អភិបាលខេត្ត ៖ ស្រុកគងពិសី នឹងប្រែមុខមាត់ថ្មីជាមួយវត្តមានតំបន់សេដ្ឋកិច្ចពិសេសរបស់ក្រុមហ៊ុនសិង្ហបុរី

ដោយ ៖ រ៉ាណេត

កំពង់ស្ពឺ ៖ ស្រុកគងពិសី នៃទឹកដីខេត្តកំពង់ស្ពឺ ត្រូវបានលោកអភិបាលខេត្តអះអាង និងបញ្ជាក់ថានៅថ្ងៃខាងមុខនេះ ដែនដីនៃស្រុកដែលធ្លាប់តែស្ងប់ស្ងាត់មួយនេះ នឹងបំពេញទៅដោយសំណង់អាគារនានាដែលបម្រើដល់វិស័យឧស្សាហកម្ម ជាពិសេស តំបន់សេដ្ឋកិច្ចពិសេស ដែលនឹងលើកកម្ពស់សេដ្ឋកិច្ចក្នុងតំបន់ឱ្យកាន់តែល្អប្រសើរ។

អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទកាលពីព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០នេះថា ខេត្តកំពង់ស្ពឺ គឺទទួលបានគម្រោងវិនិយោគ និងអភិវឌ្ឍន៍មិនតិចជាង៣០០គម្រោងនោះទេ ដែលក្នុងនោះវិស័យឧស្សាហកម្មបានដើរតួឈានមុខគេ។

លោក វ៉ី សំណាង បានមានប្រសាសន៍បញ្ជាក់ថា “សព្វថ្ងៃនេះ ក្រៅពីវត្តមានរោងចក្រ សហគ្រាសតូចធំជាង ២៧០គម្រោង និងគម្រោងស្នើសុំ ដែលស្ថិតនៅក្នុងដំណាក់កាលសិក្សានៅឡើយប្រមាណជាង១០០គម្រោងទៀតនោះ គឺនៅមានគម្រោងបង្កើតតំបន់សួនឧស្សាហកម្ម និងតំបន់សេដ្ឋកិច្ចពិសេសលើកដំបូងប្រចាំខេត្តស្ថិតនៅក្នុងស្រុកគងពិសី ក្រោមការវិនិយោគពីក្រុមហ៊ុនសិង្ហបុរី នៅលើផ្ទៃដីទំហំ ១១៥ ហិកតា”។

លោកបានបន្តថា “សេដ្ឋកិច្ច និងជីវភាពរបស់ប្រជាជននៅក្នុងស្រុកគងពិសី មួយភាគធំគឺពឹងផ្អែកលើវិស័យកសិកម្ម ប៉ុន្តែនៅថ្ងៃខាងមុខនេះ វានឹងជំនួសដោយវិស័យឧស្សាហកម្មវិញ បន្ទាប់ពីគម្រោងនៃការបង្កើតសួនឧស្សាហកម្ម និងតំបន់សេដ្ឋកិច្ចពិសេសត្រូវបានចាប់ដំណើរការពិតប្រាកដ។ គម្រោងវិនិយោគ និងអភិវឌ្ឍន៍សួនឧស្សាហកម្ម តំបន់សេដ្ឋកិច្ចពិសេសនេះ មិនមែនជាគម្រោងខ្យល់នោះទេ ដែលភាគីខាងក្រុមហ៊ុនវិនិយោគគេកំពុងពន្លឿនការសិក្សាលម្អិតពីផលប៉ះពាល់ ដើម្បីឈានទៅរកការចាប់ផ្តើមដំណើរការសាងសង់ ដែលវាត្រូវការពេលវេលា មិនមែនធ្វើបានក្នុងរយៈពេលខ្លីដូចដែលអ្វីយើងចង់បាននោះទេ”។

ជាមួយនឹងគម្រោងនៃការបង្កើតសួនឧស្សាហកម្ម និងតំបន់សេដ្ឋកិច្ចពិសេសដែលបានអះអាងដោយលោកអភិបាលខេត្តកំពង់ស្ពឺខាងលើនេះ លោកឧកញ៉ា តេង រិទ្ធី អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ R Investment Group បានមានប្រសាសន៍នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០នេះថា វាជាដំណឹងល្អសម្រាប់ ដែលក្រៅពីជាការបង្កើនការវិនិយោគក្នុងខេត្ត វត្តមាននៃគម្រោងខាងលើនេះ ក៏បានផ្តល់ភាពវិជ្ជមានដល់វិស័យអចលនទ្រព្យនៅក្នុងតំបន់ផងដែរ។

លោកឧកញ៉ាបានបន្តថា “ចាប់តាំងពីពាក់កណ្តាលឆ្នាំ២០១៩រហូតមកដល់ពេលបច្ចុប្បន្ននេះ តម្រូវការនៃការប្រើប្រាស់ដី នៅក្នុងខេត្តកំពង់ស្ពឺ គឺមានការកើនឡើងយ៉ាងគំហុក សម្រាប់បម្រើឱ្យទាំងវិស័យរោងចក្រ កសិកម្ម ឧស្សាហកម្ម ឃ្លាំង និងគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានផងដែរ ដោយសារតែខេត្តមួយនេះ មានកត្តាភូមិសាស្ត្រល្អជាងបណ្តាខេត្តដទៃទៀត ជាពិសេសនៅតំបន់ជាប់ផ្លូវជាតិលេខ៤ ដែលជាផ្លូវសំខាន់ក្នុងការដឹកជញ្ជូន”។

លោកឧកញ៉ា តេង រិទ្ឋី បានបន្តថា “គម្រោងវិនិយោគ ឬអភិវឌ្ឍន៍វិស័យរោងចក្រ សហគ្រាស ភាពរីកចម្រើន និងការអភិវឌ្ឍន៍នៅក្នុងតំបន់ គឺពិតជាផ្តល់ភាពល្អប្រសើរ និងជួយជំរុញឱ្យវិស័យអចលនទ្រព្យក្នុងតំបន់មានតម្រូវការទីផ្សារខ្ពស់”។ លោកបានបន្តថា “គម្រោងជាច្រើនវិនិយោគពីអន្តរជាតិជាច្រើនបាន និងកំពុងតែសម្រុកបាញ់ឆ្ពោះទៅកាន់កំពង់ស្ពឺ ស្របទៅនឹងផែនការបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញ ដែលវាជាមោទនភាពរបស់អ្នកខេត្តកំពង់ស្ពឺ ក្រៅពីអាចមានឱកាសទទួលបានការងារធ្វើ អាចរកចំណូលបានហើយនោះ ថែមទាំងទទួលបាននូវកំណើននៃតម្លៃដីធ្លីទៀត”៕

កម្លាំងទិញខុនដូរបស់យុវជន ចាប់ផ្តើមក្លាយជាកត្តាជំរុញឱ្យមានកំណើនតម្រូវការទីផ្សារនៅកម្ពុជា

ដោយ ៖ ប៊ី

ភ្នំពេញ ៖ កម្លាំងទិញខុនដូរបស់ប្រជាជនក្នុងស្រុក ពិសេសយុវជន ចាប់ផ្តើមមានការកើនឡើងគួរឱ្យកត់សម្គាល់ ខណៈមានព័ត៌មានអប់រំពីអត្ថប្រយោជន៍នៃការប្រើប្រាស់ខុនដូសម្រាប់ប្រជាជននៅក្នុងស្រុកចាប់ផ្ដើមផុសផុលច្រើន ដែលជាកត្តាជំរុញឱ្យមានការកើនឡើងនៃការតម្រូវការក្នុងស្រុក។

លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានប្រាប់គេទំព័រ Propertyarea.asia នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ ថា បច្ចុប្បន្នកម្លាំងទិញខុនដូរបស់យុវជនខែ្មរចាប់ផ្តើមមានការកើនឡើងគួរកត់សម្គាល់ ដោយសារមានព័ត៌មានអប់រំពីអត្ថប្រយោជន៍នៃការប្រើប្រាស់ខុនដូសម្រាប់ប្រជាជននៅក្នុងស្រុកចាប់ផុសផុលច្រើន។
លោកបានថ្លែងថា “ចំនួនអ្នកប្រើប្រាស់ក្នុងស្រុកកាន់តែច្រើនឡើងៗ ហើយអ្នកប្រើប្រាស់ទាំងនោះគឺជាយុវជន មិនមែនប្រជាជនចាស់ៗ។ យុវជនឱ្យតែគាត់រៀបការហើយថ្មីថ្មោង ឬដល់វ័យដែលគាត់បែកផ្ទះចេញពីគ្រួសារភាគច្រើនគឺគាត់ប្រើខុនដូមួយរយៈចុងក្រោយនេះ”។

លោកបានលើកឡើងថា “ភាគរយនៃការប្រើប្រាស់ខុនដូរបស់យុវជន និងប្រជាជនក្នុងស្រុកមានការកើនឡើងរួចទៅហើយ ហើយចំនួននេះអាចនិយាយបានថា មានការកើនឡើងដល់ចណ្លោះ៣៥ភាគរយនៃប្រើប្រាស់ខុនដូសរុប ហើយ ៦៥ភាគរយគឺជាជនជាតិបរទេស។ វាមានន័យថា គាត់ (ប្រជាជនក្នុងស្រុក) យល់ពីអត្ថប្រយោជន៍នៃការរស់នៅក្នុងខុនដូ”។

លោកបានឱ្យដឹងទៀតថា “ជារួម យើងបានពិពិធកម្មទីផ្សាររួចហើយដើម្បីចាប់យកទីផ្សារអ្នកទិញស្រុក តែវាត្រូវការពេលវេលាខ្លះ ព្រោះយើងមិនអាចធ្វើភ្លាម បានភ្លាមនោះទេ។ ដូច្នេះនាពេលខាង នៅពេលយើងមានលទ្ធភាព យើងនឹងទិញពីបរទេសត្រឡប់មកវិញ។ ប្រភេទខុនដូដែលពេញនិយមសម្រាប់ទីផ្សារគឺប្រភេទខុនដូ១ និង២បន្ទប់គេង ខណៈតម្លៃរបស់វាចណ្លោះពី ៧ម៉ឺន ទៅ១៣ម៉ឺនដុល្លារ”។

ទន្ទឹមនេះ ភាពឯកជនរបស់ម្ចាស់បន្ទប់ខុនដូនិមួយៗត្រូវកាត់បន្ថយ មិនអាចជប់លៀង បង្កើតសម្លេងលឺៗ នោះឡើយ ព្រោះអាចបង្កការរំខានដល់អ្នកដទៃ។ ការរស់នៅរបស់ខុនដូគឺជាការស់នៅតាមបែបសហគមន៍ ដែលត្រូវក្រែងចិត្ត និងគោរពសិទ្ធអ្នកដទៃ។
ទាំងនេះជាចំណុចវិជ្ជមាន និងអវិជ្ជមានខ្លះដែលអ្នកទិញខុនដូត្រូវស្វែងយល់ស៊ីជម្រៅ និងសិក្សាពីចំណុចសំខាន់ៗនៃខុនដូឱ្យបានច្បាស់លាស់ ឬអាចស្វែងរកជំនួយពីសំណាក់ក្រុមប្រឹក្សាទិញ-លក់ អចលនទ្រព្យ ដែលមានជំនាញពិតប្រាកដ ចៀសវាងការខាត់បង់ធនធាននៅថ្ងៃអនាគត៕

អភិបាលខេត្តកោះកុង អំពាវនាវឱ្យវិនិយោគិន បោះទុនវិនិយោគលើវិស័យទេចរណ៍នៅក្នុងខេត្ត

ដោយ ៖ វុត្ថា

ភ្នំពេញ ៖ អភិបាលខេត្តកោះកុង បានអំពាវនាវដល់បណ្តាវិនិយោគិនជាតិ និងអន្តរជាតិទាំងអស់ ចូលរួមវិនិយោគលើវិស័យទេសចរណ៍នៅក្នុងខេត្តឱ្យបានកាន់តែច្រើនបន្ថែមទៀត ខណៈដែលខេត្តជាប់សមុទ្រមួយនេះ មានតំបន់អេកូទេសចរណ៍ និងធនធានធម្មជាតិជាច្រើនកន្លែង។

លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង នៅក្នុងសន្និសទីសារព័ត៌មានស្តីពី «វឌ្ឍនភាព និងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្តកោះកុង» នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ ២០២០ នេះ ឱ្យដឹងថា ខេត្តកោះកុងមានសក្តានុពលធម្មជាតិដ៏សម្បូរបែប ធ្វើឱ្យមានការអភិវឌ្ឍជាច្រើនលើវិស័យទេសចរណ៍ ។

លោស្រីបន្តថា នៅក្នុងខេត្តកោះកុងមានតំបន់ទេសចរណ៍ជាច្រើន រួមមានតំបន់វិស្សមកាល តំបន់អេកូទេសចរណ៍ ធម្មជាតិ ព្រៃកោងកាង ទឹកធ្លាក់ តំបន់ឆ្នេរ តំបន់ផ្ការថ្ម តំបន់កោះ និងមានសេវាកម្មទេសចរណ៍ ដូចជា សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងមណ្ឌលកម្សាន្តជាដើម។


លោកស្រីបន្ថែមថា “នៅក្នុងឆ្នាំ២០១៩ កន្លងមកនេះ មានភ្ញៀវទេសចរមកលេងខេត្តកោះកុងជាង ៣២ ម៉ឺននាក់ ហើយពីមួយឆ្នាំទៅមួយឆ្នាំ កើនឡើងពីមធ្យមពី ១៥ – ២៥ ភាគរយ បើធៀបទៅនឹងឆ្នាំកន្លងមកនេះ។ នៅក្នុងខេត្តកោះកុមានសណ្ឋាគារចំនួន ១០ និងផ្ទះសំណាក់ ៩៦ ទីតាំង” ។

ជាមួយគ្នានេះ លោកស្រីបានសុំអធ្យាស្រ័យពីសំណាក់ភ្ញៀវទេសចរដែលមកលេងកម្សាន្តនៅក្នុងខេត្តកោះកុង ខណៈកំពុងមានការខ្វះខាត ដែលទាមទារឱ្យមានការវិនិយោគកាន់តែច្រើនថែមទៀត លើវិស័យសណ្ឋាគារ ផ្ទះសំណាក់ និងរមណីយដ្ឋាន ជាដើមស្របតាមអនុសាសន៍របស់ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ដែលបានចាត់ទុកវិស័យទេសចរណ៍ ជាវិស័យអាទិភាពមួយក្នុងចំណោមវិស័យផ្សេងទៀតក្នុងការពង្រឹង និងពង្រីកវិសាលភាពសេដ្ឋកិច្ចជាតិ៕

អ្នកជំនាញ៖ ការទិញ-លក់​លើ​វិស័យ​អចលនទ្រព្យ​ចាប់ផ្តើម​មាន​ចរន្ត​ឡើងវិញគួរឱ្យកត់សម្គាល់

ដោយ ​វុត្ថា

ភ្នំពេញៈ អ្នកជំនាញ​បាន​មើលឃើញ​សញ្ញា​វិជ្ជា​មាន នៃ​ចរន្ត​នៃ​ការទិញ-លក់​ក្នុង​វិស័យ​អចលនទ្រព្យ​ក្នុងស្រុក ហាក់​មាន​សន្ទុះ​ងើបឡើង​វិញ​គួរឱ្យកត់សម្គាល់ ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ បន្ទាប់ពី​មាន​ភាពស្ងប់ស្ងាត់ និង​ធ្លាក់ចុះ​នៃ​ទីផ្សារ​ដែល​បណ្តាលមកពី​វិបត្តិ​នៃ​ជំងឺ Covcid-19 កាលពីពេល​កន្លងមក។

លោកស្រី​តាំង ហួរ នាយិកា​ក្រុមហ៊ុន Amatak Property Service បាន​ប្រាប់​គេហទំព័រ propertyarea.asia នៅ​ថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២០កន្លងមក​បានឱ្យ​ដឹ​ថា ពេលនេះ ចរន្ត​នៃ​ការទិញ-លក់​វិស័យ​អចលនទ្រព្យ​នៅក្នុង​ស្រុក ចាប់ផ្តើម​មាន​សកម្មភាព​ឡើងវិញ ដែលជា​សញ្ញា​មួយ​បង្ហាញ​ពី​ភាព​វិជ្ជមាន និង​ឈានទៅរក​ភាពល្អប្រសើរ​ឡើងវិញ​ជាបណ្តើរ។

លោកស្រី​បន្តថា  “កាលពី​ប៉ុន្មាន​ខែ​មុន​នៃ​ឆ្នាំនេះ ហាក់​មាន​សភាព​ស្ងប់ស្ងាត់  ប៉ុន្តែ​ពេលនេះ​ស្ថានភាព​ល្អប្រសើរ បានចាប់ផ្តើម​បន្តិចម្ដងៗឡើងវិញ ជាមួយនឹង​សកម្មភាព​ទិញ​លក់​អចលនទ្រព្យ ដែលមាន​តម្លៃ​មធ្យម បន្ទាប់​កម្ពុ​ជាមាន​ស្ថានភាព​ធូ​ស្រាល​នៃ​ជំងឺ​កូ​វីដ១៩កាន់តែ​ប្រសើរ” ។

លោក​នី ទី​ណាត នាយក​ក្រុមហ៊ុន Basac Realty បានឱ្យដឹង​ដែរ​ថា ចរន្ត និង​តម្រូវការ​នៃ​ការទិញ-លក់​ជា​ប្រភេទ​ដី សម្រាប់​សាងសង់​លំនៅដ្ឋាន និង​លំនៅដ្ឋាន​សម្រាប់​ស្នាក់នៅ ជាពិសេស​ចំពោះ​លំនៅដ្ឋាន​តម្លៃ​សមរម្យ ដែល​ក្រោម ១០ម៉ឺន​ដុល្លារ ឬ​លើស១០ជាង​បន្តិចបន្តួច​នៅតែមាន​តម្រូវការ។

លោក​បន្តថា “ដោយឡែក​សម្រាប់​វិស័យ​ដីធ្លី ភាគច្រើន​គឺមាន​នៅតាម​ជាយក្រុង​សម្រាប់​អភិវឌ្ឍ​លំនៅដ្ឋាន ដែល​សុទ្ធតែជា​តម្រូវការ​ទីផ្សារ​ក្នុងស្រុក​ដូចគ្នា ប៉ុន្តែ​សម្រាប់​គម្រោងធំៗនៃ​ទីផ្សារ​មកពី​ក្រៅ​ស្រុក​គឺ​នៅ​មិនទាន់មាន​នោះទេ” ។

លោក​ច្រឹ​ក សុខ​នី​ម ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភា្ន​ក់​ងារ​អចលវត្ថុ​កម្ពុជា  បានឱ្យដឹង​ដែរ​ថា កំណើន​វិស័យ​អចលនទ្រព្យ នៅតែមាន​សារៈសំខាន់ ដើម្បី​ឆ្លើយតប​ទៅនឹង​ការផ្គត់ផ្គង់ ដល់​កំណើន​ប្រជាពលរដ្ឋ​ន​ខ្មែរ និង​បណ្តាជន​ជាតិ​បរទេស ដែល​ជំរុញឱ្យមាន​ចរន្ត​នៃ​ការទិញ-លក់​មានការ​ងើបឡើង​វិញ ខណៈ ទីក្រុង​ភ្នំពេញ​បាន និង​កំពុង​ព​ង្រី​វិសាលភាព​របស់ខ្លួន ។

លោក​បន្ថែម​ទៀ​ថា “កំណើន​ទាំងអស់នេះ បាន​នឹង​កំពុង​រុញច្រាន​ដល់​ការ​ផ្គត់​ផ្គត់​លំនៅឋាន ហើយ​កំណើន​នេះ នៅតែ​បន្ត​រីកចំរើន​បន្ថែមទៀត និង​ដើរតួនាទី​យ៉ាងសំខាន់ ក្នុងការ​បំរើ​ដល់​ការផ្គត់ផ្គង់ និង​សេដ្ឋកិច្ច​នៅក្នុង​ប្រទេស​កម្ពុជា​ប្រកបដោយ​ចីរភាព” ។

លោក​ច្រឹ​ក សុខ​នី​ម​បាន​បន្ត​គូសបញ្ជាក់ថា បើទោះបី​ស្ថិតនៅក្នុង​បញ្ហា​ប្រឈម​ខ្លះ​ក៏ដោយ ប៉ុន្តែ​គម្រោង​លំនៅឋាន​ដែល​បាន​សាងសង់​រួចរាល់ ត្រូវបាន​ដាក់ចូល​ទៅក្នុង​ទីផ្សារ ហើយ​លក់​អស់ពី​ស្តុក ជាមួយគ្នានេះ កំណើន​នេះ​នៅតែ​បន្ត​មាន​ឥទ្ធិពល និង​សក្តានុពល ស្រប​ពេលដែល​តម្លៃ​វិញ ក៏​នៅមាន​ស្ថានភាព​ធូ​ថ្លៃ​នៅឡើយ បើ​ធៀប​ទៅនឹង​បណ្តា​ប្រទេស​មួយចំនួន​នៅក្នុង​តំបន់។

លោក​បន្តថា “វិស័យនេះ​នៅតែមាន​ស្ថេរភាព និង​អភិវឌ្ឍន៍​ឆ្ពោះទៅមុខ​បន្ថែមទៀត” ៕

ទិញ​អចលនទ្រព្យ​តម្លៃ​ទាប​ជាង​ទីផ្សារ ៤០% ដោយ​ចុះឈ្មោះ​ក្នុង​កម្មវិធី Black Friday Property Sale ប្រើ​កូដ PROPERTY AREA

ដោយ ហ្សូ​លី 

ភ្នំពេញៈ តើ​លោកអ្នក​ទន្ទឹងរង់ចាំ​ចង់បាន​ប្រភេទ​អចលនទ្រព្យ សម្រាប់​រស់នៅ​និង​វិនិយោគ យក​ផលចំណេញ​នៅ​ថ្ងៃ​អនាគត​ដែរឬទេ? ជាពិសេស​ចង់បាន​គម្រោង​ល្អ​ជាមួយ​ក្រុមហ៊ុន​អភិវឌ្ឍល្បីៗ និង​ទិញ​បាន​ក្នុងតម្លៃ​ទាប​ជាង​ទីផ្សារ​ទូរ​ទៅ​ដែរឬទេ? ។

បើសិនជា​លោកអ្នក​ពិតជា​ប្រាថ្នា​ចង់បាន​មែន សូមកុំ​ឱ្យ​ឱកាស​មាសប្រាក់​នេះ​រំលង​ឱ្យសោះ ដោយ​គ្រាន់តែ​ធ្វើការ​ចុះឈ្មោះ ចូលរួម​ក្នុង​កម្មវិធី​បញ្ចុះតម្លៃ​អចលនទ្រព្យ Black Friday Property Sale ដោយ​ប្រើប្រាស់​កូដ PROPERTY AREA ឬ​ចុះឈ្មោះ​តាមរយៈ​លីង​នេះ https://propertysale.realestate.com.kh/property-area (https://propertysale.realestate.com.kh/property-area) នោះ​ការបញ្ជាទិញ​របស់លោក​អ្នកនឹង​ទទួលបាន ការបញ្ចុះ​តម្លៃ​រហូតដល់៤០ភាគរយភ្លាម។   អត្ថប្រយោជន៍​ជាច្រើន​យ៉ាង​មិនគួរ​ឱ្យ​ជឿ នឹង​កើតឡើង​នៅក្នុង​កម្មវិធី​មួយ​នេះ ដែល​ប្រព្រឹត្តឡើង​នៅ​ថ្ងៃទី ១២ ខែ​មិន​ថុ​នា ឆ្នាំ ២០២០ ស្អែក​នេះហើយ។

Black Friday Property Sale គឺជា​កម្មវិធី​លក់​អចលនទ្រព្យ ក្នុងតម្លៃ​ពិសេស​តាមរយៈ​ប្រព័ន្ធ​អន​ឡាញ​ដំបូង​គេ​នៅក្នុង​ប្រទេស​កម្ពុជា និង​ជា​គំនិត​ផ្តួចផ្តើម​របស់​ក្រុមហ៊ុន RealEstate.com.kh។ កម្មវិធី​នេះ នឹង​អនុញ្ញាតឱ្យ​អ្នក​ដែល​ស្វែងរក​អចលនទ្រព្យ ឬ​អ្នកវិនិយោគ​អចលនទ្រព្យ អា​ចរក​ជាវ​អចលនវត្ថុ​ក្នុងតម្លៃ​មួយ​ទាប​ជាង​ទីផ្សារ និង​មាន​ទំនុកចិត្ត​ក្នុង​ការទិញ​អចលនវត្ថុ ដោយសារតែ​ក្រុមហ៊ុន​ជា​ដៃគូ​សហការ សុទ្ធសឹងតែ​ជា​ក្រុមហ៊ុន​អភិវឌ្ឍ​អចលនទ្រព្យល្បីៗ និង​មានការ​ទទួលស្គាល់​នៅក្នុង​ប្រទេស​កម្ពុជា។

ទន្ទឹមនេះ គម្រោង​អភិវឌ្ឍ​ទាំងអស់នោះ សុទ្ធតែជា​គម្រោងថ្មីៗ និងល្បីៗ ពិសេស​មានការ​ទទួល​ស្គាល់​ពី​អាជ្ញាធរ​ត្រឹមត្រូវ​ស្របច្បាប់ និង​ជា​ក្រុមហ៊ុន​អភិវឌ្ឍ​មានកេរ្តិ៍ឈ្មោះ​ល្បី​រន្ទឺ។ អតិថិជន​ទាំងអស់​កុំ​បង្អង់​យូរ ព្រោះ​លោកអ្នក​មានឱកាស​ត្រឹម៤ម៉ោង​ប៉ុណ្ណោះ​គឺ​ចាប់ពី​ម៉ោង៤រសៀល ដល់​ម៉ោង៨យប់ ក្នុង​ការបញ្ជាទិញ​អចលនទ្រព្យ​ក្នុង​ក្តី​ស្រ​ម៉ៃ​ដែលមាន​តម្លៃ​ទាប​មិនគួរ​ជឿ​បែបនេះ។

គម្រោង​អភិវឌ្ឍ​លំនៅដ្ឋាន និង​ខុន​ដូ​ជាង៣០ នោះ​មានដូចជា គម្រោង​តា​សាគរ ,រំដួល​ស៊ី​ធី ,Urban Village ,បុរី វី​អាយ​ភី ,The Parkway, The Skyline ព្រមទាំង​គម្រោងធំៗជាច្រើន​ទៀត។ រួសរាន់​ចុះឈ្មោះ​ទាំងអស់គ្នា៕

អ្នកជំនួញ​អចលនទ្រព្យ​ថា​ម្ចាស់​ដី​មិន​ព្រម​ចុះថ្លៃ ទោះបី​កំពុង​ស្ថិតក្នុង​វិបត្តិ​សេដ្ឋកិច្ច

ដោយ ៖ រ៉ា​ណេ​ត

ភ្នំពេញៈ ផ្ទុយ​ពី​ការ​លើកឡើងថា​ទីផ្សារ​អចលនទ្រព្យ​កម្ពុជា មានការ​ធ្លាក់ចុះ​ដោយសារ​វិបត្តិ​សេដ្ឋកិច្ច​សាកល ដែល​បណ្តាលមកពី​ជំងឺឆ្លង Covid-19 អ្នកជំនួញ​នៅក្នុង​វិស័យ​មួយ​នេះ​បាន​អះអាងថា តម្លៃ​ទីផ្សារ​មិនបាន​ធ្លាក់ចុះ​នោះទេ ដែលជា​ឧបសគ្គ​សម្រាប់​ការទិញ​ទុក​វិនិយោគ​បន្ត។

អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ Show Up Real Estate លោក អ៊ិន ណា​ង បាន​មានប្រសាសន៍​កាលពី​ព្រឹក​ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០នេះ​ថា ទីផ្សារ​អចលនទ្រព្យ​កម្ពុជា​នៅពេល​បច្ចុប្បន្ននេះ មិន​ធ្លាក់ចុះ​ដូច​ការលើកឡើង​របស់​មនុស្ស មួយចំនួន​តូច​នោះឡើយ ផ្ទុយទៅវិញ​តម្លៃ​ទីផ្សារ​នៃ​វិស័យ​មួយ​នេះ​នៅតែ​បន្ត​រក្សា​ភាពល្អប្រសើរ។

លោក​បញ្ជាក់ថា “អ្នក​ដែល​និយាយថា​តម្លៃ​ទីផ្សារ​អចលនទ្រព្យ​ធ្លាក់ចុះ ជាពិសេស​តម្លៃ​ដីធ្លី គឺ​ភាគច្រើន​ពួកគាត់​មិន​ស្ថិតក្នុង​វិស័យនេះ​នោះទេ។ យើង​ទទួលស្គាល់ថា ការលក់​ចេញ​ពិបាក​បន្ដិច​នៅពេលនេះ ប៉ុន្តែ​តម្លៃ​មិន​ធ្លាក់ចុះ​នោះទេ” ។ លោក​បន្ថែមថា “ពេលនេះ អ្នកជំនួញ​ដីធ្លី​កំពុង​ស្វែងរក​ទិញ​ដី​ដែលមាន​ទីតាំងល្អៗ ក្នុងតម្លៃ​ល្អ ឬ​ទាប​ជាង​ទីផ្សារ​ដែល​អាច​មានឱកាស​ចំណេញ​ក្នុងការ​វិនិយោគ​បន្ត។

លោក​បន្តថា “ខ្ញុំ​នៅតែ​អះអាងថា តម្លៃ​ដី​គឺ​ស្ថិតក្នុង​កម្រិត​ខ្ពស់​ដូច​ឆ្នាំ​កន្លងទៅ​ដដែល អ្នកលក់​ចង់​លក់​ចេញ​ឱ្យបាន​ឆាប់ ប៉ុន្តែ​ដាក់​តម្លៃ​ខ្ពស់ ហើយ​សម្រាប់​អ្នក​ដែល​និយាយថា​ពិបាក​លក់​ចេញ​ទោះជា​ក្នុងតម្លៃ​ទាប​ជាង​ទីផ្សារ អាចទាក់ទង​មក​ខ្ញុំ​បាន​គ្រប់ពេល ខ្ញុំ​រង់ចាំ​ទិញ​ជានិច្ច​ឱ្យតែ​តម្លៃ​ទាប​ជាង​ទីផ្សារ” ។

ស្រដៀង​គ្នា​នេះ នាយិកា​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ AMATAK Property Service លោកស្រី​តាំង ហួរ បាន​មានប្រសាសន៍ថា មិន​ថា​ទោះជា​ដី​នៅក្នុង​ក្រុង នៅ​តំបន់​ជាយក្រុង ឬ​តាម​បណ្តា​ខេត្ត​នានា នៅតែមាន​តម្លៃ​ថ្លៃ លើកលែងតែ​ខេត្ត​ព្រះសីហនុ ដែល​ទីផ្សារ​ដីធ្លី​បាន​ធ្លាក់ចុះ​បន្តិច ប៉ុន្តែ​បើ​ប្រៀបធៀប​តម្លៃ​ទីផ្សារ​គឺ​នៅតែ​ខ្ពស់​ដដែល។

លោកស្រី​បាន​បន្តថា “ខ្ញុំ​មាន​ភ្ញៀវ​ច្រើន​ដែល​កំពុង​ស្វែង​ទិញ​ដី ដែលមាន​ទីតាំង​ល្អ​ទុក​វិនិយោគ ប៉ុន្តែ​ពិបាក​ទិញ​បន្តិច ដោយសារតែ​ពាក់ព័ន្ធ​ទៅនឹង​តម្លៃ​ខ្ពស់។ លោកស្រី​បន្តថា “សម្រាប់​អ្នកទិញ​ដី​សម្រាប់​សង់​លំនៅដ្ឋាន​លក្ខណៈ​ឯកជន គឺ​មិន​ពិបាក​ទិញ​នោះទេ ប៉ុន្តែ​សម្រាប់​ការទិញ​ទុក​វិនិយោគ​បន្ត​យកចំណេញ​ហាក់​ពិបាក។ ដី​ដែល​អាច​ទិញ​ទុក​លក់​ចំណេញ ទាល់តែ​តម្លៃ​ទាប​ជាង​ទីផ្សារ​ទើប​មានឱកាស​ច្រើន” ៕

លោក​ស៊ុន ចាន់ថុល៖ គម្រោង​ផ្លូវជាតិ​លេខ៧ តម្លៃ​ជាង ៣៦លាន​ដុល្លារ​សម្រេចស្ថាបនា​បាន ៨០ភាគរយ​ហើយ

ដោយ ​វុត្ថា

ភ្នំពេញៈ គម្រោង​ផ្លូវជាតិ​លេខ៧ ដែលជា​គម្រោង​គ្រប់គ្រង​ទ្រព្យសម្បត្តិ​ផ្លូវ​ទី២ (Road Asset Management) មាន​ប្រវែង​សរុប ១៦៤គីឡូម៉ែត្រ ដោយ​លើកកម្ពស់​គុណភាព​ផ្លូវ​ពី DBST ទៅជា AC ដែល​ចំណាយ​ថវិកា​សរុប​ប្រមាណ ៣៦ដុល្លារ​អាមេរិក​បាន​សាងសង់​រួចរាល់​សម្រេចបាន​ប្រមាណ ៨០%ហើយ។

លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​នៅក្នុង​ពិធី​ចុះ​ត្រួតពិនិត្យ​គុណភាព និង​លក្ខណៈ​បច្ចេកទេស​សាងសង់ កំណាត់​ផ្លូវជាតិ​លេខ៧ នៅ​ថ្ងៃទី១០ ខែមិថុនា ឆ្នាំ ២០២០កន្លងមក​បានឱ្យដឹង​ថា គម្រោង​នេះ​ត្រូវបាន​បែងចែក​ជា​បី​ការដ្ឋានធំៗ ប្រើប្រាស់​រយៈពេល​សាងសង់​ចំនួន១៨ខែ និង​រយៈពេល​ថែទាំ​ចំនួន៣៦ខែ​សាងសង់​ដោយ​ក្រុមហ៊ុន​ចិន ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​ដោយ​ក្រុមហ៊ុន​កូរ៉េ ។

លោក​ទេសរដ្ឋមន្ត្រី​បន្តថា “ក្រសួង​នឹងមិន​ទាន់​ចេញ​វិញ្ញាបនបត្រ បញ្ជាក់​ឱ្យ​ក្រុមហ៊ុន​សាងសង់​ឡើយ ដោយសារ​មាន​បញ្ហា​បច្ចេកទេស​មួយចំនួន ទាក់ទង​នឹង​ការសាងសង់” ។

ជាមួយគ្នានេះ លោក​រដ្ឋមន្ត្រី ក៏បាន​ណែនាំ​ឱ្យ​ក្រុមហ៊ុន​ម៉ៅការ​សាងសង់ ក្រុមហ៊ុន​ទីប្រឹក្សាបច្ចេកទេស និង​ភាគី​ពាក់ព័ន្ធ​សហការគ្នា កែសម្រួល​លក្ខណៈ​បច្ចេកទេស​ឱ្យបាន​ត្រឹមត្រូវ ជាពិសេស​ត្រូវអនុវត្ត​តាម​កិច្ចសន្យា និង​សៀវភៅ​បន្ទុក​ឱ្យបាន១០០% ។

លោក​ស៊ុន ចាន់ថុល​បាន​បន្តថា បើ​ផ្លូវ​នោះ​ពិនិត្យ មិនមាន​គុណភាព​ស្រប​តាម​លក្ខណៈ​បច្ចេកទេស​ទេ ក្រសួង​នឹងមិន​ទទួលយក​ផ្លូវ​នោះឡើយ ព្រោះ​ក្រសួង​ឈរលើ​គោលការណ៍ “សាងសង់​ផ្លូវ​ឱ្យមាន​គុណភាព រឹងមាំ ជាប់​បានយូរ​អង្វែង” ហើយ​ក្រសួង​នឹងធ្វើ​ការត្រួតពិនិត្យ​ជាប្រចាំ តាម​ការដ្ឋាន​សាងសង់​ទាំងអស់ ក្រោម​ដែន​សមត្ថកិច្ច​របស់​ក្រសួង​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា។

បច្ចុប្បន្ន ក្រុមហ៊ុន​ម៉ៅការ​សាងសង់ កំពុង​កែលម្អ​លក្ខណៈ​បច្ចេកទេស ត្រង់ចំណុច​ទាំងឡាយណា ដែល​មិន​សម​ស្របតាម​លក្ខណៈ​បច្ចេកទេស នៅលើ​កំណាត់​ផ្លូវ​នេះ៕

តើ​អគារ​ខ្ពស់​ជាងគេ​បង្អស់​នៅ​ចក្រភព​អង់គ្លេស​មាន​កម្ពស់​ប៉ុន្មាន?

ដោយ ប៊ី

ភ្នំពេញៈ ថ្ងៃនេះ​គេ​ទំព័រ Propertyarea.asia នឹង​នាំ​លោកអ្នក​ទៅ​មើល និង​យល់ដឹង​ពី​អគារ​មាន​កម្ពស់​ខ្ពស់​ជាងគេ​នៅ​អឺរ៉ុប។

អគារ The Shard មាន​កម្ពស់៣០៩ម៉ែត្រ និង​មាន៧២ជាន់។ សូម​ស្វាគមន៍​ចំពោះ​អគារ​ខ្ពស់បំផុត​នៅ​អឺរ៉ុប! The Shard គឺជា​អគារ​ខ្ពស់​មួយ ដែលមាន​ការិយាល័យ និង​ផ្ទះ​ប្រណីត​លំដាប់​កំពូល។

អគារ​នេះ អាច​ត្រូវបាន​គេ​មើលឃើញ​ពី​ស្ទើរតែ​គ្រប់​ទីកន្លែង នៅក្នុង​ទីក្រុង​ឡុង​ដ៍ ប្រទេស​អង់គ្លេស។ វា​មាន​ទីតាំងនៅ​ជិត​ស្ពាន​ឡុង​ដ៍ ដែលជា​និមិត្តរូប​មួយទៀត​នៃ​ទីក្រុង​ឡុង​ដ៍។ អគារ​នេះ​ស្ថិតនៅ​ក្បែរ​ស្ពាន London Bridge” ។ វា​មើលទៅ​ដូចជា “កញ្ចក់​ឆ្លុះ​ឆ្លងកាត់​បេះដូង នៃ​ទីក្រុង​ឡុង​ដ៍​ជា​ប្រវត្តិសាស្ត្រ” ។

ការសាងសង់​អគារ​នេះ បានចាប់ផ្តើម​នៅ​ខែមីនា​ឆ្នាំ២០០៩ ហើយ​បាន​សាងសង់​ដល់​កំពូល​នៅ​ថ្ងៃទី៣០ ខែមីនា​ឆ្នាំ២០១២ និង​សម្ពោធ​នៅ​ថ្ងៃទី៥ ខែកក្កដា​ឆ្នាំ ២០១២ ។

នាវា​ឃ្លាំមើល​ដែល​ដំណើរការ​ដោយ​ឯកជន នៃ​ប៉ម​នេះ​គឺ The View from The Shard ត្រូវបាន​បើក​ជា​សាធារណៈ​នៅ​ថ្ងៃទី ១ ខែកុម្ភៈ​ឆ្នាំ ២០១៣ ។

អគារ The Shard ត្រូវបាន​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន Sellar Property Group ក្នុងនាម​ជំនួស​ឱ្យ​ក្រុមហ៊ុន LBQ Ltd និង​ត្រូវបាន​គ្រប់គ្រង​រួមគ្នា ដោយ​ក្រុមហ៊ុន Real Estate Management (UK) Limited ។

លោកអ្នក​អាច​ទៅ​ទស្សនា​អគារ​នេះ ដោយ​នឹង​ទទួលយក​បទពិសោធន៍ល្អៗ ពី​ទីក្រុង​ឡុង​ដ៍ ដូចជា ការ​មក​ទស្សនា​ពី​កន្ត្រក​យក្ស London Eyes (ទិដ្ឋភាព​អគារ The Shard ពិតជា​អស្ចារ្យ​មែន) ៕

កំពង់ផែ​ទឹក​ជ្រៅ​លំដាប់​អន្តរជាតិ​ក្រុងព្រះសីហនុ នឹង​បង្កើន​លទ្ធភាព​កប៉ាល់​ចូល​ចត​រហូតដល់​ជម្រៅ១៨ម៉ែត្រ

ដោយៈ រ៉ា​ណេ​ត

ព្រះសីហនុៈ ក្រោម​ជំនួយ​របស់​រដ្ឋាភិបាល​ជប៉ុន កំពង់ផែ​អន្តរជាតិ​ទឹក​ជ្រៅ​នៅ​ក្រុងព្រះសីហនុ នឹង​បង្កើន​លទ្ធភាព​កាន់តែ​ធំ​ទូលាយ និង​មាន​ជម្រៅ​រហូតដល់១៨ម៉ែត្រ ដែល​អាច​ទទួល​ការចូល​ចត​នាវា​ដឹកជញ្ជូនធំៗ កំពុង​ចរាចរណ៍​នៅលើ​សមុទ្រ​អន្តរជាតិ​បាន​ប្រមាណ៩៧ភាគរយ។

បច្ចុប្បន្ននេះ កំពង់ផែ​ដែល​បម្រើ​ដល់​វិស័យ​ដឹកជញ្ជូន​តាមផ្លូវ​ទឹក ក្នុង​ខេត្ត​ព្រះសីហនុ មាន​ចំនួន៣ រួមមាន កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ កំពង់ផែ​ឧកញ៉ា​ម៉ុង និង​កំពង់ផែ​អន្តរជាតិ​ស្ទឹងហាវ ស្ថិតនៅ​ក្នុងស្រុក​ស្ទឹងហាវ។

អភិបាលខេត្ត​ព្រះសីហនុ លោក គួច ចំរើន បាន​មានប្រសាសន៍​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី វឌ្ឍនភាព និង​ទិសដៅ​ការងារ​បន្ត​របស់​រដ្ឋ​បាល​ខេត្ត នៅ​ទីស្ដីការគណរដ្ឋមន្ត្រី នា​ដើម​សប្ដាហ៍​នេះ​ថា បច្ចុប្បន្ន​កំពង់ផែ​អន្តរជាតិ​ទឹក​ជ្រៅដែលកំពុងដំណើរការនៅ​ក្រុងព្រះសីហនុ​មាន​ជម្រៅ៨,៥ ម៉ែត្រ ប៉ុន្តែ​នៅក្នុង​ផែនការមេ​របស់​រាជរ​ដ្ឋា​ភិ​បាល នឹងធ្វើ​ការអភិវឌ្ឍ​ពង្រីក​វិសាលភាព​ឱ្យ​កាន់​ធំ​ទូលាយ​ជាង​នេះ។

លោក​បន្តទៀតថា “កំពង់ផែ​ទាំង៣នេះ គឺមាន​សារសំខាន់​ណាស់ ក្នុងការ​គាំទ្រ​វិស័យ​ដឹកជញ្ជូន​តាមផ្លូវ​ទឹក ដែល​នាំយក​ទំនិញ​នានា​ពី​កម្ពុជា ឆ្ពោះទៅកាន់​ទីផ្សារ​ប្រទេស​នានា ក៏ដូចជា​នាំយក​ទំនិញ​ពី​បណ្តា​ប្រទេស​ដទៃ មកកាន់​កម្ពុជា​ផងដែរ ដែល​ទាំងអស់នេះ​គឺជា​សរសៃឈាម​នៃ​សេដ្ឋកិច្ចជាតិ​យ៉ាងសំខាន់” ។

លោក​អភិបាលខេត្ត​គួច ចំរើន​បាន​មានប្រសាសន៍​ឲ្យ​ដឹង​ទៀតថា ពេលនេះ​គម្រោងនៃការអភិវឌ្ឍ និង​ពង្រីក​វិសាលភាព​កំពង់ផែ​អន្តរជាតិ​ទឹក​ជ្រៅ គឺស្ថិតក្នុងការសិក្សា និងការដាក់ដេញថ្លៃក្នុងដំណាក់កាល​ទី១ ដែលមាន​ជម្រៅ​ត្រឹម១៤,៥ម៉ែត្រ ដែល​គ្រោងសាងសង់នៅត្រឹមពាក់កណ្តាលឆ្នាំ២០២១ និង​បញ្ចប់​នៅត្រឹម​ឆ្នាំ២០២៤ ជាមួយការចំណាយប្រមាណជាង២០០លានដុល្លារ។ សម្រាប់​ដំណាក់កាល​ទី២ និង​ទី៣នឹងត្រូវ​អនុវត្ត​ព្រម​គ្នា ដែល​អាច​ពង្រីក​វិសាលភាព​កាន់តែ​ធំ​ទូលាយ និង​មាន​ជម្រៅ​រហូតដល់១៨ម៉ែត្រ ហើយ​គម្រោង​នេះ​នឹងបញ្ចប់​ការសាងសង់​នៅឆ្នាំ២០២៨ ។

ជាមួយនឹង​រូបភាព​ថ្មី​ការអភិវឌ្ឍ​កំពង់ផែ​អន្តរជាតិ ទឹក​ជ្រៅ​ក្រុងព្រះសីហនុ ដែលមាន​ជម្រៅ​រហូតដល់១៨ម៉ែត្រ​នេះ អាចមាន​លទ្ធភាព​ទទួល​ការចូល​ចត​នាវា ដឹកទំនិញធំៗកំពុង​ចរាចរណ៍​នៅលើ​ផ្ទៃសមុទ្រ​អន្តរជាតិ បាន​រហូតដល់​ប្រមាណ៩៧ភាគរយ ដោយ​ការអភិវឌ្ឍ​ទាំងនេះ គឺ​ស្ថិតនៅក្រោម​ជំនួយ​ពី​ប្រទេស​ដៃគូ​អភិវឌ្ឍន៍​រដ្ឋាភិបាល​ជ​ប៉ុន៕

ចំណេះដឹង! តើ​អ្វី​ជា «យុទ្ធសាស្ត្រ​ស្តីពី​ការគ្រប់គ្រង​បំណុល​សាធារណៈ​ឆ្នាំ២០១៩-២០២៣» ?

ដោយ ​វុត្ថា

ភ្នំពេញៈ សម្តេច​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នៅក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩នេះ បានសម្រេច​ដាក់ឱ្យអនុវត្ត​នូវ​យុទ្ធសាស្ត្រ ស្តីពី​ការគ្រប់គ្រង​បំណុល​សាធារណៈ​ឆ្នាំ២០១៩-២០២៣ ។

«យុទ្ធសាស្ត្រ​ស្តីពី ការគ្រប់គ្រង​បំណុល​សាធារណៈ​ឆ្នាំ២០១៩-២០២៣ » ផ្តោតលើ​ការអនុវត្ត​យុទ្ធសាស្ត្រ ដែលជា​គោលការណ៍​គន្លឹះ នៃ​ការគ្រប់គ្រង​បំណុល​សាធារណៈ​រួមមាន៖

១) ខ្ចី​ឥណទាន​ក្នុង​ទំហំ​សមស្រប ដែល​ស្ថានភាព​ថវិកា និង​សេដ្ឋកិច្ច​អាច​ទ្រាំទ្រ​បាន។

២) ខ្លី​តែ​ឥណទាន​ដែលមាន​កម្រិត​សម្បទាន ឬ​លក្ខខណ្ឌ​អនុគ្រោះ​ខ្ពស់

៣) ខ្ចី​សម្រាប់តែ​វិស័យ​អាទិភាព​ទ្រទ្រង់​ចីរភាព នៃ​កំណើនសេដ្ឋកិច្ច និង​វិស័យ​បង្កើន​ផលិតភាព​សេដ្ឋកិច្ច ឬ​ផលិតភាព​ផលិតកម្ម។

៤) ប្រើប្រាស់​ឥណទាន ប្រកបដោយ​តម្លាភាព គណនេយ្យភាព, ប្រសិទ្ធភាព, និង​ស័ក្ដិសិទ្ធិ​ភាព​ខ្ពស់បំផុត។

សម្រាប់​គោលការណ៍​គន្លឹះ​ទី៥មួយទៀត ដើម្បី​បន្ត​ពង្រឹង​ប្រសិទ្ធភាព ទាំង​ការគ្រប់គ្រង​បំណុល​សាធារណៈ និង​ទាំង​ការគ្រប់គ្រង​ការវិនិយោគ​សាធារណៈ គឺ«ប្រើប្រាស់​ឥណទាន​សម្រាប់​ហិរញ្ញប្បទាន គម្រោង​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ សាធារណៈ ដែល​ត្រូវមាន​ស្តង់ដា និង​គុណភាព​ខ្ពស់ ស្របតាម​គោលការណ៍​នៃ​ការគ្រប់គ្រង​ការវិនិយោគ​សាធារណៈ ព្រមទាំង​ឆ្លើយតប​ទៅនឹង​តម្រូវការ នៃ​ការអភិវឌ្ឍ​ជាតិ​នៅក្នុង​ដំណាក់កាល​ថ្មី ពិសេស​ធានាបាន​នូវ​ចីរភាព​សេដ្ឋកិច្ចសង្គម បរិស្ថាន និង​ភាព​ធន់​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ» ៕