណៈលោក បានអនុញ្ញាតឲ្យប្រតិភូសភាពាណិជ្ជកម្មខេត្តកំពត-កែប ដែលដឹកនាំដោយ លោកឧកញ៉ាហាក់ សុវណ្ណា ជួប ពិភាក្សាការងារ និងរាយការណ៍អំពីវឌ្ឍនៈភាពការងាររបស់សភាពាណិ​ជ្ជកម្មកំពត-កែបនៅថ្ងៃទី ៩ ខែមិថុនា ឆ្នាំ ២០២០នេះ ។

លោកបបន្តថា “សភាពាណិជ្ជកម្មខេត្តកំពត-កែប កន្លងមកបានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍ប្រទេសយើងឲ្យរីកចម្រើន ពិសេសខេត្តកំពត ហើយពេលបច្ចុប្ប​ន្ននេះ កំណើនភ្ញៀវទេសចរក្នុងខេត្តបានកើនឡើង ពិសេសតំបន់អេកូទេសចរណ៍ ដែលទាក់ទាញភ្ញៀវទេសចរយ៉ាងច្រើន ក្នុងនោះប្រមាណភ្ញៀវទេសចរ៥២%បានទៅលេងនៅតំបន់ទឹកឈូ”។

លោក ឧកញ៉ា ហាក់ សុវណ្ណា ប្រធានសភាពាណិជ្ជកម្មខេត្តកំពត-កែប បានឱ្យដឹងថា ក្នុងនាមសភាពាណិជ្ជកម្មខេត្ត នឹងរៀបចំផ្សារសម្រាប់ដោះដូរទំនិញ នៅតាមច្រកទ្វារព្រំដែនឲ្យបានឆាប់រហ័ស ស្របតាមផែនការរបស់ប្រមុខនៃរាជរដ្ឋាភិបាល។

លោកបន្តថា “ សភាពាណិជ្ជកម្មខេត្ មានតួនាទី ក្នុងការសម្របសម្រួលជាមួយ វិស័យសាធារណៈ និងវិស័យឯកជន សំដៅធ្វើយ៉ាងណាឲ្យវិស័យទាំង២នេះ មានសុខដុមនីយកម្មជាមួយគ្នា”។

លោកបន្ថែមថា ជាមួយគ្នានេះ សភាពាណិជ្ជកម្មខេត្ត កៀរគរវិនិយោគិនទាំងក្នុងស្រុក និងក្រៅស្រុក មកវិនិយោគទុកក្នុងខេត្ត ដោយកន្លងមក មានវិនិយោគគិនជាច្រើនបានចាប់អារម្មណ៍ខេត្តកំពតខ្លាំង។

លោកហាក់ វណ្ណាបានបន្តថា ដោយឡែកក្នុងខេត្តយើងមិនទាន់មានផែនទី កំណត់សម្រាប់អនុវត្ត តំបន់កសិកម្មតំបន់ណា តំបន់កសិឧស្សាហកម្មតំបន់ណា តំបន់អេកូទេស​ចរណ៍តំបន់ណា ដូចនេះ សភាពាណិជ្ជកម្មខេត្ត ស្នើសុំធ្វើការនេះជាមួយរដ្ឋបាលខេត្ត និងមន្ទីរជំនាញ ដើម្បីងាយស្រួលនាពេលក្រោយ បង្ហាញដល់វិនិយោគគិន។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា កាលពីន្លងមកនេះ បានបញ្ជារឲ្យអភិបាលខេត្តនៃខេត្តកំពត និងខេត្តស្វាយរៀង សិក្សាទីតាំងសាងសង់ផ្សារគំរូព្រំដែន ឲ្យបានសមរម្យ ក្នុងខេត្តនីមួយៗ ដើម្បីផ្តល់ភាពងាយស្រួល ដល់ប្រជាពលរដ្ឋ នៅតាមព្រំដែន។

សម្តេចតេជោថ្លែងថា “ការសាងសង់ផ្សារព្រំដែននេះ នឹងជួយជំរុញសកម្មភាពពា​ណិជ្ជកម្ម រវាងប្រទេសទាំងពីរ ជាពិសេសនៅតំបន់ខ្សែបន្ទាត់ព្រំដែន ហើយការសាងសង់ដោយប្រើប្រាស់ថវិការបស់រដ្ឋាភភិបាលកម្ពុជា”៕