អូស្ត្រាលីផ្តល់ជំនួយឥតសំណងជាងជាង ៦ លានដុល្លារអូស្ត្រាលី ដល់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩

ដោយវុត្ថា

ភ្នំពេញ៖ រដ្ឋាភិបាលប្រទេសអូស្ត្រាលីតាមរយ:មជ្ឈមណ្ឌលសន្តិសុខសុខភាពនៃតំបន់ឥណ្ឌូប៉ាស៊ីភិចរបស់ខ្លួនបានប្រកាសផ្តល់នូវជំនួយឥតសំណងថ្មីចំនួនពីរ ដែលមានទឹកប្រាក់ប្រមាណ ជាង ៦ លានដុល្លារអូស្ត្រាលី ជួយដល់ប្រទេសកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។

ស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាបានអោយដឹងនៅថ្ងៃទី១៥ ឧសភា ២០២០ម្សិលមិញនេះថា ជំនួយឥតសំណងទាំងនេះ រួមមានជំនួយទីមួយដែលមានទឹកប្រាក់ចនួន ០២ លានដុល្លាអូស្រ្តាលី តាមរយះ អង្គការភី អេស អាយ (Population Services International) ដើម្បីគាំទ្រប្រតិបត្តិការភាពអាសន្នសុខភាពសាធារណ:នៅកម្ពុជា ក្នុងនោះរួមមានជំងឺកូវី១៩។

ជំនួយទីពីរដែលមានទឹកប្រាក់ចំនួន ៤ ៤០០០០០ (បួនលានបួនសែន)ដុល្លាអូស្ត្រាលីតាមរយះ Mérieux Foundation ដើម្បីពង្រឹងមន្ទីពិសោធន៍វិភាគវត្ថុសំណាកមនុស្ស និងសត្វ នៅប្រទេសកម្ពុជា ទ្បាវ និងមីយ៉ាន់ម៉ា។


ប្រទេសអូស្ត្រាលីបានបង្កើតមជ្ឈមណ្ឌលសន្តិសុខសុខភាពនៃតំបន់ឥណ្ឌូប៉ាស៊ីភិចនេះនាឆ្នាំ២០១៧ដើម្បីបន្តការបង្ការនិងទប់ស្កាត់ជំងឺឆ្លងផ្សេងៗ ដូចជាជំងឺកូវីដ១៩ ។ជាមួយគ្នានេះ សូមបន្តតាមដានបច្ចុប្បន្នភាពអំពីរបៀបដែលប្រជាជនអូស្ត្រាលីនឹងប្រជាជនកម្ពុជាកំពុងធ្វើការជាមួយគ្នាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីត១៩នៅក្នងតំបន់របស់យើង ៕

ADB: សេដ្ឋកិច្ចសកលអាចនឹងខាតបង់ប្រាក់ដល់ ៨,៨ ទ្រីលានដុល្លារ កំឡុងពេលវិបត្តិនេះ

ដោយ ប៊ី
ភ្នំពេញ៖ សេដ្ឋកិច្ចសកលអាចរងការខាតបង់ចន្លោះពី ៥,៨ ទ្រីលានដុល្លារ ទៅ៨,៨ ទ្រីលានដុល្លារអាមេរិក ស្មើនឹង ៦,៤ ភាគរយ ទៅ ៩,៧ ភាគរយ នៃផលិតផលក្នុងស្រុកសរុបទូទាំងពិភពលោក។
ការរងផលប៉ះពាល់នេះគឺបណ្តាលពីជំងឺរាតត្បាតថ្មី COVID-19។ នេះបើយោងតាមរបាយការណ៍ចុងក្រោយរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ចេញផ្សាយកាលពីយប់ម្សិលមិញ។

របាយការណ៍ (វាយតម្លៃចុងក្រោយនៃផលប៉ះពាល់សេដ្ឋកិច្ចសក្តានុពលនៃ COVID-19) បានរកឃើញថា ការខាតបង់សេដ្ឋកិច្ចនៅអាស៊ី និងប៉ាស៊ីហ្វិកអាចមានចាប់ពី ១,៧ ទ្រីលានដុល្លារក្នុងរយៈពេលខ្លីពី ៣ ខែទៅ ២,៥ ទ្រីលានដុល្លារក្នុងរយៈពេល ៦ ខែ។ តំបន់នេះមានចំនួនប្រហែល ៣០ ភាគរយ នៃការធ្លាក់ចុះជារួមនៃទិន្នផលសកល។

សាធារណរដ្ឋប្រជាមានិតចិនអាចនឹងរងការខាតបង់រវាង ១,១ ទ្រីលានដុល្លារ និង ១,៦ ទ្រីលានដុល្លារ។ លទ្ធផលនៃការវិភាគថ្មីបានបង្ហាញនៅក្នុងទស្សនវិស័យអភិវឌ្ឍន៍អាស៊ី (ADO) ២០២០ ដែលបានចេញផ្សាយនៅថ្ងៃទី ៣ ខែមេសាដែលបានប៉ាន់ប្រមាណថា ការចំណាយជាសកលបណ្តលមកពីជំងឺ COVID-19 ចន្លោះ ២,០ ពាន់ពាន់លានដុល្លារដល់ ៤,១ ពាន់ពាន់លានដុល្លារ។

រដ្ឋាភិបាលនានានៅជុំវិញពិភពលោកបានឆ្លើយតបយ៉ាងរហ័សទៅនឹងផលប៉ះពាល់នៃជំងឺរាតត្បាត ដោយ អនុវត្តន៍វិធានការនានា ដូចជាការបន្ធូរបន្ថយសារពើពន្ធ និងរូបិយវត្ថុ ការចំណាយលើសុខភាព និងការគាំទ្រដោយផ្ទាល់ ដើម្បីទូទាត់ការខាតបង់ចំណូល និងប្រាក់ចំណូល។


ការខិតខំប្រឹងប្រែងប្រកបដោយចីរភាពពីរដ្ឋាភិបាលផ្តោតលើវិធានការណ៍ទាំងនេះអាចធ្វើឱ្យមានភាពធូរស្រាលដល់សេដ្ឋកិច្ចសកល ដែលថយចុះពី ៣០ ទៅ ៤០ ភាគរយ។ ប្រការនេះអាចកាត់បន្ថយការខាតបង់សេដ្ឋកិច្ចពិភពលោក ដោយសារជំងឺរាតត្បាតដល់ចន្លោះពី ៤,១ ទ្រីលានដុល្លារនិង ៥,៤ ទ្រីលានដុល្លារ។

ការវិភាគ ដែលប្រើគំរូវិភាគពាណិជ្ជកម្មសកលដែលអាចគណនាបានដោយ គ្របដណ្តប់លើសេដ្ឋកិច្ចចំនួន ៩៦ ដែលទទួលរងផលប៉ះពាល់ពីការផ្ទុះឡើងនៃជំងឺខាងលើ ដែលមានអ្នកឆ្លងជាង ៤ លានករណី។ បន្ថែមលើផលប៉ះពាល់ដល់វិស័យទេសចរណ៍ ការប្រើប្រាស់ ការវិនិយោគ និងទំនាក់ទំនងពាណិជ្ជកម្ម និងផលិតកម្មដែលគ្របដណ្តប់នៅក្នុងការប៉ាន់ស្មានរបស់របាយការណ៍ ADO ២០២០។

របាយការណ៍ថ្មីនេះ រួមបញ្ចូល បណ្តាញបញ្ជូន ដូចជាការកើនឡើងថ្លៃដើមពាណិជ្ជកម្មប៉ះពាល់ដល់ការចល័ត ទេសចរណ៍ និងឧស្សាហកម្មដទៃទៀត ការរំខានផ្នែកផ្គត់ផ្គង់ដែលជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់លទ្ធផល និងការវិនិយោគ និងការឆ្លើយតបគោលនយោបាយរបស់រដ្ឋាភិបាលដែលកាត់បន្ថយផលប៉ះពាល់សេដ្ឋកិច្ចសកល៕

សំណង់​ល្មើសច្បាប់​ក្នុង​រមណីយដ្ឋាន​អង្គរ​ជាង៧០០ករណី​ត្រូវបាន​ហាមឃាត់នៅ​ត្រីមាស​ទី១នេះ

ដោយ ហ្សូ​លី

សៀមរាបៈ សំណង់​ខុសច្បាប់​ដែល​សាងសង់ នៅក្នុង​រមណីយដ្ឋាន​អង្គរ ត្រូវបាន​អាជ្ញាធរ​ជាតិ​អ​ប្សា​រា ចុះ​ទប់ស្កាត់​និង​ហាមឃាត់​បាន​ចំនួន​ជាង៧០០ករណី ក្នុង​ត្រីមាស​ទី ១ ឆ្នាំ ២០២។ នេះ​បើតាម​ឱ្យដឹងពី​របាយការណ៍រ​បស់​អាជ្ញាធរ​ជាតិ​អ​ប្សា​រា។

សំណង់​ចំនួន៧៤៩ ស្ថិតនៅក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ ត្រូវបាន​អាជ្ញាធរ​ជាតិ​អ  ប្សា​រា​ចុះ​ទប់ស្កាត់ ដោយសារ​តែមាន​ជន​ឆ្លៀតឱកាស​មួយចំនួន នៅតែ​បន្ត​លួចលាក់​សាងសង់​ប្រាសចាក​ខុសពី​ការផ្សព្វផ្សាយ និង​សេចក្តីជូនដំណឹង​របស់​អាជ្ញាធរ​ជាតិ​អ​ប្សា​រា។

តួលេខ​ក្នុងឆ្នាំនេះ​បង្ហាញថា បទល្មើស​មានការ​កើនឡើង​លើស​ឆ្នាំ២០១៩ បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា មាន​សំណង់​ខុសច្បាប់​ត្រឹម៤៧៥ ករណី​តែប៉ុណ្ណោះ។ ដោយឡែក​នៅ​ឆ្នាំ២០២០នេះ មាន​ប្រមាណ​ជា៧៤៩ករណី កើន២៧៤ករណី ដែល​ស្មើនឹង៥៧ភាគរយ។

អ្នកនាំពាក្យ​អាជ្ញាធរ​ជាតិ​អ​ប្សា​រា លោក ឡុង កុសល បានឱ្យដឹងថា ចំពោះ​ការ​រាលដាល​សំណង់​ខុសច្បាប់ ក្នុង​តំបន់​បេ​តិក​ភ័​ណ្ឌ​នេះ អាជ្ញាធរ​ចាំបាច់​ត្រូវ​ទប់ស្កាត់​គ្រប់​ករណី​ទាំងអស់ ហើយ​ម្ចាស់​សំណង់​ទាំងអស់នោះ បាន​យល់ព្រម​ផ្តិតមេដៃ​រុះរើ​ដោយ​ខ្លួនឯង។

ជាមួយគ្នានេះ អ្នកនាំពាក្យ​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ នៅក្នុង​ខេត្តសៀមរាប ក៏ដូចជា​ប្រជាពលរដ្ឋ​កម្ពុជា​ទាំងអស់ កុំ​ជឿ​តាម​ការឃោសនា​លក់ និង​ទិញ​ដី​ក្នុង​តំបន់​បេតិកភណ្ឌ​ពី​សំណាក់​ក្រុម​ឈ្មួញ​ឱ្យសោះ ត្បិត​នេះ​ជា​តំបន់​ការពារ​ដោយ​ច្បាប់។ ប្រជាពលរដ្ឋ​អាចមាន​សិទ្ធ​ទៅសុំ​ច្បាប់​សាងសង់ ឬ​សាកសួរ​ព័ត៌មាន​បន្ថែម​ជូន​វិញ​ការសាងសង់​សំណង់ ក្នុង​តំបន់​អង្គរ​នៅ​ការិយាល័យ​ច្រកចេញចូល​តែមួយ ដែល​គ្រប់គ្រង​ដោយ​អាជ្ញាធរ​ជាតិ​អ​ប្សា​រា៕

លោក​ឧកញ៉ា នួន អក បង្ហាញ​ពី​វិធី​ជោគជ័យ​លើ​ជំនួញ​អចលនទ្រព្យ​របស់លោក Donald Trump

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ គ្មាន​នរណាម្នាក់ ដែល​បដិសេធ​មិន​ចង់​ទទួលយក​ពាក្យ​ថា ជោគជ័យ​នៅក្នុង​វិស័យ​ជំនួញ​នោះទេ។ ពាក់ព័ន្ធ​ទៅនឹង​ការទទួលបាន​ភាព​ភាពជោគជ័យ​នេះ សម្រាប់តែ​នៅក្នុង​វិស័យ​អចលនទ្រព្យ លោក​ឧកញ៉ា នួន អក បាន​លើកយក​ពី​ចំណុចសំខាន់ៗដែលជា​យុទ្ធសាស្ត្រ ក្នុងការ​ពង្រឹង​ជំនួញ​ក្នុង​វិស័យនេះ​មក​បង្ហាញ​ដូចខាងក្រោម។

នៅលើ​គណនី​ទំនាក់ទំនង​សង្គម​ផ្ទាល់ខ្លួន លោក​ឧកញ៉ា នួន អក បាន​ចែករំលែក​ចំណេះ​ដឹងថា សម្រាប់​អ្នកវិនិយោគ​លើ​វិស័យ​អចលនទ្រព្យ គ្មាន​អ្នកណាម្នាក់​ដែល​មិន​ស្គាល់​លោក Donald Trump មហាសេដ្ឋី​លំដាប់​ពិភពលោក ជនជាតិ​អាមេរិក ដែលជា​អ្នក​អភិវឌ្ឍន៍​អចលនទ្រព្យ,អ្នកជំនួញ អ្នកវិនិយោគ ជា​ពិធីករ និង​ជា​អ្នកនិពន្ធ​ព្រមទាំង​ជា​ម្ចាស់​អចលនទ្រព្យ​ដ៏​ធំ​នោះទេ។

លោក​ឧកញ៉ា​បាន​បញ្ជាក់ថា​ទៀតថា ភាពជោគជ័យ​របស់លោក អ្នកណាៗក៏​ចង់​ធ្វើតាម​ដែរ ជាពិសេស​យុទ្ធសាស្ត្រ​នៃ​ការវិនិយោគ​អចលនទ្រព្យ គោល​គំនិត និង​វិធី​វិនិយោគ​ជា​អត្តសញ្ញាណ​របស់លោក ត្រូវបានគេទទួលស្គាល់​យ៉ាង​ទូលំទូលាយ។ វិធី​នេះ​គេ​បាន​លើក​យកមក​ធ្វើជា​ករណី​សិក្សា និង​បច្ចុប្បន្ន ក៏មាន​ការរួមបញ្ចូល​ដោយ​សរសេរ​ជា​សៀវភៅ​សម្រាប់​រៀនសូត្រ​ផងដែរ ។

* គាត់​ជឿថា អចលនទ្រព្យ​ជា​បេះដូង​សំខាន់ នៃ​ដំណើរការ​អាជីវក​ម្មគ្រ​ប់​ប្រភេទ និង​ជា​សរសៃឈាម​ធំ​មួយ ដើម្បី​បង្កើត​ទ្រព្យសម្បត្តិ​សម្រាប់​មនុស្ស​គ្រប់គ្នា។ ដូច្នេះ បើ​គិត​នឹង​បង្កើត​ទ្រព្យសម្បត្តិ និង​ចង់​កែ​តម្រង់​អាជីវកម្ម​យ៉ាង​ឈ្លាសវៃ ចាំបាច់​ត្រូវមាន​ចំណេះដឹង​ផ្នែក​អចលនទ្រព្យ​យ៉ាង​ល្អជា​មុន ។

អចលនទ្រព្យ ជា​ទ្រព្យសម្បត្តិ​ដែលមាន​រូបរាង ស្រស់ស្អាត និង​បង្ហាញថា មាន​រស​និយម ទាំងនេះ​គឺជា​ហេតុផល​នៅ​ពីក្រោយ ដែល​ធ្វើ​ឲ្យ​គាត់​ចូលចិត្ត​អចលនទ្រព្យ​ជាពិសេស។

* អាជីវកម្ម មិន​ថា​ជាការ​វិនិយោគ​អចលនទ្រព្យ ឬ​ធ្វើ​អ្វី​ផ្សេង​ក្តី រមែង​ជាការ​ងារ​សិល្បៈ​មួយ​ដែលមាន​ការអនុវត្តដូចៗគ្នា គឺ​ត្រូវ​អភិវឌ្ឍន៍​តិច​និក តស៊ូ​ពុះពារ អត់ធន់ និង​ដឹង​ពីអ្វី​ដែល​ធ្វើជា​និច្ច។

* ខ្លួន​គាត់​ផ្ទាល់ នឹងមិន​ព្រម​ទិញ​អចលនទ្រព្យ​ណា​ជាដាច់ខាត ប្រសិនបើ​វិភាគ​ហើយ​មិនឃើញ ពី​ការបន្ថែម​តម្លៃ​យ៉ាង​មាន​អត្ថន័យ​សំខាន់ ។

* ទីតាំង​ល្អ​តែ​ម្យ៉ាង មិនមែនជា​អ្វីដែល​ធានា​ដល់​ការវិនិយោគ ឲ្យ​ទទួលបាន​ជោគជ័យ​ទេ រឿង​សំខាន់​ម្យ៉ាងទៀត​ខ្វះ​មិនបាន គឺ​ទីតាំង​នោះ​នឹង​ត្រូវមាន​អនាគត​ល្អ​ផងដែរ។

* ការព្រម​ចំណាយ​បន្ថែមទៀត ដើម្បី​ប្តូរ​ជាមួយ​ការ​បាន​ទីតាំងល្អៗ ចាត់ទុកថា ជា​គុណ​តម្លៃ​យ៉ាងខ្ពស់ និង​ជា​រឿង​ឈ្លៀសវៃ​ជាង​ការចរចា​ដើម្បី​ប្តូរ​ជាមួយ​ទីតាំង​មិនល្អ។

* ផ្តោតលើ​អ្វី​មិនធម្មតា និង​មិន​ដូច​អ្នកដទៃ ដូចជា បើ​គិត​នឹង​បង្កើត​អា​ផាត​មិន​នៅ​កន្លែង​ណាមួយ អា​ផាត​មិន​នោះ​នឹង​ត្រូវតែ​ប្រណីត​បំផុត ធំ​បំផុត និង​ល្អ​បំផុត ហើយ​មាន​តែមួយ​ក្នុង​តំបន់ ។

* ការជ្រើសរើស​ទីតាំង​មាន៤ប្រភេទ​យ៉ាង​តឹងរ៉ឹង​បំផុត​គឺ ១ ត្រូវតែ​ល្អឥតខ្ចោះ (Great Views) ២ ជាទី​តាំង​មានឈ្មោះ​ល្បីល្បាញ ប្រណីត និង​ពេញនិយម​របស់​អ្នកមាន​ប្រាក់ (Prestige) ៣ មាន​សក្តានុពល​នៃ​ភាព​លូតលាស់ (Growth Potential) និង៤ ទីតាំង​នោះ​ត្រូវតែ​ងាយស្រួល (Convenience) ។

* គាត់​គិតថា ការជួប​បញ្ហា​ធំ គឺជា​ការជួប​ឱកាស​ធំ​សំខាន់​ក្នុង​ជីវិត ។ មនុស្ស​ដែល​មិន​ធ្លាប់​ជួប​បញ្ហាធំៗក្នុង​ជីវិត​នោះ មានន័យថា មិន​ធ្លាប់ធ្វើ​រឿងសំខាន់ៗ ធំៗពីមុនមក​ឡើយ។

* គាត់​ជឿថា គ្រប់បែបយ៉ាង​ក្នុង​ជីវិត គឺ​ឱកាស​មិន​ទៅតាម​តម្រូវការ​រហូត​ទេ ។ ការព្រម​ទទួលយក​ការពិត​ចំណុច​នេះ នឹង​ជួយ​ឲ្យ​យើង​អាច​ត្រៀម ដោះស្រាយ​ល្អប្រសើរ​ជាង​មុន ។

* គោល​គំនិត​ការងារ​របស់លោក ដែល​ធ្វើ​ហើយ​ទទួលបាន​ជោគជ័យ​ជានិច្ច​មាន៤គឺ ១-ចូលទៅ​ពាក់ព័ន្ធ ២-ធ្វើ​ឲ្យ​ក្លាយជា​ការពិត​ឡើងមក ៣-គ្រប់គ្រង​ឲ្យ​ទទួលបាន​ជោគជ័យ និង៤-ផ្អាក​ធ្វើ​ក្នុងពេល​សមស្រប ។

* នៅពេល​ប្រឈម​នឹង​បញ្ហា ត្រូវ​សួរ​ខ្លួនឯង​ជាមុន​ថា តើ​វា​ជា​បញ្ហា​តូច​កើតឡើង​បណ្តោះអាសន្ន ឬ​ជា​បញ្ហា​ធំ​ឲ្យ​ប្រាកដ ? រឿងនេះ​ត្រូវ​ដឹង​ជាមុន ព្រោះ​វា​សំខាន់​ណាស់​ក្នុងការ​ដោះស្រាយ​បញ្ហា។

* ការប្រមូល​ផល ជាមួយ​ការ​សាប​ព្រួស​គ្រាប់ពូជ​ដំណាំ គឺជា​រឿង​ពាក់ព័ន្ធ​គ្នា​យ៉ាង​ជិតស្និទ្ធ គ្រាន់តែ​វិនិយោគិន​ត្រូវ​យល់​ជាមុន​ថា រឿង​អ្វី​គួរ​មក​មុន​ឬ​មក​ក្រោយ​ប៉ុណ្ណោះ ។

* ភាព​ក្រឡិចក្រឡុច (Resilience) ជា​ចំណែក​សំខាន់ អាចជួយ​ឲ្យ​មាន​សុវត្ថិភាព​បាន។ ដូច្នេះ​មុននឹង​វិនិយោគ ក្នុង​អចលនទ្រព្យ​ត្រូវ​ប្រាកដ​ចិត្ត​ថា ខ្លួន​យើង​មាន​ភាព​ក្រឡិចក្រឡុច​ច្រើន​គួរសម។

* គាត់​យល់ច្បាស់​ជានិច្ច​ថា នៅក្នុង​ពិភព​ពិត​ជាក់ស្តែង ទីផ្សារ​អចលនទ្រព្យ​នឹងមិន​ល្អ​រហូត​គ្រប់ពេល​ទេ ប៉ុន្តែ​នឹងមាន​ឡើង មាន​ចុះ​ជាប្រចាំ ចាត់ទុកជា​រឿង​ធម្មតា ។

* បើ​ត្រូវការ​មាន​សុវត្ថិភាព​ផ្នែក​ហិរញ្ញវត្ថុ ត្រូវ​ពឹង​លើ​ខ្លួនឯង​ជាសំខាន់ សុំ​កុំ​គិត​ទៅ​ពឹងពាក់​អ្នកដទៃ​ជាដាច់ខាត ។

* លោក​តែង​គិតពី​រឿង​ហុងស៊ុយ​មក​ប្រើ ជាមួយ​គម្រោង​អចលនទ្រព្យ​ជា​ញឹកញាប់។ ពិត​ហើយ មិនមែន​ព្រោះតែ​អ​បិ​យ​ជំនឿ​ឡើយ ប៉ុន្តែ​ព្រោះ​វា​អាចបង្កើត​ប្រាក់​ដល់​គាត់​ទៅវិញ​ទេ ។

* ភាពឈ្លៀសវៃ​ក្នុងការ​វិនិយោគ​អចលនទ្រព្យ គឺ​នៅត្រង់​អាច​ប្រើប្រាស់​ប្រាក់​អ្នកដទៃ មក​វិនិយោគ​ជំនួស​បាន។

* មិន​ថា​សេដ្ឋកិច្ច​ឡើង​ឬ​ចុះ ល្អ​ឬ​អាក្រក់ ឱកាស​វិនិយោគ​អចលនទ្រព្យ​តែងមាន​ជានិច្ច។ គាត់​និយាយថា សូម្បីតែ​ក្នុងអំឡុងពេល​សេដ្ឋកិច្ច ស្ថិតក្នុង​ដំណាក់កាល​មិនល្អ​បំផុត ក៏​មានន័យថា​យើង​គួរ​រក្សា​ប្រាក់​ទុក​ជាប់​ខ្លួន ៕

ក្រុមហ៊ុន​ថាមពល​ថៃ​រំពឹងថា​នឹង​ទទួល​ចំណូល​ខ្ពស់​ពី​គម្រោង​នៅ​កម្ពុជា​និង​ទីផ្សារចំនួន៣ទៀត

ដោយ ប៊ី

ភ្នំពេញៈ ក្រុមហ៊ុន Prime Road Power Plc ដែលជា​ក្រុមហ៊ុន​អភិវឌ្ឍ និង​ប្រតិបត្តិ​ករ​ថាមពល​កកើតឡើង​វិញ​របស់​ថៃ​បាន​រំពឹងថា ប្រាក់ចំណូល​របស់ខ្លួន​នៅ​ឆ្នាំ២០២០ នឹង​កើនឡើង៣០ភាគរយ បើ​ប្រៀបធៀប​ទៅនឹង​ឆ្នាំមុន ដោយសារ​គម្រោង​លទ្ធកម្ម​វិស្វកម្ម និង​សំណង់​កំពុងអភិវឌ្ឍន៍។

លោក Somprasong Panjalak ប្រធាន​និង​ជា​នាយក​គ្រប់គ្រង បាន​មានប្រសាសន៍ថា ក្រុមហ៊ុន Prime មាន​ចំណាប់អារម្មណ៍ ក្នុងការ​អភិវឌ្ឍ​អាជីវកម្ម​កកើតឡើង​វិញ​ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក​ដើម្បី​បម្រើ​តម្រូវការ​ច្រើន សម្រាប់​ថាមពល​ក​កើង​ឡើងវិញ។

លោក​បាន​ថ្លែងថា “ក្រុមហ៊ុន​ផ្តោត​សំខាន់​លើ​អាជីវកម្ម ថាមពល​ពន្លឺព្រះអាទិត្យ​របស់ខ្លួន ដែលមាន​សក្តានុពល​ខ្ពស់ ជាមួយនឹង​កំណើន​ជាមួយនឹង​តម្រូវការ​ខ្លាំង សម្រាប់​ថាមពល​កកើត​ឡើងវិញ​នៅក្នុង​តំបន់​ដូចជា តៃវ៉ាន់ វៀតណាម ឡាវ និង​កម្ពុជា” ។

ក្រុមហ៊ុន​នេះ គ្រោង​នឹង​ពង្រីក​សមត្ថភាព​អគ្គិ​ស នី​សរុប​ចំនួន១១៣ មេ​ហ្គា​វ៉ា​ត់​នៅ​ឆ្នាំនេះ ដើម្បី​សម្រេច​គោលដៅ៤០០មេ​ហ្កា​វ៉ា​ត់ នៅ​ចុងឆ្នាំ២០២០ និង១០០០មេ​ហ្គា​វ៉ា​ត់​នៅ​ឆ្នាំ២០២។ ក្រុមហ៊ុន​ក៏បាន​បាន​វិនិយោគ​ប្រាក់​ចំនួន៦០០-៧០០ លាន​បាត សម្រាប់​គម្រោងថ្មីៗនៅ​ឆ្នាំនេះ ដោយ​មិន​រាប់បញ្ចូល​ការច្របាច់បញ្ចូលគ្នា និង​ការ​ទិញយក។

ក្រុមហ៊ុន​កំពុង​ស្វែងរក​ការវិនិយោគ បែប​ការបញ្ចូល​ការច្របាច់បញ្ចូលគ្នា និង​ការ​ទិញយក​ទាំង​ក្នុង និង​ក្រៅប្រទេស។

លោក Somprasong មានប្រសាសន៍ថា “យើង​មាន​ផែនការ​ផ្លាស់ប្តូរ​ទៅជា​ថាមពល​កកើត​ឡើងវិញ​ផ្សេងទៀត ដូចជា ខ្យល់ ជីវម៉ាស់ និង​ថាមពល​ទាញ​ចេញពី​សំរាម ដើម្បី​បង្កើត​អគ្គិសនី” ។ លោក​បន្តថា “ប​ច្ច​ប្បន្ន ក្រុមហ៊ុន​មាន​គម្រោង​កំពុងដំណើរការ ដែលមាន​កម្លាំង២៨៧មេ​ហ្គា​វ៉ា​ត់” ។

ក្រុមហ៊ុន​មាន​គម្រោង ផលិត​ថាមពល១៧៩មេ​ហ្កា​វ៉ា​ត់​ផ្សេងទៀត ជាមួយនឹង ១០៨មេ​ហ្កា​វ៉ា​ត់​កំពុង​សាងសង់។

ក្រុមហ៊ុន​ក៏​គ្រោង​នឹង​ចូលក្នុង​វិស័យ​សាងសង់ និង​កិច្ចព្រមព្រៀង​ទិញ​ថាមពលអគ្គីសនី​ឯកជន សម្រាប់​គម្រោង​ថា​ម​ពេល​ពន្លឺព្រះអាទិត្យ នៅ​ដំបូលផ្ទះ​នៅឯ​បរទេស។

ក្រុមហ៊ុន​បានឈ្នះ​ការដេញថ្លៃ កសិដ្ឋាន​ថាមពល​ពន្លឺព្រះអាទិត្យ៧៨មេ​ហ្កា​វ៉ា​ត់​ក្នុង​ខេត្តកំពង់ឆ្នាំង ប្រទេស​កម្ពុជា​ជាមួយ ៦០មេ​ហ្គា​វ៉ា​ត់ នៃ​សមត្ថភាព​សរុប​ក្រោម​កិច្ចព្រមព្រៀង​ទិញ​ថាមពលអគ្គីសនី​ឯកជន។

ក្រុម​ហ៊ុ​នេះ​រាយការណ៍​ថា ប្រាក់ចំណូល​នៅក្នុង​ត្រីមាស​ទី១ឆ្នាំនេះ បាន​កើនឡើង ១២,៩ភាគរយ ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន ឬ​ស្មើនឹង១៨៥លាន​បាត កើនឡើង១៦,៣ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន ដែល​ចំណូល​មាន ៩១,៧លាន​បាត។ នៅក្នុង​ឆ្នាំ ២០១៩ ក្រុមហ៊ុន​ទទួលបាន​ប្រាក់ចំណូល​ពេញ​មួយឆ្នាំ ចំនួន ៦៥៨លាន​បាត ជាមួយនឹង​ប្រាក់ចំណេញ២៦៥ លាន​ដុល្លារ៕

ហេដ្ឋារចនាសម្ព័ន្ធធំៗចំនួន៥ត្រូវបាន​សម្ពោធ និង​ដាក់ឱ្យ​ដំណើរការ​នៅ​ដើមឆ្នាំ២០២០នេះ

ដោយៈ វុត្ថា

ភ្នំពេញៈ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន គិត​ត្រឹម​ត្រីមាស​ទី១ ឆ្នាំ២០២០នេះ បាន​សម្ពោធ​បើក​ឱ្យប្រើ​ប្រាស់​ផ្លូវជាតិ​លេខ៥៥ ការបើក​ការដ្ឋាន​សាងសង់​ផ្លូវជាតិ១០ សម្ពោធ​បើក​ឱ្យប្រើ​ប្រាស់​ផ្លូវជាតិ​លេខ៥៨ និង​គម្រោង​ធ្វើ​ឲ្យ​ប្រសើរឡើង​ផ្លូវជាតិ​លេខ២ និង​ផ្លូវជាតិ​លេខ២២ ។

១) ផ្លូវជាតិ​លេខ៥៥ និង​ផ្លូវជាតិ​លេខ១០

ផ្លូវជាតិ​លេខ៥៥ ត​ភ្ជាប់​ពី​ខេត្តពោធិ៍សាត់ ទៅ​ស្រុក​វាលវែង ឆ្ពោះទៅកាន់​ថ្មដា​ប្រវែង១៨២,១៦គីឡូម៉ែត្រ ត្រូវបាន​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​ខែមីនា  ឆ្នាំ២០២០ ខណៈ​ការសាងសង់​ផ្លូវជាតិ​លេខ១០ មាន​ប្រវែង​សរុប​ចំនួន១៩៨,៧១គីឡូម៉ែត្រ ត​ភ្ជាប់​ពី​សំឡូត វាលវែង អូរ​សោម ដល់​កោះកុង ដែល​ប្រើប្រាស់​រយៈពេល៤៨ខែ គ្រោង​បញ្ចប់​ក្នុង​ឆ្នាំ២០២៣ ។

គម្រោង​សាងសង់​ផ្លូវជាតិ​លេខ៥៥ មាន​ប្រវែង១៨២,១៦គីឡូម៉ែត្រ ចំណាយ​អស់​ថវិកា១៣២,៨០លាន​ដុល្លារ។ ចំណែក​គម្រោង​សាងសង់​ផ្លូវជាតិ​លេខ១០ មាន​ប្រវែង ១៩៨,៧១គីឡូម៉ែត្រ គ្រោង​ចំណាយ​ថវិកា១៨៨,៣៨លាន​ដុល្លារ ។

ផ្លូវជាតិ​លេខ៥៥ និង​ផ្លូវជាតិ​លេខ១០នេះ នឹងចូលរួម​ចំណែក​លើ​ក​កម្ពស់​ប្រសិទ្ធភាព​នៃ​ការដោះដូរ​ពាណិជ្ជកម្ម ការវិនិយោគ​ដំណាំ​កសិផល កសិឧស្សាហកម្ម និង​ទេសចរណ៍ ជាពិសេស​ប្រទេសជិតខាង តាមរយៈ​ច្រកទ្វារព្រំដែន​អន្តរជាតិ​កម្ពុជា-ថៃ។

២) ផ្លូវជាតិ​លេខ៥៨

ផ្លូវជាតិ​លេខ៥៨ ត​ភ្ជាប់​ពី​ក្រុង​ប៉ោយប៉ែត ដល់​ឃុំ​ផ្អុង ខេត្ត​ឧ​ត្ត​រ​មានជ័យ មាន​ប្រវែង១៧៤,១៦គីឡូម៉ែត្រ ត្រូវបាន​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ កាលពី​ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ បន្ទាប់ពី​ប្រើប្រាស់​រយៈពេល ក្នុងការ​សាងសង់​ចំនួន៤៣ខែ។ ផ្លូវ​នេះ​មាន​សារៈសំខាន់ ជា​យុទ្ធសាស្ត្រ​ដែលមាន​ទីតាំង​ស្ថិត នៅ​ស្របតាម​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា-ថៃ ភាគ​ពាយ័ព្យ។

ផ្លូវ​មួយ​ខ្សែ​នេះ សាងសង់ឡើង​ក្រោម​ប្រាក់កម្ចី​សម្បទាន ពី​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន រួមជាមួយ​នឹង​ថវិកាបដិភាគ​របស់​រា​ជ​រដ្ឋាភិបាល​កម្ពុជា សរុប​ប្រមាណ​ជាង១២២លាន​ដុល្លារ​សហរដ្ឋអាមេរិក។

៣) ផ្លូវជាតិ​លេខ២ និង​ផ្លូវជាតិ​លេខ២២

គម្រោង​ធ្វើឱ្យ​ប្រសើរឡើង​ផ្លូវជាតិ​លេខ២ និង​ផ្លូវជាតិ​លេខ២២ ត្រូវបាន​បើក​ការដ្ឋាន​សាងសង់​នៅ​ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ ដោយ​ផ្លូវ​នេះ​មាន​ប្រវែង​សរុប៧២,១៧គីឡូម៉ែត្រ។ ផ្លូវ​នេះ​បាន​ស្ថាបនា​ចាប់ពី​រង្វង់​មូល​តាខ្មៅ ខេត្តកណ្តាល ដល់​អូរ​ចំបក ខេត្តតាកែវ និង​អង្គតាសោម ដោយ​ប្រើប្រាស់​រយៈពេល​សាងសង់៣០ខែ គិតពី​ខែតុលា ឆ្នាំ២០១៩ និង​គ្រោង​បញ្ចប់​ក្នុង​ខែមេសា ឆ្នាំ២០២០ ។

បន្ទាប់ពី​ផ្លូវ​នេះ​បាន​សាងសង់​រួច​ជា​ស្ថាពរ នឹង​ក្លាយជា​ខ្សែ​ផ្លូវ​មួយ​ដ៏​មាន​សក្តានុពល​ខ្ពស់ និង​ជួយ​លើកកម្ពស់​ប្រសិទ្ធភាព​នៃ​ការធ្វើដំណើរ កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ និង​ការកកស្ទះ ពិសេស​សម្រួល​ដល់​ការដឹកជញ្ជូន​ក្នុងស្រុក និង​អន្តរជាតិ តាមរយៈ​ច្រកទ្វារព្រំដែន​អន្តរជាតិ​កម្ពុជា-វៀតណាម (ភ្នំ​ដិ​ន-តិ​ញ​បៀ​ន)។

ការសាងសង់​ផ្លូវជាតិ​លេខ២ និង​ផ្លូវជាតិ​លេខ២២នេះ ចំណាយ​ថវិកា ៥៦,១លាន​ដុល្លា​សហរដ្ឋអាមេរិក ដែលជា​ហិរញ្ញប្បទាន​ពី​រដ្ឋាភិបាល នៃ​សាធារណរដ្ឋ​កូរ៉េខាងត្បូង និង​ថិ​វ​កា​បដិភាគ​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា៕

ចំណេះដឹង! ការដាក់​ឯកសារ​ស្នើសុំ​ផ្ទៀងផ្ទាត់​តម្លៃ​គិត​ពន្ធគយ​មាន​និតិ​វិធី​ដូចម្តេច?

ដោយ ​វុត្ថា

ភ្នំពេញៈ ដើម្បី​ដាក់​ឯកសារ​នាំចេញ​នាំចូល ឲ្យ​មន្ត្រី​គយ និង​រដ្ឋាករ​មាន​សម​ត្ថ​កិច្ច​ធ្វើការ​ផ្ទៀងផ្ទាត់​តម្លៃ​គិត​ពន្ធគយ ធុរជន​ពាក់ព័ន្ធ​ត្រូវបំពេញ​ប្រតិវេទន៍ តម្លៃ​គិត​ពន្ធគយ ដោយ​អម​ភ្ជាប់​ជាមួយ​នូវ​បណ្តា​ឯកសារ​គាំទ្រ ដូចជា៖

វិក្កយបត្រ​ពាណិជ្ជកម្ម បញ្ជី​វេច​ខ្ចប់ និង​អ​ញ្ញត្តិ​ប័ណ្ណ​ចំនួន៣ច្បាប់

  • វិញ្ញាបនបត្រ​ចុះបញ្ជី​អាករ​លើ​តម្លៃបន្ថែម ប័ណ្ណ​ប៉ាតង់ លិខិត​ផ្ទេរសិទ្ធិ អត្តសញ្ញាណ​បណ្ណ ឬ​លិខិតឆ្លងដែន​ម្ចាស់​ទំនិញ​និង​អ្នកតំណាង។
  • លិខិតអនុញ្ញាត (ប្រសិនបើ​តម្រូវ)

ក្នុង​ករណីខ្លះ មន្ត្រី​គយ​មាន​សមត្ថកិច្ច​អាច​តម្រូវ​ឲ្យ​ធុរជន​ពាក់ព័ន្ធ​ផ្តល់​ឯកសារ​គាំទ្រ​បន្ថែមទៀត ដូចជា៖

  • កិច្ចសន្យាលក់ ប័ណ្ណ​បញ្ជា​ទិញ លិខិតបញ្ជាក់​ប្រតិបត្តិការ​តាម​ធនាគារ តារាង​តម្លៃ​សាធារណៈ និង​ឯកសារ​ផ្សេងទៀត​ដែល​ពាក់ព័ន្ធ​នឹង​កិច្ច​ចម្លងការ ឬ​ការទូទាត់។
  • ឯកសារ​ដែល​បញ្ជាក់​ពី​អត្តសញ្ញាណ ឬ​យ​ថា​ប្រភេទ​លម្អិត​ច្បាស់លាស់​នៃ​ទំនិញ៕

អ្នកជំនាញ៖ វិនិយោគអចលនទ្រព្យនៅតាមជាយក្រុងមានគុណសម្បត្តិច្រើនជាងគុណវិបត្តិ

ដោយវុត្ថា

ភ្នំពេញ៖ អ្នកជំនាញអះអាងថា ការចាប់ផ្តើមវិនិយោគវិស័យអចលនទ្រព្យគ្រប់ប្រភេទ នៅតាមបណ្តាជាយក្រុងនៃរាជធានីភ្នំពេញមានគុណសម្បត្តិច្រើនជាងគុណវិបត្តិស្របពេលដែលការវិនិយោគនៅកណ្តាលទីក្រុងមានតម្លៃខ្ពស់ និងមានទីតាំងចង្អៀត។

អ្នកវិភាគសេដ្ឋកិច្ច និងជាអ្នកប្រឡូកនៅក្នុងវិស័យអចលនទ្រព្យ លោក ង៉ែត ជូ បានប្រាប់គេហទំព័រ propertyarea.asia កាលពីពេលថ្មីៗកន្លងមកនេះថា ការវិនិយោគអចលនទ្រព្យនៅតាមតំបន់ជាយក្រុងនៃទីក្រុងភ្នំពេញ គឺមានគុណសម្បត្តិច្រើនជាងគុណវិបត្តិ “ចំណេញ ចំណាយពេលតិច និងអាចបង្កើតចំណូលបានច្រើន”។

លោកង៉ែត ជូបានពន្យល់ថា គុណសម្បត្តិធំៗចំនួន៣ ដែលទទួលបានពីការវិនិយោគ និងអភិវឌ្ឍនៅតាមតំបន់ជាយក្រុង រួមមានដូចជា ទី១ ដឹងតែចំណេញៈ មិនខាតប្រសិនបើអ្នកមានផែនការហិរញ្ញវត្ថុច្បាស់លាស់ ពោលគឺវិនិយោគរយៈពេលវែង អាចរក្សាទុកនៅពេលទទួលបានតម្លៃល្អ និងមិនបង្ខំលក់នៅពេលធ្លាក់ថ្លៃ។ ជាទូទៅតម្លៃមានការកើនជានិច្ច ប្រសិនបើស្ថានភាពសេដ្ឋកិច្ច ទីផ្សារឬនយោបាយមិនល្អ គឺធ្លាក់ថ្លៃតែមួយរយៈប៉ុណ្ណោះ។

ទី២ ចំណាយពេលតិចៈ មិនចំណាយពេលច្រើន ដូចជាការធ្វើអាជីវកម្មដទៃនោះទេ អ្នកអាចធ្វើការយកប្រាក់ខែសន្សំជាទុនបណ្តើរ។  និង ទី៣ អាចប្រើប្រាស់ដីឬបង្កើតជាចំណូលអកម្មបាន៖ ប្រសិនបើសន្សំដីធ្លីបានច្រើន អ្នកអាចរក្សាទុកជាធនាគារដីធ្លី និងប្រើប្រាស់ក្នុងគោលបំណងនានា ដូចជា បង្កើតជាកសិដ្ឋាន សង់ឃ្លាំង ស្តង់លក់ទំនិញ អគារពាណិជ្ជកម្ម ឬការរិយាល័យសំរាប់ជួល។ល។

អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Khmer Foundation Appraisal លោកឧកញ៉ា នួន រិទ្ធី ឱ្យដឹងស្រដៀងគ្នានេះដែរថា ការវិនិយោគលើវិស័យអចលនទ្រព្យ ជាពិសេសលើផ្នែកដីធ្លីនៅតាមតំបន់ជាយក្រុង គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវ ដែលមានឱកាសទទួលបានផលចំណេញច្រើន។

លោកឧកញ៉ាបន្តទៀតថា “ទោះជាពេលនេះសកម្មភាព នៃការវិនិយោគកំពុងតែមានភាពជ្រួលនៅតាមតំបន់ជ្រាយក្រុង ប៉ុន្តែបើចំពោះតម្លៃគឺនៅមានកម្រិតនៅឡើយ ហើយក៏នៅមានឱកាសទទួល បានផលចំណេញពីការវិនិយោគក្នុងកម្រិតខ្ពស់”។

លោកឧកញ៉ានួន រិទ្ឋីបានបន្តទៀតថា តំបន់ជាយក្រុងដែលកំពុងតែមានសក្ដានុពលនៅពេលបច្ចុប្បន្ន និងបន្តទៅថ្ងៃអនាគត គឺស្ថិតនៅទិសទាំង៤ព័ទ្ធជុំវិញរាជធានីភ្នំពេញ ជាពិសេស តំបន់ដែលស្ថិតនៅតាមផ្លូវជាតិសំខាន់ៗ ដូចជាផ្លូវជាតិលេខ១ ផ្លូវជាតិលេខ៣ និងផ្លូវជាតិលេខ៤ និងផ្លូវជាតិលេខ៥” ។ 

ចំណែក លោក ឡុង គឹមសួគ៌ អគ្គនាយកក្រុមហ៊ុន Century21 Advance Property បានឱ្យដឹងដែរថា មិនថាទោះជាទិញនៅតំបន់ជាយក្រុង ឬនៅតាមបណ្តាខេត្ត ដែលឃ្លាតឆ្ងាយពីក្រុងនោះទេ អត្រាទទួលបានចំណេញនៅតែមាន ប្រសិនបើអ្នកទិញមានភាពឆ្លាតវៃ និងបានសិក្សាលម្អិតពីតំបន់ និងគម្រោងអភិវឌ្ឍន៍នានាដែលពាក់ព័ន្ធ។

លោកឡុង គឹមសួគ៌បានបន្តថា មានអ្នកខ្លះ គាត់មានធនធានតិចតួច ប៉ុន្តែគាត់បានសម្រេចចិត្តឥតស្ទាក់ស្ទើរ ក្នុងការទិញដីនៅជាយក្រុងទុក ជាពិសេសនៅក្បែរគម្រោងអភិវឌ្ឍន៍ដែលមានសកម្មភាព ដូច្នេះភាគរយចំណេញរបស់ពួកគាត់គឺមានច្រើន ហើយរហ័សទៀត។ 

លោកបន្ថែមថា ប្រសិនបើពួកគាត់សម្រេចលក់ ក្នុងតម្លៃចរចាណាមួយ ដែលអាចទទួលបានចំណេញ ហើយយកទៅវិនិយោគនៅតំបន់ណាមួយផ្សេងទៀត ដែលមានគម្រោងអភិវឌ្ឍន៍ច្បាស់លាស់ នោះកំណើននៃភាគលាភរបស់គាត់ នឹងកើនឡើងច្រើនជាងអ្នកដែលមានលុយច្រើនដែលទិញដីទំហំ ប៉ុន្តែនៅតំបន់ឆ្ងាយពីទីប្រជុំជន និងមិនមានគម្រោងអភិវឌ្ឍន៍។

លោកបានបញ្ជាក់ថា មិនថាទោះជានៅតំបន់ជាយក្រុង ឬនៅក្នុងខេត្តណាមួយនោះទេ ភាគរយចំណេញនៅតែមានដូចគ្នា សំខាន់ត្រង់ថាមុនពេលទិញសម្រាប់ទុកវិនិយោគ ត្រូវតែចេះសិក្សាពីតម្រូវការទីផ្សារ និងគម្រោងនៃការអភិវឌ្ឍឱ្យបានគ្រប់ជុងជ្រោយយ៉ាងលម្អិត ទើបការវិនិយោគមិនជួបភាពបរាជ័យ៕

ការវិនិយោគអចលនទ្រព្យលើសកលលោកធ្លាក់ចុះប្រមាណ ២០០ពាន់លានដុល្លារ នៅត្រីមាសទី ១នេះ

ដោយ ហ្សូលី

អន្តរជាតិ៖ ការវិនិយោគពាណិជ្ជកម្មអចលនទ្រព្យលើសកលលោកបានធ្លាក់ចុះប្រមាណ ៥ភាគរយ បើគិតជាទឹកប្រាក់ស្មើចំនួន ២០០ពាន់លានដុល្លារ នៅត្រីមាសទី ១ ឆ្នាំ ២០២០នេះ ដោយសារការប៉ះពាល់នៃមេរោគរាតត្បាត Covid-19។ 

ការវិនិយោគផ្ទាល់លើវិស័យអចលនទ្រព្យក្នុងត្រីមាសទី ១ ឆ្នាំ ២០២០នេះ បានធ្លាក់ចុះគួរឱ្យកត់សម្គាល់ នេះបើតាមឱ្យដឹងពីទិន្នន័យមកពីក្រុមហ៊ុនអចលនទ្រព្យអន្តរជាតិ JLL នៅរសៀលថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០២០នេះ។ ការសាយភាយនៃមេរោគកូរ៉ូណាបានជះឥទ្ធិពលនៅទូទាំងសកលលោកមិនថាវិស័យអចលនទ្រព្យ និងទីផ្សារហិរញ្ញវត្ថុនោះទេ។ ភស្តុតាងបានបញ្ជាក់ថា កំណើនសេដ្ឋកិច្ចពិភពលោកបានធ្លាក់ចុះនៅត្រីមាសទី ១ នោះជាខ្លាំង។

លោក Sean Coghlan ប្រធានស្រាវជ្រាវទីផ្សារសកលលោកប្រចាំក្រុមហ៊ុនអចលនទ្រព្យ JLL បានឱ្យដឹងថា វិស័យអចលនទ្រព្យនេះហើយដែលជាឧស្សាហកម្មទី ១ ដែលទទួលបទពិសោធន៍ជាប់គាំងមុនគេដោយសារឥទ្ធិពលអវិជ្ជមាន Covid-19. ប្រទេសដែលមានភាពរីកចម្រើនលើវិស័យអចលនទ្រព្យទាំង ៨ ធំជាងគេលើពិភបលោក បានធ្លាក់ចុះប្រមាណ ៣១ ភាគរយ នេះបើតាមឱ្យដឹងពីរបាយការណ៍ដដែល។ 

 ប្រធានស្រាវជ្រាវទីផ្សាររូបនេះបញ្ជាក់បន្ថែមថា គ្មានតំបន់ណាទទួលរងឥទ្ធិពលខ្លាំងជាងតំបន់អាស៊ីបាស៊ីហ្វិកនោះឡើយ គឺវិស័យអចលនទ្រព្យបានជាប់គាំងចាប់តាំងពីមេរោគនេះចាប់ផ្តើមផ្ទុះមកម្ល៉េះ។ ខែមិនាគឺជាខែដែលមានភាពឈឺចាប់ខ្លាំងជាងគេបង្អស់ ដោយសារភាពជាប់គាំងការទិញ-លក់អចលនទ្រព្យក្នុងតំបន់។ 

នៅតំបន់អាស៊ីប៉ាស៊ីហ្វិក ការវិនិយោគធ្លាក់ចុះប្រមាណ ២៥ភាគរយ ឬស្មើទឹកប្រាក់ ៣៤ពាន់លានដុល្លារនៅក្នុងត្រីមាសទី ១ឆ្នាំនេះ។ ចំណែកឯតំបន់ផ្សេងៗទៀតធ្លាក់ចុះ ៥ភាគរយ ឬស្មើនិង ៦៧ពាន់លានដុល្លារ លើកលែងតែសហរដ្ឋអាេមរិកដែលធ្លាក់ចុះត្រឹម ២ភាគរយប៉ុណ្ណោះ។ 

អំឡុងពេលដែលពិភពលោកមិនអាចចៀសបានពីជំងឺនេះក្នុងរយៈពេលខ្លី បណ្តារវិនិយោគិនរង់ចាំមើលសភាពការណ៍ដើម្បីស្វែងរកឱកាសក្នុងការបណ្តាក់ទុនឱ្យមានសុខភាពល្អរឹងមាំនិងមានរយៈពេលវែង៕

សម្ដេចតេជោ ប្រកាសបន្តផ្អាកការជួបជុំនៅតាមទីតាំងប្រមូលផ្តុំគ្នា

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ នៅក្នុងការអញ្ជើញដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រីពេញអង្គនៅវិមានសន្តិភាព កាលពីព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានប្រកាសឱ្យបន្តការផ្អាកជាបណ្តោះអាសន្ននូវទីតាំងជួបប្រមូលផ្តុំមនុស្សមួយចំនួន ដែលអាចប្រឈមទៅនឹងការចម្លងមេរោគ នៃជំងឺ Covid-19 ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា នៅតាមសាលារៀន កន្លែងហាត់ប្រាណ ក្លិបកម្សាន្ត ខារ៉ាអូខេ រួមទាំងការជួបជុំសាសនានានា ត្រូវតែបន្តពន្យារ និងផ្អាក។
សម្តេចតេជោ បានមានប្រសាសន៍បន្តទៀតថា ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋហាក់ដូចជាវិលត្រឡប់មកភាពប្រក្រតីវិញហើយនៅកន្លែងខ្លះ ក៏ប៉ុន្តែយើងមិនត្រូវបន្ធូរបន្ថយពេក ហើយក៏មិនត្រូវរឹតបន្តឹងពេកដែរ។

សម្តេចតេជោបានបញ្ជាក់ទៀតថា សាលារៀន កន្លែងហាត់ប្រាណ ក្លិបរាត្រី ខារ៉ាអូខេ និងការប្រារព្ធពិធីជួបជុំសាសនាធំៗនៅតែផ្អាកជាបន្តទៀតសិន ពីព្រោះដេីម្បីទប់ស្កាត់ការកេីតឡេីងវិញនូវរលកទី២។

សម្តេចតេជោ បានលេីកយកឧទាហរណ៍នៅប្រទេសវៀតណាមនៅតែមានការឆ្លង ហេីយជាករណីឆ្លងនាំចូលពីក្រៅប្រទេស។ កម្ពុជានៅតែរឹតបន្តឹងការវិលត្រឡប់មកពីក្រៅប្រទេស និងសូម្បីតែពលរដ្ឋកម្ពុជាខ្លួនឯងដែលវិលត្រឡប់ពីក្រៅក៏នៅតែអនុវត្តន៍តាមគោលការណ៍របស់ក្រសួងសុខាភិបាល។

កាលពីពាក់កណ្តាលខែមីនា ឆ្នាំ២០២០ កន្លងទៅ រាជរដ្ឋាភិបាលបានសម្រេចប្រកាសឱ្យផ្អាកដំណើរការនូវទីកន្លែងប្រមូលផ្តុំ និងជួបជុំមួយចំនួន ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លង Covid-19 នៅកម្ពុជា ដែលក្នុងនោះរួមមាន មណ្ឌលហាត់ប្រាណ សាលារៀន ក្លិបកម្សាន្ត បៀរហ្គាឌិន ខារ៉ាអូខេ និងការជួបជុំពិធីសាសនា ជាដើម៕