តើ​សកម្មភាព​នៃ​ការអភិវឌ្ឍ​និង​តម្រូវការ​ប្រើប្រាស់​ដី​នៅ​ជុំវិញ​តំបន់​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​ថ្មី​មាន​សភាព​ដូចម្តេច?

ដោយ ៖ រ៉ា​ណេ​ត

ភ្នំពេញៈ ស្របពេល​ទៅនឹង​កិច្ចដំណើរការ នៃ​គម្រោង​អភិវឌ្ឍន៍​សាងសង់​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​ថ្មី ដែល​ស្ថិតនៅ​ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ទទួលបាន​លទ្ធផល​ប្រមាណ៣០ភាគរយ អ្នកជំនាញ​នៅក្នុង​វិស័យ​អចលនទ្រព្យ បានលើកឡើង​ពី​ការប្រែប្រួល​ទីផ្សារ​ដីធ្លី​នៅ​ជុំវិញ​តំបន់​នេះ។

មានប្រសាសន៍ប្រាប់​តាម​ទូរស័ព្ទ​កាលពី​ល្ងាច​ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០កន្លងមកនេះ លោកស្រី តាំង ហួរ នាយិកា​ក្រុមហ៊ុន​អចលនទ្រព្យ AMATAK Property Serviceបាន​លើកឡើងថា ស្របទៅនឹង​សកម្មភាព​នៃ​ការឈូសឆាយដី និង​កំណត់​ទីតាំង​សាងសង់​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​ថ្មី នៃ​ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល បាន​ជះឥទ្ធិពល​ល្អ​ដល់​វិស័យ​ដីធ្លី​ដែល​ស្ថិតនៅ​តំបន់​ជុំវិញ។

លោកស្រី​បាន​បន្តថា “ជាក់ស្ដែង នៅ​តំបន់​ជុំវិញ​គម្រោង​អភិវឌ្ឍន៍​ព្រលានយន្តហោះ​ថ្មី របស់​រា​រដ្ឋាភិបាល​ក​ម្ពុ​ជា​នៅពេលនេះ ហាក់​មិនទាន់មាន​សកម្មភាព​ផុសផុល​ខ្លាំង​នៅ​ឡើង​នោះទេ ប៉ុន្តែ​សម្រាប់២-៣ឆ្នាំ​ទៅមុខទៀត អាចមាន​ភាព​ពុះកញ្ជ្រោល ជាពិសេស​ក្រោយពេល​មាន​គម្រោង​អភិវឌ្ឍន៍ធំៗ ចូលទៅ​កាន់​តំបន់​នេះ ដូចជា​គម្រោង​អភិវឌ្ឍន៍​លំនៅដ្ឋាន មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ជាដើម” ។

លោកស្រី តាំង ហួរ បាន​មានប្រសាសន៍​បន្តទៀតថា ពេលនេះ​គម្រោង​ពង្រីក​ផ្លូវជាតិ​លេខ២ ត្រូវបាន​រាជរដ្ឋាភិបាល​សម្ពោធ​បើក​ការដ្ឋាន​សាងសង់ និង​ពង្រីក​ឱ្យ​ធំ ហើយ​បើតាម​ខ្ញុំ​ដឹង​ក៏មាន​ក្រុមហ៊ុន​អភិវឌ្ឍន៍​បុរី និង​បណ្តុំ​សំណង់​លំនៅដ្ឋានធំៗមួយចំនួន បាន​ទិញ​ដី​ទុក​សម្រាប់​អភិវឌ្ឍន៍​រួចជាស្រេច គ្រាន់​ពេលនេះ​ពួកគេ​នៅ​មិនទាន់​ចាប់ផ្តើម​សកម្មភាព ដោយ​រង់ចាំ​មើល​ពី​ចរន្ត និង​តម្រូវ​ការពិត​ប្រាកដជា​មុន​សិន” ។

ជាមួយនឹង​ការ​ប្រាប់​ពី​បច្ចុប្បន្នភាព នៃ​តម្រូវការ​ទីផ្សារ​ដីធ្លី​ខាងលើនេះ លោកស្រី​ក៏បាន​បង្ហើប​ពី​តម្លៃ​ផងដែរ​ថា ដី​ដែល​ស្ថិត​នៅជាប់​ផ្លូវធំ សម្រាប់​លំនៅដ្ឋាន មានតម្លៃ​ចន្លោះ​ជាង២០០ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ ហើយ​ដី​ដែលមាន​ទំហំ​ធំ អាចមាន​តម្លៃ​ចាប់ពី១០០ដុល្លារ​ឡើងទៅ។ ដោយឡែក​ដី​ដែល​ស្ថិតនៅ​ផ្លូវ​ខាងក្នុង ឬ​ដី​ភូមិ អាចមាន​តម្លៃ៦០ដុល្លារ​ចុះក្រោម​ក្នុង​មួយ​ការ៉េ ហើយ​បើ​ចូលក្នុង​កាន់តែ​ឆ្ងាយ​ពី​ផ្លូវជាតិ ឬ​ផ្លូវធំ​កាន់តែ​មានតម្លៃ​ទាប​ជាង៤០ដុល្លារ​ចុះក្រោម។

ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា លោក ច្រឹ​ក សុខ​នី​ម បាន​មានប្រសាសន៍​ផងដែរ​ថា សម្រាប់​ការ​នៃ​ការប្រើប្រាស់​ដី ក៏ដូចជា​សកម្មភាព​នៃ​ការអភិវឌ្ឍ​វិស័យ​អចលនទ្រព្យ ក៏ដូចជា​លំនៅដ្ឋានផ្សេងៗនៅ​តំបន់​ជុំវិញ គម្រោង​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​ថ្មី​នេះ គឺ​ត្រូវការ​ពេលវេលា​យូរ​ទៀត។

លោក​បាន​បញ្ជាក់ថា “វា​ត្រូវការ​ពេលវេលា​យូរ​ទៀត ដែល​យ៉ាងហោចណាស់៣-៥ឆ្នាំ ទើប​អាចមាន​សកម្មភាព​សាងសង់​សំណង់ផ្សេងៗ ពោលគឺ​ក្រោយពេល​គ្រោង​សំណង់​នៃ​គម្រោង​ព្រលាន​មួយ​នេះ​ចេញ​ជា​រូបរាង។ លោក​បន្តទៀតថា “ធម្មតា បើ​តំបន់​ណាមួយ នៅ​មិនទាន់មាន​ហេដ្ឋារចនាសម្ព័ន្ធ​ត្រឹមត្រូវ សមស្រប​ទៅនឹង​ការរស់នៅ​នោះទេ តម្រូវការ​នៃ​ការប្រើប្រាស់​ដី សម្រាប់​អភិវឌ្ឍន៍​លើ​វិស័យ​ដទៃទៀត ក៏​នៅ​មិនទាន់​នោះដែរ ហើយ​តម្លៃ​ដី​ក៏​នៅមានកម្រិត​ដែរ” ។

ប៉ុន្តែ​នៅពេលដែល​តំបន់​ខាងលើនេះ នៅ​មិនទាន់មាន​ការអភិវឌ្ឍ​ខ្លាំង វា​ក៏​ជា​ឱកាស​សម្រាប់​អ្នក ដែលមាន​ធនធាន​គ្រប់គ្រាន់ ដែល​ចង់​ទិញ​ដី​ទុក​វិនិយោគ​បន្ត​យកចំណេញ ដោយសារតែ​តម្លៃ​ដី​នៅ​ទាប​នៅឡើយ” ។

អ្នកនាំពាក្យ​រដ្ឋលេខាធិកា​រដ្ឋា​ន​អាកាសចរ​ស៊ីវិល​កម្ពុជា លោក ស៊ិន ចាន់​សេរី​វុត្ថា បាន​មានប្រសាសន៍ នៅក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី​វឌ្ឍនភាព និង​ទិសដៅ​ការងារ​រដ្ឋលេខាធិការ​ដ្ឋា​ន​អាកាសចរ​ស៊ីវិល នៅ​ទីស្ដីការគណៈរដ្ឋមន្ត្រី​កាលពីពេលថ្មីៗនេះ​ថា រហូតមកដល់​ពេលនេះ វឌ្ឍនភាព​នៃ​ការសាងសង់​អាកាសយាន​ដ្ឋា​ន​អន្តរជាតិ​ភ្នំពេញ​ថ្មី ដែល​ស្ថិតនៅ​ក្នុងស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល គឺ​កំពុង​តែមាន​ដំណើរការ​ធម្មតា និង​សម្រេចបាន​លទ្ធផល​ប្រមាណ៣០ភាគរយ។

លោក​បាន​មានប្រសាសន៍​បន្តទៀតថា “រដ្ឋាភិបាល​កម្ពុជា​បាន និង​កំពុងមាន​ការយកចិត្ត​ទុកដាក់​ក្នុងការ​អភិវឌ្ឍ​ប្រទេសជាតិ តាមរយៈ​វិស័យសំខាន់ៗជាច្រើន ដែល​ក្នុងនោះ វិស័យ​អាកាសចរណ៍​ស៊ីវិល ក៏​ស្ថិតនៅក្នុង​វិស័យ​អាទិភាព​ផងដែរ” ។

លោក​ស៊ិន ចាន់​សិរី​វុត្ថា​បាន​បញ្ជាក់ថា បើ​យើង​មើល​ពី​ក្រៅអ្វីៗ ដូចជា​មិនមាន​សក​កម្ម​ភាព​នោះទេ ប៉ុន្តែ​បើ​មើល​ព​លើ​អាកាស​ចុះក្រោម នោះ​នឹង​ឃើញ​ទិដ្ឋភាព​នៃ​ការសាងសង់​ព្រលានយន្តហោះ​អន្តរជាតិ-ភ្នំពេញ ដែល​មកដល់ពេលនេះ​សម្រេចបាន​លទ្ធផល​ប្រមាណ៣០ភាគរយ” ៕

ចំណេះដឹង! អ្វី​ជា​វិញ្ញាបនបត្រ​បញ្ជាក់​ប្រភពដើម​ទំនិញ?

ដោយ វុត្ថា

ភ្នំពេញ៖  វិញ្ញាបនបត្រ បញ្ជាក់​ប្រភពដើម​ទំនិញ គឺជា​ឯកសារ​ផ្លូវការ​មួយ ប្រើ​ដើម្បី​បញ្ជាក់ ពី​ប្រភពដើម​ទំនិញ ដែល​បាន​ផលិត ឬ បានទទួល​ទាំងស្រុង នៅក្នុង​ប្រទេសមួយ។ ជាទូទៅ​ឯកសារ​នេះ គឺជា​ផ្នែក​ស្នូល នៃ​ឯកសារ នាំចូល ដែល​ប្រទេស​នាំចូល​បាន​តម្រូវ។

នៅពេល​អនុវត្ត​ទម្រង់ការ​ទាំងឡាយ សម្រាប់​នាំចេញ​ទំនិញ ក្រោម​ប្រព្រឹត្តិកម្ម អនុគ្រោះ អ្នក​នាំចេញ ឬ តំណាង​ទទួល​សិទ្ធិ​របស់ខ្លួន ត្រូវដាក់​ពាក្យ ជា​លាយលក្ខណ៍អក្សរ ស្នើសុំ​វិញ្ញាបនបត្រ បញ្ជាក់​ប្រភពដើម ទំនិញ​ដោយ​ភ្ជាប់​មកជា​មួយ នូវ​ឯកសារ​គាំទ្រ ត្រឹមត្រូវ ដែល​បង្ហាញថា ទំនិញ​ដែល​ត្រូវ​នាំចេញ មាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់​សម្រាប់​ការចេញ វិញ្ញាបនបត្រ​បញ្ជាក់​ប្រភពដើម​ទំនិញ។

វិញ្ញាបនបត្រ​បញ្ជាក់​ប្រភពដើម​ទំនិញ មាន​ពីរ​ប្រភេទ​គឺ៖

  • មិន​ទទួលបាន​ភាពអនុគ្រោះ​ពន្ធ​និង
  • ទទួលបាន​ភាពអនុគ្រោះ​ពន្ធ៕

រោងភាពយន្តលំដាប់អន្តរជាតិនឹងបង្ហាញខ្លួននៅក្នុងផ្សារទំនើប FURI Times Square ក្រុងព្រះសីហនុ ឆាប់ៗនេះ

ដោយ ៖ រ៉ាណេត

ព្រះសីហនុ ៖ ជាបទពិសោធន៍ថ្មីនៃការផ្តល់ជូននូវអារម្មណ៍រីករាយ សប្បាយ សប្បាយ ជាមួយការទស្សនាខ្សែភាពយន្តល្បីៗលំដាប់អន្តរជាតិនៅក្នុងរោងភាពយន្តដ៏ទំនើប និងលើកដំបូងនៅក្រុងព្រះសីហនុ តាមរយៈផ្សារទំនើប FURI Times Square ដែលនឹងចាប់ដំណើរការក្នុងពេលឆាប់ៗខាងមុខនេះ។

ជាមួយនឹងដំណើរការយ៉ាងរលូនក្រោមកិច្ចគាំទ្រពីសំណាក់អតិថិជនជាតិ និងអន្តរជាតិ ក៏ដូចជាបណ្តាភ្ញៀវទេសចរផងដែរនោះ ផ្សារទំនើប FURI Times Square បាននាំមកជូននូវបទពិសោធន៍ថ្មីនៃការរស់នៅបែបទាន់សម័យ និងស៊ីវិល័យ ក្រោមការកៀងគរនូវរាល់បណ្តាផលិតផល សម្ភារៈប្រើប្រាស់ និងការផ្គត់ផ្គង់ចំណីអាហារយ៉ាងសម្បូរបែប ដែលប្រាកដថាមានគុណភាព និងសុវត្ថិភាពខ្ពស់ជាងគេនៅក្នុងក្រុងព្រះសីហនុ។

បន្ថែមពីនេះ ដើម្បីបង្កើនភាពទាក់ទាញ និងបង្កើនសេវាទេសចរណ៍នៅក្នុងតំបន់ឱ្យកាន់តែមានភាពទាក់ទាញ នៅក្នុងពេលឆាប់ៗខាងមុខនេះ ផ្សារទំនើប FURI Times Square នឹងនាំមកជូនលោកអ្នក ក៏ដូចជាអតិជនទូទៅជាមួយនឹងវត្តមានថ្មីនៃរោងភាពយន្តបែបទំនើបនាសម័យចុងក្រោយ ដែលស្ថិតនៅជាន់ទី៤នៃផ្សារទំនើបមួយនេះតែម្ដង។

បុគ្គលិកផ្នែកទីផ្សារ និងការលក់ជាន់ខ្ពស់ប្រចាំនៅផ្សារទំនើប FURI Times Square កញ្ញា ប៉ែន ម៉ារ៉ា បានប្រាប់ឱ្យដឹងកាលពីរសៀលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០នេះថា គម្រោងដំណើរការរោងភាពយន្តទំនើបនៅក្នុងផ្សារ FURI Times Square ត្រូវបានគណៈគ្រប់គ្រងកំណត់ពេលវេលារួចហើយ ដោយពេលនេះកំពុងតែយកចិត្តទុកដាក់ទៅលើការរៀបចំផ្នែកខាងក្នុងបន្ថែម និងបំពាក់បណ្តាញអគ្គិសនី រួមនឹងប្រព័ន្ធការពារសុវត្ថិភាព។

កញ្ញាបានបញ្ជាក់ថា “តាមគម្រោង រោងភាពយន្តមួយនេះនឹងដាក់ដំណើរការក្នុងពេលឆាប់ៗនេះ ដោយការនាំមកជូននូវផ្ទាំងទស្សនីយភាពដ៏អស្ចារ្យជាមួយការប្រើប្រាស់បច្ចេកវិទ្យាបែបទំនើប ជាពិសេសគ្រប់ខ្សែភាពយន្តទាំងអស់សុទ្ធតែជាប់ចំណាត់ថ្នាក់កំពូល និងល្បីល្បាញលំដាប់អន្តរជាតិ ជាប្រភេទ 2D និងប្រភេទ 3D ផ្តល់រូបភាពកាន់តែច្បាស់ ត្រជាក់ភ្នែក ហាក់បីដូចជាស្ថិតនៅក្នុងពិភពពិតនៃសាច់រឿងយ៉ាងដូច្នោះ”។

បច្ចុប្បន្ន ផ្សារទំនើប FURI Times Square កំពុងមានការចាប់អារម្មណ៍ពីសំណាក់មជ្ឈដ្ឋានទូទៅនៅក្នុងក្រុងព្រះសីហនុ ក៏ដូចជាបណ្តាភ្ញៀវទេសចរយ៉ាងខ្លាំង។ នៅក្នុងនោះ តាមរយៈផ្សារទំនើប FURI Times Square បានផ្តល់ជូននូវបទពិសោធន៍នៃរស់នៅបែបទាន់សម័យ ជាមួយនឹងការប្រមូលផ្តុំនូវក្រុមហ៊ុន និងហាងលក់ទំនិញ សម្ភារៈប្រើប្រាស់ និងចំណីអាហារច្រើនជាង៣០ ហើយនឹងបន្តបង្កើនកំណើននៃចំនួនហាងទំនើបបន្ថែមទៀត។

ក្រុមហ៊ុនដែលកំពុងប្រតិបត្តិការ និងទទួលបានការគាំទ្រច្រើនពីអិតិថិជន រួមមានដូចជាក្រុមហ៊ុន KFC , ក្រុមហ៊ុន Starbucks , ក្រុមហ៊ុន Amazone Café ,ក្រុមហ៊ុន KOI , ក្រុមហ៊ុន Dakasi Tea , ហាងអាហារមកពីសាំងហ្គាពួរ ក្រុមហ៊ុនលក់សម្លៀកបំពាក់ LEVI’s , ក្រុមហ៊ុន NIKE ក្រុមហ៊ុន Samsonite , ក្រុមហ៊ុននាឡិកាដ៏ល្បីឈ្មោះ G-Shock ក្រុមហ៊ុនលក់រថយន្ត HGB Group ក្រុមហ៊ុនសេវាទូរស័ព្ទចល័ត Smart ក្រុមហ៊ុន Park Café ក្រុមហ៊ុនដ៏ល្បីរបស់ចិន Hauwei ក្រុមហ៊ុន BURGER KING ក្រុមហ៊ុន ARROW រួមជាមួយក្រុមហ៊ុនល្បីៗជាច្រើនទៀត ដោយរាប់បញ្ចូលទាំងគ្រឿងសំអាងផងដែរ៕

សេដ្ឋវិទូៈ អង់គ្លេសកំពុងស្ថិតនៅក្នុងវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរមិនធ្លាប់មានពីមុនមក

ដោយ ប៊ី

អន្តរជាតិៈ អធិការបតីអង់គ្លេស (មន្ត្រីជាន់ខ្ពស់) បាននិយាយថា ចក្រភពអង់គ្លេសកំពុងស្ថិតនៅក្នុងវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ ខណៈតួលេខបង្ហាញថា សេដ្ឋកិច្ចប្រទេសនេះ បានធ្លាក់ចុះក្នុងល្បឿនលឿនបំផុត ចាប់តាំងពីវិបត្តិសេដ្ឋកិច្ចសកល។

សេដ្ឋកិច្ចអង់គ្លេសបានធ្លាក់ចុះ២ភាគរយ ក្នុងរយៈពេល៣ខែដំបូងនៃឆ្នាំ ២០២០ ដោយសារជំងឺ COVID-19 បានបង្ខំឱ្យប្រទេសនេះបិទទ្វារ និងធ្លាក់ចូលក្នុងស្ថានភាពជាប់គាំង។

លោក Rishi Sunak អធិការបតីអង់គ្លេស បានប្រាប់ BBCក្នុងសប្តាហ៍នេះថា គ្រាន់តែប៉ុន្មានថ្ងៃនៃផលប៉ះពាល់ពីជំងឺនេះ កាលពីខែមីនាបានជំរុញឱ្យសេដ្ឋកិច្ចធ្លាក់ចុះ។

ក្រុមសេដ្ឋវិទូរំពឹងថា សេដ្ឋកិច្ចប្រទេសអង់គ្លេស នឹងរងការធ្លាក់ចុះកាន់តែខ្លាំងនៅក្នុងត្រីមាសទី២នេះ។

លោកSunak បានមានប្រសាសន៍ថា “ឥឡូវនេះសេដ្ឋកិច្ចចក្រភពអង់គ្លេស នឹងប្រឈមមុខនឹងការធ្លាក់ចុះ ដ៏គួរឱ្យកត់សម្គាល់នៅឆ្នាំនេះ ហើយយើងកំពុងស្ថិតនៅពាក់កណ្តាលផ្លូវក្នុងការឆ្ពោះទៅរកវិបត្តិនោះ”។

ការធ្លាក់ចុះប្រចាំត្រីមាសដំបូង ត្រូវបានជំរុញដោយការធ្លាក់ចុះ នៃទិន្នផលសេដ្ឋកិច្ចកាលពីខែមីនា និងបន្ទាប់ពីសេដ្ឋកិច្ចបានធ្លាក់ចុះ នៅត្រីមាសចុងក្រោយនៃឆ្នាំ ២០១៩។

លោកស្រី Ruth Gregory សេដ្ឋវិទូជាន់ខ្ពស់អង់គ្លេសនៅCapital Economics បាននិយាយថា តួលេខបានបង្ហាញថា សេដ្ឋកិច្ចចក្រភពអង់គ្លេស “បានធ្លាក់ចុះរួចទៅហើយក្នុងរយៈពេលពីរសប្តាហ៍ បន្ទាប់ពីការបិទទ្វារប្រទេសចូលជាធរមាន”។

លោកស្រីបានបន្ថែមទៀតថា “ជាមួយនឹងការរឹតបន្តឹងរហូត ដល់ពាក់កណ្តាលខែឧសភា ហើយបន្ទាប់មកបានកើនឡើងបន្តិច សេដ្ឋកិច្ចនៅខែមេសានេះ នឹងកាន់តែអាក្រក់ទៅៗ”៕

UNDPគាំទ្រការបណ្តុះបណ្តាលសហគ្រិនវ័យក្មេងនៅកម្ពុជាក្នុងបរិបទធុរកិច្ចបែបថ្មី

ដោយៈ ប៊ី

ភ្នំពេញៈ កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) នៅកម្ពុជា កាលពីថ្ងៃអង្គារបានចុះហត្ថលេខា លើភាពជាដៃគូថ្មីជាមួយសហគ្រាសខ្មែរ (Khmer Enterprise) ជាការជំរុញការបណ្តុះបណ្តាល សហគ្រិនភាពដល់សហគ្រិនវ័យក្មេង និងដើម្បីគាំទ្រដល់ការអភិវឌ្ឍសហគ្រាសខ្នាតតូច និងមធ្យមនៅកម្ពុជា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ UNDP Cambodia កាលពីថ្ងៃពុធម្សិលមិញនេះ។

សហគ្រាសខ្មែរ គឺជាអង្គភាពអនុវត្តន៍ នៃមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព ដែលបង្កើតឡើងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់UNDP បានឱ្យដឹងថា ភាពជាដៃគូនេះមានគោលបំណងជាពិសេស ដើម្បីធានាថាសហគ្រិនជំនាន់ក្រោយ របស់ប្រទេសកម្ពុជា ទទួលបានយ៉ាងល្អ ជាមួយនឹងការបណ្តុះបណ្តាល និងការណែនាំថ្នាក់ពិភពលោកជាក់ស្តែង ហើយអាចទទួលបាននូវមូលនិធិ និងការគាំទ្រត្រៀមខ្លួន សម្រាប់ការវិនិយោគនៅដំណាក់កាលដំបូងនៃការចាប់ផ្តើមអាជីវកម្មរបស់ពួកគេ។

ភាពជាដៃគូនេះ ក៏ជាមូលដ្ឋានគ្រឹះសម្រាប់ UNDP Cambodia និងសហគ្រាសខ្មែរដើម្បីពង្រឹងកិច្ចប្រឹងប្រែងរួមរបស់ពួកគេ ក្នុងការកែលម្អប្រព័ន្ធអេកូឡូស៊ី សហគ្រាសធុនតូច និងមធ្យម តាមរយៈការផ្តល់ការគាំទ្រផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុដល់សហគ្រាសធុនតូច និងមធ្យមនៅក្នុងវិស័យអាទិភាព រួមទាំងពាណិជ្ជកម្មអេឡិចត្រូនិក និងការអភិ​វ  ឌ្ឍ​ចង្កោមសហគ្រាសខ្នាតតូច និងមធ្យមប្រកបដោយនិរន្តរភាព។

លោក Nick Beresford អ្នកតំណាងឱ្យUNDPបានមានប្រសាសន៍ថា “UNDP មានសេចក្តីរីករាយណាស់ ដែលបានចាប់ដៃគូជាមួយសហគ្រាសខ្មែរ ដើម្បីបង្កើតឱកាស និងផ្តល់ការបណ្តុះបណ្តាល និងការគាំទ្រដើម្បីជួយដល់សហគ្រិន និងអ្នកជំនាញវ័យក្មេងជំនាន់ក្រោយឱ្យរីកចម្រើន”។លោកបានបន្ថែមថា “វាមានសារៈសំខាន់ណាស់ ក្នុងការវិនិ​យោគលើយុវជន និងទេពកោសល្យ និងថាមពលរបស់ពួកគេ នៅពេលដែលយើងរកវិធីដើម្បីគ្រប់គ្រង និងងើបឡើងវិញពីវិបត្តិ Covid-19 ”។

សេចក្តីប្រកាសព័ត៌មានបាននិយាយថា ក្រោមភាពជាដៃគូនេះ កម្មវិធីបង្កើតអាជីវកម្មមួយមានឈ្មោះថា Bluetribe បាត្រូវបានបង្កើតឡើងកាលពីខែឧសភា សម្រាប់យុវជនមានទេពកោសល្យរបស់ប្រទេសកម្ពុជា ដែលមានចំណាប់អារម្មណ៍ខ្លាំង ក្នុងការក្លាយជាសហគ្រិនជោគជ័យ។

កម្មវិធីនេះនឹងផ្តល់ឱ្យយុវជន ដែលបានជ្រើសរើសជាមួយការបណ្តុះបណ្តាល និងការណែនាំប្រកបដោយគុណភាព ក៏ដូចជាការទទួលបានមូលនិធិគ្រាប់ពូជ ដើម្បីចាប់ផ្តើម និងកសាងអាជីវកម្មរបស់ពួកគេ។ ចំពោះការដាក់ពាក្យសុំកម្មវិធីនៅតែបើករហូតដល់សប្តាហ៍ទី១ នៃខែមិថុនា ឆ្នាំ២០២០ខាងមុខនេះ៕

តើតម្លៃដីនៅខណ្ឌបឹងកេងកងមានការប្រែប្រួលយ៉ាងដូចម្តេច?

ដោយៈ រ៉ាណេត

ភ្នំពេញៈ ខណ្ឌបឹងកេងកង ត្រូវបានគេទទួលស្គាល់ថា ជាតំបន់ដែលមានតម្រូវការ និងសក្ដានុពលខ្ពស់ ហើយតម្លៃដីធ្លីក៏ស្ថិតនៅលំដាប់កំពូលក្នុងរាជធានីភ្នំពេញ  រហូតដល់នៅទីតាំងខ្លះ មានតម្លៃចាប់ពី៨,០០០ទៅ១០,០០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ ឬអាចលើសនេះក៏មានដែរ អាស្រ័យទៅតាមតម្រូវការចាំបាច់ និងភាពជាក់ស្ដែង។

នាយិកាក្រុមហ៊ុនអចលនទ្រព្យ AMATAK Property Service លោកស្រី តាំង ហួរ បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទនៅថ្ងៃទី១៤ ខែមឧសភា ឆ្នាំ២០២០នេះថា តម្លៃដីធ្លីនៅក្នុងខណ្ឌបឹងកេងកងមានភាពខុសគ្នា ដែលអាស្រ័យទៅតាមទីតាំង ផ្លូវចរាចរណ៍ និងតម្រូវការជាក់ស្ដែង។

លោកស្រីបានបន្តថា “ថ្វីត្បិតស្ថិតនៅក្នុងខណ្ឌបឹងកេងកងតែ១ ប៉ុន្តែកម្រិតនៃតម្លៃគឺមានភាពខុសគ្នារាប់ពាន់ដុល្លារក្នុងមួយម៉ែត្រការ៉េ។ នៅក្នុងសង្កាត់បឹងកេងកង១ គឺជាបណ្តុំសំណង់អគារខ្ពស់ៗ ដែលបម្រើសេវាជាអគារពាណិជ្ជកម្ម ជាលំនៅដ្ឋានសហកម្មសិទ្ធិ ឬខុនដូ និងជាអាផាតមិនដែលមានតម្លៃកម្រិតខ្ពស់”។ លោកស្រីបន្ថែមថា “នៅតំបន់នេះ ចន្លោះផ្លូវត្រសក់ផ្អែម ផ្លូវប៉ាស្ទ័រ រហូតជិតដល់តំបន់ផ្សារបឹងកេងកង អាចមានតម្លៃចាប់ពី ៦០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ប៉ុន្តែក្រៅពីតំបន់នេះ អាចមានតម្លៃទាបជាងឬខ្ពស់ជាង”។

លោកស្រី តាំង ហួរ បានមានប្រសាសន៍បន្តទៀតថា “សម្រាប់តម្លៃដីស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ម្តុំផ្សារទំនើប AEON1 តាមផ្លូវសុធារស អាចមានតម្លៃចាប់៦៥០០-៧០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ប៉ុន្តែបើងាកទៅតំបន់ខាងក្នុង ដែលស្ថិតនៅក្នុងសង្កាត់ទន្លេបាសាកដូចគ្នា ប៉ុន្តែមានផ្លូវចេញ-ចូល តូច អាចមានតម្លៃត្រឹម ៤០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ”។

ភ្ជាប់ទៅនឹងការបង្ហើបពីតម្លៃដីធ្លី នៅក្នុងតំបន់ខណ្ឌបឹងកេងកង លោកឧកញ៉ា នួន រិទ្ធី អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Khmer Foundation Appraisal ធ្លាប់បានប្រាប់កាលពីពេលកន្លងទៅថ្មីៗនេះថា បឹងកេងកង បានក្លាយជាតំបន់ពាណិជ្ជកម្មកម្រិតខ្ពស់ (CBD) រួចជាស្រេចទៅហើយ ដែលក្រៅពីវត្តមានសំណង់អាគារស្នាក់នៅ និងពាណិជ្ជកម្មធំៗ ក៏មានបណ្តាហាងអាហារដ្ឋានលំដាប់អន្តរជាតិ ដូចជាហាងកាហ្វេ ម៉ាត ផ្សារទំនើបបែបសហគមន៍ សាលារៀនអន្តរជាតិ និងគ្លីនិកឯកជនជាដើម ដែលទាំងអស់នេះហើយធ្វើឱ្យតំបន់បឹងកេងកង មានប្រជាប្រិយភាពខ្ពស់។

លោកឧកញ៉ាបានបន្តថា “ចំពោះតម្លៃដីធ្លីដូចការលើកឡើងខាងលើនេះ មិនមានអ្វីចម្លែកនោះទេ ព្រោះវាបានឡើងជាយូររួចមកហើយ។ ដោយឡែកនៅទីតាំងមួយចំនួនទៀតកាន់តែថ្លៃជាងនេះទៅទៀត ជាក់ស្ដែងដូចជា តំបន់ផ្លូវព្រះមុនីវង្សជាដើម គឺមានតម្លៃខ្ពស់រហូតដល់ ១០ ០០០ដុល្លារ ឬអាចលើសនេះតិចតួច អាស្រ័យទៅតាមប្រភេទដី និងតម្រូវការជាក់ស្ដែងរបស់អ្នកទិញ”។

លោកឧកញ៉ានួន រិទ្ឋីបានបញ្ជាក់ថា បច្ចុប្បន្ន ដីដែលស្ថិតនៅតាមបណ្តោយផ្លូវពាណិជ្ជកម្មមួយនេះ ហាក់មិនមានដីទំនេរធំៗដែលស័ក្ដិសម សម្រាប់អភិវឌ្ឍន៍សំណង់អាគារពាណិជ្ជកម្មធំៗទៀតនោះទេ ហើយអ្នកអភិវឌ្ឍន៍ក៏មានការពិចារណា យ៉ាងលម្អិតមុនពេលសម្រេចចិត្តទិញដីនៅតំបន់នេះ ដោយសារតែកត្តានៃតម្លៃផងដែរ”៕

អ្នកជំនួញដីធ្លីចាប់ផ្តើមចុះធ្វើសកម្មភាពនៅតាមបណ្តាខេត្ត បន្ទាប់ពីCovid-19 បានធូរស្រាល

ដោយវុត្ថា

ភ្នំពេញៈ បន្ទាប់ពីមានស្ថានភាពធូរស្រាល នៃបញ្ហាប្រឈមទៅជំងឺ Covid-19 នៅក្នុងប្រទេសកម្ពុជា ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ អ្នកជំនួញក្នុងវិស័យដីធ្លីបានចុះធ្វើសកម្មភាព នៅតាមបណ្តាខេត្តគោលដៅសំខាន់ៗរបស់កម្ពុជា ដើម្បីត្រៀមធ្វើការវិនិយោគទៅជាតំបន់លំនៅឋានលំហែកាយ សណ្ឋាគារ និងទុកវិនិយោគបន្ត។

លោកឧកញ៉ា តេង ឬទ្ធី អគ្គនាយកក្រុមហ៊ុន R Investment Group បានប្រាប់គេហទំព័រ propertyarea.asia នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ ២០២០ នេះឱ្យដឹងថា  អ្នកវិនិយោគ ក្នុងវិស័យដីធ្លីត្រូវបានបែកចែកជា២ក្រុមសំខាន់ៗ ដែលបានចុះទៅធ្វើសកម្មភាពនៅតាមបណ្តាខេត្តនាពេលនេះ ។

លោកបន្តថា អ្នកដែលវិនិយោគចំ(អ្នកដែលមានលុយច្រើន) គេចុះទៅតាមបណ្តាលខេត្តជាប់មាត់សមុទ្រ មានដូចជាខេត្តព្រះសីហនុ កែប កំពត និងកោះកុង និងខេត្តគោលដៅទេសចរណ៍ រួមមាន ខេត្តសៀមរាប និងមណ្ឌលគិរីជាដើម ក្នុងការស្វែងរកដីធ្លីអភិវឌ្ឍន៍ទៅជាផ្ទះលំហែកាយ សណ្ឋាគារ និង រមណីយដ្ឋានផ្សេងៗជាដើម។

អ្នកវិនិយោគមួយប្រភេទទៀត គឺចុះស្វែងរកដីទុកសម្រាប់ធ្វើការវិនិយោគបន្ត ដើម្បីយកចំណេញ ឬពុះដីឡូត៍លក់នៅតាមខេត្តនានា និងធ្វើកសិកម្មដូចជានៅខេត្តពោធិសាត់ បាត់ដំបង និងខេត្តដែលមានសក្តានុពលផ្សេងទៀត។

លោកអ៊ិន ណាង អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យShow Up Real Estate បានទទួលស្គាល់ដែរថា ក្នុងរយៈពេលដែលកម្ពុជា មានភាពធូស្រាលនៃជំងឺ Covid-19 ឃើញមានអ្នកជំនួញ ក្នុងវិស័យដីធ្លីចុះធ្វើសកម្មភាពទិញលក់ ជាពិសេសលើវិស័យដីធ្លីនៅតាមជាយក្រុងភ្នំពេញ និងតាមណ្តាខេត្តនានា។

លោកបន្តថា អ្នកវិនិយោគដែលទិញដីនៅតាមបណ្តាជាយក្រុងភ្នំពេញ ជាប្រភេទដីឡូត៍ សាងសង់ឃ្លាំង និងរោងចក្រ តែសម្រាប់នៅតាមបណ្តាខេត្តដូចកំពង់ស្ពឺ កំពង់ឆ្នាំ កណ្តាល និងខេត្តផ្សេងទៀត ជាប្រភេទលំនៅឋាន ឧស្សាហកម្ម និង កសិកម្មជាដើម។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោក ច្រឹក សុខនីម បានព្យាករណ៍កាលពីកន្លងកមនេះថា នៅពេលមានភាពស្រាលនៃជំងឺ Covid-19  វិស័យអចលនទ្រព្យជាពិសេសដីធ្លី នឹងងើបឡើងវិញក្នុងស្ថានភាពល្អប្រសើរ។

លោកច្រឹក សុខនីមថ្លែងថា “ប្រសិនបើកម្ពុជាអាចទប់ស្កាត់ និងលុបបំបាត់នៅត្រឹមអំឡុងខែមិថុនានោះ នៅចុងឆ្នាំ២០២០ ឬដើមឆ្នាំ២០២១ ការទិញ-លក់អចលនទ្រព្យក្នុងទ្រង់ទ្រាយមធ្យម ដែលរួមមានដូចជាលំនៅដ្ឋាន ដីធ្លី ក៏ដូចជាដីឡូតិ៍ជាដើម អាចនឹងមានសកម្មភាព ដែលជាតម្រូវការរបស់អតិថិជនក្នុងស្រុកតែប៉ុណ្ណោះ”។

ក្រុមអ្នកជំនាញធ្លាប់បានលើកឡើងថា វិស័យចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាជាពិសេសវិស័យដីធ្លី ត្រូវបានរងសម្ពាតយ៉ាងចាស់ដៃ ចាប់តាំងពីការផ្ទុះឡើងនៃជឺង Covid-19 នៅក្នុងប្រទេស និងបន្ទាប់ពីជនជាតិចិនចាកចេញពីកម្ពុជា ដោយសារតែរដ្ឋាភិបាលបិទហ្គេមអនឡាញកាលពីចុងឆ្នាំ២០១៩៕

អាជ្ញាធរដែនដីខេត្តបាត់ដំបង ផ្ដល់ប័ណ្ណកម្មសិទ្ធិដីធ្លីដល់ប្រជាពលរដ្ឋបានជាង ៣៤ ម៉ឺនក្បាលដី

ដោយ ៖ រ៉ាណេត

បាត់ដំបង ៖ ស្របទៅនឹងគោលនយោបាយរបស់រដ្ឋាភិបាលដែលតម្រូវឱ្យបង្កើនប្រសិទ្ធភាពលើការចុះបញ្ជីដីធ្លីជូនដល់ប្រជាពលរដ្ឋតាមមូលដ្ឋាន រដ្ឋបាលខេត្ត និងអាជ្ញាធរដែនដីខេត្តបាត់ដំបង បានធ្វើការចុះបញ្ជី និងផ្តល់ប័ណ្ណកម្មសិទ្ធិជូនដល់ប្រជាពលរដ្ឋជាង ៣៤ម៉ឺនក្បាលដី ក្នុងចំណោមទិន្នន័យចំនួនសរុបជាង ៣៧ម៉ឺនក្បាលដីដែលប្រមូលបាន។

អភិបាលខេត្តបាត់ដំបង លោក ងួន រតនៈ បានមានប្រសាសន៍នៅក្នុងសន្និសីទសារព័ត៌មាននៅទីស្ដីការគណៈរដ្ឋមន្ត្រីកាលពីពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ ថា ដើម្បីធានាបាននូវប្រសិទ្ធភាព និងការបន្ថយនូវបញ្ហាប្រឈមនានា ទាក់ទងនឹងដីធ្លី រដ្ឋបាលខេត្តបានដាក់ចេញ ផែនការគ្រប់គ្រងដីធ្លី ដូចជាការរៀបចំប្លង់គោលស្រុក និងផែនការប្រើប្រាស់ដីថ្នាក់ឃុំសង្កាត់។

លោកបញ្ជាក់ថា “ែនការគ្រប់គ្រងដីធ្លី ដែលត្រូវបានដាក់ចេញឱ្យអនុវត្តរួមមានដូចជា ការចុះបញ្ជីដីលក្ខណៈជាប្រព័ន្ធ និងដាច់ដោយដុំ ការគ្រប់គ្រងការបែងចែកដីសម្បទានសង្គមកិច្ច និងពង្រឹងការអនុវត្តវិធានការសំណង់ និងត្រួតពិនិត្យការអនុញ្ញាតសាងសង់ ចៀសវាងការសាងសង់ដោយគ្មានច្បាប់អនុញ្ញាតមិនត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស”។

លោកអភិបាលខេត្ត បានបន្តទៀតថា “គិតមកទល់ពេលនេះ ខេត្តបានធ្វើការប្រមូល និងបញ្ចូលទិន្នន័យបានចំនួន ៣៧២ ៨១៥ ក្បាលដី និងចែកបណ្ណកម្មសិទ្ធិជូនដល់ប្រជាពលរដ្ឋចំនួន ៣៤៥ ៦៩៤ ក្បាលដី ដែលបាន និងកំពុងដំណើរការអនុវត្តនៅក្នុងភូមិចំនួន១១ ឃុំ៥ និងស្រុកចំនួន៤ ។ ជារួមតាំងពីចាប់ផ្ដើមគឺអនុវត្តបាន ៣៩៥ភូមិ ៦៦ឃុំ សង្កាត់និង១០ក្រុងស្រុក។ ចំណែកគណៈកម្មការសុរិយោដីបានទទួលករណីវិវាទចំនួន១៩ករណី ដោះស្រាយបញ្ចប់៤ករណី និងករណីវិវាទដែលកំពុងបន្តដោះស្រាយមានចំនួន៥០ករណី”។

ជាមួយនឹងផែនការ និងគោលនយោបាយដោះស្រាយបញ្ហាដីធ្លីដែលបានដាក់ចេញដោយរដ្ឋាភិបាលកម្ពុជា សម្រាប់តែខេត្តបាត់ដំបង ប្រជាពលរដ្ឋជាង ៦ម៉ឺនគ្រួសារ បានសម្តែងអារម្មណ៍ពេញចិត្តនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល ក៏ដូចជាការជួយដោះស្រាយបញ្ហាដីធ្លីជូនពួកគាត់ផងដែរ ក្រោមគោលនយោបាយចាស់សកម្មភាពថ្មីលើវិស័យដីធ្លីរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា៕

ក្រុមហ៊ុនសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុកំពុងជួបបញ្ហាប្រឈមជាច្រើនដោយសារការដោះស្រាយផលប៉ះពាល់មានភាពយឺតយ៉ាវ

ដោយ ៖ វុត្ថា

ព្រះសីហនុ ៖ តាមរយៈបទបង្ហាញពីក្រុមហ៊ុនសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ខេត្តព្រះសីហនុ បានឱ្យដឹងថា បច្ចុប្បន្នការស្ថាបនាផ្លូវនេះ មានផលប៉ះពាល់ដូចជា បង្គោលភ្លើងចំនួន១២ដើម ដែលក្រុមការងារមិនអាចសាងសង់ផ្លូវទី២ ប៉ះនឹងតំបន់គ្រប់គ្រងដោយបរិស្ថាន ដែលមិនអាចយកគ្រឿងចក្រចូលបាន។

នេះបើយោងតាមកិច្ចប្រជុំពិភាក្សាអំពីវឌ្ឍនភាព នៃការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ខេត្តព្រះសីហនុ កាលពីថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០២០ ក្រោមការ ចូលរួមពីមន្ត្រីពាក់ព័ន្ធ និងតំណាងក្រុមហ៊ុនសាងសង់ផ្លូវល្បឿនលឿន ដែលដឹកនាំដោយលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ។
លោក គួច ចំរើន បានថ្លែងថា បញ្ហាប្រឈមទៅនឹងបង្គោលភ្លើង រដ្ឋបាលខេត្តនឹងបញ្ជូនក្រុមការងារចុះពិនិត្យ និងសម្រួលការដ្ឋានសង់ផ្លូវបណ្តោះអាសន្ន ដើម្បីយកគ្រឿងចក្រចូល ត្រូវមាននិយាមការច្បាស់លាស់ ដើម្បីស្នើទៅក្រសួងសាម៉ី។ ជាមួយគ្នាន លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានស្នើសុំដល់ក្រុមហ៊ុន ឱ្យជួយពង្រីកស្ពានឱ្យបាន ១៧,២៥ម៉ែត្រផងដែរ។

គិតមកដល់ត្រីមាសទី១ ឆ្នាំ ២០២០ កន្លងមកនេះ ការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដែលជាផ្លូវល្បឿនលឿនដំបូងគេនៅកម្ពុជានោះ សម្រេចបានជាង២០ភាគរយ ហើយគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២២ខាងមុខ ។ ផ្លូវនេះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានសាងសង់ជាផ្លូវការកាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩កន្លងទៅនេះ។

គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ មានប្រវែងសរុបជាង ១៩០គីឡូម៉ែត្រ។ ផ្លូវនេះឆ្លងកាត់រាជធានីភ្នំពេញប្រវែង ៨.៣០គីឡូម៉ែត្រ ខេត្តកណ្តាល ប្រវែង ៩.១០គីឡូម៉ែត្រ ខេត្តកំពង់ស្ពឺប្រវែង ៨០.៨០គីឡូម៉ែត្រ ខេត្តកោះកុងប្រវែង ១.៩២គីឡូម៉ែត្រ និងខេត្តព្រះសីហនុប្រវែង ៨៩.៨៩គីឡូម៉ែត្រ ដែលចំណាយថវិកាសាងសង់សរុបប្រមាណ ២,០០០លានដុល្លារអាមេរិក ជាទុនវិនិយោគរបស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) តាមរយៈក្រុមហ៊ុន Cambodian PPSHV Expressway Co., Ltd៕

រដ្ឋាភិបាល កំពុងរៀបចំយុទ្ធសាស្ត្រ បង្កើតឲ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយបណ្តាប្រទេសនានា

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ រដ្ឋាភិបាល តាមរយៈ ក្រសួងពាណិជ្ជកម្ម បានរៀបចំយុទ្ធសាស្ត្រចរចា និងឈានទៅរកបង្កើតកិច្ចសន្យាព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយបណ្តាប្រទេសពាក់ព័ន្ធ ដូចជា កូរ៉េ ចក្រភពអង់គ្លេស សហភាពសេដ្ឋកិច្ចអឺរ៉ាស៊ា (EAEU) អាមេរិក ជប៉ុន ម៉ុងហ្គោលី និងឥណ្ឌា។

បន្ទាប់ទទួលបានផ្លែផ្កាលើកិច្ចចរចាបង្កើតកិច្ចសន្យាព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសចិន កាលពីពេលថ្មីៗនេះ នៅថ្ងៃទី ១៣ ខែឧសភា ឆ្នាំ២០២០ រដ្ឋមន្ត្រី ក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានដឹកនាំកិច្ចប្រជុំក្រុមការងាររៀបចំគោលនយោបាយ និងយុទ្ធសាស្ត្រចរចាថ្មី និងដើម្បីពិនិត្យ និងតាមដានវឌ្ឍនភាពការងារនៃក្រុមការងារនីមួយលើការរៀបចំគោលនយោបាយ និងយុទ្ធសាស្ត្រចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។

លោករដ្ឋមន្ត្រី បានលើកឡើងនៅក្នុងអង្គប្រជុំថា ការរៀបចំបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសដៃគូ ជាការងារចម្បងដែលរាជរដ្ឋាភិបាលបានប្រគល់ជូនមកក្រសួងពាណិជ្ជកម្ម ដើម្បីពង្រឹងភាពប្រកួតប្រជែង និងធ្វើពិពិធកម្មសេដ្ឋកិច្ច-ពាណិជ្ជកម្មរបស់កម្ពុជា។

លោកបានបន្តឱ្យដឹងទៀតថា ការងារនេះត្រូវបានកំណត់នៅក្នុងបរិស្ថានគ្របដណ្ដប់សម្រាប់ការអនុវត្តយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ នៃរាជរដ្ឋាភិបាល ដែលបានកំណត់ថា ដំណើរឈានឡើងទៅមុខរបស់កម្ពុជា គឺត្រូវទាមទារឱ្យមានការរិះរកមធ្យោបាយ និងបន្តខិតខំពង្រឹងសមត្ថភាពធ្វើសមាហរណកម្មខ្លួនចូលក្នុងសេដ្ឋកិច្ចតំបន់ និងពិភពលោក។ ជាក់ស្ដែងការធ្វើសមាហរណកម្មទាំងនេះ គឺក្នុងគោលបំណងពង្រីក និងបើកច្រកចូលទីផ្សារសម្រាប់ការនាំចេញឲ្យកាន់តែធំទូលាយថែមទៀត ដោយផ្អែកលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលមានលក្ខណៈអចិន្ត្រៃយ៍ ជាជាងពឹងផ្អែកលើការអនុគ្រោះពាណិជ្ជកម្មក្នុងលក្ខណៈទ្វេភាគី ដែលអាចនឹងងាយបាត់បង់ទៅវិញ។

ជាមួយគ្នានេះ លោកក៏ បានសម្តែងនូវសេចក្ដីរីករាយដែលបានឃើញការងារចរចា និងការសិក្សាមួយចំនួន ដែលបានចាប់ផ្ដើមរួចហើយបានទទួលនូវផ្លែផ្កាជាទីគាប់ចិត្ត រួមមានការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ការសិក្សារួមលើលទ្ធភាពបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ និងការពិភាក្សាជាមួយនឹងសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ី។ ចំពោះក្រុមការងារដែលមិនទាន់បានចាប់ផ្ដើមការងាររបស់ខ្លួននៅឡើយ លោករដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យចាប់ផ្ដើមការងាររបស់ខ្លួនឱ្យបានឆាប់រហ័សតាមដែលអាចធ្វើទៅបាន ដោយគិតគូរ និងរៀបចំផែនការសកម្មភាពរបស់ខ្លួនឱ្យបានច្បាស់លាស់។

សូមជម្រាបជូនថា ក្រុមការងាររៀបចំគោលនយោបាយ និងយុទ្ធសាស្ត្រចរចាបង្កើតកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី មានក្រុមការងារចំនួន ៨ ក្រុមទទួលបន្ទុកប្រទេស រួមមាន៖ ចិន ចក្រភពអង់គ្លេស សាធារណរដ្ឋកូរ៉េ សហភាពសេដ្ឋកិច្ចអឺរ៉ាស៊ា (EAEU) អាមេរិក ជប៉ុន ម៉ុងហ្គោលី និងឥណ្ឌា។