ក្រុមហ៊ុនវិនិយោគអចលនទ្រព្យអន្តរជាតិមួយរៃអង្គាសថវិកាជិត ២០០០លានដុល្លារ ទ្រទ្រង់វិស័យអចលនទ្រព្យក្នុងតំបន់អាស៊ី

ដោយ ហ្សូលី

ភ្នំពេញ៖ ក្រុមហ៊ុនអចលនទ្រព្យអន្តរជាតិ BlackStone ដែលមានមូលដ្ឋាននៅទីក្រុងញ៉ូវយ៉ក សហរដ្ឋអាមេរិក បានរៃអង្គាសថវិកាបានចំនួនជិត ២០០០លានដុល្លារ ក្នុងគោលបំណងជួយទ្រទ្រង់វិស័យអចលនទ្រព្យនៅក្នុងតំបន់អាស៊ី។

ក្រុមហ៊ុន BlackStone Group Inc. គឺជាក្រុមហ៊ុនដែលបានរៃអង្គាសថវិកាបានយ៉ាងច្រើនសន្ធឹកសន្ធាប់ចំនួន ១.៩ពាន់លានដុល្លារ ដើម្បីបន្តការលូតលាស់នៃវិស័យអចលនទ្រព្យនិងទាក់ទាញឱ្យមានការវិនិយោគបន្ថែមនៅលើវិស័យនេះឱ្យកាន់តែច្រើននៅក្នុងតំបន់។

យោងតាមឯកសាររបស់គណៈកម្មការសន្តិសុខសហរដ្ឋអាមេរិកបានបង្ហាញឱ្យដឹងថា នាយកគ្រប់គ្រងនៃក្រុមហ៊ុនធំជាងគេបំផុតលើពិភពលោក បានប្រមូលថវិការសម្រាប់មូលនិធិស្នូលលើវិស័យអចលនទ្រព្យ សម្រាប់ក្រុមហ៊ុនដៃគូនៅអាស៊ីជាមួយក្រុមហ៊ុនអចលនទ្រព្យអន្តរជាតិ Blackstone ដែលថវិកាចំនួន ១,៣ពាន់លានដុល្លារ ត្រូវបានបញ្ជូនទៅវិស័យអចលនទ្រព្យ ចំណែកថវិកានៅសល់ត្រូវផ្តល់ទៅកាន់មូលនិធិផ្សេងៗទៀត។

ថវិការៃអង្គាសនេះមានភាពខុសគ្នាពីមូលនិធិអចលនទ្រព្យដទៃ ព្រោះវាត្រូវបានប្រើប្រាស់ដើម្បីសិក្សាស្រាវជ្រាវបន្ថែមទៅលើយុទ្ធសាស្រ្តនៃការវិនិយោគលើវិស័យនេះ។ ម្យ៉ាង មូលនិធិមានច្រើនបែបដូចជា មូលនិធិដោះបំណុល មូលនិធិផ្លាស់ប្តូរពាណិជ្ជកម្មសម្រាប់ការវិនិយោគអចលនទ្រព្យ។ ជាទូទៅគេប្រើប្រាស់ទ្រព្យធននេះទៅលើទីផ្សារសំខាន់ៗដូចជានៅអាមេរិកខាងជើង អ៉ឺរ៉ុប និងតំបន់អាស៊ី ព្រោះថវិកានេះត្រូវវិនិយោគទៅលើតំបន់ណាដែលមានប្រវត្តិហានិភ័យទាប។

BlackStone គឺជាក្រុមហ៊ុនវិនិយោគលើវិស័យអចលនទ្រព្យធំជាងគេនៅលើពិភពលោក និងមានភាគហ៊ុនក្រោមការគ្រប់គ្រងប្រមាណ ១៦០ពាន់លានដុល្លារ។ ក្រុមហ៊ុនក៏ជាអ្នកវិនិយោគសំខាន់មួយនៅលើវិទីផ្សារអចលនទ្រព្យប្រទេសឥណ្ឌា និងចំណាយទុនប្រមាណជា ៦ពាន់លានដុល្លាររួចមកហើយក្នុងរយៈពេល ៨ឆ្នាំ៕

ខេត្តសៀមរាបដាក់ចេញផែនការទាក់ទាញភ្ញៀវទេសចរក្នុងស្រុក ដើម្បីប៉ះប៉ូវពីការធ្លាក់ចុះភ្ញៀវទេសចរអន្តរជាតិ

ដោយវុត្ថា

សៀមរាប៖ គណៈកម្មការអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាបបានដាក់ចេញនូវផែនការគន្លឹះមួយចំនួន ក្នុងការទាក់ទាញភ្ញៀវទេសចរជាតិមកទស្សនានៅខេត្តសៀមរាប ដើម្បីជួយជ្រោមជ្រែងដល់អ្នកពាក់ព័ន្ធនឹងវិស័យទេសចរណ៍ ស្របពេលដែលវិបត្តិនៃជំងឺកូវីដ១៩ កំពុងបន្តជះឥទ្ធិពលយ៉ាងអាក្រក់ដល់ដំណើរការអាជីវកម្មនានាដែលពាក់ព័ន្ធនឹងវិស័យទេសចរណ៍ដូចជា វិស័យសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងសេវាដឹកជញ្ជូនជាដើម។

យោងតាមលទ្ធផលនៃកិច្ចប្រជុំគណៈកម្មការអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាបដែលត្រូវបានផ្សាយនៅថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០២០ឱ្យដឹងថា យន្តការគន្លឹះដែលគណៈកម្មការគ្រោងដាក់ចេញដូចជា ជំរុញឲ្យបណ្តាស្រុក ជាពិសេស ស្រុកដែលមានសក្តានុពលទេសចរណ៍ធ្វើការផ្សព្វផ្សាយឲ្យបានទូលំទូលាយនូវគោលដៅទេសចរណ៍របស់ខ្លួនតាមរយៈមធ្យោបាយងាយៗដូចជាបណ្តាញហ្វេសបុកជាដើម ការជំរុញឲ្យមានកម្មវិធីទេសចរណ៍ខ្នាតតូចដូចជា បោះតង់ ជិះកង់កម្សាន្ត ការរៀបចំសម្អាតបរិស្ថាន ហេដ្ឋារចនាសម្ព័ន្ធ និងស្តង់ដារចំណីអាហារដែលធានាសុវត្ថិភាពដល់អ្នកប្រើប្រាស់ជាដើម។

លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តសៀមរាបបានថ្លែងថា ស្ថានភាពបច្ចុប្បន្ន យើងមិនអាចរង់ចាំភ្ញៀវទេសចរអន្តរជាតិនោះទេ តែត្រូវរិះរកវិធីសាស្ត្រយ៉ាងណាឲ្យភ្ញៀវជាតិមកទស្សនាតំបន់ទេសចរណ៍ឲ្យបានច្រើន។ ទោះមិនអាចជំនួសភ្ញៀវទេសចរអន្តរជាតិបាន តែភ្ញៀវទេសចរជាតិអាចជួយជំរុញឲ្យសេវាកម្មទេសចរណ៍នានាឲ្យដំណើរការបានមួយចំនួនផងដែរ។

លោក សុខ សង្វារ អគ្គនាយករង និងជាអនុប្រធានគណៈកម្មការបានគាំទ្រនូវយន្តការដែលអង្គប្រជុំបានលើកឡើង ដើម្បីជំរុញឲ្យចលនាទេសចរណ៍ក្នុងចំណោមភ្ញៀវជាតិ។ ទោះជាយ៉ាងណា លោកបានជំរុញឱ្យការរៀបចំព្រឹត្តិការណ៍ទេសចរណ៍ គឺត្រូវគិតគូរដល់ការបង្ការពីការរីករាលនៃជំងឺ Covid-19 ស្របតាមគោលការណ៍របស់រាជរដ្ឋាភិបាល ដោយសារតែជំងឺនេះមិនទាន់ស្ងប់ស្ងាត់ទាំងស្រុងនោះទេ។

ជាមួយគ្នានេះ លោក សុខ សង្វារ ក៏បានជំរុញឲ្យបង្កើតក្រុមការងារតូចមួយក្នុងចំណោមគណៈកម្មការនេះ ដើម្បីសិក្សាស្រាវជ្រាវបទពិសោធន៍ពីបណ្តាប្រទេសផ្សេងៗ ដែលគេបានរៀបចំឡើងក្នុងវិបត្តិកូវីដនេះដែរ។ ជាពិសស ឆ្លៀតឱកាសប្រែក្លាយបញ្ហានេះទៅជាឱកាស ដើម្បីរៀបចំគោលដៅទេសចរណ៍របស់យើងដូចជា បញ្ហាបរិស្ថាន ហេដ្ឋារចនាសម្ព័ន្ធ ការបណ្តុះបណ្តាលបុគ្គលិក មគ្គុទ្ទេសក៍ទេសចរណ៍ជាដើម។

លោក តុប សុភ័ក្រ អ្នកនាំពាក្យក្រសួងទេសចរណ៍ បានឱ្យដឹងដែរថា សម្រាប់សេវាកម្មសណ្ឋាគារនៅក្នុងខេត្តសៀមរាបរហូតមកដល់ពេលនេះ មានចំនួន ១៤៨ សណ្ឋាគារត្រូវបានបិទ ហើយបានប៉ះពាល់ដល់បុគ្គលិកបំរើសេវាកម្មទេសចរណ៍ប្រមាណ ៨ម៉ឺននាក់ ដោយសារបញ្ហាជំងឺCovid-19 ។

រដ្ឋាភិបាលកាលពីកន្លងមកនេះ បានដាក់ចេញវិធានការណ៍លើកលែងនូវការបង់ពន្ធប្រចាំខែគ្រប់ប្រភេទរបស់សណ្ឋាគារ និងផ្ទះសំណាក់ (រដ្ឋទទួលបន្ទុកពន្ធជំនួស) ដែលកំពុងប្រតិបត្តិការណ៍នៅក្នុងខេត្តសៀមរាប និង ដែលបានចុះបញ្ជីជាមួយអគ្គនាយកដ្ឋានពន្ធដារ និងមានសកម្មភាពអាជីវកម្មក្នុងខេត្តសៀមរាប សម្រាប់រយៈពេលបួនខែ ដោយគិតចាប់ខែកុម្ភៈ រហូតដល់ខែឧសភា ឆ្នាំ២០២០។

យ៉ាងណាក៏ដោយ អាជីវកម្មសណ្ឋាគារ និងផ្ទះសំណាក់នៅតែមានកាតព្វកិច្ចដាក់លិខិតប្រកាសពន្ធ-អាករ និងប្រើប្រាស់ប្រព័ន្ធអនឡាញសម្រាប់គ្រប់គ្រងអាករលើតម្លៃបន្ថែម (E-VAT) ជារៀងរាល់ខែ ក្នុងរយៈពេលលើកលែងពន្ធនេះ៕

អាមេរិកនៅតែជាអ្នកបញ្ជាទិញផលិតផលសំខាន់ៗដែលឈរលំដាប់ទី១ពីកម្ពុជា

ដោយ ប៊ី

ភ្នំពេញ ៖ សហរដ្ឋអាមេរិកក្លាយជាអ្នកបញ្ជាទិញផលិតផលសំខាន់ៗដែលឈរលើលំដាប់ទី១ពីកម្ពុជា ខណៈការបញ្ជាទិញផលិតផលរបស់សហរដ្ឋអាមេរិកពីកម្ពុជាមានទំហំទឹកប្រាក់ជាង ១.២១ ពាន់លានដុល្លារ និងបានកើនឡើងជាង ៣៦ ភាគរយ។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងសេដ្ឋកិច្ច។

ជាមួយនឹងការធ្វើពាណិជ្ជកម្មអន្តរជាតិ ប្រភេទទំនិញដែលឆ្លងកាត់តាមមាត់ច្រកគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្នុងរយៈពេល ៣ខែ ឆ្នាំ២០២០ នេះ ការនាំចេញរបស់កម្ពុជា មានទំហំទឹកប្រាក់សរុប ១៤ ៤៣០ ប៊ីលានរៀល ស្មើនឹងប្រមាណ ៣ ៥៥០ លានដុល្លារអាមេរិក។

ក្នុងនោះការនាំចេញទៅកាន់ទីផ្សារអាមេរិក មានទំហំទឹកប្រាក់ប្រមាណជាង ១ ២១១ លានដុល្លារ បានកើនឡើងប្រមាណជាង ៣៦% ខណៈនៅក្នុងរយៈពេលដូចគ្នា ឆ្នាំ២០១៩ ចំនួននេះមានត្រឹម ៨៨៧ លានដុល្លារ, ដូចនេះ ការនាំចេញទៅទីផ្សារអាមេរិក បានឈរក្នុងលំដាប់ទី១ បន្ទាប់ពីការនាំចេញទៅកាន់ទីផ្សារសំខាន់ៗក្រៅប្រទេសផ្សេងៗទៀត។

លោក Patric Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា ថ្លែងថា ក្នុងឆ្នាំ ២០២០នេះ កិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា និងអាមេរិក នឹងផ្តល់នូវលទ្ធផលប្រកបដោយផ្លែផ្កាកាន់តែមានធំធេងថែមទៀត។

នៅក្នុងរយៈពេលនេះដែរ អាមេរិក បានបញ្ជាទិញផលិតផលកាត់ដេរ មានចំនួនជិត ៩៥៦ លានដុល្លារ, អង្ករ ០,៥ លានដុល្លារ និងការបញ្ជាទិញផលិតផលផ្សេងៗទៀតជិត ២៦៥ លានដុល្លារ សរុបទាំងអស់មានទំហំទឹកប្រាក់ជាង ១ ២១១ លានដុល្លារអាមេរិក ខណៈការនាំចេញទៅកាន់ទីផ្សារ សហគមន៍អឺរ៉ុប មានជាង ១ពាន់លានដុល្លារ, ទីផ្សារអង់គ្លេស ជិត ២០៦ លានដុល្លារ, ទីផ្សារជប៉ុន ៣១០ លានដុល្លារ, ទីផ្សារអាស៊ាន ជាង ២៣២ លានដុល្លារ និងការនាំចេញទៅកាន់ទីផ្សារផ្សេងៗទៀត មានទំហំជាង ៧៤៣ លានដុល្លារអាមេរិកផងដែរ ។

នៅក្នុងត្រីមាសទី១នេះ កម្ពុជាបាននាំចេញផលិតផលសំលៀកបំពាក់ មានចំនួន ៧ ៧១៣ ប៊ីលានរៀល, ស្បែកជើង ១ ៣៨៧ ប៊ីលានរៀល, វាយនភណ្ឌផ្សេងៗ ១ ៦៦០ ប៊ីលានរៀល, គ្រឿងបង្គុំអេឡិចត្រូនិក និងរថយន្ត ជិត ៣៧០ ប៊ីលានរៀល, កង់ ៤៨៣ ប៊ីលានរៀល,ប្រភេទឈើកែច្នៃ និងឈរគ្រប់ប្រភេទ ជិត ១៨០ ប៊ីលានរៀល, អង្ករ ៥៩៣ ប៊ីលានរៀល, កៅស៊ូ ១២៥ ប៊ីលានរៀល, ស្ករស ៥៤ ប៊ីលានរៀល, ផលិតផលកសិកម្មផ្សេងៗ ១៧១ ប៊ីលានរៀល និងផលិតផ្សេងៗទៀត ជាង ១ ៦០០ ប៊ីលានរៀលផងដែរ៕

អ្នកវិនិយោគកំពុងសម្លឹងមើលទីផ្សារដីធ្លីនៅក្នុងខេត្តចំនួន៥សម្រាប់បម្រើ វិស័យឧស្សាហកម្ម

ដោយៈ រ៉ាណេត

ភ្នំពេញៈ ខេត្តចំនួន៥ត្រូវបានក្លាយជាគោលដៅវិនិយោគ របស់ក្រុមអ្នកជំនួញវិស័យដីធ្លី សម្រាប់បម្រើដល់វិស័យឧស្សាហកម្ម និងកសិកម្ម ស្របពេលដែលរាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់។

អ្នកជំនាញក្នុងវិស័យអចលនទ្រព្យ និងជាអគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ R Investment Group លោកឧកញ៉ា តេង រិទ្ធី បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទកាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ថា ខណៈដែលការរាតត្បាតនៃជំងឺឆ្លងCovid-19 នៅកម្ពុជាមានភាពស្ងប់ស្ងាត់ បច្ចុប្បន្ននេះបណ្តាអ្នកជំនួញ ក្នុងវិស័យដីធ្លីចាប់ផ្ដើមធ្វើសកម្មភាពចុះសម្លឹងមើលទីផ្សារដីធ្លីនៅតាមបណ្តាខេត្តមួយចំនួន ដើម្បីទិញទុកវិនិយោគសម្រាប់បម្រើដល់វិស័យឧស្សាហកម្ម និងកសិកម្មកម្រិតខ្ពស់។

លោកឧកញ៉ាបានបន្តថា “ក្រុមអ្នកវិនិយោគក្នុងវិស័យដីធ្លីបច្ចុប្បន្ន បានបង្វែរគោ​លដៅរបស់ខ្លួនពីតំបន់ជាយក្រុង តំបន់ខេត្តទេសចរណ៍ជាយសមុទ្រ ទៅសំដៅតាមប ណ្តាខេត្តសំខាន់ៗមួយចំនួន ដែលមានសក្ដានុពលក្នុងវិស័យឧស្សាហកម្ម និងកសិកម្មវិញម្ដង ខណៈដែលរាជរដ្ឋាភិបាល ចាប់ផ្ដើមយកចិត្តទុកដាក់ក្នុងការពង្រឹងលទ្ធភាព និងពង្រីកផលិតភាពឱ្យកាន់តែប្រសើរ ហើយទីផ្សារគោលដៅរបស់ក្រុមអ្នកជំនួញដីធ្លី ដែលកំពុងសម្លឹងមើលរួមមានខេត្តកណ្តាល កំពង់ស្ពឺ ខេត្តកំពង់ចាម កំពង់ឆ្នាំង ពោធិ៍សាត់ និងខេត្តបាត់បង”។

លោកឧកញ៉ាតេង រិទ្ឋីបានមានប្រសាសន៍បន្តទៀតថា ហេតុផលដែលពួកគេដាក់គោលដៅវិនិយោគនៅតាមបណ្តាខេត្តទាំងនេះ ដោយសារតែខេត្តទាំងអស់ខាងលើនេះមានភាពអំណោយផលផ្នែកកត្តាភូមិសាស្ត្រ ដែលអនុគ្រោះយ៉ាងប្រសើរសម្រាប់ការអភិវឌ្ឍវិស័យឧស្សាហកម្ម រោងចក្រ និងតំបន់កសិដ្ឋានកម្រិតខ្ពស់។

នាយិកាក្រុមហ៊ុនអចលនទ្រព្យ AMATAK Property Service លោកស្រី តាំង ហួរ បានមានប្រសាសន៍ថា “អ្នកវិនិយោគនៅក្នុងវិស័យអចលនទ្រព្យ គឺសុទ្ធតែបានដាក់គោលដៅរបស់ពួកគេយ៉ាងច្បាស់លាស់។ សម្រាប់ក្រុមអ្នកវិនិយោគ និងអភិវឌ្ឍន៍វិស័យលំនៅដ្ឋាន គោលដៅរបស់ពួកគេភាគច្រើន គឺស្ថិតនៅតំបន់ជាយក្រុង ដោយសារងាយស្រួលក្នុងការអភិវឌ្ឍ និងមានទីផ្សារទូលាយ”។

សម្រាប់អ្នកវិនិយោគ និងអភិវឌ្ឍន៍លំនៅដ្ឋានលំហែរកាយ និងតំបន់កម្សាន្ត គោលដៅរបស់ពួកគេ គឺស្ថិតនៅតាមបណ្តាខេត្តជាប់មាត់សមុទ្រ រួមមានខេត្តព្រះសីហនុ កំពត កែប កោះកុង និងខេត្តដែលមានធនធានធម្មជាតិល្អ ដែលស្ថិតប៉ែកឦសាន ដូចជាខេត្តមណ្ឌលគីរី និងខេត្តរតនៈគីរី។

លោកស្រីតាំង ហួរបានមានប្រសាសន៍បន្តទៀតថា “សម្រាប់ខេត្តទាំង៥ ដូចបានលើកឡើងខាងលើនេះ បច្ចុប្បន្នពិតជាមានសកម្មភាពទិញ-លក់ពិតមែន ប៉ុន្តែហាក់មិនទាន់មានភាពពុះកញ្ច្រោលនៅឡើយនោះទេ ដោយសារតែភាពរអា និងការភ័យខ្លាចទៅនឹងវិបត្តិនៃជំងឺឆ្លង។

លោកស្រីបន្ថែមថា “យ៉ាងណាក៏ដោយ ខ្ញុំជឿជាក់ថាមិនយូរទៀតនោះទេ ចរន្តទីផ្សារនៃការទិញ-លក់ នឹងកើតមានឡើងវិញ ដែលផ្តើមចេញពីសកម្មភាពអ្នកជំនួញ និងវិនិយោគនៅក្នុងស្រុក”៕

សម្តេចតេជោឲ្យអាជ្ញាធរផ្អាកភោជនីយដ្ឋានណាដែលមិនគោរពតាមការណែនាំ អំពីវិធានលើការប្រយុទ្ឋCovid-19

ដោយគង់ សូរិយា

ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំដល់អាជ្ញាធរ ឱ្យចុះពិនិត្យភោជនីយដ្ឋានទាំងឡាយណា បើភោជនីយដ្ឋានណាមិនអនុវត្តន៍តាមវិធានអនាម័យក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ឬទប់ស្កាត់មិនឱ្យជំងឺនេះរីករាលដាលទេនោះ ត្រូវផ្អាកជាបណ្តោះអាសន្ន។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍បែបនេះក្នុងពេលដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនាព្រឹកថ្ងៃសុក្រ ទី១៥ ខែឧសភា ឆ្នាំ២០២០នេះ។

រដ្ឋមន្ត្រីក្រសួងព័ត៌មានលោកខៀវ កញ្ញារីទ្ធបានដកស្រង់ប្រសាសន៍សម្តេចនាយករដ្ឋមន្ត្រីមកបញ្ជាក់លើហ្វេសប៊ុកយ៉ាងដូច្នេះថា “សម្តេចបានអនុញ្ញាតឱ្យអាជ្ញាធរមូលដ្ឋានពិនិត្យអនាម័យតាមភោជនីយដ្ឋាន។ បើខ្វះចន្លោះត្រូវណែនាំ បើណែនាំមិនអនុវត្តអាចបិទជាបណ្តោះអាសន្នរហូតរៀបចំមានអនាម័យហើយចាំអនុញ្ញាតឱ្យបើកជាថ្មីវិញ”។

បើទោះបីកម្ពុជាបានព្យាបាលអ្នកជំងឺជាជិតអស់ និងរយៈពេលប្រមាណ៣២ថ្ងៃហើយមិនមានអ្នកឆ្លងជំងឺថ្មីយ៉ាងណាក្តី តែអ្នកជំនាញក្រសួងសុខាភិបាល នៅតែអំពាវនាវដល់ប្រជាពលរដ្ឋ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការឆ្លង និងរីករាលដាលនៃជំងឺកូវីដ១៩ ដ្បិតថាជំងឺនេះមិនទាន់រលាយរលត់ពីលើពិភពលោកនៅឡើយនោះទេ៕

ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងចិនគ្រោងនឹងបញ្ចប់ នៅខែក្រោយ

ដោយ ប៊ី

ភ្នំពេញៈ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) រវាងកម្ពុជា និងចិនត្រូវបានរំពឹងថានឹងបញ្ចប់នៅខែក្រោយ ខណៈប្រទេសចិនជាប្រទេសដំបូងគេដែលចរចា FTA ជាមួយកម្ពុជា។ នេះបើយោងតាមការអ្នកនាំពាក្យរបស់ក្រសួងពាណិជ្ជកម្ម។

អ្នកនាំពាក្យរបស់ក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា បានជាមួយនឹងកិច្ចចរចាជុំទី ២ ដែលបានសម្រេចជាលទ្ធផលជាច្រើនកាលពីខែមុន កិច្ចព្រមព្រៀងនេះត្រូវបានរំពឹងថានឹងត្រូវបញ្ចប់នៅខែក្រោយ។

កម្ពុជា-ចិន បានចាប់ផ្តើមបើកកិច្ចចរចារព្រមព្រៀងពាណិជ្ជកម្មសេរីក្នុង ដំណាក់កាលទី២ ក្រោមទម្រង់វីឌីអូពីចម្ងាយ(Video Conference) ដើម្បីពន្លឿនការចុះហត្ថលេខាជាផ្លូវការនាពេលខាងមុខនេះ។ ភាគីទាំងពីរនៅក្នុងកិច្ចប្រជុំកាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០កន្លងមកនេះ បានពិភាក្សាគ្នាលើកិច្ចសហប្រតិបត្តិការគំនិតផ្តួចផ្តើមខ្សែ ក្រវាត់និងផ្លូវ កិច្ចសហប្រតិបត្តិការវិនិយោគ កិច្ចសហប្រតិបត្តិការបច្ចេកវិទ្យាសេដ្ឋកិច្ច ពាណិជ្ជកម្មអេឡិចត្រូនិច និងបញ្ហាច្បាប់មួយចំនួន ដោយផ្អែកលើខ្លឹមសារកុងសុងស៊ីដែលបានសម្រេចយ៉ាងទូលំទូលាយ។

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា ចិននេះ ត្រូវបានបង្កើតឡើងក្នុងគោលបំណ ងពង្រីកការធ្វើពាណិជ្ជកម្ម វិនិយោគ សេវា និងកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅរវាងប្រទេសទាំងពីរ។

ការឈានដល់ដំណាក់កាល នៃការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ អំពីការវិវត្តន៍យ៉ាងឆាប់រហ័សនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការក៏ស្អិតរមួត និងរឹងមាំរវាងប្រទេសទាំងពីរលើគ្រប់វិស័យ ដែលបច្ចុប្បន្នបានឈានដល់កិច្ចសហប្រតិបត្តិការភាព ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។

បន្ថែមពីនេះ កិច្ចព្រមព្រៀងនេះ ក៏បានបង្ហាញអំពីការគិតគូរ និងយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំទាំងពីរ លើការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ នៃប្រទេសទាំងពីរ តាមរយៈការជំរុញពាណិជ្ជកម្ម និងការបង្កើតឱកាសការងារ។

កិច្ចព្រមព្រៀងនឹងផ្តល់ឱ្យកម្ពុជានូវភាពកាន់តែសំបូរបែប ក្នុងការនាំចេញផលិត ផលរបស់ខ្លួន ទៅកាន់ទីផ្សាររបស់ចិនទាំងបរិមាណ និងមុខទំនិញ តាមរយៈការផ្តល់នូវការអនុគ្រោះពន្ធប្រសើរជាងមុន។ បន្ថែមពីនេះកិច្ចព្រមព្រៀងនេះ ក៏នឹងធ្វើឱ្យប្រសើរឡើងនូវកិច្ចសម្រួលពាណិជ្ជកម្ម តាមរយៈការជួលសម្រួល និងកាត់បន្ថយបែបបទ នីតិវិធី និងវិធានការនានាដែលមិនចាំបាច់ និងធ្វើឱ្យរាំងស្ទះដល់លំហូរពាណិជ្ជកម្មទំនិញ។

កិច្ចព្រមព្រៀងនេះ នឹងចូលរួមចំណែកបង្កលក្ខណៈងាយស្រួល ដល់វិនិយោគិនដែលមានស្រាប់ ក្នុងការពង្រីកប្រតិបត្តិការរបស់ខ្លួន និងទាក់ទាញវិនិយោគថ្មីៗបន្ថែមទៀតមកកម្ពុជា ដែលនឹងបង្កើតការងារថ្មី បន្ថែមជួនប្រជាពលរដ្ឋ តាមរយៈការកែលម្អកិច្ចការពាក់ព័ន្ធ និងសម្រួលការវិនិយោគ។

កត្តាទាំងអស់នេះ នឹងចូលរួមចំណែកនៅក្នុងការអភិវឌ្ឍន៍ និងទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ ក៏ដូចជាពន្លឿនដំណើរការ នៃការធ្វើសមាហរណកម្មសេដ្ឋកិច្ចកម្ពុជាទៅក្នុងតំបន់ និងសកលលោក។

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដឹកនាំកិច្ចប្រជុំចង្អៀតអន្តរក្រសួង ដើម្បីពិនិត្យ និងពិភាក្សាលើលទ្ធផល នៃការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-ចិន ជុំទី១ ដែលបានប្រព្រឹត្តទៅ កាលពីថ្ងៃទី២០-២១ ខែមករា ឆ្នាំ ២០២០ នៅទីក្រុងប៉េកាំង៕

គណៈរដ្ឋមន្ត្រីអនុម័ត“សេចក្ដីព្រាងច្បាប់ស្ដីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម”

ដោយ ៖ វុត្ថា

ភ្នំពេញ ៖ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី អនុម័តទាំងស្រុង ដោយគ្មានការកែប្រែលើ “សេចក្ដីព្រាងច្បាប់ស្ដីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលបានឱ្យដឹងនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០នេះថា សេចក្ដីព្រាងច្បាប់ស្ដីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ត្រូវបានរៀបចំឡើងដោយផ្អែកលើច្បាប់ស្ដីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មឆ្នាំ២០០៧ និងច្បាប់ស្ដីពីវិសោធនកម្មមាត្រា៣ មាត្រា២៩ និងមាត្រា៣០ នៃច្បាប់ស្ដីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មឆ្នាំ២០១៣ជាគោល ព្រមទាំងបញ្ចូលយុទ្ធសាស្ត្រជាតិស្ដីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មឆ្នាំ២០១៩-២០២៣ និងអនុសាសន៍តាមស្ដង់ដារឆ្នាំ២០១២ របស់ FATF ដែលមានសារៈសំខាន់ជាយុទ្ធសាស្ត្រ។

លោកបន្តថា គោលបំណងច្បាប់នេះមានគោលបំណងធានាប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ដោយកំណត់អំពីវិធានការត្រួតពិនិត្យ បង្ការ ទប់ស្កាត់ បង្ក្រាប និងលុបបំបាត់ការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។ វិសាលភាពច្បាប់នេះមានវិសាលភាពអនុវត្តចំពោះរាល់សកម្មភាពសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ក្រុមប្រទេសអាស៊ីប៉ាស៊ីហ្វិកស្ដីពីការសម្អាតប្រាក់ (Asia Pacific Group on Money Laundering-APG) កាលពីខែមិថុនា ឆ្នាំ២០០៤ ប្រទេសកម្ពុជាបានរៀបចំក្របខណ្ឌគតិយុត្ត ដោយបានដាក់ឱ្យប្រើប្រាស់ច្បាប់ស្ដីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម នៅថ្ងៃទី២៤ មិថុនា ឆ្នាំ២០០៧ និងបានបង្កើតយន្តការអនុវត្តច្បាប់ដូចជា៖ គណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជាជាដើម។

ក្នុងឆ្នាំ២០០៧ នោះដែរ APG បានចុះមកវាយតម្លៃ និងបានពិនិត្យឃើញថាក្របខណ្ឌគតិយុត្តរបស់យើងនៅមានចំណុចខ្វះខាត មិនទាន់ស្របតាមស្ដង់ដារ និងការវិវត្តថ្មីៗពាក់ព័ន្ធនឹងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ដែលតម្រូវឱ្យរៀបចំគតិយុត្ត និងស្ថាប័ន។ បន្ទាប់មកនៅក្នុងឆ្នាំ២០១១ ក្រុមការងារហិរញ្ញវត្ថុ FATF បានបញ្ចូលកម្ពុជាយើងទៅក្នុងបញ្ជីប្រផេះជាលើកទី១ ហើយតម្រូវឱ្យយើងធ្វើវិសោធនកម្មច្បាប់ស្ដីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។

វិសោធនកម្មច្បាប់ស្ដីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ចំនួន៣មាត្រា ក្នុងនោះទី១ បំពេញបន្ថែមនិយមន័យនៅក្នុងមាត្រា៣ ដើម្បីឱ្យកាន់តែមានភាពច្បាស់លាស់ ស្របតាមសភាពការណ៍ថ្មី ទី២ បំពេញបន្ថែមមាត្រា២៩ ដើម្បីបន្ថែមការដាក់ទោស ពោលគឺបន្ថែមមាត្រាចំនួន៧ ថែមទៀត និងទី៣ បំពេញបន្ថែមមាត្រា៣០ ដែលបានបន្ថែមមាត្រាចំនួន៥ ដើម្បីចែងពីការបង្កក ការឃាត់ទុក និងការរឹបអូស។

ច្បាប់ស្ដីពីវិសោធនកម្មមាត្រា៣ មាត្រា២៩ និងមាត្រា៣០ នៃច្បាប់ស្ដីពីការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មនេះ ត្រូវបានប្រកាសឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៣ ដោយបានដាក់ទោសបទល្មើសសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងការកំណត់អំពីយន្តការច្បាស់លាស់អំពីការបង្កក ការឃាត់ទុក និងការរឹបអូសផលនៃបទល្មើស។ បន្ទាប់ពីបានអនុម័តច្បាប់នេះ និងបំពេញការងារមួយចំនួនទៀតរួច FATF ក៏បានដកប្រទេសកម្ពុជាចេញពីបញ្ជីប្រផេះនៅក្នុងខែកុម្ភៈ ឆ្នាំ២០១៥។

ប្រទេសកម្ពុជាយើងបានទទួលរងការវាយតម្លៃអញ្ញមញ្ញម្ដងទៀតជាលើកទី២ នៅឆ្នាំ២០១៦ ដែល APG ពិនិត្យអំពីប្រសិទ្ធភាពនៃការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មរបស់កម្ពុជា។ ដោយសារ FATF ប្ដូរស្ទង់ដាររបស់ខ្លួននៅឆ្នាំ២០១២ ហើយការវាយតម្លៃលើកនេះ គឺប្រើស្ដង់ដារថ្មីនេះ ការវាយតម្លៃបានពិនិត្យឃើញថា កម្ពុជាយើងនៅខ្វះខាតមូលដ្ឋានគតិយុត្តបន្ថែមទៀតជាច្រើន សម្រាប់ការងារប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ក៏ដូចជាហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ។

ភាពខ្វះចន្លោះជាយុទ្ធសាស្ត្រទាំងនេះក្លាយជាមូលហេតុដាក់ប្រទេសកម្ពុជាចូលទៅក្នុងបញ្ជីប្រផេះ ជាលើកទីពីរ កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ ជាលទ្ធផល FATF បានកំណត់ផែនការសកម្មភាពមួយដែលមាន ១៤ចំណុច។ ផែនការសកម្មភាពនេះ បានតម្រូវឱ្យកម្ពុជាធ្វើវិសោធនកម្មច្បាប់ស្ដីពីការប្រឆាំងការម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ដើម្បីបន្ថែមនូវខ្លឹមសារសំខាន់ៗរួមមាន៖ ១. ការកំណត់ឱ្យបានច្បាស់លាស់នូវនិយមន័យនៃពាក្យបច្ចេកទេស ២. ការបញ្ជាក់បន្ថែមពីនីតិវិធីនៃការយកចិត្តទុកដាក់ស្គាល់អតិថិជន ៣. ការបង្កើនកម្រិតពិន័យជាសាច់ប្រាក់នៅក្នុងទណ្ឌកម្មខាងព្រហ្មទណ្ឌ ហើយត្រូវចូលជាធរមានឱ្យបានមុនខែកញ្ញា ឆ្នាំ២០២០៕

ប្រធាន CVEA លើកទឹកចិត្ត​ឱ្យមាន​ការទិញ-លក់​អចលនទ្រព្យ​តាម​ភ្នាក់ងារ​ស្របច្បាប់ដើម្បី​ជៀសវាង​ហានិភ័យ

ដោយ ​វុត្ថា

ភ្នំពេញៈ ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា លោក​ច្រឹ​ក សុខ​នី​ម  នៅ​លើកទឹកចិត្ត​ដល់​ស្វែងរក់​ទិញ-លក់​ក្នុង​វិស័យ​អចលនទ្រព្យ​ជ្រើស​រើសយក​ភ្នាក់ងារ​ក្នុង​ការចចារ និង​រៀបចំ​ឯក​បទដ្ឋាន​គតិ​យុ​ត្តិ ដើម្បី​ជៀសវាង​ហានិភ័យ និង​មាន​សុវត្ថិភាព​ទាំង​គូរ​ភាគី ខណៈ​ការវិនិយោគ​លើ​វិស័យនេះ ត្រូវ​ប្រើប្រាស់​ធនធាន​យ៉ាង​ធំ។

លោក​ច្រឹ​ក សុខ​នី​ម​បាន​មានប្រសាសន៍​ឱ្យដឹង​នៅ​ថ្ងៃទី១៤ ខែឧសភា ឆ្នាំ ២០២០ នេះ ថា ភ្នាក់ងារ​អចលនវត្ថុ ជា​អ្នក​ប្រឹក្សា​យោបល​ដល់​អ្នកលក់ និង​អ្នកទិញ​ដើម្បី​ឱ្យមាន​យល់ដឹង​កាន់តែ​ច្បាប់​ពី​វិស័យ​អចលនទ្រព្យ និង​ដឹក​ពី​ព័ត៌មាន ក្នុង​អចលនទ្រព្យ​ព្រមទាំង​ដឹង​ពី​ប្រភព​អចលនទ្រព្យ និង​ប្រភព​មុនិ​ធិ​ដែល​នឹង​យកមកប្រើ​ប្រាស់ ក្នុង​វិស័យ​អចលនទ្រព្យ។

លោក​បន្តថា “ភ្នាក់ងារ​អចលនទ្រព្យ​មាន​ព័ត៌មាន​សម្បូរបែប ហើយ​អាច​ទទួលយកបាន តាមរយៈ​ការ​ផ្តល់នូវ​ព័ត៌មាន និង​ឱកាស​វិនិយោគ​ប្រកបដោយ​ចីរភាព” ។ លោក​បន្ថែមថា “ម្យ៉ាងទៀត​ភ្នាក់ងារ​អចលនទ្រព្យ គឺជា​បុគ្គល​ដែលមាន​សក្តានុពល​ក្នុង​ការចចារ ពីព្រោះ​ពួ​គេ​ធ្វើការ​ដោយផ្ទាល់​ជាមួយនឹង​អ្នកលក់ ហើយ​ដឹង​ពី​លក្ខខណ្ឌ​នៃ​តម្រូវការ​ជាក់ស្តែង​នៃ​អ្នកលក់ ជា​ការលក់​ប្រញាប់ លក់​ធម្មតា​ឬ​លក់ ក្នុង​កម្រិត​ក្នុងការ​ទទួលយក​ប្រាក់​ចំណូល​ខ្ពស់” ។

លោក​ច្រឹ​ក សុខ​នី​ម​បាន​បន្ថែមថា  ជាមួយគ្នានេះ ភ្នាក់ងារ​អចលនវត្ថុ​ជា​បុគ្គល​កណ្តាល ក្នុង​រៀបចំ​កិច្ចសន្យា​ទិញ-លក់ និង​ការធ្វើឱ្យមាន​ស្របច្បាប់ សម្រាប់​អ្នកលក់​នៅក្នុង​ដំណើរការ​នៃ​ទិញ-លក់។ បន្ថែម​ពីនេះ ភ្នាក់ងារ​ក៏​ជា​អ្នកធ្វើការ​យ៉ាង​ជិតស្និត​ជាមួយនឹង​ធនាគារ ដែល​អាច​ជួ​លស​ម្រ​ប់​សម្រួល ដល់​អ្នកទិញ​ដែលមាន​បំណង​ខ្ចី នៅក្នុង​លក្ខខណ្ឌ​ណាមួយ។

លោក​បាន​អំពាវនាវ និង​លើកទឹកចិត្ត​ដល់​អ្នកទិញ អ្នកលក់​អចលនវត្ថុ​ប្រើប្រាស់​ភ្នាក់ងារ​របស់​សមាគម ដែលមាន​ជាង១០០ក្រុមហ៊ុន និង​ភ្នាក់ងារ​ជាង៣០០០នាក់ ដែល​កំពុង​បំរើ​នៅក្នុង​ទីផ្សារ និង​មាន​វិជ្ជាជីវៈ​ជួយ​សម្របសម្រួល ដើម្បី​ជៀសផុត​ពី​ហានិភ័យ​ដែល​កើតឡើង​ជាយថាហេតុ​ណាមួយ៕

រដ្ឋាភិបាល​ចំណាយ​ប្រា​ក់ជាង៥០០លាន​ដុល្លារ លើ​គម្រោង​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅ​ត្រីមាស​ទី១ឆ្នាំ២០២០

ដោយ ប៊ី

ភ្នំពេញៈ កម្ពុជា​សម្រេចបាន​សមិទ្ធ​ផលសំខាន់ៗចំនួន៤ លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​ត្រីមាស១ ឆ្នាំ២០២០ ខណៈ​កម្ពុជា​បាន​ចំណាយ​ប្រាក់ ៥០០,៣៦លាន​ដុល្លារ លើ​គម្រោង​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ទាំងនេះ។

ថ្ងៃ​គេហទំព័រ Propertyarea.area.asia បង្ហាញ​ពី​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធធំៗចំនួន៤នេះ។ គម្រោង​ហេដ្ឋារចនាសម្ព័ន្ធធំៗចំនួន៤មាន​ដូចខាងក្រោម៖

ទី១ ផ្លូវជាតិ​លេខ៥៥

ផ្លូវជាតិ​ដ៏​សំខាន់​នេះ ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ៥ ក្នុង​ទី​រួម​ខេត្តពោធិ៍សាត់ ឆ្ពោះទៅកាន់​ព្រំដែន​ថ្មដា ជាប់​ជាមួយ​ខេត្ត​ត្រាត ប្រទេស​ថៃ និង​បើក​ការដ្ឋាន​សាងសង់​ផ្លូវជាតិ១០ ត​ភ្ជាប់​ពី​សំឡូត ទៅ​ខេត្តកោះកុង។

ផ្លូវជាតិ​លេខ៥៥ មាន​ប្រវែង​សរុប១៨២.១៦គីឡូម៉ែត្រ ត​ភ្ជាប់​ពី​ពោធិ៍សាត់ ឆ្លងកាត់​ស្រុក​វាលវែង ទៅដល់​ថ្មដា​ព្រំដែន​កម្ពុជា-ថៃ។ ផ្លូវ​នេះ​ចំណាយ​ថវិកា​សាងសង់​សរុប ១៣២.៨០លាន​ដុល្លារ​អាមេរិក ជា​ហិរញ្ញប្បទាន​ពី​រដ្ឋាភិបាល​ចិន រួមជាមួយ​ថវិកាបដិភាគ​របស់​រា​ជ​រដ្ឋាភិបាល​កម្ពុជា សម្រាប់​ការដោះស្រាយ​ផលប៉ះពាល់​នានា និង​ការ​បោសសម្អាត​គ្រាប់មីន និង​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ។

ទី២ ផ្លូវជាតិ​លេខ១០

គមនាគមន៍​ដ៏​សំខាន់​នេះ ត​ភ្ជាប់​ពី​សំឡូត ខេត្តបាត់ដំបង ឆ្លង​វាលវែង អូរ​សោម ខេត្តពោធិ៍សាត់ រហូតដល់​ខេត្តកោះកុង ដែលមាន​ប្រវែង​សរុប១៩៨.៧១គីឡូម៉ែត្រ គ្រោង​ចំណាយ​ថវិកា​សរុប ប្រមាណ១៨៨.៣៨លាន​ដុល្លារ​អាមេរិក ជា​ហិរញ្ញប្បទាន​ពី​រដ្ឋាភិបាល​ចិន រួមជាមួយ​នឹង​ថវិកាបដិភាគ​របស់​រា​ជ​រដ្ឋាភិបាល​កម្ពុជា។

ការស្ថាបនា​នូវ​គម្រោង​ផ្លូវជាតិ​លេខ១០ ដែលមាន​ប្រវែង​ប្រមាណ១៩៨គីឡូម៉ែត្រ គ្រោង​នឹង​បញ្ចប់ ក្នុង​រយៈពេល៤ឆ្នាំ​ខាងមុខ​ស្របតាម​ផែនការ​អភិវឌ្ឍ ត្រូវបាន​ប្រជាជន​នៅក្បែរ​តំបន់​ផ្លូវជាតិ​នោះ​រំពឹងថា ផ្លូវ​នេះ​នឹង​ក្លាយទៅជា​ច្រកទ្វារ យុទ្ធសាស្ត្រ​សម្រាប់​ទីផ្សារ​ពិភពលោក ពង្រឹង​សេដ្ឋកិច្ច​ក្នុង​តំបន់ និង​លើកកម្ពស់​ជីវភាព​រស់​នៅ​របស់​ប្រជាជន ដែល​រស់នៅ​តំបន់​ភាគ​ខាងលិច​នៃ​ប្រទេស​កម្ពុជា។

គម្រោង​ស្ថាបនា​ផ្លូវជាតិ​ថ្មី​នេះ នឹង​ជម្រុញ​ឱ្យ​ប្រជាជន​កម្ពុជា ពង្រឹង​ប្រព័ន្ធ​ផលិតកម្ម​កសិកម្ម​ដែលមាន​ស្រាប់ និង​ជំរុញ​ការធ្វើ​ពិពិធ​កម្ម​ពាណិជ្ជកម្ម ទន្ទឹមនឹង​ការអភិវឌ្ឍន៍​ឧស្សាហកម្ម។ បន្ថែម​ពីនេះ ជួយ​ឱ្យ​ផលិតផល​កសិកម្ម ដែល​ដាំ​ដុះ​នៅ​ផ្ទៃដី​ប្រទេស​កម្ពុជា​ត្រូវបាន​ដឹក​ទៅកាន់​ច្រកចេញចូលសំខាន់ៗ ជាពិសេស​កំពង់ផែ​សមុទ្រ​ជ្រៅ​នៅ​ខេត្តកោះកុង និង​ព្រះសីហនុ។

ការធ្វើឱ្យ​ប្រសើរឡើង​នូវ​ការតភ្ជាប់​ផ្លូវជាតិ​លេខ១០ ទៅកាន់​កំពង់ផែ​សមុទ្រ​ក៏​ជាការ​បង្កើន​ការប្រកួតប្រជែង និង​សក្ដានុពល​នៃ​ឧស្សាហកម្ម និង​ក​សិ-ឧស្សាហកម្ម។ ម្យ៉ាងទៀត ផ្លូវ​នេះ​បាន​បង្កើត និង​ចែកចាយ​អត្ថប្រយោជន៍​ជាច្រើន​ដល់​អាជីវកម្ម ជាពិសេស​កសិករ​តូចតាច នៅក្នុង​បរិបទ​នៃ​ការកសាង​សេដ្ឋកិច្ច​ឡើងវិញ បន្ទាប់ពី​ផលប៉ះពាល់​នៃ​ជំងឺ​រាតត្បាត​កូ​វីដ១៩ ក្នុងពេល​បច្ចុប្បន្ន។

ទី៣ ផ្លូវជាតិ​លេខ៥៨

កាលពី​ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង លោក វ៉ាង វិ​ន​ធៀន (Wang Wentian) ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់ សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ផ្លូវជាតិ លេខ៥៨ ដែលជា​ផ្លូវ​ក្រវ៉ាត់​ព្រំដែន​កម្ពុជា និង​ថៃ មាន​ប្រវែង​ជាង១៧៤គីឡូម៉ែត្រ ត​ភ្ជាប់​ពី​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ទៅដល់​ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ។

ផ្លូវ​នេះ​បាន​ចំ​ណោ​យ​ថវិកា​សាងសង់១២២.៩៨ លាន​ដុល្លារ​អាមេរិក ដែលជា​ហិរញ្ញប្បទាន​ពី​រដ្ឋាភិបាល​ចិន រួមជាមួយ​ថវិកាបដិភាគ របស់​រាជរដ្ឋាភិបាល​កម្ពុជា សម្រាប់​ដោះស្រាយ​បញ្ហា​ផលប៉ះពាល់​នានា ការ​បោសសម្អាត​គ្រាប់មីន និង​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ និង​ពន្ធអាករ​ជាដើម។

ផ្លូវជាតិ​លេខ៥៨ ដែលមាន​ប្រវែង​សរុប១៧៤.១៦គីឡូម៉ែត្រ ត​ភ្ជាប់​ពី​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យរ​ហូត​ដល់​ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ គឺ​ក្នុងនោះ​ផ្លូវ​មេមាន​ប្រវែង១៦៥.១៨គីឡូម៉ែត្រ។ ផ្លូវ​នេះ​ឆ្លងកាត់​ខេត្តបន្ទាយមានជ័យ ប្រវែង៩២គីឡូម៉ែត្រ និង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ប្រវែង៧៣.១៨គីឡូម៉ែត្រ និង​ផ្លូវ​ខ្នែង​ចំនួន៤ខ្សែ មាន​ប្រវែង​សរុប ៨.៩៨គីឡូម៉ែត្រ បំបែក​ចេញពី​ផ្លូវជាតិ​លេខ៥៨ ចូលទៅ​ច្រកទ្វារព្រំដែន​កម្ពុជា-ថៃ អូរ​បី​ជាន់, បឹង​ត្រកួន, ជប់​គរ​គី និង​ថ្ម​ដូន។

ទី៤ ផ្លូវជាតិ​លេខ២ និង​លេខ២២

ផ្លូវជាតិ​លេខ២ និង​លេខ២២

ផ្លូវ​សំខាន់​ទាំងពីរ​នេះ មាន​ប្រវែង​ជាង៧២គីឡូម៉ែត្រ ដែល​បានចាប់ផ្ដើម​សាងសង់ នៅ​ថ្ងៃទី១១ខែកុម្ភៈ​នេះ នឹង​ចំណាយ​ទឹកប្រាក់​សរុប​ចំនួន ៥៦,១លាន​ដុល្លារ​អាមេរិក។ នេះ​បើតាម​សម្ដេច​តេ​ជោ​ហ៊ុន សែន ដែល​បាន​ថ្លែង​នៅក្នុង​ពិធីបើកការដ្ឋាន​សាងសង់។នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជាក់ថា ផ្លូវ​ទាំងពីរ​ខ្សែ​នេះ នឹង​សាងសង់​ជា​ប្រភេទ​ផ្លូវ​បេតុង​កៅស៊ូ AC ដែលជា​ហិរញ្ញប្បទាន​ពី​រដ្ឋាភិបាល​សាធារណរដ្ឋ​កូរ៉េ រួមជាមួយ​ថវិកាបដិភាគ​របស់​រា​ជ​រដ្ឋាភិបាល​កម្ពុជា សម្រាប់​ការដោះស្រាយ​ផលប៉ះពាល់ ការ​បោសសម្អាត​គ្រាប់មីន​និង​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ និង​ពន្ធអាករ។

បើតាម​សម្ដេច​តេ​ជោ​ហ៊ុន សែន​បាន​មានប្រសាសន៍​ឲ្យ​ដឹងថា បដិភាគ​រដ្ឋាភិបាល មាន​ចំនួន១១លាន​ដុល្លារ សម្រាប់​គម្រោង​ផ្លូវ​នេះ។ កំណាត់​ផ្លូវជាតិ​លេខ២ និង​ផ្លូវជាតិ​លេខ២២ មាន​ប្រវែង​សរុប៧២,១៧គីឡូម៉ែត្រ។ ផ្លូវជាតិ​លេខ២ ចាប់ពី​រង្វង់​មូល​តាខ្មៅ ដល់​អូរ​ចំបក់ មាន​ប្រវែង៦២,៥៦គីឡូម៉ែត្រ រាប់​ចាប់ពី​រាជធានី​ភ្នំពេញ​ទៅ​ខេត្តកណ្តាល​រហូតដល់​ខេត្តតាកែវ។

ចំណែក​ផ្លូវជាតិ​លេខ២២ ត​ភ្ជាប់​ពី​ចំណុច​អូរ​ចំបក់ ដល់​អង្គតាសោម មាន​ប្រវែង ៩,៦១គីឡូម៉ែត្រ ស្ថិតក្នុង​ខេត្តតាកែវ។ នេះ​ជាការ​បញ្ជាក់​របស់លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន៕

អ្នកជំនាញ៖ កម្ពុជា​មិនទាន់​សម្បូរ​អគារ​អគារ​ពាណិជ្ជកម្ម​កម្រិត​ខ្ពស់​នៅឡើយ​ទេ

ដោយ ​វុត្ថា

ភ្នំពេញៈ អ្នកជំនាញ​អចលនទ្រព្យ​បាន​អះអាងថា រហូតមកដល់​ពេលនេះ កម្ពុជា​មិនទាន់​សម្បូរ អគារ​ពាណិជ្ជកម្ម​កំ​ម្រិ​ត​ខ្ពស់ (High-End Commercial Building) ដូច​ទៅនឹង​បណ្តារ​ប្រទេស​ជឿនលឿន និង​ប្រទេស​នានា​នៅលើ​សកលលោក​នោះទេ ដែល​ទាមទារ​ឱ្យមាន​អភិវឌ្ឍន៍​កាន់តែច្រើន​បន្ថែមទៀត។

លោក ​Ken Lo នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Coldwell Banker Cambodia នៅ​ថ្ងៃទី ១៤ ខែឧសភា ឆ្នាំ ២០២០ កន្លង មក​បាន​ឲ្យ​ដឹងថា បើ​ពិនិត្យមើល​ជាក់ស្តែង កម្ពុជា​មិនទាន់មាន​អគារ​ពាណិជ្ជកម្ម​កម្រិត​ខ្ពស់​ច្រើន ដូច​ទីផ្សារ​អន្តរជាតិ​ដូច​នៅ​សហរដ្ឋអាមេរិក និង​អូស្ត្រាលី ដែល​ជំរុញ​ឱ្យគេ​មក​ទិញ និង​អភិវឌ្ឍន៍​អចលនទ្រព្យ ដូច​នៅ​ប្រទេស​គេ​នោះទេ។

លោក​ថ្លែងថា “ជាមួយគ្នានេះ មុន​ចុះ​កិច្ចសន្យាជួល នៅក្នុង​អគារ​ពាណិជ្ជកម្ម អ្នកវិនិយោគ គួរតែ​ពិនិត្យ​ទៅ​មើល​អាជីវកម្ម​របស់ខ្លួន​វិញ ដែលមាន​លក្ខណៈ​យូ​អង្វែង ឬ​រយៈពេល​ខ្លី និង​មាន​ទំហំ​អាជីវកម្ម​យ៉ាងដូចម្តេច?” ។ លោក​បន្ថែមថា “បើ​មាន​លក្ខណៈ​ទំហំ​ធំ បុគ្គលិក និង​យូ​អង្វែង​ច្រើន​គួរ​ជួល នៅក្នុង​អគារ​ពាណិជ្ជកម្ម​កុំឱ្យ​ពិបាក​រើ​ចុះឡើង” ។

បើតាម​លោក Ken Lo ក្រុមហ៊ុន​លំដាប់​អន្តរជាតិ តែងតែ​ជួល​ការិយាល័យ​ធ្វើការ​នៅក្នុង​អគារ​ពាណិជ្ជកម្ម ព្រោះ​មាន​ស្តង់ដារ និង​មានកេរ្តិឈ្មោះ​ល្អ និង​មាន​ភាពជឿជាក់​ដល់​អតិ​ថិ​ជន ដោយ​ពួកគេ​មិន​ទៅ​ជួល​ផ្ទះល្វែង​ធ្វើ​ការិយាល័យ​នោះទេ។

តែ​យ៉ាងណាក៏ដោយ លោក Ken Lo បញ្ជាក់ថា នៅក្នុង​រយៈពេល៣ ទៅ៥ ឆ្នាំ​ខាងមុខ​ទៀត អគារ​ពាណិជ្ជកម្ម មាន​សន្ទុះ​រី​ករើន​កាន់តែច្រើន​នៅក្នុង​ទីក្រុង​ភ្នំពេញ ព្រោះ​វា​មាន​ភាពងាយស្រួល ក្នុងការ​ទំនាក់ទំនង និង​ផ្តល់នូវ​សេវាកម្ម​ល្អ​ដល់​អតិថិជន។

លោក​បន្ថែមថា អគារ​ពាណិជ្ជកម្ម ផ្តោតទៅលើ​អគារ​ការិយាល័យ អគារ​ខុន​ដូ និង​ផ្សារ​នើ​ប ដែល​ផ្តល់នូវ​សេវាកម្ម​ជា​ជាច្រើន​ប្រភេទ ឆ្លើយតប​ទៅនឹង​សេចក្តីត្រូវការ​របស់​អតិថិជន​ទាំង​កម្រិត​ជាតិ និង​អន្តរជាតិ។

លោកនាយក​ប្រតិបត្តិ​រូបនេះ ក៏បាន​អំពាវនាវ​ដល់​អ្នក​អភិវឌ្ឍន៍​ទាំងអស់ គួរផ្តោត​លើ​ការអភិវឌ្ឍន៍​លើ​អគារ​ពាណិជ្ជកម្ម ខុន​ដូ និង​លំ​ឋាន​ពាណិជ្ជកម្ម ដើម្បី​ឆ្លើយតប​ទៅនឹង​ក្រុមហ៊ុន​ជាតិ និង​អន្តរជាតិ មាន​កើនឡើង​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ស្របទៅ នឹង​សេចក្តីត្រូវការ​របស់​អតិថិជន និង​មាន​ទីផ្សារ​កាន់តែខ្លាំង​នៅពេល​ខាងមុខ៕